កូរ៉េ​មាន​គម្រោង​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ​

0
សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងលោក​ Kun​ Kilee​ ប្រធាន​សមាគមន៍​សំណង់​ និង​វិស្វកម្ម​កូរ៉េ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រៅតែ​ពី​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​របស់​ចិន​វិនិយោគ​ នៅក្នុង​ខេត្ត​ព្រះ​ស៊ី​ហនុ​ ពេលនេះ​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​ បាន​នឹង​កំពុង​ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ផ្នែក​វិស្វកម្ម​ និង​សំណង់​ ក៏ដូចជា​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ កំពង់ផែ​ ផ្លូវ​រថភ្លើង​ និង​ព្រលា​នយន្តហោះ​ផង​ដែរ​។

លោក​ Kun​ Kilee​ ប្រធាន​សមាគមន៍​សំណង់​ និង​វិស្វកម្ម​កូរ៉េ​ អញ្ជើញ​ជួប​សំដែង​ការ​គួ​សម​ និង​ពិភាក្សា​ការងារ​នៅក្នុង​ជំនួប​ជាមួយ​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ នៅ​ថ្ងៃទី៣ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ចាប់អារម្មណ៍​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​ ជាពិសេស​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ទូរគមនាគមន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ “ខេត្ត​ព្រះសីហនុ​ គឺជា​ខេត្ត​មួយ​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​សេដ្ឋកិច្ច​ និង​ទេសចរណ៍​យ៉ាង​សំខាន់​របស់​កម្ពុជា​ ហើយ​ខេត្ត​នេះ​កំពុង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​”។ លោក​បន្ត​ថា​ “ទន្ទឹម​នេះ​ប្រទេស​កម្ពុជា​ កំពុង​មាន​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​ជាប្រចាំ​ ក្នុង​នោះ​មាន​បណ្តា​ប្រទេស​ផ្សេង​ៗជាច្រើន​បាន​ចូលរួម​វិនិយោគ​ ហើយ​ក្នុង​នោះ​ក៏បាន​គាំទ្រ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​នានា​ក្នុង​ការចូលរួម​ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​លើកកម្ពស់​វិស័យ​បរិស្ថាន​”។

លោក​យន្ត​ មីន​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុងរយៈពេល២ឆ្នាំនេះ​ មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ បាន​មក​ធ្វើវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ទន្ទឹម​នោះ​ក៏​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ និង​កំពុង​សិក្សា​ស្វែងយល់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ លូ​ បរិស្ថាន​ជាដើម​ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ចិន​។

លោក​យន្ត​ មីន​ធ្លាប់​បាន​ឲ្យ​ដឹក​កន្លងមក​នេះ​ថា​ រដ្ឋបាល​ខេត្ត​នឹង​ស្វាគមន៍​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ ដែល​មាន​គោលបំណង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មិនថា​ការ​វិនិយោគ​ លើ​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ខុន​ដូ​ រោងចក្រ​ សហគ្រាស​ ឬហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ រដ្ឋបាល​ខេត្ត​នឹង​ទទួលស្វាគមន៍​ និង​ជួយ​សម្របសម្រួល​ ដើម្បី​ឲ្យ​ដំនើ​រកា​រវិ​និ​យោគ​នៅ​ខេត្ត​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន​ និង​មានសន្ទុះ​កើនឡើង​។ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ តាមរយៈ​ការ​វិនិយោគ​ទាំងនេះ​ ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានការ​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិន​នឹកស្មាន​ដល់​ ធ្វើ​ឱ្យ​អ្វី​ៗ មាន ការ​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល២​-៣ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​វិនិយោគិន​ចិន​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​។

ក្រុង​ព្រះសីហនុ​ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ ធំ​យ៉ាងច្រើន​ ដែល​តួលេខ​គម្រោង​សំណង់​ធំ​ លើស​ពី​៣០០០​ម៉ែត្រការ៉េ​ឡើង​មាន​ចំនួន៧០គម្រោង​ ក្នុង​ចំនួន​ជាង៣០០គម្រោង​ កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​៕

ចំណេះដឹង​! អ្នក​ចេញ​ធ្វើអាជីវកម្ម​បើ​គ្មាន​ ៤ចំណុច​នេះ​ទេ​ នឹង​បរាជ័យ​ឆាប់​បំផុត​

0
ម្ចាស់អាជីវកម្មកំពុងពិបាកចិត្តរឿង​អាជីវកម្មបរាជ័យ។ រូបតំណាង

ដោយ​ ៖ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​មានគំនិត​អភិវឌ្ឍ​ខ្លួន​ធ្វើជា​អ្នកជំនួញ​ ឬប្រកប​អាជីវកម្ម​ដោយ​ម្ចាស់ការ​លើ​ខ្លួនឯង​គឺជា​រឿង​ដែល​ល្អ​បំផុត​ និង​គួរតែ​អនុវត្តន៍​ភ្លាម​ ប្រសិន​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​។ ប៉ុន្តែ​អ្វី​ដែល​ត្រូវតែ​ពិចារណា​មុន​ពេល​បោះជំហាន​ចេញ​ ដោយ​ខ្វះ​មិនបាន​នោះ​ គឺ​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​អាច​ឈរជើង​បាន​យូរអង្វែង​ និង​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​។

​១. មិន​ត្រូវ​គិតទៅ​លើ​តែ​ប្រាក់ចំណេញ​មួយ​មុខ​

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ ម្ចាស់​តែង​ចង់បាន​ប្រាក់ចំណេញ​ឱ្យ​បាន​ច្រើន​ដែរ​។ ផ្នត់គំនិត​រកស៊ី​ ចង់បាន​តែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ​ ជា​គំនិត​អាត្មានិយម​ ហើយ​បើ​ទោះជា​ជោគជ័យ​ក៏អាច​កើតឡើង​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ​ គឺ​មាន​រយៈពេល​វែង​រហូត​តកូនតចៅ​រាប់​រយ​ឆ្នាំ​ក៏​មាន​។ចំនុច​សំខាន់​ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង​ គឺ​មិន​ត្រូវ​គិតតែពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយមុខ​នោះ​ទេ​ តែ​ត្រូវ​គិត​ពី​ប្រយោជន៍​សាធារណៈ​ ប្រយោជន៍​អតិថិជន​ជាធំ​ មិនថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ឬផលិតកម្ម​នោះ​ឡើយ​ ដើម្បី​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើនឡើង​។

