អ្នកជំនាញឌីសាញអន្តរជាតិប្រាប់ពីវិធីសាស្ត្ររចនាម៉ូដដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ ស្របពេលដែលពិភពលោកកំពុងរងគ្រោះ នឹងបញ្ហាឡើងកម្ដៅដោយសារការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលមួយនេះផងដែរ ហេតុនេះការរចនាលំនៅដ្ឋានតាមបែបសម័យថ្មី អាចឆ្លើយតបនឹងបំរែបំរួលអាកាសធាតុគឺជារឿងចាំបាច់មួយ។
ក្នុងកាលៈទេសៈនេះ ជាការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងលំនៅដ្ឋាន អ្នកជំនាញបានបង្ហើបពីគន្លឹះសាងសង់ផ្ទះប្រកបដោយភាពស្រស់ស្អាត ចំណាយលុយតិច តែមានផាសុកភាព។

ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន NOUTH-DESIGN លោក នុត រិទ្ធី ដែលជាអ្នកជំនាញខាងផ្នែករចនា(Design) និង តុបតែង (Décor) លំនៅដ្ឋានបែបទាន់សម័យមកពីប្រទេសបារាំង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ ខែឧសភា នេះថា ការរចនាម៉ូដផ្ទះនៅកម្ពុជានាពេលបច្ចុប្បន្ន ភាគច្រើន ត្រូវបានធ្វើឡើងទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះ រហូតមានលំនៅដ្ឋានខ្លះមានទំហំតូចល្មម ប៉ុន្តែត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ហើយទទួលបានលទ្ធផលត្រឡប់មកវិញតិចតួច និងមិនមានផាសុកភាព ដែលមិនសមស្របទៅនឹងការចំណាយនោះឡើយ។

អ្នកជំនាញរូបនេះបានលើកឡើងថា «មុនពេលធ្វើការរចនា ចេញជាម៉ូតផ្ទះឬភូមិគ្រឹះនីមួយៗ អ្នកជំនាញគួរតែមានការសិក្សា និងស្វែងយល់ឱ្យបានលម្អិតពីគោលបំណងរបស់ម្ចាស់ផ្ទះ ដោយសិក្សាទៅលើកក្តាភូមិសាស្ត្រជាក់ស្ដែងជុំវិញ ទាំងកត្តាបរិស្ថានធម្មជាតិ កត្តាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកត្តានៃតម្លៃសម្ភារៈជាដើម មុនពេលសម្រេចទទួលរចនាម៉ូដ ជាពិសេសគឺកត្តាហានិភ័យដែលអាចកើតមានឡើងក្រោយពេលបញ្ចប់ការសាងសង់ ជាមួយនឹងវិធីសាស្ត្រដោះស្រាយបញ្ចៀសបញ្ហាប្រកបដោយគុណភាពខ្ពស់»។

លោកបានបញ្ជាក់ទៀតថា បើនិយាយពីការសាងសង់សំណង់លំនៅដ្ឋានដែលស្ថិតនៅជាយក្រុងនាពេលបច្ចុប្បន្ននេះ គឺកំពុងតែមានសកម្មភាពខ្លាំង ដូច្នេះសម្រាប់អ្នកជំនាញ មុនពេលសម្រេចចិត្តចេញម៉ូដ គឺត្រូវសាកសួរទៅម្ចាស់គម្រោង ដើម្បីវាយតម្លៃទៅលើការចំណាយក្នុងការសាងសង់។ ឧទាហរណ៍ ដូចជា ម្ចាស់គម្រោងមានខ្ទង់ចំណាយទាប តែចង់បានលំនៅដ្ឋានដែលមានភាពស្អាតសមរម្យ ដូច្នេះអ្នកជំនាញត្រូវតែសិក្សាពីទំហំនៃលំនៅដ្ឋាន និងប្រភេទសម្ភារៈដែលត្រូវយកមកផ្គត់ផ្គង់លើការសាងសង់ បែបណាដែលមានគុណភាពអាចទទួលយកបាន ហើយមានតម្លៃសមរម្យ ដូចជាផលិតផលដែលផលិតក្នុងស្រុក ឬនៅប្រទេសជិតខាងជាដើម។

លោកបន្តថា «បន្ទាប់ពីគិតទៅលើចំណុចសំខាន់ ដែលជាមូលដ្ឋានគ្រឹះមុនពេលសម្រេចចិត្តធ្វើការរចនាម៉ូដ ដូចបានរៀបរាប់ខាងលើនេះ អ្នកជំនាញក៏ត្រូវពិចារណាទៅលើកត្តាបរិស្ថានធម្មជាតិ និងគួរបើកច្រកទ្វារធំបែរទៅទិសខាងណា គួរធ្វើបង្អួតទំហំប៉ុណ្ណា ដែលអាចឱ្យពន្លឺថ្ងៃជះចូលក្នុងលំនៅដ្ឋានគ្រប់គ្រាន់ និងមានខ្យល់អាកាសត្រជាក់ចេញចូលបានល្អ អាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ផ្តល់ផាសុកភាពខ្ពស់ដល់អ្នករស់នៅ»។ លោកបន្តថា «រួចរាល់ហើយ ទើបធ្វើការវិភាគទៅលើគំនិតច្នៃប្រឌិតរចនាម៉ូដនៅក្នុងលំនៅដ្ឋានបែបណាដែលមានភាពស្រស់ស្អាត ទាន់សម័យ និងមានភាពទាក់ទាញ»។

យ៉ាងណាក៏ដោយ ទស្សនទានទាំងនេះ គ្រាន់តែជាចំណុចចាប់ផ្តើមគោលៗដែលតម្រូវឱ្យអ្នកជំនាញគួរពិចារណាតែប៉ុណ្ណោះ ប៉ុន្តែវានៅមានចំណុចបន្ទាប់បន្សំជាច្រើនទៀតដែលត្រូវធ្វើការសិក្សា និងផ្តល់ការប្រឹក្សាជាមួយម្ចាស់គម្រោងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ដើម្បីចៀសវាងការចំណាយថវិកាច្រើនក្នុងការសាងសង់លំនៅដ្ឋាន ប៉ុន្តែមិនមានផាសុកភាពក្នុងការរស់នៅ៕

