សារព័ត៌មាន Bloomberg ថា ការបង្ហូរលុយរបស់ចិនបានធ្វើឲ្យវិស័យអចលនទ្រព្យ កម្ពុជារីកចម្រើនខ្លាំង

0

ដោយ : វត្ថា

ភ្នំពេញ : សារព័ត៌មានដ៏ល្បីលើពិភពលោក Bloomberg បានចុះផ្សាយថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានរីកចម្រើនលឿនបំផុតក្នុងពិភពលោក ដោយសារការវិនិយោគពីសំណាក់ជនជាតិចិន។

សារព័ត៌នេះបន្តថា ក្នុងអំឡុងពេលតំណើរទស្សនកិច្ចផ្លូវការបស់ប្រធានាធិបតីចិន លោក Xi Jinping កាលពីខែពីខែតុលា ឆ្នាំ ២០១៦ នោះ ប្រធានាធិបតីរូបនេះ បាននាំអ្នកវិនិគិនចិនចំនួន២០០នាក់ មកវិនិយោគលើវិស័យអចលនទ្រព្យ និងសាងសង់អាគារខ្ពស់កប់ពពកជាច្រើន ជាមួយលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនេះ គឺមិននឹកស្មានដល់ឡើយ តែអ្វីដែលសំខាន់អាគារចាស់បុរាណកាលពីសម័យបារំាង និង អគារនៅក្នុងទសវត្សរ៍១៩៩០មួយចំនួនត្រូវបានត់បង់ និងជំនួសដោយខុនដូរដែលមានមានដំលៃថ្លៃ។

លោក Ross Wheble ប្រធានក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំកម្ពុជា បានអោយដឹងថា ទីផ្សារខុនដូពិតណាស់នៅក្នុងទីក្រុង បានផ្គត់ផ្គង់កើនឡើងលើសតម្រូវ​ការ ព្រោះមានការលក់ចេញ និងជួលយឺតដោយសារពលរដ្ឋកម្ពុជា មានតម្រូវការខុនដូតិចតួចបំផុត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE បានអោយដឹងថា ការផ្គតផ្គង់ខុនដូនៅក្នុងទីក្រុងភ្នំពេញ នឹងកើនឡើងទ្វេដងនៅក្នុងនេះគឺមានចំនួន ២០,០០០ យូនីតបន្ថែមទៀត ព្រោះមានគម្រោងមួយចំនួនបានអនុម័តរួចរាល់ និងមួយចំនួនទៀតកំពុងសិក្សា។

បើតាមរបាយការណ៍ CBRE បានអោយដឹងថា នៅក្នុងពាក់កណ្តាលឆ្នាំ២០១៨តម្លៃខុនដូជាមធ្យម នៅក្នុងទីក្រុងភ្នំពេញមានតម្លៃ៣,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ កើនឡើង៦០ភាគរយបើធៀបនឹងឆ្នាំ២០១៣ និងតម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញដែលជាតំបន់ពាណិជ្ជកម្មមានតម្លៃតំនួន៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើង៣ដងចាប់តាំងពីឆ្នាំ២០១៣មក៕

លោកជំទាវ លឹម ឈីវហូរ ប្រាប់ពីវិធីសន្សំលុយដើម្បីក្លាយជាអ្នកមាន

0

ដោយ : ដួង ចន្រ្ទា

ភ្នំពេញ : ការធ្វើអ្នកមានមិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែក៏មិនពិបា​ករហូតធ្វើមិនបាននោះដែរ ប្រសិនជាយើងចេះវិធីគ្រប់គ្រងសាច់ប្រាក់ និង​មានយុទ្ឋសាស្រ្តច្បាស់លាស់។

តើឧកញ៉ាធំៗនៅកម្ពុជា ដែលមានប្រាក់រាប់រយលានដុល្លារ មានវិធីសន្សំប្រាក់យ៉ាងដូចម្តេច? លោកជំទាវ លឹម ឈីវហូរ អគ្គនាយកក្រុមហ៊ុនអ៊ែតវូដ អគ្គនាកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនជាច្រើនទៀតបានប្រាប់វិធីសាស្រ្ត ដើម្បីឲ្យប្រជាពលរដ្ឋអាចសន្សំប្រាក់បានដើម្បីវិនិយោគ។

 

លោកជំទាវបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា គ្មានអ្នកណាម្នាក់ កើតមានមានប្រាក់នោះទេ ដូច្នេះដើម្បីក្លាយជាអ្នកមានបាន គឺមានតែការសន្សំប្រាក់ប៉ុណ្ណោះ ឧទាហរណ៍ ពីរនាក់ប្តីប្រពន្ឋមានប្រាក់ខែចូលគ្នាបាន៥០០ទៅ១០០០ដុល្លារ ពួកគេអាចសន្សំសំចៃ និងដកប្រាក់ខ្លះទិញផ្ទះឬទិញដី ដើម្បីវិនិយោគឬសម្រាប់រស់នៅ ព្រោះសម័យនេះផ្ទះមានលក់បង់រំលោះ ហេតុនេះយើងបានបង់រំលោះបានងាយស្រួល។

លោកជំទាវបានបន្តថា : “បើយើងសន្សំប្រាក់ និងបង់រំលោះផ្ទះក្នុងរយៈពេ​ល​​៥ទៅ១០ឆ្នាំក្រោយ ផ្ទះនឹងឡើងថ្លៃ ពេលនោះយើងអាចមានលុយទាំងដុំកាន់ហើយ”។​​លោកជំទាវបានបន្តថា “ ប្អូនៗអាចចាយវាយ និងសន្សំដោយអត់ធ្មត់បន្តិច នឹងទទួលបានលុយហើយ ហើយ១០ឆ្នាំក្រោយ យើងអាចមានលុយដើម្បីវិនិយោគហើយ”។

លោកជំទាវបានបន្តថា តាមការសិក្សារបស់ក្រុមហ៊ុនរបស់លោកជំទាវបាន​រកឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅបន្តរីកចំរើនរយៈពេលវែង​បន្ថែមទៀត ដោយសារការរីកចំរើនសេដ្ឋកិច្ចសង្គម កំណើប្រជាសាស្រ្ត ហើយអ្នកវិនិយោកអន្តរជាតិជាច្រើន បាននិងកំពុងចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើននាពេលខាងមុខ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន៕

មុនទិញដីឡូត៍ត្រូវពិនិត្យ៦ចំណុចនេះសិនដើម្បីបញ្ចៀសហានិភ័យ

0

ស្របពេលចលនានៃការទិញដីឡូត៍ និងពុះដីឡូត៍លក់ចាប់ផ្តើមផ្ទុះរឿងបណ្តើរៗ កោញសន្តិភាពសូមយកចំណុចពិសេសខ្លះចេញពីវេបសាយលំដាប់អន្តរជាតិមួយ គឺគេហទំព័រ Propertyarea.asia ដែលបានពន្យល់លំអិតពីបញ្ហានេះ។

គេហទំព័រនេះបានណែនាំអ្នកមានបំណងទិញ ឬវិនិយោគលើដីឡូត៍ពិនិត្យ​មើលទិដ្ឋភាពមួយចំនួន មុនសម្រេចចិត្តទិញឬមិនទិញដីឡូត៍ទាំងនោះ។

ទិដ្ឋភាពផ្លូវច្បាប់

ត្រូវប្រាកដថាដីឡូត៍ដែលលោកអ្នកទិញ ជាការទិញពីម្ចាស់ប័ណ្ណពិតប្រាក​ដ មិនមែនទិញពីអ្នកពុះដីឡូត៍នោះទេ ព្រោះអ្នកពុះដីឡួត៍មួយចំនួនបានយកដីគេមកលក់ ហើយរត់ចោលអតិថិជនរបស់ខ្លួន នៅពេលពួកគេប្រមូលប្រាក់បាន(ករណីនេះបានកើតមានរួចហើយ។

ប្លង់កម្មសិទ្ឋ

ចំណុចមួយទៀតត្រូវប្រាកដថា ដីឡូត៍ដែលខ្លួនបានទិញមានប្លង់ត្រឹមត្រូវ។ នេះមានន័យថា ប្រសិនជាដីឡូត៍នោះមានប្លង់រឹង ត្រូវតែកាត់ប្លង់រឹង ព្រោះអ្នកលក់ដីឡូត៍ខ្លះមានប្លង់រឹង តែបានកាត់ប្លង់​ត្រឹម ស្រុក ឬខ័ណ្ឌ ឬត្រឹម ឃុំសង្កាត់។ ប្រសិនជាការទិញលក់បែបនេះ ពិតជាមានហានិភ័យ ព្រោះម្ចាស់ដីឡូត៍ខ្លះបានដាក់ប្លង់នៅធនាគាររួចហើយ និងអាចលួចផ្ទេរកម្មសិទ្ឋដល់កូនចៅ​របស់ខ្លួនជាប្លង់រឹង នោះអ្នកទិញដីឡូត៍នោះនឹងមានហានិភ័យកើតឡើង ព្រោះពួកគេគ្មានមូល​ដ្ឋានផ្លូវច្បាប់តវ៉ាឡើយ

