ក្រុមហ៊ុន​ចិន​គ្រោង​សាង​សង់​រោងចក្រ​ផលិត​សម្ភារ​សិក្សា​ ​និងកីឡា​នៅ​កម្ពុជា​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចិន​មក​ពី​ខេត្ត​សាន​ស៊ី​បាន​មានបំណង​ក្នុង​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា​ ​និងកីឡា​នៅ​កម្ពុជា​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​ជាពិសេស​វិស័យ​អប់រំ​ជាតិ​ ​និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សំ​ខាន់​ៗ​ ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ ​នៅក្នុង​ជំនួប​ជាមួយ​ ​លោក​ ​Wang​ ​Liping​ ​ប្រធាន​ក្រុមហ៊ុន​ ​GuangBo​ ​Group​ ​Co​.​,​ ​Ltd​ ​កាលពី​ទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ដែល​មាន​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សម្ភារ​សិក្សា​ ​និងកីឡា​នៅក្នុង​ប្រទេស​កម្ពុជា​ ​ព្រោះ​ប្រទេស​កម្ពុជា​ជាទី​តាំង​ភូមិសាស្ត្រ​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ​គោលនយោបាយ​គាំពារ​វិនិយោគ​ ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​គម្រោង​ ​Plus​ ​One​ ​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​និង​ការ​លើក​ទឹក​ចិ​ត្ត​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​វិនិយោគិន​បរទេស​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បន្ត​ថា​ ​«​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​១៩កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ ​សម្រាប់​ផ្តល់​ឱ្យ​វិនិយោគិន​បើក​រោងចក្រ​ ​ដើម្បី​ទទួល​បានការ​លើកលែង​ពន្ធលើប្រាក់ចំណេញ​ ​៩ឆ្នាំ​ ​អាច​គ្រប់គ្រង​ភាគហ៊ុន​ ​១០០​%​ ​ហើយ​អាច​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់​ ​(​អាស៊ាន​)​ ​សហរដ្ឋអាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ ​នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​ថែមទៀត​»​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ ​តាមរយៈ​ការកាត់បន្ថយ​សកម្មភាព​ការិយាធិបតេយ្យ​ ​ការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​(​ផ្លូវ​គមនាគមន៍​ ​ព្រលា​នយន្ត​ហោះ​ ​កំពង់ផែ​អន្តរជាតិ​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​)​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ការ​ចងក្រង​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ៗ​ ​សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ​និង​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​ ​

​លោក​ ​Wang​ ​Liping​ ​ប្រធាន​ក្រុមហ៊ុន​ ​GuangBo​ ​Group​ ​Co​.​,​ ​Ltd​ ​និង​សហការី​ ​បាន​ថ្លែងអំណរគុណ​លោក​ ​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ដែល​បាន​គាំទ្រ​គម្រោង​វិនិយោគ​ខាងលើ​ ​និង​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំ​ខាន់​ៗ​ ​ទាក់ទង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​

​លោក​ ​Wang​ ​Liping​ ​ក៏បាន​សន្យា​ពិនិត្យ​លទ្ធភាព​ពង្រីក​ការ​វិនិយោគ​មក​កម្ពុជា​ ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ ​នៅ​ក្រោម​ក្របខណ្ឌ​ខ្សែ​ក្រ​វ៉ាត់១​ ​និង​ផ្លូវ១​ ​សំដៅ​រួមចំណែក​បង្កើត​ឱកាស​ការងារ​ ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

ដំណឹងល្អ​! ផ្សារ​ទំនើប​ចំនួន៩ទៀត​ ត្រៀមខ្លួន​ឈានជើង​ចូល​ទីផ្សារ​នា​ពេល​ខាងមុខ​

1

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ បើ​មិន​ការប្រែប្រួល​នោះ​ទេ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០ខាងមុខនេះ​ ផ្សារ​ទំនើប​ធំៗ​ចំនួន៩ទៀត​ នឹង​ត្រៀមខ្លួន​ចូល​មក​ដំណើរការ​នៅ​លើ​ទីផ្សារ​ បន្ទាប់ពី​គម្រោង​សា​សង់​ត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩​។

វត្តមាន​របស់​ផ្សារ​ទំនើប​ចំនួន៩​ ដែល​រួមមាន​ដូចជា​៖ ផ្សារ​ទំនើប​ Phnom​ Penh​ Mega​ Mall​, The​ Olympia​ Mall​, Chip​ Mong​ Baktouk​ CC​, WB​ Arena​, The​ Park​, The​ Point​, Noro​ Mall​, The​ Bridge​, និង​ Midtown​-mall​ នឹង​ធ្វើ​ឱ្យ​មាន​បរិយាកាស​សង្គម​កាន់តែ​មាន​ភាព​ស៊ីវិល័យ​ ទាន់សម័យ​ និង​ផ្តល់​ភាព​ស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់​ ហើយក៏​ជា​ការចូលរួម​លើកកម្ពស់​ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សង្គម​ផង​ដែរ​។

អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៩​ មេសា​កន្លងមក​ថា​ សម្រាប់​ឆ្នាំ២០១៩​ ទំហំ​នៃ​ផ្ទៃក្រឡា​សម្រាប់​ដាក់​លក់រាយ​ នៅក្នុង​បណ្តា​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មាន​កំណើន​រហូតដល់​ចំនួន៣៤៨​,០០០​ ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ ផ្ទៃក្រឡា​សម្រាប់​ទីតាំង​ លក់រាយ​មាន​ចំនួន​ត្រឹមតែ២៨២​,០០០​ ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា​ “ការ​កើនឡើង​ផ្សារ​ទំនើប​យ៉ាងច្រើន​នៅ​ឆ្នាំ២០១៩នេះ​ មួយភាគធំ​គឺជា​ផ្នែក​ដែល​បន្សល់​ ពី​គម្រោង​ចាស់​ដែល​មិនទាន់​បញ្ចប់​រួចរាល់​កាលពី​ឆ្នាំ២០១៨​”។

យោង​តាម​របាយការណ៍​របស់​ CBRE​ បាន​ឲ្យដឹង​ផង​ដែរ​ថា​ នៅ​ឆ្នាំ២០១៨កន្លងមក​នេះ​ កំណើន​នៃ​ចំនួន​ម៉ាក​ផលិតផល​ថ្មី​បាន​កើនឡើង​ តាមរយៈ​ទីផ្សារ​ទំនើប​រហូតដល់៦៥ម៉ាក​ ខណៈ​ឆ្នាំ២០១៧​ ដែល​មាន​ត្រឹម២៩ម៉ាក​។ ផលិត​ផលល្បីៗ​ដែល​នាំចូល​ ភាគច្រើន​ជា​ប្រភេទ​ចំណីអាហារ​ និង​ភេសជ្ជៈ​ និង​ត្រូវ​បាន​នាំចូល​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​មួយ​ចំណែក​តូច​ត្រូវ​បាន​នាំចូល​មក​ពី​ប៉ែក​អឺរ៉ុប​ ដូចជា​សម្ភារៈ​ប្រើប្រាស់​ និង​សម្លៀកបំពាក់​ជាដើម​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ ជាមួយ​វត្តមាន​នៃ​ផ្សារ​ទំនើប​ទាំងនេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ បើ​ទោះជា​ផ្សារ​ទំនើប​ចំនួន៩​ ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ពិតជា​ដំណើរ​មែន​ ក៏​វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បណ្តា​អ្នក​វិនិយោគ​ ចូល​មក​បង្កើត​ផ្សារ​ទំនើប​ដូចនេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សមស្រប​ទៅតាម​តម្រូវការ​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​ ភាគច្រើន​គឺ​នៅ​មាន​ភាព​ពេញនិយម​ជាមួយ​ផ្សារ​ប្រពៃណី​ ដូចជា​ផ្សារដើមគរ​ ផ្សារ​អូរឫស្សី​ ផ្សារ​ច្បារអំពៅ​ ក៏ដូចជា​ផ្សារថ្មី​ជាដើម​ ក៏​ព្រោះតែ​ផ្សារ​ទំនើប​នៅ​មិនទាន់​អាច​បំពេញ​នូវ​តម្រូវការ​បាន​ទាំងស្រុង​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​កំណើន​ផ្សារ​ទំនើប​ នឹង​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម​ ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​”។ លោក​បន្ត​ថា​ “នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ ទីក្រុង​កាន់តែ​រីក​ធំ​ ហើយ​អាជីវករ​ ឬពាណិជ្ជករ​ ដែល​ធ្លាប់តែ​ប្រកបតាម​បែប​ប្រពៃណី​នោះ​ នឹង​ងាក​ចូល​ទៅ​ប្រកបរបរ​នៅក្នុង​ផ្សារ​ទំនើប​វិញ​”។

ហេតុផល​ដោយសារ​ តែ​នៅពេល​ដែល​ផ្សារ​ទំនើប​មាន​កាន់តែ​ច្រើន​ នោះ​ទីតាំង​ជួល​នឹង​មាន​ភាព​ទូលាយ​ ហើយ​តម្លៃ​ក៏​មានកម្រិត​ទាប​ក្រោម​ការប្រកួត​ប្រជែង​ និង​កាន់តែ​ផ្តល់​លទ្ធភាព​ដល់​បណ្តា​អាជីវករ​ ដែល​មាន​បំណង់​ចង់​ប្រក​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​។ ធម្មតា​ នៅពេល​ប្រទេស​មួយ​កាន់តែ​រីកចម្រើន​ មានការ​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​កាន់តែ​មានលទ្ធភាព​ខ្ពស់​ នោះ​គឺ​សុទ្ធតែ​ត្រូវការ​ផ្សារ​ទំនើប​នេះ​ទាំងអស់​៕

