CNN​៖ សៀមរាប​ជា​កន្លែង​ទេសចរណ៍​ល្អ​បំផុត​មួយ​នៅ​អាស៊ី​

0
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកំពុងចូលទស្សនាប្រាសាទអង្គវត្ត។ រូបថត៖ ម៉ៃ រីរៈ

ដោយ​ ម៉ា​ណេត

ភ្នំពេញ​: ស្ថានីយ៍​ទូរទស្សន៍​ Cable​ News​ Network​ (CNN​) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា​ ខេត្តសៀមរាប​ជា​កន្លែង​ទេសចរ​ ណ៍​ដ៏​ល្អ​បំផុត​មួយ​ ក្នុង​ការ​ធ្វើ​ទស្សនា​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី​។

ក្រៅពី​ខេត្តសៀមរាប​ ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​បំផុត​មួយ​ ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ CNN​ ក៏បាន​បង្ហាញថា​ ទី​ក្រុង​ក្យូ​តុ​ ប្រទេស​ជប៉ុន​ ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​កោះ​បាលី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​សម្រាប់​ទេសចរណ៍​ផង​ដែរ​។

CNN​ បាន​ឲ្យដឹង​នៅក្នុង​របាយការណ៍​ថា​ “មាន​អ្នកទេសចរ​លើស​ពី២​,៥ លាន​នាក់​បាន​មកកាន់​ទីក្រុង​សៀមរាប​ ជា​រៀងរាល់​ឆ្នាំ​ជាមួយ​គោលបំណង​ចង់​ឃើញ​ និង​ទស្សនា​ប្រាសាទអង្គរវត្ត​”។

របាយការណ៍​នេះ​បាន​បន្ត​ថា​ “ដោយ​អាយុកាល​ចាត់តាំង​ពី​សតវត្សរ៍​ទី១២​ ប្រាសាទខ្មែរ​ ដែល​បាន​ចុះបញ្ជី​ជា​យូ​ណេស្កូ​នេះ​ ជាផ្នែក​មួយ​នៃ​បរិវេណ​ប្រាសាទ​អង្គរ​ដ៏​ធំ​គឺ​ចំណុច​សំខាន់​ក្នុង​ការ​ចូល​បញ្ជី​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​បំផុត​”។

យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃសៅរ៍​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ជិត១​,១២​ លាន​នាក់​បាន​មក​ទស្សនា​ឧទ្យាន​បុរាណ​អង្គរ​ចាប់ពី​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។

ប្រទេស​ចិន​ អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ គឺជា​ប្រភព​ទេសចរណ៍​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា​ ខណៈ​ចំណូល​ទទួល​បាន​ពី​ការទិញ​សំបុត្រ​ ចូល​ទស្សនា​តំបន់​អង្គរ​មាន​ប្រមាណ​ជាង​ ៥០លាន​ដុល្លារ​អាមេរិក​។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ សម្រាប់​ជនបរទេស​គឺ៣៧ដុល្លារ​សម្រាប់​ដំណើរ​កម្សាន្ត​មួយថ្ងៃ​ តម្លៃ៦២ដុល្លារ​សម្រាប់​រយៈពេល​បី​ថ្ងៃ​ និង៧២ដុល្លារ​សម្រាប់​រយៈពេល​មួយ​សប្តាហ៍​៕

កម្ពុជា​-ម៉ាឡេស៊ី​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីក​លូតលាស់​

0
កម្ពុជា-ម៉ាឡេស៊ីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែរីកលូតលាស់

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ បាន​ប្តេជ្ញា​រួមគ្នា​ក្នុង​ការ​លើកកម្ពស់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ វិនិយោគ​ និង​សេដ្ឋកិច្ច​ នៃ​ប្រទេសទាំងពីរ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត​។

លោក​ Eldeen​ Hasaaini​ Binh​ Mohd​ Hashim​ (អែល​ឌីន​ ហួសៃ​នី​ ប៊ី​ន ម៉ូត​ ហា​ស៊ី​ម) ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​នៅពេល​នេះ​ គឺ​៖

ទី១​) ធ្វើ​យ៉ាងណា​ ជំរុញ​ទំនាក់ទំនង​កម្ពុជា​ និង​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង​ថែមទៀត​

ទី២​) ជំរុញ​រាល់​កិច្ច​ព្រមព្រៀង​អនុស្សារ​ណៈ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​ឲ្យ​ដំណើរការ​ទៅមុខ​

ទី៣​) ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​ និង​ម៉ាឡេស៊ី​អោយ​មាន​ទំហំ​កាន់តែ​ធំឡើង​ ជាពិសេស​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ ព្រមទាំង​ធ្វើ​យ៉ាងណា​ជំរុញ​ការ​វិនិយោគ​ម៉ាឡេស៊ី​នៅ​កម្ពុជា​ឱ្យ​ក្លាយទៅជា​វិនិយោគ​ធំ​លំដាប់​ទី១នៅ​កម្ពុជា​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ដែរ​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ឈាន​ដល់កម្រិត​មួយ​ដែល​មិនធ្លាប់​មាន​ហើយ​អ្វី​ដែល​ជាគោល​បំណង​ និង​សេចក្តី​ប៉ងប្រាថ្នា​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ធំ​បន្ថែម​ទៀត​ ហើយ​លើស​ពីនោះ​ទៀត​ គឺ​ធ្វើ​យ៉ាងណា​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​លំហូរ​ដោយសេរី​ស្របតាម​យន្តការ​គោលការណ៍​ និង​គោលនយោបាយ​របស់​អាស៊ាន​ មិន​តែប៉ុណ្ណោះ​ត្រូវ​ជំរុញ​ឱ្យ​មាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន​ និង​អាស៊ាន​ផង​ដែរ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ធ្វើ​យ៉ាងណា​ជំរុញ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ផង​ និង​ជំរុញ​កិច្ច​ព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​នៃ​ប្រទេស​ទាំងពីរ​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​វិនិយោគ​ពាណិជ្ជកម្ម​យើង​ទាំងពីរ​ ៕

សម្តេច​តេជោ​ជំរុញ​ការ​វិនិយោគ​រវាង​កម្ពុជា​-ឡាវ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​

0
លោក សន សៃស៊ីផាន់ដន និងសម្តេចតេជោ ហ៊ុន សែន

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​កម្ពុជា​-ឡាវ​បង្កើន​ការ​វិនិយោគ​ឱ្យ​មានការ​រីកចម្រើន​កាន់តែ​ធំ​ ជាពិសេស​វិស័យ​ទេសចរណ៍​ វិស័យ​វប្បធម៌​ និង​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​តេជោ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ សន​ សៃ​ស៊ី​ផាន់ដន​ ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​ នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩បាន​ថ្លែង​ថា​ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ និង​ឡាវ​គប្បី​ណា​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​កាន់តែ​ធំ​ថែមទៀត​ ជាពិសេស​វិស័យ​ទេសចរណ៍​ វិស័យ​វប្បធម៌​ និង​វិស័យ​វិនិយោគ​ ក៏ដូចជា​វិស័យ​សេដ្ឋកិច្ច​ផង​។

សម្ដេច​តេជោ​បន្ត​ថា​ លើស​ពីនោះ​ទៀត​ ក៏​មិន​ត្រូវ​កាត់ផ្ដាច់​ពី​វិស័យ​ថាមពល​ផង​ដែរ​ យើង​គប្បី​ណា​លើកយក​វិស័យ​ថាមពល​ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​យើង​ទាំងពីរ​ ជាមួយគ្នា​នេះ​ផង​ដែរ​ទាក់ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​ គប្បី​ណា​ដា​ក់បញ្ជូល​ទៅលើ​ផ្នែក​ ការទិញ​-លក់​ នៃ​វិស័យ​ថាម​អគ្គិសនី​នេះ​ផង​ដែរ​។

