រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ប្រជាជន​រាប់​ម៉ឺន​នាក់​នឹង​ចូល​ទៅ​រស់នៅ​ក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ ដោយ​សម្ដែង​ពី​សុទិដ្ឋិនិយម​ថា​ នៅក្នុង​រយៈពេល៣​-៥ឆ្នាំខាងមុខ​ ប្រជាពលរដ្ឋ​នឹង​ចូល​ទៅ​រស់នៅ​ក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ​រាប់​ម៉ឺន​នាក់​ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ កំពុង​ចូល​មក​វិនិយោគ​ក្នុង​ខេត្ត​មួយ​នេះ​។

លោក​ ជាម​ ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ក្រុ​មន​ហ៊ុន​ចន្លោះ​ពី៣០ទៅ៤០​ កំពុងតែ​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ថ្មីនេះ​ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​លក់​ និង​មាន​ការ​សាងសង់​បុរី​ផង​ដែរ​ ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការ​អភិវឌ្ឍ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​។ លោក​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ក៏បាន​ និង​កំពុង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​បណ្តាញ​ផ្លូវថ្នល់​ សួនច្បារ​ ទី​សាធារណៈ​ នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ស្រស់បំព្រង​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​របស់​ទីក្រុង​ ក៏ដូចជា​ទីរួមខេត្ត​ទាំងមូល​ឱ្យ​មានការ​ទាក់ទាញ​ និង​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​ប្រជាពលរដ្ឋ​មកកាន់​ខេត្ត​មួយ​នេះ​។

លោក​បណ្ឌិត​បេង​ហុង​ សុ​ជាតិ​ខេ​មរ៉ូ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លំនៅ​ដ្ឋាន​ និង​ជា​អ្នក​រៀបចំ​ប្លង់​គោល​ទីក្រុង​នេះ​បាន​ធ្លាប់​មានប្រសាសន៍​ថា​ ទីរួមខេត្ត​នេះ​មាន​លក្ខណៈ​ពិសេស​ ហើយ​នា​ពេល​អនាគត​ទីក្រុង​នេះ​ នឹង​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​ ដោយសារ​ទីក្រុង​នេះ​នឹង​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ក្រុង​សួង​នា​ពេល​អនាគត​ ជាមួយ​ទី​រួម​ស្រុក​ពញ្ញា​ក្រែក​ដែល​នៅ​ក្បែរ​នោះ​។លោក​បន្ត​ថា​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ទីក្រុង​នេះ​ ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ​ពិសេស​ ដោយមាន​ការ​បែង​ចែង​រវាង​ទឹក​កខ្វក់​ និង​ទឹកភ្លៀង​ដាច់​ពីគ្នា​។

លោក​បន្ត​ថា​ “ខេត្ត​នេះ​ នឹងជា​តំបន់​សម្រាប់​ស្តុក​ផលិត​ផលក​សិ​ឧស្សាហកម្ម​ ដោយសារ​ខេត្ត​នៅ​ជុំវិញ​នេះ​ ជា​តំបន់​មាន​សក្តា​នុ​ពល​លើ​ដំ​ណាំ​កសិ​ឧស្សាហកម្ម​ ហេតុនេះ​ខេត្ត​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កណ្តាល​សម្រាប់​តំបន់​ភូមិ​ភា​គឦសាន្ត”។ លោក​បន្ត​ថា​ “នា​ពេល​អនាគត​ ខេត្ត​នេះ​នឹង​មាន​ខ្សែរថ​ភ្លើង​ឆ្លងកាត់​ពី​ប្រទេស​ចិន​ តាមរយៈ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ផ្លូវ១ផង​ដែរ​”។

នាយក​ផ្នែក​លក់​គម្រោង​ដី​ឡូ​តិ៍​ អាណាចក្រ​រុងរឿង​ ខេត្ត​ត្បូងឃ្មុំ​លោក​ សឿន​ ចាន់​ថុន​បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ស្រប​ទៅ​នឹង​ភាព​មមាញឹក​របស់​អាជ្ញាធរ​ខេត្ត​ដែល​បាន​ និង​កំពុង​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ថ្ងៃ​ ទាំងយប់​ ជាក់ស្ដែង​ដូចជា​សកម្មភាព​នៃ​ការ​សម្រុក​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​ កម្ពុជា​- ចិន​ ត្បូងឃ្មុំ​ ក៏ដូចជា​សាលារៀន​ វិទ្យាល័យ​ប្រចាំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ និង​ផ្តល់​ភាព​ងាយស្រួល​លើ​ផ្នែក​សេវា​សាធារណៈ​ក្នុង​តំបន់​នោះ​ ងាក​មក​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ថ្មី​មួយ​ននេះ​ ក៏​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

លោក​បន្ត​ថា​ ជាក់ស្ដែង​នៅក្នុង​រយៈពេល​ខ្លី​នៃ​ដើមឆ្នាំ២០១៩នេះ​ ក្រុមហ៊ុន​គម្រោង​ដី​ឡូ​តិ៍​ អាណាចក្រ​រុងរឿង​ ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ ដែល​ក្រៅពី​លក់​អស់១០០ភាគរយ​ ទៅលើ​គម្រោង​ទី១​ និង​កំពុង​លក់​បញ្ចប់​គម្រោង​ទី២​ ក្រុមហ៊ុន​បាន​និង​កំពុងតែ​ដំណើរការ​គម្រោង​ទី៣​ ដែល​ត្រឹមតែ​រយៈ​ជាង​មួយ​ខែ​យើង​លក់​បាន​រហូតដល់​ជាង៦០ភាគរយ​រួម​ទៅ​ហើយ​។

