រឿង​គួរ​ស្វែង​យល់! តើ​ប្រភេទ​អចលនទ្រព្យ​ប្រភេទ​ណាខ្លះ​ដែល​តម្រូវ​ឱ្យ​បង់​ពន្ឋ​

0

ដោយ​ ​៖​ ​វុត្ថា

​ភ្នំពេញ​ ​៖​ ​បើ​ទោះជា​មានការ​ប្រកាស​ស្ដី​អំពី​ការ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទៅលើ​អចលនទ្រព្យ​រួចហើយ​ក៏ដោយ​ ​ប៉ុន្តែ​គេ​ជឿ​ថា​នៅ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ជា​ម្ចាស់​អល​ចន​ទ្រព្យ​ហាក់​នៅ​មាន​ភាព​ស្រពិចស្រពិល​ពី​កាតព្វកិច្ច​ជាប់ពន្ធ​នៅឡើយ​។​ ​

​យោងទៅតាម​ច្បាប់​ពន្ធ​អចលនទ្រព្យ​កម្ពុជា​ ​ការ​ប្រមូល​ពន្ធ​ត្រូវ​អនុវត្តន៍​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​នៅក្នុង​ជំ​ហ៊ាន​ដំបូង​ច្បាប់​នេះ​បាន​កំ​ ​ណ​ត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយ​ណា​ដែល​ស្ថិតនៅ​តាម​តំបន់​រដ្ឋបាល​ថ្នាក់​ក្រុង​ ​(​ទីក្រុង​)​ ​និង​តំបន់​រដ្ឋបាល​ថ្នាក់​ខេត្ត​ ​(​ទីរួមខេត្ត​)​ ​ជាមុន​សិន​ ​ចំណែក​តំបន់​ផ្សេងទៀត​ដូចជា​ថ្នាក់​ស្រុក​ ​និង​ទី​ជនបទ​មិនទាន់​ជាប់ពន្ធ​នោះ​ទេ​។​

​អចលនទ្រព្យ​ជាប់ពន្ធ​ទាំងនេះ​អាច​មាន​ ​ដូចជា​ ​ដី​ ​ផ្ទះ​ ​និង​សំណង់​នានា​ ​ដែល​សាងសង់​ភ្ជាប់​ជាមួយ​ដី​នោះ​។​ ​ទោះ​យ៉ាង​ណា​មាន​អចលនទ្រព្យ​មួយចំនួន​ ​ត្រូវ​បាន​លើកលែង​ដោយ​មិន​តម្រូវ​ឱ្យ​បង់ពន្ធ​ដែល​មាន​ ​ដូចជា​ ​ដី​កសិកម្ម​ ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ ​ដី​កម្មសិទ្ធិ​របស់​ស្ថានទូត​ ​ដី​កម្មសិទ្ធិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អង្គការ​សាសនា​ ​និង​អង្គការ​សប្បុរសធម៌​។​

​យោងទៅតាម​ច្បាប់​ ​អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​គឺ​ម្ចាស់​កម្មសិទ្ធិ​ ​ឬ​អ្នកកាន់កាប់​ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ​ ​លើ​អចលនទ្រព្យ​ជាប់ពន្ធ​។​ ​អចលនទ្រព្យ​ដែល​ជាប់​កាតព្វកិច្ច​ពន្ធ​លុះត្រាតែ​អចលនទ្រព្យ​នោះ​ ​មានតម្លៃ​សរុប​លើស​ពី១០០លាន​រៀល​ ​(​២៥,០០០ដុល្លារ​)​ ​ឡើង​ទៅ​។​ ​

​តើ​ត្រូវ​បង់ពន្ធ​នៅឯណា​?​

​សម្រាប់​អចល​ទ្រព្យ​នៅ​តាម​ខេត្ត​ ​តម្រូវ​ឱ្យ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ខេត្ត​ ​ប៉ុន្តែ​ប្រសិនបើ​អចលនទ្រព្យ​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ត្រូវ​បង់​នៅ​សាខា​ពន្ធដារ​ខណ្ឌ​ ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​។​ ​ជាទូទៅ​ពន្ធ​អចលនទ្រព្យ​តម្រូវ​ឱ្យ​បង់​បាន​មុន​បំណាច់​ខែកញ្ញា​នៃ​ឆ្នាំ​ដែល​ជាប់ពន្ធ​។​ ​ទាក់ទង​នឹង​ការ​បង់ពន្ធ​នេះ​ ​អ្នក​បង់ពន្ធ​តម្រូវ​ឱ្យ​ដាក់​លិខិត​ប្រកាស​ពន្ធ​ ​និង​គណនា​ពន្ធ​ដោយខ្លួនឯង​។​

​ក្រៅពី​ការ​បង់ពន្ធ​តាម​សាខា​ពន្ធដារ​ ​ម្ចាស់​អចលនទ្រព្យ​ ​ក៏អាច​បង់ពន្ធ​នៅ​តាម​សាខា​ធនាគារ​ដៃគូ​មួយចំនួន​ដូចជា​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​វឌ្ឍនៈ​ ​ធនាគារ​កា​ណា​ឌី​យ៉ា​ធនាគារ​ ​អេ​អិន​ហ្សិ​ត​រ៉ូ​យ៉ា​ល់​ ​ឬធ​នា​គារ​កម្ពុជា​សាធារណៈ​៕​

CDC​ ​អនុម័ត​គម្រោង​ចំនួន៦​ ​ដែល​មាន​ទឹកប្រាក់​ ​២២.១លាន​ដុល្លារ​អ​មេ​រិក​

0
អគារ CDC។ រូបថត៖ សហការី

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន៦​ ​ដែល​មាន​ទឹកប្រាក់​ ​២២.១លាន​ដុល្លារ​អ​មេ​រិក​ក្នុង​ខែមេសា​នេះ​ ​សម្រាប់​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោង​តាម​ក​ចុះផ្សាយ​របស់​ ​គេហទំព័រ​ហ្វេ​បុក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃទី១១​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​បាន​ឲ្យដឹង​ថា​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​ ​ដូចជា​ ​ទី១​“​TTHS​ ​RUBBER​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទ្ប​ ​ឃុំ​កោងកាង​ ​ស្រុក​ពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៧លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២២៤កន្លែង​។​

