រោងចក្រ​ផលិត​សម្ភារៈសំណង់​ថ្មី​មួយ​នឹង​សាងសង់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​

0
រូបភាពតំណាង

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រោងចក្រ​ផលិត​សម្ភារៈសំណង់​ថ្មី​មួយ​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​សាងសង់​ និង​ដំណើរការ​ចង្វាក់​ផលិតកម្ម​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ជាមួយនឹង​ការ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ មាន​កន្លែង​ធ្វើការ​ចំនួន១២៥កន្លែង​ ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត៥លាន​ដុល្លារ​។

តប​តាម​សំ​ណើរ​នៃ​ការ​ស្នើសុំ​រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញាត​ឱ្យ​រោងចក្រ​ផលិត​សម្ភារៈសំណង់​ដែល​មានឈ្មោះ​ថា​ Yong​ De​ Xin​ (Cambodia​) Co​.,Ltd​ ចាប់ផ្តើម​សាងសង់​ និង​បើក​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​រស់​ខ្លួន​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គីរី​រស្មី​ ឃុំ​ព្រៃរំដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ថា​ វត្តមាន​នៃ​រោងចក្រ​ផលិត​សម្ភារៈសំណង់​មួយ​នេះ​ នឹង​ចូលរួម​ក្នុង​ការ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទាល់​ និង​តំបន់​ដែល​ស្ថិតនៅ​ជិតខាង​ផង​ដែរ​។ លោក​បាន​មានប្រសាសន៍​ទៀត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ខេត្ត​កំពង់ស្ពឺ​ បាន​និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច​ បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ពោល​គឺ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ក្នុង​រូបភាព​ជា​រោងចក្រ​ សហ​គ្រាស​ធំៗ​ជាច្រើន​ទីតាំង​។

លោក​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ​ សហគ្រាស​ ក៏​ដូច​ជា​សិប្បកម្ម​នានា​ទាំងអស់​ ដែល​កំពុង​មាន​សកម្មភាព​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ពិតជា​មាន​សារសំខាន់​បំផុត​ ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ និង​អ្នក​ចំណាកស្រុក​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗផង​ដែរ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ នៅ​មាន​គម្រោ​ងវិ​នោ​យោ​គធំៗ​ជាច្រើន​ទៀត​ដែល​នឹង​បង្ហាញខ្លួន​ និង​ដាក់​ទីតាំងនៅ​ក្នុង​ខេត្ត​ ដែល​កំពុងតែ​មាន​សក្ដានុពល​មួយ​នេះ​ ខណៈ​ដែល​ការ​ស្នើសុំ​កំពុងតែ​ឆ្លងកាត់​ការពិនិត្យ​ពីសំណាក់​រាជរដ្ឋាភិបាល​៕

រដ្ឋាភិបាល​ពិភាក្សា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​

0
វិមានសន្តិភាព

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ក្រោម​អធិបតីភាព​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចាប់ផ្តើម​ ពិភាក្សា​លើ​ “សេចក្តី​ព្រាង​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​(ផ.យ.អ.ជ​) ២០១៩​-២០២៣​”។

ការរៀបចំ​ផែនការ​ និង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ ទូលំទូលាយ​គ្រប់ជ្រុងជ្រោយ​ លើ​វិស័យ​ដើម្បី​លើកកម្ពស់​មូលធន​ មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ វិស័យ​អាទិភាព​សំ​ខាន់​ៗ ដែល​ ជា​កត្តា​ចម្បង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​វិវត្ត​ខ្លួន​ពី​ ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាមស៊ីវិល​ទៅជា​ប្រទេស​មួយ​ ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ជា​ប្រទេស​គោលដៅ​ នៃ​ ការ​វិនិយោគ​ពី​បរទេស​ រហូត​ឈាន​ជា​ប្រទេស​ដែល​មាន​ចំណូល​ មធ្យម​កម្រិតទាប​។

សមិទ្ធផល​ទាំងអស់​នេះ​ ស្ដែង​ចេញ​តាមរយៈ​ សហគ្រិនភាព​ និង​ការ​វិ​និ​យោក​ឯកជន​ បាន​កើតឡើង​ជា​បន្ដ​ បន្ទាប់​ ដែល​រួមចំណែក​ដល់​កំណើន​ផ.ស.ស​ មធ្យម​ប្រចាំឆ្នាំ​រង្វង់៧​% ក្នុងរយៈពេល​វែង​ ដែល​ ផ.ស.ស​ សម្រាប់​មនុស្សម្នាក់​ បាន​កើន​លើស​ពី​ ១៥០០ដុល្លា​អាមេរិក​ សម្រាប់​ឆ្នាំ២០១៨​ ហើយ​ អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​មក​កម្រិតទាប​ជាង១០​% ក្នុង​ អាណត្តិ​នៃ​ការអនុវត្ត​ផ.យ.អ.ជ​ ២០១៤​-២០១៨​។

