កំណើន​តម្រូវការ​លំនៅ​ដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត​កើន​លើស​ពី​ការ​រំពឹង​ទុក ​ធ្វើឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ​កើន​យ៉ាង​គំហុក​

2

ដោយៈ​ រ៉ា​ណេត​

ប៉ោយ​ប៉ែ​តៈ​ ក្រុង​ប៉ោយប៉ែត​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​អ្នកជំនាញ​ ក៏ដូចជា​អ្នក​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​អះអាង​ថា​ កំពុងតែ​ជួប​វិបត្តិ​កង្វះ​ការ​ផ្គត់ផ្គង់​បន្ទប់​ស្នាក់នៅ​ជា​ខ្លាំង​ ខណៈ​ដែល​លំហូរ​នៃ​ចំនួន​អ្នក​វិនិយោគ​ និង​អ្នក​ទៅ​បម្រើការ​ងារ​មានការ​កើនឡើង​យ៉ាង​គំហុក​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Fourth​ Stars​ Plus​ Four​ ដែល​មានការ​វិនិយោគ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​ និង​គម្រោង​សាងសង់​សំណង់​ជាច្រើន​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០១៩​ ថា​ បច្ចុប្បន្ន​នៅ​ក្រុង​ប៉ោយប៉ែត​ កំពុងតែ​មាន​តម្រូវ​ខ្ពស់​លើ​ផ្នែក​ស្នាក់នៅ​ ជាពិសេស​ផ្នែក​បន្ទប់​ជួល​តែម្ដង​ ដោយសារតែ​កំណើន​នៃ​នួន​អ្នកចំណូលថ្មី​មានការ​កើនឡើង​យ៉ាង​កំ​ហុក​ ទាំង​ចំនួន​អ្នក​វិនិយោគ​ ក៏ដូចជា​អ្នកលក់​កម្លាំង​ពលកម្ម​។

លោក​បាន​បន្ត​ទៀត​ថា​“ដោយសារតែ​ក្រុង​ប៉ោយប៉ែត​ ចាប់ផ្តើម​មាន​កំណើន​វិនិយោគ​ពីសំណាក់​ជនបរទេស​ ជាពិសេស​ ជនជាតិ​ចិន​តែម្ដង​ បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​ងារ​ខ្ពស់​លើ​ការជួល​ការិយាល័យ​ និង​បន្ទប់​ស្នាក់នៅ​ផង​ដែរ​”។ លោក​បន្ត​ថា​ “អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ បាន​ងាក​មក​ធ្វើការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​គ្រប់​ប្រភេទ​ ដែល​ចំពោះតែ​ប្រភេទ​បុរី​ បាន​កើនឡើង​រហូតដល់​ជាង២០គម្រោង​ មិនទាន់​រាប់បញ្ចូល​គម្រោង​សាងសង់​លំនៅ​ដ្ឋាន​ និង​បណ្តុំ​បន្ទប់​ជួល​ដែល​មាន​ទ្រង់ទ្រាយ​នៅឡើយ​”។

លោក​សួង​ សុ​ខហ៊ា​ងបាន​បន្ត​ទៀត​ថា​ ពេលនេះ​បើ​និយាយ​ពីទី​ផ្សារ​នៃ​តម្លៃ​ដី​គឺ​ហាក់​មិនសូវ​មាន​សកម្មភាព​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺ​ការ​កើនឡើង​នូវ​តម្លៃ​ជួល​បន្ទប់​ស្នាក់នៅ​តែ​ ដោយ​បន្ទប់​ស្នាក់នៅ​ខ្នាត​មធ្យម​មានតម្លៃ​ចាប់ពី២០០​-២៥០ដុល្លារ​ក្នុង​មួយ​ខែ​ ខណៈ​ដែល​បន្ទប់​ប្រភេទ​នេះ​ ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​មានតម្លៃ​ត្រឹម១០០​-១៥០ដុល្លារ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​។ លោក​បាន​អះអាង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​នេះ​ នៅ​ឆ្នាំ​បន្ទាប់​អាច​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​បន្តិចទៀត​។

នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Advance​ Real​ Estate​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មានប្រសាសន៍​ថា​ ប៉ោយប៉ែត​បច្ចុប្បន្ន​ មាន​ភាព​ស្រដៀងគ្នា​ទៅ​នឹង​ក្រុង​ព្រះសីហនុ​កាលពី​ប្រមាណ៣ឆ្នាំមុន​ ខណៈ​ដែល​លំហូរ​នៃ​ការ​វិនិយោគ​ ជាពិសេស​លើ​វិស័យ​សំណង់​ពីសំណាក់​ជនជាតិ​ចិន​មានការ​កើនឡើង​យ៉ាង​គំហុក​។ លោក​បន្ត​ថា​ លំហូរ​ចូល​នៃ​ចំនួន​វិនិយោគ​ ក៏ដូចជា​អ្នកចំណូលថ្មី​ ពីសំណាក់​បណ្តា​កម្លាំង​ការងារ​ គឺ​វា​ទាមទារ​នូវ​តម្រូវការ​កន្លែង​ស្នាក់នៅ​ ហើយ​វា​ច្បាស់ជា​កើតមាន​ភាព​កង្វះខាត​លើ​ការ​ផ្គត់ផ្គង់​ ដោយសារតែ​យើង​មិនបាន​ត្រៀម​ទុកជាមុន​។

លោក​រំពឹង​ថា​ “ខ្ញុំ​យល់ថា​ភាព​ខ្វះខាត​ទាំងនេះ​ នឹង​កាត់បន្ថយ​បន្តិច​ម្ដង​ៗ បន្ទាប់ពី​បណ្តា​អ្នក​អភិវឌ្ឍន៍​ ចាប់ផ្តើម​ពង្រីក​បន្ថែម​នូវ​ទំហំ​ការ​វិនិយោគ​របស់​ខ្លួន​ នៅ​ត្រឹម​រយៈពេល​ ២-៣ឆ្នាំ​បន្ទាប់​”៕

គំរោង​ផ្លូវ​ក្រោម​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ៥​ គ្រោង​សាងសង់​នៅ​ចុងឆ្នាំ​នេះ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គំរោង​សាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ក្រោម​ផ្លូវជាតិ​លេខ៥​ តំបន់​ឃ្លាំងសាំង​សូ​គី​ម៉ិ​ចបា​នដី​សាញ​បញ្ចប់​ហើយ​ និង​គ្រោង​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេ​នោះ​។