​ទី២​-​“​SAI​ ​DI​ ​HANDBAG​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​សរ​ ​ឃុំ​វល្លិ​សរ​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ៤,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.២៧៥កន្លែង​។​ ​ទី៣​-​“​GARCHI​ ​HUNG​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រយឹង​ ​សង្កាត់​ចោមចៅ​ទី២​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៦លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៩២៤កន្លែង​។​ ​

​ទី៤​-​“​KAMFOR​ ​RECYCLE​ ​PULP​ ​AND​ ​PAPER​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង​ ​ឃុំ​វាលរេញ​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥,១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១៨២កន្លែង​។​ ​ទី៥​ ​“​WING​ ​HUNG​ ​TU​ ​INDUSTRIAL​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤​ ​គី​ទ្បូ​ម៉ែត្រ​លេខ២៧​ ​ភូមិ​ទឹកជា​ ​ឃុំ​ពើក​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ២,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣០២កន្លែង​។​ ​

​និង​ទី៦​-​“​KIRIROM​ ​FOOD​ ​PRODUCTION​ ​(​K.F.P​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី១​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣៦៧កន្លែង​៕​

ដី​នៅ​តំបន់​បឹងកក់​កើន​ដល់​តម្លៃ៣៥០០​ ​ទៅ៤២០០ដុល្លារ​អាមេរិក​​ក្នុង​មួយ​ម៉ែត្រការ៉េ​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើល​ឡើង​ថា​ ​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មានតម្លៃ​ចាប់ពី​ ​៣៥០០​ ​ទៅ៤២០០ដុល្លារ​សហរដ្ឋ​អាម​រិក​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដោយសារ​តំបន់​នេះ​ជា​តំបន់​ពាណិជ្ជ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោកស្រី​ ​តាំង​ ​ហួរ​ ​នាយិកា​ក្រុមហ៊ុន​ ​Amatak​ ​Property​ ​Service​ ​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី១០​ ​ខែ​មេសា​ ​ឆ្នាំ​ ​២០១៩នេះ​ថា​ ​ក្នុងរយៈពេល២ទៅ៣ឆ្នាំ​ ​ទៅមុខ​ទៀត​ ​ដី​តំបន់​បឹងកក់​នេះ​ ​នឹង​មានតម្លៃ​រហូតដល់៥០០០​ ​ទៅ​៦០០០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ដូច​តំបន់​បឹងកេងកង​ ​ព្រោះ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍន៍​ ​និង​មានការ​រីកចម្រើន​ខ្លាំង​ជាង​ក្នុង​តំបន់​នានា​ក្នុង​រាជ​ភ្នំពេញ​។​

លោកស្រី​បន្ត​ថា​ ​“​តម្លៃ​ដី​នៅ​តំបន់​នេះ​នឹង​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​ ​ដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​និង​កំពុង​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​នា​ពេល​អនាគត​”​។​

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​តំបន់​បឹងកក់​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ទំនើប​បំផុត​ ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល២ឆ្នំា​ទៅមុខ​ទៀត​ ​ក្នុងចំណោម​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​។​លោក​ថា​ ​តំបន់​បឹងកក់​គឺជា​តំបន់​ ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​បំផុត​ ​ក្នុងចំណោម​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារតែ​តំបន់​នេះ​ ​មាន​គម្រោង​វិនិយោគ​ជាច្រើន​ ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ល្អ​ ​អគារ​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​ដ្ឋាន​ជាច្រើន​ផង​ដែរ​។​ ​

លោក​បន្ត​ថា​ ​“​បើ​ទោះបី​តំបន់​នេះ​ ​ជា​តំបន់​ថ្មី​ក៏ដោយ​ក៏​គ្មានអ្វី​ជា​បញ្ហា​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​អគារ​ផ្សេង​ផ្សេង​ឡើយ​ ​មិន​ដូចជា​ការរិះគន់​ពីសំណាក់​មនុស្ស​មួយចំនួន​ឡើយ​”​៕​

អ្នកជំនាញ​អះអាង​ថា​ដី​នៅ​តាមផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​កំពុង​មា​នកំនើន​តម្លៃ​និង​តម្រូវការ​

0

​ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដោយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​រួចមក​ ​បាន​ធ្វើ​ឱ្យ​ចរន្ត​នៃ​ការទិញ​-​លក់​ដីធ្លី​ដែល​ស្ថិតនៅ​ជាប់​ ​និង​នៅ​ក្បែរ​តំបន់​សាងសង់​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ​

លោក​ឧកញ៉ា​ ​តេង​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ ​កន្លងមក​ថា​ ​បច្ចុប្បន្ន​ចំពោះ​ស្ថានភាព​នៃ​តម្លៃ​ដី​ ​ដែល​ស្ថិតនៅ​តំបន់​សា​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​គឺ​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ក្នុង​ការ​ ​ទិញ​-​លក់​ ​បន្ត​យកចំណេញ​។​

​លោក​ឧកញ៉ា​បន្ត​ថា​ ​បើ​តាម​ក្រុមការងារ​ដែល​ចុះ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ឃើញថា​ ​មានការ​កើនឡើង​ខ្លាំង​ ​ប៉ុន្តែ​តម្លៃ​គោល​ដែល​នឹង​បន្ត​កើនឡើង​រហូតដល់​កម្រិត​ណា​នោះ​ ​គឺ​មិនទាន់​អាច​កំណត់​បាន​នោះ​ទេ​ ​ដែល​ជា​ធម្មតា​បងប្អូន​ប្រជាជន​ដែល​ជា​ម្ចាស់ដី​ផ្ទាល់​ ​ពួកគាត់​ចេះតែ​ចង់បាន​តម្លៃ​មួយ​ខ្ពស់​ ​ដូចជា​នៅ​តំបន់​ព្រែកព្នៅ​ ​មានតម្លៃ​ទាប​បំផុត​ក្នុង​ចន្លោះ​ជាង​១០​ដុល្លារ​ ​ឬ​តំបន់​ខ្លះ​អាច​ឈានឡើង​ដល់២០​ ​ដុល្លារ​ក៏​មាន​ ​(​ប្រភេទ​ដី​ទំនេរ​ ​ដូចជា​ដី​បឹង​ ​ឬ​ដីស្រែ​ជាដើម​)​។​

