ក្រុមហ៊ុន​ Royal​ Group​ បោះទុន​រាប់​រយ​លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅក្នុង​ខ័ណ្ឌ​ទួលគោក​

0

ដោយ​នៅ​ វឌ្ឍនា​

​ភ្នំ​ពេញៈ​ ក្រុមហ៊ុន​Royal​ Group​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​លើ​ផ្ទៃដីជិត​១ហិ​កតា​ ដែល​អាច​នឹង​ចំណាយ​ទឹកប្រាក់​វិនិយោគ​រហូតដល់​រាប់​រយ​លាន​ដុល្លារ​នៅក្នុង​ខ័ណ្ឌ​ទួលគោក​។

ការ​បើ​កសម្ភោ​ធគំរោង​ (Royal​ Platinum​) ធ្វើឡើង​ក្រោម​ការចូលរួម​ពី​អ្នកឧកញ៉ា​ គិត​ ម៉េ​ងអគ្គនាយក​ក្រុមហ៊ុន​Royal​ Group​ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ Hong​ Lai​ Huat​ របស់​ប្រទេស​សិង្ហបុរី​នា​ព្រឹក​ថ្ងៃទី៧​ ឧសភា​នេះ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​ មាន​ផ្ទៃក្រឡា​សំណង់​​​ ១០ម៉ឺនម៉ែត្រការ៉េ ហើយគម្រោង​អភិវឌ្ឍ​នេះ​នឹង​បង្កើត​ឱកាស​ដល់​ប្រជាជន​ ទាំង​ការសាងសង់​លំនៅ​ដ្ឋាន​ និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​ បង្កើត​ការងារ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​ នៅ​ចំណុច​កណ្តាល​នៃ​ទីក្រុង​ដ៏​រីកចម្រើន​មួយ​នេះ​។

គំរោង​នេះ​រួមមាន​ ប្រភេទ​ផ្ទះ​អា​ផា​តមិន៨៥១ខ្នង​ និង​ផ្ទះ​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន៥០ខ្នង​នឹង​ត្រូវ​បាន​សាងសង់​ លើ​ដី​អភិវឌ្ឍន៍​ដែល​មានឈ្មោះ​ថា​ រ៉ូ​យ៉ា​ល់​ផ្លា​ទី​នីម​ (Royal​ Platinum​)។ ហាង​លក់ទំនិញ​ ដែល​ស្ថិត​លើ​ ផ្លូវ​ក្នុង​បុរី​ នឹង​មាន​ ភាព​ទាក់ទាញ​ដល់​អាជីវករ​ និង​ជា​កន្លែង​ដែល​ផ្តល់​សេវា​ បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម​ លើ​យីហោ​អន្តរ​ជា​តិ​ល្បី​ៗ ក៏ដូចជា​បំពាក់​នូវ​ទំនិញ​ថ្មី​ចម្រុះ​ជាច្រើន​ប្រភេទ​រួមមាន​៖ ភោជនីយដ្ឋាន​ សំលៀកបំពាក់​ ជាដើម​ -ល-។

យោង​តាម​ការប្រកាស​របស់​ក្រុមហ៊ុន​ Royal​ Group​ បាន​បញ្ជាក់​ថា​ សំណង់​អគារ​លំនៅ​ដ្ឋាន​ និង​ស្តង់​លក់ទំនិញ​នេះ​ នឹង​ត្រូវ​បាន​ចាប់ផ្តើម​ដាក់​លក់​នៅ​ខែមិថុនា​ឆ្នាំនេះ​ ជាមួយនឹង​ការសាងសង់​ដែល​រំពឹង​ថា​ នឹង​ត្រូវ​បាន​បញ្ចប់​ក្នុងរយៈពេល២ឆ្នាំ​កន្លះ​។

នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Royal​ Group​ លោក​ Mark​ Hanna​ បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា​ ការ​អភិវឌ្ឍ​នេះ​មាន​សារៈសំខាន់​ប្រកបដោយ​ភាព​រីកចម្រើន​ ក្នុង​តំបន់​ទួលគោក​ ដែល​ជា​តំបន់​ដ៏​សម្បូរ​បែប​មួយ​ នៅ​ចំណុច​កណ្តាល​ទីក្រុង​។

លោក​បន្ថែម​ថា​ «ពួក​យើង​ជឿជាក់​ថា​ ការ​អភិវឌ្ឍ​នេះ​ នឹង​ផ្តល់​នូវ​ភាព​ទំនើប​ទាក់ទាញ​ ក្នុង​ការរស់នៅ​ដល់​ក្រុម​គ្រួសារ​ និង​បរិយាកាស​ធ្វើការងារ​ សម្រាប់​អាជីវកម្ម​ធុន​តូច​ និង​មធ្យម​ ដ៏​មាន​សក្តា​នុ​ពល​ជាមួយ​ នឹង​ការិយាល័យ​កា​រងា​រដ៍​ទំនើប​។ ការ​អភិវឌ្ឍ​នេះ​ ក៏​នឹង​ផ្តល់​នូវ​ជម្រើស​ក្នុង​ការទិញ​ទំនិញ​ដ៏​ច្រើន​ និង​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ រួមបញ្ចូល​ទាំង​ហាងទំនិញ​ក្នុង​បុរី​ ភោជនីយដ្ឋាន​ ក្លឹប​ហាត់ប្រាណ​ជាដើម​»៕

អ្នកជំនាញ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ និង​ភ្នាក់​អចលនវត្ថុ​ទាំងអស់​ត្រូវ​មាន​វិជ្ជាជីវៈ​ខ្ពស់​

0

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មានការ​អភិវឌ្ឍន៍​ខ្លាំង​ ក្រុម​អ្នកជំនាញ​និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អ្នកប្រតិបត្តិ​ក្នុង​វិប​ស័យ​នេះ​ ត្រូវ​មាន​ក្រម​សីល​ធ៌ម​ និង​គោរព​វិជ្ជាជីវៈ​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ធ្វើឡើង​ប្រកបដោយ​និរន្តរភាព​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី៦​ ឧសភា​កន្លងមក​ ដោយ​បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​ ជាមួយនឹង​ការ​ស្នើសុំ​ក្រុមហ៊ុន​ ក៏ដូចជា​ភ្នាក់ងារ​អចលនវត្ថុ​ទាំងអស់​ចូលរួម​គោរព​តាម​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់​ ដើម្បី​ទទួល​បាន​ទំនុក​ពីសំណាក់​អ្នក​វិនិយោគ​ និង​លើកកម្ពស់​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​។

