ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​កើនឡើង​ ១១​,២ភាគរយ​ក្នុង​រយៈពេល​ ៥ខែ​នៃ​ឆ្នាំនេះ​

0

ដោយ​ វុត្ថា​

ចិ​នៈ​ ការិយាល័យ​ស្ថិតិ​ជាតិចិន​ (National​ Bureau​ of​ Statistics​) បាន​ចេញ​របាយការណ៍​ឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ បាន​កើនឡើង១១​,២% ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ក្នុងរយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​បាន​បន្ត​ថា​ កំណើន​នេះ​យឺត​ជាង ១១​,៩ភាគរយ​ ដែល​បាន​កត់ត្រា​ក្នុង​កំឡុង​ចន្លោះ​ខែមករា​ -មេសា​ ប៉ុន្តែ​មាន​កំណើន​លឿន​ជាង​កាលពី​ឆ្នាំ​មុ​ ដែល​មាន ៩​,៥ ភាគរយ​។

NBS​ បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​អចលនទ្រព្យ​សរុប​ ក្នុងរយៈពេល៥ខែ​ដំបូង​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤​,៦១​ ពាន់​ពាន់​លា​នយ័ន​ស្មើ​ប្រហែល ៦៦៧ពាន់​លាន​ដុល្លារ​ ដោយ​ក្នុង​នោះ​ ប្រមាណ ៧៣​,៣ ភាគរយ​ត្រូវ​បាន​វិនិយោគ​លើ​អគារ​ស្នាក់នៅ​។

យោង​តាម​ NBS​ បានឱ្យ​ដឹង​បន្ត​ថា​ នៅក្នុង​អំឡុង​ខែមករា​ដល់​ខែឧសភា​ការ​វិនិយោគ​លើ​អគារ​ស្នាក់នៅ​បាន​កើនឡើង១៦​,៣% ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ ពោល​គឺ​កើនឡើង​ទឹកប្រាក់​ចំនួន​ ៣,៣៨​ ពាន់​ពាន់​លា​នយ័ន​។

ក្នុងអំឡុងពេល​ដូចគ្នា​នេះ​ដែរ​ អ្នកសាង​សង់​របស់​ប្រទេស​ចិន​ បាន​សាងសង់​អាគារ​នៅ​លើ​ទំហំដី​ចំនួន ៧​,៤៥ពាន់​ម៉ែត្រការ៉េ​ ពោល​គឺ​កើនឡើង ៨​,៨ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ការ​លក់​លំនៅឋាន​ពាណិជ្ជកម្ម​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ មាន​ទំហំ​ ៥៥៥​,១៨​ លាន​ម៉ែត្រការ៉េ​ក្នុងរយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បាន​ធ្លាក់ចុះ ១​,៦% ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ ជាមួយនឹង​តម្លៃ​ ៥,១៨​ ពាន់​ពាន់​លា​នយ័ន​គឺ​កើនឡើង ៦​,១% បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំមុន​៕

សិក្សា​ចំណុច​ទាំង៤នេះ​ ដើម្បី​ធ្វើឲ្យ​មុខ​ជំនួញ​ទទួល​បាន​ជោគជ័យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ការ​ទោះជា​ប្រកប​មុខ​ជំនួញ​ប្រភេទ​ណា​នោះ​ទេ​ មុន​ពេល​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ក្រៅពី​មាន​ដើមទុន​បម្រុង​ ដែល​ជា​ចំណុច​មួយ​ក្នុងចំណោម​ទាំង៤​ រួចរាល់​ហើយ​នោះ​ អ្នកចាំ​បាច់​ត្រូវតែ​មាន​ចំណុច​សំ​ខាន់​ៗទាំង៣បន្ថែម​ទៀត​ ហើយ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​អាជីវកម្ម​របស់​អ្នក​មិន​ជួប​ហា​នី​ភ័យ​។

ផ្អែក​តាម​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ខ្ពស់​ ក្នុង​បង្កើត​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ដែល​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​នោះ​ បាន​លើកយក​ចំណុច​សំ​ខាន់​ៗដែល​ជាគោល​ការណ៍​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​ ដើម្បី​បញ្ចៀស​នូវ​រាល់​ហា​និ​ភ័យ​ផ្សេង​ៗក្រោម​ការប្រកួត​ប្រជែង​ពីសំណាក់​ដៃគូ​នៅ​លើ​ទីផ្សារ​។ ចំណុច​សំ​ខាន់​ៗដែល​ធ្វើជា​សរសរ​ស្តម្ភ​ទាំង៤នោះ​រួមមាន​។

១) ដើមទុន​

​តាមធម្មតា​ការ​ធ្វើអាជីវកម្ម​ អាច​ទទួល​បាន​ជោគជ័យ​ ឬជួបនឹង​ហានិភ័យ​ដើរ​ទន្ទឹមគ្នា​។ ដូច្នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អាជីវកម្ម​ អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន​ លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់​ សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ និង​មាន​ថវិកាបម្រុង​មួយចំនួន​ នៅពេល​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ​ចាំបាច់​ ឬបន្ទាន់​ណាមួយ​។

២) ពេលវេលា​

អ្នកជំនួញ​ត្រូវ​ចេះ​មើល​ឱកាស​ និង​ពេលវេលា​ស័ក្ដិសម​ សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។ ថ្វីត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ​ មាន​ច្រើន​នៅ​លើ​ទី​ផ្សា​រួចហើយ​ ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស​ ដើម្បី​បញ្ជ្រៀ​តផលិតផល​របស់​ខ្លួន​ចូលក្នុង​ទីផ្សារ​បាន​ ។ ការប្រកួត​ប្រជែង​ត្រូវ​បាន​ធ្វើឡើង​ទាំង​តម្លៃ​ និង​គុណភាព​ ធ្វើ​យ៉ាងណា​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ ។ អ្នកជំនួញ​វ័យ​ឆ្លាត​មិនមែន​គិតតែពី​ការ​យកពេល​វេលា​ និង​ចំណាយ​ដើមទុន​ទៅ​ប្រជែង​ជាមួយ​គេ​នោះ​ទេ​ តែ​ត្រូវ​ទុក​ឱកាស​ស្វែង​រក​យុទ្ឋ​សា​ស្រ្តល្អ​ៗ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ដើម្បី​អាជីវកម្ម​របស់​ខ្លួន​។