លោក​បន្ត​ថា​ “ខ្ញុំ​ជឿ​ថា​មិនយូរ​ទៀត​ទេ​គម្រោង​ទី៤​ របស់​អាណាចក្រ​រុងរឿង​នឹង​ចាប់ផ្តើម​ដំណើរការ​លក់​បន្ត​ ខណៈ​ដែល​ពេលនេះ​ក្រុមហ៊ុន​កំពុងតែ​ចាក់​ដី​បំពេញ​ និង​ធ្វើ​ផ្លូវ​មេ​ ដែល​មាន​ទទឹង​ទំហំ១៦ម៉ែត្រ​ រួម​ជាមួយ​ផ្លូវ​ខាងក្នុង១៤ម៉ែត្រ​ ភ្ជាប់​ជាមួយ​ការរៀបចំ​បណ្តាញ​បង្ហូរទឹក​បណ្តាញ​ទឹក​ស្អាត​ និង​បណ្តាញ​អគ្គិសនី​ ជាមួយនឹង​តម្លៃ​ចាប់ពី៤៣០០​ ដុល្លារ​ រហូតដល់៩៥០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍​”។

លោក​ សឿន​ ចាន់​ថុន​ បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ថា​ នៅ​ត្រឹម​ឆ្នាំ​ ២០២២​ ខាងមុខនេះ​ វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​ នឹង​កើនឡើង​រហូត​គុណ​នឹង៣​ ក្រោយពេល​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ ត្បូងឃ្មុំ​ និង​ការសាងសង់​វិទ្យាល័យ​បញ្ចប់​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើជា​ផ្លូវការ​ ហើយ​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ជាមួយ​គម្រោង​ដី​ឡូ​តិ៍​ អាណាចក្រ​រុងរឿង​ អាច​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៨​ ៩១​ ៩១​ ៧៨៨​ ឬ ០១២​ ២៣​ ១៣​ ៤៨​៕

ចំណេះដឹង​! អ្វីទៅ​ជា​ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទំនិញ​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ គឺជា​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ម្តងម្កាល​ដោយ​អ្នកដំណើរ​ ឬត្រូវ​បាន​នាំចូល​ដោយ​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ក្នុង​តំបន់​ព្រំដែន​ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ឬប្រើប្រាស់​ក្នុង​តំបន់​ព្រំដែន​។

យោង​តាម​សារាចរណែនាំ​ លេខ០០៩​ សហវ​ ចុះ​ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០០៥​ ស្តី​ពី​ការគ្រប់គ្រង​ទំនិញ​នាំចូល​ គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចូល​ម្តងម្កាល​របស់​អ្នកដំណើរ​ ដែល​ត្រូវ​ចាត់ទុកថា​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ ត្រូវ​បំពេញ​បែបបទ​គយ​តាមច្បាប់​ជាធរមាន​ ដោយ​ត្រូវ​បង្ហាញ​នូវ​លិខិតឆ្លងដែន​ ដែល​មាន​បញ្ជាក់​ពី​ការ​ចេញ​-ចូល​ប្រទេស​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ច្រក​ទ្វារ​ ហើយ​ត្រូវ​ប្រថាប់ត្រា​ ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​-សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​” និង​ពុំ​ចាំបាច់​ បិទ​ត្រា​គយ​ឡើយ​។

ក្នុងករណី​ដែល​អ្នកដំណើរ​ម្តងម្កាល​ នាំចូល​ទំនិញ​ហើយ​ប្រកាស​ថា​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ធ្វើអាជីវកម្ម​ ការកំណត់​តម្លៃ​គិត​ពន្ធគយ​ត្រូវ​បូកបន្ថែម២០ភាគរយ​ លើ​តម្លៃ​គិត​ពន្ធគយ​ជាធរមាន​ និង​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​ “មាន​លក្ខណៈ​ពាណិជ្ជកម្ម​” ហើយ​ត្រូវ​បិទ​ត្រា​គយ​ជូន​ ប្រសិនបើ​មុខទំនិញ​នោះ​ស្ថិត​ក្រោម​ប្រព័ន្ធ​ ត្រា​គយ​ ដើម្បី​អាច​ចរាចរ​លើ​ទីផ្សារ​បាន​។

ចំពោះ​ការនាំចូល​របស់​ប្រជាជន​ ដែល​មាន​លំនៅ​ដ្ឋាន​ជា​អចិន្រ្តៃយ៍​ក្នុង​តំបន់​ព្រំដែន​ ត្រូវ​បំពេញបែបបទ​គយ​តាម​ការកំណត់​ជាធរមាន​ ហើយ​ត្រូវ​ប្រថាប់ត្រា​ឬសរសេរ​លើ​បង្កាន់ដៃ​ពន្ធ​ថា​“សម្រាប់​ចរាចរ​ក្នុង​តំបន់​ព្រំដែន​”។ ប្រជាជន​តំបន់​ព្រំដែន​ ដែល​​ធ្វើអាជីវកម្ម​នាំចេញ​-នាំចូល​ទំនិញ​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ចរាចរ​ទូទាំង​ប្រទេស​នោះ​ ត្រូវតែ​បង្កើត​ជា​ក្រុមហ៊ុន​ដែល​មាន​ លេខ​អត្តសញ្ញាណ​កម្ម​ អាករ​លើ​តម្លៃបន្ថែម​ និង​ត្រូវ​មាន​ប័ណ្ណប៉ាតង់​ឆ្នាំ​ចុងក្រោយ​ ដូច​អ្នកនាំ​ចេញ​-នាំចូល​ធម្មតា​ ហើយ​ក្នុងករណី​ចាំបាច់​ ត្រូវ​អនុវត្ត​តាម​ការណែនាំ​ខាងលើ​៕

ស្វែងយល់​ពី​ការកំណត់​កម្ពស់​អាគារ​ និង​ការ​ទុក​ចិញ្ចើម​ផ្លូវ​សាធារណៈ​នានា​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ការសាងសង់​អាគារ​កម្ពស់​ខ្ពស់កប់ពពក​ បាន​កើនឡើង​នៅ​ក្រុងភ្នំពេញ​ ប៉ុន្តែ​ដោយសារ​តម្លៃ​ដី​បាន​កើន​ខ្ពស់​ បាន​ធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​បំពាន​មក​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ទាក់ទង​នឹង​បញ្ហា​នេះ​តើ​ក្រសួង​រៀបចំ​ដែនដី​ បាន​កំណត់​យ៉ាងដូច​ម្តេច​? ដើម្បី​រក្សា​ចិញ្ចើម​ផ្លូវ​ ក៏ដូចជា​ធ្វើ​ឱ្យ​បរិយាកាស​ចេញចូល​ ក្នុង​អាគារ​មាន​ផាសុ​ខភាព​។

លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណ​ស្ថាបត្យករ​កម្ពុជា​និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ បាន​មាន ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃទី២៧មិនា​កន្លងមក​ថា​ តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​ ការសាងសង់​អាគារ​និ​មួយ​ៗ បាន​កំណត់​និយាមកា​រន​គរូប​នី​យក​ម្ម​ត្រឹមត្រូវ​ ដោយ​អាគារ​មាន​កម្ពស់​ចាប់ពី១២ជាន់​ដល់២០ជាន់​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ ចោល​ទម្លា​តខាងមុខ៦ម៉ែត្រ​ពី​ចញ្ចើម​ផ្លូវ​សាធារណៈ​ និង​ទុក​ចំហៀង​និង​ខាងក្រោយ​អាគារ​ប្រវែង៣ម៉ែត្រ​។

ការសាងសង់​អាគារ​ចាប់ពី២១ជាន់​ ដល់៣០ជាន់​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ចោល​ប្រវែង៨ម៉ែត្រ​ពី​ចិញ្ចើម​ផ្លូវ​សាធារណៈ៨ម៉ែត្រ​ និង​សល់​ចំហៀង​និង​ក្រោយ​អាគារ​ប្រវែង៣​,៥០ម៉ែត្រ​។ អាគារ​ចាប់ពី​កម្ពស់៣០ជាន់ឡើង​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ទុក១០ម៉ែត្រ​ពី​ចិញ្ចើម​ផ្លូវ​សា​ធារ​ ណៈ​ និង​ចំហៀង​និង​ក្រោយ​អាគារ​ប្រវែង ៤ម៉ែត្រ​។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បន្ត​ថា​ ការ​រក្សាទុក​ទីធ្លា​សាធារណៈ​បែបនេះ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ចន្លោះ​សម្រាប់​ខ្យល់​ចេញចូល​ និង​បរិយាកាស​ក្នុង​អាគារ​មិន​ក្តៅ​ និង​មាន​ផាសុ​ខភាព​ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​សាងសង់​មួយចំនួន​ មិនបាន​គោរព​តាម​សេចក្តី​ប្រកាស​បែបនេះ​នោះ​ទេ​៕

បន្ទាប់ពី​ដាក់ចេញ​គោលនយោបាយ​ តម្លៃ​លំនៅ​ដ្ឋាន​នៅ​ទីក្រុងប៉េកាំង​ធ្លាក់ចុះ​ ១០​ភាគរយ

0

ដោយ​ វុត្ថា

ប៉េកាំង​៖ តម្លៃ​លំនៅ​ដ្ឋាន​នៅក្នុង​ទីក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ​ចំនួន​ ១០​ ភាគរយ​ក្នុងរយៈពេល​ ២ ឆ្នាំ​កន្លងមក​នេះ​ បន្ទាប់ពី​អជ្ញា​ធរ​ក្រុង​បាន​ប្រកាស​ពី​ការទប់ស្កាត់​ការទិញ​អចលនទ្រព្យ​កាលពី​ឆ្នាំ​ ២០១៧​ ។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Asia​ Times​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹង​ថា​ ទំហំ​នៃ​ការ​លក់​លំនៅ​ដ្ឋាន​ថ្មី​នៅក្នុង​ទីក្រុង​ប៉េកាំង​ បាន​ធ្លាក់ចុះ​រហូតដល់​ ៥០,៨៤៣​ យូនី​ត បើ​ធៀប​ពីមុន​មាន​ចំនួន​ ៩២,២០១៧​ យូនី​តចាប់ពី​ថ្ងៃទី​ ១៨​ ខែមីនា​ឆ្នាំ​ ២០១៥​ ដល់​ថ្ងៃទី​ ១៧​ ខែមីនា​ឆ្នាំ​ ២០១៧​ ខណៈ​ពេល​ដែល​បរិមាណ​នៃ​ការ​លក់​ផ្ទះ​បាន​ធ្លាក់ចុះ​ប្រហែល​ ៥០​% ។

សារព័ត៌មាន​នេះ​បន្ត​ថា​ តម្លៃ​លក់​ជាមធ្យម​សម្រាប់​លំនៅ​ដ្ឋាន​គេ​ប្រើប្រាស់​រួច​មានតម្លៃ​ចំនួន​ ៥៩,៨៩៨​ យ័ន​ ស្មើនឹង​ ៨,៩២០ដុល្លារ​អាមេរិក​ ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​ ពោល​ធ្លាក់ចុះ​ ១១,៣​% ពី​កម្រិត​ដែល​បានឃើញ​កាលពី​ខែមីនា​ឆ្នាំ​ ២០១៧​ កន្លងមក​នេះ​។

អជ្ញា​ធរ​ក្រុង​ប៉េង​កាំង​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចំពោះ​ការទប់ស្កាត់​នៃ​ការទិញ​អចលនទ្រព្យ​ជា​កញ្ចប់​ដែល​តម្រូវ​ឱ្យ​អ្នកទិញ​បង់ប្រាក់​ ៦០​% ជា​ការ​បង់​រំលោះ​សម្រាប់​ផ្ទះ​ទីពីរ​របស់​ពួកគេ​ហើយ​កាត់បន្ថយ​រយៈពេល​អតិបរមា​រហូតដល់​ ២៥​ ឆ្នាំ​ពី​ ៣០​ ឆ្នាំ​។

