ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​បរាជ័យ​ត្រូវ​ស្វែងយល់​ពី​ចំណុច​ទាំងនេះ​

0
អគារនៅកោះពេជ្រ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែលគេ​មើលឃើញ​ថា​ កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ បាន​ជម្រុ​ញឱ្យ​មានការ​កើនឡើង​នូវ​ក្រុមហ៊ុន​វិនិយោគ​ ភ្នាក់ងារ​អចលនទ្រព្យ​ ក៏ដូចជា​អ្នក​ស្វែងរក​កម្រៃ​ជើង​សារ​ជាច្រើន​។

ប៉ុន្តែ​បើ​ទោះជា​អ្នក​ទាំងនោះ​ បានសម្រេច​ចិត្ត​ចេញ​មក​ប្រកប​ជាមួយ​អាជីព​មួយ​នេះ​ក៏ដោយ​ តែ​ភាព​ជាក់ស្តែង​ត្រូវ​បាន​គត់​សម្គាល់​ឃើញថា​ ក្នុងចំណោម​អ្នក​ទាំងនោះ​ គឺ​មាន​មួយចំនួន​អាច​សម្រេច​បាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ ដោយឡែក​ក៏​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ ជួប​ភាព​បរាជ័យ​លើ​ការ​ធ្វើ​ជំនួយ​ក្នុង​វិស័យ​មួយ​នេះ​ទៅវិញ​។

យ៉ាងណាក៏ដោយ​ ភាព​បរាជ័យ​ និង​ភាព​ជោគជ័យ​ទាំងនោះ​ ត្រូវ​បាន​គេ​លើកឡើង​ថា​ គឺ​មានការ​ជាប់​ព័ន្ធ​ទៅ​នឹង​ចំ​ណុច​ធំៗ​ចំនួន៣​ ដែល​វា​ជា​គ្រឹះ​ក្នុង​ការ​ប្រកប​ជំនួញ​ទិញ​-លក់​អចលនទ្រព្យ​ ។ ដូច្នេះ​ដើម្បី​ឈរជើង​ និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ ក្នុង​ការបង្កើត​ទំនាក់ទំនង​ និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។

តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​កំពុង​មានការ​រីកចម្រើន​និង​ផុសផុល​យ៉ាង​ខ្លាំង​នេះ​?។

ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​តម្លៃ​ជាក់ស្ដែង​ក្នុង​ស្រុក​នេះ​ជា​កិច្ចការ​ដំបូង​ ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅក្នុង​តំបន់​នី​មួយ​ៗក្នុង​ប្រទេស​របស់​អ្នក​ ជាពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ឬទិញ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។ អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ជាពិសេស​ត្រូវ​ដឹង​ថា​ ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​។

សម្លឹង​ទៅ​តំបន់​ជាយក្រុង​ដែល​មាន​សក្ដានុពល​

ជា​ការពិត​ណាស់​ នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ដូច្នេះ​​អ្នក​ត្រូវ​ដឹង​ថា​ បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​? នៅពេល​ដែល​អ្នកដឹង​ថា​ តំបន់​ជាយក្រុង​ណាមួយ​ នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​ នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។

តាមដាន​ព័ត៌មាន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​

ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ឬស្ថាប័នរដ្ឋ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ លើ​វិស័យ​អចលនទ្រព្យ​ ព្រោះ​អ្នក​នឹង​ដឹង​ថា​ តំបន់​ណា​នឹង​ក្លាយជា​តំបន់​អភវិ​ឌ្ឍ​ន៍​ តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។ មួយទៀត​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ អ្នក​ក៏អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​ក៏​ថា​បាន​ដែរ​។

ដូច្នេះ​ សម្រាប់​លោកអ្នក​ដែល​ចង់​ធ្វើការ​វិនិយោគ​ ឬធ្វើជំនួញ​ក្នុង​វិស័យ​អចន​ទ្រព្យ​គម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ចំណុច​គ្រឹះ​ទាំង៣ខាងលើ​នេះ​៕

ក្រុមហ៊ុន​កូរ៉េ​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ​សំអាត​ទន្លេមេគង្គ​

0
ទិន្ឋភាពដងទន្លេងមេគង្គ​មើល​ពីលើលំហអាកាស

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ចាប់ផ្តើម​យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ​សម្រាប់​ទិវា​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃនេះ​។

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ Hanwha​ Group​ បាន​បង្ហាញ​ទូក​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​សម្អាត​មាត់ទន្លេ​មេគង្គ​នៅ​ខេត្ត​វិញ​ឡុង​ (Vinh​ Long​) ប្រទេស​វៀតណាម​ដែល​ជា​ចំណុច​ចុងក្រោយ​នៃ​ទន្លេ​ មុន​ពេល​វា​ហូរចេញ​ចូល​សមុទ្រ​។

ក្រុមហ៊ុន​ Hanwha​ បាន​ឲ្យដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “កាកសំណល់​ដែល​មិន​រំលាយ​ចោល​ និង​ការ​បង្ហូរទឹក​ស្អុយ​ តាម​បណ្ដោយ​ស្ទឹង​ទន្លេ​បាន​ប្រែក្លាយ​ទន្លេមេគង្គ​ទៅជា​ទន្លេ​មួយ​ក្នុងចំណោម​ទន្លេ​ទាំង១០​ ដែល​បំពុលបរិស្ថាន​បំផុត​ក្នុង​ពិភពលោក​។ ការ​បំពុល​នេះ​នឹង​ហូរ​ចូល​សមុទ្រ​ និង​គំរាមកំហែង​ដល់​ជីវិត​សមុទ្រ​”។

ក្រុមហ៊ុន​បាន​បន្ថែម​ថា​ “ប្រទេស​វៀតណាម​ គឺជា​ប្រទេស​ចុងក្រោយ​ដែល​ឆ្លងកាត់​ទន្លេមេគង្គ​ យុទ្ធនាការ​ស្អាត​ស្អី​នៅ​មេគង្គ​ មាន​គោលបំណង​លុបបំបាត់​ចោល​កាកសំណល់​ មុន​ពេល​វា​ចូល​ទៅ​ក្នុង​មហាសមុទ្រ​នៅ​តាម​ដងទន្លេ​វិញ​ឡុង​”។

