លោក​ជា ចាន់តូ៖ សេដ្ឋកិច្ចកម្ពុជា នឹងរង​ផលប៉ះពាល់​តិចតួច​ប្រសិនជា​សេដ្ឋកិច្ច​ចិនរង​ផលប៉ះពាល់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ​បាន​ថ្លែងថា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​បន្ត​ឲ្យ​មាន​ឱនភាព​ផ្នែក​ពាណិជ្ជកម្ម ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា​ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​គូលែន​ទី៥ កម្រិត​មូលដ្ឋាន​ស្តីពី​ភាពជា​អ្នកដឹកនាំ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ថ្ងៃទី១៩ ខែតុលា​កន្លងមក​ថា

លោក​បន្តថា ការនាំចេញ​របស់​ប្រទេស​ក្នុង​តំបន់ ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ព្យាករណ៍​ថា​នឹង​អាច​ថយចុះ ប៉ុន្តែ​កម្ពុជា​អាច​រង​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​មិនមែន​ស្ថិតក្នុង​ចង្វាក់​ផលិតកម្ម​ចម្បង​របស់​ចិន ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​នៅមានកម្រិត​តិចតួច​នៅឡើយ ។ យ៉ាងណា​ម៉ិ​ញ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន តាមរយៈ​ការវិនិយោគ​និង​ទេសចរណ៍ ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

លោក​បន្តថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ២០១៨នេះ បានលើកឡើង​យកមក​ពិភាក្សា​ជា​អាទិភាព​ថា   ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រ​រវាង​សហរដ្ឋអាមេរិក និង​ចិន បើ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម បណ្តា​ប្រទេស​នានា​នឹងរង​ផលប៉ះពាល់។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ផងដែរ​ថា ភាព​តានតឹង​ពាណិជ្ជ​កម្មនេះ និង​អាច​កាត់បន្ថយ​ផលទុនជាតិ សរុប​របស់​ពិភពលោក​ប្រមាណ១ភាគរយ​ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ ក្នុងនោះ​កាត់បន្ថយ​ផ.ស.ស.ចិន១,៦ភាគរយ ផ.ស.ស.សហរដ្ឋអាមេរិក ១ភាគរយ និង​ផ.ស.ស.អាស៊ី០,៩ភាគរយ​ផងដែរ។

លោក​ជា ចាន់តូ​បាន​បន្តថា ដោយឡែក​តំបន់​អាស៊ីអាគ្នេយ៍ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដោយសារ​ការ​បង្វែរ​ផលិតកម្ម​ពី​ប្រទេស​ចិន មក​ក្នុងប្រទេស​ទាំងនេះ ដែល​នឹង​ជំរុញ​ដល់​ការនាំចេញ។ ចំពោះ​ប្រទេស​កម្ពុជា យោងតាម​ការវិភាគរ​បស់​ធនាគារពិភពលោក កម្ពុជា​ជា​ប្រទេស​ទី២បន្ទាប់ពី​វៀតណាម បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន១២ប្រទេស ដែលមាន​ឱកាស​បង្កើន​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ជំនួស​ឱ្យ​ការនាំចេញ​មួយផ្នែក​របស់​ចិន​ទៅ​សហរដ្ឋអាមេរិក ក្នុងស្ថានភាព​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង៕

តើមានដឹងទេថា ការប្រកាសពន្ធអចលនទ្រព្យត្រូវធ្វើនៅពេលណា ?

0

ដោយ វុត្ថា

ភ្នំពេញ : វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ បានផ្ទុះ​ឡើង​គួរអោយកត់សម្គាល់ទាំងនៅក្នុងរាជធានីភ្នំពេញ និង​នៅតាមបណ្តាខេត្ត-ក្រុង​នានា​នៅទូទាំងប្រទេសកម្ពុជា ប្រកប​ដោយ​ស៊ីវិលយ និង​កាន់តែមានភាពទំនើបទាន់សម័យ។ ដូចគ្នា​​នេះដែរ ការបង់ពន្ធក៏ជាកាតព្វកិច្ចរបស់​ម្ចាស់អចលនទ្រព្យ ពីសំណាក់ម្ចាស់​អចលនទ្រព្យ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារនូវគោលនយោបាយ​អភិវឌ្ឍន៍ជាតិ​របស់​រដ្ឋាភិបាល​នេះ តាមរយៈការប្រមូលព័ន្ធរបស់អគ្គនាយកដ្ឋាន​ពន្ធដារកម្ពុជា។