World​ ​Bank​ ​ផ្តល់​ប្រាក់កម្ចី​ ​៥៥លាន​ដុល្លារ​ ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ខេត្ត​គោលដៅ​ចំនួន៧​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​បាន​ផ្តល់​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ចំនួន៥៥លាន​ដុល្លារ​ ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្ន​ខេត្ត​គោលដៅ​ចំនួន៧​ ​តាមរយៈ​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ ​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ​ដែល​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ ​និង​សង្វាក់​តម្លៃ​នៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​នៅ​ថ្ងៃទី២​ ​ខែឧសភា​នេះ​បាន​ឲ្យដឹង​ថា​ ​ខេត្ត​គោលដៅ​ចំនួន៧រួមមាន​ ​ខេត្ត​កំពង់ស្ពឺ​ ​កោះកុង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​កំពង់ឆ្នាំង​ ​កំពង់ធំ​ ​និង​ខេត្តសៀមរាប​ ​។​

​លោក​បញ្ជាក់​ថា​ ​គម្រោង​នេះ​ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆមាស​ទី២ឆ្នាំ២០១៩នេះ​ ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ធ្វើ​ផែនការ​ ​និង​គ្រប់គ្រង​តំបន់​ទេសភាព​និង​ការពារ​ធម្មជាតិ​ ​ពង្រឹង​ឱកាស​ទេសចរណ៍​ធម្មជាតិ​និង​សង្វាក់​អនុផល​ព្រៃឈើ​ ​បង្កើន​លទ្ធភាព​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការពិនិត្យ​តាមដាន​និង​វាយតម្លៃ​ ​ការ​ឆ្លើយតប​គ្រោះអាសន្ន​ជាដើម​នេះ​ ​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក​បន្ត​ថា​ ​“​គម្រោង​នេះ​ ​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ឯកសារ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ ​ផែនការ​ ​និង​ការអនុវត្ត​គម្រោង​ ​ដែល​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ ​និង​ប្រសិទ្ធ​ផល​”​។​

​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី៣០​ ​ខែមេសា​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឡើងវិញ​នូវ​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ ​និង​សង្គម​ ​ក្នុង​ការអនុវត្ត​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​ ​និង​មតិយោបល់​ពី​ភាគី​ពាក់ព័ន្ធ​បន្ថែម​ ​ដើម្បីឲ្យ​ការរៀបចំ​ឯកសារ​ស្តី​ពី​ ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ទាំងនេះ​ ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​និង​អនុវត្ត​ទៅ​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​ ​និង​សង្គម​៕​

អចលនទ្រព្យ​ខេត្ត​កំពង់ឆ្នាំង​ចាប់ផ្តើម​ទាក់ទាញ​ ​បន្ទាប់ពី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ចិន​វិនិយោគ​​ព្រលា​នយន្តហោះ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ចរន្ត​នៃ​ការទិញ​លក់​ ​និង​តម្លៃ​ដី​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ចាប់ផ្តើម​កើនឡើង​បន្ទាប់ពី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ចិន​សាងសង់​ឡើងវិញ​ ​នូវ​ព្រលា​នយន្ត​ហោះ​ក្នុង​ខេត្ត​ជាប់មាត់​បឹងទន្លេសាប​មួយ​នេះ​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​លើ​ផ្នែក​ដឹកជញ្ជូន​ ​ដោយសារ​ភូមិ​សាស្រ្ត​របស់​ខេត្ត​នេះ​មាន​បណ្តាញ​គមនា​គម​តភ្ជាប់​ផ្លូវទឹក​ ​ផ្លូវគោក​ ​ផ្លូវដែក​ ​និង​ព្រលា​នយន្តហោះ​ស្រាប់​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ចិន​ ​ដែល​លោក​បាន​ជួប​សាង​សង់​ព្រលា​នយន្ត​ហោះ​ក្នុង​ខេត្ត​នេះ​ឡើងវិញ​ផង​ដែរ​។​

​ការសិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​បាន​រក​ឃើញថា​ ​ខេត្ត​កំពង់ឆ្នាំង​មាន​ភាព​អំណោយផល​ក្នុង​ការរៀបចំ​មជ្ឈមណ្ឌល​ ​Cargo​ ​Hub​ ​(​កន្លែង​ផ្ទុកទំនិញ​)​ ​ដោយសារ​វា​មាន​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​ ​ងាយស្រួល​​តភ្ជាប់​រាជធានី​ភ្នំពេញ​ ​តភ្ជាប់​ជាមួយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​តាមរយៈ​ផ្លូវជាតិ​លេខ៥​។​

​ជាមួយគ្នា​នេះ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​សាងសង់​ស្ពាន​ឆ្លងកាត់​បឹងទន្លេសាប​ ​ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ ​ទៅកាន់​ខេត្តកំពង់ធំ​ដែល​មាន​ប្រវែង៣៩០០ម៉ែត្រ​ ​ជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា​ ​និង​កំណាត់ផ្លូវ៥៧គីឡូម៉ែត្រ​ត​ភ្ជាប់់​រវាង​ខេត្ត​ទាំងពីរ​ផង​ដែរ​។​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​Co​.​,​ ​Ltd​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ឋី​បាន​ ​ថា​ ​កន្លងមក​គេ​បាន​មើល​រំលង​ពី​សក្តា​នុ​ពល​ភូមិ​សាស្រ្ត​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ខណៈ​ខេត្ត​នេះ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ ​ព្រោះ​មាន​ទាំង​ផ្លូវគោក​ ​ផ្លូវដែក​ ​ផ្លូវទឹក​ ​និង​ផ្លូវអាកាស​។​

​លោក​បន្ត​ថា​ ​“​ការប្រកាស​ពី​គម្រោង​ភ្ជាប់​ផ្លូវ​ថ្មីនេះ​ ​និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ឆ្លងកាត់​ខេត្ត​នេះ​ ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​សម្ទុះ​ឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​”​។​