ក្រុមហ៊ុន​នេះ​ បាន​បរិច្ចាគ​ទូក​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ខ្លួន​ សម្រាប់​គំនិត​ផ្តួចផ្តើម​សម្អាត​ ដែល​ជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ ដែល​បាន​ចុះហត្ថលេខា​ជាផ្នែក​មួយ​ នៃ​កម្មវិធី​គោលដៅ​អភិវឌ្ឍន៍​ដោយ​និរន្ត​ភាព​ របស់​អង្គការ​សហប្រជាជាតិ​។

ទន្លេមេគង្គ​ឆ្លាក់​កាត់​ព្រំដែន​ប្រទេស​ ចិន​ ភូមា​ ឡាវ​ ថៃ​ កម្ពុជា​ និង​ប្រទេស​ចុងក្រោយ​គឺ​វៀតណាម​៕

ប្រធាន​ CREA​ ជំរុញ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ស្នើ​យក​អាជ្ញាប័ណ្ណ​ស្របច្បាប់​

0
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​ជំរុញ​ឲ្យ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ សូម​ដាក់ពាក្យ​ស្នើ​យក​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាក់​ព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ និង​ជួយ​បង្កើន​ចំណូល​ដល់​រដ្ឋាភិបាល​។

លោក ​ឃាង​ ពុទ្ធី ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៥​ មិថុនា​កន្លងមក​ថា​ តាម​បទពិសោធន៍​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ គឺ​បណ្តា​ប្រទេស​នានា​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ស្រដៀង​គ្នា​នឹង​កម្ពុជា​ ដោយ​អ្នក​ រកស៊ី​ក្នុង​វិស័យ​នេះ​ ភាគច្រើន​មិនសូវ​មាន​អាជ្ញាប័ណ្ណ​នោះ​ទេ​ ប៉ុន្តែ​បន្ទាប់មក​ដោយសារ​មានការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល​ប្រទេស​និ​មួយ​ៗ បាន​ធ្វើឲ្យ​អ្នករក​ស៊ី​ទាំង​នោះ​រត់់​រក​ច្បាប់​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​រលូន​។

លោក​បន្ត​ថា​ “ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​គួរ​មានការ​ផ្សព្វផ្សាយ​ពី​លក្ខខ័ណ្ឌ​ និង​និ​តិ​វិធី​នានា​ ដើម្បីឲ្យ​ក្រុមហ៊ុន​ចង់​ស្នើសុំ​អាជ្ញាប័ណ្ណ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​”។ លោក​បន្ត​ថា​ “អ្វី​សំខាន់​និ​តិ​វិធី​សុំ​អាជ្ញាប័ណ្ណ​គួរ​កាត់បន្ថយ​ពេលវេលា​ ព្រោះ​កន្លងមក​ការ​ស្នើសុំ​អាជ្ញា​ប័ណ្ណ​ផ្សេង​ៗបាន​ចំណាយពេល​ និង​អូស​បន្លាយពេល​វេលា​យ៉ាង​យូរ​”។

លោក​ឃាង​ ពុទ្ធី ​បាន​បន្ត​ថា​ ការ​ជួយ​ពន្លឿន​និ​តិ​វិធីការ​ងារ​ ជា​លើកទឹកចិត្ត​ដល់​អ្នករក​ស៊ី​គ្មាន​អាជ្ញាប័ណ្ណ​ឲ្យ​រត់រក​អាជ្ញាប័ណ្ណ​ ហើយ​វា​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ និង​ផ្តល់​ទំនុកចិត្ត​ក្នុង​វិស័យ​នេះ​ ពិសេស​ជា​ការ​រួមចំណែក​ធ្វើឲ្យ​រដ្ឋាភិបាល​ អាច​រកចំណូល​ផ្នែក​ពន្ឋ​កើនឡើង​ផង​ដែរ​។

កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ឃាង​ ពុទ្ឋី​បាន​ស្នើ​ឲ្យ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ជួយ​ពន្លឿន​និ​តិ​វិធី​លើច្បាប់​សាងសង់​ ព្រោះ​ការ​ពន្យា​ពេល​យូរ​ធ្វើឲ្យ​អ្នកលក់​គំរោង​មួយចំនួន​បាន​លក់​គំរោង​ពួកគេ​មិន​ស្របច្បាប់​ ម្ចាស់ដី​ឡូត៍​មួយចំនួន​លក់​ដី​មិន​ស្របច្បាប់​ ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​មុន​ទិញ​លំនៅ​ដ្ឋាន​ ដី​ឡូត៍​នៅ​តំបន់​ណាមួយ​គួរ​សិក្សា​ពី​លិខិត​បទ​ដ្ឋា​គតិយុត្តិ​នានា​ ដើម្បី​ការ​ ពារ​ពី​ហានិភ័យ​នានា​”៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន៦​ ក្នុងទឹក​ប្រាក់​ជិត​ ៦៣,៥លាន​ដុល្លារ

0
អគារ CDC។ រូបថត៖ សហការី

​ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​ដល់​ក្រុមហ៊ុន​ដែល​គ្រោង​វិនិយោគ​នៅ​កម្ពុជា​ចំនួន​ ៦ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ៦៣,៥​ លាន​ដុល្លារ​អាមេរិក​។

តាម​សំណើសុំ​វិនិយោគ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ទីមួយ​គឺ​ គម្រោង​បង្កើត​រោងចក្រ​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ (បម្រើការ​សាងសង់​) ពី​ថ្មម៉ាប​ ឬថ្ម​ក្រា​នី​ត របស់​ក្រុមហ៊ុន​ “MIKOL​ STONE​ CO​., LTD​.” ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ក៏បាន​សម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូចជា​ ទី​ ២- “SAAB​ PHNOM​ PENH​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​បោកគក់​ និង​កែច្នៃ​ម៉ូត​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​កំបោរ​ សង្កា​ត់​ឪទ្បោ​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.០២៨កន្លែង​។

