ហេដ្ឋារចនាសម្ព័ន្ធ​សំរាប់​ជួ​យស​ម្រូ​លចរាចរ​ចំនួន៤​ នៅ​ភ្នំពេញ​កំពុង​ដំណើរការ​សាងសង់​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​បច្ចុប្បន្ន​នេះ​ គំរោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗចំនួន៤​ នៅក្នុង​រាជធានី​ភ្នំពេញ​ កំពុងតែ​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ និង​បញ្ចៀស​ជំនន់​នៃ​ភាព​កកស្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភក្ដី​ បានឱ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី១១​ មិថុនា​កន្លងមក​ថា​ បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុងតែ​ព្យាយាម​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ចំនួន៤ក្នុង​ពេល​តែមួយ​។ លោក​បាន​បន្ត​ទៀត​ថា​ ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗទាំង៤​ ដែល​កំពុង​ដំណើរការ​សាងសង់​នា​ពេលនេះ​ រួមមាន​ដូចជា​ ទី១​ ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ​ដែល​គ្រោង​បញ្ចប់​នៅ​ឆ្ នាំ២០២២​។

ទី២ស្ពាន​អា​កាស​ថ្មើ​ជើង​ មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ OLYMPIA​ អតីត​រង្វង់​មូល​នាងគង្ហីង​ ដែល​នឹង​បើក​ដំណើរ ការ​ប្រើប្រាស់​សាកល្បង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ទី៣​ ស្ពាន​យោល​ខ្សែកាប​ដែល​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥​ ឆ្លងកាត់​ទន្លេសាប​ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ OCIC​ បាន​និង​កំពុង​សាងសង់​ និង​គ្រោង​បញ្ចប់​នៅដើម​ឆ្នាំ២០២២ផង​ដែរ​។ និង​ទី៤​ ស្ពាន​អាកាស​ក្បាលថ្នល់​ ដោយមាន​ការ​កសាង​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ផង​ដែរ​”។

​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​មាន​គំរោង​ជាច្រើន​ទៀត​ ដែល​ស្ថិត​ក្នុង​គំរោង​ និង​កំពុង​សិក្សា​នៅឡើយ​ ប៉ុន្តែ​យើង​មិនទាន់​អាច​និយាយ​បាន​ជា​ផ្លូវការ​បាន​នៅឡើយ​ទេ​ ដូចជា​គំរោង​សាងសង់​ផ្លូវ​ក្រោម​ដី​ចេញពី​ផ្សារ​ទំនើប​បុរី​ប៉េង​ ហួត​មកកាន់​ផ្លូវជាតិ​លេខ១​ គំរោង​សាងសង់​ផ្លូវ​ក្រោម​ដី​ក្រោម​ផ្លូវជាតិ​លេខ៥​ នៅ​តំបន់​អតីត​ឃ្លាំងសាំង​សូ​គី​ម៉ិច​ជាដើម​៕

ចំណេះដឹង​! តើ​សុពលភាព​នៃ​កិច្ចសន្យា​មាន​លក្ខ​ណ្ឌ​អ្វីខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ កិច្ចសន្យា​ដែល​ចាត់ទុកថា​ត្រឹមត្រូវ​តាម​គតិ​ច្បាប់​ លុះត្រាតែ​ភាគី​ទាំងសងខាង​គោរព​នូវ​លក្ខខណ្ឌ​គ្រឹះ​ និង​លក្ខខណ្ឌ​ទម្រង់​នៅក្នុង​ដំណាក់កាល​ បង្កើត​កិច្ចសន្យា​នោះ​។

១) លក្ខខណ្ឌ​គ្រឹះ​

កិច្ចសន្យា​មាន​សុពលភាព​ នៅពេល​ដែល​គូភាគី​បាន​បំពេញ​លក្ខខណ្ឌ​ ដូចជា​ ការព្រមព្រៀង​ គឺជា​ឆន្ទៈ​របស់​គូភាគី​ក្នុង​ការបង្កើត​កិច្ចសន្យា​ ដោយពិត​ប្រាកដ​ និង​ដោយសេរី​គ្មាន​ការ​គំរាម​គំ​ហែង​ ឆបោក​ឬក្លែងបន្លំ​ពី​ភាគី​ណា​ឡើយ​។

សមត្ថភាព​ គឺជា​លក្ខណៈ​សម្បត្តិ​របស់​បុគ្គល​ម្នា​ក់ៗ​ ដែល​អាច​ក្លាយជា​ម្ចាស់​សិទ្ធិ​ និង​កាតព្វកិច្ច​ដែល​អាច​វិនិច្ឆ័យ​បាន​ អំពី​លទ្ធផល​នៃ​សកម្មភាព​របស់​ខ្លួន​ដែល​អាច​ធ្វើឲ្យ​ សកម្មភាព​របស់​ខ្លួន​មាន​អានុភាព​តាមផ្លូវ​ច្បាប់​។

កម្ម​វត្ថុៈ ​ជា​ខ្លឹមសារ​សំខាន់​នៃ​កិច្ចសន្យា​ ដែល​កម្មវត្ថុ​នោះ​ត្រូវតែ​ជាក់លាក់​ ​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬបំពេញ​បាន​និង​ស្របច្បាប់​ មិន​ប៉ះពាល់​ដល់​របៀបរៀបរយ​សាធារណៈ​ ឬទំនៀម​ទំ​លាប់​ល្អ​របស់​ប្រពៃណី​ ។ ការ​បង្ហាញ​ឆន្ទៈ​ដោយ​មិន​ពិតប្រាកដ​ និង​ដោយសេរី​ត្រូវ​វៀរចាក​នូវ​វិការៈ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ដូចជា​៖ ការ​ភ័ន្តច្រឡំ​ ការ​ឆបោក​ ការ​គំរាមកំហែង​ ការ​បង្ហាញ​ការ​មិន​ពិត​ ឬការ​កេង​ចំណេញ​ហួសហេតុ​។

អ្នកបង្ហាញ​ឆន្ទៈ​អាច​លុបចោល​កិច្ចសន្យា​បាន​ដោយហេតុថា​ មានការ​បង្ហាញ​ឆន្ទៈ​នោះ​មាន​វិការៈ​ ក្នុងករណី​ដូច​ខាងក្រោម​៖ ​ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ភ័ន្តច្រឡំ​។ ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ឆបោក​ ឬការ​គំរាម កំហែង​ ឬការ​បង្ហាញ​ការ​មិន​ ពិត​របស់​ភាគី​ម្ខាងទៀត​ ។ ការ​បង្ហាញ​ឆន្ទៈ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អំពើ​ឆ្លៀត​ឪកាស​ដោយមាន​គោលបំណង​កេង​ចំណេញ​ហួសហេតុ​។