ហេដ្ឋារចនាសម្ព័ន្ឋ

តាមធម្មតា អ្នកពុះដីឡូត៍លក់តែងតែមានយុទ្ឋសាស្រ្តខុសៗគ្នា ដើម្បីទាក់​ទាញអតិថិជនរបស់ខ្លួន តាមរយៈការចាក់ផ្លូវ ដាក់បង្គោលអគ្គិសនី ទឹកស្អាត និងប្រព័ន្ឋលូជាដើម។ ហេតុនេះអ្នកទិញ ដែលមិនយល់ពីបញ្ហានេះ ពួកគេមិនបារម្ភឡើយ ប៉ុន្តែមានរឿងជាច្រើននៅក្នុងនោះ ដូចជា តើផ្លូវត្រូវតាមស្តង់ដាឬទេ? ប្រព័ន្ឋលូមានកន្លែងបង្ហូរត្រឹមត្រូវឬទេ ឬគ្រាន់តែដាក់ឲ្យរួចពីដៃ។ ចំណុចមួយទៀតតើប្លង់ទាំងនោះត្រូវបានទទួលស្គាល់កម្រិតណា?ជាដើម។ នេះជាចំណុច ដែលត្រូវសួរ។

ការបង់រំលោះ

ដោយសារតែចង់ពុះដីឡូត៍លក់បានច្រើន និងយកចំណេញ អ្នកវិនិយោគពុះ​ដីឡូត៍លក់តែងតែឲ្យអតិថិជន បង់ប្រាក់នៅក្រុមហ៊ុនរបស់ខ្លួន ដោយគ្មានការ​ប្រាក់។នេះជាចំណុចហានិភ័យមួយ ព្រោះទី១ ការទូទាត់បែបនេះមិនមានច្បាប់​ណាមួយគ្រប់គ្រងឡើយ ទី២ ការបង់រំលោះបែបនេះ ក្រុមហ៊ុនអាចប្រមូលបានប្រាក់ហើយរត់ និងមិនទទួលខុសត្រូវ និងប្រព័ន្ឋបង់ប្រាក់បែបនេះ ជាការទូទាត់​ខុសច្បាប់។

ទិដ្ឋភាពសង្គម

តំបន់ដីឡូត៍មិនងាយនឹងមានការអភិវឌ្ឍនោះទេ ដោយសារអ្នកទិញដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងពួកគេរង់ចាំគ្នា មិនងាយនឹងធ្វើការសាងសង់លំនៅដ្ឋាននោះទេ។ ទោះជាពួកគេសាងសង់លំនៅដ្ឋាន ក៏ជាលំនៅដ្ឋានគ្មា​នរបៀបរៀបរយនោះដែរ ព្រោះពួកគេមានចិត្តស្រលាញ់ខុសៗគ្នា ដែលធ្វើឲ្យស​ហគមន៍ពួកគេរស់នៅមិនមានសោភ័ណភាពឡើយ។

ទិដ្ឋភាពសេដ្ឋកិច្ច

អ្នកទិញដីឡូត៍ភាគច្រើន ចង់ទិញយកលក់យកចំណេញ ប៉ុន្តែតាមធម្មតា អ្នកទិញដីឡូត៍ មិនងាយទទួលបានផលចំណេញនោះទេ ព្រោះអ្នកវិនិយោគពុះដីឡូត៍លក់ បានយកចំណេញខ្ពស់រួចទៅហើយ។ ហេតុនេះការទិញដីឡូត៍មិនសូវ ទទួលបានផលចំណេញខ្ពស់នោះឡើយ៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថានក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

0

ដោយ រតនៈ

       ភ្នំពេញ៖ ក្រុមហ៊ុនប៉េង ហួតគ្រុបបានចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

លោក ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពេលដែលបុគ្គលិកបុរីប៉េង ហួតគ្រុបប្រមាណ២០០នាក់ចូលរួមសំអាតបរិស្ថាននាឳកាសនោះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេ​ញ លោកសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ”។

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រ​ទេ​សកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។

លោកបន្តថា “ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយ ចាប់តាំងពីដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមានលំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសំរាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស”។

ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា“បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន។ សំរាម គឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខនេះ៕

