ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​ប្រជាប្រិយ​ភាព​សម្រាប់​វិនិយោគិន​ចិន​

0
អគារខុនដូនៅកោះពេជ្រ បច្ចុប្បន្ន​ត្រូវបានចិនជួលស្នាក់នៅ។ រូបថត៖ ម៉ៃ វីរៈ

ប្រែ​សម្រួល​ ដោយ​ ម៉ា​ណេត​

ភ្នំពេញ៖​ វិនិយោគិន​ចិន​នៅតែ​បន្ត​ចាប់អារម្មណ៍​ ក្នុង​ការ​បណ្តាក់​ទុន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដែល​អាច​ទទួល​បានផល​ចំណេញ​យ៉ាងហោចណាស់៨ភាគរយ​ ក្នុង​មួយឆ្នាំ​ដែល​ជា​ការ​ទាក់ទាញ​ដ៏​ធំ​មួយ​សម្រាប់​វិនិយោគិន​ចិន​។

លោកស្រី​ Carrie​ Law​ អគ្គនាយក​ក្រុមហ៊ុន​ Juwai​ ដែល​បាន​ជួយ​វិនិយោគិន​ចិន​បាន​ទិញ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​បាន​និយាយ​ថា​ ភាគច្រើន​នៃ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ គឺ​ដោយសារតែ​ក្រុមហ៊ុន​ចិន​ពង្រីក​ ឬផ្លាស់​ប្តូរ​ទីលំនៅ​មកកាន់​ប្រទេស​កម្ពុជា​។ នៅពេល​ដែល​មាន​ជនជាតិ​ចិន​កាន់តែ​ច្រើន​ចូលមកធ្វើការ​នៅ​កម្ពុជា​ ពួកគេ​នឹង​ត្រូវការ​កន្លែង​ស្នាក់នៅ​ ហើយ​ជា​រឿយ​ៗមាន​ថវិការ​ច្រើនជាង​អ្នក​ក្នុង​ស្រុក​។

អ្នកស្រី​បាន​លើកឡើង​ថា​ “ប្រជាប្រិយ​ភាព​របស់​កម្ពុជា​ ក្នុងចំណោម​វិនិយោគិន​ចិន​ដែល​ចង់​ទិញ​ទ្រព្យសម្បត្តិ​នៅ​បរទេស​ បាន​កើនឡើង​ដល់​ចំណាត់ថ្នាក់​ទី១២​ នៅ​ឆ្នាំនេះ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​”។

ភ្ញៀវ​ទេសចរណ៍​ចិន២លាន​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​នេះ​កាលពី​ឆ្នាំមុន​ដែល​ជា​ទូរលេខ​បំផុត​នៃ​អ្នកទេសចរ​បរទេស​ ឬ៣២​,៦ ភាគរយ​នៃ​ចំនួន​អ្នកទេសចរ​អន្តរជាតិ​។ យោង​តាម​ធនាគារពិភពលោក​បាន​ឲ្យដឹង​ថា​ ស្ទើរតែ​មួយ​ភាគ​បួន​នៃ​ជនជាតិ​គឺ​មក​ធ្វើជំនួញ​។

លោកស្រី​ អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ខ្ពស់​ និង​អត្ថ​ប្រយោជន៍​ពន្ធ​សម្រាប់​វិនិយោគិន​ឧស្សាហកម្ម​ គឺជា​ហេតុផល​ចម្បង​សម្រាប់​លំហូរ​វិនិយោគទុន​បរទេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

អ្នកស្រី​បាន​និយាយ​ថា​ “ពួកគេ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រំពឹង​ទុក​ ពី​ផល​ចំណេញ​ខ្ពស់​លើ​ការ​វិនិយោគ​អចលនទ្រព្យ​របស់​ពួកគេ​ ហើយ​វា​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការប្រើ​ប្រាស់​ផ្ទាល់ខ្លួន​ទេ​”។

ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​អចលនទ្រព្យ​ ដែល​មានតម្លៃ២​,៦ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ពោល​គឺ​កើនឡើង៦៧​,៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

លោក​ Su​ Yuhang​ នាយក​ប្រតិបត្តិ​នៅ​ Uoolu.com​ ជា​វេ​ទិ​ការ​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ដែល​ភ្ជាប់​អ្នក​អភិវឌ្ឍ​កម្ពុជា​ ជាមួយ​អ្នកជំនាញ​នៅ​ទីក្រុង​ចិន​ស្វែងរក​ទ្រព្យសម្បត្តិ​នៅ​ក្រៅប្រទេស​បានឱ្យ​ដឹង​ថា​ ចំនួន​អ្នក​សួរ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ មានការ​កើនឡើង​ចំនួន​ជិត​ពីរ​ដង​រយៈពេល៥ខែ​នៅដើម​ឆ្នាំនេះ​។

យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​លោក​ Uoolu​ ជិត៨៤ភាគរយ​នៃ​អ្នក​វិនិយោគ​ចង់​វិនិយោគ​ក្នុង​ខុន​ដូ​ខ្នាត​តូច​ ហើយ​ប្រហែល​ពាក់កណ្តាល​នៃ​ពួកគេ​ មាន​ថវិកា​តិច​ជាង​ ៥០​ ម៉ឺ​នយ័ន​(ប្រហែល​ ៧៣​,០០០​ ដុល្លារ​អាមេរិក​)។