២) លក្ខខណ្ឌ​ទម្រង់

កិច្ចសន្យា​មាន​អានុភាព​ទៅ​បាន​លុះត្រាតែ​ មាន​ភាគី​នៃ​កិច្ចសន្យា​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ក្រោម​ទម្រង់​ជា​លិខិតយថាភូត​ ។ កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ទទួល​ករណី​កិច្ច​ធ្វើ​អនុប្បទាន​នូវ​កម្មសិទ្ធិ​អចលនវត្ថុ​ ឬករណី​កិច្ច​ធ្វើ​លទ្ធកម្ម​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​និង​មាន​អានុភាព​លុះត្រាតែ​បាន​ធ្វើ​លិខិតយថាភូត​៕

លោក​បណ្ឌិ​តគីម​ ហ៊ា​ង៖ ចង់​រកលុយ​បាន​ច្រើន​ពី​វិស័យ​អចលនទ្រព្យ​ត្រូវ​ធ្វើ​ចំណុច​ទាំងនេះ​

0

ដោយៈ​ រ៉ា​ ណេត​

ភ្នំ​ពេញៈ​ នៅ​មាន​អាជីព​មួយទៀត​ ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ភាគច្រើន​ មិនទាន់​ទាញ​យក​លុយ​បាន​នៅឡើយ​ ខណៈ​ផ្នែក​ដ៏​សំខាន់​នេះ​កំពុង​ត្រូវការ​ធនធានមនុស្ស​កាន់តែ​ច្រើន​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ អាជីព​មួយ​ដែល​ក្រុមហ៊ុន​ ក្នុង​ស្រុក​មិនទាន់​អាច​ទាញ​យក​ផលប្រយោជន៍​បាន​ គឺ​អាជីព​គ្រប់គ្រង​អចលនទ្រព្យ​ ឬការគ្រប់គ្រង​អាគារ​នានា​ ដោយសារ​អាជីព​នេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ជំនាញ​ធ្វើ​ច្រើន​នោះ​ទេ​ គឺ​មានតែ​ក្រុមហ៊ុន​អន្តរជាតិ​ ២-៣ ប៉ុណ្ណោះ​កំពុងធ្វើការ​ងារ​នេះ​ និង​ទាញ​យក​លុយ​បាន​ច្រើន​ពី​ផ្នែក​ដ៏​សំខាន់​នេះ​។

លោក​បាន​បន្ត​ថា​ “នៅពេល​មាន​អាគារ​ខ្ពស់​កាន់តែ​ច្រើន​ នៅពេល​មាន​គម្រោង​វិនិយោគ​កាន់តែ​ច្រើន​បញ្ចប់​ គឺ​គេ​ត្រូវការ​អ្នកជំនាញ​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​ ហេតុនេះ​អ្នកចេះ​ជំនាញ​នេះ​នឹង​ត្រូវប៉ាន់​ និង​រកលុយ​បាន​ច្រើន​”។ លោក​បន្ត​ថា​ “ដើម្បី​អាច​ធ្វើការងារ​នេះ​បាន​ មានតែ​ការសិក្សា​រៀនសូត្រ​បន្ត​ រៀន​យក​ជំនាញ​នេះ​ ហើយ​ធ្វើការងារ​នេះ​ ជា​ការងារ​ដែល​រក​ប្រាក់​បាន​ច្រើន​”។

លោក​បណ្ឌិត​ គីម​ ហ៊ា​ងបាន​បន្ត​ទៀត​ថា​ ដោយសារ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ភាគច្រើន​មិនទាន់​មាន​ជំនាញ​លើ​ការងារ​នេះ​ ខណៈ​ដែល​តម្រូវការ​នូវ​សេវាកម្ម​បែបនេះ​កើនឡើង​ ការ​បណ្តុះបណ្តាល​ ឬស្វែងរក​ការសិក្សា​លើ​ជំនាញ​នេះ​ ពិតជា​មាន​សារៈសំខាន់​ ព្រោះ​រយៈពេល៣ទៅ៥ឆ្នាំ​ទៀត​ តម្រូវការ​សេវាកម្ម​បែបនេះ​នឹង​កើនឡើង​ច្រើន​ ដោយសារ​ចំនួន​ខុន​ដូ​ អា​ផា​តម៉ិន​ និង​អាគារ​ពាណិជ្ជកម្ម​នានា​ជាច្រើន​ទៀត​នឹង​បញ្ចប់​កាន់តែ​ច្រើន​។

ជាមួយគ្នា​នេះ​ លោក​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​ និង​អ្នក​ចង់​ចាប់ផ្តើម​អាជីព​ជា​ភ្នាក់ងារ​ អចលនទ្រព្យ​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ​ និង​សិក្សា​ជំនាញ​នេះ​ដោយសារ​វា​ជា​ជំនាញ​ថ្មី​ ដែល​មាន​ទីផ្សារ​ការងារ​ច្រើន​ និង​ជា​ឱកាស​អាច​រក​ប្រាក់​បាន​ច្រើន​៕

កប៉ាល់​កម្សាន្ត​តម្លៃ ១៥០លាន​ដុល្លារ​បង្ហាញខ្លួន​នៅ​ទន្លេ​ចតុមុខ​រាជធានី​ភ្នំពេញ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ កប៉ាល់​ទេសចរណ៍​ដ៏​ប្រណីត​មួយ​ដែល​ត្រូវ​គេ​ដឹង​ថា​មានតម្លៃ​រហូតដល់១៥០លាន​ដុល្លារ​អាមេរិក​បាន​បង្ហាញខ្លួន​យ៉ាង​គ្រ​ហើៗ​នៅ​លើ​ទន្លេ​ចតុមុខ​រាជធានី​ភ្នំពេញ​។

នៅ​ព្រឹក​ថ្ងៃទី១១ខែមិថុនា​ឆ្នាំ២០១៩នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​គេ​ប្រទះឃើញ​កប៉ាល់​កម្សាន្ត​ដ៏​ធំ​មួយ​គ្រឿង​ដែល​បណ្តែត​ខ្លួន​នៅ​ទន្លេ​ចតុមុខ​ទល់មុខ​សណ្ឋាគារ​សុខា​ក្នុង​រាជធានី​ភ្នំពេញ​។

