លោក Ken Lo អះអាងថា វិស័យអចលនទ្រព្យ នឹងបន្តរីកចម្រើន ៥ទៅ១០ឆ្នាំទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យកម្ពុជាលោក Ken Lo អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជានឹង​បន្តរីកចម្រើននៅរយៈពេល៥ទៅ១០ឆ្នាំទៀត។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៨ កក្កដាកន្លងមកថា ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា នឹងបន្តរីកចម្រើនសម្រាប់រយៈពេល៥ទៅ១០ឆ្នាំទៀត ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចនៅបន្តមានភាព​រ៉ឹងមាំ ដែលធ្វើឲ្យប្រទេសកម្ពុជា នៅតែជាប្រទេសដែលទាក់ទាញការវិនិយោគ ពិសេ​សអ្នកវិនិយោគមកពីប្រទេសចិន។

លោកបន្តថា “បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង ច្បាប់វិនិយោគ​និងច្បាប់ពន្ឋរបស់កម្ពុជានៅតែមានភាពអនុគ្រោះ និងទាក់ទាញ ដែលធ្វើឲ្យអ្នកវិនិយោគនៅតែមានទំនុកចិត្ត”។លោកបន្តថា “អ្នកវិនិយោគអន្តរជាតិនៅតែមើលឃើញទីផ្សារនេះអាចរកផលចំណេញបាន និងមានឳកាសរីកចម្រើន”។

លោក Ken Lo បានបន្តថា ជាក់ស្តែងកំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះ ប្រជាពលរដ្ឋកម្ពុជាពួកគេមិនមានការបារម្ភណាមួយនោះទេ ព្រោះពួកគេសុំានឹងព្រឹត្តិការណ៍នេះហើយថា អ្វីៗនឹងមានភាពល្អប្រសើរ និងមានស្ថិរភាព ហេតុនេះទើបពួកគេបន្តសម្រេចចិត្តវិនិយោគនៅក្នុងទីផ្សារនេះ ជាមួយអ្នកវិនិយោកអន្តរជាតិ។លោកបន្តថា តម្លៃអចលនទ្រព្យ ពិសេសតម្លៃដីបាននិងកំពុងបន្តកើនឡើងនៅស្ទើរគ្រប់ទី​កន្លែង។ លោកបន្តថា នេះជាចំណុចពិសេសមួយ ដែលប្រជាជនកម្ពុជាជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល និងស្ថានភាពនយោបាយរបស់កម្ពុជាកាន់តែមានភាពចាស់ទុំជាងមុន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីចុងខែឧសភាកន្លងមកនេះបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានស្ថិរភាព និងមិនធ្លាក់ចុះតម្លៃនោះទេ ហើយវិស័យនេះនៅតែបន្តរីកចម្រើន ខុសពីការបោះឆ្នោតអាណត្តិមុនៗដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាដាំក្បាលចុះ៕

ចំណេះដឹង៖ តើអ្វីជាអាផាតម៉ិន និងសេវាអាផាតម៉ិន?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ នៅពេលនិយាយពីអាផាតម៉ិន គេសំដៅដល់ការសាងសង់អាគារ​សម្រាប់ជួល និងប្រើប្រាស់ដោយមនុស្សច្រើន ប៉ុន្តែមានម្ចាស់តែម្នាក់ ខុសពីខុនដូដែលមានម្ចាស់ច្រើន។ ប៉ុន្តែនៅក្នុងវិស័យអាផាតម៉ិន មានការបែងចែកគ្នារវាងសេវាអាផាតម៉ិន និង​អាផាតម៉ិនផងដែរ។

តើសេវាអាផាតម៉ិន និងអាផាតម៉ិនខុសគ្នាដូចម្តេច? អ្នកនាងអាន សុធីតា​នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងដូចខាងក្រោមនេះ។

សេវាអាផាតម៉ិន
សេវាអាផាតម៉ិន (Service Apartment )សំដៅដល់អាផាតម៉ិនកម្រិត A ឬ B ដែលអ្នកវិនិយោគ បាន​ផ្តល់សេវាពេញលេញដល់អ្នកជួល ដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម សោណា សន្តិសុខ២៤ម៉ោង អ៊ីនធើណេតល្បឿនលឿនជាដើម។ លើសពីនេះ​សេវាអាផាតម៉ិន ក៏មានភោជនីយដ្ឋាននៅលើអាកាស និងមានមីនីម៉ាតនៅជាន់​ខាងក្រោមផងដែរ។

បច្ចុប្បន្នសេវាអាផាតម៉ិន ដែលមានសេវាកម្មពេញលេញបែបនេះ អាចជួ​ល​បានតម្លៃ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

អាផាតម៉ិនឬអាផាតម៉ិនធម្មតា

អាផាតម៉ិនបែបនេះ មានច្រើនជាងសេវាអាផាតម៉ិន ដោយសារអ្នកអភិវឌ្ឍ​ន៍ពួកគេមានជម្រើសច្រើន និងមិនសូវពិបាកក្នុងការផ្តល់សេវាកម្មច្រើនដល់អតិថិជនរបស់ខ្លួន។ អាផាតម៉ិនធម្មតាបែបនេះ មិនមានអាងហែលទឹក ស្ទីម សោ ណា និងភោជនីយដ្ឋាន ឬមីនីម៉ាតនោះទេ។

អាផាតម៉ិនធម្មតាបែបនេះ អាចជួលបានក្នុងតម្លៃចន្លោះពី១០ ទៅ១៥ដុល្លា​រ​អាមេរិកក្នុងមួយម៉ែត្រការ៉េ៕

