ADB​ និង​ MIGA​ នឹង​បង្កើន​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​

0

ប្រែ​សម្រួល​ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) និង​ភ្នាក់ងារ​ធានា​ឲ្យ​ការ​វិនិយោគ​ពហុភាគី​ (MIGA​) ដែល​ជាផ្នែក​មួយ​របស់​ធនាគារពិភពលោក​ បាន​យល់ព្រម​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​បង្កើន​លំហូរ​វិនិយោគទុន​ឯកជន​ នៅក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ដោយ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ឆ្នាំ២០៣០​។

ស្ថាប័ន​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ សហប្រតិបត្តិ​ការ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​នឹង​ពិចារណា​ការប្រើ​ប្រាស់​ផលិតផល​ហិរញ្ញវត្ថុ​ របស់​ពួក​ខ្លួន​កាន់តែ​ច្រើនឡើង​ក្នុង​គម្រោង​រួមគ្នា​។

អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ ផ្នែក​ប្រតិ​បត្ដិ​ផ្នែកឯកជន​ និង​ភាពជា​ដៃគូ​រវាង​វិស័យ​រដ្ឋ​ និង​ឯកជន​ លោក​ Diwakar​ Gupta​ បាន​មានប្រសាសន៍​ថា​ “កិច្ច​ព្រមព្រៀង​នេះ​ នឹង​ផ្តល់​លទ្ធភាព​ដល់​អង្គភាព​ទាំងពីរ​ ឲ្យ​ប្រើប្រាស់​មូលធន​ឯកជន​បន្ថែម​សម្រាប់​គោលបំណង​អភិវឌ្ឍន៍​។ វា​ជា​កម្លាំង​ដ៏​សំខាន់​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ អភិវឌ្ឍន៍​ពហុភាគី​ដែល​នឹង​ជួយ​ដល់​តំបន់​នេះ​ គ្រប់គ្រង​បញ្ហា​ប្រឈម​ប្រកបដោយ​កំណើន​ ដែល​មា​នប​រិយា​ប័ន​ និង​និរន្តរភាព​។

កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​នេះ​ ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ ហើយនឹង​មានប្រសិទ្ធភាព​រយៈពេល៣ឆ្នាំ​ចាប់ពី​ការ​ចុះហត្ថលេខា​។ កិច្ច​ព្រម​ព្រៀង​ផោ្ត​តលើ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ចសហការ​កាន់តែ​ខ្លាំង​ ក្នុង​ការកំណត់​គម្រោង​ថ្មី​ ស្រប​ពេល​ដែល​បង្កើន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ រវាង​ស្ថាប័ន​ទាំងពីរ​ និង​អ្នក​វិនិយោគ​វិស័យ​ឯកជន​ដែល​មាន​សក្តា​នុ​ពល​។ កិច្ច​ព្រមព្រៀង​នេះ​ថែម​អំពាវនាវ​ ឲ្យ​មានការ​សម្របសម្រួល​កាន់តែ​ច្រើន​នៅ​គ្រប់​ដំណាក់កាល​នៃ​គម្រោង​ពី​ការពិគ្រោះ​យោបល់​ និង​ការ​ធ្វើ​ទីផ្សារ​ដើម្បី​ជា​ការធានា​ដល់​ការអនុវត្ត​។

អគ្គនាយក​ភ្នាក់ងារ​ MIGA​ លោក​ Keiko​ Honda​ បាន​និយាយ​ថា​ “ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ច្រើន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ លោក​បន្ត​ថា​ “កិច្ច​ព្រមព្រៀង​នេះ​ បាន​រៀបចំផែនការ​សម្រាប់​មូលធន​ឯកជន​ និង​ការ​វិនិយោគ​បន្ថែម​ទៀត​ នៅ​ទូទាំង​បណ្តា​ប្រទេស​ជាស​មា​ជិ​ករបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​”។

ភ្នាក់ងារ​ MIGA​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៨៨​ ក្នុងនាម​ជាស​មា​ជិ​កនៃ​ក្រុម​ធនាគារពិភពលោក​ ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ដោយ​ផ្ទាល់​ ពី​បរទេស​នៅក្នុង​បណ្តា​ប្រទេស​កំពុង​រីកចម្រើន​ ដោយ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រឹតត្បិត​លើ​ការ​ប្តូរ​ និង​ការផ្ទេរ​រូបិយប័ណ្ណ​ ​; ការបំពាន​កិច្ចសន្យា​ដោយ​រដ្ឋាភិបាល​ការ​ ដកហូត​កម្មសិទ្ធិ​ និង​សង្គ្រាម​ និង​ការ​រំខាន​ដល់​ស៊ីវិល​ និង​ផ្តល់​ជូន​នូវ​ការ​លើកកម្ពស់​ឥណទាន​ ដល់​វិនិយោគិន​ឯកជន​និង​អ្នក​ផ្តល់​ប្រាក់កម្ចី​។

ចាប់តាំងពី​ការបង្កើត​ភ្នាក់ងារ​របស់​ខ្លួន​មក​ ភា្ន​ក់​ងារ​ MIGA ​បាន​ផ្តល់​ជំនួយ​ផ្ទាល់​ជាង៥២ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន១១១ប្រទេស​៕

ទោះបី​ជួប​សង្គ្រាម​ពាណិជ្ជកម្ម​ តែ​សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ក្នុងរង្វង់​ ៦ភាគរយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ធនាគារពិភពលោក​ (World​ Bank​) បាន​ព្យាករណ៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​កើនឡើង​ ប្រមាណ៦​,២ភាគរយ​នៅ​ឆ្នាំ២០១៩​ និង៦​,១ ភាគរយ​នៅ​ឆ្នាំ២០២០​ ខាងមុខនេះ​។

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​ ដោយ​ធនាគារពិភពលោក​កាលពី​ថ្ងៃទី៣១​ ឧសភា​បានឱ្យ​ដឹង​ថា​ បរិយាកាស​ខាងក្រៅ​ដែល​មិន​អំណោយផល​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​កើនឡើង​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​។ ប្រការ​នេះ​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ចិន​ នឹង​ត្រូវ​ពឹងផ្អែក​លើ​តម្រូវការ​ក្នុង​ស្រុក​ ដើម្បី​ទ្រទ្រង់​កំណើន​លឿន​ និង​លើកទឹកចិត្ត​ការ​បង់ពន្ធ​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ភាព​តានតឹង​នៅក្នុង​ពាណិជ្ជកម្ម​ ទំនុកចិត្ត​ពាណិជ្ជកម្ម​ធ្លាក់ចុះ​ និង​កំណើន​ពាណិជ្ជកម្ម​សកល​ មាន​សភាព​យ៉ឺ​តយ៉ាវ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​មានការ​ពិចារណា​លើ​ការ​វិនិយោគ​ និង​ការនាំចេញ​នៅ​ឆ្នាំ​ ២០២០​ ដែល​ជំរុញ​ឱ្យ​មាន​កែសម្រួល​វិញ​នៅ​នីតិវិធី​ខ្លះ​ ហើយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​សេដ្ឋកិច្ច​នៅក្នុង​នឹង​កើនឡើង​ដល់៦​,២ភាគរយ​។