លោក​ សន​ សៃ​ស៊ី​ផាន់ដន​ ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​ បាន​ឲ្យដឹង​ថា​ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​នេះ​ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ និង​ដកស្រង់​បទពិសោធន៍​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ ដើម្បី​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ​។

ទន្ទឹម​នឹង​នេះ​ លោក​បន្ត​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ជាពិសេស​អគារ​ខ្ពស់​ៗបាន​រីក​ស្គុះស្គាយ​ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​ក៏​មាន​ភាពល្អ​ប្រសើរ​ឡើង​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​វិ​និ​យោ​គគិន​ឡាវ​នៅ​កម្ពុជា​ ជាពិសេស​ ធនាគារ​ឡាវ​ BIC​ ក៏ដូចជា​អ្នក​វិ​និ​យោ​គផ្សេង​ៗ និង​ការ​គាំទ្រ​ដល់​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផង​ដែរ​។

ជាមួយគ្នា​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ធ្វើការ​ណែនាំ​លើ​ករណី​វិស័យ​ ធនាគារ​ ដើម្បីអោយ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នោះ​ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្ត​ទុកដាក់​ដល់​ការ​ផ្ដល់​កម្ចី​ដល់​វិស័យ​ឧស្សាហកម្ម​ និង​សិប្បកម្ម​។ ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​វិញ​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ឡាវ​ផង​ដែរ​ ដែល​ឆ្នាំនេះ​បាន​លក់​ថាមពល​អគ្គិសនី​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាន​ចំនួន​ ១៨​ មេ​ហ្គា​វ៉ាត់​ ដែល​ថាមពល​អគ្គិសនី​នេះ​កំពុងតែ​ប្រើប្រាស់​នៅ​ខេត្តកំពង់ធំ​ និង​ខេត្តព្រះវិហារ​៕

ជប៉ុន​ចាប់ផ្ដើម​បន្ត​បង្កើន​អំណាច​សេដ្ឋកិច្ច​ទៅកាន់​ពិភពលោក​

0

ដោយ​ វុត្ថា

ជប៉ុន​៖ ជប៉ុន​បន្ត​បង្កើន​អំណាច​សេដ្ឋកិច្ច​ខ្លូន​ទៅកាន់​ពិភពលោក​ដោយ​បង្កើន​ការ​វិនិយោគ​នៅ​ចិន​ តំបន់​អាស៊ី​ អាហ្រិក​ និង​ មជ្ឈឹ​មបូ​ពារ​ណ៍​ រុស្សី​ អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ហិរញ្ញវត្ថុ​ជប៉ុន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា​ ការ​ចំណាយ​ដើមទុន​លើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជប៉ុន​បាន​កើនឡើង​ ៦,១​ ភាគរយ​នៅ​ត្រីមាស​ទី១​ រាប់​ចាប់ពី​ខែមករា​ដល់​ខែមីនា​ឆ្នាំ​ ២០១៩​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

សម្រាប់​ការ​ចំណាយ​ដើមទុន​នៃ​វិស័យ​មិន​មែន​ហរិ​ញ្ញ​វត្ថុ​ទាំងអស់​បាន​កើនឡើង​ ៥,៧​ភាគរយ​ក្នុង​ត្រីមាស​មុន​កើន​ដល់​ ១៥,៦៨​ ពាន់​ពាន់​លាន​យ៉េន​ស្មើនឹង​ ១៤៥​ ពាន់​លាន​ដុល្លារ​ ។

បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ទៀត​ដឹង​ថា​ ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) របស់​ជប៉ុន​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​មាន​ចំនួន​ ៣,៦៦​ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ១១​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៦ ក្នុងចំណោម​ការ​វិនិយោគទុន​នៅ​ក្រៅប្រទេស​បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក​មាន​ចំនួន​ ៣,១៧​ ពាន់​លាន​ដុល្លារ​ ។

ក្នុងអំឡុងពេល​ដូចគ្នា​ FDI​ នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ ១ ភាគរយ​ ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​គឺ​កើនឡើង​ដល់​ ១២១,២៦​ ពាន់​លាន​ដុល្លារ​។របាយការណ៍​ឆ្នាំ​ ២០១២​ បាន​បង្ហាញថា​ ប្រទេស​ចិន​គឺជា​គោលដៅ​ទី​ ១ក្នុង​ពិភពលោក​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ ដោយមាន​ទឹកប្រាក់​ប្រមាណ​ ៦៥​ ពាន់​លាន​ដុល្លារ​សហរដ្ឋ​ អាមេរិក​ចាប់តាំង​ពី​ឆ្នា​ ១៩៨០​ ដោយ​ក្នុង​នោះ​ បុគ្គលិក​ដែល​ជា​ជនជាតិ​ចិន​ចំនួន​ជាង​ ១លាន​ដុល្លារ​បាន​បំរើ​ក្នុង​ក្រុមហ៊ុន​ចិន​ ។

ក្នុង​ឆ្នាំ​ ២០០៦​ មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ២០.០០០​ ភាគច្រើន​នៅក្នុង​ទីក្រុង​សៀងហៃ​ ដែល​វិនិយោគ​លើ​រោងចក្រ​ លំនៅ​ដ្ឋាន​ ភោជនីយដ្ឋាន​ និង​សាលារៀន​។ការ​វិនិយោគ​នៅក្នុង​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ជប៉ុន​ដោយសារតែ​ទីផ្សារ​ទាក់ទាញ​ និង​ធំ​ទំ​លំ​ទូលាយ​ ព្រមទាំង​មាន​តម្រូវការ​ខ្ពស់​ជាង​បណ្តាល​ទេស​ផ្សេង​។ទី​ ២ ក្រុមហ៊ុន​ជប៉ុន​ក៏បាន​ធ្វើការ​វិយោគ​នៅក្នុង​តំបន់​អាស៊ី​ អាហ្រិក​ និង​ មជ្ឈឹ​មបូ​ពារ​ណ៍​ ។

ទី៣​ ការ​វិនិយោគ​ក្នុង​ប្រទេស​រុស្សី​ និង​អឺរ៉ុប​ និង​ទី​ ៤ គឺ​នៅ​សហរដ្ឋអាមេរិក​។ទិន្នន័យ​របស់ក្រ​សួង​ក៏បាន​បង្ហាញ​ពី​ការ​កើនឡើង​ប្រចាំត្រីមាស​លើក​ទី​ ១០​ ដោយ​ផ្អែកលើ​ការ​ចំណាយ​ដ៏​រឹងមាំ​របស់​អាជីវកម្ម​ដើម្បី​ផលិត​គ្រឿងបន្លាស់​រថយន្ត​ និង​ឧបករណ៍​សំណង់​ក៏ដូចជា​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ទៅលើ​សារធាតុគីមី​ដើម្បី​ផលិត​គ្រឿងសំអាង​។