ទី៣​ -“SHAN​ HAI​ JING​ (HONG​ KONG​) HANDICRAFT​ MANUFACTURING​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្កា​ និង​ផ្លែឈើ​សិប្បនិម្មិត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សាលា​គ្រួស​ ឃុំ​ព្រះ​និ​ព្វា​ន្ត​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៤១កន្លែង​។ទី៤​ – “YONG​ DE​ XIN​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គីរី​រស្មី​ ឃុំ​ព្រៃរំដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ ប្រមាណ​ ៤,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១២៥កន្លែង​។

ទី៥​-“VENICE​ HOLIDAY​ HOTEL​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ចំនួន ២៥០​បន្ទប់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៤​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិ​និ​យោ​គចំ​នួយ​ ២២,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៦១កន្លែង​។

ទី៦​- “KOL​ VEASNA​ INVESTMENT​ CO​., LTD​.” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំ​ណាំ​កសិ​-ឧស្សាហកម្ម​ ចិញ្ចឹមសត្វ​ និង​សាងសង់​រោងចក្រ​កែច្នៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.០២៨កន្លែង​៕

ការវិភាគ​៖ តើ​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្រៅប្រទេស​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ​?

0
អគារខ្ពស់ៗជាច្រើននៅក្នុងក្រុងភ្នំពេញ។ រូនថត៖ ម៉ៃ វីរៈ

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ខណៈ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​នៅតែ​បន្ត​ សេដ្ឋកិច្ច​ចិន​បាន​ទទួលរង​នូវ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ និង​កំពុង​ប៉ះពាល់​ដល់​កំណើន​វិនិយោគ​ក្នុង​ស្រុក​ និង​ក្រៅប្រទេស​។ តើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជួប​ហានិភ័យ​ឬទេ​។

យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ប្រទេស​ចិន​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ រាល់​វិស័យ​សំ​ខាន់​ៗ និង​វិនិយោគទុន​នៅក្នុង​ប្រទេស​ចិន​ មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​ត្រីមាស​ទី២ឆ្នាំនេះ​។ ការ​ធ្លាក់ចុះ​នេះ​ស្រប​ពេល​ជាមួយនឹង​ការ​កើតឡើង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​ដែល​សហរដ្ឋអាមេរិក​បាន​គំរាម​ដាក់​ពន្ធ​នាំចូល​ចំនួន២៥​ ភាគរយ​លើ​បញ្ជី​ទំនិញ​ចិន​ថ្មី​ដែល​ស្មើនឹង​តម្លៃ២០០​ ពាន់​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ក៏​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​ផង​ដែរ​។

អ្វី​ដែល​ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​គិត​គូ​ គឺ​ការដែល​អាច​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (ODI​) របស់​ប្រទេស​ចិន​មកកាន់​កម្ពុជា​។ការ​វិនិយោគទុន​ពី​បរទេស​ ពិសេស​ពី​ប្រទេស​ចិន​បាន​ធ្លាក់ចុះ៣​,៣ភាគរយ​ នៅក្នុង​ខែមេសា​ និង​ក្នុង​ត្រីមាស​ទីមួយ​ ទោះបីជា​ទីក្រុង​ប៉េកាំង​ នៅតែ​បន្ត​គាំទ្រ​ដល់​តិ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​របស់​ខ្លួន​ក៏ដោយ​។ រួមបញ្ចូល​បញ្ហា​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គឺជា​ការអនុវត្ត​របស់​រដ្ឋាភិបាល​ចិន​ ក្នុង​ការ​ទប់ទល់​នឹង​ការទិញ​ទ្រព្យសម្បត្តិ​នៅ​បរទេស​ ដោយ​ប្រថុយប្រថាន​ជាពិសេស​អចលនទ្រព្យ​បរទេស​។

សារៈសំខាន់​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​មកកាន់​កម្ពុជា​ មិន​អាច​ថ្លែង​បាន​ឡើយ​។

នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ Cambodia​ បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​ទឹកប្រាក់៣​,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​គម្រោង​អភិវឌ្ឍន៍​ និង​គម្រោង​ផ្លូវ​ហាយ​វ៉េ​។ ជាក់ស្តែង​គំរោង៧៥ភាគរយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ពី​ប្រទេស​ចិន​។ ចិន​មិន​ត្រឹមតែ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​ ម្ចាស់​ជំនួយ​ទ្វេភាគី​អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ​។

ត្រី​ធំ​ និង​ដៃគូ​ក្នុង​ស្រុក​

ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​ គឺជា​ត្រី​ដ៏​ធំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ មិន​ត្រឹមតែ​ក្រុមហ៊ុន​ទាំងនេះ​គ្របដណ្ដប់​លើ​វិស័យ​នេះ​ ជាមួយនឹង​គម្រោង​លំនៅ​ដ្ឋាន​ និង​ពាណិជ្ជកម្ម​ ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​របស់​ពួកគេ​ផ្ទាល់​នោះ​ទេ​ ពួកគេ​ក៏បាន​បង្កើត​ភាពជា​ដៃគូ​សំខាន់​ ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ដូចជា​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ និង​ភ្នាក់ងារ​អចលនទ្រព្យ​កេរ្តិ៍ដំណែល​ ដូចជា​ ក្រុមហ៊ុន​ខេម​បូ​ឌា​ប្រូ​ភើ​ធី​លីមីត​ធី​ត (CPL​) ជាដើម​។

ក្រុមហ៊ុន​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ចិន​ ដើម្បី​បង្កើត​គម្រោង​រមណីយដ្ឋាន​ កាស៊ីណូ​លំដាប់​ពិភពលោក​នៅ​ក្រុង​ព្រះសីហនុ​ និង​ទីក្រុង​រណប​ដែល​មានតម្លៃ​សមរម្យ​នៅក្នុង​ខេត្ត​កំពង់ចាម​។

ឧទាហរណ៍​ស៊ីជម្រៅ​ និង​ដង្ហើម​នៃ​ផលប័ត្រ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ នៅ​កម្ពុជា​អាច​ត្រូវ​បាន​គេ​មើលឃើញ​ នៅក្នុង​គម្រោង​ដែល​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ Guangzhou​ Yuetai​ Group​ Co​. , Ltd​។