លោក​ Martin​ Raiser​ នាយក​ធនាគារពិភពលោក​ប្រចាំ​នៅ​ប្រទេស​ចិន​ បាន​និយាយ​ថា​ ដើម្បី​ឆ្លើយតបទៅនឹង​សកម្មភាព​​បែបនេះ​ និង​លក្ខខណ្ឌ​ខាងក្រៅ​ ដែល​មិន​អំណោយផល​ រដ្ឋាភិបាល​បាន​ណែនាំ​អោយ​ធ្វើសកម្មភាព​សារពើពន្ធ​ ដែល​ផ្តោត​លើ​ការ​លើកទឹកចិត្ត​ពន្ធដារ​នៅក្នុង​ប្រទេស​។

លោក​បន្ត​ថា​ ខណៈ​ដែល​រដ្ឋាភិបាល​មាន​កន្លែង​សារពើពន្ធ​ ដើម្បី​បង្កើន​ការ​ចំណាយ​ក្នុងករណី​ចាំបាច់​នោះ​ សកម្មភាព​ជំរុញ​សេដ្ឋកិច្ច​បន្ថែម​ គួរតែ​ត្រូវ​បាន​ផ្តល់​មូលនិធិ​សមស្រប​ណាមួយ​ដោយ​ផ្ទាល់​នៅ​ថ្នាក់​កណ្តាល​ ឬតាមរយៈ​ការផ្ទេរ​សារពើពន្ធ​បន្ថែម​ទៅ​ឱ្យ​ថ្នាក់​ខេត្ត​។ ការ​ចំណាយ​កាន់តែ​ខ្ពស់​លើ​វិស័យ​សុខាភិបាល​ អប់រំ​ និង​កិច្ច​គាំពារ​សង្គម​អាច​ជួយ​បង្កើន​ តម្រូវ​ការ​ និង​កែ​លម្អ​គុណភាព​នៃ​សេវា​ ប្រសិនបើ​បូក​បញ្ចូលជាមួយ​កំណែទម្រង់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​។

របាយការណ៍​របស់​ World​ Bank​ បាន​បន្ត​ថា​ នៅ​ឆ្នាំ​ ២០១៩​ ការកាត់បន្ថយ​ពន្ធ​និង​ការ​បង់ពន្ធ​ថ្មី​ និង​ការ​កើនឡើង​ខ្ពស់​ សម្រាប់​ការខ្ចី​ប្រាក់​លើ​ថវិកា​រដ្ឋាភិបាល​ ក្នុង​ស្រុក​អាច​នាំ​ឱ្យ​មាន​ឱនភាព​ថវិកា​ខ្ពស់​ប្រហែល​ ៥,៩ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។

របាយការណ៍​នេះ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការនាំចេញ​សុទ្ធ​ទំនងជា​មិន​មានការ​កើនឡើង​ជា​បន្ត​ទៀត​ នៅក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​​ទេ​ ដោយសារ​ពន្ធ​នាំចូល​ថ្មី​មានប្រសិទ្ធភាព​ និង​កំណើន​សេដ្ឋកិច្ច​សកល​ថយ​ចុះ​៕

ហានិភ័យ​នៃ​វិបត្តិសេដ្ឋកិច្ច​សកល​ចាប់ផ្តើម​កើតឡើង​ ខណៈ​ទីផ្សារ​ពិភពលោក​ធ្លាក់ចុះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​សប្តាហ៍​នេះ​ ដោយសារ​ភាព​តានតឹង​កាន់តែ​កើនឡើង​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​ការ​បង្កើន​ពន្ធ​ និង​ការ​ដាក់​បញ្ជីខ្មៅ​លើ​ក្រុមហ៊ុន​ចិន​។

លោក​ Zhang​ Hanhui​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា​ “យើង​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ ប៉ុន្តែ​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​។ ការ​ជម្រុ​ញដោយចេតនា​នៃជ​ម្លោះ​ពាណិជ្ជកម្ម​ គឺ​ភេរវកម្ម​សេដ្ឋកិច្ច​ នឹង​ការ​គំរាមកំហែង​ខាងសេដ្ឋកិច្ច​”។

មន្រ្តី​រដ្ឋាភិបាល​អាមេរិក​អះអាង​ថា​ វា​កំពុង​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ដែល​មិន​ចាំបាច់​រួមមាន​ការកាត់បន្ថយ​ពន្ធ​លើ​ទំនិញ​ចិន​ និង​បញ្ជីខ្មៅ​។

លោក​រដ្ឋលេខាធិការ​Mike​ Pompeo​ បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក​មួយ​ថា​ “ការសម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) ក្នុង​ការ​រុញច្រាន​ឲ្យ​មានការ​ប្រឆាំង​នឹង​ប្រទេស​ចិន​ បណ្តាល​ឲ្យ​មាន​បញ្ហា​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​។ តាមពិត​ចិន​បាន​ និង​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ពួក​យើង​យូរ​មក​ហើយ​”។

នៅ​អាមេរិក​ ផ្សារហ៊ុន​នៅ​តំបន់​ Wall​ Street​ ទទួលរង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​នៅ​សប្តាហ៍​នេះ​ នៅពេល​ក្រុមហ៊ុន​ផ្សារហ៊ុន​Dow​ Jones​ បាន​ធ្លាក់ចុះ​អស់​រយៈពេល៤ខែ​ ដោយ​ធ្លាក់ចុះ​ ២២១​ ពិន្ទុ​ ខណៈ​ពេល​ដែល​សន្ទស្សន៍​ ក្រុមហ៊ុន​ S &​; P 500​ ធ្លាក់ចុះ​ ១៩​ ពិន្ទុ​។ នៅ​ទី​ក្រុង​ឡុង​ ក្រុមហ៊ុន​FTSE​ 100​ បាន​ធ្លាក់ចុះ​ជាង១០០ពិន្ទុ​ ខណៈ​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​នៅ​អាល្លឺម៉ង់​ អ៊ីតាលី​ និង​បារាំង​ក៏​ត្រូវ​បាន​ប៉ះពាល់​ផង​ដែរ​។ សន្ទស្សន៍​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​Topix​ របស់​ជប៉ុន​បាន​បិទ​ដោ​យធា្លក់​ចុះ០.៩​ ភាគរយ​ និង​សន្ទស្សន៍​នៃ​ក្រុមហ៊ុន​ Hang​ Seng​ របស់​ហុងកុង​បាន​ធ្លាក់ចុះ០​,៦ ភាគរយ​។