កប៉ាល់​កម្សាន្ត​ដ៏​ធំ​មួយ​គ្រឿង​នោះ​មានឈ្មោះ​ថា​ AVIVA​ ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​អង់គ្លេស​លោក​ Joe​ Lewis​ ដែល​បាន​ទិញ​កាលពី​ឆ្នាំ២០១៧ក្នុង​តម្លៃ​រហូតដល់​ទៅ​ ១៥០លាន​ដុល្លារ​ឯណោះ​។

AVIVA​ មាន​ប្រវែង​រហូតដល់​ទៅ៩៨ម៉ែត្រ​ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយក្រុម​ហ៊ុន​ Abeking​ &​ Rasmussen​។ នៅ​លើក​ប៉ាល់​កម្សាន្ត​នោះ​មាន​បន្ទប់​សម្រាប់​ទទួលភ្ញៀវ៨​ និង​សម្រាប់​នាវិក ១២សរុប ២០បន្ទប់​ឯណោះ​។ ចំណែក​ឯផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ប្រណីត​ផង​ដែរ​៕

មហាសេដ្ឋីអង់គ្លេសលោក Joe Lewis (រូបកណ្ដាល)

សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ជួប​ជាមួយ​ UNESCAP​ ដើម្បី​ពិភាក្សា​ពី​ការកាត់បន្ថយ​ការិយាធិបតេយ្យ​

0
លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​ជួបពិភាក្សា​ជាមួយនឹង​មន្រ្តី​ UNESCAP​ ដើម្បី​សិក្សា​ និង​ស្វែងរក​ធាតុ​ចូល​បន្ថែម​ ក្នុង​ការកាត់បន្ថយ​ក្រដាស​ស្នាម​ក្នុង​ការនាំចេញ​ និង​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ នា​រសៀល​ថ្ងៃទី១១​ មិថុនា​នេះ​ថា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹងជា​មួយ​គណ​កម្មការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ​(UNESCAP​) ដើម្បី​ពិភាក្សា​ និង​ស្វែងយល់​បន្ថែម​ក្នុង​ការ​ធ្វើឲ្យ​កាន់តែ​មា​បន​ភាព​ងាយ​ស្រួយ​សម្រាប់​ក្រដាស​ស្នាម​នាំចេញ​ និង​នាំចូល​។

លោក​ឧកញ៉ា​បាន​ឲ្យដឹង​ថា​ “ខ្ញុំ​នឹង​ជួប​ជាមួយនឹង​ UNESCAP​ នៅ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​ចង់​សិក្សា​ និង​ដើម្បី​ទទួល​បាន​មតិ​បន្ថែម​ ពី​ការកាត់បន្ថយ​នៃ​ក្រដាស​ស្នាម​ក្នុង​ការនាំចេញ​ និង​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​ឲ្យដឹង​ទៀត​ថា​ មន្ត្រី​របស់ ​UNESCAP​ មិន​ត្រឹមតែ​ធ្វើការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​នោះ​ទេ​ គាត់​ធ្វើការ​ជួប​ជាមួយនឹង​ក្រសួង​ពាណិជ្ជកម្ម​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ ហើយ​ក្នុង​នោះ​ក៏​គាត់​ចង់បាន​ការចូលរួម​ពី​សភា​ពាណិជ្ជកម្ម​កម្ពុជា​។

លោក​ឧកញ៉ា​បាន​លើកឡើង​ថា​ “ខ្ញុំ​គិតថា​ អ្នកណា​ក៏​ចង់បាន​ក្រដាស​ស្នាម​កាន់តែ​តិច​ ហើយ​កន្លងមក​សម្តេច​នាយក​រដ្ឋមន្ត្រី​ លោក​បាន​កាត់បន្ថយ​ច្រើនណាស់​ ដូចជា​ កាំកុងត្រូល​ជាដើម​ ដែល​សុទ្ធសឹងតែ​ពាក់ព័ន្ធ​ក្រដាស​ស្នាម​នឹង​ហើយ​ ហើយ ​UNESCAP​ មក​ពេលនេះ​ ចំ​ពេល​ដែល​គោលដៅ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ កំពុងធ្វើការ​កែ​ទំរង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​ដែរ​”។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ក្រដាស​ស្នាម​តិចតែ​ការិយាល័យ​នៅ​ច្រើន​ វា​នៅតែ​ដដែល​។ យើង​ចង់បាន​ធ្វើ​យ៉ាងម៉េច​ការិយាធិបតេយ្យ​ឲ្យ​នៅ​តិច​បំផុត​”។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ រំសាយ​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ហៅថា​ កាំសាប​ជា​ផ្លូវការ​កាលពី​ថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​។

យោង​តាម​អនុក្រឹត្យ​លេខ៣១​ អន​ក្រ.បក​ ដែល​ចុះ​អត្ថ​លេខា​ដោយ​សម្តេច​អគ្គមហាសេនា​បតី​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បាន​បញ្ជាក់​ថា​ ត្រូវ​បាន​បញ្ចប់​បេសកកម្ម​ និង​រំ​សសា​យសហ​គ្រាស​សាធារណៈ​ ដែល​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ​ ភ្នាក់ងារ​កម្ពុជា​នាវាចរ​ហៅថា​ កាំសាប​ ដែល​បាន​បង្កើត​ឡើង​តាម​អនុក្រឹត្យ​លេខ​ ៨១​ អន​ក្រ.បក​ ចុះ​ថ្ងៃទី​ ៣០​ ខែសីហា​ ឆ្នាំ១៩៩៩​ ស្តី​ពី​ការបង្កើត​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​នាវាចរ​ “ កាំសាប​” ចាប់ពី​ម៉ោង​សូន្យ​ នា​ថ្ងៃទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩នេះ​ តទៅ​។

ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ការ​រំលាយ​អង្គភាព​កាំសាប​ចោល​នេះ​ គឺ​ដើម្បី​កាត់បន្ថយ​ភា​ពសាំញុំា​ នឹង​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​ឲ្យ​កាន់តែ​លឿន​និង​ឆាប់រហ័ស​៕

ទីភ្នាក់ងារ​មុខរបរ​ពង្រីក​មជ្ឈមណ្ឌល​ជួយ​រក​ការងារ​ថ្មី​មួយទៀត​នា​ប៉ែក​ឦសាន​នៃ​ប្រទេស​