នៅ​លើ​របត់​ទីផ្សារសេរី​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញ​លក់​ផលិតផល​នៅ​លើ​ទីផ្សារ​លើកដំបូង​ ត្រូវ​គេ​មើលឃើញ​ថា​ភាគច្រើន​តែង​ផ្តល់​នូវ​គុណភាព​ និង​សេវាកម្ម​ល្អ​ ប៉ុន្តែ​នៅពេល​ទទួល​បានការ​គាំទ្រ​ច្រើន​ហើយ​ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព​ និង​បរិមាណ​ផលិតផល​របស់​ខ្លួន​ ដែល​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យ​បាន​ច្រើន​ តែ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការ​ចាក់​សម្លាប់​អាជីវកម្ម​របស់​ខ្លួន​ នៅក្នុង​រយៈពេល​ដ៏​ខ្លី​។

២. ស្គាល់​ពីអ​តិថិ​ជន​គោលដៅ​ច្បាស់​

សម្រាប់​អ្នកមាន​ទុន​ ការ​ចាប់ផ្តើម​អាជីវកម្ម​ ដោយ​មិនបាន​សិក្សា​ទីផ្សារ​ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បី​ ដូចជា​ ប្រថុយប្រថាន​ខ្លាំង​ណាស់​។ ជួនកាល​មាន​ផលិតផល​ល្អ​ ប៉ុន្តែ​អតិថិជន​គោលដៅ​ ជីវភាពរស់នៅ​របស់​ពួកគេ​មិន​សម​ល្មម​ នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មក​ប្រើប្រាស់​ ឬទទួលទាន​។ ឧទាហរណ៍​ ទីផ្សារ​កាហ្វេ​នៅក្នុង​ក្រុងភ្នំពេញ​ ដែល​មាន​ហាង​ទំនើប​ មានគុណ​ភាពល្អ​ មាន​សេវាកម្ម​ល្អ​ មាន​ម៉ាស៊ីន​ត្រជាក់​ លក់​ក្នុង​តម្លៃ​ ២-៣ ដុល្លារ​ ក្នុង១កែវ​ ដែល​មាន​អតិថិជន​គាំទ្រ​ប្រមាណ៣០ភាគរយ​ ប៉ុណ្ណោះ​ ប៉ុន្តែ​កាហ្វេ​ដែល​មានតម្លៃ​ចន្លោះ​ពី១​-២ ដុល្លារ​ ក្នុង១កែវ​ ដែល​លក់​នៅ​ហាង​បែប​ធម្មតា​ បែរជា​មាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី​ ៣០​-៧០​ ភាគរយ​ នៃ​ចំណែក​ទីផ្សារ​នៃ​អ្នក​និយម​ទទួលទាន​កាហ្វេ​ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ​ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយ​ណា​ឱ្យ​ប្រាកដ​។

៣. ស្គា​លពី​សមាសភាព​ដៃគូ​ប្រកួតប្រជែង​

មាន​អ្នកធ្វើ​ជំនួញ​មួយចំនួន​គិតថា​ ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ មាន​ផលិតផល​ល្អ​ហើយ​នោះ​ ក៏​ចាប់ផ្តើម​ចែកចាយ​នៅ​លើ​ទីផ្សារ​តែម្តង​ ដោយ​មិនបាន​គិតទៅ​លើ​ដៃគូ​ប្រកួតប្រជែង​នោះ​ឡើយ​ ។ កត្តា​នេះ​ នឹងអាច​ធ្វើ​ឱ្យ​គម្រោង​អាជីវកម្ម​មិន​ជោគជ័យ​ ឬអាច​ត្រឹម​ទទួល​បានការ​គាំទ្រ​តិចតួច​បំផុត​។ ដូច្នេះ​ដើម្បី​ឱ្យ​មានការ​គាំទ្រ​ច្រើន​ គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង​ឱ្យ​បាន​ច្បាស់​ ថា​តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា​ ហើយ​គេ​បាន​ធ្វើអ្វី​ខ្លះ​ ចែកចាយ​ផលិតផល​បែប​ណា​នៅ​លើ​ទីផ្សារ​ ដើម្បី​ទាញ​យក​ចំណែក​ទី​ផ្សា​របស់​យើង​បាន​។

៤. ថែរក្សា​អតិថិជន​ដែល​មានស្រាប់​

ដោយសារ​ចង់បាន​អតិថិជន​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗ អ្នកខ្លះ​គិតតែពី​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើម​យក​អតិថិជន​បន្ថែម​ រហូត​ភ្លេច​គិត​ពី​ការ​ថែរក្សា​អតិថិជន​ចាស់​ ដែល​មាន​ក្នុង​ដៃ​ស្រាប់​ រហូត​ធ្វើ​ឱ្យ​ប្រភព​គាំទ្រ​អស់​ទឹកចិត្ត​នាំគ្នា​ចាកចេញ​។ ដូច្នេះ​មានតែ​ការ​ថែរក្សា​ពីអ​តិថិ​ជន​ចាស់​ ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាពល្អ​ គួរ​ជាទី​ទុកចិត្ត​ រួម​ជាមួយ​ការ​ផ្តល់​សេវាកម្ម​ល្អ​ លឿន​រហ័ស​ទាន់ចិត្ត​ ទើប​ធ្វើ​ឱ្យ​អតិថិជន​ចាស់​លើក​សរសើរ​ និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ដែល​ជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន​ និង​មានប្រសិទ្ធភាព​បំផុត​៕