លោក ​Su​ បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​បែបនេះ​គឺ​ល្អ​ប្រសើរ​ ដោយសារ​កម្ពុជា​ មាន​ប្រជាជន​វ័យក្មេង​ច្រើន​ដែល​មាន​អាយុ​ជាមធ្យម២៥ឆ្នាំ​។ ពួកគេ​ភាគច្រើន​ជួល​ ហើយ​ការជួល​នៅ​រាជធានី​ភ្នំពេញ​ពិតជា​ថ្លៃ​ណាស់​”។

លោក​បាន​បន្ត​ថា​ ខុន​ដូ​មាន​ទំហំ​មធ្យម​នៅ​កម្ពុជា​ មានតម្លៃ ១១០​,០០០ដុល្លារ​ ប៉ុន្តែ​អាច​ទទួល​បានផល​ចំណេញ​ យ៉ាងហោចណាស់ ៨ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​ការ​ទាក់ទាញ​ដ៏​ធំ​មួយ​សម្រាប់​វិនិយោគិន​ចិន​បើ​ ធៀប​នឹង​ផល​ចំណេញ​តិច​ជាង២ភាគរយ​នៅ​ទីក្រុង​ប៉េកាំង​ និង​សៀងហៃ​។

ក្រុម​អ្នកសង្កេតការណ៍​ទីផ្សារ​បាន​និយាយ​ថា​ ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ដែល​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​នេះ​ បាន​ជំរុញ​ឲ្យ​ការជួល​កើនឡើង​ពី៨​ ទៅ១០ភាគរយ​ ហើយ​អចលនទ្រព្យ​កើនឡើង​ដល់១៥ភាគរយ​ ក្នុង​មួយឆ្នាំ​ដែល​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​វិនិយោគិន​ចិន​ ដែល​ស្វែងរក​ទ្រព្យសម្បត្តិ​នៅ​ក្រៅប្រទេស​ជា​ការ​ការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ប្រាក់​យន់​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​បាន​កើនឡើង៧​,៥ភាគរយ​ ហើយ​ការនាំចេញ​បាន​កើនឡើង១៧​,៦ភាគរយ​កាលពី​ឆ្នាំមុន​ ដោយសារតែ​លំហូរ​វិនិយោគទុន​របស់​ចិន​នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​គាំ​ដោយ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​ និង​រោងចក្រ​ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​ដីគោក​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​តម្លៃ​កម្លាំង​ពលកម្ម​ទាប​ និង​ចៀសវាង​ការ​បង់ពន្ធ​ ដែល​ដាក់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​កំពុង​បន្ត​កើតឡើង​៕

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ Olympia​ Mall​ នឹង​បើក​ដំណើរការ​នៅ​ចុងខែ​មិថុនា​នេះ​

0
រូបភាពគម្រោងផ្សារទំនើប Olympia Mall

ដោយ​ គង់​ សូ​រិយា

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ OCIC​ នឹង​បើក​ដំណើរការ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ Olympia​ Mall​ នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី២២​ មិថុនា​ខាងមុខនេះ​។

លោក​ ម៉េ​ង ចំរើន​ ប្រធាន​គ្រប់់​គ្រង​គំរោង​ Olympia​ City​ នៃ​ក្រុមហ៊ុន​ OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៥​ មិថុនា​នេះ​ថា​ ការ​បើក​ដំណើរការ​ដំណាក់កាល​ទី១នេះ​ នឹង​មាន​កំពស់​ចំនួន៧ជាន់​ ក្នុង​នោះ៥ជាន់​ជា​កន្លែង​លក់ទំនិញ​ និង​ផលិតផល​ល្បីឈ្មោះ​នានា​ជាច្រើន​ និង​ពីរ​ជាន់​ទៀត​សំរាប់​ប្រើប្រាស់​ជា​រោងភាពយន្ត​។លោក​បន្ត​ថា​ ផ្សារ​ទំនើប​នេះ​នៅពេល​បើក​ដំណើរ​រកា​រស្តង់​ប្រមាណ៨០ភាគរយ​ នឹង​ត្រូវ​អាជីវករ​នានា​បើក​ដំណើរការ​លក់​ ជាមួយនឹង​ការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​ ដែល​មាន​ភាព​ទាក់ទាញ​។

លោក​បន្ត​ថា​ “ផ្សារ​ទំនើប​នេះ​មាន​ទីតាំងនៅ​ជាប់​ស្តាត​អូរ​ឡាំ​ពិត​ ស្ថិតនៅ​ក្បែរ​រង្វង់​មូល​វត្ត​សំពៅមាស​ ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​រាជធានី​ភ្នំពេញ​”។

លោក​រី​ឆាត​ អ្ន​កគ្រប់់​គ្រង​ផ្សារ​ទំនើប​នេះ​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​។

អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង​ធ្លាប់​បាន​មានប្រសាសន៍​ថា​ គំរោង​ផ្សារ​ទំនើប​នេះ​ ត្រូវ​បាន​វិនិយោគ​ក្នុងទឹក​ប្រាក់​ប្រមាណ ៨០លាន​ដុល្លារ​អាមេរិក​ ហើយ​គំរោង​ Olympia​ City​ ទាំងមូល​ បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​អាមេរិក​ សំរាប់​តែ​ផ្នែក​សំណង់​ ដោយ​មិនទាន់​គិត​បញ្ចូល​តម្លៃ​ដី​នៅឡើយ​ទេ​៕