0

ដោយ​ វុត្ថា​

ស្ទឹង​ត្រែងៈ​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​(NEA​) នៃ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​រៀបចំ​សម្ពោធ​បើក​ដំណើរការ​មជ្ឈមណ្ឌល​ការងារ​ ខេត្ត​ស្ទឹងត្រែង​ ដែល​ធ្លាប់​ជា​ខេត្ត​ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល​ នា​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

នៅក្នុង​ពិធីសម្ពោធ​បើក​ដំណើរការ​នូវ​ មជ្ឈមណ្ឌល​ការងារ​ខេត្ត​ស្ទឹងត្រែង​ នៅ​ថ្ងៃទី​ ១១​ ខែមិថុនា​ ឆ្នាំ​ ២០១៩នេះ​ លោក​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ប្រចាំការ​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ មានប្រសាសន៍​ថា​ ការបង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​ការងារ​ថ្មីនេះ​ បាន​ឆ្លុះបញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​បន្ថែម​ទៀត​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​នាំ​សេវា​ការងារ​ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ និង​មក​កៀក​ជិត​ប្រជាពលរដ្ឋ​ ក៏ដូចជា​ការ​ប្រឹងប្រែង​ជាបន្តបន្ទាប់​ សំដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ទាំងមូល​ ឱ្យ​ទទួល​បានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ ប្រាក់ចំណូល​កាន់តែ​ប្រសើរ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ដែល​ជាគោល​ដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោ​កន្ថែម​ថា​ “មជ្ឈមណ្ឌល​ការងារ​ដែល​ត្រូវ​ បើក​សម្ពោធ​ដំណើរការ​នា​ពេលនេះ​ នឹង​ដើរតួ​នាទី​ជា​ច្រកចេញ​-ចូល​តែមួយ​ ក្នុង​ការ​ផ្តល់​សេវា​ជួយ​ស្វែងរក​ការងារ​ និង​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ ការងារ​ដោយ​ងាយស្រួល​ និង​ឆាប់រហ័ស​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​”។ លោក​បន្ថែម​ថា​ “មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ដល់​និយោជក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ ការ​គាំទ្រ​និង​ការ​ទទួល​បានការ​ជួយ​ផ្គូផ្គង​អ្នក​ស្វែងរក​ការងារ​តាម​តម្រូវការ​ ក៏ដូចជា​ ការ​រីកចម្រើន​ផ្នែក​អាជីវកម្ម​ និង​ធុរកិច្ច​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ទាំងមូល​។ លើស​ពីនេះ​ តាមរយៈ​មជ្ឈមណ្ឌល​ការងារ​នេះ​ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​គ្រប់​ប្រភេទ​ ក៏អាច​ធ្វើការ​ផ្សព្វផ្សាយ​រាល់​កម្មវិធី​បណ្តុះបណ្តាល​របស់​ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​”។

បច្ចុប្បន្ន​ NEA​ បាន​ខិតខំ​ប្រឹងប្រែង​ពង្រីក​សេវា​ការងារ​ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ តាមរយៈ​បង្កើត​មជ្ឈមណ្ឌល​ការងារ​ បាន​កើនឡើង​ដល់​ចំនួន១៣កន្លែងនៅ​ទូទាំង​ប្រទេស​ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន១កំពុង​រង់ចាំ​ផ្តល់​ និង​នាំ​យក​សេវា​ការងារ​ទៅដល់​គ្រប់​ច្រកល្ហក​យ៉ាង​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​។

នា​ពេល​កន្លងមក​ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បែងចែក​ឱកាស​ការងារ​ ដែល​បង្កើត​ឡើង​ដោយ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ឱ្យ​បាន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ ព្រមទាំង​ជួយ​ផ្គូផ្គង​កាន់តែ​ងាយស្រួល​ និង​ជា​ប្រព័ន្ធ​រវាង​អ្នក​ស្វែងរក​ការងារ​ ទៅ​នឹង​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​នានា​ រាជរដ្ឋាភិបាល​បាន​រៀបចំ​បង្កើត​ឡើង​នូវ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​នៅ​ឆ្នាំ​ ២០០៩​ ដើម្បី​ផ្តល់​សេវា​ការងារ​ និង​ព័ត៌មាន​ទីផ្សារ​ការងារ​តាមរយៈ​មជ្ឈមណ្ឌល​ការងារ​ មជ្ឈមណ្ឌល​ការងារ​ចល័ត​ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដោយមាន​គេហទំព័រ​ឈ្មោះ​ «www.nea.gov.kh​», កម្មវិធី​ស្វែងរក​ការងារ​តាម​ទូរស័ព្ទ​ដៃ​ឈ្មោះ​ «NEA​ JOB​ SEARCH​» រួម​ទាំង​តាម​បណ្តាញ​សង្គម​ដូចជា​ Facebook​ (NEAKhmer​) និង​ Youtube​ ជាដើម​៕

រដ្ឋាភិបាល​នឹង​ប្រែក្លាយ​តំបន់​បឹង​តា​ម៉ោក​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

0
រូបតំណាង

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាមរយៈ​សហព័ន្ធ​កីឡា​ទូ​កកានូ​ និ​ងរ៉ូ​អ៊ី​ង តំបន់​បឹង​តា​ម៉ោក​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​ធ្វើការ​អភិវឌ្ឍ​ និង​សាងសង់​ជា​វារី​កីឡដ្ឋាន​កម្រិត​អន្តរជាតិ​ សម្រាប់​ទទួលស្វាគមន៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ខាងមុខនេះ​ ក្នុង​ន័យ​ទិសដៅ​បង្កើន​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​។

បឹង​តា​ម៉ោក​ ឬបឹង​កប់​ស្រូវ​ ជា​អាំង​ស្តុក​ទឹក​ដ៏​ធំជាង​គេ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែកព្នៅ​ ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជា​បណ្តើរ​ ដែល​ជា​ចលករ​ជួយ​ជម្រុ​ញឱ្យ​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​ដីធ្លី​មានការ​កើនឡើង​ ជាពិសេស​ក្រោយពេល​មាន​គម្រោង​អភិវឌ្ឍ​ជាទី​ផ្សារ​បោះ​ដុំ​បន្លែ​ ទី​ចំណតរថយន្ត​ធុន​ធំ​ ក៏ដូចជា​គម្រោង​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​។