លោក​Michael​ Wilson​ ប្រធាន​យុទ្ធសាស្ត្រ​ផ្នែក​ទីផ្សារ​ភាគហ៊ុន​អាមេរិក​នៃ​ Moran​ Stanley​ បាន​សរសេរ​នៅក្នុង​របាយការណ៍​មួយ​នៅ​សប្តាហ៍​នេះ​ថា​ “ទិន្ន​ន័យ​ថ្មី​ៗបង្ហាញថា​ ការ​រក​ប្រាក់ចំណូល​ និង​ហានិភ័យ​សេដ្ឋកិច្ច​របស់​អាមេរិក​ គឺ​ធំជាង​វិនិយោគិន​ភាគច្រើន​បាន​គិត​”។

ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​បាន​កើតឡើង​នៅក្នុង​ខែ​នេះ​ រដ្ឋ​មន្ដ្រី​ហិរញ្ញវត្ថុ​អាស៊ី​ មក​ពី​បណ្តា​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​បាន​ជួបគ្នា​ ដើម្បី​បង្កើន​សមាហរណកម្ម​ហិរញ្ញវត្ថុ​ និង​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ដើម្បី​ធានា​សេដ្ឋកិច្ច​របស់​ពួកគេ​ ក្នុង​កំឡុង​ពេល​វិបត្តិសេដ្ឋកិច្ច​សកលលោក​ដែល​អាច​ឡើង​។

លោក​ Paul​ Ashworth​ សេដ្ឋកិច្ចវិទូ​របស់​ក្រុម៊ុ​ន Capital​ Economics​ បាន​ប្រាប់​សារព័ត៌មាន​ MarketWatch​ នៅក្នុង​បទ​សម្ភាស​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “ហៅ​វា​ថា​ភាព​ភ័យខ្លាច​មួយ​ប្រសិនបើ​អ្នកចូលចិត្ត​ ប៉ុន្តែ​ទិន្នន័យ​ជាច្រើន​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ វិបត្តិសេដ្ឋកិច្ច​អាច​នឹង​កើតមានឡើង​”៕

រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដ៏​ធំ​នៅ​ខេត្ត​ព្រះសីហនុ​ ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​

0

ដោយ​ វុត្ថា​

ព្រះសីហនុ៖​ រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដ៏​ធំ​មួយ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ក្រោម​អធិបតីភាព​លោក​យន្ត​ មីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ និង​លោ​កស្សី​ លឺ​ជាំ​ង XU​ LEJIANG​ ប្រធាន​ក្រុមហ៊ុន​” ហូ​ដូ​គ្រុប​ “។

លោក​ ZHOU​ HAIJIANG​ ប្រធាន​ក្រុមហ៊ុន​” ហូ​ដូ​គ្រុប​ ” មានប្រសាសន៍​នៅក្នុង​ពិធី​បើ​ករ​ដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣១​ ខែឧសភា​ឆ្នាំ​ ២០១៩​ នេះ​ថា​ រយៈពេល​ ១០ឆ្នាំ​មកនេះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ អភិវឌ្ឍន៍​លើ​ផ្ទៃដី៥​គីឡូម៉ែត្រ​ការ៉េ​ ដំណាក់កាល​ទីមួយ​ទាក់ទាញ​សហគ្រាស​មក​ពី​ចិន​ អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន​ ១៦១សហគ្រាស​ ស្រូប​យកកម្លាំង​ពលកម្ម ២៩.០០០នាក់​ ចង្វាក់​ផលិតកម្ម​មាន​ ដូចជា​សំលៀកបំពាក់​ កាបូប​ និង​វ៉ា​លី​សម្ភារៈសំណង់​ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ បាយ​ជាដើម​។

លោក​បន្ត​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​អភិវឌ្ឍន៍​ដំណាក់កាល​ទី២​ គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ ដំឡើង​ឡចំហាយ៥​ និង​ប្រព័ន្ធ​ម៉ាស៊ីនភ្លើង៤​ អាច​ផលិត​ថាមពល​អគ្គិសនី​បាន១០០មេ​ហ្គា​វ៉ាត់​។ ក្នុង​ដំណាក់កាល​ទី១​ រោងចក្រអគ្គិសនី​ដំឡើង​ឡចំហាយ៣​ និង​ប្រពន្ធ័​ម៉ាស៊ីនភ្លើង២​។ ក្រោយ​បញ្ចប់​ដំណាក់កាល​ទី១រោងចក្រ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បាន​ ១៩០លាន​គីឡូវ៉ាត់​ និង​ថាមពល​កំ​ដៅ​ចំនួន​ ៥៤ម៉ឺន​តោន​។

លោក​បាន​បន្ត​ថា​ រោងចក្រ​នេះ​ធានា​នូវ​ស្ថេរ​ភាព​ នៃ​ការ​ផ្គត់ផ្គង់​ថាមពល​កម្ដៅ​ និង​ថាមពល​អគ្គិសនី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ លើកស្ទួយ​រចនាសម្ព័ន្ធ​អាជីវកម្ម​ និង​ពង្រីក​ទំហំ​អាជីវកម្ម​ ខ្សែ​ចង្វាក់​ផលិតកម្ម​លើកកម្ពស់​ប្រសិទ្ធភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ជំរុញ​ការ​កសាង​សេដ្ឋកិច្ច​ពិសេស​ ។ ដំណាក់កាល​ទី២​ ដើម្បី​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ក្លាយជា​គម្រោង​ឈ្នះ​ឈ្នះ​នៃ​ “ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​” ៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន៤​ ក្នុងទឹក​ប្រាក់​ចំនួន​ជិត​ ៣៤លាន​ដុល្លារ​

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន​ដែល​គ្រោង​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ និង​ដេរ​ស្បែកជើង​ចំនួន​ ៤ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង១២លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​នៅ​ថ្ងៃទី​ ៣១​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ រួមា​នក្រុ​មហ៊ុ​នដូច​ខាងក្រោម​ ទី១​ “NINE​ SKY​ GARMENTS​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​ឌូ​ សង្កាត់​ រកាក្រៅ​ ក្រុង​ដូនកែវ​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨៤៥កន្លែង​។

