ស្វែងយល់ពីអាស៊ី៖ តើអគារ Makkah Royal Clock មានភាពអស្ចារ្យអ្វីខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ អារ៉ាប៊ីសាអូឌីត បានរះចែងចាំងយ៉ាងខ្លាំងនៅសតវត្រ៍ទី២១នេះ តាមរយៈសំណង់ស្ថាបត្យកម្មអាគារដែលមានរចនាបទដ៏ទាក់ទាញ និងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈធនធានរបស់ពួកគេ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia និង Propertyareas.com សូមនាំលោកអ្នកទីស្វែងយល់ពីអាគារដ៏អស្ចារ្យមួយទៀត នោះគឺអគារ Abraj Al-Bait ឬ ហៅថា Makkah Royal Clock គឺជាសណ្ឋាគារដ៏ធំលំដាប់ផ្កាយ៧ នៅក្នុងទីក្រុងMeccaប្រទេ​សអារ៉ាប់ប៊ីសាអ៊ូឌីត។

អគារនេះ បានសងសង់ឡើងដោយស្តេច Abdulaziz Endowment ដើម្បីធ្វើទំនើបកម្មទីក្រុង ក្នុងការផ្តល់ម្ហូបអាហារដល់អ្នកធ្វើធម្មយាត្រារបស់ខ្លួន។ សណ្ឋាគារនេះមាននាឡិកា Makkah Royal Clock ដ៏ធំបំផុតនៅលើពិភពលោកលំដាប់ទី៣ ដែលមាន ប្រវែង ១៧ ម៉ែត្រ និងជាអគារខ្ពស់បំផុតលំដាប់ទី៥នៅលើពិភពលោក។

អគារនេះនេះសាងសង់ដោយក្រុមហ៊ុន Saudi Binladin Group ដែលជាក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសអារាប់ ដែមានតម្លៃសាងសង់រហូតដល់១៥ពាន់លានដុល្លារអាមេរិក ។ អគារនេះមានសណ្ឋាគារល្អប្រណិតអាផាតម៉ិន និងកន្លែងលក់ទំនិញដ៏ល្អប្រណិត។

អគារនេះ មានរចនាសម្ព័ន្ធកំពស់៦០១ម៉ែត្រ  ស្មើនឹង១២០ជាន់ សាងសង់លើកទំហំដីប្រមាណជា១,៥០០,០០០ម៉ែត្រការ៉េ។  អគារនេះ បានជាប់កំណត់ត្រាពិភពលោក បន្ទាប់ការសាងសង់បញ្ចប់រយៈពេល៦ ឆ្នាំក្រោយ។ អគារនេះ ត្រូវបានតុបតែដោលមាសសន្លឹកចំនួន២៤ការ៉ាត នៅលើគំនូដែលមានតម្លៃ៩៨លានដុល្លារ។

អគារកប់ពពកនេះ ត្រូវបានសាងសង់ជាស្ថាបត្យកម្មអ៊ីស្លាម សម្រាប់អ្នកកាន់សាស​នាឥស្លាមធ្វើការអធិដ្ឋាន ដែលអាចទទួលមនុស្សចំនួន១ពាន់នាក់។

អគារដ៏អស្ចារ្យនេះ ត្រូវបានសាងស់ឡើងនៅក្នុងឆ្នាំ ២០០៤ និងសាងសង់បញ្ចប់ព្រមទាំងដាក់អោយដំណើរជាផ្លូវការនៅក្នុងឆ្នាំ ២០១១៕

ព្រឹត្តិការណ៍កីឡាបាល់បោះ NIKE

0

> ទីតាំង : សាកលវិទ្យាល័យសៀងហៃជែវថុង នៃប្រទេសចិន
> កាលបរិច្ឆេទ : ថ្ងៃទី២២ខែកក្កដា ដល់ថ្ងៃទី៣ខែសីហាខាងមុខនេះ
> ផុតកំណត់ទទួលពាក្យ : ថ្ងៃទី១១ខែកក្កដា ២០១៨
> លក្ខខណ្ឌចូលរួម : ក្រុម U15 (អាយុសំបុត្រកំណើតចាប់ពីថ្ងៃទី១ខែសីហា ២០០២)
: ក្រុមU12 (អាយុសំបុត្រកំណើតចាប់ពីថ្ងៃទី១ខែសីហា ២០០៥)
> តម្លៃចូលរួម : 1 000 $ /ម្នាក់(កម្មវិធីធានារ៉ាប់រ៉ងទាំងអស់ លើកលែងមធ្យោបាយធ្វើដំណើរ និងទិដ្ឋការ)

អនាគតកូនរបស់អ្នក ជាការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះ ….!
កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងស្មារតី !