តើការប្រកាសបង់ព័ន្ធ​អចលនទ្រព្យចាប់ផ្តើម និង​បញ្ចប់​​នៅពេលណា?
បើតាមការអោយដឹងពីអគ្គ នៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការប្រកាស​ពន្ធអចលនព្រទ្យ គឺចាប់ផ្តើមពីដើមខែមករា រហូតដល់ចុងខែកញ្ញាក្នុងឆ្នាំនីមួយៗ។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលមិនទាន់ បានធ្វើការប្រកាសបង់ពន្ធអចលនទ្រព្យ អាចទៅប្រកាសបង់ពន្ធនេះ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមសាខា​ធនាគារ អេស៊ីលីដា ឬសាខាធនាគារកាណាឌីយ៉ា ឬសាខាធនាគារវឌ្ឍនៈ ឬសាខាធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ឬនៅសាខាធនាគារកម្ពុជា​សាធារណៈទូទាំងប្រទេស។
តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់កាតព្វកិច្ចប្រកាសបង់ព័ន្ធប្រចាំឆ្នាំ?
បើតាមអគ្គនាយដ្ឋានព័ន្ធដារបានឲ្យដឹងថា អលចនទ្រព្យប្រភេទសំណង់ ឬដីដែលស្ថិនៅក្នុងរដ្ឋាបាលក្រុង ឬខេត្តដែលមានតម្លៃចាប់ពី១០០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចប្រកាសបង់ព័ន្ធអចលនទ្រព្យ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានពន្ធដាររំពឹងថា ម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ នឹងចូលរួមសហការបង់ពន្ធអោយបានគ្រប់គ្នា និងជាពិសេសអគ្គនាយដ្ឋានបង់ព័ន្ធ នឹងសម្រួលសេវាកម្មអោយកាន់តែងាយស្រួយជូនពលរដ្ឋ ឲ្យដល់ឃុំ ស្រុក ខណ្ឌ តាមរយៈការជូនដំណឹងតាមលេខទូរស័ព្ទ និង វិក័យបទ្រភ្លើងជាដើម។
លោកក៏បានអំពាវនាវអោយពលរដ្ឋទាំងអស់ ត្រូវទៅធ្វើប័ណ្ណចុះបញ្ជីបង់ពន្ធអចលនទ្រព្យអោយបានគ្រប់គ្នា បើទោះបីអចលនទ្រព្យរបស់ខ្លួន មិនដល់តម្លៃបង់ពន្ធយ៉ាងណាក្តីដើម្បីងាយស្រួលក្នុងការប្រើប្រាស់បន្តបន្ទាប់ទៀត៕

ដំណឹងល្អ ! សមាគមបញ្ជាទិញ និងសមាគមយុត្តិធម៌ការងារសហរដ្ឋអាមេរិក ប្រកាសបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ : ជាដំណឹងល្អមួយ ខណៈពេលដែលមានព័ត៌មានជាច្រើនបានបង្ហាញពីក្ដី​ព្រួយ​បារម្ភ​ពាក់ព័ន្ធទៅនឹងការប្រឈមការលើកលែងការអនុគ្រោះពន្ធទាំងស្រុងរបស់​ផលិតផលនានាពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបនោះ ពេលនេះ ក្រុមហ៊ុនដៃគូ សមាគមអ្នកបញ្ជាទិញ និងសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក បានប្រកាសនៅ​តែបន្ដគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបញ្ជាទិញទំនិញ និងផលិតផល​សម្លៀកបំពាក់ និងស្បែកជើង ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍​អឺរ៉ុប​ដដែល។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ក្រុមហ៊ុនដៃគូ និងសមាគម​អ្នកបញ្ជាទិញទាំងអស់ បានប្រកាសនៅតែបន្ដគាំទ្រដល់កម្ពុជា ដើម្បី​ធានាដល់ការប្រកួតប្រជែងរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលដូចជា​សម្លៀកបំពាក់ និងស្បែកជើង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារជាមួយសមាគម​អ្នកបញ្ជាទិញ ដឹកនាំដោយលោក Michael Posner ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមយុត្ដិធម៌ការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ នៅទីស្ដីការក្រសួង លោក អ៊ិត សំហេង បានបញ្ជាក់ថា ការជួបពិភាក្សាគ្នានេះគឺ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទាក់ទងនឹងលក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីពនៅក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថា ដៃគូអ្នកបញ្ជាទិញចង់ដឹងពីវឌ្ឍនភាព បញ្ហាប្រឈមនានា ដែលកម្ពុជាបាន និងកំពុងតែជួបប្រទះ ដើម្បីរួមគ្នាធ្វើយ៉ាងណាស្វែងរក​ដំណោះ​ស្រាយ និងពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទៅមុខទៀត។ ដោយឡែក​ចំពោះបញ្ហាប្រឈមនានាដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ទាក់ទងនឹង​ពាណិជ្ជកម្មនៅក្នុងពិភពលោក នឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុមហ៊ុនដៃគូបញ្ជាទិញផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលនាំចេញ​ទៅ​សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនោះទេ។

