ក្រុមហ៊ុនកូរ៉េមួយត្រៀមបោះទុន ២០លានដុល្លារ បង្កើតរោងចក្រផលិតដ្រូននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េមួយគ្រោងចំណាយទឹកប្រាក់២០លានដុល្លារអាមេរិក ដើម្បី​សាងសង់រោងចក្រផលិតដ្រូននៅកម្ពុជា នៅឆ្នាំ២០១៩ខាងមុខនេះ និងយកកម្ពុជាជាមូលដ្ឋានផលិតដើម្បីនាំចេញទៅកាន់ប្រទេសជិតខាង។

អគ្គនាយកក្រុមហ៊ុន S.D.I Air Co,Ltd លោក Chung IL Nyung បានមានប្រសាស ន៍ឲ្យដឹងកាលពីថ្ងៃទី២៥ មិថុនាកន្លងមកថា ក្រុមហ៊ុនលោកបានចាប់ផ្តើមផលិតដ្រូនជាច្រើន​ប្រភេទនៅប្រទេសកូរ៉េកាលពីជាង១ឆ្នាំមុន និងបាននាំចេញទៅលក់នៅប្រទេសរុស្ស៊ី ហើយគ្រោងនាំយកមកលក់នៅប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។ លោកបន្តថា ទន្ទឹមនឹ​ងការនាំចូលដ្រូនផលិតរួច ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រផលិតដ្រូននៅកម្ពុជានៅឆ្នាំក្រោយ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ឬនៅក្នុងខេត្តកំពង់ចាម។

លោកបន្តថា យើងនឹងយកប្រទេសកម្ពុជា ជាមូលដ្ឋានផលិតកម្ម និងធ្វើការនាំចេ ញទៅកាន់ប្រទេសក្នុងតំបន់ ព្រោះកម្ពុជាមានភាពអំណោយផលក្នុងការវិនិយោគ ពិសេ​សរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពងាយស្រួលច្រើនក្នុងការវិនិយោគនៅកម្ពុជា។លោកបន្តថា វានឹងជារោងចក្រធំមួយ ដែលនឹងមិនត្រឹមផលិតដ្រូននោះទេ ប៉ុន្តែនឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ។

ដ្រូនដែលផលិតដោយក្រុមហ៊ុន S.D.I Air Co, Ltd មានច្រើនប្រភេទ ដូចជាដ្រូន សំរាប់បាញ់ពន្លត់អគ្គិភ័យ ដ្រូនសំរាប់ជួយសម្រួលការងារក្នុងវិស័យឧស្សាហកម្ម និងដ្រូនសំរាប់ជួយសំរួលការងារក្នុងវិស័យកសិកម្ម។

លោក Chung IL Nyung បានបន្តថា ដោយសារប្រទេសកម្ពុជាមានភាពអំណោយ​ផលសំរាប់វិស័យកសិកម្ម លោកជឿជាក់ថា ទីផ្សារកម្ពុជាមានភាពអំណោយផលសំរាប់​ផលិតផលរបស់លោក ពិសេសការប្រើប្រាស់ដ្រូន សម្រាប់បាញ់ថ្នាំកសិកម្មដែលផ្តល់ផលចំណេ​ញ​ច្រើនទាំងពេលវេលា ទាំងសុខភាព និងមិនប្រើប្រាស់កំលាំងពលកម្មច្រើននោះទេ។លោកបន្តថា​ ការបាញ់ថ្នាំកសិកម្មតាមបែបប្រពៃណី បានធ្វើឲ្យជាតិថ្នាំជ្រាបចូលក្នុងខ្លួន​មនុស្ស ដែលធ្វើឲ្យពុល និងសុខភាពទ្រុឌទ្រោម ប៉ុន្តែការប្រើប្រាស់ដ្រូនមិនប៉ះពាល់សុខភាពនោះទេ ហើយចំណាយពេលវេលាខ្លី និងមិនខាតបង់កំលាំងពលកម្ម ព្រោះដ្រូនមួយ​អាចជំនួសកំលាំងមនុស្សបាន១០០នាក់៕

អស្ចារ្យ! កម្ពុជាកំពុងសង់ទូក «ង» វែងជាងគេលើពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងធ្វើឲ្យផ្អើលពិភពលោកម្តងទៀតហើយ តាមរយៈការស្ថាបនាទូក”ង”វែងជាងគេលំដាប់ពិភពលោក នៅខេត្តព្រៃវែងធ្វើឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។

កាលពីចុងសប្តាហ៍មុន កម្មវិធីបើកសាច់ទូកកំណាត់ចុងក្រោយបានធ្វើឡើងហើយក្រោមវត្តមាន លោកស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក “ង”វែងជាងគេ។ មកដល់ពេលនេះ ធ្វើបានជាង៧០ភាគរយហើយ។ កំណាក់ក្រោយនេះ គឺធ្វើសាច់ទូកផ្នែកកណ្តាលតែម្តង។

លោកងិន ងិនបាណាល់បានឲ្យដឹងកាលពីសប្តាហ៍មុននេះថា ការបើកសាច់ទូកលើកនេះ ជាកំណាត់ចុងក្រោយហើយ ពោលគឺការធ្វើទូកនេះ ត្រូវបានរៀបពិធីបើកសាច់ទូកផ្នែកខាងក្បាល និងកន្ទុយទូកមុន។ ផ្នែកទាំងពីរនេះបានធ្វើរួចរាល់ហើយ នៅពេលកំណាត់ទីបីចុងក្រោយធ្វើបានរួចរាល់ រូបរាងទូកនឹងចេញជាផ្លូវការ ហើយនឹងដាក់ដំណើរការសាកល្បង។