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
OC CONSULTANCY SERVICES Co.,LTD
Miss. Li Houy
Email : [email protected] / [email protected]
Tel : 096 55 22 915 / 012 883 215
Address: #1805, 18/F Canadia Tower, Ang Doung Street, Corner Monivong Blvd

ដំណឹងល្អ! ផ្សារបែបសហគមន៍អេដិនហ្កាឌិន ចាប់ផ្តើមបើកដំណើរការថ្ងៃនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ផ្សារទំនើបបែបសហគមន៍ ដែលមានឈ្មោះថា សួន អេដិន ហ្កាឌិនបាបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ មិថុនានេះហើយ ដើម្បីផ្តល់សេវាកម្មកំសាន្តដល់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ។

នាយកគ្រប់គ្រងសួន អេដិន ហ្កាឌិន លោក Faz Ghotbi បានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២១ មិថុនានេះថា សួន អេដិន ហ្កាឌិន ជាសួនកំសាន្តមួយ ដែលរៀបចំនិងរចនាទៅដោយរុក្ខជាតិបៃតង ព្រមទាំងមានកន្លែងកំសាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញចម្រុះចំនួន ២៦កន្លែង រួមបញ្ចូលទាំងរោងភាពយន្ត ក្លឹបរាត្រី និងហាងអន្តរជាតិល្បីៗផងដែរ។

សួនកំសាន្តមានលក្ខណៈចម្រុះនេះ សាងសង់ឡើងលើផ្ទៃដីសរុប ២ហិកតា ក្នុងទីក្រុងរណបថ្មី ភ្នំពេញស៊ីធីសេនធ័រ ( Phnom Penh City Center) ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

លោក Faz Ghotbi បានបន្តថា ដោយសារមានបំណងចង់ឲ្យសួនកំសាន្ត អេដិន ហ្កាឌិន នេះក្លាយជាគោលដៅទេចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ។ ទើបយើង​រៀប​ចំឲ្យមានការរៀបចំរចនាបថ ដែលមានលក្ខណៈពិសេស តាមរយៈបង្កើតទីធ្លាខាងក្រៅគ្របដណ្ដប់ដោយរុក្ខជាតិព័ណបៃតង និងប្រព័ន្ធភ្លើងចម្រុះពេលរាត្រី ដោយបង្ហាញពីភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។

លោកបន្តថា សួនកំសាន្តនេះ បង្កើតឡើងសម្រាប់បំពេញតម្រូវការមនុស្សគ្រប់វ័យ ក្នុងរយៈពេលពេញមួយថ្ងៃ ដោយអតិថិជនអាច ដើរទិញវត្ថុសិល្បៈ ផលិតផលសិប្បកម្មរបស់ខ្មែរ ការទទួលទានអាហារ ការទស្សនាភាពយន្ត និងអាចរាំកម្សាន្តនាពេលរាត្រីបានទៀតផង៕

អ្នកអភិវឌ្ឍន៍បុរីប្រឈមមុខនឹងបញ្ហានៅពេលតម្លៃដីកើនខ្ពស់

0

ដោយ គង់ ម៉ាលីន

ភ្នំពេញ៖ ស្របពេលតម្លៃដីធ្លីបានកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអ្នកអភិវឌ្ឍន៍បុរីមួយចំនួនប្រឈមមុខនឹងបញ្ហា ដោយសារតម្លៃដីដែលសាងសង់បុរី ឬលំនៅដ្ឋាននានា មិនអាចធ្វើបានទេ នៅពេលតម្លៃហក់ឡើងខ្ពស់ពេក។