អគ្គនាយក​ក្រុមហ៊ុន ​OCIC ​លោក​ ទូច​ សំណាង ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី៦​ ឧសភា​នេះ​ថា​ គំរោង​នេះ​បាន​ឌី​សាញ​បញ្ចប់​ហើយ​ និង​គ្រោង​ដាក់​ឆ្លង​ជាមួយ​មន្រ្តី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​ខាងមុខ​ ដើម្បី​ពិនិត្យ​និង​សម្រេច​ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ “ទំហំ​នៃ​ផល​ប៉ះពាល់​របស់​គំរោង​នេះ​ធំ​ណាស់​ ហេតុនេះ​យើង​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​ ហេតុនេះ​បើសិនជា​ដោះស្រាយ​ផល​ប៉ះពាល់​មិនបាន​ជោគជ័យ​គំរោង​នេះ​អាច​ផ្លាស់​ប្តូរ​ផង​ដែរ​”។ លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​យើង​មាន​សុទិដ្ឋិនិយម​ថា​ ប្រជាពលរដ្ឋ​នឹង​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ផលប្រយោជន៍​សាធារណៈ​”។

គំរោង​សាងសង់​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ឃ្លាំងសាំង​សូ​គី​ម៉ិ​ចនេះ​ មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ដែល​អូស​ក្រោម​ផ្លូវជាតិ​លេខ៥រហូតដល់​ម្តុំ​ស្ថានីយ៍​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​ ដោយសារ​លោក​ជាប់រវល់​ប្រជុំ​៕

ធនាគារពិភពលោកអះអាងថា សេដ្ឋកិច្ចកម្ពុជាបន្តមានកំនើនយ៉ាងរ៉ឹងមាំ

0

ប្រភព​ ធនាគារពិភពលោក​

ភ្នំពេញ​៖ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​បា​នកំនើ​នយ៉ា​ងរ៉ឹង​មាំ​បន្ត​ទៀត​ ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​ ។ ធនាគារពិភពលោក​ (World​ Bank​) កាលពី​ព្រឹកមិញ​នេះ​។

យោង​តាម​របាយការណ៍​របស់​ធនាគារ​នេះ​បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ ៧,៥​ ភាគរយ​នៅក្នុង​ឆ្នាំ២០១៨​ ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ។ ធនាគារពិភពលោក​បញ្ជាក់​ថា​ ការនាំចេញ​របស់​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ និង​មុខទំនិញ​ធ្វើដំណើរ​ ដែល​ទាំងអស់​នេះ​ មាន​ជាង​ពីរ​ភាគ​បី​ នៃ​មុខទំនិញ​នាំចេញ​សរុប​ ជា​កំណត់ត្រា​កំណើន​ខ្ពស់​ ប្រាំ​ឆ្នាំ​ជាប់គ្នា​ ហើយដោយ​វា​កើន​បាន១៧.៦ភាគរយ​ ក្នុង​ឆ្នាំ២០១៨​ ប្រៀបធៀប​ជាមួយ៨.៣ភាគរយ​ក្នុង​ឆ្នាំ២០១៧​។

កាលពី​ពេល​ថ្មី​ៗនេះ​ ធនាគារពិភពលោក​បាន​ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​ នឹង​រំពឹង​សម្រេច​បា​នកំនើន៦,៨ភាគរយ​។

របាយការណ៍​ដដែល​បាន​បន្ត​ថា​ វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​សរុបគ្នា​មក​មាន​ចំណែក៦០ភាគរយ​ នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ២០១៨​។ ការផលិត​សម្ភារ​ផ្គត់ផ្គង់​ការសាងសង់​ ដែក​គ្រឿង​សង្ហា​រឹម​ និង​ផលិតផល​ថ្នាំ​ស្មី​ក ក៏​មានការ​កើនឡើង​យ៉ាង​លឿន​ដែរ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​។

ទោះជា​យ៉ាង​ក៏ដោយ​ ធនាគារពិភពលោក​ថា​ ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​ ដែល​បន្ត​មានបាន​បង្ក​ហានិភ័យ​ខ្លាំង​ឡើង​ដែរ​។ បច្ចុប្បន្ន​នេះ​ ទីផ្សារ​សហភាព​អឺរ៉ុប​ (រួម​ទាំង​ចក្រភព​អង់គ្លេស​ផង​) ស្រូប​យក​ជាង​មួយភាគបី​នៃ​ទំហំ​ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ ជាពិសេស​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទោចក្រយាន​។

លោកស្រី​ អ៊ី​ហ្គូ​ណា​ ដូ​ប្រា​ចា​ នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ សម្រាប់​ប្រទេស​កម្ពុជា​ មានប្រសាសន៍​ថា​ “ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ ដល់​បរិយាកាស​វិនិយោគ​ និង​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ព្រមទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត​ សុទ្ធតែ​ជាអាទិភាព​គន្លឹះ​ សម្រាប់​រក្សា​កំនើន​ខ្លាំង​ ក្នុងរយៈពេល​មធ្យម​”។ លោកស្រី​បន្ត​ថា​ “ភ័ស្តុតាង​នានា​បាន​រំលេច​ឲ្យ​ឃើញថា​ ការ​វិនិយោគ​ទៅលើ​លើ​ប្រជាជន​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការ​វិនិយោគ​ទៅលើ​ ប្រជាជន​ និង​ការ​កែ​លម្អ​គុណភាព​ នៃ​មូលធន​មនុស្ស​របស់​កម្ពុជា​ គួរតែ​បន្ត​នៅជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នា​របស់​កម្ពុជា​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០​”។

របាយការណ៍​បាន​អំពាវនាវ​ផង​ដែរ​ ឲ្យ​មានការ​បំពេញ​ភាព​ខ្វះខាត​ផ្នែក​ជំនាញ​ និង​ការ​វិនិយោគ​លើ​មូលធន​មនុស្ស​ ដើម្បី​ផ្តល់​ជា​គ្រឹះ​សម្រាប់​កំនើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យូរអង្វែង​។ ការ​បង្កើន​ទំហំ​ និង​ប្រសិទ្ធ​ផល​នៃ​ការ​វិនិយោគ​ទាំងនេះ​ ពីសំណាក់​បុគ្គល​ផ្ទាល់​ និង​វិស័យ​សាធារណៈ​ និង​ឯកជន​ អាច​ជួយ​ធានា​ឲ្យ​កុមារ​កម្ពុជា​ មាន​ចំណុច​ចាប់ផ្តើម​ល្អ​ឆ្ពោះទៅ​អនាគត​ ដោយ​ផ្តល់​ដល់​ពួកគេ​នូវ​មូលដ្ឋាន​គ្រឹះ​ ដែល​ពួកគេ​ត្រូវការ​ចាំបាច់​ដើម្បី​ទាញ​យក​ផល​អតិបរមា​ពី​ការអប់រំ​សិក្សា​ ហើយ​អភិវឌ្ឍ​ជំនាញ​ឲ្យបាន​ច្រើន​ពេញ​មួយ​ជីវិត​របស់​ខ្លួន​៕

