គ្រឿង​ចក្រ​ធំៗ​សំរាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ THAI​ BOON​ ROONG​ បាន​ដឹក​មកដល់​កម្ពុជា​

0
គ្រឿង​ចក្រ​ធំៗ​សំរាប់​សាងសង់​ អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ THAI​ BOON​ ROONG

ដោយ ​វុត្ថា​

ភ្នំពេញ​៖ គ្រឿង​ចក្រ​ធំៗ​សំរាប់​សាងសង់​ អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ THAI​ BOON​ ROONG​ កម្ពស់​ជិត​ ៦០០ម៉ែត្រ​បាន​ដឹក​មកដល់​រាជធានី​ភ្នំពេញ​ហើយ​ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាងសង់​អាគារ​នេះ​ ជា​ផ្លូវការ​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ នាយក​ប្រតិបត្តិ​ដឹកនាំ​ក្រុម​វិស្វកម្ម​ ស្ថាបត្យកម្ម​ របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​ន រ៉ុង​ បាន​ឲ្យដឹង​តាមរយៈ​ទូរសព្ទ​នៅ​ថ្ងៃទី​ ៦ ខែឧសភា​ ឆ្នាំ​ ២០១៩​ ​ថា​ គ្រឿង​ចក្រ​ធំៗ​ ដែល​ក្រុមហ៊ុន​បាន​បញ្ជាទិញ​ពីក្រៅ​ប្រទេស​បាន​ចាប់ផ្តើម​ដឹក​មកដល់​ហើយ​ ដើម្បី​សាងសង់​ជញ្ជាំង​បេតុង​ទប់​ដី​ជុំវិញ​គំរោង​នេះ​ មុន​ពេល​ដំណើរការ​ជីកដី​បើក​ការដ្ឋាន​សាងសង់​អាគារ​នេះ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ថា​ “ក្រុមហ៊ុន​ម៉ៅ​កា​ជី​កជញ្ចាំង​បេតុង​ទប់​ដី​ សំរាប់​សាងសង់​អាគារ​នេះ​ជា​ក្រុមហ៊ុន​តូច​ប៉ុណ្ណោះ​ ហើយ​ក្រុមហ៊ុន​សាងសង់​អាគារ​កំពស់​កប់​ពពក​នេះ​ជា​ក្រុមហ៊ុន​ ដែល​មានបទពិសោធន៍​សាងសង់​អា​គារ​ខ្ពស់​ៗលំដាប់​ពិភពលោក​”។ លោក​បន្ត​ថា​ “ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ ការ​បើក​ការដ្ឋាន​សាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗនេះ​ហើយ​ ដោយ​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន​ សែន​នឹង​អញ្ជើញ​ជា​អធិបតី​ដើម្បី​សាងសង់​អាគារ​នេះ​”។

អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ THAI​ BOON​ ROONG​ ដែល​ជា​អគារ​ភ្លោះ​នេះ​មាន​កំពស់១៣៣ជាន់​ ស្មើនឹង​កំពស់​សរុប ៥៨៦ម៉ែត្រ​។

លោ​កទួស​ សា​ភឿន​ បាន​ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ គម្រោង​ «មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ថៃ​ ប៊ុ​នរ៉ុង​» សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ៤៩​,៧៣២ម៉ែត្រក្រឡា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់់​មុខ​សណ្ឋាគារ​ និង​កា​ស៊ី​ណូ​ណា​ហ្គា​ទី១​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្ថែម​ថា​ ប្លង់​ស្ថាបត្យកម្ម​របស់​អគារ​នេះ​ ទទួល​បានការ​ចូលរួម​សិក្សា​ពី​ស្ថាបត្យករ​មក​ពី៦ប្រទេស​ ហើយ​ប្លង់​នេះ​បាន​បញ្ចប់​រួចរាល់​ហើយ​ ដោយ​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ ពី​បណ្តា​ប្រទេស​មួយចំនួន​។ ពេលនេះ​ក្រុមការងារ​បច្ចេកទេស​ បាន​នឹង​កំពុង​សិក្សា​បន្ថែម​ទៀត​។ គម្រោង​មួយ​នេះ​ យើង​បាន​ប្រើប្រាស់​ថវិកា​អស់​ជាច្រើន​លាន​ដុល្លារ​រួចមក​ហើយ​។

នៅពេល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​ សាងសង់​ចប់​ នឹង​ក្លាយជា​និម្មិត​រូប​ នៃ​ការ​អភិវឌ្ឍ​ជាតិ​ មុខមាត់​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ និង​ជាពិសេស​បាន​លើក​តម្លៃ​កិត្យានុភាព​ សម្រាប់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​ជា​ប្រទេស​ធ្លាប់​មាន​អរិយធម៌​ខ្ពង់ខ្ពស់​។ វា​មិន​ត្រឹមតែ​ជា​មោទនភាព​ សម្រាប់​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរ​ជា​តិ​ធំៗ​ ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​ កាន់តែ​ច្រើន​ថែមទៀត​ ព្រោះ​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនទាន់​ មាន​ការិយាល័យ​លំដាប់​ពិភពលោក​ ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ មក​បើក​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​ បាន​ច្រើន​នៅឡើយ​។

អគារ​ THAI​ BOON​ ROONG​ TWIN​ TOWER​ ស្ថិតនៅ​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុ​ ជា​នេះ​នឹងជា​ផ្នែក​មួយ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាង​គេ​នៅ​តំបន់​អាស៊ាន​ នៅពេល​សាងសង់​រួច​ ដោយសារ​អាគារ​នេះ​ជា​ប្រភេទ​អាគារ​ភ្លោះ​ និង​មាន​អាគារ​កប់​ពពក​កំពស់៤៥ជាន់​ចំនួន៤ទៀត​នៅ​ជុំវិញ​។ អាគារ​នេះ​ជា​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​ធំជាង​គេ​ក្នុង​អាស៊ាន​ ដោយ​រួមបញ្ចូល​ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​ អា​ផា​តម៉ិន​ ខុន​ដូ​លំដាប់​ អន្តរជាតិ​ សណ្ឋាគារ​កម្រិត​ផ្កាយ៦​ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​។

អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Thai​ Boon​ Roong​ របស់​ប្រទេស​កម្ពុជា​ ជាប់​ជា​អគារ​ខ្ពស់​នៅក្នុង​តំបន់​អាស៊ាន​ ក្នុងចំណោម​អគារ​ខ្ពស់កប់ពពក​ចំនួន៦ផ្សេងទៀត​ មក​ពី​ប្រទេស​ចំនួន៦នៅក្នុង​តំបន់​អាស៊ាន​ ហើយ​អគារ​ទាំងនេះ​ នឹង​ក្លាយជា​អគារ​ខ្ពស់កប់ពពក​នៅក្នុង​តំបន់​អាស៊ាន​៕

ក្រុមហ៊ុន​កាណាដា​ធំ​មួយ​កំពុង​ពង្រីក​ការ​រ៉ុ​ករ​ករ៉ែ​ពេជ្រ​នៅ​តំបន់​បានលុង​ ខេត្តរតនគិរី​

0
កម្មករកំពុងជិក និងរ៉ុករករ៉ែនៅអណ្ដូងរ៉ែមួយ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Angkor​ Gold​ Corp​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​ប្រកាស​ការពង្រីក​កម្មវិធី​ខួង​រក​រ៉ែ​មាស​ និង​ពេជ្រ​នៅ​តំបន់​បានលុង​ បន្ទាប់ពី​ទទួល​បាន​ អាជ្ញាប័ណ្ណ​រុករក​ពី​រដ្ឋាភិបាល​។

ក្រោម​កិច្ចសន្យា​រក​ប្រាក់ចំណូល​ជាមួយនឹង​ក្រុមហ៊ុន​ Hommy​ 5 Resources​ ​កម្មវិធី​ពង្រីក​នេះ​មាន​រណ្តៅ​ពេជ្រ​ចំនួន​ដប់​ ដែល​មាន​ទំហំ​សរុប​ប្រហែល១​,១០០​ ម៉ែត្រ​ និង​គ្រោង​នឹង​ធ្វើតេស្ត​គោលដៅ​មួយចំនួន​ទៀត​ ដែល​ត្រូវ​បាន​កំណត់​កម្មវិធី​ខួង​រុករក​នៅ​ឆ្នាំមុន​។

ច្រករបៀង​មួយ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​នេះ​ ដែល​មាន​ទទឹង​លាតសន្ធឹង​ប្រហែល៤០០ម៉ែត្រ ​(ខាងកើត​ខាងលិច​) និង​បណ្តោយ១​,២០០ម៉ែត្រ​ (ខាងជើង​-ខាងត្បូង​) ត្រូវ​បាន​កំណត់​ដោយ​ការរុករក​ពីមុន​។ ច្រករបៀង​នេះ​បើក​ដំណើរការ​នៅ​ភាគ​ខាងជើង​ និង​ខាងត្បូង​។ នៅក្នុង​ច្រករបៀង​ ក្រុមហ៊ុន​ Angkor​ បាន​កំណត់​រចនាសម្ព័ន្ធ​រ៉ែ​មាស​ចម្រុះ​ជាច្រើន​។ កម្មវិធី​ខួង​រក​ពេជ្រ​ត្បូង​ថ្មីនេះ​ នឹង​ជួយ​កំណត់​វិសាលភាព​នៃ​រចនាសម្ព័ន្ធ​រ៉ែ​ទាំងនេះ​ ក៏ដូចជា​កា​រតំ​រង់​ទិស​របស់​ពួកគេ​ក្នុង​ការ​រក​។

លោក​ Dennis​ Ouellette​ នាយករង​របស់​ក្រុមហ៊ុន​ Angkor’s​ Exploration​ បាន​និយាយ​ថា​ កាលពី​ឆ្នាំ​កន្លងទៅ​កម្មវិធី​ខួង​រក​រ៉ែ​មាស​ បាន​បញ្ជាក់​ពី​វត្តមាន​នៃ​ប្រព័ន្ធ​សរសៃ​រ៉ែ​មាស​នៅ​លើ​តំបន់​ធំ​មួយ​។ ការ​តាមដាន​ខួង​អណ្តូង​រ៉ែ​កាន់តែ​ជ្រៅ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កំណត់​ពី​វិសាលភាព​ និង​សរសៃ​មាស​ និង​ជួយ​យើង​ឱ្យ​យល់​ពី​ប្រភព​នៃ​សារធាតុ​រ៉ែ​”។

ការ​ខួង​រក​រ៉ែ​មាស​កាលពី​ឆ្នាំ​ ២០១៨​ មាន​គោលបំណង​ដើម្បី​ធ្វើតេស្ត​ និង​ធ្វើ​ផែនទី​នៅ​ជិត​ការ​ជីក​យក​រ៉ែ​លើ​ផ្ទៃ​ និង​យល់​ច្បាស់​ពី​រចនាសម្ព័ន្ធ​មូលដ្ឋាន​។ ការ​ខួង​រក​រ៉ែ​មាស​ក្នុង​ដី​ពីមុន​ ត្រូវ​បាន​រក​ឃើញ​ដោយ​យកចេញ​សំណាក​ដី​ និង​ត្រូវ​បាន​កំណត់​គំរូ​រ៉ែ​នៅ​ឆ្នាំ​ ២០១៦​ និង​ឆ្នាំ២០១៧​ នៅ​តំបន់​អូ​ឡា​ប៉ា​ខាងលិច​នៅ​តំបន់​អាជ្ញាប័ណ្ណ​បានលុង​៕

ឧកញ៉ា​ល្បីឈ្មោះ​មួយ​រូប​វិនិយោគ​សាងសង់​បុរី​នៅ​តំបន់​ទួលពង្រ​

0

ដោយ​វ៉ាន់​ ណេត​

ភ្នំ​ពេញៈ​ ឧកញ៉ា​មួយ​រូប​បាន​វិនិយោគ​សាងសង់​បុរី​លំនៅ​ដ្ឋាន​ នៅ​តំបន់​ទួលពង្រ​ ដែល​ជា​តំបន់​កពុង​មានការ​រីកចម្រើន​ផ្នែក​លំនៅ​ដ្ឋាន​ និង​ឥទ្ឋិ​ពល​នៃ​ការពង្រីក​ទីក្រុង​ ក៏​ដូច​ជា​កំនើ​នប្រ​ជា​សាស្រ្ត​កើនឡើង​នៅ​តំបន់​នោះ​។

បុរី​ឧកញ៉ា​ដួង​ ងៀប​ស្ថិតនៅ​ផ្លូវ​ទួលពង្រ​ ភូមិ២៤​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