លោក​ Zhang​ Dawei​ ប្រធាន​អ្នកវិភាគ​អចលនទ្រព្យ​ប្រចាំ​ក្រុមហ៊ុន​ Centaline​ Property​ បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​ប៉េកាំង​បាន​ឈាន​ដល់កម្រិត​ទាប​។ លោក​បាន​បន្ថែម​ថា​អ្នកលក់​មាន​លក្ខណៈ​សម​ហេតុផល​ច្រើន​ និង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​មួយ​កាន់តែ​យូរ​។

អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ Anjuke​ លោក​ Li​ Zhen​ បាន​និយាយ​ថា​ រដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​រក្សា​តម្លៃ​ដី​ឱ្យ​មាន​ស្ថេរ​ភាព​ព្រមទាំង​តម្លៃ​ផ្ទះ​និង​ការ​រំពឹង​ទុក​ចំពោះ​ទីផ្សារ​។ លោក​រំពឹង​ថា​តម្លៃ​ផ្ទះនៅ​ទីក្រុង​ប៉េកាំង​នឹង​រក្សា​នៅ​កម្រិតមធ្យម​ក្នុង​ឆ្នាំនេះ​៕

រឿងសំខាន់ៗដែលត្រូវស្វែងយល់មុនសម្រេចចិត្តទិញខុនដូ

0

​ដោយគង់ សូរិយា

​ភ្នំពេញ៖​ លំនៅដ្ឋានបែបសហកម្មសិទ្ឋ(ខុនដូ)ជាប្រភេទលំនៅដ្ឋានថ្មីមួយ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន មិនទាន់បានយល់ដឹងលំអិតនៅឡើយ ហេតុនេះដើម្បីទិញលំនៅដ្ឋានក្នុងខុនដូ មិនមានហានិភ័យទៅថ្ងៃអនាគត អ្នកមានបំណងចង់ទិញខុនដូត្រូវ​ស្វែងយល់ពីបញ្ហាពាក់ព័ន្ឋមួយចំនួន។

​ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកនូវសម្រង់ចំណេះដឹងខ្លះៗ ដើម្បីផ្តល់ជូនអ្នកអាន និងអ្នកចង់ទិញខុនដូជ្រាបពីបញ្ហានេះមុនសម្រេចចិត្តទិញខុនដូ។

ជាប្រភេទលំនៅដ្ឋានថ្មីមួយ
ខុនដូជាផ្នែកថ្មីមួយក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែ​លបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពី សហ​កម្មសិទ្ឋឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចមានសិទ្ឋ ទិញអាគារបែបនេះចាប់ពី​ជាន់ទី១ឡើងទៅ។ អ្នក​រស់នៅតាមខុនដូ មិនអាចចិញ្ចឹមសត្វ និងជួសជុលលំនៅដ្ឋានរបស់ខ្លួន ឬបង្កសម្លេងរំខា​នណាមួយដល់អ្នកជិតខាងនោះទេ ដោយសារវាជាការរស់នៅបែបសហគមន៍លើអាគារ ​រួម។

ការបង់ប្រាក់
អ្នករស់នៅខុនដូត្រូវបង់ប្រាក់ជាប្រចាំ ដល់ក្រុមហ៊ុនគ្រប់គ្រងអាគារ ដែលការបង់​ប្រាក់នេះមានតម្លៃចន្លោះពី០,៥០ ទៅ១ដុល្លារអាមេរិក(អាស្រ័យលើគំរោង)និមួយៗ។ ការ​បង់ប្រាក់នេះ សម្រាប់ឲ្យក្រុមហ៊ុនចំណាយទៅលើសេវាកម្មគ្រប់គ្រងអាគារទាំងមូល​និងសេវាកម្មអនាម័យ សន្តិសុខជាដើម។

ការទិញធានារ៉ាប់រង
តាមធម្មតាអ្នកអភិវឌ្ឍន៍ តែងទិញសេវាកម្មធានារ៉ាប់រងអាគារខុនដូរបស់ខ្លួន ប៉ុន្តែអ្នក​អភិវឌ្ឍន៍មួយចំនួនមិនបានទិញនោះទេ ហេតុនេះអ្នកមានបំណងចង់រស់នៅខុនដូ ត្រូវសិក្សាពី​អ្នកអភិវឌ្ឍន៍គំរោងនោះថា បានទិញធានារ៉ាប់រងឬទេ? ព្រោះតាមធម្មតាអ្នកអភិវឌ្ឍន៍តែងតែទិញសេវាធានារ៉ាប់រង ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនមិនបានទិញនោះទេ។

​ការមានសេវាកម្មធានារ៉ាប់រងមានសារៈសំខាន់ណាស់ ដើម្បីការពារ​ពេលមានហានិភ័យកើតឡើង ឧទាហរណ៍មានករណីអគ្គិភ័យឆេះអាគារ អ្នកវិនិយោគនឹង​ទទួលបានសំណងវិញ ហើយអ្នកទិញខុនដូក៏ទទួលបានសំណងផងដែរ”។លោកបន្តថា “ករណីអាគារខុនដូឆេះអស់ ការសាងសង់ឡើងវិញនឹងធ្វើឡើងវិញអាស្រ័យលើការចចា និងការឯកភាពរួមរបស់ម្ចាស់ចំណែកកម្មសិទ្ឋនិមួយៗ”។


​ជាមួយគ្នានេះអ្នកទិញខុនដូ ក៏គួរសិក្សាពីប្រព័ន្ឋសុវត្ថិភាព ការសិក្សាពីចំណតយា​ន​​យន្ត​ សិក្សាពីជណ្តើរយន្ត និងជណ្តើរសង្រ្គោះករណីមានអគ្គិភ័យ ឬហេតុការណ៍ណា​មួយកើតឡើងផងដែរ៕