ក្នុង​ន័យ​នេះ​ដែរ​ ទំហំ​វិនិយោគឯកជន​នា​ពេល​បច្ចុប្បន្ន​ មាន​ សមាមាត្រ​ខ្ពស់​ជាង​ទំហំ​វិនិយោគ​សាធារណៈ​។ ការអនុវត្ត​ប្រកប​ ដោយ​ជោគជ័យ​នូវ​បណ្ដា​ផែ​កការ​យុទ្ធ​សា​ស្រ្ដអភិវឌ្ឍ​ជាតិ​ នៅក្នុង​រយៈពេល​ជាង​ពីរ​ទស្ស​វត្សរ៍​កន្លងមក​នេះ​បាន​នាំ​កម្ពុជា​ឲ្យ​ចាកចេញ​ពី​ប្រទេស​នាំចូល​ស្បៀង​ ឈានឡើង​ទៅជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ទាំង១០ដែល​បាន​នាំចេញ​អង្ក​ទៅក្រៅ​ប្រទេស​ និង​ក្នុងចំណោម​ប្រទេស​ទាំង១៥​ ដែល​បាន​ផលិត​អង្ករ​ច្រើនជាង​គេ​លើ​ពិភពលោក​។

សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​ដំណាក់កាល​ ផ.យ.អ.ជ​ ២០១៩​-២០២៣​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ដ​បេ្ដ​ជ្ញា​អនុវត្ដ​ ការងារ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​វឌ្ឍន​ភាព​ថ្មី​ៗ បន្ថែម​ ទៀត​ក៏ដូចជា​ បញ្ចប់​ឲ្យ​រួចរាល់​នូវ​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​សកម្មភាព​ ដែល​មិនទាន់​បាន​ដោះស្រាយ​នា​ អា​ណត្ដិ​កន្លងមក​ និង​ត្រៀម​ទប់ទល់​និង​កាត់បន្ថយ​បញ្ហា​ ប្រឈម​ទាំងឡាយ​នា​ពេល​អនាគត​ រួមបញ្ចូល​ទាំង​បញ្ហ​ប្រឈម​ នៅក្នុង​តំបន់​និង​ ពិភពលោក​ និង​ការកាត់បន្ថយ​ជំនួយ​ សម្បទាន​ពី​ខាងក្រៅ​។

ផែនការ​យុទ្ធ​សាស្រ្ត​ អភិវឌ្ឍ​ ជាតិ​ (ផ.យ.អ.ជ​)២០១៩​-២០២៣​ នឹង​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​កំណត់​នៅក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​ កាល​ទី៤និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា២០១៦​-២០៣០​៕

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​នា​ដើមឆ្នាំ២០២០

0
កម្ពុជានឹងរៀបចំប្រារព្វព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​នឹង​រៀប​ចំ​ប្រា​រព្វ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​កម្ពុជា​ នា​ដើមឆ្នាំ២០២០ខាងមុខនេះ​ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​ធំ​ថ្មី​មួយ​ប្រចាំឆ្នាំ​សម្រាប់​តំបន់ឆ្នេរ​។

លោក​ ថោង​ ខុន​ រដ្ឋ​មន្ដ្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ ដឹកនាំ​ដោយ​លោក​ Bruno​ Bodard​ អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ កាលពី​ថ្ងៃទី​ ៦ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បាន​ពិភាក្សា​អំពី​ការរៀបចំ​នូវ​ព្រឹត្ដិការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ដែល​នឹង​ប្រព្រឹត្ដិ​ទៅ​នៅ​ថ្ងៃទី​ ៤ ដល់​ ថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២០​ នា​ពេល​ខាងមុខនេះ​។

លោក​រដ្ឋ​មន្ដ្រី​ទេសចរណ៍​ បាន​គូសបញ្ជាក់​ថា​ព្រឹត្ដិការណ៍​នេះ​ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ដ៏​ធំ​ថ្មី​មួយ​ប្រចាំឆ្នាំ​សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ហើយ​ព្រឹត្ដិការណ៍​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​ពិភពលោក​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរ​ជា​តិ​ធំៗ​នានា​នៅក្នុង​តំបន់​ ដែល​ជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​ការ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ទាំង​ដែល​មានស្រាប់​ និង​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍​នានា​ក្នុង​ខេ​ត្ដ​តំបន់ឆ្នេរ​សមុទ្រ​ទាំងបួន​ផង​ដែរ​ ដើម្បីឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​កាន់តែ​ច្បាស់​ និង​មកលេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាន់តែ​ច្រើន​។

លោក​ Bruno​ Bodard​ អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើស​កល​លោក​ បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការរៀបចំ​នូវ​ព្រឹ​ត្ដ​ការណ៍​ប្រណាំង​កង់​ពិភពលោក​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ នេះ​ ទាំង​លើ​ផ្នែក​បច្ចេកទេស​រៀបចំ​ ការងារ​សម្របសម្រួល​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​៕

ទីផ្សារ​ខុន​ដូ​សិង្ហបុរី​កំពុង​ជួប​វិបត្តិ​ ខណៈ​វិបត្តិសេដ្ឋកិច្ច​សាកល​ត្រៀម​នឹង​កើតឡើង​