បុរី​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ផ្តោត​លើ​គុណភាព​ សោភ័ណភាព​ផ្នែក​សំណង់​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ធំ​ទូលាយ​ ដែល​ផ្តល់​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​ និង​អាច​ប្រកប​អាជីវកម្ម​បាន​។

បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​បុរី​ឧកញ៉ា​ដួង​ ងៀប​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បុរី​នេះ​មាន​ចំណុច​ពិសេស​ជាច្រើន​ដូចជា​ ទី១​ សំណង់​បាន​បញ្ចប់​ការសាងសង់​ពី៩០​% ដល់១០០​% អាច​ចូល​នៅ​បា​នភ្លាមៗ​ ទី២លក្ខខ័ណ្ឌ​បង់ប្រាក់​តែ៣០​% សល់៧០​% គឺ​ធនាគារ​ជា​អ្នក​អោយ​ខ្ចី​បាន២០ឆ្នាំ​ ការប្រាក់៧.៥០​%។ ទី៣​ ថ្លៃ​សុរិយោ​លដី​ក្នុង​ការផ្ទេរ​ឈ្មោះ​ និង​ការ​បង់ពន្ធ​ប្រថាប់ត្រា៤​% ត្រូវ​បាន​បង់​ដោយ​បុរី​។

ទី៤​ សល់​ចំណី​ដី​នៅមុខ​ផ្ទះ​ ចាប់ពី៩ម៉ែត្រ​ដល់១៣ម៉ែត្រ​ សម្រាប់​ការ​ចយា​នយន្តនិង​ម៉ូតូ​ ទី៥​ ស្ថិតនៅ​លើ​ផ្លូវ​ធំ​ទូលាយ​ ដែល​មាន​ទទឹង៣០ម៉ែត្រ​ កែង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ទទឹង៤០ម៉ែត្រ​ សំណង់​មានគុណ​ភាព​ខ្ពស់​ សម្ភារះ​ប្រើប្រាស់​ក្នុង​ផ្ទះ​ទំនើប​ និង​ទាន់សម័យ​។ ទី៦​ មាន​ភ្លើងបំភ្លឺ​នៅពេល​រាត្រី​ និង​មាន​សន្តិសុខ​យាម២៤ម៉ោង​ លើ២៤ម៉ោង​ និង​ទី៧​ នៅ​ជាប់​បុរី​មាន​ផ្សារ​ទំនើប​ ភោជនីយដ្ឋាន​ សួនកុមារ​ ធនាគារ​ និង​ក្រុមហ៊ុន​ និង​មានការ​លក់​បញ្ចុះ​ថ្លៃ​ពិសេស​ចាប់ពី​ ៣% ដល់​ ៨%សម្រាប់១០ផ្ទះ​ដំបូង​។

បើក​លក់​ក្នុងថ្ងៃនេះ​! បញ្ចុះ​ថ្លៃ​ពិសេស​រហូតដល់​ 12​% សម្រាប់5ផ្ទះ​ប៉ុណ្ណោះ​! 01​6 96​ 2000​/ 089​ 96​ 2 000​៕

រដ្ឋាភិបាល​ជំរុញ​ SCA​ ពន្លឿន​ការសាងសង់​ផ្លូវ​រត់​ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ឲ្យ​បញ្ចប់​មុន​ឆ្នាំ២០២២​

0
ឯកឧត្តម ម៉ៅ ហាវណ្ណាល់

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ នាយ​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) ពង្រីក​ផ្លូវ​រត់​ប្រវែង​ដល់៣៣០០ម៉ែត្រ​ របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ចប់​មុន​ឆ្នាំ២០២២​។

ថ្លែង​នៅ​កិច្ចប្រជុំ​ស្តី​ពី​ការ​អភិវឌ្ឍ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ រវាង​តំណាង​ក្រុមហ៊ុន​ Vinci​ និង​ក្រុមហ៊ុន​ Soci​été Concessionnaire​ de​ l’A​éroport​(SCA​)ឬ Cambodia​ Airports​ ដឹកនាំ​ដោយ​លោក​ Eric​ Delobel​ ជានា​យក​ប្រតិបត្តិ​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ នាយក​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់​បាន​មានប្រសាសន៍​ថា​ ការ​ពន្លឿន​ងការពង្រីក​នេះ​ ដើម្បី​អាច​ធ្វើ​ឱ្យ​យន្តហោះ​ខ្នាត​ធំ​ប្រភេទ ​Code​ E ដូចជា​ Boeing​ 777​ អាច​ចុះចត​បាន​ ស្របតាម​អនុសាស​ន៏​សម្តេច​ តេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ របស់​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅ​ឆ្នាំ​ ២០២២​ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​ និង​គោលដៅ​បង្កើន​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​។

លោក​ ជា​ អូន​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ស៊ីវិល​ បាន​ឲ្យ​ធ្លាប់​បានដឹង​កន្លងមក​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ការពង្រីក​ផ្លូវ​រត់​នេះ​ បាន​ប្រហែល​ប្រមាណ​ ៦០ទៅ៧០ភាគរយ​ ហើយ​នៅពេល​យើង​ពង្រីក​ចប់​ ព្រលា​នយន្តហោះ​នេះ​អាច​ទទួលការ​ចុះចត​យន្តហោះ​ប្រភេទ​ធុន​ធំ​ និង​ឆ្លង​ទ្វីប​បាន​។

លោក​បន្ត​ថា​ “ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​ទទួល​ចុះចត​ប្រភេទ​យន្តហោះ​ ដែល​ហោះ​ក្នុងរយៈពេល​ចន្លោះ​ពី១២ទៅ១៦ម៉ោង​ មក​ពី​ប្រទេស​បារាំង​ និង​សហរដ្ឋអាមេរិក​ ​; ហើយ​នៅ​ឆ្នាំ២០២៥​ កម្ពុជា​នឹង​មា​នព្រ​លាន​យន្តហោះ​ទី២ខ្នាត 4​F នេះ​ដែរ​ គឺ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​”។

សព្វ​ថ្ងៃ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រវែង២​,៥00ម៉ែត្រ​នេះ​មិនទាន់​ឆ្លើយតប​តាម​តម្រូវ​ឱ្យ​ការហោះហើរ​ និង​ចុះចត​របស់​យន្តហោះ​ធុន​ធំ​បានទេ​ ដូច្នេះ​សព្វ​ថ្ងៃ​ព្រលា​ននេះ​ ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ​ Air​ bus​ 321និង​បូ​អ៊ី​ង 757​ ក៏ប៉ុន្តែ​តម្រូវការ​ឱ្យ​យន្តហោះ​ ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្ត​ហោះ​ធំៗ​ មិនទាន់​អាច​ចុះចត​បាន​នៅឡើយ​។ បច្ចុប្បន្ន​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ មាន​ជើងហោះហើរ​ពី​ ១០​ ទៅ១៥ជើង​ក្នុង​មួយថ្ងៃ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោ​កហូ​ វណ្ឌី​បាន​ថ្លែងទទួល​ស្គាល់​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ​ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេជោ​ បាន​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាមផ្លូវអាកាស​ បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក​ និង​ផ្លូវទឹក​៕

តើ​ការសាងសង់​អាគារ​កប់​ពពក​នៅ​រាជធានី​ភ្នំពេញ​សមស្រប​នឹងស្ថានភាព​នគរូបនីយកម្ម​ឬទេ​?