ខុនដូ ខុនដូ៖ ស្តាប់អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍និយាយពីទីផ្សារនិងតម្រូវការ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេលនិយាយពីខុនដូ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បាននិយាយហាក់ស្រដៀងគ្នាផង និងខុសគ្នាផងទាក់ទងនឹងស្ថានភាពទីផ្សារលំនៅដ្ឋាន បែបសហកម្មសិទ្ឋនេះ ខណៈខុនដូចំនួន២០,០០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ។

នដអ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បាននិយាយហាក់ស្រដៀងគ្នាផង និងខុសគ្នាផងទាក់ទងនឹងស្ថានភាពទីផ្សារលំនៅដ្ឋាន បែបសហកម្មសិទ្ឋ​នេះ ខណៈខុនដូចំនួន២០,០០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានស្ថានភាពល្អប្រសើរ ដោយយើងសង្កេតឃើញតម្រូវការ និងការផ្គត់ផ្គង់មានស្ថិ​រភាពល្អនាពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនជាយើងប្រមើលមើលរហូតដល់ឆ្នាំ២០២០ ជាពេល​ដែលការផ្គត់ផ្គង់គំរោងធំៗបានកើតឡើង ជាអ្វីដែលធ្វើឲ្យយើងមានការបារម្ភទាក់ទងគំរោងធំៗខ្លះ ដែលគំរោងខ្លះមានផ្ទះរហូតដល់៥០០០យូនីត។

អ្នកនាងបន្តថា “ការផ្គត់ផ្គង់គម្រោងធំៗបែបនេះ គឺមិនទាន់រួចរាល់សម្រាប់ទីផ្សារក្នុងស្រុកទេ ប៉ុន្តែគំរោងទាំងនោះភាគច្រើនពឹងផ្អែកលើទីផ្សារក្រៅប្រទេស”។អ្នកនាងបន្តថា “បច្ចុប្បន្នទោះជាការលក់ខុនដូកើនឡើងយឺត តែទីផ្សារនៅតែមានស្ថិរភាពល្អប្រសើរ ហើយអ្នកទិញខុនដូបច្ចុប្បន្ន បានងាកទៅកាន់គំរោងដែលជិតបញ្ចប់ការសាងសង់ និងជិត​បញ្ចប់ការសាងសង់”។

មន្រ្តីផ្នែកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties លោក RAYSON ដែលបាននិងកំពុងវិនិយោគខុនដូ ជាច្រើនពាន់យូនីតនៅទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា កំនើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិរភាពនយោយបាយ គោលនយោបាយផ្លូវ​សូត្រ និងទំនាក់ទំនងដ៏ល្អរបស់មេដឹកនាំកម្ពុជា ចិនបានធ្វើឲ្យយើងមានទំនុកចិត្តក្នុងការ ឈានចូលមកកាន់ទីផ្សារនេះ។

លោកបន្តថា “គំរោងខុនដូរបស់យើងផ្តោតលើអតិថិជនជនជាតិចិន និងសហគមន៍​ចិនដែលបានវិនិយោគនៅកម្ពុជា និងប្រជាជនកម្ពុជាដែលចង់បានបែបផែនជីវិតស៊ីវិល័យ ហើយរស់នៅសហគមន៍មួយដែលផ្តល់ភាពងាយស្រួលដល់ពួកគេ”។លោកបន្តថា “នៅ​ប្រទេសចិន ក៏ដូចប្រទេសក្នុងតំបន់ផ្សេងទៀត កាលពីមុនពួកគេមិនចង់រស់នៅតាមខុនដូ​ទេ តែនៅពេលបច្ចុប្បន្នប្រជាជនចិនចាប់ផ្តើមចូលចិត្តខុនដូ ហើយប្រជាជនកម្ពុជានឹងមាន​ការផ្លាស់ប្តូរបែបផែន នៃការរស់នៅរបស់ពួកគេនាពេលអនាគតផងដែរ”។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា នៅតែមានសញ្ញាគួរឲ្យសុទិដ្ឋិនិយម ដោយសារប្រជាជនកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានទិញខុនដូរស់នៅកាន់តែច្រើន តែកំនើននេះមិនកើនគំហុកនោះទេ ហេតុនេះទីផ្សារនេះត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ទើបកាន់តែ​មានភាពពេញនិយមសម្រាប់ទីផ្សារខុនដូនៅកម្ពុជា។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារខុនដូ ព្រោះវានឹងបន្តរីកចម្រើនក្នុងរយៈពេលវែងខាងមុខ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban living Solution បានព្យាករណ៍ថា ចំនួនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនឡើងដល់៤ទៅ៤,៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដែលពេលនោះប្រជាជននឹងផ្លាស់ប្តូរផ្នត់គំនិតមករស់នៅតាមខុនដូ​កាន់តែច្រើន ដោយសារស្ថានភាព និងបញ្ហាសង្គមចាប់បង្ខំ ដូចជា ការកើនឡើងនូវការ​កកស្ទះចរាចរណ៍ ការកើនឡើងនូវតម្លៃលំនៅដ្ឋាន និងអចលនទ្រព្យក្នុងទីក្រុង ភាពងាយស្រួលនៃការទទួលបានសេវាកម្មនានា តាមរយៈការរីកចម្រើនបច្ចេកវិទ្យា និងការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន៕

ទុនវិនិយោគក្នុងវិស័យសំណង់ មានទំហំទឹកប្រាក់ ១៧៨០លានដុល្លារអាមេរិកក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអលនទ្រព្យក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់១៧៨០លានដុល្លារអាមេរិក និងមានគំរោងវិនិយោគ១៣៧០គំរោង ដែលបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ជាមួយនឹងគំរោងវិនិយោគដ៏ច្រើននេះ របាយការណ៍​នេះបានកត់សំគាល់ឃើញថា ក្នុងដំណាច់ត្រីមាសទី២ឆ្នាំនេះ ចំនួនខុនដូដែលបានបញ្ចប់ការ​សាងសង់ និងដាក់ចូលក្នុងទីផ្សាររំពឹងនឹងកើនដល់២ម៉ឺនយូនីតនៅដំណាច់ឆ្នាំនេះ។