អភិបាលខណ្ឌ​ព្រែកព្នៅ​ លោក​សុខ​ សម្បត្តិ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១១​ មិថុនា​នេះ​ថា​ គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ ជា​កន្លែង​វារី​កីឡដ្ឋាន​ប្រណាំង​ទូ​កកានូ​ និ​ងរ៉ូ​អ៊ី​ង គឺ​ត្រូវ​បាន​ប្រកាស​ដោយ​សម្ដេច​ក្រឡាហោម​ ស ខេង​ ពិតមែន​។ លោក​បន្ត​ថា​ ការប្រកាស​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​សប្ដាហ៍​កន្លងទៅ​ ប៉ុន្តែ​រហូត​មក​ថ្ងៃនេះ​ ខាង​រដ្ឋបាល​ខណ្ឌ​នៅ​មិនទាន់​ទទួល​បាន​គោលការណ៍​ ពីសំណាក់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​ពាក់​ព័ន្ឋនៅឡើយ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា​ “ខាង​រដ្ឋបាល​ខណ្ឌ​កំពុងតែ​រង់ចាំ​ចុះ​ធ្វើការ​អនុវត្ត​ បន្ទាប់ពី​មានការ​ណែនាំ​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​នូវ​ផែនការ​”។

ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ប្រែក្លាយ​តំបន់​បឹង​តា​ម៉ោក​ ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ប្រណាំងទូក​ពីសំណាក់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ លោក​ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ នៅ​តំបន់​នេះ​បើ​ទោះជា​មិន​មាន​សេចក្ដីប្រកាស​ ពី​គម្រោង​អភិវឌ្ឍន៍​ក៏ដោយ​ ក៏​តម្លៃ​ដីធ្លី​នៅ​តំបន់​មានការ​លើកឡើង​ថ្លៃ​រួច​ទៅ​ហើយ​។ លោក​បាន​បន្ត​ទៀត​ថា​ “ បឹង​តា​ម៉ោក​ ជា​តំបន់​មាន​អំណោយផល​លើ​កក្តា​ភូមិសាស្ត្រ​ ងាយស្រួល​អភិវឌ្ឍ​ស្រដៀងគ្នា​ទៅ​នឹង​តំបន់​ភ្នំពេញថ្មី​ដែរ​។

លោក​បន្ត​ទៀត​ថា​ “នៅពេល​មាន​គម្រោង​អភិវឌ្ឍ​ពីសំណាក់​រាជរដ្ឋាភិបាល​ វា​គឺជា​ចលករ​មួយ​ជួយ​ជម្រុ​ញឱ្យ​តម្រូវការ​ទីផ្សារ​លំនៅ​ដ្ឋាន​ ក្នុង​តំបន់​នេះ​កាន់តែ​មាន​ភាព​ភាព​ប្រសើរ​ឡើង​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​បឹង​តា​ម៉ោក​គឺ​មាន​ភាព​ទាក់ទាញ​ចាប់តាំង​ពី​ប្រមា​ន២​-៣ឆ្នាំមុន​ម៉្លេះ​ ដោយសារតែ​មាន​ស្ថានភាព​ធម្មជាតិ​ល្អ​ដែល​អំណោយផល​ដល់​ការរស់នៅ​។ លោក​បាន​បន្ត​ទៀត​ថា​ គំរោង​អភិវឌ្ឍន៍​ថ្មីនេះ​ នឹង​ជួយ​ធ្វើឲ្យ​អចលន​ទ្រ​ពម្យ​នៅ​តំបន់​នេះ​ ពិសេស​តម្លៃ​ដីធ្លី​នៅ​ជុំវិញ​តំបន់​នេះ​នឹង​កើនឡើង​។

​លោក​បន្ត​ថា​ “បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​ មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​អាច​មានតម្លៃ​ចន្លោះ៤០០​-៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ឬអាច​លើស​នេះ​ក៏មានដែរ​ ដែល​វា​អស្រ័យ​ទៅតាម​តំបន់​ និង​ស្ថានភាព​ដី​”។ លោក​ថា​ “ដី​ដែល​ស្ថិតនៅ​ផ្លូវ​ខាងក្នុង​ ឬឆ្ងាយ​ពី​ផ្លូវ​ធំ​អាច​មានតម្លៃ​ក្នុង​ចន្លោះ៨០​ ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ហើយ​វា​នឹង​បន្ត​សាយ​ភាពល្អ​ប្រសើរ​ទៅដល់​តំបន់​ភ្នំ​ប្រសិទ្ធិ​ ខណៈ​ដែល​ពេលនេះ​ក៏​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​មួយចំនួន​ ចាប់ផ្តើម​សាងសង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​” នៅ​តំបន់​នោះ​រួចហើយ​”៕

វិធីសាស្ត្រ​គន្លឹះ៣យ៉ាង​របស់់​មហាសេដ្ឋី​ Li​- Ka​ Shing​ ក្នុង​ការ​ឈរជើង​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

ហុង​កុងៈ​ លោក​ Li​ Ka​-shing​ មហាសេដ្ឋី​អចលនទ្រព្យ​មាន​ជាងគេ​ នៅ​ទីក្រុង​ហុងកុង​ ដែល​មាន​លុយ​ប្រមាណ​ជាង៣០ពាន់​លាន​ដុល្លារ​ បាន​ឈរ​លើ​ទស្សន​និ​ងយុទ្ឋ​សាស្រ្ត​ ដើម្បី​ឈរជើង​លើ​វិស័យ​អចលនទ្រព្យ​ និង​រក្សា​បាន​នូវ​តំណែង​មហាសេដ្ឋី​លេខ១ប្រចាំ​ទីក្រុង​នេះ​។

មហា​ហេ​ដ្ឋី​រូប​នេះ​ បាន​ប្រកាន់​គោល​ការ​ចំនួន៣យ៉ាង​ ដើម្បី​ប្រកួតប្រជែង​និង​វិនិយោគ​ក្នុង​វិស័យ​នេះ​ ដើម្បី​ប្រាសចាក​ហានិភ័យ​។ វិធី​សាស្រ្ត​របស់​មហាសេដ្ឋី​វ័យ​ចំណាស់​ ដែល​កើត​ចេញពី​គ្រួសារ​ដ៏​ក្រីក្រ​រូប​នេះ​រួមមាន​។