៣) ជំនាញ​

ចង់​ធ្វើអាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដ​ថា​ ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់​ ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន​ បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យ​គេ​ជួយ​ វា​អាច​នឹង​មិន​មាន​លទ្ធផល​ ឬអាច​អូសទាញ​អា​ជី​វក​ម្មបស់​អ្នក​ ឱ្យ​ធ្លាក់​ដាំ​ក្បាល​ចុះ​ក៏អាច​ថា​បាន​ ដូច្នេះ​អ្នក​ត្រូវតែ​មាន​ជំនាញ​ដែល​ពាក់ព័ន្ធ​ធ្វើជា​បង្អែក​ មិនថា​ជំនាញ​អ្នកគ្រប់គ្រង​ឬជំនាញ​ដែល​ប្រភេទ​អាជីវកម្ម​នោះ​ទេ​។ ប៉ុន្តែ​ទោះជា​អ្នកមាន​ជំនាញ​ផ្ទាល់ខ្លួន​ អ្នក​ក៏​ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​នោះ​ដែរ​ ដើម្បី​ជា​ជំនួយការ​ដល់​ការងារ​របស់​ខ្លួន​។

បន្ថែម​ពីនេះ​ អ្នក​ក៏​ត្រូវ​ដាក់​មនុស្ស​ឱ្យធ្វើ​ការ​ទៅតាម​ជំនាញ​ និង​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ​ ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ដំណើរការ​ទៅមុខ​បាន​លឿន​។

៤) ការសម្រេច​ចិត្ត​

មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ ត្រូវតែ​ប្រាកដ​ក្នុងចិត្ត​ឱ្យ​ច្បាស់លាស់​ ពិសេស​ស្វែងរក​មិត្ត​ភក្រ្ត​ ឬអ្នកជំនាញ​ ធ្វើការ​ប្រឹក្សា​យោបល់​ លើ​មុ​ខជំ​នូញ​ ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​ដែល​ចង់​រកស៊ី​ អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។ នៅពេល​ដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ​ យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែម​ទៀត​ បើ​គិតថា​ពេលវេលា​មកដល់​ហើយ​ ឱកាស​បាន​ហុច​មក​ឱ្យ​ហើយ​គួរ​ចាប់​ឱ្យ​ជាប់​ ដើម្បី​យក​ឱកាស​ទាំងនោះ​មក​ធ្វើជា​ប្រយោជន៍​ ធ្វើជា​មាស​ពេជ្រ​សម្រាប់​ក្រុមហ៊ុន​ឱ្យ​បាន​៕

លោក​ Trump​ ព្រមាន​ថា​ សេដ្ឋកិច្ច​អាមេរិក​នឹង​ដួល​រលំ​ ប្រសិនបើ​លោក​មិន​ជាប់ឆ្នោត​នៅ​ឆ្នាំ២០២០​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​: លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ព្រមាន​ថា​ ផ្សារហ៊ុន​អាមេរិក​នឹង​ធ្លាក់​ បើសិនជា​លោក​មិន​ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​នា​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​ប្រធានាធិបតី​អាមេរិក​ Trump​ បាន​សរសេរ​នៅ​បណ្តាញ​សង្គម​ Twitter​ កាលពី​ថ្ងៃសៅរ៍​ថា​ “ប្រសិនបើ​អ្នកណា​ម្នាក់​ តែ​មិនមែន​ខ្ញុំ​ជាប់ឆ្នោត​ពេល​នៅ​ឆ្នាំ​ ២០២០​ នឹង​មានការ​ធ្លាក់ចុះ​ទីផ្សារ​ ដូចជា​អ្វី​ដែល​មិនធ្លាប់​កើតមាន​ពីមុន​មក​!”។

លោក​ Trump​ នឹង​ចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ឡើងវិញ​ របស់​លោក​នៅ​រដ្ឋ​ Orlando​ រដ្ឋ​ Florida​ នៅ​សប្តាហ៍​នេះ​ ហើយ​គ្រោង​នឹង​យក​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​សម្រាប់​យុទ្ធនា​ថ្មី​ការ​របស់​លោក​ក្នុង​ការបោះឆ្នោត​នេះ​។

សន្ទស្សន៍​នៃ​ក្រុមហ៊ុន​ S&​P500 ​របស់​អាមេរិក​ បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត​កាលពីដើម​ខែ​ មុន​ពេល​ធ្លាក់ចុះ​ បន្ទាប់ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​បាន​កើនឡើង​។

ក្រុម​អ្នកវិភាគ​អះអាង​ថា​ ស្ថានភាព​ទីផ្សារ​ភាគហ៊ុន​ល្អ​ នៅ​ក្រោម​ដឹកនាំ​របស់​លោក​ Trump​ តែ​មិន​ស្មើនឹង​កំណើន​ដែល​ធ្លាប់​បាន​កើតឡើង​ ក្នុង​អំឡុង​អតីត​រដ្ឋបាល​លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​អូ​បា​ម៉ា​៕

ចំណេះដឹង​! អ្វី​ជា​ភតិសន្យា​ពិសេស​?

0

ដោយ​ តារា​

ភ្នំ​ពេញៈ​ ភតិសន្យា​ពិសេស​ ជា​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង​ហៅថា​ ភតិបតី​ឱ្យ​ភាគី​ម្ខាងទៀត​ដែល​ជា​កម្មករ​ សិស្ស​ និស្សិត​ ហៅថា​ភតិក​ ប្រើប្រាស់​ក្នុង​ការ​ស្នាក់នៅ​ដោយ​យក​ថ្លៃ​។ បើ​និយាយ​ឱ្យ​ងាយ​យល់​ភតិសន្យា​ពិសេស​នេះ​ គឺជា​កិច្ចសន្យា​រវាង​ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ដូចជា​ ម្ចាស់ផ្ទះ​ជួល​ ឬម្ចាស់​បន្ទប់​ជួល​ និង​កម្មករ​ សិស្ស​ និស្សិត​ ក្នុង​ការជួល​បន្ទប់​សម្រាប់​ការប្រើ​ប្រាស់​ស្នាក់នៅ​ដោយ​យក​ថ្លៃឈ្នួល​។

លក្ខណៈ​ពិសេស​នៃ​ភតិសន្យា​នេះ​គឺ​

ក. ភាគី​នៃ​កិច្ចសន្យា​ (មាត្រា៣​)

ភតិបតី​ (អ្នក​ឱ្យ​ជួល​) អាច​ជា​ម្ចាស់​បន្ទប់​ជួល​ ឬ អ្នក​យក​ថ្លៃឈ្នួល​លើ​បន្ទប់​ជួល​ជា​លក្ខណៈ​អា​ជីប​។ ខុសពី​ភតិសន្យា​(កិច្ចសន្យា​ជួល​) ដែល​មាន​ចែង​ក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី ​(ហៅថា​ កិច្ចសន្យា​ធម្មតា​) ព្រោះ​នៅក្នុង​ភតិសន្យា​ទូទៅ​មិនកំណត់​ ចំពោះ​អ្នក​ម្ចាស់​បន្ទប់​ជួល​នោះ​ទេ​។