0
ទីផ្សារខុនដូរបស់ប្រទេសសិង្ហបុរីកំពុងស្ថិតនៅក្នុងវិបត្តិ

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ទីផ្សារ​ខុន​ដូ​របស់​ប្រទេស​សិង្ហបុរី​កំពុង​ស្ថិតនៅ​ក្នុង​វិបត្តិ​ ខណៈ​ចំនួន​ការ​ផ្គត់ផ្គង់​ខុន​ដូ​លើ​កម្រិត​ បាន​ធ្វើឲ្យ​វិស័យ​នេះ​មានការ​ធ្លាក់ចុះ​ស្រប​ពេល​សេដ្ឋកិច្ច​ខ្លួន​កំពុង​ធ្លាក់ចុះ​។ នេះ​បើ​យោង​តាម​អ្នកវិភាគ​ព្យាករណ៍​ហិរញ្ញវត្ថុ​។

ប្រទេស​នេះ​មាន​ខុន​ដូ២៤​,០០០យូនី​តដែល​នៅទំនេរ​ និង៤៤​,០០០យូនី​តផ្សេងទៀត​ដែល​មិនទាន់​បាន​លក់​ចេញ​នៅក្នុង​ទីផ្សារ​របស់​ខ្លួន​។

វិស័យ​អចលនទ្រព្យ​របស់​សឹង្ហ​បុរី​ កំពុង​ជួបប្រទះ​ការ​ផ្គត់​ផ្គត់​លើស​តំរូវការ​ និង​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ ដោយសារតែ​ផល​ប៉ះពាល់​ពី​សេដ្ឋកិច្ច​ពិភពលោក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​នៅក្នុង​សប្តាហ៍​នេះ​ដោយ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​នៅ​ប្រទេស​អង់គ្លេស​ និង​វេល​ស៍​ (ICAEW​) និង​ក្រុមហ៊ុន​ព្យាករ​ Oxford​ Economics​ បានឱ្យ​ដឹង​ថា​ ប្រទេស​នេះ​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​នឹង​ក្លាយជា​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​ ហើយ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP​)ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​។

ដើម្បី​ឆ្លើយតបទៅនឹង​វិ​បត្ដិ​នេះ​រដ្ឋាភិបាល​សិង្ហបុរី​ បាន​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​លំនៅឋាន​ក្រោម​កម្មវិធី​លក់​ដី​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ ដោយ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ក្នុង​ពាក់កណ្តាល​ឆ្នាំ២០១៩​ ដោយ​ស្មើនឹង២៥ភាគរយ​។

បើ​ប្រៀបធៀប​ជាមួយនឹង​កម្ពុជា​កម្ពុជា​រំពឹង​ថា​ នឹង​មាន​ខុន​ដូ​ចំនួន៣០​,១១២​ យូនី​ត ដែល​អាច​អនុញ្ញ​ត្ត​ចូល​រស់​បាន​នៅ​ទូទាំង​ប្រទេស​នៅ​ដំណាច់ឆ្នាំ​នេះ​។ ចំនួន​ប្រជាជន​កម្ពុជា​មាន​ចំនួន​ច្រើនជាង៣ដង​នៃ​សិង្ហបុរី​។ ប្រទេស​កម្ពុជា​មានផ្ទៃ​ដី​ទំហំ​សរុប​ប្រហែល​ ១៨១​,០៣៥គីឡូម៉ែត្រ​ការ៉េ​ ខណៈ​ដែល​ប្រទេស​សិង្ហបុរី​ ដែល​ជា​ប្រទេស​តូចបំផុត​នៅ​លើ​ពិភពលោក​មាន​ទំហំ​ប្រហែល៧២០គីឡូម៉ែត្រ​ការ៉េ​៕

តើ​ភ្នាក់ងារ​អចលនទ្រព្យ​គ្មាន​អជ្ញា​រប័​ណ្ណ​ត្រូវ​ប្រឈម​អ្វីខ្លះ​?

0
ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ភ្នាក់ងារ​អចលនទ្រព្យ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ច្បាប់​នឹង​ត្រួ​វប្រ​ឈម​ជាមួយ​បញ្ហា​ជាច្រើន​ ដែល​អាច​នឹង​ខាតបង់​ផលប្រយោជន៍​ ឬឈាន​ដល់​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ ពីសំណាក់​ក្រសួង​ដែល​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោយពេល​ដែល​ច្បាប់​នៅក្នុង​វិស័យ​នេះ​ត្រូវ​បាន​រឹ​តបណ្តឹង​។