លោក​ គុយ​ វ៉ា​តប្រាប់​ពី​គន្លឹះ​ស្នូល​ធំៗ​ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​

0
លោក គុយ​ វ៉ា​ត ថ្លែងក្នុងកម្មវិធី Century21​ Family ​បាន​ទទួល​ពានរង្វាន់​​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក នៅ​សហរដ្ឋអាមេរិក។ រូបថត៖ សហការី

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ក៏ដូចជា​បណ្តា​ភ្នាក់​ងារ​ផ្សេង​ៗត្រូវ​បាន​បង្កើត​ឡើង​គឺ​ក្នុង​គោលបំណង​តែមួយ​រួមគ្នា​ គឺ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ និង​ប្រាក់ចំណេញ​ទៅលើ​ការ​ផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​ និង​អ្នក​វិនិយោគ​ ប៉ុន្តែ​ការ​ទទួល​បាន​ចំណេញ​ ក៏​ត្រូវ​ធ្វើ​យ៉ាងណា​ដែល​អាច​ទទួល​បាន​ក្នុងរយៈពេល​វែង​ និង​និរន្តរភាព​។

អគ្គនាយក​ក្រុមហ៊ុន ​V Trust​ Group​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Century21​ Cambodia​ លោក​ គុយ​ វ៉ា​ត បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ចង់​ទទួល​បាន​លទ្ធផល​ល្អ​ និង​មាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​ គប្បី​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អ្នក​រួម​អាជីព​ ជាពិសេស​អតិថិជន​របស់​ខ្លួន​ទើប​ អាច​ឈាន​ទៅ​ឧត្តមភាព​នៃ​ក្រុមហ៊ុន​។

លោក​បន្ត​ថា​ “អ្នក​ជោគជ័យ​លើ​មុខ​ជំនួញ​ជាច្រើន​វិស័យ​ គួរ​គម្បី​គិតថា​ នៅពេល​យើង​ទទួល​បាន​ចំណេញ​ គេ​ក៏​ទទួល​បាន​ចំណេញ​ ដូច្នេះ​ភាព​សហការ​ជា​ដៃគូ​នឹង​នៅតែ​បន្ត​មាន​ជានិច្ច​”។

លោក​គុយ​ វ៉ា​តបាន​បន្ត​ថា​ ​“បច្ចុប្បន្ន​នេះ​ Century​ 21​ Cambodia​ មាន​សមាជិក​ដែល​ជា​ភ្នាក់ងារ​ចំនួន​ជាង៣០០នាក់​ នៅ​ចុងឆ្នាំ២០១៩នេះ​នឹង​កើនឡើង​ដល់៥០០នាក់​ ចុះបើ​យើង​មាន​រហូតដល់១០០០នាក់​ យើង​សួរ​ថា​ តើ​កម្លាំង​ផ្នែក​លក់​របស់​យើង​មាន​សកម្មភាព​បែប​ណា​អាច​ធ្វើ​រឿង​បាន​ច្រើន​ឬអត់​?”។ លោក​បាន​បញ្ជាក់​ថា​“នៅ​ក្នុង​ដំនើ​រនៃ​កិច្ចសហការ​លើ​ការ​លក់​ ក៏ដូចជា​ការ​ផ្តល់​នូវ​សេវាកម្ម​ គឺ​សុទ្ធតែ​ស្វែងរក​អត្ថ​ប្រយោជន៍​ទាំងអស់​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​មិន​ត្រូវ​យកចំណេញ​តែម្នាក់ឯង​នោះ​ទេ​ អតិថិជន​ដែល​ជា​ដៃគូ​របស់​យើង​ក៏​ប្រាថ្នា​ចង់បាន​ចំណេញ​ដែរ​ ដូច្នេះ​ចំណុច​នេះ​តែ​ពិចារណា​ទាំងអស់គ្នា​”។

ជា​អ្នកនាំ​យក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​មកកាន់​កម្ពុជា​ Century​ 21​ លោក​ គុយ​ វ៉ា​ត បាន​បន្ត​ទៀត​ថា​ “ក្រៅពី​ផ្តល់​សេវាកម្ម​ ទាំង​ភ្នាក់ងារ​ ក៏ដូចជា​ក្រុមហ៊ុន​ ត្រូវតែ​ផ្តល់​បន្ថែម​នូវ​កិច្ច​ប្រឹក្សា​ដល់​អតិថិជន​ ឬអ្នក​វិនិយោគ​ជា​ដៃគូ​ ដោយ​មិន​ត្រូវ​បណ្តោយ​ពួកគាត់​ធ្វើការ​វិនិយោគ​ទៅលើ​គម្រោង​ណាមួយ​ ដែល​យើង​ឃើញច្បាស់​ថា​នឹង​ទទួល​ ភាព​បរាជ័យ​យ៉ាង​ប្រាកដ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ​។

លោក​បន្ត​ថា​ “ភាព​ស្មោះត្រង់​ និង​បំណង​ល្អ​របស់​យើង​វា​ជា​ចំណង​មួយ​ដែល​ចង់​ពួកគេ​ឱ្យ​នៅជា​មួយ​យើង​”។ លោក​បន្ត​ថា​ “នៅក្នុង​វិស័យ​មួយ​នេះ​ បើ​មានការ​រីកចម្រើន​ មានការ​អភិវឌ្ឍ​ល្អ​ មិនមែន​មានប្រយោជន៍​ត្រឹមតែ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​ ចំពោះ​សង្គមជាតិ​ តាមរយៈ​ការ​បង់ពន្ធ​ទៅលើ​រាល់​ប្រតិបត្តិ​ការ​នានា​ ជាពិសេស​ បាន​ចូលរួម​ជួល​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​”៕