ភតិកៈ ​(អ្នកជួល​)៖ កម្មករ​ សិស្ស​ និស្សិត​ ដែល​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់ថា​ ភតិសន្យា​ធម្មតា​មិនកំណត់​លក្ខណៈ​របស់​អ្នកជួល​ទេ​ នរណា​ក៏អាច​ក្លាយជា​អ្នកជួល​បាន​ដែរ​។

ខ. កម្មវត្ថុ​នៃ​កិច្ចសន្យា​

បន្ទប់​ជួល​ស្នាក់នៅ​(មាត្រា៣​)។ មិនមែន​ជា​ ដី​ ឬ អគារ​ពាណិជ្ជកម្ម​ ជាដើម​។ ខុសពី​ភតិសន្យា​ធម្មតា​ត្រង់ថា​ កម្មវត្ថុ​នៃ​ភតិសន្យា​ទូទៅ​ អាច​ជាច​លន​វត្ថុ​ឬអចលនវត្ថុ​។

គ. លក្ខណៈ​នៃ​កិច្ចសន្យា​

ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ និង​មាន​សេចក្តី​បញ្ជាក់​របស់​មេឃុំ​ ឬចៅសង្កាត់​។ មានន័យថា​ មិន​អាច​ឡើង​ដោយ​មាត់​ទទេ​របា​នទេ​(មាត្រា៥​)។ នៅក្នុង​ភតិសន្យា​ធម្មតា​ ភាគី​អាចប​ង្កើត​កិច្ចសន្យា​ដោយ​គ្រាន់តែ​ មានការ​ព្រមព្រៀង​រវាង​គូភាគី​ប៉ុណ្ណោះ​ ប៉ុន្តែ​ដើម្បី​តតាំង​ជាមួយ​តតិយជន​បាន​ គាត់​ត្រូវ​កាន់កាប់​ និង​ប្រើប្រាស់​វត្ថុ​ជួល​នោះ​(មាត្រា៥៩៧​ និង៥៩៨​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​ឆ្នាំ២០០៧​)។

ឃ.អត្ថិភាព​នៃ​កិច្ចសន្យា​

​មិន​តិច​ជាង២ឆ្នាំ​ ទោះបីជា​មិនបាន​កំណត់​ ឬ កំណត់​តិច​ជាង២ឆ្នាំ​ក៏ដោយ​ ត្រូវ​ចាត់ទុកថា​មាន​អត្ថិភាព២ឆ្នាំ​(មាត្រា៦​) ក្នុង​គោលបំណង​មិន​ឱ្យ​ម្ចាស់​បន្ទប់​ជួល​តម្លៃ​ថ្លៃឈ្នួល​ក្នុងអំឡុងពេល​ ២ឆ្នាំ​ (មាត្រា៨​)។ ផ្ទុយទៅវិញ​ភតិសន្យា​ធម្មតា​ អាច​ធ្វើឡើង​ដោយ​កំណត់​ ឬមិន​កំណត់​អំឡុង​ពេល​បាន​ ប៉ុន្តែ​បើ​អំឡុង​ពេល​ជួល​លើស​ពី១៥ឆ្នាំ​ នោះ​នឹង​ក្លាយជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​វិញ​៕

រដ្ឋមន្ត្រីថោង​ ខុន​ ជំ​រុញ​អាជ្ញា​ធរ​ខេត្តកំពង់ធំ​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​បាន​ច្បាស់លាស់​

0
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​

ដោយ​ តារា​

កំ​ពង់​ធំៈ​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ថ្មី​ និង​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ត្រូវ​ពន្លឿន​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ (Master​ plan​) ក្នុង​ខេត្ត​ ក្នុង​ក្រុង​ស្ទឹងសែន​ និង​តាម​ដងស្ទឹង​សែន​ឱ្យ​ខាង​តែ​បាន​ និង​ច្បាស់លាស់​ជាទីបំផុត​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ដែល​មាន​សក្ដានុពល​នេះ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ អាណត្តិ​ទី៣​ នៅ​សាលាខេត្ត​កំពង់ធំ​ នា​ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ក្រុមប្រឹក្សា​ខេត្ត​ និង​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​បាន​នូវ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​បា​ច្បាស់លាស់​ ខេត្តកំពង់ធំ​ត្រូវ​មាន​កា​ចង្អុល​ទិស​ក្នុង​ការ​អភិវឌ្ឍ​ ទីក្រុង​យើង​ដាច់ខាត​ត្រូវ​មាន​ផែនការ​អភិវឌ្ឍន៍​ ត្រូវ​មាន​ផែនការ​មួយ​ច្បាស់លាស់​»។

លោក​បាន​បន្ត​ថា​ ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​នេះ​ មិនមែន​និយាយ​តែ​ពី​ការកំណត់​ លើ​ផែនការ​ប្រើប្រាស់​ដីធ្លី​ (Zoning​ ) ប៉ុណ្ណោះទេ​ បើ​នៅ​ទីក្រុង​គឺ​មាន​ទាំង​ការគ្រប់គ្រង​កាកសំណល់​រឹង​រាវ​ជាអាទិ៍​ ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ ប្រព័ន្ធ​ទឹក​ស្អាត​ អាង​ចម្រោះ​ទឹក​ បញ្ហា​កាកសំណល់​ សំរាម​ ផ្លូវថ្នល់​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ អគ្គិសនី​ ជៀសវាង​ការសាងសង់​ផ្លូវ​រួចហើយ​ ធ្វើ​លូ​តាម​ក្រោយ​។ មួយទៀត​ ក៏​ត្រូវ​រៀបចំ​ស្ទឹងសែន​ឱ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​ ដើម្បី​ទាក់ទាញ​ទេសចរ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​បាន​បញ្ជាក់​ថា​ នៅពេល​ខេត្តសៀមរាប​មាន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ និង​ផ្លូវ​ ស្ពាន​តភ្ជាប់​ពី​កំពង់ឆ្នាំង​ ផ្លូវជាតិ​លេខ៦​ ត្រូវ​បាន​ពង្រីក​ថែម​ ខេត្តកំពង់ធំ​ដែល​នៅ​ជាប់​ខេត្ត​ទាំងពីរ​នេះ​ នឹង​ទទួល​បានផល​ប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច​យ៉ាងច្រើន​ ពិសេស​វិស័យ​ទេសចរណ៍​ វិស័យ​ដឹកជញ្ជូន​ជាដើម​៕