តើ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ មានទ្រព្យ​សម្បត្តិ​អ្វីខ្លះ​ជាមួយ​ទឹកប្រាក់​រហូតដល់​ ៣០០០លាន​ដុល្លារ​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ មុន​ពេល​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី៤៥​ លោក​ Donald​ J.Trump​ មិនសូវ​មាន​គេ​ស្គាល់​និង​ចាប់អារម្មណ៍​ណាស់ណា​ទេ​ ព្រោះ​លោក​មាន​ឋានៈ​ត្រឹមតែ​ជា​អ្នកជំនួញ​ និង​ជាម​ហា​សេដ្ឋី​មួយ​រូប​ ដែល​មាន​លុយ​ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ដែល​លោក​មាន​ មិន​ត្រូវ​បាន​មហាជន​ទូទៅ​ដឹង​លម្អិត​ឡើយ​ ដោយ​មនុស្ស​ភាគច្រើន​ដឹង​ត្រឹមតែ​ថា​ លោក​មាន​អចល​ទ្រព្យ​ជាច្រើន​នៅក្នុង​ទីក្រុង​ញូ​វយ៉​ក។

ខាងក្រោម​នេះ​គេហទំព័រ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ Propertyarea.asia​ បាន​លើកយក​ទ្រព្យសម្បត្តិ​របស់​លោក​ Donald​ Trump​ មួយ​ៗមក​លម្អិត​ជូន​ប្រិយមិត្ត​អ្នកអាន​បាន​សិក្សា​ស្វែងយល់​។

១) អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូ​វយ៉​ក

អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូ​វយ៉​ករបស់​លោក​ Donald​ Trump​ តាម​ការ​បញ្ជាក់​របស់​ទស្សនាវដ្ដី​ Forbes​ បានឱ្យ​ដឹង​ថា​ សរុប​ជា​លុយ​មាន​ចំនួន១.៤៧ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​តួលេខ​នេះ​គិត​ត្រឹម​ខែកុម្ភៈ​ ឆ្នាំ២០១៩​។

អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូ​វយ៉​ករបស់​លោក​ Donald​ Trump​ រួមមាន​៖

១.១​ អគារ​ 1290​ Avenue​ of​ the​ Americas​

ជា​អគារ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​មួយ​នៅក្នុង​ទីក្រុង​ញូ​វយ៉​ក ដោយមាន​ភាគហ៊ុន​របស់​លោក​Donald​ Trump​ ចំនួន៣០​% ដែល​បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ដឹង​ថា​ មានតម្លៃ២.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​ Donald​ Trump​ មាន​ចំណែក៤៤៦លាន​ដុល្លារ​អាមេរិក​។

១.២​ អគារ​ 40​ Wall​ Street​ (Trump​ Building​)

ជា​អគារ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ១៩២៩​ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ១៩៣០​ ជាទី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ The​ Manhattan​ Company​ ប៉ុន្តែ​បច្ចុប្បន្ន​វា​ជា​កម្មសិទ្ធិ១០០​% របស់​លោក​Donald​ Trump​ ហើយ​វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អគារ​ Trump​ Building​ ផង​ដែរ​ចាប់តាំងពី​ចុងឆ្នាំ​ ១៩៩៥​។ អគារ​នេះ​ បើ​តាម​ការវាយតម្លៃ​គឺ​គិតជា​លុយ​ស្មើនឹង៤៨៤លាន​ដុល្លារ​អាមេរិក​។

១.៣​ អគារ​ Trump​ Tower​

ជា​អគារ​ពាណិជ្ជកម្ម​មួយ​ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ជួល​សម្រាប់​ បើកហាង​លក់ទំនិញ​អន​ឡាញ​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​។ អគារ​នេះ​មានតម្លៃ​ ៣១៨លាន​ដុល្លារ​អាមេរិក​ ហើយ​វា​គឺជា​លោក​ Donald​ Trump​ តែម្នាក់​គត់​។

១.៤​ អគារ​ 6 E. 57​th​ Street​ (Nike​ Town​)

ជា​អគារ​លក់​ផលិតផល​និង​សម្ភារៈ​ម៉ាក​ Nike​ ដ៏​ធំ​នៅក្នុង​ទីក្រុង​ញូ​វយ៉​ក ប៉ុន្តែ​ប្រភ​ភព​ព័ត៌មាន​ចុងក្រោយ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​Nike​ បាន​បោះបង់ចោល​អគារ​នេះ​កាលពី​ឆ្នាំមុន​ ដោយឡែក​លោក​Donald​ Trum​ នៅតែ​ជា​បន្ត​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ ដែល​តាម​កិច្ច​ព្រមព្រៀង​ គឺ​មាន​ក្រុមហ៊ុន​ធំ​មួយ​បាន​បោះ​លុយ​យ៉ាងច្រើន​សន្ធឹក​ សម្រាប់​ជួល​អគារ​នេះ​។ បើ​តាម​ការ​ឱ្យ​ដឹង​ អគារ​នេះ​គិតជា​ទឹកប្រាក់​ស្មើនឹង១៩១លាន​ដុល្លារ​អាមេរិក​ និង​ជា​របស់​លោក​ Donald​ Trump​ តែម្នាក់​គត់​។

១.៥​ អគារ​ Trump​ Park​ Avenue​

ជា​អតី​តសណ្ឋ​គារ​កប់​ពពក​ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយជា​លំនៅ​ដ្ឋាន​ខុន​ដូ​ និង​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​លោក​ Donald​ Trump​ បន្ទាប់ពី​ទិញ​ក្នុង​តម្លៃ១១៥លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ២០០២​។ ទីភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​ នៅក្នុង​ទីក្រុង​ញូ​វយ៉​ក បានឱ្យ​ដឹង​ថា​ អគារ​នេះ​មានតម្លៃ១៧៥លាន​ដុល្លារ​អាមេរិក​។

១.៦​ អគារ​ Trump​ Parc​ / Trump​ Parc​ East​

ជា​អគារ​លំនៅ​ដ្ឋាន​ ដែល​អម​ដោយ​អគារ​ពីរ​បូក​បញ្ចូល​គ្នា​ ដោយ​មួយ​មាន​កម្ពស់​ ៣៨ជាន់​ ជា​អគារ​ខុន​ដូ​ និង​មួយទៀត​ជា​អគារ​ផ្ទះល្វែង​ និង​ខុន​ដូ​កម្ពស់១៤ជាន់​។ ដើមឡើយ​ អគារ​នេះ​សណ្ឋាគារ​ ដែល​មានឈ្មោះ​ថា​ Barbizon​ Plaza​ Hotel​ ប៉ុន្តែ​ត្រូវ​បាន​លោក​ Donald​ Trump​ ទិញ​កាលពី​ឆ្នាំ១៩៨១​ ដោយ​កាលនោះ​Donald​ Trump​ បាន​ទិញ​ទាំង​ផ្ទះ​ ដែល​នៅ​ជាប់​សណ្ឋាគារ​នេះ​ទៀតផង​ ដើម្បី​ជួសជុល​ និង​រៀបចំ​ជា​ខុន​ដូ​ ដែល​មាន៣៤០យូនី​ត។ បច្ចុប្បន្ន​នេះ​ អគារ​ Trump​ Parc​ មានតម្លៃ៤៥លាន​ដុល្លារ​អាមេរិក​។

១.៧​ អគារ​ Trump​ Plaza​

ជា​សណ្ឋាគារ​ និង​កាស៊ីណូ​ ដែល​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ១៩៨៤​ និង​បាន​បិទ​វិញ​នៅ​ឆ្នាំ​ ២០១៤​។ អគារ​នេះ​ មាន​ភាគហ៊ុន​មួយ​ចំណែក​ជា​របស់​ Donald​ Trump​ ប៉ុន្តែ​ក្រោយពី​បើក​ដំណើរការ​បាន​មួយ​រយៈ​ ប្រាក់ចំណូល​ដែល​ទទួល​បាន​គឺ​តិច​តូចបំផុត​។ ចំណែក​ពន្ធ​វិញ​គឺ​ច្រើន​ ដែល​បង្ខំចិត្ត​ឱ្យ​ Donald​ Trump​ ទិញ​ភាគហ៊ុន​ផ្ដាច់​ពី​ដៃគូ​សហការ​ក្នុង​តម្លៃ៧០លាន​ដុល្លារ​អាមេរិក​។ ក្រោយមក​ទៀត​ លោក​ Donald​ Trump​ បាន​ទិញ​ផ្ទះ​ និង​អគារ​មួយចំនួន​ទៀត​ នៅ​ក្បែរ​នោះ​ ដើម​ពង្រីក​សណ្ឋាគារ​និង​កាស៊ីណូ​ ដោយ​ចំណាយ​លុយ​ច្រើន​សន្ធឹក​ ប៉ុន្តែ​ជំនួញ​មួយ​នេះ​ ហាក់​មិន​ជោគជ័យ​ទាល់តែសោះ​។ រហូតដល់​ឆ្នាំ​ ២០១៤​ លោក​Donald​ Trump​ បានសម្រេច​ចិត្ត​បិទ​អគារ​ Trump​ Plaza​ ជា​ផ្លូវការ​ ហើយ​វា​ក៏​ជា​កាស៊ីណូ​ទី៤​ ដែល​បាន​បិទ​ទ្វា​នៅក្នុង​ទីក្រុង​អាត្លង់ទិច​។

ងាក​ត្រឡប់មកវិញ​ តើ​អគារ​នេះ​បច្ចុប្បន្ន​មានតម្លៃ​ប៉ុន្មាន​ដែរ​? តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវដ្ដី​ Forbes​ គឺ​មានតម្លៃ៤០លាន​ដុល្លារ​អាមេរិក​។