ឧកញ៉ាជាច្រើនចាប់ផ្តើមដាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឧកញ៉ាធំៗជាច្រើននៅកម្ពុជា បានចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿង​ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ដោយសារមានតម្រូវការខ្ពស់ពីបណ្តាប្រទេសរីកចំ​រើននានា។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កញ្ញានេះថា លោកបាននិងកំពុងចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី១០០០ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែងដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីក្រុងឌូបៃ ដោយសារប្រទេសទាំងពីរមានតម្រូវការចេកប្រភេទនេះខ្ពស់។ លោកឧកញ៉ាបន្តថា យើងមានទីផ្សារទូលំទូលា​យ តែអ្វីសំខាន់នាពេលនេះយើងត្រូវដាំចេកឲ្យបាន ដើម្បីនាំចេញទៅកាន់ទីផ្សារទាំងនោះ។

ចេកអំបូងលឿង ជាពូជចេកមកពីសហរដ្ឋអាមេរិក ដែល​ជាចេកមានរសជាតិឆ្ងាញ់ និងមានភាពរមួតល្អ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយនឹងគំរោងដាំចេកដើម្បីនាំចេញនេះ យើងមានគំរោងបង្កើតរោងចក្រផលិតម្សៅចេកផងដែរ ព្រោះផ្លែចេកដែលយើងប្រ​មូលផលបាន មិនប្រាកដអាចនាំចេញបានទាំងអស់ទេ។ ហេតុនេះយើងទាមទារការកែច្នៃវា ទៅជាម្សៅ ដើម្បីប្រើប្រាស់ផលិតអ្វីផ្សេងៗទៀត។

ទោះជាយ៉ាងណាលោកឧកញ៉ា មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ។

ជាមួយគ្នានេះលោកឧកញ៉ាហ៊ុន ឡាក់អនុប្រធានសហព័ន្ឋស្រូវអង្ករកម្ពុជាដែល​បានបោះទុន៣០លានដុល្លារដាំចេកអំបូងលឿង លើផ្ទៃដី១០០០ហិកតានៅក្នុងស្រុកឈូក ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារចេកអំបូងលឿងមានភាពល្អប្រសើរ និងមានតម្លៃល្អខ្លាំងធៀបជាមួ​យ​ចេកធម្មតានៅក្នុងស្រុករបស់យើង។លោកបន្តថា ​ចេកនេះមិនមែនដាំបាននៅគ្រប់ប្រ​ទេសនោះទេ ប៉ុន្តែសម្រាប់កម្ពុជាមានដីដែលមានងំណោយផលសម្រាប់ដាំចេកនេះ ប៉ុន្តែ​កន្លងមកមិនសូវមានអ្នកចាប់អារម្មណ៍ ទើបចេកនេះមិនសូវមានដាំនៅកម្ពុជា។

លោកបន្តថា យើងអាចនាំចេញចេកប្រភេទនេះបានទូទាំងពិភពលោក ដោយ​សារវាជាចេកមានរសជាតិឆ្ងាញ់ និងជាចេករក្សាទុកបានយូរ ងាយស្រួលក្នុងការនាំចេញ ទៅកាន់ក្រៅប្រទេស។លោកបន្តថា ចេកអំបូងលឿងដាំនៅកម្ពុជាជាលើកដំបូង នឹងអាចនាំចេញពីកម្ពុជានៅដើមឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែបរិមាណនៃការនាំចេញមិនទាន់អាចព្យាករណ៍បាននៅឡើយទេ៕     

អ្នកវិនិយោគអាមេរិកមួយក្រុម មកស្វែងរកឳកាសវិនិយោគនៅកម្ពុជា

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រតិភូវិនិយោគអាមេរិកមួយក្រុមនឹងមកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងរកនិងពិនិត្យកាលានុវត្តន៍ភាព ស្វែងរកដៃគូវិនិយោគនៅកម្ពុជានាពេលខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ដល់២៧ កញ្ញាខាងមុខនេះ។ ដំនើរ​ទស្សនកិច្ចនេះ រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា សហការជាមួយស្ថាន​ទូតអាមេរិកប្រចាំកម្ពុជាផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កញ្ញានេះថា លោកមិនទាន់ដឹងថាមានថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកប៉ុន្មាននាក់ពិតប្រាកដ នឹងមកទស្សនកិច្ចនៅកម្ពុជាទេ ប៉ុន្តែពួកគេនឹងរៀបចំកម្មវិធីនៅសណ្ឋាគារ Rosewood នាថ្ងៃទី២៦ កញ្ញាខាងមុខនេះ។លោកបន្តថា ក្រុមហ៊ុនទាំងនេះភាគច្រើន ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ទាក់ទងនឹងគ្រឿងយន្តកសិកម្មជាដើម។