​លោកស្រី​បាន​បន្ត​ថា​ “យើង​សាទរ​ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដូច​ពេល​បច្ចុប្បន្ន​នេះ​ ប៉ុន្តែ​នៅក្នុង​នោះ​ក៏​នៅ​មាន​អង្គភាព​ ឬក្រុមហ៊ុន​មួយចំនួន​តូច​ហាក់​មិនទាន់​បាន​បំពេញ​សិទ្ធិ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ស្របច្បាប់​ក្នុងនាម​ជា​ភ្នាក់ងារ​លើ​វិស័យ​មួយ​នេះ​នៅឡើយ​ ហើយ​មិនទាន់​អនុវត្ត​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​នោះ​ទេ​។ ជាក់ស្ដែងដូចជាការពីពេលកន្លងទៅនេះ នៅខេត្តព្រះសីហនុ មានជនខិលខូចមួយចំនួនបានតាំងខ្លួនជាភ្នាក់ងារ និងជាក្រុមហ៊ុនលក់ដីខ្យល់ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនទៅឱ្យអតិថិជន រហូតកើតមានបញ្ហាវិវាទ ប្ដឹងផ្តល់ដល់ប្រព័ន្ធតុលាការ”។ លោកស្រី​បន្ត​ថា​ “ក្នុងនាម​ជា​អ្នកតំណាង​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ សូម​ស្នើ​ដល់​អ្នក​ដែល​កំពុងតែ​ប្រកប​ជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​ ជាពិសេស​ភ្នាក់ងារ​អចលនទ្រព្យ​តែម្ដង​ ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​មាន​ឧត្តមា​នភា​ព និង​តម្លាភាព​ក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​”។

ជា​ការចូលរួម​បង្កើន​សមត្ថភាព​ និង​ចំណេះដឹង​ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ តប​តាម​ការ​ចង់បាន​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ន​នេះ​ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​និង​កំពុង​សហការ​ជាមួយ​សាកល​វិទ្យា​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បង្កើត​វគ្គ​បណ្តុះបណ្តាល​ ផ្តល់​ចំណេះដឹង​ក្នុងនាម​ជា​អ្នកជំនាញ​អចលនទ្រព្យ​បាន​ចំនួន៣ជំនាន់​រួចមក​ហើយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ពិតជា​មាន​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​មួយចំនួន​មិនបាន​ធ្វើឡើង​ទៅតាម​គោលការណ៍​ដែល​កំណត់ដោយច្បាប់​នៅឡើយ​ ប៉ុន្តែ​វា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ បើ​ទោះជា​វា​មាន​ចំនួន​តិចតួច​ពិតមែន​ ប៉ុន្តែ​វា​ពិតជា​ជះឥទ្ធិពល​ និង​បង្ក​ហានិភ័យ​នៅក្នុង​វិស័យ​មួយ​នេះ​»។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ “បើ​ចំពោះ​អ្នក​វិ​និ​យោ​គធំៗ​ដែល​មានបទពិសោធន៍​ក្នុង​វិស័យ​នេះ​ហាក់​មិន​មាន​បញ្ហា​ជាមួយ​ភ្នាក់ងារ​ ឬក្រុម​ហ៊ុន​តូច​ៗដែល​មិន​ស្របច្បាប់​នោះ​ទេ​ ដោយសារតែ​អ្នក​វិ​និ​យោ​គធំៗ​ទាំងនោះ​ក៏​មាន​ជំនាញ​ និង​បទពិសោធន៍​នៅក្នុង​វិស័យ​មួយ​នេះ​រួច​ទៅ​ហើយ​”។លោក​បន្ត​ថា​ “អ្វី​ដែល​ប៉ះពាល់​ និង​កើតមាន​ហានិភ័យ​ខ្ពស់​នោះ​ គឺ​អតិថិជន​កម្រិតទាប​ដែល​មិនធ្លាប់​មានចំណេះ​ដឹង​ក្នុង​វិស័យ​នេះ​ ឧទាហរណ៍​ ដូចជា​អ្នកទិញ​គម្រោង​លំនៅ​ដ្ឋាន​កម្រិតទាប​ ដែល​មិនមែន​ជា​ការ​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ស្របច្បាប់​ អ្នក​ដែល​ទិញ​ដី​ដោយ​មិនបាន​ស្គាល់​ពី​សាវ​តា​របស់​ក្រុមហ៊ុន​ ក៏ដូចជា​អ្នកទិញ​គម្រោង​ដី​ឡូ​តិ៍​មួយចំនួន​តូច​ជាដើម​”។

ជា​ការចូលរួម​ចំណែក​ក្នុង​ការ​បញ្ចៀស​ហានិភ័យ​ក្នុង​វិស័យ​មួយ​នេះ​ លោក​ឧកញ៉ា​ក៏បាន​ទទូច​ឱ្យ​បណ្តា​ភ្នាក់ងារ​ដែល​កំពុងតែ​មាន​សកម្មភាព​ គួរតែ​មានការ​សិក្សា​បន្ថែម​ឱ្យ​បាន​ច្បាស់​ពាក់ព័ន្ធ​ទៅ​នឹង​ចំណេះដឹង​ និង​វិជ្ជាជីវៈ​ក្នុងនាម​ជា​អ្នកជំនាញ​ ជាពិសេស​ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​របស់​ខ្លួន​។ ដោយឡែក​ចំពោះ​អតិថិជន​ក៏​គួរ​ធ្វើការ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​សាវ​តា​របស់​ក្រុមហ៊ុន​ដែល​ភ្នាក់ងារ​ ជៀសវាង​មានការ​ខាតបង់​ផលប្រយោជន៍​ក្រោយពេល​សម្រេចចិត្ត​ទិញ​៕

ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​ចំនួន​ពីរ​ថា​ វិស័យ​អចលនទ្រព្យ​ចូល​ចំណែក​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​

