វិស័យ​លក់រាយ​ថៃ​ផ្លាស់​ប្តូរ​ទៅ​រកការធ្វើ​ជំនួញ​បែប​ឌីជីថល​

0

ប្រែ​សម្រួល​ដោយ​ម៉ា​ ណេត​

បាងកក​៖ វិស័យ​លក់រាយ​របស់​ប្រទេស​ (ផ្តោត​លើ​ការ​លក់​តូប​ក្នុង​ផ្សារ​ទំនើប​) កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​បច្ចេកវិទ្យា​ដ៏​សំខាន់​ បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​ប្រតិបត្តិ​ករ​ត្រូវតែ​សម្រប​ខ្លួន​ឲ្យ​ទាន់​នឹង​សភាព​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​។

កាសែត​បាងកក​ប៉ុស្តិ៍​ បាន​ចុះផ្សាយ​ថា​ ស្ថានភាព​ភាព​លក់រាយ​ និង​ឥរិយាបថ​ផ្លាស់​ប្តូរ​របស់​អ្នកប្រើ​ប្រាស់​បាន​នាំមក​នូវ​ការ​លេចឡើង​នៃ​ទម្រង់​លក់រាយ​ថ្មី​ និង​ការ​ទទួលយក​បច្ចេក​វិទ្យា​ថ្មី​ៗ។ អ្នកលក់​ដូរ​តាម​បែប​ប្រពៃណី​ត្រូវ​បាន​បង្ខំឲ្យ​មានការ​វិវឌ្ឍ​ និង​វិនិយោគ​លើ​ការ​ផ្លាស់​ប្តូរ​យុគសម័យ​ឌីជីថល​។

ការ​ផ្គត់ផ្គង់​ដែល​កំពុង​រីកចម្រើន​នៅ​បាងកក​ នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​មជ្ឈ​មណ្ឌល​ចាស់​ៗ ដើម្បីឲ្យ​មាន​កែ​លម្អ​ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​ ដើម្បី​រក្សា​បាន​នូវ​ការប្រកួត​ប្រជែង​។ គិត​ត្រឹម​ត្រីមាស​ទី១​ ឆ្នាំ​ ២០១៩​ ការ​ផ្គត់ផ្គង់​ការ​លក់រាយ​សរុប​នៅ​ទីក្រុង​បាងកក​មាន​ចំនួន៧​,៨លាន​ម៉ែត្រការ៉េ​ កើនឡើង៣​,៧០ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​បើ​យោង​តាម​ក្រុមហ៊ុន​ CBRE​ Thailand​។

ការ​ផ្គត់ផ្គង់​លក់រាយ​ថ្មី​សរុប​ទាំងអស់​ឆ្នាំ២០១៩​ នឹង​កើនឡើង​ចំនួន១ភាគ៣​ បើ​ធៀប​នឹង​ឆ្នាំមុន​។ ហើយ​នៅ​ចុងឆ្នាំ​ ២០២១​ ការ​ផ្គត់ផ្គង់​លក់រាយ​សរុប​ទំនងជា​នឹង​លើស​ពី​ ៨លាន​ម៉ែត្រការ៉េ​ដែល​ភាគច្រើន​ នៃ​ការ​កើនឡើង​នៃ​ការ​អភិវឌ្ឍ​ចម្រុះ​នៃ​ទីប្រជុំជន​។

ដើម្បី​បន្ត​រក្សា​ជំនួញ​របស់​ខ្លួន​ អ្នកលក់​រាយ​ធំៗ​កំពុង​វិនិយោគ​ ក្នុង​ទម្រង់​លក់រាយ​ថ្មី​ដូចជា​ នៅក្នុង​ការ​អភិវឌ្ឍ​ចម្រុះ​ និង​ផ្សារ​ទំនើប​ដើម្បី​ពង្រីក​ផលប័ត្រ​របស់​ពួកគេ​។ ទោះជាយ៉ាងណា​ក៏ដោយ​ អ្នកលក់​រា​យតូចៗ​ដែល​មិន​អាច​កែច្នៃ​ និង​ធ្វើឲ្យ​ឡើង​នៃ​ការ​វិនិយោគ​របស់​ខ្លួន​បាន​ និង​កំពុង​ជួប​ផល​លំបាក​ក្នុង​ការ​ប្រជែង​ក្នុង​ទីផ្សារ​។

ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​កំពុង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​អាកប្ប​កិរិយា​របស់​អ្នកប្រើ​ប្រាស់​។ ផល​ប៉ះពាល់​កំពុង​កើនឡើង​ ព្រោះ​វា​ផ្តល់​ឲ្យ​អតិថិជន​នូវ​ជម្រើស​ និង​ភាព​ងាយស្រួល​ដែល​ផ្សារ​ទំនើប​មិន​អាច​បំពេញ​បាន​។

យោង​តាម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អេ​ឡិច​ត្រូ​និច​ថៃ​ (ETDA​) បាន​ឲ្យដឹង​ថា​ តម្លៃ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ថៃ​បាន​កើនឡើង១៤ភាគរយ​ ក្នុង​ឆ្នាំ២០១៨​ ប្រហែល​ ៣,២ ពាន់​ពាន់​លាន​បាត​ ហើយ​កំណើន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ដល់២០ភាគរយ​នៅ​ឆ្នាំនេះ​។ ការ​លក់រាយ​ផ្ទាល់​បាន​កើនឡើង​តែ​ ៣ ទៅ៤​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