តាមការបញ្ជាក់ពីប្រភពខាងលើបានឲ្យដឹងថា ទំហំទូកនេះមានការប្រែប្រួលខុសពីការគ្រោងទុកបន្តិច ព្រោះបើតាមការគ្រោងទុក ទូកវែងជាងគេលើពិភពលោកនេះ មានប្រវែង៨៥,៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ដាក់ចំណុះទូកបាន១៧៩នាក់។ ក្បាលទូកឆ្លាក់ចេញជាក្បាលនាគ កន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស។ ប៉ុន្តែតាមសភាពជាក់ស្តែងក្រោយ ពេលបើកសាច់ទូកទំហំទូក អាចធំជាងការគ្រោងទុកទៅទៀត។

សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តព្រៃវែងផលិតទូក”ង”បញ្ជាក់ថា គោលបំណ​ងនៃការកសាងទូកវែងជាងគេលើពិភពលោកនេះ ដើម្បីបំបែកឯតទគ្គកម្មកំណត់ត្រាពិភពលោក និងដើម្បីរំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី។

ការផលិតទូកនេះ ដើម្បីបង្ហាញពីប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ និងជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញឲ្យពិភពលោកទាំងមូលបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយបាន​ មិនត្រឹមតែកសាងប្រាសាទ ដ៏អស្ចារ្យរបស់មហាវីរក្សត្រជំនាន់មុនទេ ប៉ុន្តែកូនខ្មែរជំនាន់ក្រោយក៏អាចសាងបានភាពអស្ចារ្យរបស់ខ្លួនដោយឡែកផងដែរ៕

ដំណឹងល្អ! ក្រូចថ្លុងកោះទ្រង់ត្រូវបានដាក់បញ្ចូលជាម៉ាកសម្គាល់ភូមិសាស្ត្រ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ដំណឹងល្អសម្រាប់អ្នកដាំក្រូចថ្លុងកោះទ្រង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គា​ល់ភូមិសាស្ត្រទំនិញចំពោះ«ក្រូចថ្លុងកោះទ្រង់» ដែលជាផ្លែឈើហូបធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិនៅថ្ងៃទី២៥ មិថុនានេះបានអញ្ជើញ​ប្រកាសដាក់ក្រូចថ្លុងកោះទ្រង់ ជាផលិតផលសម្គាល់ភូមិសាស្រ្ត ដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាសហគមន៍ទេសចរណ៍ ស្ថិតនៅស្របតាមបណ្តោយដងទន្លេមេគង្គនេះ។

លោកប៉ាន សូរស័ក្តិបានលើកឡើងពីអត្ថប្រ​យោ​ជន៍ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏រមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មីថ្ងៃនេះ នឹងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត។

អភិបាលខេត្តក្រចេះ លោកវ៉ា ថនបានជំរុញឲ្យសមាគមក្រូចថ្លុងកោះទ្រង់ ទប់ស្កាត់ការក្លែងបន្លំអត្តសញ្ញាណ និងប្រភពដើមរបស់ផលិតផលក្រូចថ្លុងកោះទ្រង់ ព្រមទាំងជួយទាក់ទាញលំហូ​រ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើននៅក្នុងខេត្តក្រចេះ ជាពិសេសទឹកដីកោះទ្រង់។ លោកបានសំណូមពរដល់ប្រជាកសិករ បង្កើនការដាំដំណាំក្រូចថ្លុង និងចូលរួមជាសមាជិកសមាគម អ្នកដាំក្រូចថ្លុងកោះទ្រុង ដើម្បីទទួលបាននូវបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់ខ្លួនឯង និងក្រុមគួសារ។

កោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុបមានចំនួន៣៣១គ្រួសារ ក្នុងនោះចំនួន១៥៥គ្រួសារបានចូលជាសមាជិកសមាគមក្រូចថ្លុងកោះទ្រង់។ តាមរយៈសមាជិ​កភាពនេះ បានធ្វើឲ្យពួកប្រជាកសិកររីករាយជាមួយទិន្នផល ប្រចាំឆ្នាំយ៉ាងតិច១០០ផ្លែ ក្នុងមួយដើម ក្នុងចំណោមដើមក្រូចថ្លុងដែលផ្តល់ទិន្នផលចំនួន២,៤៧៤ដើម ក្នុងចំណោ​មដើមក្រូចថ្លុងសរុប១៣,៧៩០ដើម ដែលបានដាំនៅក្នុងខេត្តស្ថិតនៅក្នុងតំបន់ភូមិភាគឥសាន្តនេះ៕

ប្រធាន CATA ជំរុញឲ្យអាជ្ញាធរតាមបណ្តាខេត្តទេសចរណ៍មួយចំនួនពង្រឹងស្តង់ដាអនាម័យ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានជំរុញឲ្យអាជ្ញាធរ​ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋពង្រឹងស្តង់ដាអនាម័យ និងសេវាបដិសណ្ឋារកិច្ចឲ្យបាន​ល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកា​ល​ពីសប្តាហ៍មុនថា សណ្ឋាគារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ​ខេត្តសៀម​រាប ព្រះសីហនុជាដើម មានសេវាបដិសណ្ឋារកិច្ចល្អប្រសើរហើយ ពិសេសសណ្ឋា​គារកម្រិតផ្កាយ៤និងផ្កាយ៥ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌ​ល​គិរី និងខេត្តស្ទឹងត្រែងជាដើម មិនទាន់បានពង្រឹងបទដ្ឋានអនាម័យ និងគុណភាព​បដិសណ្ឋារកិច្ចល្អប្រសើរនៅឡើយទេ។

