រដ្ឋាភិបាល​ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ចាប់ពី​ខែមិថុនា​នេះ​

0
អគារអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ពន្ធដារ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថ​បាន​ប្រកាស​ថា​ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ២០១៩​ នេះ​ នឹង​ត្រូវ​ដាក់ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី១​ ខែ​ មិថុនា​រហូតដល់​ថ្ងៃទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩តទៅ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​ ២០១៩ កន្លង មក​នេះ​បាន​ឲ្យដឹង​ថា​ សម្រាប់​ការ​បង់ពន្ធ​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​ ម្ចាស់​យានយន្ត​គ្រប់​ប្រភេ​ទេ​ត្រូវ​ដាក់​លិខិត​ប្រកាស​ និង​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​ ឬនៅ​ធនាគារ​ការ​ណា​ឌី​យ៉ា​ ក.អ​ ឬនៅ​ធនាគារ​អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ឬ នៅ​ ធនាគារ​វឌ្ឍនៈ​ ឬនៅ​ធនាគារ​កម្ពុជា​សាធារណៈ​ ឬធ​នា​គារ​ អេ​អិន​ហ្សិន​ រ៉ូ​យ៉ា​ល់​ ឬនៅ​តាម​ធនាគារ​ដែល​ចុះ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃទី​ ១ ខែមករា​ ឆ្នាំ​ ២០២០​ ខាងមុខនេះ​តទៅ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ ការប្រកាស​បង់ពន្ធ​ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងមក​ តាមច្បាប់​ស្តី​ពីសា​ធារ​ពើ​ពន្ធ​ជាធរមាន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP​)ប្រមាណ៣​,១៦១នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ នៅ​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ពន្ធដារ​ចំនួន៥០ភាគរយ​ និង​ពន្ធគយ៥៤ភាគរយ​ លើស​ផែនការ​ដែល​បាន​កំណត់ទុក​។

សម្តេច​តេជោ​ថា​ “វប្បធម៌​នៃ​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ពួកគាត់​បាន​យល់ដឹង​ច្រើន​ក្នុង​កាតព្វកិច្ច​បង់ពន្ធ​ តែ​មាន​បញ្ហា​ខ្លះ​ដូច​ការ​បង់ពន្ធ​លើ​ការ​ដឹក​កាត់ឈ្មោះ​ ម្ចាស់​រថយន្ត​ពី​មនុស្សម្នាក់​ ទៅ​មនុស្សម្នាក់​មាន​ភា​ពសុំាញុំា​ តែ​ក៏​បនា​ដោះស្រាយ​រួច​ហើយ​បណ្តើរ​ៗដែរ​ចាប់តាំងពី​ឆ្នាំ​ ២០១៦​-២០១៧កន្លងមក​នេះ​”។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នៅក្នុង​ឆ្នាំ២០១៨កន្លង​ ទៅ​បាន​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ចំនួន៨​, ៨៩១ពាន់​លាន​រៀល​ឬស្មើនឹង២ពាន់១៩៧លាន​ដុល្លារ​។ ចំនួន​នេះ​ស្មើនឹង១១៤​,២៧ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ក្នុង​នោះ​ទំហំ​ចំណូល​លើស​ផែនការ​មាន​ចំនួន​ប្រមាណ១​,០០០ពាន់​លាន​រៀល​ ឬស្មើនឹង​ប្រមាណ២៧៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧​ ការ​ប្រមូល​ពន្ធដារ​បង់​ចូល​ថវិកាជាតិ​ សម្រាប់​ឆ្នាំ២០១៨កន្លងទៅ​នេះ​ កើនឡើង​ប្រមាណ១៣​,៣៧ភាគរយ​។

ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ឆ្នាំ២០១៩​-២០២៣​ ដែល​មាន​គោលបំណង​ជា​យុទ្ធសាស្ត្រ​ចំនួន៣​៖ ទី១​ បង្កើន​អនុលោម​ភាព​តាមច្បាប់​ដោយស្ម័គ្រចិត្ត​ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​បន្ទុក​អ្នកជាប់ពន្ធ​ ដោយ​ផ្ដល់​សេវា​ប្រកបដោយ​គុណភាព​ ទី២​ ធានា​ថា​អ្នកជាប់ពន្ធ​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ​ និង​ទី៣​ អនុវត្ត​ការងារ​ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ដោយ​ពង្រឹង​ស្ថាប័ន​៕

លោ​កអោម​ សេង​បូរ៉ា​៖ ភាពជា​អ្នកដឹកនាំ​ឆ្ពោះទៅ​រក​ជោគជ័យ​កម្រិត​កំពូល​ត្រូវ​មាន​មូល​ដ្ឋាន​គ្រឹះ​ចំនួន៣​

0
ស្ថាបនិក​ និង​ជា​អគ្គនាយក​ CEO​ Master​ Club​ លោក​ អោម​ សេង​បូរ៉ា

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការដឹកនាំ​មនុស្ស​មួយ​ក្រុម​ឱ្យ​រួមគ្នា​ ធ្វើដំណើរ​ឆ្ពោះ​រក​គោលដៅ​តែមួយ​ប្រកបដោយ​ភាព​ជោគជ័យ​ ទៅតាម​ការកំណត់​របស់​ខ្លួន​វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ​ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​មាន​ជានិច្ច​ ជាពិសេស​គឺ​ចំណេះដឹង​ និង​វិធីសាស្ត្រ​សំ​ខាន់​ៗចំនួ៣ដែល​ជាដើម​ទុន​ គឺ​ត្រូវតែ​មាននៅ​ក្នុង​ខ្លួន​។

អោម​ សេង​បូរ៉ា កំពុងនិយាយនៅក្នុងវគ្គបណ្ដុះបណ្ដាលមួយកាលពីកន្លងទៅ។ រូបថត៖ សហការី

ស្ថាបនិក​ និង​ជា​អគ្គនាយក​ CEO​ Master​ Club​ លោក​ អោម​ សេង​បូរ៉ា​ ដែល​ជា​អ្នកជំនាញ​ផ្នែក​បណ្តុះបណ្តាល​ ក្នុង​ភាពជា​អ្នកដឹកនាំ​អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងទៅ​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២​ មិថុនា​នេះ​ថា​ ភាពជា​អ្នកដឹកនាំ​ មនុស្ស​គ្រប់រូប​ សុទ្ធតែ​អាច​មានលទ្ធភាព​ និង​សមត្ថភាព​ធ្វើ​ទៅ​បានឱ្យ​តែ​មាន​ឆន្ទៈ​ និង​ការ​ព្យាយាម​ចេញពី​ចិ​ត្ត​ដើម្បី​ទទទួល​បាន​ភាព​ជោគជ័យ​។

​លោក​បាន​មានប្រសាសន៍​ថា​ “នៅក្នុង​ភាពជា​អ្នកដឹកនាំ​ គឺ​ចាំបាច់​ត្រូវតែ​មានចំណេះ​ដឹង​សំ​ខាន់​ៗដែល​ជា​គន្លឹះ​ចាំបាច់​ចំនួន៣​ នៅក្នុងចំណោម​វិធីសាស្ត្រ​ជាច្រើន​ទៀត​” ។

គន្លឹះ​សំខាន់​ចំនួន៣នោះ​រួមមាន​ដូចជា​ ៖

ថាមពល​ ជា​កម្លាំង​យ៉ាង​ពិសេស​ដែល​ចាំបាច់​ត្រូវតែ​មាន​ និង​ធានា​ថា​មានប្រសិទ្ធភាព​ខ្ពស់​ជាប់​ជាប្រចាំ​ ដែល​ក្នុង​នោះ​រួមមាន​ថាមពល​រាងកាយ​ ថាមពល​ផ្លូវចិត្ត​ ថាមពល​ស្មារតី​ រួម​ជាមួយនឹង​ថាមពល​អារម្មណ៍​។