យោង​តាម​ក្រសួងសេដ្ឋកិច្ច​ឌីជីថល​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​ថៃ​នឹង​ដើរតួ​យ៉ាង​សំខាន់​ នៅក្នុង​ឧស្សាហកម្ម​ទាំងអស់​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈាន​ដល់២៥ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រឹម​ឆ្នាំ២០២៧​ ។ ធនាគារ​ធំ​បំផុត​ទាំងបួន​របស់​ប្រទេស​នេះ​ បាន​បោះបង់ចោល​នូវ​ថ្លៃ​សេវា​ប្រតិ​បតិ្តការ​ឌីជីថល​ ចាប់តាំងពី​ខែមេសា​ឆ្នាំមុន​ដើម្បី​ចាប់​អតិថិជន​៕

ជប៉ុន​ចាប់ផ្តើម​ពង្រីក​ឥទ្ធិពល​ទៅកាន់​ពិភពលោក​ដោយ​ក្លាយ​វិនិយោគ​នាំមុខ​គេ​

0

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ចាប់ផ្តើម​គ្រប​ដណ្តប់​អំណាច​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ ដោយ​អ្នក​វិនិយោគ​របស់​ប្រទេស​នេះ​ បាន​ក្លាយជា​វិនិយោគិន​ឈានមុខ​គេ​ទី១របស់​ពិភពលោក​។

នេះ​យោង​តាម​របាយការណ៍​វិនិយោគ​ របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ តាម​របាយការណ៍​វិនិយោគ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ២០១នេះ​ ជប៉ុន​បាន​ដឹកនាំ​ប្រទេស​ទាំងអស់​ នៅក្នុង​ការ​វិនិយោគ​ខាងក្រៅ​ បន្ទាប់មក​ដោយ​ប្រទេស​ចិន​ និង​បារាំង​។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ជប៉ុន​ បាន​ឈាន​ដល់​ជាង ១៤៣ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៨​ ខណៈ​ពេល​ដែល​ប្រទេស​ចិន​ បាន​ឈាន​ដល់​ប្រមាណ ១៣០ពាន់​លាន​ដុល្លារ​។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​បាន​កើនឡើង​ជាង៣​,១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨​។ តាម​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ស្ថិរភាព​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ ប្រទេស​ចិន​មាន​ចំនួន៤១​,៣ភាគរយ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទាំងអស់​កាលពី​ឆ្នាំមុន​។ ចំណាត់ថ្នាក់​ទី​ ២ គឺ​កូរ៉េ​ខាងត្បូង​មាន​ ៨,១ ភាគរយ​ ខណៈ​ពេល​ដែល​ការ​វិនិយោគ​របស់​ជប៉ុន​កើនឡើង៦​,៤ភាគរយ​។

ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ថា​ ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ភាគច្រើន​ បាន​ធ្វើ​នៅក្នុង​វិស័យ​សំណង់​ និង​រោងចក្រ​៕

តើអាគារពាណិជ្ជកម្មពិភពលោកថ្មីនៅអាមេរិកមានសភាពដូចម្តេចក្រោយពេលអាគារចាស់ត្រូវបុកដួលរលំដោយភេវរករ

0

ដោយ : វុត្ថា

ភ្នំពេញ: ក្រោយការដួលរំលំនៃការបើកយន្តហោះបុក អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុង New York កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ វត្តមានអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១ថ្មី នៅទីក្រុងនេះបានលេចឡើងក្នុងរូបភាពយ៉ាងដូចម្តេច ។

តើអាគារពាណិជ្ជកម្មពិភពលោកថ្មី ដែលមានឈ្មោះថាOne World Trade Center ដែលបានប្តូរឈ្មោះមកពីFreedom Tower ត្រូវបានសាងសង់ក្នុងទស្សនស្ថាបត្យកម្មយ៉ាងដូចម្តេច? គេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីអាគារដ៏អស្ចារ្យមួយនេះដូចតទៅ។

មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១ ,1WTC ឬអាគារសេរីភាព គឺជាអគារដ៏សំខាន់ បន្ទាប់ពីបានសាងសង់ឡើងវិញ ជំនួសអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅក្នុងតំបន់Lower Manhattan ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ វាជាអគារខ្ពស់ជាងគេបំផុតនៅអឌ្ឍគោលខាងលិច និងជាអគារខ្ពស់លំដាប់ទី៦ នៅលើពិភពលោក។

រចនាសម្ព័ន្ធនៃអគារនេះ មានទម្រង់ដូចគ្នាទៅនឹងអគារNorth Tower ដែលជាមជ្ឈម​ណ្ឌលពាណិជ្ជកម្មពិភពលោកដើម ដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ស្ថាបត្យករគូរប្លង់អគារនេះ គឺលោក David Childs ដែលជាម្ចាស់ក្រុមហ៊ុន Skidmore Owings & Merrill (SOM) លោក David Childs ក៏បានរចនាគូរប្លងស្ថាប ត្យកម្មអគារ Burj Khalifa និងអគារWillis ផងដែរ។

អគារនេះបានក្លាយជាអគារខ្ពស់បំផុត នៅទីក្រុងញូវយ៉កនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដោយវ៉ាដាច់អគារខ្ពស់ជាងរបស់អង់គ្លេស (Empire State Building)។ អគារនេះបានសាងសង់បញ្ចប់នូវរចនាសម្ពន្ធនៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០១២ ហើយកំពូលរបស់វាបញ្ចប់នៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៣។
អាគារកប់ពពកនេះត្រូវបានដំឡើងកំពស់ ដែលធ្វើឱ្យអគារនេះរួមទាំងកំពស់របស់វាឡើងដល់កម្ពស់សរុប541 ម៉ែត្រឬ១៧៧៦ហ្វីត។