អ្នកជំនាញ​ថា​ អ្នក​អភិវឌ្ឍន៍​បុរី​នានា​គួរ​ផ្តោត​លើ​គុណភាព​សំណង់​ ខណៈ​ការប្រកួត​ប្រជែង​កើនឡើង​

0
គម្រោងបុរីធំមួយនៅក្រុងភ្នំពេញ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​បាន​និយាយ​ថា​ ស្រប​ពេល​វិស័យ​លំនៅ​ដ្ឋាន​មានការ​រីកចម្រើន​ខ្លាំង​ ការ​ផ្តោត​លើ​គុណភាព​សំណង់​ជា​រឿង​ចាំបាច់​ ដែល​អ្នក​អភិវឌ្ឍ​ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​គុណភាព​សំណង់​របស់​ខ្លួន​ ជាពិសេស​លទ្ធភាព​នៃ​ការ​វិនិយោគ​ឱ្យ​បាន​គ្រប់គ្រាន់​។

អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Real​ Estate​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ឲ្យដឹង​នា​ពេល​ថ្មី​ៗនេះ​ថា​ នៅពេល​ដែល​វិស័យ​សំណង់​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​វិស័យ​មួយ​នេះ​ កាន់តែ​មាន​ភាព​តាន់​តឹង​ខ្លាំង​ ដែល​តម្រូវ​ឱ្យ​អ្នក​អភិវឌ្ឍ​ចាំបាច់​ ត្រូវតែ​មានការ​យកចិត្ត​ខ្ពស់ទៅ​លើ​គុណភាព​សំណង់​ និង​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​។

​លោ​កបន​ម្ត​ថា​ “នៅ​លើ​ទីផ្សារ​រួម​ មិនថា​ចំពោះតែ​វិស័យ​អ្វី​នោះ​ទេ​ ការប្រកួត​ប្រជែង​គឺ​ចាំ​ចាប់​ត្រូវតែ​ខ្លាំង​ជាង​ដៃគូ​ និង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ ទើប​អាច​ទទួលជោគជ័យ​”។ លោក​បន្ត​ថា​ “ក្នុង​ខណៈ​ពេល​ទីផ្សារ​អចល​ទ្រព្យ​ កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ អ្នកមាន​ទុន​វិនិយោគ​គ្រប់គ្រាន់​នឹង​ទទួល​បាន​ជោគជ័យ​”។

ផ្ទុយទៅវិញ​អ្នក​ប្រកាស​គម្រោង​ហើយ​រង់ចាំ​ប្រាក់​ ពីអ​តិថិ​ជន​យក​ទៅ​សាងសង់​ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ និង​ថែមទាំង​អាច​ប្រឈមមុខនឹង​ការសាងសង់​មិន​ចប់​ទៀតផង​ ជាក់ស្ដែង​កាលពី​ពេល​កន្លងទៅ​ ធ្លាប់​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​មួយចំនួន​បាន​ជួបនឹង​ភាព​រាំងស្ទះ​ក្នុង​ដំណើរការ​សាងសង់​រួម​ទៅ​ហើយ​។ មានន័យថា​ ចំពោះ​អ្នកមាន​លុយ​សាងសង់​គ្រប់គ្រាន់​ដើម្បី​លក់​ គឺ​មិន​ប្រឈម​នឹង​បញ្ហា​នោះ​ទេ​ ដែល​ពេល​ពួកគេ​សាងសង់​ចប់​ គម្រោង​របស់​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ មិន​មាន​បញ្ហា​ក្នុង​ទីផ្សារ​នោះ​ឡើយ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ភាគច្រើន​នៃ​គម្រោង​បុរី​ដែល​មាននៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ទីតាំងនៅ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​ ដែល​ស្ថិតនៅ​ជាយក្រុង​។ ជាក់ស្ដែង​ ខណ្ឌ​សែនសុខ​មាន​រហូតដល់ ៤៥គម្រោង​ ខណ្ឌឫស្សីកែវ​មាន​ចំនួន ៣១គម្រោង​ ខណ្ឌមានជ័យ​មាន២៤គម្រោង​ និង​ខណ្ឌ​ច្បារអំពៅ​មាន​ចំនួន២៣គម្រោង​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ គម្រោង​បុ​រី​ថ្មី​ៗ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​ចូល​មកកាន់​ទីផ្សារ​បន្ថែម​ទៀត​ ភាគច្រើន​ស្ថិតនៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌមានជ័យ​ ។

អ្នកនាង​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​ខណ្ឌ​ទាំង៣ខាងលើ​នេះ​ ខណ្ឌ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ​ គឺ​ខណ្ឌ​ជ្រោយ​ចង្វា​រ ខណៈ​ដែល​បច្ចុប្បន្ន​ក៏​មាន​សំណង់​បុរី​ជាច្រើន​ កំពុងតែ​មមាញឹក​ក្នុង​ការសាងសង់​បញ្ចប់​គម្រោង​ រួម​ជាមួយ​គម្រោង​បុ​រី​ថ្មី​ៗមួយចំនួន​ នឹង​បង្ហាញ​វត្តមាន​បន្ថែម​ទៀត​នៅក្នុង​ខណ្ឌ​មួយ​នេះ​”៕

អាសន្ន​៖ ចិន​ព្រមាន​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់​អាមេរិក​