របាយការណ៍ដដែលបានបង្ហាញថា ជាមួយនឹងកំនើនតម្រូវការ និងការវិនិយោគ​បានធ្វើឲ្យទីផ្សារការិយាល័យ ស្ថិតនៅតាមតំបន់ពាណិជ្ជកម្មមានកំនើន៦ភាគរយ និង៣,៤ភាគរយ សម្រាប់ការិយាល័យលំដាប់B និងការិយាល័យលំដាប់C។ ជាមួយគ្នានេះ ទំហំផ្សារទំនើបបានកើនឡើង៤៣ភាគរយផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា ស្ថានភាពនៃការអភិវឌ្ឍន៍ និងទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាណាមួយមានបញ្ហានោះទេ គឺអ្វីៗនៅតែដំណើរការ​យ៉ាងល្អប្រសើរ ដោយសារការផ្គត់ផ្គង់ និងតម្រូវការនៅមានស្ថិរភាពល្អ។ អ្នកនាងបន្តថា ការចុះបញ្ជីរវិនិយោគក្នុងវិស័យនេះ ហាក់ថយថយបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហាដោយ​សារការបោះឆ្នោតទេ តែជាបញ្ហាទីផ្សារខ្លួនឯង ដែលមានន័យថា ការផ្គត់ផ្គង់បានកើនច្រើនក្នុងប៉ុន្មានឆ្នាំមកនេះ ហេតុនេះទីផ្សារត្រូវការពេលវេលាបន្តិចដើម្បីស្រូបយកនូវអ្វីដែលបានអភិវឌ្ឍន៍រួចហើយ។

អ្នកនាងបន្ថែមថា “អ្វីៗនៅតែដំណើរការល្អប្រសើរ សុខភាពក្នុងវិស័យនេះនៅតែ​មានកំនើនរ៉ឹងមាំបន្តទៀត”។

លោក ខេន ឡូ (Ken Lo) អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានយល់ស្រប​នឹងការលើកឡើងខាងលើ ដោយបានមានប្រសាសន៍ថា លោកនៅតែមើលឃើញថា វិស័​យអចលនទ្រព្យសម្រាប់រយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងនៅរីកចម្រើនបន្តទៀត ដោ​យសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាព​រ៉ឹងមាំល្អប្រសើរ។

លោកបន្តថា “កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដែលពួកគេមើលឃើញថាទីផ្សារនេះនៅតែមានភាពទាក់ទាញ និងរកឳកាសចំណេញបានច្រើនពីការបោះទុនវិនិយោគរបស់ពួកគេ”៕

ស្វែងយល់ពីអាស៊ាន! តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី១ ក្នុងតំបន់មានស្ថាបត្យកម្មអ្វីបង្អួតគេ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី១ និងជាប្រទេសមានប្រជាជនច្រើនជាងគេទី១ក្នុងតំបន់អាស៊ានផងដែរ ហេតុនេះដើម្បីបង្ហាញ​ឧត្តមភាព និងកិត្យានុភាពរបស់ខ្លួនប្រទេសនេះបាន និងកំពូងសាងសង់អាគារកប់ពពកដ៏ទាក់ទាញផងដែរ។

គេហទំព័រ Propertyarea.asia នឹងលើកយកអគារខ្ពស់បំផុតក្នុងប្រទេសឥណ្ឌូនេស៊ី គឺអគារ Gam Tower យកមកចុះផ្សាយ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលនៃការរីកច្រើនវិស័យសំណង់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

អាគារ Gama Tower ដែលកាលពីមុនមានឈ្មោះថា Cemindo Tower ជាអគារខ្ពស់កប់ពពកនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។ អគារនេះ ត្រូវបានគេសា្គល់ថា ជាអគារ Rasuna Tower និង Cemido Tower ក្នុងអំឡុងពេលសាងសង់ តែនៅពេលសាងសង់រួចគេដាក់ឈ្មោះថា Gama Tower។

អាគារនេះមានកំពស់៣១០ ម៉ែត្រ និង៦៩ជាន់ ដែលត្រូវបានសាងសង់នៅលើទំហំដី១,៦ហិកតា និងអាចអោយរថយន្តចតបានចំនួន១១០០គ្រឿង។ បច្ចុប្បន្នអគារនេះ គឺជាអគារដែលខ្ពស់ជាងក្នុងប្រទេសឥណ្ឌូនេះស៊ី  និងជាអគារខ្ពស់លំដាប់ទី៧៦ ក្នុងពិភពលោក។

អគារនេះត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ចម្រុះ រួមមាន ដូចជាការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ។ អគារនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ២០១១ និងបញ្ចប់ហើយសម្ភោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៦។

អាគារ Gama Tower គឺជាអគារដែលមានការិយាល័យធ្វើការដ៏ទំនើបដោយសារតែគេអភិវឌ្ឍន៍ទៅជាអគារបៃតង (Green Building)  ។ មិនតែប៉ុណ្ណោះ មានសណ្ឋាគារដ៏ទំនើប ឈ្មោះថា Westin Hotel នៅជាន់ទី ២០ និងភោជនីយដ្ឋាននៅជាន់ទី៥១ ដែលអាចទអោយអ្នកមកទទួលទានអាហារនៅទីនេះ អាចទស្សនាទេសភាពទីក្រុង Jakarta  និងស្រូបយកខ្យល់អាកាសយ៉ាងសប្បាយរីករាយផងដែរ។