១) ត្រៀមខ្លួន​ជាប្រចាំ​

នៅពេល​ដែល​អ្នកដឹង​កាន់តែ​ច្រើន​ នោះ​អ្នក​នឹង​ត្រៀមខ្លួន​កាន់តែ​ខ្លាំង​ សម្រាប់​វាយលុក​ទីផ្សារ​បាន​កាន់តែ​ច្រើន​។ ប្រសិនបើ​អ្នក​ខ្ជិល​ ខណៈ​ដែល​ពេលវេលា​របស់​អ្នក​កាន់តែ​ទៅ​ឆ្ងាយ​ នោះ​អ្នក​នឹង​មិនដឹង​ពីរ​បៀ​បទា​ញយ​កប្រយោជន៍​ ពី​ឱកាស​នោះ​ទេ​ បើ​ទោះជា​ពួកគេ​សម្លឹង​មើល​មុខ​អ្នក​ក៏ដោយ​ ក៏​អ្នក​ត្រូវ​ត្រៀមខ្លួន​ដែរ​។

២) ចក្ខុវិស័យ​គឺជា​កម្លាំង​ដ៏​អស្ចារ្យ​បំផុត​របស់​យើង​

ចក្ខុវិស័យ​ជា​កម្លាំង​ខ្លាំង​បំផុត​របស់​យើង​ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​យើង​រស់រាន​មានជីវិត​ចំពោះ​ថាមពល​ និង​និរន្តរភាព​នៃ​ការ​គិត​របស់​យើង​។

៣) យល់ដឹង​ពី​អាជីវកម្ម​របស់​អ្នក​

អ្នក​ត្រូវតែ​ដឹង​ និង​យល់​ពី​ជំនួញ​របស់​អ្នក​ដូច​ខ្នងដៃ​របស់​អ្ន​កចឹង​។ បើមិនដូច្នោះទេ​ក្រុមហ៊ុន​របស់​អ្នកមាន​វត្តមាន​នៅ​ថ្ងៃនេះ​ តែ​អាច​បាត់បង់​ទៅវិញ​នៅ​ថ្ងៃស្អែក​។

លោក ​Li​-Ka​ Shing​ គឺជា​បុរស​មាន​បំផុត​ នៅ​ទីក្រុង​ហុងកុង​ នៅ​ប្រទេស​ចិន​ ហើយ​ក្រុមហ៊ុន​របស់​លោក​បាន​ជះឥទ្ធិពល​ដល់​ពាណិជ្ជករ​ និង​សហគ្រិន​នៅ​ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ឆ្នាំ​ ២០១៩​ ទ្រព្យសម្បត្តិ​របស់​លោក​ Li​-Ka​ Shing​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រហែល៣១​ ពាន់​លាន​ដុល្លារ​។

មហាសេដ្ឋី​ Li​ ថា​ “ការ​សប្បាយរីករាយ​ខ្លាំង​បំផុត​សម្រាប់​ខ្ញុំ​ គឺជា​ការ​ខំប្រឹង​ប្រែង​ធ្វើការ​ ហើយ​ទទួល​បាន​កម្រៃ​ច្រើន​” “The​ most​ important​ enjoyment​ for​ me​,” Li​ once​ said​, “is​ to​ work​ hard​ and​ make​ more​ profit​.”៕

ប្រទេស​ចិន​បាន​ស្តុក​មាស​រាប់​លាន​តោន​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

0

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ប្រទេស​ចិន​បាន​បន្ត​ការទិញ​មាស​ដ៏​ច្រើន​កាលពី​ខែមុន​ ដែល​ចំនួន​ប្រមាណ​ជិត១៦លាន​តោន​ដុំ​មាស​ ខណៈ​ក្រុម​អ្នកវិភាគ​និយាយ​ថា​ វា​ជា​វិធានការ​សម្រាប់​ត្រៀមខ្លួន​ទុកមុន​ ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​សង្រ្គាម​ពាណិជ្ជកម្ម​។

យោង​តាម​របាយការណ៍​ថ្មី​ ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ប្រជាជន​ចិន​បាន​ឲ្យដឹង​ថា​ បច្ចុប្បន្ន​មាស​បម្រុង​របស់​ប្រទេស​ចិន​ មានតម្លៃ៧៩​,៨៣ពាន់​លាន​ដុល្លារ​។ ធនាគារ​កណ្តាល​ចិន​ បាន​ទិញ​មាស​ជិត៧៣​,៨៦តោន​នៅ​ឆ្នាំនេះ​ ដោយ​បាន​បង្កើន​ជា​ទុនបម្រុង​របស់​ខ្លួន​។ តម្លៃ​មាស​បាន​កើនឡើង​ជាបន្តបន្ទាប់​ក្នុង​ឆ្នាំនេះ​ ឈាន​ដល់​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែមេសា​ឆ្នាំ​ ២០១៨​។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ការទិញ​មាស​ទុក​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ គឺ​ដើម្បី​ពង្រីក​ទុនបម្រុង​បរទេស​ ដែល​មាន​ទំហំ​ទឹកប្រាក់ ៣​,១ពាន់​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​ដែល​ធំជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ក្នុង​ការ​ទាប់​ទាល់​ការ​ធ្លាក់​សេដ្ឋកិច្ច​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald​ Trump​ បាន​ដំឡើង​ពន្ធគយ​លើ​ទំនិញ​របស់​ចិន​ និង​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ដូចជា​ Huawei​ ជាដើម​។

យោង​តាម​លោកស្រី​ Helen​ Lau​ អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ Argonaut​ Securities​ បាន​ឲ្យដឹង​ថា​ អាជ្ញាធរ​ចិន​កំពុង​ស្វែងរក ​«ការ​ធ្វើ​ពិពិធ​កម្ម​» ដោយ​មិន​ពឹងផ្អែក​លើ​ទ្រព្យសកម្ម​ជា​សាច់ប្រាក់​ដុល្លារ​។

ខណៈ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​បាន​កើនឡើង​នៅ​ឆ្នាំនេះ​ ប្រទេស​កម្ពុជា​ និង​សមាជិក​អាស៊ាន​ +3 រួម​ទាំង​ប្រទេស​ចិន​ បាន​ចាត់វិធានការ​ដោយ​ផ្ទាល់​ ដើម្បី​ផ្លាស់​ប្តូរ​ពី​ការពឹងផ្អែក​លើ​សាច់ប្រាក់​ដុល្លារ​។

ជាក់ស្តែង​ ប្រាក់​ដុល្លារ​អាមេរិក​ នៅតែ​ជា​រូបិយប័ណ្ណ​បម្រុង​សម្រាប់​ពិភពលោក​។ ប្រាក់​ដុល្លារ​អាមេរិក​ មាន​ចំនួន ៦៣ ភាគរយ​នៃ​ទុន​បំរុង​ពិភពលោក​ ខណៈ​ប្រាក់​អឺ​រ៉ូមា​នចំនួន២០ភាគរយ​។ រូបិយប័ណ្ណ​អាស៊ី​ដូចជា​ប្រាក់​យ៉េន​មាន​ចំនួន៥ភាគរយ​ និង​ប្រា​ក់យ័ន​ចិន​មានតែ២ភាគរយ​៕

វិភាគ​៖ សម្លឹង​មើល​វិស័យ​អចលនទ្រព្យ​រយៈពេល៥ឆ្នាំខាងមុខ​នឹង​វិវត្តន៍​យ៉ាងដូច​ម្តេច​?