១.៨​ អគារ​ Trump​ World​ Tower​

ជា​អគារ​លំនៅ​ដ្ឋាន​មួយ​ ដែល​ចាប់​ផ្ដើម​សាង់​សង់​នៅ​ឆ្នាំ១៩៩៩​ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០០១​ ដោយ​ចំណាយ​ថវិកា៣០០លាន​ដុល្លារ​អាមេរិក​ មាន​កំពស់៧២ជាន់​ និង​មានផ្ទៃ​ដី៨៩​,៨០០ម៉ែត្រ​កា​រ៉ែ​ ដោយ​ក្នុង​នោះ​លោក​ Donald​ Trump​ គឺជា​ម្ចាស់​ ១០០​%។ ត្បិត​តែ​អគារ​នេះ​ចំណាយ​លុយ​ក្នុង​ការសាងសង់៣០០លាន​ដុល្លារ​អាមេរិក​ ក្ដី​ ប៉ុន្តែ​គិត​ត្រឹម​ពេលនេះ​ទស្សនាវដ្ដី​ Forbes​ បាន​ចេញផ្សាយ​ថា​ វា​មានតម្លៃ​ត្រឹមតែ២៦លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

១.៩​ អគារ​ Trump​ International​ Hotel​ &​; Tower​ New​ York​

អគារ​នេះ​ចាប់ផ្ដើម​សាងសង់​ឡើង​នៅ​ឆ្នាំ១៩៦៨​ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ១៩៧០​ ជាស​ណ្ឋ​គារ​ដ៏​ទំនើប​មួយ​ ប៉ុន្តែ​ចាប់ពី​ឆ្នាំ១៩៩៤​ ដែល​លោក​Donald​ Trump​ បាន​ចូល​លូកដៃ​ និង​ជា​ម្ចាស់ភាគហ៊ុន​មក​ លោក​បាន​ប្រែក្លាយ​សណ្ឋាគារ​នេះ​ទៅជា​លំ​ នៅ​ដ្ឋាន​ខុន​ដូ​។ បច្ចុប្បន្ន​ Trump​ International​ Hotel​ &​; Tower​ New​ York​ គឺជា​របស់​លោក​ Donald​ Trump​ តែម្នាក់​គត់​ ហើយ​អគារ​មួយ​នេះ​គិតជា​លុយ​ស្មើនឹង២០លាន​ដុល្លារ​អាមេរិក​។

២) អចលន​ទ្រព្យ​ផ្សេង​ៗ ដែល​ស្ថិតនៅ​ក្រៅពី​ទីក្រុង​ញូ​វយ៉​ក

ពិតជា​ដូច​អ្វី​ដែលគេ​បាន​និយាយ​មែន​ លោក​ Donald​ Trump​ គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ និង​ជា​បុគ្គល​ដែល​ជោគជ័យ​លើ​វិស័យ​នេះ​។ ទ្រព្យសម្បត្តិ​ដែល​ជា​អចលនទ្រព្យ​របស់​លោក​ ដែល​មាននៅ​តាម​តំបន់​ផ្សេង​ៗ ក្រៅពី​ទីក្រុង​ញូ​វយ៉​ក គិតជា​លុយ​មាន​រហូតដល់៦៣០លាន​ដុល្លារ​អាមេរិក​។

អចលនទ្រព្យ​ក្រៅពី​ទីក្រុង​ញូ​វយ៉​ករបស់​លោក​ Donald​ Trump​ រួមមាន​៖

២.១​ អគារ​ 555​ California​ Street​

555​ California​ Street​ ពីមុន​ជា​អគារ​របស់​ធនាគារ​Bank​ of​ America​ Center​ ដែល​មាន៥២ជាន់​ ស្ថិតនៅ​ក្នុង​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ​ ហើយក៏​ជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី៤នៅក្នុង​ទីក្រុង​នេះ​ផង​ដែរ​។ នៅ​ឆ្នាំ២០០៧​ លោក​ Donald​ Trump​ បាន​ទិញ​ភាគហ៊ុន​របស់​អគារ​នេះ​ចំនួន៣០​%។ តាម​ការវាយតម្លៃ​របស់​ Forbes​ បាន​បញ្ជាក់​ថា​ អគារ​នេះ​មានតម្លៃ២.១ពាន់​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​លោក​Donald​ Trump​ មាន​ចំណែក៤៥២លាន​ដុល្លារ​អាមេរិក​។

២.២​ អគារ​ Trump​ International​ Hotel​ Las​ Vegas​

ជាស​ណ្ឋ​គារ​ និង​ខុន​ដូ​ប្រណិត​ មាន​កម្ពស់៦៤ជាន់​ ដែល​ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ២០០៥​ និង​បញ្ចប់​ការសាងសង់​ ព្រមទាំង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​ ២០០៨​ ដោយ​ចំណាយ​លុយ៥០០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ថ្លៃ​សាងសង់​។ តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ពី​ដំបូង​លោក​ Donald​ Trump​ មាន​ភាគហ៊ុន​ត្រឹមតែ៥០​% ប៉ុណ្ណោះ​ ប៉ុន្តែ​ពេលនេះ​ លោក​Donald​ Trump​ មាន​ភាគហ៊ុន១០០​% ហើយ​អគារ​នេះ​ផង​ដែរ​ បើ​គិតជា​លុយ​មានតម្លៃ​ ៦៨លាន​ដុល្លារ​អាមេរិក​។

២.៣​ អគារ​ Trump​ International​ Hotel​ Washington​

ជាស​ណ្ឋ​គារ​លំដាប់​លេខ១​ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​នៅ​ជិត​សេតវិមាន​អា​មេ​រិក​។ ដំបូង​ឡើយ​អគារ​នេះ​ ជា​ការិយាល័យ​ប្រៃសណីយ៍​ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​ ២០១២​-២០១៣​ រដ្ឋបាល​សេវាកម្ម​ទូទៅ​របស់​អាមេរិក​ បាន​ជ្រើសរើស​យក​ក្រុមហ៊ុន​របស់​លោក​ Donald​ Trump​ ក្នុង​ការ​ជួសជុល​និង​កែ​លម្អ​អគារ​នេះ​ឡើងវិញ​ ដោយក្រុម​ហ៊ុន​របស់​លោក​ Donald​ Trump​ បាន​ដាក់ចេញ​ថ្លៃ២០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​បាន​យក​មក​ជួសជុល​។

អគារ​ដ៏​ចំណាស់​នេះ​ បាន​ប្រែក្លាយ​ទៅ​ជាស​ណ្ឋ​គារ​ដ៏​ប្រណិត​មួយ​ ដោយមាន​ ២៥០បន្ទប់​ មាន​កន្លែង​ប្រជុំ​ ស្បា​ ភោជ្ជ​នី​ដ្ឋាន​ និង​សារមន្ទីរ​។ ក្រោយពី​ជួសជុល​រួម​ រដ្ឋបាល​សេវាកម្ម​ទូទៅ​របស់​អាមេរិក​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជួល​ឱ្យ​ លោក​Donald​ Trump​ ក្នុង​តម្លៃ៣លាន​ដុល្លារ​ក្នុង១ឆ្នាំ​។ អគារ​ទាំងមូល​នេះ​ជា​របស់​រដ្ឋ​ភិបាល​អាមេរិក​ ដែល​មានតម្លៃ២៣៨លាន​ដុល្លារ​អាមេរិក​។ ចំ​ណែ​កស​ណ្ឋ​គារ​ទាំងមូល​នេះ​ មាន​ភាគហ៊ុន​របស់​លោ​ ក Donald​ Trump​ ចំនួន​ ៧៧.៥​% ដូច្នេះ​ Donald​ Trump​ ទទួល​បាន​ត្រឹមតែ៥៣លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

២.៤​ វីឡា​ Trump​ Winery​

ជា​វីឡា​ដែល​មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ មាន​ទឹក​ ភ្នំ​ ជាពិសេស​វា​គឺជា​ចម្ការ​ទំពាំងបាយជូរ​ធំជាង​គេ​នៅក្នុង​រដ្ឋ​Virginia​។ កន្លែង​មួយ​នេះ​ ត្រូវ​បាន​គេ​ពេញនិយម​សម្រាប់​រៀបចំ​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ ដូចជា​អាពាហ៍​ពិពាហ៍​ ព្រឹត្តិ​ការណ៍​ភ្លក្ស​រសជាតិ​ស្រា​ទំពាំងបាយជូរ​ថ្មី​ ជាដើម​។ លោក​ Donald​ Trump​ បាន​ទិញ​កន្លែង​មួយ​នេះ​ ក្នុង​មាន​ជា​ម្ចាស់​ ១០០​% នៅក្នុង​ខែមេសា​ ឆ្នាំ​ ២០១១​ និង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ខែតុលា​ ឆ្នាំ២០១១​ ហើយ​គិត​ត្រឹម​ពេលនេះ​វា​មានតម្លៃ៣៤លាន​ដុល្លារ​អាមេរិក​។

២.៥​ ដី​មួយ​កន្លែងនៅ​ក្នុង​រដ្ឋ​កា​លី​ហ្វ​ញ៉ា​

គេ​មិនដឹង​ថា​ លោក​ Donald​ Trump​ ចង់​ធ្វើអ្វី​នោះ​ទេ​ សម្រាប់​ដី​វាល​មួយ​កន្លែងនៅ​ក្បែរ​ទីលាន​វាយកូនគោល​របស់​អាមេរិក​ ទោះបីជា​យ៉ាង​ក៏ដោយ​ ដី​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ មានតម្លៃ​ស្មើនឹង១៨លាន​ដុល្លារ​អាមេរិក​ ហើយ​វា​គឺជា​របស់​លោក​ Donald​ Trump​ តែម្នាក់ឯង​។