ជំនួយការអគ្គនាយកបុរីពិភពថ្មី លោកង៉ែត ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការសាងសង់លំនៅដ្ឋានតម្លៃ៥ ទៅ៦ម៉ឺនដុល្លារមិនអាចធ្វើបាននោះទេ នៅពេលតម្លៃដីកើនឡើងខ្ពស់ពេក ព្រោះពេលតម្លៃដីកើនខ្ពស់ពេក គឺធ្វើឲ្យការសាងសង់​មិនអាចរកផលចំណេញបាន។លោកបន្តថា តម្លៃដីកើនចន្លោះពី២៥០ទៅ៣០០ដុល្លារ មិនអាចសាងសង់បានទេ ដោយសារការទូទាត់លើសម្ភារៈសំណង់ តម្លៃដី និងការលក់ផ្ទះ​តម្លៃខាងលើមិនអាចកើតមាននោះទេ។

លោកបន្តថា “យើងប្រឈមមុខនឹងបញ្ហាដីឡើងថ្លៃ ហើយពិបាករកទិញដីដែលមា​នតម្លៃសមរម្យ សម្រាប់សាងសង់លំនៅដ្ឋានក្នុងបុរីបាន”។ លោកបន្តថា “តម្លៃដីបានកើ​នឡើងយ៉ាងខ្ពស់ នៅតាមបណ្តោយផ្លូវលេខ៣៧១ ផ្លូវចំការដូង ដែលធ្វើឲ្យក្រុមហ៊ុនប្រ​ឈ​ម​មុខនឹងកង្វះដីនាពេលអនាគត”។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ស្រដៀងគ្នាថា ដីដែលមានតម្លៃចាប់ពី៤០០ទៅ៥០០ដុល្លារក្នុងមួយ​ម៉ែត្រការ៉េ មិនអាចសាងសង់លំនៅដ្ឋានឬបុរីនានាបាននោះទេ ដោយសារវាចំណាយច្រើនទៅលើថ្លៃដី និងសម្ភារៈសំណង់ផ្សេងៗ។លោកបន្តថា តម្លៃដីដែលបានដាក់លក់នៅលើទីផ្សារភាគច្រើន មានតម្លៃលើសទីផ្សារពិតប្រាកដចន្លោះពី៥០ ទៅ៨០ភាគរយនា​ពេលបច្ចុប្បន្ននេះ។

លោកបន្តថា “តម្លៃដីពិតប្រាកដមិនមែនជាតម្លៃដែលអ្នកទិញទាមទារនោះទេ ប៉ុន្តែជាតម្លៃដែលបានលក់ចេញ”។លោកបន្តថា “ដីមានតម្លៃខ្ពស់ មានតែសាងសង់ខុនដូឬអាផាតម៉ិន ដែលមានកំពស់ខ្ពស់ៗ ដើម្បីកាត់បន្ថយតម្លៃដើមនៃតម្លៃសំណង់ និងដីធ្លី”។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានលោកឧកញ៉ាលី ហួរបានថ្លែងថា តម្លៃដីពិតជាកើនឡើងខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍ដូចជាលោក តែងមានផែនការ៥ទៅ១០ឆ្នាំចំពោះមុខ ដោយស្វែងរកដី ដើម្បីបើកគំរោងអភិវឌ្ឍន៍បន្តទៀតនាពេលអនាគត។លោកបន្តថា ការមិនមានទិញដីទុក យើងមិនអាចរកដីអភិវឌ្ឍន៍បានទេ ហេតុនេះទើបយើងត្រូវរកដីទុកជាមុន ដើម្បីអភិវឌ្ឍន៍នៅតំបន់ដែលទីក្រុងរីកទៅដល់នាពេលអនាគត៕

ព្រមាន : ធនាគារជាតិប្រាប់ពលរដ្ឋឲ្យដាក់ពាក្យប្តឹងក្នុងករណីមានការមិន ទទួលប្រាក់រៀល

0

ដោយ : វុត្ថា
ភ្នំពេញ : ធានាគារជាតិនៃកម្ពុជា បានប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទូទៅដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមិនទទួលប្រាក់រៀលពីម្ចាស់អាជីវកម្មណាមួយនៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា“ការពុំព្រ​ម​ទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់”។
យោងតាមច្បាប់ជាធរមានក្នុងករណី ដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ប្រជាពលរដ្ឋកម្ពុជា អាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរណ៍ណែនាំរទេនោះ ក្រដាសប្រាក់និងកាក់ ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅកម្ពុជា និងមានតេជានុភាពធ្វើការប្រើប្រាស់ដោយសេរី គ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាក់ ក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល”។
មាត្រាទី៦៤ បានចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ”៕