លោកស្រីបន្តថា “ដោយសារមានបញ្ហាបែបនេះ ទើបយើងមិនអាចរៀបចំកញ្ចប់​ទស្សនកិច្ចទៅកាន់ខេត្តទាំងនោះបានទេ ព្រោះវានឹងធ្វើឲ្យភ្ញៀវទេសចរ​មានអារម្មណ៍​មិនល្អ និងខូចដល់កញ្ចប់ទស្សនកិច្ចរបស់យើង”។ លោកស្រីបន្តថា “អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋ គួរពិចារណាឲ្យបានច្រើនពីចំណុចនេះ ទាំងអនាម័យ បញ្ហា​សំរាម និងបញ្ហាជាច្រើនទៀត ដែលមិនទាន់មានការយកចិត្តទុកដាក់នៅឡើយ”។

លោកស្រីបន្តថា ការពង្រឹងស្តង់ដាអនាម័យ បដិសណ្ឋារកិច្ចល្អប្រសើរ នឹងធ្វើឲ្យខេត្ត​ទាំងនោះទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយវានឹងផ្តល់ចំណូលដោយ​ផ្ទាល់​ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងវិស័យនេះប្រកបដោយនិរន្តរភាព។

សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ លោក លូ ម៉េង បានមានប្រ​សាសន៍ស្រដៀងគ្នាថា បញ្ហាសំរាម ជារឿងធំមួយដែលយើងត្រូវដោះស្រាយ​ទាំងអស់​គ្នា ហើយប្រជាពលរដ្ឋ ពិសេសអ្នកវិនិយោគក្នុងវិស័យនេះ គួរយកចិត្តទុកដាក់ឲ្យបាន​ខ្លាំងក្លា​បំផុត។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិមកពីអាស៊ី និងពីបណ្តាប្រទេស​នានា​ក្នុងទ្វីបអឺរុប ពួកគេតែងតែខ្លាចរអា នៅពេលឃើញសំរាមរាយប៉ាយ ពាសវាល​ពាស​កាល​នៅតាមដងផ្លូវ​និងរមណីយដ្ឋាននានា។

លោកបន្តថា “បញ្ហាសំរាមគួរជាអាទិភាពមួយ ហើយប្រជាពលរដ្ឋកម្ពុជាសូមចូល​រួម​ថែររក្សាអនាម័យ និងកុំបោះចោលសំរាមពាសវាលពាសកាល ហើយសូមចាត់ទុកនេះ​ជាបញ្ហារបស់យើងទាំងអស់គ្នា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា វិស័យទេសចរណ៍​ជាវិស័យ​ដែលត្រូវមានការចូលរួមពហុវិស័យ ព្រោះក្រសួងទេសចរណ៍មិនអាចធ្វើបានជោគជ័​យនោះទេ ប្រសិនជាគ្មានការសហការចូលរួមពីក្រសួងពាក់ព័ន្ឋ ពិសេសអាជ្ញាធរថ្នាក់​ក្រោមជាតិ។ លោកបន្តថា បញ្ហាសំរាម និងអនាម័យជាកង្វល់របស់យើង ដែលទាម​ទារ​ឲ្យមានការយកចិត្តទុកដាក់ទាំងអស់គ្នា។ លោកបន្តថា “សូមទាំងអស់គ្នារួមគ្នាគិត រួមធ្វើនិងរួមដោះស្រាយទាំងអស់គ្នា ទើប​យើងអាចសម្រេចបាននូវគោលដៅ​របស់​យើង”៕

សណ្ឋាគារតម្លៃជាង ៤លានដុល្លារ បានបើកដំណើរការទន្ទឹមនឹងកំនើនភ្ញៀវទេសចរណ៍

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សណ្ឋាគារនិងអាផាតម៉ិនថ្មីមួយ ក្រោមការបោះទុនវិនិយោគតម្លៃជាង៤លានដុល្លារ ដែលវិនិយោគដោយ​ពា​ណិជ្ជ​ករ​ក្នុងស្រុកបានបើកដំណើរការ ទន្ទឹមនឹងកំនើននៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។

កញ្ញា ជិន​ ឈុនធីធី ​អ្នកវិនិយោគសណ្ឋាគារនេះបានមានប្រសាសន៍ ក្នុងពិធីសម្ភោធសណ្ឋាគាររបស់ខ្លួន​កាលពី​ចុងសប្តាហ៍មុនថា សណ្ឋាគារនេះមានទីតាំង​ នៅខណ្ឌដូន​ពេញ​ និងបាននិងកំពុងរួមចំណែកច្រើនដល់កម្ពុជា​ ទាំង​សេវា​កម្មសណ្ឋាគា​ ទាំងកំលាំងពលកម្ម​ កាត់បន្ថយចំណាកស្រុក​ និងមានអត្តប្រយោជន៍ច្រើនទៀត។ សណ្ឋាគាថ្មី​ Le Castle River Hotel & Apartment បានចំណាយថវិកាសាង​សង់​ប្រមា​ណជាង​៤លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​បន្ទប់ជិត៩០​បន្ទប់​ និងបានផ្តល់ឱកាសការងារដល់បុគ្គលិកជិត​១០០​នាក់​ ហើយការបើកមុខស​ណ្ឋា​គា​ថ្មី​យ៉ាងល្អប្រណី​ត​នេះ​ បានបង្ហាញកាន់តែច្បាស់ពីភាពរីកចម្រើនសុខសន្តិភាព​ ដែលមា​ន​នៅកម្ពុជា​។

លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ឋសភា រដ្ឋសភា និងអធិការកិច្ច​បាន​ ​បានជំរុញដល់ម្ចាស់ផ្ទះសំណាក់​ &សណ្ឋាគាទាំងអស់​ ត្រូវយកចិត្ត​ទុកដាក់​ តម្លៃសមរម្យ​ គុណភាព​ គោរពទៅតាមច្បាប់​ ដែលបានកំណត់​នៃការបង្កើតនៃសណ្ឋាគារ​ និងបានចូលរួមជាមួយ​រដ្ឋាភិបា​ល​ក្នុងការជួយដល់ប្រជាពលរដ្ឋ​ ហើយកបាន​សរបញ្ជាក់ពីសុខសន្តិភាព​ និងការដឹកនាំប្រទេសប្រកប​ដោយភាពរី​ក​​​ចម្រើន​គ្រប់​ទម្រង់​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ផងដែរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានថ្លែងថា វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ពិសេសសណ្ឋាគារចាប់ពីកម្រិតផ្កាយបួនឡើង មានគុណភាពល្អប្រសើរ និងមានភាពល្បីល្បាញនៅក្នុងតំបន់ ដោយសារ​សណ្ឋាគារនៅកម្ពុជាមានសេវាកម្មល្អប្រសើរ និងមានគុណភាពល្អជាងបណ្តាប្រទេសមួយចំនួនផងដែរ។លោកស្រីបន្តថា ទន្ទឹមនឹងភាពប្រកួតប្រជែងកើនឡើង បានធ្វើឲ្យអ្នកវិនិយោគសណ្ឋាគារកាន់តែពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បី​ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។​

លោកស្រីបន្តថា“នៅពេលមានការប្រកួតប្រជែងកើនឡើង មានន័យថាមានភាពរីកចម្រើនក្នុងវិស័យនេះ ហេតុនេះ ការប្រកួតប្រជែង ជារឿងធម្មតានៅក្នុងយន្តការទីផ្សារសេរី”៕

ដំណឹងល្អ ៖ កំពង់ផែទឹកជ្រៅលើកដំបូងនៅកម្ពុជាចាប់ផ្តើមដំណើរការជម្រុញ វិស័យដឹកជញ្ជូន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កំពង់ផែពហុបំណង និងជាកំពង់ផែទឹកជ្រៅលើកដំបូងក្នុងប្រវត្តិសាស្រ្ត​កម្ពុជា​បានចាប់ផ្តើមបើកសម្ភោធហើយ ដែលវានឹងក្លាយជាផ្នែកមួយជួយជំរុញ​វិស័យដឹកជញ្ជូន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែឆ្ងាយជាងមុន។

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  រួមជាមួយនឹងលោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបានកសាងនៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុនេះគិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅ​នឹង​កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លងកាត់ទំនិ​ញដែលកើនឡើងកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមានដូចជា ចំណតផែ​ទំនិញរាយប្រវែង ៣៣០ ម៉ែត្រជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់​នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹក ប្រាក់សរុបចំនួន​ប្រមាណ ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ អអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង អភិវឌ្ឍន៍​ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

សម្តេច តេជោ ហ៊ុន សែន  បានសម្តែងភាពរីករាយដែលបានអញ្ជើញមកចូលរួមក្នុង​ពិធីសម្ពោធចំណតផែពហុបំ ណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។សម្តេ​ចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន​សាងសង់​​ចំណតចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការ​បំរើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញចេញចូលផ្សេងៗ។

ចំណតផែនេះ  ជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយ ដ៏សំខាន់សម្រាប់ដោះដូរផលិតផល​កសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកដោយបាន​តភ្ជាប់​ទៅនឹងផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេស​ផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើក ការដ្ឋានសាងសង់ក្នុង​ពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ បានរំលឹកថា កាលពីមុនកំពង់ផែក្រុងព្រះសីហនុនេះ អាចមាន​សមត្ថភាព​ដឹកទំនិញបានត្រឹមតែ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែយើង​អាច​ដឹកទំនិញបានរហូដល់ទៅ ៥ម៉ឹនតោន  ដែលមានជម្រៅទឹករហូរទៅ១៤ម៉ែត្រ។ ការបង្កើតចំណតកំពង់ផែនេះគឺកើតឡើងបន្ទាប់មានការចុះ ហត្ថលេខារវាងសម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការ​អភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ២០៣លានដុល្លារអាមេរិក។

លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមាន​ប្រសាសន៍​ថា កំពង់ផែទឹកជ្រៅនេះ នឹងជំរុញការលើកកំពស់ពាណិជ្ជកម្មរបស់​កម្ពុជា​មួយ​បណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលជាផ្នែកមួយជួយជម្រុញដល់កំនើន​សេដ្ឋកិច្ច​កម្ពុជា ហើយរដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម និងធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើងថែមទៀត៕

អាគារពាណិជ្ជកម្មកប់ពពក Royal One តម្លៃ១៥០លានដុល្លារចាប់ផ្តើមប្រកាសលក់

0

ដោយ : គង់ សូរិយា

ភ្នំពេញ : អាគារពាណិជ្ជកម្មភ្លោះកប់ពពក វិនិយោគដោយក្រុមហ៊ុន Royal Group​សហការជាមួយក្រុមហ៊ុនចិន ដែលគ្រោងបោះទុនវិនិយោគតម្លៃ១៥០លានដុល្លារបាន​ប្រកាសលក់ជាផ្លូវការហើយ មុនពេលគំរោងនេះ នឹងចាប់ផ្តើមសាងសង់នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។

ការប្រកាសលក់លំនៅដ្ឋាន និងផ្នែកពាណិជ្ជកម្មនៃអាគារដ៏ខ្ពស់ ស្ថិតនៅចំណុច​ប្រសព្វរ​វាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីនេះ ​បានធ្វើឡើង​ក្រោម​អធិបតី​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរចំពោះលោកឧកញ៉ា គិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេច​ចិត្ត​បណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូត​ដល់កំព​ស់​៦២ជាន់ ស្មើនឹងកម្ពស់ ២៣០ម៉ែត្រ មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹង​មហាវិថីមុនីវង្ស ដោយមានរចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។