លោក​បន្ត​ថា​ ​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ ​អាច​ឡើង​ដល់​ប្រមាណ​ជាង​ ​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​នៅ​តំបន់​ខ្លះ​មានតម្លៃ​ថ្លៃជាង​នេះ​ ​ដែល​វា​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​ទីតាំង​ ​និង​ទំហំដី​។​ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​ដោយឡែក​ចំពោះ​ដី​ ​ដែល​ស្ថិត​តំបន់​ទំនប់​កប់​ស្រូវ​គឺ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​តំបន់​ព្រែកព្នៅ​ ​ព្រោះ​នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ហើយ​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ក៏ដូចជា​ការ​តាំង​លំនៅ​ដ្ឋាន​ក៏​មាន​ច្រើន​ ​ជាពិសេស​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍​។​

​ចំពោះ​ប្រភេទ​ដី​ឡូ​តិ៍​ ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​មានតម្លៃ​ខ្ពស់​ក្នុង​ចន្លោះ​ចាប់ពី​ជាង១០,០០០ដុល្លារ​ ​រហូត​ឈាន​ដល់​ជាង​២០,០០០​ ​ដុល្លារ​ក៏មានដែរ​ ​ហើយក៏​មិនសូវ​មាន​ដី​ទំនេរ​នោះ​ដែរ​។​ ​ប៉ុន្តែ​បើ​ដី​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​ ​ត្រង់​ចំណុច​ព្រែក​កំពឹស​ ​អាច​មាន​សភាព​ទាប​ជាង​តំបន់​ទំនប់​កប់​ស្រូវ​ ​ដោយស្ថាន​ភាព​ដី​ទំនេរ​ ​ឬ​ដី​បឹង​ ​ទាប​បំផុត​អាច​ក្នុង​ចន្លោះ​ចាប់ពី១៥​ ​-​ ​២០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

ជាមួយគ្នា​នេះ​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​(​KFA​)​ ​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ​នៅ​តំបន់​កៀនស្វាយ​ដែល​ស្ថិតនៅ​ជាប់នឹង​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នេះ​ ​តម្លៃ​ដី​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​លើ​ការទិញ​-​លក់​ទ្វេដង​ហើយ​តម្លៃ​ក៏​បន្ត​ឡើង​ខ្លាំង​ផង​ដែរ​ ​ពោល​គឺ​ចាប់តាំងពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​លោក​ប្រកាស​បើក​ការដ្ឋាន​សាងសង់​មក​ ​ដែល​គិត​ត្រឹម​ពេលនេះ​មាន​រយៈពេល​ខ្លី​ជាង៣ខែ​ប៉ុណ្ណោះ​ ​តម្លៃ​ដី​នៅ​តំបន់​មានការ​កើន​ឡើង​ប្រមា​ន១៥​ ​ទៅ២០ភាគរយ​។​

លោក​ឧកញ៉ា​បន្ត​ថា​ ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣នា​ពេល​បច្ចុប្បន្ន​ ​មានតម្លៃ​ទាប​បំផុត៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ជា​ប្រភេទ​ដីស្រែ​)​ ​ប៉ុន្តែ​ចំពោះ​ដីចំការ​ ​ឬ​ដី​ភូមិ​ទំនេរ​ ​ដែល​ត្រូវ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ឆ្លងកាត់​ ​មានតម្លៃ​ចាប់ពី១០០​ ​ទៅ១៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដែល​តម្លៃ​របស់​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ ​និង​ទំហំដី​។​ ​ដោយឡែក​ងាក​មក​ខាង​តំបន់​ស្រុក​ស្អាង​វិញ​ ​ដីធ្លី​កាន់តែ​មានតម្លៃ​ថ្លៃ​ ​ពោល​គឺ​ដី​ធម្មតា​ ​ដែល​មិន​ជាប់នឹង​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ​មានតម្លៃ​ចន្លោះ​៨០ទៅ១១០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​ទៅ​ហើយ​ ​ដោយសារតែ​នៅក្នុង​ស្រុក​ស្អាង​មានការ​អភិវឌ្ឍន៍​រួម​ជាស្រេច​ហើយ​៕​

និន្នាការ​លក់​ផ្ទះ​របស់​អ្នក​អភិវឌ្ឍន៍​បុរី​នានា​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ស្រប​ពេល​ការអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បាន​កើនឡើង​ ​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ក៏​កំពុង​មាន​ភាព​តានតឹង​ផង​ដែរ​ ​ដោយ​ម្ចាស់​បុរី​នានា​បាន​និង​កំពុង​ប្រើប្រាស់​វិធី​សាស្រ្ត​ថ្មី​ទាំងស្រុង​ ​ដើម្បី​លក់​លំនៅ​ដ្ឋាន​របស់​ខ្លួន​ចេញ​។​