ក្រសួង​បានឱ្យ​ដឹង​បន្ត​ថា​ ការ​ចំណាយ​ដើមទុន​ដោយ​មិនរាប់​បញ្ចូល​ការ​ចំណាយ​លើ​ផ្នែក​ទន់​បាន​កើនឡើង​ ១,១​ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​វិញ​។ទិន្នន័យ​របស់ក្រ​សួង​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ក្រុមហ៊ុន​បាន​ប្រកាស​ប្រាក់ចំណេញ​មុន​បង់ពន្ធ​មាន​ចំនួន​ ២២,២៤​ ពាន់​ពាន់​លាន​យ៉េន​ ស្មើ​ ២០៥​ ពាន់​លាន​ដុល្លារ​ កើនឡើង​ ១០,៣​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​និង​ធ្លាក់ចុះ​ ៧,0​ ភាគរយ​នៅ​ត្រីមាស​មុន​។

ក្រសួង​បានឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ការ​លក់​ក្នុង​ត្រីមាស​ដោយ​បាន​កើនឡើង​ ៣ ភាគរយ​រហូតដល់​ ៣៧២,៥​ លាន​លាន​យ៉េន​ ស្មើ​ ៣,៤៣​ ពាន់​ពាន់​លាន​ដុល្លារ​៕

កម្ពុជា​នឹង​ទទួលផល​ចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន

0

ដោយ​ Donald​ Lee​ ​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មានប្រសាសន៍​ថា​ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​អាចប​ង្កើត​ឱកាស​ដល់​កម្ពុជា​ក្នុង​ការពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ដ្រី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ក្នុង​វេ​ទិ​ការ​ប្រឹក្សា​ធុរកិច្ច​អឺរ៉ុប​-អាស៊ាន​កាលពី​ថ្ងៃសុក្រ​ថា​ “ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អាចប​ង្កើត​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ក្នុង​ការពង្រីក​ទីផ្សារ​នាំចេញ​របស់​យើង​ និង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​”។

កាលពី​ឆ្នាំមុន​ខណៈ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បាន​កើតឡើង​ កម្ពុជា​ទទួល​បាន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ៣ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ១០​ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​តូក្យូ​កាលពី​សប្តាហ៍​មុន​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​គឺជា​កត្តា​ជំរុញ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​ការ​សំរេច​គោលដៅ​អភិវឌ្ឍន៍​។

រដ្ឋាភិបាល​ចិន​បាន​ចេញ​ “របាយការណ៍​មួយ​ដែល​ហៅ​ក្រ​ដា​សស​ ឬ White​ Paper​” កាលពី​ម្សិលមិញ​ស្តី​ពី​ការសម្រេច​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន​ និង​ស្ថានភាព​ទំនាក់ទំនង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ជាមួយ​សហរដ្ឋអាមេរិក​។ របាយការណ៍​នេះ​បា​នប្រ​មាន​ថា​ សហរដ្ឋអាមេរិក​មិន​គួរ​ឆ្លងកាត់​ខ្សែ​ ឬដើរ​រំលង​បន្ទាត់ក្រហម​នោះ​ទេ​។

រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ក្នុង​របា​ការណ៍​ដដែល​ថា​ “ភាគី​ទាំងពីរ​មិន​គួរ​គួរ​ឆ្លងកាត់​ខ្សែបន្ទាត់​ក្រហម​នោះ​ទេ​។ ចិន​ និង​អាម៉េរិក​គួរតែ​មើលឃើញ​និង​ទទួលស្គាល់​ភាព​ខុសគ្នា​នៃ​ប្រទេស​របស់​ពួក​ខ្លួន​នៅក្នុង​ការ​អភិវឌ្ឍ​ជាតិ​ និង​នៅក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​ និង​គោរព​ដល់​ការអភិវឌ្ឍន៍​របស់​គ្នា​ទៅវិញទៅមក​ និង​ស្ថាប័ន​មូលដ្ឋាន​នានា​”។

រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ថា​ “សិទ្ធិ​ក្នុង​ការអភិវឌ្ឍន៍​មិន​អាច​ត្រូវ​បាន​លះបង់​ទេ​ ហើយ​អធិបតេយ្យ​ភាព​របស់​ជាតិ​ក៏​មិន​អាច​ត្រូវ​បាន​បំផ្លាញ​ដែរ​”។ របាយការណ៍​របស់​ចិន​ត្រូវ​បាន​ចេញផ្សាយ​ បន្ទាប់ពី​មានការ​រិះគន់​ជា​សាធារណៈ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) ។

មេដឹកនាំ​អាមេរិក​នេះ​បាន​ចំណាយពេល​ចុង​សប្តាហ៍​កន្លងមក​នេះ​រិះគន់​ចិន​ និង​ការពារ​ការសម្រេច​ចិត្ត​របស់​លោក​ក្នុង​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​។លោក​ ត្រាំ​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ធ្វី​តធ័រ​ (tweeter​) ថា​ “ប្រទេស​ចិន​កំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​ក្នុង​ការ​ផ្តល់​កញ្ចប់​ជំនួយ​ដល់​ទំនិញ​របស់​ពួកគេ​ និង​ធ្វើ​រូបិយវត្ថុ​ចិន​ធ្លាក់​ថ្លៃ​ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចៀសវាង​ការ​បង់ពន្ធ​ ២៥​ ភាគរយ​”។

បញ្ជី​តំលៃ​ពន្ធ​ថ្មី​អាមេរិក​រួមបញ្ចូល​ទាំង​វិស័យ​ផលិតកម្ម​របស់​ចិន​ជា​ធ្វើឲ្យ​មាន​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ទៅ​ក្នុង​តំបន់​អាស៊ាន​ ដោយសារតែ​ការ​កើនឡើង​ថ្លៃដើម​នៃ​ការ​ផ្គត់ផ្គង់​។ ទិន្នន័យ​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ពន្ធគយ​របស់​អាមេរិក​ចូលជាធរមាន​នោះ​ វិស័យ​កាត់ដេរ​នៅ​ចិន​នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅតែ​ពី​ស្វែងរក​ទីតាំង​ផលិតកម្ម​ជំនួស​នៅក្នុង​ប្រទេស​កម្ពុជា​ វៀតណាម​ និង​មីយ៉ាន់ម៉ា​។

លោក​ Wee​ Ee​ Cheong​ អគ្គនាយក​ក្រុមហ៊ុន​ United​ Overseas​ Bank​ Ltd​ (UOB​) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ភ្នាក់ងារ​ Bloomberg​ ថា​ “អាស៊ាន​នឹង​ក្លាយជា​តំបន់​សុវត្ថិភាព​បំផុត​សម្រាប់​ការ​វិនិយោគ​” ។

ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៣៥​ UOB​ គឺជា​ធនាគារ​ធំជាង​គេ​លំដាប់​ទី​ ៣ នៅ​អាស៊ី​អាគ្នេយ៍​។លោក​ Wee​ បាន​បន្ថែម​ទៀត​ថា​ UOB​ មាន​ផែនការ​ពង្រីក​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយមាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ដើម្បី​ទាញ​យក​ប្រយោជន៍​ពីទី​ផ្សារ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីកចម្រើន​។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង​ ៦០០​ លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) សរុប​ចំនួន​ ២,៤​ ពាន់​ពាន់​ដុល្លារ​ធ្វើ​ឱ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​ឆ្នាំ​ ២០៥០​៕