ទី២​- “SKYWORTH​ FASHION​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ២​ (អតីត​ភូមិ​ឬស្សី​) សង្កាត់​ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២២៥កន្លែង​។ ទី៣​- “HON​ TZER​ FUNG​ LEATHER​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ របស់​ក្រុមហ៊ុន​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គិរី​រស្មី​ ឃុំ​ព្រៃរំដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.៤០៧កន្លែង​។

៤- “BRIGHT​ FLUSHING​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ និង​គ្រឿង​បន្សំ​ស្បែកជើង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ធ្នង់​រលើង​ ឃុំ​លាយបូរ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ២១​,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣.៨២៤កន្លែង​៕

លោក​ វ៉ន​ ចាន់​ថន​៖ ចង់​គ្រប់គ្រង​ភ្នាក់ងារ​ឱ្យ​មានប្រសិទ្ធភាព​ត្រូវ​ឱ្យ​ភ្នាក់ងារ​បាន​ឆ្អែត​សិន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ដំណើរការ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ចាំបាច់​បំផុត​ត្រូវតែ​អាស្រ័យ​ទៅលើ​ភ្នាក់ងារ​ជា​បុគ្គលិក​ ដែល​ជំនួស​ជា​សរ​សៃរ​ឈាម​ និង​ជា​ចលករ​ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​។

តើ​ធ្វើ​យ៉ាងដូចម្ដេច​ ដើម្បី​អាច​គ្រប់គ្រង​បណ្តា​ភ្នាក់ងារ​ឱ្យ​មាន​ភាព​ស្មោះត្រង់​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Town​ city​ Real​ Estate​ Co​.,Ltd​ លោ​កវ៉ន​ ចាន់​ថន​ បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ថា​ បើ​ចង់​គ្រប់គ្រង​ភ្នាក់ងារ​ដែល​ជា​បុគ្គលិក​ធ្វើការ​ ឱ្យ​មានប្រសិទ្ធភាព​ និង​ចង់ឱ្យ​ភ្នាក់ងារ​មាន​ភាព​ស្មោះត្រង់​ ចាំបាច់​បំផុត​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ ឬជា​ប្រធាន​ក្រុមហ៊ុន​ ត្រូវតែ​ធ្វើ​ឱ្យ​ភ្នាក់ងារ​ទាំងនោះ​ ទទួល​បានលាភ​សក្ការៈ​ពី​ការងារ​របស់​ពួកគេ​ជាមុន​សិន​។

លោក​បាន​បន្ត​ថា​ “ពាក្យ​ដែលគេ​លើកឡើង​ថា​ បុគ្គលិក​ដែល​ល្អ​ និង​មានគុណ​តម្លៃ​គឺជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ពិតជា​ត្រឹមត្រូវ​”។ លោក​បន្ត​ថា​ “មូលហេតុ​អី​បាន​បណ្តាល​ឱ្យ​កើនឡើង​នូវ​ចំនួន​ភ្នាក់ងារ​ទាំងនេះ​ គឺ​ដោយសារតែ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​កាន់តែ​ធំជាង​មុន​ បង្កើន​សេវាកម្ម​ច្រើនជាង​មុន​ ដែល​ចាំបាច់​មាន​តម្រូវការ​ភ្នាក់ងារ​បម្រើការ​ងារ​ច្រើន​”។

លោ​កវ៉ន​ ចាន់​ថន​ បាន​បន្ត​ទៀត​ថា​ សំណួរ​សួរ​ថា​ តើ​ធ្វើ​ដូចម្ដេច​អាច​គ្រប់គ្រង​ភ្នាក់ងារ​បាន​ល្អ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​? ចម្លើយ​ឆ្លើយ​ថា​ បើ​ចង់ឱ្យ​គេ​គោរព​យើង​ យើង​ត្រូវ​គោរព​គេ​មុន​ បើ​ចង់ឱ្យ​គេ​ស្មោះត្រង់​ជាមួយ​យើង​ យើង​ត្រូវ​ស្មោះត្រង់​ជាមួយ​គេ​ជាមុន​។ ដោយឡែក​បើ​ចង់ឱ្យ​បុគ្គលិក​បម្រើការ​ងារ​ រកចំណូល​ចូល​ក្រុមហ៊ុន​បាន​ច្រើន​ ក្រុមហ៊ុន​ ក៏​ត្រូវ​ផ្តល់​ចំណូល​ដល់​ភ្នាក់ងារ​ដែល​រកចំណូល​ជាមុន​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ស្រឡាញ់​ភ្នាក់ងារ​ខ្ញុំ​ដូចជា​កូន​ខ្ញុំ​ដែរ​ បើ​ខ្ញុំ​ជិះ​ទំនើប​ ភ្នាក់ងារ​ខ្ញុំ​ក៏​ត្រូវតែ​ជិះឡាន​ដែរ​។ យើង​ត្រូវ​ចំណេញ​ មាន​ចំណូល​ដូចគ្នា​ ទាំង​បុគ្គលិក​ជា​ភ្នាក់ងារ​ ទាំង​ក្រុមហ៊ុន​ ឈ្នះ​ទាំងអស់គ្នា​”។

បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ក៏​ត្រូវ​បណ្តុះបណ្តាល​ជំនាញ​ ចំណេះដឹង​បន្ថែម​ដល់​ពួកគេ​ជាប្រចាំ​ផង​ដែរ​ ដើម្បី​ពួកគាត់​អាច​សម្លឹង​មើលឃើញ​ពី​ចំ​ណុ​ចល្អៗ​ នៅ​លើ​ទីផ្សារ​បាន​កាន់តែ​ទូលាយ​ និង​អាច​បង្កើន​ការ​ទុកចិត្ត​ទៅដល់​បណ្តា​ក្រុមហ៊ុន​ជា​ដៃគូ​ ក៏ដូចជា​អាច​មានឱកាស​ចាប់​យក​ចំណែក​ទីផ្សារ​ផង​ដែរ​ ៕

សម្តេច​តេជោ​ជំរុញ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ ខណៈ​ការនាំចេញ​កើនឡើង​

0

ប្រែ​សម្រួល​ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ លោក​ចង់បាន​ ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ ព្រោះថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ បាន​ឈាន​ដល់កម្រិត​បំបែក​កំណត់ត្រា​នៅ​ឆ្នាំនេះ​។

លោក​កៅ​ គឹ​មហួន​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​បាន​និយាយ​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើសុំ​ឲ្យ​ប្រទេស​ជប៉ុន​ផ្ញើរ​សារ​ទៅ​សហរដ្ឋអាមេរិក​ថា​ កម្ពុជា​ចង់បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាង​មុន​។ សំណើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អតីត​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ Takahashi​ Fumiaki​ ។

