ធនាគារ​ដ៏​ធំ​របស់​ចិន​កំពុង​សិក្សា​ពី​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ប្រធាន​ធនាគារ​ដ៏​ធំ​ប្រចាំ​នៅ​ខេ​ត្ត​ជាំ​ងស៊ី​ រួម​ជាមួយនឹង​គណៈប្រតិភូ​ដែល​តំណាង​ក្រុមហ៊ុន​ចិន​ជាច្រើន​នាក់​ បាន​ចូលមកធ្វើការ​សិក្សា​បន្ថែម​ពី​ឱកាស​វិនិយោគ​នៅក្នុង​ក្រុង​ព្រះសីហនុ​។

លោក​តឹង​ អ៊ី​ងគ័ង​ ប្រធាន​ធនាគារ​ខេ​ត្ត​ជាំ​ងស៊ី​ ដែល​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ដែល​មានបំណង​ចូល​មក​វិនិយោគ​នៅក្នុង​ព្រះសីហនុ​ បាន​មានប្រសាសន៍​ថា​ គណៈប្រតិភូ​មាន​គោលបំណង​ឈ្វេងយល់​ពី​សក្តា​នុ​ពល​ និង​កា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។

​លោក​បន្ត​ទៀត​ថា​ “ ក្រុមហ៊ុន​វិនិយោគ​របស់​លោក​ ចង់​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​ធន​គារ​ និង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម​ ពីលើ​ក្រុមហ៊ុន​ដែល​មានស្រាប់​”។ លោក​បាន​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​ មានការ​អភិវឌ្ឍ​ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ត្រឹម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​មាន​អ្នក​វិនិយោគិន​ ជនជាតិ​ចិន​ និង​ជាតិសាសន៍​ដទៃទៀត​មកកាន់​ខេត្ត​មួយ​នេះ​យ៉ាង​គំហុក​”។

ជាមួយនឹង​ការ​ចូល​មក​សិក្សា​ពី​ឱកាសល្អ​ សម្រាប់​វិនិយោគ​នា​ពេលនេះ​ លោក​ក៏បាន​សន្យា​ថា​ នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ ដល់​បណ្តា​អ្នក​វិនិយោគ​នានា​នៅក្នុង​ខេ​ត្ត​ជាំ​ងស៊ី​ ឱ្យមក​កាន់​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត​ ។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​ យន្ត​ មីន​ បាន​លើកឡើង​ថា​ សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​គឺ​មាន​ច្រើន​ ដូចជា​ វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ ជា​វិស័យ​គោលដៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​។

​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ខេត្ត​ព្រះសីហនុ​ កំពង់ផែ​ទឹកជ្រៅ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ព្រលា​នយន្តហោះ​អន្តរជាតិ​ តំបន់ឆ្នេរ​ និង​កោះ​ចំនួន៣៣​”។ លោក​បាន​បន្ត​ទៀត​ថា​ “ទាំងអស់​នេះ​គឺជា​មរតក​ធម្មជាតិ​ដ៏​មានតម្លៃ​ ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​ -២០២៥​”។

វិស័យ​អាទិភាព​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ នៅពេល​បច្ចុប្បន្ន​ រួមមាន​ ទី១​-កំពង់ផែ​សមុទ្រ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ក្នុង​ការ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ជា​លក្ខណៈ​ជាតិ​-អន្តរជាតិ​ ដែល​មាន​ទំនិញ​ជា​កុងតឺន័រ​ ចេញ​-ចូល​ប្រមាណ ៧៣ភាគរយ​ នៃ​បរិមាណ​ទំនិញ​នាំចេញ​-ចូល​ទូទាំង​ប្រទេស​ ។ ទី២​-ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ បច្ចុប្បន្ន​បាន​និង​កំពុង​ប្រតិបត្តិ​ការ​ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១០មាន​ជើងហោះហើរ​ចំនួន១៣៣ជើង​ក្នុង​មួយ​សប្តាហ៍​ ហោះហើរ​ទៅកាន់​អន្តរជាតិ​មាន ៩១ជើង​ក្នុង​មួយ​សប្តាហ៍​ និង​ទី៣​-តំបន់​សេដ្ឋកិច្ច​ពិសេស​ បាន​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​៕

ភ្នាក់ងារ​អចលនទ្រព្យ​ចាំបាច់​ត្រូវតែ​ចេះ​ប្រើប្រាស់​ Digital​ Marketing​ ដើម្បី​អាច​ទទួល​បាន​ប្រយោជន៍​ខ្ពស់​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ ប្រព័ន្ធ​ Digital​ Marketing​ បាន​ដើរតួ​យ៉ាង​សំខាន់​ និង​ផ្តល់​នូវ​ប្រយោជន៍​យ៉ាង​លើសលប់​ទៅដល់​បណ្តា​អ្នក​ដែល​ចេះ​ប្រើប្រាស់​ត្រឹមត្រូវ​ ជាពិសេស​សម្រាប់​អ្នក​ប្រកប​មុខ​ជំនួញ​តែម្ដង​ ដើម្បី​ផ្សព្វផ្សាយ​ និង​បញ្ជូន​ព័ត៌មាន​លម្អិត​ពី​ផលិតផល​របស់​ខ្លួន​ទៅដល់​អតិថិជន​គោលដៅ​។