កម្ពុជា​-មី​យ៉ាន​ម៉ា​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​

0
លោក U Myint Soe និងលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន។ រូបថត៖ សហការី

ដោយ​នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ កម្ពុជា​-មី​យ៉ាន​ម៉ា​បាន​បង្ហាញ​ជំហរ​ ក្នុង​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាជន​ប្រទេស​ទាំងពីរ​ ឲ្យ​កាន់តែ​មាន​ភាព​រី​ចម្រើន​ និង​មាន​ជីវភាព​ធូ​ធារ​។

លោក​ U Myint​ Soe​ ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ដែល​នឹង​បញ្ចប់​អាណត្តិ​ការទូត​ ប្រចាំ​នៅ​កម្ពុជា​នា​ពេល​ខាងនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ និង​សហ​ប្រតិ្តប​ត្ត​ការ​អន្ដរ​ជាតិ​ នា​ថ្ងៃទី​ ៣ ខែ​ មិថុនា​នេះ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ជាពិសេស​ការ​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច៧ភាគរយ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ មាន​ភាព​ញញឹម​រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជិតស្និទ្ធ​ ក្នុងនាម​ជាគ្រួសារ​អាស៊ាន​ និង​តំបន់​អន្តរជាតិ​”។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ដែល​មានការ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ២០១៧​។ កន្លងមក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ មាន​ភាព​ប្រសើរ​ តាមរយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ជា​ញឹកញាប់​។

លោក​បន្ត​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ យើង​កត់សម្គាល់​ឃើញថា​ ឆ្នាំមុន​នេះ​មានការ​កើនឡើង​ទ្វេដង​ គឺ​កើនឡើង៤លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧​ មកដល់១០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨​ ប៉ុន្ដែ​ទោះបី​មានការ​កើនឡើង​យ៉ាងនេះ​ក៏ដោយ​ ប្រទេស​ទាំងពីរ​មាន​សក្តា​នុ​ពល​ច្រើន​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​”។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ លើ​កិច្ច​ព្រមព្រៀង​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ ដែល​ប្រទេស​ទាំងពីរ​មាន​ ក៏ដូចជា​បញ្ចប់​កិច្ច​ព្រមព្រៀង​ ក៏​ដូច​MOU​ផ្សេង​ៗដែល​ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​។ ឧទាហរណ៍​ គឺ​ដើម្បី​ជំរុញ​ផ្នែក​ពាណិជ្ជកម្ម​នេះ​ យើង​មាន​ថ្នាក់ដឹកនាំ​លោកស្រី​សាន​សូ​ជី​ ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ នា​ពេល​ថ្មី​ៗនេះ​គឺ​បាន​ឯកភាព​គ្នា​លើ​ឯកសារ​ចំនួន​ពីរ​ ដែល​ត្រូវ​ធ្វើ​ ទី១​ ការ​មិន​យកពន្ធ​ត្រួត​គ្នា​ និង​កិច្ច​ព្រមព្រៀង​មួយទៀត​ស្តី​ពី​ ការជំរុញ​និង​ការ​ការពារ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ គឺជា​កិច្ច​ព្រមព្រៀង​ទាំងពីរ​ដែល​យើង​ត្រូវ​ជំរុញ​ឲ្យបាន​សម្រេច​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​ជម្រាប​ជូន​ឯកអគ្គ​រដ្ឋទូត​ប្រទេស​មីយ៉ាន់ម៉ា​ថា​ ប្រទេស​កម្ពុជា​តែងតែ​គាំទ្រ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ និង​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ផ្សេង​ៗរបស់​មីយ៉ាន់ម៉ា​ ក្នុង​ដំណើរការ​ផ្សះ​ផ្សារ​ដើម្បី​សន្តិភាព​ និង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងនាម​ជាគ្រួសារ​អាស៊ាន​ កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ និង​វេទិកា​អន្តរជាតិ​ផ្សេងទៀត​៕

តើ​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាកល​នឹង​កើតឡើង​ម្តង​ទៀត​នៅ​ឆ្នាំ២០២០​?

0
សង្គ្រាមពាណិជ្ជកម្ម

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​ Morgan​ Stanley​ ធំ​មួយ​របស់​អាមេរិក​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ដោយ​ព្រមាន​ដល់​ក្រុម​វិនិយោគិន​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ និង​ឈាន​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​សាកល​។

លោក​ Chetan​ Ahya​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ធនាគារ​ខាងលើ​ឲ្យដឹង​ថា​ “វិនិយោគិន​ជាទូទៅ​មាន​ទស្សនៈ​ថា​ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ អាច​អូស​បន្លាយ​រយៈពេល​យូរ​ជាង​មុន​ ប៉ុន្តែ​ពួកគេ​មើលទៅ​ហាក់ដូចជា​មើល​រំលង​ផល​ប៉ះពាល់​ ដល់​ទស្សនវិស័យ​ម៉ាក្រូ​សកល​”។លោក​Ahya​ បាន​បន្ថែម​ថា​ “យើង​អាច​បញ្ចប់​ក្នុង​វិបត្តិសេដ្ឋកិច្ច​ក្នុង​រយៈពេល​បី​ត្រីមាស​។ តើ​ការ​ភ្ញាក់ផ្អើល​បែបនេះ​កើតឡើង​មែនទេ​? យើង​គិតថា​វា​អាច​ទៅវួច​”។

នៅក្នុង​ខែ​នេះ​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ចេញផ្សាយ​បញ្ជី​ពន្ធ​ថ្មី​ដើម្បី​ដំ​ឡើង​ពន្ឋ​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ២០០ពាន់​លាន​ដុល្លារ​ជាមួយ​ការដំឡើង​ពន្ធ២៥ភាគរយ​។

