វិនិយោគិនបារាំងធំៗ គ្រោងចូលមកវិនិយោគនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នាខែតុលា ឆ្នាំ២០១៨ ខាងមុខ គណៈប្រតិភូបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរបារាំងដែលមកទស្សនាកម្ពុជាក៏កំពុងមានការកើនឡើងផងដែរ។

គម្រោងទស្សនកិច្ចនេះ ត្រូវបានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការីកាលពីពេលថ្មីៗនេះ។

កិច្ចពិភាក្សានេះផ្តោតលើប្រធានបទចំនួន២ រួមមាន៖ ទី១ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-បារាំងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ទី២ ការត្រៀមរៀបចំដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគ ដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍទេសចរណ៍បារាំង Atout France, ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្រ្តីបានលើកនូវចំណុច ជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឲ្យភាគីបារាំង យកចិត្តទុកដាក់លើវិស័យអាទិភាពមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ដូចជាទី១ សារសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការដាក់ចេញនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ» ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

ទី២ ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងសម្បូរបែប ពិសេសអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញនូវចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ហើយក្នុងពេលខាងមុខ នឹងមានរៀបចំចលនាប្រលងប្រណាំងឆ្នេរស្អាតគំរូនៅកម្ពុជាផងដែរ។

ទី៣ ការពង្រឹងការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ត្រូវបាន បង្កើតឡើងដោយមានការចូលរួមយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញ និងទ្រទ្រង់ការផ្សព្វផ្សាយទេសច​រណ៍កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត និងទី៤ ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។

កាលពីឆ្នាំ២០១៧កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បារាំងចំនួន១៦៦.៣៥៦នាក់ កើនឡើង១០,៧% ឈរលំដាប់ទី១០ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលទេសចរបារាំងចំនួន ៨៥.៩០៦នាក់ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ឈរលំដាប់ទី៨៕

គេហទំព័រអាគារកប់ពពកពិភពលោកអះអាងថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong ជាប់ជាអគារខ្ពស់ក្នុងតំបន់

0

ដោយវត្ថា

ភ្នំពេញ៖ តាមរយៈការប្រៀបធៀប និងការចុះផ្សាយរបស់ គេហទំព័រអាគារខ្ពស់លើពិភពលោក SkyscraperCity.com បានអោយដឹងថា អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់នៅក្នុងតំបន់អាស៊ានក្នុងចំណោ​មអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន។

ទី ១ អគារ KL 118 ស្ថិតនៅក្នុងទីក្រុង Kuala Lumpure ប្រទេសម៉ាឡេស៊ី ដែលមានកំពស់រហូតដល់៦៤៤ម៉ែត្រ។ អគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Eduardo Segundo Hemadez ដែលកំពុងសាងសង់។ អគារនេះ នៅពេលសាងសង់បញ្ចប់ នឹងក្លាយជាអគារប្រើប្រាស់ចម្រុះ ។ តាមគម្រោងអគារនេះ នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២០ខាងមុខ។

ទី២ អគារ G Land Super Tower ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលទើបត្រូវបានស្នើរសុំសាងសង់ ដែមានកំពស់រហូតដល់៦១៥ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន One by One ។ នៅពេលសាងសង់បញ្ចប់អគារនេះ ត្រូវបានគេប្រើប្រាស់រួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប និង សណ្ឋាគារជាដើម។

ទី៣ អាគារ Signature Tower មានកំពស់៥៩៣ស្ថិតនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Killer Zavatar ត្រូវបានស្នើរសុំសាងសង់រួចហើយ អាចគ្រោងនឹងសាងសង់នៅនៅក្នុងឆ្នាំ២០២០ខាងមុខនេះ។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាស់ចម្រុះ មានទាំងការិយាល័យធ្វើការ ផ្សារទំនើប សណ្ឋាគារ និង កន្លែងកម្សាន្តផ្សេងៗទៀត។

ទី៤ អគារ Thai Boon Roong Commercial Centre Twin Towers មានកម្ពស់ ៥៦១ ម៉ែត្រស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំនើរការសាងសង់។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាសរួម មានទាំងការិយា​ល័យធ្វើការ ផ្សារទំនើប សណ្ឋាគារ និង កន្លែងកម្សាន្តផ្សេងៗទៀត។

ទី៥ អគារ Empire City Tower មានកំពស់៤៦២ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងហូរជីមីញប្រទេសវៀតណាមស្ថិតនៅក្នុងការស្នើរសុំការសាងសង់។ តាមគម្រោងអគារនេះ នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២២ ។ តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេ អគារនេះ នៅពេលសាងសង់បញ្ចប់នឹងប្រើប្រាស់អ្វីនោះទេ។

ទី៦ អាគារ Vietinbank Tower 1 មានកំពស់ ៣៦៣ ម៉ែត្រស្ថិតនៅក្នុងទីក្រុងហាន់ណូយ ប្រទេសវៀតណាម។ អគារនេះត្រូវបានគេកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ។ តាមគម្រោង នៅពេលសាងសង់បញ្ចប់អគារនេះនឹងត្រូវប្រើប្រាស់ជាការិល័យធ្វើការ៕

វគ្គពិសេស! តើត្រូវសរសេរព័ត៌មានតាម Facebook Page លក់អចលនទ្រព្យឲ្យបានជោគជ័យយ៉ាងដូចម្តេច

