CDC អនុម័តគំរោងវិនិយោគ៥មានទឹកប្រាក់ប្រមាណ២៣លានដុល្លារអាមេរិក

0

​ដោយវុត្ថា
​ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) តាមរយៈគណកម្មកាធិការវិនិយោគរបស់ខ្លួនបានអនុម័តគំរោងវិនិយោគចំនួន៥ ដែលមានទុកវិនិយោគប្រមាណ២៣លានដុល្លាអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកា​លពីថ្ងៃទី១៥ មករាកន្លងមកថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១-“GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦៩កន្លែង។

ទី២-“GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៦៨កន្លែង។ ទី៣-“PEEVI INDUSTRY (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៩៦កន្លែង។

ទី៤-“HILLTOP LUGGAGE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៩៦៦កន្លែង និងទី៥-“EVER SUPR​A GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១១១កន្លែង៕

រដ្ឋាភិបាលជំរុញលើកទឹកចិត្តឲ្យមានការវិនិយោគពីអ្នកធុរកិច្ចក្នុងស្រុកកាន់តែច្រើន

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រដ្ឋាភិបាលមានផែការជំរុញឲ្យមានការវិនិយោគ ពីអ្នកធុរកិច្ចក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះការវិនិ​យោ​គនៅកម្ពុជាបច្ចុប្បន្នភាគច្រើនជាអ្នកវិនិយោគបរទេស។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងក្នុងវេទិកា សាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិការឆ្នាំ២០១៩ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨កន្លងមកថា នៅក្នុងនីតិកាលទី៦នេះ រាជរដ្ឋា​ភិបាលនឹងបង្កើនការគ្រប់​គ្រងលើវិស័យសេដ្ឋកិច្ចឲ្យកាន់តែមានតម្លាភាព ហើយទោះជាកម្ពុជាមានតែកំលាំ​ងពលកម្មបម្រើក្នុងវិស័យការងារ គឺមិនគ្រប់គ្រាន់ឆ្លើយតបនឹងការរីកចម្រើននោះ​ឡើយ ដូច្នេះយើងត្រូវជម្រុញការលើកទឹកចិត្ត ឲ្យមានអ្នកវិនិយោគទុនក្នុងស្រុក ចូលរួមវិនិយោគកាន់​តែច្រើន ព្រោះបច្ចុប្បន្នការវិនិយោគក្នុងស្រុកភាគច្រើនជាជនបរទេស។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំក្នុងអណត្តិនេះ រាជរដ្ឋាភិបាលនឹងជម្រុញបង្កើ​នអ្នកវិនិយោគជាជនជាតិខ្មែរ នៅក្នុងស្រុកឲ្យកាន់តែច្រើន”។លោកបន្តថា “រដ្ឋាភិបាលបា​នត្រៀមនូវកញ្ចប់ថវិកាជាច្រើន ដើម្បីគាំទ្រវិស័យឯកជន ព្រោះបើសិនយើងត្រូវរៀបចំគោ​ល​នយោបាយបានត្រឹមត្រូវ នឹងមានផែនការច្បាស់លាស់”។

លោកវង្សី វិស្សុតបានបន្តថា ស្របពេលដែលបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបានដំណើរការ ដូច្នេះនៅក្នុងរយៈពេល១០ឆ្នាំនេះ រាជរដ្ឋាភិបាលមានផែន​ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល១៥ឆ្នាំ ដែលបច្ចុប្បន្នបានកំពុ​ង​រៀបចំតាក់តែងឡើងនេះ ដោយបានអនុវត្តន៍តាមគោលនយោបាយបានត្រឹមត្រូវ សេដ្ឋកិច្ចកម្ពុជានឹងដើរលឿនទៅមុខជាមិនខាន។

លោកបន្តថា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើវិស័យអទិភាពចំនួន៤ មនុស្ស ផ្លូវ ភ្លើង និងទឹក រួមជាមួយកិច្ចការមួយចំនួន ដែលឆ្លើយតបនឹងតម្រូវការចាំបាច់របស់កម្ពុជា នៅក្នុងដំណាក់កាលថ្មី ក្នុងក្របខណ្ឌថវិការឆ្នាំ២០១៩ ត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គឺការឈរលើក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រួមជាមួយគោលការណ៍ពង្រីកការគ្រប់គ្រង់ថវិការផងដែរ។