0
អគារខ្ពស់ៗជាច្រើនលេចចេញជារូបរាងនៅក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វត្តមាន​អា​គា​រកប់ពព​គ ដែល​បាន​និង​កំពុង​លូតលាស់​ឡើងជា​រៀងរាល់ថ្ងៃ​ កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ប្រទេស​នេះ​ និង​ធ្វើ​ឲម្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ និង​កាន់តែ​ទុកចិត្ត​មក​លើ​កម្ពុជា​ ប៉ុន្តែ​សំណួរ​ដែល​មានការ​ចោទសួរ​មួយ​គឺថា​ តើ​ការសាងសង់​អា​គារ​ខ្ពស់​ៗ នៅ​រាជធានី​ភ្នំពេញ​នេះ​ពិតជា​ធ្វើឡើង​នៅ​ទីតាំង​ស័ក្តិសម​ ដែល​នឹង​មិន​មាន​បញ្ហា​ផ្នែក​នគរូបនីយកម្ម​នា​ពេល​អនាគត​ឬទេ​?។

សំណង់​អគារ​ខ្ពស់​ៗដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​សហកម្មសិទ្ធិ​ (ខុន​ដូ​) អា​ផា​តមិន​ ជាដើម​ សុទ្ធតែ​ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដែល​ត្រូវ​បាន​កំណត់​ និង​អនុញ្ញាត​ពី​ក្រសួង​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ខាងក្រោម​។

អ្នកវិភាគ​មួយចំនួន​បាន​លើកឡើង​ថា​ វត្តមាន​អគារ​ខ្ពស់​ៗហាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​នៅ​តាម​តំបន់​មួយចំនួន​ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ឬផ្លូវ​ថ្នល់​តូច​ៗនោះ​ទេ​ ដោយហេតុថា​ វិសាលភាព​នៃ​សំណង់​អគារ​ ដែល​មាន​មនុស្ស​ចេញចូល​ច្រើន​អាច​បង្ក​ផលវិបាក​ដល់​ការ​កកស្ទះ​ក្នុង​ការ​ធ្វើដំណើរ​ជាដើម​។ ការ​លើកឡើង​នេះ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​ច្បាប់​សំណង់​ពន្យល់​ថា​ ហាក់​មិន​ត្រឹមត្រូវ​នោះ​ទេ​ ផ្ទុយទៅវិញ​វត្តមាន​នៃ​សំណង់​អគារ​ខ្ពស់​ៗទាំងនេះ​ បាន​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​តំបន់​ ជាពិសេស​បាន​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈកម្ម​កា​រស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦​ ខែមិថុនា​នេះ​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ មិនទាន់​មានច្បាប់​ណាមួយ​ដែល​ចែងថា​ គេ​មាន​ដី​ហើយ​ មិន​អនុញ្ញាត​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗនោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​ការ​អភិវឌ្ឍ​ ឬការសាងសង់​សំណង់​អគារ​គ្រប់​ប្រភេទ​ ជាពិសេស​អគារ​ដែល​មា​នក​ម្ពស់ៗ​ច្រើន​ជាន់​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​លើកទឹកចិត្ត​ និង​ជម្រុ​ញប​ន្ថែម​។

​លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ច្បាប់​សាងសង់​សំណង់​អគារ​ខ្ពស់​ៗ ត្រូវ​បាន​ក្រសួង​កំណត់​ ឱ្យ​មានការ​បែងចែក​គម្លាត​ ដែល​ជាទី​ធ្លា​នៅ​ជុំវិញ​បរិវេណ​នៃ​តួ​អគារ​ទាំងមូល​ ទាំង​ផ្នែក​ខាងមុខ​ ខាងក្រោយ​ និង​ចំហៀង​ ដើម្បី​ធានា​រក្សា​បាន​នូវ​បរិយាកាស​ល្អ​ បរិស្ថាន​ស្អាត​ និង​មាន​តំបន់​បៃតង​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ឱ្យ​កាន់តែ​ស្រស់​ស្អាត​”។ លោក​បន្ថែម​ថា​ “ម្ចាស់​កម្មសិទ្ធិ​ដី​សុទ្ធតែ​អាច​មាន​សិទ្ធិ​សាងសង់​ សំណង់​អគារ​ខ្ពស់​ៗបាន​ទាំងអស់គ្នា​ លើកលែងតែ​តំបន់ហាមឃាត់​មួយចំនួន​ដូចជា​ បរិវេណ​ជុំវិញ​ព្រះបរមរាជវាំង​ ជុំវិញ​វិមានឯករាជ្យ​ តំបន់​វត្តភ្នំ​ ក៏ដូចជា​តំបន់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ជាដើម​ ដែល​ត្រូវ​បាន​កំណត់​ពី​រយៈកម្ពស់​នៃ​អគារ​ដែល​អាច​សាងសង់​”។

ទោះជាយ៉ាងណា​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ បាន​បញ្ចេញ​របស់​ការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំមុន​ថា​ តំបន់​មួយចំនួន​ដូចជា​ តំបន់​បឹងកេងកង១​ មិន​ស័ក្តិសម​សំរាប់​សាងសង់​អា​គារ​ខ្ពស់​ៗនោះ​ទេ​ ដោយសារ​បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដែល​ធ្វើឲ្យ​លំហូរ​ចរាចរណ៍​នៅ​តំបន់​នេះ​មាន​សភាព​កាន់តែ​អាក្រក់​នា​ពេល​អនាគត​។