២.៦​ អគារ​ Trump​ International​ Hotel​ &​; Tower​ Chicago​

ជាស​ណ្ឋ​គារ​លំដាប់​ល្អ​ប្រណិត​បំផុត​ និង​ជា​អគារ​ខ្ពស់កប់ពពក​នៅក្នុង​មួយ​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​។ កាលពី​ឆ្នាំ​ ២០០១​ លោក​ Donald​ Trump​ ប្រកាស​ថា​ នឹង​ប្រែក្លាយ​អគារ​នេះ​ ឱ្យ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ ប៉ុន្តែ​ក្រោយ​កើតមាន​ហេតុការណ៍​វាយប្រហារ​អគារ​ភ្លោះ​ ឬអគារ​ពាណិជ្ជកម្ម​អាមេរិក​ នៅ​ថ្ងៃទី១១​ ខែកក្កដា​ គម្រោង​មួយ​នេះ​ត្រូវ​បាន​លុបចោល​ ប៉ុន្តែ​បច្ចុប្បន្ន​វា​គឺជា​អគារ​ខ្ពស់​ជាងគេ​ លំដាប់​ទី៤នៅ​សហរដ្ឋអាមេរិក​។ អគារ​នេះ​មានតម្លៃ​ ១០០លាន​ដុល្លារ​អាមេរិក​ និង​ជា​របស់​លោក​Donald​ Trump​។

៣) ទីលាន​ និង​ក្លឹប​វាយកូនគោល​របស់​លោក​ Donald​ Trump​

ពិតជា​កំពូល​មហាសេដ្ឋី​ដែល​មានគំនិត​វិនិយោគ​មែន​ ក្រៅពី​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ហើយ​ លោក​ Donald​ Trump​នៅ​ចាប់អារម្មណ៍​ និង​វិនិយោគ​ក្នុង​វី​ស័យ​កីឡា​ទៀត​ ដោយ​បច្ចុប្បន្ន​លោកមា​នទី​លាន​ និង​ក្លឹប​វាយកូនគោល​ចំនួន៤កន្លែង​ ដែល​គិតជា​ទឹកលុយ​ស្មើនឹង៥៥០លាន​ដុល្លារ​អាមេរិក​។

៤. ស្លាក​សញ្ញា​អាជីវកម្ម​

ឈ្មោះ​របស់​លោក​ Donald​ Trump​ ត្រូវ​បាន​គេ​ហ៊ាន​ឱ្យ​តម្លៃ​រហូតដល់​ទៅ​ជាង​ ១៧០លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​មាន​ដូចជា​Trump​ Tower​, Trump​ Hotel​ ជាដើម​។

៥. សាច់ប្រាក់​ និង​ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​

មហាសេដ្ឋី​រូប​នេះ​ ត្រូវ​បាន​ទស្សនាវដ្ដី​ Forbes​ ចេញផ្សាយ​ថា​ មានសាច់​ប្រាក់​ និង​ ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ប្រមាណ​ជា៣១០លាន​ដុល្លារ​អាមេរិក​។

៥.១​ សាច់ប្រាក់​សុទ្ធ​

របាយការណ៍​ជា​សាធារណៈ​មួយ​បាន​បង្ហាញថា​ លោក​Donald​ Trump​ បាន​ចំណាយ​លុយ​ប្រមាណ៦៦លាន​ដុល្លារ​អាមេរិក​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ហើយ​បើ​តាម​ការ​ឱ្យ​ពី​Forbes​ គិត​ត្រឹម​ពេលនេះ​Donald​ Trump​ មាន​លុយ​ជា​សាច់ប្រាក់​សុទ្ធ១៤០លាន​ដុល្លារ​អាមេរិក​។

៥.២​ អគារ​ Trump​ Tower​ Penthouse​

អគារ​មួយ​នេះ​អាច​និយាយ​បាន​ថា​ជា​ផ្ទះ​ ជា​កន្លែង​ស្នាក់នៅ​ និង​ជា​ការិយាល័យ​របស់​លោក​ Donald​ Trump​។ បច្ចុប្បន្ន​ អគារ​នេះ​មាន​វា​មានតម្លៃ៥៧លាន​ដុល្លារ​អាមេរិក​។

៥.៣​ យន្តហោះ​ធ្វើដំណើរ​ផ្ទាល់ខ្លួន​

Trump​ Force​ One​ ពី​ដំបូង​គឺជា​យន្តហោះ​ផ្ទាល់ខ្លួន​របស់​លោក​ Donald​ Trump​ ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ ក្រោយពេល​លោក​ឡើង​កាន់​តំណែង​ ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដែល​វា​គឺជា​យន្តហោះ​ Boeing​ 757​ និង​មានតម្លៃ៣២លាន​ដុល្លារ​អាមេរិក​។

៥.៤​ ផ្ទះ​វីឡា​

ផ្ទះ​វីឡា​ចំនួន​ ៣ នៅ​តំបន់​ Palm​ Beach​ ក្បែរ​ក្លឹប​វាយកូនគោល​ឯកជន​ Mar​-a-Lago​។ ផ្ទះ​វីឡា​ទាំង៣នេះ​ គិតជា​ទឹកប្រាក់​មាន​ចំនួន​ ៣៦លាន​ដុល្លារ​អាមេរិក​។

៥.៥​ ផ្ទះ​ឯកជន​ នៅ​ឯជនបទ​ (Seven​ Springs​)

ផ្ទះ​មួយ​នេះ​មានតម្លៃ៣០លាន​ដុល្លារ​អាមេរិក​ ដែល​ត្រូវ​លោក​ Donald​ Trump​ រស់នៅ​ក្រោយពេល​លោក​រៀបការ​រួច​ ហើយក៏​ជា​កន្លែង​កំណើត​នៃ​កូនស្រី​ដំបូង​របស់​លោក​គឺ​ Ivanka​។

៥.៦​ ភូមិគ្រឹះ​នៅ​លើ​ដី​កោះ​ បែរមុខ​ទៅ​សមុទ្រ​

ជា​ភូមិគ្រឹះ​ដ៏​ស្រស់​ស្អាត​ និង​ទាក់ទាញ​មួយ​ ត្រូវ​បាន​លោក​ Donald​ Trump​ ទិញ​ពី​អ្នកជំនួញ​ឥណ្ឌា​ ដែល​ជា​មិត្ត​ភ័ក្តិ​របស់​លោក​។ ចំពោះ​តម្លៃ​នៃ​ការទិញ​នោះ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ឡើយ​ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០១៧​ ភូមិគ្រឹះ​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ មានតម្លៃ​ស្មើនឹង២៨លាន​ដុល្លារ​អាមេរិក​ តែម​កដល់ពេល​នេះ​គឺ​វា​មានតម្លៃ​ត្រឹមតែ​ ១៥លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

៥.៧​ ផ្ទះនៅ​តំបន់​ Beverly​ Hills​

មិន​ត្រូវ​បាន​គេ​ដឹង​ព័ត៌មាន​លម្អិត​ ទាក់ទង​នឹង​ផ្ទះ​នេះ​ឡើយ​ ប៉ុន្តែ​បើ​តាម​ការវាយតម្លៃ​របស់​ Forbes​ គឺ​វា​មានតម្លៃ១៣លាន​ដុល្លារ​អាមេរិក​។

៥.៨​ ផ្ទះ​វីឡា​ពីរ​ជាប់គ្នា​

ជា​ផ្ទះ​វីឡា​ដែល​មាន​ទីតាំងនៅ​តំបន់​ Sterling​ ក្បែរ​ក្លឹប​វាយកូនគោល​របស់​លោក​ Donald​ Trump​។ វា​មានតម្លៃ​ ១.៥លាន​ដុល្លារ​អាមេរិក​។

ទាំងនេះ​គឺជា​ព័ត៌មាន​លម្អិត​ទាក់ទង​ នឹង​ទ្រព្យសម្បត្តិ​របស់​លោក​ Donald​ Trump​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី​ Forbes​ ដោយ​ក្នុង​នោះ​បាន​បញ្ជាក់​ថា​ លោក​មានទ្រព្យ​សម្បត្តិ​ គិតជា​ទឹកប្រាក់​មាន​ចំនួន៣.១ពាន់​លាន​ដុល្លារ​អាមេរិក​៕

ចំណេះដឹង​!​ ​តើ​កម្ម​សិទ្ឋ​បញ្ហា​មានផល​ប្រយោជន៍​ដូចម្តេច​ ​និង​គ្រប​ដណ្តប់​លើ​ផ្នែក​អ្វីខ្លះ​?​

0

ដោយ​នៅ ​ស៊ី​វុត្ថា

​ភ្នំ​ពេញ៖​ ​កំណើន​សេដ្ឋកិច្ច​ដែល​រួមចំណែក​ដោយ​ចំណេះដឹង​ ​កម្មសិទ្ធិ​បញ្ញា​ ​គឺជា​ការពិចារណា​ ​ដ៏​សំខាន់​ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​។​ ​

ផលិតផល​ ​ម៉ាក​ ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​ជាច្រើន​ ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ជា​លទ្ធផល​នៃ​ការ​បន្ត​ការ​ច្នៃប្រឌិត​និង​បង្កើត​ថ្មី​របស់​មនុស្សជាតិ​។​ សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម​ (​SMEs​)​ ​ជា​កំលាំង​ចលករ​នៅ​ពីក្រោយ​ការបង្កើត​ថ្មីនេះ​។​ ​

ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​ ​ជួនកាល​មិន​ត្រូវ​បាន​ធ្វើអាជីវកម្ម​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ​ដោយសារ​សហគ្រាស​ធុន​តូច​ ​និង​ធុន​មធ្យមភាគ​ច្រើន​ ​មិនទាន់​យល់​ច្បាស់​អំពី​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​ ​ឬ​ផលប្រយោជន៍​នៃ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​ចំពោះ​ត​ក្ត​កម្ម​ ​ម៉ាក​ ​និង​គំនូរ​ឧស្សាហកម្ម​របស់​ខ្លួន​។​