0
ភ្ញៀវទេសចរណ៍ចិនកំពុងថតរូប​អនុស្សាវរីយ៍នៅទីក្រុងញូវយ៉ក

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ចិន​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ ដែល​គ្រោង​នឹង​ទៅ​ទស្សនា​សហរដ្ឋអាមេរិក​នា​ថ្ងៃម្សិល​ម៉ិញ​នេះ​។

ក្រសួង​បាន​កត់សម្គាល់​ថា​ មានការ​បាញ់ប្រហារ​ជាបន្តបន្ទាប់​នៅ​អាមេរិក​ ការ​លួច​ប្លន់​ និង​បាន​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ ឲ្យ​ពិនិត្យមើល​យ៉ាង​ពេញលេញ​អំពី​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​ នឹង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាមេរិក​។

ក្រសួង​ការបរទេស​ចិន​បាន​អះអាង​ថា​ កាលពី​ពេល​ថ្មី​ៗនេះ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើឲ្យ​មានការ​រំខាន​ដល់​ពលរដ្ឋ​ចិន​ ដែល​ទៅ​ធ្វើ​ទស្សនា​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តង​ទៀត​តាមរយៈ​ការ​ត្រួតពិនិត្យ​ការ​ចេញចូល​ និង​ការ​ធ្វើ​សំភាស​ន៍​ម្តង​ម្នា​ក់ៗ​ និង​មធ្យោបាយ​ផ្សេង​ទៀ​តៗ​។

ក្រសួង​ការបរទេស​ ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​ចិន​នៅ​សហរដ្ឋអាមេរិក​បាន​ក្រើនរំលឹក​ដល់​ប្រជាជន​ចិន​ និង​ស្ថាប័ន​ដែល​ទទួល​បាន​មូលនិធិ​ពី​ចិន​ នៅក្នុង​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​សន្តិសុខ​ និង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​។

អ្នកវិភាគ​មួយចំនួន​បាន​កត់សម្គាល់​ថា​ ការ​ប្រឹក្សា​យោបល់​ផ្នែក​ទេសចរណ៍​គឺជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​សងសឹក​ដោយ​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​ឆ្លើយតបទៅនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​កើតឡើង​កាលពី​ខែមុន​។

​លោក​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ដាក់បញ្ចូល​ក្រុមហ៊ុន​ Huawei​ ក្នុង​បញ្ជីខ្មៅ​ និង​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​ចាត់ទុកថា​ ការ​ដាក់​បញ្ជីខ្មៅ​នេះ​ស្មើនឹង​”ការ​កាត់ទោស​ប្រហារជីវិត​” សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​៕

ទីផ្សារ​នៃ​ការជួល​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង​

0
អគារសាងសង់ និងកំពុងសាងសង់នៅខេត្តព្រះសីហនុ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ក្រុង​ព្រះ​សី​ហនុៈ​ ជាមួយនឹង​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ ដែល​ភាគច្រើន​ជា​អ្នក​ប្រកប​ការ​ងារ​ផ្សេង​ៗ និង​អ្នក​វិនិយោគ​ជាតិ​-អន្តរជាតិ​ បាន​និង​កំពុង​សម្រុកចូល​ទៅកាន់​ក្រុង​ដ៏​ស៊ីវិល័យ​មួយ​នេះ​ បាន​ជម្រុ​ញឱ្យ​តម្រូវការ​នៃ​ការជួល​អចលនវត្ថុ​ មានការ​កើនឡើង​យ៉ាង​ខ្លាំង​ជា​មួយ​នសត​ម្លៃ​ថ្លៃ​លើស​ពី​ការ​រំពឹង​ទុក​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ បច្ចុប្បន្ន​នេះ​តម្រូវការ​នៃ​ការជួល​អចលវត្ថុ​ ជាពិសេស​លើ​វិស័យ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​គឺ​កំពុងតែ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​កន្លងទៅ​នេះ​ ។

លោក​បន្ត​ថា​ ដោយសារតែ​កំណើន​ប្រជា​សាស្រ្ត​ ដែល​ភាគច្រើន​ជា​អ្នក​ប្រកបការងារ​ (ជនជាតិ​ចិន​) និង​បណ្តា​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​ បាន​ជ្រើស​យក​ក្រុង​ព្រះសីហនុ​ធ្វើជា​គោលដៅ​ជំនួញ​ បាន​ជម្រុ​ញឱ្យ​តម្រូវការ​នៃ​ការជួល​អចលនវត្ថុ​នៅ​ក្រុង​មួយ​នេះ​មានការ​កើនឡើង​យ៉ាង​គំហុក​”។

លោក​បាន​បន្ត​ទៀត​ថា​ “ភាពល្អ​ប្រសើរ​នៃ​ស្ថានភាព​ក្រុង​ព្រះសីហនុ​ កំពុងតែ​បន្ត​ការ​ទាក់ទាញ​កាន់តែ​ខ្លាំង​ ពីសំណាក់​អ្នក​វិនិយោគ​ទាំងឡាយ​”។ លោ​កបន្ត​ងថា​ “កំណើន​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​ នៅតែ​បន្ត​ជំហាន​របស់​ខ្លួន​យ៉ាង​ស្វាហាប់​ ព្រោះ​នៅ​មាន​គម្រោង​ជាច្រើន​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​បញ្ចប់​គម្រោង​របស់​ខ្លួន​ ហើយក៏​នៅ​មាន​គម្រោ​ងថ្មី​ៗជាច្រើន​ទៀត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​មាន​ភាព​រីកចម្រើន​”។