លោកជំទាវបានបន្តទៀតថា គំរោងនេះ ពិតជារួមចំណែក​លើកកម្ពស់សោភ័​ណ​ភា​ព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យ​កម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជា កំពុងមានស្ថាន​ភាព​សេដ្ឋកិច្ចល្អ និងស្ថេរភាព​នយោបាយល្អ និងគោលនយោបាយគាំទ្រពី​រាជរដ្ឋភិបាល​ដល់​សកម្មភាព​អាជីវកម្ម និងវិនិយោគនានាផងដែរ។

គំរោងដ៏ធំនេះបានសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ​HuashiGroup ។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយ​ក្រុមហ៊ុន​Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។

លោកឧកញ៉ា គិត ធាង បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់​កប់ពពក​នេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល​៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប​ អាគារការិយាល័យជាដើម។

លោកឧកញ៉ា គិត ធាង បានបន្តថា “អាគារ Royal One នឹងជាអាគារ​ខ្ពស់ជាង​គេ​មួយ ដែលនឹងលើកកំពស់មុខមាត់កម្ពុជានាពេលអនាគតផងដែរ”។

ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន Hutton CPL លោកឧកញ៉ា ចេង ខេង បានមានប្រ​សា​សន៍ថា ការសាងសង់អាគារ Royal One ជារឿងល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា និងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើបរិយាកាសវិនិយោគនៅកម្ពុជា ខណៈ​ដែលទីផ្សារអចលនទ្រព្យកំពុងមានភាពរីកចម្រើន ហេតុនេះវត្តមានអាគារនេះ នឹងជួយ​លើកកំពស់មុខមាត់កម្ពុជាបន្ថែមទៀត។

លោកបន្តថា “ទីតាំងសាងសង់អាគារនេះ ស្ថិតនៅចំណុចពិសេសមួយដែ​លអាច​បញ្ចៀសបាននូវការកកស្ទះចរាចរណ៍”។ លោកបន្តថា “ដោយសារកំនើននៃការមក​ដល់​របស់អ្នកវិនិយោគ ភ្ញៀវទេសចរណ៍ និងទីតាំងអាគារនេះជាតំបន់ដ៏ទាក់ទាញ ខ្ញុំគិតថាវា​នឹងធ្វើឲ្យគំ​រោងនេះទទួលបានជោគជ័យ”៕

 

រយៈពេល៥ខែ ដើមឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង១ពាន់លានដុល្លារ

0

ដោយ : សូរិយា

ភ្នំពេញ : នៅត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០១៨ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៤ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណជាង ១,000 លានដុល្លារអាមេរិក ស្មើនឹងអត្រា ៥៤,២៣% នៃផែនការកំណត់ដោយច្បាប់ ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តន៍បន្ត ដែលប្រារព្វធ្វើនៅសាលាពន្ធដារជាតិ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានថ្លែងឲ្យដឹងថា នេះគឺជាលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online មានចំនួនជាង ៥៣៧ប៊ីលានរៀល ត្រូវប្រមាណជាង ១៣៤លានដុល្លារអាមេរិក ស្មើជិត៧% នៃផែនការច្បាប់ឆ្នាំ២០១៨ ក្នុងនោះបើប្រៀបធៀបទៅនឹងចំណូលខែឧសភា ឆ្នាំ២០១៧ ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ ក្នុងខែឧសភា ឆ្នាំ២០១៨នេះ បានកើនឡើងជិត ៦៦ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦លានដុល្លារអាមេរិក គឺស្មើជិត ១៤% ។

ពាក់ព័ន្ធនឹងការប្រមូលចំណូលនេះ បើគិតក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបានជាង ៤ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ឬស្មើជាង ៥៤% ក្នុងនោះបើប្រៀបធៀបនឹងរយៈពេល ៥ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៨ នេះ កើនឡើងជាង ៤៥២ប៊ីលានរៀល ត្រូវប្រមាណ ១១៣លានដុល្លារអាមេរិក ស្មើជាង ១២% ទាក់ទិននិងការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។

ដើម្បីជម្រុញប្រមូលពន្ធឲ្យកាន់តែមានប្រសិទ្ធភាព លោក គង់ វិបុល បានដាក់ចេញនូវវិធានការមួយចំនួនដូចជាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត សម្រាប់ឆ្នាំចុងក្រោយនេះ ការគ្រោងដាក់ឱ្យដំណើរការនូវប្រព័ន្ធ ផ្សាយបន្ត ផ្ទាល់នៃកិច្ចប្រជុំ ដែលផ្តល់លទ្ធភាពដល់ថ្នាក់់ដឹកនាំ ដើម្បីទទួលបានព័ត៌មានផ្ទាល់ ការពង្រឹងតាមដានសហគ្រាសទាំងឡាយ ដែលប្រើប្រាស់រូបភាពមានអ្នកឈរឈ្មោះជំនួស និងជម្រុញការចុះបញ្ជីបន្ថែម ការបន្តពង្រឹងចាត់វិធានការ ចំពោះការគេចវេះពន្ធគ្រប់រូបភាព ការធ្វើឱ្យប្រសើរឡើងថែមទៀត លើការបង្វិលសងអាករលើតម្លៃបន្ថែមជូនស្ថានទូត អង្គការអន្តរជាតិ ក៏ដូចជាសហគ្រាសនានា ការសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ការបន្តកែទម្រង់ធនធានមនុស្ស ជម្រុញការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ ការបន្ត ខិតខំប្រមូលបំណុលពន្ធដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ក្នុងការធ្វើសវនកម្ម ចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ចំណូលពន្ធជាដើម ។
គួរកត់សម្គាល់ផងដែរថា សម្រាប់ការប្រមូលចំណូលពន្ធ-អាករនូវគ្រប់ប្រភេទ គឺជាចំណូលយ៉ាងសំខាន់សម្រាប់ការបែងចែកចំណាយត្រឡប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រាប់បានទៅនឹងសរសរស្តមដ៏រឹងមាំមិនអាចខ្វះបាននោះឡើយ ៕