0
រូបភាពសំណងអគារធំៗ និងខ្ពស់ៗ នៅក្នុងរាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វិរៈ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​ពីរ​ គឺ​ធនាគារពិភពលោក ​(World​ Bank​) និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​(IMF​)បាន​បង្ហាញ​នូវ​ការ​ព្យាក​រំ​ណ៍​ស្របគ្នា​ថា​វិស័យ​អចលនទ្រព្យ​ កំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​។

ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ពីរ​ ទាក់ទង​នឹង​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​ ធនាគារពិភពលោក ​(World​ bank​) បាន​កាល​ពី​ថ្មី​ៗនេះ​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច៧​,៥ភាគរយ​ នៅក្នុង​ឆ្នាំ២០១៨​ ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​។

ជាមួយគ្នា​នេះ​របាយការណ៍​នៃ​លំហូរ​ទុន​ អចលនទ្រព្យ​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ (IMF​) ដែល​បាន​ចេញផ្សាយ​កាលពី​ខែធ្នូ​ បាន​ក៏បាន​បញ្ជាក់ឲ្យឃើញថា​ ទុន​វិនិយោគ​បាន​បន្ត​លំហូរ​ចូលក្នុង​វិស័យ​សំណង់​យ៉ាង​មាន​លំនឹង​។

របាយការណ៍​របស់​ធនាគារពិភពលោក​បញ្ជាក់​ថា​ “ក្រៅពី​វិស័យ​នាំចេញ​របស់​ផលិតផល​សម្លៀកបំពាក់​ ស្បែកជើង​ និង​មុខទំនិញ​ធ្វើដំណើរ​ វិស័យ​សំណង់​ អចលនទ្រព្យ​ និង​ទេសចរណ៍​សរុបគ្នា​មក​មាន​ចំណែក៦០ភាគរយ​ នៃ​ចំនួន​គម្រោង​វិនិយោគ​ទាំងអស់​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ២០១៨​។ ការផលិត​សម្ភារ​ផ្គត់ផ្គង់​ការសាងសង់​ ដែក​គ្រឿង​សង្ហា​រឹម​ និង​ផលិតផល​ថ្នាំ​ស្មី​ក ក៏​មានការ​កើនឡើង​យ៉ាង​លឿន​ដែរ​ ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​របស់​វិស័យ​សំណង់​”។

ស្រប​ពេល​របាយការណ៍​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ និង​អ្នកជំនាញ​ បង្ហាញ​ផង​ដែរ​ថា​ វិស័យ​ធនាគារ​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ដោយសារ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​។

របាយការណ៍​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិនេះ​បានឱ្យ​ដឹង​ថា​ “កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ដែល​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​មានកម្រិត​ជាមធ្យម​ ប្រហែល៣៥ភាគរយ​ចាប់តាំងពី​ឆ្នាំ២០១៦​ ដែល​ជំរុញ​ដោយ​ធនាគារ​មួយចំនួន​”។

របាយការណ៍​បង្ហាញ​ផង​ដែរ​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ស្រុក​ ដើម្បី​ឈានជើង​ចូល​ទីផ្សារ​ ហើយ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ចាំបាច់​ត្រូវ​ធ្វើ​នៅពេលអនាគត​។

លោក​ Shin​ Chang​ Moo​ ប្រធាន​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​គម្រោង​អភិវឌ្ឍន៍​គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​នៃ​ធនាគារ​”។

លោក​ស្រី​អ៊ី​ហ្គូ​ណា​ ដូ​ប្រា​ចា​ នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ សម្រាប់​ប្រទេស​កម្ពុជា​ មានប្រសាសន៍​ថា​ “ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ ដល់​បរិយាកាស​វិនិយោគ​ និង​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ព្រមទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត​ សុទ្ធតែ​ជាអាទិភាព​គន្លឹះ​ សម្រាប់​រក្សា​កំនើន​ខ្លាំង​ ក្នុងរយៈពេល​មធ្យម​”។

លោកស្រី​បន្ត​ថា​ “ភ័ស្តុតាង​នានា​បាន​រំលេច​ឲ្យ​ឃើញថា​ ការ​វិនិយោគ​ទៅលើ​លើ​ប្រជាជន​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការ​វិនិយោគ​ទៅលើ​ ប្រជាជន​ និង​ការ​កែ​លម្អ​គុណភាព​ នៃ​មូលធន​មនុស្ស​របស់​កម្ពុជា​ គួរតែ​បន្ត​នៅជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នា​របស់​កម្ពុជា​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យម​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​លោក​ច្រឹក​ សុ​ខនីម បាន​ថ្លែង​ថា​ និយាយ​អចលនទ្រព្យ​គឺ​និយាយ​ពី​សេដ្ឋកិច្ច​ ហើយ​វិស័យ​អចលនទ្រព្យ​គឺ​មួយ​ក្នុង​ចំនួន​បង្គោល​សេដ្ឋកិច្ច​។

លោក​បន្ថែម​ថា​ “ស្ថានភាព​អចលនទ្រព្យ​នៅតែ​បន្ត​ភាព​ចម្រើន​ ដោយ​យើង​ក្រឡេក​មើល​ពី​ភាព​រឹង​មុំា​នៃ​សេដ្ឋកិច្ច​ជាតិ​ និង​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស​”។

ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គិតជា​ទឹកប្រាក់​ជាង​ ១,៣៦ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ​នេះ​។ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី៧​ ទៅ៨ភាគរយ​ត្រឡប់មកវិញ​នៃ​ការ​វិនិយោគ​៕

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​៖ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ចាប់ផ្តើម​លេចចេញ​ជារូបរាង​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​អះអាង​ថា​ សេដ្ឋកិច្ច​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​លេច​រូបរាង​ជា​បណ្តើរ​ៗ ដូចជា​ការប្រើ​ប្រាស់​ការ​ទូទាត់​ឌីជីថល​ ការ​កើនឡើង​នៃ​សកម្មភាព​កំសាន្ត​តាម​អន​ឡាញ​ សកម្មភាព​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និក​ជាដើម​។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ កាលពី​ថ្ងៃទី​ ៦ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ លោក​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ឲ្យដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ព្រមទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ ជា​វិស័យ​អាទិភាព​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ដូចដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី៤​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ទោះបី​នៅពេល​នេះ​កម្ពុជា​ ស្ថិតនៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ក៏ដោយ​ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ក្តាប់​យក​នូវ​កាលានុវត្ត​ភាព​ពី​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​ និង​បច្ចេកវិទ្យា​ឌីជីថល​ ដោយ​ឈរ​លើ​មូលដ្ឋាន​មួយចំនួន​ដូចជា​៖ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​មានការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស​, ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​ឆ្លាតវៃ​, ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​តាមរយៈ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​, និង​ឌីជីថល​ភាវូបនីយកម្ម​ដែល​កំពុង​ជៈ​ឥទ្ធិពល​ជា​វិជ្ជមាន​ នៅក្នុង​គ្រប់​វិស័យ​សំ​ខាន់​ៗនៃ​សេដ្ឋកិច្ច​ជាតិ​។