លោកបន្តថា “ដំណើរទស្សនកិច្ចរបស់ពួកគេ នឹងមកជួបផ្នែកឯកជននៅកម្ពុជាដើម្បីស្វែងរកឳកាស និងដៃគូពាណិជ្ជកម្មនៅទីនេះ”។ លោកបន្តថា ក្រុមហ៊ុនទាំងនេះសុទ្ឋតែមានមូលដ្ឋានវិនិយោគនៅប្រទេសថៃ វៀត​ណាម និងសឹង្ហបុរីរួចហើយ ហេតុនេះយើងមានសង្ឃឹមច្រើនថាពួកគេនឹងមកវិនិយោគនៅ​កម្ពុជា”។

តាមព៌តមានក្រៅផ្លូវការពីស្ថានទូតអាមេរិកបានឲ្យដឹងថា ប្រតិភូវិនិយោគអាមេរិកដំពូងឡើយគ្រោងទស្សនកិច្ចនៅកសិដ្ឋានដ៏ធំរបស់លោកឧកញ៉ាម៉ុង រិទ្ឋី ប៉ុន្តែគំរោងនេះ​ទំនងជាលុបចោលវិញ ដោយសារពេលវេលាមានកំណត់។ ហេតុនេះប្រតិភូនឹងទស្សន​កិច្ចនៅសហគ្រាសផលិតនំស្រួយលី លីជំនួសវិញ។

​លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា នៅកម្ពុជាមិនមានគំរោងវិនិយោគរបស់អាមេរិកច្រើនទេ ដោយសារសហរដ្ឋអាមេរិកស្វែងរកការវិនិយោគផ្នែកបច្ចេកវិទ្យាច្រើន ខណៈកម្ពុជាមិនទាន់មានសក្តានុពលលើផ្នែកនេះនៅឡើយ ទាំងធនធានមនុស្ស និងការអភិវឌ្ឍផ្នែក​បច្ចេកវិទ្យានៅមានកម្រិត។

លោកបន្តថា “កត្តាទីផ្សារក៏ជាផ្នែកមួយផងដែរ ព្រោះទីផ្សាររបស់យើងតូច មិនឆ្លើយតបនឹងគំរោងអភិវឌ្ឍន៍ធំៗនៅឡើយទេ”។លោកបន្តថា “ប្រសិនជាសហរដ្ឋអាមេរិកចង់ចូលមកវិនិយោគផ្នែកកសិកម្ម ទាក់ទ​ងនឹងសុវត្ថិភាពអាហារ ឬផលិតអាហារសរីរាង្គ ជារឿងប្រសើរ ប៉ុន្តែត្រូវមានការគាំទ្រនិងរៀបចំគាំទ្រពីរដ្ឋាភិបាលជាមុន”៕

អ្នកឧកញ៉ា គិត ម៉េង ជាប់នៅក្នុងតារាងមហាសេដ្ឋីទាំង១០នៅក្នុងតំបន់អាស៊ាន

0

ដោយវុត្ថា

ភ្នំពេញ៖ តំបន់អាស៊ាន គឹជាកំពុងតែងមានសេដ្ឋកិច្ចរីកលូតលាសខ្លាំង ហើយមានមហាសេដ្ឋី១០២រូបមកពីប្រទេធំៗចំនួន៦។ បច្ចុប្បន្ននេះតំបន់អាស៊ាន ក្លាយជាតំបន់​ដែ​លទាក់ទាញបំផុត មិនត្រឹមតែសម្រាប់ទេសចរណ៍ តែសម្រាប់វិនិយោគិននិងពាណិជ្ជកម្ម​។

គេហទំព័រ prospects បានចុះផ្សាយពីមហាសេដ្ឋីចំនួន១០ មកពីតំបន់អាស៊ាន ដែលមានទ្រព្យសម្បត្តិមហាសាល។ តើនណាខ្លះជាមហាសេដ្ឋីនៅក្នុងតំបន់អាស៊ាននេះ ? ប្រភពចំណូលបានមកពីណាខ្លះ? ។

/ មហាសេដ្ឋី ស្តេច Sultan Hassanal Bolkiah ជនជាតិ Brunei

ស្តេចSultan Hassanal Bolkiah មានអាយុ៦៣ឆ្នាំ មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ស្តេចរូបនេះត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី នៃប្រទេ​សប្រុយណេ និងជាប្រទេសដែលនាំប្រេងទៅកាន់ពិភពលោក។