​ជំនួយការ​អគ្គនាយក​បុរី​ពិភព​ថ្មី​ ​លោក​ ​ង៉ែត​ ​ពិសិដ្ឋ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ ​មេសា​កន្លងមក​ថា​ ​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​បុរី​ពិភព​ថ្មី​ ​បច្ចុប្បន្ន​លក់​បាន​ជោគជ័យ​ ​ដោយសារ​ការ​លក់​គ្មាន​ប្រាក់កក់​ជាមុន​ ​ព្រោះ​បើ​យើង​នៅ​លក់​ទាមទារ​ប្រាក់កក់៣០ទៅ៤០ភាគរយ​ដូច​ពីមុន​ ​យើង​លក់​មិន​ដាច់​នោះ​ទេ​។​លោក​បន្ត​ថា​ ​នេះ​ជា​និន្នាការ​ថ្មី​ ​ដែល​ទីផ្សារ​បាន​វិវត្តន៍​បែបនេះ​ ​ព្រោះ​ការ​លក់​តាមរយៈ​ការ​បង់​រំលស់​រយៈពេល​វែង​ ​ដែល​បង់​ប្រចាំខែ​ចន្លោះ​ពី៤០០​ទៅ​៥០០ដុល្លារ​ទើប​អាច​ដំណើរការ​បាន​។​

លោក​បន្ត​ថា​ ​“​បើ​កក់​លើស​ពី៥០០ដុល្លារ​អាមេរិក​ ​ក្នុង​មួយ​ខែ​ក៏​មិន​អាច​លក់​បាន​ជោគជ័យ​នោះ​ដែរ​”​។​

ជាមួយគ្នា​នេះ​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​ណា​ ​នាយក​ផ្នែក​លក់​ ​និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យដឹង​ស្រដៀង​គ្នា​​ថា​ ​ការ​លក់​តាមរយៈ​កញ្ចប់​គ្មាន​ប្រាក់កក់​រយៈពេល១៨ខែ​ ​ដែល​ស្មើនឹង៤០ភាគរយ​ ​នៃ​តម្លៃ​លំនៅ​ដ្ឋាន​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ​ដោយសារ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​។​ ​អ្នកនាង​បន្ត​ថា​ ​ចំណែក​ការ​បង់ប្រាក់​រយៈពេល​វែង​ដោយ​គ្មាន​ការប្រាក់​រយៈពេល២០ឆ្នាំ​ ​មិនទាន់​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅឡើយ​ទេ​ ​សំរាប់​គំរោង​បុរី​វិមាន​ភ្នំពេញ​។​

លោកស្រី​បន្ត​ថា​ ​“​លក្ខខ័ណ្ឌ​បង់ប្រាក់​ពិត​មាន​សារៈសំខាន់​ណាស់​ ​ដើម្បីឲ្យ​អតិថិ​ជន​មាន​​ភាព​ងាយ​ស្រួល​​ក្នុង​ការទិញ​លំនៅ​ដ្ឋាន​”​។​

​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លី​ ​ហួរ​ ​បាន​មានប្រសាសន៍​ថា​ ​លក្ខខ័ណ្ឌ​នៃ​ការ​បង់ប្រាក់​ ​ដើម្បី​ទិញ​លំនៅ​ដ្ឋាន​ដោយ​គ្មាន​ប្រាក់កក់​ ​មិន​អនុវត្តន៍​ជាទូទៅ​ទេ​ ​វា​អាស្រ័យ​លើ​ម្ចាស់​បុរី​ ​ឬ​អ្នក​អភិវឌ្ឍន៍​និ​មួយ​ៗ​។​ ​លោក​បន្ត​ថា​ ​អ្នក​អ​ភិវ​ ​ឌ្ឍ​ន៍​ដែល​សាងសង់​ផ្ទះ​បង់​រំលស់​បែបនេះ​ ​ភាគច្រើន​ជា​គំរោង​លំនៅ​ដ្ឋាន​ដែល​ផ្តោត​លើ​អ្នកមាន​ជីវភាព​មធ្យម​ ​និង​ក្រោម​មធ្យម​ ​ដើម្បី​ជួយ​ដល់​អ្នកមាន​ជីវភាព​កម្រិតទាប​ ​ប៉ុន្តែ​សំរាប់​ផ្ទះ​ដែល​មានតម្លៃ​ថ្លៃ​ ​នៅ​តំបន់​ពាណិជ្ជកម្ម​ការ​លក់​លំនៅ​ដ្ឋាន​មិន​អាច​ធ្វើបែប​នេះ​បានទេ​។​

លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​មាន​លក្ខណៈ​បែបនេះ​ ​ជា​ការ​វិនិយោគ​ចំណាយ​ទុន​ធំ​ទៅលើ​ថ្លៃ​ដី​ ​និង​សំណង់​ ​ដែល​ទាមទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​មាន​ទុន​ច្រើន​”​។​លោក​បន្ត​ថា​ ​“​វា​មិន​មាន​ហានិភ័យ​សំរាប់​អ្នកទិញ​លំនៅ​ដ្ឋាន​បែបនេះ​ទេ​ ​ព្រោះ​មុន​ពួកគេ​ទិញ​ ​ពួកគេ​បាន​សិក្សា​ពី​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​រួចហើយ​ ​ដូច្នេះ​បើ​កម្ពុជា​នៅតែ​មាន​សន្តិភាព​ ​ស្ថេរ​ភាពល្អ​បែបនេះ​ ​វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​”​៕​

ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​របស់​ចិន​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​

0

​ដោយ​ ​វល័ក្ខ

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខេត្ត​កំពង់ស្ពឺ​បាន​អះអាង​ថា​ ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ ​OPPO​ ​និង​ ​VIVO របស់​ចិន​ ​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ដំ​ណើរ​ទ​ ​ស្ស​នកិ​ច្ច​របស់​លោក​ទៅកាន់​ក្វាង​ ​ទុង​ប្រទេស​ចិន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ផ្តើម​ពី​ថ្ងៃទី៩​ ​ដល់ទី១០មេសា​នេះ​ថា​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន២​ ​គឺ​ក្រុមហ៊ុន​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ​។​ ​ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន​ ​ដែល​កំពុង​គ្រប​ដណ្តប់​ចំណែក​ទីផ្សារ​ធំ​មួយ​នៅ​លើ​ពិភពលោក​។​

​លោក​បន្ត​ថា​“​ជាមួយនឹង​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ​ក្រុមហ៊ុន​នេះ​នឹង​នឹង​សាងសង់​អាគារ​កម្ពស់ ១០០ទៅ ២០០ម៉ែត្រ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ដំណើរការ​គំរោង​វិនិយោគ​របស់​ខ្លួន​”​។​