​ដី​តំបន់​ពាណិជ្ជកម្ម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មានតម្លៃ​ជាមធ្យម​ពី​ ​៥០០​ ​ទៅ​ ​៦០០​ ​ដុល្លារ​ក្នុង​ ​១​ ​ម៉ែត្រការ៉េ​ ​ខណៈ​ដី​លំនៅឋាន​ក្នុង​ក្រុង​ ​មាន​ចន្លោះ​ពី​ ​១០០​ ​ទៅ​ ​២០០​ ​ដុល្លារ​។​ ​ដី​សម្រាប់​សង់រោង​ចក្រ​ ​មានតម្លៃ​ចន្លោះ​ពី​ ​១៥​ ​ទៅ​ ​២០​ ​ដុល្លារ​ ​ដី​កសិកម្ម​ ​មានតម្លៃ​ជាមធ្យម​ពី​ ​២​ ​ទៅ​ ​៥​ ​ដុល្លារ​ ​និង​ដី​ចម្ការ​ធំៗ​ដែល​នៅ​ឆ្ងាយ​ៗ​អាច​នៅចន្លោះ​ ​០,២​ ​ទៅ​ ​០,៥​ ​ដុល្លារ​(​២​ ​៥០០​ ​ទៅ​ ​៣​ ​០០០​ ​ដុល្លារ​ក្នុង​ ​១​ ​ហិ​ក​តា​)​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​គាំទ្រ​ការ​លើកឡើង​ខាងលើ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​តាម​ផែនការ​រដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​តំបន់​នៅ​សងខាង​ផ្លូវជាតិ​លេខ៥​ ​ជា​តំបន់ឧស្សាហកម្ម​ ​ដោយសារ​ក្រោយ​ពង្រីក​រួច​ផ្លូវ​នេះ​ ​នឹង​ក្លាយជា​ផ្លូវ​ហាយ​វេ​លំដាប់​អាស៊ាន​ ​ពិសេស​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​របស់​រដ្ឋាភិបាល​ ​នឹង​ធ្វើឲ្យ​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​មាន​សក្តា​នុ​ពល​បន្ថែម​ទៀត​នា​ពេល​អនាគត​។​
​លោក​បន្ត​ថា​ ​“​ប្រសិន​ជា​ព្រលា​នយន្ត​ហោះ​ខេត្ត​នេះ​ ​ត្រូវ​សាងសង់​ឡើងវិញ​ពិតមែន​ ​ខេត្ត​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ ​ហើយ​វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​មួយទៀត​របស់​កម្ពុជា​”​៕​

ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈ​ ​៤ខែ​ធ្លាក់ចុះ​ ​៨,៥៤ភាគរយ​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល៤ខែ​ដើមឆ្នាំ​ ​២០១៩​ ​មាន​ទឹកប្រាក់​ចំ​នួន​ប្រ​ម៉ា​ណ​ ​៤៤,១៣លាន​ដុល្លារ​អា​មេ​រិច​ ​ថយ​ចុះ​ ​៨,៥៤​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ដែល​ចេញ​ផ្សាយ​ថ្មី​ៗ​នេះ​។​

​របាយការណ៍​ខាងលើ​ ​បាន​បង្ហាញ​ផង​ដែរ​ថា​ ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ ​៩៧៣,៣០៥​ ​នាក់​ ​ថយ​ចុះ​ ​៧,៣៩​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ដោយឡែក​សម្រាប់​ខែ​ ​មេសា​ ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ទឹកប្រាក់​ចំ​នួន​ប្រ​ម៉ា​ណ​ ​៨,១៨លាន​ដុល្លារ​អា​មេ​រិច​ ​ធ្លាក់ចុះ​ ​៤,៨៥ភាគរយ​ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ ​១៨៥,៤០៥​ ​នាក់​ ​ថយ​ចុះ​ ​៣,៤៥​ ​ភាគរយ​។​

​នៅ​ឆ្នាំ​ ​២០១៨​ ​គ្រឹះស្ថាន​អង្គរបាន​ប្រកាស​តម្លៃ​ថ្មី​ដោយ​សំបុត្រ​ទស្សនា​រយៈពេល​មួយថ្ងៃ​កើនឡើង​ពី​ ​២០ដុល្លារ​ទៅ​ ​៣៧ដុល្លារ​ ​សំបុត្រ​ទស្សនា​រយៈពេល​បី​ថ្ងៃ​កើន​ពី​ ​៤០ដុល្លារ​ទៅ​ ​៦២ដុល្លារ​ ​និង​សំបុត្រ​សម្រាប់​រយៈ​មួយ​សប្តាហ៍​កើន​ពី​ ​៦០​ ​ដុល្លារ​ទៅ​ ​៧២ដុល្លារ​។​

​កាលពី​ឆ្នាំមុន​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ចំណូល​ ​១១៦​ ​លាន​ដុល្លារ​ដែល​កើនឡើង​ ​៨​ ​ភាគរយ​ ​បើ​ធៀប​និង​ឆ្នាំ​ ​២០១៧​៕​

ឥណ្ឌូ​នេ​ស៊ី​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅក្នុង​ឆ្នាំ​ ​២០២០​

0

ដោយ​ ​វុត្ថា

​ហ្សាកាតា​៖​ ​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ក្លាយជា​ប្រទេស​ដែល​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ​២០២០​ ​ខាងមុខនេះ​ ​ខណៈ​ប្រាក់ចំណូល​របស់​ប្រជា​បល​រដ្ឋ​បាន​កើ​ឡើន​ជាបន្តបន្ទាប់​។​