ថ្លែងនៅក្នុងឱកាសនោះ លោក Mechael Posner ក៏បានលើកឡើងថា ការជួប​ពិភាក្សា​ជាមួយភាគីកម្ពុជានេះ គឺដើម្បីចង់ដឹងអំពីដំណើរការ និងការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្ដន៍លក្ខខណ្ឌការងារ ការរៀបចំប្រាក់ឈ្នួល យន្ដការដោះស្រាយវិវាទ និងការអនុវត្ដច្បាប់សហជីព ជាពិសេស ការទទួលបាននូវ​ព័ត៌មានដោយ ផ្ទាល់ពីភាគីរាជរដ្ឋាភិបាល។ លោកបានបន្ដថា ក្រុមហ៊ុនដៃគូទាំងអស់ បានប្រកាសធានាដល់ការប្រកួតប្រជែង និងការបញ្ជាទិញទំនិញ ផលិតសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាបន្ដទៀត និងគ្មានពេលកំណត់ ៕

ដំណឹងល្អៈបុរី HPចាប់ផ្តើមប្រកាសលក់ជាមួយតម្លៃលំនៅដ្ឋានសមរម្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ: បុរីថ្មីមួយបានចាប់ផ្តើមប្រកាសលក់គំរោងរបស់ខ្លួន បន្ទាប់ពីបានសាងសង់បណ្តើរៗ និងកំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន ស្របពេលទីផ្សារបុរីលំនៅដ្ឋាននានានៅតែមានការលក់ល្អប្រសើរ។


ប្រធានផ្នែកទីផ្សារនៃបុរី HP លោក មឿន សុខលាភ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៩ តុលាកន្លងមកថា បុរីHPបានចាប់ផ្តើមប្រកាសលក់ហើយជាមួយតម្លៃពិសេស និងមានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល។ បុរីនេះស្ថិតនៅតំបន់ស្ពានដែកស្ទឹងមានជ័យ ជាតំបន់ដែលមានការអភិឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោកបន្តថា បុរីនេះលក់ក្នុងតម្លៃសមរម្យ បើធៀបជាមួយបុរីឬសំណង់នៅលំនៅដ្ឋាន ដែលបានដាក់លក់នៅតំបន់នោះ។


លោកបន្តថា “ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ជាក់ស្តែងគ្រាន់តែប្រកាសលក់បានមួយរយៈខ្លី លំនៅដ្ឋានក្នុងបុរីHP ដែលស្ថិតនៅលើផ្ទៃដី៣ហិកតា ទទួលបានការបញ្ជាទិញប្រមាណ៣០ភាគរយរួចហើយ”។

លោកមឿន សុខលាភបានបន្តថា ជាមួយនឹងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនសេដ្ឋកិច្ចរបស់ប្រទេស និងកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ការវិនិយោគបុរីនានាកាន់តែមានភាពប្រកួតប្រជែង ប៉ុន្តែយើងឈរលើក្រមសីលធ៌មមួយ ដោយធ្វើយ៉ាងណាគិតគូរជាចំបងលើហេដ្ឋារចនាសម្ព័ន្ឋ គុណភាព និងសោភ័ណភាពសំណង់ជាអាទិភាព ព្រោះការវិនិយោគរបស់យើងធ្វើរយៈពេលវែង ហេតុនេះ យើងមិនគិតតែយកប្រាក់ចំណេញនោះទេ។

ទីផ្សារបុរីនៅកម្ពុជានៅតែសម្រេចបានកំនើនល្អប្រសើរ ពិសេសទីក្រុងភ្នំពេញដោយសារកំនើនប្រជាសាស្រ្តក្នុងទីក្រុងនេះ និងកំនើនសេដ្ឋកិច្ច ព្រមទាំងការកើនឡើងប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋ។


យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០។

អ្នកជំនាញអចលនទ្រព្យអះអាងថាវិស័យនេះកើនឡើង២០ភាគរយក្នុងឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: នាពេលបច្ចុប្បន្ន ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា មានភាពរីកចម្រើន មានស្ថេរភាពនយោបាយ បានធ្វើឲ្យវិស័យអចលទ្រព្យនៅកម្ពុជា បានកើនឡើង២០ភាគរយក្នុងឆ្នាំ២០១៨នេះ។
មានប្រសាសន៍ឲ្យដឹងក្នុងពិព៌ណ អចលនទ្រព្យលើកទី៣ឆ្នាំ២០១៨ លោក Tom Osullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៩ តុលានេះថា វិស័យអចលនទ្រព្យ មានការចាប់អារម្មណ៍ច្រើន ទាំងបុរី ខនដូ ផ្ទះ វីឡា ផ្សេងៗ គឺមានអតិថិជនមកទស្សនាការតាំងពិព័រណ៌ និងកក់នៅផ្ទះ ខុនដូ វីឡា មួយចំនួនផងដែរ។លោកបន្តថា ពិព៌ណលំដាប់អន្តរជាតិនេះមានក្រុមហ៊ុនចូលរួមជាង៤០ក្រុមហ៊ុន ដែលភាគច្រើនជាក្រុមហ៊ុនវិនិយោគបុរី ខុនដូ អាផាតម៉ិនជាតិ អន្តរជាតិដែលកំពុងវិនិយោគនៅកម្ពុជា។