សម្តេច​បាន​ថ្លែង​តាមរយៈ​បណ្តាញ​សង្គម​ថា​ “សម្តេច​បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​នឹង​មិន​ចាត់ទុក​ប្រទេស​ណាមួយ​ជាស​ត្រូវ​ទេ​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ ដរាបណា​អាច​រក្សា​បាន​ឯករាជ្យ​ភាព​ និង​ភាព​សុចរិត​របស់​ខ្លួន​”។

សម្ដេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ សម្តេច​ស្នើ​ឲ្យ​លោក​ Takahashi​ Fumiaki​ ជូនដំណឹង​ដល់​សហរដ្ឋអាមេរិក​ថា​ កម្ពុជា​នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អ​របស់​សហរដ្ឋអាមេរិក​ ហើយ​សម្តេច​បាន​បដិសេធ​នូវ​ទស្សនៈ​ដែល​ថា​ ប្រទេស​កម្ពុជា​យក​ប្រទេស​ចិន​ជាជាង​សហរដ្ឋអាមេរិក​។ នោះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​ ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​ឲ្យដឹង​ថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​កម្ពុជា​ កើនឡើង​ ២៥​ ភាគរយ​នៅ​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៩​ ដោយ​បង្ហាញ​ពី​និន្នាការ​ថ្មី​មួយ​ នៅក្នុង​ការ​វិនិយោគ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ ខណៈ​រោងចក្រ​ផលិតកម្ម​កំពុង​ចង់​ផ្លាស់​ប្តូរ​ទីតាំង​ខ្លួន​ ពី​ប្រទេស​ចិន​ទៅកាន់​អាស៊ី​អាគ្នេយ៍​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ១​,១២​ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅ​សហរដ្ឋអាមេរិក​ពី​ខែមករា​ដល់​ខែមីនា​។ ការនាំចេញ​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ដូចគ្នា​មាន​ចំនួន​ ៩០៣​,៦ លាន​ដុល្លារ​។

សម្ដេច​នាយក​រដ្ឋមន្រ្តី​ក៏បាន​ថ្លែង​ ទៅកាន់​អ្នកយកព័ត៌មាន​នៅក្នុង​ក្រុង​តូក្យូ​នៅ​សប្តាហ៍​នេះ​ផង​ដែរ​ស្តី​ពី​ សង្រ្គាម​ពាណិជ្ជកម្ម​ ដែល​កំពុង​កើតឡើង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

សម្ដេច​បាន​ថ្លែង​ក្នុង​ន័យ​ឆ្លើយតប​ទៅកាន់​ចិន​ថា​ “គ្មាន​នរណា​ម្នាក់​រង់ចាំ​ការ​ស្លាប់​ដោយ​ការ​ដាក់ទណ្ឌកម្ម​នោះ​ទេ​។ អាស៊ី​មិនមែន​ជា​ស្រមោច​សម្រាប់​ដំរី​ជាន់​ទេ​”។សម្តេច​បន្ថែម​ថា​ “យើង​នឹង​រក​មធ្យោបាយ​ដើម្បី​គេច​ផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​”។

មានការ​ពិភាក្សា​ជាច្រើន​អំពី​ថា​ តើ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ អាស៊ី​អាគ្នេយ៍​នឹង​ទទួល​ប្រយោជន៍​ ពី​ការ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ចិន​ ខណៈ​ក្រុមហ៊ុន​ជាច្រើន​នឹង​សម្លឹង​មើលទៅ​តំបន់​នេះ​ ដោយសារតែ​តម្លៃ​ផលិតកម្ម​ទាប​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​មាន​ភាព​ប្រសើរ​ឡើង​។

ស្ថាបនិក​នៃ​អ្នក​ផ្តល់​ប្រាក់កម្ចី​ធំជាង​គេ​លំដាប់​ទី២​ នៅ​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា​ សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្តល់​នូវ​ “សុវត្ថិភាព​” សម្រាប់​វិនិយោគិន​និង​ការ​វិនិយោគ​ ខណៈ​ដែល​តំបន់​អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទទួលរង​ផល​ប៉ះពាល់​ដោយ​ការភ័យខ្លាច​សេដ្ឋកិច្ច​ពិភពលោក​ ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​។

លោក​ Wee​ E Che​ Cheong​ អគ្គនាយក​ធនាគារ​ United​ Overseas​ Bank​ Ltd​ (UOB​) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​ទី​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ ។ បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៣៥​ UOB​ គឺជា​ធនាគារ​ធំជាង​គេ​លំដាប់​ទី​ ៣ នៅ​អាស៊ី​អាគ្នេយ៍​៕

ម៉ាឡេស៊ី​នឹង​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ Huawei​ បើ​ទោះបីជា​មាន​បញ្ជីខ្មៅ​របស់​អាមេរិក​

0

ប្រែ​សម្រួល​ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ លោក​ Mahathir​ Mohamad​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ប្រទេស​របស់​លោក​នឹង​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Huawei​ បើ​ទោះបីជា​អាមេរិក​ ដាក់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​នេះ​នៅក្នុង​បញ្ជីខ្មៅ​ក៏ដោយ​។

លោកនាយក​រដ្ឋមន្ត្រី​ Mahathir​ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សន្និសីទ​មួយ​នៅ​ទីក្រុង​តូក្យូ​កាលពី​ម្សិលមិញ​ថា​ “ដូច្នេះ​យើង​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន​ តាមដែល​អាច​ធ្វើ​ទៅ​បាន​”។ លោក​បាន​បន្ថែម​ថា​ #ក្រុមហ៊ុន​ Huawei​ ផ្តល់​ជូន​នូវ​ “ការ​ជឿនលឿន​យ៉ាង​ធំធេង​លើ​បច្ចេកវិទ្យា​អាមេរិក​”។

អាមេរិក​បាន​ចុះបញ្ជី​ឈ្មោះ​ក្រុមហ៊ុន​Huawei​ ដោយ​អះអាង​ថា​ បច្ចេកវិទ្យា​របស់​ខ្លួន​បង្ក​ការ​គំរាមកំហែង​ផ្នែក​ចារកម្ម​ដោយ​ប្រទេស​ចិន​។

មេដឹកនាំ​ម៉ាឡេស៊ី​ខាងលើ​បាន​បន្ថែម​ថា​ “យើង​ត្រូវតែ​ទទួលស្គាល់​ថា​ សហរដ្ឋអាមេរិក​ មិន​អាច​ក្លាយជា​ប្រទេស​កំពូល​មួយ​រហូត​នៅក្នុង​ពិភពលោក​ ដែល​អាច​មាន​បច្ចេកវិទ្យា​ល្អ​បំផុត​នោះ​ទេ​”។

ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​កើតឡើង​នៅ​ខែ​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ដាក់បញ្ចូល​ក្រុមហ៊ុន​ Huawei​ ក្នុង​បញ្ជីខ្មៅ​ ហើយ​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ មិន​ឲ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​បាន​ចាត់ទុកថា​ ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​នេះ​ស្មើនឹង​ “ការ​កាត់ទោស​ប្រហារជីវិត​” សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដែល​មូលដ្ឋាន​ទីក្រុង​ Shenzhen​។

ការ​ហាមប្រាម​របស់​អាមេរិក​ នឹង​កាត់​ផ្តាច់​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ដែល​ប្រើ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ និង​ទូរស័ព្ទ​ឆ្លាតវៃ​ប្រើប្រាស់​ប្រព័ន្ធ​ 5G ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ដល់​ក្រុមហ៊ុន​ចិន​នេះ​៕

សមាគម​ CVEA​ បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយពី​ជំនាញ​លក់​អចលនទ្រព្យ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​លឿន​ហួសការ​រំពឹង​ទុក​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​បង្កើត​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​ជំនាញ​ភាពជា​ភ្នាក់ងារ​លក់​ទៅដល់​សិក្ខាកាម​ប្រមាណ​ជាង១០០នាក់​។

នៅ​សណ្ឋាគារ​ភ្នំពេញ​អេ​រ៉ា​ កាលពី​ល្ងាច​ថ្ងៃទី៣០​ ខែឧសភា​ ម្សិលមិញ​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ CVEA​ បាន​បង្កើត​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​ និ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ក្នុងនាម​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ទៅដល់​បណ្តា​អ្នកជំនាញ​ក្រោយដែល​កំពុងតែ​ចាប់​ និង​ប្រកប​អាជីព​ក្នុង​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ចំពោះ​វិស័យ​អចលនទ្រព្យ​គឺ​មាន​ភាព​រីកចម្រើន​លើស​ពី​ការ​រំពឹង​ទុក​ ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​មាន​ចំណាប់​អារម្មណ៍​ចូល​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ៖ “ដោយសារតែ​រំពឹង​ និង​ចង​បាន​ភាគលាភ​ពី​វិស័យ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​នេះ​ធ្វើការ​ប្រកួតប្រជែង​គ្នា​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ រហូត​មាន​ពេលខ្លះ​កើតជា​បញ្ហា​ប្រឈម​ក៏មានដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “ដោយសារតែ​សម្លឹងឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ​ ជា​ការចូលរួម​ ខាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​បង្កើត​ជាវ​គ្គ​សិក្ខាសាលា​ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ ក៏ដូចជា​បទពិសោធន៍​ជូន​ដល់​បណ្តា​ភ្នាក់ងារ​អចលវត្ថុ​ ជាពិសេស​អ្នក​ដែល​អនុវត្ត​ផ្នែក​លក់​ និង​ទីផ្សារ​ក្រោម​ការចូលរួម​ពីសំណាក់​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ជាស​មា​ជិ​កនៅក្នុង​សមាគម​”។

លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ ៖ “សម្រាប់​សិក្ខាកាម​ដែល​បាន​ចូលរួម​ នឹង​ទទួល​បាន​បន្ថែម​នូវ​ចំណេះដឹង​អនុវត្ត​ជាក់ស្ដែង​ ដែល​អាច​ញ្ជៀ​សហា​និ​ភ័យ​ផ្សេង​ៗដែល​អាច​កើតមាន​ ក៏ដូចជា​វិធីសាស្ត្រ​ដែល​អាច​ទទួល​បាន​កម្រៃ​ជើង​សារ​ខ្ពស់​ប្រកបដោយ​ប្រសិទ្ធភាព​”។

ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រ​ព្រ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ ដែល​បាន​ចូលរួម​ និង​បញ្ជូន​ភ្នាក់ងារ​ក្រុមហ៊ុន​របស់​ខ្លួន​មក​ស្វែងយល់​ពី​វគ្គ​សិក្ខាសាលា​ស្ដីពី​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​របស់​ភ្នាក់ងារ​អចលនវត្ថុ​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ វគ្គ​បណ្តុះបណ្តាល​មួយ​នេះ​គឺ​មានប្រយោជន៍​ច្រើន​ចំពោះ​ភ្នាក់ងារ​ជំនាន់​ក្រោយដែល​កំពុងតែ​អនុវត្ត​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ “មិន​ចំពោះតែ​ក្រុមហ៊ុន​ ឬជា​បុគ្គលិក​ដែល​ជា​ភ្នាក់ងារ​នោះ​ទេ​ ចាំបាច់​ត្រូវតែ​មាន​វិធីសាស្ត្រ​ក្នុង​ការអនុវត្ត​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ “ដើម្បី​ជម្រុ​ញឱ្យ​ការងារ​ទីផ្សារ​ក្នុង​អាជីព​នេះ​ទទួល​បាន​ប្រយោជន៍​យូរអង្វែង​ ចាំ​ណាស់​ត្រូវតែ​មាន​កិច្ចសហការ​រវាង​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​ភ្នាក់ងារ​ដែល​ស្ថិត​ក្នុង​វិស័យ​រួមគ្នា​មួយ​នេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍​រួមគ្នា​ ចៀសវាង​ការប្រកួត​ប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ ឬមានការ​លួចវាយប្រហារ​គ្នា​ក្រោយខ្នង​ដើម្បី​តែ​ផលប្រយោជន៍​តូច​តែ​ម៉្យាង​នោះ​ទេ​”៕

រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ចំនួន​ ​៣​ ​លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ថវិកាជាតិ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចំនួន​បី​៖​ ​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ​ ​ឆ្នាំ២០១៩​-​២០២៥​,​ ​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ ​ឆ្នាំ​ ​២០១៩​-​២០២៥​ ​និង​ ​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ​២០១៩​-​២០២៣​។​

​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ​២០១៨​ ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិសរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី​ ​៣កាលពី​ពេលថ្មីនេះ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​ឲ្យដឹង​ថា​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​,​ ​ជា​កម្មវិធី​កែទម្រង់​រយៈពេល​វែង​ ​មាន​ចក្ខុវិស័យ​ប្រកបដោយ​ ​មហិ​ច្ឆិ​តា​ ​និង​ប្រាកដនិយម​,​ ​គឺ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា​ ​ឆ្ពោះ​ទៅ​ឧត្តមា​នុ​វត្ត​អន្តរជាតិ​ ​ដោយ​បាន​និង​កំពុង​កសាង​ ​និង​ពង្រឹង​សមាសធាតុ​ស្នូល​ទាំង​ ​៤​៖​ ​កែ​លម្អ​ប្រព័ន្ធ​,​ ​ក្របខ័ណ្ឌ​គតិ​យុត្ត​,​ ​យន្តការ​ស្ថាប័ន​ ​និង​ធនធានមនុស្ស​ ​។​ ​