វិភាគ៖ ហេតុផលដែលចិនជ្រើសរើសវិនិយោគច្រើននៅខេត្តព្រះសីហនុ

0

ដោយ លាងគង់ យិនៈ ស្ថាបនិកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ៖ នៅពេលនិយាយពីការវិនិយោគ របស់អ្នកវិនិយោគចិននៅខេត្តព្រះសីហនុ មានចម្ងល់ជាច្រើនបានកើតឡើងថា ហេតុអីចិនជ្រើសរើសយកខេត្តនេះ ជាទីតាំងសម្រាប់គំរោងរបស់ខ្លួន។

ចម្លើយសម្រាប់សំណួរនេះ ទាមទារឲ្យមានការឆ្លើយដោយភាពច្បាស់​លា​ស់ និងមានលក្ខណៈវិទ្យាសាស្រ្តមួយ ដើម្បីឲ្យអ្នកអានអាចទទួលយកបានទាំងអស់គ្នា។

ទីតាំងអំណោយផល

ខេត្តព្រះសីហនុ មិនត្រឹមតែមានទឹកសមុទ្រព៌ណខៀវស្រងាត់ ឆ្នេរខ្សាច់ដ៏​ស្រស់ស្អាតនោះទេ ប៉ុន្តែខេត្តនេះជាតំបន់មានអាកាសធាតុល្អប្រសើរ ជាតំបន់មានកំពង់ផែទឹកជ្រៅតែមួយគត់ ដែលអាចតភ្ជាប់ការដឹកជញ្ជូនតាមកប៉ាល់ធំៗ ទៅកាន់ប្រទេសចិនដោយផ្ទាល់ ជាពិសេសគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ (Silk Road)បានផ្តោតលើខេត្តនេះ។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសធំមួយ កំពុងទទួលយកអ្នកវិនិយោគចិនជាង១០០ក្រុមហ៊ុន និងមានរោងចក្រសហគ្រា​សប្រមាណ១៥០ ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២០ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចធំជាងគេនៅកម្ពុជានេះ បានវិនិយោគទឹកប្រាក់ប្រមាណ​៣៥០លានដុល្លារគិតត្រឹមដំណាច់ឆ្នាំមុន។

លើសពីនេះនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់   រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥បានដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មទូទាំ​ងខេត្ត។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសពីរទៀត កំពុងបង្កើតឡើងមួយស្ថិតនៅតំបន់កែវផុស ក្នុងស្រុកស្ទឹងហាវ និងមួយទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុផងដែរ។

ហេដ្ឋារចនាសម្ព័ន្ឋ

ហេដ្ឋារចនាសម្ព័ន្ឋជារឿងមួយ ដែលអ្នកវិនិយោគយកចិត្តទុកដាក់បំផុត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញរបស់ពួកគេ ព្រោះខេត្តព្រះសីហនុ មិនត្រឹមតែមាន​កំពង់ផែទឹកជ្រៅនោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ដទៃទៀត ក៏បានបញ្ចប់​ការសាងសង់ និងត្រៀមនឹងសាងសង់នាពេលឆាប់ៗនេះ។

បណ្តាញផ្លូវរថភ្លើងបានបញ្ចប់រួចហើយ។ ចំណែកព្រលានយន្តហោះកង កេងខេត្តព្រះសីហនុ បាននិងកំពុងពង្រីកបន្ថែម ខណៈសកម្មភាពហោះហើរពី​អាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិកំពុងកើនឡើងជាប្រចាំ។

ជាមួយគ្នានេះ ផ្លូវល្បឿនលឿនដែលគ្រោងចំណាយ១៩០០លានដុល្លារ ក៏​បាននិងកំពុងត្រៀមសាងសង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តដ៏មានសក្តានុពលនេះ ហើយការចុះហត្ថលេខារវាងរដ្ឋាភិបាលនិងក្រុមហ៊ុន ដែលនឹងវិនិយោគសា​ងសង់ផ្លូវល្បឿនលឿនទី១ នៅកម្ពុជាក៏បានបញ្ចប់រួចហើយផងដែរ។

ចំណូលចិត្ត

មិនថាជនជាតិណានោះទេ តែងតែចូលចិត្តតំបន់មាត់សមុទ្រឬមាត់ទន្លេសំ​រាប់អភិវឌ្ឍន៍គំរោងរបស់ខ្លួន ប៉ុន្តែអ្នកវិនិយោគចិនប្រហែលជាមានចំណូលចិត្តពិ​សេសជាងគេ ដោយសាររដ្ឋាភិបាលចិន តែងតែមានគោលនយោបាយពិសេស សម្រាប់អភិវឌ្ឍន៍នៅជាប់តំបន់ឆ្នេរ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជា បណ្ឌិតហុង វណ្ណៈបានថ្លែងថា ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុ ក៏ដូចជានៅកម្ពុជាមាន​ហេតុផលជាច្រើន ប៉ុន្តែបើនិយាយពីការជ្រើសរើសយកខេត្តព្រះសីហនុ ដោ​យសារចិនចូលចិត្តសមុទ្រ ព្រោះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលចិន បានផ្តោតជាពិសេសនៅតំបន់មាត់សមុទ្រ តាមរយៈគោលនយោបាយរបស់ខ្លួន ហើយចិនក៏មានគោលនយោបាយអភិវឌ្ឍន៍ នៅតាមខេត្តដទៃៗក្នុងប្រទេសខ្លួន​តាមរយៈគោលនយោបាយខុសៗគ្នាផងដែរ។