លោកបន្តឲ្យដឹងថា សន្ទុះនៃភាពរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ នៅកម្ពុជា បច្ចុប្បន្នមានភាពជោគជ័យច្រើន មិនថាភ្ញៀវជាតិឬអន្តរជាតិទេ ភ្ញៀវជាតិភាគច្រើនចាប់អារម្មណ៍លើផ្ទះវីឡាច្រើន ហើយភ្ញៀវបរទេសចាប់អារម្មណ៍ ខុនដូ ដោយសារតែការរចនា ចាយទុននិងទីតាំងប្រណិត គួជាទីចាប់អារម្មណ៍ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ កក់និងទិញកើនឡើងប្រមាណ២០% ក្នុងឆ្នាំ២០១៨នេះ។ លោកបន្តថា អនាគតវិស័យអចលទ្រព្យរបស់ប្រទេសកម្ពុជា នឹងកាន់តែរីកចម្រើនបន្តទៀត ពោលគឺមិនចាញ់ប្រទេសជិតខាងទេ ដោយសារតែក្រុមហ៊ុនអចលទ្រព្យកំពុងតែរីកដុះដាល ហើយវិស័យនេះក៏មានអ្នកចាប់អារម្មណ៍ទិញច្រើន ក្រុមហ៊ុន អចលនទ្រព្យភាគច្រើនកំពុងតែជោគជ័យខ្លាំង។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានឲ្យដឹងផងដែរថា ទីផ្សារសំណង់ និងអចលនទ្រព្យកម្ពុជានឹបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្តមួយរបស់យើង បានរកឃើញថាតម្លៃដីធ្លីនឹងបន្តកើនឡើងប្រមាណ៧ភាគរយ ក្នុងរយៈពេល៧ឆ្នាំសម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត។

អ្នកនាងបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អប្រសើរបានធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ ដោយសារកម្ពុជាជាប្រទេស ដែលទទួលបានប្រាក់ចំណេញពីការវិនិយោគខ្ពស់ជាងប ណ្តាប្រទេសនៅក្នុងតំបន់។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល៩ខែឆ្នាំនេះ សម្រេចបានទឹកប្រាក់ជាង៤៨០០លានដុល្លារ៕

អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុង​រៀបចំ​កែសម្រួល​លើ​ការវាយតម្លៃ​អចលនទ្រព្យដើម្បី​ទទួលបាន​ព​ន្ឋ​បន្ថែម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​កំពុង​រៀបចំ​កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​ការរៀប​ចំនេះ​នឹងត្រូវ​បញ្ចប់​នាពេលឆាប់ៗខាងមុខនេះ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល​បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែកញ្ញា ឆ្នាំ២០១៨ ដែល​ប្រារព្វ​ធ្វើ​នៅ​សាលា​ពន្ធដារ​ជាតិ ថ្ងៃទី១៨ ខែតុលា​កន្លងមក​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​អនុវត្តតាម​ការណែនាំរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ហេតុនេះ​ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កំពុង​រៀបចំ​កែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដោយមាន​ការចូលរួម​ផ្តល់​មតិ​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​វិស័យ​ឯកជន ដោយ​ការរៀបចំ​នោះ នឹងត្រូវ​បញ្ចប់​នាពេលឆាប់ៗខាងមុខនេះ ។

លោក​បន្តថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ បានរៀបចំ​កែសម្រួល​យន្តការ​បង្វិល​សង​អាករ លើ​តម្លៃបន្ថែម​ឱ្យ​ប្រសើរ​ជាង​នេះ​ថែមទៀត សម្រាប់​ស្ថានទូត ក៏ដូចជា​សហគ្រាស​អាជីវ​កម្ម ព្រមទាំង​គិតគូរ​ដល់​ការស្នើសុំ​បង្វិល​សង​របស់​ភ្ញៀវទេសចរ ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​ពន្ធដារ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​កិច្ចការ​កៀរគរ​ចំណូល និង​ការលើកទឹកចិត្ត​ពន្ធចំពោះ​វិស័យ​ធុរកិច្ច​មួយចំនួន ការបន្ត​ជំរុញ​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នូវ​កំណែទម្រង់សំខាន់ៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ នៃ​ការផ្តល់​សេវាសាធារណៈ​ជូន​អ្នក​ជាប់ពន្ធ ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណា​ឱ្យ​រដ្ឋបាល​ពន្ធដារ ក្លាយជា​ស្ថាប័នរដ្ឋ​ដែល​ទទួលបាន​នូវ ជំនឿ​ទុកចិត្ត​ខ្ពស់​ពី​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល ការ​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​កម្មវិធី​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន និង​ការបន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សារពើពន្ធ ក្នុងចំណោម​ធុរជន​គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា។