ប្រសិនបើ​កម្មសិទ្ធិ​បញ្ញា​ទាំងនោះ​ ​មិន​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នោះ​ទេ​ ​តក្កកម្ម​ ​នឹង​បាត់បង់​ទៅ​គូប្រកួត​ប្រជែង​ធំៗ​ ​ដែល​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើអាជីវកម្ម​លើ​ផលិតផល​ ​ឬ​សេវា​ក្នុង​តម្លៃ​ទាប​ ​ដែល​ធ្វើ​ឱ្យ​ត​ក្ត​ករ​ឬ​ម្ចាស់​ដើម​ ​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​ឬ​តម្លៃតបស្នង​ពី​ការបង្កើត​ថ្មី​របស់​ខ្លួន​នោះ​ទេ​។

​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​របស់​ក្រុមហ៊ុន​ ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការកំណត់​អំពី​ការរំលោភ​បំពាន​ ​និង​ការ​ប្រែក្លាយ​គំនិត​ទៅជា​ទ្រព្យ​អាជីវកម្ម​ ​ដែល​មានតម្លៃ​។​ ​ការ​ទាញ​យក​ផលប្រយោជន៍​ពេញលេញ​ ​ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​ទទួល​បាន​ចំណូល​ពី​ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​របស់​ខ្លួន​ ​ដែល​ជា​ការ​លើកទឹកចិត្ត​និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​។​

​មាន​ផលិតផល​ឬ​សេ​វា​ថ្មី​ៗ​ជាច្រើន​ ​ដែល​ការពារ​ក្រោម​ប្រភេទ​ផ្សេង​ៗ​គ្នា​នៃ​កម្មសិទ្ធិ​បញ្ញា​។​ សហគ្រាស​ ​តែង​តែ​ជូប​ប្រទះ​បញ្ហា​ប្រឈម​ ​ក្នុង​ការ​ទាញ​យក​តម្លៃ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ខ្លួន​ ​និង​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ខ្លួន​។​ ​

ក្រុមហ៊ុន​ដែល​ចំណាយធនធាន​ ​និង​ពេលវេលា​ក្នុង​ការ​ការពារ​ទ្រព្យកម្ម​សិទ្ធិ​បញ្ញា​របស់​ខ្លួន​ ​អាច​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​ ​និង​ជួយ​លើ​ផ្នែក​ជាច្រើន​ដូចជា​។​

•​ ​បង្ការ​គូប្រកួត​ប្រជែង​ពី​ការ​ចម្លង​ ​ឬ​ធ្វើត្រាប់​តាម​ផលិតផល​របស់​ខ្លួន​។​
•​ ​ជៀសវាង​លើ​ការ​ចំណាយ​ថ​វិ​កា​ខ្ចះ​ខ្ចាយ​លើ​ការស្រាវជ្រាវ​ ​និង​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​។
​•​ ​បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក​។
•​ ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ ​ឬ​ការផ្ទេរ​សិទ្ធិ​ ​ផ្សេង​ៗ​នៃ​កម្មសិទ្ធិ​បញ្ញា។
•​ ​បង្កើត​តម្លៃ​ទីផ្សារ​របស់​ខ្លួន​។
•​ ​ទទួល​បាន​មូលធន​ ​និង​ហិរញ្ញប្បទាន​។
•​ ​អាច​ពង្រីក​ទៅកាន់​ទី​ផ្សា​រថ្មីៗ​។​

កម្មសិទ្ធិ​បញ្ញា​ ​(​IP​)​ ​សំដៅ​ទៅលើ​ការបង្កើត​ដោយ​គំនិត​បញ្ញា​ ​ដូចជា​ ​តក្កកម្ម​ ​ស្នាដៃ​អក្សរ​សាស្រ្ត​និង​សិល្បៈ​ ​និ​មិត្តិ​សញ្ញា​ ​រូបភាព​ ​និង​គំនូរ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​នៅក្នុង​ពាណិជ្ជកម្ម​។​កម្មសិទ្ធិ​បញ្ញា​ ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​ ​គឺ​កម្មសិទ្ធិ​ឧស្សាហកម្ម​ ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល​។​ ​

កម្មសិទ្ធិ​ឧស្សាហកម្ម​ ​រួមមាន​ ​ប្រកាសនីយ​បត្រ​តក្កកម្ម​ ​ម៉ាក​ ​គំនូរ​ឧស្សាហកម្ម​ ​និង​ម៉ាក​សម្គាល់​ភូមិ​សា​ស្ដ្​រ​ទំនិញ​។​ល​។​ ​ចំណែក​ឯ​សិទ្ធិ​អ្នកនិពន្ធ​ ​រួមមាន​ស្នាដៃ​ ​អក្សរសាស្ត្រ​ ​និង​សិល្បៈ​ទំាង​ឡាយ​ ​ដូចជា​ ​រឿងប្រលោមលោក​ ​កំណាព្យ​ ​និង​ល្ខោន​ ​ភាពយន្ត​ ​ស្នាដៃ​តន្ត្រី​ ​គំនូរ​ ​រូបថត​ ​ចម្លាក់​ ​និង​ស្ថាបត្យកម្ម​ជាដើម​។​ ​សិ​ទិ្ធ​ប្រហាក់​ប្រហែល​ ​គឺ​សំដៅ​ទៅលើ​សិទ្ធិ​របស់​អ្នក​សម្តែង​ ​ផលិត​ក​រហ្វូ​ណូ​ក្រាម​ ​និង​អង្គភាព​ទូរ​ផ្សាយ​៕​

ទីក្រុង​ ​Jakarta​ ​គ្រោង​ចំណាយ​ទឹកប្រាក់​ ​៤០០០លាន​ដុល្លារ​សាងសង់​ផ្លូវ​រត់​ភ្លើង​ ​ល្បឿន​មធ្យម​

0

ដោយ​ ​នៅ ​ស៊ី​វុត្ថា

ឥណ្ឌូ​នេ​ស៊ី៖​ ​ទីក្រុង​ ​Jakarta​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​ចាប់ផ្តើម​សិក្សា​គម្រោង​សាងសង់​ផ្លូវ​រត់​ភ្លើង​ល្បឿន​មធ្យម​ ​នៅ​ខែមិថុនា​ឆ្នាំ២០១៩ខាងមុខ​ ​បន្ទាប់ពី​ត្រូវ​បា​សិក្សា​បុរេ​លទ្ធភាព​ម្តង​រួច​កាលពី​ឆ្នាំមុន​។​

រដ្ឋបាល​ក្រុងJakarta​ ​បាន​ផ្តល់​គម្រោង​សិក្សា​ផ្លូវ​រត់​ភ្លើង​មួយ​នេះ​ ​ទៅ​ឲ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​(​JICA​)​ ​ដែល​ជា​អ្នក​អនុវត្ត​ដោយ​ផ្ទាល់​។​

លោក​ ​Shinichi​ ​Yamanaka​ ​តំណាង​ ​JICA​ ​ប្រចាំ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការសិក្សា​លើ​គម្រោង​មួយ​នេះ​ ​នឹង​ត្រូវ​ចំណាយពេល ១ឆ្នាំ​កន្លះ​ ​ពោល​នឹង​បញ្ចប់​ជាស្ថាពរ​នៅក្នុង​ឆ្នាំ២០២០​ ​ខាងមុខនេះ​។​

លោក​បន្ត​ថា​ ​ការសម្រេច​របស់ JICA​ ​នឹង​ក្លាយជា​ការ​វិនិយោគ​តិច​ឬ​ច្រើន​ ​អាស្រ័យ​អាស្រ័យ​លើ​លទ្ធផល​នៃ​លទ្ធភាព​កា​រសិ​ក្សា​។​ គម្រោង Jakarta​-​Surabaya​ ​នឹង​ត្រូវ​បាន​គេ​កំណត់​ដោយ​ចំណាយ​ទឹកប្រាក់​ប្រហែល៦០ទ្រី​លាន​រូពី​ ​(​លុយ​ឥណ្ឌូ​នេ​ស៊ី​)​ ​ដែល​ស្មើនឹង៤០០០លាន​ដុល្លារ​អាមេរិក​ជាង​ ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​ចំនួន​នេះ​នឹង​មានការ​ប្រែប្រួល​អាស្រ័យ​ ​លើ​លទ្ធផល​នៃ​ការសិក្សា​ចុង​ក្រោ​។

​ថ្វីបើ​តួលេខ​វិនិយោគ​ត្រូវ​បាន​កំណត់​ក៏ដោយ​ ​ក៏​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​កំណត់​ទិសដៅ​ ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​មធ្យម​នេះ​ ​ឲ្យ​សម្រេច​តាម​ផែនការ​តាម​ការកំណត់​ជាក់លាក់​។​តាម​ការ​គ្រោងទុក​ ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​មធ្យម​នេះ​ ​អាច​រត់​បាន៧២០គីឡូម៉ែត្រ​ក្នុងរយៈពេល៥.៥ម៉ោង​ ​ឬ១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕​

ប្រធាន​សមាគម​ ​CVEA​ ​ប្រាប់​វិធី​សាស្រ្ត​ចំនួន៦​ ​មុន​ចូល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​វិនិយោគ​លល​វិស័យ​អចលនទ្រព្យ​ ​អាច​មាន​ហានិភ័យ​និង​ឱ​កាស​​ចំណេញ​ខ្ពស់​ ​ប្រសិនជា​យើង​វិនិយោគ​បាន​ត្រឹមត្រូវ​ ​និង​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ជាមុន​។​ ​ហេតុនេះ​ការ​វិនិយោគ​ដែល​ត្រឹមត្រូវ​ ​មិនមែន​ជា​ការ​វិនិយោគ​បែប​ផ្សងព្រេង​នោះ​ទេ​។​ ​