ក្រុមហ៊ុន​ Yuetai​ បាន​ប្រកាស​គម្រោង​ជាច្រើន​នៅ​ឆ្នាំនេះ​ រួមមាន​ផ្សារ​ទំនើប​ដែល​មាន​ទំហំ​ ៣ ម៉ឺន​ការ៉េ​នៅ​ស្ទឹងមានជ័យ​ និង​ទីក្រុង​រណប​មួយ​ដែល​មាន​ទំហំដី៥០​ ហិ​កតា​នៅក្នុង​ខេត្ត​កំពង់ចាម​ដែល​មានឈ្មោះ​ថា​ “ទីក្រុង​ Yuetai​” ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​អំពី​ការ​អភិវឌ្ឍ​កំពង់ចាម​គឺថា​ ក្រុមហ៊ុន​ចិន​កំពុងធ្វើការ​ជា​ដៃគូ​ ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​អភិវឌ្ឍ​ន៏​CPL​ ក្នុង​ស្រុក​ ហើយនឹង​បំពេញ​តម្រូវការ​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម​ដោយ​តម្លៃ​ផ្ទះ​ចាប់ពី​ ៥ ម៉ឺន​ដុល្លារ​ដល់៩ម៉ឺន​ដុល្លារ​។

ក្រុម​អ្នកវិភាគ​លើកឡើង​ពី​គម្រោ​ងផ្សេង​ៗគ្នា​ទូទាំង​ប្រទេស​ និង​ការ​ដើរតួ​យ៉ាងសកម្ម​របស់​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​ដោយ​ថ្លែង​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ គួ​មាន​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​កគ្រប់​ខេត្ត​សំ​ខាន់​ៗនៅ​កម្ពុជា​។

លោក​ គីម​ សុខ​សំណាង​ ប្រធាន​ផ្នែក​យុទ្ធ​សាស្រ្ត​របស់​ CPL​ បាន​ប្រាប់​ Property​ Area​ ឱ្យ​ដឹង​ថា​ “យើង​បាន​ជួប​ក្រុមការងារ​ Yuetai​ ដំបូង​កាលពី​ប្រាំ​ឆ្នាំមុន​”។

លោក​ពន្យល់​ថា​ “យើង​ធ្លាប់​បាន​លក់​គម្រោង​ផ្សេង​របស់​ពួកគេ​ កាលពី​ប្រាំ​ឆ្នាំមុន​ ហើយ​ទទួល​បាន​ជោគជ័យ​”។លោក​បន្ថែម​ថា​ “យើង​បាន​គិតថា​ទំនាក់ទំនង​នេះ​មាន​សក្តា​នុ​ពល​ខ្ពស់​ ហើយ​ក្រោយមក​បាន​ផ្តល់​ឲ្យ​ពួកគេ​ នូវ​ការពិគ្រោះ​យោបល់​លើ​អចលនទ្រព្យ​និង​សេវាកម្ម​អភិវឌ្ឍន៍​។ យើង​ទាំងពីរ​បាន​រក​ឃើញថា​ ភាពជា​ដៃគូ​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់​”។

ការ​លក់​គម្រោង​ទីក្រុង​រណប​ “Yuetai​ City​” ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​អស់​ក្នុង​រយៈពេល១០ខែ​ ហើយនឹង​មាន​ដី​ឡូ​ចំនួន​ ២៨៨​ ប្លង់​។

ការព្យាករណ៍​របាយការណ៍​សេដ្ឋកិច្ច​

ធនាគារពិភពលោក​បាន​ព្រមាន​កាលពីដើម​ឆ្នាំនេះ​ថា​ លំហូរ​ចូល​វិនិយោគ​បរទេស​ដ៏​ធំធេង​ពី​ប្រទេស​ចិន​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ អាច​នឹង​មិន​មាន​រយៈពេល​យូរ​នោះ​ទេ​ នៅពេល​ដែល​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ បាន​កើនឡើង​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ភាព​ភ័យខ្លាច​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ចុងឆ្នាំ២០១៩​ ឬឆ្នាំ២០២០​ ដែល​កំពុង​បន្ត​ត្រូវ​បាន​ពិភាក្សា​ដោយ​អ្នកសេដ្ឋកិច្ច​ និង​អ្នកជំនាញ​ហិរញ្ញវត្ថុ​។

ការ​រីកចម្រើន​នៃ​លំហូរ​ចូល​វិនិយោគទុន​បរ​ទេស​ថ្មី​ៗនេះ​ បាន​បន្ត​ជម្រុ​ញការ​រីកចម្រើន​ផ្នែក​សំណង់​ដ៏​យូរអង្វែង​ ខណៈ​ដែល​ការ​បិទបាំង​នូវ​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ បន្ទាប់ពី​កំណើន​កម្ចី​បាន​កើនឡើង​ជាច្រើន​ឆ្នាំ​មក​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ស្តី​ពី​សេដ្ឋកិច្ច​កម្ពុជា​។

ធនាគារពិភពលោក​បាន​បន្ថែម​ទៀត​ថា​ “ទោះជាយ៉ាងណា​លំហូរ​ចូល​នៃ​ទុន​វិនិយោគ​បរទេស​ដ៏​ធំ​បែបនេះ​ អាច​មិន​មាន​និរន្ត​ភាព​ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​ពិភពលោក​ និង​ការ​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ចិន​។ ការដែល​លែង​មានការ​វិនិយោគ​បរទេស​ នៅក្នុង​វិស័យ​សំណង់​អាច​ធ្វើឲ្យ​តម្លៃ​ធ្លាក់ចុះ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​”។

ជាមួយគ្នា​នេះ​របាយការណ៍​របស់​ការិយាល័យ​ ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ប្រចាំឆ្នាំ​ ឬ (Amro​) ក៏​យល់ស្រប​ជាមួយ​ នឹង​ការវាយតម្លៃ​របស់​ធនាគារពិភពលោក​ និង​បាន​ឲ្យដឹង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ទាំងមូល​នឹង​ងាយ​រងគ្រោះ​ ដោយសារ​ការពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ពី​ប្រទេស​ចិន​។