លោក​ ត្រាំ​បាន​លើកឡើង​ថា​ “នៅពេល​អ្នក​ត្រូវ​គេ​បាន​ចាត់ទុកថា​ជា​ “កូនជ្រូក​សម្រាប់​ទុក​លុយ​ ឬ Piggy​ Bank​” ដែល​ប្រទេសក្រៅ​បាន​លួច​ និង​បញ្ឆោត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ពាក្យ​ថា​ពន្ធ​ ឬ TARIFF​ គឺជា​ពាក្យ​ដ៏​ស្រស់​ស្អាត​! អ្នក​ផ្សេងទៀត​ត្រូវតែ​ចាត់ទុក​សហរដ្ឋអាមេរិក​ដោយ​យុត្តិធម៌​ និង​ដោយ​ការគោរព​”។លោក​បន្ត​ថា​ “យើង​មិនមែន​ជា​មនុស្ស​ល្ងីល្ងើ​នៃ​អតីតកាល​ទេ​”។

ទីផ្សារ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​កាលពី​ខែមុន​ ដោយសារ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខ្លួន​នឹង​សងសឹក​ប្រឆាំង​នឹង​ការ​បង្កើន​ពន្ធ​ និង​បញ្ជីខ្មៅ​មក​លើ​ក្រុមហ៊ុន​ចិន​។

នៅ​ទី​ក្រុង​ឡុង​ដ៏​ ក្រុមហ៊ុន ​FTSE​ 100​ បាន​ធ្លាក់ចុះ​ជាង១០០ពិន្ទុ​ ខណៈ​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​នៅ​អាល្លឺម៉ង់​ អ៊ីតាលី​ និង​បារាំង​ក៏​ត្រូវ​បាន​ប៉ះពាល់​ផង​ដែរ​។ សន្ទស្សន៍​ភាគហ៊ុន​នៃ​ក្រុមហ៊ុន ​Topix​ របស់​ជប៉ុន​បាន​បិទ​ដោ​យធា្លក់​ចុះ០.៩​ ភាគរយ​ និង​សន្ទស្សន៍​នៃ​ក្រុមហ៊ុន​ Hang​ Seng​ របស់​ហុងកុង​បាន​ធ្លាក់ចុះ ០​,៦ ភាគរយ​។

ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​នេះ​ រោងចក្រ​ពី​ប្រទេស​ចិន​ នឹង​ផ្លាស់ទី​តាំង​វិនិយោគ​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។ ទិន្នន័យ​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ពន្ធគយ​របស់​អាមេរិក​ ចូល​ជា​ធរ​នឹង​មាន​ក្រុមហ៊ុន​សម្លៀកបំពាក់​នៅ​ចិន​ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិត​ជំនួស​នៅ​កម្ពុជា​ វៀតណាម​ និង​ភូមា​។

លោក​ Wee​ Ee​ Cheong​ អគ្គនាយក​ក្រុមហ៊ុន ​United​ Overseas​ Bank​ Ltd​ (UOB​) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​តំបន់​សុវត្ថិភាព​បំផុត​សម្រាប់​ការ​វិនិយោគ​”។ ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៣៥​ UOB​ គឺជា​ធនាគារ​ធំជាង​គេ​លំដាប់​ទី៣នៅ​អាស៊ី​អាគ្នេយ៍​។

លោក​ Wee​ បាន​បន្ថែម​ទៀត​ថា​ UOB​ មាន​ផែនការ​ពង្រីក​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយមាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពីទី​ផ្សារ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីកចម្រើន​។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) សរុប​ចំនួន២​,៤ពាន់​ពាន់​ដុល្លារ​ ធ្វើ​ឱ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ២០៥០​៕

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ផ្តល់​លុយ​ ១៧៣លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​កោះ​ Solomon​

0

ដោយ​ វុត្ថា​

អូ​ស្រ្តា​លីៈ​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Scott​ Morrison​ បាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន២៥០លាន​ដុល្លារ​អូស្ត្រាលី​ស្មើ​ នឹង​ ១៧៣​,៨ លាន​ដុល្លារ​អាមេរិក​ដែល​ជា​មូលនិធិ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កោះ​ Solomon​។

លោក​ Morrison​ កាលពី​ថ្ងៃអាទិត្យ​ បាន​ក្លាយជា​មេដឹកនាំ​អូស្ត្រាលី​ដំបូង​គេ​ដែល​បាន​ទៅ​ទស្សនា​កោះ​ Solomon​ ចាប់​តាំងពី​ឆ្នាំ​ ២០០៨​ និង​បាន​ប្រកាស​អំពី​កម្មវិធី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្វេភាគី​ ដែល​មាន​ទឹកប្រាក់​រហូតដល់ ២៥០​លាន​ដុល្លារ​អូស្ត្រាលី​ដែល​ជា​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​មួយ​ទសវត្សរ៍​ទៅមុខ​ទៀត​ និង​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន​ដែល​រស់នៅ​លើ​កោះ​នេះ​ ដើម្បី​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។

លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ Honiara​ ថា​ “នេះ​ពិតជា​សំខាន់ណាស់​ ព្រោះ​វា​បាន​ធានា​ស្ថេរ​ភាព​ ហើយ​ពេលនេះ​វា​គឺជា​ពេលវេលា​ ដើម្បី​កសាង​សេដ្ឋកិច្ច​របស់​កោះ​សាឡូម៉ូន​។ ជំនួយឥតសំណង​នេះ​ នឹង​អនុញ្ញាត​ឱ្យ​កោះ​នេះ​ផ្តល់​មូលនិធិ​ដល់​ការ​រៀ​ចំ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​តូច​ៗ”។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Xinhau​ នៅ​ថ្ងៃនេះ​បាន​ឲ្យដឹង​ថា​ ក្នុងចំណោម​ថវិកា​ជាង២០០លាន​ដុល្លារ​នេះ​ ទឹកប្រាក់២​,៧លាន​ដុល្លារ​អូស្រ្តាលី​នឹង​ប្រើប្រាស់​សំរាប់​ការ​ចំណាយ​ ដល់​ប្រជាជន​ដែល​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​ដូចជា​លិខិតឆ្លងដែន​ជាដើម​។