CAMKO​ CITY​ ឆ្លើយតបទៅនឹង​ការប្រើ​ឥទ្ធិពល​ខុសច្បាប់​ពី​អ្នកនយោបាយ​កូរ៉េ​ទៅលើ​តុលាការ​កម្ពុជា​

0

ដោយ​ គង់់​ សូ​រិយា​

ភ្នំ​ពេញៈ​ រឿង​ក្តីក្តាំ​របស់​ក្រុមហ៊ុន ​World​ City​ ដែល​ជា​ក្រុមហ៊ុន​កំពុង​វិនិយោគ​ទីក្រុង​រណប​ CAMKO​ CITY​ បាន​និង​កំពុង​អូ​សបន្លាញ​ និង​ត្រូវ​បាន​អ្នកនយោបាយ​កូរ៉េ​ចូលរួម​ពាក់​ព័ន្ឋលើ​កិច្ចការ​នេះ​ ដែល​ធ្វើឲ្យ​នីតិវិធី​ក្នុង​តុលាការ​កម្ពុជា​កាន់តែ​មាន​ភាព​ស្មុគ្រ​ស្មាញ​។

ដំណើរការ​នីតិវិធី​ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នេះ​កាន់តែ​មាន​សភាព​កាន់តែ​អួរ​អាប់​ បើ​ទោះបីជា​ក្រុមហ៊ុន​ World​ City​ តែង​តែ​បង្ហាញ​សុឆន្ទៈ​ដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ក្តី​។ រឿង​វិវាទ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៤​ ហើយរឿង​ក្តី​នេះ​បាន​បន្ត​អូស​បន្លាយ​រហូត​ ទល់​ពេលនេះ​ ខណៈ​សំណុំរឿង​នេះ​បាន​ឈាន​មកដល់​សាលា​ឧទ្ទរ​ណ៍​ មុន​ពេល​រឿង​ក្តី​នេះ​ ត្រូវ​ជំនំ​ជំរះ​បញ្ចប់​។

កាលពី​ថ្ងៃទី១៦​ មិថុនា​ ឆ្នាំ២០១៩​ អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន World​ City​ ប្រចាំ​កម្ពុជា​ លោក​ Kim​ Sang​ Joo​ បាន​ឲ្យដឹង​ថា​ កន្លងមក​ សមាជិកសភា​កូរ៉េ​ខាង​ត្បូង​លោក ​Jeon​ Jae​ Su ​ដែល​បាន​មក​កម្ពុជា​ និង​បាន​ចូលរួម​ក្នុង​សវនា​កា​សាលា​ឧទ្ទរ​ណ៍​កាលពី​សប្តាហ៍​មុន​ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ World​ City​ ថា​ជា​អ្នកធ្វើ​ឲ្យ​ធនា​គា​រប៊ូ​សាន​ដែល​ជា​ធនាគារ​ផ្តល់​មូលនិធិ​ដល់​ការបង្កើត​ទីក្រុង​រណប​ដំបូង​គេ​នៅ​ក្រុងភ្នំពេញ​ដួល​រលំ​។ លោក​ KIM​ បាន​ឆ្លើយតប​ថា​ ការ​លើកឡើង​របស់​សមាជិកសភា​រូប​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ​ព្រោះថា​ក្នុង​គ្រា​នៃ​ការ​ដួល​រលំ​របស់​ធនាគារ​នេះ​ ទឹកប្រាក់​កម្ចី​ខូច​មាន​ចំនួន​ជាង​ ៤០០០លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ទឹកប្រាក់​ប្រហែលជា​ជិត​ ១៣៧​ លាន​ដុល្លា​អាមេរិក​តែប៉ុណ្ណោះ​ ត្រូវ​បាន​វិនិយោគ​គម្រោង​ទីក្រុង​ Camko​។

លោក​បន្ត​ថា​ បន្ទាប់ពី​ធនា​គា​រប៊ូ​សាន​ដួល​រលំ​ ស្ថាប័ន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រាក់​បញ្ញើ​រកូ​រ៉េ​ Korea​ Deposit​ Insurance​ Corporation​ (KDIC​) បាន​ទទួលបន្ទុក​ការងារ​ប្រមូល​កម្ចី​ខូច​ដែល​ធនា​គា​រប៊ូ​សាន​ធ្លាប់​ផ្តល់​អោយ​ទៅ​គម្រោង​នានា​នៅ​គ្រាមុន​ក្ស័យធន​។ ជា​ការ​កត់សម្គាល់​ ស្ថាប័ន​នេះ​ប្រមូល​បាន​តិច​ជាង ៤០ភាគរយ​នៃ​ទឹកប្រាក់​ដែល​ធនា​គា​រប៊ូ​សាន​បាន​ផ្តល់​ទៅ​ឱ្យ​គម្រោ​ងផ្សេង​ៗនៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ ស្ថាប័ន​នេះ​មិនទាន់​បាន​ប្រមូល​កម្ចី​ដែល​ខ្លួន​បាន​ឱ្យ​គម្រោង​ទីក្រុង​ Camko​ នៅឡើយ​ទេ​ ដោយសារតែ​មានការ​តវ៉ា​ពី​ក្រុមហ៊ុន​ World​ City ​ទៅលើ​ទឹកប្រាក់​ដែល​ស្ថាប័ន​នេះ​ បាន​ទាមទារ​លើសលុប​ពី​ World​ City​។

លោក​បន្ថែម​ថា​ ក្រុ​មហ៊ុ​នវើលដ៌​ ស៊ី​ធី​មិនមែន​ជា​អ្នកខ្ចី​កម្ចី​ពី​ធនា​គា​រប៊ូ​សាន​នោះ​ទេ​ ។ តាមពិត​ទៅ​ធនាគារ​នេះ​ បាន​ផ្តល់​កម្ចី​អោយ​ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ​ LMW​ ហើយ​ក្រុម​ហ៊ុន​ LMW​ នេះ​បាន​ផ្តល់​កម្ចី​មក​ក្រុ​មហ៊ុ​នវើលដ៌​ ស៊ី​ធី​ក្នុងទឹក​ប្រាក់​ចំនួន​ប្រហែលជា​ ១៣៧​ លាន​ដុល្លារ​អាមេរិក​។ ដូច្នេះ​ ក្រុ​មហ៊ុ​នវើលដ៌​ ស៊ី​ធី​មាន​កាតព្វកិច្ច​ទូទាត់ប្រាក់​ជូន​តែ​ទៅ​ក្រុមហ៊ុន​ LMW​ តែប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​ LMW​ និង​ធនា​គា​រប៊ូ​សាន​គួរ​ដោះ​ស្រាយ​វិវាទ​ផ្ទាល់ខ្លួន​ មិន​គួរ​អោយ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ វើលដ៌​ ស៊ី​ធី​ទេ​។ ប៉ុន្តែ​ ក្រុ​មហ៊ុ​នវើលដ៌​ ស៊ី​ធី​ក៌​ចង់​ជួប​បញ្ចប់​វិវាទ​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ​ដែរ​ ទើប​ខ្លួន​បាន​ស្នើ​យល់ព្រម​កាត់​ដី៥០ហិ​កតា​ ដែល​មានតម្លៃ​រហូតដល់៥០០លាន​ដុល្លារ​ជូន​ដល់​ស្ថាប័ន​ KDIC ​ក្តី​ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ទាមទារ​សំណង​រហូតដល់៦០០លាន​ដុល្លារ​ពី​ World​ City​ ដែល​ជា​ការ​ទាមទារ​មិន​អាច​ទទួលយក​បាន​។