លោក គង់ វិបុល បាន​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​គោលដៅ​ជម្រុញ​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា ការបន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ឆ្នាំ ២០១៤-២០១៨ ការ​គ្រប់​អង្គភាព​ទាំងអស់​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ការត្រៀម​រៀបចំ​នូវ​ផែនការ​សកម្មភាព​ឆ្នាំ២០១៩ ការ​ជម្រុញ​ការអនុវត្ត​ប្រមូល​ចំណូល​ពន្ធ​នៅតាម​បណ្តា​ខេត្ត​នានា ដែលមាន​សក្តានុពល​ក្នុងនោះ​មាន​ខេត្ត​ព្រះសីហនុ​ជាដើម៕

ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្រិត​អន្តរជាតិ​ត្រូវបាន​ចាប់ផ្តើម​ហើយ

0

បន្ទាប់ពី​ទទួលបាន​ការ​សាទរ និង​ជោគជ័យ​ទៅលើ​ការ​ប្រារព្វ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ចំនួន2លើក​កាលពី​ឆ្នាំ2017 ក្រោម​ការចូលរួម​ពី​សំណាក់​អ្នកទស្សនា​ប្រមាណ​ជាង10000នាក់ ក៏ដូចជា​អ្នកវិនិយោគ​លើ​វិស័យ​មួយ​នេះ​យ៉ាង​កុះករ។  នៅត្រឹម​ព្រឹក​ថ្ងៃទី19 ខែតុលា ឆ្នាំ2018 នេះ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ2018 ពិព័រណ៍​អចលនទ្រព្យ​បានចាប់ផ្តើម​ជា​លើក​ទី3 នៅ​ស​ណ្ឋ​គារ​ណាហ្គា​វើ​ល ជាន់​ទី2 ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ព្រឹក​មិញ​នេះ លោក Thomas O’s ullivan  នាយក​គ្រប់គ្រង ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh បាន​លើកឡើងថា លោក​ពិតជា​រីករាយ​នៅពេលដែល​មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​ត្រូវបាន​ដំណើរការ​ដោយ​រលូន ក្រោម​ការចូលរួម​គាំទ្រ​ពី​សំណាក់​បណ្តា​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏ដូចជា​ក្រុមហ៊ុន​មកពី​ក្រៅ​ស្រុក សរុប​ប្រមាណ​ជាង 50 ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន​វិនិយោគ​វិស័យ​ខុន​ដូ អា​ផាត​មិន និង​បុរី​ជាដើម រួម​ជាមួយនឹង​ស្ថាប័ន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ។

លោក​បាន​រំលឹក​ទៀតថា ៖ កាលពី​ឆ្នាំ​កន្លងទៅ តាមរយៈ​ព្រឹត្តិការណ៍​នៃ​ការ​តាំងពី​ពិព័រណ៍​អចលនទ្រព្យ​នេះ ក្រៅពី​បានផ្តល់​ឱកាស​ដល់​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​មួយចំនួន​បានដាក់​តាំង​បង្ហាញ​គម្រោង​វិនិយោគ​របស់ខ្លួន​ដើម្បី​ស្វែង​ដៃគូ​សហការ​នោះ ក៏ដូចជា​ផ្តល់ព័ត៌មាន​លម្អិត​ទៅដល់​អតិថិជន​នោះ ថែមទាំង​បាន​ជម្រុញ​ដល់​ការលក់​នៅក្នុង​ព្រឹត្តិការណ៍​រយៈពេល2ថ្ងៃ បាន​រហូតដល់​ប្រមាណ​ជាង 20 លាន​ដុល្លារ។ ដោយឡែក​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ2018នេះ លោក​រំពឹងថា នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ខណៈដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​ជនជាតិ​បរទេស ដែល​ក្នុងនោះ​អ្នកវិនិយោគ​ចិន​បាន​ឈរ​នៅ​លំដាប់​កំពូល ។

លោក ជា ឡាយ​ឃាង អគ្គនាយក​ក្រុមហ៊ុន Residence Bel air ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​មមាញឹក​ទៅលើ​ការសាងសង់​សំណង់​អគារ​ខុន​ដូរ​របស់ខ្លួន ដែលមាន​កម្ពស់18ជាន់ ស្មើនឹង82 យូ​នី​ត ក្នុង​រចនាបថ​បែប​បារាំង​លើកដំបូង​នៅ​កម្ពុជា​នោះ បានលើកឡើង​ផងដែរ​ថា ៖ មកដល់ពេលនេះ​គម្រោង​ខុន​ដូ Residence Bel air លក់បាន​ជាង 20ភាគរយ​ហើយ ខណៈដែល​អតិថិជន​ភា​គ​ច្រើន​ជា​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ​ផងដែរ។ លោក​ថា តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ2018 នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ច្រើន ព្រោះ​ត្រឹមតែ​រយៈពេល​មួយ​ព្រឹក​នៃ​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​របស់លោក​ទ​ទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកចូលរួម​ទស្សនា​យ៉ាង​កុះករ ហើយក៏​ទទួលបាន​ការ​កក់-ទិញ​ពី​សំណាក់​អតិថិជន​ផងដែរ ។

សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​មហា​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ2018 ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​ជាន់​ទី2នេះ ត្រូវបាន​ប្រារព្វ​ចំនួន2ថ្ងៃ គឺ​ថ្ងៃទី19-20 តុលា ឆ្នាំ2018 ដែល​ចូលរួម​ទស្សនា​ដោយ​សេរី ៕

ដំណឹង​ល្អ! អាជ្ញាធរខេត្ត​បាត់ដំបង រៀបចំ​អតីត​អគារ​សាលាខេត្ត​នេះ​ឲ្យ​ទៅជា​សារមន្ទីរ​បេ​តិក​ភ័ណ

0

ដោយ វុត្ថា

ភ្នំពេញ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានរៀបចំ​អតីត​អគារ​សាលាខេត្ត​នេះ ឲ្យ​ទៅជា​សារមន្ទីរ​បេ​តិក​ភ័ណ​របស់​ខេត្ត ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត ដោយមាន​ការដាក់​តាំង​រូបភាព ទស្សនីយភាពផ្សេងៗ ដែល​កើតឡើង​ក្នុងសម័យ​គ្រប់គ្រង​ដោយ​លោក​ម្ចាស់នីមួយៗតាំងពី​ឆ្នាំ១៩០៧ និង​ក្នុងសម័យ​អាណានិគមនិយម​បារាំង ប្រវត្តិ​នៃ​ការដឹកនាំ​ខេត្តបាត់ដំបង និង​រូបថត​អភិ​បា​ខេត្ត​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូតដល់​បច្ចុប្បន្ន។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ហ្វេ​ស​បុក​របស់ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ដាក់តាំង​នូវ​វត្ថុ​បុរាណ រូបចម្លាក់ រូបភាព​សិល្បៈ បញ្ចូល​សម្លេង​និង​រូបភាព​ដោយ​រៀបរាប់​ប្រវត្តិខ្លីៗ តាម​ប្រវត្តិកាលនីមួយៗផងដែរ។

អតីត​អគារ​សាលាខេត្ត​បាត់ដំបង​ដំបង ដែលមាន​អាយុកាល១១៣ឆ្នាំ (១៩០៥-២០១៨)អតីត​អគារ​សាលាខេត្ត​បាត់ដំបង បាន​កសាងឡើង​នៅក្នុង​សម័យ​លោក​ម្ចាស់​កថា​ថន ឈុំ ពេលដែល​ខេត្តបាត់ដំបង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ថៃ​ពី​ឆ្នាំ១៧៩៥ ដល់១៩០៧ (លោក​ម្ចាស់​កថា​ថន ឈុំ គឺជា​ពូជពង្ស​របស់​ចៅ​ហ្វា​បែន ដែល​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង​រហូត ៥ ជំនាន់តៗគ្នា)។

ក្នុង​ឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថា​ថន ឈុំ បាន​ជួល​ស្ថាបត្យករ​អ៊ីតាលី​ពី​ទីក្រុង​បាងកក​ឲ្យ​មក​សាងសង់​អគារ​នេះ​ឡើង សម្រាប់​ធ្វើជា​លំនៅឋាន​ផ្ទាល់ខ្លួន​ប៉ុន្តែ​ក្នុង​ឆ្នាំ១៩០៧ ពេលដែល​បារាំង​ទាមទារ​បាន​ខេត្ត​ទាំងបី រួមមាន​ខេត្តបាត់ដំបង សិរី​សោ​ភណ្ឌ (ស្វាយ​ស៊ីសុផុន) និង​អង្គរ (សៀមរាប) ពី​ថៃ​មក​ឲ្យ​កម្ពុជា​វិញ ស្ដេចត្រាញ់​រូបនេះ​ក៏បាន​លក់​លំនៅឋាន​រប​ស់លោក​ទាំងអស់​រួមទាំង​អាគារ​នេះ​ផង ដែល​លោក​មិនទាន់​បានរស់នៅ​នៅឡើយ ឲ្យ​មក​អាជ្ញាធរ​បារាំង ។ អគារ​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែងធ្វើការ និង​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីជាន់ខ្ពស់​បារាំង និង​ក្រោយ​មកជា​សាលាខេត្ត​បាត់ដំបង រហូតមកដល់​ឆ្នាំ២០០៥។