ក្នុងជំនួបជាមួយអ្នកសារព៌តមាន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១១ មករាកន្លងមកនេះ​បានប្រកាសដាក់ចេញនូវយុទ្ឋនាការ ពង្រឹងឯករាជ្យភាពរបស់កម្ពុជា តាមរយៈការកែទម្រ​ង់លើវិស័យសំខាន់ៗជាច្រើន ពិសេសសម្តេចបានជំរុញលើការបង្កើនមិត្ត ជាមួយ​បណ្តាប្រទេសនានានៅលើពិភពលោក។ ​សម្តេចបន្តថា ជាមួយគ្នានេះសម្តេចបានចុះហត្ថលេខា ដើម្បីដកចេញមន្រ្តីពីព្រំដែនទាំងអស់ ដោយទុកតែមន្រ្តីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ ដើម្បីកាត់បន្ថយតម្លៃនៃការនាំចេញ និងជួយជំរុ​ញលើកកំពស់ការធ្វើធុរកិច្ច ធ្វើ​យ៉ាងណាឲ្យអ្នកធុរកិច្ចក្នុងស្រុកចំណេញច្រើន។

សម្តេចបន្តថា “ការដាក់មន្រ្តីច្រើននៅតាមព្រំដែន មិនមែនជាដំណោះស្រាយទេ តែវាធ្វើឲ្យមានការបង្កើនការចំណាយក្នុងការនាំចេញ នាំចូល”។សម្តេចបន្តថា “សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងលើវិស័យតែមួយទេ យើងមានវិស័យច្រើនដើម្បីទ្រទ្រង់កំនើនសេដ្ឋកិច្ចរបស់យើង យើងមិនអាចឲ្យគេខ្ទប់រន្ឋច្រមុះមួយហើយ យើងស្លាប់នោះទេ”៕

អភិបាលខេត្តព្រះសីហនុជម្រុញឲ្យក្រុមហ៊ុនវិនិយោគនៅកោះរ៉ុងសន្លឹមរៀបចំ អាងចម្រោះទឹកកខ្វក់​

0

​ដោយវត្ថា
​ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានជំរុញឲ្យម្ចាស់ទីតាំងអាជីវកម្មទេសចរណ៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការនៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម ត្រូវរៀបចំឲ្យមានអាងចម្រោះទឹកកខ្វក់ ឲ្យបានត្រឹមត្រូវជៀសវាងការបង្ហូរទឺកសំអុយចូលសមុទ្រនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងសម្រស់ឆ្នេរខ្សាច់។


ក្នុងឳកាស​ព្រឹកទី១៤ ខែ មករា ឆ្នាំ២០១៩កន្លងមកនេះ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ធ្វើដំណើរទៅពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍនៅដែនកោះរ៉ុង។ គោលបំណងសំខាន់ នៃដំណើរចុះទៅកោះរ៉ុងនេះ ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែង និងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយនៅលើដែនដីកោះរ៉ុង បន្ទាប់ពីបានទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល។
លោកបន្តថា “បញ្ហាទឹកកខ្វក់​ គឺជាក្តីបារម្ភធំមួយ​គ្រា ដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំងនៅក្រុងព្រះសីនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ”។

ដើម្បីដោះស្រាយបញ្ហានេះលោកយន្ត មីនបានណែនាំអោយម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ អោយរួមគ្នាថែររក្សារបរិស្ថានអោយបានល្អ ក្នុងនោះលោកបានជំរុញអោយទីតាំងទាំងនោះ ត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់ អោយបានត្រឹមត្រូវ ដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ធ្វើយ៉ាងណានាំគ្នាលើកកម្ពស់សោភ័ណ្ឌភាពនេះ ឆ្នេរនៅតំបន់ឆ្នេរកោះរ៉ុងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរ ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ ទីតាំងនៅក្រុងព្រះសីហនុ បាននឹងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយ៍ចំរោះធំមួយមានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។