ជាមួយនឹង​បរិបថ​ដែល​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​បាន​បង្កើត​ជាបន្តបន្ទាប់​ ដែល​មាន​ទាំង​ក្រុមហ៊ុន​ស្របច្បាប់​ និង​ក្រុមហ៊ុន​មិន​ស្របច្បាប់​ និង​កំពុងតែ​មាន​សកម្មភាព​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ដើម្បី​ស្វែងរក​ផលប្រយោជន៍​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ វា​មិន​លំបាក​នោះ​ទេ​ក្នុង​ការ​បំពេញបែបបទ​ ដើម្បី​ទទួល​បាន​អជ្ញា​ប័ណ្ណ​ និង​សិទ្ធិ​ប្រកប​អាជីវកម្ម​ក្នុងនាម​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​។ នៅពេល​ដែល​ពួកគាត់​បាន​ក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់​ ពួកគាត់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ និង​មាន​សិទ្ធិ​គ្រប់គ្រាន់​ ក្នុង​ទទួល​បាន​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាង​ផុលផុស​មួយ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​ពួកគាត់​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ ពួកគាត់​មានឱកាស​ច្រើន​ ក្នុង​ស្វែងរក​ដៃគូ​សហការ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ ជាពិសេស​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​”។ លោក​បន្ត​ថា​ “បន្ថែម​ពីនេះ​គាត់​ក៏​ទទួល​បាន​ឱកាស​ចូល​ជាស​មា​ជិ​ករបស់​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ដើម្បី​ទទួល​បានការ​ពិភាក្សា​ និង​ផ្តល់​យោបល់​ជាច្រើន​ពីសំណាក់​អ្នកជំនាញ​ មានបទពិសោធន៍​ខ្ពស់​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​នេះ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ប៉ុន្តែ​នៅពេល​ពួកគាត់​មិន​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​ពាក់​ពាក់ព័ន្ធ​ ពួកគាត់​នឹង​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ ដោយ​មិន​មានឱកាស​ក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​រួម​ គ្មាន​ឱកាស​បង្កើត​កិច្ចសហការ​ជា​ដៃគូ​ ជាមួយ​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលស្គាល់​ ដោយ​ច្បាប់​ ហើយក៏​គ្មាន​ឱកាស​ទទួល​បាន​ទំនុកចិត្ត​ពីសំណាក់​អត​ថិ​ជន​ ក៏ដូចជា​ក្រុម​ហ៊ុន​ធំៗ​នោះ​ដែរ​”។

លោក​បន្ត​ទៀត​ថា​ “អ្វី​ដែល​សំខាន់​នោះ​ពួកគាត់​ នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ដែល​ត្រូវ​ទទួលរង​នូវ​ការ​ផាកពិន័យ​ នៅពេល​ដែល​ច្បាប់​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​រឹ​តបណ្តឹង​”។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ​ ជា​ការចូលរួម​លើកកម្ពស់​ និង​ជម្រុ​ញឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​ ប្រកបដោយ​ភាព​រលូន​ លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​ទទូច​ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​កំពុង​ប្រតិបត្តិ​ការ​ ដោយ​មិនទាន់​មាន​អជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​នោះ​ គួរតែ​រួសរាន់​ទៅ​បំពេញ​ឯកសារ​ និង​សំណុំ​បែបបទ​នានា​ ស្នើសុំ​អជ្ញា​រប័​ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​ទាំងអស់គ្នា​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ក្នុងរយៈពេល​យូរ​ទាំងអស់គ្នា​៕

តើ​អគារ​ខ្ពស់​ៗគួរ​ធ្វើ​ទី​ចំណត​យានយន្ត​ទំហំ​ប៉ុនណា​ទើបសម​ស្រប​និង​ទាក់ទាញ​អ្នក​វិនិយោគ​

0
អគារខ្ពស់នៅត្រោយម្ខាង។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការសាងសង់​អគារ​ធំៗ​ និង​ខ្ពស់​ៗ សម្រាប់​បម្រើ​ប្រយោជន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬអគារ​សម្រាប់​ស្នាក់នៅ​សហកម្មសិទ្ធិ​ ក៏ដូចជា​អគារ​អា​ផា​តម៉ិន​ គឺ​តែង​សាងសង់​ចំណត​សម្រាប់​យាន​យន្ត​ផ្សេង​ៗរបស់​អតិថិជន​ ដែល​ចេញចូល​បម្រើការ​ងារ​ និង​ស្នាក់នៅ​ក្នុង​អគារ​។

តើ​អ្នក​វិនិយោគ​គួរ​សាងសង់​ និង​ទុក​ទីធ្លា​ទំហំ​ប៉ុនណា​ ដែល​ស័ក្ដិសម​បំផុត​ទៅ​នឹង​តួ​អគារ​ទាំងមូល​។

ឆ្លើយតបទៅនឹង​ប្រធានបទ​ខាងលើ​នេះ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈ​កម្ម​កាស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៦​ មិថុនា​កន្លងមក​ថា​ នៅក្នុង​គម្រោង​សាងសង់​អគារ​នី​មួយ​ៗ គេ​តែងតែបាន​គិតទៅ​លើ​ទី​ចំណត​យានយន្ត​ ដែល​ជា​ចំណុច​សំខាន់​មួយ​ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នៅក្នុង​តួ​អគារ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ខុន​ដូ​ អា​ផា​តមិន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬជា​អគារ​សម្រាប់​បម្រើ​វិស័យ​ការិយាល័យ​នោះ​ទេ​ ទី​ចំណត​សម្រាប់​យានយន្ត​គ្រប់​គឺ​ចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​”។