អ្នក​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​លើច្បាប់​ហាមឃាត់​បរទេស​មិន​ឲ្យ​ទិញ​អចលនទ្រព្យ​

0

ដោយ ​វុត្ថា​

ប្រទេស​ម៉ា​ឡេ​ស៊ីៈ​ ក្រុម​អ្នក​អភិវឌ្ឍន៍​ និង​សមាគម​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ និង​អចលនទ្រព្យ​នៃ​រដ្ឋ​Johor​ នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លួន​គិត​គូ​ ពិនិត្យ​ច្បាប់​ហាមប្រាម​មិន​អោយ​ជនបរទេស​ ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ឡើងវិញ​។

លោក​ Chong​ Yoon​ On​ ប្រធាន​សមាគម​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​និង​អចលនទ្រព្យ​នៃ​រដ្ឋ​ Johor​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​នេះ​ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការ​លក់​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​មានសន្ទុះ​ឡើងវិញ​ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​កាលពី​ឆ្នាំ២០១៤​ កន្លងមក​នេះ​ដោយ​ជនបរទេស​មិន​អាច​ទិញ​អចលនទ្រព្យ​បាន​ ដែល​មានតម្លៃ​តិច​ជាង៣២ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ​ នូវ​ច្បាប់​នេះ​ដោយ​កាត់បន្ថយ​មក​នៅ ១៦ម៉ឺន​ដុល្លារ​ជាង​វិញ​ សម្រាប់​អចលនទ្រព្យ​ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​”។លោក​បាន​ធានា​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ថា​ “ការពិនិត្យ​ច្បាប់​ឡើងវិញ​នេះ​ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ជនបរទេស​អាច​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​បាន​ ហើយ​អចលនទ្រព្យ​ទាំងនោះ​នឹង​បាត់បង់​ទៅណា​ឡើយ​ វា​នៅតែ​ស្ថិតនៅ​ក្នុង​ប្រទេស​ដដែល​ដោយ​មិនបាច់​មានការ​ព្រួយបារម្ភ​ពី​ការ​យក​ទៅ​ប្រទេស​របស់​គេ​នោះ​ទេ​”។

លោក​បន្ត​ថា​ រដ្ឋ​ Johor​ ជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ សម្រាប់​អចលនទ្រព្យ​ប្រភេទ​លំនៅ​ដ្ឋាន​ ព្រោះ​ជា​តំបន់​នៅ​ជាប់​ប្រទេស​សឹង្ហ​បុរី​ ​; ហើយ​រដ្ឋាភិបាល​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ជនជាតិ​សឹង្ហ​បុរី​ ក្នុង​ការទិញ​អចលនទ្រព្យ​ក្នុង​រដ្ឋ​Johor​ ដើម្បី​រស់នៅ​ ហើយ​ពួកគេ​នឹង​ចំណាយ​លុយ​ទៅលើ​ចំណីអាហារ​ សម្ភារៈ​ និង​វត្ថុ​ចាំបាច់​ច្រើន​ ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​។

យោង​តាម​របាយការណ៍​របស់​នាយដ្ឋាន​សេវា​អចលនទ្រព្យ​ និង​ការ​វត​ម្លៃ​បាន​លើកឡើង​ថា​ អចលនទ្រព្យ​ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​បាន​លក់​ មិន​ចេញ​មាន​ចំនួន​កើនឡើង៣០ភាគរយ​ ពោល​គឺ​មាន៣២​,៣១៣យូនី​ត ដែល​ជាពិសេស​កើនឡើង​ខ្លាំង​នៅ​ក្រុង​កូឡា​ឡាំ​ពួ​ និង​ Perak​។

របាយការណ៍​បន្ត​ថា​ ​រដ្ឋ​ធំៗ​ជាច្រើន​ កំពុង​ប្រឈម​នឹង​ការ​លក់​អចលនទ្រព្យ​មិន​ចេញ​ គឺ​នៅ​ក្រុង​ Kuala​ Lumpur​ រដ្ឋ​Johor​ និង​ រដ្ឋ​Penang​ ពោល​មាន​ ៦.៨ភាគរយ​ ៧.៨ភាគរយ​ និង៣ភាគរយ​៕

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកតម្លៃ ២០០លានដុល្លារបង្ហាញខ្លួននៅ តំបន់កោះនរា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ និងលំនៅដ្ឋានដ៏ទំនើប ទាន់សម័យ កម្ពស់៣៨ជាន់ មានតម្លៃទុនរហូត២០០លានដុល្លារសហរដ្ឋអាមេរិក នឹងផុសឡើងនៅតំបន់បឹងស្នោរ ក្បែរកោះនរា ក្រុងភ្នំពេញនាពេលខាងមុខនេះ។

អាគារ​ពាណិជ្ជកម្ម​ចំរុះ​ One​ Central​ Tower​ ដែល​មាន​កម្ពស់៣៨ជាន់​មាន​ចំនួន៥អាគារ​ សាងសង់​នៅ​លើ​ផ្ទៃដី២៤,០០០ម៉ែត្រការ៉េ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ B.I.C​ Group​ លោក​ យឹម​ លក្ខណ៍​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នា​ព្រឹក​ថ្ងៃទី៦​ ឧសភា​នេះ​ថា​ ការរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ព្រឹក​នេះ​ គឺជា​ការ​ចាប់ផ្តើម​សាងសង់​នូវ​គម្រោង​អចលនទ្រព្យ​ដំបូងបង្អស់​របស់​ B.I.C​ Group​ នៅក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ការសាងសង់​ One​ Central​ ដែល​មាន​រយៈពេល2ឆ្នាំ​កន្លះ​។ នេះ​គឺជា​ជំហាន​ដំបូង​នៃ​ការ​អភិវឌ្ឍ​ជាច្រើន​ ដើម្បី​អភិវឌ្ឍ​តំបន់​បឹង​ស្នោ​ ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច​លូតលាស់​ថ្មី​មួយទៀត​ដែល​ផ្តល់​នូវ​ការរស់នៅ​ ការងារ​ និង​ការកម្សាន្ត​ ដ៏​ទំនើប​សម្បូរ​បែប​លំដាប់​ពិភពលោក​។

លោក​បន្ត​ថា​ “One​ Central​ គឺជា​ការ​រួមបញ្ចូល​គ្នា​នូវ​ការិយាល័យ​ពាណិជ្ជកម្ម​ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ មន្ទីរពេទ្យ​ អគារ​ស្នាក់នៅ​ និង​ជា​តំបន់​ធម្មជាតិ​បៃតង​”។