យ៉ាងណាក៏ដោយ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គ្រប់ការ​សាងសង់​អគារ​ទាំងអស់​ សុទ្ធតែ​ត្រូវ​បាន​អនុញ្ញាត​ពី​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ បន្ទាប់ពី​បាន​សិក្សា​លម្អិត​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​រួចរាល់​។ លោកស្រី​បន្ត​ទៀត​ថា​ ជាទូទៅ​អគារ​ដែល​មាន​កម្ពស់​ចាប់ពី៧ជាន់ឡើង​ទៅ​ ត្រូវ​បាន​រាប់ថាជា​ប្រភេទ​សំណង់​អគារ​ដែល​ខ្ពស់​។

​លោកស្រី​បាន​បន្ត​ថា​ “មុន​ពេល​ចាប់ផ្តើម​សាងសង់​ អ្នក​អភិវឌ្ឍ​សុទ្ធតែ​ដាក់​លិខិតស្នើ​សុំ​សិទ្ធិ​សាងសង់​ទៅដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ទទួល​បាន​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ចុះ​ធ្វើការ​សិក្សា​លម្អិត​ និង​សមស្រប​ទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់​សាងសង់​ទាំងអស់​”។ លោកស្រី​បន្ត​ទៀត​ថា​“សំខាន់​បំផុត​អ្នក​អភិវឌ្ឍ​ចាំបាច់​ធានា​បាន​គុណភាព​សំណង់​ និង​បរិយាកាស​ជុំវិញ​ឱ្យ​ល្អ​ លើកលែងតែ​អ្នក​អភិវឌ្ឍ​មួយចំនួន​តូច​ ដែល​មានគំនិត​អវិជ្ជមាន​ចង់​ចំណេញ​ច្រើន​ ពី​ផ្ទៃ​អគារ​ដែល​ធ្វើការ​សាងសង់​បំពាន​នឹង​ច្បាប់​សាងសង់​ ដូចជា​ការ​គេង​លើ​ចំណែក​ទីធ្លា​ជុំវិញ​តួ​អគារ​ជាដើម​”។

​លោកស្រី​ Grace​ Rachny​បាន​បន្ត​ថា​ ជាក់ស្ដែង​ដូចជា​តំបន់​បឹងកេងកង១​ ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ចំរុះ​ ដែល​ពោរ​ពេល​ទៅ​ដោយ​សំណង់​អគារ​ធំៗ​ និង​ខ្ពស់​ៗ រួច​ទៅ​ហើយ​។ បឹងកេងកង១គឺ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​តំបន់​ពាណិជ្ជកម្ម​ក្នុង​តំបន់​ពិសេស​ ដោយសារតែ​មាន​អគារ​ការិយាល័យ​ជាច្រើន​ម៉ឺន​យូនី​ត ដែល​មនុស្សជា​ច្រើន​ប្រមូល​ផ្តុំ​នៅ​ទីនេះ​ ហើយ​នៅពេល​ខាងមុខនេះ​ នឹង​មាន​វត្តមាន​របស់​សំណង់​អគារ​ខ្ពស់​ៗជាច្រើន​ទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​អគារ​មួយចំនួន​កំពុង​ តែ​សម្រុក​សាងសង់​បញ្ចប់​គម្រោង​របស់​ខ្លួន​។

ចំណែក​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ វត្តមាន​អគារ​ខ្ពស់​ៗគ្រប់​ប្រភេទ​ សុទ្ធ​បាន​ចូលរួម​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ​ទាំងអស់​ ដែល​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការសាងសង់​។

ទោះជាយ៉ាងណា​លោក​បាន​ស្នើ​ឲ្យ​មានការ​ពិចារណា​ ចំពោះ​ទីតាំង​ដែល​ត្រូវ​សាងសង់​អគារ​ខ្ពស់​ៗ ក៏​ត្រូវ​ពិចារណា​ទៅលើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ ផ្លូវថ្នល់​ចេញចូល​ជាដើម​ ចៀសវាង​មាន​បញ្ហា​ណាមួយ​កើតឡើង​មិន​អាច​សង្គ្រោះ​បាន​ ដូចជា​ករណី​គ្រោះ​អគ្គីភ័យ​ជាដើម​។

លោក​បន្ត​ថា​ “ករណី​អា​គារ​ខ្ពស់​ៗដែល​រាំងស្ទះ​ច្រកចេញ​ចូល​ ហាក់​មាន​តិចតួច​បំផុត​ ព្រោះ​ម្ចាស់​អគារ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​សុទ្ធតែ​បាន​សិក្សា​លម្អិត​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​ ដែល​ពួកគេ​មិន​យក​ទុន​វិនិយោគ​ ធ្វើ​ឱ្យទៅ​ជា​រឿង​ខាតបង់​ក្រោយពេល​សាងសង់​នោះ​ទេ​”៕

អាសន្ន៖ សិង្ហបុរី​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០​ ដោយសារតែ​សង្គ្រាមពាណិជ្ជកម្ម

0
រូបតំណាងនៃសិង្ហបុរី​

​ដោយ​ ដូ​ណាល់​ លី​

ភ្នំពេញ​៖ សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ និង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០​ ។ នេះ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ដោយក្រុម​ហ៊ុន​ព្យាករ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។

របាយការណ៍​របស់​វិទ្យាស្ថាន​គណនេយ្យករ​អង់គ្លេស​ និង​វេល​ស៍​ (ICAEW​) និង​ក្រុមហ៊ុន​ព្យាករណ៍​ហិរញ្ញវត្ថុ​ Oxford​ Economics​ បាន​និយាយ​ថា​ ប្រទេស​សិង្ហបុរី​ដែល​ពឹងផ្អែក​ពាណិជ្ជកម្ម​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​ហើយនឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​។

លោក​ Mark​ Billington​ នាយក​ប្រចាំ​តំបន់​របស់​ ICAEW​ បាន​មានប្រសាសន៍​ថា​ “ជាមួយនឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ និង​ការពឹងផ្អែក​លើ​ការនាំចេញ​ យើង​រំពឹង​ថា​ ប្រទេស​សឹង្ហ​បុរី​នឹង​ទទួលរង​នូវ​ការ​ធ្លាក់ចុះ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) នៅ​ទូទាំង​តំបន់​នេះ​ដោយ​សេដ្ឋកិច្ច​របស់​ខ្លួន​ទំនងជា​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២០​”។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំនេះ​ ខណៈ​ពេល​ដែល​អត្រាកំណើន​ ៣ ភាគរយ​របស់​ខ្លួន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ដល់​ ១,៩​ ភាគរយ​នៅ​ឆ្នាំ​ ២០១៩នេះ​។

កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​សឹង្ហ​បុរី​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ដែល​មាន​អត្រា​ព្យាករណ៍​ជាមធ្យម​ចំនួន​ ៥ ភាគរយ​ សម្រាប់​តំបន់​ទាំងមូល​របាយការណ៍​ស្រាវជ្រាវ​របស់​ការិយាល័យ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ + ៣ (Amro​) នៅ​ឆ្នាំនេះ​ បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នៅ​អាស៊ី​ដូចជា​ហុងកុង​ កូរ៉េ​ខាងត្បូង​ ម៉ាឡេស៊ី​ និង​សិង្ហបុរី​នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ការ​កើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​កើនឡើង​ជិត​ ៧ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ យោង​តាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ដោយ​ធនាគារ​ DBS​ Bank​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​លើស​ប្រទេស​សិង្ហបុរី​ក្នុងរយៈពេល​ ១០​ ឆ្នាំខាងមុខ​។

លោក​ Irvin​ Seah​ សេដ្ឋវិទូ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ “ប្រសិនបើ​វៀតណាម​អាច​រក្សា​ កំណើន​សេដ្ឋកិច្ច​បាន​នោះ​ សេដ្ឋកិច្ច​វៀតណាម​នឹង​ធំជាង​ទំហំ​សេដ្ឋកិច្ច​សិង្ហបុរី​ក្នុងរយៈពេល​ ១០​ ឆ្នាំខាងមុខ​”៕

ធនាគារពិភពលោក​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំនេះ​ជួប​ការ​ដើរថយក្រោយ​

0
អគារទីស្នាក់ការកណ្ដាល​របស់​ធនាគារពិភពលោកនៅទីក្រុង​វ៉ាស៊ីនតោន។

ប្រែ​សម្រួល​ដោយ​ យុទ្ធ

​វ៉ាស៊ីនតោន​៖ កំណើន​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ ២,៦ភាគរយ​ ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ឆ្នាំ​ ២០១៩​ បើ​ធៀប​នឹង​កំណើន​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​កាលពី​ឆ្នាំ​មាន​ ៣,១ភាគរយ​ ខណៈ​នៅ​ឆ្នាំ​ ២០២០​ នឹង​កើនឡើង​វិញ​ត្រឹម​ ២,៧​ ភាគរយ​។

នេះ​បើ​យោង​តាម​ធនាគារពិភពលោក​ចុះផ្សាយ​កាល​ពី​ថ្មី​ៗនេះ​។ការ​រីកចម្រើន​នៅ​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ស្ថេរ​ភាព​នៅ​ឆ្នាំក្រោយ​ ខណៈ​ប្រទេស​មួយចំនួន​មិន​មាន​សំពាធ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​សន្ទុះ​សេដ្ឋកិច្ច​នៅតែ​ទន់ខ្សោយ​។

ការ​រីកចម្រើន​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ត្រូវ​បាន​រារាំង​ដោយ​ការ​វិនិយោគ​យឺតយ៉ាវ​ ហើយ​ហានិភ័យ​ត្រូវ​បាន​ស្រប​ពេល​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។ ធនាគារពិភពលោក​ឲ្យដឹង​នៅក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ហានិភ័យ​ទាំងនេះ​រួមមាន​ការ​កើនឡើង​ ដោយសារ​ឧបសគ្គ​ពាណិជ្ជកម្ម​ ការ​បន្ត​ភាព​តានតឹង​ហិរញ្ញវត្ថុ​ និង​ការ​ធ្លាក់ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​ក្នុង​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​។

បញ្ហា​រចនាសម្ព័ន្ធ​ដែល​មិន​សមស្រប​ ឬបង្អាក់​ការ​វិនិយោគ​ក៏បាន​ធ្វើ​ឱ្យ​មាន​តុល្យភាព​ចំពោះ​ទស្សនវិស័យ​ផង​ដែរ​។លោក​ David​ Malpass​ ប្រធាន​ក្រុម​ធនាគារពិភពលោក​បាន​ថ្លែង​ថា​ “កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​គឺ​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​។

សន្ទុះ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នៅតែ​មាន​ភាព​ទន់ខ្សោយ​ ខណៈ​ពេល​ដែល​កម្រិត​បំណុល​កើនឡើង​ និង​ការ​ធ្លាក់ចុះ​នៃ​ការ​វិនិយោគ​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​រារាំង​ប្រទេស​ទាំងឡាយ​ពី​ការសម្រេច​បាន​នូវ​សក្តា​នុ​ពល​របស់​ពួកគេ​”។

លោក​ បន្ត​ថា​ “បណ្តា​ប្រទេស​នានា​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សំ​ខាន់​ៗដែល​ធ្វើ​ឱ្យ​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ​ឡើង​ និង​ទាក់ទាញ​ការ​វិនិយោគ​។ ពួកគេ​ក៏​ត្រូវការ​ការគ្រប់គ្រង​បំណុល​ និង​តម្លាភាព​ជាអាទិភាព​ខ្ពស់​ ដូច្នេះ​បំណុល​ថ្មី​បន្ថែម​ដល់​កំណើន​និង​ការ​វិនិយោគ​”។

កំណើន​ក្នុងចំណោម​សេដ្ឋកិច្ច​របស់​ប្រទេស​រីកចម្រើន​ត្រូវ​បាន​រំពឹង​ថា​នឹង​មានការ​ធ្លាក់ចុះ​ក្នុង​ឆាំ​ ២០១៩​ ជា​ពិ​សស​ក្នុង​តំបន់​អឺរ៉ុប​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​កា​រនាំចញ​ និង​ការ​វិនិយោគ​។ កំណើន​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​មក​ត្រឹម​ ២,៥​ ភាគរយ​នៅ​ឆ្នាំនេះ​ និង​ថយ​ចុះ​មក​នៅ​ត្រឹម​ ១,៧​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​។