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ដ៏មានឥទ្ធិពលនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៤។
នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០០៩ អាជ្ញាធរកំពង់ផែញូវយ៉ក និងញ៉ូវជឺស៊ី (PANYNJ)​បានបញ្ជាក់ថាអាគារដ៏ខ្ពស់នេះនឹងដាក់ឈ្មោះជាផ្លូវការរបស់ខ្លួនគឺ “មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ” “One World Trade Center”ជាជាងឈ្មោះ “អគារសេរីភាព” “Freedom Tower”។

មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនេះ មានកំពស់១០៤ជាន់ ជាអគារស្តង់ដារខ្ពស់បំផុតរាប់ទាំងកំពូល ប៉ុន្ដែតាមពិតអគារនេះមានត្រឹមតែ៩៤ជាន់ប៉ុណ្ណោះ។

អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មីនេះ នឹងរួមបញ្ចូលអគារការិយាល័យអាគារខ្ពស់ចំនួនប្រាំនៅតាមបណ្តោយផ្លូវ Greenwich Street ព្រមទាំងមានសារមន្ទីរជាតិអនុស្សាវរីយ៍ទី ១១កញ្ញា (National September 11 Memorial & Museum) ដែលស្ថិតនៅភាគខាងត្បូងនៃ អាគារOne World Trade Center ។

ការសាងសង់អគារថ្មីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរំលឹក និងកសាងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដើម៕

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​រោច​ក្រ​ផលិត​ស្ករគ្រាប់​ និង​នំ​គ្រប់​ប្រភេទ​ដំណើរការ​ស្ថិត​ នៅ​ស្រុក​កណ្តាល​ស្ទឹង​

0

ដោយៈ​ រ៉ា​ណេត​

កណ្តា​លៈ​ រដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ឲ្យ​រោងចក្រ​ផលិត​ស្ករគ្រាប់​ និង​នំ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ អេស.ស៊ី​ ហ្វូ​ដ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​ចាប់ផ្តើម​សាងសង់​។

បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​អនុញ្ញាត្ត​ តប​តាម​ការ​ស្នើសុំ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ (CDC​) និង​ឆ្លងកាត់​កិច្ចពិភាក្សា​ស្ដីពី​ ផល​ប៉ះពាល់​របស់​អន្តរក្រសួង​ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ករគ្រាប់​ និង​នំ​គ្រប់​ប្រភេទ​ ត្រូវ​បាន​កិច្ចប្រជុំ​អន្តរក្រសួង​ ដែល​​ដឹកនាំ​ដោយ​ លោក​ នេត្រ​ ភក្រា្ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ធ្វើ​កាពិ​និត្យ​និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) រួចរាល់​ហើយ​ ក្រោម​ការសិក្សា​លម្អិត​ និង​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ៊ី​ &​អេ​ ខន​សាល់​ធេន​។

ជាមួយនឹង​ការ​ទទួល​បាន​កិច្ច​គាំទ្រ​ពីសំណាក់​អន្តរក្រសួង​ ក្រុមហ៊ុន​ អេស​ ស៊ី​ ហ្វូ​ដ ដែល​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្ករ​ និង​នំ​គ្រប់​ប្រភេទ​ខាងលើ​នេះ​ ក៏​ត្រូវតែ​គោរព​ និង​អនុវត្ត​តាម​គោលការណ៍៧ចំណុច​ ដូចជា​ ទី១​. សូម​គាំទ្រ​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ អេស.ស៊ី​ ហ្វ៊ូ​ដ ។

ទី២​.ក្រុមហ៊ុន​ត្រូវ​គ្រប់​ គ្រង​សំណល់រឹង​-រាវ​ ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​ប្រឡាយ​ទឹក​ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

ទី៣​. ក្រុមហ៊ុន​ត្រូវ​គ្រប់គ្រង​ប្រេង​ខ្លាញ់​ដែល​ប្រើប្រាស់​រួច​ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​ត្រឹមត្រូវ​ ។

ទី៤​.ក្រុមហ៊ុន​ត្រូវ​រៀបចំ​ធុងសំរាម​សម្រាប់​អា​ជីក​រលក់​ដូរ​មុខ​រោងចក្រ​ និង​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មន្ទីរ​បរិស្ថាន​អប់រំ​ដល់​អា​ជីក​រលក់​ដូរ​អំពី​ការ​គ្រប់គ្រង់​សំរាម​។

ទី​៥.ក្រុមហ៊ុន​ត្រូវ​មាន​ជម្រើស​ទីតាំង​ឡចំហាយ​នៅ​ទីកន្លែង​សុវត្ថិភាព​ ឆ្ងាយ​ពី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​។

ទី៦​.លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​មាននៅ​ក្នុង​ស្រុក​ (ម្សៅដំឡូង​មី​ ស្ករស​ ប្រេងដូង​ ជាដើម​) និង​ទី៧​. ក្រុមហ៊ុន​ត្រូវ​ទទួលយក​មតិយោបល់​របស់​អង្គប្រជុំ​ដើម្បី​បញ្ចូល​មតិ​គ្រប់​ភាគី​ពាក់ព័ន្ធ​។ គម្រោង​បង្កើត​រោងចក្រ​ ផលិត​ស្ករគ្រាប់​ និង​នំ​គ្រប់​ប្រភេទ​ ស្ថិត​លើ​ផ្ទៃដី​ទំហំ​ ​៦៥.១៤៩​ ម៉ែត្រក្រឡា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ប្រឡាយ​ ឃុំ​បឹងខ្យាង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល​៕

រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ នឹង​សាងសង់​រោងចក្រទឹក​ស្អាត​ចំនួន៣បន្ថែម​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជា​ការសម្រួល​ និង​បង្កើន​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​ រដ្ឋាករទឹក​ស្វយ័ត​បានសម្រេច​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ចំនួន៣បន្ថែម​ទៀត​ ដែល​នឹង​ចាប់​អនុវត្ត​គម្រោង​នៅ​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩ខាងមុខនេះ​ ។

រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ចំនួន៣​ ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ប្លង់​មេ​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​ដំណើរការ​សាងសង់​ខាងលើ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង​ចំនួន​ ២ គម្រោង​ និង​ ១ គម្រោង​ទៀត​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​តាខ្មៅ​ ដោយ​រោងចក្រ​ទាំង​ ៣ នេះ​ អាច​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​រហូតដល់​ទៅ​ប្រមាណ​ ៤២០,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ អ៊ុ​ សុ​ថា​ បាន​មានប្រសាសន៍​ថា​ ពេលនេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុងតែ​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​ដើម្បី​ធ្វើ​យ៉ាងណា​ជម្រុ​ញដំណើរការ​សាងសង់​ឱ្យ​ទាន់​ទៅតាម​គម្រោង​ផែនការ​ដែល​បាន​កំណត់​ ។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ទាំងនេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ និង​បំពេញ​ទៅតាម​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​”។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “បច្ចុប្បន្ន​នេះ​យើង​មាន​រោងចក្រ​រដ្ឋាករទឹក​ស្អាត​រាជធានី​ភ្នំពេញ​ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ រោងចក្រទឹក​ស្អាត​ក្នុង​ខណ្ឌចំការមន​ និង​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅក្នុង​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ដោយសារតែ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ទឹក​ស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​យ៉ាង​គំហុក​ រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង៤ទីតាំង​ខាងលើ​នេះ​ មិន​អាច​មានលទ្ធភាព​ផ្គត់ផ្គង់​គ្រប់គ្រាន់​នោះ​ទេ​ ដែល​តម្រូវ​ឱ្យ​មានការ​សង់រោង​ចក្រ​បន្ថែម​ទៀត​” ។

នៅក្នុង​ដំណើរការ​នៃ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ទាំង៣ខាងលើ​នេះ​ ត្រូវ​បាន​បែងចែក​ចេញ​ជា​ដំណាក់កាល​។ នៅក្នុង​គម្រោង​ប្លង់​មេ​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ ជា​ជំហាន​ដំបូង​រោងចក្រ​ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩ខាងមុខ​ និង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២២​ ជាមួយនឹង​លទ្ធភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន១៩៥,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

ជំហាន​ទី២​ ដែល​ស្ថិតនៅ​ទីតាំង​ដដែល​នេះ​ នឹង​គ្រោង​សាងសង់​នៅ​ឆ្នាំ២០២២​ ហើយ​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ឆ្នាំ២០១៤​ ដែល​មានលទ្ធភាព​ផលិត​ទឹក​ស្អាត​បាន​ចំនួន​ ១៩៥,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ដូចគ្នា​។ ដោយឡែក​ចំពោះ​រោងចក្រ​ផលិត​ទឹក​ស្អាត​ដែល​ស្ថិតនៅ​ក្រុង​តាខ្មៅ​ នឹង​ត្រូវ​សាងសង់​នៅ​ត្រឹម​ឆ្នាំ២០២២​ ហើយ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២៤ដូចគ្នា​ ប៉ុន្តែ​មានលទ្ធភាព​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន​ ៣០,០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

យ៉ាងណាក៏ដោយ​ ជាមួយនឹង​គម្រោង​នៃ​ការសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ទាំង៣ខាងលើ​នេះ​ ក្រៅពី​អាច​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ប្រើប្រាស់​គ្រប់គ្រាន់​ គឺ​អាច​នឹង​មានការ​បញ្ចុះតម្លៃ​បាន​មួយ​កម្រិត​ទៀតផង​ដែរ​ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​តម្លៃ​ទឹក​ស្អាត​ហាក់​នៅ​មានកម្រិត​ខ្ពស់​នៅឡើយ​ ៕

ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​តម្លៃ៦៤លាន​ដុល្លារ​នៅ​ក្រុង​តាខ្មៅ​ចាប់ផ្តើម​ដំណើរ​ការសាងសង់​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ស្ថានីយ៍​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​តម្លៃ៦៤លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​ឥណទាន​របស់​ធនាគារ​នីហរ័ណ​ អហរ័​ណនៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ស្ថានីយ​បូមទឹក​កខ្វក់​ ការ​តបណ្ដាញ​លូ​ និង​ការ​ស្ដារ​គំរោង​នេះ​កាលពី​ថ្ងៃទី១២​ មិថុនា​កន្លងមក​នេះ​។

ការស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ស្ថានីយ​បូមទឹក​ ការ​តបណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ការ​ស្ដារ​ស្ទឹង​នេះ​ ធ្វើឡើង​ក្រោម​គម្រោង​កម្ចី​ឥណទាន​សម្បទាន​របស់​ធនាគារ​នីហរ័ណ​ អាហរ័ណ​កូរ៉េ​ នូវ​ទឹកប្រាក់​ប្រមាណ៦៤លាន​ដុល្លារ​អាមេរិក​ ក្នុង​គោលបំណង​ដើម្បី​រក្សា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ អនាម័យ​ល្អ​ បរិស្ថាន​ស្រស់បំព្រង​ ការពារ​ទឹកជំនន់​ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​។

អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នេះ​ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំណុះ៧៦០០ម៣​/ថ្ងៃ​ ចំណែក​ឯស្ថានីយ​បូមទឹក​កខ្វក់​ទាំង១០​ ទីតាំង​មាន​សមត្ថភាព​បូម​បាន២៩៩៥២ម៣​/ថ្ងៃ​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​លបាន​គូសបញ្ជាក់​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ប្រចាំឆ្នាំ​ ប្រកបដោយ​ស្ថេរ​ភាព​ និង​រឹងមាំ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរ​ធា​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក​ ក៏​ដូច​សម្ភារៈ​ផ្សេង​ៗមានការ​កើនឡើង​ ព្រមទាំង​ធ្វើ​ឱ្យ​មានការ​ហូរ​ចូល​នូវ​វិនិយោគ​ចម្រុះ​រួមមាន​ ការសាងសង់​អគារ​ខុន​ដូ​ រមណីយដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​ ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន​ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ដែល​ធ្វើ​ឱ្យ​បរិមាណ​ទឹក​កខ្វក់​មានការ​កើនឡើង​ផង​ដែរ​៕

ខ្លី​ៗសម្រាប់​អ្នក​ចង់​ទិញ​ដី​ទុក​លក់​បន្ត​យកចំណេញ​

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​មាន​មនុស្សជា​ច្រើន​ បាន​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ការទិញ​ដី​ទុក​លក់​បន្ត​យកចំណេញ​ មិនថា​តែ​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍​ ប្រភេទ​ដី​ភូមិ​ ស្ទើរគ្រប់​សណ្ឋាន​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំងនោះ​ អ្នកខ្លះ​ក៏​ជោគជ័យ​ដូច​ការ​គ្រោងទុក​ ហើយ​អ្នកខ្លះ​ទៀត​ក៏​បរាជ័យ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការទិញ​ លក់​ និង​ជួល​អ្នក​ចលនទ្រព្យ​គ្រប់​ប្រភេទ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​-លក់​អចលនទ្រព្យ​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​អាច​លក់ដាច់​បាន​ឆាប់រហ័ស​ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ ប្រសិនជា​អ្នក​គ្មាន​ចំណេះដឹង​ និង​ជំនាញ​ច្បាស់លាស់​។

​;អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ មុន​ពេល​ទិញ​ដី​ ឬរក​ដី​សម្រាប់​អតិថិជន​ យើង​ត្រូវ​សិក្សា​លើ​ចំណុច​សំ​ខាន់​ៗមួយចំនួន​ ដើម្បី​ធ្វើជា​បង្អែក​កុំឱ្យ​ជួប​ការខាតបង់​។ លោកស្រី​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ចំណុច​ទាំងអស់​នោះ​រួមមាន​ ទី១​ ត្រូវ​សិក្សា​ពី​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ ថា​តើ​ភ្ញៀវ​ត្រូវការ​ដី​បែប​ណា​? ទី២​ ត្រូវ​សិក្សា​ពី​មូលធន​របស់​ភ្ញៀវ​ថា​មាន​ទឹកប្រាក់​ប៉ុន្មាន​ពិតប្រាកដ​ ទី៣​ តើ​ភ្ញៀវ​ត្រូវការ​ដី​ប្រភេទ​ណា​ ជា​ដី​សាងសង់​លំនៅ​ដ្ឋាន​ ដី​សម្រាប់​សាងសង់​ខុន​ដូ​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​? ទី៤​ ត្រូវ​រក​ភាពជា​អ្នកតំណាង​ ឬធ្វើជា​តំណាង​អ្នកទិញ​ឬលក់​ផ្តាច់​មុខ​ជូន​អតិថិជន​ ឬអ្នកទិញ​។

លោកស្រី​តាំង​ ហួរ​ បាន​បន្ថែម​ថា​ តាមធម្មតា​អ្នកទិញ​តែងតែ​ចង់បាន​អចលនទ្រព្យ​ ឬទំនិញ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ប៉ុន្តែ​ទោះជាយ៉ាងណា​យើង​ ដែល​ជា​អ្នកទិញ​ក៏​ត្រូវ​មាន​ជំនាញ​ក្នុង​ការ​និយាយ​អន្ទងចិត្ត​ម្ចាស់​អចលនទ្រព្យ​ ឬម្ចាស់ដី​ឱ្យ​គាំទ្រ​នូវ​ការចរចា​របស់​យើង​ដែរ​។ លោកស្រី​បន្ត​ថា​ ពេលខ្លះ​យើង​ធ្វើជា​អ្នកលក់​ ឬភ្នាក់ងារ​អចលនវត្ថុ​ ត្រូវ​មានចិត្ត​ធ្ងន់​ និង​អត់ធ្មត់​ដូច​ព្រះ​អញ្ចឹង​ ហើយ​ធ្វើ​សំខាន់​ដើម្បី​ធ្វើការងារ​ឲ្យបាន​ជោគជ័យ​ យើង​ក៏​ត្រូវ​មានការ​រៀបចំ​ឯកសារ​លិខិតស្នាម​ជាច្រើន​ ដើម្បី​ចងចិត្ត​ម្ចាស់ដី​ឬម្ចាស់​អចលនទ្រព្យ​នានា​ជាមុន​ ដើម្បីកុំឲ្យ​ពួកគេ​ផ្លាស់​ប្តូរ​ចិត្ត​ត្រលប់​ជា​មិន​លក់​វិញ​។