ជាមួយគ្នានោះ ក៏មានក្លឹបកំសាន្ត និងកន្លែងកម្សាន្តនៅជាន់ទី៦៧ ដែលផ្តល់ភាពរីករាយផងដែរ និងភោជនីយដ្ឋាន Henshin Restaurant នៅជាន់ទី៦៩។

អាគារនេះ ត្រូវបានវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន PT Gamaland ដែលមានម្ចាស់ឈ្មោះ PT Wahana nusutara និងរចនាប្លង់ដោយក្រុមហ៊ុន PT Sekawan Designinc Arsitek៕

ក្រុមហ៊ុនចំនួន៤ ត្រូវបាន CDC ចុះបញ្ជីរ ដែលមានទុនវិនិយោគជាង ៧លានដុល្លារ

0

ដោយ វុត្ថ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅដើមខែកក្កដានេះ បានចុះបញ្ជីរក្រុ​ម​ហ៊ុនចំនួន៤ ត្រូវបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ សម្រាប់គម្រោងវិនិយោ​គនៅកម្ពុជាក្នុងទឹកប្រាក់ជាង៧លានដុល្លារអាមេរិក។

យោងតាមគេហទំពរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអោយដឹងនាព្រឹកថ្ងៃទី១៩ កក្កដានេះថា រួមមានក្រុមហ៊ុន“ HUICAI PACKAGING (CAMBODIA) CO.,​LTD”: គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការ​ងារបានចំនួន៤៧៦កន្លែង។

ក្រុមហ៊ុន​ “ROBUSTAHL CO.,LTD”:គម្រោងបង្កើតរោងចក្រផលិត បំពង់ទីបដែ​កអ៊ីណុក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួ​ន៥៥២កន្លែង។

ក្រុមហ៊ុន​ “UNION GAKKI (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតព៉្យាណូកែឆ្នៃ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥កន្លែង និងក្រុមហ៊ុន“CAMBO HONGSHENG ELEC​TRO​NICS CO.,LTD”:គម្រោងបង្កើតរោងចក្រផលិតសម្ភារៈអេឡិចត្រូនិក មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣​កន្លែង៕

កត្តាសំខាន់ៗទាំងនេះ នឹងជំរុញឲ្យប្រជាជនខ្មែររស់នៅតាមខុនដូ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ កំនើនប្រជាសាស្រ្ត ការកកស្ទះចរាចរណ៍កាន់តែខ្លាំងនៅក្រុង ភ្នំពេញ កំនើនតម្លៃដីធ្លី និងភាពស៊ីវិល័យនៃស្តង់ដារស់នៅកំពុងជំរុញឲ្យ​ប្រជា​ពលរដ្ឋខ្មែរកាន់តែច្រើនរស់នៅតាមខុនដូ។

នាយក​ក្រុមហ៊ុនស្លឹក​ប្ញទ្ធរៀល​ធីលោកឃាង ពុទ្ឋីបាន​និយាយឲ្យដឹងតាមទូរ​ស័ព្ទកាលពីពេលថ្មីៗនេះថា មិនយូរ​ទេ​និន្នាការ​រស់នៅ​តាម​ខុនដូ​ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នឹង​កើន​ឡើងដោយសារកត្តាខាងលើនេះ។ អ្នក​ដែល​រស់​នៅ​ខុនដូ ភាគ​ច្រើន​​ជា​អ្នក​ដែល​ធ្លាប់​បាន​ទៅ​រស់​នៅ ឬ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ការ​រស់នៅ​ខុនដូ គឺ​មាន​ភាព​ឯករាជ្យ និង​មាន​សុវត្ថិ​ភាព​ខ្ពស់​។

លោក​បាន​បន្តថា បច្ចុប្បន្ន​នេះ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ដែល​មាន​ប្រាក់​ចំណូ​ល​ពី​មធ្យម​ទៅ​ខ្ពស់​កាន់​តែ​ច្រើន ​បាន​ងាក​មក​​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​​ដូ​វិញ ពីព្រោះ​ខុនដូ​មាន​ទីតាំង​នៅកណ្តាល​ក្រុង ស្របពេលការ​កក​ស្ទះ​ចរាច​រ​ណ៍ និង​ការ​កើន​ឡើង​នៃ​តម្លៃ​ដី ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ​ប្រែ​ប្រួល​ផងដែរ​។

លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​ខុនដូ និង​ត្រូវនាំគ្នា​គាំទ្រ ព្រោះ​បើ​យើង​មានគំនិត​អវិជ្ជមាន​ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រ​ទេស​​​ជា​មិន​ខាន​ ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា គេ​បាន​ធ្វើ​ដំណើរ​លឿន​ជាង​ប្រទេ​ស​​យើង​ឆ្ងាយ​ណាស់​ទៅ​ហើយ ចំពោះផ្នត់គំនិតនៃការ​រស់​នៅ​ខុនដូ ដូច្នេះ​យើង​មិន​ត្រូវ​គិត​ថា ការ​សាងសង់​នេះ​វា​លើស​តម្រូវការ​ទេ ព្រោះ​បើ​លើស​មែន​រាជរដ្ឋាភិ​បាល​នឹង​មាន​វិធានការណ៍​ដោះស្រាយ​ជា​មិន​ខាន។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal ដែលបានដាក់​បង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញបានកើន​ដល់៦០៥០០០យូនីត និងខេត្តព្រះសីហនុមានចំនួន៥០០០យូនីត ក្នុងនោះខុនដូ​ដែលបានដាក់ឲ្យដំនើរការមានចំនួន៨៧០០យូនីត។