ទោះជា​ការ​សហការ​ល្អ​តែ​និន្នាការ​នេះ​នៅ​មានកម្រិត​ក្នុង​វិស័យ​អចលនទ្រព្យ​

0
លោកឧកញ៉ា នួន រិទ្ធី / លោក Ken Lo / ប្រធានសមាគម CVEA លោក ច្រឹក សុខនីម

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​៖ នៅក្នុងចំណោម​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ដែល​កំពុងតែ​ដំណើរ​ប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លើកឡើង​ពី​ទស្សនៈ​ផ្សេងគ្នា​ ថា​តើ​គួរ​អនុវត្ត​គោល​ការ​ចាប់ដៃ​សហការ​គ្នា​ដើម្បី​ទទួល​បាន​ប្រយោជន៍​រួមគ្នា​ ឬចាំបាច់​ត្រូវតែ​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ និង​បង្ហាញ​ពី​សក្ដានុពល​របស់​ក្រុមហ៊ុន​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ស្ថាបនិក​ និង​ជានា​យក​ក្រុមហ៊ុន​ Century​ 21​ Imperial​ Realty​ លោក​ Ken​ Lo​ មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ មិនថា​ជា​ការប្រកួត​ប្រជែង​ ឬជា​កិច្ចសហការ​នោះ​ទេ​ គឺ​សុទ្ធតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​ដូចគ្នា​ សំខាន់​ការអនុវត្ត​ត្រូវ​ធ្វើឡើង​ឱ្យ​មាន​តម្លាភាព​ និង​មាន​វិជ្ជាជីវៈ​។

លោក​បាន​បន្ត​ថា​ ៖ “នៅក្នុង​ក្រុមហ៊ុន​នី​មួយ​ៗគឺ​សុទ្ធតែ​មាន​គោលការណ៍​ និង​វិធីសាស្ត្រ​ក្នុង​ការ​អនុ​វត្ត​ផ្សេង​ៗគ្នា​ទាំងអស់​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “តាមពិត​ការ​សហការ​គ្នា​ដើម្បី​ទទួល​បាន​ប្រយោជន៍​នៅ​លើ​ទីផ្សារ​ថ្វីត្បិតតែ​ទទួល​បាន​ចំណូល​តិច​ ប៉ុន្តែ​វា​មាន​ភាព​ស្ថិតស្ថេរ​យូរអង្វែង​ ។ ឧទាហរណ៍​ ដូចជា​ការ​ផ្តល់​សេវាកម្ម​ទៅលើ​ការ​លក់​អចលនវត្ថុ​មួយ​រួមគ្នា​រវាង​ភ្នាក់ងារ​ចំនួន២ក្រុមហ៊ុន​ផ្សេងគ្នា​អាច​ធ្វើ​ទៅ​បាន​ក្រោម​ការ​ចចារ​ និង​ធ្វើ​កិច្ចសន្យា​រួមគ្នា​ក្នុង​ការ​ទទួល​បាន​ចំណែក​នៃ​អត្ថ​ប្រយោជន៍​ ប៉ុន្តែ​វិធីសាស្ត្រ​នេះ​មាន​ចំណូល​តិច​ចំពោះ​ក្រុមហ៊ុន​ ហើយក៏​មិនសូវ​មាន​គេ​យក​មក​អនុវត្ត​នោះ​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “វិធីសាស្ត្រ​ខាងលើ​នេះ​ ភាគច្រើន​គេ​ធ្វើឡើង​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មាន​ធនធាន​គ្រប់គ្រាន់​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​ចំពោះ​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់​ដំណើរការ​ ឬជា​ប្រភេទ​ក្រុមហ៊ុន​ខ្នាត​តូច​គឺ​គេ​មិនសូវ​ចាប់អារម្មណ៍​ធ្វើ​នោះ​ទេ​ ដោយសារតែ​គេ​ចង់​ក្រសោប​យក​ចំណែក​ទី​ផ្សា​តែម្នាក់​ដើម្បី​អាច​បង្កើន​ចំណូល​សម្រាប់​ក្រុមហ៊ុន​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ទៅលើ​ការប្រកួត​ប្រជែង​ព្រោះ​លោក​យល់ថា​ ការប្រកួត​ប្រជែង​វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​មាន​ជំនឿ​របស់​អតិថិជន​ និង​សក្ដានុពល​របស់​ក្រុមហ៊ុន​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ៖ “ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​នៅ​លើ​សាកលលោក​គឺ​តែ​មានការ​ប្រកួតប្រជែង​គ្នា​ជាចាំបាច់​ដើម្បី​ទទួល​បាន​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ៖ “បើ​គ្មាន​ការប្រកួត​ប្រជែង​ ធ្វើ​ម៉េច​ទើប​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​? វា​ជាទី​ផ្សារ​សេរី​ ក្រុមហ៊ុន​ និង​ភ្នាក់ងារ​ទាំងអស់​សុទ្ធតែ​មាន​សិទ្ធិ​ក្នុង​ការប្រកួត​ប្រជែក​ទៅតាម​លទ្ធភាព​របស់​ក្រុមហ៊ុន​នី​មួយ​ៗ។ គុណសម្បត្តិ​នៃ​ការប្រកួត​ប្រជែង​គឺ​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ទៅតាម​លទ្ធភាព​របស់​ខ្លួន​ ហើយ​ចំពោះ​គុណវិបត្តិ​គឺ​កើតឡើង​ក្រោយពេល​ប្រកួតប្រជែង​មិន​ឈ្នះ​គេ​”។

លោក​ឧកញ៉ា​បញ្ជាក់​ទៀត​ថា​ ៖ “ផលវិបាក​នៃ​ការប្រកួត​ប្រជែង​គឺ​រវាង​ក្រុមហ៊ុន​ស្របច្បាប់​ និង​ក្រុមហ៊ុន​គ្មាន​ច្បាប់​ ដែល​ភាគច្រើន​ក្រុមហ៊ុន​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​តែ​ធ្វើឡើង​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ និង​ខុសពី​វិជ្ជាជីវៈ​” ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​ថា​ បច្ចុប្បន្ន​ចំពោះ​ក្រុមហ៊ុន​ដែល​សហការ​គ្នា​នៅក្នុង​វិស័យ​នេះ​ហាក់​មាន​ចំនួន​តិច​នៅឡើយ​។

លោក​បាន​បន្ត​ថា​ ៖ “ទាំង​ការ​សហការ​ និង​ការប្រកួត​ប្រជែង​ដោយ​ភាព​ស្មោះត្រង់​គឺ​សុទ្ធតែ​មានផល​ប្រយោជន៍​ដូចគ្នា​ ។ វា​ត្រូវ​ចំណាយពេល​យូរ​បន្តិច​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​វិស័យ​រួមគ្នា​សហការ​គ្នា​ ដោយសារតែ​ក្រុមហ៊ុន​នី​មួយ​ៗមិនបាន​គិតទៅ​លើ​ចំណុច​នេះនោះ​ទេ​ ម្នា​ក់ៗ​សុទ្ធតែ​ខំប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​ទៅតាម​លទ្ធភាព​”។

លោក​បាន​បន្ត​ទៀត​ថា​ ៖ “យើង​មិន​អាច​សម្រេច​ឱ្យ​គេ​អនុវត្ត​តាមអ្វី​ដែល​យើង​ចង់បាន​នោះ​ទេ​ ហើយ​បើ​ការអនុវត្ត​នូវ​វិធី​ណាមួយ​ដែល​មិន​មាន​ចំណូល​ដល់​ក្រុមហ៊ុន​ក៏​គេ​មិន​ធ្វើ​នោះ​ដែរ​ សំខាន់​ការអនុវត្ត​ទាំងអស់​នោះ​កុំឱ្យ​តែ​ប្រាស់​ចាក​ពី​ច្បាប់​ និង​វិជ្ជាជីវៈ​តែប៉ុណ្ណោះ​”៕

សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម​បង្ក​ផល​ប៉ះពាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​នៅ​អាមេរិក