លោកស្រី​បាន​បន្ត​ថា​ “ម្ចាស់​អចលនទ្រព្យ​មួយចំនួន​តូច​ ងាយ​ប្រែក្រឡាស់​ណាស់​ ដូច្នេះ​បើ​យើង​ដឹង​ច្បាស់​ថា​ ដី​ដែល​យើង​ចង់​ទិញ​នោះ​មាន​ស្ថានភាព​ល្អ​ និង​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ដែល​អាច​មានឱកាស​ចំណេញ​បាន​ច្រើន​ នៅពេល​លក់​ចេញ​វិញ​ គឺ​ត្រូវតែ​មានការ​សម្រេច​ចិ​ត្ត​ភ្លាម​ៗ ជៀសវាង​បង្អូស​ពេលវេលា​នាំ​ឱ្យ​ច្បាស់​ដី​ មាន​ភាព​ធុញទ្រាន់​ ហើយ​ផ្អាក​ការ​លក់​វិញ​”៕

តើ​ការ​វិនិយោគ​អចលនទ្រព្យ​បែប​ណា​ដើម្បីកុំឲ្យ​វា​ក្លាយជា​បំណុល​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ អាច​ជួប​នូវ​ហានិភ័យ​ជាច្រើន​ ប្រសិនជា​ការ​វិនិយោគ​នោះ​មិន​មាន​គោលដៅ​ និង​ចំណេះដឹង​ច្បាស់លាស់​ ហេតុនេះ​តើ​អចលនទ្រព្យ​បែប​ណា​ជា​ទ្រព្យ​ និង​អចលនទ្រព្យ​បែប​ណា​ជា​បំណុល​?។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ជឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ការ​វិនិយោគ​អចលនទ្រព្យ​ដែល​មិន​ត្រឹមត្រូវ​ នឹង​ធ្វើឲ្យ​យើង​ក្លាយជា​អ្នកក្រ​លឿន​ និង​ជាប់​គុន​នឹង​បំណុល​ ហេតុនេះ​យើង​គួរ​ស៊ូ​ជាមួយ​ការ​ធ្វើ​អ្នក​មា​នយឺ​តៗ​ ជាជាង​ធ្វើ​អ្នកក្រ​ឆាប់រហ័ស​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​អចលនទ្រព្យ​ ដែល​ទទួល​បានផល​ត្រលប់​មកវិញ​ចាប់ពី០​,៧ភាគរយ​ឡើង​ក្នុង​មួយ​ខែ​ អចលនទ្រព្យ​នោះ​ជា​ទ្រព្យ​ ប៉ុន្តែ​បើ​ការ​ទាញ​លុយ​ត្រ​លប់់​ពី​ការ​វិនិយោគ​បាន​ក្រោម០​,៧ភាគរយ​ក្នុង​មួយ​ខែ​ វា​នឹងជា​បំណុល​”។

ឧទាហរណ៍​បើ​ទិញ​ផ្ទះ​ឬខុន​ដូ​តម្លៃ២០ម៉ឺន​ដុល្លារ​អាមេរិក​ បើសិនជា​អាច​ជួល​បាន​ក្នុង​តម្លៃ ១៤០០ដុល្លារ​ក្នុង​មួយ​ខែ​ វា​ជា​ការ​វិនិយោគ​ត្រឹមត្រូវ​ ឬមិន​មែន​ជា​ទ្រព្យ​បំ​ណល​។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ ហេតុនេះ​កា​រសិក្សាព៌​តមាន​ឲ្យបាន​ច្បាស់លាស់​ និង​គ្រប់ជ្រុងជ្រោយ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ មុននឹង​ចាប់ផ្តើម​វិនិយោគ​ដោយ​លុយ​ខ្លួនឯង​ ឬប្រើប្រាស់​លុយ​របស់​ធនាគារ​នានា​។លោក​បន្ត​ថា​ បើសិនជា​ធនាគារ​នៅ​កម្ពុជា​មាន​អត្រា​ការប្រាក់​ត្រឹម៣ទៅ៤ភាគរយ​ក្នុង​មួយឆ្នាំ​ ហើយ​ស្ថានភាព​អចលនទ្រព្យ​បែបនេះ​ វា​នឹង​រួមចំណែក​ច្រើនណាស់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​។

លោក​បន្ត​ថា​ “នៅពេល​ធនា​គារ​ធំៗ​ចូល​មកកាន់​តែ​ច្រើន​ នឹង​ធ្វើឲ្យ​ការប្រកួត​ប្រជែង​កើនឡើង​ ហើយ​អត្រា​ការប្រាក់​នឹង​ធ្លាក់ចុះ​ ប៉ុន្តែ​ស្ថានភាព​អត្រា​ការប្រាក់​បច្ចុប្បន្ន​យើង​មិន​អាចយ​កប្រាក់​ពី​ធនាគារ​ទាំងស្រុង​ ដោយ​គ្មាន​ចរន្ត​លំហូរ​សាច់ប្រាក់​ច្បាស់លាស់​យក​មក​ប្រើប្រាស់​បាន​ឡើយ​៕

កំណើន​ស្ថាប័ន​ហិរញ្ញវត្ថុ​កំពុង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ កំណើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជាមួយនឹង​ការពង្រីក​ទីផ្សារ​ហិរញ្ញវត្ថុ​ ដែល​ឲ្យ​មាន​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​មានការ​រីក​ចំរើន​បន្ថែម​ ខណៈ​ការប្រកួត​ប្រជែង​នេះ​បាន​ និង​កំពុង​ធ្វើឲ្យ​ប្រជាជន​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​។