អ្នកជំនាញអះអាងថាខ័ណ្ឌ៧មករា ជាទីប្រជុំពហុអាជីវកម្មតែតម្លៃដីធ្លីនៅមានកម្រិត

0

ដោយ រ៉ាណេត

ភ្នំពេញ៖ ក្នុងចំណោមខណ្ឌទាំង៤ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ខណ្ឌ៧មករា ត្រូវបានគេមើលឃើញថាជាតំបន់ ដែលប្រមូលផ្តុំទៅអាជីវកម្មចម្រុះស្ទើរគ្រប់ប្រភេទ ប៉ុន្តែបែរជាត្រូវអ្នកជំនាញបញ្ជាក់ប្រាប់ថា នៅលើទីផ្សារអចលនទ្រព្យ ខ័ណ្ឌមួយនេះមានតម្លៃទាបជាងបណ្តាខ័ណ្ឌមួយចំនួនផ្សេងទៀត។


អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានបញ្ជាក់ប្រាប់តាមរយៈទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះថា បើទោះជាខណ្ឌ៧មករា ជាបណ្តុំអាជីវកម្មចម្រុះគ្រប់ប្រភេទ និងមានមនុស្សម្នារស់នៅ និងឆ្លងកាត់ច្រើនកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែបើនិយាយពីតម្រូវការ និងតម្លៃអច​លនទ្រព្យនៅលើទីផ្សារ នាពេលបច្ចុប្បន្នហាក់នៅមានកម្រិត ឬអាចទាបជាងតំបន់មួយចំនួន ដែលស្ថិតនៅក្នុងខណ្ឌជាប់ព្រុំប្រទលជាមួយគ្នា។

លោកបានបន្តថា នៅរាជធានីភ្នំពេញ ចំពោះខ័ណ្ឌដែលស្ថិតនៅចំចំណុចកណ្តាល គឺមាន៤ រួមមានដូចជាខណ្ឌដូនពេញ ខណ្ឌទួលគោក ខ័ណ្ឌចំការមន និងខ័ណ្ឌ៧មករា ។ ប៉ុន្តែបើនិយាយពីតម្រូវការទីផ្សារ និងតម្លៃវិញខណ្ឌចំនួន៣ រួមមានខ័ណ្ឌទួលគោក ខ័ណ្ឌដូនពេញ និងខណ្ឌចំការមន តម្រូវការ និងតម្លៃខ្ពស់ប្រហាក់ហ្រហែលគ្នា ខុសតែខ័ណ្ឌ៧មករា ដែលជាមនុស្សរស់នៅច្រើន ឆ្លងកាត់ច្រើនតែតម្លែហាក់ទាបជាងខណ្ឌទាំង៣។

លោកវ៉ា វីរៈបានបន្តថា តម្លៃដី ឬអចលនទ្រព្យនៅក្នុងខ័ណ្ឌ៧មករា មានភាពខុសគ្នាអាស្រ័យតាមតំបន់ និងតាមផ្លូវធំ ឬផ្លូវតូច។ តែសំរាប់តំបន់ដែលស្ថិតនៅជាប់ផ្លូវព្រះមុនីវង្ស គឺអាចមានតម្លៃប្រមាណ៦០០០ដុល្លារ ប៉ុន្តែចំពោះដីដែលស្ថិតនៅប៉ែកខាងផ្លូវភ្លោះអូរឬស្សីអាចមានតម្លៃជាង៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលស្ថិតនៅប៉ែកខាងផ្លូវហ្សាលដឺហ្គោល ផ្លូវព្រះសីហនុ ក៏ដូចជាដីដែលស្ថិតក្នុងសង្កាត់បឹងព្រលិតជាដើម អាចមានតម្លៃប្រមាណ៤០០០ដុល្លារ ប៉ុន្តែដីខ្លះក៏អាចឡើងតម្លៃខ្ពស់ជាងនេះបន្តិចបន្តូច ដែលវាអាស្រ័យទៅតាមទីតាំងមានតម្រូវការ និងទំហំដី។

ខ័ណ្ឌ៧មករា ដែលមានផ្សារអូរឬស្សី ផ្សារឌុយមិច តំបន់អាជីវកម្មចម្រុះស្ទើរទូទាំងខ័ណ្ឌតែម្ដង ប៉ុន្តែអ្វីដែលធ្វើឱ្យតម្រូវការអចលនទ្រព្យហាក់មានកម្រិត ក៏ព្រោះតែនៅក្នុងខណ្ឌនេះមិនមានដីទំនេរ ដែលអាចធ្វើការអភិវឌ្ឍន៍រំលេចឡើង នូវគម្រោងធំៗបានក្រៅតែពីគម្រោងដ៏មហិមាររបស់ក្រុមហ៊ុនOCIC អូឡាំព្យាស៊ីធី និងគំរោងខុនដូមួយចំនួនទៀត។


លោកវ៉ា វីរៈបានបន្តថា តម្លៃអចលនទ្រព្យអាចមានកំណើនឡើងខ្ពស់ យ៉ាងឆាប់រហ័ស ដោយសារតែការវិនិយោគគម្រោងធំៗរបស់ក្រុមហ៊ុនបរទេស ក៏ដូចជាតម្រូវការស្នាក់នៅរបស់បណ្តាជនបរទេសជាដើមជាដើម។ ប៉ុន្តែជាទូទៅនៅក្នុងខ័ណ្ឌ៧មករា ហា​ក់មិនសូវមានគម្រោងអភិវឌ្ឍនូវអាគារធំៗ ឬមានជនបរទេសស្នាក់នៅច្រើននោះទេ ដែលសូម្បីតែហាងអាហារដ្ឋានបែបបរទេស ហាងទំនើប ក៏មិនសូវឃើញមាននោះដែរ ដែលខុសប្លែកពីតំបន់មួយចំនួន ដែលស្ថិតនៅក្នុងខ័ណ្ឌជាប់គ្នា ដូចជាខ័ណ្ឌទួលគោក ខ័ណ្ឌដូនពេញ និងខណ្ឌចំការមន ដែលសម្បូរទៅដោយខុនដូរ អាផាតមិន និងហាងអាហារ ដ្ឋានបែបរទេសយ៉ាងស្អេកស្កះ៕