របាយ​ការ​ខាងលើ​បាន​បន្ថែម​ថា​ “លើស​ពីនេះ​ទៀត​ ដោយ​ការ​បង្កើន​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ ដែល​ជា​លំហូរ​វិនិយោគទុន​បរទេស​ ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ វា​អាច​ក្លាយទៅជា​ភាព​ងាយ​រងគ្រោះ​ ដោយសារ​ចិន​អាច​នឹង​ផ្លាស់​ប្តូរ​គោល​នយោបាយ​ភ្លាម​ៗ”។

ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ អាច​នឹង​រង​ការខូចខាត​កាន់តែ​ខ្លាំង​ឡើង​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ ក្រុម​អ្នកវិភាគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុង​រក្សា​ការ​យកចិត្ត​ទុកដាក់​លើ​និន្នាការ​វិនិយោគ​របស់​ប្រទេស​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។

នាយក​ប្រចាំ​ប្រទេស​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​ នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​“ទោះបីជា​មានផល​ប៉ះពាល់​ក៏ដោយ​ ក៏​វា​មិន​ធ្ងន់ធ្ងរ​ពេក​ដែរ​ ដោយសារ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ទំហំ​តូច​ បើ​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារ​អចល​ នទ្រព្យ​ធំៗ​នៅ​លើ​ពិភពលោក​”។

លោកស្រី​ សុធី​តា​ បាន​បន្ថែម​ថា​ “គម្រោង​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ឥឡូវនេះ​មាន​ស្ថានភាព​ល្អ​ និង​លក្ខណៈ​សមរម្យ​សម្រាប់​ទីផ្សារ​កម្ពុជា​”៕

ប្រជាជន​ចិន​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​តាម​រយៈ​វេ​បសាយ​ធំ​មួយ​របស់​ចិន​

0
ការិយាល័យកណ្ដាល​របស់​ក្រុមហ៊ុនព្រីនហ៍គ្រុប។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ចំនួន​វិនិយោគិន​ចិន​នឹង​បន្ត​កើនឡើង​ ដោយ​យោង​តាម​ការសិក្សា​របស់​វេ​បសាយ​ធំ​មួយ​របស់​ចិន​បាន​រក​ឃើញថា​ ចំនួន​ប្រជាជន​ចិន​សា​កសួរ​ព៌​តមាន​ពី​ឳកាស​វិនិយោគ​នៅ​កម្ពុជា​មានការ​កើនឡើង​ ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ Su​ Yuhang​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Uoolu.com​ ជា​វេ​ទិ​ការ​អចលនទ្រព្យ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ដែល​ភ្ជាប់​អ្នក​អភិវឌ្ឍ​កម្ពុជា​ជាមួយ​អ្នកជំនាញ​នៅ​ទីក្រុង​ចិន​ស្វែងរក​ទ្រព្យសម្បត្តិ​នៅ​ក្រៅប្រទេស​ បាន​ប្រាប់​ South​ China​ Morning​ Post​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ចំនួន​អ្នក​សួរ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ មានការ​កើនឡើង​ចំនួន​ជិត​ពីរ​ដង​រយៈពេល៥ខែ​នៅដើម​ឆ្នាំនេះ​។

យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយក្រុម​ហ៊ុន​ Uoolu​ ជិត៨៤ភាគរយ​នៃ​អ្នក​វិនិយោគ​ចង់​វិនិយោគ​ក្នុង​ខុន​ដូ​ខ្នាត​តូច​ ហើយ​ប្រហែល​ពាក់កណ្តាល​នៃ​ពួកគេ​មាន​ថវិកា​តិច​ជាង​ ៥០ម៉ឺ​នយ័ន​ (ប្រហែល​ ៧៣​,០០០​ ដុល្លារ​អាមេរិក​)។

លោក​ Su​ បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​បែបនេះ​គឺ​ល្អ​ប្រសើរ​ ដោយសារ​ កម្ពុជា​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ ដែល​មាន​អាយុ​ជាមធ្យម២៥ឆ្នាំ​។ ពួកគេ​ភាគច្រើន​ជួល​ ហើយ​ការជួល​នៅ​រាជធានី​ភ្នំពេញ​ពិតជា​ថ្លៃ​ណាស់​”។លោក​បាន​បន្ត​ថា​ “ខុន​ដូ​ដែល​មាន​ទំហំ​មធ្យម​នៅ​កម្ពុជា​មានតម្លៃ១១០​,០០០​ ដុល្លារ​ ប៉ុន្តែ​អាច​ទទួល​បានផល​ចំណេញ​យ៉ាងហោច ណាស់ ៨ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​ការ​ទាក់ទាញ​ដ៏​ធំ​មួយ​សម្រាប់​វិនិយោគិន​ចិន​បើ​ធៀប​នឹង​ផល​ចំណេញ​តិច​ជាង​ ២ ភាគរយ​នៅ​ទីក្រុង​ប៉េកាំង​ និង​សៀងហៃ​”។

ក្រុម​អ្នកសង្កេតការណ៍​ទីផ្សារ​បាន​និយាយ​ថា​ ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ដែល​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​នេះ​ បាន​ជំរុញ​ឲ្យ​ការជួល​កើនឡើង​ពី៨​ ទៅ១០ភាគរយ​ ហើយ​អចលនទ្រព្យ​កើនឡើង​ដល់១៥ភាគរយ​ ក្នុង​មួយឆ្នាំ​ដែល​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​វិនិយោគិន​ចិន​ ដែល​ស្វែងរក​ទ្រព្យសម្បត្តិ​នៅ​ក្រៅប្រទេស​ជា​ការ​ការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ប្រា​ក់យ័ន​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៥​ មិថុនា​នេះ​ថា​ រិ​និ​យោគិន​បាន​ និង​កំពុង​វិយោគ​ចំរុះ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដោយ​ការ​វិនិយោគ​របស់​ពួកគេ​មានតម្លៃ​ទាប​ដល់​តម្លៃ​ខ្ពស់​បំ​ផុ​ផត​ ខណៈ​លោក​រំពឹង​ថា​ការ​វិនិយោគ​ចិន​ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បន្ត​កើនឡើង​ទៀត​។