One​ Central​ Tower​ មាន​ចំនួន៥អាគារ​ ដែល​ក្នុង​នោះ​ អាគារ​ចំនួន៤​ នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ រួមមាន​អាគារ​ការិយាល័យ​ ផ្សារ​ទំនើប​ មន្ទីរពេទ្យ​ទំនើប​ ភោជនីយដ្ឋាន​ជាដើម ដោយមានកម្ពស់២២ជាន់​ ដោយឡែក​អា​គារ​ចំនួ១​ទៀត ជា​ប្រភេទ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ដ៏​ទាន់សម័យដែលមានកម្ពស់រហូតដល់៣៨ជាន់​។

លោ​កយឹម​ លក្ខណ៍​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ “យើង​ចង់​ប្រែក្លាយ​តំបន់​នេះ​ជាផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ដែល​អាចប​ង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​លំដាប់​ពិភពលោក​ ជាមួយនឹង​ការ​ទាក់ទាញ​ការ​វិ​និ​យោ​គធំៗ​លើ​ការរស់នៅ​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ធំៗ​”។ លោក​បន្ត​ថា​ “ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការរៀបចំ​ផែនការ​ ក្រុមហ៊ុន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នូវ​ការធានា​មួយ​ដែល​ត្រូវតែ​អភិវឌ្ឍ​តំបន់​នេះ​ ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តា​នុ​ពល​ខ្លាំងក្លា​ រួម​ជាមួយ​ការ​ផ្តល់​នូវ​បរិស្ថាន​រស់នៅ​ល្អ​បំផុត​ ដល់​ប្រជាពលរដ្ឋ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់​អចលនវត្ថុ​កម្ពុជា​(CVEA​) លោក​ច្រឹក​ សុ​ខនីម​ បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​វត្តមាន​ថ្មី​ នៃ​អគារ​ពាណិជ្ជកម្ម​ចំរុះ​មួយ​នេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ វា​ជា​រឿង​ល្អ​ចំពោះ​ការអភិវឌ្ឍន៍​ និង​ភាព​រីកចម្រើន​លើ​វិស័យ​សំ​ណង់​ទំនើប​ៗ។

បច្ចុប្បន្ន​នេះ​ ចំពោះ​តំបន់​បឹង​ស្នោ​រ បាន​និង​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​វា​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ ហើយ​មាន​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ ដែល​កម្រិតជីវភាព​មធ្យម​ និង​លើ​មធ្យម​ចូល​ទៅ​រស់នៅ​ទីនេះ​ច្រើន​ ជាពិសេស​ជា​បណ្តុំ​នៃ​បុរី​ សំណង់​លំនៅ​ដ្ឋាន​ច្រើន​ ហើយ​មិន​លើស​ពី​រយៈពេល៣ទៅ៤ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​បឹង​ស្នោ​រ នឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​នេះ​ទៀត​៕

ទីផ្សារ​ខុន​ដូ​តំលៃ​សមរម្យ​កំពុង​មានការ​ឈានមុខ​ ខណៈ​អ្នក​អភិវឌ្ឍន៍​កំពុង​ផ្តោត​លើ​តម្រូវការ​នេះ​

0

ដោយ​ ដន​

ភ្នំពេញ​: ខណៈ​ពេល​ដែល​វិនិយោគិន​ មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៃ​គម្រោង​ខុន​ដូ​ខ្ពស់​ៗទំនើប​ អ្នក​អភិវឌ្ឍន៍​បច្ចុប្បន្ន​នេះ​កំពុង​ផ្តោត​លើ​វិស័យ​ខុន​ដូ​ ដែល​មាន​តំលៃ​សមរម្យ​ ដើម្បី​ទាក់ទាញ​អ្នកទិញ​ក្នុង​ស្រុក​។

គម្រោង​ខុន​ដូ​ថ្មី​ៗចំនួន​ប្រាំ​ បាន​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​ ក្នុង​នោះ​គំរោង​ចំនួន៤ត្រូវ​បាន​ចាត់​ថ្នាក់​កដែល​ជា​ខុន​ដូ​មាន​តំលៃ​សមរម្យ​។ គម្រោង​ធំ​បំផុត​ ដែល​បាន​បើក​ដំណើរការ​នៅ​ត្រីមាស​ទី១នេះ​ គឺ​គម្រោង​ខុន​ដូ​ភ្នំពេញ​ស្តារ​ ដែល​នឹង​ចាក់​បញ្ចូល​ខុន​ដូ​យូនី​តថ្មី​ចំនួន៤៤៨បន្ថែម​ ដែល​មាន​តំលៃ​សមរម្យ​សម្រាប់​វិស័យ​នេះ​។

គម្រោង​ខុន​ដូ​ចំនួន​ជាង​ពាក់កណ្តាល​ ដែល​បាន​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​គឺ​ស្ថិតនៅ​ខណ្ឌ​ សែនសុខ​ដែល​ មានតម្លៃ​សមរម្យ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ និង​តម្រូវការ​ពី​អ្នកទិញ​ និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​។

ខុន​ដូ​យូនី​តដែល​រួចរាល់​សម្រាប់​ ការ​ចូល​ស្នាក់នៅ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង១២០ភាគរយ​នៅ​ចុងឆ្នាំ​នេះ​។ ក្នុង​ឆ្នាំ​ ២០១៨​ មាន​ចំនួន១៤​,១៧៣​ យូនី​តបាន​ចាក់​បញ្ចូល​ ក្នុង​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ខុន​ដូច​ ខណៈ​នៅ​ចុងឆ្នាំ២០១៩នេះ​ ការ​ផ្គត់ផ្គង់​នឹង​កើនឡើង​ដល់៣០​,១១២​ យូនី​ត។

អ្នក​អភិវឌ្ឍន៍​កំពុង​ផ្លាស់​ប្តូរ​ទៅ​ចាប់​យក​វិស័យ​ខុន​ដូ​ ដែល​មាន​តំលៃ​សមរម្យ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ហើយ​កំណើនប្រជាជន​វ័យក្មេង​ដែល​កំពុង​កើនឡើង​កំពុង​ចាប់អារម្មណ៍​ ក្នុង​ការទិញ​លំនៅឋាន​ដែល​នៅ​ក្បែរ​សាលារៀន​ ផ្សារ​ទំនើប​ និង​មាន​សេវាកម្ម​ចំរុះ​នៅ​ក្បែរ​នោះ​។