​លោក​ អោម​ សេង​បូរ៉ា​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ “នៅពេល​កម្លាំង​រាងកាយ​ចុះ​ខ្សោយ​ តើ​អាច​មានលទ្ធភាព​ឯណា​ចុះ​អនុវត្ត​ធ្វើជា​គំរូ​ នៅពេល​កម្លាំងចិត្ត​ផ្លូវ​ចុះ​ខ្សោយ​ តើមាន​អ្វី​ដែល​អាច​ជំនះ​ជាមួយនឹង​ឧបសគ្គ​នៅចំពោះមុខ​ នៅពេល​ស្មារតី​អន់ថយ​ តើមាន​អ្វី​ដែល​អាច​ប្រឆាំង​ជាមួយនឹង​បញ្ហា​ចំពោះមុខ​បាន​ នៅពេល​អារម្មណ៍​មិន​ស្ងប់​ ឆាប់​ឆេវឆាវ​ យក​ភាព​មួរ​ម៉ៅ​មិន​សម​ហេតុផល​មក​ដឹកនាំ​ តើ​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​ទេ​ ផ្ទុយទៅវិញ​គឺ​មានតែ​ការ​បែកបាក់​”។

បង្កើន​សីល្ប៍​វិធី​

​ជា​វិធីសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​ទំនោរ​ និង​ភាព​ជឿជាក់​មក​ខ្លួន​។ រាប់ទាំង​ទង្វើ​ សកម្មភាព​នានា​ និង​ការ​និយាយ​ស្ដី​សុទ្ធតែ​ធ្វើឡើង​ប្រកបដោយ​សីល​ ប្រកបដោយ​ចំណេះដឹង​ និង​គុណធម៌​។ ទាំងនេះ​មិនមែន​មានន័យថា​ឱ្យ​យល់ស្រប​ និង​ឱនលំទោន​ចំពោះ​បុគ្គលិក​ ឬមនុស្ស​ក្រោម​ឱវាទ​នោះ​ទេ​ ប៉ុន្តែ​ការ​បង្គាប់​ត្រូវ​ធ្វើ​ឱ្យ​ចំ​ណើ​ដឹង​ និង​សីល​វិធី​។

ឥទ្ធិពល​ចេញពី​ក្នុង​ខ្លួន​

​ដឹកនាំ​ដោយ​ភាពត្រជាក់​។ ស្ថាបនិក​វិទ្យាស្ថាន​ CEO​ Master​ Club​ លោក​ អោម​ សេង​បូរ៉ា​ បាន​បញ្ជាក់​ថា​ “ក្ដៅ​ស៊ីរាក់​ ត្រជាក់​ស៊ីជ្រៅ​”។

លោក​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​ការដឹកនាំ​ដោយ​ភាពត្រជាក់​ គឺ​តែង​ទទួល​បាន​លទ្ធផល​ល្អ​ ច្រើនជាង​ការដឹកនាំ​ដោយ​ភាពក្ដៅ​ក្រហាយ​។ ការដែល​ចេះកែ​ប្រែ​ស្ថានការណ៍​ពី​អា​ក្រក​មក​ជា​ល្អ​ប្រសើរ​ តែង​ត្រូវ​បាន​អ្នក​ជំនា​យក​វិធីសាស្ត្រ​បែប​ត្រជាក់​មក​ដោះស្រាយ​ ដូចជា​ការ​ជជែក​ ជជីក​ពីដើម​ហេតុ​នៃ​បញ្ហា​ ហើ​យស្វែ​ករ​កដំណោះស្រាយ​ ដើម្បី​ទទួល​បាន​ភាព​ការសម្រេច​ជោគជ័យ​រួម​ទាំងអស់គ្នា​។

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ក្រោយរៀនចប់វគ្គបណ្ដុះបណ្ដាល។ រូបថត៖ សហការី

គន្លឹះ​សំខាន់​ទាំង៣នេះ​ មិន​ត្រឹមតែ​អាច​មានប្រសិទ្ធភាព​ ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ ឬស្ថាប័ន​ និង​អង្គភាព​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជា​ទុន​ក្នុង​ការដឹកនាំ​សង្គមជាតិ​ រហូត​ឈាន​ដល់​ពិភពលោក​៕

អបអរ​សា​ទរៈ​ សមាជិក​ Century21​ Family​ បាន​ទទួល​ប័ណ្ណសរសើរ​ និង​ពានរង្វាន់៨​ ពី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​

0
សមាជិក Century21 Family បានទទួលប័ណ្ណសរសើរ និងពានរង្វាន់៨ ពីក្រុមហ៊ុនលំដាប់ពិភពលោក

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​កនៃ​ Century21​ Family ​បាន​ទទួល​ពានរង្វាន់​ចំនួន៨​ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក ​Century21​ នៅ​សហរដ្ឋអាមេរិក​ ក្នុង​នោះ​ពានរង្វាន់​ចំនួន៥បាន​ទទួល​ពានរង្វាន់​ធំជាង​គេ​ និង​មិនធ្លាប់​ទទួល​បាន​ចាប់់​តាំងពី​ឆ្នាំ២០១៣មក​។

ជាមួយនឹង​ការ​នាំមក​យក​ម៉ាក​យីហោ​ Century21​ Cambodia​ ដោយក្រុម​ហ៊ុន ​VTRUST​ GROUP ​កាលពី​ឆ្នាំ២០១៣​ ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​ធ្វើឲ្យ​ទីផ្សារ​កាន់តែ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​មានការ​យល់​ដឹង​កាន់់​តែ​ប្រសើរ​ បាន​ងាក​មក​ប្រើប្រាស់​សេវាកម្ម​ មាន​លក្ខណៈ​ជា​កញ្ចប់​របស់​សមាជិក​នៃ​ក្រុមហ៊ុន​ Century21​ Cambodia​។

ក្រុមហ៊ុន​នេះ​ បាន​ពង្រីក​រហូតដល់២​២ការិយាល័យ​ ដែល​អតិថិជន​ទាំង​អ្នកទិញ​ និង​អ្នកលក់​ គាត់​នឹង​ស្គាល់​ថា​និមិត្តសញ្ញា​របស់ ​Century21​ គឺ​ជា​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​នៅ​សេវាកម្ម​ជា​កញ្ចប់​។ លោកស្រី​បន្ត​ថា​ ពានរង្វាន់​នេះ​ ជា​ពាន​ពិសេស​ ដែល​សមាជិក​ក្រុមហ៊ុន ​Century21​ Family​ ទទួល​បាន​ជា​លើក​ទី១​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ២០១៣​។

ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៨​ ដែល​ទទួល​បាន​ពានរង្វាន់​នោះ​មាន​ក្រុមហ៊ុន​ចំនួន៥​ បាន​ទទួល​ពានរង្វាន់​ល្អដាច់គេ​ ក្នុង​កិត្តិនាម​ជា​ក្រុមហ៊ុន​ដែល​បាន​ឈានមុខ​គេ​ក្នុង​ទីផ្សារ​លក់​ ជួល​ដលើ​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។ ក្រុមហ៊ុន​ដែល​បាន​ទទួល​ពានរង្វាន់​ទាំង៥​ ល្អ​ផ្តាច់​គេ​នោះ​មាន​ដូចជា​ ក្រុមហ៊ុន​ Century21​ Golden​ Realty​, Century21​ Dream​ Property​, Century21​ Imperial​ Realty​, Century21​ Mekong​, និង​ក្រុមហ៊ុន ​Century21​ Advance​ Property​។

ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ចំនួន​បី​បាន​ទទួល​ពាន​ប័ណ្ណសរសើរ​ទៅលើ​ស្នាដៃ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ផង​ដែរ​។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ ក្រុមហ៊ុន​ Century21​ Land​ Station​, ក្រុមហ៊ុន​ Century21​ Fuji​ Realty​ និង​ក្រុមហ៊ុន​Century21​ Regent​ Realty​។

ជា​មួ​យស​មិទ្ឋិ​ផល​ថ្មី​ ដែល​មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​ក្រុមហ៊ុន​ ក៏​ជា​មោទនភាព​កម្ពុជា​លើឆាកអន្តរជាតិ​ផង​ដែរ​។