លោក​បាន​ថ្លែង​ថា​ “ខ្ញុំ​មើលឃើញ​ការ​វិនិយោគ​ចិន​ គឺ​មាន​ចំរុះ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​ចំនួន​វិនិយោគិន​ចិន​នឹង​កើនឡើង​បន្ត​ទៀត​ នៅ​រយៈពេល៣ឆ្នាំមុខ​ ដោយសារ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ ហើយ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទទួល​បានផល​ខ្ពស់​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​”។

លោក​បន្ត​ថា​ “ដោយ​មើលឃើញ​ពី​ឱកាស​ ក្នុង​ការ​ទទួល​បានផល​ចំណេញ​ពី​វិស័យ​នេះ​ ពួកគេ​(ចិន​)នឹង​បន្តម​កវិ​និ​យោគ​រយៈពេល​វែង​នៅ​កម្ពុជា​បន្ថែម​ទៀត​”

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​បាន​កើនឡើង៧​,៥ភាគរយ​ ហើយ​ការនាំចេញ​បាន​កើនឡើង១៧​,៦ភាគរយ​កាលពី​ឆ្នាំមុន​ ដោយសារតែ​លំហូរ​វិនិយោគទុន​របស់​ចិន​ នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​គាំ​ដោយ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​និង​ផ្លូវ​មួយ​ និង​រោងចក្រ​ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​ដីគោក​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​តម្លៃ​កម្លាំង​ពលកម្ម​ទាប​ និង​ចៀសវាង​ការ​បង់ពន្ធ​ ដែល​ដាក់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-ចិន​កំពុង​បន្ត​កើតឡើង​៕

ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ផ្តល់​ជូន​នូវ​ការ​លក់​ពិសេស​ទិញ​ផ្ទះ​ឈ្នះ​ ខុន​ដូ​

0
ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ "រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​" ពី​ បុរី​ ប៉េង​ ហួត

ដោយ​ រតនៈ​

ភ្នំពេញ​៖ ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ “រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​” ពី​ បុរី​ ប៉េង​ ហួត​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីតាំង​ ទល់មុខ​ផ្ទះ​គំរូ​វីឡា​ King​ A ក្នុង​គម្រោង​ បុរី​ ប៉េង​ ហួត​ ដឹ​ ហ្គ្រេន​ស្តា​ផ្លា​ទី​នីម​ (បឹង​ស្នោ​) ចំងាយ​ត្រឹមតែ៥នាទី​ ប៉ុណ្ណោះ​ពី​ស្ពាន​ព្រះមុនីវង្ស ​(ច្បារអំពៅ​) ចាប់ពី​ថ្ងៃទី៧​ ដល់​ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៩​ វេលា​ម៉ោង៨​:០០​ នាទី​ព្រឹក​ ដល់ម៉ោង៨​:០០​ នាទី​យប់​។

ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ បើក​ជូន​សាធារណជន​ ចូលរួម​ដោយសេរី​ ហើយ​លោកអ្នក​ដែល​មាន​ វត្តមាន​ក្នុង​កម្មវិធី​នេះ​ នឹង​មានឱកាស​ឈ្នះ​តារា​សំណាង​ទី១​ រង្វាន់​ធំ​ ទូរសព្ទ​ដៃ​ iPhone​ XS​ Max​ រហូតដល់៩គ្រឿង​ និង​រង្វាន់​ជាច្រើន​ទៀត​ យ៉ាងច្រើន​សន្ធឹក​សន្ធាប់​។

ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ពិសេស​នេះ​ផង​ដែរ​ អតិថិជន​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោ​ងដឹស្តា​ មេ​រា​ហ្កា​ដិន​ រឺ​ គម្រោង​ណាមួយ​របស់​បុរី​ ប៉េង​ ហួត​ នឹងអាច​ឈ្នះ​តារា​សំណាង​ទី២​ យូនី​ត ខុន​ដូ​ ដ៏​ទំនើប​ទាន់សម័យ​ ព្រមទាំង​បំពាក់​គ្រឿងសង្ហារិម​រួចជាស្រេច​ និង​ស្ថិតនៅ​ក្នុង​តំបន់​ប្រជុំជន​ ថែមទៀត​ផង​។ នេះ​ជា​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ដែល​លោកអ្នក​ នឹកស្មាន​មិនដល់​ ហើយ​លោកអ្នក​នឹងអាច​ទទួល​បាន​នៅ​ តារា​សំណាង៣ផ្សេងទៀត​ នៅក្នុង​ព្រឹត្ត​ការណ៍​នេះ​ផង​ដែរ​។

សូម​រួសរាន់​ឡើង​ការ​ផ្តល់​ជូន​ពិសេស​នេះ​ មានកំណត់​ត្រឹមតែ៣ថ្ងៃ​តែប៉ុណ្ណោះ​ ចាប់ពី​ថ្ងៃទី០៧​ ដល់​ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០១៩​ ខាងមុខនេះ​។ ស្រប​ពេល​ជាមួយគ្នា​ផង​ដែរ​ លោកអ្នក​នឹង​ទទួល​បាន​សេវាកម្ម​ប្រាក់កម្ចី​ លំនៅឋាន​ពី​ធនាគារ​ ជាច្រើន​ជម្រើស​ជាមួយនឹង​អត្រា​ការប្រាក់​ដ៏​សមរម្យ​ ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ផ្ទាល់​តែម្តង​។

កុំ​ភ្លេច​មក​ចូលរួម​ទាំងអស់គ្នា​ណា​ រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ កំពុង​រង​ចាំ​លោកអ្នក​!។សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទូរសព្ទ​លេខ​ 015​ 90​ 6789​ Email​: sale​@penghuoth.com​ឬចូល​ទៅកាន់​គេហទំព័រ​ Facebook​: www.facebook.com​/boreypenghuothgroup​៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​បោះទុន​ ៣៥០លាន​ដុល្លារ​សាងសង់​រោងចក្រ​ផលិតថាមពល​អគ្គិសនី​នៅ​ខេត្តកណ្តាល​

0

ដោយ ​រ៉ា​ណេត​

កណ្តា​លៈ​ ក្រុមហ៊ុន​យក្ស​ចិន​ធំ​មួយ​ គ្រោង​បោះទុន៣៥០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ នៅក្នុង​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ដើម្បី​ឆ្លើយតប​នឹង​កំនើ​ននៃ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា​។