លោកស្រី​ Grace​ Rachny​ Fong​ អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Century​ 21​ Cambodia​ បាន​មានប្រសាសន៍​ថា​ “ទីផ្សារ​ក្នុង​ស្រុក​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តា​នុ​ពល​កាន់តែ​ច្រើន​។ តំបន់​សែនសុខ​ដែល​មាន​AEON​2 និង​សាលារៀន​និង​ជាទី​តាំង​ល្អ​សម្រាប់​គ្រួសារ​ ក្នុង​ស្រុក​វ័យក្មេង​មាន​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ ដោយ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​”។

លោកស្រី​បន្ត​ថា​ “អ្នក​វិនិយោគ​ក្នុង​ស្រុក​ កំពុង​វិនិយោគ​នៅក្នុង​ខុន​ដូ​នៅ​ទីនេះ​សម្រាប់​កូន​ៗរបស់​ពួកគាត់​ដែល​កំពុងធ្វើការ​ ឬសិក្សា​នៅ​បរទេស​។ ពួកគាត់​រំពឹង​ថា​ ពួកគេ​នឹង​វិល​ត្រលប់​មក​ប្រទេស​វិញ​ និង​ចាប់ផ្ដើម​គ្រួសារ​នៅ​ក្បែរ​ទីប្រជុំជន​ដែល​ជា​ទម្លាប់​រស់នៅ​របស់​ពួកគេ​ ដោយសារ​មានទម្លាប់​រស់នៅ​ជាច្រើន​ឆ្នាំ​នៅ​បរទេស​”៕

អ្នកជំនាញ​ថា​ កម្ពុជា​ត្រូវ​រឹត​បន្តឹង​ និង​បង្កើត​ច្បាប់​បន្ថែម​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ចិន​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ខណៈ​កម្ពុជា​គ្រោង​យក​ទេសចរណ៍​ចិន​ឲ្យបាន៥លាន​នាក់​នៅ​ឆ្នាំ២០២៥ ខាងមុខនេះ​ អ្នកជំនាញ​ថា​ កម្ពុជា​ត្រូវការ​រឹត​បន្តឹង​ច្បាប់​ និង​បង្កើត​ច្បាប់​បន្ថែម​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ការ​មក​ទស្សនា​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណាន​ បាន​ថ្លែង​ថា​ ខណៈ​ពេលនេះ​ កម្ពុជា​ចាំបាច់​បង្កើត​ច្បាប់​បន្ថែម​ក្នុង​ការគ្រប់គ្រង​ ព្រោះ​ករណី​អត់​ដែល​កើតមានឡើង​នៅ​កម្ពុជា​ ហើយ​មុននឹង​បង្កើត​ច្បាប់​យើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ឫនៅ​ មិនមែន​បង្កើត​ច្បាប់​មក​ចោល​នោះ​ទេ​។

លោក​ថ្លែង​ថា​ “យើង​ឃើញស្រាប់​ហើយ​ ច្បាប់​ទេសចរណ៍​ត្រូវ​បាន​បង្កើត​ឡើង៥​ ឬ៦​ ឆ្នាំ​មក​ហើយ​ តែរ​ហូត​មកដល់​សព្វ ថ្ងៃ​សម្រាប់​ការអនុវត្ត​ន៍​នៅ​មានកម្រិត​។ វា​ត្រូវ​កើតឡើង​ពី​ឆន្ទៈ​របស់​មនុស្ស​ គឺ​មានតែ​ច្បាប់​ទេ​ដែល​បង្កើត​ចេញ​ជា​ឆន្ទៈ​ និង​មានតែ​រឹត​បន្តឹង​ច្បាប់​ទេ​”។

លោក​ បន្ត​ថា​ “យើង​ត្រូវ​ដឹង​ថា​ ថ្វីត្បិតតែ​យើង​មានច្បាប់​ស្ទើ​តែ​គ្រប់​ច្រកល្ហក​ដូច​ប្រទេស​អភិវឌ្ឍន៍​ដ៏​ទៃ​ក៏​ពិតមែន​ ប៉ុន្តែ​ការ​អនុវត្ដ​ន៍​ច្បាប់​យើង​នៅ​មានកម្រិត​មែនទែន​”។ លោក​ ទៀត​ថា​ “ឲ្យដឹង​ភ្ញៀវ​មក​ប៉ុន្មាន​ក៏​មក​ចុះ​ និង​មកកាន់​តែ​ច្រើន​កាន់តែ​ល្អ​ ដូចជា​អ្នក​វិ​និ​យោ​គចឹង​ មក​ពីណា​ក៏​មក​ចុះ​ឲ្យតែ​អ្នកនោះ​ជា​ ប៉ុន្តែ​រឿង​តែមួយគត់​ តើ​ប្រទេស​ជា​ម្ចាស់​មានច្បាប់​ និង​ក្រិត​ក្រម​របស់​ខ្លូន​ហើយ​ឬនៅ​? យើង​ត្រូវ​ពង្រឹង​ច្បាប់​ និង​ចំណុច​ណា​ខ្វះខាត​ត្រូវ​បង្កើត​បន្ថែម​ ហើយ​យើង​ត្រូវ​មើល​ប្រទេស​ចិន​គេ​មាន​ប្រជាជន​រាប់​ពាន​លាន​នាក់​ គេ​គ្រប់គ្រង​បាន​។ អ្វី​ដែល​យើង​ខ្វះខាត​គឺ​ការអនុវត្ត​ន៍​ច្បាប់​”។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ កម្ពុជា​គ្រោង​យក​ទេសចរណ៍​ចិន​ឲ្យបាន៥លាន​នាក់​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​។

សម្តេច​បាន​មានប្រសាសន៍​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នា​ព្រឹក​ថ្ងៃទី១៤​ មករា​នេះ​ថា​ នៅ​ឆ្នាំ ២០១៨ កន្លងមក​នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ អន្តរជាតិ​ចំនួន៦​,២លាន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​កើន​ពី១​,២កាលពី​ឆ្នាំ២០១៧​ ទៅ១​,៦លាន​នាក់​នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​។