0
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន

​ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​កាលពី​ខែឧសភា​ចាប់ផ្តើម​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ម្ចាស់​ជំនួញ​នៅ​ទីក្រុង​ចិន​ ឬ Chinatown​ នៅ​អាមេរិក​ ដោយ​លោក​ដូ​ណា​ល់​ត្រាំ​បាន​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ដែល​មាន​ទំហំ​គិតជា​ទឹកប្រាក់​ ២០០​ ពាន់​លាន​ដុល្លារ​ដែល​ស្មើនឹង​ការ​តម្លើង​ពន្ធ​ដល់២៥ភាគរយ​។

ក្រុមហ៊ុន​ Pearl​ River​ Mart​ បាន​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ៤៨​ ឆ្នាំ​មក​ហើយ​។ វា​ជា​ហាងទំនិញ​សម្រាប់​អ្នក​ញូ​វយ៉​កដែល​កំពុង​ស្វែងរក​ទំនិញ​ដែល​មាន​តំលៃ​សមរម្យ​ពី​អាស៊ី​។ ប៉ុន្តែ​តម្លៃ​ទំនិញ​ទាំងនេះ​នឹង​មា​ត្រូវ​បាន​តម្លើង​ថ្លៃ​ ខណៈ៧០​ ភាគរយ​នៃ​អ្វី​ដែល​ហាង​លក់​នេះ​ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​ចិន​ – រួម​ទាំង​ស្បែកជើង​ទាំងនេះ​ដែ​លក់ដាច់​ធំ​បំផុត​។

លោកស្រី​ Ching​ Yeh​ Chen​ ស្ថាបនិក​ក្រុមហ៊ុន​ Pearl​ River​ Mart​ បាន​និយាយ​ថា​ “ការ​ដឹកជញ្ជូន​លើកក្រោយ​ដែល​ខ្ញុំ​រំពឹង​ទុក​ប្រហែល​បី​សប្តាហ៍​នឹង​ត្រូវ​ប៉ះពាល់​”។

លោកស្រី​បាន​ថ្លែង​ថា​ “ដូច្នេះ​វា​មាន​ ៥៥​ ភាគរយ​នៃ​តម្លៃ​ទំនិញ​ត្រូវ​បង់​ទៅ​នាយកដ្ឋាន​រតនាគារ​”។ស្បែកជើង​ត្រូវ​បាន​ផលិត​ពី​វត្ថុធាតុដើម​ (polyvinyl​ chloride​) ឬ PVC​ គឺ​ស្ថិតនៅ​លើ​បញ្ជី​ពន្ធ​ផង​ដែរ​។

យោង​តាម​ឈ្មួញ​កណ្តាល​របស់​លោកស្រី​ ភាគច្រើន​នៃ​អ្វី​ដែល​លោកស្រី​លក់​នឹង​ត្រូវ​បង់ពន្ធ​បន្ថែម​។ឥលូវ​នេះ​ស្បែកជើង​លក់រាយ​ក្នុង​តម្លៃ​ ១៦​ ដុល្លា​ ប៉ុន្តែ​លោកស្រី​ Chen​ បាន​និយាយ​ថា​ តម្លៃ​នេះ​នឹង​ត្រូវ​កើនឡើង​ដល់​ ២០​ ដុល្លា​ដោយសារ​តម្លៃ​ពន្ធ​បន្ថែម​។ ឆ័ត្រ​ដែល​លក់​ក្នុង​តម្លៃ​ ៧ ដុល្លារ​កាលពី​ឆ្នាំមុន​ឥឡូវនេះ​មានតម្លៃ​ ១០​ ដុល្លារ​។

លោកស្រី​ បន្ត​ថា​ “ដូច្នេះ​នៅពេល​ដែល​លោក​ ត្រាំ​ និយាយ​ថា​ ចិន​នឹង​ចំណាយ​ប្រាក់​សម្រាប់​តម្លៃ​ពន្ធ​បន្ថែម​នេះ​។ ទេ​! វា​ជា​រឿង​ខុសឆ្គង​។ តាមពិត​ទៅ​វា​ហាក់ដូចជា​អ្នកនាំ​ចូល​នឹង​បង់ប្រាក់​ ប៉ុន្តែ​នៅទីបញ្ចប់​តើ​អ្នកណា​នឹង​បង់​គឺ​អតិថិជន​”។

ហាង​លក់ទំនិញ​នៅ​ទីក្រុង​ចិន​ ឬ Chinatown​ នៅ​ទូទាំង​អាមេរិក​ទំនងជា​ត្រូវ​តម្លើង​ថ្លៃ​ឆាប់​ៗនេះ​ប្រសិនបើ​ពួកគេ​មិនទាន់​រួចផុត​ពី​ការ​កើនឡើង​ពន្ធគយ​។ ប៉ុន្តែ​អ្នកជំនាញ​នាំចូល​បាន​និយាយ​ថា​ ពន្ធគយ​មិនមែន​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ពួកគេ​នា​ពេលនេះ​ទេ​។

សង្គ្រាម​ពាណិជ្ជកម្ម​គួរតែ​មានការ​ពន្យារពេល​។លោក​ John​ Duffield​ ជា​ឈ្មួញ​រត់ពន្ធ​គយ​របស់​លោកស្រី​ Chen​ ដែល​បាន​បម្រើសេវា​កម្ម​អស់​រយៈពេល​ប្រហែល​ ៤០​ ឆ្នាំ​មក​ហើយ​បាន​និយាយ​ថា​ “ពួកគេ​កំពុង​ទទួល​បានការ​គាំទ្រ​នា​ពេល ឥឡូវនេះ​។

យើង​រង​ចាំ​ការ​ដឹកជញ្ជូន​ទំនិញ​ទីនោះ​ (ចិន​) អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ហើយ​ ថ្លៃ​នៃ​ការ​ស្តុក​ទុក​នឹង​ត្រូវ​រ៉ាប់រង​ដោយ​អ្នកនាំ​ចូល​។ លោក​បាន​និយាយ​ថា​ ការ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ចិន​ត្រូវ​បាន​គេ​ពិនិត្យពិច័យ​យ៉ាង​ហ្មត់ចត់​នៅ​ថ្ងៃនេះ​ជាង​កាលពី​ ២ ឆ្នាំមុន​ដែល​បណ្តាល​ឲ្យ​មានការ​ពន្យារពេល​។

លោក​បាន​បន្ថែម​ថា​ “ការ​ពន្យា​ពេលនេះ​អាច​ជា​កត្តា​សំខាន់​នៃ​ការ​ចំណាយ​សរុប​ជាជាង​ការ​តម្លើង​ពន្ធ​ ២៥​ ភាគរយ​។ ម្ចាស់ហាង​ទំនិញ​នៅ​ទីក្រុង​ចិន​ ឬ Chinatown​ មិនទាន់​មានការ​ភ័យខ្លាច​នៅឡើយ​ទេ​ ប៉ុន្តែ​ពួកគេ​ត្រូវ​ធ្វើការ​ទិញទំនិញ​ពី​ប្រទេស​ផ្សេង​ៗ ទៀត​ដូចជា​វៀតណាម​ និង​កម្ពុជា​ដែល​មានតម្លៃ​ទាប​”៕

អបអរសាទរ​! ចុងភៅ​កម្ពុជា​ឈ្នះ​ពានមាស១​ និង​មេដាយ​គ្រប់​កម្រិត២៧​ ក្នុង​ការប្រកួត​ប្រជែង​មុខម្ហូប​នៅ​ថៃ

0
ចុងភៅ​កម្ពុជា​ឈ្នះ​ពានមាស១​ និង​មេដាយ​គ្រប់​កម្រិត២៧​ ក្នុង​ការប្រកួត​ប្រជែង​មុខម្ហូប​នៅ​ថៃ