លោកយន្ត មីន បានបញ្ជាក់ថា អនាគតដ៏ខ្លីបញ្ហាគ្រប់គ្រងទឹកសំអុយនឹងត្រូវដោះបាន។ ជាដំណោះស្រាយចំពោះមុខបច្ចុប្បន្ននេះ អាជីវកម្មដ្ឋាននៅតំបន់ដីគោកនេះកំពុងរៀបចំធ្វើអាងចម្រោះទឹកកខ្វក់បានមួយចំនួនហើយ។ ដោយឡែកទីតាំងមួយចំនួនទៀតដែលមិនទាន់រៀបចំធ្វើអាងចម្រោះទឹកកខ្វក់​ រដ្ឋបាលខេត្តកំពុងតែជំរុញអោយពួកគាត់ធ្វើអាងនេះផងដែរ​។
បញ្ហាទឹកកខ្វក់ជាកង្វល់មួយរបស់រដ្ឋាភិបាល ដែលរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ​បានប្រកាសចំណាយទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ដើម្បីសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុ បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយលោកឧប​នាយរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។


លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចាត់ទុកបញ្ហាទឹកកខ្វក់ ជាបញ្ហាប្រ​ឈមមួយសម្រាប់ខេត្តព្រះសីហនុ ដោយសារខេត្តនេះមានការរីកចម្រើនលឿន ដែលធ្វើឲ្យមានកំណើនមនុស្ស ខណៈប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសប្រព័ន្ឋចម្រោះទឹកកខ្វក់នៅតែជាបញ្ហា ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ។
លោកបន្តថា “យើងត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ”៕

ការ​នាំចូល​សម្ភារៈ​សំណង់​កើនឡើង ៥០ ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨

0

ដោយ​វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០១៨ កន្លងទៅនេះ ការ​នាំចូល​សម្ភារៈ​សំណង មកពី​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​សំណង់​កម្ពុជា​បាន​ឡើង ៥០ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ។

លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅក្នុង​វេទិការ​ម៉ាក្រូ​វ​សេដ្ឋកិច្ចកម្ពុជា​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នេះ ថា ការឡើង​យ៉ាងច្រើន​ដូចនេះ ដោយសារតែ​មានការ​សាងសង់​ផ្សារ​ទំនើប អគារ​ខុន​ដូ អគារ​ការិយាល័យ​ច្រើន​ក្នុង​ឆ្នាំ ២០១៨ កន្លងទៅនេះ ។

លោក​បន្តថា ទុន​វិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​ក្នុង​វិស័យ​សំណង់​នេះ បាន​កើ​ឡើង ជាង ៣០ភាគរយ ព្រោះ​អ្នកវិនិយោគ​ភាគច្រើន​មាន​ជំនឿ​ទៅលើ​វិស័យនេះ ថា​មាន​ស្ថេរភាព មិន​ត្រឹមតែ​ប៉ុណ្ណោះ​វិស័យនេះ បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​កើនឡើង និង​រក្សាបាន​ក្នុង​រង្វង់ ៧ភាគរយ និង​បន្ត​កំណើន ៧ភាគរយ​បន្ថែមទៀត​ក្នុងចំណោម​វិស័យ​អទិភាព​នានា​របស់​កម្ពុជា ដូចជា វិស័យ​កាត់ដេរ ការលក់ដុំ និង​លក់រាយ ព្រមទាំង​សណ្ឋាគារ និង​ភោជនីយដ្ឋាន។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បញ្ជាក់ទៀតថា វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​គឺមាន​ស្ថេរភាព​ល្អ មាន​លំនឹង និង​បន្ត​មាន​ស្ថេរភាព​ថែមទៀត​សម្រាប់​ឆ្នាំ ២០១៩នេះ តទៅ ដោយសារតែ​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​សុវត្ថិភាព សន្តិសុខ សន្តិភាព និង​បរិយាកាស​នយោបាយ​ល្អ ព្រមទាំង​រដ្ឋាភិបាល​ផ្តល់នូវ​បរិ​យ​កាស​ល្អ​ជូន​ដល់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក។