លោក​ ហាក់​ គី​មថុង​ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Dream​ Property​ បាន​មានប្រសាសន៍​ថា​ ៖ “ បច្ចុប្បន្ន​នេះ​មនុស្ស​ភាគច្រើន​មាន​ Smart​ Phone​ កាន់ជាប់​នៅនឹង​ដៃ​ជាមួយនឹង​បណ្តាញ​ Internet​ ស្ទើរគ្រប់​តំបន់​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ចំពោះ​អ្នកជំនួញ​គ្រប់​ប្រភេទ​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ គឺ​តម្រូវ​ឱ្យ​ចេះ​ប្រើ​បច្ចេកទេស​នៃ​ប្រព័ន្ធ​ Digital​ នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ជម្រុ​ញដំណឹង​ និង​ផលិតផល​របស់​ពួកគេ​ឱ្យទៅ​ដល់ដៃ​អតិថិជន​គោលដៅ​ និង​មាន​ភាព​លេចធ្លោ​ ដែល​អាច​រក​ផល​ចំណេញ​បាន​ពី​បណ្តាញ​មួយ​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ ក្រៅពី​អាច​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ Facebook​ គេ​ក៏អាច​ធ្វើការ​នៅ​លើ​ប្រព័ន្ធ​ ​Massager​ Marketing​ ផង​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ស្ថិតនៅ​ក្នុង​ប្រព័ន្ធ​ Digital​ Marketing​ ”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ ក្រៅពី​ការ​ចេះ​ប្រើប្រាស់​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ Digital​ នេះ​ក៏​ត្រូវ​ទាមទារ​ឱ្យ​ពួកគាត់​មានគំនិត​ចេះ​ច្នៃប្រឌិត​បន្ថែម​ទៅលើ​រាល់​ព័ត៌មាន​ដែល​បញ្ជូន​ចេញទៅ​កាន់​បណ្តា​អតិថិជន​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​កាន់តែ​ខ្ពស់​”។

លោក​ ខាត់​ បូរ៉ា​ នាយក​ប្រិប​ត្តិ​សាលា​អចលនទ្រព្យ​កម្ពុជា​ Real​ Estate​ School​ of​ Cambodia​ មានប្រសាសន៍​ថា​៖ “ ការ​លក់​ និង​ការ​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​ Digital​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ Digital​ ពិតជា​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​បង្កើន​លទ្ធផល​នៃ​ការ​លក់​ ​និង​ការ​ផ្សព​ផ្សាយ​ ​ដែល​អ្នក​កំពុងតែ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​គួរ​មើល​រំលង​”។ ​

លោក​បាន​បញ្ជាក់​ថា​ ៖ “ជាទូទៅ​ ភ្នាក់ងារ​អចលនទ្រព្យ​ ​និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ភាគច្រើន​បំផុត​ធ្វើ​ទីផ្សារ​ និង​លក់​អចលនទ្រព្យ​ល្បី​ជាងគេ​ ឈានមុខ​គេ​ និង​លក់ដាច់​ជាងគេ​ គឺ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ Digital​ និង​បច្ចេកវិទ្យា​ Digital​ បាន​យ៉ាង​ល្អ​ ​ដែល​យើង​គួរតែ​រៀនសូត្រ​តាម​”។

លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​គេហទំព័រ​ realestate.com.kh​ បាន​មានប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា​ ៖ “កម្មវិធី​ចំនួន៣ដែ​កល​ត្រូវ​បាន​គេ​និយម​យក​មក​ប្រើប្រាស់​ដើម្បី​ទាញ​យក​ប្រយោជន៍​។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “មានកម្ម​វិធី​ជាច្រើន​ដែល​ត្រូវ​បាន​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ ជាពិសេស​ភ្នាក់ងារ​លក់​យក​ទៅ​ប្រើប្រាស់​សម្រាប់​ទីផ្សារ​លក់​ ដូចជា​កម្មវិធី​ Google​ Earth​ Pro​ ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “កម្មវិធី​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការកំណត់​ទីតាំង​ និង​គូស​វាស់​នៅ​លើ​ផែនទី​ដើម្បី​បង្ហាញ​ពីទី​កន្លែង​ និង​ទំហំ​ទ្រង់ទ្រាយ​ដី​សម្រាប់​លក់​”។ លោក​បាន​បន្ត​ទៀត​ថា​ ៖ “សម្រាប់​អ្នក​ដែល​ប្រកប​អាជីព​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ចាំបាច់​ត្រូវតែ​មានការ​យល់ដឹង​ ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ Digital​ Marketing​ ក៏ដូចជា​កម្មវិធី​ពាក់ព័ន្ធ​នានា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ទីតាំង​ ទំហំ​ និង​ស្ថានភាព​អចលនទ្រព្យ​ទៅកាន់​អតិថិជន​គោលដៅ​ ដោយ​មិន​ចាំបាច់​ចំណាយពេល​វេលា​ច្រើន​”៕

សម្តេច​តេជោ​៖ កម្ពុជា​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិជ្ជា​ឌីជីថល​

0

ដោយ​ ដូ​ណាល់​ លី​

សៀមរាប​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ កម្ពុជា​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ត្រូវតែ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បច្ចេកវិជ្ជា​ឌីជីថល​ ព្រោះ​វា​កំពុង​ផ្លាស់​ប្តូរ​សសរ​ស្តម្ភ​សេដ្ឋកិច្ច​សំ​ខាន់​ៗពី​វិស័យ​ផលិតកម្ម​ទៅជា​វិស័យ​ឧស្សាហកម្ម​បែប​ទំនើប​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ បាន​ថ្លែង​ក្នុង​សន្និសីទកំពូល​ «សារព័ត៌មាន​អាស៊ី​» លើក​ទី១៦​ ASIA​ MEDIA​ SUMMIT​ 2019​ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ក្នុង​ខេត្តសៀមរាប​ថា​ “បច្ចេកវិទ្យា​ ឌីជីថល​ បាន​ជំនួស​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឤណា​ឡូក​ប្រកប​ដោយសក្តានុពល​ ដើម្បី​បង្កើន​គុណភាព​ ប្រសិទ្ធភាព​ ដូចជា​សំឡេង​ រូបភាព​ ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​ ការ​រក្សាទុក​ទិន្នន័យ​ ការសន្សំសំចៃ​នៃ​ការប្រើ​ប្រាស់​រល​កឤ​កាស​វិទ្យុ​ ការកាត់បន្ថយ​ចំណាយ​ផលិតកម្ម​ ការ​បង្កើន​ផលិតភាព​សំបូរ​បែប​ ក្នុង​វិស័យ​ឧស្សាហកម្ម​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការកម្សាន្ត​ ការចែក​រំលែក​ និង​ការ​ទទួល​ព័ត៌មាន​តាមមធ្យោបាយ​ដ៏​សំបូរ​បែប​”។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ “ត្រូវ​រួមគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ និង​ សកលលោក​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ បទពិសោធន៍​ការ​អភិវឌ្ឍ​ បច្ចេកវិទ្យា​និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ដើម្បី​ទាញ​យក​ អត្ថ​ប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី៤​ និង​ការបង្កើត​ឡើង​នូវ​ កាលានុវត្ត​ភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​”។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ បាន​បន្ថែម​ថា​ “កម្ពុជា​បាន​និង​កំពុង​រៀបចំ​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ផ្សាយ​ទូរ​ទស្សន៍​ពីឤ​ណា​ឡូក​ (Analog​) ទៅ​ឌីជីថល​ (Digital​) ដែល​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ នៃ​ការវិវត្តន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ ឌីជីថល​ក្នុង​តំបន់​ និង​សកលលោក​ ព្រមទាំង​ការសិក្សា​ ដើម្បី​បញ្ជៀស​ផល​ប៉ះ​ញល់​ផ្សេង​ៗ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេសជិតខាង​ ដើម្បី​ ដោះស្រាយ​បញ្ហា​ដែល​កើត​ ចេញពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មីនេះ​”។

ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ទទួលយក​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​គឺ​មិនធ្លាប់​មាន​ពីមុន​មក​ទេ​។ ស្ទើរ​តែ​ ៨២​ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ប្រើប្រាស់​ Internet​ និង​ប្រហែល​ ៧ លាន​នាក់​ប្រើប្រាស់​ Facebook​។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ បាន​ឲ្យដឹង​ថា​ ចំនួន​អ្នកប្រើ​ទូរស័ព្ទ​ឆ្លាតវៃ​បាន​កើន​ពោល​គឺ​កើនឡើង​ដល់​ ១៩,៥​ លាន​គ្រឿង​គិត​ត្រឹម​ខែមករា​ឆ្នាំ​ ២០១៩​។ លើស​ពីនេះ​ទៅទៀត​ កម្ពុជា​អាច​ក្លាយជា​ប្រទេស​អាស៊ាន​ទី​ ១ ដែល​បាន​ដាក់បញ្ចូល​បច្ចេកវិទ្យា​ 5G​ ។

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន​ Huawei​ ដើម្បី​បំពាក់​បច្ចេកវិទ្យា​ 5G​ នៅ​កម្ពុជា​ និង​ផ្តល់​នូវ​សេវា​ 5G​ នៅ​ឆ្នាំក្រោយ​។

លោក​ Li​ Jin​ Ge​ ប្រធាន​ក្រុមហ៊ុន​ Huawei​ នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា​ “ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​អាស៊ាន​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5G​”។ ខណៈ​ការ​ធ្វើស​មា​ហរ​ណកម្ម​បច្ចេកវិទ្យា​បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​ រដ្ឋាភិបាល​នៅតែ​ខ្វះខាត​ប្រព័ន្ធ​ច្បាប់​ដើម្បី​ការពារ​អ្នកប្រើ​ប្រាស់​ និង​អាជីវកម្ម​តាម​ Internet​ ។

កម្ពុជា​គឺជា​ប្រទេស​ចុងក្រោយ​គេ​នៅក្នុង​តំបន់​ដោយ​គ្មាន​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​ប្រតិបត្តិ​ការ​អេ​ឡិច​ត្រូ​និច​។អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក​ ឡុង​ គីម​វិចិត្ត​ បាន​ថ្លែង​ថា​ “យើង​កំពុង​រង់ចាំ​ការ​អនុម័ត​ដើម្បី​បញ្ជូន​សេចក្តី​ព្រៀង​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ទៅ​រដ្ឋសភា​។

យើង​រំពឹង​ថា​វា​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំនេះ​”។សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងអាច​មាន​ទំហំ​ទឹកប្រាក់​ដល់​ ២០០​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​ ហើយ​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដើរតួ​យ៉ាង​សំខាន់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​សម្រាប់​តំបន់​មេគង្គ​។

ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដើម្បី​ជួយ​មិន​ត្រឹមតែ​ធ្វើ​សេចក្តី​ព្រៀង​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ប៉ុណ្ណោះទេ​ ថែមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ភ័ស្តុភារ​ និង​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។

រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ផែនការ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​បញ្ចូល​ការ​ចាប់ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៣​៕

រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​តម្លៃ​ ៣៨០លាន​ដុល្លារ​ចាប់ផ្តើម​ចុះហត្ថលេខា​សាងសង់​ហើយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ទៅ​នឹង​គម្រោងការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ EDC​ បាន​ចុះហត្ថលេខា​ព្រមព្រៀង​ក្នុង​ការ​ចាប់ផ្តើម​សាងសង់​ រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ ក្នុង​មានលទ្ធភាព​ផលិត​បាន៤០០មេ​ហ្គា​វ៉ា​ត ស្ថិតនៅ​ក្នុង​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ រោងចក្រ​ផលិ​តង​ថាមពល​អគ្គិសនី​ ដែល​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ បានសម្រេច​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន២ផ្សេងគ្នា​ ដែល​ក្នុង​នោះ​រោងចក្រ​ទី១​ មានលទ្ធភាព​ផលិត​បាន២០០មេ​ហ្គា​វ៉ាត់​ នាំចូល​ពី​ប្រទេស​ហ្វាំងឡង់​ និង​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​ China​ Gezhouba​ Group​ Corporation​ ។ រោងចក្រ​ទី២​ ដែល​មានលទ្ធភាព​ផលិត​បាន​ថាមពល២០០មេ​ហ្គា​វ៉ាត់​ដូចគ្នា​ នាំ​ចូ​លម​កពញប្រ​ទេស​អាល្លឺម៉ង់​ សាងសង់​ដោយក្រុម​ហ៊ុន​ចិន​ China​ National​ Heavy​ Machinery​ Corporation​។