កោះ​ Solomon​ គឺជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កោះ​ធំៗ​ចំនួន៦​ និង​កោះ​តូច​ៗជាង​ ៩០០នៅ​ទ្វីបអូសេអានី​ ស្ថិតនៅ​ខាងកើត​ប្រទេស​ប៉ា​ពួ​ញូ​ហ្គីណេ​ និង​ភាគ​ពាយព្យ​នៃ​ Vanuatu​ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ចំនួន ២៨.៤​00​គីឡូម៉ែត្រ​ការ៉េ​។

កោះ​នេះ​ត្រូវ​បាន​គេ​ហៅថា​ប្រជុំកោះ​ Melanesian​ ដែល​រួមមាន​កោះ ​Solomon​ ស្ថិតនៅ​ខាងជើង​នៃ​ប្រទេស​ប៉ា​ពួ​ញូ​ហ្គីណេ​ ប៉ុន្តែ​មិនរាប់​បញ្ចូល​កោះ​នៅ​ឆ្ងាយ​ៗ ដូចជា​កោះ​ Rennell​ កោះ​ Bellona​ និង​កោះ​ Santa​ Cruz​។

ប្រជាជន​ដែល​រស់នៅ​លើ​កោះ​នេះ​មាន​ចំនួន​ ៥៩៩​,៤១៨​ នាក់​ ហើយ​ផលិត​នៅក្នុង​ស្រុក​សរុប​ចំនួន២​,៣១១លាន​ដុល្លារ​អាមេរិក​។ នេះ​ជា​ស្ថិតិ​នៅក្នុង​ឆ្នាំ២០១៩​។ ប្រ​ទេស​នេះ​ប្រើប្រាស់​ក្រដាសប្រាក់​ជា​ប្រភេទ​ Solomon​ Island​ dollar​ (SBD​)៕

កម្ពុជា​ដើរតួ​យ៉ាង​សំខាន់​ជាងគេ​ក្នុង​ការពង្រីក​ទីផ្សារ​អចលនទ្រព្យ​ទៅកាន់​ពិភពលោក​ក្នុងចំណោម​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​

1
លោក គុយ​ វ៉ា​ត ថ្លែងក្នុងកម្មវិធី Century21​ Family ​បាន​ទទួល​ពានរង្វាន់​​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក នៅ​សហរដ្ឋអាមេរិក។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​ កំពុងតែ​មានសន្ទុះ​ខ្លាំង​ទៅលើ​ការ​អភិវឌ្ឍ​ ពេលនេះ​កម្ពុជា​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ថា​ គឺជា​ប្រទេស​មួយ​ដែល​កំពុង​ដើរតួ​យ៉ាង​សំខាន់​ និង​សកម្ម​ក្នុងចំណោម​បណ្តា​នានា​ ក្នុង​តំបន់​អាស៊ាន​លើ​ការ​ពង្រីក​សក្តា​នុ​ពល​លើ​វិស័យ​នេះ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Century​21​ Cambodia​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ V Trust​ Group​ លោក​ គុយ​ វ៉ា​ត បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី២​ មិថុនា​កន្លងមក​ថា​ “វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ពេលនេះ​ គឺ​មានការ​រី​កចម្រើន​ឥឥត​ឈប់ឈរ​ ហើយ​កម្ពុជា​បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ ក្នុងនាម​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ដើម្បី​ធ្វើការ​ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​។

ការ​ថ្លែង​បែបនេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​កែច្នៃ​ និង​រចនា​បែប​ថ្មី​នូវ ​Logo ​របស់​ខ្លួន​ និង​អបអរសាទរ​មហា​គ្រួសារ​ Century​21​ Cambodia​ Family​ ចំនួន៨​ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន២២​ បាន​ទទួល​ពានរង្វាន់​លំដាប់​កំពូល​នៅ​លើ​ពិភពលោក​ពី​ក្រុមហ៊ុនមេ​ Century​21​ ប្រចាំ​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៩​។

លោក​បន្ត​ទៀត​ថា​“ ស្ថិតនៅ​ក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​ លើ​វិស័យ​អចលនទ្រព្យ​នា​ពេលនេះ​ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​កំពុងតែ​ប្រតិបត្តិ​ការ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ត្រូវតែ​បន្ត​នូវ​កិច្ចសហការ​គ្នា​ ដើម្បី​លើកស្ទួយ​ និង​ជំរុញ​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ដើម្បី​អាច​ស្រូប​ទាញ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​ ក៏ដូចជា​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​”។

ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance​ Real​ Estate​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ លោក​គាំទ្រ​ទៅលើ​ការ​លើកឡើង​ខាងលើ​នេះ​ទាំងស្រុង​។ លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មានក​ត្តា​ភូមិសាស្ត្រ​ល្អ​ប្រសើរ​ ជាង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ក្នុង​តំបន់​ លើ​ការ​ទំនាក់​ទំនង​ផ្សេង​ៗ។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រៅពី​វិស័យ​អចលនទ្រព្យ​ កម្ពុជា​នៅ​ភាពល្អ​ប្រសើរ​ជាច្រើន​ ក្នុង​ចូលរួម​ចំណែក​ផ្សារភ្ជាប់​លើ​កិច្ច​ទំនាក់​ទំនងការ​ទូ​តផ្សេង​ៗ ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ រវាង​បណ្តា​ប្រទេស​ដែល​ស្ថិត​ នៅក្នុង​តំបន់​អាស៊ាន​ទៅកាន់​បណ្តា​ប្រទេស​ជឿនលឿន​ ដែល​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ដូចជា​ប្រទេស​ចិន​ជាដើម​”៕

សម្តេច​តេជោ​ជំរុញ​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទី​ម័​រលេ​ស