លោក​ហេង​ វឌ្ឍនា​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Golden​ Realty ​បាន​មានប្រសាសន៍​ថា​ នេះ​ជា​ប្រវត្តិ​សាស្រ្ត​ ​; ព្រោះ​វា​ជា​ពានរង្វាន់​លើក​ទី១របស់​ក្រុមហ៊ុន​ ក៏ដូចជា​ពានរង្វាន់​របស់ ​Master​ Franchisor​ នៅ​កម្ពុជា​។ លោក​បន្ត​ថា​ ការ​ទទួល​បាន​ពាន​រង្វាន់​មនេះ​ ជា​ក្តី​រីករាយ​មួយ​ ដែល​លោក​សូម​អរគុណ​ដល់​ក្រុមហ៊ុនមេ​ ដែល​តែងតែ​គាំទ្រ​ និង​លើកទឹកចិត្ត​យ៉ាង​សំខាន់​ ដល់​យើងខ្ញុំ​ ពិសេស​អរគុណ​ដល់​អតិថិជន​ និង​ក្រុមការងារ​ដែល​បាន​ខិតខំ​រហូត​ទទួល​បាន​ពានរង្វាន់​នេះ​។

ចំណែក​លោក​ច្រឹក​ សុ​ខនីម​អគ្គនាយក​ក្រុម​ហ៊ុន Century21​ Mekong​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ លោក​មាន​ក្តី​រីករាយ​ និង​មោទនភាព​សម្រាប់​ពានរង្វាន់​នេះ​ ព្រោះ​ទី១​ វា​ជា​ការ​លើកទឹកចិត្ត​យ៉ាង​សំខាន់​ ដែល​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ ទី២​ វា​បង្ហាញ​លទ្ឋ​ផល​នៃ​ការ​លក់​របស់​យើង​បាន​ទទួលជោគជ័យ​ ទី៣​ ជា​ការ​ទទួលស្គាល់​ជា​លក្ខណៈ​សាកល​ ដែល​បង្ហាញ​ពី​កិត្តិនាម​របស់​ក្រុមហ៊ុន ​Century21​ សម្រាប់​ការិយាល័យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និង​ជា​មោទនភាព​សំរាប់​ក្រុម​លក់​របស់​យើង​ ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។

ជាមួយគ្នា​នេះ​ លោក​សួ​ សូយ​ទ្រី​ប្រធាន​សាខា​ច្បារអំពៅ​នៃ​ក្រុមហ៊ុន ​Century21​ Dream​ Property ​បាន​សម្តែង​ក្តី​សប្បាយរីករាយ​ ដោយ​បាន​មានប្រសាសន៍​ថា​ ពានរង្វាន់​នេះ​ ជា​ពានរង្វាន់​សំរាប់​ការងារ​ជា​ក្រុម​ ហើយ​វា​ជា​ការ​លើកទឹកចិត្ត​យ៉ាង​សំខាន់​ ដើម្បីឲ្យ​យើង​ខិតខំ​សម្រេ​ចបា​នលទ្ឋ​ផល​កាន់តែ​ប្រសើរ​ថែមទៀត​។

លោកស្រី​ចន្ទី​ ទិវា​អគ្គ​នាយិកា​ក្រុមហ៊ុន ​Century21​ Advance​ Property ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ការ​ទទួល​បាន​ពានរង្វាន់​នេះ​ ជា​កិត្តិ​យក​ដ៏​ធំធេង​មួយ​ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​ និង​ការ​លើកទឹកចិត្ត​ពី​ការ​ទទួលស្គាល់​ស្នាដៃ​របស់​យើង​ ពិសេស​ការ​គាំទ្រ​ពីអ​តិថិ​ជន​កាន់តែ​ច្រើនជាង​មុន​។ លោកស្រី​បន្ត​ថា​ វា​ជា​ការ​លើកទឹកចិត្ត​កាន់តែ​សំខាន់​ ស្រប​ពេល​កក្រុមហ៊ុន​កាន់តែ​រីកចម្រើន​ និង​ពង្រីក​សាខា​ថ្មី​កាន់តែ​ធំជាង​មុន​ ហើយ​វា​ធ្វើឲ្យ​យើង​មាន​កំលាំង​ចិត្ត​ និង​ថាមពល​ដើម្បី​សម្រេច​ជោគ​ជ័យ​ធំៗ​ថែមទៀត​។

ទន្ទឹម​នឹងគ្នា​នេះ​ លោក ​Ken​ Lo​ អគ្គនាយក​ក្រុមហ៊ុន ​Century21​ Imperial​ Realty ​បាន​មានប្រសាសន៍​ថា​ លោក​ពិតជា​រីករាយ​នឹង​សមិទ្ឋ​ផល​ ដែល​ក្រុមហ៊ុន​ទទួល​បាន​នា​ពេលនេះ​ ហើយ​វា​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ការ​ខិតខំ​របស់​យើង​ ដើម្បី​សម្រេច​បាន​នូវ​កិត្តិយស​នេះ​។ លោក​បន្ត​ថា​ មិន​ត្រឹមតែ​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​របស់​យើង​នោះ​ទេ​ តែ​វា​ជា​មោទនភាព​ជាតិ​ទាំងមូល​ នៅ​លើឆាកអន្តរជាតិ​។

លោកស្រី​ Grace​ Rachny​ Fong ​នាយិកា​ក្រុមហ៊ុន ​Century21​ Cambodia​ បាន​មានប្រសាសន៍​ដោយ​បាន​សម្តែង​ការ​អបអរសាទរ​ ដល់​ជ័យលាភី​ទាំងអស់​ ដែល​បាន​ផ្តល់​សេវាកម្ម​ទិញ​លក់​ អចលនទ្រព្យ​នៅ​កម្ពុជា​ និង​បាន​ចូលរួម​ចំណែក​ធ្វើឲ្យ​ទីផ្សារ​កាន់តែ​មានការ​ធ្វើ​ពិពិធ​កម្ម​ កាន់តែ​មានទំនុក​ចិត្ត​ និង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អន្តរជាតិ​។

លោកស្រី​បន្ត​ថា​ “កាលមុន​គេ​អត់​សូវ​ស្គាល់​យើង​ យើង​ស្គាល់​គេ​ ហើយ​ទង់ជាតិ​យើង​ក៏​គេ​អត់​សូវ​ស្គាល់​ដែរ​ ប៉ុន្តែ​រាល់ថ្ងៃ​នេះ​គេ​មិន​ត្រឹមតែ​ស្គាល់​ទេ​ គេ​ចង់​មករ​កយើង​បន្ថែម​ទៀត​ ដោយសារ​មាន​ឪកាស​”។ លោកស្រី​បន្ត​ថា​ “ហេតុនេះ​ហើយ​បាន​ជា​លោក​គុយ​ វ៉ា​ត ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ​Century21​ Cambodia​ បាន​សម្រេ​ចិត្ត​យក​វា​មក​ជា​និមិត្តសញ្ញា​ ឬជា​ប្រេន​មួយ​ដែល​មានទំនុក​ចិត្ត​នៅក្នុង​ទីផ្សារ​”៕

សម្តេច​តេជោ​ប្រកាស​ថា​ ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទៀតហើយ​

0
ទំនប់វារីអគ្គិសនីសេសានក្រោម២។ រូបថត៖ សហការី

ដោយ​ វត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ នៅក្នុង​រាជ​ភ្នំពេញ​ នឹង​លែង​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀតហើយ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មក​ពី​ប្រទេស​ពីរ​ ចំនួន​ ៤០០មេ​ហ្គា​វ៉ាត់​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP​) ប្រមាណ​ ៣,១៦១នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ថ្ងៃទី​ ៣ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ រដ្ឋាភិបាល​បាន​អនុម័ត​រួចហើយ​នូវ​ការ​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស២​ គឺ​ ប្រ​ទេ​ហ្វាំងឡង់​ចំនួន​ ២០០មេ​ហ្គា​វ៉ាត់​ និង​អាល្លឺ​ម៉ង​ ២០០មេ​ហ្គា​វ៉ាត់​ សរុម​មាន​ចំនួន​ ៤០០មេ​ហ្គា​វ៉ាត់​ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំ​។

សម្តេច​ថា​ យើង​ត្រូវតែ​រៀប​ផែនការ​ថ្មី​ចំពោះ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​ការ​រីកចម្រើន​របស់​កម្ពុជា​ និង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​កង្វះ​ខាង​អគ្គិសនី​ប្រើប្រាស់​។

ជាមួយគ្នា​នេះ​ អគារ​ខ្ពស់​ៗនៅ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ច្រើន​ដោយ​ក្នុង​នោះ​មាន​អគារ​មួយ​អាច​ប្រើប្រាស់​ ​១០​ ទៅ​ ២០គីឡូវ៉ាត់​ម៉ោង​។

សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ឆ្នាំនេះ​ផង​ដែរ​ក៏​នឹង​បើក​ដំណើរការ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ ៣ផ្សេងទៀត​ ក្នុង​នោះ​រោងចក្រ​ចំនួន១​ មាន​អាច​ផលិត​បាន​ ៣៧៣គីឡូវ៉ាត់​ និង​មួយទៀត​ចំនួន​ ៣៧០គី​ឡូវ​វ៉ាត់​ ហើយនឹង​ដាក់​ដំណើរ​ថ្ងៃនេះ​ មាន​ចំនួន​ ១៣០គីឡូវ៉ាត់​។

សម្តេច​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​ សម្តេច​ក៏បាន​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​លើកកម្ពស់​វិស័យ​អគ្គ​សនី​នៅ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការ​បញ្ជាទិញ​ និង​ការ​តបណ្តាញ​អគ្កី​សនី​ពី​ប្រទេស​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​៕

ទីផ្សារ​កាន់តែ​ប្រកួតប្រជែង​គ្នា​នៅពេល​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ចូល​មកកាន់​តែ​ច្រើន​?