លោក​ កែវ​ រតនៈ​ អគ្គនាយក​នៃ​អគ្គិសនី​កម្ពុជា​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី១១​ មិថុនា​ម្សិល​ម៉ិញ​នេះ​ថា​ គម្រោង​សាងសង់​រោងចក្រអគ្គិសនី​ ដែល​ដើរ​ដោយ​ចំហេះ​នេះ​ មាន​អនុភាព​ផលិត​បាន​ថាមពល​ទំហំ ៤០០មេ​ហ្គា​វ៉ាត់​ ដោយ​គ្រោង​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ៣៨០លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​នេះ​ គ្រោង​បញ្ចប់​ការសាងសង់​ និង​ដាក់ឲ្យ​ដំណើរការ​ផលិត​ថាមពល​ក្នុងរយៈពេល១០ខែ​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​សាងសង់​ត្រូវ​បាន​ចុះ​ហេ​ត្ថ​លេខា​រួចរាល់​។

ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន​ កម្ពុជា​មាន​ខ្សែ​បញ្ជូន​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​តាម​ភូមិ​បាន​ចំនួន៨១ភាគរយ​នៅ​ទូទាំង​ប្រទេស​។ ចំណែក​ផ្ទះ​ប្រជាជន​ ដែល​បាន​តភ្ជាប់​អគ្គិសនី​ បាន​កើន​ដល់​ចំនួន​ជាង៦៨ភាគរយ​ និង​មាន​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​ ២០១៥​-២០២០​ ហើយ​នៅ​ឆ្នាំ២០២០គ្រប់​ភូមិ​ទាំងអស់​ នៅ​ទូទាំង​ប្រទេស​នឹង​មាន​ខ្សែភ្លើង​ទៅដល់​ ហើយ៧៥ភាគរយ​នៃ​លំនៅ​ដ្ឋាន​ទូទាំង​ប្រទេស​ នឹង​មាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់​៕

ហុងកុង​បើកទូលាយ​ពាណិជ្ជកម្ម​សេរី​ និង​ការ​វិនិយោគ​ជាមួយ​កម្ពុជា​ និង​អាស៊ាន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អាជ្ញាធរ​ទីក្រុង​ហុងកុង​នឹង​ស្វែងរក​ទីផ្សារ​ថ្មី​ នៅ​អាស៊ី​អាគ្នេយ៍​ ដោយហេតុថា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ចូលជាធរមាន​នៅ​សប្តាហ៍​នេះ​។

ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ បាន​ធ្វើឲ្យខូច​ខាត​ដល់​សេដ្ឋកិច្ច​ហុងកុង​ ដែល​តំបន់​ពាក់កណ្ដាល​ស្វយ័ត​ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ប្រវត្តិសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​។

កាលពី​ខែមុន​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ដាក់ចេញ​នូវ​បញ្ជី​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ ៣០០ពាន់​លាន​ដុល្លារ​ ដែល​ស្មើនឹង​ការដំឡើង​ពន្ធ​ ២៥ភាគរយ​។ ប្រសិនបើ​ពន្ធគយ​នេះ​ចូលជាធរមាន​ នោះ​ការនាំចេញ​របស់​ទីក្រុង​ហុងកុង​នឹង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ការនាំចេញ​ពីទី​ក្រុង​ហុងកុង​បាន​ធ្លាក់ចុះ២​,៥នៅក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ហើយ​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​មាន៧ភាគរយ​នៃ​នាំចេញ​សរុប​។

បច្ចុប្បន្ន​ ហុងកុង​កំពុង​ជំរុញ​ធ្វើឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ឆ្លើយតប​នឹង​ការខាតបង់​របស់​ខ្លួន​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សឹង្ហ​បុរី​ ថៃ​ វៀតណាម​ ឡាវ​ និង​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​ ហើយ​ក្រោយ មក​ទៀត​នឹង​រួមបញ្ចូល​កម្ពុជា​ ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​។ កិច្ច​ព្រមព្រៀង​វិនិយោគ​ទ្វេភាគី​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់ផ្តើម​នៅ​ចុងខែ​នេះ​ផង​ដែរ​។

លោក​ Edward​ Yau​ Tang​-wah​ លេខាធិការ​ពាណិជ្ជកម្ម​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ហុងកុង​បាន​ប្រាប់​សារព័ត៌មាន​ South​ China​ Morning​ Post​ ថា​ “កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ នឹង​មានផល​វិជ្ជមាន​ និង​ជាក់ស្តែង​នឹង​ផ្តល់​ ឲ្យ​ក្រុមហ៊ុន​ហុងកុង​នូវ​ទំនាក់ទំនង​អាជីវកម្ម​ និង​ទីតាំង​ធ្វើ​ធុរកិច្ច​ថ្មី​”។

ស្ថាបនិក​នៃ​ធនាគារ​ធំជាង​គេ​ទី២​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​ធនាគារ​ United​ Overseas​ Bank​ Ltd​. (UOB​) បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​អាស៊ាន​នឹង​ក្លាយ​ទីតាំង​សុវត្ថិភាព​សម្រាប់​វិនិយោគិន​ និង​ការ​វិនិយោគ​ ខណៈ​តំបន់​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

អគ្គនាយក​ UOB​ លោក​ Wee​ E Che​ Cheong​ បាន​ប្រាប់​សារព័ត៌មាន​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​”។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​មាន​ទំហំ​ចំនួន២​,៤ពាន់​ពាន់​ដុល្លារ​ ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​”។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) ព្យាករណ៍​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ​ ២០៥០​។

យោង​តាម​ក្រុម​អ្នកវិភាគ​ទីផ្សារ​បាន​ឲ្យដឹង​ថា​ មាន​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ពី​ប្រទេស​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក ​Albert​ Tan​ ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC​) បាន​និយាយ​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​កាន់តែ​រីក​ធំ​ឡើង​ៗ មាន​ក្រុមហ៊ុន​មួយចំនួន​ ចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់ទី​តាំង​វិនិយោគ​ មកកាន់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​”៕