សម្តេច​បាន​បន្ត​ថា​ ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​អតី​តប្រធានាធិបតី​ហូ​ ជី​នតា​វម​កកម្ពុជា​ សម្តេច​បាន​ស្នើសុំ​ឲ្យ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា០​,០១ភាគរយ​ ប៉ុន្តែ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ចិន​នា​ចុង​សប្តាហ៍​នេះ​ សម្តេច​នឹង​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​ចិន​ ដោយ​សុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា០​,០៥ភាគរយ​ នៃ​ចំនួន​ប្រជាជន​ចិន​ប្រមាណ១៣០០លាន​នាក់​។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​ចិន​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​កើនឡើង​ កាន់តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​សម្តេច​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​វិនិយោគ​គំរោង​តារា​សាគរ​នៅ​ខេត្តកោះកុង​ សាង​សង់​ព្រលា​នយន្តហោះ​អាច​ទទួល​អ្នកដំណើរ​ឲ្យបាន៣លាន​នាក់​ និង​ទទួលទាន​អង្ករ​កម្ពុជា​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​ថា​ យុទ្ឋ​សាស្រ្ត​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ សុបិន​នឹង​ក្លាយជា​ការពិត​ ដោយសារ​ទំនាក់ទំនង​កា​ទូត​ ពាណិជ្ជកម្ម​ ពិសេស​ការ​ប្រកាន់​គោលនយោបាយ​ចិន​តែមួយ​ និង​ការ​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​ នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​នេះ​ ព្រោះ​បើ​គិត​ពីដើម​ឆ្នាំ២០១៩នេះ​ដល់​ឆ្នាំ២០២៥​ យើង​សល់​ពេល៧ឆ្នាំ​ទៀត​។

លោក​បន្ត​ថា​ “ជាមួយ​នឹង​កំនើន​ទេសចរណ៍​បែបនេះ​ អ្វី​យើង​គួរ​ធ្វើ​គឺ​ត្រូវ​រៀបចំខ្លួន​បែប​ណា​ ដើម្បី​ទទួល​បាន​ភ្ញៀវ​ក្នុង​ចំនួន​ច្រើនបែប​នេះ​ ព្រោះ​យើង​មិន​ចង់បាន​តែ​ចំនួន​មនុស្ស​ទេ​ តែ​យើង​ក៏​ត្រូវ​ពង្រឹង​ និង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ផង​ដែរ​”៕

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ ស្រែ​អំ​បិ​ល​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទស្សនា

0

​ដោយ​ វុត្ថា​

កំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​អះអាង​ថា​ ស្រែអំបិល​នៅក្នុង​ខេត្តកំពត​ ខេត្ត​កែប​អាច​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​មួយ​សម្រាប់​ទស្សនា​ ស្វែងយល់​និង​ អប់រំ​ឱ្យ​មានការ​យល់ដឹង​ ពី​ជីវភាព​កសិករ​ និង​ការផលិត​អំបិល​។

យោង​តាម​ការ​ចុះផ្សាយ​តាមរយៈ​ហ្វេ​សបុ​កផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី​ ៦ ខែឧសភា​ នេះ​ថា​ រដូវ​នេះ​ជារ​ដូវ​ប្រមូល​ផល​ អំបិល​ពី​ ស្រែអំបិល​(ខេត្ត​កែប​ ខេត្ត​ កំពត​) គួរ​នាំគ្នា​លើកស្ទួយ​និង​ប្រើប្រាស់​អំបិល​របស់​ជាតិ​ ( អំបិល​ក្នុង​ស្រុក​យើង​ ដែល​មាន​តាំងពី​ដើម​រៀងមក​) ហើយ​ជា​អំបិលដែល​សម្បូរ​ដោយ​ជាតិ​ Iode​ ដែល​អាច​ជួយ​កាត់បន្ថយ​បាន​ច្រើន​ដល់​ជំងឺ​ពក​ “ក”។

មិនគ្រាន់​តែ​ជា​តំបន់​វិនិយោគទុន​ប៉ុណ្ណោះទេ​ កសិដ្ឋាន​ស្រែអំបិល​ខេត្តកំពត​ និង​ក្រុងកែប​ បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ និង​ចង់​ស្វែងយល់​បន្ថែម​ពី​ការ​ធ្វើ​អំបិល​។ មិន​តែប៉ុណ្ណោះ​ តំបន់​នេះ​ពិតជា​ល្អ​ និង​ស្រស់​សម្រាប់​ការ​ថតរូប​ និង​វីដេអូ​ ជាពិសេស​នៅពេល​ព្រឹកព្រលឹម​ថ្ងៃរះ​ និង​ពេល​សូ​រិយា​រៀប​អស់​ស្ត​ង្គ​ត់​។

លោក​ ធួន​ ស៊ី​ណា​ ប្រធាន​សមាគមន៍​ PATA​ បាន​ឱ្យ​ដឹង​ដែរ​ថា​ ពិត​ណាស់​ ស្រែអំបិល​នៅក្នុង​ខេត្តកំពត​ ខេត្ត​កែប​ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ តែ​ក៏​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ​ក្រោយមក​មានការ​លេច​លឺ​រឿង​ការ​រំលាយ​សហគមន៍​ស្រែ​បិល​ ហើយ​ពួកគេ​លក់​ដី​នៅ​តំបន់​នោះ​យក​ទៅ​អភិវឌ្ឍន៍​អ្វី​ផ្សេង​ វា​នឹង​ប៉​ពាល់​ខ្លាំង​ដល់​ការផលិត​អំបិល​តំបន់​ដែល​ជា​កេរ្តិ៍​ខ្មែរយើង​ ព្រោះ​ដំ​លៃ​ដី​នា​ពេល​បច្ចុ​បប្ប​ន្ន​កាន់តែ​ឡើងថ្លៃ​ ។

លោក​បន្ត​ថា​ “បើ​រដ្ឋ​មាន​វិធី​សាស្រ្ត​ណាមួយ​ជួយ​ពួកគេ​ក្នុង​ការទប់ស្កាត់​ក្នុង​ការ​រក្សា​ស្រែអំបិល​ទាំងនេះ​បាន​ គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ព្រោះ​វា​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​ ហើយក៏​អាច​រក្សា​អត្តសញ្ញាណ​របស់​យើង​បាន​ដែរ​”។

លោក​បាន​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​គួរតែ​មានការ​ផ្តល់​ជំនួយ​ណាមួយ​ដើម្បី​ជួយ​សម្រួល​ដល់​កសិករ​ស្រែអំបិល​ទាំងនោះ​ឱ្យ​មានលទ្ធភាព​ផលិត​អំបិល​ បើ​មិន​ចឹង​ទេ​ គឺ​មិន​អាច​ទប់​ជាប់​នៃ​ការ​ទន្រ្ទាន​ចូល​ទៅ​ទិញ​ដី​នៅ​ទីនោះ​ បើ​កសិករ​អាច​លក់​ដី​យក​លុយ​ទៅ​ប្រកបមុខរបរ​ផ្សេង​ វា​នឹង​បាត់បង់​នូវ​អត្តសញ្ញាណ​ស្រែអំបិល​នៅក្នុង​ខេត្ត​នេះ​ហើយ​”។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​កំពត​កាលពី​កន្លងមក​នេះ​បាន​មានប្រសាសន៍​ថា​ ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​ អំបិល​កំពត​-កែប​នៅពេល​បច្ចុប្បន្ន​ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ​។