​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​គឺ​ត្រូវ​រៀបចំឡើង​តាមលំដាប់​លំដោយ​ ​ស្របតាម​បរិបទ​នៃ​ ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ​។​

​លោក​ ​រស់​ ​សីល​វ៉ា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​អគ្គលេខាធិការ​ ​នៃ​អគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ ​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ ​ហិរញ្ញវត្ថុ​សាធារណៈ​ ​ប្រចាំឆ្នាំ​ ​២០១៨​ ​ដូចតទៅ​៖​

​*​ ​ការអនុវត្ត​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ​រយៈពេល​មធ្យម​ ​២០១៤​-​២០១៨​ ​សម្រេច​បាន​គោលដៅ​ដែល​ ​បាន​ដាក់ចេញ​ដោយ​ចំណូល​ចរន្ត​ ​(​ទិន្នន័យ​បណ្តោះអាសន្ន​)​ ​មាន​កំណើន០.៥ពិន្ទុ​ភាគរយ​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស​.​)​ ​ដែល​ឆ្នាំ​ ​២០១៨​ ​នេះ​ ​សម្រេច​បាន១.៤៧​ ​ពិន្ទុ​ភាគរយ​នៃ​ ​ផ.ស.ស​.​ ​។​ ​ជាមធ្យម​ពីឆ្នាំ​ ​២០១៤​ ​ដល់​ឆ្នាំ​ ​២០១៨​ ​ចំណូល​ចរន្ត​កើនឡើង​ប្រមាណ១.៣៥​ ​ពិន្ទុ​ភាគរយ​នៃ​ ​ផ.ស.ស​។​

​*​ ​គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​(​FMIS​)​ ​ត្រូវ​បាន​រៀបចំ​ ​និង​ដាក់​ឱ្យ​អនុវត្ត​ជំហាន​ទី១​ ​នៅ​ឆ្នាំ២០១៤​ ​និង​ជំហាន​ទី​ ​២​ ​នៅ​ឆ្នាំ​ ​២០១៧​ ​។​ ​ទន្ទឹម​នេះ​,​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​បាន​ធ្វើការ​កែសម្រួល​ប្លង់​គណនេយ្យ​ថ្មី​ ​ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ ​ព្រមទាំង​បាន​រៀបចំ​ ​និង​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​ ​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​ចំណាត់ថ្នាក់​ទាំង៧​៖​ ​(​១​)​៖​ ​ចំណាត់ថ្នាក់​អង្គភាព​ប្រតិបត្តិ​ ​និង​រដ្ឋបាល​,​ ​(​២​)​.​ ​ចំណាត់ថ្នាក់​ភូមិសាស្ត្រ​,​ ​(​៣​)​.​ ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​,​ ​(​៤​)​.​ ​ចំណាត់ថ្នាក់​កម្មវិធី​,​ ​(​៥​)​.​ ​ចំណាត់ថ្នាក់​ ​មុខងារ​,​ ​(​៦​)​.​ ​ចំណាត់ថ្នាក់​គម្រោង​ ​និង​ ​(​៧​)​.​ ​ចំណាត់ថ្នាក់​មូលនិធិ​ ​ដោយ​ក្នុង​នោះ​ចំណាត់ថ្នាក់​ថវិកា​ចំនួន​ ​៥​ ​អនុវត្ត​បាន​ពេញលេញ​ ​និង​ចំនួន២ទៀត​ ​បាន​និង​កំពុង​ជំរុញ​អនុវត្ត​ ​។​

​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ក៏បាន​កំណត់​ផែនការ​ពង្រីក​ប្រព័ន្ធ​ ​FMIS​ ​ប្រកបដោយ​ភាព​ច្បាស់លាស់​សំដៅ​គាំទ្រ​ ​ការអនុវត្ត​ថវិកា​កម្មវិធី​ ​និង​ប្រព័ន្ធ​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​នៅ​តាម​ក្រសួង​-​ស្ថាប័ន​ ​ដូចតទៅ​៖​

​*​ ​ឆ្នាំ​ ​២០១៨​៖​ ​ក្រសួង​-​ស្ថាប័ន​ ​ចំនួន​ ​១០​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ ​FMIS​ ​ជា​ផ្លូវការ​ ​។​ ​
​*​ ​ឆ្នាំ​ ​២០១៩​៖​ ​ក្រសួង​-​ស្ថាប័ន​ ​ចំនួន​ ​១០​ ​ថ្មី​បន្ថែម​ ​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត​ទាំង២៥​ ​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ ​FMIS​ ​ជា​ផ្លូវការ​ ​។​
​*​ ​ឆ្នាំ​ ​២០២០​៖​ ​ក្រសួង​-​ស្ថាប័ន​ចំនួន​ ​១៧​ ​ថ្មី​បន្ថែម​ ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ ​FMIS​ ​ជា​ផ្លូវការ​ ​។​
​*​ ​ការអនុវត្ត​ថវិកា​កម្មវិធី​ ​ត្រូវ​បាន​និង​កំពុង​ដាក់​ឱ្យ​អនុវត្ត​គ្រប់​ក្រសួង​-​ស្ថាប័ន​ ​និង​គ្រប់​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​។​ ​ជា​វឌ្ឍនភាព​,​ ​ចាប់ពី​ឆ្នាំ​ ​២០១៥​ ​ដល់​ឆ្នាំ​ ​២០១៨​,​ ​ក្រសួង​-​ស្ថាប័ន​ទាំង៣៩​ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ថវិកា​កម្មវិធី​សាកល្បង​ពេញលេញ​,​ ​រីឯ​ ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​ ​២៥​ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ថវិកា​ ​កម្មវិធី​សាកល្បង​ពេញលេញ​ចាប់ពី​ឆ្នាំ​ ​២០១៧​ ​រហូតដល់​ឆ្នាំ​ ​២០២១​ ​។​