រយៈពេល៦ខែ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​- កូរ៉េ​កើនឡើង៨៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​

0

ដោយៈ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​ឆមាស​ទី១នៃ​ឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្ដែង​នៅ​ត្រឹម​ដំណាច់ខែ​ឧសភា​កន្លងទៅ​នេះ​ វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ មានបាន​កើនឡើង​រហូតដល់៨៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

យោង​តាម​ការប្រកាស​លើ​បណ្តាញ​ទំ​នា​ក់់​ទំនង​សង្គម​របស់​ លោក​ឡូង​ ឌី​ម៉ង់​ឯកអគ្គ​រដ្ឋទូត​របស់​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​ព្រឹក​ថ្ងៃទី១២​ មិថុនា​នេះ​បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កម្ពុជា​-កូរ៉េ​ ក្នុង​ខែឧសភា​ ២០១៩​ នេះ​មាន​ទឹកប្រាក់​ចំនួន ៨៥​លាន​ដុល្លារ​ ក្នុង​នោះ​ប្រទេស​កូរ៉េ​បាន​ធ្វើការ​នាំចូល​មកកាន់​កម្ពុជា​មាន​ទំហំ​ ៦៣.៤លាន​ដុល្លារ​ កើនឡើង​ប្រមាណ១១.២១ភាគរយ​។

ចំណែក​ឯប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​មាន​ទំហំ២១.៦លាន​ដុល្លារ​ កើនឡើង​ប្រមាណ៤.៣៨​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ដូច្នេះ​មានន័យថា​ ប្រទេស​កម្ពុជា​នៅ​មាន​ឱនភាព​ពាណិជ្ជកម្ម​ ជាមួយ​ប្រទេស​កូរ៉េ​ចំនួន៤១.៨លាន​ដុល្លារ​ នៅក្នុង​ខែឧសភា​កន្លងទៅ​នេះ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាល​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ដោយ​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​ពី​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​នេះ​ ហើយ​លោក​ជឿ​ថា​ នៅពេល​បន្ទាប់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នេះ​ នឹង​នៅតែ​បន្ត​មានការ​កើនឡើង​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “កូរ៉េ​ខាងត្បូង​ និង​កម្ពុជា​ គឺ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​យូរណាស់​មក​ហើយ​ ជាពិសេស​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​តែម្ដង​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ ការ​វិនិយោគ​របស់​កូរ៉េ​មកកាន់​កម្ពុជា​ ភាគច្រើន​គឺជា​ការនាំចូល​ផលិតផល​សម្រេច​ដូចជា​សម្ភារៈសំណង់​ គ្រឿងអគ្គិសនី​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​យានយន្ត​ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​ ខណៈ​ដែល​​ទីផ្សារ​នៅ​កម្ពុជា​មាន​ជំនឿ​ជឿជាក់​ ទៅលើ​កម្រិត​គុណភាព​នៃ​ផលិតផល​របស់​ប្រទេស​មួយ​នេះ​”។

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​វិញ​ ភាគច្រើន​ជា​ផលិតផល​លើ​វិស័យ​កាត់ដេរ​ និង​កសិផល​”៕

ក្រុមហ៊ុន​យក្ស​ជប៉ុន​ Mitsubishi​ គ្រោង​ចូលរួម​អភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​

0

ដោយ​ នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ជប៉ុន​ Mitsubishi​ Corporation​ គ្រោង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ខេត្តសៀមរាប​ លើ​គំរោង​មួយចំនួន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ដ៏​ល្បីល្បាញ​នេះ​ប្រកបដោយ​និរន្តរភាព​។

ក្នុង​ជំនួប​ជាមួយ​លោក​ទៀ​ សីហា​អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី១១​ មិថុនា​កន្លងមក​ លោក​ Yogo​ Kanda​ ប្រធាន​ក្រុមហ៊ុន​ Mitsubishi​ Corporation​ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យដឹង​ថា​ គោលបំណង​របស់​ក្រុមហ៊ុន​ មី​តស៊ូ​បី​ស៊ី​ ​ខបភើ​រ៉េ​សី្សន​ មកកាន់​រដ្ឋបាល​ខេត្តសៀមរាប​ ដើ​មី្ប​ធ្វើ​យ៉ាងណា​ឲ្យបាន​ចូលរួម​ ក្នុង​កិច្ច​អភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​ទៅលើ​គម្រោម​ណាមួយ​ ដែល​ខេត្ត​ត្រូវការ​ចាំបាច់​ ព្រមទាំង​បាន​ធ្វើការ​បង្ហាញ​អំពី​ផលិតផល​របស់​ក្រុមហ៊ុន​ ដែល​ជា​ក្រុមហ៊ុន​មាន​ភាព​ល្បីល្បាញ​នៅ​លើស​កល​លោក​ ក្នុង​ការបម្រើ​នូវ​តម្រូវការ​របស់​អតិថិជន​ ពាក់ព័ន្ធ​ទៅលើ​រថយន្ត​ ជណ្តើរ​យន្ត​ និង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ផ្នែក​អភិវឌ្ឍ​ន៍​ផ្សេង​ៗ ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​។

លោក​ក៏បាន​លើកឡើង​ពី​គម្រោង​មួយចំនួន​ដែល​អាជ្ញាធរ​ខេត្ត​ បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ និង​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ (ចាយ​កា​)ក្នុង​កិច្ចការ​សង្គម​ ។ លោក​បន្ត​ទៀត​ថា​ ការ​ចូល​ជួប​សម្តែង​ការគួរសម​នា​ពេលនេះ​ ក្នុង​គោលបំណង​សិក្សា​ ស្វែងយល់​អំពី​តម្រូវការ​ចាំបាច់​ ក៏​ ដូច​កង្វះខាត​ណា​មួយ​របស់​រដ្ឋបាល​ខេត្តសៀមរាប​ ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្ត​ ​ហើយក៏​ជា​ការបង្កើត​នូវ​ភាព​ស្និត​ស្នាល​រវាង​វិស័យ​ឯកជន​ និង​រដ្ឋ​ទៀតផង​ ។