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិជ្រើសរើស CBRE Cambodiaជាភ្នាក់ងារ ជួលផ្តាច់មុខ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីតដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Eastland Development បានសម្រេចជ្រើសរើសក្រុមហ៊ុន CBRE Cambodia ជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ។


គំរោងនេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ East Commercial Center ជាគំរោងការិយា​ល័យ និងអាផាតម៉ិនទំនើបលើកតំបូងនៅទីក្រុងភ្នំពេញរបស់ Yue Tai Group ដែលមាន​ផ្ទៃក្រឡាទំហំ១៥,០០០ម៉ែត្រការ៉េ។
លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុ​ប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីដើមសប្តាហ៍នេះថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារ​ការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិង​សាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនា​ញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមាន​គោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។
លោកបន្តថា “យើងជឿជាក់ថាការយល់ដឹងផ្នែកបច្ចេកទេសរបស់ CBRE Cambodia និងក្រុមជំនាញផ្នែកផ្តល់សេវាកម្មការិយាល័យ នឹងជួយបំពេញនូវចក្ខុវិស័យ​របស់ East Commercial Center”។
នាយករងនិងជាប្រធានសេវាកម្មការិយាល័យ ប្រចាំក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមានប្រសាសន៍ថា គំរោងនេះតំណាងឲ្យភាពបត់បែននិងទាក់​ទាញ និងចំណាប់អារម្មណ៍របស់អាជីវកម្មក្នុងស្រុក ជាពិសេសចំពោះក្រុមហ៊ុននិងសហគ្រិនដែលកំពុងដំណើរការ និងមានភាពរីកចម្រើន។ លើសពីនេះគំរោងនេះនឹងមានការ ​ផ្តល់សេវាកម្មអាផាតម៉ិន សម្រាប់ប្រជាជនក្នុងស្រុក។
លោកបន្តថា “ខណៈពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ កំពុងបន្តមានភាពរ៉ឹងមាំ ទីតាំង និងការផ្តល់សេវាកម្មការិយាល័យដែលមានគុណភាពខ្ពស់ គឺមាន​សារៈសំខាន់បំផុតសម្រាប់ក្រុមហ៊ុន CBRE Cambodia”៕

អាស៊ានដាក់ចេញនូវវិធានការណ៍៥ដើម្បីជំរុញភាពប្រសើរឡើងនៃទេសចរណ៍ក្នុងតំបន់

0

ដោយ : វុត្ថា
ភ្នំពេញ : បណ្តាប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញនូវប្រធានបទចំនួន៥ដើម្បីឆ្ពោះទៅការសម្រេចរួមគ្នា ក្នុងការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេ​សចរណ៍អាស៊ាន។


ស្របពេលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ានរយៈពេលពីរថ្ងៃដោយ​ចាប់ផ្តើមកាលពីថ្ងៃទី២០ ដល់២១ មិថុនានេះ អង្គសន្និសីទបានយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់ រួមមាន ទី១ បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក ទី២ ការងារ និងកំណើនសេដ្ឋកិច្ច ៖ តើវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងដូចម្តេចក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយនិរន្តរភាព។
ទី៣ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត។ ទី៤ ការទទួលស្គាល់គុណវុឌ្ឍិអាស៊ានជា គោលដៅអនាគត នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងទី៥ កិច្ចពិភាក្សាអំពី ASEAN MRA-TP វិថីឆ្ពោះទៅកាន់ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឈមណ្ឌលអាស៊ាន-ចិន, មជ្ឈមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ៧០០នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ក្នុងពិធីបើកសន្និ​សីទនេះថា សន្និសីទអន្តរជាតិរយៈពេល២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងអាស៊ានMRA-TP នេះជាទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន សំដៅចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។


លោករដ្ឋមន្រ្តីថោង ខុនក៏បានលើកពីការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (Artificial Intelligence) នាយុគសម័យបដិវត្តឧស្សាហកម្ម៤.០នេះ បានធ្វើឲ្យការងារមួយចំនួនហួសសម័យ (Obsolete) ហើយតម្រូវការការងារ និងជំនាញនៅលើទីផ្សារមានការប្រែប្រួល ទន្ទឹមនឹងការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណាដើម្បីត្រៀមខ្លួនសម្រា​ប់ជំនាញអនាគត ក្នុងនោះទាមទារឲ្យមានការរៀបចំកម្មវិធីសិក្សាមួយ មានភាពរស់រវើក ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត៕