ទី២/ មហាសេដ្ឋី Henry Sy ជនជាតិហ្វីលីពីន

មហាសេដ្ឋី Henry Sy មានអាយុ ៩៣ ឆ្នាំ មានទ្រព្យសម្បត្តិ ២០ ពាន់លានដុល្លារ ជាអ្នកវិនិយោគ ទៅលើវិស័យជាច្រើន រួមមាន ឧស្សាហកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច ធនាគារ រ៉ែ អប់រំ និង មន្ទីរពេទ្យជាដើម។

ទី៣/ មហាសេដ្ឋី Charoen Sirivadhanabhakdi ជនជាតិថៃ

មហាសេដ្ឋី Charoen Sirivadhanabhakdi មានអាយុ៦៥ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៧.៩ពាន់លានដុល្លារ។មហាសេដ្ឋីរូបនេះ វិយោគទៅលើចំណីអាហារ និងអចលនទ្រព្យ។ ថ្មីៗនេះ មហាសេដ្ឋីរូបនេះ បានគ្រប់គ្រងទៅលើដី១០៨,០០០ហិកតា នៅក្នុងប្រទេសថៃ និងជាម្ចាស់សណ្ឋាគារជាង៥០កន្លែង នៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង នៅក្នុងតំបន់អាស៊ីជាច្រើនផ្សេងទៀត។

ទី៤/ មហាសេដ្ឋី Robert Budi Hartono ជនជាតិឥណ្ឌូនេស៊ី

មហាសេដ្ឋី Robert Budi Hartonoមានអាយុ៦៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ១៧.៤ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិនិយោគទៅលើធនាគារ និងថ្នាំជក់។

ទី៥/ មហាសេដ្ឋី Robert Kuok ជនជាតិម៉ាឡេស៊ី

មហាសេដ្ឋី Robert Kuok មានអាយុ៩៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១៤.៨ ពាន់លានដុល្លារ ។ មហាសេដ្ឋីរូបនេះ វិយោគទៅលើប្រេង ដឹកជញ្ជូនតាមកាប៉ាល់ សណ្ឋាគារ ចណីសត្វ ស្ករអំពៅ និង អចលនទ្រព្យជាដើម។

ទី៦/ មហាសេដ្ឋី Rober & Philip Ng ជនជាតិសឹង្ហបុរី

មហាសេដ្ឋី Rober & Philip Ng មានទ្រព្យសម្បត្តិ ចំនួន៨.៧ ពាន់លានដុល្លារ  ដែលវិនិយោគទៅលើវិស័យចលនទ្រព្យ ដោយបានកាន់កាប់ក្រុមហ៊ុនធំៗជាច្រើន ដូចជា Sino Group ជាដើម។

ទី៧/ មហាសេដ្ឋី Pham Nhat Vuong ជនជាតិវៀតណាម

មហាសេដ្ឋី Pham Nhat Vuong មានអាយុ៤៩ឆ្នាំ មានទ្រព្យសម្បត្តិចំនួន ៦.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ មហាសេដ្ឋីរូបនេះមានក្រុមហ៊ុនឈ្មោះ Vinggroup វិនិយោគទៅលើអលនទ្រព្យ ការិយាល័យជួល សុខាភិបាល និងវិស័យផ្សេងៗទៀតជាច្រើន។

ទី៨/ មហាសេដ្ឋីគិត ម៉េង ជនជាតិកម្ពុជា

មហាសេដ្ឋីគិត ម៉េងមានអាយុ៥០ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.៦ ពាន់លានដុល្លារ គឺជាប្រធានក្រុមហ៊ុន The Royal Group ដោយវិនិយោគទៅវិស័យធនាគារ រថភ្លើង ទូរគមនាគមន៍ និងទូរទស្សន៍ជាដើម។

ទី៩/ មហាសេដ្ឋី Tay Za ជនជាតិមីយ៉ាន់ម៉ា

មហាសេដ្ឋីTay Za មានអាយុ៥៤ឆ្នាំ មានទ្រព្យសម្បត្តិចំនួន១.២ ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុនHTOO Group  វិនិយោគទៅលើវិស័យជាច្រើនប្រទេភេទ ។ មហាសេដ្ឋីរូបនេះ មានរឿងអាស្រូវជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានខ្សែស្រឡាយជាប់នឹងមន្ត្រីធំៗ ដូជា លោក Than Shwe អតិតមេដឹកនាំមីយ៉ាន់ម៉ាជាដើម។