​;លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ទៀត​ថា​ ជាទូទៅ​ទី​ចំណត​ គេ​តែង​សាងសង់​ប្រមាណ​ជា៦០​-៧០ភាគរយ​ ធៀប​ទៅ​នឹង​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​-ចូល​ទូលាយ​ងាយស្រួល​បត់​ និង​មាន​សុវត្ថិភាព​ខ្ពស់​។ លោក​បន្ត​ថា​ ជួនកាល​គេ​អាច​សាងសង់​នៅ​ជាន់ក្រោយ​ដី​ ឬជាន់ផ្ទាល់ដី​ឡើងលើ​ជាដើម​ ដែល​វា​អាស្រ័យ​ទៅតាម​គម្រោង​ប្លង់​មេ​។ ជាទូទៅ​សម្រាប់​ទី​ចំណតរថយន្ត​មួយ​គ្រឿង​ គេ​ត្រូវការ​ទំហំ​ចាប់ពី​ ៣០​-៣៥​ ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​ផ្ទៃ​អគារ​របស់​អា​ផា​តម៉ិន​ ឬអគារ​ការិយាល័យ​ គេ​ត្រូវ​គិត​ចន្លោះ​ពី៤០​-៥០​ ម៉ែត្រការ៉េ​។

នាយក​ទីផ្សារ​ និង​ផ្នែក​លក់​ខុន​ដូ​ FURI​ Residence​ ដែល​មាន​ទីតាំងនៅ​ក្រុង​ព្រះសីហនុ​ លោក​ យី​ ភិរុណ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ចំពោះ​ទី​ចំណត​យានយន្ត​របស់​ខុន​ដូ​មួយ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​យកចិត្ត​ទុក​ខ្ពស់​ ដែល​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​ និង​ភាព​ងាយស្រួល​ក្នុង​ទុកដាក់​។ លោក​បាន​បន្ត​ទៀត​ថា​ ខុន​ដូ​ FURI​ Residence​ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ៦០០០ម៉ែត្រការ៉េ​ មាន​ចំនួន៥អគារ​ និង​មាន​កម្ពស់​រហូតដល់១៧ជាន់​ ដោយ​ត្រូវ​បែងចែក​ជា​អគារ​កាស៊ីណូ​ចំនួន២​ អគា​សណ្ឋាគារ​ចំនួន១​ និង​អគារ​ខុន​ដូ​ចំនួន២​។

លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​ចំណត​យានយន្ត​គឺ​មាន៣ជាន់​ ធំ​ទូលាយ​ និង​មាន​ទំហំ​ប្រមាណ៦០​-៦៥​ ភាគរយ​នៃ​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​ និង​ច្រកចូល​ផ្សេងគ្នា​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ចរាចរណ៍​ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ សន្តិសុខ​យាម​ ២៤ម៉ោង​ ដោយ​អនុញ្ញាត​ក្នុង​មួយ​យូនី​តមាន​សិទ្ធិ​ចន​យានយន្ត​ចំនួន​មួយ​គ្រឿង​។

មានប្រសាសន៍​ស្រដៀងគ្នា​នេះ​ដែរ​ លោកស្រី​ Grace​ Rachny​ Fong​ បាន​លើកឡើង​ថា​ រឿង​ចំណត​យានយន្ត​ជា​រឿង​សំខាន់​ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​សាងសង់​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​អគារ​ដែរ​។

លោកស្រី​បន្ត​ទៀត​ថា​ “ទោះជា​អា​ផា​តមិន​ដូចគ្នា​ ក៏​ត្រូវ​បាន​គេ​សង់​ចំណត​យានយន្ត​ខុសគ្នា​ដែរ​ ដែល​អាស្រ័យ​ទៅតាម​ប្រភេទ​អគារ​ សម្រាប់​អតិថិជន​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ ឬរយៈពេល​ខ្លី​ ជាក់ស្ដែង​ដូចជា​អា​ផា​តមិន​ ដែល​មាន​ភ្ញៀវ​បរទេស​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ ភាគច្រើន​មិនសូវ​មាន​យានយន្ត​នោះ​ទេ​”៕

ក្រុមហ៊ុន​ជប៉ុន​រក​ឃើញ​រ៉ែ​ស្ពាន់​ និង​ស័ង្កសី​នៅ​ស្ទឹងត្រែង​

0
និមិ្មតសញ្ញាសម្គាល់ស្ទឹងត្រែងក្រុង។ រូបថត៖ សហការី

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន​ បាន​ប្រកាស​ថា​ខ្លួន​បាន​រក​ឃើញ​រ៉ែ​ស្ពាន់​ និង​ស័ង្កសី​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ តំបន់​ភូមិ​ភា​គឥសាន្តប្រទេស​។

យោង​តាម​របាយការណ៍​ ដែល​បាន​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​កាលពី​ថ្ងៃអង្គារ​នេះ​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ជប៉ុន​ឧស្ម័ន​ និង​លោហៈ​ធាតុ​ (JOGMEC​) បាន​រក​ឃើញ​ដាន​នៃ​សំណាក​ នៅក្នុង​ការ​ស្ទង់​ភូមិសាស្ត្រ​មួយ​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​ JOGMEC​ បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Nittetsu​ Mining​ LTC​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។