លោក​បណ្ឌិ​តប៊ុ​ន មុ​ន្នី​ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១២​ មិថុនា​កន្លងមក​បាន​ឲ្យដឹង​ថា​ វិស័យ​វត្ថុ​មានការ​រីក​ចំរើន​ ហើយ​ការ​ចូល​មក​របស់​ចំណូល​ថ្មី​ នឹង​ចូលរួម​បន្ថែម​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។

លោក​បាន​ឲ្យដឹង​ថា​ “វា​រឿង​ល្អ​មួយ​សម្រាប់​អ្នកវិនិយោគទុន​ ចូល​មក​នៅក្នុង​ប្រទេសជាតិ​របស់​យើង​ធ្វើឲ្យ​មានការ​រីក​ចំរើន​ និង​មានការ​ផ្លាស់​ប្តូរ​ជាបន្តបន្ទាប់​ ហើយ​ចំពោះ​ការ​ចូល​មក​របស់​អ្នកចំណូលថ្មី​ ដូចជា​មក​ពី​ តៃវ៉ាន់​ និង​កូរ៉េ​ ជា​រឿង​មួយ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​យើង​”។លោក​បន្ត​ថា​ “ទោះបីជា​យើង​ឃើញ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ដែល​ជា​រឿង​មួយ​ ចូល​ដល់​ក្នុង​របត់​មួយ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ ដែល​យើង​គិតថា​ ទីផ្សារ​ស្រុកខ្មែរ​យើង​មានការ​អភិវឌ្ឍន៍​មកដល់​ចំណុច​នេះ​ ហើយ​ប្រជាពលរដ្ឋ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ជ្រើសរើស​យក​ធនាគារ​ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​ធ្វើការ​ខ្ចី​លុយ​ និង​ធ្វើការ​រកស៊ី​ជាមួយគ្នា​”។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ ប្រជាពលរដ្ឋ​អាច​មាន​ជម្រើស​ច្រើន​ ហើយ​កត្តា​មួយ​ដែល​ល្អ​គឺថា​ បើ​ទោះបី​មាន​អ្នកប្រកួត​ប្រជែង​ច្រើន​ ប៉ុន្តែ​វា​នឹង​មានការ​ផ្លាស់​ប្តូរ​ សេដ្ឋកិច្ច​យើង​នឹង​មានការ​វិវត្តន៍​ឈានឡើង​បន្តបន្ទាប់​ទៀត​។

លោក​ឲ្យដឹង​ទៀត​ថា​ “ទោះជាយ៉ាងណា​នៅតែ​មា​នការភន់​ច្រឡំ​ថា​ ពីមុន​អត់​ការ​ជំពាក់​លុយ​គេ​ ប៉ុន្តែ​សព្វថ្ងៃ​យើង​ជំពាក់​លុយ​គេ​។ សួរ​ថា​តើ​ការ​ជំពាក់​លុយ​មានន័យថា​យ៉ាងម៉េច​? ខ្ញុំ​ចង់​ប្រាប់​ថា​ ធន​គារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មើល​ពី​ស្ថានភាព​អ្នកខ្ចី​ខ្លាំង​ណាស់​ ដូច្នេះ​វា​មិន​មាន​ហានិភ័យ​អី​នោះ​ទេ​ វា​លែងតែ​ហានិភ័យ​កើតឡើង​ជាយថាហេតុ​ ហើយ​ប្រាក់កម្ចី​ទាំងអស់​នោះ​ឯង​ដែល​ធ្វើឲ្យ​មាន​ជីវភាព​ផ្លាស់​ប្តូរ​”។

ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ធំៗ​មក​ពី​កូរ៉េ​ខាងត្បូង​ តៃវ៉ាន់​ ចិន​ កាណាដា​ និង​បារាំង​ជាដើម​ បាន​ និង​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ ដោយ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ខុស​ៗគ្នា​ដល់​អតិថិជន​។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​ថ្លែង​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​;; យើង​នឹង​បន្ត​បើក​សាខា​ជាច្រើន​ទៀត​ ដើម្បី​បង្កើន​មូលដ្ឋាន​អតិថិជន​របស់​យើង​ និង​បម្រើសេវា​ជូន​ដល់​អតិថិជន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បន្ថែម​ថា​ “យើង​មាន​ផែនការ​បោះទីតាំង​ក្នុង​ខេ​ត្ត​ថ្មី​ៗចំនួន​ពីរ​ទៀត​ ព្រមទាំង​ពង្រឹង​តំណែង​របស់​យើង​ នៅ​តាម​តំបន់​ដែល​យើង​មាន​ប្រតិបត្តិ​ ការ​ប្រកបដោយ​ភាព​ជោគជ័យ​រួចហើយ​”។

លោក​ Shin​ Chang​ Moo​ ប្រធាន​ក្រុមហ៊ុន​ PPCBank​ បាន​មានប្រសាសន៍​ថា​ “សក្ដានុពល​នៃ​វិស័យ​ធនាគារ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ គឺ​មាន​ភាព​ទាក់ទាញ​ចំពោះ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​”។លោក​បន្ត​ថា​ “កម្ពុជា​នៅ​មាន​កន្លែង​ជាច្រើន​ ដើម្បី​រីកចម្រើន​នៅក្នុង​វិស័យ​នេះ​ ហើយ​ក្រុមហ៊ុន​កូរ៉េ​មិន​ចាំបាច់​ប្រកួតប្រជែង​ ជាមួយ​ធនាគារ​ផ្សេងទៀត​ទេ​”។