​ប៉ុន្តែ​សំណួរ​សួរ​ថា​ ​តើ​អ្នក​ចង់​រកស៊ី​ក្នុង​វិស័យ​នេះ​ ​ត្រូវ​មានចំណេះ​ដឹង​ ​និង​ជំនាញ​អ្វីខ្លះ​ ​ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​CVEA​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ ​និង​ចំណេះដឹង​ក្នុង​វិស័យ​នេះ​ ​ដោយ​លោក​បាន​ថ្លែង​ថា​ ​“​ដើម្បី​រកស៊ី​ក្នុង​វិស័យ​នេះ​បាន​ជោគជ័យ​លុះត្រាតែ​មានចំណេះ​ដឹង​ ​ជំនាញ​ ​បទពិសោធន៍​ ​និង​ការ​ចេះ​ប្រើ​ធនធានមនុស្ស​ ​បន្ថែម​ពីលើ​ធនធាន​ថវិកា​លើ​ការ​ត្រៀម​វិនិយោគ​”​។​

​អ្វី​ជា​ចំណេះដឹង​?​

​ចំណេះដឹង​ ​ជា​ការ​សំដៅលើ​ការ​ចេះ​ ​ប្រមូល​ព័ត៌មាន​យ៉ាងដូច​ម្តេច​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ​និង​ត្រូវ​ពង្រាយ​កំលាំង​យ៉ាងម៉េច​ឲ្យបាន​គ្រប់កន្លែង​ ​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​បើកផ្លូវ​ ​និង​ព័ត៌មាន​ពាក់​ព័ន្​ឋ​ក្នុង​វិស័យ​ដែល​យើង​ត្រូវ​ផ្តល់​សេវាកម្ម​ ​ឬ​វិនិយោគ​។​

​ស្គាល់​ខ្លួនឯង​

​យើង​ក៏​ត្រូវ​យល់ដឹង​ពី​ខ្លួនឯង​ឲ្យបាន​ច្បាស់​ថា​ ​ខ្លួន​យើង​ជា​អ្នកណា​ ​មាន​ជំនាញ​បែប​ណា​ ​និង​ចង់​វិនិយោគ​លើ​វិស័យ​អ្វី​?​ ​ឧទាហរណ៍​ថា​ ​ចង់​វិនិយោគ​លើ​ដី​ ​យើង​ត្រូវ​ដឹង​ថា​ដី​កន្លែងណា​ល្អ​ ​និង​ងាយ​ចំណេញ​ប្រាក់​។​ ​ប្រសិនជា​មាន​លុយ​តិច​ ​ហើយ​ចង់​វិនិយោគ​ ​យើង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ណា​ ​ដែល​មាន​ចំណូល​រៀងរាល់​ខែ​ ​គឺ​អាច​ទិញ​ផ្ទះ​ ​ឬ​ទិញ​ខុន​ដូ​សម្រាប់​ជួល​ ​អាច​បាន​ចំណូល​ប្រចាំខែ​ ​ប៉ុន្តែ​ប្រសិនជា​ទិញ​ដី​អាច​កប់ដើម​ ​មិន​មាន​ប្រាក់​បង្វិល​ ​ព្រោះ​ការទិញ​ដី​មិន​ត្រូវ​កន្លែង​អាច​កប់ដើម​ ​មិន​មាន​ទុន​បង្វិល​ ​ហើយ​ប្រសិនជា​ជំពាក់ប្រាក់​ធនាគារ​ ​និង​គ្មាន​ទុន​បង្វិល​ ​ដែល​អាច​ប្រឈមមុខនឹង​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​។​

​ប្រឹក្សា​យោបល់​

​ប្រសិនបើ​ដឹង​ថា​ខ្លួន​មិនសូវ​ចេះ​ ​និង​មិន​មាន​ជំនាញ​ ​ដូច្នេះ​គួរតែ​ត្រូវ​ធ្វើការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ ​ដែល​មាន​ជំនាញ​ ​និង​បទពិសោធន៍​ជាមុន​ ​ដើម្បី​ផ្តល់​តំ​បូ​ន្មាន​ថា​ ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ ​រៀបចំ​យ៉ាងម៉េច​ ​ដើម្បីឲ្យ​ការ​បំពេញ​ការងារ​ ​ឬ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ ​និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​។​ ​អ្នក​ត្រូវ​ចេះ​ប្រមូល​ព័ត៌មាន​ ​និង​ផ្តល់​ការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ ​ដើម្បី​យក​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ ​មុន​ធ្វើការ​សម្រេចចិត្ត​ថា​ ​តើ​ការសម្រេច​ចិត្ត​របស់​យើង​មាន​ភាព​ត្រឹមត្រូវ​ ​ឬ​យ៉ាងណា​។​

​កសាង​ទំនុកចិត្ត​

​ធ្វើជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​អ្វី​ដែល​សំខាន់​បំផុត​ ​និង​មុនដំបូង​គេ​ ​គឺ​ត្រូវ​ក​សាង​កេរ្​ត៍​ឈ្មោះ​ ​ព្រោះ​កេរ្​ត៍​ឈ្មោះ​ជា​រឿង​ចាំបាច់​សម្រាប់​ជោគជ័យ​រយៈពេល​វែង​។​ ​នៅក្នុង​ក្រុមហ៊ុន​មួយ​ ​មុន​ចេញទៅ​ធ្វើការ​ ​បុគ្គលិក​ត្រូវតែ​ទទួល​បានការ​បណ្តុះបណ្តាល​ជាមុន​សិន​ ​ដូចជា​ ​ជំនាញ​ក្នុង​ការ​និយាយ​ ​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​ភ្ញៀវ​ ​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ ​និង​ជំនាញ​ក្នុង​ការទិញ​ ​លក់​ ​ជួល​ ​ដោយ​ជោគជ័យ​។​ ​ដូច្នេះ​ដើម្បី​ធ្វើឲ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ ​មានចំណេះ​ ​ជំនាញ​ ​និង​បទពិសោធន៍​ដែល​អាច​ធ្វើការ​បាន​ក្នុង​វិស័យ​នេះ​ ​គឺ​ត្រូវការ​ការ​បណ្តុះបណ្តាល​ ​និង​ពង្រីក​ភ្នាក់ងារ​ឲ្យបាន​ច្រើន​ ​ដើម្បី​ពង្រីក​វិសាលភាព​ការងារ​ឲ្យបាន​ទូលំទូលាយ​។​

​ត្រូវ​មាន​ឯកទេស​អ្វីមួយ​ជាក់លាក់​

​វិស័យ​អចលនទ្រព្យ​មាន​ផ្នែក​ជា​ច្រើន​ខុស​ៗ​គ្នា​ ​ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ​ឬ​ចង់​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ត្រូវ​មាន​ជំនាញ​អ្វីមួយ​ជាក់លាក់​ ​ទើប​យើង​អាច​ធ្វើ​បាន​តាម​គោលដៅ​របស់​យើង​ ​ទទួល​បាន​ប្រាក់ចំណេញ​ ​និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ​។​

​បញ្ហា​ប្រឈម​

​នៅក្នុង​វិស័យ​អ្វីមួយ​ក៏ដោយ​តែងតែមាន​ហានិភ័យ​ ​ដូច្នេះ​ភ្នាក់ងារ​ ​គឺ​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ ​ហេតុនេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​ ​និង​ការបាត់បង់​ទំនុកចិត្ត​ ​គឺ​ត្រូវតែ​មាន​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​ទៅលើ​ក្រម​សីល​ធ៌ម​ ​ដូចជា​ការ​ផ្តល់​ព័ត៌មាន​ដោយ​ស្មោះត្រង់​ ​អាច​ជឿជាក់​បាន​ ​និង​មិន​បំប៉ោង​តម្លៃ​។​ ​ស៊ូ​ចំណេញ​តិច​ ​តែ​បាន​រយៈពេល​យូរ​ ​ដើម្បី​សន្សំ​ក្រេ​ឌីត​ ​ចៀសវាង​ចំណេញ​ច្រើន​ ​ប៉ុន្តែ​ត្រឹម​រយៈពេល​ខ្លី​ត្រូវ​បាត់បង់​ទៅវិញ​ ​ជាពិសេស​ត្រូវ​បង្កើន​ទំនុកចិត្ត​ឲ្យ​អតិថិជន​ឲ្យ​មាន​ជំនឿ​ជឿជាក់​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជាចាំបាច់​។​

​ទាំងអស់​នេះ​គឺជា​អ្វី​ដែល​លោកអ្នក​គួរតែ​ត្រៀម​ ​និង​រៀបចំ​ឱ្យ​រួចជាស្រេច​មុន​ពេល​បោះ​ជំ​ហ៊ាន​ឈាន​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​៕​

តម្រូវការ​ទីតាំង​លក់រាយ​នៅ​តាម​ផ្សារ​ទំនើប​មាន​កំណើន​ខ្ពស់​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​បើ​ទោះជា​គម្រោង​ផ្សារ​ទំនើប​ធំៗ​ត្រូវ​បាន​បង្ហាញ​ ​ប៉ុន្តែ​តម្រូវការ​នៃ​ការជួល​ទីតាំង​លក់រាយ​ ​នៅ​តាម​ផ្សារ​ទំនើប​នៅតែ​បន្ត​ភាព​រឹង​ម៉ាំ​ដដែល​ ​និង​មិនទាន់​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នោះ​ឡើយ​។​ ​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​បាន​សិក្សា​ពី​តម្រូវការ​ប្រើប្រាស់​ទីតាំង​លក់រាយ​ ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​ដំណាច់​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩នេះ​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី៩​ ​ខែមេសា​នេះ​ ​បានឱ្យ​ថា​ ​នៅ​ត្រឹម​ដើមឆ្នាំ ២០១៩នេះ​ ​តម្រូវការ​នៃ​ការជួល​ទីតាំង​លក់រាយ​នៅ​តាម​ផ្សារ​ទំនើប​ ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​នៅឡើយ​។​ ​ជាមួយនឹង​ការប្រកាស​ដែល​បង្ហាញ​ពី​លទ្ធផល​ ​នៃ​ការស្រាវជ្រាវ​ប្រចាំត្រីមាស​ទី១នេះ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​ចំ​ពោះ​បណ្តា​ង​ទំនិញ​ ​បែប​ទំនើប​មួយចំនួន​ដែល​ធ្លាប់តែ​តាំងនៅ​តាម​ដងផ្លូវ​មួយចំនួន​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ហាក់​លែង​មាន​ទៀតហើយ​។​