ក្រុមហ៊ុន​ Nittetsu​ នឹង​ទទួលបន្ទុក​ក្នុង​ទាញ​យក​នូវ​ធាតុ​នានា​ និង​ទទួល​បាន​សិទ្ធិ​រុករក​នៅក្នុង​ខែមេសា​ពី​ក្រសួង​រ៉ែ​និង​ថាមពល​។

លោ​កម៉េ​ង ស័ក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែង​កាលពី​ខែមេសា​ថា​“ចាប់ពី​ពេលនេះ​ដល់​ឆ្នាំ២០២៣​ អ្វី​ដែល​យើង​នឹង​ឃើញ​ គឺ​ការ​បង្កើន​ប្រាក់ចំណូល​ជាតិ​ តាមរយៈ​ឧស្សាហកម្ម​រ៉ែ​ ដែល​នឹង​បង្កើន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ និង​បង្កើន​លំហូរ​វិនិយោគ​ចូលក្នុង​វិស័យ​នេះ​”។

លោក​បាន​មានប្រសាសន៍​ថា​ “បន្ទាប់ពី​ឆ្នាំ២០២៣​ យើង​នឹងអាច​មើលឃើញ​យ៉ាង​ច្បាស់​ថា​តើ​ឧស្សាហកម្ម​រុករក​រ៉ែ​ អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ យ៉ាងដូច​ម្តេច​ ព្រោះ​វា​នឹង​បង្កើត​មូលដ្ឋាន​សេដ្ឋ​កិ​ច្ច​ធំៗ​ ឱកាស​ការងារ​បន្ថែម​ និង​អាជីវកម្ម​បន្ថែម​ទៀត​”៕

វិភា​គៈ​ កម្ពុជា​ជា​មជ្ឈមណ្ឌល​កណ្តាល​នៃ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ដែល​មា​ទំហំ​ទឹកប្រាក់​ ២០០ពាន់​លាន​ដុល្លារ​

0
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបភាគីចិន។

ដោយ​ ដូ​ណាល់​ លី​

ភ្នំពេញ៖​ សេដ្ឋកិច្ច​ឌីជីថល​របស់​អាស៊ាន​ គួរតែ​ឈាន​ដល់​ទឹកប្រាក់២០០ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​នេះ​។ បើ​យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ដែល​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ Google​ LLC​ ​និង​ក្រុមហ៊ុន​ Temasek​ Holdings​ Private​ Ltd​. ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​។

ជាមួយគ្នា​នេះ​ ប្រទេស​កម្ពុជា​គួរតែ​បង្កើត​ឲ្យ​មានផ្លូវ​មួយ​ ចូល​ទៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅពេល​នោះ​ និង​គួរតែ​ជា​អ្នកដើរតួ​នាទី​សំខាន់​នៃ​តំបន់​មេគង្គ​។ ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​នៅក្នុង​ផ្លូវ​ល្បឿន​លឿន​ការសាងសង់​ស្ពាន​ និង​ព្រលា​នយន្តហោះ​ រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​ដូចជា​ ក្រុមហ៊ុន​Alibaba​ Group​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​នេះ​ ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​កណ្តាល​ ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​។

លោក​ Kevin​ Li​ អ្នកគ្រប់គ្រង​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​. ដែល​ស្ថិតនៅ​ក្រោម​ក្រុម​មេ​ Alibaba​ បាន​មានប្រសាសន៍​ថា​ “នៅក្នុង​ប្រទេស​កម្ពុជា​អ្វី​គ្រប់យ៉ាង​គឺ​ថ្មី​ និង​មាន​កំណើន​លឿន​ណាស់​”។លោក​បន្ត​ថា​ “វា​ជាទី​តាំង​ដ៏​ល្អ​មួយ​ បើ​អ្នកប្រើ​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​មជ្ឈមណ្ឌល​ផ្ទេរ​សេវាកម្ម​នេះ​ អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ និង​សូម្បីតែ​មីយ៉ាន់ម៉ា​។ គោលនយោបាយ​របស់​ប្រទេស​កម្ពុជា​ គឺ​ប្រសើរ​ជាង​ប្រទេស​វៀតណាម​ និង​ថៃ​។ ទីតាំង​របស់​ប្រទេស​កម្ពុជា​ គឺជា​ចំណុច​កណ្តាល​នៃ​តំបន់​មេគង្គ​ ដូច្នេះ​ទីតាំង​កណ្តាល​គឺ​ល្អ​ខ្លាំង​ណាស់​”។

កាលពី​ខែមីនា​ លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ធ្វើទស្សនកិច្ច​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​. , Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដើម្បី​សិក្សា​ពី​របៀប​ដែល​រដ្ឋាភិបាល​កម្ពុជា​ អាច​ចម្លង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​Shenzhen​ ដែល​ធ្វើឲ្យ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដូចជា​ក្រុមហ៊ុន​ Alibaba​ គ្រប​ដណ្តប់​ទីផ្សារ​។

ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​ ហើយ​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ ដែល​ជា​សាខា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​. របស់​លោក​ Jack​ Ma​។