តំបន់​ទួលពង្រ​ទាក់ទាញ​​គម្រោង​​វិនិយោគ​​បុរី​​លំនៅ​ដ្ឋាន​​កាន់តែ​ច្រើន​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ​ស្រដៀងគ្នា​ទៅ​នឹង​តំបន់​ជាយក្រុង​មួយចំនួន​ ដែល​កំពុងតែ​មានការ​អភិវ​ ឌ្ឍ​យ៉ាង​ខ្លាំង​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​ តំបន់​ទួលពង្រ​ ស្ថិត​ក្នុង​ខ័ណ្ឌ​ដង្កោ​ នៃ​ភាគ​ ខាង​ត្បូង​ឈៀង​ខាងជើង​ នៃ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ទាក់ទាញ​ អ្នក​អភិវឌ្ឍន៍​សាងសង់​បុរី​ជាច្រើន​។

តំបន់​ដែល​ធ្លាប់តែ​គ្រប​សណ្ដប់​ទៅ​ដោយ​បឹង​តូច​ៗ ពោរពេញ​ទៅ​ដោយ​ទឹក​និង​ស្មៅ​កក់​ នៃ​តំបន់​ផ្សារ​ទួលពង្រ​ បាន​និង​កំពុង​ប្រែក្លាយ​ទៅជា​តំបន់​លំនៅ​ដ្ឋាន​យ៉ាង​ស្អេកស្កះ​ ដូចជា​បុរី​មង្គល​ភ្នំពេញ​ និង​សំណង់ផ្ទះ​ល្វែង​ជាច្រើន​។

អគ្គនាយក​បុរី​មង្គល​ភ្នំពេញ​លោក​ អាន​ រ៉ា​ឌី​ដែល​បាន​បោះទុន​ជាច្រើន​លាន​ដុល្លារ​ អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ នៅ​តំបន់​ខាងលើ​នេះ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៧​ មិនា​នេះ​ថា​ ពេលនេះ​តំបន់​ទួលពង្រ​បាន​ក្លាយជា​ទីតាំង​ដ៏​ប្រសើរ​ និង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​អភិវឌ្ឍ​ ដោយសារ​តំបន់​ទួលពង្រ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ​នា​នេះ​ កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​វា​មានផ្លូវ​ឆ្លងកាត់​ខ្វាត់ខ្វែង​ច្រើន​ និង​ជា​បណ្តុំ​នៃ​លំនៅ​ដ្ឋាន​ មាន​មនុស្ស​រស់នៅ​ច្រើន​អំណោយផល​ដល់​ការ​ប្រប​កអាជីវកម្ម​ ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណង់​ចង់​រស់នៅ​ និង​វិនិយោគ​បន្ត​ស្វែងរក​ចំណេញ​ផង​ដែរ​។

លោក​បន្ត​ថា​ “តំបន់​នេះ​មិនមែន​ជា​តំបន់​ឆ្ងាយ​ដាច់​ស្រ​យ៉ា​លនោះ​ទេ​ ផ្ទុយទៅវិញ​ វា​កាន់តែ​ទាក់ទាញ​អ្នក​វិនិយោគ​ ឱ្យ​ងាក​មក​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ៗ ជាពិសេស​ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​”។ លោក​បន្ត​ថា​ “កត្តា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ ងាយស្រួល​ក្នុង​ការ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេស​ឆ្ពោះទៅ​កាន់​ផ្លូវ៦០ម៉ែត្រ​ ក៏​ដូច​ជា​ចេញទៅ​កាន់​បណ្តា​ខេត្ត​មួយចំនួន​ តាមផ្លូវ​ជាតិ​លេខ២​ ផ្លូវជាតិ​លេខ៣​ និង​ផ្លូវជាតិ៤ជាដើម​បាន​ទាក់ទាញ​ការ​វិនិយោគ​នានា​”។

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​សុភមង្គល​ ជា​ចំណុះ​របស់​បុរី​មង្គល​ភ្នំពេញ​ ដែល​កំពុង​ដំណើរការ​សាងសង់​យ៉ាង​មមាញឹក​នា​ពេលនេះ​ ត្រូវ​បាន​លោក​អាន​ រ៉ា​ឌី​ ប្រាប់​ឱ្យ​ដឹង​ថា​ លំនៅ​ដ្ឋាន​ស្ថិតនៅ​ក្នុង​គម្រោង​ទី៧នេះ​ មាន​សរុប​ជិត ៤០០ ខ្នង​ ជា​ប្រភេទ​វីឡា​កូនកាត់​ និង​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម​ មានតម្លៃ​ចាប់ពី​ ៧៣​,០០០ដុល្លារ​ រហូតដល់ ២០០​,០០០​ ដុល្លារ​ ដែល​អាស្រ័យ​ទៅតាម​ទំហំ​ និង​ទីតាំង​លំនៅ​ដ្ឋាន​ ហើយ​គ្រប់​អតិថិជន​ទាំងអស់​សុទ្ធតែ​មានឱកាស​ទទួល​បាន​ចំណេញ​ពី​ការទិញ​នៅ​ថ្ងៃខាងមុខ​ទាំងអស់គ្នា​។

​អតិថិជន​ចាប់អារម្មណ៍​ទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូ​ស័ព្ទ​ ​០៩៥​ ​៣០​ ​៤០​ ​៥០​ ​/​ ​០៩៨ ​៣០​ ​៤០​ ​៥០​។​

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ ដែល​ការ​អភិវឌ្ឍ​បាន​រីក​រាលដាល​ដល់​តំបន់​ជាយក្រុង​ ដោយសារតែ​តំបន់​ជាយក្រុង​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ល្អ​ប្រសើរ​ ពិសេស​តម្លៃ​ដីធ្លី​មាន​ភាពសមរម្យ​នៅឡើយ​ ដែល​អ្នក​វិនិយោគ​អាច​ស្វែងរក​ផល​ចំណេញ​បាន​។