លោក ​Kim​ Sang​ Joo​ បាន​បន្ត​ថា​ “ក្រុមហ៊ុន​ World​ City ​នៅតែ​ស្វាគមន៍​ និង​អង្គុយ​ចចា​ដើម្បី​បញ្ចប់​សំណុំរឿង​នេះ​ ហើយ​គ្មាន​ចេតនា​ណាមួយ​ ដើម្បី​គេចវេស​មិន​ដោះស្រាយ​នោះ​ទេ​”។ លោក​បន្ត​ថា​ “យើង​ចង់​បញ្ចប់រឿង​នេះ​ ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍន៍​គម្រោង​នេះ​តទៅមុខ​ទៀត​ ហើយ​បើ​ទោះ​ World​ City ​ឈ្នះ​រឿង​ក្តី​នេះ​ នៅ​តុលាការ​កម្ពុជា​ក៏ដោយ​ ក៏​ក្រុមហ៊ុន​នៅតែ​មាន​ចេ​ទនា​បន្ត​ផ្តល់​លុយ​ដែល​ធនា​គា​រប៊ូ​សាន​នេះ​ផ្តល់​ដល់​គម្រោង​ខាម​ខូ​ត្រលប់​ទៅ​ធនាគារ​នេះ​វិញ​ជាមួយ​ នឹង​ប្រាក់​បន្ថែម​សមរម្យ​។

លោក​បាន​ចាត់ទុក​សមាជិកសភា​កូរ៉េ​ខាងត្បូង​លោក​ Jeon​ Jae​ Su​ ដែល​បាន​លូកដៃ​ចូលក្នុង​រឿង​នេះ​ និង​បាន​ទៅកាន់​សាលា​ឧទ្ទរ​ណ៍​កាលពី​ថ្ងៃទី១៤​ មិថុនា​កន្លងមក​នេះ​ ជា​បុគ្គល​ប្រើ​អារម្មណ៍​ផ្ទល់​ខ្លួន​ តាមរយៈ​ការ​លើកឡើង​ពី​អ្វី​ដែល​គាត់​បាន​និយាយ​ថា​ ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​ជា​ជនជាតិ​កូរ៉េ​ ប៉ុន្តែ​ការពិត​គាត់​ចង់បាន​ប្រជាប្រិយ​ភាព​ដើម្បី​ប្រជាជន​បោះឆ្នោត​ជូន​គាត់​ ព្រោះ​ប្រទេស​កូរ៉េ​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។

លោក​បាន​បន្ត​ថា​ “ប្រសិនជា​សមាជិកសភា​កូរ៉េ​រូប​នេះ​មាន​ចេតនា​ដោះស្រាយ​រឿង​នេះ​ និង​មាន​សុឆន្ទៈ​ដោះស្រាយ​រឿង​នេះ​ដើម្បី​ជួយ​ប្រជាជន​កូរ៉េ​ពិតប្រាកដ​ លោក​គួរ​ជម្រុ​ញស្ថាប័ន​ KDIC​ អោយ​ទទួលយក​សំ​ណើរ​ដែល​ក្រុ​មហ៊ុ​នវើលដ៌​ ស៊ី​ធី​បាន​ធ្វើឡើង​ ដើម្បី​យក​ជូន​ប្រជាជន​កូរ៉េ​ ដែល​លោក​អះអាង​ថា​ពួកគេ​ជា​អ្នករងគ្រោះ​”។

លោក​ Kim​ Sang​ Joo​ បាន​បន្ត​ឲ្យដឹង​ថា​ តុលាការ​កម្ពុជា​ក៏​ធ្លាប់​ព្យាយាម​សម្របសម្រួល​រឿង​នេះ​ផង​ដែរ​ ប៉ុន្តែ ​KDIC​បន្ត​បដិសេធ​ ហើយ​ World​ City ​ក៏​ព្យាយាម​សម្រប​សម្រួល​និង​ចចា​ដើម្បី​បញ្ចប់​ក្តីក្តាំ​នេះ​ផង​ដែរ​។

ទាក់ទង​ករណី​អគ្គនាយក​ក្រុមហ៊ុន​នេះ​ ត្រូវ​ប៉ូលី​សស្វែ​ងរ​កចាប់ខ្លួន​ លោក ​Kim​ Sang​ Joo ​បាន​ពន្យល់​ថា​ ករណីនេះ​ជា​ការរៀបចំ​មួយ​រវាង​ KDIC​ និង​ស្ថាប័ន​អយ្យការ​កូរ៉េ​ដើម្បី​ដាក់​សម្ពាធ​ដល់​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ LMW​ តាមរយៈ​ការ​ចាប់ខ្លួន​លោក​ Lee​ ដោយ​ពួកគេ​បង្វិល​សាច់រឿង​នេះ​ពី​រឿង​បែប​រដ្ឋប្បវេណី​ ទៅជា​រឿង​ព្រហ្ម​ទ័​ណ្ឌ​ ដោយសារតែ​លោក​Lee​ មិនបាន​ចូលខ្លួន​ទៅ​ស្ថាប័ន​អយ្យការ​សម្រាប់​ការស៊ើបអង្កេត​ ព្រោះ​លោក​មមាញឹក​ការងារ​នៅ​កម្ពុជា​។ លោក​ Lee​ ក៏បាន​ជូនដំណឹង​ពី​មូលហេតុ​ដែល​លោក​មិន​អាច​ទៅ​ទីនោះ​បាន​ ហើយ​បាន​ស្នើ​ឱ្យ​តំណាង​អយ្យការ​ផ្ញើរ​ជា​លិខិត​សម្រាប់​គោលបំណង​លើ​ការស៊ើបអង្កេត​ ព្រមទាំង​សន្យា​ថា​នឹង​ឆ្លើយតប​នូវ​រាល់​សំណួរ​ដោយ​ស្មោះត្រង់​។