ដំណឹងល្អ : សណ្ឋាគារលំដាប់ពិភពលោក ROSEWOOD បើកសម្ភោធហើយ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : សណ្ឋាគារលំដាប់ពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ROSEWOOD បានបើកសម្ភោធជាផ្លូវការនៅរាជធានីភ្នំពេញ ដែលអ្នកជំនាញក្នុងវិស័យនេះបានសម្តែងការអបអរសាទរ ដោយរំពឹងថាសណ្ឋាគារនេះនឹងនាំភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
សណ្ឋាគារនេះស្ថិតនៅជាន់ទៅ២៣ ដល់ជាន់ទី៣៩នៃអាគារវឌ្ឍនៈកាពីតាល់ ដែ​លជា Landmark មួយសម្រាប់ក្រុងភ្នំពេញ។
យោងតាមការប្រកាសព៌តមានរបស់ក្រុមហ៊ុន ROSEWOOD បានឲ្យដឹងថា សណ្ឋា​គារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែប VIP ចំនួ​ន ៣៧ បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយ​គន់ទេ​ស​ភាពក្រុងភ្នំពេ​ញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពល​សម្រាប់វិស័យទេសច​រណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការ​មកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេ​សនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែ​មានភាពប្រសើរឡើង។
សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។


សេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា “ឧស្សាហកម្មសណ្ឋាគារ​ក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមាន​ការកើនឡើង”។ អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភា​ពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើ​ដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់”។
បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។
Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចល នទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood & Resorts នៅខេត្ត​សៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែ​ងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និង​ការសម្លឹ​ង​មើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិ​យាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែ​មានភាពទាក់ទាញ។
លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម”។
លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេស​ចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត”។លោកបន្តថា “យើង​គួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តង​ហើយម្តងទៀត”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ស្រដៀងគ្នាថា នៅពេលណាមានការវិនិយោគធំៗ និងម៉ាកសញ្ញាល្បីវាៗបែប
នេះចូលមក វានឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ដោយអាចនឹងទាក់ទាញការវិនិយោ គពីបរទេស និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើន។ នេះជាសណ្ឋាគារដែ​លមានមូលដ្ឋាននៅអាមេរិក ហេតុនេះនៅពេលពួកគេចូលមក ពួកគេនឹងចូលរួមផ្សព្វ​ផ្សា​យពីកម្ពុជា ហើយការប្រកួតប្រជែងនៅក្នុងទីផ្សារជារឿងធម្មតា នៅពេលមានផលិតផល​កាន់តែច្រើន។
លោកស្រីបន្តថា “នៅក្នុងទីផ្សារសេរីការប្រកួតប្រជែងជារឿងធម្មតា ហើយវាបង្ហា ញពីភាពរីកចម្រើន ទើបមានការប្រកួតប្រជែងក្នុងវិស័យនេះ”។លោកស្រីបន្ថែមថា “ស្តង់​ដាសណ្ឋាគារនៅកម្ពុជា ចាប់ពីកម្រិតផ្កាយ៤ដល់ផ្កាយ៥ មានភាពល្អប្រសើរ និងល្បីឈ្មោះនៅកម្រិតអន្តរជាតិផងដែរ”៕

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-ចិនប្តេជ្ញាបង្កើនពាណិជ្ជកម្មដល់៦ពាន់លានដុល្លារ នាឆ្នាំ២០២០

0

ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទ្វេរភាគីឲ្យឈានដល់៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ខាងមុខ ស្របតាមផែនការថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនាពេលកន្លងមក។


នៅក្នុងសេចក្តីប្រកាសព័តមានរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នៅរាជធានីភ្នំពេញ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ភាគីទាំងពីរ បានអបអរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧កន្លងទៅ ដែលសម្រេចបានប្រមាណ៥,៨០០លានដុល្លារអាមេរិក គឺកើនឡើង២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៤,៧៦០លានដុល្លារ។
ភាគីទាំងពីបានរំលេចអំពីវឌ្ឍនភាពសំខាន់ៗ នៃវិស័យពាណិជ្ជកម្មទ្វេភាគីលើការ​ងារទាក់ទងនឹងបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្មការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដែលរួមមាន៖ ផ្លែឈើ និងផលដំណាំផ្សេងទៀត។ ភាគីចិននឹងពិចារណាក្នុងការបង្កើនការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្ម។


លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្ល​ងមកតែងជួយគាំទ្រ ការអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា និងបានកៀងគរវិនិយោគិនឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានសន្យានឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាល៕

ភ្ញាក់ផ្អើល! មនុស្ស១៨លាននាក់ដើរកំសាន្តនៅផ្នៅផ្សារទំនើប​ AEON MALL​ ក្នុងមួយឆ្នាំ

0

ដោយគង់ សូរិយា
​ភ្នំពេញ: អគ្គនាយកក្រុមហ៊ុនផ្សារទំនើបដ៏ធំនៅកម្ពុជាបានអះអាងថា មនុស្សចំនួន​១៨លាននាក់បានដើរកំសាន្តនៅផ្នៅផ្សារទំនើប​AEON MALL1កាលពីឆ្នាំមុន ជាចំនួនដ៏ច្រើន និងលើសការរំពឹងទុក។

​អគ្គនាយកផ្សារទំនើបAEON MALLលោកSheichi Chibaបានថ្លែងឲ្យដឹងក្នុងពិធីបើកសម្ភោធផ្សារទំនើបនេះនាព្រឹកថ្ងៃទី២០ មិថុនានេះថា ចំនួនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសរហូតដល់១៨លាននាក់ បានដើរកំសាន្តនៅផ្សារទំនើបទី១របស់យើង ហើយយើងរំពឹងថា ប្រជាជនកាន់តែច្រើនមកកាន់ផ្សារទំនើបទី១ និងទី២បន្ថែមទៀត ដោយសារទស្សនវិស័យរបស់ផ្សារទំ​នើបAEON MALLនាំមកនូវភាពភ្ញាក់ផ្អើល ភាពរីករាយ និងកាន់តែរំភើប។

​លោកបន្តថា “ផ្សារទំនើបAEON MALL2 ដែលវិនិយោគនៅកម្ពុជា មានភាពទំនើបជាង ប្រណីតជាងផ្សារទំនើបAEON MALLនៅប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី”។

ទាក់ទងនឹងគំរោងផ្សារទំនើបAEON MALL3 លោកSheichi Chibaមិនទាន់បង្ហើបឲ្យដឹងថាសាងសង់នៅពេលណា និងគ្រោងបោះទុនវិនិយោគប៉ុន្មានលានដុល្លា​រនៅឡើយទេ។


​ការមកដល់ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានធ្វើឲ្យផ្សារទំនើបក្នុងស្រុកជាច្រើន ប្រឈមមុខនឹងបញ្ហា ដូចជាផ្សារទំនើបCITY MALL ផ្សារទំនើបដទៃទៀតបានស្ងប់ស្ងាត់អតិថិជន ហើយស្តង់នៃផ្សារទំបនើបមួយចំនួនបានបិទទ្វារជាច្រើន។


​លោកលាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia ដែលតែងតែតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានមានប្រសាសន៍ថា ភាពជោគជ័យនៃផ្សារទំនើបរបស់ជប៉ុន មិនមែនកើតឡើងដោយចៃដន្យនោះទេ ផ្ទុយទៅវិញអ្នកវិនិយោគជប៉ុនមុនមកវិនិ​យោគនៅកម្ពុជា ពួកគេបានសិក្សាច្បាស់លាស់ណាស់លើប្រពៃណី ចំណង់ចំណូលចិត្ត​របស់ប្រជាពលរដ្ឋខ្មែរ សិក្សាពីស្ថានភាពទីផ្សារ និងអំណាចនៃការទិញកើនឡើង និងអ្វី ដែលផ្សារទំនើបក្នុងស្រុកមិនទាន់បំពេញបាននៅឡើយ។
​លោកបន្តថា “ការសិក្សាលើមូលដ្ឋានប្រពៃណី ចំណូលចិត្តនិងអំណាចនៃទីផ្សារបានធ្វើឲ្យក្រុមហ៊ុននេះរកឃើញមូលដ្ឋានមួយ ដែលពួកគេត្រូវបំពេញ ហេតុនេះការទទួ​លបានជោគជ័យរបស់ពួកគេ ឈរលើមូលដ្ឋានមានលក្ខណៈវិទ្យាសាស្រ្តមួយ”៕