លោក​រដ្ឋមន្ត្រី​ ត្រំាំ​ អ៊ី​វតឹ​ក បាន​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នេះ​ សបញ្ជាក់​ពី​ស្មារតី​នៃ​ការចូលរួម​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​។

លោក​រដ្ឋ​មន្ត្រី​សង្ឈឹម​ថា​អនុស្សរណៈ​នេះ​នឹង​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មី​ៗបន្ថែម​ទៀត​ ក្នុង​ការសម្រេច​នូវ​គោលដៅ​នានា​ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក៏ដូចជា​រួមចំណែក​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ទៅជា​ប្រទេស​អភិវឌ្ឍន៍​នា​ពេល​អនាគត​៕

រដ្ឋមន្ត្រី​ទេសចរណ៍​ដាក់​ផែនការ​សម្រាប់​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំនេះ​នៅ​ខេត្តកំពត​ឱ្យ​បាន​ល្អ​ជាងគេ

0

ដោយ​ វុត្ថា

កំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ដាក់​ផែនការ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ (ជុំ​ទី២​) ​ដែល​នឹង​ត្រូវ​ប្រា​រព្វ​ធ្វើឡើង​នៅក្នុង​អំឡុង​ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នៅក្នុង​ខេត្តកំពត​ឱ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ។

នៅក្នុង​កិច្ចប្រជុំ​រវាង​អភិបាលខេត្ត​កំពត​ និង​អ្នក​ពាក់ព័ន្ធ​កាលពី​ទី៦​ ខែឧសភា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ លោក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​អនុសាសន៍​មួយចំនួន​ រួមមាន​៖ជំរុញ​មានការ​រៀបចំ​ «វិថី​ម្ហូបអាហារ​» ឬហៅ​ថា​ Food​ Street​ នៅ​ទីតាំង​ណាមួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ Food​ Street​ នេះ​ ក៏​ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​ សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។

* ស្នើសុំ​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជួន​ជួយ​ពន្លឿន​ការ​ជួសជុល​ផ្លូវជាតិ​លេខ៣​ ផ្លូវ​មក​ពី​វាលរេញ​ និង​ផ្លូវ​ដទៃទៀត​ ដែល​ភ្ជាប់​មក​ខេត្តកំពត​។

*ស្នើ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ដោយ​បង្កើន​ការ​ធ្វើការ​ និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ និង​វិស្វករ​។

* ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​សម្បូរ​បែប​ ប្រកបដោយ​គុណភាព​ បើ​អាច​ធ្វើ​បាន​ស្នើ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​ផលិតផល​ outlet​ ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​អន្តរជាតិ​ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ​។

នាំគ្នា​ធ្វើឲ្យ​គោលដៅ​ទេសចរណ៍​កំពត​ ជាគោល​ដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ និង​សេវា​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​អន់​គុណភាព​។ នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាន​ ក្នុង​មរ​មណី​យដ្ឋាន​ទេសចរណ៍​នានា​ ត្រូវ​គិតគូរ​លើ​បញ្ហា​អនាម័យ​ចំណីអាហារ​ បដិសណ្ឋារ​កិច្ច​ ការ​ទុកដាក់​សំរាម​ កាក​សំ​ណល់​ផ្សេង​ៗ។

ត្រូវ​បន្ត​បំផុស​ចលនា​ឲ្យ​ប្រជាជន​ចូល​រួម​គ្រប់​ៗគ្នា​ ពិសេស​ចលនា​ «គ្មាន​សំរាម​ក្រោម​តុ​»។ត្រូវ​បង្កើន​យុទ្ធនាការ​បង្គន់​អនាម័យ​ ទាំង​សាធារណៈ​ និង​ឯកជន​ ទៅតាម​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ​។ យើង​ឯកភាព​គ្នា​យក​ខេត្តកំពត​ជា​ខេត្ត​គំរូ​ ខាង​បង្គន់​អនាម័យ​សាធារណៈ​ល្អ​។

* មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ​ ដូចជា​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ ដូចជា​រមណីយ​ដ្ឋាន​កសិ​ទេសចរណ៍​ ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​ រមណីយដ្ឋាន​ភ្នំបូកគោ​ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង​ ឬហៅ​ថា​ កាឡាក់ស៊ី​មី​គី​វ៉េ​យ នៅ​លើ​ភ្នំបូកគោ​។គួរ​រៀបចំ​វាលស្រែ​អំបិល​ឲ្យបាន​ល្អ​ ទុក​សម្រាប់​ទេសចរ​ ស្វែងយល់​ និង​ទស្សនា​។

* ជំរុញ​ឱ្យ​បង្កើត​សកម្មភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ចាប់ពី​ពេលនេះ​តទៅ​អោយ​បាន​សកម្ម​និង​ផុល​ផុលផុស​ពិសេស​អំពី​អនាម័យ​ម្ហូបអាហារ​ ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ​ ដាច់ខាត​ត្រូវ​គិតគូរ​លើ​ភាព​ស្អាត​ និង​បៃតង​។

* ត្រូវ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាជន​ក្នុង​ខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ការ​តុបតែង​លម្អ​លំនៅ​ដ្ឋាន​ និង​ទីធ្លា​រជុំ​វិញ​ផ្ទះ​ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ពិសេស​អាជ្ញាធរ​ក៏​ត្រូវ​រៀបចំ​តុបតែង​លម្អ​ទីក្រុង​ឱ្យ​បាន​ស្អាត​ ប្រកបដោយ​ភាព​ទាក់ទាញ​។ អាជ្ញាធរ​ត្រូវ​គិតគូរ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​ ការ​ចត​យានយន្ត​នៅ​តាមផ្លូវ​ក៏​ត្រូវ​រៀប​ចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប​ មាន​តំបន់​កសិ​ទេសចរណ៍​៕

ហេតុអ្វីយុវជនជំនាន់ក្រោយមានទំនោរចាប់អាជីពក្នុងវិស័យអចលនទ្រព្យកាន់តែច្រើន ?