កំណើន​តំបន់​អឺ​រ៉ូ​ត្រូវ​បាន​គេ​ព្យាករណ៍​ទុក​ថា​នឹង​មាន​ប្រហែល​ ១,៤​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០​ ដល់​ ២០២១​ ដោយ​ភាព​ទន់ភ្លន់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​តម្រូវការ​ក្នុង​ស្រុក​មាន​ ទោះបីជា​មានការ​គាំទ្រ​ពី​គោលនយោបាយ​រូបិយវត្ថុ​ក៏ដោយ​។ ការ​រីកចម្រើន​ក្នុងចំណោម​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ ៤ ភាគរយ​ នៅ​ឆ្នាំ​ ២០១៩​ មុន​ពេល​ស្ទុះ​ងើបឡើង​វិញ​ដល់​ ៤,៦​ ភាគរយ​ នៅ​ឆ្នាំ​ ២០២០​។

សេដ្ឋកិច្ច​មួយចំនួន​កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ហិរញ្ញវត្ថុ​ និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​។ ការព្យាករណ៍​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ថយ​ចុះ​ហើយ​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​កម្រិតទាប​បំផុត​ក្នុង​ឆ្នាំ​ ២០១៩​ ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ទសវត្សរ៍​មុន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្ទុះ​ងើបឡើង​វិញ​។

លោកស្រី​ Ceyla​ Pazarbasioglu​ អនុប្រធាន​នាយកដ្ឋាន​សម្រាប់​ការលូតលាស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​សាជីវកម្ម​របស់​ធនាគារពិភពលោក​បាន​ មានប្រសាសន៍​ថា​ “ខណៈ​ដែល​ស្ទើរតែ​គ្រប់​សេដ្ឋកិច្ច​ទាំងអស់​ប្រឈម​នឹង​ការ​ថយក្រោយ​ ប្រទេស​ក្រីក្រ​បំផុត​ប្រឈម​នឹង​បញ្ហា​ប្រឈម​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​ ដោយសារតែ​ភាព​ផុយ​ស្រួយ​ ភូមិសាស្ត្រ​ និង​ភាព​ក្រីក្រ​។

ប្រសិនបើ​ពួកគេ​មិន​អាច​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​លឿន​ គោលដៅ​នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ខ្លាំង​ក្រោម​ ៣ ភាគរយ​នៅ​ឆ្នាំ​ ២០៣០​ នឹង​នៅតែ​មិន​អាច​ទៅដល់​បាន​”៕

សម្តេច​តេជោ​៖ ប្រជាជន​វណ្ណៈ​កណ្តាល​កើនឡើង​ធ្វើ​ឱ្យ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ឲ្យដឹង​ថា​ ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​កើនឡើង​វណ្ណៈ​កណ្តាល​គួរឲ្យ​កត់សម្គាល់​ដែល​បង្ក​ឲ្យ​ពួកគេ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​រស់នៅ​កាន់តែ​ច្រើន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មក​ពីសា​កល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប​ប្រមាណ​ ១,៣៥៦នាក់​ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​ប៉ុណ្ណោះទេ​ ថែមទាំង​មានលទ្ធភាព​ទិញ​រថយន្ត​គ្រប់​ប្រភេទ​ជាច្រើន​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៀតផង​ ដែល​ខុសកាល​ពីមុន​មិន​មានលទ្ធភាព​ដូច្នេះ​ទេ​។

សម្តេច​បន្ត​ថា​ “ការ​កសាង​បុរី​ ផ្ទះល្វែង​ និង​លំនៅ​ដ្ឋាន​ផ្សេង​ៗបាន​នឹង​កំពុង​មានការ​រីកចម្រើន​គ្រប់​ទីកន្លែង​ ដើម្បី​ឆ្លើយ​តទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​កើនឡើង​នូវ​វណ្ណៈ​កណ្តាល​នេះ​ផង​ដែរ​”។

លោក​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ជាមួយ​នឹង​កំនើន​សេដ្ឋកិច្ច​ នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ព្រោះ​តាម​ការសិក្សា​របស់ក្រ​សួង​អំពី​ ក្រប​ខ័ណ្ឌ​យុទ្ឋ​សាស្រ្ត​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រក​ឃើញថា​ ចំនួន​ប្រជាជន​រស់នៅ​រាជធានី​ ក្រុង​ និង​ទីប្រជុំជន​នៅ​ឆ្នាំ២០១៤​ មាន​ចំនួន៤,៥លាន​នាក់​ ស្មើនឹង២៧,១ភាគរយ​ និង​បន្ត​កើនឡើង​ដល់ ៧,៩២លាន​នាក់​នៅ​ឆ្នាំ២០៣០​ ស្មើនឹង ៤៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។

តាម​ទិន្នន័យ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ បើ​គិត​ចាប់ពី​ឆ្នាំ២០១៥​ ដល់២០៣០​ តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​រាជធានី​ ក្រុង​ និង​ទីប្រជុំជន​មាន​ប្រមាណ៨០ម៉ឺន​លំនៅ​ដ្ឋាន​ ដែល​គិតជា​មធ្យម​មាន​តម្រូវការ​ប្រមាណ៥ម៉ឺន​លំនៅ​ដ្ឋាន​ក្នុង​មួយឆ្នាំ​។

លោក​ច្រឹក​ សុ​ខនីម​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Mekong​ បាន​ថ្លែង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយសារ​កត្តា​សំ​ខាន់​ៗមួយចំនួន​ដូចជា​ កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ កំនើ​នប្រ​ជា​សាស្រ្ត​កើនឡើង​ក្នុង​ទីក្រុង​ ការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី​ ធ្វើឲ្យ​អ្នកមាន​ដីធ្លី​ក្នុង​ទីក្រុង​បាន​លក់​ចេញ​ ហើយ​ទិញ​លំនៅ​ដ្ឋាន​នៅ​ជាយក្រុង​ ឬតាម​បុរី​នានា​ និង​ការ​គាំទ្រ​ឥណទាន​ពី​ធនាគារ​នានា​។

លោក​បន្ត​ថា​ “យើង​ឃើញថា​ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​តាម​បុរី​នានា​ មាន​សកម្មភាព​ទិញ​លក់​កើនឡើង​ជាប្រចាំ​ ទាំង​ផ្ទះ​ថ្មី​ និង​ផ្ទះ​ទី២ដែល​អ្នកទិញ​លក់​យកចំណេញ​ឬលក់​ចេញ​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​”៕