លោក​ Yogo​ Kanda​ បាន​ឲ្យ​ដឹង​វថា​ ក្រុមហ៊ុន​របស់​លោក​ក៏​គ្រោង​ចូលរួម​អភិវឌ្ឍន៍​នៅ​ខេត្ត​នេះ​ ដើ​មី្ប​ឲ្យ​ទីក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​ ក្លាយជា​ក្រុង​វៃឆ្លាត​ ប្រកបដោយ​ សន្តិសុខ​ សុវត្ថិភាព​ តាមរយៈ​ការរៀបចំ​គម្រោង​ ក្នុង​ការ​ភ្លើង​ចរាចរណ៍​ ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ ការ​ កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ជាដើម​។

លោក​ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម​ ដោយក្រុម​ហ៊ុន​លោក​ ជា​អ្នក​ផលិត​គ្រឿងយន្ត​កសិកម្ម​ ព្រមទាំង​ការគ្រប់​គ្រង​កាកសំណល់​ (សម្រាម​ ) និង​ទឹក​កង្វក់​នៅក្នុង​ក្រុង​ រួម​ទាំង​ការ​ គ្រប់គ្រង​រថយន្ត​ពន្លត់​អគ្គិភ័យ​ ។ ក្នុង​នោះ​ដែរ​លោក​ក៏បាន​លើក​ផង​ដែរ​ ចំពោះ​គម្រោង​ ក្នុង​ការពង្រីក​ក្រុង​ថ្មី​ គឺ​ទាម​ទា​ដល់​ការសិក្សា​ស្វែងយល់​ និង​ កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ ក៏​ដូច​ក្រុមហ៊ុន​ ដើ​មី្ប​អភិវឌ្ឍន៍​ខេត្ត​។

អភិបាលខេត្ត​សៀមរាប​ លោក​ទៀ​ សីហា​ បាន​ជម្រាប​ដល់​ក្រុមហ៊ុន​ អំពី​តម្រូវការ​ និង​ កង្វះខាត​របស់​ខេត្ត​ គឺ​មាន​ច្រើន​លើ​គ្រប់​វិស័យ​ តែក​ត្តា​សំខាន់​នោះ​ គឺ​ធនធានមនុស្ស​ បច្ចេកទេស​ សម្ភារៈ​បរិ​ក្ខា​ជាដើម​ ។ លោ​កបន្ង​តថា​ ខេត្តសៀមរាប​ជាគោល​ដៅ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ ចូល​មក​ទស្សនា​កម្សាន្ត​ តែ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​ នៅ​មិនទាន់​បាន​បំពេញ​នូវ​តម្រូវការ​ភ្ញៀវ​នៅឡើយ​ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ​ និង​ រមនីយ​ ដ្ឋាន​ធម្មជាតិ​។

លោក​ក៏បាន​បញ្ជាក់​អំពី​គម្រោង​របស់​ខេត្ត​ ក្នុង​ការពង្រីក​រមនីយ​ដ្ឋាន​ទេសចរណ៍​ គឺ​នៅ​រមណីយ​ដ្ឋាន​ធ្ម​ជាតិ​ភ្នំ​គូលែន​ និង​ បឹងទន្លេសាប​ រួម​ទាំង​ធ្វើការ​ពង្រីក​ក្រុង​រណប​ នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ទៀតផង​។

ការគ្រប់គ្រង​កាកសំណល់​ (សំរាម​) ដោយមាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​ក្នុង​ក្រុង​ តែ​ខេត្ត​ខ្វះខាត​នូវ​ក្រុមហ៊ុន​កែច្នៃ​សម្រាម​ ដោយ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​ធ្វើជា​ដៃគូ​នៅឡើយ​ ។ ម៉្យាងទៀត​ខេត្ត​ ក៏​ពុំ​ទាន់​មាន​រថយន្ត​បោសសម្អាត​ នៅ​តាម​ដងផ្លូវ​នៅឡើយ​ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅឡើយ​ ។ ចំពោះ​វិស័យ​កសិកម្ម​ ខេត្ត​ក៏​ទាម​ទា​នូវ​តម្រូវការ​ចាំបាច់​ទាំង​សម្ភារៈ​ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ ។

លោក​ទៀ​ សីហា​បាន​សំណូមពរ​មួយចំនួន​ ដល់​ក្រុមហ៊ុន​មី​តស៊ូ​បី​ស៊ី​ ខបភើ​រ៉េ​សី្សន​ ដើ​មី្ប​ជា​ដៃគូ​ក្នុង​កិច្ច​អភិវឌ្ឍន៍​ខេត្តសៀមរាប​ ឲ្យ​ក្លាយជា​ក្រុង​វៃឆ្លាត​ មាន​សោ​ភណ្ឌ​ភាព​ស្រស់​ស្អាត​នៅក្នុង​តំបន់​ទាំងមូល​ផង​ដែរ​៕

អ្នកឧកញ៉ា​គិត​ ម៉េ​ងជំ​រុញ​ពង្រីកា​រធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ជាមួយ​សមាគម​បារាំង​ដែល​មាន​សមាជិក​ជាង៧ពាន់​ក្រុមហ៊ុន​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ MEDEF​ ដែល​ជា​សម​គម​ធុរកិច្ច​ធំ​មួយ​របស់​ប្រទេស​បារាំង​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​រវាង​កម្ពុជា​-បារាំង​ ​ខណៈ​ MEDEF​ មាន​គោល​សហប្រតិបត្តិ​ការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​បង្កើន​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។