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ សមាគម​ចុងភៅ​កម្ពុជា​ បាន​នាំ​យក​ម្ហូប​ខ្មែរ​ និង​ចុងភៅ​កម្ពុជា​ចំនួន៣២រូប​ ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួតប្រជែង​មុខម្ហូប​អាហា​អាស៊ី​ឆ្នើម​ (Best​ Asian​ Gourmet​ Challenge​) ឆ្នាំ២០១៩​ រយៈពេល​ ០១សប្តាហ៍​ ពី​ថ្ងៃទី​ ២៦​ ខែឧសភា​ ដល់​ថ្ងៃទី​ ០១​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដោយ​ទទួល​បាន​ជ័យលាភី​ ពានមាស​ ១ និង​មេដាយ​គ្រប់​កម្រឹត​ថ្នាក់​ ចំនួន២៧​ ក្នុង​នោះ​រួមមាន​៖១- ពានមាស​ជ័យលាភី​ចំនួន​ ០១​ ២- មេ​ដោយ​មាស​ចំនួន​ ០៣​៣- មេដាយ​ប្រាក់​ចំនួន​ ០៦​ និង​ ៤- មេដាយ​សំរឹទ្ធ​ចំនួន​ ១៧​ សម្រាប់​បុគ្គល​ចំនួន២៧​ បន្ថែម​ទៀត​។

លោក​ ឡុង​ ប៊ុ​នហោ​ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ និង​ជា​ប្រធាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចូលរួម​ការប្រកួត​នេះ​ បាន​ឲ្យដឹង​ថា​ កម្មវិធី​ប្រកួតប្រជែង​អាហារ​អាស៊ី​ឆ្នាំ២០១៩នេះ​ បាន​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ខែឧសភា​ និង​ប្រកាស​លទ្ធផល​នា​រាត្រី​ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៩​។

បណ្តា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ រួមមាន​ចុងភៅ​មក​ពី​ប្រទេស​ថៃ​ កម្ពុជា​ ចិន​ កូរ៉េ​ខាងត្បូង​ ហុងកុង​ វៀតណាម​ ម៉ាកាវ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ សឹង្ហ​បូរី​ និង​ប៉ាគីស្ថាន​។ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​ ក្រុម​ចុងភៅ​ល្បី​ៗមក​ពី​បណ្តា​ខេត្ត​ចំនួន៣០ក្នុង​ប្រទេស​ថៃ​ ក៏បាន​ចូលរួម​ផង​ដែរ​ សរុប​ចុងភៅ​ចូលរួម​ទាំងអស់​មាន​ប្រមាណ​ជិត​ ១៤០០នាក់​។

រសជាតិ​ម្ហូប​ខ្មែរ​ចំនួន​ ១០មុខ​ ដែល​ចូលរួម​ប្រកួត​ រួមមាន​៖ ១- ញាំ​ក្រូច​ថ្លុង​បង្គា​រ ២- សាច់គោ​អាំង​ទឹកប្រហុក​ ៣- សម្ល​រប្រ​ហើរ​ ​; ៤- អាម៉ុក​ត្រី​ ៥- ការី​សាច់​មាន់​ ៦- ឆា​កង្កែប​ម្រេច​កំពត​ ៧- ខប៉េងប៉ោះ៨​- គ្រំ​បំពង​ជ្រក់ស្វាយ​៩- បាយ​សម្រូប​សណ្តែក​ខ្មៅ​ និង១០​-ស្ខ្យា​រល្ពៅ​។

សមាគម​ចុងភៅ​កម្ពុជា​បាន​នាំមក​នូវ​កិត្តិយស​ មុខមាត់​ និង​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​។

ទេពកោសល្យ​នៃ​ការផ្សំ​គ្រឿង​ចំអិន​ម្ហូប​ មិនគ្រាន់​តែ​ជា​តម្លៃ​មួយ​បង្ហាញ​អំពី​បំណិន​នៅក្នុង​វិជ្ជាជីវៈ​ជា​ចុងភៅ​តែប៉ុណ្ណោះ​ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​មោទនភាព​សម្រាប់​ការ​លើក​ពាន​ជ័យលាភី​ គឺ​រសជាតិ​ម្ហូប​ខ្មែរ​។សមាគម​ចុងភៅ​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ក្រុង​សៀមរាប​ក្នុង​ឆ្នាំ២០១៣​ ។

ឆ្នាំ២០១៩នេះ​ គឺជា​លើក​ទី៧ហើយ​ ដែល​សមាគម​ចុងភៅ​កម្ពុជា​បាន​បញ្ជូន​ក្រុម​ចុងភៅ​ឆ្នើម​ៗរបស់​ខ្លួន​ចេញទៅ​ប្រកួតប្រជែង​ធ្វើម្ហូប​ ក្នុង​កម្ម​វិ​ធី​ធំៗ​ខ្នាត​អន្តរជាតិ​នៅ​ក្រៅប្រទេស​។

ជា​ការ​កត់សម្គាល់​ទៅលើ​លទ្ធផល​នៃ​ការប្រកួត​នេះ​ រាល់​លើក​ដែល​សមាគម​ចុងភៅ​កម្ពុជា​ដណ្តើម​បាន​ គឺ​ក្រៅពី​មេដាយមាស​ ប្រាក់​ និង​សំរឹទ្ធ​ ជាច្រើន​នោះ​ ជ័យលាភី​ពានមាស​ គឺ​សមាគម​ចុងភៅ​កម្ពុជា​ទទួល​បាន​ចំនួន២លើក​ គឺ​ឆ្នាំ២០១៤​ ទទួល​បាន​ពានមាស​ក្នុង​កម្មវិធី​ប្រកួត​ធ្វើម្ហូប​ (រសជាតិ​អាហារ​ទន្លេមេគង្គ​) នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​លើក​ទី២​ គឺ​ពាន​ជ័យលាភី​ប្រកួត​ធ្វើម្ហូប​អាស៊ី​ ឆ្នាំ២០១៩នេះ​៕

កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រឈមមុខនឹង​ការ​ដួល​រលំ​

0
ទិដ្ឋភាពកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត។ រូបថត៖ សហការី

ដោយ​ យុទ្ធ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Donaco​ International​ Ltd​ ដែល​បាន​ចុះបញ្ជី​ផ្សារហ៊ុន​ និង​ជា​ប្រតិបត្តិ​ករ​កាស៊ីណូ ​Star​ Vegas​ នៅ​ប៉ោយប៉ែត​ កំពុង​ជាប់​គាំង​ក្នុង​ជម្លោះ​ជាមួយ​ម្ចាស់ភាគហ៊ុន​ធំ​បំផុត​របស់​ខ្លួន​ ដែល​ជា​អ្នកនយោបាយ​ថៃ​ម្នាក់​ ដែល​បាន​បើក​កាស៊ីណូ​ប្រកួតប្រជែង​នៅក្នុង​តំបន់​នេះ​។