0
អគារលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ ​គ្រប​បណ្តា​អ្នកជំនាញ​ ក៏ដូចជា​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​សុទ្ធតែ​លើកឡើង​ថា​ វា​ជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​បំផុត​ នៅពេល​ដែល​មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​។

ទោះជាយ៉ាងណា​ អ្នកជំនាញ​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងគ្នា​ នៅក្នុង​ការកិច្ច​សហការ​ និង​វិធីសាស្ត្រ​នៃ​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​។

តាម​ទស្សនៈ​របស់​នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “ ធម្មតា​ប្រសិនបើ​ប្រទេស​យើង​មិន​មាន​ភាព​រីកចម្រើន​ ឬគ្មាន​ការ​អភិវឌ្ឍ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ទាញ​យក​ផលប្រយោជន៍​ត្រឡប់ទៅវិញ​បាន​នោះ​ទេ​ គឺ​គេ​នឹង​មិន​មក​នោះ​ឡើយ​”។ លោកស្រី​បាន​បន្ត​ទៀត​ ​; “វត្តមាន​របស់​ពួកគេ​ ក្រៅពី​ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​ វា​ក៏​ជា​កក្តាមួ​យជួយ​ជម្រុ​ញឱ្យ​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ផង​ដែរ​ តាមរយៈ​កាត​ប្រកួតប្រជែង​គ្នា​”។

​;លោកស្រី​តាំង​ ហួរ​បាន​បន្ត​ថា​ “ប៉ុន្តែ​ទោះជាយ៉ាងណា​ ដើម្បី​អាច​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​នេះ​ទាំងអស់គ្នា​ ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​មាន​កិច្ចសហការ​ជាមួយគ្នា​ជាចាំបាច់​ ដែល​វា​ប្រសើរ​ជាង​ការប្រកួត​ប្រជែង​ ឬលួចវាយប្រហារ​គ្នា​ពីក្រោយខ្នង​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ ក្នុងរយៈពេល​ខ្លី​ ព្រោះ​ការប្រកួត​ប្រជែង​គ្នា​ដោយ​គ្មាន​តម្លាភាព​ ឬការប្រកួត​ប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ វា​ជា​ទង្វើ​មួយ​ដែល​មិន​ត្រូវ​យក​មក​អនុវត្ត​នោះ​ទេ​។

ជាមួយគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ថា​ ពេល​ដែល​មាន​ក្រុមហ៊ុន​មាន​កេរ្តិ៍​ល្បី​លំដាប់​ពិភពលោក​ចាប់អារម្មណ៍​មកកាន់​ទីផ្សារ​កម្ពុជា​ ច្បាស់​ណាស់​ជា​សញ្ញា​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ នៅពេល​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ចូល​មក​ គឺ​វា​បាន​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​មានការ​ប្រកួតប្រជែង​ជាចាំបាច់​ ដើម្បី​ដណ្ដើមយក​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​។

​;លោក​បន្ត​ទៀត​ថា​ “នៅពេល​ដែល​មាន​ក្រុមហ៊ុន​ ដែល​ប្រកប​អាជីព​ឬមុខ​ជំនួញ​រួម​វិស័យ​ជាមួយគ្នា​ គឺ​បាន​បង្ហាញ​ច្បាស់​ទៅ​ហើយ​ថា​ គឺជា​ការប្រកួត​ប្រជែង​រួចជាស្រេច​ ទាស់​ត្រង់ថា​ ការប្រកួត​ប្រជែង​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​ ប្រកបដោយ​ភាព​ស្មោះត្រង់​ និង​គោរព​ទៅតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​ឬអត់​តែប៉ុណ្ណោះ​”។

យ៉ាងណាក៏ដោយ​ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​គឺ​ត្រូវតែ​មាន​ កុំឱ្យ​តែ​អនុវត្ត​ខុល​ពី​គោលការណ៍​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។ នៅពេល​មិន​មានការ​ប្រកួតប្រជែង​ យើង​នឹង​មិនដឹង​ថា​ក្រុមហ៊ុន​របស់​យើង​ ដែល​កំពុងតែ​ដំណើរការ​នេះ​មាន​សក្តា​នុ​ពល​ប៉ុនណា​ នៅក្នុង​វិស័យ​មួយ​នេះនោះ​ទេ​ ហើយក៏​មិនបាន​ដឹងពី​ភាព​រីកចម្រើន​របស់​ខ្លួន​ដែរ​ ដូច្នេះ​ការប្រកួត​ប្រជែង​ត្រូវតែ​មាន​។

ជាមួយគ្នា​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong ​បាន​មានប្រសាសន៍​ថា​ ពជឿជាក់​គឺជា​គ្រឹះ​ ឬក៏​ជំនឿ​នៅក្នុង​ការ​ធ្វើអាជីវកម្ម​របស់​ពួក​យើង​ក្នុងនាម​ជា​ Century​ 21​ Cambodia​ សមាជិក​មហា​គ្រួសារ​យើង​ ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ២០១៣​ រហូតមកដល់​ពេលនេះ​ យើង​មាន​អនាគត​។ យើង​អត់​ដែល​ធ្វើការ​ប្រកួតប្រជែង​គ្នា​ទេ​។

លោកស្រី​បន្ត​ថា​ “ពាក្យមួយម៉ាត់​គត់​ គឺ​យើង​ចង់​សហការ​ជាមួយគ្នា​ ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ អត់​ចង់​យកពេល​ដែល​ទៅ​ប្រកួតប្រជែង​គ្នា​ ដើម្បី​វ៉ៃ​យក​ទីផ្សារ​តែម្នាក់ឯង​ទេ​ ប៉ុន្តែ​ជា​ទស្សនៈ​ (Philosophy​) របស់​យើង​គឺ​សហការ​គ្នា​ឈ្នះ​ ឈ្នះ​ (win​ win​) ទាំងសងខាង​”។ លោកស្រី​បន្ត​ថា​ “ចំណេញ​ទាំងសងខាង​ អភិវឌ្ឍ​ទីផ្សារ​ជាមួយគ្នា​ ទោះបីជា​ក្រុមហ៊ុន​គាត់​តូច​ក៏ដោយ​ ក្រុមហ៊ុន​ធំប៉ុន​មហាយក្ស​ក៏ដោយ​ ដែល​ឈាន​ចូល​មកកាន់​ទីផ្សារ​នេះ​ ក៏​យើង​ស្វាគមន៍​ដែរ​”៕

វិភាគៈ តើ​តំបន់​ណា​នៃ​ទិស​ទាំងបួន​របស់​រាជធានី​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្មលំដាប់​អន្តរជាតិ​

0
មហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ រូបថត៖ សហការី

ដោយ​ យិន​ លាង​គង់​ ស្ថាបនិក​និង​ជា​អគ្គនាយក​ Propertyarea.asia​

ភ្នំ​ពេញៈ​ ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​បាន​មក​ពី​កំលាំង​ចលករ​សំ​ខាន់​ៗចំនួន៤​ មាន​វិស័យ​ចំនួន​មួយ​កំពុង​លេចធ្លោ​ជាងគេ​ គឺ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​។