ប្រសិនបើ​មាន​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​ផ្នែក​ខាង​អំបិល​រ៉ែ​ រដ្ឋបាល​ខេត្តកំពត​ស្វាគមន៍​និង​សហការ​ ដើម្បី​ទាញ​យក​អំបិល​មក​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​បូមទឹក​សមុទ្រ​ហាល​ជាច្រើន​ថ្ងៃ​នោះ​។

លោក​បន្ត​ថា​ ឆ្នាំ២០១៨​ កន្លងមក​ អំបិលដែល​ផលិត​បាន​មាន​បរិមាណ​តិចតួច​បំផុត​ គឺ​ប្រហែល​ពី​បី​ពាន់​ទៅ​បួន​ពាន់​តោន​ប៉ុណ្ណោះ​ ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល​។ អំបិលដែល​នៅ​សេសសល់​ពី​ឆ្នាំ​មុន​ៗប្រមាណ​មួយ​សែន​តោន​នោះ​ គឺ​បាន​ប្រើប្រាស់​អស់ទាំង​ស្រុង​ រហូត​មានការ​នាំចូល​មក​ពី​ប្រទេស​ប្រទេសក្រៅ​ ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗត្រូវការ​ប្រើប្រាស់​មួយ​សែន​តោន​សម្រាប់​ទូទាំង​ប្រទេស​។

ដូច្នេះ​ បើសិនជា​ផលិត​មិនបាន​មួយ​សែន​តោន​នោះ​ការ​ផ្គត់ផ្គង់​អំបិល​មិន​គ្រប់​តាម​តម្រូវការ​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​ធាតុអាកាស​ល្អ​ ជាមួយនឹង​ចំនួន​ស្រែអំបិល​ដែល​មាននៅ​ខេត្តកំពត​ និង​ខេត្ត​កែប​ ជាង​បួន​ពាន់​ហិ​កតា​ គឺ​អាច​ផលិត​បាន​ពី​មួយ​សែន​ប្រាំ​ម៉ឺន​តោន​ទៅ​មួយ​សែន​ប្រាំមួយ​ម៉ឺន​តោន​៕

រដ្ឋាភិបាល​ជប៉ុន​លើកទឹកចិត្ត​ជនជាតិ​របស់​ខ្លួន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​នឹង​ព្យាយាម​ជំរុញ​ និង​លើកទឹកចិត្ត​ជនជាតិ​ជប៉ុន​ឱ្យមក​ទេសចរណ៍​ ជាពិសេស​បង្កើត​កិច្ចសហការ​ជា​ដៃគូ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​កាន់តែ​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ខណៈ​ដែល​កម្ពុជា​គឺជា​គោលដៅ​វិនិយោគ​ទីមួយ​របស់​ជប៉ុន​ ជាមួយនឹង​ក្ដី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ឱកាស​ចំណេញ​ច្រើន​ត្រឡប់ទៅវិញ​។

មន្រ្តី​ជាន់់​ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មានឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ប្រកបដោយ​ក្តី​សង្ឃឹម​ ហើយ​ជប៉ុន​ប្តេជ្ញា​នឹង​ជំរុញ​លំហូរ​ទេសចរ​ និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ការប្រកាស​ជំហរ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​បែបនេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​មហោស្រព​កម្ពុជា​ឆ្នាំ២០១៩​ (Cambodia​ Festival​ 2019​) ប្រទេស​ជប៉ុន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ នៅ​សួន​ Yoyogi​ ទីក្រុង​តូក្យូ​ ក្រោម​កិច្ចសហការ​រៀបចំ​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​ ក្រសួងវប្បធម៌​ វិចិត្រ​សិល្បៈ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​។

លោក​ Kenji​ YAMADA​ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​ការបរទេស​ជប៉ុន​ បាន​ថ្លែង​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ក្រោម​ពន្លឺ​នៃ​សុខ​សន្តិភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​ប្រទេស​ដែល​មានឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ និង​សម្បូរ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង​ ប្រកប​ដោយសក្តានុពល​ និង​ប្រកបដោយ​ក្តី​សង្ឃឹម​ ហើយ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដ៏​យូរលង់​រវាង​ប្រទេស​ទាំងពីរ​ ជប៉ុន​ប្តេជ្ញា​ជំរុញ​លំហូរ​ទេសចរ​ និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។

គិត​ត្រឹម​ដើមឆ្នាំ២០១៩​ ក្រុមហ៊ុន​ជប៉ុន​ តូច​-ធំ​ បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ជំនួញ​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​ជាង២០០០ក្រុមហ៊ុន​ ដែល​មាន​ទំហំ​វិនិយោគ​ប្រមាណ២​,៥ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ និង​ជា​អ្នក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ជាទូទៅ​ ជនជាតិ​ជប៉ុន​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ជាតិ​ជា​សាសន៍​មួយ​ដែល​មាន​ភាព​ទៀងត្រង់​ និង​មានការ​វិភាគ​ សិក្សា​យ៉ាង​ស៊ីជម្រៅ​ ច្បាស់លាស់​មុន​ពេល​សម្រេចចិត្ត​វិនិយោគ​ ឬសហការ​ធ្វើជំនួញ​ជាមួយ​ប្រទេស​ណាមួយ​។ នៅក្នុង​ន័យ​នេះ​ វា​ជា​រឿង​ល្អ​សម្រាប់​ការ​បង្ហាញ​វត្តមាន​កាន់តែ​ច្រើន​ របស់​អ្នក​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ បានន័យ​ថា​ពួកគេ​មានទំនុក​ចិត្ត​ខ្ពស់​ជាមួយ​កម្ពុជា​»។

យ៉ាងណាក៏ដោយ​ បើ​ទោះជា​ចំនួន​ក្រុមហ៊ុន​ជប៉ុន​ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាងច្រើន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ​ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា​ វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ ព្រោះ​ភាគច្រើន​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​វិនិយោគ​ ស្ថិតនៅ​ក្នុង​ទ្រង់ទ្រាយ​ជា​ឧស្សាហកម្ម​កម្រិត​ស្រាល​នៅឡើយ​ ដែល​ហាក់​មិនទាន់​ឃើញ​មានការ​វិនិយោគ​ក្នុង​គម្រោង​ធំដុំ​នៅឡើយ​ ក្រៅតែ​ពី​ផ្សារ​ទំនើប​ AEON​ និង​គម្រោង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​មួយចំនួន​តូច​តែប៉ុណ្ណោះ​។