​យោង​តាម​ទីភ្នាក់ងារ​ស្ថិតិ​កណ្តាល​ ​(​BPS​)​ ​របស់​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​កាស​នា​ពេល​កន្លងមក​បាន​ឲ្យដឹង​ថា​ ​ប្រាក់ចំណូល​មនុស្សម្នាក់​ ​(​ប្រាក់ចំណូល​ជាតិ​សរុប​)​ ​ឬ​ប្រាក់ចំណូល​ជាមធ្យម​នៃ​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ដើមឆ្នាំ​ ​២០១៩​ ​នេះ​ ​កើន​ដល់​ ​៣,៩២៧​ ​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ២០១៩​ ​ខណៈ​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​ ​ប្រាក់ចំណូល​ក្នុង​មនុស្សម្នាក់​កើន​ដល់​ ​៣,៨៧៦.៨​ ​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​បន្ត​ថា​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​ ​ប្រាក់ចំណូល​របស់​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ីក្នុង​មនុស្សម្នាក់​កើនឡើង​ ​៧.៩២​ ​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ​២០១៧​ ​ពោល​កើនឡើង​ ​៣,៨៧៦.៨​ ​ក្នុង​មួយឆ្នាំ​ ​។​ ​

​កាសែត​ក្នុង​ស្រុក​បាន​ផ្សាយ​ថា​ ​ដោយ​មើលឃើញ​ពី​កើន​ឡើន​ឡើង​ដូច្នេះ​ ​រដ្ឋ​ភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​សុទិដ្ឋិនិយម​ថា​ ​សមា្​រប់​ឆ្នាំ​ ​២០២០​ ​ខាងមុខនេះ​ ​ប្រទេស​មួយ​នេះ​នឹង​ក្លាយទៅជា​ប្រទេស​ដែល​ប្រាក់​ចំ​ណូ​មធ្យម​កម្រិតខ្ពស់​យ៉ាង​ពិត​ប្រកដ​។​ ​

​តែ​យ៉ាងណាក៏ដោយ​ធនាគារ​ក​ណ្តាល​ឥណ្ឌូ​នេ​ស៊ី​បាន​ឲ្យដឹង​ថា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គួរ​តែម​ក្លាយជា​ប្រទេស​ដែល​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ក្នុងរយៈពេល​តិច​ជាង​ ​៥​ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២០១៧​ ​។​ ​



​បច្ចុប្បន្ន​នេះ​ ​ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​បាន​បែងចែកប្រទេស​នានា​ក្នុង​ក្រុម​ចំណូល​សរុប​ថ្នាក់​ជាតិ​ ​(​GNI​)​ ​ចំនួន៤ប្រភេទ​ ​ពោល​គឺ​ក្រុម​ដែល​មាន​ប្រាក់ចំណូល​ទាប​ជាមួយ​ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នា​ក់ៗ​ ​៩៩៥​ ​ដុល្លារ​ ​និង​ក្រុម​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ទាប​ ​៩៩៦​-​៣.៨៩៥​ ​ដុល្លារ​,​ ​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​ខ្ពស់​ ​ប្រទេស​ដែល​មាន​ចំនួន​លើស​ពី​ ​៣,៨៩៦​ ​ទៅ​ ​១២,៥៥៥​ ​ដុល្លារ​ ​និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ឬ​កម្រិតខ្ពស់​ដែល​មាន​ចំនួន​លើស​ពី​ ​១២.០៥៦​ ​ដុល្លារ​អាមេរិក​៕​

អ្នកជំនាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​វិនិយោគ​ក្នុង​វិ​ស័យ​អល​ចន​ទ្រព្យ​ ទទួល​បានផល​ចំណេញ​ច្រើន​

0
លោកឧកញ៉ា សៀ រិទ្ធី / លោក ឃាង ពុទ្ធី ។​ រូបថត៖ សហការី

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្នុង​ងរ​យៈ​ពេល​ ​៥ឆ្នាំ​ចុងក្រោយ​នេះ​ ​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​និង​កំពុង​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​កាន់តែ​ច្រើន​ ​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ ​ដោយសារ​ការ​ស៊ីក្នុង​វិស័យ​មួយ​នេះ​ ​ទទួល​បានផល​ប្រយោជន៍​ ​ឬ​ផល​ចំណេញ​ច្រើនជាង​វិស័យ​ផ្សេងទៀត​។​

​លោក​ ​ឃាង​ ​ពុទ្ធី​ ​ប្រធាន​សមាគមន៍​អ្នកជំនាញ​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២​ ​ខែឧសភា​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ការចូលរួម​វិនិយោគ​ក្នុង​វិ​ស័យ​អល​ចន​ទ្រព្យ​ ​ពីសំណាក់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ច្រើនបែប​នេះ​ ​ដោយសារតែ​ពួកគេ​មើលឃើញ​អ្នក​វិ​និ​យោ​គ​មុន​ៗ​ ​មាន​ជីវភាព​ធូ​ធា​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ ​ហើយ​ស្ទើ​តែ៩០ភាគរយ​នៃ​អ្នក​វិនិយោគ​បាន​ជោគជ័យ​តិច​ ​ឬ​ច្រើន​អាស្រ័យ​លើ​ធនធាន​របស់​ពួកគេ​ ​ព្រោះ​អ​ចន​ទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ឡើងថ្លៃ​ស្ទើ​តែ​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ប្រសើរ​ជាង​ការ​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ ​ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​នាល​ពេល​បច្ចុប្បន្ន​នេះ​ ​មាន​ភាព​យល់ដឹង​ច្រើន​ ​និង​មើលឃើញ​ជាក់ស្តែង​ ​ទៅលើ​ការ​រកស៊ី​ក្នុង​វិស័យ​មួយ​នេះ​”​។ ​លោ​ក​ន្ថែម​ថា​ ​“​ដោយ​មើលឃើញ​មនុស្ស​ជោគជ័យ​ច្រើន​ ​ក្នុង​វិស័យ​នេះ​ ​បាន​ធ្វើឲ្យ​អ្នក​ផ្សេងទៀត​ហក់​ចូល​រកស៊ី​ ​ឬ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​អាស្រ័យ​លើ​ទុន​របស់​ពួកគេ​”​។​