ទំហំ​នៃ​ការនាំចេញ​កាបូប​ទៅកាន់​សហរដ្ឋអាមេរិក​កើនឡើង​ដល់​ ៥០០លាន​ដុល្លារ​

0
កម្មការិនីកំពុងដេរកាបូប។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ តាមរយៈ​កម្មវិធី​អនុគ្រោះ​ពន្ធ​ GSP​ របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឱ្យ​ទំហំ​នៃ​ការនាំចេញ​ទៅ​អាមេរិក​បាន​កើនឡើង​ជាលំដាប់​ ជាពិសេស​លើ​ផលិតផល​កាបូប​ធ្វើដំណើរ​ ដែល​មាន​ទំហំ​ប្រមាណ​ជិត​ ៥០០លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ២០១៨​។

លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ការិយាល័យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ កាល​ អ៊ី​លើ​ (Karl​ Ehlers​) ឧបការី​នៃ​ការិយាល័យ​តំណាង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ ដោយ​ ជាមួយ​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ឲ្យដឹង​ដែរ​ថា​ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធគយ​នេះ​ ក៏បាន​ទាក់ទាញ​វិនិយោគិន​អាមេរិក​ផង​ដែរ​ ដូចជា​ក្រុមហ៊ុន​ផលិត​កាបូប​ប្រណិត​ម៉ាក​ Tumi​ ជាដើម​។

លោក​បណ្ឌិត​ កាល​ អ៊ី​លើ​ បាន​សម្ដែង​ការ​ឯកភាព​អំពី​ការ​រីក​ចំរើន​នៃ​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា​ ដោយ​បាន​ជម្រាប​ជូន​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទទួលផល​ធំ​ទី៨​ ពី​កម្មវិធី​ GSP​ ហើយ​ការ​រីកចម្រើន​នេះ​ផង​ដែរ​ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ​ ស្បែកជើង​ និង​កាបូប​នៅ​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ នៅក្នុង​ឆ្នាំ២០១៨​ មាន​ទឹកប្រាក់​ប្រមាណ​ ៣,៣១ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​កើនឡើង​ ២៧​% ធៀប​នឹង​ឆ្នាំ២០១៧​ ដែល​មានត្រឹមតែ​ ២,៦១ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ ការ​ចេញ​របស់​កម្ពុជា​ មានតម្លៃ​ ២,៨៨ប៊ី​លាន​ដុល្លារ​ និង​នាំចូល​មានតម្លៃ​ ៤២៦លាន​ដុល្លារ​ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទីពីរ​របស់​កម្ពុជា​ ។

នៅក្នុង​ឆ្នាំ២០១៨​ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ នៅក្នុង​នោះ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ ទី​កាន់​ទីផ្សារ​អន្តរជាតិ​ មាន​ទឹកប្រាក់​ ១២,១ប៊ី​លាន​ដុល្លារ​អាមេរិក​ ដែល​បាន​កើនឡើង​ ១០​% ធៀប​នឹង​ឆ្នាំ២០១៧​ ហើយ​ទឹកប្រាក់​នេះ​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ អាច​នឹង​កើនឡើង​ដល់​ប្រមាណ​ ១៣ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៩​ ខាងមុខ​៕

តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​ថៃ​មាន​ទំហំ​ទឹកប្រាក់​ ២៧៤លាន​ដុល្លារ​

0
តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​គ្រប​ដណ្តប់​ខេ​ត្ត​ឈុ​នបុ​រី​ រ៉ា​ក៉​យ៉ង​ និង​ចា​ចង​សៅ

ប្រែ​សម្រួល​ដោយ​ ម៉ា​ណេត​

ប្រទេស​ថៃៈ​ ទំហំ​នៃ​ការ​លក់​អចលនទ្រព្យ​បែប​ឧស្សាហកម្ម​នៅ​ប្រទេស​ថៃ​នៅក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំ​ ២០១៩សម្រេច​បាន​ទឹកប្រាក់២៧៤លាន​ដុល្លារ​អាមេរិក​កើនឡើង​ ៥,២៥ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​គ្រប​ដណ្តប់​ខេ​ត្ត​ឈុ​នបុ​រី​ រ៉ា​ក៉​យ៉ង​ និង​ចា​ចង​សៅ​ ( Chachoengsao​)។

យោង​កាសែត​បាងកក​ប៉ុស្តិ៍​កាល​ចុះផ្សាយ​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យដឹង​ថា​ អាជ្ញាធរ​អចលនទ្រព្យ​ឧស្សាហកម្ម​ថៃ​ បាន​លក់​ដី​ទំហំ១​,៣២៨​ រ៉ៃ​ ដែល​ស្ថិតនៅ​តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​ និង១១​ រ៉ៃ​ទៀត​នៅ​ខាងក្រៅ​គម្រោង​នេះ​ ដោយមាន​តម្លៃ​សរុប៨​,៥៩​ ពាន់​លាន​បាត​ (ប្រមាណ​ជាង២៧៤លាន​ដុល្លារ​អាមេរិក​)ចាប់ពី​ខែតុលា​ដល់​ខែមីនា​។

លោកស្រី​ Somchint​ Pilouk​ អភិបាល​នៃ​អាជ្ញាធរ​អចលនទ្រព្យ​ឧស្សាហកម្ម​ថៃ​ បាន​និយាយ​ថា​ លោកស្រី​មានការ​ជឿជាក់​ថា​ បរិមាណ​នៃ​ការ​លក់​ដី​ឧស្សាហកម្ម​ នឹង​កើនឡើង​ដល់៣​,៥០០រ៉ៃ​។លោ​កស្រី​ន្ត​ថា​ រដ្ឋាភិបាល​ បាន​បង្កើន​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​ ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​។

លោកស្រី​បាន​ថ្លែង​ថា​ “អាជ្ញាធរ​អចលនទ្រព្យ​ឧស្សាហកម្ម​ថៃ​រំពឹង​ថា​ គម្រោង​វិនិយោគ​ថ្មី​នៅក្នុង​ និង​ក្រៅ​តំបន់​ច្រក​សេដ្ឋកិច្ច​ខាងកើត​ នឹង​បង្កើត​ការងារ​ចំនួន១​,៥៨៥​ កន្លែង​”។

អាជ្ញាធរ​អចលនទ្រព្យ​ឧស្សាហកម្ម​ថៃ​ បាន​និង​កំពុង​ប្រតិបត្តិ​ការ៥៥តំបន់ឧស្សាហកម្ម​នៅក្នុង១៦ខេត្ត​ និង​កំពង់ផែ​សមុទ្រ​ Map​ Ta​ Phut​ និង​គម្រោង៦បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ចូល​បញ្ចូល​ដែល​រួមមាន​គម្រោង​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​៕