0
សម្តេចតេជោ និងលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រលេស

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេ​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ទី​ម័​រលេ​សប​ង្កើន​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ច្រើនឡើង​ថែមទៀត​។

សម្តេច​តេជោ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ Dionisio​ Babo​ Soares​ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទី​ម័​រលេ​ស (Timor​-Leste​) នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ គប្បី​ប្រឹងប្រែង​រួមគ្នា​ធ្វើ​យ៉ាងណា​ជំរុញ​នៅ​លើ​រាល់​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រួម​ទាំង​វិស័យ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិស័យ​វិនិយោគ​ ទេសចរណ៍​ ក៏ដូចជា​វិស័យ​វប្បធម៌​ជាដើម​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​ Babo​ Soares​ មន្ត្រី​ការបរទេស​ នៃ​ប្រទេស​ទី​ម័​រលេ​ស (Timor​-Leste​) បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ ទៅកាន់​ប្រទេស​ទី​ម័​រលេ​សកា​លពី​ឆ្នាំ​ ២០១៦​ បាន​ធ្វើ​ឱ្យ​ប្រទេស​ទី​ម័​រលេ​សក៏​ដូចជា​ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ហាក់បីដូចជា​ប្រទេស​មួយ​មាន​សម្ព័ន្ធភាព​ជាមួយ​កម្ពុជា​ ដូចជា​ប្រទេស​ជា​បងប្អូន​ ។

លោក​ Babo​ Soares​ បាន​មានប្រសាសន៍​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក​មក​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេលនេះ​គឺ​ដើម្បី​ធ្វើ​នេះ​យ៉ាងណា​ រឹតចំណង​មិត្តភាព​ និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង​ថែមទៀត​។

សម្តេចតេជោ និងលោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេសនៃប្រទេសទីម័រលេស

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បាន​មានប្រសាសន៍​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​កាលពី​ឆ្នាំ​ ២០១៦​ កន្លងទៅ​ សម្ដេច​តេជោ​បាន​កត់សម្គាល់​ថា​ ប្រទេស​ទី​ម័​រលេ​សបាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ចូលខ្លួន​ជាស​មា​ជិ​កអាស៊ាន​ទាំង​ការរៀបចំ​ឱ្យ​មាន​ស្ថានទូត​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​បណ្តាល​ប្រទេស​អាស៊ាន​ក៏ដូចជា​សមត្ថភាព​របស់​មន្ត្រី​រាជការ​ រួម​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទី​ម័​រលេ​សផង​ដែរ​៕

មហាយក្ស​ចិន​-ឡាវ​ចុះហត្ថលេខា​សាងសង់​ផ្លូវ​ល្បឿន​លឿន​តម្លៃ ១៣០០​លាន​ដុល្លារ​

0
គម្រោងសាងសង់​ផ្លូវ​ល្បឿន​លឿន​ឬផ្លូវ​ហាយ​វ៉េ​ពី​ប្រទេស​ចិន​ មកកាន់​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ។ រូបគំរូប

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ចិន​ Yunnan​ Construction​ and​ Investment​ Holding​ Group​ (YCIH​) និង​ក្រសួងផែនការ​ និង​វិនិយោគ​របស់​ប្រទេស​ឡាវ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ សម្រាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​ឬផ្លូវ​ហាយ​វ៉េ​ពី​ប្រទេស​ចិន​ មកកាន់​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​។

យោង​តាម​កិច្ច​ព្រមព្រៀង​ ដែល​បាន​ចុះហត្ថលេខា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ នឹង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ និង​ឈ្នះ​ ឈ្នះ​ អភិវឌ្ឍន៍​រួមគ្នា​ និង​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ជាមួយ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ ដើម្បី​បង្កើត​គម្រោង​ផ្លូវ​ល្បឿន​លឿន​រវាង​ប្រទេស​ចិន​ និង​ឡាវ​។ ភាគី​ទាំងសងខាង​នឹង​វិនិយោគ​រួមគ្នា​ ក្នុង​ការសាងសង់​គម្រោង​ដោយ​ដំណាក់កាល​ ដោយ​ឈរ​លើ​ប្រភេទ​ផ្លូវ​ “BOT​” (Build​-Operate​-Transfer​)។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Xinhuan​ របស់​ចិន​បាន​ឲ្យដឹង​ថា​ ការសាងសង់​ផ្លូវ​ពីទី​ក្រុង​វៀង​ចន្ទ​ទៅកាន់​តែ​ទីក្រុង​ Vang​ Vieng​ ដែល​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​វៀង​ចន្ទ​ដែល​មាន​ប្រវែង១០៩​,១ គីឡូម៉ែត្រ​នឹង​ត្រូង​សាងសង់​ជា៤គន្លង​ ហើយ​ចំណាយ​អស់​ថវិកា​ប្រហែល១​,៣ ពាន់​លាន​ដុល្លារ​អាមេរិក​។

ផ្លូវ​ហាយ​វ៉េ​ ដែល​មាន៤គន្លង​នេះ​នឹង​ជួយ​សន្សំសំចៃ​ នៃ​ការ​ធ្វើដំណើរ​ និង​ដឹក​ជញ្ញ​ជូន​ពីទី​ក្រុង​វៀង​ចន្ទ​ទៅ​ទីក្រុង​ Vang​ Vieng​ ដែល​ពេលនេះ​ ប្រើ​រយៈពេល២.៥​ ម៉ោង​មក​នៅ​ត្រឹមតែ១​,៥ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់ពី​ការ​សាង​សាង់​រួចរាល់​។