លោកបន្តថា “កត្តាហេដ្ឋារចនាសម្ព័ន្ឋ ជាមូលហេតុអំណោយផលដល់ការ​ជ្រើសរើសវិនិយោគនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា ព្រោះវាងាយស្រួលក្នុង​ការដឹកជញ្ជូន និងសូវចំណាយច្រើន”។

សាររបស់ឯកអគ្គរដ្ឋទូតចិន

ជាមួយនឹងកំណត់សម្គាល់ដ៏កម្រមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកស្យង់ បូកាលពីពេលថ្មីៗនេះបានលើកក្នុងសន្និសីទសារព៌តមានថា រដ្ឋាភិបាល​ចិន​មិនលើកទឹកចិត្តឲ្យអ្នកវិនិយោគចិន សាងសង់ទីក្រុងចិននៅកម្ពុជានោះទេដោយសារមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ​មានភាពល្អប្រសើររួចទៅហើយ។លោកបន្តថា រដ្ឋាភិបាលចិនក៏ប្រឆាំងដាច់ខាត​ចំពោះការវិនិយោគកាស៊ីណូនៅកម្ពុជា ហើយនាំជនជាតិចិនមកលេងល្បែងនៅ​កម្ពុជាផងដែរ។

បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកាស៊ីណូប្រមាណ២០កំពុងដំណើរការ និងមានជនជាតិចិន ប្រមាណ៥០០០នាក់កំពុងរស់នៅ និងប្រកបអាជីវកម្មនិងវិនិយោគនៅខេត្តនេះ។

បញ្ហាប្រឈម

ជាមួយនឹងកំនើនវិនិយោគ កំនើនភ្ញៀវទេសចរណ៍អន្តរជាតិនានា ពិសេសអ្នកវិនិយោគចិន និងកំនើនប្រជាពលរដ្ឋក្នុងស្រុក ខេត្តព្រះសីហនុកំពុងប្រឈមនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ និងបញ្ហាបរិស្ថានដែលត្រូវដោះស្រាយជាបន្ទាន់ផង​ដែរ ខណៈពេលរដ្ឋាភិបាលមិនទាន់មានគោលនយោបាយច្បាស់លាស់ ទាក់ទង​នឹងការធ្វើអាងចម្រោះទឹកកខ្វក់ មុនបង្ហូរចូលសមុទ្រ និងមិនទាន់មានប្លង់មេច្បាស់លាស់សម្រាប់ខេត្តនេះនៅឡើយ។

អភិបាលខេត្តព្រះសីហនុ លោកយន្ត​ មីនបានថ្លែងថា ខេត្តជួបប្រឈមបញ្ហាជាច្រើន ដោយសារកំនើននៃការវិនិយោគ ដែលធ្វើឲ្យការអភិវឌ្ឍន៍ក្នុងខេត្ត​ដើរលឿនលើសការរំពឹងទុក។ លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ការធ្វើអាង​ចម្រោះទឹកកខ្វក់ពីសំណាក់គំរោងអភិវឌ្ឍន៍នានា ជារឿងដែលប្រឈមធំបំផុតក្នុងខេត្ត ហើយអាជ្ញាធរខេត្តបាននិងកំពុងអប់រំណែនាំលើការងារនេះ។

លោកបន្តថា “ប្រសិនជាណែនាំមិនមានប្រសិទ្ឋិភាព អាជ្ញាធរខេត្តនឹងចាត់វិធានការណ៍ និងចាប់បង្ខំឲ្យអនុវត្តន៍ បើមិនដូច្នេះទេបញ្ហាបរិស្ថាននឹងបំផ្លាញអ្វីៗ​ទាំងអស់”។

គោលនយោបាយរបស់រដ្ឋាភិបាល     

ការចាប់ដៃជាមួយចិន ដើម្បីផលប្រយោជន៍របស់កម្ពុជាទាំងសេដ្ឋកិច្ច នយោបាយកាទូត និងភូមិសាស្រ្តនយោបាយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជារឿងត្រឹមត្រូវសំ​រាប់មជ្ឈដ្ឋានអ្នកវិភាគនានា។ លើកលែងតែលោកខាងលិច ដែលមាននិន្នាការប្រឆាំង និងមិនសប្បាយចិត្តពីភាគជាដៃគូរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

ហេតុនេះការវិនិយោគដ៏ច្រើនរបស់ចិននៅកម្ពុជា ដែលមានទំហំទឹកប្រាក់​រហូតដល់ជាង២០ពាន់លានដុល្លារ គិតចាប់ពីទសវត្សរ៍៩០ ដល់ឆ្នាំ២០១៧ មិនអាចកើតមានឡើងដោយចៃដន្យនោះទេ។ វាមានកត្តាជាច្រើន ទាំងផ្ទៃក្នុង និងក្នុងទិដ្ឋភាពនយោបាយ។

កត្តាផ្ទៃក្នុង គឺកម្ពុជាបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលអ្នកវិនិយោគចិន និងអ្នកវិនិយោគដទៃទៀត ដូចជា សន្តិភាពដែលកម្ពុជាត្រូវការពារឲ្យបាន កត្តាស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ ច្បាប់វិនិយោគដែលអនុញ្ញាត្តឲ្យជន​បរទេសមានសិទ្ឋបោះទុន១០០ភាគរយនៅកម្ពុជា ច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ ការផ្ទេរសាច់ប្រាក់មិនមានការបង់ពន្ឋ និងច្បាប់សហកម្មសិទ្ឋដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋិ ទិញលំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ សុទ្ឋតែ​ជាកត្តាអំណយផលដល់ការវិនិយោគនៅកម្ពុជា។ល។

ជាមួយនឹងកំនើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏កើន ឡើងផងដែរ ហើយពេលចំណូលប្រជាពលរដ្ឋកើនឡើង កំលាំងទិញក៏កើនឡើង​ផងដែរ ដែលផ្តល់ឳកាសឲ្យអ្នកវិនិយោគអាចរកប្រាក់ចំណេញនៅទីនេះ(កម្ពុជា)បាន ព្រោះបើពួកគេមិនអាចរកប្រាក់ចំណេញបាន ពួកគេក៏មិនមកកាន់កម្ពុជានោះដែរ។

កត្តាខាងក្រៅ

គ្មានផលប្រយោជន៍ គ្មានទំនាក់ទំនងល្អនោះទេ។ នេះជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ។

ដោយសារកម្ពុជាជាមិត្តដ៏ស្មោះត្រង់ និងអាចទុកចិត្តបានរបស់ចិន និងតែង​តែគាំទ្រចិននៅក្នុងទំនាក់ទំនងអន្តរជាតិ នៅក្នុងគ្រប់ទិដ្ឋភាពនយោបាយ ក៏ដូចជាការពូនជ្រុំនូវទំនាក់ទំនងកាទូតជាប្រវត្តិសាស្រ្ត ដែលធ្វើឡើងដោយអតីតស  ម្តេចព្រះបរមរតនកោដិព្រះសីហនុ និងសម្តេចតេជោហ៊ុន សែន ទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានមូលដ្ឋានគ្រឹះរ៉ឹងមាំ ជាប្រវត្តិ​សាស្រ្ត គឺ “កម្ពុជា ចិនជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ”។

កត្តាទាំងអស់នេះហើយ ដែលចិនជ្រើសរើសវិនិយោគនៅកម្ពុជា ជាពិសេ​សខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។

សរុបមកវិញចិន មិនមែនជាមនុស្សចំលែកនោះទេ ក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំជាមួយកម្ពុជា ហេតុនេះការពូនជ្រុំនូវទំនាក់ទំនងកាទូតរវាង ប្រទេសទាំងពីរ ជាអ្វីដែលយើងគួរអបអរសាទរ និងទទួលយក ដើម្បីយើងអាច​ដើរទៅកាន់វិបុលភាពទាំងអស់គ្នានាពេលអនាគត៕

ទឹកប្រាក់ជិត ៤០ពាន់លានដុល្លារបានចាក់ចូលក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្នុងរយៈពេលជិតពីរទសវត្សរ៍ចុងក្រោយនេះ ទឹកប្រាក់ជិត៤០ពាន់លានដុល្លារត្រូវបានចាក់ចូលក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ដែលបានធ្វើឲ្យមុខមាត់កម្ពុជាឈានទៅលំដាប់ថ្មីមួយ ពិសេសក្រុងភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងបានអនុញ្ញាត្តិផ្តល់លិខិត​សាងសង់ វិស័យសំណង់នៅទូទាំងប្រទេស​ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ចំនួន៣៩៩០៣គម្រោង  មានផ្ទៃក្រឡាសរុបជាង១០២លានម៉ែត្រក្រឡា និងមានទំហំទុនវិនិយោគជាង៣៧,៧៧១លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ដោយឡែកទុនវិនិយោគក្នុងវិស័​យសំណង់ ក្នុងដំណាច់ឆ្នាំ២០១៧នេះ មានទឹកប្រាក់៦៤២៨លានដុល្លារ មានគំ​រោងសរុបចំនួន៣០៥២គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង១០លានម៉ែត្រ​ការ៉េ ខណៈឆ្នាំមុនក្រសួងបានអនុម័តគំរោង២៤០៥ មានផ្ទៃក្រឡាសំណង់ជាង​១១លានម៉ែត្រការ៉េ និងទឹកប្រាក់វិនិយោគជាង៥២៤៦លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាចំនួន​ប្រមាណ២០ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយមិនទាន់រាប់បញ្ចូលពលករជំនាញបរទេ​សនៅឡើយ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ វិស័យសំណង់បានដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ធ្វើឲ្យគុណភាពជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ពិសេសជួយលើកកំពស់​មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយសារគំរោងវិនិយោគធំៗនៅកម្ពុជាភា គច្រើនបានយកទៅដាក់លក់នៅបរទេស។

អ្នកនាងបន្តថា “ជាមួយការការជំរុញឲ្យគុណភាពជីវិតប្រសើរឡើង ខ្ញុំគិតថាវិស័យនេះក៏ជួយក្នុងការអភិវឌ្ឍន៍សង្គម និងហេដ្ឋារចនាសម្ព័ន្ឋនានាផងដែរ”។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា វិស័យនេះបានផ្តល់ផលប្រយោជន៍ច្រើន​ដល់សេដ្ឋកិច្ចជាតិ ពិសេសផ្តល់ការងារដល់ប្រជាពលរដ្ឋ ប៉ុន្តែកម្ពុជាក៏បានបាត់​បង់ផលប្រយោជន៍ច្រើន ពីកំនើននៃការវិនិយោគក្នុងវិស័យនេះផងដែរ ដោយសា​រកម្ពុជា បាននាំចូលវត្ថុធាតុដើមភាគច្រើនពីបរទេស ដែលធ្វើឲ្យតម្លៃបន្ថែមក្នុងវិស័យ​នេះបានបាត់បង់។

លោកបន្តថា “ប្រសិនជាគណនាផលទុនជាតិសរុប ក៏មានការរួមបញ្ចួល​នូវទុនវិនិយោគពីបរទេសផ្ទាល់ផងដែរ ដែលវិស័យសំណង់បានចូលរួមជំរុញកំ​នើនសេដ្ឋកិច្ច និងសង្គម ហើយដើម្បីកាត់បន្ថយការបាត់បង់ផលប្រយោជន៍ក្នុង​វិស័យនេះ ទាមទារឲ្យមានការវិនិយោគវត្ថុធាតុដើមក្នុងប្រទេសឲ្យបានច្រើន”៕