លោក​បន្ត​ថា​ “តំបន់​ទួលពង្រ​បាន​ក៏ដូចជា​តំបន់​ដទៃទៀត​ កំពុង​មានការ​រីកចម្រើន​ខ្លាំង​ ដោយសារ​កត្តា​តង់​ស៊ី​តេ​ប្រជា​ពលរដ្ឋ​ និង​កំនើ​ននៃ​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិ​ ពិសេស​ជា​តំបន់​មានការ​តភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ចូល​មក​កណ្តាល​ក្រុង​យ៉ាង​ល្អ​ប្រសើរ​”៕

រដ្ឋមន្ត្រីសាធារណៈ​ការ​ស្នើ​ក្រុមហ៊ុន​ចិន​ជួយ​រៀបចំ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវដែក​

0

ដោយ​ វុត្ថា​

ប្រទេស​ចិន​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ស៊ុន​ ចាន់​ថុល​ បាន​ស្នើ​ក្រុមហ៊ុន​ផ្លូវដែក​ចិន​ (China​ Railway​ Construction​ Corporation​ – CRCC​) ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ រៀបចំ​គម្រោង​អភិវឌ្ឍ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងលើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅក្នុង​ជំនួប​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​កម្ពុជា​ ជាមួយ​លោក​ Wang​ Wenzhong​ អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន​នៃ​ក្រុមហ៊ុន​ CRCC​ នៅ​ថ្ងៃទី២៧​ ខែមីនា​ឆ្នាំ២០១៩នេះ​ បាន​ឱ្យ​ដឹង​ដឹង​ថា​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវដែក​ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​ការសម្រួល​ដល់​ការ​ដឹកជញ្ជូន​អ្នកដំណើរ​ និង​ការ​ដឹកជញ្ជូន​ទំនិញ​សំ​ខាន់​ៗដូចជា​៖ ស្រូវ​អង្ករ​ ប្រេងឥន្ធនៈ​ សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ សំដៅ​កាត់បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក​ កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន​ គ្រោះថ្នាក់​ចរាចរណ៍​ និង​ការ​កកស្ទះ​ចរាចរណ៍​ នៅ​តាម​ដងផ្លូវ​ជាដើម​។

ជា​ការ​ឆ្លើយតប​ លោក​ Wang​ Vengzhong​ បាន​មានប្រសាសន៍​ថា​ ក្រុមហ៊ុន​លោក​ នឹង​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​កម្ពុជា​ ឱ្យ​មានការ​រីកចម្រើន​ ដូច​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ ដោយ​ស្មារតី​យកចិត្ត​ទុកដាក់​ខ្ពស់​ជាអាទិភាព​។

ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន​ (China​ Railway​ Construction​ Corporation​ – CRCC​) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ដែល​ក្រុមហ៊ុន​នេះ​ជា​សហគ្រាស​សាធារណៈ​ដ៏​ធំ​មួយ​ ក្នុងចំណោម​សហគ្រាស​សាធារណៈ​ជាង១០ធំៗ​ របស់សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​៕

ស្ថាបត្យករ​អាស៊ាន​ប្រាប់​ពី​ទិស​របស់​ផ្ទះ​ដែល​មាន​ហុងស៊ុយ​ល្អ​ជាងគេ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ខុស​ៗគ្នា​ នៅក្នុង​ការសាងសង់​ផ្ទះ​បែរមុខ​ទៅ​រក​ទិស​ណាមួយ​ ប៉ុន្តែ​ភាគច្រើន​ពួកគេ​និយម​សាងសង់​ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត​ ដោយសារ​ជា​ទិស​នៃ​ព្រះអាទិត្យ​រះ​។

ប៉ុន្តែ​សំណួរ​នៅ​ទីនេះ​គឺថា​ ទិស​ណាមួយ​ដែល​មាន​ភាពល្អ​ជាងគេ​? ស្ថាបត្យករ​អាស៊ាន​ លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​មានប្រសាសន៍​ថា​ ប្រពល​រដ្ឋ​ខ្មែរ​មាន​ជំនឿ​ខុស​ៗគ្នា​ ក្នុង​ការសាងសង់​ផ្ទះ​ ប៉ុន្តែ​ពួកគេ​និយម​សាងសង់​ផ្ទះ​បែរមុខ​ទៅ​ទិសខាងកើត​ ប៉ុន្តែ​ សម្រាប់​ទស្សន​របស់​លោក​បាន​គិតថា​ ផ្ទះ​បែរមុខ​ទៅ​រក​ទិសខាងត្បូង​ជា​ទិស​ល្អ​ជាងគេ​ ដោយសារ​ទិសខាងត្បូង​ជា​ទិស​របស់​ព្រះ​ និង​គេច​ផុត​ពី​គន្លឺ​និង​កំ​ដៅ​របស់​ព្រះអាទិត្យ​។

លោក​បន្ត​ថា​ “ទិសខាងកើត​ និង​ទិសខាងលិច​ ជា​ទិស​ធម្មតា​ ប៉ុន្តែ​ហាម​គេង​បែរ​ក្បាល​ទៅ​រក​ទិសខាងលិច​ ដោយសារ​វា​ធ្វើ​ឱ្យ​មាន​បញ្ហា​ និង​ជួប​ទុក្ខសោក​ច្រើន​”។ លោក​បន្ត​ថា​ “ទិសខាងកើត​ដែល​ខ្មែរយើង​និយម​ ជា​ទិស​ដែល​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ប៉ុន្តែ​ទិសខាងត្បូង​ល្អ​ជាងគេ​ នេះ​ជា​ការយល់ឃើញ​របស់ខ្ញុំ​”។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​ឱ្យ​ដឹងផង​ដែរ​ថា​ មុន​សាងសង់​ផ្ទះ​ ម្ចាស់ផ្ទះ​ក៏​គួរ​សិក្សា​ពី​ទិស​ខ្យល់​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធ្វើ​ឱ្យ​ផ្ទះ​មាន​ខ្យល់​ចេញចូល​ និង​មាន​ពន្លឺ​គ្រប់គ្រាន់​ ដើម្បី​ផ្តល់​សេរី​សួស្តី​ដល់​ម្ចាស់ផ្ទះ​ ក៏ដូចជា​អ្នក​រស់​នៅ​ផ្សេង​ៗទៀត​។ លោក​បន្ត​ថា​ ការសិក្សា​ទិស​ខ្យល់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ផ្តល់​បរិយាកាស​ល្អ​ និង​មាន​ភាព​មនោរម្យ​សម្រាប់​ការរស់នៅ​ ហេតុនេះ​រឿង​ចាំបាច់​ដែល​ត្រូវ​សិក្សា​មុនគេ​ គឺ​សិក្សា​ទិស​ខ្យល់​ជាមុន​ មុន​ពេល​សិក្សា​លើ​ការងារ​ដទៃទៀត​៕