លោក​បន្តទៀតថា សម្រាប់​វិស័យ​អ​លន​ទ្រព្យ​ក្នុង​ឆ្នាំ ២០១៨ វិញ​ក៏មាន​ស្ថាន​ល្អ​ផងដែរ ពោល​កើនឡើង ៨.៨ភាគរយ ព្រោះ​មាន​តម្រូវការ​ខ្ពស់​ទាំង​វិស័យ​ខុន​ដូរ​ដែលមាន​តម្លៃ​កម្រិត​ទាប មធ្យម និង​ខ្ពស់ ព្រមទាំង​តម្រូវការ​ការិយាល័យ​ក្នុង​ទីផ្សារ នេះ សរ​បញ្ជាក់ថា វិស័យ​សំណង់ និង​អ​ល​ចនទ្រ​ព្យ​នឹង​នៅតែ​កើនឡើង​ទៅមុខ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ២០១៨ សម្រេចបាន​ទឹកប្រាក់ ៥៤០០លាន​ដុល្លារ ខណៈ​ឆ្នាំ២០១៧ទុនវិនិយោគ​ក្នុង​វិស័យនេះ​មាន​ទំហំ​ទឹកប្រាក់ ៦២០០លាន​ដុល្លារ៕

Gov’t developing infrastructure for boost economic growth

0

By: Siv Meng

PHNOM PENH: Cambodian Prime Minister, Samdech Techo Hun Sen announced that there are 3 mega infrastructure projects will be built very soon while others plan to start after to boost economic growth.

Speaking at the groundbreaking 3rd Ring Road’s ceremony January 14, Prime Pinister told that a bridge connecting between Stung Trang district, Kampong Cham province to Kroch Chhmar district, Tbong Khmum province is now under construction.

He said government is now also studying and planning another bridge which is to connect from Kratie province to Kompong Thom by linking national road 7 and 6 and the government is looking for fund to build news road and bridge connecting from Koh Kong to Pursat provinces and head to Samlot district, Battambang province”.

“This project will be convenience for people in the northwestern for transporting and trading their products. When it is ready, people can save a lot time to reach Koh Kong because now people want to go to Koh kong, they need to drive down to Phnom Penh first”. He said.

Mr. Sun Chanthol, minister of Public Works and Transport Last week said a high-way connecting from Phnom Penh to Sihaknouk Ville is going to begin to construct at the first quarter this year.

“At the end of January, the Chinese company is shipping their machineries here while 200 Chinese experts have already arrived in Cambodia”. He said. “This high-way is to be built by China Road and Bridge Corporation”.

Va Sim Soriya, Ministry of Public Works and Transport’s spokesman said that it is a right time for Cambodia to invest larger amounts of money for the infrastructure sector to guarantee the national economic growth.

Mey Kalyan, a senior adviser to the government’s Supreme National Economic Council, said that the government‘s investment on infrastructure are absolutely right and necessary to promote the national economy.

“To have economic developments, the government has to build new more infrastructures to speed up our economic growth”. He added.

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជំ​រុញឱ្យ​អ្នកវិនិយោគ​វិស័យ​កៅស៊ូ ស្នើសុំ​រាជរដ្ឋាភិបាល​សម្រាល​ការយកពន្ធ​នាំចេញ

0

ជាការ​លើកទឹកចិត្ត និង​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​វិនិយោគ​វិស័យ​កៅស៊ូ​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សុខុន បាន​ជម្រុញ​ឱ្យ​អគ្គនាយកដ្ឋាន​កៅស៊ូ រៀបចំ​ឯកសារ​ព្រាង​ច្បាប់ ដើម្បី​ស្នើ​ទៅ​សម្តេច​តេ​ជោ ជួយ​សម្រួល​លើកលែង​ដល់​ការយក​តម្លៃ​បង់ពន្ធ​កៅស៊ូ​នាំចេញ ហើយ​យកពន្ធ​គឺ​គិត​ក្នុង​អត្រា​មួយ​យ៉ាង​ទាប​បំផុត។