លោក​ Lim​ Goh​ Tong​ ស្ថាបនិក​ក្រុមហ៊ុន​ Genting​ Highands​ ដែល​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ និង​កាស៊ីណូ​ដ៏​ជោគជ័យ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ និង​ចៅប្រុស​របស់​លោក​ Joey​ Lim​ បាន​បង្កើត​ Donaco​ នៅដើម​ឆ្នាំ២០០០​ ហើយ​បាន​បង្កើត​កាស៊ីណូ​លំដាប់​ផ្កាយ៥នៅ​ប្រទេស​ឡាវ​ ជាប់​ព្រំដែន​វៀតណាម​-ចិន​នៅ​ខេត្ត​យូ​ណា​ននៅ​ឆ្នាំ​ ២០១៥​។ នៅ​ខែ​បន្ទាប់​ ក្រុមហ៊ុន​ Donaco​ បាន​ទិញ​យក​ Star​ Vegas​ ដែល​ជា​កាស៊ីណូ​ធំជាង​គេ​នៅ​ប៉ោយប៉ែត​ និង​ជាគោល​ដៅ​ចម្បង​សម្រាប់​អ្នកលេង​ល្បែង​ពីទី​ក្រុង​បាងកក​។

ក្នុងអំឡុងពេល​នេះ​ កាស៊ីណូ​មាន​ប្រាក់ចំណូល​សុទ្ធ​ជិត៨២លាន​ដុល្លារ​ សម្រាប់​ចំងាយ​លើ​អគារ​ដែល​មាន៦ជាន់​ និង៣៨៥បន្ទប់​របស់​ខ្លួន​។

កាស៊ីណូ ​Donaco​ បាន​ចំណាយ​ប្រាក់​ចំនួន៣៦០លាន​ដុល្លារ​ ទៅ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ លោក ​Somboon​ Sukjaroensaresri​ ដែល​ជា​ពាណិជ្ជករ​ និង​អ្នកនយោបាយ​ថៃ​។ កញ្ចប់​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ១៨ភាគរយ​ នៃ​ភាគហ៊ុន​សរុប​នៅក្នុង​កាស៊ីណូ​ Donaco​ ។

រឿងរ៉ាវ​កាន់តែ​អា​ក្រ​ក់​ទៅៗ​ នៅពេល​ដែល​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ នៃ​ប្រទេស​ថៃ​ បាន​សោយ​ទព្រះ​ទិវង្គត​ កាល​ខែតុលា​ឆ្នាំ២០១៦​ ដែល​ចាប់ផ្តើម​ពី​ការ​កាន់ទុក្ខ​នៅក្នុង​ប្រទេស​ ដោយធ្វើ​ឲ្យ​ការ​ចូល​កម្សាន្ត​នៅ​កាស៊ីណូ​ នៅ​ក្រុង​ប៉ោយប៉ែត​ធ្លាក់ចុះ​ ហើយ​តម្លៃ​ភាគហ៊ុន​របស់​ Donaco​ នៅក្នុង​ផ្សារហ៊ុន​អូស្ត្រាលី​ក៏​មានការ​ធ្លាក់ចុះ​ផង​ដែរ​។ ជា​លទ្ធផល​កាស៊ីណូ​ ក៏​បាត់បង់​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​ជាមួយ​ក្រុម​ Manchester​ United​ ទៀតផង​។

នៅ​ឆ្នាំ២០១៧​ កាស៊ីណូ​ Donaco​ បាន​ប្រឈម​នឹង​ការខាតបង់​ទាំង​នៅ​កាស៊ីណូ​ទាំងពីរ​នៅ​ប៉ោយប៉ែត​ និង​វៀតណាម​។ នៅ​ខែមេសា​ឆ្នាំ២០១៧អ្នកជំនួញ​ថៃ​ លោក​ Sukjaroenkraisri​ ដែល​ជា​អតីត​ម្ចាស់​របស់​ Star​ Vegas​ និង​ឥឡូវនេះ​ជា​ម្ចាស់ភាគហ៊ុន​ធំ​នៅ​ Donaco​ បាន​បើក​កាស៊ីណូ​ជាគូ​ប្រជែង​ដែល​មានឈ្មោះ​ថា​ Star​ Paradise​ ​និង​ទាញ​យក​បុគ្គលិក​សំ​ខាន់​ៗពី​កាស៊ីណូ​ប៉ោយប៉ែត​។ ឯកសារ​របស់​តុលាការ​ប្រទេស​សិង្ហបុរី​បាន​បង្ហាញថា​ កាស៊ីណូ​ Donaco​ បាន​ចោទប្រកាន់​លោក​ Sukjaroenkraisri​ ពី​បទ​រំលោភ​លើ​កិច្ចសន្យាលក់​មិន​ស្របច្បាប់​ នៅក្នុង​កិច្ចសន្យាលក់​កាស៊ីណូ​និង​បាន​ព្យាយាម​ស្វែងរក​ការ​បំផ្លិច​បំផ្លាញ​ប្រតិ​បត្ដិ​ការ​នៅ​កាស៊ីណូ​ Star​ Vegas​។

លោក​ Ben​ Reichel​ នាយក​ប្រតិ​បតិ្តនៃ​ក្រុមហ៊ុន​ Donaco​ បាន​និយាយ​ថា​ “គាត់​បាន​គំរាម​បញ្ចប់​កិច្ចសន្យា​ជួល​ នៅ​ទីតាំង​អចលនទ្រព្យ​ស្តារ​វ៉េស​។ គាត់​បាន​គំរាម​ធ្វើឲ្យ​មាន​រាំងស្ទះ​ គាត់​បាន​កាត់​ផ្តាច់​ចរន្ត​អគ្គីស​នី​ ទៅកាន់​ផ្នែក​មួយ​នៃ​ទ្រព្យសម្បត្តិ​ គាត់​បាន​យក​ម៉ា​ស៊ី​នបំ​លែង​មួយ​របស់​យើង​”។ លោក​បន្ត​ថា​ “ទាំងអស់​នេះ​ដូចដែល​អ្នក​បានឃើញ​ហើយ​បាន​លុបចោល​ទាំងស្រុង​នូវ​តម្លៃ​ភាគហ៊ុន​ ហើយ​វា​គឺជា​សកម្មភាព​របស់​គាត់​”។

យោង​តាម​ឯកសារ​របស់​តុលាការ​ ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃទី៣០​ ខែមិថុនា​ឆ្នាំ​ ២០១៧​ ម៉ាស៊ីន​ហ្គេម​ទាំងអស់​ត្រូវ​បាន​បិទ​ ហើយ​តុ​លេងល្បែង​ក៏​ត្រូវ​បាន​បិទ​ដោយ​ចោទ​ក្រោម​ការ​បញ្ជា​របស់​លោក​ Sukjaroenkraisri​ ។ នៅ​ម៉ោង៤រសៀល​ សេចក្តី​ប្រកាស​មួយ​បាន​ចេញ​មក​តាម​ប្រព័ន្ធ​អ៊ិ​នធឺ​ណែ​តថា​ ក្រុមហ៊ុន​Star​ Vegas​ បាន​បិទទ្វារ​ ហើយ​អ្នកលេង​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឲ្យ​ផ្ទេរ​ទៅកាន់​កាស៊ីណូ​ Star​ Paradise​។

ដោយមាន​ការ​ប៉ះពាល់​បន្ថែម​ នៅក្នុង​ខែ​ សីហា​ ឆ្នាំ​ដដែល​នោះ​ កាស៊ីណូ​វៀតណាម​របស់​ក្រុមហ៊ុន​ Donaco​ បាន​ខាតបង់​ប្រាក់​ចំនួន​ ៤,៦ លាន​ដុល្លារ​ពី​ដែល​បាន​បណ្តាល​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​។

ខណៈ​ពេល​ដែល​សម្ពាធ​បាន​បន្ត​កើនឡើង​នៅ​ Donaco​ ក្នុង​ឆ្នាំ​ ២០១៨​ នាយក​ប្រតិបត្តិ​លោក​ Joey​ Lim​ បាន​ធ្វើ​សេចក្តី​ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា​ លោក​នឹង​ត្រូវ​ឈប់សម្រាក​ ៣ ខែ​។