1

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងនៅកម្ពុជា បច្ចុប្បន្ននេះគេសង្កេតឃើញថាមានបណ្តាយុវជនជាច្រើន បានបង្ហាញពីទំនោរ និងចាប់អារម្មណ៍ងាកទៅប្រឡូកនៅក្នុងវិស័យមួយនេះក្នុងរូបភាពផ្សេងៗគ្នា ដោយក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយមួយចំនួនទៀតក៏មិនទទួលបានផលនោះដែរ ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ថា ៖ «ជាការពិត នៅពេលបច្ចុប្បន្ននេះយើងឃើញមានបណ្តាយុវជនជាច្រើនបានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យមួយនេះពិតប្រាកដមែន ដោយសារតែពួកគាត់យល់ឃើញថា ការងារ ក៏ដូចជាអាជីពក្នុងវិស័យអចលនទ្រព្យអាចផ្តល់ឱកាសល្អច្រើនដល់ពួកគាត់ ជាពិសេស បើទោះជាគាត់មិនមានដើមទុនជាថវិកាក៏ពួកគាត់អាចចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យបានដែរ សំខាន់គឺការតាំងចិត្ត និងព្យាយាមប្រកបដោយភាពស្មោះត្រង់តែប៉ុណ្ណោះ។ មានអ្នកខ្លះ គាត់បានយកបណ្តាញអនឡាយធ្វើជាវិធីសាស្ត្រក្នុងការស្វែងរកទីផ្សារ ឬស្វែងរកអតិថិជន ជាមួយនឹងភាពឆ្លាតវៃ ក្នុងការចាប់យកចំណែកទីផ្សាររបស់ពួកគាត់»។

លោកឧកញ៉ាបានបន្តទៀតថា ៖ «ហេតុផលមួយទៀតដែលជាដើមចមជំរុញឱ្យពួកគាត់ងាកមកចាប់អារម្មណ៍កាន់តែច្រើនក៏ព្រោះតែនិន្នាការនៃវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង ដែលធ្វើឱ្យខ្វះផ្នែកខាងធនធាន និងកម្លាំងក្នុងការលក់ ដូច្នេះពួកគាត់អាចមានឱកាសក្នុងការទទួលបានផលពីការងារទាំងនេះតាមរយៈទទួលបានកម្រៃជើងសារពីការលក់។ ឧទាហរណ៍ដូចជាការលក់ខុនដូរ លក់ផ្ទះល្វែង ក៏ដូចជាការលក់ដីឡូតិ៍ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងអាជីពមួយនេះ ថ្វីត្បិតតែផ្តល់ឱកាសច្រើនដល់ពួកគាត់ទទួលបានប្រាក់ចំណេញច្រើន តែក៏ទាមទារ និងតម្រូវឱ្យពួកគាត់មានភាពស្មោះត្រង់ជាចាំបាច់»។

អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី តាំង ហួរ បានទទួលស្គាល់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យពិតជាមានកម្លាំងយុវជនជាច្រើនចូលរួមពិតមែន ហើយក៏មានអ្នកខ្លះឈានទៅដល់ការបើកជាក្រុមហ៊ុនស្របច្បាប់ ហើយអ្នកខ្លះក៏មិនស្របច្បាប់។

លោកស្រីបានបន្តទៀតថា ៖ «ដោយសារតែការងារនៅក្នុងវិស័យអចលនទ្រព្យផ្តល់ឱកាសល្អក្នុងការទទួលបានផលប្រយោជន៍ បច្ចុប្បន្ននេះក៏មានមនុស្សមួយចំនួនបានអនុវត្តខុសពីគោលការណ៍ច្បាប់កំណត់ ដោយតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ ឬជាក្រុមហ៊ុនដែលមិនមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រសួងផងដែរ។ ប្រការនេះអាចធ្វើឱ្យមានហានិភ័យខ្ពស់ចំពោះអតិថិជនក្នុងរូបភាពឆបោកនៅក្នុងវិស័យអចលនទ្រព្យ»។

លោកស្រីបានបន្តទៀតថា ៖ «ថ្វីត្បិតវិស័យនេះអាចផ្តល់ឱកាសល្អជាច្រើនដល់ពួកគាត់ប៉ុន្តែក៏ទាមទារឱ្យមានភាពស្មោះត្រង់ និងអនុវត្តទៅតាមគោលការណ៍ច្បាប់ជាចម្បង។ ដោយឡែកចំពោះអតិថិជន ក៏ត្រូវចេះពិនិត្យមើលទៅលើអត្តសញ្ញាណរបស់បុគ្គលដែលជាភ្នាក់ងារ ថាតើមានក្រុមហ៊ុនស្របច្បាប់ពិតប្រាកដឬទេ មានឯកសណ្ឋាន និងប័ណ្ណបញ្ជាក់ពីក្រុមហ៊ុន ឬទេ ចៀសវាងចាញ់ការបោកបញ្ឆោតរបស់ជនខិលខូចដែលតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ» ។

លោក វិន ឈុនហ៊ាត ដែលធ្លាប់បម្រើការងារជាអ្នកសរសេរព័ត៌មានបានផ្លាស់ប្ដូរមុខជំនាញ និអាជីពទៅជាផ្នែកមួយនៃវិស័យអចលនទ្រព្យផងដែរក្នុងនាមជាភ្នាក់ងារលក់ដីឡូតិ៍។ លោកបានប្រាប់ឱ្យដឹងថា ៖ «ចំពោះការសម្រេចចិត្តបញ្ចប់ការងារជាអ្នកសរសេរព័ត៌មានដោយប្ដូរជាមួយប្រាក់ខែត្រឹម៥០០-៦០០ដុល្លារក្នុងមួយខែគឺមិនអាចផ្គត់ផ្គង់ និងទប់ទល់ជាមួយនឹងការចំណាយបានទេ។ ប៉ុន្តែចំពោះការងារជាភ្នាក់ងារជាអ្នកលក់ដីឡូតិ៍ ថ្វីត្បិតហត់នឿយ និងត្រូវប្រឈមជាមួយកម្ដៅថ្ងៃខ្លាំងបន្តិចមែន ប៉ុន្តែអាចមានឱកាសទទួលបានប្រយោជន៍ត្រឡប់មកវិញគិតជាមធ្យមក៏បាន ២៥០០-៣០០០ដុល្លារក្នុងមួយខែដែរ ហើយម៉្យាងការងារ និងអាជីពមួយនេះមិនតម្រូវចំណាយដើមទុនក្រៅតែពីការព្យាយាមតែប៉ុណ្ណោះ»។