ថ្លែង​នៅក្នុង វេទិកាសាធារណៈ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច លោក វេ​ង សុខុន បាន​លើកឡើងថា ៖ អគ្គនាយកដ្ឋាន​កៅស៊ូ ត្រូវ​ពិនិត្យឡើងវិញ​នូវ​ការ​ព្យួរទុក សេចក្តីព្រាងច្បាប់​ស្តីពី​កៅស៊ូ​មួយអន្លើរ​សិន ប្រសិនបើ​មិនមាន​ការចាំបាច់​នាពេល​បច្ចុប្បន្ន​នោះទេ ហើយ​ត្រូវ​រៀបចំសេចក្តី​ព្រាង​ជាថ្មី​សំណើ​ស្នើ​សំ​ទៅ​សម្តេច តេ​ជោ ដើម្បី​ពិនិត្យ និង​សម្រេច​ឡើងវិញ​ទាក់ទង​ទៅនឹង​ការយក​តម្លៃ​បង់ពន្ធ​កៅស៊ូ​នាំចេញ ដោយ​គួរ​មិន​យក​ការបង់ពន្ធ ចំពោះ​តំលៃ​កៅស៊ូ ក្រោម២០០០ដុល្លារ​អាមេរិក ហើយ​ក្នុងករណី​តម្លៃ​កៅស៊ូ​ថ្លៃ​ជាង ២០០០ដុល្លារ​អាមេរិក ត្រូវ​បង់ពន្ធ​ចំនួន ១០០ដុល្លារ​អាមេរិក ។

លោក​បាន​បន្តទៀតថា ៖ ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លទ្ធផល​ដែល​នឹង​ទទួលបាន​ពី​អង្គ​វេទិកា​នាពេលនេះ គឺជា​យន្តការ​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាកសិករ និង​ធុរជន​ក្នុង​វិស័យ​កសិកម្ម។

គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​កន្លងទៅនេះ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កៅស៊ូ ត្រូវបាន​បណ្តា​អ្នកវិនិយោគ​នាំគ្នា​សម្ដែង​នូវ​ក្ដីបារម្ភ​ជាខ្លាំង​ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់ចុះ​នូវ​តម្លៃ​នៃ​ការនាំចេញ រហូត​មាន​អ្នកខ្លះ​ស្ទើរតែ​អស់​ទឹកចិត្ត ហើយ​សម្រេច​បោះបង់ចោល​ទុនវិនិយោគ ហើយ​ងាក​ទៅ​បោះទុន​លើ​វិស័យ​ផ្សេង។

ដោយឡែក​ពេលនេះ ខណៈ​បើ​ការដាក់សំណើរ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​សុំ​ឱ្យមាន​ការជួយ​សម្រួល​លើ​ការលើកលែង​ការយកពន្ធ​នាំចេញ ឬ​យកពន្ធ​នៅក្នុង​កម្រិត​មួយ​ទាប នោះ​វា​អាច​នឹង​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​អ្នកវិនិយោគ​កៅស៊ូ​ក្នុងស្រុក​ជាក់​ជាមិនខាន ៕

កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម ថ្នាក់ជាតិ​ថ្មី ចំនួន ២ បន្ថែមទៀត

0

ជាការ​ពង្រឹង​ស្តង់ដា​គុណភាព​ផលិតផល​ទំនិញ គឺជា​កា​រត​ព្វ​កិច្ច របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រាប់​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិ ដែល​តម្រូវឱ្យ​ផលិតផល​ខ្មែរ ហក់​រំលង​ឱ្យបាន​នូវ​របាំង​បច្ចេកទេស ។ ដើម្បី​សម្រេចបាន​គោលដៅ ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ផលិតផល​កម្ពុជា ទៅលើ​ទីផ្សារ​ក្នុង​តំបន់ ក៏ដូចជា​បណ្តា​ប្រទេស​នានា លើ​ពិភពលោក រាជរដ្ឋាភិបាល​សម្រេច​សាងសង់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម​ថ្នាក់ជាតិ​ថ្មី ចំនួន២អគារ ដែលមាន​លក្ខណៈ​ទំនើប​ជាង​មុន នឹង​ផ្តល់​លទ្ធភាព​ខ្ពស់ជាង​មុន ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ឱ្យដឹង​នៅ ក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៩ នា​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី១៥ខែមករា​នេះ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានផ្តល់​តម្លៃ​ដល់​ការងារ​អភិវឌ្ឍន៍ ស្តង់ដា បាន​គាំទ្រ​ដល់​ដំណើរការ​សាងសង់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍ ឧស្សាហកម្ម​ថ្នាក់ជាតិ ដើម្បី​លើកកម្ពស់ គុណភាព និង​សក្ដានុភាព​ផលិតផល​កម្ពុជា ។