តំណាង​ក្រុមហ៊ុន​ចិន​ (YCIH​) បាន​ប្រាប់​សារព័ត៌មាន​ Xinhua​ ថា​ គម្រោង​ផ្លូវ​ហាយ​វ៉េ​រវាង​ចិន​និង​ឡាវ​នេះ​ នឹង​ពង្រឹង​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​នៅក្នុង​ ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ អប់រំ​ វប្បធម៌​ និង​សុខភាព​ ជំរុញ​ការអភិវឌ្ឍន៍​កសិកម្ម​ ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ការ​វិនិយោគ​ វិស័យ​ទេសចរណ៍​ និង​ការ​ធ្វើដំណើរ​ ដើម្បី​បង្កើន​ឱកាស​ការងារ​សំរាប់​ប្រជាជន​ឡាវ​នៅ​តំបន់​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​នៃ​ប្រទេស​ដែល​ផ្តល់​នូវ​កម្លាំង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​បៃតង​ និង​ចីរភាព​៕

ទុន​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​ក្នុង​វិស័យ​នេះ​

0
សំណង់អគារនៅម្ដុំបឹងកក់។ រូបថត៖ សហការី

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ទិន្នន័យ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​គម្រោង​អចលនទ្រព្យ​ចំនួន​ ២,៧ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​នៅក្នុង​វិស័យ​នេះ​។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ឡៅ​ ទិ​ព្ធ​សីហា​បាន​ថ្លែង​នៅក្នុង​វេទិកា​អចលនទ្រព្យ​មួយ​ កាលពី​ថ្ងៃសុក្រ​ថា​ តួលេខ​ត្រីមាស​ទីមួយ​បាន​កើនឡើង​ ៦៧​,៣ភាគរយ​ធៀប​នឹង​ត្រីមាស​ចុងក្រោយ​ឆ្នាំ២០១៨​។ ក្នុង​អំឡុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​ មាន​គម្រោង​វិនិយោគ​ចំនួន១​,៤២០ត្រូវ​បាន​អនុម័ត​ បើ​ប្រៀបធៀប​ទៅ​នឹង១​,១៧១ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​។

លោក​បន្ត​ថា​: «ស្ថិរភាព​សង្គម​ និង​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ជាច្រើន​ឆ្នាំ​មកនេះ​ បាន​ជួយ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឱ្យ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​មាន​ភាព​ទាក់ទាញ​”។លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ និង​ការបង្កើត​ការងារ​”។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​បន្ថយល្បឿន​ការ​អនុម័ត​គម្រោង​សាងសង់​នៅ​ចុងឆ្នាំ​មុន​។ អ្នក​ទាក់ទង​ក្នុង​វិស័យ​នេះ​បារម្ភ​ថា​ សញ្ញា​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​ក្នុង​ការអនុវត្ត​ការ​អភិវឌ្ឍ​ ដោយសារតែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៃ​អគារ​ខុន​ដូ​ដែល​រំពឹង​ទុក​នៅក្នុង​រដ្ឋធានី​។

លោ​កចេង​ ខេង​ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ CPL​ ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ និង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​ជាមួយនឹង​គម្រោង​ជាច្រើន​ នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ “ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​”។

លោ​កចេង​ ខេ​ងបាន​ពន្យល់​ថា​ “កាលពី​ឆ្នាំមុន​ការ​អនុម័ត​គម្រោង​បាន​ធ្លាក់ចុះ​ ដោយសារតែ​នៅ​ឆ្នាំ​ ២០១៧គ​ម្រោ​ងធំៗ​ជាច្រើន​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​។ គម្រោង​ទាំងនោះ​បាន​លក់​យ៉ាង​ប្រសើរ​ ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ការ​អនុម័ត​គម្រោង​ឆ្នាំនេះ​បាន​កើនឡើង​ដោយសារតែ​មាន​តម្រូវការ​នៅក្នុង​ទីផ្សារ​”។

ក្រុម​អ្នកវិភាគ​មិន​គិតថា​ មានការ​ធ្លាក់ចុះ​លើ​តម្លៃ​អចលនទ្រព្យ​ទេ​ ហើយ​ថា​ស្ថានភាព​ទីផ្សារ​នៅតែ​រឹងមាំ​។

លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ថ្លែង​ថា​ “រហូតមកដល់​ពេលនេះ​ យើង​នៅតែ​បន្ត​មើលឃើញ​ការ​លក់​មាន​ស្ថានភាព​ល្អ​ ក្នុង​គម្រោង​ជាច្រើន​ និង​ការ​លក់​គម្រោ​ងថ្មី​ៗក៏​នឹង​បន្ត​មាន​ស្ថានភាព​ល្អ​ផង​ដែរ​”។

ប៉ុន្តែ​អ្នកដទៃ​ទៀត​នៅក្នុង​វិស័យ​នេះ​បាន​ព្រមាន​ថា​ ការ​វិនិយោគ​ និង​ការអនុញ្ញាត​សាងសង់​តែមួយ​ មិនមែន​ជា​ការ​ចង្អុលបង្ហាញ​ពី​ស្ថានភាព​ទូទៅ​របស់​ទីផ្សារ​ទេ​។

លោក​ ច្រឹក​ សុ​ខនីម​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​ 21​ Mekong​ បាន​មានប្រសាសន៍​ថា​ “ការ​អនុម័ត​ពី​ក្រសួង​គឺជា​ជំហាន​ដំបូង​។ គ្រាន់តែ​សម្លឹង​មើល​អត្រា​អនុម័ត​មិន​គ្រប់គ្រាន់​ទេ​ យើង​ត្រូវតែ​ពិនិត្យមើល​ថា​តើ​គម្រោង​ទាំងនេះ​ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ពេញលេញ​ឬយ៉ាងណា​”។

កត្តា​ផ្សេងទៀត​អាច​មាន​ឥទ្ធិពល​ លើ​ការ​អនុម័ត​របស់​រដ្ឋាភិបាល​។ អ្នក​ចូល​ថ្មី​ជាច្រើន​ដែល​ព្យាយាម​ចូលរួម​ក្នុង​វិស័យ​នេះ​ ប្រហែលជា​មិន​មានបទពិសោធន៍​ចាំបាច់​ ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​ការ​អនុម័ត​នោះ​ទេ​៕