ជាមួយនឹង​ការ​កើនឡើង​នូវ​កត្តា​ប្រជា​សាស្រ្ត​ កំនើ​ននៃ​ប្រា​ក់់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ដោយសារ​កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​យ៉ាង​ត្រឹមត្រូវ​ បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​។

ដោយសារ​កត្តា​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​ជាបន្តបន្ទាប់​រហូតដល់​កើន​ទំហំ​ ៦៧៨គីឡូម៉ែត្រ​ការ៉េ​ ដែល​ធ្វើឲ្យ​ទីក្រុង​ដ៏​ស្ងប់ស្ងាត់​នេះ​មាន​មនុស្ស​រស់នៅ​ប្រមាណ​ ២លាន​នាក់​ ដោយ​ចំនួន​នេះ​មិនរាប់​ពី​ប្រជាជន​ចេញ​ ចូល​ជាប្រចាំ​ប្រមាណ​ ១លាន​នាក់​ជា​រៀងរាល់ថ្ងៃ​នៅឡើយ​។

អ្នក​អភិវឌ្ឍន៍​នៃ​ទិស​ទាំង៤​ របស់​រាជធានី​ តែង​លើក​ពី​គុណ​សម្បត្តិ​រៀង​ៗខ្លួន​នៅ​តំបន់​ដែល​ខ្លួន​បាន​វិនិយោគ​ ប៉ុន្តែ​ដើម្បី​វិភាគ​ទៅលើ​បញ្ហា​ទាំងអស់​នេះ​ និង​ចង់​ដឹង​ថា​តើ​តំបន់​ដែល​ពួកគេ​លើកឡើង​ពិតជា​ត្រឹមត្រូវ​ឬអត់​? យើង​ត្រូវ​មើល​ពី​ចក្ខុវិស័យ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ទីតាំង​ និង​ Master​ Plan​ របស់​តំបន់​និ​មួយ​ៗ។

ការពិត​ហើយ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​ Master​ Plan​ ជាលើកដំបូង​របស់​រាជធានី​ភ្នំពេញ​ សម្រាប់​រយៈពេល២០ឆ្នាំ​ គឺ​ចាប់តាំងពី​ឆ្នាំ២០១៥​ ដល់​ឆ្នាំ២០៣៥​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ Master​ Plan​ ដែល​មិនទាន់​មានការ​រៀបចំ​លំអិត​ទៅលើ​ការប្រើ​ប្រាស់​ដីធ្លី​ ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ឲ្យបាន​លំអិត​នៅឡើយ​ទេ​។

អគ្គនាយក​ក្រុមហ៊ុន​ Pointer​ Property​ Co​, Ltd​ លោក​ ងួន​ ឆាយ​លាង​ បាន​មានប្រសាសន៍​ក្នុង​ពេល​លោក​ទទួល​លក់​ខុន​ដូ​ Urban​ Village​ ដំណាក់កាល​ទី២បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តំបន់​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​)ជា​តំបន់​ដែល​មានការ​រៀបចំ​បាន​យ៉ាង​ល្អ​ ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​លើ​ដី​ ដោយ​តំបន់​នេះ​មានផ្លូវ​ធំជាង​គេ​នៅក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ដី​គឺ​ប្រព័​ន្ឋ​លូ​ត្រូវ​បាន​រៀបចំ​យ៉ាង​ធំ​ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​នេះ​ ហើយ​វា​ជា​ការ​បើក​ឳកាស​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ អាច​រៀបចំ​គំរោង​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ និង​ស្របតាម​ Master​ Plan​ របស់​ ING​ CITY​។

លោក​បន្ត​ថា​ “វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ ដែល​មាន​លក្ខណៈ​អំណោយផល​ឲ្យ​ក្រុមហ៊ុន​នានា​អាច​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​ខ្លួន​បាន​ល្អ​ ដោយសារ​វា​ជា​តំបន់​ថ្មី​ ជាទី​ក្រុង​ថ្មី​ដែល​មាន​លក្ខណៈ​ស៊ីវិល័យ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​ក្រុមហ៊ុន​ ING​ CITY​ បាន​ធ្វើការ​យ៉ាង​ម៉ត់ចត់​ នៅក្នុង​ការសាងសង់​សំ​ណង់​ផ្សេង​ៗ ដើម្បី​ធ្វើឲ្យ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ដោយមាន​របៀបរៀបរយ​”។

ជាមួយ​នឹង​សក្តា​នុ​ពល​ដែល​បាន​និង​កំពុង​បង្ហាញ​ បុ​រី​ធំៗ​ជាច្រើន​បាន​លេច​វត្តមាន​នៅ​តំបន់​នេះ​ ហើយ​ផ្សារ​ទំនើប​ធំៗ​ចំនួន២កំពុង​សាងសង់​ គឺ​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ជីព​ ម៉ុង​ និង​ផ្សារ​ទំនើប​របស់​បុរី​ប៉េង​ ហួត​ដែល​បាន​បោះទុន​វិនិយោគ​យ៉ាង​ធំ​នៅ​តំបន់​នេះ​។

ជាមួយគ្នា​នេះ​ តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា​ ក៏​កំពុង​លេចធ្លោ​ផង​ដែរ​ ពិ​សស​ក្រុមហ៊ុន​បុ​រី​ធំៗ​បាន​និង​កំពុង​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់​នេះ​ ខណៈ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ក៏​ត្រូវ​បាន​រៀបចំ​ និង​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផង​ដែរ​ ប៉ុន្តែ​តើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បែប​ណា​ ដែល​អាច​ភ្ជាប់​ចូល​មក​កណ្តាល​ក្រុង​ជាង​ មាន​ចម្ងាយ​កៀក​នឹង​ទីក្រុង​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាង​គេ​ គឺ​នៅតែ​ស្ថិត​ក្នុង​មន្ទិល​នៅឡើយ​។

មហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ រូបថត៖ សហការី

តំបន់់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ ត្រូវ​បាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​យ៉ាង​ល្អ​ប្រសើរ​ ដែល​វា​ជាទី​តាំង​ស័ក្តិសម​ជាទី​ក្រុង​ថ្មី​ ព្រោះ​តំបន់​នេះ​អាច​មាន​សភាព​ដូចជា​ផ្លូវ​ Orkider​ នៅ​ប្រទេស​សឹង្ហ​បុរី​ ដែល​មាន​ផ្សារ​ទំនើប​ប្រមាណ៣០ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​នេះ​ ពិសេស​ ដោយសារ​វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ អ្នក​វិនិយោគ​ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​វិនិយោគ​ ពិសេស​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៅ​តំបន់​នេះ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ភី​ នី​ដូ​ណា​នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Pointer​ Property​ Co​, Ltd​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នា​ពេល​អនាគត​ តំបន់​ភាគ​ខាងត្បូង​រាជធានី​នឹង​ក្លាយជា​ទីក្រុង​ថ្មី​ ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ​ នឹង​មានតម្លៃ​ខ្ពស់​លើស​តំបន់​បឹងកេងកង១នា​ពេល​អនាគត​”។លោក​បន្ត​ថា​ “ភាព​ប្រទាក់ក្រឡា​នៃ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ពិសេស​ក្រុម​ហ៊ុន​ធំៗ​កំពុង​វិនិយោគ​ផ្សារ​ទំនើប​នៅ​តំបន់​នេះ​ នឹង​ធ្វើឲ្យ​តំបន់​នេះ​ក្លាយជា​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម​ថ្មី​ ជាទី​ក្រុង​ថ្មី​នា​ពេល​អនាគត​”។