នាយក​ក្រុមហ៊ុន​ Family​ Real​ Estate​ Service​ លោក​ ម៉ឹង​ លាង​ហ៊ន​ បាន​ទទួលស្គាល់​នូវ​ការ​កើនឡើង​នូវ​តម្រូវការ​ជួល​ខាងលើ​នេះ​ ហើយ​តម្លៃ​នៃ​ការជួល​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ គ្រាន់តែ​ដី​ទំនេរ​ដែល​មាន​ទំហំ​ត្រឹម​ ១៧​ X ២៧​ ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ ៦០០០ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ដី​ទំនេរ​ដែល​មាន​ទំហំ​តូច១០​ X ២៥ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ៣៥០០​ ដុល្លារ​ក្នុង​មួយ​ខែ​។

​;លោក​បាន​បន្ត​ទៀត​ថា​ ដី​ដែល​អាច​សាងសង់​ជា​អគារ​ពាណិជ្ជកម្ម​ ជា​កាស៊ីណូ​ ឬជា​ភោជនីយដ្ឋាន​ មាន​ទំហំ២០​X ៣០ម៉ែត្រ​ ដែល​នៅ​លើ​ផ្លូវ​ធំ​គឺ​ជួល​ក្នុង​តម្លៃ​ ២៥​,០០០ដុល្លារ​ក្នុង​មួយ​ខែ​ដោយមាន​កុងត្រា​រហូត២០ឆ្នាំ​។ លោក​បាន​បន្ត​ទៀត​ថា​ ចំ​ពោះ​ផ្ទះ​ល្វែ​ ងដែល​អាច​ប្រកប​អាជីវកម្ម​បាន​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី២៥០០​-៣០០០ដុល្លារ​ក្នុង​មួយ​ខែ​ ឬផ្ទះ៣ល្វែង​ជាប់គ្នា​មាន​កម្ពស់២ជាន់ ​(Eo​ . E1)តម្លៃ​ជួល​ ១០៥០០ដុល្លារ​ក្នុង​មួយ​ខែ​។

ដោយឡែក​សម្រាប់​ប្រភេទ​ផ្ទះ​វីឡា​កម្រិត​តូច​ ដែល​មាន​ទំហំ​ត្រឹម​ ៦ X១៥​ ម៉ែត្រ​ ជួល​បាន​ក្នុង​តម្លៃ៣៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ឬអាច​ខ្ពស់​ជាង​នេះ​ ដែល​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ផ្លូវ​ និង​ទីតាំង​តំបន់​៕

ចំណេះដឹង​! តើ​កិច្ចសន្យា​គួរ​បង្កើត​ឡើង​នៅពេល​ណា​?

0
ចំណេះដឹង​! តើ​កិច្ចសន្យា​គួរ​បង្កើត​ឡើង​នៅពេល​ណា​?

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ កិច្ចសន្យា​ត្រូវ​បាន​បង្កើត​ឡើង​នៅពេល​ ដែល​សំណើ​រធ្វើ​កិច្ចសន្យា​អ្វីមួយ​ ត្រូវ​បាន​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​(មាត្រា៣៣៦វាក្យខណ្ឌ​ទី១​)។តាមន័យ​នេះ​កិច្ចសន្យា​ត្រូវ​បាន​បង្កើត​ឡើង​នៅពេល​ដែល​មាន​យល់ព្រម​ និង​សំណើ​បាន​ជួបគ្នា​ នោះ​កិច្ចសន្យា​នឹង​មាន​អនុភាព​ ដែល​អាចប​ង្កើត​សិទ្ធិ​ និង​កាតព្វកិច្ច​រវាង​គូភាគី​ឬម្ចាស់បំណុល​ និង​កូនបំណុល​បាន​ហើយ​។

ជាគោល​ការណ៍​ ការ​មកដល់​នៃ​ស្វីការ​កិច្ចសន្យា​ត្រូវ​បាន​ កើតឡើង​នៅពេល​ដែល​ដំណឹង​ អំពី​ស្វីការ​បាន​មកដល់​អ្នកស្នើ​សុំ​។ ពោល​គឺ​មិនមែន​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ផុត​ពី​ដៃ​របស់​ខ្លូន​ ហើយ​ចាត់ទុកជា​បាន​ធ្វើ​ស្វីការ​នោះ​ទេ​(មាត្រា៣៤០​)។

ផ្ទុយពី​នេះ​ ប្រសិនបើ​កិច្ចសន្យា​ដែល​ទាក់ទង​នឹង​កិច្ចសន្យា​ ដែល​មាន​អចលនវត្ថុ​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា​ លុះត្រាតែ​ភាគី​ត្រូវ​ធ្វើឡើង​ដោយមាន​លិខិតយថាភូត​ គឺជា​លិខិត​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ ឬដោយសារ​ការី​(មាត្រា៣៣៦​ វាក្យខណ្ឌ​ទី២​)។ ជាគោល​ការណ៍​កិច្ចសន្យា​អាច​ធ្វើឡើង​ ដោយ​មិនបាច់​សរសេរ​ ជា​លាយលក្ខណ៍​អក្សរ​ក៏បាន​ក៏​វា​មាន​អនុភាព​ដែរ​ វា​លើកលែងតែ​មាន​អចលនវត្ថុ​ជា​ កម្មវត្ថុ​នៃ​កិច្ចសន្យា​តែប៉ុណ្ណោះ​។