លោកបញ្ជាក់ បន្ទាប់ពីសន្សំថវិកាដែលទទួលបានពីកម្រៃជើងសារនៃការលក់ដីឡូតិ៍នេះ លោកនឹងបន្តចូលខ្លួនធ្វើការវិនិយោគខ្នាតតូចនៅក្នុងវិស័យមួយនេះ ខណៈដែលលោកបានគិតថា វិស័យមួយនេះនៅតែផ្តល់ឱកាសវិជ្ជមានចំពោះរូបលោក៕

IMF​ សរសើរ​ពី​បរិ​យ៉ា​ប័ន​ហិរញ្ញវត្ថុ​ និង​ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​

0

ដោយ​ ដន​

ភ្នំ​ពេញៈ​ មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ ​(IMF​) បាន​កោតសរសើរ​ដល់​បោះជំហាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​បរិ​យ៉ា​ប័ន​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ លោកស្រី​ Christine​ Lagarde​ នាយក​គ្រប់គ្រង​របស់​ IMF​ បាន​ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​ “វេទិកា​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​”នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃសុក្រ​។

លោកស្រី​បាន​កត់សម្គាល់​ឃើញថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​របស់​កម្ពុជា​ តាមរយៈ​ភាពជា​ដៃគូ​នៃ​វិស័យ​សាធារណៈ​ និង​ឯកជន​គឺ​មានការ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

លោកស្រី​បន្ត​ថា​ “ប្រជាពលរដ្ឋ​ជាច្រើន​ មិនដែល​មាន​គណនី​ធនាគារ​ទេពី​មុន​មក​។ ឥឡូវនេះ​ពួកគេ​អាច​សន្សំប្រាក់​សម្រាប់​​ពេល​អនាគត​ ហើយ​ប្រហែលជា​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​ធនាគារ​ ឫគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​”។

លោកស្រី​បន្ថែម​ថា​ “ទាំងនេះ​គឺជា​គំនិត​ដែល​អាច​ដំណើរការ​នៅ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​ប្រទេស​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ​ ក្នុង​ការ​ធ្វើជា​ដៃគូ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​”។

លំនឹង​លំហូរ​ទុន​អចលនទ្រព្យ​លំហូរ​របាយការណ៍​របស់ ​IMF​ ដែល​បាន​ចេញផ្សាយ​កាលពី​ខែធ្នូ​បាន​រក​ឃើញថា​ ដើមទុន​បាន​បន្ត​លំហូរ​ចូលក្នុង​វិស័យ​សំណង់​យ៉ាង​។

ការ​វិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គិតជា​ទឹកប្រាក់​ជាង​ ១,៣៦ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ​នេះ​។ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី៧​ ទៅ៨ភាគរយ​ត្រឡប់មកវិញ​នៃ​ការ​វិនិយោគ​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​មានកម្រិត​ជាមធ្យម​ប្រហែល៣៥ភាគរយ​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ដែល​ជំរុញ​ដោយ​ធនាគារ​មួយចំនួន​”។

របាយការណ៍​បង្ហាញ​ផង​ដែរ​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ស្រុក​ ដើម្បី​ឈានជើង​ចូល​ទីផ្សារ​ ហើយ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ចាំបាច់​ត្រូវ​ធ្វើ​នៅពេលអនាគត​។

វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ដោយសារ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ Shin​ Chang​ Moo​ ប្រធាន​ធនាគារ​ ភ្នំពេញ​ ពាណិជ្ជ​ ​បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​គម្រោង​អភិវឌ្ឍន៍​គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​នៃ​ធនាគារ​”៕

ចំណេះដឹង​! តើ​អ្វី​ជា​ម៉ាក​សមូហភាព​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ម៉ាក​សមូហភាព​ គឺជា​សញ្ញា​ដែល​មើលឃើញ​ សំដៅ​ប្រើ​ក្នុង​ការ​ដាក់ពាក្យសុំ​ចុះបញ្ជី​ ហើយ​អាច​សម្គាល់​នូវ​ប្រភព​ដើម​នៃ​ទំនិញ​ឬសេវា​ ឬសម្គាល់​នូវ​ចរិតលក្ខណៈ​រួម​ដទៃទៀត​ គិត​ទាំង​គុណភាព​នៃ​ទំនិញ​ឬសេវា​ របស់​សហ​គ្រាស​ផ្សេង​ៗគ្នា​ ដែល​ប្រើ​សញ្ញា​នោះ​ ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ម៉ាក​សមូហភាព​ដែល​បាន​ចុះបញ្ជី​។

បែបបទ​នៃ​ការចុះបញ្ជី​ម៉ាក​សមូហភាព​ មាន​ដូច​តទៅៈ​

• ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សមូហភាព​ ត្រូវ​បញ្ជាក់​ថា​ ជា​ម៉ាក​សមូហភាព​ និង​ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បទ​បញ្ញា​រួម​ ស្តី​ពី​ការគ្រប់គ្រង​ ការប្រើ​ប្រាស់​ម៉ាក​សមូហភាព​នោះ​មួយ​ច្បាប់​។

• ​ម្ចាស់​ម៉ាក​សមូហភាព​ ដែល​បាន​ចុះបញ្ជី​ហើយ​ ត្រូវ​ជូនដំណឹង​ទៅ​មន្ត្រី​កាន់កាប់​បញ្ជី​អំពី​ការ​ផ្លាស់​ប្តូរ​ទាំងឡាយ​តាម​បទបញ្ជា​ដែល​បាន​យោង​ក្នុង​ចំណុច​ខាងលើ​។