ជាមួយគ្នា​នឹង​ទស្សនទាន​ខាងលើ​ វា​ហាក់​មាន​ភាព​ចៃដន្យ​មួយ​ ដែល​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) និង​សាលាក្រុង​ប៉ារីស​កំពុង​សិក្សា​ និង​រៀបចំ​សាង​សង់​ប្រព័​ន្ឋ​លូ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់​បៃតង​ ស្របតាម​ផែនការមេ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សាលាក្រុង​ប៉ារីស​ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កំពុង​សិក្សា​លើ​ផែនការ​ស្រដៀងគ្នា​នេះ​ ពិសេស​សិក្សា​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដើម្បី​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​នេះ​មិន​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​នា​ពេល​អនាគត​ ដោយសារ​តំបន់​ភាគ​ខា​ត្បូង​មាន​ភាព​រីកចម្រើន​លឿន​ជា​មួ​យកំនើ​នប្រ​ជា​សាស្រ្ត​ និង​ការ​សាង​សង់​ព្រលា​នយន្តហោះ​ អន្តរជាតិ​ភ្នំពេញថ្មី​ ដែល​តភ្ជាប់​រវាង​ផ្លួវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ និង​ការ​តភ្ជាប់​មកកាន់​តំបន់​នេះ​នា​ពេល​អនាគត​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ និង​កំនើ​នប្រ​ជា​សាស្រ្ត​កើនឡើង​នៅ​ទីក្រុង​ភ្នំពេញ​ មិនមែន​ជា​រឿង​គួរឲ្យ​ចម្លែក​នោះ​ទេ​។ នេះ​ជា​និន្នាការ​សាកល​មួយ​ ដែល​បណ្តា​ប្រទេស​កំពុង​លេចឡើង​នានា​ ជួប​បញ្ហា​ប្រឈម​បែបនេះ​។លោក​បន្ត​ថា​ ការ​រីកចម្រើន​នៃ​រាជធានី​ភ្នំពេញ​ បាន​សាយភាយ​ទៅ​គ្រប់ទិស​ ប៉ុន្តែ​ទិស​ណា​ដែល​ស័ក្តិសម​ជាទី​ក្រុង​ថ្មី​ ទិស​ណា​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ វា​នឹង​ក្លាយជា​ទីក្រុង​ថ្មី​ និង​ធ្វើឲ្យ​តម្លៃ​អចល​ទ្រព្យ​កើនឡើង​ខ្ពស់​នា​ពេល​អនាគត​ ជា​រឿង​ធម្មតា​រវាង​តម្រូវការ​និង​ការ​ផ្គត់ផ្គង់​។

លោក​បន្ត​ថា​ “និន្នាការ​ការ​រីកចម្រើន​ឆ្ពោះ​ទិសខាងត្បូង​ មាន​ភាព​សម​ហេតុផល​ ដោយសារ​ ING​ CITY​ ជាទី​ក្រុង​រណប​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មានផ្ទៃ​ដី​ជាង២៣០០ហិ​កតា​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ទៅកាន់​ផ្លួវ​ជាតិ​សំ​ខាន់​ៗ មាន​ភាព​ងាយស្រួល​”។ លោក​បន្ត​ថា​ “តការ​ភ្ជាប់​ពី​តំបន់​នេះ​ទៅកាន់​ផ្លួវ​ជាតិ​លេខ១​ លេខ២​ លេខ៣​ និង​ផ្លូវជាតិ​លេខ៤​ មាន​ភាព​រលូន​”។

លោ​កយិន​ លាង​គង់​បាន​បន្ត​ថា​ ទោះជាយ៉ាងណា​រោងចក្រ​ សហគ្រាស​នានា​បាន​និង​កំពុង​ក្លាយជា​ឧបសគ្គ​មួយ​ផង​ដែរ​ ប្រសិនជា​យើង​មើល​បរិយាកាស​រស់នៅ​តំបន់​នេះ​ ដោយសារ​ការ​បំពុល​ផ្សែង​ ប៉ុន្តែ​នា​ពេល​អនាគត​រោងចក្រ​ សហគ្រាស​នៅ​តាម​តំបន់​នេះ​ នឹង​រើ​ចាកចេញ​ទៅ​តំបន់​ជាយក្រុង​ តាម​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

តីត​វីរ​ស្ថាបត្យករ​កម្ពុជា​ លោក​វណ្ណ​ ម៉ូ​លីវ​ណ្ណ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ រាជធានី​ភ្នំពេញ​គួរ​អភិវឌ្ឍន៍​ឆ្ពោះទៅ​កាន់​ភាគ​ខាង​តង្បូ​ង ដោយសារ​ហេតុផល​សំ​ខាន់​ៗមួយចំនួន​ ទី១​ សណ្ឋានដី​ខ្ពស់​ មិន​ប្រឈមមុខនឹង​ការ​លិចទឹក​ជំនន់​ ទី២​ ជា​តំបន់​មានផ្ទៃ​ដី​ទូលាយ​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​ទី៣ជា​ចំណុចប្រសព្វ​នៃ​ផ្លូវជាតិ​សំ​ខាន់​ៗចូល​មកកាន់​រាជធានី​ភ្នំពេញ​៕

តើ​និយោជក​ និង​កម្មករ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​ចុះ​កិច្ចសន្យា​ការងារ​?

0
និយោជក​ និង​កម្មករ​ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​ចុះ​កិច្ចសន្យា​ការងារ

ដោយ​ វុត្ថា​

ភ្នំពេញ​៖​ តាមច្បាប់​ការងារ​ និយោជក​អាច​ជា​រូបវន្ត​បុគ្គល​ (មនុស្ស​) ឬជា​នីតិបុគ្គល​ (ក្រុមហ៊ុន​ រោងចក្រ​ អង្គការ​ សមាគម​ សហជីព​…)។ ជាគោល​ការណ៍​និយោជក​ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​ មាន​អាជ្ញាប័ណ្ណ​ឬលិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ និង​បាន​បំពេញបែបបទ​នៃ​ការ​ជូនដំណឹង​ ពី​ការ​បើក​សហគ្រាស​ជាមួយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លើស​ពីនេះ​ទៀត​ បុគ្គល​ដែល​តំណាង​ឲ្យ​និយោជក​ ត្រូវតែ​ជា​នីតិជន​ (អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​ឡើង​ទៅ​) និង​មាន​ឯកសារ​តែងតាំង​ឬ ផ្ទេរសិទ្ធិ​ឲ្យ​ចុះ​កិច្ចសន្យា​ការងារ​។

ចំពោះ​កម្មករ​និយោជិត​វិញ​ ជាគោល​ការណ៍​ទូទៅ​ច្បាប់​ការងារ​កំណត់​ថា​ មនុស្ស​អាយុ​ចាប់ពី១៥ឆ្នាំ​ឡើង​ទៅ​អាច​ធ្វើការងារ​បាន​ហើយ​។ ប៉ុន្តែ​មានការ​ងារ​ប្រភេទ​ខ្លះ​ច្បាប់កំណត់​ថា​ ទាល់តែ១៦​ ឆ្នាំ​ឬ១៨​ ឆ្នាំ​ទើប​អាច​ធ្វើការងារ​បាន​ ឬក្នុងករណី​ខ្លះ​អាយុ១២ឆ្នាំ​ ក៏អាច​ធ្វើការងារ​បាន​ផង​ដែរ​។

ដូច្នេះ​ទាក់ទង​នឹង​អាយុ​ដែល​អាច​ធ្វើការងារ​នេះ​ គេ​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​លម្អិត​ ដែល​កំណត់​នៅក្នុង​ច្បាប់​ការងារ​។

សូម​កត់សម្គាល់​ថា​ នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​ អ្នកបញ្ជា​ទិញ​បាន​ដាក់​លក្ខខណ្ឌ​មក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ឲ្យ​ទទួលយក​មក​ធ្វើការ​តែ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​។ បុគ្គល​ដែល​ជា​នីតិជន​អាច​ចុះ​កិច្ចសន្យា​ការងារ​ដោយខ្លួនឯង​បាន​។

ចំពោះ​បុគ្គល​ដែល​ជា​អនីតិជន​ (អាយុ​ក្រោម​ ១៨ឆ្នាំ​) ដែល​អាច​ធ្វើការងារ​បាន​ គឺ​ឪពុក​ម្តាយ​ឬអាណាព្យាបាល​ជា​អ្នក​ចុះ​កិច្ចសន្យា​ជំនួស​។

ឯកសារ​ដែល​កម្មករ​និយោជិត​ត្រូវ​ផ្តល់​ឲ្យ​និយោជក​ មាន​ដូចជា​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ សញ្ញាបត្រ​ឬវិញ្ញាបនបត្រ​លិខិតបញ្ជាក់​លំនៅ​ លិខិតបញ្ជាក់​អំពី​ចរិយា​ឬមា​យា​ទរ​បស់​កម្មករ​ និយោជិត​ លិខិត​ថ្កោលទោស​។ល។ ទៅតាម​ប្រភេទ​នៃ​មុខងារ​ដែល​ពួកគេ​ត្រូវ​ធ្វើ​៕