លោក​ Lim​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ខែមករា​ថា​ “បច្ចុប្បន្ន​ខ្ញុំ​កំពុង​ទទួលរង​ការ​កាត់ក្តី​លែងលះ​ ដែល​ជា​រឿង​អកុសល​ណាស់​។ ដោយសារតែ​ខ្ញុំ​មិន​អាច​ផ្តល់​ការ​ប្តេជ្ញា​ចិត្ត១០០ភាគរយ​របស់ខ្ញុំ​ ចំពោះ​ Donaco​ ខ្ញុំ​គិតថា​ វា​ជា​ការ​សមរម្យ​ដែល​ខ្ញុំ​ត្រូវ​ឈរ​ជា​បណ្តោះអាសន្ន​ រហូតដល់​នីតិវិធី​លែងលះ​របស់ខ្ញុំ​ត្រូវ​បាន​គេ​រៀបចំ​រួច​”។

អាណត្តិ​របស់​លោក​ Joey​ Lim​ ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​នៅ​ខែមីនា​ ហើយ​បងប្រុស​របស់​លោក​ឈ្មោះ​ Ben​ Lim​ បាន​កាន់កាប់​ប្រតិបត្តិ​ការ​ ហើយ​កំពុង​ស្វែងរក​អ្នកជំនួស​នាយក​ប្រតិបត្តិ​។

ក្រុម​អ្នកវិភាគ​នៅក្នុង​ឧស្សាហកម្ម​ល្បែង​កំសាន្ត​ បាន​ផ្តល់​ដំបូន្មាន​ថា​ ក្រុមហ៊ុន​ Donaco​ អាច​លក់​កាស៊ីណូ​Star​ Vegas​របស់​ខ្លួន​ ពិសេស​បន្ទាប់ពី​ការ​ចុះចេញ​នៃ​ស្ថាបនិក​ម្នាក់​របស់​ខ្លួន​។ ជា​លទ្ធផល​នៃ​ការលែងលះ​របស់​លោក​ Joey​ Lim​ និង​ការ​ធ្លាក់ចុះ​ក្នុង​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Donaco​ លោក​ Lim​ បាន​សងបំណុល​ដល់​ធនាគារ​ OCP​ Asia​ ។ ក្រោយមក​ធនាគារ​បាន​ទទួល​ភាគហ៊ុន​ចំនួន២៧​ ភាគរយ​នៅក្នុង​ក្រុមហ៊ុន​។

លោក​ Andrew​ Klebanow​ ដែល​ជា​ដៃគូ​ជាន់ខ្ពស់​ទីប្រឹក្សា​ទីផ្សារ​ របស់​ទស្សនា​វតី្ត Forbes​ បាន​និយាយ​ថា​ “អ្នកទិញ​ហ៊ុន​ក្រុ​មហ៊ុ​នេះ​ គឺ​ត្រូវជា​ប្រតិបត្តិ​ករ​ដែល​ធ្លាប់ស្គាល់​ពីទី​ផ្សារ​រួចហើយ​”។

លោក​បន្ត​ថា​ “ដើម្បីឲ្យ​ប៉ោយប៉ែត​រីកចម្រើន​ក្នុង​ទីផ្សារ​ ប្រតិបត្តិ​ករ​ចាំបាច់​ត្រូវ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតផល​របស់​ខ្លួន​។ អ្នកលេង​អាច​រកបាន​បទពិសោធន៍​ល្អ​ប្រសើរ​ជាង​មុន​នៅ​ម៉ាកាវ​ សឹង្ហ​បុរី​ ទីក្រុង​កម្សាន្ត​នៅ​ម៉ានីល​ និង​ណា​ហ្គា២​”។ លោ​កបន​ន្ត​ថា​ “នៅពេល​ដែល​ណា​ហ្គា៣​ ត្រូវ​បាន​បញ្ចប់​វា​នឹង​មាន​សមត្ថភាព​បន្ទប់​ វា​នៅ​មាន​កន្លែង​សម្រាប់​ផល​ចំណេញ​ បន្ទាប់​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​បាងកក​។ ខេត្ត​ព្រះ​សី​ហនុ​ឆាប់​ៗនេះ​នឹង​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មានការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​”៕

វិស័យ​សេវាកម្ម​របស់​មហាយក្ស​ចិន​កំពុង​មាន​ភាព​រីកចម្រើន​ខ្លាំង​

0
សេវាកម្មចិន

ដោយ​ វុត្ថា​

ចិ​នៈ​ មន្ត្រី​ជាន់ខ្ពស់​របស់​ចិន​បាន​ឲ្យដឹង​ថា​ ពាណិជ្ជកម្ម​ផ្នែក​សេវាកម្ម​របស់​ប្រទេស​ចិន​ នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត​ ដោយ​សារ​ប្រទេស​ចិ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​។

លោក​ Ma​ Jiantang​ លេខាធិការ​នៃ​ក្រុម​អ្នកដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​នៅ​ឯពិព័រណ៍​អន្តរជាតិ​ចិន​ផ្នែក​សេវាកម្ម​ឆ្នាំ២០១៩​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ នៅ​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​នាំចូល​ និង​នាំចេញ​ពាណិជ្ជកម្ម​ដែល​​ពឹងផ្អែក​លើ​ចំណេះដឹង​បាន​កើនឡើង២០​,៧ភាគរយ​ ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខ្ព​សជាង​កំណើន​ពាណិជ្ជកម្ម​សេវាកម្ម​ទាំង​មូល​របស់​ប្រទេស​ចិន​។

លោក​បន្ត​ថា​ “ការបែងចែក​នៃ​ពាណិជ្ជកម្ម​ ដែល​ពឹងផ្អែក​លើ​ចំណេះដឹង​នៅក្នុង​ពាណិជ្ជកម្ម​សេវាកម្ម​សរុប​ របស់​ប្រទេស​បាន​កើនឡើង២​,៥ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​ ខណៈ​ពេល​ដែល​សមាមាត្រ​ នៃ​ការបម្រើ​សេវាកម្ម​បែប​ប្រពៃណី​ រួម​ទាំង​វិស័យ​ទេសចរណ៍​ ការ​ដឹកជញ្ជូន​ និង​សំណង់​បាន​កើនឡើង២​,២ ភាគរយ​”។

លោក​បន្ត​ថា​ ការ​អភិវឌ្ឍ​នា​ពេល​អនាគត​ នៃ​ពាណិជ្ជកម្ម​សេវាកម្ម​របស់​ចិន​នឹង​ត្រូវ​ពឹងផ្អែក​លើ​ការ​បើកចំហ​ឧស្សាហកម្ម​។

លោក​បាន​បន្ថែម​ថា​ ប្រទេស​ចិន​ នឹង​ផ្តល់​ការធានា​ស្ថាប័ន​ដល់​ឧស្សាហកម្ម​សេវាកម្ម​ និង​បំពេញ​តួនាទី​យ៉ាង​ពេញទំហឹង​ចំពោះ​តួនាទី​របស់​ទីផ្សារ​ ខណៈ​ពេល​ដែល​មាន​សារៈសំខាន់​កាន់តែ​ច្រើន​ ចំពោះ​ការអនុវត្ត​ការបង្កើត​ថ្មី​ និង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​។

កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ចិន​ បាន​កើន​លើស​ពី៥ពាន់​ពាន់​លាន​យន់​ ដែល​ស្មើនឹង ៧២៥៤​,៧២​ ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ១១​,៥%៕