0

ដោយៈ​រ៉ា​ ណេត​ និង​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ មួយ​ទសវត្សរ៍​កន្លងមក​ កម្ពុជា​បាន​ជួប​ជាមួយ​កាលានុវត្តន៍​ភាព​មាស​ជាមួយនឹង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​) និង​កំនើ​ននៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដែល​បាន​ធ្វើឲ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​កើនឡើង​និង​បាន​ផ្លាស់​ប្តូរ​មុខមាត់​ប្រទេស​នេះ​។

បើ​មិន​មាន​ភាព​ប្រែប្រួល​នោះ​ទេ​ កម្ពុជា​នឹង​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កើនឡើង​ ដែល​នេះ​ជា​ដែក​ឆក់​មួយ​សំរាប់​ឲ្យ​អ្នក​វិនិយោគ​នានា​ បញ្ចេញ​សាច់ប្រាក់​របស់​ខ្លួន​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ដែល​កំពុង​មាន​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​នេះ​។

ការ​ប្រែក្លាយ​ពីទី​ក្រុង​ខ្មោច​ ទៅជា​ទីក្រុង​ដែល​លេចមុខ​មាត់់​ដ៏​លឿន​មួយ​លើឆាកអន្តរជាតិ​ តាមរយៈ​វត្តមាន​អា​គារ​ខ្ពស់​ៗកប់​ពពក​ស្អេកស្កះ​ ដូចគ្នា​ទៅ​នឹង​បណ្តា​ប្រទេស​ដែល​ជឿនលឿន​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្បាស់​ ក្នុង​ទិដ្ឋភាព​វិជ្ជមាន​មួយ​។

រយៈពេល១០ឆ្នាំ​បាន​កន្លង​ហួស​ ការ​ភ្ញាក់ផ្អើល​បាន​កើតមានឡើង​សំរាប់​ជនបរទេស​ និង​អ្នក​មិនធ្លាប់​បាន​មកកាន់​កម្ពុជា​ពីមុន​មក​។

សំណួរ​នៅ​ទីនេះ​គឺថា​ តើ​រយៈពេល៥ទៅ១០ឆ្នាំខាងមុខ​ ប្រទេស​កំសត់​កាលពី​អតី​កាល​មួយ​នេះ​នឹង​បន្ត​រក្សា​បាន​នូវ​ឧត្តមភាព​របស់​ខ្លួន​? បន្ត​នៅតែ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពី​បរទេស​បន្ត​ទៀត​ឬយ៉ាងណា​? ខណៈ​កំនើន​សេដ្ឋ​កិ​ខច្ច​របស់​ប្រទេស​នេះ​រំពឹង​ថា​នឹង​បន្ត​រក្សា​កំនើ​នក្នុ​ងរ​ង្វង់​ប្រមាណ​ជាង៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ រយៈពេល​មធ្យម​និង​រយៈពេល​វែង​បន្ត​ទៀត​។

​គិត​ត្រឹម​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ នៅក្នុង​វិស័យ​សំណង់​ទាំងមូល​បាន​បង្កើន​ទុន​វិនិយោគ​រហូតដល់​ប្រមាណ២៥ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​រូបភាព​ទាំងអស់​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។

អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ទៅ​នឹង​លទ្ធផល​ និង​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ “បើ​និយាយ​ពី​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​ កម្ពុជា​ គឺជា​ប្រទេស​មួយ​ ដែល​មាន​ភាព​លេចធ្លោ​ជាង​បណ្តា​ប្រទេស​នានា​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ជាក់ស្ដែង​នៅ​ត្រឹម​រយៈពេល​ដ៏​ខ្លី​ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ ដែល​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ កាលពី​ឆ្នាំ២១០៥​ ជាមួយនឹង​គោលដៅ​នឹង​ប្រែក្លាយ​ទៅជា​ប្រទេស​ ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​”។

លោកស្រី ​Grace​ Rachny​ Fong​ បាន​បន្ត​ទៀត​ថា​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ មួយភាគធំ​បាន​ចំណូល​ពី​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​។ បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មាន​ភាព​ទាក់ទាញ​ពី​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​ជាច្រើន​ ដែល​ក្នុង​នោះ​សូម្បីតែ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក៏បាន​ចូលខ្លួន​មកកាន់​កម្ពុជា​ដែរ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ ជាដើម​ ហើយក៏​មាន​ក្រុមហ៊ុន​ធំ​ជាច្រើន​ទៀត​ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​។

នៅក្នុង​ឆ្នាំ២០១៨​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៦៤០០លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ការងារ​ប្រចាំថ្ងៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ២០ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​រួមមាន​ ទីក្រុង​រណប​ បុរី​លំនៅឋាន​ និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន២៣០ទីតាំង​។ សំណង់​អគារ​ខ្ពស់​ចាប់ពី៥​ ជាន់ឡើង​ទៅ​មាន​ចំនួន១១០០អគារ​។ ក្រុមហ៊ុន​សាងសង់​ និង​ក្រុមហ៊ុន​ប្រកបរបរ​អាជីវក​កម្មសិក្សា​គម្រោង​ប្លង់​ មាន​ចំនួន១០៤៣ក្រុមហ៊ុន​ ក្នុង​នោះ​ក្រុមហ៊ុន​សាងសង់​ចំនួន១០០៣​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ចំនួន៤០ក្រុមហ៊ុន​។