គោលដៅ​នៃ​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​ អ្នកឧកញ៉ា​គិត​ ម៉េ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​និង​លោក​ Fran​çois​ CORBIN​ ប្រធាន​គណៈកម្មាធិការ​អាស៊ាន​នៃ​ស្ថាប័ន​ MEDEF​ អន្តរជាតិ​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ នា​រសៀល​ថ្ងៃទី១១​ មិថុនា​កន្លងមក​ថា​ ក្នុង​ជំនួប​ប្រជុំ​ជាមួយនឹង​ MEDEF​ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ព្រោះ​MEDEF​ ជាមួយ​សមាគម​ធុរ​កុ​ច្ច​មួយ​ នៅ​បារាំង​ដែល​មាន​ក្រុមហ៊ុន​ទាំង​តូច​ និង​ធំ​ចំនួន​ជាង៧ពាន់​ក្រុមហ៊ុន​។

លោក​បាន​បន្ត​ថា​ “គាត់​ (MEDEF​) មក​ក្នុង​គោលបំណង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​រវាង​សភា​ពាណិជ្ជកម្ម​ និង​បារាំង​ឲ្យ​កាន់តែ​ធំ​ និង​ច្រើនជាង​មុន​”។

ជាមួយគ្នា​នេះ​ផង​ដែរ​ MEDEF​ បាន​សើ្ន​សុំ​ឲ្យ​សភា​ពាណិជ្ជកម្ម​រៀបចំ​គណៈប្រតិភូ​ដើម្បី​ធ្វើទស្សនកិច្ច​ទៅ​ប្រទេស​បារាំង​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បន្ថែម​ថា​ “យើង​នឹង​ស្វែងរក​ពេលវេលា​សមរម្យ​ក្នុង​ការរៀបចំ​គណៈប្រតិភូ​ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​ការជំរុញ​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​”។

ក្នុង​ជំនួប​ពិភាក្សា​នេះ​ លោក​ Fran​çois​ CORBIN​ មានប្រសាសន៍​ចាប់​អាម្មរណ៍​ចំ​ពោះ​សក្តា​នុ​ពល​សេដ្ឋកិច្ច​កម្ពុជា​ ដែល​មាន​កំណើន​រឹងមាំ​ក្នុងរយៈពេល​ពីរ​ទស្ស​វត្ស​ចុងក្រោយ​នេះ​។ លោក​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សហប្រតិបត្តិ​ការ​ ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​បង្កើន​ទំនាក់ទំនង​ធុរកិច្ច​រវាង​កម្ពុជា​-បារាំង​ និង​បាន​ស្នើសុំ​យោបល់​ពី​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ទាក់ទិន​និង​វិ​ស័យ​សក្តា​នុ​ពល​ ដែល​វិនិយោគិន​បារាំង​គួរ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​លោក​ Fran​çois​ CORBIN​ ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ហើយ​អ្នកឧកញ៉ា​បាន​លើកទឹកចិត្ត​ឲ្យ​ធុរជន​បារាំង​វិនិយោគ​លើ​វិស័យ​នានា​ ដែល​បារាំង​មាន​លក្ខណៈ​ពិសេស​ រួមមាន​ដូចជា​វិស័យ​ម្ហូបអាហារ​ និង​អាកាសចរណ៍​ជាដើម​។

ដោយឡែក​អ្នកឧកញ៉ា​ បាន​ស្នើ​ដល់​ លោក​ Fran​çois​ CORBIN​ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​អាស៊ាន​ MEDEF​ អន្តរជាតិ​ ជួយ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​កាន់តែ​ច្រើនឡើង​ថែមទៀត​ពី​កម្ពុជា​ទៅ​បារាំង​ ដើម្បី​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ វិនិយោគ​ និង​ពាណិជ្ជកម្ម​។

សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​ MEDEF​ នឹង​សហការ​រៀបចំ​វេទិកា​ធុរកិច្ច​រួមគ្នា​ ព្រមទាំង​រៀបចំ​ឲ្យ​មាន​ទស្សនកិច្ច​ធុរកិច្ច​ទៅ​វិញ​ញទៅមក​រវាង​កម្ពុជា​ និង​បា​រំាង​ផង​ដែរ​។

តាមរយៈ​គោលនយោបាយ​គាំទ្រ​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​បារាំង​បាន​ឈាន​ទៅដល់​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៨​ កើនឡើង​ ៩,២%ធៀប​រយៈពេល​ដូចគ្នានឹង​ឆ្នាំ២០១៧​៕

ម៉ាឡេស៊ី​បង្ហាញ​មហិ​ច្ឆិ​តា​ចង់​ក្លាយជា​អ្នក​វិនិយោគ​ធំជាង​គេ​ទី១នៅ​កម្ពុជា​សាជាថ្មី​

0

ដោយ៖ រ៉ាណេត

ភ្នំ​ពេញៈ​ ម៉ាឡេស៊ី​ ដែល​ជា​ប្រទេស​មួយ​ធ្លាប់​មាន​ភាព​លេចធ្លោ​ កាលពី​អំឡុង​ឆ្នាំ២០០៦​ ក្នុងនាម​ជា​ដៃគូ​វិយោគ​ដោយ​ផ្ទាល់​ជាប់​ចំណាត់ថ្នាក់​លេខ១ នៅ​កម្ពុជា​ ពេលនេះ​ ប្រទេស​នេះ​បាន​បង្ហាញ​ពី​មហិ​ច្ឆិ​តា​របស់​ខ្លួន​សាជាថ្មី​ ក្នុង​ការ​ឈានជើង​ឈរ​នៅ​លំដាប់​កំពូល​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ Eldeen​ Husaini​ BIN​ MOHD​ HASHIM​ ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​កោតសរសើរ​ពី​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​។ លោក​បាន​បន្ត​ទៀត​ថា​ ក្នុងនាម​ជា​តំណាង​ប្រទេស​ម៉ា​ស៊ី​ លោក​មានបំណង​ជម្រុ​ញឱ្យ​បណ្តា​ក្រុមហ៊ុន​នានា​របស់​ម៉ាឡេស៊ី​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​។

​លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយចំនួន​បាន​ និង​កំពុង​ដំណើរការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ វិស័យ​សំណង់​ ទេសចរណ៍​ ផ្នែក​ចំណីអាហារ​ និង​សុខាភិបាល​ ការអប់រំ​ និង​វិស័យ​ឌីជីថល​ជាដើម​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​សាជាថ្មី​ម្ដងទៀត​ ក្នុង​ការរៀបចំ​ផែនការ​ ដើម្បី​ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុន​គ្រប់​វិស័យ​របស់​ម៉ាឡេស៊ី​ ចូល​មកកាន់​កម្ពុជា​ក្នុងនាម​ជា​ដៃគូ​ពាណិជ្ជកម្ម​យូរអង្វែង​ផង​ដែរ​។

ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​សាទរ​ទៅ​នឹង​គោលបំណង​ខាងលើ​នេះ​ ដោយ​លោក​បាន​លើកទឹកចិត្ត​បន្ថែម​ និង​ជួយ​សម្រួល​ផ្នែក​លក្ខខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​មួយចំនួន​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​វិនិយោគ​ភាពជា​ដៃគូ​ ។

លោក​បាន​បន្ត​ទៀត​ថា​ កម្ពុជា​ និង​ម៉ាឡេស៊ី​មាន​ចំណង​ការទូត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជា​យូ​ឡុង​ណាស់​មក​ហើយ​ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ក្របខណ្ឌ​អាស៊ាន​នៅ​លើឆាកអន្តរជាតិ​ ហើយ​ក្នុង​នោះ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក៏​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ឥត​ឈប់ឈរ​ផង​ដែរ​។ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ប្រព្រឹត្តិ​កម្ម​ស្មើភាព​គ្នា​ចំពោះ​បណ្តា​ក្រុមហ៊ុន​នានា​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ បាន​ដាក់ចេញ​នៅ​កញ្ចប់​កំណែទម្រង់​គ្រប់​វិស័យ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​លើកកម្ពស់​ការប្រកួត​ប្រជែង​នៅ​កម្ពុជា​។ កញ្ចប់​កំណែទម្រង់​នេះ​ មាន​វិសាលភាព​គ្របដណ្ដប់​លើ​គ្រប់​វិស័យ​ និង​គ្រប់ជ្រុងជ្រោយ​ រួម​ទាំង​លើ​ក្របខណ្ឌ​គតិ​យុត្ត​ និង​បច្ចេកទេស​។ ទន្ទឹម​នឹង​នេះ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​រៀបចំ​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​ជា​ឧបសគ្គ​ដល់​ធុរកិច្ច​វិនិយោគ​ និង​ពាណិជ្ជកម្ម​ផង​ដែរ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធគយ​ និង​ពន្ធដារ​។ បន្ថែម​ពីនេះ​ ប្រទេស​ទាំងពីរ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លុបបំបាត់​ការ​យកពន្ធ​ត្រួតស៊ីគ្នា​នា​ពេល​ឆាប់​ៗខាងមុខនេះ​៕

លោក​គុយ​ វ៉ា​តប្រាប់​យុវជន​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​កុំ​គិត​ខ្លី​តែ​ត្រូវ​គិត​ពី​ផលប្រយោជន៍​រយៈពេល​វែង​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ អគ្គនាយក​ក្រុមហ៊ុន​ VTRUST​ GROUP​ ដែល​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​ជាង១០​ លោក​គុយ​ វ៉ា​តបាន​ប្រាប់​យុវជន​កុំ​គិត​ពី​ផលប្រយោជន៍​រយៈពេល​ខ្លី​ តែ​ត្រូវ​ប្រកាន់យក​ភាព​ស្មោះត្រង់​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​រយៈពេល​វែង​។

លោក​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុង​វិស័យ​អចលនទ្រព្យ​ ត្រូវការ​យុវជន​ដែល​មាន​ឆន្ទះ​ មាន​ភាព​ស្មោះត្រង់​ និង​ផ្តោត​លើ​ការងារ​របស់​ពួកគេ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​ជោគជ័យ​រយៈពេល​វែង​។លោក​បន្ត​ថា​ យុវជន​ ឬអ្នកធ្វើការ​ងារ​ក្នុង​វិស័យ​អចលនទ្រព្យ​ ត្រូវតែ​ស្វាហាប់​ ពិសេស​ត្រូវ​យក​ភាព​ស្មោះត្រង់​មក​ធ្វើជា​ស្នូល​ ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ “បើ​អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​នេះ​ខិតខំ​ នឹងអាច​មានផ្ទះ​ល្អ​ និង​រថយន្ត​នៅ​រយៈពេល៥ឆ្នាំខាងមុខ​”។ លោក​បន្ត​ថា​ “នៅ​មាន​លុយ​ច្រើនណាស់​ក្នុង​វិស័យ​នេះ​ ដើម្បីឲ្យ​យើង​យក​ ហេតុនេះ​ការ​ប្រកាន់​ការងារ​ដែល​មានការ​អត់ធ្មត់​ធ្វើ​ដោយ​ឆន្ទះ​ពិតប្រាកដ​ យើង​នឹងអាច​រកលុយ​បាន​កាន់តែ​ច្រើន​”។

លោក​គុយ​ វ៉ា​តបាន​បន្ត​ទៀត​ថា​ យុវជន​មិន​គួរ​ផ្តោត​លើ​ការសិក្សា​លើ​មហាវិទ្យាល័យ​តែមួយមុខ​ទេ​ ប្រសិនជា​មិន​មាន​លទ្ឋ​ភាព​ និង​គោលដៅ​ច្បាស់លាស់​ គួរ​ចាប់់​យក​ជំនាញ​ ពិសេស​យក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​ត្រូវការ​សិក្សា​រយៈពេល​បី​ខែ​ទៅ ៦ខែ​ប៉ុណ្ណោះ​ គឺ​អាច​មាន​មូលដ្ឋាន​ចំណេះដឹង​ ដែល​អាច​រកលុយ​បាន​ហើយ​៕