នាយក​ក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ខុនដូ Axis Residences ដែល​មាន​ចំនួន​៥៦៦​យូនីត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ2004 ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា“ប្រជាពល​រដ្ឋ​​ខ្មែរ​ នៅ​តែ​ជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ​នៃ​កំណើន​សេដ្ឋកិច្ច និង​អចលនវត្ថុ​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បន្តថា “យើង​ពិតជា​មាន​ការ​ជឿជាក់ និង​ចង់​ឱ្យ​ប្រជា​ពល​ដ្ឋ​ខ្មែរ​ ទទួល​បាន​កន្លែង​រស់នៅ​ដ៏​ស្អាត​កម្រិត​ស្តង់ដា”។

លោក Anthony បញ្ជាក់ថា “យើង​ពិតជា​ចង់​ចូល​រួម​ជួយ​លើក​កម្ពស់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​កាល​ផ្តល់​ជូន​នូវ​កន្លែង​រស់​នៅ​មួយ​ដ៏​ល្អ​ដូច​នៅ​ប្រទេស​សឹង្ហបុរី”។ លោកបន្តថា“គោលបំណង​ដែល​យើង​ធ្វើការ​វិនិយោគ​ខុនដូ Axis Residences គឺ​មិន​គ្រាន់​តែ​ដើម្បី​បង្កើត​ជា​ផ្ទះ​ស្នាក់នៅ​រួម​នោះទេ តែ​ការ​ពិត​វា​ជា​លំនៅឋាន​ដែល​គួរ​ឱ្យ​ចង់​រស់​នៅ និង​មាន​អ្វីៗ​គ្រប់​យ៉ាង​​ជា​តម្រូវការ​របស់​អ្នក​ស្នាក់​នៅ”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia​បានថ្លែងថា ប្រជាពលរដ្ឋរស់នៅខុនដូ ​និងបានទិញខុនដូបានកើនឡើងសន្សឹមៗប៉ុន្តែនិន្នាការនេះកំពុងវិវត្តន៍ល្អប្រសើរ ដោយអតិថិជនជាជនជាតិខ្មែរភាគច្រើន​ទិញសម្រាប់រស់នៅ និងទុកជួល ប៉ុន្តែជនបរទេសទិញភាគច្រើនទុនសម្រាប់ជួលនិងលក់ចេញនៅពេលទទួលបានផលចំណេញ។

លោកណារិទ្ឋ ចនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលបានទិញខុនដូមួយ​នៅតំបន់បឹងត្របែកបាននិយាយថា លោកសម្រេចចិត្តទិញខុនដូ ព្រោះចង់ផ្លាស់​ប្តូររបៀបនិងបែបផែននៃការរស់នៅ ដោយសារលោកមានផ្ទះរួចហើយ ហេតុ​នេះទើបលោកទិញខុនដូមួយទៀត សម្រាប់លំហែរ។លោកបន្តថា លោកឃើញ​មានប្រជាជនខ្មែរកាន់តែច្រើនបានទុញខុនដូ ដោយសារពួកគេចង់បានជីវិតស៊ី​វិល័យ និងផាសុខភាព។

លោកបន្តថា “ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរកាន់តែច្រើន នឹងរស់នៅតាមខុនដូ​នាពេលអនាគត ព្រោះពួកគេជាមនុស្សសម័យថ្មី និងចង់បានជីវិតបែបស៊ីវិ​ល័យ”៕

ហេតុអី ទីផ្សារលំនៅដ្ឋាន ផ្លាស់ប្តូរអតិថិជនគោលដៅ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កាលពីទសវត្សរ៍មុន អ្នកវិនិយោគអន្តរជាតិបានសម្លឹងមើលមកកម្ពុជាក្នុងរូបភាពខុសពីបច្ចុប្បន្ន។ ពេលនោះបានចាប់ផ្តើមគំរោងវិនិយោគរបស់ខ្លួន ដោយផ្តោតលើប្រជាជនជាអ្នកមានប្រាក់ច្រើននៅក្នុងស្រុក និងជនបរទេសចូល​មកកាន់ប្រទេ​សនេះ ប៉ុន្តែពេលនេះអ្វីៗបានចាប់ផ្តើមប្រែប្រួលហើយ ដោយសារស្ថានភាពអ​ចលនទ្រព្យ ពិសេសខុនដូថ្លៃបានស្ថិតក្នុងសភាពទ្រឹងនៅក្នុងទីផ្សារ ដែលទើបនឹងងើបឡើងមួយនេះ។

ឥឡូវនេះអ្នកវិនិយោគ និងអ្នកជំនាញសុទ្ឋតែបានចង្អុលបង្ហាញថា ទីផ្សារនេះកំពុងមានការប្រែប្រួលហើយ ព្រោះចំនួនខុនដូប្រណីតកំពុងផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង ប៉ុន្តែទីផ្សារលំនៅដ្ឋាន ពិសេសខុនដូសម្រាប់ប្រជាជនមានជីវភាពទាប និងមធ្យម បាននិងកំពុងហុចផលច្រើនដល់អ្នកវិនិយោគ ស្របពេលតម្រូវការកំពុងកើនឡើងនៅក្នុងក្រុមប្រជាជន ដែលមានប្រាក់ចំណូលមធ្យកំពុងកើនឡើង។

លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបានបោះទុន១០០លានដុល្លារ វិនិយោគលើលំនៅដ្ឋាននៅជាយក្រុងភ្នំពេញ ដោយផ្តោតលើ​អ្នកមានប្រាក់ចំណូលទាប និងមធ្យមបានថ្លែងថា លោកវិនិយោគគំរោងនេះ ដើម្បីជួយប្រជាជនឲ្យមានលទ្ឋភាព មានលំនៅដ្ឋានសមរម្យសម្រាប់ស្នាក់នៅ ដោ យមិនគិតពីប្រាក់ចំណេញជាធំនោះទេ ព្រោះបើគិតពីប្រាក់ចំណេញជាធំ លោកនឹងមិនវិនិយោគគំរោងនេះទេ។