លោក​ កែន​ រដ្ឋា​ អនុប្រធាន​ការិយាល័យ​ខុទ្ទកាល័យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​មានប្រសាសន៍​ថា​ “រដ្ឋ​មន្ដ្រី​ក្រសួងសាធារណការ​ ដឹកជញ្ជូន​ បាន​កោតសរសើរ​ការគ្រប់គ្រង​ និង​ក្រុមហ៊ុន4​px​ នៅ​ប្រទេស​ចិន​ ហើយ​ពិតជា​ចង់​ចម្លង​វា​មក​ធ្វើ​នៅ​កម្ពុជា​”។

ក្រុមហ៊ុន​ និង​អ្នក​វិនិយោគ​ចិន​ បាន​កត់សម្គាល់​អំពី​អណ្តូង​មាស​នៃ​ឌីជីថល​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ហើយ​បាន​បោះ​ជំ​ហ៊ាន​ក្នុង​ការ​បង្កើន​ទីតាំង​របស់​ខ្លួន​ នៅក្នុង​ទី​ផ្សា​ឌីជីថល​អាស៊ាន​ ហើយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ក្នុង​ស្រុកក្នុង​គោលបំណង​ដើម្បី​គ្របដណ្ដប់​តំបន់​នេះ​។

លោក​ Stuart​ Milne​ អគ្គនាយក​ធនាគារ​ HSBC​ ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​ បាន​និយាយ​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ថា​ “ការ​ធ្វើ​នគរូបនីយកម្ម​របស់​អាស៊ាន​ ការ​ទទួលយក​ឌីជីថល​ និង​ការ​កើនឡើង​នៃ​អតិថិជន​ធ្វើឲ្យ​តំបន់​នេះ​ក្លាយទៅជា​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ភាព​ចម្រុះ​នៃ​ភូមិសាស្ត្រ​ ភាព​ងាយស្រួល​អាជីវកម្ម​ និង​ច្បាប់​វិនិយោគ​បរ​ទេស​ខុស​ៗគ្នា​អាច​ធ្វើឲ្យ​ការ​លំបាក​ក្នុង​ការ​វិនិយោគ​”។

លោក​បាន​បន្ថែម​ថា​ “ការ​ទាក់ទាញ​ការ​វិនិយោគ​ តម្រូវឲ្យ​មានការ​បង្កើត​បរិយាកាស​ វប្បធម៌​ និង​ផ្នត់គំនិត​ត្រឹមត្រូវ​នៅក្នុង​ក្រុមហ៊ុន​ ដើម្បី​ស្វែងរក​ការ​រំខាន​ខាង​បច្ចេកវិជ្ជា​យ៉ាងសកម្ម​មុន​ ពេល​វា​ដើរលឿន​ជាង​លើ​អ្នក​”៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​វិស័យ​បដិសណ្ឋារ​កិច្ច​តម្លៃ​ ៥៣៤លាន​ដុល្លារ​នៅ​កម្ពុជា

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ចំនួន​ ៤គម្រោង​ ដែល​មានតម្លៃ​ ៥៣៤លាន​ដុល្លារ​អាមេរិក​នៅ​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ ​; បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ទាំង​ ៤នៅ​ខាងក្រោម​៖

១- “PHAT​ PHNOM​ PENH​ CO​., LTD​.” គម្រោង​សាងសង់​សួន​ទឹក​កំសាន្ត​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ចំនួន​ ៥៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៧១៥កន្លែង​។

២- “ZHI​ XU​ INVESTMENT​ CO​., LTD​.” គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន១៩៣បន្ទប់​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ៤​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦២,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨៣៩កន្លែង​។

៣- “ZHI​ XIN​ INVESTMENT​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ចំនួន ៣២៤ បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ ស្ថិតនៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១១,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤.៩៦០កន្លែង​។

៤- “PRINCE​ TIAN​ XI​ WAN​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន ៣៩៣ បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៣​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣០៤,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤.៨៦០កន្លែង​៕

រដ្ឋមន្ត្រីក្រសួង​រ៉ែ​ថា ​កម្ពុជា​មាន​ប្លុក​ប្រេងកាត ២៥កន្លែងនៅ​ទូទាំង​ប្រទេស​

0
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋ​មន្រ្ដី​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យដឹង​ថា​ កម្ពុជា​នឹង​មាន​តំណក់​ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅពេល​ខាងមុខនេះ​ ខណៈ​កម្ពុជា​នា​ពេល​បច្ចុប្បន្នេះ​មាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​ខូង​ចំនួន២៥កន្លែងនៅ​ទូទាំង​ប្រទេស​ រាប់ទាំង​ដែនសមុទ្រ​និង​ដែន​គោក​។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ឈ្វេងយល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​នៅ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅ​វិមានរដ្ឋ​សភា​ថា​ ក្នុង​ទស្ស​វត្សរ៍១៩៧០​ ក្រុម​ប្រេងកាត​របស់​ប្រទេស​បារាំង​ បាន​ចាប់ផ្តើម​ធ្វើការ​ស្វែង​រុករក​ធនធាន​ប្រេងកាត​ ដោយ​បាន​ខួង​អណ្តូង​ចំនួន៣កន្លែង​ នៅ​ដែនសមុទ្រ​កម្ពុជា​ ប៉ុន្តែ​សកម្មភាព​ នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​សង្គ្រាម​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ រហូតដល់​ឆ្នាំ១៩៨៧​ ការសិក្សា​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើងវិញ​ ក្រោម​កិច្ច​សហ​ប្រតិ​បតិ្តការ​ ជាមួយ​នឹង​អ្នកជំនាញ​ប្រេងកាត​អតីត​សហភាពសូវៀត​ ហើយ​គូស​ផែនទី​ បែងចែក​ប្លុក​ស្វែង​រុករក​ប្រេងកាត​ទូទាំង​ប្រទេស​កម្ពុជា​។