ទី១០/ មហាសេដ្ឋី Khamtai Siphandone ជនជាតិឡាវ

មហាសេដ្ឋី Khamtai Siphandone មានអាយុ៩៤ឆ្នាំ មានទ្រពុ្យសម្បត្តិចំនួន ៨០០លានដុល្លារជាង។ មហាសេដ្ឋីរូបនេះជាអតិអ្នកនយោបាយ ដោយធ្លាប់ធ្វើជាប្រធានធិបតីរបស់ប្រទេសឡាវ  និងជាសមាជិកកណ្តាលរបស់គណបក្សបដិវដ្តឡាវ នៅក្នុងឆ្នាំ ១៩៥៦៕

ដើម្បីលក់ផ្ទះឆាប់ដាច់សូមអនុវត្តន៍ជំហ៊ានទាំង៥នេះ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជាលោកអ្នកអនុវត្តន៍តាមអ្នកជំនាញរបស់យើង។

លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltdដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កក្កដានេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពី​យុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។

លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្ត​ចំនួន៥ រួមមាន ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយ​កខ្វក់ និងមានក្លិនមិនល្អ។ ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិន​បើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវ​រញ៉េរញ៉ៃ​ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ​។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូបSpayបាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

SEA GATE SUITE ខុនដូតម្លៃជាង ១០០លានដុល្លារ ស័ក្តិសមសម្រាប់ការវិនិយោគ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ជាមួយនឹងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ កំនើនភ្ញៀវទេសចរណ៍ ខុនដូ SEA GATE SUITE បានក្លាយជាគំរោងមួយដែលស័ក្តិសមសម្រាប់ការវិនិយោគ ដោយសារកំនើនតម្រូវការបន្ទប់ស្នាក់នៅកើនខ្ពស់ជាប្រចាំ។

ការសម្រេចចិត្តជ្រើសរើសវិនិយោគគម្រោងនេះ ដោយសារកត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ យើងមានទំនុកចិត្តលើ​ម្ចាស់អភិវឌ្ឍន៍គំរោងនេះ ដែលពួកគេនឹងសាងសង់គំរោងនេះចប់ចុងចប់ដើម ទី២ អ្នកសាងសង់គំរោងនេះ ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ៣នៅប្រទេសចិន និងជាប់ចំណា​ត់ថ្នាក់លេខ១នៅកម្ពុជា និងទី៣ តម្រូវការបន្ទប់ស្នាក់នៅក្នុងទីក្រុងព្រះសីហនុបានកើនឡើងខ្ពស់។

គំរោងនេះសាងសង់ដោយក្រុមហ៊ុន CSCEC និងវិនិយោគដោយក្រុមហ៊ុនKHCN Investment &Development Co, Ltd។

ប្រធានផ្នែកទីផ្សារនៃគម្រោង Sea Gtate Suite បានមានប្រសាសន៍ឲ្យដឹងកាលពី ពេលថ្មីៗនេះថា “អ្នកទិញគំរោងនេះ នឹងទទួលបានការបង់រំលស់ ដោយឥតការប្រាក់រយៈ​ពេលបីឆ្នាំ ហើយពេលសាងសង់ចប់ អ្នកទិញផ្ទះក្នុងគំរោងនេះនឹងទទួលបានការជួលត្រលប់វិញ ក្នុងអត្រា៨ភាគរយប្រចាំឆ្នាំ”។

គំរោងខុនដូ Sea Gate Suite ជាខុនដូប្រណីត ដែលមានបន្ទប់សរុបចំនួន១១១៨យូនីត និងលក់ក្នុងតម្លៃពិសេសត្រឹម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។ ខុនដូSea Gate Suite មានកំពស់សរុប៤៣ជាន់ និងសាងសង់នៅទីតាំងនៅជាប់សាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។

ជាមួយនឹងទីតាំងសមស្រប និងជាគំរោងដែលមានកំពស់ខ្ពស់ជាងគេក្នុងខេត្តនេះ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត៣៦០ដឺក្រេចេញពីខុនដូនេះ។ លោកបន្តថា គំរោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះការបុកគ្រឹះបានបញ្ចប់ហើយ។ គំរោងនេះមានចំណតយាន​យន្តចាប់ពីជាន់ទី១ដល់ទី៧ ជាន់ទី៧ជាផ្សារទំនើប ជាន់ទី៨ ជាក្លឹបហាត់ប្រាណ អាងហែលទឹក និងចាប់ពីជាន់ទី៩ឡើងទៅជាខុនដូ និងសណ្ឋាគារ។