កិច្ចប្រជុំ​ចរចា​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​នៃ​គម្រោង​ទទួល​ម៉ៅការ​ វិស្វកម្ម​ផ្គត់ផ្គង់​បរិក្ខារ​ និង​សាងសង់ ​(EPC​) រោង​ចក្រអគ្គិសនី​ដើរ​ដោយ​ចំហេះ​វគ្គទី២​ ទំហំ២០០មេ​ហ្កា​វ៉ាត់​ឱ្យ​អគ្គិសនី​កម្ពុជា​ រវាង​គណៈកម្មការ​អន្តរក្រសួង​និង​ក្រុមហ៊ុន​ម៉ៅការ​ China​ National​ Heavy​ Machinery​ Corporation​ (CHMC​) ដោយមាន​ការចូលរួម​ ពី​ថា្នក់​ដឹកនាំ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​អគ្គិសនី​កម្ពុជា​ ក្រសួង​សេដ្ឋិ​កិច្ច​និង​ហិរញ្ញវត្ថុ​ អាជ្ញាធរ​អគ្គីស​នី​កម្ពុជា​ មន្រ្តី​ជំនាញ​ និង​តំណាង​ក្រុមហ៊ុន​ CHMC​។

កិច្ចប្រជុំ​នេះ​ មាន​គោលបំណង​ពិនិត្យ​ និង​ចរចា​លក្ខខណ្ឌ​បច្ចេកទេស​លើ​គម្រោង​វិស្វកម្ម​ ផ្គត់ផ្គង់​បរិក្ខារ​និង​សាងសង់​ (EPC​) រោងចក្រអគ្គិសនី​ដើរ​ដោយ​ចំហេះ​វគ្គទី២​ ទំហំ២០០មេ​ហ្កា​វ៉ាត់​ របស់​អគ្គិសនី​កម្ពុជា​។ទំហំ​ទឹកប្រាក់​វិនិយោគ​ទៅលើ​គម្រោង​ទទួល​ម៉ៅការ​ វិស្វកម្ម​ និង​ផ្គត់​ផ្គង់​បរិ​ក្ខា​ សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ចំ​ហោះ​វគ្គទី២​ ។

លោក​ទី​ នរិន្ទ​ រដ្ឋលេខាធិការ​ ក្រសួង​ រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ គឺ​ស្ថិតនៅ​ក្នុង​ប្លង់​មេ​ ដោយ​រាជរដ្ឋាភិបាល​ បាន​ និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចំនួន២​ ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ហ្វាំងឡង់​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​សម្រេច​គោលដៅ​រួម​។

លោក​បញ្ជាក់​ថា​ “រដ្ឋាភិបាល​បាន​ធ្វើការ​បញ្ជាទិញ​ម៉ាស៊ីនភ្លើង​ មក​ពី​អា​ឡឺម៉​ង់​ក្នុង​តម្លៃ​ជាង១៨០លាន​ដុល្លារ​ និង​មក​ពី​ហ្វាំងឡង់​តម្លៃ​ជាង១៧៧.៥​ លាន​ដុល្លារ​ ដែល​ដើរ​ដោយ​ចំហេះ​ មានន័យថា​យើង​ចំ​នាយ​តិច​ក្នុង​ការផលិត​ តែ​ទទួល​បាន​លទ្ធផល​ច្រើន​ដោយ​រោងចក្រ​នេះ​ អាច​នឹង​សាងសង់​រួចរាល់​ក្នុងរយៈពេល១០ខែ​ បន្ទាប់ពី​មានការ​ចុះ​កិច្ច​ព្រមព្រៀង​រួច​”៕

ទំហំ​ផ្សារ​ទំនើប​កើនឡើង​យ៉ាង​គំហុក​នៅក្នុង​ទីផ្សារ​ ខណៈ​ចំនួន​ផ្សារ​ទំនើប​ជាច្រើន​បាន​កំពុង​សាងសង់​

0
ផ្សារទំនើប Phnom Penh Mega Mall។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទំហំ​ផ្សារ​ទំនើប​និង​កន្លែង​លក់រាយ​នៅ​ទីក្រុង​ភ្នំពេញ​ កំពុង​កើនឡើង​យ៉ាង​គំហុក​ ខណៈ​ផ្សារ​ទំនើប​តូច​ធំ​ចំនួន៩ទៀត​គ្រោង​បញ្ចប់​ការសាងសង់​ និង​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ដំណាច់ឆ្នាំ២០១៩នេះ​ថា​ការ​ផ្គត់ផ្គង់​លើ​ការ​ដាក់​ជួល​ទីតាំង​លក់រាយ​ នឹង​មានការ​កើនឡើង​រហូត ដល់៣៤៨​,០០០ម៉ែត្រការ៉េ​ ខណៈ​ឆ្នាំ២០១៨កន្លងទៅ​ទំហំ​ផ្សារ​ទំនើប​មាន​ត្រឹម២៨២​,០០០ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​”។

អ្នកនាង​បន្ត​ទៀត​ថា​“កំណើន​នៃ​ការ​ផ្គត់ផ្គង់​ខាងលើ​នេះ​ គឺ​ដោយសារតែ​ផ្សារ​ទំនើប​តូច​ធំ​សរុប​ចំនួន ៩ទៀត​នឹង​ បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ ហើយនឹង​ត្រូវ​បាន​ដាក់បញ្ចូល​នៅ​លើ​ទីផ្សារ​”។

ផ្សារ​ទំនើប​ទាំង៩​ ក៏​ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​ផ្សេងគ្នា​ដូចជា​ ប្រភេទ​ Shopping​ Mall​ ( The​ Olympia​ Mall​) មាន​ទំហំ​សរុប​ចំនួន​ ៥២​,២៣២​ ម៉ែត្រការ៉េ​ , ប្រភេទ​ Retail​ Podium​ (Gold​ Tower​ 42​, The​ Bridge​) មាន​ទំហំ​សរុប​ចំនួន៣២​,៨៩៥​ ម៉ែត្រការ៉េ​ និង​ប្រភេទ​ Community​ Mall​ (Midtown​ Mall​, Downtown​ 93​, Chip​ Mong​’s Noro​ Mall​, WB​ Arena​, The​ Point​, និង​ The​ Commune​ )មាន​ទំហំ​សរុប​ចំនួន៥៨​,៩៨០​ ម៉ែត្រការ៉េ​។