អគារ​ពិសោធន៍​នេះ អាច​ចំណាយ​លើ​ការសាងសង់​ប្រមាណ​ជា៨លាន​ដុល្លារ​អាមេរិក និង​នៅមាន​ឧបករណ៍​ពិសោធន៍​ជាច្រើន​ទៀត ដែល​ត្រូវ​បំពាក់ ដើម្បី​បម្រើឱ្យ​សេវា​ក្នុងការ​ពង្រឹងគុណភាព​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស។ អគារ​នេះ​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើមឆ្នាំ២០១៩នេះ នៅលើ​ទឹកសង្កាត់​ចក្រ​អង្រែ រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ លោក​ក៏បាន​ស្នើសុំ​ឱ្យជួយ​ផ្តល់​ប​ន្ថែ​ម នូវ​ធនធានមនុស្ស និង​ឧបករណ៍​សម្ភារៈ​បច្ចេក​ទេស​ដល់​មជ្ឈមណ្ឌល​ពិសោធន៍​ឧស្សាហកម្ម​មួយ​នេះ។

ជាមួយគ្នា​នោះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នាពេល​កន្លងមក និង​បានចាត់ទុក​វិស័យ​ឧស្សាហកម្ម ជា​កម្លាំងចលករ​មួយ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ប្រកបដោយ​បរិ​ប័ន្ន និង​ភាព​ធន់។

ការអភិវឌ្ឍន៍​វិស័យនេះ ជា​ឧបករណ៍​គោលនយោបាយ ប្រុក​ប​ដោយ​ប្រសិទ្ធភាព សម្រាប់​ការតភ្ជាប់​រវាង​វិស័យសេដ្ឋកិច្ច សំខាន់ៗ ដែលជា ឃ្នា​ស់ ជំរុញ​កំណើន និង​បង្កើត​ការងារ​បន្ថែម ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ និង​សេវាកម្ម  ព្រមទាំង​រួមចំណែក រំដោះ​អតិរេក​ពលកម្ម ពី​វិស័យ​កសិកម្ម ដែល​ធ្វើឱ្យ​ផលិតភាព​សរុប​កើនឡើង និង​មាន​ចំណូល​ខ្ពស់ជាង​មុន។

លោក​បាន​បញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាល​បានផ្តល់​អទិភាព​ខ្ពស់ ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា ដោយបាន​ដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ សំដៅ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង ការលើកកម្ពស់​ផលិតភាព និង​ការលើកស្ទួយ​ផលិតកម្ម​ក្នុងស្រុក។

នៅក្នុង​នោះ ក្នុងនាម​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការជួយ​គាំទ្រ និង​លើកទឹកចិត្ត​ជម្រុញ​ដល់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើកកម្ពស់​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ ជាមួយ​ក្រសួង ស្ថាប័ន និង​ដៃគូរ​ពាក់ព័ន្ធ​នានា ក្នុង​បុព្វហេតុ​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់៕

ស្ពាន​ឆ្លងកាត់​កោះអន្លង់ចិន​នៃ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ជា​ស្ពាន​ទី១មាន​ទំហំ​ធំជាងគេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រៅពី​ស្ពាន​អាកា​ដស​ចំនួន៤ ដែលមាន​ប្រវែង១០០០ម៉ែត្រ ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​មួយទៀត នឹងត្រូវ​សាងសង់ឡើង ដោយ​វា​នឹង​ជា​ស្ពាន​មាន​ទំហំ​ធំជាងគេ​ជា​លើកដំបូង​នៅ​កម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​បើក​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣កាលពី​ថ្ងៃទី១៤ មករា​កន្លងមក​ថា គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ដែលមាន​ប្រវែង​សរុប​ជាង៥០គីឡូម៉ែត្រ​នេះ​មាន​ស្ពាន​អាកាស​ចំនួន៥ គឺ​ស្ពាន​អាកាស​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២១ ដែលមាន​ប្រវែង​សរុប១០០០ម៉ែត្រ និង​ស្ពាន​ឆ្លងកាត់​កោះអន្លង់ចិន​ពីរ​កន្លែង ដែលមាន​ប្រវែង​សរុប៩៩៦ម៉ែត្រ និង​ជា​ស្ពាន​មាន​ទំហំ​ធំជាងគេ​ដោយមាន​ទំហំ​ទទឹង​រហូតដល់២៥ម៉ែត្រ ក្នុងនោះ​ស្ពាន​បាសាក់​ខាងកើត​មាន​ប្រវែង៦៣០ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច​មាន​ប្រវែង៣៦៦ម៉ែត្រ។