​លោក​បន្ត​ថា​ “ការ​គូស​ប្រេងកាត​នេះ​ផ្អែក​ទាំងស្រុក​លើ​លក្ខ​ខណៈ​ ភូគព្ភសាស្ត្រ​ ទាំង​ដែន​គោក​ និង​ដែន​ដែនសមុទ្រ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន២៥​ ក្នុង​នោះ​ដែនសមុទ្រ៦ប្លុក​ ដែន​គោក១៩ប្លុក​ ​និង៤តំបន់​នៅ​ដែនសមុទ្រ​ ត្រួត​គ្នា​រវាង​កម្ពុជា​-ថៃ​”។

លោក​រដ្ឋ​មន្ត្រី​ស៊ុយ​ សែ​មបន្ថែម​ថា​ ដោយសារ​ឃើញ​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​មាន​នោះ​ នៅក្នុង​ឆ្នាំ១៩៩១ក៏​មានការ​ដេញថ្លៃ​ប្លុក​ប្រេងកាត​ នៅ​ដែនសមុទ្រ​កម្ពុជា​លើកដំបូង​ ដោយ​កម្ពុជា​ បាន​ផ្តល់​សិទ្ធិ​ស្វែង​រុករក​នៅ​ដែនសមុទ្រ​ឱ្យ​ក្រុមហ៊ុន​ចំនួន៣​។ ជាមួយគ្នា​នេះ​ នៅក្នុង​ឆ្នាំ១៩៩៦​ រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ និង​ផ្តល់​សិទ្ធិ​ឱ្យ​សាជីវកម្ម​ប្រេងកាត​ជប៉ុន​ធ្វើការ​វាស់​ស្ទង់​តាមអាកាស​ ដើម្បី​វាយតម្លៃ​ស្ថានភាព​ភូគព្ភសាស្ត្រ​ជុំវិញ​ តំបន់​ទន្លេសាប​ និង​តំបន់​ ទន្លេមេគង្គ​។ បន្ទាប់មក​ នៅក្នុង​ឆ្នាំ១៩៩៧​ រាជរដ្ឋាភិបាល​ ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ ឱ្យ​ក្រុមហ៊ុន​ប្រេងកាត​អន្តរជាតិ​មួយចំនួន​ នៅ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-ថៃ​។

​លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ដែរ​ សកម្មភាព​សិក្សា​ស្វែង​រុករក​ប្រេងកាត​ នៅ​កម្ពុជា​កាន់តែ​ដំណើរការ​ច្រើនឡើង​វិញ​ ទាំង​នៅក្នុង​ដែនសមុទ្រ​និង​ដែន​គោក​ ជាពិសេស​នៅក្នុង​ឆ្នាំ២០០២​ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក​ «A» ជាមួយ​ក្រុមហ៊ុន​ Chevron​ ដើម្បី​ធ្វើការ​ស្វែង​រុករក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា​ និង​ក្នុង​ឆ្នាំ២០០៦​ រាជរដ្ឋាភិបាល​ ​បាន​អនុញ្ញាត​និង​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ Petroleum​ Geo​-Services​ ធ្វើការ​វាស់​ស្ទង់​ 2D Seismic​ ទាំង​​ដែន​គោក​ និង​ដែនសមុទ្រ​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​ មក​ពី​ប្រទេស​ថៃ​ ចិន​ ជប៉ុន​ វៀតណាម​ ​និង​ឥណ្ឌូណេស៊ី​ ដើម្បី​ធ្វើការ​ស្វែង​រុករក​ ដែល​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ជំនាញ​ និង​មាន​បទពិសោធន៍​ និង​សមត្ថភាព​ហិរញ្ញវត្ថុ​ក្នុង​សកម្មភាព​សិក្សា​ស្វែង​រុករក​ប្រេងកាត​នៅ​កម្ពុជា​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​ផ្តល់​ជា​អនុសាសន៍​បន្ថែម​ថា​ រដ្ឋសភា​ត្រូវ​បន្ត​ពង្រឹង​និង​លើកកម្ពស់​តួនាទី​ត្រួតពិនិត្យ​ ដើម្បី​ធានា​ថា​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត​ត្រឹមត្រូវ​ និង​ស្របតាម​និយាម​បច្ចេកទេស​ និង​ការគ្រប់គ្រង​ប្រកបដោយ​គណនេយ្យ​ភាព​ តម្លាភាព​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ ដែល​នឹងអាច​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា​ ដែល​នឹង​ជួយ​បង្កើន​ល្បឿន​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​លឿន​មួយ​កម្រិត​ថែមទៀត​៕