អ្នកនាង​អាន​ សុធី​តា​បាន​បន្ត​ថា​ បើ​ទោះជា​នៅ​ដំណាច់ឆ្នាំ២០១៩ខាងមុខនេះ​ បរិមាណ​នៃ​ការ​ផ្គត់ផ្គង់​ទីតាំង​លក់រាយ​ ត្រូវ​បាន​បង្កើន​ឡើង​រហូតដល់៣៤៨​,០០០ម៉ែត្រការ៉េ​ បន្ទាប់ពី​ផ្សារ​ទំនើប​ចំនួន៩ថ្មីទៀត​ នឹង​ចូល​មក​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​នោះ​ អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​បញ្ជាក់​ប្រាប់​ថា​ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​តម្រូវ​ឱ្យ​មានការ​ផ្គត់ផ្គង់​បន្ថែម​ទៀត​ ។

តប​ទៅ​នឹង​កំណើន​នៃ​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ​លក់រាយ​ និង​ជួល​ទីតាំង​លក់រាយ​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ខាងលើ​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ បើ​ទោះជា​ផ្សារ​ទំនើប​ចំនួន៩​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ពិតជា​ដំណើរ​មែន​ ក៏​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​។

​លោក​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​”។ លោក​បន្ត​ថា​ “ នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​រីក​ធំ​ ហើយ​អាជីវករ​ ឬពាណិជ្ជករ​ ដែល​ធ្លាប់តែ​ប្រកបរបរ​នៅ​តាម​ផ្សារ​បែប​ប្រពៃណី​នោះ​ នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ នៅពេល​ដែល​ផ្សារ​ទំនើប​មាន​កាន់តែ​ច្រើន​ នោះ​ទីតាំង​ជួល​នឹង​មាន​ភាព​ទូលាយ​ ហើយ​តម្លៃ​ក៏​មានកម្រិត​ទាប​ក្រោម​ការប្រកួត​ប្រជែង​ និង​កាន់តែ​ផ្តល់​លទ្ធភាព​ដល់​បណ្តា​អាជីវករ​ ដែល​មាន​បំណង់​ចង់​ប្រក​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​៕

រដ្ឋាភិបាល​ចិន​បញ្ជូន​បេសកជន​ជិត​ ២០០០នាក់​មក​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

0
ភាគីខាងកម្ពុជាចាំទទួល​បេសកជនចិននៅព្រលានយន្តហោះ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ចិន​បាន​បញ្ចូល​បេសកជន​ចិន​ប្រមាណ២០០០នាក់​ មកដល់​ទឹកដី​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ដើម្បី​អបអរសាទរ​ឆ្នាំ​នៃ​វប្បធម៌​ និង​ទេសចរណ៍​ កម្ពុជា​-ចិន​ ២០១៩​ ក៏ដូចជា​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​ឱកាស​វិនិយោគ​ ក្នុងនាម​ជា​ដៃគូ​លើ​វិស័យ​ទេសចរណ៍​។

នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ ដើម្បី​អបអរសាទរ​ឆ្នាំ​នៃ​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា​-ចិន​ ២០១៩​ រដ្ឋាភិបាល​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ បាន​បញ្ជូន​គណៈប្រតិភូ​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ ដែល​ជា​បេសកជន​ចិន​ប្រមាណ២.០០០នាក់​ ឱ្យធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី២​ ដល់៨ខែមិថុនា​ ឆ្នាំ២០១៩​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ក្រ​សួង​ទេ​ចរណ៍​។

អនុរដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ នៃ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ លោក​ ចាង​ ស៊ុ​ រួម​ជាមួយនឹង​បេសកជន​ជាច្រើន​ ក្នុងចំណោម២.០០០នាក់​នោះ​បាន​ធ្វើដំណើរ​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ និង​រាជធានី​ភ្នំពេញ​ជា​បណ្តើរ​ៗហើយ​ កាលពី​យប់​ថ្ងៃទី០៤ខែមិថុនា​ ឆ្នាំ២០១៩​។

តាម​គម្រោង​នៃ​កម្មវិធី​ នៅ​រសៀល​ថ្ងៃទី០៥​ ខែមិថុនា​នេះ​ដែរ​ ភាគី​កម្ពុជា​-ចិន​ នឹង​មាន​វេទិកា​ជជែក​ «Business​ Matching​ Between​ Tour​ Operators​ of​ Cambodia​ and​ China​» ឬហៅ​ថា​ វេ​ទិ​កា​ផ្គូ​រផ្គងដៃ​គូ​ធុរកិច្ច​ទេសចរណ៍​ រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន​ (អ្នកទិញ​) ចំនួន៥០ក្រុមហ៊ុន​ ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា​ (អ្នកលក់​) ចំនួន៥០ក្រុមហ៊ុន​ផង​ដែរ​។

គណៈប្រតិភូ​បេសកជន​ចិន​ទាំង​ ២.០០០នាក់​ ដែល​បាន​មក​ទស្សនា​កម្ពុជា​ ដើម្បី​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ និង​ជួយ​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ កម្ពុជា​ដល់​ប្រជាជន​ចិន​ ក៏ដូចជា​ទាក់ទាញ​ ទេសចរ​ចិន​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​។

«ឆ្នាំ​នៃ​វប្បធម៌​ និង​ទេសចរណ៍​កម្ពុជា​-ចិន​ ២០១៩​» នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ចិន​ សហការ​ជាមួយ​ក្រសួងទេសចរណ៍​ និង​ក្រសួង​ វប្បធម៌​ និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​ លើ​ផ្នែក​ទេសចរណ៍​ និង​វប្បធម៌​ រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត​ មាន​ដូចជា​ ការជំរុញ​ការ​ផ្សព្វផ្សាយ​ ទេសចរណ៍​រួមគ្នា​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម​៕