លោក​បន្ត​ថា​ “ករណី​បែបនេះ​ធ្លាប់​ត្រូវ​បាន​ធ្វើឡើង​ម្តង​រួចមក​នៅ​អយ្យការ​តុលាការ​កំពូល​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ២០១១​ ប៉ុន្តែ​តុលាការ​កំពូល​ប្រទេស​កូរ៉េ​សម្រេច​ថា​ លោក​ Lee​ គ្មាន​ទោស​ពៃ​ទេ​ ហើយ​សំណុំរឿង​នោះ​ក៏បាន​បញ្ចប់​។ ប៉ុន្តែ​ពេលនេះ​ពួកគេ​បាន​រៀបចំ​ជាថ្មី​ ធ្វើ​យ៉ាងណា​ដើម្បី​ចាប់ខ្លួន​លោក​ Lee​ ឲ្យបាន​សិន​”។

លោក​បន្ត​ថា​ តាមពិត​ស្ថាប័ន ​KDIC ​មិន​មាន​សមត្ថភាព​ ឬមូលដ្ឋាន​ណាមួយ​ដើម្បី​ប្រមូល​លុយ​នោះ​ទេ​ ហេតុនេះ​ហើយ​ទើប​ពួកគេ​យក​សមាជិកសភា​កូរ៉េ​មក​ចូលរួម​ដើម្បី​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​។ ទី២​ ក្រុមហ៊ុន​ World​ City ​ចង់​បញ្ជាក់​ថា​យើង​នៅតែ​មាន​ឆន្ទៈ​សង​ត្រលប់​ទៅតាម​ទំហំ​សាច់ប្រាក់​តាមពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បញ្ចប់រឿង​ក្តី​នេះ​ ទី៣​ យើង​ជឿជាក់​ថា​តុលាការ​កម្ពុជា​នឹង​ផ្តល់​នូវ​យុត្តិ​ធ៌ម​ដល់​សំណុំរឿង​នេះ​ និង​មិន​រង​សម្ពាធ​ណាមួយ​ពី​ភាគី​ណា​នោះ​ទេ​។

លោក ​Kim​ Sang​ Joo​ បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា​មេត្តា​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​ និង​គាំទ្រ​ដល់​គម្រោង​ទីក្រុង​រណប ​CAMKO​ ដែល​ជា​គម្រោង​ធំជាង​គេ​នៅ​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​អភិវឌ្ឍ​ និង​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ និង​បាន​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់​ព័ន្ឋដទៃទៀត​៕






ម៉ាឡេស៊ី​ចាប់អារម្មណ៍​វិនិយោគ​សាងសង់​ផ្ទះ​ស្នាក់នៅ​មានតម្លៃ​សមរម្យ​នៅ​ទីក្រុង​ត្បូងឃ្មុំ

0

ដោយ​ ម៉ា​ណេត​

ត្បូង​ឃ្មុំៈ​ ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​បាន​អះអាង​ថា​ អ្នក​វិនិយោគ​របស់​ប្រទេស​ម៉ាឡេស៊ី​គ្រោង​វិនិយោគ​អចលនទ្រព្យ​ ដោយ​ផ្តោត​លើ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ នៅ​ទីក្រុង​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ​ថ្មី​។

ក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ លោក​ Eldeen​ Husaini​ BIN​ MOHD​ HASHIM​ ឯកអគ្គ​រាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​នា​ព្រឹក​ថ្ងៃទី១៧​ មិថុនា​កន្លងមក​បាន​ឲ្យដឹង​ថា​ កម្ពុជា​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ពិសេស​ខេត្ត​ត្បូងឃ្មុំ​ និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​ ដល់​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​វិនិយោគ​នៅ​កម្ពុជា​ ទាំង​លើ​ក្របខ័ណ្ឌ​គតិ​យុត្ត​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ជាពិសេស​​ខេត្ត​ត្បូងឃ្មុំ​ ក្នុង​ការ​ជម្រុ​ញកា​រនាំ​អង្ករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​ កំពុង​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា​ដោយ​រលូន​ និង​មាន​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់​។ ជាមួយគ្នា​នេះ​ មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ជាច្រើន​ទៀត​ បាន​សម្លឹង​ឃើញ​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​”។ លោក​បន្ត​ថា​ “យើង​មានបំណង​ចង់​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ សំណង់​លំនៅ​ដ្ឋាន​មាន​ម្លៃ​សមរម្យ​ ដែល​ជា​គម្រោង​កសាង​ផ្ទះ​ស្នាក់នៅ​ ធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ​ និង​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​មានលទ្ធភាព​ទិញ​ស្នាក់នៅ​”។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ​ លោក​បណ្ឌិត​ ជាម​ ច័ន្ទ​សោភ័ណ​ អភិបាលខេត្ត​ត្បូងឃ្មុំ​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ជូនចំពោះ​លោក​ Eldeen​ Husaini​ BIN​ MOHD​ HASHIM​ (អែល​ឌីន​ ហាស់​សាយ​នី​ ប៊ី​ន មហា​ ស៊ី​ម) ដែល​ចាប់អារម្មណ៍​វិនិយោគ​ លើទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​។

លោក​ថ្លែង​បន្ត​ថា​ “កម្រិត GDP របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ មាន​កំណើន​គួរ​អោយ​កត់សម្គាល់​ បើ​ប្រៀបធៀប​ជាមួយ​ GDP ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ពិសេស​ស្ថានភាព​ ទំហំ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ ច្រើន​សម្រាប់​ការ​ចរាចរ​ ព្រោះ​ខេត្ត​ត្បូងឃ្មុំ​ មាន​ព្រំដែន​ជាប់​ប្រទេសជិតខាង​ មាន​ច្រក​ធំៗ​ដល់ទៅ០៧ច្រក​ ដែល​ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រស័យ​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ខេត្ត​ត្បូងឃ្មុំ​សូមស្វាគមន៍​ចំពោះ​ ការ​វិនិយោគ​នៅ​លើទឹក​ដី​ខេត្ត​ត្បូងឃ្មុំ​ ពីសំណាក់​ក្រុមហ៊ុន​វិនិយោគទុន​ម៉ាឡេស៊ី​ ពិសេស​លើ​ការសាងសង់​ផ្ទះ​ស្នាក់នៅ​ ដែល​មានតម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ គ្រប់​ស្រទាប់​វណ្ណ​: ក្នុង​ខេត្ត​៕