អ្នកជំនាញ​ក្នុង​វិស័យ​នេះ​សុទ្ឋ​តែ​បង្ហាញ​សញ្ញា​សុទិដ្ឋិនិយម​ដូចគ្នា​ ជាមួយនឹង​កាលានុវត្តន៍​ភាព​ក្នុង​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ “វិស័យ​នេះ​នៅ​មានឱកាស​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​”។ លោក​បាន​បន្ត​ទៀត​ថា​ ​ “ក្រុមហ៊ុន​ភ្នាក់ងារ​ក្នុង​វិស័យ​នេះ​ នឹង​មានឱកាស​រីកចម្រើន​ និង​ទទួល​បានផល​ប្រយោជន៍​កាន់តែ​ច្រើន​បន្ត​ទៀត​ ដោយសារ​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ ប៉ុន្តែ​ទាមទារ​ឱ្យ​ពួកគេ​ធ្វើការ​រួមគ្នា​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ ដើម្បី​មានឱកាស​កាន់តែ​ច្រើន​ទទួល​បានផល​ប្រយោជន៍​ច្រើន​ពី​វិស័យ​មួយ​នេះ​”។

​លោក​បាន​បន្ត​ទៀត​ថា​ ដើម្បី​ទទួល​បាន​ឱកាស​រីកចម្រើន​ យើង​ត្រូវ​រួបរួម​គ្នា​ និង​ពង្រឹង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ជាពិសេស​នៅពេល​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រួម​។

ការសម្រេច​បាន​នូវ​ទស្សនទាន​វិជ្ជមាន​នេះ​ មិន​អាច​សម្រេច​បាន​ឡើយ​ប្រសិនជា​កម្ពុជា​ មិនបាន​រៀបចំខ្លួន​បាន​ល្អ​ និង​ផ្តល់​ផល​ចំណេញ​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​ថ្លែង​ថា​ កម្ពុជាក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើឲ្យ​វិស័យ​សំ​ណង់់​ និង​អចលនទ្រព្យ​នៅ​ប្រទេស​នេះ​មាន​ភាព​រីកចម្រើន​ និង​លេចធ្លោ​ជាងគេ​ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​ ការ​ទទួល​បានផល​ចំណេញ​ខ្ពស់​ជាងគេ​ពី​ការ​វិនិយោគ​ ធៀប​ជាមួយ​ប្រទេស​នានា​នៅ​ជិតខាង​កម្ពុជា​។

លោក​បន្ត​ថា​ “ប្រសិនជា​គ្មាន​ការ​ដាក់ចេញ​នូវ​គោល​នយ​បាយ​ លិខិត​បទដ្ឋាន​គតិយុត្តិ​ច្បាប់​ត្រឹមត្រូវ​ និង​ឆ្លើយតប​ទាន់ពេល​វេលា​ នៅក្នុង​បរិបទ​តំបន់​ និង​ពិភពលោក​ទេ​ កម្ពុជា​មិន​អាច​មាន​ភាព​រីកចម្រើន​ និង​ទាក់ទាញ​ការ​វិនិយោគ​ច្រើនបែប​នេះ​ទេ​”។លោក​បន្ត​ថា​ “ទោះបី​កម្ពុជា​មាន​ទំនាក់ទំនង​ជិ​តស្និ​ទ្ឋ​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​ដទៃទៀត​យ៉ាងណា​ក្តី​ ក៏​អ្នក​វិនិយោគ​របស់​ពួកគេ​ មិន​មក​កម្ពុជា​នោះ​ទេ​ បើ​ពួកគេ​មិន​អាច​រក​ផល​ចំណេញ​បាន​”។

ជាក់ស្តែង​ក្រុមហ៊ុន​ AEON​ Mall​ Group​ មុន​សម្រេចចិត្ត​បោះទុន​វិនិយោគ​រាប់​លាន​ដុល្លារ​វិនិយោគ​នៅ​កម្ពុជា​ ពួកគេ​បាន​មក​សិក្សា​ពី​កម្ពុជា​រយៈពេល​ជិត១ទសវត្សរ៍​ មុន​សំរេចចិត្ត​បោះទុន​វិនិយោគ​សាងសង់​ផ្សារ​ទី១​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ និង​ផ្សារ​ទំនើប ​AEON​ MALL2​ ស្ថិតនៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី​។ ជា​តំបន់់​ដែល​មាន​ភាព​ពេញនិយម​ និង​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ព័ទ្ឋ​ជុំវិញ​។

លោ​កអ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ ភី​អ៊ិ​លស៊ី​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ឈានឡើង​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ មកកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ជា​សញ្ញា​ល្អ​មួយទៀត​សំរាប់​កម្ពុជា​ ដែល​កម្ពុជា​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​ ព្រោះ​មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ ពួកគេ​តែងតែ​សិក្សា​ពី​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​ប្រទេស​នោះ​។

លោក​បន្ត​ថា​ “អ្នក​វិនិយោគ​តែងតែ​ស្វែងរក​ប្រាក់ចំណេញ​ ពួកគេ​មិនទៅ​កាន់​ប្រទេស​ប្រទេស​ក្រីក្រ​ ដែល​អំណាច​នៃ​ការទិញ​មិន​មាន​នោះ​ទេ​ ពួកគេ​មិនទៅ​កាន់​ប្រទេស​ដែល​មិន​អាច​ស្វែងរក​ប្រាក់ចំណេញ​បាន​នោះ​ទេ​”។

កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ កំនើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧​,៧ភាគរយ​ក្នុង​ រយៈពេល២ទសវត្សរ៍​ ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​ ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​អាច​បើក​ក្រុមហ៊ុន​ដែល​អាច​បោះទុន១០០ភាគរយ​បាន​ដោយខ្លួនឯង​ ច្បាប់​សហ​កម្ម​សិទ្ឋ​ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​អាច​ទិញ​លំនៅ​ដ្ឋាន​ពី​ជាន់ទី១ឡើង​ និង​ច្បាប់​ពន្ឋ​មិន​មាន​ភាព​ស្មុគ្រ​ស្មាញ​ និង​ការ​លើកទឹកចិត្ត​ជាច្រើន​ទៀត​ពី​រដ្ឋាភិបាល​ សុទ្ឋ​តែ​ជា​កំលាំង​ចលករ​ស្នូល​ក្នុង​ការជំរុញ​ល្បឿន​អភិវឌ្ឍន៍​របស់​ប្រទេស​នេះ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ លោក​ឧកញ៉ា​លី​ ហួរ​ដែល​ជា​អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ផង​ដែរ​នោះ​ បាន​មានប្រសាសន៍​ថា​ “ប្រសិន​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​ល្អ​បែបនេះ​ ខ្ញុំ​គិតថា​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត​”៕