​លោ​ក​បូរិ​ទ្ឋ​ ​អ្នកនាំ​ចូល​ទូរស័ព្ទ​ពីក្រៅ​ប្រទេស​មកកាន់​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​វា​ជា​រឿង​ល្អ​ប្រសើរ​សំរាប់​ប្រទេស​កម្ពុជា​ ​ជាមួយ​វត្តមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ធំៗ​ទាំងពីរ​នេះ​ ​ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ ​តាមរយៈ​ការ​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក​ ​ឲ្យ​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​។​ ​វត្តមាន​ក្រុមហ៊ុន​នេះ​ ​ក៏​ជួយ​ ​ធ្វើឲ្យ​មានការ​រីកចម្រើន​ផ្នែក​ចំណេះដឹង​បច្ចេកវិទ្យា​ ​ដល់​យុវជន​កម្ពុជា​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​វត្តមាន​ក្រុមហ៊ុន​ទាំងពីរ​នេះ​ ​មិន​ធ្វើឲ្យ​មានផល​ប៉ះពាល់​ឬ​ខាតបង់​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ ​Smart​ ​Phone​ ​នៅ​កម្ពុជា​នោះ​ទេ​ ​ដោយសារ​ការផលិត​ទូរស័ព្ទ​ប្រភេ​ ​ទ​នេះ​មិន​សំរាប់​តែ​ទីផ្សារ​ក្នុង​ស្រុក​ឡើយ​”​៕​

ក្រសួងទេសចរណ៍​រៀបចំ​សហគមន៍​នេសាទ​​នៅ​ខេត្តសៀមរាប​ជា​ផលិតផល​​ទេសចរណ៍​ថ្មី​

0

​ដោយ​ ​នៅ​ ​វឌ្ឍនា

​ភ្នំពេញ​៖​ ​ក្រសួងទេសចរណ៍​ ​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​ ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ​នៅ​ខេត្តសៀមរាប​ ​បាន​អះអាង​ថា​ ​សហគមន៍​នេសាទ​ ​និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​ក្នុង​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​នឹង​ក្លាយជា​សហគមន៍​ទេសចរណ៍​ ​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​ ​នៅ​ខេត្តសៀមរាប​ ​ដើម្បី​បំពេញ​តម្រូវការ​បន្ថែម​ជូន​ភ្ញៀវ​ទេសចរ​។​

​សហគមន៍​នេសាទ​ ​និង​តំបន់ការពារធម្មជាតិ​បឹង​ពារាំង​នេះ​ ​មាន​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ​ ​មើល​សត្វស្លាប​ ​គយគន់​ថ្ងៃលិច​ ​ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។​ សហគមន៍​នេះ​ ​ស្ថិត​ក្នុង​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​។​

​លោក​ថោង​ ​ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ ​ដែល​បាន​រៀបចំ​កាលពី​ព្រឹក​ថ្ងៃទី១០​ ​មេសា​នេះ​ថា​ ​ក្រសួងទេសចរណ៍​មិន​ទាមទារ​នូវ​ការចុះបញ្ជី​ ​ឬ​ការគ្រប់គ្រង​ទៅលើ​សហគមន៍​នេសាទ​ ​ឬ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទេ​ ​ប៉ុន្តែ​ក្រសួងទេសចរណ៍​អាច​ទទួលស្គាល់​សហគមន៍​ណាមួយ​ ​ជា​សហគមន៍​ទេសចរណ៍​បាន​ ​លុះត្រាតែ​សហគមន៍​ទេសចរណ៍​នោះ​ ​អាច​បង្ហាញ​គោលការណ៍​ ​២សំខាន់​៖​ ​ទី១​.​ ​សហគមន៍​ទាំងនោះ​មាន​សក្តា​នុ​ពល​ទេសចរណ៍​ ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ ​និង​ទី២​.​ ​សហគមន៍​ទាំងនោះ​ ​បាន​រៀបចំ​ត្រឹមត្រូវ​តាម​ស្តង់​ដា​សហគមន៍​ទេសចរ​ជាតិ​ ​និង​អាស៊ាន​។​

​ជាក់ស្តែង​នៅ​តំបន់​បឹង​ពារាំង​នេះ​ ​ប្រជាពលរដ្ឋ​សហគមន៍​បាន​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការ​អភិរក្ស​នូវ​ធនធាន​ជលផល​ ​ជាពិសេស​ត្រី​ធម្មជាតិ​ ​ដែល​ជា​ប្រភព​ទាក់ទាញ​សត្វស្លាប​រាប់​សែន​ក្បាល​ឲ្យ​មក​ស្នាក់អាស្រ័យ​ ​ធ្វើ​សំបុក​ពង​កូន​ ​ដែល​ទាំងនេះ​បង្កើត​បាន​ជា​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ចូលចិត្ត​ធម្មជាតិ​ ​មើល​សត្វ​ ​គយគន់​ថ្ងៃលិច​ ​ជិះទូក​កម្សាន្ត​នៅ​ជុំវិញ​បឹង​ជាដើម​។​

​លោក​ថោង​ ​ខុន​បាន​បន្ត​ថា​ ​“​គំរូ​នៃ​ការ​ប្រែក្លាយ​សហគមន៍​នេសាទ​ ​និង​សហគមន៍​តំបន់ការពារធម្មជាតិ​ ​ទៅជា​សហគមន៍​ទេសចរណ៍​ ​ក៏​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​សហគមន៍​មួយចំនួន​ ​ដូចជា​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត​ ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ចំបក់​ ​និង​សហគមន៍​អេកូ​ទេសចរណ៍​អារ៉ែង​ជាដើម​”​។​