មន្ត្រី​កាន់កាប់​បញ្ជី​ ត្រូវ​ចាត់ទុក​ការចុះបញ្ជី​ម៉ាក​សមូហភាព​ជា​មោឃៈ​ ប្រសិនបើ​ ជន​ដែល​ទាមទារ​នូវ​មោឃភាព​នោះ​បង្ហាញថា​ មានតែ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ម្នាក់ឯង​ប៉ុណ្ណោះ​ ដែល​ប្រើប្រាស់​ម៉ាក​ឬបង្ហាញថា​ ម្ចាស់​ដែល​បាន​ចុះបញ្ជី​ប្រើប្រាស់​ឬអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ រំលោភ​ទៅ​នឹង​បទបញ្ជា​រួម​ឬបង្ហាញថា​ ម្ចាស់​ដែល​បាន​ចុះបញ្ជី​ អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តាមរបៀប​មួយ​ ដែល​បំភាន់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​ឬសាធារណជន​ អំពី​ប្រភព​ដើម​ ឬលក្ខណៈ​រួម​ផ្សេងទៀត​នៃ​ទំនិញ​ឬសេវា​ដែល​ពាក់ព័ន្ធ​៕

តើ​គំ​រោង​ធំៗ​របស់​ចិន​សមស្រប​នឹង​ស្ថានភាព​សេដ្ឋកិច្ច ​និង​កត្តា​ប្រជាសាស្ត្រ​កម្ពុជា​ឬទេ​?

1

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ វត្តមាន​អ្នក​វិនិយោគ​ចិន​ បាន​ធ្វើ​ឲម្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សំបើម​នៅក្នុង​ទីផ្សារ​សំណង់​ និង​អចលន​ទ្រ​ពន្យ​កម្ពុជា​ គំ​រោង​ធំៗ​ជាច្រើន​បាន​បង្ហាញខ្លួន​នៅ​ក្រុងភ្នំពេញ​ដែល​ធ្លាប់​ស្ងាត់ជ្រងំ​។

សំណួរ​ដែល​ប្រជាជន​កម្ពុជា​តែងតែ​សួរ​គ្នា​ គឺថា​តើ​គំ​រោង​ធំៗ​ពិសេស​ខុន​ដូ​របស់​ចិន​ធ្វើឡើង​ដើម្បី​លក់​ឲ្យ​អ្នកណា​? ខណៈ​ប្រជាជន​កម្ពុជា​មិនទាន់​និយម​រស់នៅ​តាម​ខុន​ដូ​នៅឡើយ​។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ លោក​ វ៉ា​ វីរៈ​ អគ្គ​នាយក្រុម​ហ៊ុន ​Century21​ Fortuna​ Investment​ បាន​ឲ្យដឹង​នា​រសៀល​ថ្ងៃទី៦​ ឧសភា​នេះ​ថា​ ជា​ការពិត​ណាស់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​ក្រុមហ៊ុន​វិ​និ​យោ​គៗ​របស់​ចិន​ មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ ជាពិសេស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ហើយ​ការ​វិនិយោគ​នេះ​ មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ គឺ​ចិន​មានការ​និ​យោគ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ដោយសារ​ក្នុងរយៈពេល​ជាង២០ឆ្នំា​កន្លងមក​នេះ​ សេដ្ឋកិច្ច​របស់​ចិន​មានការ​រីកចម្រើន​ជាបន្តបន្ទាប់​។

លោក​បន្ត​ថា​ “ការដែល​មាន​ក្រុមហ៊ុន​ចិន​ធំៗ​ មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ប្រទេស​កម្ពុជា​ នៅ​ជិត​ប្រទេស​ចិន​ងាយស្រួល​ក្នុង​ធ្វើដំណើរ​ ប្រទេស​កម្ពុជា​ជាគោល​ដៅ​វនិ​យោគ​ និង​ស្ថិត​ក្នុង​ខ្សែ​ និង​ក្រ​វ៉ាត់​របស់​ចិន​ និង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​-ចិន​ល្អ​ប្រសើរ​”។

លោក​វ៉ា​ វីរៈ​បាន​បញ្ជាក់​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ធំ​របស់​ចិន​មាន​ទាំង​វិជ្ជមាន​ និង​អវិជ្ជា​ តែ​ការ​វិនិយោគ​មាន​ភាព​វិជ្ជមាន​ច្រើនជាង​ ដោយក្រុម​ហ៊ុន​ទាំងនោះ​បាន​ជួយ​ដល់​ការី​ចក​ម្រើ​ន និង​សមស្រប​ទៅតាម​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ជួយ​ដល់​ប្រជាជន​កម្ពុជា​មាន​សេដ្ឋកិច្ច​ធូ​ធា​ជាមុន​ តាមរយៈ​ សេវ​កម្ម​ ការងារ​ និង​ការ​លក់​អចលនទ្រព្យ​របស់​ពួកគេ​ផង​ដែរ​។

ជាមួយគ្នា​នេះ​ អ្នកនាង​អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE​ Cambodia​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ភាគច្រើន​បាន​ផ្តោត​លើ​គំ​រោង​ធំៗ​ និង​ធ្វើ​គំ​រោង​ធំៗ​ ប៉ុន្តែ​គំរោង​ទាំងនោះ​ហាក់​មិនសូវ​ផ្តោត​លើ​ភាព​បៃតង​ ដោយ​អាគារ​ខុន​ដូ​និ​មួយ​ៗមាន​ទំហំ​ច្រើន​យូនី​ត និង​មិនសូវ​មាន​ធី​ធ្លា​សាធារណៈ​ច្រើន​ឡើយ​។

អ្នកនាង​បន្ត​ថា​ “ការ​វិនិយោគ​គំ​រោង​ធំៗ​បែបនេះ​ ធៀប​នឹង​សេដ្ឋកិច្ច​និង​កត្តា​ប្រជា​សាស្រ្ត​កម្ពុជា​ហាក់​មាន​ទំហំ​ធំ​បន្តិច​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​វា​មិនធំ​នោះ​ទេ​សំរាប់​រយៈពេល៥ឆ្នាំខាងមុខ​”។

លោក​ ហុង​ វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យដឹង​ផង​ដែរ​ថា​ បើ​ទោះបី​ទីផ្សារ​កម្ពុជា​តូច​ក៏ដោយ​ ក៏​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ប៉ះពាល់​ដែរ​ តែ​វា​ល្អ​ទៅវិញ​ទេ​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ ដែល​មាន​តម្រូវការ​វិនិយោគ​ច្រើន​ពី​បរទេស​។