​លោក​ ​ចច​ ​អេ​ហ្គា​ ​ឯកអគ្គ​រដ្ឋទូត​ ​និង​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​និង​ជា​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ​សូម​អបអរសាទរ​ដល់​រដ្ឋាភិបាល​ ​ចំពោះ​ការអនុវត្ត​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​ ​២០១៤​-​២០១៨​ ​ប្រកបដោយ​ភាព​ជោគជ័យ​។​ ​ដៃគូ​អភិវឌ្ឍន៍​សង្ឃឹមថា​ ​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ​២០១៩​-​២០២៣​ ​នឹង​ទទួល​បាន​ជោគជ័យ​ដូចគ្នានឹង​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​ ​២០១៤​-​២០១៨​ ​ផង​ដែរ​ ​ព្រមទាំង​នឹង​បន្ត​ធ្វើ​ទំនើបកម្ម​គោលនយោបាយ​ ​សារពើពន្ធ​ ​និង​មិនមែន​សារពើពន្ធ​ ​និង​រដ្ឋបាល​សារពើពន្ធ​ ​និង​មិនមែន​សារពើពន្ធ​ ​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ ​និង​ធានា​សមធម៌​ ​ក្នុងចំណោម​អ្នក​បង់ពន្ធ​ ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​ ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បី​ ​គឺ​៖​ ​«​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ​ ​ឆ្នាំ២០១៩​-​២០២៥​»​,​ ​«​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​ ​សាធារណៈ​ ​ឆ្នាំ​ ​២០១៩​-​២០២៥​»​ ​និង​ ​«​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ​២០១៩​-​២០២៣​»​ ​និង​សូម​ឱ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ​អនុវត្ត​យុទ្ធ​សាស្រ្ត​ទាំង​បី​នេះ​ ​ប្រកបដោយ​ឆន្ទៈ​,​ ​មនសិការ​,​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​ ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ​ ​បាន​ដាក់ចេញ​អាទិភាព​ ​និង​តម្រង់​ទិស​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​និង​បណ្ដា​ឆ្នាំខាងមុខ​ដូច​ខាងក្រោម​៖​

​*​ ​រៀបចំផែនការ​សកម្មភាព​,​ ​ជំរុញ​ ​និង​តាមដាន​ការ​អនុ​វត្ត​យទ្ធ​សាស្រ្ត​ទាំង​បី​ដែល​បាន​ដាក់ឲ្យ​អនុវត្ត​ខាងលើ​គឺ​ ​«​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ​ ​ឆ្នាំ២០១៩​-​២០២៥​»​,​ ​«​យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​ ​សាធារណៈ​ ​ឆ្នាំ​ ​២០១៩​-​២០២៥​»​ ​និង​ ​«​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ ​២០១៩​-​២០២៣​»​ ​។​
​*​ ​ពង្រីក​ ​និង​ពង្រឹង​ការអនុវត្ត​ការ​ដាក់​ឱ្យ​ដំណើរការ​ ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​-​ធា​រណៈ​ ​នៅ​តាម​ក្រសួង​-​ស្ថាប័ន​ ​ទន្ទឹម​នឹង​ការជំរុញ​ធ្វើ​ស្វ័យប្រវត្តិ​កម្មការ​អនុវត្ត​ថវិកា​ ​ដោយ​ចាប់ផ្ដើម​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​។​
​*​ ​យកចិត្ត​ទុកដាក់​លើ​ការ​កែ​លម្អ​គុណភាព​នៃ​ថវិកា​កម្មវិធី​ ​ដោយ​ផ្ដោត​លើស​មិទ្ធ​កម្ម​ ​និង​បន្ដ​សាកល្បង​ដាក់​ឱ្យ​ ​អនុវត្ត​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម​ ​និង​ក្របខ័ណ្ឌ​ថវិកា​រយៈពេល​មធ្យម​ ​។​
​*​ ​ពិនិត្យ​ ​និង​កែ​លម្អ​នីតិវិធី​អនុវត្ត​ថវិកា​ ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ក្រសួង​-​ស្ថាប័ន​សាមី​ ​ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការ​ត្រួតពិនិត្យ​ ​របាយការណ៍​អនុវត្ត​ ​ឬ​ ​របាយការណ៍​លទ្ធផល​ ​និង​បង្កើត​ឧបករណ៍​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ថវិកា​។​
​*​ ​យកចិត្ត​ទុក​ឱ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ ​លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ដោយ​ពិនិត្យ​លទ្ធភាព​ឱ្យ​មាន​យុទ្ធសាស្ត្រ​,​ ​គោលនយោបាយ​ ​ឬ​ផែនការ​សកម្មភាព​ច្បាស់លាស់​ ​។​
​*​ ​បន្ដ​ពង្រឹង​សមត្ថភាព​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំង​ផ្ទៃក្នុង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​,​ ​ក្រសួង​-​ស្ថាប័ន​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​ទ្រទ្រង់​ដល់​ការងារ​កែទម្រង់​ផង​ ​និង​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចការ​ប្រចាំថ្ងៃ​ផង​ ​។​
​*​ ​បន្ត​ពង្រឹង​ការសម្រប​សម្រួល​ ​និង​អនុវត្ត​ការងារ​ប្រទាក់ក្រឡា​គ្នា​រវាង​កែទម្រង់​ទាំង​បី​ ​រួមមាន​ ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​,​ ​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​,​ ​និង​ ​វិមជ្ឈការ​និង​វិស​ហម​ជ្ឈ​ការ​ ​។​ ​
​*​ ​អគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ត្រូវ​ពិនិត្យ​ឡើងវិញ​ ​និង​បូកសរុប​ការអនុវត្ត​ផែនការ​សកម្មភាព​រួម​ ​ដំណាក់កាល​ទី​ ​៣​ ​និង​ត្រៀម​រៀបចំផែនការ​សកម្មភាព​រួម​សម្រាប់​ដំណាក់កាល​ទី​ ​៤​ ​ដោយ​ផ្ដោត​លើ​ខឿន​ទី​ ​៤​ ​គឺ​ ​គណនេយ្យ​ភាព​សមិទ្ធកម្ម​ ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សហការី​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រសួង​-​ស្ថាប័ន​ទាំងអស់​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​សកម្មភាព​ទាំងឡាយ​ ​ក្រោម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រេច​ ​បាន​លទ្ធផល​ល្អ​ប្រសើរ​ ​និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​សហគមន៍​អឺរ៉ុប​,​ ​ធនាគារពិភពលោក​,​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​,​ ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​,​ ​អង្គការ​យូនី​សែ​ហ្វ​,​ ​រដ្ឋាភិបាល​បារាំង​/​AFD​,​ ​រដ្ឋាភិបាល​អូស្ត្រាលី​,​ ​និង​ ​ស្ថាប័ន​អន្ដរ​ជាតិ​ផ្សេងទៀត​ ​ដែល​បាន​ ​និង​ ​គ្រោង​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​និង​ ​បច្ចេកទេស​ ​សម្រាប់​គាំទ្រ​ដល់​ការ​អនុវត្ដ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី​ ​៣​ ​នេះ​ ​ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​ ​មានសន្ទុះ​ល្អ​ទៅមុខ​ ​ក៏ដូចជា​ក្នុង​ដំណាក់កាល​បន្ដ​បន្ទាប់​ទៀត​៕​