លោកបន្តថា “ខ្ញុំចង់ជួយប្រជាជនឲ្យមានលំនៅដ្ឋានសមរម្យសម្រាប់រស់នៅ បើខ្ញុំចង់យកប្រាក់ចំណេញច្រើន ខ្ញុំនឹងសាងសង់ខុនដូនៅកណ្តាលក្រុងហើយ”។​

លោកឧកញ៉ារូបនេះ បានវិនិយោគដោយជោគជ័យនូវអាគារខុនដូ The Bridge និងគំរោង The PeAk ជាមួយក្រុមហ៊ុន Oxley Holding ដែលមានមូលដ្ឋា​ននៅប្រទេសឹង្ហបុរី ក្នុងតំលៃទុនវិនិយោគជិត១០០០លានដុល្លារ ដើម្បីចាប់យក​អតិថិជនជាអ្នកមានប្រាក់ចំណូលខ្ពស់ ជាលទ្ឋផលគំរោងរបស់លោកជោគជ័យ ព្រោះរហូតមកទល់ពេលនេះខុនដូ The Bridge លក់អស់១០០ភាគរយហើយ ហើយគំរោងខុនដូ និងសណ្ឋាគា Shagri-la ក៏លក់បានជោគជ័យផងដែរ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE CAMBODIA បានថ្លែងថា ទីផ្សារនេះកំពុងវិវត្តន៍មកកាន់ប្រជាជនថ្នាក់កណ្តាល ព្រោះតំលៃខុនដូសម្រាប់ក្រុមប្រជាជនថ្នាក់កណ្តាល អាចឲ្យអតិថិជនក្នុងស្រុកអាចទទួលយកបាន ព្រោះនាពេល​អនាគតប្រជាជនក្នុងស្រុកនឹងរស់នៅតាមខុនដូកាន់តែច្រើន។អ្នកនាងបន្តថា កន្លងមកអ្នកអភិវឌ្ឍន៍ បានផ្តោតការសាងសង់លើខុនដូលំដាប់ប្រណីត ដែលកំពុងមាននិន្នាការកើនឡើងលើសតម្រូវការរួចទៅហើយ។

អ្នកនាងបន្តថា “ខ្ញុំគិតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើខុនដូសម្រាប់ប្រជាជនថ្នាក់កណ្តាល ព្រោះចំនួនប្រជាជនមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន ជាមូលដ្ឋាន​ទីផ្សាររឹងមាំសម្រាប់ធានានិរន្តរភាពវិស័យនេះ”។អ្នកនាងបន្ថែមថា “ការអភិវឌ្ឍប្រ​សិនជាធ្វើឡើងត្រូវទីផ្សារ មានតំលៃសមស្រប មានគុណភាពល្អពិតជាល្អប្រសើរ ប៉ុន្តែអ្វីជាហានិភ័យគឺការដាក់ផលិតផលមិនត្រូវចំណែកទីផ្សារ”។

រដ្ឋាភិបាលបានទទួលស្គាល់ពីបញ្ហានេះរួចទៅហើយ ក្នុងពេលវិស័យនេះកំពុង​មានល្បឿនរីកចំរើនយឺតយ៉ាវជាងមុន។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចំរើន ដោយស្ថិរភាព មិនកាត់បន្ថយបាននូវហានិភ័យហើយ ដោយសារអ្នកវិនិយោគបានងាកមកកាន់ទីផ្សារ សម្រាប់ប្រជាជនថ្នាក់កណ្តាល ស្របពេលការលក់លំនៅដ្ឋានតាមបុរីនានាបានធ្លាក់ចុះ ប៉ុន្តែតំលៃលំនៅដ្ឋាន​នៅតាបបុរីនិមួយៗនៅតែកើនឡើង។

ស្របពេលជាមួយគ្នានេះ គំរោងយក្សមួយស្ថិតនៅខាងមុខស្តាតអូឡាំពិកគឺគំរោង Olympia CITY ក៏បានប្រកាសពីការកាត់បន្ថយ កំពស់អាគារខ្ពស់បំផុតក្នុងគំរោងនេះ ពី៦៥ជាន់មក៤៥ជាន់ និងកាត់បន្ថយអាគារមួយទៀតពីកំពស់៤៥ជាន់មកនៅត្រឹម៣៨ជាន់ផងដែរ។

លោកម៉េង ចំរើនប្រធានគំរោង Olympia CITY បានថ្លែងថា ការកាត់បន្ថយកំពស់អាគារនេះ ដោយសារស្ថានភាពទីផ្សារមិនអំណោយផល ដែលធ្វើឲ្យក្រុមហ៊ុនបារម្ភពីការលំបាកក្នុងការប្រមូលធនធានត្រលប់មកវិញ។

ទោះជាយ៉ាងណា ការបារម្ភនិងទិន្នន័យវិនិយោគជាក់ស្តែងហាក់ផ្ទុយគ្នាដូចមេឃនិងដី ជាក់ស្តែងទុនវិនិយោគក្នុងវិស័យនេះ កាលពីឆ្នាំ២០១៦មានទំហំរហូតដល់​៨៥៣៤​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៥៥,៦៨​ ភាគរយ​ធៀប​រយៈពេល​មួយ​ឆ្នាំ​ ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥​ ជាកំណើនមួយដែលអ្នកជំនាញក្នុងវិស័យនេះ​សុទ្ឋតែមានការភ្ញាក់ផ្អើល និងបានលើជាសំណួរថា តើទឹកប្រាក់ប៉ុន្មានពិតប្រាកដដែលបានហូរចូលមកប្រទេសនេះ។