លោក​បន្ថែម​ថា​ “ក្រៅពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ អ្នក​វិនិយោគ​ក្រៅ​ស្រុក​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ជួយ​ទ្រទ្រង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ ហើយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​ក្រុមហ៊ុន​វិនិយោគ​ក្រៅ​ស្រុក​ជាច្រើន​ ជាពិសេស​ក្រុមហ៊ុន​អចលនទ្រព្យ​មក​ពី​ប្រទេស​ចិន​ជាច្រើន​ បាន​ហូ​ចូល​មក​បោះទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​”។

តែ​អ្វី​ដែល​សំខាន់​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​មានការ​គ្រប់គ្រង​ការ​វិនិយោគ​ទាំងនេះ​បាន​ឲ្យ​ល្អ​ ទាំង​ការ​ប្រមូល​ពន្ធ​ សុវត្ថិភាព​ សន្តិសុខ​ និង​ការងារ​ផ្សេងទៀត​ បើ​មិន​ដូច្នោះ​ ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងនោះ​នាំ​លុយ​ទៅកាន់​ប្រទេស​របស់​គេ​វិញ​ ហើយ​កម្ពុជា​គ្មាន​ទទួល​បានផល​អ្វី​ទាំងអស់​ សល់​ត្រឹមតែ​សំណល់​វិ​និ​យោ​គផ្សេង​ៗ៕

ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​សិង្ហបុរី​យក​អចលនទ្រព្យ​ពី​កម្ពុជា​ដាក់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​

0

ដោយ​ ម៉ា​ណេត

សឹង្ហ​បុ​រីៈ​ ក្រុមហ៊ុន​ Hong​ Lai​ Huat​ Group​ ដែល​ជា​ក្រុមហ៊ុន​ និង​អ្នក​ភិ​វឌ្ឍន៍​អចលនទ្រព្យ​ និង​បាន​ចុះបញ្ជី​នៅ​ផ្សារ ហ៊ុន​សឹង្ហ​បុរី​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អចលនទ្រព្យ​ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​តម្លៃ១​,១២​ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ Business​ Times​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​។

អចលនទ្រព្យ​វិនិយោគ​លើ​នេះ​រួមមាន​ដី​ និង​រោងចក្រ​មួយ​ស្ថិតនៅ​ខេត្តកណ្តាល​ដែល​មានផ្ទៃ​ដី​ចំនួន​ ៨,៤៩៩​ ម៉ែត្រការ៉េ​រួម​ និង​រោងចក្រ​ដែល​មាន​ទំហំ៤​,៦៩៨​ ម៉ែត្រការ៉េ​។

អ្នក​អភិវឌ្ឍន៍​ខាងលើ​បាន​ប្រកាស​លក់​ និង​បាន​លក់​ចេញ​អចលនទ្រព្យ​របស់​ខ្លួន​ដែល​ស្ថិតនៅ​ប្រទេស​កម្ពុជា​ កាលពី​ព្រឹក មិញ​នេះ​នៅ​ឯប្រទេស​សឹង្ហ​បុរី​ មុន​ពេល​ការ​បើក​ទិញ​លក់​ផ្សារហ៊ុន​នៅ​ប្រទេស​សឹង្ហ​បុរី​ ប៉ុន្តែ​អ្នកទិញ​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​ ខណៈ​អ្នកជំនាញ​ថា​ វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ កំពុង​បង្ហាញ​សក្តា​នុ​ពល​របស់​ខ្លួន​នៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នក​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការប្រកាស​លក់​អចលនទ្រព្យ​កម្ពុជា​នៅ​ក្រៅប្រទេស​ ជា​រឿង​ល្អ​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ដែល​វា​ជា​សញ្ញា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​លើ​ទីផ្សារ​កម្ពុជា​ ហើយ​វា​បាន​និង​ជំរុញ​និង​បង្កើន​ទំនុកចិត្ត​ពី​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស​នេះ​។

លោក​បន្ត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​របស់​ខ្លួន​ និង​លើកកម្ពស់​រូបភាព​របស់​ខ្លួន​ទៅកាន់​វិនិយោគិន​អន្តរជាតិ​”។

លោក​មានប្រសាសន៍​ទៀត​ថា​ មិន​ត្រឹមតែ​វិនិយោគិន​នៅក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វិនិយោគិន​អន្តរជាតិ​ កំពុង​សម្លឹង​មើល​ការ​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នេះ​ ដោយសារ​ការ​ចំណេញ​ត្រឡប់​វិញ​ ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ទទួល​បាន​ច្រើនជាង​បណ្តា​ប្រទេស​ដទៃទៀត​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​នូវ​កំណើន​ដ៏​រឹងមាំ​ ព្រោះ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​កើនឡើង​រយៈពេល​ខ្លី​ និង​រយៈពេល​មធ្យម​។លោក​បន្ត​ថា​ “សម្រាប់​ការ​រំពឹង​ទុក​រយៈពេល​យូរ​អង្វែង​ លើ​វិស័យ​អចលនទ្រព្យ​ ខ្ញុំ​គិតថា​វា​នឹង​បន្ត​រីកចម្រើន​ បើសិនជា​ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​បន្ត​រីកចម្រើន​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ឲ្យដឹង​កន្លងមក​ថា​ មានក​ត្តា​ជាច្រើន​ ដែល​ធ្វើឲ្យ​មានការ​ចំណេញ​ច្រើន​ ដោយសារតែ​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ ដី​នៅ​មានលទ្ធភាព​ទិញ​ក្នុង​ការ​អភិវឌ្ឍន៍​សាងសង់​អគារ​ខ្ពស់​ ស្ថេរ​ភាព​នយោបាយ​ ភាព​ជឿជាក់​លើ​វិស័យ​អចលនទ្រព្យ​ ព្រមទាំង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មានការ​រីកចម្រើន​។

លោក​បន្ត​ថា​ “កត្តា​ទាំងអស់​នេះ​ ហើយ​បាន​ធ្វើឲ្យ​ប្រជាជន​ និង​ជនបរទេស​បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជា​កាន់់​តែ​ច្រើន​” ។ លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ទាប​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​ ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​ទទួល​បានផល​ និង​មានលទ្ធភាព​ច្រើន​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​”៕