ឧទាហរណ៍​ថា​ ពូ​សុខ​ បាន​ដាក់​ស្លាក​លក់​រថយន្ត​របស់​គាត់​ ហើយ​ប្រសិនបើ​មាន​ភាគី​ណា​ម្នាក់​(អ្នកធ្វើ​ស្វីការ​) បាន​ទូរ​សព្ទ័​មក​ប្រាប់​ថា​ នឹង​ទិញ​រថយន្ត​នោះ​ ក្នុង​តម្លៃ​ដែល​បាន​កំណត់​នៅក្នុង​សំណើ​។ ក្នុងករណី​នេះ​ គឺ​កិច្ចសន្យា​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​វា​មាន​អនុភាព​អាច​ចាប់បង្ខំ​ឱ្យ​អនុវត្ត​បាន​ ដោយ​មិន​ចាំបាច់​ចុះ​កិច្ចសន្យា​ ជា​លាយ​លក្ខ​អក្ស​អ្វី​ក៏បាន​ នេះ​បើ​យោង​តាម​មាត្រា​ មាត្រា៣៣៦​ វាក្យខណ្ឌ​ទី១នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ប៉ុន្តែ​ប្រសិនបើជា​ការទិញ​លក់​ដូចជា​ដី​ ឬផ្ទះ​ គឺ​ភាគី​ត្រូវតែ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ជា​ដាច់​ខាត់​ ថែមទាំង​ត្រូវ​ធ្វើជា​លិខិតយថាភូត​ទៀតផង​ ទើប​កិច្ចសន្យា​នោះ​មាន​អនុភាព​អាច​អនុវត្ត​ និង​ចាប់បង្ខំ​គូភាគី​បាន​។ បើ​យោង​តាម​មាត្រា៣៣៦​ វាក្យខណ្ឌ​ទី២នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​៕

ក្រុមហ៊ុន​ជប៉ុន​បន្ត​សំឡឹង​វិនិយោគ​លើ​ទីផ្សារ​ការិយាល័យ​បន្ថែម​នៅ​ទីក្រុង​បាងកក​

0
អគារខ្ពស់ក្នុងទីក្រុងបាងកក

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Mitsubishi​ Estate​ Group​ គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំជាង​គេ​របស់​ជប៉ុន​ នៅតែ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​ប្រទេស​ថៃ​ ដោយក្រុម​ហ៊ុន​នេះ​បាន​កំពុង​សម្លឹង​មើល​លើ​ការសាងសង់​អគារ​កា​រិល័​យបន្ថែម​ទៀត​ នៅក្នុង​ទីក្រុង​បាងកក​នៅ​ចុងឆ្នាំ​នេះ​។

លោក​ Shigehiro​ Ono​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Mitsubishi​ Estate​ Asia​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​មានទំនុក​ចិត្ត​ក្នុងរយៈពេល​មធ្យម​ និង​រយៈពេល​វែង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​ បើ​ទោះបីជា​វា​មានការ​ព្រួយបារម្ភ​តិចតួច​នៅក្នុង​រយៈពេល​ខ្លី​ក៏ដោយ​។

លោក​បន្ត​ថា​ “ប្រទេស​ថៃ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៅ​អាស៊ី​ ហើយ​វិស័យ​ទាក់ទាញ​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ​គឺ​ការិយាល័យ​ប្រភេទ​A នៅ​ខាងក្នុង​ទីក្រុង​បាងកក​ បន្ទាប់ពី​ឡូ​ជី​ស្ទីក​នៅ​ទីតាំង​ជាយក្រុង​”។

លោក​ Ono​ បន្ថែម​ថា​ ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​អាច​នឹង​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​ថៃ​ ជាពិសេស​គឺ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC​) ប៉ុន្តែ​ក្រុមហ៊ុន​ Mitsubishi​ នៅតែ​ផ្តោត​លើ​ទីក្រុង​បាងកក​។

លោក​ថា​ “យើង​មិន​មាន​ផែនការ​នៅពេល​នេះ​ ដើម្បី​វិនិយោគ​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត​ (EEC​) ដោយសារតែ​យើង​ចង់​ផ្តោត​លើ​អគារ​ការិយាល័យ​ ដែល​យើង​បាន​វិនិយោគ​ជាមួយ​ Raimon​ Land​ ហើយ​ប្រសិនបើ​ EEC​ ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ ទីក្រុង​បាងកក​គួរតែ​ទទួល​បាន​អត្ថ​ប្រយោជន៍​ផង​ដែរ​”។

ក្រុមហ៊ុន ​Mitsubishi​ Estate​ បាន​ចូលក្នុង​ទីផ្សារ​អចលនទ្រព្យ​ថៃ​តាំងតែពី​ឆ្នាំ​ ២០១៣​ តាមរយៈ​ការ​បណ្តាក់​ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ AP​ Thailand​ Plc​ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​របស់​ SET​ សម្រាប់​ការ​អភិវឌ្ឍ​ខុន​ដូ​នៅ​ទីក្រុង​បាង​ក។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​ចំនួន១៧​ ដែល​មាន១៦​,000​ យូនី​ត និង​វិ​និ​យោ​គលើ​ភស្តរ​កម្ម​ (Logistic​) នៅ​ឯជាយក្រុង​បាងកក​។