និយាយ​ពី​លោក កថា​ថន ឈុំ វិញ ពេលដែល​ផ្លាស់​ទៅ​រស់នៅក្នុង​ខេត្ត Prachin Buri ប្រទេស​ថៃ ក្នុង​ឆ្នាំ១៩០៩ លោក​បាន​សាងសង់​លំនៅឋាន​ផ្ទះមួយ​ទៀត ដែល​ស្ទើរតែ​ដូចគ្នា​បេះបិទ នឹង​អាគារ​ចាស់​នៅ​ខេត្តបាត់ដំបង​នេះដែរ លើកលែងតែ​ហោជាង​ខាងមុខ​បន្តិច ព្រោះ​សូម្បីតែ​ជាងចម្លាក់​ក៏​លោក ជួល​ពី​អ្នក​ធ្លាប់​ឆ្លាក់​នៅផ្ទះ​ចាស់​របស់លោក​មក​ដែរ។

អគារ​នោះ​មាន​ឈ្មោះថា Chaophraya Abhaibhubejhr បច្ចុប្បន្ន​វា​ត្រូវបាន​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ខេត្ត Prachin Buri និង​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​ទៅជា Chaophraya Abhaibhubejhr Hospital វិញ៕

ដំណឹងល្អៈរដ្ឋាភិបាលអនុញ្ញាត្តិឲ្យសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្រុងប៉ោយប៉ែត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគសាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគំរោងនេះនឹងសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ តុលានេះថា គំរោងព្រលានយន្តហោះនេះបានចាប់ផ្តើមតាំងពីកំឡុងឆ្នាំ២០០៦ ឬ២០០៧ ដែលស្ថិតនៅលើផ្ទៃដីជាង១០០ហិកតា តែគំរោងនេះបានផ្អាកនៅពេលក្រោយមក។ លោកបន្តថា ប៉ុន្តែគំរោងនេះបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលឡើងវិញ និងអាចចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខ។


លោកបន្តថា “តាមគំរោងព្រលាននេះ អាចចំណាយប្រាក់ចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក និងជាព្រលានយន្តហោះសម្រាប់ចុះចតយន្តហោះក្នុងស្រុក”។លោកបន្តថា “ក្រុមហ៊ុនPoyPet Arport Investmentជាអ្នកវិនិយោគព្រលានយន្តហោះនេះ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការនិតិវិធី ដើម្បីចាប់ផ្តើមសាងសង់ឡើងវិញ”។

ព្រលានយន្តហោះនេះស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាក្រុងដែលត្រូវអភិវឌ្ឍន៍ពិសេសមួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។

អ្នកវិនិយោគក្នុងស្រុកមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើន និងមានការវិនិយោគជាច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន ហេតុនេះប្រសិនជាព្រលានយន្តហោះនេះសាងសង់រួច ក្រុងនៅតាមព្រំដែនកម្ពុជា ថៃនេះនឹងមានការរីកចម្រើនកាន់តែលឿនថែមទៀត។

ក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ និងមានប្រជាជនរស់នៅប្រមាណ២០ម៉ឺននាក់ ដែលចំនួននេះរាប់បញ្ចូលទាំងអ្នកវិនិយោគអន្តរជាតិ៕

ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប ប្រាប់សម្តេចតេជោពីគំរោងនាំក្រុមហ៊ុនអឺរ៉ុបជាច្រើនមកវិនិយោគនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ: តំណាងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប និងជាប្រធានក្រុមហ៊ុនBoschប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោកម៉ាទីន ហេយ បានថ្លែងប្រាប់សម្តេចតេជោថា លោកនឹងនាំក្រុមហ៊ុនអឺរ៉ុបធំៗ មកស្វែងរកឳកាសវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខនេះ។


ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃទី១៨ តុលាកន្លងមកនេះ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន -សហភាពអឺរ៉ុប មានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួន ទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំថែមទៀត ទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿនិងទុកចិត្តកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជារយៈពេលវែង។

លោកបានបញ្ជាក់លើ២ចំណុចសំខាន់ៗនៅកម្ពុជាគឺៈទី១ ដឹកនាំគណៈប្រតិភូធុរកិច្ចអ៊ឺរ៉ុបទៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរយៈពេលវែង ទី២ ជួយគាំពារលើផ្នែកសុវត្ថិភាពចរចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យា ABS ដែលជាប ច្ចេកវិទ្យាដ៏ល្អរបស់ក្រុមហ៊ុន BOSHC សម្រាប់យានយន្តគ្រប់ប្រភេទ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្វាគមន៍ នូវកិច្ចសហប្រតិបត្តិការល្អរវាងក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុប និងកម្ពុជាមកទល់ពេលនេះ។ សម្តេចតេជោរីករាយស្វាគមន៍ចំពោះគម្រោងទៅទស្សនៈកិច្ចនៅកម្ពុជា រួមទាំងគម្រោងជួយទប់ស្កាត់គ្រោះថ្នាក់ចរណ៍ផងដែរ។ សម្តេចតេជោបានស្នើអោយពិភាក្សាលំអិតបន្ថែម ជាមួយក្រសួងសាធារណៈការរបស់កម្ពុជាលើផ្នែកសុវត្ថិភាពនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប ទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) ក្នុងឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សម្តេចតេជោ ហ៊ុន សែនបានបន្តថា “ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប ជាមួយកម្ពុជា គឺមិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺយើងពិភាក្សាគ្នាផងដែរទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។