ដំណឹង​រីករាយ​៖ កម្ពុជា​ទទួល​បាន​ជើងហោះហើរ​ជាង​ ១០ម៉ឺន​លើក​ និង​មាន​អ្នកដំណើរ​ជាង ១០លាន​នាក់​ក្នុង​មួយឆ្នាំ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា​ បាន​ទទួលការ​ហោះហើរ​ឡើងចុះ​ជាង១០ម៉ឺន​លើក​ក្នុង​មួយឆ្នាំ​ ដោយ​សា​រកំនើ​នភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​បរទេស​ចូល​មក​កម្ពុជា​។

យោង​តាម​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី២៧​ មិនា​នេះ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ២០១៨កន្លងមក​ នេះ​ ប្រទេស​កម្ពុជា​ទទួល​បាន​ជើងហោះហើរ​ចំនួន១០៤​,៨០៣ជើង​ កើនឡើង១៦.២​% ធៀប​នឹង​ឆ្នាំ២០១៧​។ អ្ន​កដំនើរ​ជាតិ​ និង​អន្តជាតិ​តាមផ្លូវអាកាស​ចំនួន១០​,៥៥៦​,៥៤៧នាក់​ កើនឡើង២១.១​% ធៀប​នឹង​ឆ្នាំ២០១៧​។ ទំនិញ​បាន​ចំនួន​ ៧៤​,៦៥៥​ តោន​ កើនឡើង១៥.១​% ធៀប​នឹង​ ឆ្នាំ២០១៧​។ រី​ឯជើង​ ហោះហើរ​រំលង​បាន​ចំនួន៦៦​,០៩២​ ជើង​ កើនឡើង១៣​% ធៀប​នឹង​ឆ្នាំ២០១៧​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មាន​ចំនួន៤៧ក្រុម​ ហ៊ុន​កើនឡើង​ ២% ធៀប​នឹង​ ឆ្នាំ​ ២០១៧​។

លោក​ ប៊ុ​ន នី​ អនុរដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​មានប្រសាសន៍​គូសបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ បូកសរុប​របាយការណ៍​វឌ្ឍនភាព​ ការងារ​វិស័យ​អាកាសចរ​ស៊ីវិល​ឆ្នាំ២០១៨​ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ២០១៩​ រយៈពេល​ពីរ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​នៅ​ថ្ងៃទី២៦​-២៧​ ខែមីនា​ ឆ្នាំ២០១៩នេះ​ថា​ ឧស្សាហកម្ម​ដឹកជញ្ជូន​ ផ្លូវអាកាស​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​វា​នៅតែ​ ជា​ វិស័យ​មួយ​ដែល​រីក​លូតលាស់​លឿន​បំផុត​។

លោក​បន្ត​ថា​ “ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ត្រូវ​បាន​ចាត់ទុក​ ជា​យុទ្ធ​សាស្រ្ត​សំខាន់​មួយ​ផ្នែក​ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ ប្រទេស​កម្ពុជា​យើង​”។ លោក​បន្ត​ថា​ “ឧស្សាហកម្ម​នេះ​មាន​តួនាទី​សំខាន់​ពីរ​គឺ​ ៖ (១) ជា​សេវា​ កម្ម​ ពាណិជ្ជកម្ម​ និង​(២) ជា​យាន​ សម្រាប់​កិច្ចការ​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​សេវា​កម្ម​ផ្សេង​ៗទៀត​”។

លោក​បន្ត​ថា​ ការផ្លាស់ប្ដូរ​សំ​ខាន់​ៗជាច្រើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ​ ក្នុង​គោលបំណង​ ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ដ​តាម​បទ​ប្ប​ញ្ញ​ត្ដិ​ ផ្នែក​សុវត្ថិភាព​ សន្ដិ​សុខ​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ ក្នុង​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ជាស​កល​ ហើយ​ជា​ ពិសេស​ ត្រូវ​អនុវត្ដ​តាម​លក្ខខណ្ឌ​តម្រូវ​នានា​ របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​ (ICAO​) ។

រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ លោក​ម៉ៅ​ ហា​វណ្ណា​ល់​ បាន​ធ្វើការ​អំពាវ​នា​វរ​ដល់​បណ្តាល​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បន្ត​ពង្រឹង​នូវ​កិច្ចសហការ​ណ ក្នុង​ភាពជា​ដៃគូ​រក​ម្រិ​តជំនាញ​ជាមួយ​រដ្ឋលេខាធិការ​ ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ (រ.ល.អ.ស​) កម្ពុជា​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​នេះ​កាន់តែ​មានការ​វិវត្ត​ន៏​ប្រសើរ​ឡើង​បន្ថែម​ទៀត​ និង​បាន​ធ្វើការ​ផ្តាំ​ផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​រដ្ឋ​លេខាធិ​កា​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ខិតខំ​យកចិត្ត​ទុកដាក់​ បំពេញ​តួនាទី​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ធ្វើ​យ៉ាងណា​ សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អនុវត្ត​ នា​ឆ្នាំ២០១៩ខាងមុខនេះ​ក្រោម​កិច្ចសហការ​ ពី​គ្រប់​បណ្តា​អង្គ​ភាព​ផ្សេង​ៗប្រកបដោយ​បរិយាកាស​រីករាយ​ និង​រលូន​ទៅមុខ​៕