លោក​បន្ថែម​ថា​ “យើង​អាច​ចូលរួម​ក្នុង​ទីផ្សារ​ដើម្បី​រីក​លូតលាស់​ទាំងអស់គ្នា​”។

ក្រុមហ៊ុន​ JB​ Financial​ Group​ Co​ Ltd​ មាន​មូលដ្ឋាន​នៅ​ទី​ខេត្ត​ Jeonju​ ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជា​ខេត្ត​តូច​មួយ​នៅក្នុង​តំបន់​ភាគ​ខាងត្បូង​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​។

លោក​ Shin​ Chang​ Moo​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​បង្កើត​វត្តមាន​នៅ​កម្ពុជា​ ដោយសារ​គ្មាន​ឱកាស​ក្នុង​ពង្រីក​ខ្លួន​ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ខ្លួន​ ដែល​មាន​អ្នកប្រកួត​ប្រជែង​ច្រើន​នៅ​ទីនោះ​។លោក​ពន្យល់​ថា​ ក្រុមហ៊ុន​ JB​ Financial​ Group​ មាន​មូលដ្ឋាន​ទី​តាំ​តូច​បំផុង​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​។ ពួកគេ​គឺ​តូចជាង​ដៃគូ​ប្រកួតប្រជែង​របស់​ពួកគេ​ ដូច្នេះ​ពួកគេ​ចង់​ស្វែងរក​លទ្ធភាព​ពង្រីក​ទីផ្សារ​ថ្មី​។

ទំហំ​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ដល់៦.៧០ពាន់​ដុលា្លរកើន​ឡើង៧.៤៥​ ភាគរយ​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៩នេះ​ ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។

ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​៕

សភា​ពាណិជ្ជកម្ម​ពិភាក្សា​ពី​ការកាត់បន្ថយ​ក្រដាស​ស្នាម​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​

0

ដោយ ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ សភា​ពាណិជ្ជ​កម្ពុជា​ សហការ​ជាមួយ ​UN​ ESCSAP ​ដើម្បី​ពិភាក្សា​ស្តី​ពី​ការសម្រប​សម្រួល​ពាណិជ្ជកម្ម​ តាមរយៈ​ការកាត់បន្ថយ​ក្រដាស​ស្នាម​ ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

កិច្ចប្រជុំ​ពិភាក្សា​ពិភាក្សា​ការងារ​ស្តី​ពី​ “ការសម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ស្នាម​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​” “Facilitation​ Cross​-Border​ Paperless​ Trade​ in​ LDCs​ for​ Regional​ Integration​ and​ Sustainable​ Development​ (Phase​ ១)។

លោក​ឧកញ៉ា​លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​និង​មន្រ្តី​បេសកកម្ម​ UN​-ESCAP​ ស្តី​ពី​ “ការសម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ស្នា​មក្នុ​ ងប្រទេស​អភិវឌ្ឍន៍​តិចតួច​” “Facilitation​ Cross​-Border​ Paperless​ Trade​ in​ LDCs​ for​ Regional​ Integration​ and​ Sustainable​ Development​ (Phase​ 1)” ដែល​គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ UN​-ESCAP​ និង​ EIF​។ គម្រោង​នេះ​ ក៏បាន​នឹង​កំពុង​អនុវត្ត​នៅ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​រួមមាន​ ប្រទេស​ Nepal​ ប្រទេស​ Bangladesh​ និង​ប្រទេស​ Timor​-Leste​។

​លោក​បន្ត​ថា​ ដើម្បី​ធ្វើអោយ​ការ​ផ្តួចផ្តើម​នៃ​ការអនុវត្ត​គម្រោង​ចាប់ផ្តើម​ UN​-ESCAP​ បាន​ចាត់តាំង​មន្រ្តី​បេសកកម្ម​របស់​ខ្លួន​ ដើម្បី​ចុះ​សិក្សា​វាយតម្លៃ​សម្រាប់​ការ​ត្រៀមខ្លួន​របស់​ប្រទេស​កម្ពុជា​ទាក់ទង​កិច្ចការ​ផ្លូវច្បាប់​ និង​បច្ចេកទេស​ដែល​មានស្រាប់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ស្នាម​។ លោក​ឧកញ៉ា​ បាន​ឆ្លើយតប​ នឹង​គាំទ្រ​គម្រោង​សិក្សា​នេះ​ ហើយ​បាន​ផ្តល់​ធាតុ​ចូល​ និង​ចែករំលែក​អនុសាសន៍​សំ​ខាន់​ៗតំណាង​ផ្នែកឯកជន​ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ផង​ដែ​។

លោក​បន្ត​ទៀត​ថា​ ​“ការ​បំពេញបែបបទ​ឯកសារ​ក្រដាស​ស្នាម​ច្រើន​ ដំណាក់​ការ​ វា​ជា​ឧបសគ្គ​ និង​ជា​ផល​លំបាក​មួយ​សម្រាប់​ក្រុម​ហ៊ុន​តូច​ៗ ជាពិសេស​អាច​ប៉ះពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​តិចតួច​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “នៅពេល​ដែល​លុបបំបាត់​នូវ​គោល​ការ​បំពេញ​ក្រដាស​ស្នាម​ច្រើន​ ទម្រង់​ច្រើន​តំណា​ក់​កាល​ វា​នឹង​កាត់បន្ថយ​ពេលវេលា​ និង​ចូលរួម​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ក៏ដូចជា​ជួយ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​ផង​ដែរ​”៕