​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋមន្រ្តី​ទេសចរណ៍​អាស៊ាន​ ​កម្ពុជា​គឺជា​ប្រទេស​នាំមុខ​ក្នុង​ការរៀបចំ​ស្តង់​ដា​សហគមន៍​ទេសចរណ៍​អាស៊ាន​ ​និង​ស្តង់​ដា​ផ្ទះ​ស្នាក់​អាស៊ាន​ ​ហើយ​កាលពី​វេ​ទិ​ការ​ទេសចរណ៍​អាស៊ាន​កាលពី​ខែមករា​ ​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​វៀតណាម​ ​កម្ពុជា​មាន​សហគមន៍​ទេសចរណ៍​ចំនួន៣​ ​និង​ផ្ទះ​ស្នាក់​ចំនួន៥​ ​ដែល​បាន​ទទួល​រង្វាន់​ពី​អាស៊ាន​ ​រួមមាន​ ​ទី១​៖​ ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អារ៉ែង​ ​ក្នុង​ខេត្តកោះកុង​។​ ​ទី២​៖​ ​សហគមន៍​ទេសចរណ៍​កំពង់ភ្លុក​ ​ក្នុង​ខេត្តសៀមរាប​។​ទី៣​៖​ ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​៕​

ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​បន្ត​កើនឡើង​ ​ស្រប​ពេល​ដែល​តម្រូវការ​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​សិក្សា​ ​និង​ស្រាវជ្រាវ​ដោយក្រុម​ហ៊ុន​ ​CBRE​ ​Cambodia​។​ ​

​នៅក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញថា​ ​ចំពោះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ត្រឹម​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ​មានការ​កើនឡើង​បន្តិចបន្តួច​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​មានការ​បញ្ចប់​ការ​សា​សង់​នូវ​អគារ​ការិយាល័យ​ ​ម្ចាស់​តែមួយ​ប្រមាណ៩១៨០ម៉ែត្រការ៉េ​ ​ដែល​ស្មើនឹង​ការ​កើនឡើង​ប្រមាណ២,៧ភាគរយ​ ​បៀ​ប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​ការ​ដាក់បញ្ចូល​អគារ​ ​Elysee​ ​Tower​ ​នៅក្នុង​ទីផ្សារ​ ​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​នៃ​ការិយាល័យ​កម្រិតB​ ​កើនឡើង​ប្រមាណ៩,៥ភាគរយ​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​ក៏​មានការ​សម្ពោធ​អគារ​ ​Maritime​ ​Tower​ ​ដែល​ទើបត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​កាលពី​អំឡុង​ខែមករា​ផង​ដែរ​។​ ​

​កញ្ញា​ ​គឹម​ ​គិ​នកេ​សា​ ​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​អត្រា​នៃ​ការជួល​អគារ​ការិយាល័យ​ទូទៅ​មានការ​កើនឡើង​ពី៨៥,៣៦ភាគរយ​ ​មក៨៥,៩៦ភាគរយ​ ​ស្មើ​នឹង​កំនើ​នប្រ​មា​ណ០,៦ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។​
​ដោយឡែក​ចំពោះ​តម្លៃ​នៃ​ការជួល​វិញ​ ​កញ្ញា​បាន​លើកឡើង​ថា​ ​ហាក់​មិន​មានការ​ប្រែប្រួល​នោះ​ទេ​។​ ​

​កញ្ញា​ ​គឹម​ ​កិន​កេសា​ ​បាន​បញ្ជាក់​ថា​ ​តម្លៃ​នៃ​ការជួល​អគារ​ការិយាល័យ​កម្រិត​ ​B​ ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​ ​មានការ​កើនឡើង​ប្រហែល០,៥ដុល្លារ​ ​សម្រាប់​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​។​ ​ចំណែក​ឯ​តម្លៃ​ជួល​អគារ​ការិយាល័យ​ ​នៅ​ក្រៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​វិញ​មានការ​ធ្លាក់ចុះ​បន្តិច​ ​ដោយសារ​មាន​កា​រប​ញ្ជូល​អគារ​ ​Elysee​ ​Tower​ ​ទៅ​ក្នុង​ការ​ផ្គត់ផ្គង់​នៃ​អគារ​ម្ចាស់​តែមួយ​។​ ​ដោយឡែក​ចំពោះ​ទីផ្សារ​ការិយាល័យ​កម្រិតA​ ​និង​ ​C​ ​មានការ​ប្រែប្រួល​តិច​បំផុត​នៅក្នុង​ត្រីមាស​ទីមួយ​នេះ​។​ ​

​កញ្ញា​បាន​បន្ត​ថា​ ​“​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​ ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ​ដោយសារតែ​មានការ​បញ្ចប់​ការសាងសង់​អគារ​ ​Diamond​ ​Twin​ ​Tower​ ​ដែល​មាន​ទីតាំង​ស្ថិត​ម្ដុំ​កោះ​ពេជ្រ​ ​ក្នុង​ខណ្ឌចំការមន​”​។​

​ការ​ដាក់ឲ្យ​ដំណើរការ​ ​Diamond​ ​Twin​ ​Tower​ ​បាន​បន្ថែម​ប្រមាណ១៩,៨១២​ ​ម៉ែត្រការ៉េ​ ​នៃ​ការ​ផ្គត់ផ្គង់​អាគារ​ការិយាល័យ​សរុប​កើនឡើង៤៥,៣​ ​ភាគរយ​។​ ​នៅក្នុង​ត្រីមាស​ទី១នេះ​ ​ក៏​មានការ​សម្ពោធ​នូវ​អគារ​ ​Chief​ ​Tower​ ​ដែល​ជា​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​កម្រិត​ ​B​ ​ដែល​មានផ្ទៃ​ក្រឡា​ ​១២,២៥០​ ​ម៉ែត្រការ៉េ​ ​និង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​ក្នុង​មីនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ដែរ​៕​

ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៨​ ​គ្រោង​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ខេត្ត​កំពង់ស្ពឺ​បាន​អះអាង​ថា​ ​ក្រុម​ហ៊ុន​ធំៗ​របស់​ចិន​ចំនួន៨នឹង​ចូល​មក​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​នា​ពេល​ខាងមុខ​ ​ដោយ​ទំហំ​វិនិយោគ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ក្វាងទុង​ ​ប្រទេស​ចិន​ ​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី៩​ ​ដល់១០​ ​មេសា​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១០​ ​មេសា​នេះ​ថា​ ​លើ​ទំនុកចិត្ត​ពី​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​នៃ​ខេត្ត​ក្វាងទុង​ ​ដែល​កំពុង​ដំណើរការ​រកស៊ី​ក្នុងទឹក​ដី​ ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​ដំបូល​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​វិ​និ​យោ​គ​ធំៗ​ ​បាន​មក​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​ ​ខេត្ត​កំពង់ស្ពឺ​ ​ក៏​ជា​ខេត្ត​ដែល​មាន​រោងចក្រ​កាត់ដេរ​ ​និង​រោងចក្រ​ផលិត​កាបូប​ ​ស្បែកជើង​ប្រមាណ​ជា​ ​១២១រោងចក្រ​ ​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​។​

​លោក​បន្ត​ថា​ ​មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន៨​ ​បាន​សន្យា​ចូល​មក​វិនិយោគ​នៅ​លើទឹក​ដី​ ​ខេត្ត​កំពង់ស្ពឺ​ ​រួមមាន​ ​ទី១​ ​រោងចក្រ​ ​Speedy​ ​Global​ ​ស្ថិតនៅ​សង្កាត់​ឆាង​អាន​ ​ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ ​ហើយ​នៅ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​នេះ​ ​នឹង​ដំឡើង​រោងចក្រ​មួយ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​សរុប៨០០០នាក់​ ​ព្រមទាំង​ដាក់​ស្លាក​ ​(​Logo​)​ ​លើ​អាវ​ខាងមុខ​ថា​ ​Cambodia​ ​ម្ខាង​ ​និង​កំពង់ស្ពឺ​ម្ខាង​ ​ហើយ​សម្លៀកបំពាក់​នេះ​នឹង​នាំ​ទៅ​អ៉ឺ​រ៉ុប​។​ ​ទី២​ ​មាន​ក្រុមហ៊ុន​ដៃគូ​ចំនួន​ ​៣កន្លែង​ទៀត​មាន​ផលិត​ដំណាប់​ផ្លែឈើ​ ​ស្លាក​សញ្ញា​សម្លៀកបំពាក់​ ​និង​អចលនទ្រព្យ​ក្នុង​មួយ​កន្លែង​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ ​៨០០០នាក់​សរុប២៤,០០០នាក់​។​

​ទី៣​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​ ​២គឺ​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ត្រូវ​សាងសង់​អាគារ​កម្ពស់​ ​១០០​ ​ទៅ២០០ម៉ែត្រ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ដំណើរការ​វិនិយោគ​របស់​ខ្លួន​។​ ​ទី៤​ ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រោងចក្រ​ថ្មី​របស់​ចិន​ ​តាមរយៈ​ក្រុមហ៊ុន​ ​ដែល​ទទួល​បានការ​ទាក់ទាញ​ពី​លោក​អភិបាលខេត្ត​ ​មាន​ទុន​ប្រមាណ​ ​២០០០លាន​ដុល្លារ​អាមេរិក​។​ ​ទី៥​ ​ក្រុមហ៊ុន​ ​គូ​ឡុង​ ​ផលិត​សម្លៀកបំពាក់​កូនក្មេង​ ​ត្រូវការ​កម្លាំង​ពលកម្ម​ ​៩០០០នាក់​។​ ​ទី៦​ ​ក្រុមហ៊ុន​ ​ហ្វី​ចូវ​ ​នៅ​ក្រុង​ហ្វី​ចូវ​ ​ផលិត​អាវចាក់​ ​ត្រូវការ​កម្មករ​សរុប​ ​១៥០០០នាក់​ ​ក្រុមហ៊ុន​នេះ​នឹង​រើ​ទៅ​រក​ស៉ី​នៅ​ខេត្ត​កំពង់ស្ពឺ​ ​នឹង​យក​ម៉ាស៉ី​ន​ស្វ័យប្រវត្តិ​ចំនួន​ ​១០០០គ្រឿង​ ​ដែល​មានតម្លៃ​ប្រមាណ​ ​៣៥០០លាន​ដុល្លារ​អាមេរិក​។​

​ទី៧​ ​អគារ​ពាណិជ្ជកម្ម​នៅ​ក្រុង​ច្បារមន​ ​ដែល​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ​ ​៥០០លាន​ដុល្លារ​អាមេរិក​។​ ​និង​ទី៨​ ​ក្រុ​មហ៊ុនហ័រ​ ​សេង​ដា​ ​ជា​ក្រុមហ៊ុន​ផលិត​ខ្សែរ​រួត​ ​បច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ហើយ​ ​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ ​ផលិតផល​នេះ​នាំចេញ​ទៅ​អឺរ៉ុប​ ​និង​អាមេរិក​។​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក្រុមហ៊ុន​នេះ​នឹង​ពង្រីក​ក្រុម​មួយ​កន្លែង​ផ្សេងទៀត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​ ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏​រីករាយ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​មួយ​មាន​ភាព​ស្រដៀងគ្នា​នឹង​ខេត្តកណ្តាល​ ​ដោយ​សារ​ទទួល​ឥទ្ឋិ​ពល​ពី​រាជធានី​ភ្នំពេញ​ ​ពិសេស​ខេត្ត​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​តភ្ជាប់​ល្អ​ប្រសើរ​ ​ជាមួយ​ខេត្ត​ព្រះសីហនុ​ ​ដូចជា​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​ជាដើម​។​

​លោក​បន្ត​ថា​ ​“​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បាន​ធ្វើឲ្យ​ខេត្ត​កំពង់ស្ពឺ​ ​ក្លាយជា​ទីតាំង​មួយ​ដែល​ទាក់ទាញ​ការ​វិនិយោគ​ពី​រោងចក្រ​ ​សហគ្រាស​នានា​ ​ព្រោះ​ខេត្ត​នេះ​ងាយ​តភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ​ដទៃទៀត​”​៕​