​ការសិក្សា​ដដែល​បាន​រក​ឃើញថា​ ​ដោយសារ​ម្ចាស់​អាជីវកម្ម​ ​ក៏ដូចជា​ពាណិជ្ជករ​មួយចំនួន​ ​បានដឹង​ពី​ភាព​ងាយស្រួល​ក្នុង​ការជួល​ទីតាំង​លក់រាយ​ ​នៅ​តាម​ផ្សារ​ទំនើប​ស្រប​ពេល​ដែល​មនុស្សជា​ច្រើន​ ​ចាប់ផ្តើម​ផ្លាស់ប្ដូរ​និន្នាការ​ពី​ការរស់នៅ​បែប​សាមញ្ញ​ ​និង​តាម​ទម្លាប់​ទៅជា​បែប​ទាន់​សម័យ​ព​ ​ស៊ីវិល័យ​នៃ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​ជាក់ស្ដែង​ដូចជា​ ​ទំហំ​នៃ​ផ្សារ​ទំនើប​ជាតិ​ ​អន្តរជាតិ​ដែល​មិនទាន់​បាន​ប្រើប្រាស់​ស្ថិត​ក្នុង​ភាព​ទំនេរ​នៅសល់​ប្រមាណ១០ភាគរយ​ប៉ុណ្ណោះ​។​ ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ ​ដែល​បញ្ជាក់​ថា​ ​ទីផ្សារ​ ​និង​តម្រូវការ​នៃ​ការជួល​ទីតាំង​លក់រាយ​ ​នៅ​តាម​ផ្សារ​ទំនើប​នៅតែ​មាន​ភាព​រឹង​ម៉ាំ​ដដែល​ ​បើ​ទោះជា​ផ្សារ​ទំំនើប​ធំ​មួយចំនួន​ទៀត​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ឈានជើង​ចូល​មក​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​កញ្ញា​ ​គឹម​ ​គិ​នកេ​សា​ ​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​មាន​តម្រូវការ​ខ្ពស់​ក៏​ព្រោះតែ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ការរស់នៅ​របស់​ប្រជាជន​ ​ក្នុង​ស្រុក​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​មាន​ចំណូល​ ​និង​ចំណាយ​កើនឡើង​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​កើតមាន​សង្វាក់​ពាណិជ្ជកម្ម​ ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​។​ ​

​កញ្ញា​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ដែល​ដើរតួ​ជា​អ្នកផ្គត់ផ្គង់​ក្នុង​វិស័យ​នេះ​ ​មាន​ទាំង​អ្នក​ក្នុង​ស្រុក​ ​និង​អ្នកក្រៅ​ស្រុក​ផង​ដែរ​ ​រហូត ដល់​មានការ​នាំចូល​នូវ​ម៉ាក​ផលិត​ផល​ថ្មី​ៗ​ ​ចំនួន៦៥ប្រភេទ​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៨​”​។​ ​កញ្ញា​បន្ត​ថា​ ​“​ផលិតផល​ដែល​តម្រូវ​ដាក់​លក់​នៅ​ទីតាំង​លក់រាយ​តាម​ផ្សារ​ទំនើប​ភាគច្រើន​ជា​ប្រភេទ​ចំណីអាហារ​ ​និង​ភេសជ្ជៈ​ ​ដែល​នាំចូល​មក​ពី​ប៉ែក​អាស៊ី​ប៉ាស៊ីហ្វិក​”​៕

ការសិក្សា​ថ្មី​៖​ ​សែនសុខ​ជាប់​ចំណាត់ថ្នាក់​ជា​ខណ្ឌ​ដែល​មាន​ចំនួន​បុរី​ច្រើនជាង​គេ​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​ខណ្ឌ​សែនសុខ​ ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​ខាង​ស្រាវជ្រាវ​អចលនទ្រព្យ​អះអាង​ថា​ ​គឺជា​ខណ្ឌ​មួយ​ក្នុងចំណោម​ខណ្ឌ​ទាំង១៤​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​មាន​គម្រោង​ ​និង​សំណង់​បុរី​លំនៅ​ដ្ឋាន​ច្រើនជាង​គេ​ ​ខណៈ​ដែល​ខណ្ឌឫស្សីកែវ​ ​ឈរ​នៅ​លំដាប់​លេខរៀង​បន្ទាប់​។​ ​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី៩​ ​មេសា​នេះ​ថា​ ​ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​ ​និង​កើនឡើង​ឥត​ឈប់ឈរ​ ​ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​តែម្ដង​គេ​សង្កេតឃើញ​ខណ្ឌ​សែនសុខ​ ​ដែល​ស្ថិតនៅ​ប៉ែក​ខាង​ជើង​ឈៀង​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​ ​បាន​និង​កំពុង​ដើរតួ​ឈានមុខ​គេ​លើ​ផ្នែក​សំណង់​បុរី​។​ ​

​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​កញ្ញា​គឹម​ ​គិ​នកេ​សាបាន​មានប្រសាសន៍​ឱ្យ​ថា​ ​ដោយសារតែ​តម្លៃ​អចលនទ្រព្យ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​ខ្ពស់​ ​បាន​ជ​ម្រុ​ញ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ជាច្រើន​ងាក​ទៅ​ចាប់អារម្មណ៍​នៅ​តាម​តំបន់​ជាយក្រុង​ ​ជាក់ស្ដែង​ដូចជា​នៅក្នុង​ខណ្ឌ​សែនសុខ​ជាដើម​ ​ដែល​មាន​គម្រោង​បុរី​ជាច្រើន​កំពុង​តាំងនៅ​ទីនេះ​។​ ​កញ្ញា​បាន​បន្ត​ថា​ ​ចំនួន​បុរី​នៅក្នុង​ខណ្ឌ​សែនសុខ​ ​គឺ​មាន​រហូតដល់៤៥គម្រោង​ ​ដោយ​នៅក្នុង​គម្រោង​បុរី​ទាំងនោះ​ ​មានការ​សាងសង់​លំនៅ​ដ្ឋាន​ច្រើន​ប្រភេទ​ ​ច្រើន​ជម្រើស​ ​ដែល​លក់​ក្នុង​តម្លៃ​ផ្សេង​ៗ​ពីគ្នា​អាស្រ័យ​ទៅតាម​ទីតាំង​ប្រភេទ​ផ្ទះ​ ​និង​ទំហំ​។​

​កញ្ញា​បន្ត​ថា​ ​“​ភាគច្រើន​លំនៅ​ដ្ឋាន​ ​ដែល​ទទួល​បានការ​សាទរ​ពីអ​តិថិ​ជន​ ​គឺ​ប្រភេទ​ផ្ទះល្វែង​ ​និង​វីឡា​កូនកាត់​ ​ព្រោះ​លំនៅ​ដ្ឋាន​ប្រភេទ​នេះ​មានតម្លៃ​សមរម្យ​ ​ស្រប​ទៅ​នឹង​កម្រិតជីវភាព​របស់​ប្រជាជន​”​។​ ​កញ្ញា​បន្ត​ថា​ ​បន្ទាប់ពី​ខណ្ឌ​សែនសុខ​ ​ដែល​មាន​រហូតដល់​ ​៤៥​ ​គម្រោង​នោះ​ ​ខណ្ឌឫស្សីកែវ​ឈរ​នៅ​លំដាប់​ទី២​ ​ដែល​មាន​ចំនួន​បុរី៣១​ ​គម្រោង​ ​ហើយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ស្ថិតនៅ​លំដាប់​ទី៣​។​ ​

​នាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​លោក​ឧក​ញ៉ា​តេង​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ថា​ខណ្ឌ​សែនសុខ​ ​មាន​សក្ដានុពល​ល្អ​ ​និង​សមស្រប​ទៅ​នឹង​សំណង់​លំនៅ​ដ្ឋាន​ងាយស្រួល​រស់នៅ​ ​ហើយ​ផ្ទៃដី​នៅក្នុង​ខណ្ឌ​នេះ​នៅ​មាន​វិសាលភាព​ធំ​ទូលាយ​ ​និង​មានតម្លៃ​ទាប​អាច​ផ្តល់​ឱកាស​ដល់​អ្នក​អភិវឌ្ឍន៍​។​ ​បន្ថែម​ពីនេះ​ ​អ្វី​ដែល​ជ​ម្រុ​ញ​ឱ្យ​មាន​គម្រោង​បុរី​ ​គម្រោង​លំនៅ​ដ្ឋាន​ឆ្ពោះទៅ​កាន់​ខណ្ឌ​មួយ​នេះ​ ​ព្រោះ​មនុស្សជា​ច្រើន​ចាប់ផ្តើម​ចាប់អារម្មណ៍​ចូល​ទៅ​រស់នៅ​ទីនេះ​ ​រួម​ជាមួយនឹង​គម្រោង​វិ​និ​យោ​គ​ធំៗ​ជាច្រើន​ ​ដូចជា​ ​ផ្សារ​ទំនើប​ ​AEON​ ​2​ ​,​ ​ផ្សារ​ ​Makro​ ​ជាដើម​។​