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិ​កា​រណ៍ប្រ​ណាំង​ស៊ីក្លូ​លើកដំបូង​នៅ​ចុងខែ​មិថុនា​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​ស៊ីក្លូ​ទេសចរណ៍​ ជាលើកដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ២០១៩នេះ​ ដែល​ព្រឹត្តិ​ការណ៍​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩ខាងមុខនេះ​ ក្រោម​ប្រធានបទ​ “អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​”។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ព្រឹត្តិ​ការណ៍​នេះ​ មានការ​សហការ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​សមាគម​អភិរក្ស​ស៊ីក្លូ​កម្ពុជា​ ដែល​មាន​គាំទ្រ​ដោយ​ សាលា​រាជធានី​ភ្នំពេញ​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ព្រឹត្តិ​ការណ៍​នេះ​ រៀបចំ​ធ្វើឡើង​ដើម្បី​អភិរក្ស​ស៊ីក្លូ​ និង​លើ​កម្ពស់​ការប្រើ​ប្រាស់​យានជំនិះ​បុរាណ​ ដើម្បី​វិស័យ​ទេសចរណ៍​កម្ពុជា​ និង​ជំរុញ​ការី​ទេសចរណ៍​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ជួយ​គាំទ្រ​ផ្សព្វផ្សាយ​ និង​ជួយ​ដាក់បញ្ចូល​ នៅក្នុង​កញ្ចប់​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ​ដើម្បី​លើ​កស្ទួល​ និង​លើកទឹកចិត្ត​ដល់​អ្នក​ប្រកបមុខរបរ​ធាក់ស៊ីក្លូ​ ដើម្បី​បន្ត​បំរើ​សេវាកម្ម​ដ៏​កម្រ​មួយ​នេះ​”។

លោក​បន្ថែម​ថា​ លើ​ពីនេះ​ទៅទៀត​ ព្រឹត្តិ​ការណ៍​នេះ​ នឹង​ជួយ​ដាស់​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ងាក​មក​ជួយ​គាំទ្រ​ប្រើប្រាស់​ នឹង​ឲ្យ​តម្លៃ​ដល់​យាន្ត​ជំនិះ​បុរាណ​មួយ​នេះ​ ដែល​គ្មានផល​ប៉ះពាល់​ដល់​បរិស្ថាន​ដល់ទី​ក្រុង​របស់​យើង​។

លោកស្រី​ក៏បាន​អំពាវ​ដល់​ពលរដ្ឋខ្មែរ​គ្រប់រូប​ ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ឱ្យ​បាន​ច្រើន​កុះករ​ និង​មាន​ឪកាស​ធាក់ស៊ីក្លូ​សាកល្បង​លេងកម្សាន្ត​ផង​ដែរ​៕

សារព័ត៌មាន​ Bloomberg​៖ ការ​លក់​អចលនទ្រព្យ​នៅ​សិង្ហបុរី​មានសន្ទុះ​ខ្លាំង​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

សិង្ហ​បុ​រីៈ​ ការ​លក់​អចលនទ្រព្យ​នៅ​សិង្ហបុរី​បាន​កើនឡើង ៣០ភាគរយ​ កាលពី​ខែមុន​ ដោយសារ​កំណើន​នៃ​តម្រូវការ​ខុន​ដូ​ប្រណីត​។

យោង​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ នៃ​ប្រទេស​សឹង្ហ​បុរី​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃច័ន្ទ​បាន​ឲ្យដឹង​ថា​ លំនៅ​ដ្ឋាន​ឯកជន​សរុប​ចំនួន៩៥២យូនី​ត ត្រូវ​បាន​លក់​នៅក្នុង​ខែឧសភា​ បាន​កើនឡើង​ពី​ចំនួន៧៣៥យូនី​តធៀប​នឹង​ខែមេសា​ឆ្នាំនេះ​។

ក្រុមហ៊ុន​ OrangeTee​ &​ Tie​ Pte​ បាន​ឲ្យដឹង​ថា​ ជិត៣០ភាគរយ​នៃ​អចលនទ្រព្យ​ដែល​បាន​លក់​ក្នុង​តម្លៃ​ជាង២ពាន់​ដុល្លារ​សិង្ហបុរី​ (១,៤៦០​ ដុល្លារ​) ក្នុង​មួយ​ហ្វូ​តការ៉េ​ (រង្វាស់​អាមេរិក​) ហើយ​លំនៅ​ដ្ឋាន​ថ្មី​ចំនួន ៤៨យូនី​ត ត្រូវ​បាន​លក់​ក្នុង​តម្លៃ៣លាន​ដុល្លារ​សិង្ហបុរី​ ឬច្រើនជាង​នេះ​។

ទីផ្សារ​អចលនទ្រព្យ​របស់​រដ្ឋ​ អាច​នឹង​ទទួល​បានផល​ប្រយោជន៍​ ពី​អ្នក​វិនិយោគ​ដែល​ចង់​វិនិយោគ​ប្រាក់​របស់​លើ​អចលនទ្រព្យ​។ នេះ​បើ​យោង​តាម​ លោកស្រី​ Christine​ Sun​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ពិគ្រោះ​យោបល់​នៃ​ក្រុមហ៊ុន​ OrangeTee​។

លោក​ស៊ុន​បាន​និយាយ​ថា​ “អស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ និង​ភាព​ចលាចល​សង្គម​ជុំវិញ​តំបន់​នេះ​ រួម​ជាមួយ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​កាន់តែ​តានតឹង​អាច​ធ្វើឲ្យ​អ្នក​វិនិយោគ​រក​កន្លែង​សុវត្ថិភាព​ សម្រាប់​ការ​វិនិយោគ​របស់​ពួកគេ​។ វិនិយោគិន​ជាច្រើន​ប្រហែល​អាច​កាត់បន្ថយ​ការ​វិនិយោគទុន​បន្ថែម​ទៀត​ ហើយ​ជ្រើសរើស​ទីតាំង​អចលនទ្រព្យ​ដែល​មាន​សុវត្ថិភាព​ ឬផ្លាស់​ប្តូរ​ទុន​វិ​នយោ​គរបស់​ពួកគេ​ពី​ប្រទេស​ ដែល​មាន​ហានិភ័យ​ខ្ពស់ទៅ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​មាន​ស្ថិរភាព​ដូចជា​ សិង្ហបុរី​”។

ការ​លក់​ក៏​មាន​កំណើន​ផង​ដែរ​ ដោយសារ​ខុន​ដូ​ថ្មី​ចំនួន​ពីរ​ Parc​ Komo​ និង​ Amber​ Park​ ដែល​មាន​អត្រា​ការ​កើនឡើង​ជាង ២៥ភាគរយ​។