ខុន​ដូ​ចំនួន​ ​៣​ ​ត្រូវ​បាន​បញ្ចប់​ការសាងសង់​នៅ​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​

0

​ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​​៖​ ​យ៉ាងហោចណាស់​មាន​គម្រោង​ខុន​ដូ​ចំនួន៣ត្រូវ​បាន​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ត្រីមាស​ទី១នៃ​ឆ្នាំ២០១៩​ ​ដែល​​មាន​ចំនួន​សរុប​រហូតដល់១០៩១យូនី​ត​ ​មានការ​កើនឡើង​ប្រមាណ​ ​៧,៦៩ភាគរយ​ ​ក្នុង​ការ​ផ្គត់ផ្គង់​ ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។​ ​

​ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​ ​CBRE​ ​ដែល​បង្ហាញ​កាលពី​ថ្ងៃទី៩​ ​ខែមេសា​ ​បានឱ្យ​ដឹង​ថា​ ​ខុន​ដូ​ប្រភេទ​មធ្យម​មាន​ចំណែក​ទីផ្សារ​ប្រមាណ​ ​៨៩,៣ភាគរយ​នៃ​ស្តុក​ដែល​បាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី១​ ​ដែល​ក្នុង​នោះ​មាន​គម្រោង​ ​Urban​ ​Loft​ ​ដែល​មាន​ ​១៨២​ ​យូនី​ត​ ​និង​គម្រោង​ ​The​ ​Skyline​ ​ដែល​មាន​ ​៧៩២​ ​យូនី​ត​។​ ​

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ​ខុន​ដូ​ប្រភេទ​ខ្ពស់​ដែល​បាន​បញ្ចប់​ការសាងសង់​ក្នុង​ត្រីមាស​ចុងក្រោយ​នេះ​មាន​ចំនួន១១៧យូនី​ត​ ​ស្ថិតនៅ​ក្នុង​គម្រោង​ ​Embassy​ ​Central​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌចំការមន​ ​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​កម្រិតខ្ពស់​សរុប​ប្រមាណ​ ​៣,៨ភាគរយ​ ​។​ ​

​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន​ ​CBRE​ ​កញ្ញា​ ​គឹម​ ​គិ​នកេ​សា​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​«​នៅក្នុង​វិស័យ​ខុន​ដូ​ ​មានការ​ចាប់ផ្តើម​បើក​លក់​ខុន​ដូ​ថ្មី​ៗ​ចំនួន៥​ ​គម្រោង​ ​នៅក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ​ ​ដែល​ក្នុង​នោះ​មាន​ចំនួន​៤​គម្រោង​គឺជា​ខុន​ដូ​ប្រភេទ​សមរម្យ​ ​ដែល​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ខុន​ដូ​ប្រភេទ​នេះ​ចំនួន១១៦៩យូនី​ត​។​ ​

ដោយឡែក​ចំពោះ​ទីផ្សារ​ខុន​ដូ​កម្រិត​សមរម្យ​ក៏​មាន​គម្រោង​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​ ​ដូចជា​គម្រោង​ ​Phnom​ ​Penh​ ​Star​ ​ដែល​បាន​បន្ថែម​ ​៤៤៨​ ​យូនី​តទៅ​ក្នុង​ស្តុក​សរុប​ ​ស្មើនឹង​ ​២៩ភាគរយ​ ​នៃ​ការ​ផ្គត់ផ្គង់​ថ្មី​នៅ​ត្រឹម​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​។​ ​ជាមួយគ្នា​នេះ​ ​ប្រមាណ៥១ភាគរយ​ ​នៃ​យូនី​ត​ដែល​ត្រូវ​បាន​បើក​លក់​នៅក្នុង​ត្រីមាស​ទី១នេះ​ ​គឺ​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌ​សែនសុខ​ ​រួមមាន​អាគារ​ទី១នៃ​គម្រោង​ ​Romduol​ ​City​ ​,​ ​គម្រោង​ ​The​ ​Seven​ ​Residence​ ​និង​គម្រោង​ ​ថ្ម​មួយដុំ​ ​(​Thmor​ ​Madom​ ​Condominium​)​ ​ដែល​មាន​ចំនួន​ខុន​ដូ​សរុប​ ​៩៧៤​ ​យូនី​ត​»​។​

​កញ្ញា​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​លក់​គឺ​មានការ​ប្រែប្រួល​តិចតួច​ ​ដោយ​ទីផ្សារ​ខុន​ដូ​កម្រិតខ្ពស់​មានការ​កើនឡើង​ប្រមាណ​ ​០,៤ភាគរយ​ ​ហើយ​ខុន​ដូ​ប្រភេទ​សមរម្យ​មានការ​កើនឡើង​ប្រមាណ​ ​០,៥ភាគរយ​ ​ហើយ​តាម​ការ​ព្យាករណ៍​ចំពោះ​តម្លៃ​ដាក់​លក់​គិតជា​មធ្យម​ទៅលើ​ទីផ្សារ​ខុន​ដូ​កម្រិតមធ្យម​នឹង​មានការ​ថយ​ចុះ​បន្ដិច​ ​ពោល​គឺ​ក្នុង​តម្លៃ​ ​២៥៦២​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​មក​នៅ​ត្រឹម​ ​២៥៥៩ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

ដោយឡែក​ចំពោះ​ទីផ្សារ​នៃ​ការជួល​ខុន​ដូ​កម្រិតខ្ពស់​ ​និង​មធ្យម​ ​នៅ​បន្ត​ស្ថេរ​ភាព​ដដែល​ ​ដោយ​អត្រាតម្លៃ​ជួល​ខុន​ដូ​កម្រិត​ខ្ពស់​បាន​កើនឡើង​ប្រមាណ១ភាគរយ​ ​ចំណែក​ឯ​អត្រា​ការជួល​ខុន​ដូ​ប្រភេទ​មធ្យម​មិន​មានការ​ប្រែប្រួល​នោះ​ទេ​»​ ​៕​