​លោក​បន្ត​ថា​ ​“​នៅ​ថ្ងៃ​អនាគត​ក៏​នឹង​មាន​គម្រោង​ផ្សារ​ទំនើប​ផ្សេង​ៗ​ទៀត​ ​ចូល​ទៅកាន់​ខណ្ឌ​មួយ​នេះ​ ​ដែល​ខ័ណ្ឌ​នេះ​នឹងអាច​មាន​ភាព​រី​កច​ម្រ​លន​ ​លំនាំ​ដូចគ្នា​ខណ្ឌទួលគោក​នា​ពេល​បច្ចុប្បន្ន​”​៕​

ភ្នំ​គូលែន​នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​​វប្បធម៌​ធម្មជាតិ​ដ៏​ទាក់ទាញ​ថ្មី​ដែល​​មាន​ស្ដ​ង់​ដា​ត្រឹមត្រូវ​

0

​ដោយ​ ​វុត្ថា

​សៀមរាប​៖​ ​ក្រសួងទេសចរណ៍​មាន​គម្រោង​ ​ជំរុញ​ការរៀបចំ​តំបន់​ភ្នំ​គូលែន​ទៅជា​ ​«​តំបន់​ទេសចរណ៍​វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ ​និង​ធម្មជាតិ​»​ ​រួម​ទាំង​ ​«​ទេសចរណ៍​ផ្សង​បែប​ផ្សងព្រេង​»​ ​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្តសៀមរាប​-​អង្គរ​ ​ដើម្បី​បំពេញ​តម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ​ដែល​តែងតែ​ជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​បន្ថែម​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ​ខុន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​ពាក់​ព័ន្​ឋ​នា​ព្រឹក​ថ្ងៃទី៩​ ​មេសា​នេះ​ថា​ ​ជា​ពិត​ណាស់​ ​តំបន់​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប​ ​មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​ ​និង​ធម្មជាតិ​រួច​ទៅ​ហើយ​ ​ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជាច្រើន​ផង​ដែរ​ ​ប៉ុន្តែ​មិនទាន់​មានការ​រៀបចំ​ទៅ​តាម​ស្ដ​ង់​ដា​ជាតិ​ ​និង​អន្តរជាតិ​នៅឡើយ​។​

​លោក​បន្ត​ថា​ ​នៅ​ទីនោះ​សម្បូរទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​ ​បែប​ធម្មជាតិ​ ​មាន​ប្រាង្គ​ប្រាសាទ​ ​ចម្លាក់​សិលា​ ​និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន​ ​មាន​ស្ទឹង​ប្រវត្តិសាស្ត្រ​ ​មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ​ ​ទេសភាព​នៅ​លើ​គិរីបុព្វតា​ក៏​រឹតតែ​ស្រស់​ត្រកាល​ ​ថែមទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​ ​និង​ទីប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ​ ​ហេតុនេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​ ​ដែល​មាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ​ ​មានបំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​ទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​ ​ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យ​មាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ ​ដូចជា​ ​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​ ​ដូច​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​ ​សហគមន៍​ទេសចរណ៍​អារ៉ែង​ ​ភ្នំបូកគោ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ថោង​ ​ខុន​ ​បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​ ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​»​ ​រួមគ្នា​អនុវត្ត​ឱ្យ​បាន​ ​ដោយ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួង​ទេសចរណ៍​ ​ក្រសួងបរិស្ថាន​ ​ក្រសួង​ពាក់ព័ន្ធ​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​រួមគ្នា​ជំរុញ​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូលែន​នេះ​ ​ឱ្យ​បានសម្រេច​ជោគជ័យ​ឆាប់រហ័ស​។​

​គណៈកម្មការ​អន្តរក្រសួង​នេះ​ ​ក៏បាន​ឯកភាព​គ្នា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏​ធំៗ​ចម្បង​ ​សម្រាប់​ឆ្នាំ២០២០​-​២០៤០ផង​ដែរ​ ​ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី៥ឆ្នាំ​(​២០១៨​-​២០២៣​)​ ​ផែនការ​ជំរុញ​ការរៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប​ ​ដែល​មាន​ជាអាទិ៍​៖​ ​ការ​ជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ ​ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង​ ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​អគ្គិសនី​ ​ការគ្រប់គ្រង​សំណល់រឹង​-​រាវ​ ​សណ្តាប់​ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង​។​

​ព្រម​ជាមួយ​នោះ​ ​អង្គប្រជុំ​ក៏បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន​ ​លោក​អភិបាលខេត្ត​សៀមរាប​ ​ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្រប​សម្រូ​លមួយ​ ​ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ​ទៅជា​សហគមន៍​តាម​ស្តង់​ដា​ជាតិ​ ​និង​អាស៊ាន​ដ៏​ទាក់ទាញ​ ​ឱ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​។​

​លោក​ ​ថោង​ ​ខុន​ ​ក៏បាន​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ ​និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ​ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ​ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ ​និង​ជំរុញ​ការអនុវត្ត​ស្តង់​ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​ ​ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ ​«​គណៈកម្មការ​ជាតិ​ផ្នែក​ជំនាញ​ទេសចរណ៍​»​ ​ដោយមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ​ហើយ​សព្វថ្ងៃ​កម្ពុជា​បាន​ដាក់ឲ្យ​អនុវត្ត​នូវ​កម្មវិធី​បណ្តុះបណ្តាល​អាស៊ាន​ ​លើ៣២មុខជំនាញ​។​

​លើស​ពីនេះ​លោក​ថោង​ ​ខុន​បន្ត​ណែនាំ​ឱ្យ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​ ​នៃ​វិស័យ​ទេសចរណ៍​ ​(​Tourism​ ​Leakage​)​ ​ដែល​កើត​ចេញពី​ការនាំចូល​បន្លែ​ ​ផ្លែឈើ​ ​និង​សាច់​ពី​បរទេស​ ​ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង​ ​ជុំវិញ​ក្រុង​សៀមរាប​ ​ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ​ ​ផ្លែឈើ​ ​និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ​ ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវ​ទេសចរ​។​ម្យ៉ាងទៀត​ ​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដើម្បី​ធានា​ផលប្រយោជន៍​អតិបរមា​ពិសេស​ ​ការ​ត្រៀម​លក្ខណះ​ទទួល​ទេសចរ​ចិន​ដែល​នឹង​មាន​កំណើន​ ​យ៉ាងច្រើន​ជា​រៀងរាល់​ឆ្នាំ​ ​ដោយ​ត្រូវ​អនុវត្តន៍​អោយ​បាន​ល្អ​ ​តាម​សៀវភៅ​ស្តី​ពី​ ​«​China​ ​Ready​»​ ​និង​យុទ្ធ​សាស្រ្ត​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។​

​កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ​ ​នឹង​បន្ត​នៅពេល៣ខែ​ខាងមុខ​ទៀត​ ​ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធផល​ដែល​សម្រេច​បាន​ ​និង​ដើម្បី​ដាក់ទិស​ដៅ​អនុវត្ត​បន្ត​៕​

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​ជ្រើសរើស​ប្រព័ន្ធ​រថភ្លើង​ទំនើប​ដើម្បី​សាងសង់​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​

0

​ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​និង​កំពុង​សិក្សា​ជ្រើសរើស​សាងសង់​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​សម្រួល​ដល់​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។​

​លោក​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធ​ផ​ ​លកា​រងា​រសុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ ​ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​នា​ ​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩បាន​មានប្រសាសន៍​ថា​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGG​ ​រត់​នៅ​លើ​អាកាស​បាន​សិក្សា​រួចហើយ​ ​តែ​មាន​ក្រុមហ៊ុន​ផ្សេងទៀត​នឹង​មក​សិក្សា​ប្រពន្ធ​ផ្លូវ​រត់​ភ្លើង​ ​Monorail​ ​Way ​ដែល​មិនសូវ​មានសម្លេង​លឺ​ទេ​ ​ព្រោះ​វា​ប្រើ​កង់​កៅស៊ូ​មិន​ដូច​រថភ្លើង​សព្វថ្ងៃ​ ​ហើយ​មានតម្លៃ​ថោកជាង​ប្រពន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGG​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​នៅ​ក្រោម​ដី​មានតម្លៃ​ថ្លៃ​ ​តែ​វា​ល្អ​ជាង​ ​Monorail​ ​Way​ ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ ​ហើយ​សម្រាប់​រាជធានី​ភ្នំពេញ​យើង​កំពុង​សិក្សា​ជម្រើស​ណាមួយ​ដែ​ល្អ​ ​សម្រាប់​សាងសង់​នា​ពេល​ខាងមុខនេះ​។​

​រាជ​នី​ភ្នំពេញ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ ​មាន​កំណើន​រថយន្ត​កើនឡើង​ច្រើន​គួរឲ្យ​កត់សម្គាល់​ដោយសារ​ជីវភាព​ពលរដ្ឋ​សមរម្យ​ ​មានលទ្ធភាព​ក្នុង​ការទិញ​រថយន្ត​ ​និង​សេដ្ឋកិច្ច​មានការ​រី​ចក​ម្រើ​ន​ ​បាន​ធ្វើមាន​ការ​កកស្ទះ​ចរាចរណ៍​កើនឡើង​នៅ​លើ​ដងផ្លូវ​។​

​កន្លងមក​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​បាន​សិក្សា​លើ​ការ​កសាង​បណ្តាញ​រថភ្លើង​លើ​អាកាស​ ​(​Sky​ ​Train​)​ ​ចំនួន​បី​ខ្សែ​រួម​ហើយ​។​ ​ជាមួយគ្នា​នេះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​កសាង​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​ក៏បាន​សន្យា​ជួយ​សាង​សង់​ប្រព័​ន្ឋ​ផ្លូវ​រថភ្លើង​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​ ​តប​តាម​សំ​ណើរ​សុំ​របស់​លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ​ចាន់​ថុល​ផង​ដែរ​៕​