​លោក​ប្រធាន​សមាគម​រូប​នេះ​ ​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ទាំងអស់​បន្ត​វិនិយោគ​បន្ថែម​ទៀត​ ​តែ​ត្រូវ​មានការ​ប្រយ័​ត្នប្រ​យ៉ែង​ផង​ដែរ​ទៅលើ​បណ្ណ​កម្មសិទ្ធិ​ ​និង​ពិនិត្យមើល​ទីតាំង​ឲ្យបាន​ច្បាស់លាស់​ ​បើ​ចូល​ទុន​សហការ​គ្នា​ ​ត្រូវ​ចុះ​កិច្ច​សន្យា​ឲ្យបាន​ត្រឹមត្រូវ​ ​ជៀសវាង​បញ្ហា​ទៅ​ថ្ងៃក្រោយ​ ​។​ ​

​លោក​បន្ត​ថា​ ​“​បើ​ប្រទេស​កម្ពុជា​នៅតែ​មាន​សុខ​សន្តិភាព​ ​និង​ស្ថេរ​ភាពល្អ​ ​វិស័យ​អចលនទ្រព្យ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត​”​។​

​ចំណែក​លោក​ឧកញ៉ា​ ​សៀ​ ​រិទ្ធី​ ​អគ្គនាយក​ក្រុ​មហ៊ុ​នវើ​លប្រ៊ី​ជ​គ្រុប​ ​បាន​ឲ្យដឹង​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើនបែប​នេះ​ ​មាន​ទាំង​ផល​វិជ្ជមាន​ ​និង​អវិជ្ជមាន​ ​ហើយ​ផល​វិជ្ជមាន​នោះ​គឺថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យក​លុយ​របស់​ខ្លួន​ ​ដែល​សន្សំ​ដាក់​ក្នុង​ខ្នើយ​យក​មក​វិនិយោគ​ ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​ ​តែ​អ្វី​ដែល​ជា​ផល​អវិជ្ជមាន​នោះ​ ​គឺ​នៅពេល​ដែល​មាន​វិបត្តិ​អចលនទ្រព្យ​កើតឡើង​ ​នឹង​ធ្វើឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​អ​លន​ទ្រព្យ​វា​អត់មាន​និរន្តរភាព​ ​ឬ​យូ​អង្វែង​នោះ​ទេ​។​

​លោក​ឧកញ៉ា​បន្ត​ថា​ ​“​យើង​ឃើញថា​បច្ចុប្បន្ន​នេះ​ ​មាន​ប្រជាពលរដ្ឋ​ខ្មែរយើង​ច្រើន​សម្រុក​ទៅ​ទិញ​ដី​ពុះ​ឡូ​តិ៍​ ​ចុះបើ​មាន​វិបត្តិសេដ្ឋកិច្ច​កើតឡើង​ ​វា​នឹង​ជាប់​គាំង​លុយ​នៅក្នុង​ដី​ទាំងអស់គ្នា​”​។​ លោក​បន្ត​ថា​ ​“​ចឹង​ម្នា​ក់ៗ​នាំគ្នា​ទៅ​រកស៊ី​ដី​អស់ហើយ​ហ្នឹង​ ​ម្នា​ក់ៗ​លែង​នាំគ្នា​ទៅ​រកស៊ី​ ​ឈប់​ធ្វើ​ភោជ​នី​ដ្ឋាន​ ​ឬ​ ​បើក​អា​ជី​កម្ម​ផ្សេង​ៗ​ ​បើ​បែបនេះ​នៅពេល​មាន​បត្តិ​សេដ្ឋកិច្ច​សកល​កើតឡើង​ ​វា​នឹង​ជាប់​គាំង​ទាំងអស់គ្នា​”​។​

​លោក​ឧកញ៉ា​បញ្ជាក់​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​វិស័យ​អចលនទ្រព្យ​កំពុង​មានសន្ទុះ​ខ្លាំង​ ​តែ​ត្រូវ​គិតថា​វា​មិន​អាច​ឡើង​រហូត​នោះ​ទេ​ ​ហើយក៏​មិន​ត្រូវ​យក​ពងមាន់​ដាក់​មួយ​ចង្អេ​ដូច្នេះ​ដែរ​ ​ហេតុនេះ​ប្រជាពលរដ្ឋ​ត្រូវ​គិតរក​មុខរបរ​ណា​ដែល​មាន​ប្រាក់​ចំណូល​។​ ​ត្រូវតែ​បន្ត​ធ្វើ​។​ ​បើ​នៅសល់​លុយ​ច្រើន​ត្រូវ​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​តែ​កំ​ដូរ​មុខរបរ​ ​ដើម្បីឲ្យ​និរន្ត​ភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​នៅតែ​ដំណើរការ​ល្អ​ប្រសើរ​៕​

ការសិក្សា​ថ្មី​៖​ ​ទីក្រុង​សៀមរាប​ជាប់​លំដាប់​កំពូល​នៃ​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​របាយការណ៍​ទេសចរណ៍​ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗ​បាន​ចំណាត់ថ្នាក់​ខេត្តសៀមរាប​ជា​ទិសដៅ​ទេសចរណ៍​កំពូល​នៅ​អាស៊ី​អាគ្នេយ៍​ទាក់ទង​នឹង​តម្លៃ​ការ​ស្នាក់នៅ​ ​និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើដំណើរ​។​ ​

​ទីក្រុង​សៀម​រា​ដែល​មាន​បេតិកភណ្ឌ​អង្គរ​ចុះបញ្ជី​ដោយ​អង្គការ​យូ​ណេស្កូ​បាន​ឈរ​នៅ​លំដាប់​កំពូល​នៅ​លើ​ពិភពលោក​ ​ខណៈ​លេខ​ពីរ​បាន​ទៅ​ទីក្រុង​ ​បាងកក​ ​និង​លេខ​បី​ ​សិង្ហបុរី​ ​ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​បន្ត​ទទួល​បាន​អត្រាកំណើន​ ​៥​ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​