លោក​បន្តថា “គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​ចំណាយ​ថវិកា២៧៣លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​មួយចំនួនទៀត។ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​បានចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ២០២១។

គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ ជា​ផ្លូវ​បែប​ហាយ​វេ​មួយ ដែលមាន​សួនច្បារ​ចំ​កណ្តាល មាន​ផ្លូវ​សំរាប់​ទោចក្រយានយន្ត ផ្លូវ​ថ្មើ​ជើង មាន​សួនច្បារ​ចំ​កណ្តាល និង​រថយន្ត​អាច​បើកបរ​បាន​ពីរ​គន្លង​ទៅ ពីរ​គន្លង​មក។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្លូវ​ដ៏​សំខាន់​នេះ​ថា ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​សម្រួល​ការដឹក​ជញ្ជូន និង​ការតភ្ជាប់​ដ៏​សំខាន់​រវាង​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ពិសេស​វា​ជា​ផ្លូវ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាងថា​អ្នកវិនិយោគ​ចិនធំៗគ្រោង​អភិវឌ្ឍន៍គំរោងធំៗនៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​អះអាងថា ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council) និង​វិនិយោគិនធំៗនៅ​ហុងកុង ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ការវិនិយោគ​គំរោង​ទេសចរណ៍ធំៗនៅ​កម្ពុជា។

ចូលរួម​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​អាស៊ី (AFF-ASIAN Financial Forum) ដែល​រៀបចំឡើង​ដោយ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង (Hong Kong SAR of the PRC) កាលពី​ថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៩ ដែលមាន​អ្នកចូលរួម​ប្រមាណ៣០០០នាក់ មកពី​ជាង៤០ប្រទេស (HKDTC-Hong Kong Trade Development Council) លោក​ថោង ខុន បាន​ចូលរួម​ពិភាក្សាគ្នា​ក្រោម​ធាន​បទ ”បង្កើត​អនាគត​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន (Creating sustainable and inclusive future)” ដែល​បាន​ផ្តោត​សំខាន់​លើ​ការរក្សា​តុល្យភាព​សេដ្ឋកិច្ច​សកលលោក  ក្នុង​កាលៈទេសៈ​ដែលមាន​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន អាមេរិក បញ្ហា​ការចាកចេញ​ពី​សហគម​ន៍​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស (Brexit) និង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​អី​រ៉ុ​ប។ល។

ក្នុង​ដំណើរ​ទស្សនកិច្ច​និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ចូលរួម​ជា​អធិបតី​ជាមួយ​លោក Raymond YIP អនុប្រធាន​ប្រ​ត្តិ​ប​ត្តិ HKTDC និង​លោក ឧកញ៉ា Yum Sui Sang ប្រធាន​សមាគម​ធុរកិច្ច​ហុងកុង​នៃ​កម្ពុជា (HK BAC – Hong Kong Business Association of Cambodia) ក្នុង​វេទិកា​ស្តីពី​ឱកាស​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (Hong Kong Trade Development Council) និង​សមាគម​ធុរកិច្ច​ហុងកុង​សម្រាប់​កម្ពុជា (Hong Kong Business Association of Cambodia)ផងដែរ។

ក្នុង​វេទិកា​នេះ លោក​ថោង ខុន​បាន​ថ្លែងថា កម្ពុ​ជាមាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​បាន៧លាន​នាក់ នៅ​ឆ្នាំ២០២០ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​នឹង​កើន​ឡើងដល់​ប្រមាណ៣លាន​នាក់។ នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​វិនិយោគិន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​បរទេស​ទាំងអស់ ក៏ដូចជា​វិនិយោគិន​ចិន និង​ហុងកុង ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​កាន់តែច្រើន​ថែមទៀត ពិសេស​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ដោយ​ឈរលើ​គោលការណ៍​ស្អាត បៃតង ការច្នៃប្រឌិត និង​និ​វា​នុ​វត្ត​ន៍​ក្នុង​យុគ្គសម័យ​ឌីជីថល​ណូ​ប​នីយកម្ម។

តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដៃគូ​វិនិយោគ​ក្នុង​ក្រុង​ហុងកុង បានបង្ហាញ​នូវ​ការគាំទ្រ និង​ជឿជាក់​លើ​ការវិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​វិស័យ​ទេសចរណ៍ ដោយ​ពួកគាត់​បាន​សំដែង​នូវ​ឆន្ទៈ​ពិត​ចេញពី​បេះដូង លើ​ស្ថានភាព​រីកចំរើន​របស់​កម្ពុជា សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សន្យា​ជួយ​សិក្សា​លទ្ធភាព រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ ពិសេស​លើ​គំរោង​អភិវឌ្ឍ​ន៏​តំបន់​ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​ឆ្លាត​វៃ (Smart City, Smart Tourism)។

កាលពី​ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ១,៦ លាន​នាក់ ក្នុង​កំណើន​ប្រមាណ៧០% ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​សរុប​ប្រមាណ៦,២ លាន​នាក់ ដែល​បានមក​ទស្សនា​កម្ពុជា។ តាម​ការព្យាករណ៍ កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ៣លាន​នាក់ នៅ​ឆ្នាំ២០២០ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ជាង៧លាន​នាក់៕

រដ្ឋាភិបាល​ដាក់ចេញ​នូវ​អនុសាសន៍ ៦ចំណុច​មុន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​បានដាក់​ចេញ​អនុសាសន៍ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន អនុវត្តន៍​តាម​យន្តការ​ការងារ​ចំនួន៦ចំណុច ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ជា​ផ្លូវ​ដ៏​ល្អ និង​មាន​គុណភាព សុវត្ថិភាព​ខ្ពស់។

ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចាប់ផ្តើម​ពី​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន China Road and Bridge Corporation (Cambodia) ដែល​សិក្សា​និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា SAWAC Consultant (Cambodia) Co., Ltd.។

កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក​ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​ផ្តោតលើ​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ(ESIA) សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង១៩០,០១៦គីឡូម៉ែត្រ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ បានផ្តល់​អនុសាសន៍​ចំនួន៦ចំណុច​ឲ្យ​ក្រុមហ៊ុន​សាងសង់​គោរព​តាម​រួមមាន ទី១  គាំទ្រ​លើ​គម្រោង​វិនិយោគ​នេះ ពីព្រោះ​គម្រោង​នេះ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ។ ទី២ ស្នើ​ក្រុមការងារ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ធ្វើការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ពាក់ព័ន្ធ​នឹង​ការប៉ះពាល់​តំបន់​ការពារ​ដោយ គម្រោង​នេះ ទី៣ ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​គ្រប់គ្រង​សំណល់​រឹង-រាវ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៅ តាម​ចំណត​ទាំង៤ នៃ​ផ្លូវ​ល្បឿន​លឿន។

ទី៤.  ស្នើ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ​ល្បឿន​លឿន  ទី៥.   ស្នើ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​សិក្សា​ឡើងវិញ​អំពី​ការបង្កើន​ចំនួន​ស្ពាន​ប្រអប់ ស្ពាន​អាកាស និង​ផ្លូវ ក្រោម​ដី សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្លងកាត់ និង​ទី៦.  ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវធ្វើ​ការកែសម្រួល​របាយ​ការណ៍​នេះ តាម​រាល់​មតិយោបល់​ទាំងអស់​របស់ ក្រុមការងារ​នាយកដ្ឋាន​ជំនាញ តំណាង​អគ្គនាយដ្ឋាន​នៃ​ក្រសួងបរិស្ថាន និង​តំណាង​ក្រសួង-ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ដែល​ផ្តល់យោបល់​ក្នុង​អង្គប្រជុំ រួមទាំង​បញ្ចូល​ទាំង​មតិ​បូកសរុប​របស់​ប្រធាន​អង្គប្រជុំ។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ជំនួយការ​អម​ក្រសួង និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​ពាក់ព័ន្ធ​ដូចជា ក្រសួង សាធារណការ និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ(រដ្ឋបាល​ព្រៃឈើ និង​ជលផល) ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​កំពង់ស្ពឺ រដ្ឋបាល​ខេត្តកណ្តាល រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ៕