លោក​ Ismail​ Gafoor​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ PropNex​ Realty​ បាន​និយាយ​ថា​ “អត្រា​នៃ​ការទិញ​ទាំងនេះ​អាច​ចាត់ទុកថា​ មាន​ចរន្ត​ល្អ​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​”។

តួលេខ​លក់​ខែឧសភា​ រួមបញ្ចូល​តែ​ចំនួន​សរុប​ នៃ​ការ​លក់​លំនៅ​ដ្ឋាន​ឯកជន​ ដែល​មិនរាប់​បញ្ចូល​អគារ​ខុន​ដូ​ដែល​មាន​ចំនួន៣​,៥២៥​ យូនី​តនៅក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដោយ​កើនឡើង ២​,៦ភាគរយ​ក្នុងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​។

លោក ​Gafoor​ បាន​ថ្លែង​ថា​ “សម្រាប់​រយៈពេល​នៅសល់​នៃ​ឆ្នាំនេះ​ យើង​រំពឹង​ថា​លំនៅ​ដ្ឋាន​ថ្មី​ពី​ចំនួន ៨​,៥០០ទៅ​ ៩,០០០​ យូនី​តនឹង​ត្រូវ​បាន​លក់​ចេញ​”៕

ប្រភព​៖ Bloomberg​

ស្រុក​ចំនួន៤ នៃ​ខេត្តកណ្តាល​នៅ​ព័ទ្ធជុំវិញ​ក្រុងភ្នំពេញ​កំពុង​ទាក់ទាញ​ការ​វិនិយោគ​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​និយាយ​ថា​ ស្រុក​ចំនួន៤នៅ​ខេត្តកណ្តាល​ ដែ​លព័ទ្ឋ​ជុំវិញ​រាជធានី​ភ្នំពេញ​ កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​គំរោង​អចលនទ្រព្យ​កាន់តែ​ច្រើន​ ដោយសារ​ការ​ទទួល​ឥទ្ឋិ​ពល​ពី​ការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ​។

ស្រុក​ចំនួន៤​ ដែល​កំពុងតែ​ក្លាយទៅជា​គោលដៅ​របស់​អ្នក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ ជាពិសេស​លើ​វិស័យ​លំនៅ​ដ្ឋាន​តែម្ដង​នោះ​រួមមាន​ ស្រុក​កៀនស្វាយ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ស្រុក​អង្គស្នួល​ ស្ថិតនៅ​តាម​បណ្តោយ​ជាតិ​លេខ៤​ ស្រុក​ពញាឮ​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ និង​ស្រុក​មុខកំពូល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេ ៦​A។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៧​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ស្រុក​ទាំងនោះ​ កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់នឹង​ផ្លូវជាតិ​សំ​ខាន់​ៗតែម្ដង​ ។ លោក​បាន​បន្ត​ទៀត​ថា​ តំបន់​ទាំងអស់​នេះ​ស័ក្ដិសម​ និង​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ទាំង​ការទិញ​-លក់​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ក្រៅពី​មាន​សក្ដានុពល​ ទៅលើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​ វា​ក៏​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​បណ្តា​រោងចក្រ​ សហគ្រាស​ និង​វិស័យ​ឃ្លាំង​ផង​ដែរ​ ដោយសារតែ​អ្នកជំនួញ​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ទៅតាម​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​ ដែល​តម្រូវ​ឱ្យ​រុះរើ​ទៅកាន់​តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​តាម​បណ្តា​ស្រុក​ទាំងអស់​នេះ​ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ ដែល​អនុគ្រោះ​ដល់​ការ​ដឹកជញ្ជូន​”។ លោក​បញ្ជាក់​ទៀត​ថា​ “ផ្លូវ​សំ​ខាន់​ៗដែល​មាន​សក្ដានុពល​ខ្លាំង​ គឺ​ផ្លូវជាតិ​លេខ១​ និង​តំបន់​ជិត​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​កៀនស្វាយ​ ផ្លូវជាតិ​លេខ៤ស្ថិតនៅ​ស្រុក​អង្គស្នួល​ ផ្លូវជាតិ​លេខ៥ស្ថិត​ស្រុក​ពញាឮ​ ដោយឡែក​ផ្លូវជាតិ​លេខ៦​A មាន​អំណោយផល​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ លោក​ឧកញ៉ា​ តេង​ រិទ្ធី​ បាន​មានប្រសាសន៍​ទទួលស្គាល់​ថា​ នៅក្នុងចំណោម​បណ្តា​ស្រុក​ទាំងអស់​ របស់​ខេត្តកណ្តាល​ ដែល​ហ៊ុ​ព័ទ្ធ​រាជធានី​ភ្នំពេញ​ ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ពិតជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​យ៉ាង​ប្រាកដ​មែន​។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅ​តាម​បណ្តា​ស្រុក​ដែល​ស្ថិតនៅ​ជាប់​ជាយ​រាជធានី​ភ្នំពេញ​ គឺ​សុទ្ធតែ​មាន​សក្ដានុពល​ទាំងអស់​ ដែល​វា​ជា​ចំហាយ​រុញច្រាន​ចេញពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ត​ទៀត​ថា​ “ស្រុក​ទាំងអស់​នេះ​មាន​ភាព​ទាក់ទាញ​មិន​ដូចជា​គ្នា​ទេ​ ដូចជា​តំបន់​ផ្លូវជាតិ​លេខ១​ ស្រុក​កៀនស្វាយ​ និង​តំបន់​ផ្លូវជាតិ​លេខ៤​ ក្នុង​អង្គស្នួល​ និង​តំបន់​ផ្លូវជាតិ​លេខ៥​ ស្ថិត​ក្នុង​ស្រុក​ពញាឮ​ មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ចំនួន​ពីរ​”។

ទី១​ វិស័យ​លំនៅ​ដ្ឋាន​ (នៅ​ជាយក្រុង​) និង​វិស័យ​ឧស្សាហកម្ម​ ដោយសារតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​។ ទី២​ ដោយឡែក​តំបន់​ដែល​ស្ថិត​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​A វិញ​ គឺ​មាន​ភាព​អំណោយផល​ជាពិសេស​ ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ ឃើញ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ជាច្រើន​ បាន​សម្រុក​ទៅ​វិនិយោគ​នៅ​តំបន់​នេះ​ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​បុ​រី​ធំៗ​ និង​ល្បីឈ្មោះ​មួយចំនួន​ផង​ដែរ​ ដូចជា​ បុរី​វិមាន​ភ្នំពេញ​ ដែល​ស្ថិតនៅ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​លី​ ហួរ​ ជាដើម​៕