​ការសិក្សា​ដែល​បាន​ចេញផ្សាយ​ដោយ​គេហទំព័រ​ទេសចរណ៍​អាល្លឺម៉ង់​ ​YouDiscover​ ​បាន​ស្រាវជ្រាវ​រក​ចំណុច​ជាច្រើន​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​ ​១១​ ​ដូចជា​ ​ប្រ៊ុយណេ​ ​ឥណ្ឌូណេស៊ី​ ​ឡាវ​ ​កម្ពុជា​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​ទីម័រខាងកើត​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​។​ ​ទីតាំង​ត្រូវ​បាន​ស្ទង់មតិ​និង​ដាក់​ចំណាត់ថ្នាក់​ទៅ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ដូចជា​ ​ការ​ស្នាក់នៅ​ ​គុណភាព​ម្ហូបអាហារ​ ​ការ​ធ្វើដំណើរ​ ​និង​បទ​ពិសោធ​ន៍​ផ្សេង​ៗ​នៃ​វិ​និ​ស័យ​ទេសចរណ៍​។​

​ភ្ញៀវ​ទេសចរ​ជិត​ ​៣​ ​លាន​នាក់​បាន​មក​ទស្សនា​ខេត្តសៀមរាប​កាលពី​ឆ្នាំមុន​ជា​ចំនួន​ពាក់កណ្តាល​នៃ​ភ្ញៀវ​ទេសចរ​សរុប​ដែល​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​។​ ​ភ្នំពេញ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ៤​ ​បន្ទាប់ពី​ទីក្រុង​បាងកក​ ​និង​សិង្ហបុរី​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​:​ ​”​យើង​មិន​ត្រឹមតែ​មាន​ប្រាសាទបុរាណ​ដ៏​ល្បីល្បាញ​នៅ​ខេត្តសៀមរាប​ ​ប៉ុន្តែ​ក៏​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​ដែល​មិនទាន់​មានការ​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ផង​ដែរ​។​

​លោកស្រី​បន្ត​ថា​ ​ទោះ​យ៉ាងណាក៏ដោយ​កម្ពុជា​ត្រូវការ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវា​ទេសចរណ៍​ ​ម្ហូបអាហារ​ ​និង​បដិសណ្ឋារ​កិច្ច​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​ ​និង​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​។​ ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​តភ្ជាប់​អ្នកទេសចរ​ទៅ​នឹង​គោលដៅ​ទេសចរណ៍​ដាច់ស្រយាល​នៅក្នុង​ប្រទេស​។​

​ទស្សនាវដ្តី​ទេសចរណ៍​និង​កម្សាន្ត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វយ៉​ក​បាន​ប្រកាស​ថា​ ​កម្ពុជា​ជាគោល​ដៅ​ទិសដៅ​លំដាប់​ថ្នាក់​​ពិភពលោក​នៅដើម​ឆ្នាំនេះ​។​ ​ប៉ុន្តែ​អ្នកទស្សនា​ពីមុន​មក​គ្រាន់តែ​មកកាន់​ប្រាសាទ​អង្គរ​ ​និង​ស្នាក់នៅ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​នៅ​រាជធានី​ភ្នំពេញ​។​

​ទស្សនាវដ្ដី​ទេសចរណ៍​អាមេរិក​មួយ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​ឲ្យដឹង​ថា​ ​ប៉ុន្តែ​ឥឡូវនេះ​អចលនទ្រព្យ​ដែល​មានគុណ​ភាព​ខ្ពស់​ថ្មី​បាន​ចាប់ផ្តើម​ទាក់ទាញ​អ្នកទេសចរ​លើស​ពី​ធម្មតា​ ​។​ ​កោះ​ ​និង​ព្រៃភ្នំ​នៅ​ភាគ​ខាងត្បូង​ ​និង​ខាងលិច​មិនសូវ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​ទេ​នៅ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​។​

​លោក​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​បាន​ប្រាប់​ថា​ប្រាសាទអង្គរវត្ត​របស់​ខេត្តសៀមរាប​គឺជា​គោលដៅ​ទេសចរណ៍​កំពូល​ក្នុងចំណោម​ទីក្រុង​ចំនួន​ ​១៥​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​ដូច្នេះ​វា​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​អាស៊ាន​ ​និង​ពិភពលោក​ដើម្បី​ស្វែងយល់​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​។​

​លោកស្រី​ថា​ ​៖​«​យើង​មិន​ត្រឹមតែ​មាន​ប្រាសាទបុរាណ​ល្បី​ ​ៗ​ ​នៅ​ខេត្តសៀមរាប​ទេ​ ​ប៉ុន្តែ​ក៏​មាន​ទិសដៅ​ទេសចរណ៍​ដទៃទៀត​ដែល​មិនទាន់​បាន​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ផង​ដែរ​»​។​ ​ទោះជាយ៉ាងណា​វា​តម្រូវ​ឱ្យ​មានការ​ងារ​មួយចំនួន​ដើម្បី​កែ​លម្អ​។​ ​យើង​ត្រូវការ​ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​ទេសចរណ៍​ ​ម្ហូបអាហារ​ ​និង​បដិសណ្ឋារ​កិច្ច​របស់​យើង​ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ស្នាក់នៅ​បាន​យូ​ ​រនិង​ចំណាយ​ប្រាក់​ច្រើន​នៅក្នុង​ប្រទេស​។​

​អ្នកស្រី​ ​ស៊ី​វលី​ន​ ​បាន​និយាយ​ថា​ ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ភ្ជាប់​ទៅ​នឹង​គោលដៅ​ទេសចរណ៍​ពី​តំបន់​ដាច់ស្រយាល​នៅក្នុង​ប្រទេស​៕​

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គ្រោង​ផ្លាស់​ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ចេញពី​ហ្សាការតា​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​អះអាង​ថា​ ​ប្រទេស​នេះ​គ្រោង​ផ្លាស់​ប្តូរ​ទីក្រុង​ ​Jakarta​ ​ទី​កាន់​ទី​តាំង​ផ្សេង​ៗ​ ​ដោយសារតែ​ទីតាំង​មួយ​នេះ​ ​មានការ​ជន់​លិចទឹក​ជាច្រើនលើក​ច្រើន​សារ​កន្លងមក​ហើយ​។​