លោក​ Ono​ បញ្ជាក់​ថា​ គម្រោង​សាង​សង​អគារ​ការិយាល័យ​នេះ​ ទទួល​បាន​ហិរញ្ញប្បទាន​ពី​មូលនិធិ​ថ្មី​ពី​ប្រទេស​ជប៉ុន​ ដែល​មាន​ចំនួន​តិច​ជាង១​,៧ពាន់​លាន​បាត​។ គម្រោង​នេះ​ នឹង​សាងសង់​លើ​ទំហំដី​ ៦ រ៉ៃ​ ដែល​ក្រុមហ៊ុន​ Raimon​ Land​ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជួល​កាលពី​ចុងឆ្នាំ២០១៦​។

ជាមួយនឹង​ទុន​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន៨​,៨ពាន់​លាន​បាត​ ក្រុមហ៊ុន​ Raimon​ Land​ និង​ក្រុមហ៊ុន​ Mitsubishi​ នឹង​សាងសង់​អគារ​ការិយាល័យ​នេះ​ក្នុង​កម្រិត​កំពស់៦១​ ជាន់​ដែល​មាន​ទំហំ៦១​.000​ ម៉ែត្រការ៉េ​ ដោយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២២​៕

ឈ្នះ​ iPhone​ XS​ Max​ ដោយ​គ្រាន់តែ​ចូលរួម​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​

0
ឈ្នះ iPhone XS Max ដោយគ្រាន់តែចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ

ដោយ​ រតនៈ​

ភ្នំ​ពេញៈ​ ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​មួយ​ ដែល​នាំមក​ជូន​លោកអ្នក​ដោយ​បុរី​ ប៉េង​ ហួត​ នឹង​ប្រារព្ធ​ឡើង​ក្នុង​គម្រោង​បុរី​ ប៉េង​ ហួត​ ដឹស្តា​ផ្លា​ទី​នីម​ (បឹង​ស្នោ​) ចំងាយ​ត្រឹមតែ៥នាទី​ ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស​(ច្បារអំពៅ​) ចាប់ពី​ថ្ងៃទី៧ដល់​ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៩​ វេលា​ម៉ោង៨​:០០​ នាទី​ព្រឹក​ ដល់ម៉ោង៨​:០០​ នាទី​យប់​។

ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ បើក​ជូន​សាធារណជន​ ចូលរួម​ដោយសេរី​ ហើយ​លោកអ្នក​ដែល​វត្តមាន​ចូលរួម​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​តារា​សំណាង​ទី១​ ក្ន​ងចំណោម​តារា​សំណាង​ទាំង៥​ យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ជាពិសេស​រង្វាន់​ធំ​ទូរសព្ទ​ដៃ​ iPhone​ XS​ Max​ រហូតដល់៩គ្រឿង​ថែមទៀត​ផង​។

តារា​សំណាង៤ផ្សេងទៀត​ នឹង​បង្ហាញខ្លួន​ជាបន្តបន្ទាប់​ទៀត​ ក្នុង​ថ្ងៃ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ នេះ​ផ្ទាល់​តែម្តង​ សូម​រង់ចាំ​តាមដាន​នូវ​តារា​សំណាង​ទាំង៤​ ទាំងអស់គ្នា​។

សំរាប់​ក្រុម​គ្រួសារ​ដែល​មាន​បុត្រធីតា​ កម្មវិធី​យើងខ្ញុំ​ មាន​រៀបចំ​ជូន​នូវ​កន្លែង​ក្មេង​លេង​ យ៉ាង​សប្បាយរីករាយ​ ក្នុង​កម្មវិធី​ដែល​ពោរពេញ​ ទៅ​ដោយ​សួន​បែប​ធម្មជាតិ​បៃតង​នេះ​។

កុំ​ភ្លេច​មក​ចូលរួម​ណា​ រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ អាច​ក្លាយជា​របស់​លោកអ្នក​!។បុរី​ ប៉េង​ ហួត​ ធ្វើអោយ​ជីវិត​លោកអ្នក​កាន់តែ​មានន័យ​!៕

ក្រុមហ៊ុន​កូរ៉េ​ជាង​ ​៨០០​ ​មក​ស្វែងយល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗកំពុងបង្ហាញខ្លួននៅក្នុងក្រុងភ្នំពេញ។ រូបថត៖ សហការី

​ដោយៈ​ ​រ៉ា​ណេត​

​ភ្នំ​ពេញៈ​ ​ក្រុមហ៊ុន​ដែល​ធ្វើការ​ពាក់​ព័ន្​ឋ​នឹង​ការសាងសង់​ ​របស់​ប្រទេស​កូរ៉េ​ចំនួន​ ​៨៣០ក្រុមហ៊ុន​ ​បាន​មក​ធ្វើការ​សិក្សា​ស្វែងយល់​លម្អិត​ ​ពី​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ​ ​វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​លើ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​។​ ​

​តាមរយៈ​សមាគម​អ្នកម៉ៅការ​សាងសង់​អន្តរជាតិ​ ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​(​ICAK​)​ ​ដែល​ដឹកនាំ​ដោយ​លោក Kang​ ​Se​ ​Ki​ ​ជា​អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​មួយ​នេះ​ ​បាន​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​អ្នកតំណាង​សមាគម​អ្នកសាង​សង់​កម្ពុជា​។​ ​