សម្តេចតេជោបានបន្តថា កន្លងមកមានប្រទេសមួយចំនួន ក្នុងសហភាពអឺរ៉ុបបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ាក្នុងការដកចេញនូវ “ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (Everything But Arms- EBA) ដោយសំអាងលើហេតុផលមួយចំនួន។ សម្តេចតេជោបានបញ្ជាក់ថា កន្លងមកEU ក៏បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះចង់ឃើញកម្ពុជារីកចម្រើន។ ប៉ុន្តែប្រសិនជា EU សំរេចដកចេញ EBAគឺហាក់បីដូចជា EU បោះ បង់ចោលនូវអ្វីៗ ដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា។ ដូច្នេះសូមអោយសហភាពអ៊ឺរ៉ុបមិនសម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអ៊ឺរ៉ុបផងដែរ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលបានប្រព្រឹត្តនូវកំហុស២លើករួចមកហើយ បន្តប្រព្រឹត្តិកំហុសជាលើកទី៣មកលើកម្ពុជាទៀតឡើយ។

កំហុសលើកទី១ គឺកាលពីអតីតកាលក្នុងទសវត្សឆ្នាំ៧០ ដែលមានប្រទេសប្រជាធិបតេយ្យមួយចំនួននៅអ៊ឺរ៉ុប បានគាំទ្ររដ្ឋប្រហារយោធារនៅក្នុងប្រទេសកម្ពុជា ដែលបាននាំមកនូវសង្រ្គាមវិនាសកម្ម និងការបំផ្លិចបំផ្លាញដល់កម្ពុជា។ កំហុសទី២ គឺប្រទេសប្រជាធិបតេយ្យមួយចំនួននោះ បានគាំទ្ររបបខ្មែរក្រហមជាង១ទសវត្សរ៍ រួមទាំងការពារកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ (UN) ដែលរបបនេះបានសម្លាប់មនុស្សអស់ជាង៣លាននាក់។ ប្រទេសប្រជាធិបតេយ្យទាំងនោះ គឺពួកគេមិនមានអ្វីសោកស្តាយចំពោះការបាត់បង់របស់កម្ពុជា នាពេលកន្លងមកឡើយ។ ហើយប្រសិនបើមានកំហុសទី៣មែន ក៏ពួកគេនៅតែគ្មានមនោសញ្ចតនាសោកស្តាយជាមួយកម្ពុជាដែរ។ ដូច្នេះសូមកុំអោយមានកំហុសទី៣ កើតឡើងចំពោះកម្ពុជាជាបន្តទៀត ព្រោះមិនមែនប្រទេសទាំងនោះជាអ្នកដែលត្រូវទទួលរងនូវភាពខ្លាចផ្សាទាំងនោះទេ គឺពលរដ្ឋកម្ពុជាជាអ្នកដែលត្រូវទទួលរងនូវការឈឺចាប់ និងវិនាសហិនហោច។

ឥឡូវនេះយើងបានដឹងហើយអំពីសភាពការណ៍ពិតរបស់កម្ពុជា សហភាពអ៊ឺរ៉ុបខ្លួនឯង គឺត្រូវស្តាប់តាមមតិរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុបខ្លួនឯងផ្ទាល់ តើពួកគេពេញចិត្តវិនិយោគនៅកម្ពុជាដែរទេ។គឺមិនត្រូវដាក់ការកៀបសង្កត់ណាមួយ ដែលដែលប្រាសចាកការពិត ប្រឆាំងនឹងបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា និងអ្នកវិនិយោគគិនគិនអ៊ឺរ៉ុបឡើយ ព្រោះល័ក្ខខ័ណ្ឌការងារ ប្រាក់ខែ និងផលប្រយោជន៍បុគ្គលិកកម្មករ ជាពិសេសកម្មការនីក៏កាន់តែប្រសើរឡើង។

លោកអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប ដែលមានក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុមហ៊ុនបានចាត់ទុកថា ប្រសិនជាមានការដកចេញនូវពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ វានិងធ្វើឲ្យបះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពីEU។

តាមរយះរបាយការណ៍នេះ តំណាងធុរកិច្ចEU-Asean និងជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងក្រុមប្រឹក្សាអឺរ៉ុបលើបញ្ហានេះ ព្រោះវានឹងធ្វើអោយប៉ះពាល់ខាតបង់នូវផលប្រយោជន៍ក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា “ទោះបីច្បាប់វិនិយោគ និងពាណិជ្ចកម្មនៅកម្ពុជា មានការកែលម្អមួយចំនួនក្តី គឺមិនអោយប៉ះពាល់ដល់ការបណ្តាក់ទុនរបស់ក្រមហ៊ុនទាំងឡាយនៅកម្ពុជាទេ”៕