​លោក​ ​Bambang​ ​Brodjonegoro​ ​រដ្ឋមន្ត្រី​ផែនការ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​នេះ​គឺ​ការសម្រេច​របស់​ប្រធានាធិបតី​ ​Joko​ ​Widodo​ ​ដ៏​មាន​សារៈសំខាន់​បំផុត​ ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទីក្រុង​នេះ​។​ ​តែ​យ៉ាងណាក៏ដោយ​ ​លោក​ថា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទីក្រុង​នេះ​ ​មិនទាន់​ដឹង​ច្បាស់​ថា​ ​លើក​ទីតាំង​ណាមួយ​នៅ​ឡើ​ ​យទេ​ ​តែបើ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា​ ​នឹង​លើក​ទៅ​កំ​បន់​ ​Palangkaraya​ ​ដែល​ជា​តំបន់​កោះ​ ​Borneo​។​

​លោក​បញ្ជាក់​ថា​ ​“​រដ្ឋធានី​ ​Jakarta​ ​មាន​ប្រជាជន​រស់នៅ​ប្រហែល​ ​១០លាន​នាក់​ ​ដែល​ជា​អត្រាកំណើន​កើនឡើង​លឿន​បំផុត​ក្នុង​ពិភពលោក​”​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ទីក្រុង​ហ្សាការតា​ ​ត្រូវ​បាន​ទឹក​ជន​លិច​ជាច្រើនលើក​ច្រើន​សារ​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ ​ពី​ប្រទេស​ហូ​ឡង់​កាលពី​ឆ្នាំ១៩៤៥​ ​ហើយ​បាន​ធ្វើឲ្យ​ខាតបង់​ថ​វិការ​ចំនួន១០០ទ្រី​លាន​ ​Rupias​ ​ដែល​ស្មើនឹង​ ​៦.៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល​ឆ្នាំ​។​

​គំរោង​ផ្លាស់​ប្តូរ​ទីក្រុង​ ​Jakarta​ ​នេះ​ ​បន្ទាប់ពី​លោក​ ​Widodo​ ​បាន​ប្រកាស​ពី​ជ័យ​ជំ​នៈ​លើ​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាលពីដើម​ខែមុន​ ​តែ​លទ្ធផល​ផ្លូវការ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​។​ ​

​យោង​តាម​ការស្ទង់មតិ​កាលពី​ឆ្នាំ​ ​២០១៦​ ​កន្លងមក​នេះ​បាន​បង្ហាញថា​ ​ទីក្រុង​ហ្សាកាតា​ជា​កន្លែង​ ​ដែល​មានការ​ក​ក​ស្ទះ​ច​ចរាចរណ៍​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​៕​

អ្នកជំនាញ​អះអាង​ថា​តំបន់​ជ្រោយ​ចង្វា​រ​រីកចម្រើន​លឿន​លើស​ការ​រំពឹង​ទុក​

0
អាគារខុនដូកំពុងសាងសង់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​បណ្តា​អ្នកជំនាញ​បង្ហាញ​ពី​ក្ដី​សាទរ​ ​និង​មាន​មោទនភាព​ចំពោះ​ភាព​រីកចម្រើន​ ​ដែល​មានសន្ទុះ​យ៉ាង​លឿន​ទៅលើ​ការអភិវឌ្ឍន៍​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ជ្រោយ​ចង្វា​រ​ ​ដែល​រឹតតែ​ជ​ម្រុ​ញ​ឱ្យ​ខណ្ឌ​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​ ​និង​ភាព​លេចធ្លោ​។​ ​

​អ្នកជំនាញ​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​កញ្ញា​ ​គឹម​ ​គិ​នកេ​សា​ ​បាន​អះអាង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រកំ​ពុង​តែ​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​ជាមួយ​សកម្មភាព​សាងសង់​ ​និង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាច្រើន​ ​ជាពិសេស​ ​គម្រោង​សាង​សង​ទីក្រុង​រណប​ធំៗ​ចំនួន២​ ​ដែល​មានតម្លៃ​រាប់ពាន់​ដុល្លារ​។​

​ក្រៅពី​គំរោង​ទីក្រុង​រណប​ ​តំបន់​ជ្រោយ​ចង្វា​រក៏​មាន​គម្រោង​បុរី​លំនៅ​ដ្ឋានចំនួន៨បានបញ្ចប់ការសាងសង់ ហើយចំនួន៨គម្រោងទៀត ​បាន​និង​កំពុង​សម្រុង​សាងសង់​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ខាងមុខនេះ​ ​ដូច្នេះ​មិនយូរ​ទៀត​នោះ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រក៏​នឹង​ក្លាយជា​ទីផ្សារ​លំនៅ​ដ្ឋាន​ដ៏​ពេញនិយម​នៅក្នុង​រាជធានី​ភ្នំពេញ​ ​មិនចាញ់​ខណ្ឌ​សែនសុខ​ ​ដូច​ពេល​បច្ចុប្បន្ន​នេះនោះ​ទេ​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ថា​ ​បច្ចុប្បន្ន​បន្ទាប់ពី​ក្រុងភ្នំពេញ​ ​ដែល​ជាទី​ក្រុង​ចាស់​ ​ខណ្ឌ​ជ្រោយ​ចង្វា​រនេះ​ហើយដែល​ជា​តំបន់​ ​ដែល​មាន​សក្ដានុពល​ ​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​។​ ​

​ជាក់ស្ដែង​ពេលនេះ​គឺ​មាន​គម្រោង​សាងសង់​ទីក្រុង​រណប​ចំនួន​រួច​ទៅ​ហើយ​ ​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ ​OCIC​ ​និង​ទីក្រុង​រណប​របស់​ទីក្រុង​លី​ ​យ៉ុង​ផាត់​ ​រួម​ជាមួយនឹង​ភាពល្អ​ប្រសើរ​ដែល​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ក៏​ស្ថិតនៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ផង​ដែរ​។​ ​