​តាម​ការ​កំណត់​និយមន័យ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ចន្លោះ​ពី​១.០៤៥ ដល់​៤.១២៥​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ត្រូវ​ចាត់​ចូល​ជា​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ និងប្រជាជន​មាន​ប្រាក់​ចំណូ​ល​ចន្លោះ​ពី៤.១២៥​ ដល់​១២.៧៤៦ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចាត់​ចូល​ជា​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ មធ្យម​កម្រិត​ខ្ពស់ និង​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ក្នុង​មួយឆ្នាំ​ច្រើន​ជាង​១២.៧៤៦​ដុល្លារ ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រជាជន​មាន​ប្រាក់​ចំណូ​ល​ខ្ពស់។

ក្រុមហ៊ុនក្នុងស្រុកមួយ ទំនងជាបានចាប់យកឳកាសទីផ្សារខុនដូសម្រាប់ប្រ ជា​ជនមានប្រាក់ចំណូលមធ្យមមុនគេ និងមើលឃើញទីផ្សារនេះសម្រាប់គំរោង​វិនិយោគរបស់ខ្លួន។

លោកទុយ ប៊ុន អគ្គនាយក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​លំនៅឋាន L កម្ពុជា​ភ្នំពេញ ដែលបានសាងសង់ខុនដូសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមនៅទីតាំងខុសៗគ្នាជាច្រើនបាន​ថ្លែង​ថា ការ​វិនិយោគ​ខុនដូ​របស់​ក្រុមហ៊ុន​លោ​ក​ដែល​ផ្តោត​លើ​ប្រជាជន​ថ្នាក់​កណ្តាល ដោយ​សារ​ហេតុ​ផល​ចំនួន​ពីរ ទី១ ទីតាំង​របស់​លោក​មិន​អាច​ទាក់ទាញ​អ្នក​មាន​ប្រាក់​ច្រើន និង​ទី​ ២ ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម ដែល​ប្រជាជន​ក្នុង​ស្រទាប់​នេះ​មាន​ចំនួន​ច្រើនជាង​ទីផ្សារ​សម្រាប់​អ្នក​ មាន​ជីវភាព​ធូរធារ​។

ខុនដូ L ​បាន​លក់​ចាប់​ពី​តម្លៃ៤ ​ដល់​៨​ម៉ឺន​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ចំនួន​បន្ទប់ និង​ជាន់​និមួយៗ​។

​លោក ​ទុយ ប៊ុន បានបន្ត​ថា​“​ប្រជាជនកម្ពុជានឹង​អាច​រស់នៅ​ខុន​ដូ​ច្រើន​នា​ពេល​អនាគត តាមទីកន្លែងការងារដែលពួកគេធ្វើការ ហេតុនេះទើបក្រុមហ៊ុនបាន​ផ្តល់​ការ​បង់​រំលស់​នូវ​លក្ខ​ខណ្ឌ​សមស្រប ដែល​អតិថិជន​មាន​ប្រាក់​ចំណូល​មធ្យម​អាច​មាន​លទ្ធ​ភាព​បង់​បាន”។

លោក​បន្ត​ថា​ “​ការ​វិនិយោគ​ខុនដូ​របស់​យើង​ធ្វើ​ឡើង​ សម្រាប់​គ្រួសារ​តូច ព្រោះ​​បន្ទប់​មាន​ទំហំ​ចាប់​ពី​៣០ ​ម៉ែត្រ ទៅ​៥០​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែល​មាន​សមាជិក​ត្រឹម​៣​នាក់ ជា​ការ​សមស្រប​ក្នុង​ការ​រស់នៅ​ខុន​ដូ​បែប​នេះ​”។

ទំហំគ្រួសារកម្ពុជាកាន់តែមានការបង្រួមតូចពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ ព្រោះយោងតាម​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​ក្រសួង​សុខាភិបាលបាន​រក​ឃើញ​ថា អត្រា​មាន​កូន​​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា ​ជា​មធ្យម​បាន​ថយ​ចុះ​ពី៣នាក់កាល​ពី​ឆ្នាំ​២០១០ មក​នៅ​ត្រឹម​២,៧០​នាក់​នៅ​ឆ្នាំ​២០១៤​៕

ស្វែងយល់ពីអាស៊ាន! ទៅមើលស្ថាបត្យកម្មអស្ចារ្យមួយទៀតនៅប្រទេសថៃ

0

ដោយ វុត្ថា

ភ្នំពេញ ប្រទេសថៃជាប្រទេសមួយ ក្នុងតំបន់អាស៊ានមានសេដ្ឋកិខ្ចលូតលាស់ខ្លាំងសមរម្យក្នុងចំណោមប្រទេសដទៃទៀត និងជាប់លំដាប់ដែលមានសេដ្ឋកិច្ចធំទី២ក្នុងតំបន់ ហើយក៏ទទួលបានកំនើនទេសចរណ៍ និងអ្នកវិនិយោគយ៉ាងច្រើនផងដែរ។

ប្រទេ​សមួយនេះ ក៏បានសាងសង់រចនាសម្ព័ន្ធអគារខ្ពស់ៗជាច្រើនផងដែរ ដើម្បីទាក់ទាញវិនិយោគ និងអ្នកទេសចរណ៍ដែលមានបំណងទៅលេងក្នុងប្រទេសថៃ។ បន្ថែមពីនេះ គេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារមួយទៀត ក្នុងប្រទេសថៃយកមកចុះផ្សាយទុក គ្រាន់បានស្វែងយល់ពីសក្តានុពលសំណង់អគារ និងសេដ្ឋកិច្ចក្នុងប្រទេសថៃដែលជាប្រទេសនៅជាប់របងនៃប្រទេសកម្ពុជា។