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​នឹង​បង្ហាញ​និម្មិត​សញ្ញាថ្មី​ជាមួយ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​

0
គ្រួសារ Century21​ Cambodia ថតរូបអនុស្សាវរីយ៍

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Century21​ Cambodia ​នឹង​ប្រា​រព​ពិធី​ប្រកាស​ និង​ផ្សព្វផ្សាយ​នូវ​និម្មិត​សញ្ញាថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ នៅ​ថ្ងៃទី២​ មិថុនា​ខាងមុខនេះ​។

ការ​បង្ហាញ​នូវ​និមិត្តសញ្ញា​ថ្មី​ ដែល​មាន​ភាព​ច្នៃប្រឌិត​ និង​រចនា​យ៉ាង​ល្អឥតខ្ចោះ​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ លំដាប់​ពិភពលោក​ Century21​ ដែល​មាន​សាខា​រហូតដល់៨២ប្រទេស​ វា​មិន​ត្រឹមតែ​ជា​ការ​ចំណាយ​ប្រាក់​នោះ​ទេ​ តែ​វា​ជា​ការ​បង្ហាញ​នូវ​ទំនុកចិត្ត​ថ្មី​ ដែល​មានការ​សាទរ​ពី​សមាជិក​របស់​ក្រុមហ៊ុន​នេះ​ នៅ​ទូទាំង​សាកលលោក​។

លោកស្រី ​Grace​ Rachny​ Fong ​នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រយៈពេល៤៧ឆ្នាំ​មកនេះ​ ចាប់តាំងពី​ក្រុមហ៊ុន​ Century21 ​ចាប់​កំនើ​តនៅ​សហរដ្ឋអាមេរិក​ នេះ​ជា​លើក​ទី១ដែល​ក្រុមហ៊ុន​នេះ​បាន​កែច្នៃ​ និ​វង​រចនា​បែប​ថ្មី​នូវនិម្មិតសញ្ញារបស់​ខ្លួន​ ដែល​និម្មិតសញ្ញា​ថ្មីនេះ​ ក្រុមហ៊ុនមេ​បាន​ចំណាយ​ប្រាក់​ខ្ទង់២លាន​ដុល្លារ​អាមេរិក​។

លោកស្រី​បន្ត​ថា​ “ចំណុច​ស្នូល​នៃ​និម្មិត​សញ្ញាថ្មី​នេះ​ “គឺ​ភាព​ឆ្លាត​ សាមញ្ញ​ និង​ទំនើប​”។លោកស្រី​បន្ត​ថា​ “យើង​សុបិន​ធំ​ និង​ដើរ​ឲ្យ​កាន់តែ​លឿន​ ដើម្បី​ផ្តល់​សេវាកម្ម​លើស​ពី​ការ​រំពឹង​ទុក​របស់​យើង​លើស​ពី១២១ភាគរយ​ ហើយ​សេវាកម្ម​របស់​យើង​ផ្តល់​ជូន​អតិថិជន​លើស​ពី​ការ​រំពឹង​ទុក​ ជាមួយ​ជំនឿ​ចិត្ត​ រហ័ស​ រួសរាយ​ រាក់​ទា​ក់់​ចេញពី​បេះដូង​របស់​យើង​”។

និម្មិត​សញ្ញាថ្មី​នេះ​ ទទួល​បានការ​គាំទ្រ​ជាង ២០០ភាគរយ​នៅ​អាមេរិក​ ដែល​រូបរាង​និម្មិត​សញ្ញាថ្មី​នេះ​មាន​ភាព​ទាន់សម័យ​ និង​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​ទិញ​ Franchise ​ពី​អាមេរិក​មាន​មោទនភាព​”។

C21​ Brand​ បាន​សំរេច​ចេញ​ជារូបរាង​យ៉ាង​ឆើតឆាយ​ សំរាប់​ឆ្នាំ២០១៩​ ដែល​នឹង​បង្ហាញ​ពី​ភាព​ឆ្នៃ​ប្រឌិត​ ជាមួយនឹង​ការបង្កើត​នូវ​និម្មិត​សញ្ញាថ្មី​ ហើយ​ពួក​យើង​រក្សា​ការ​ជឿជាក់​ទៅលើ​ភាព​ឆ្នៃ​ប្រឌិត​ ចក្ខុវិស័យ​របស់​យើង​គឺ​៖ ក្រុមហ៊ុន​អចលនទ្រព្យ ​C21​ Brand​ ក្នុង​អាយុកាល៤៧ឆ្នាំនេះ​ គឺជា​លើកដំបូង​បង្អស់​ហើយដែល​ពួក​យើង​ និង​ ប្តូរ​គ្រប់យ៉ាង​ទាំងអស់​។

Our​ Value​ គុណ​តម្លៃ​ស្នូល​ គឺ​មាន​សុបិន​ធំ​តែ​ត្រូវ​ដើរ​អោយ​លឿន​មានន័យថា​ គំ​និ​តធំៗ​ តែងតែ​កកើត​ឡើង​ដោយ​ពួក​យើង​ហ៊ាន​ប្រឈម​នឹង​បញ្ហា​ ហើយ​ហ៊ាន​សួរ​ខ្លួនឯង​ថា​ “ថា​តើ​ពួក​យើង​អាច​ធ្វើអោយ​មានផល​ប៉ះពាល់​ដ៏​ធំៗ​អ្វីខ្លះ​។

ជាមួយគ្នា​នេះ​ដែរ​ គុណ​តម្លៃ​ស្នូល​របស់់​យើង​គឺ​ផ្តល់​អោយ121​% ដោយ​មិនគ្រាន់​តែ​អោយ100​%ទេ​ តែ​ពួក​យើង​នឹង​ផ្តល់​ឲ្យ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ បន្ថែម​លើស​ពី​ការ​រំពឹង​ទុក​។ ការ​រំលេច​ចេញ​ជារូបរាង​របស់​យើង​មាន​ពណ៌៥ជា​ចំបង​ ជាមួយនឹង​និម្មិត​សញ្ញាថ្មី​នេះ​ ត្រូវ​បាន​អ្ន​កឌី​សាញ​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​ និង​ការបង្កើត​ថ្មី​បា​នប​ញ្ចូ​លព៌​ណសំ​ខាន់​ៗចំនួន៥​ នៅ​លើ​ Logo ​ថ្មី​ដ៏​ឆើតឆាយ​នេះ​។

ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ Century21​ នៅ​សហរដ្ឋអាមេរិក​នៅតែ​រក្សា​អាវ​ព៌​ណមាស​ដដែល​ ដោ​យសារព៌​ណរបស់​អាវ​នេះ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ និង​ជា​តម្លៃ​អត្តសញ្ញាណ​មួយ​ ដែល​មានការ​ទទួលស្គាល់​ជាសាកល​ ព្រោះ​ពេល​ពអតិថិជន​ឃើញ​អាវ​ព៌​ណមាស​ ពួកគេ​ស្គាល់​អត្តសញ្ញាណ​របស់​យើង​ ជា​ក្រុមហ៊ុន​ Century21​។

ជាមួយគ្នា​នេះ​ លោក​គុយ​ វ៉ា​តប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Century21​ Cambodia ​បាន​មានប្រសាសន៍​ ដោយ​បាន​សម្តែង​ការ​កោតសរសើរ​ក្រុមហ៊ុន​ជាស​មា​ជិ​ក Century21​ Family​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួ​លបានលទ្ឋ​ផល​ត្រចះត្រចង់​ ក្នុង​ការ​ផ្តល់​សេវាកម្ម​របស់​ខ្លួន​។

លោក​បន្ត​ថា​ ការចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ជាស​មា​ជិ​កនៃ ​Century21​ Family​ នៅ​អាមេរិក​ និង​បណ្តា​ប្រទេស​ដទៃទៀត​ បាន​ធ្វើឲ្យ​ពួកគេ​មាន​ភាព​រីកចម្រើន​ ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ ដែល​នេះ​ប្រៀប​ដូចជា​ការ​លឺ​គេ​និយាយ១០០ដង​ មិនបាន​ស្មើនឹង​ចូលរៀន​ឬបានឃើញ​ម្តង​។ ជាមួយនឹង​និម្មិត​សញ្ញាថ្មី​ ដែល​ Century21​ នៅ​សហរដ្ឋអាមេរិក​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ២លាន​ដុល្លារ​អាមេរិក​។