​លោក​ឧកញ៉ា​បន្ត​ថា​ ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​សន្ទុះ​នៃ​ការ​អ​ភិ​វ​ឌ្ឈ​នា​ពេលនេះ​ ​ជ្រោយ​ចង្វា​រមិ​នពិ​បា​ក​ក្នុង​ការ​បោះ​ជំ​ហ៊ាន​ ​ក្នុងនាម​ជាទី​ក្រុង​ទី២នោះ​ទេ​ ​ព្រោះ​នៅក្នុង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ​OCIC​ ​និង​ក្រុមហ៊ុន​លី​ ​យ៉ុង​ផាត់​ ​ក៏​មាន​សាងសង់​អាគារ​ពាណិជ្ជកម្ម​ ​និង​ផ្សារ​ទំនើប​មួយចំនួន​ផង​ដែរ​។​

អាគារខុនដូកំពុងសាងសង់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​មិន​លើស​ពី​មួយឆ្នាំ​ទៀត​នោះ​ទេ​ ​យើង​នឹង​ឃើញ​មានការ​ផ្គត់ផ្គង់​ជាច្រើន​ទៀត​ ​លេចចេញ​នូវ​រូបរាង​នៅក្នុង​ខណ្ឌ​មួយ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​លំនៅ​ដ្ឋាន​ ​ជាពិសេស​ ​គម្រោង​បុរី​ប៉េង​ហួត​ ​គម្រោង​មេគង្គ​ផាក​ ​និង​គម្រោង​ជាច្រើន​ផ្សេងទៀត​”​។​ ​លោក​បន្ថែម​ថា​ ​“​បើ​តាម​ការ​ធ្វើការ​ព្យាករណ៍​របស់ខ្ញុំ​ ​គឺ​នៅ​ត្រឹម​រយៈពេល​ប្រមាណ១២ខែ​ទៀត​ ​នឹង​មាន​គម្រោង​មិន​តិច​ជាង២០ទៀត​នោះ​ឡើយ​”​៕​

ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន១២​ ​កំពុង​ចាប់ផ្តើម​សាង​សង់​បណ្តើរ​ៗ​ដើម្បី​ជំរុញ​​កំនើន​សេដ្ឋកិច្ច​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ជាមួយនឹង​ផែនការ​ធ្វើឲ្យ​បាន​ច្រើនជាង​មុន​ ​រីកចម្រើន​ជាង​មុន​ ​រដ្ឋាភិបាល​ ​អាណត្តិ​ទី៦នេះ​ ​នឹង​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ ​ដើម្បី​ជួយ​ជំរុញកំនើន​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​ស្ពាន​ជាច្រើន​បាន​និង​កំពុង​សាងសង់​ ​និង​លេចចេញ​រូប​រាង​បណ្តើរ​ៗ​ហើយ​ ​ដូចជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់​ស្រុក​ស្ទឹងត្រង់​ ​ក្នុង​ខេត្ត​កំពង់ចាម​ ​ទៅកាន់​ស្រុក​ក្រូ​ឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​។​ ​គម្រោង​សាងសង់​ស្ពាន​ចេញពី​តំបន់​ជ្រោយ​ចង្វា​រ​ ​ទៅ​តំបន់​ស្វាយ​ជ្រុំ​។​ ​គំរោង​សាងសង់​ស្ពាន​ពី​ក្តី​តា​កុយ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​ ​ស្ពាន​អាកាស​ក្បាលថ្នល់​ ​និង​ស្ពាន​អាកាស​ស្ថិតនៅ​ចំណុចប្រសព្វ​ ​រវាង​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ផ្លូវ២៧១​ ​និង​ផ្លូវ​មុនីវង្ស​ ​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​នា​តំបន់​រង្វង់​មូល​ចោមចៅ​។​

​ជាមួយគ្នា​នេះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ខេត្ត​ព្រះសីហនុ ​បាន​និង​កំពុង​ដំណើរការ​សាងសង់​ ​ជាមួយ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដែល​មាន​ស្ពាន​អាកាស​ចំនួន៦​ ​ដូចជា​ ​ស្ពាន​អាកាស​រំលង​ផ្លូវជាតិ​លេខ៤​ ​លេខ៣​ ​លេខ២១​ ​លេខ២​ ​លេខ១១០​ ​និង​ស្ពាន​វែង​មួយ​ឆ្លងកាត់​ទន្លេបាសាក់​ ​ដោយ​ឆ្លងកាត់​កោះអន្លង់ចិន​ ​ឆ្ពោះ​មកកាន់​ឃុំ​ឈើទាល​ ​ក្នុង​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​

​រដ្ឋាភិបាល​ចិន​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​ចំនួន២៥៩លាន​ដុល្លារ​រួចហើយ​ ​ដើម្បី​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣រួចហើយ​ផង​ដែរ​ ​ដែល​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។​

​ជាមួយគ្នា​នេះ​ ​តាមរយៈ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​ក៏បាន​ប្រកាស​ពី​គំរោង​សាងសង់​រថភ្លើង​លើ​អាកាស​ ​(​Sky​ ​Train​)​ ​នៅ​រាជធានី​ភ្នំពេញ​ជាលើកដំបូង​ផង​ដែរ​។​ ​រដ្ឋមន្រ្តី​រូប​នេះ​ក៏បាន​បង្ហាញ​ពី​គំរោង​សាងសង់​ផ្លូវជាតិ​ថ្មី​មួយ​ចេញពី​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ ​ភ្ជាប់​ទៅកាន់​ខេត្តកោះកុង​ ​ដែល​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ផង​ដែរ​។​

​លើស​ពីនេះ​ ​គំរោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មី​ចំនួន៣​ ​គឺ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញ​អន្តរជាតិ​ថ្មី​ដូច​ជា​ព្រលា​ននៅ​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ស្រុក​បាទី​ខេត្តតាកែវ​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ​ខេត្តសៀមរាប​ ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ​ ​ខេត្តកោះកុង​ ​ក៏​នឹង​លេចចេញ​រូបរាង​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​ផង​ដែរ​៕​