អាគារ State Tower ឬ អគាររដ្ឋ គឺជាអគារដែលខ្ពស់កប់ពពកស្ថិតនៅក្នុងសង្កាត់ដែលមានសេដ្ឋកិច្ចលូតលាស់ Bang Rak ក្នុងទីក្រុងបាងកក ប្រទេសថៃដែលត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០០១។ អគារនេះ គឺជាងគារដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសាងសង់នៅលើទំហំផ្ទៃដី៣០០,០០០ម៉ែត្រការ៉េ ។

អគារដ៏អស្ចារ្យនេះ មានកម្ពស់៦៨ជាន់ និងកំពស់២៤៧ម៉ែត្រ ជាអគារខ្ពស់លំដាប់ទី៣ក្នុងប្រទេសថៃ គិតត្រឹមឆ្នាំ២០១១ ហើយជាអគារខ្ពស់លំដាប់ទី១៣៩ ក្នុងពិភពលោក។ អគារនេះ ត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់រួម។

អាគារState Tower នេះ ត្រូវបានរចនាប្លង់ដោយ សាស្ត្រាចារ្យជនជាតិថៃ លោក Rangsan Torsuwan ក្នុងឆ្នាំ១៩៩០។ អគារនេះ ត្រូវបានគេរចនាកំពូលរបស់ដូចជាមាស ហើយមានរានហាលសម្រាប់ទស្សនាផងដែរ ។ អគារនេះ កាលពីតំបូងត្រូវបានគេដាក់ឈ្មោះថា Silom Precious Tower  បន្ទាប់មកទៀតគេដាក់ឈ្មោះ Royal Choen Krung Tower រហូតដល់បច្ចុប្បន្នជាអគារ State Tower។

State Tower ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពពាណិជ្ជកម្មចម្រុះរួមមានទាំង ខុនដូ អាផាតម៉ិននិងការិយាល័យធ្វើការ ។ មិនតែប៉ុណ្ណោះអាគារនេះ មានទាំងសណ្ឋាគារលំដាប់ផ្កាយ៥ឈ្មោះLebua។

នៅជាន់ទី ៦៤ មានភោជនីយដ្ឋានលើអាកាសឈ្មោះថាSirocco ដែលអាចអោយអ្នកដែលមកទទួលអាហារនៅទីនេះ អាចមើលទេសភាពទីក្រុងបាងកកទាំងមូលបាន មិនត្រឹមតែប៉ុណ្ណោះអាគារនេះ ទទួលបានពានជាច្រើនប្រភេទពីស្ថាប័នជាតិ និងអន្តរជាតិចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ២០១៧ មានចំនួនជាង១០ពានរង្វាន់។

អគារនេះត្រូវបានវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន Challenge Group តែយ៉ាងណាក៏ដោយ ការចំណាយទៅលើការសាងសង់អគារនេះ មិនត្រូវបានគេដឹងថា អស់ថវិការចំនួនប៉ុន្មាននោះទេ៕

កម្ពុជា-ចិន ឯកភាពគ្នាក្នុងការឈប់យកពន្ឋត្រួតស៊ីគ្នា ដើម្បីបង្កើនទំនុកចិត្ត

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្នុងគោលដៅលើកទឹកចិត្តឱ្យអ្នកវិនិយោគិនចិន ចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន បានឯកភាពព្រមព្រៀងឈប់យកពន្ឋត្រួតស៊ីគ្នាចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ខាងមុខតទៅ។

លោក Chen Chagnjing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា មានប្រសា​សន៍ឲ្យដឹងថា ការយកពន្ឋត្រួតស៊ីគ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើឱ្យវិនិយោគិនជួបការលំបាក ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ហើយដើម្បីជួយសម្រួលដល់ដំណើការអាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរ រដ្ឋាភិបាលទាំងពីរភាគីបានឯកភាពគ្នាឈប់យកពន្ឋត្រួតស៊ីគ្នា ចាប់ពីដើមឆ្នាំ២០១៩ខាងមុខតទៅ។

កន្លងមករហូតដល់បច្ចុប្បន្ន ការបង់ពន្ឋត្រួតស៊ីគ្នាបានតម្រូវឱ្យវិនិយោគិនបរទេស បង់ពន្ឋត្រួតស៊ីគ្នារហូតដល់១៤ភាគរយ ប៉ុន្តែនៅពេលមានការលើកលែងពន្ឋនៅឆ្នាំខាងមុខ វិនិយោគិនត្រូវបង់ចំនួនត្រឹម១០ភាគរយប៉ុណ្ណោះ ទៅលើប្រាក់ចំណេញ។ ឧទាហរ​ណ៍ថា នៅពេលមានការលើកលែងពន្ឋនោះ វិនិយោគិនចិនបានបង់ពន្ឋជូនរដ្ឋាភិបាលកម្ពុជារួចម្តងហើយ ហើយប្រាក់ដែលចំណេញសម្រាប់ផ្ញើរ ទៅក្រុមហ៊ុនធំនៅប្រទេសចិននោះ នឹងមិនត្រូវបានពន្ឋជូនរដ្ឋាភិបាលចិនម្តងទៀតទេ។

រហូតមកទល់បច្ចុប្បន្នវិនិយោគិនចិន បានចូលមកបណ្តាក់ទុននៅកម្ពុជា ប្រមាណជាជាង1000ក្រុមហ៊ុន ដែលវិនិយោគទៅលើវិស័យផ្សេងៗដូចជា អចលនទ្រព្យ សំណង់ ថាមពលអគ្គិសនី កាត់ដេរសម្លៀកបំពាក់ ហើយវិស័យដែលធំជាងគេ គឺវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវគមនាគមផ្សេងៗដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងកំពង់ផែនអន្តរជាតិជាដើម៕