បច្ចុប្បន្នខុនដូប្រមាណ១០គំរោងបាន និងកំពុងសាងសង់នៅទីក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនខុនដូ សរុបមានប្រមាណ៦០០០យូនីត ស្របពេលតម្រូវការបន្ទប់ស្នាក់នៅបានកើនឡើងយ៉ាងខ្ពស់ ដោយសារលំហូរនៃអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគ​ចិន និងការទៅទស្សនាកំសាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

អ្នកជំនាញផ្នែកទេសចរណ៍បានសម្តែងសុទិដ្ឋិនិយម ដោយសារកំនើនភ្ញៀវទេសច​រណ៍ តាមរយៈការភ្ជាប់ជើងហោះហើរកាន់តែច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានមានប្រសា​សន៍ថា ខេត្តព្រះសីហនុប្រឈមកង្វះបន្ទប់សណ្ឋាគារជាប្រចាំ ពិសេសថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យទាននានា ដែលធ្វើឲ្យការវិនិយោគបន្ថែមលើបន្ទប់សណ្ឋាគារ ឬបន្ទប់ស្នាក់នៅ​ផ្សេងទៀតជាតម្រូវការចាំបាច់។លោកបន្តថា មានសណ្ឋាគារផ្កាយ៥ចំនួន២០០០បន្ទប់ទៀតនឹងដាក់ចូលទីផ្សារនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខ ប៉ុន្តែចំនួននេះមិនគ្រប់ គ្រាន់ទេ៕

ចំនួនអាផាតម៉ិនដាក់ចូលទីផ្សារនឹងកើនដល់ជាង២ម៉ឺនយូនីត នៅដំណាច់ឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ទីផ្សារអាផាតម៉ិននៅតែមានសញ្ញាវិជ្ជមាន ទោះជាការផ្គត់ផ្គង់កើនដល់ជា​ង​២០,០០០យូនីតនៅដំណាច់ឆ្នាំ២០១៨នេះក្តី ក៏តម្រូវការនៃការជួលនៅបន្តកើនឡើង។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា តម្លៃជួលអាផាតម៉ិនបាន​និងកំពុងកើនឡើងធៀបជាមួយការជួលខុនដូ ដោយសារអាផាតម៉ិនមានសេវាកម្មច្រើន​ជាងខុនដូ។ អាផាតម៉ិនមានតម្លៃជួលជាមធ្យម២១ដុល្លារ ប៉ុន្តែខុនដូមានតម្លៃត្រឹម១៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ថយចុះពី១៨ដុល្លារកាលពីពីរបីឆ្នាំមុន។

អ្នកនាងបន្តថា អាផាតម៉ិនកម្រិតAមួយបន្ទប់គេងមានតម្លៃ១២០០ដុល្លារ ពីរបន្ទប់​គេងមានតម្លៃ២២០០ដុល្លារ និងបីបន្ទប់គេងមានតម្លៃ៣៣០០ដុល្លារអាមេរិកក្នុងមួយយូ​នីត។ ចំណែកអាផាតម៉ិនកម្រិតB មានតម្លៃទាបជាងកម្រិតAប្រមាណ៣០ភាគរយ។អ្នកនាងបន្តថា អ្នកជួលអាផាតម៉ិនភាគច្រើនជាជនបរទេស ព្រោះ៩៥ភាគរយនៃអ្នកជួលអាផាតម៉ិនជាជនបរទេស ដែលមានចម្រុះជាតិសាសន៍។

អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ឋី បានមានប្រសាសន៍ថា ទីផ្សារអាផា​តម៉ិននៅតែមានសញ្ញាវិជ្ជមាន ដោយមិនមានសញ្ញាណាគួរឲ្យបារម្ភនោះទេ ព្រោះកម្ពុជាកំពុងតែទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។ លោកបន្តថា ចំនួនអ្នកវិនិយោគអន្តរជាតិជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា ហើយនៅពេលពួកគេចូលមក ពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះតម្រូវការអាផាតម៉ិនកើនឡើងជាស្វ័យប្រវត្តិ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអាផាតម៉ិននៅកម្ពុជា ហើយនៅតែ​គិតថាចំនួនអាផាតម៉ិន ដែលបានដាក់ចូលទីផ្សារនាពេលបន្តបន្ទាប់នេះ នៅតែមិនអាចឆ្លើ​យតបបាននឹងតម្រូវការនៅឡើយ”។លោកបន្តថា “កម្ពុជាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាកំពុងក្លាយជាគោលដៅនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ”៕