​ជាមួយនឹង​ការ​នាំមក​យក​ម៉ាក​យីហោ​ Century21​ Cambodia​ ដោយក្រុម​ហ៊ុន​ VTRUST​ GROUP ​កាលពី​ឆ្នាំ២០១៣​ ក្រុមហ៊ុន​នេះ​បាន​ និង​កំពុង​ធ្វើឲ្យ​ទីផ្សារ​កាន់តែ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​មានការ​យល់​ដឹង​កាន់់​តែ​ប្រសើរ​បាន​ងាក​មក​ប្រើប្រាស់​សេវាកម្ម​ មាន​លក្ខណៈ​ជា​កញ្ចប់​របស់​សមាជិក​នៃ​ក្រុមហ៊ុន​ Century21​ Cambodia​។

លោកស្រី ​Grace​ Rachny​ Fong ​នាយិកា​ក្រុមហ៊ុន ​Century21​ Cambodia ​បាន​មានប្រសាសន៍​ថា​“កាលពីមុន​គេ​អត់​សូវ​ស្គាល់​យើង​ យើង​ស្គាល់​គេ​ ហើយ​ទង់ជាតិ​យើង​ក៏​គេ​អត់​សូវ​ស្គាល់​ដែរ​ ប៉ុន្តែ​រាល់ថ្ងៃ​នេះ​គេ​មិន​ត្រឹមតែ​ស្គាល់​ទេ​ គេ​ចង់​មករ​កយើង​បន្ថែម​ទៀត​ ដោយសារ​មាន​ឪកាស​”។ លោកស្រី​បន្ត​ថា​ “ហេតុនេះ​ហើយ​បាន​ជា​លោក​គុយ​ វ៉ា​ត ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Century21​ Cambodia​ បាន​សម្រេ​ចិត្ត​យក​វា​មក​ជា​និមិត្តសញ្ញា​ ឬជា​ប្រេន​មួយ​ដែល​មានទំនុក​ចិត្ត​នៅក្នុង​ទីផ្សារ​”៕

លោកស្រី​ ចេវ​ សុ​ឃុន​ ដឹកនាំ​ក្រុម​ថ្នាក់ដឹកនាំ​ CREA​ ទៅ​សិក្សា​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​សឹង្ហ​បុរី​

0
លោក​ស្រី​ចេវ​ សុ​ឃុន ​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ទៅ​ទទួលការ​បណ្តុះបណ្តាល​ ​(CIPS​) នៅ​​សឹង្ហ​បុរី​

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ស្រី​ចេវ​ សុ​ឃុន​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ និង​សមាជិកសមាគម​ទៅ​ទទួលការ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​(CIPS​)នៅ​ប្រទេស​សឹង្ហ​បុរី​ក្នុងរយៈពេល​មួយ​សប្តាហ៍​។

ការចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ ជាផ្នែក​មួយ​នៃ​បេសកកម្ម​របស់​សមាគម​ ក្នុង​ការជំរុញ​ការ​ពង្រឹង​សមត្ថភាព​ធនធាន មនុស្ស​ ដើម្បី​ចែករំលែក​បទពិសោធន៍​ដល់​អ្នក​នៅក្នុង​វិស័យ​នេះ​ ក្នុង​ក្របខ័ណ្ឌ​សមាគម​ ក៏ដូចជា​ក្របខ័ណ្ឌ​ជាតិ​។

ជាមួយនឹង​ឳកាស​ដ៏​ល្អ​នេះ​ លោក​ឃាង​ ពុទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​ Singapore​ Estate​ Agent​ Association ​ផង​ដែរ​។ ការ​ចុះ​អនុស្សរណៈ​នេះ​ ជាផ្នែក​មួយ​នៃ​ការ​ពង្រឹង​ភាពជា​ដៃគូ​ ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ និង​ចែករំលែក​កម្មវិធី​សិក្សា​ពីគ្នា​ទៅវិញទៅមក​ផង​ដែរ​។

លោក​ស្រី​ចេវ​ សុ​ខុន​បាន​មា​មន​ប្រសាសន៍​ថា​ ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធ្វើឲ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​ដោយ​ចីរភាព​ ព្រោះ​បើ​គ្មាន​ធនធានមនុស្ស​ពូកែ​ មាន​ជំនាញ​ខ្ពស់​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ក៏​មិន​មាន​ភាព​រលូន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ការ​ទទួលការ​បណ្តុះបណ្តាល​ ពី​អ្នកជំនាញ​លំដាប់​ពិភពលោក​ ជាផ្នែក​មួយ​យ៉ាង​សំខាន់​ ដែល​យើង​ត្រូវការ​ជាចាំបាច់​ ដើម្បី​ពង្រីក​ក្រុមហ៊ុន​របស់​សមាជិក​និ​មួយ​ៗកាន់តែ​រីកចម្រើន​ និង​អភិវឌ្ឍន៍​វិស័យ​នេះ​ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ជា​ទស្សនទាន​ដើម​របស់​សមាគម​ ដើម្បី​លើក​កំពស់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ ព្រោះ​វិស័យ​នេះ​មានការ​រីកចម្រើន​លឿន​ ដែល​ធ្វើឲ្យ​កម្ពុជា​ជួប​កង្វះខាត​ធនធានមនុស្ស​ ហើយ​បណ្តា​ក្រុមហ៊ុន​អនន្តរ​ជាតិនានា​បាន​យក​ធនធានមនុស្ស​របស់​ពួកគេ​មក​ធ្វើការ​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ការបង្កើត​សមាគម​នេះ​ឡើង​ គោលដៅ​ចំបង​គឺ​ពង្រឹង​ធនធានមនុស្ស​ ទាក់ទាញ​ការ​វិនិយោគ​ ក៏ដូចជា​ ជម្រុ​ញធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​ និង​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​”៕

ABA​ នឹង​បោះផ្សាយ​ប័ណ្ណបំណុល​ ២៥​ លាន​ដុល្លារ​ចូលក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​

0

ដោយ​ ៖ ម៉ា​ណេត

​ភ្នំពេញ​ ៖ ធនាគារ​ ABA​ (ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ ) បាន​ប្រកាស​ជា​ធា​រណៈ​ថា​ ខ្លួន​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ ឬមូលបត្រ​បំណុល​ដែល​មានតម្លៃ​ ២៥លាន​ដុល្លារ​ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​។

ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank​) ដែល​ជាស​មា​ជិ​កសម្ពន្ធ​ធនាគារជាតិ​កាណាដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ធនាគារ​ទទួល​បានការ​អនុម័ត​ពី​ធនាគារជាតិនៃកម្ពុជា​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការបោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ខ្លួន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ធនាគារ​ ABA​ គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​សាធារណៈ​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ 100​ ពាន់​លាន​រៀល​ (25​ លាន​ដុល្លារ​អាមេរិក​)។

សញ្ញា​បណ្ណ​នេះ​ មាន​រយៈពេល​ 3 ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី​ 7.00​% ទៅ​ 7.75​% ក្នុង​មួយឆ្នាំ​។ ធនាគារ​ ABA​ នឹង​ដាក់​ជូន​ឯកសារ​ផ្តល់​ព័ត៌មាន​ ដើម្បី​ស្នើសុំ​ការ​អនុម័ត​យល់ព្រម​ ក្នុង​ការបោះផ្សាយ​នេះ​ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC​) សម្រាប់​នីតិវិធី​បន្ត​ទៀត​។ យើង​រំពឹង​ថា​សញ្ញា​បណ្ណ​នេះ​ នឹង​ត្រូវ​ចុះបញ្ជី​លក់​ នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ទឹកប្រាក់​ បាន​ពី​ការបោះផ្សាយ​លក់​សញ្ញា​បណ្ណ​ នឹង​ត្រូវ​យក​មក​ប្រើ​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​ ក៏ដូចជា​ការ​បង្កើន​ចំនួន​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​ ដែល​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូចបំផុត​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​រួមមាន​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ផង​ដែរ​។

ក្រុមហ៊ុន​ អេ​សប៊ី​អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ (SBI​ Royal​ Securities​) គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​តែមួយគត់​ សម្រាប់​ការបោះផ្សាយ​នេះ​៕