ឆ្នាំ២០១៩នេះ​ គឺជា​ខួប​លើក​ទី៦៦​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​-ជប៉ុន​ ហើយ​បច្ចុប្បន្ន​ជប៉ុន​ មិន​ត្រឹមតែ​មាន​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះទេ​ តែ​ក៏​មាន​ស្ថាន​កុង​សុល​នៅ​ខេត្តសៀមរាប​ផង​ដែរ​។

កាលពី​ឆ្នាំ២០១៨​ កន្លងទៅ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង៦.២​ លាន​នាក់​ ក្នុង​កំណើន១០.៧​ ភាគរយ​ ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង២១​ ម៉ឺន​នាក់​ ក្នុង​កំណើន​ ៣.៥​ ភាគរយ​។ គិត​ក្នុងរយៈពេល២ខែ​ ដើមឆ្នាំ​ ២០១៩​ នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង១.២លាន​នាក់​ ក្នុង​នោះ​ទេសចរ​ជប៉ុន​ជិត៤ម៉ឺន​នាក់​ ក្នុង​កំណើន​ ៣.១​ ភាគរយ​។ ទេសចរ​ជប៉ុន​តែង​ស្ថិត​ក្នុងចំណោម​ប្រភព​ ទីផ្សារ​ទេស​ចរ​ណ៍​ធំៗ​ទាំង១០របស់​កម្ពុជា​។ ក្នុង​ឆ្នាំ២០១៩នេះ​ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​ជប៉ុន​ប្រមាណ​ជាង២៣ម៉ឺន​នាក់​ផង​ដែរ​៕

ខេត្តបាត់ដំបង​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​លេខ១៣​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​ខេត្តបាត់ដំបង​ បាន​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​លេខ១៣​ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង៩៣នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ វាយតម្លៃ​ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​ឈ្មោះថា​ YouDiscover​ ។

ជាមួយគ្នា​នេះ​ក្រុង​សៀមរាប​ ជាគោល​ដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ឈរ​លេខ១​ ទីក្រុង​បាងកក​ ឈរ​លេខ២​ ទីក្រុង​សិង្ហបុរី​ឈរ​ លេខ៣​ និង​ រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់​លេខ៤​។

លោក​ អ៊ុច​ អ៊ំ​ភី​នី​ស្សា​រ៉ា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​ឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ ជាមួយ​មោទនភាព​នេះ​ ដោយសារ​ការ​យកចិត្ត​ទុកដាក់​របស់​ លោក​អភិបាលខេត្ត​ និង​ស្ថាប័ន​ជំនាញ​ នានា​បាន​ជួយ​ជំរុញ​ឱ្យ​ខេត្តបាត់ដំបង​ ក្លាយ​ជា​ខេត្ត​ មួយ​ដែល​គួរ​ជាទី​កក់ក្តៅ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​។

លោក​បន្ត​ថា​ រដ្ឋបាល​ខេត្ត​សហការ​ យ៉ាង​ស្អិត​រមួត​ជាមួយ​អង្គភាព​ និង​មន្ទីរ​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ បាន​ខិតខំ​អភិវឌ្ឍ​ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​ នានា​ព្រមទាំង​បាន​រៀបចំ​ និង​បង្កើត​នូវ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ជាច្រើន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​ក្នុង​ខេត្ត​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តបាត់ដំបង​ទាំងមូល​ ។

មិន​តែប៉ុណ្ណោះ​ រដ្ឋបាល​ខេត្ត​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះ​ការរៀបចំ​ថែរក្សា​ អនាម័យ​ បរិស្ថាន​ ការគ្រប់គ្រង​កាកសំណល់​ ការ​បញ្រ្ជាប​ការយល់​ ដឹង​ដល់​ប្រ​ជពលរដ្ឋ​ឱ្យ​ចូលរួម​ ធ្វើការ​ដាំដុះ​ដើមឈើ​បង្កើន​នូវ​តំបន់​បៃតង​ កត្តា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទា​ទ្រទ្រង់​វិស័យ​ទេសចរណ៍​។

ជាក់ស្តែង​កន្លងមក​នេះ​ ក្រុង​បាត់ដំបង​បាន​ទទួល​សមិទ្ធផល​សំ​ខាន់​ៗ ដូចជា​ ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី១​ និង​លើក​ទី២​ ផ្ការំដួល៣ទង​ ចំណាត់ថ្នាក់​លេខ១ជាប់​ជ័យលាភី​ឡា​ប៊ិល​ ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី១​ (២០១៨​-២០២០​) ជាប់​ជ័យលាភី​និរន្តរភាព​ទីក្រុង​អាស៊ាន​ក្នុង​ឆ្នាំ២០១៤​ ជា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​សប្បាយ​ច្រើនជាង​គេ​ នៅ​កម្ពុជា​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ២០១៩​។ ជាប់​ជាទី​ក្រុង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ឈរ​លើ​លំដាប់​លេខ១៣​ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង៩៣​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (វាយតម្លៃ​ដោយ​ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​ របស់​អាល្លឺ​ម៉ង​មួយ​ មានឈ្មោះ​ថា​ YOU​ DICOVER​) និង​ពានរង្វាន់​ជាច្រើន​ទៀត​។

លោក​ប្រធានមន្ទីរ​បាន​បន្ត​ថា​ ​;មិន​តែប៉ុណ្ណោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ទូទាំង​ខេត្តបាត់ដំបង​ តែង​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង​សំ​ខាន់​ៗជាច្រើន​ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​មាន​ដូចជា​ ស្តង់​ដា​សណ្ឋាគារ​បៃតង​ ពានរង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ រមណីយដ្ឋាន​ទេសចរណ៍​គំរូ​សហគមន៍​ទេសចរណ៍​ គំរូ​មេដាយ​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ មេដាយ​អ្នកជំនាញ​ឆ្នើម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ជាដើម​ ដែល​ជា​សញ្ញា​មួយ​បង្ហាញថា​ ខេត្តបាត់ដំបង​ផ្តល់​សេវាកម្ម​ក្នុង​កម្រិត​ស្តង់​ដា​ដ៏​ប្រសើរ​ និង​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​អន្តរជាតិ​ ។ កក្តា​ទាំងនេះ​ហើយ​ បាន​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ព្រម​ជាមួយគ្នា​នេះ​ ក្រុង​បាត់ដំបង​កំពុង​នឹង​ត្រៀមខ្លួន​ បញ្ចូល​ជាទី​ក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេស្កូ​នា​ពេល​ខាងមុខ​នេះ​​ដែរ​ ដែល​ជា​កាតាលីករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​ទេសចរណ៍​យ៉ាងច្រើន​ នា​ពេល​ខាងមុខ​បន្ត​ទៀត​៕