​នៅក្នុង​ឱកាស​ស្វែងយល់​បន្ថែម​ពី​ការ​ទទួល​បាន​ឱកាស​វិនិយោគ​ ​និង​សហការ​ជា​ដៃ​គួ​នៅ​កម្ពុជា​ ​លោក​ ​Kang​ ​Se​ ​Ki​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ជាច្រើន​ជាង៨០០​ ​ដែល​ស្ថិតនៅ​ក្នុង​សមាគម​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ​ ​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការ​ចាប់ដៃ​ជាគូ​វិនិយោគ​នៅ​កម្ពុជា​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​តាមរយៈ​សមាគម​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ​នេះ​ ​ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ក​ទាំង​តូច​ ​ទាំង​ធំ​បាន​ចេញ​ធ្វើការ​វិនិយោគ​ក្រៅប្រទេស​រហូតដល់​ចំនួន១៥៣​ ​ប្រទេស​នៅ​លើ​សាកលលោក​ ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​វិស័យ​សាងសង់​ក្រៅប្រទេស​របស់​កូរ៉េ​ខាងត្បូង​ ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​របស់​សហរដ្ឋអាមេរិក​ ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ ​និង​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី៦ទូទាំង​សាកលលោក​”​។​

​ ​​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ ​លោក​ង៉ែត​ ​ជូ​ ​បាន​បង្ហាញ​នូវ​ក្ដី​សាទរ​ ​និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ ​សាងសង់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ​ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​“​បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ភាគច្រើន​គឺជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ​ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ ​បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ ​និង​ជ​ម្រុ​ញ​ឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​។​

​​លោក​បាន​បន្ត​ទៀត​ថា​ ​“​ប្រទេស​កូរ៉េ​មាន​បច្ចេកវិទ្យា​ខ្ពស់​ ​នៅពេល​ដែលគេ​ចូល​មកកាន់​កម្ពុជា​ ​ក្រៅពី​អាច​ទទួល​បាន​ប្រយោជន៍​ ​និង​ចំណូល​បន្ថែម​លើ​សេដ្ឋកិច្ច​កម្ពុជា​ ​យើង​ក៏អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម​ថ្មី​ៗ​ពី​វិស័យ​មួយ​នេះ​”​។​ ​លោ​ក​បន្ត​ង​ថា​ ​“​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​ក្នុង​ការ​ចាប់ដៃ​ធ្វើជំនួញ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ធ្វើជា​ដៃគូ​វិញ​”​៕​

កម្ពុជា​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​ដែក​យក្ស​ចិន​ក្លាយជា​ក្រុមហ៊ុន​ផលិត​ដែក​ធំ​បំផុត​លើ​ពិភពលោក​

0
ក្រុមហ៊ុន​ Baowu​ Steel​ Group​ Corp

ដោយ​ Donald​ Lee

ភ្នំពេញ​: បន្ទាប់ពី​មាន​គម្រោង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ និង​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គូប្រជែង​ខ្លួន​ដែល​មាន​មូលដ្ឋាន​នៅ​ចិន​ ក្រុមហ៊ុន​ផលិត​ដែកថែប​ធំជាង​គេ​បំផុត​របស់​ចិន​នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ធំ​បំផុត​ នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​ពីរ​ទៅ​បី​ឆ្នាំខាងមុខ​។

យោង​តាម​ឯកសារ​ផ្សារហ៊ុន​នៅ​សៀងហៃ​ ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ Baowu​ Steel​ Group​ Corp​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ធំជាង​គេ​របស់​ចិន​នឹង​ទិញ​ភាគហ៊ុន​ភាគច្រើន​ ពី​ក្រុមហ៊ុន​ Magang​ Steel​ ក្នុង​ប្រទេស​ចិន​ដើម្បី​បង្កើន​ការប្រកួត​ប្រជែង​ជា​អន្តរជាតិ​។

ក្រុម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ S &​ P Global​ បាន​ព្យាករណ៍​ថា​ ការទិញ​យក​នេះ​រួម​ជាមួយ​ផែនការ​ពង្រីក​ នៅក្នុង​ប្រទេស​កម្ពុជា​អាច​មើលឃើញ​ថា​ ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​អ្នក​ផលិត​ដែកថែប​ធំ​បំផុត​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​ពីរ​ទៅ​បី​ឆ្នាំខាងមុខ​នេះ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ Baowu​ កំពុង​វិភាគ​ផែនការ​ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ ដើម្បី​កែច្នៃ​ដែក​ទៅជា​ដែកថែប​ទៅ​ប្រទេស​កម្ពុជា​។ ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ភស្តុភារ​ដ៏​ធំ​មួយ​។ គ្រឿងបរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​នៅ​តំបន់​ អា​កសូ​ (Aksu​) ភាគ​ខាងជើង​ឆៀង​ខាងលិច​ប្រទេស​ចិន​ដែល​មាន​ចំងាយ​ ២,៤៨០​ ម៉ាយ​ (miles​) ពី​ភ្នំពេញ​។

ផែនការ​ច្របាច់​បញ្ចូល​គ្នា​ និង​ពង្រីក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​ការផលិត​ដែកថែប​របស់​ក្រុមហ៊ុន ​Baowu​ដល់៩០លាន​តោន​ពោល​ គឺ​ស្ថិតនៅ​ក្រោម​ក្រុមហ៊ុន​ ArcelorMittal​ ដែល​ផលិត​បាន៩២​,៥ លាន​តោន​កាលពី​ឆ្នាំមុន​៕