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលពិសេសមួយនឹងត្រូវរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹងទាក់ទងការសរសេរព៌តមានទិញ លក់ ជួលអចលនទ្រព្យ លើបណ្តាញទំនាក់ទំនងសង្គមឲ្យទទួលបានការចាប់អារម្មណ៍ និងអាចលក់អចលនទ្រព្យបានទទួលជោគជ័យ។

លោក យិន លាងគង់ ហៅ ស៊ីវ ម៉េង ស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia ដែលជាគេហទំព័រឈានមុខគេ ផ្នែកព៌តមានអចលនទ្រព្យនិង​សេដ្ឋ​កិច្ច នឹងបង្ហា​ញ​ជូនបទពទពិសោធន៍និងគន្លឹះជោគជ័យ ពីរបៀបសរសេអត្ថបទសម្រាប់គេហទំព័រ ឬលើបណ្តាញទំនាក់ទំនងសង្គមនានា ខណៈបច្ចុប្បន្នសកម្មភាពលក់អចលនទ្រព្យតាមបណ្តាញ ទំនាក់ទំនងសង្គមកំពុងមានការពេញនិយកយ៉ាងខ្លាំង។

លោកបានបន្តថា ក្រុមហ៊ុនលក់ដីឡូត៍ និងក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យជាទូទៅបានបង្កើតគេហទំព័ររបស់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីលក់អចលនទ្រព្យរបស់ខ្លួន ប៉ុន្តែវិធីសាស្រ្តនៃការសរសេរ ដើម្បីបង្កើតឲ្យមានការចាប់អារម្ម​ណ៍ពីអតិថិជន និងអ្នកវិនិយោគបន្តហាក់នៅមានកម្រិត។ ពួកគេសរសេរព៌តមានបែបឆៅៗ សរសេ​រ​ព៌តមានមិនស៊ីជម្រៅ ទើបមិនសូវមានការចាប់អារម្មណ៍ ដោយសារពួកគេភាគច្រើនសរសេរតាមគ្នា និងខ្វះគំនិតច្នៃប្រឌិត។

ការសិក្សាតូចមួយធ្វើឡើង ដោយគេហទំព័រ Propertyarea.aisa ជាមួយអ្នកពាក់ព័ន្ឋក្នុងវិស័យនេះចំនួន២០០នាក់បានរកឃើញថា ៧០ភាគរយនៃអ្នកឆ្លើយតប ពួកគេបាននិយាយថា អ្នកលក់អចលនទ្រព្យផ្សេងៗ ពិសេសអ្នកលក់ដីឡូត៍បានសរសេរព៌តមានដដែលៗ និងគួរឲ្យធុញទ្រាន់ ជាជាងបង្ហាញការទទួលខុសត្រូវលើគំរោងរបស់ពួកគេ នាពេលអនាគត និងនរន្តរភាពរបស់អ្នកវិនិយោគលើគំរោងរបស់ខ្លួន។ ចំណែកអ្នកចូលរួមឆ្លើយសំណួរ១៧ភាគរយទៀតថា ពេញចិត្ត និង១៣ភាគរយហាក់អល់អែក។

លោកយិន លាងគង់បានបន្តថា “យើងបានដឹងពីចំណុចខ្វះខាតនេះ ហើយយើងនឹងបំពេញចន្លោះប្រហោងនេះ ដើម្បីអាចឲ្យលោកអ្នកផ្តល់ព៌ត​មានបានត្រឹមត្រូវ និងទាក់ទាញការចាប់អារម្មណ៍ និងដឹងពីនិន្នាការទីផ្សារ និងចំណង់ចំណូលចិត្តរបស់អតិថិជន”។

លោកបន្តថា ការសរសរព៌តមានក៏មិនពិបាកទេ អ្នកណាក៏អាចធ្វើបានដែរ តែការសរសេរព៌តមានឲ្យទទួលបានការចាប់អារម្មណ៍ រកបានមុំរឿងបានល្អ និងចាប់អារម្មណ៍ពិតជាមិនមែនជារឿងងាយស្រួលនោះទេ។លោកបន្តថា ហេតុនេះវគ្គបណ្តុះបណ្តាលនេះ យើងមិនត្រឹមតែផ្តល់នូវមូលដ្ឋានគ្រឹះនៃការសរសេរ ការវិភាគពីព៌តមានឲ្យបានគ្រប់ជ្រុងជ្រោយ និងវិធីសាស្រ្តនៃការសរសរ ដើម្បីលក់អចលនទ្រព្យឆាប់​ដាច់ប៉ុណ្ណោះទេ តែយើងនឹងផ្តល់គុណតម្លៃជាច្រើនទៀត ដើម្បីធានាថាព៌តមានទាក់ទងនឹងគំរោងអភិ​វឌ្ឍន៍នានា ដែលលោកអ្នកផ្សព្វផ្សាយចេញ ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។

ក្នុងបទពិសោធន៍ក្នុងនាមជាអ្នកសារព៌តមានអាជីពរយៈពេល២០ឆ្នាំ លោកយិន លាងគង់ នឹងបង្ហាញនូវចំណេះដឹង និងឳកាសនៃការចែករំលែកនូវវិធីសាស្រ្តសរសេរ ការបង្កើតគំនិតច្នៃប្រឌិត ការវិភាគ និងចក្ខុវិស័យនាពេលអនាគត នៃវិស័យអចលនទ្រព្យសម្រាប់រយៈពេលវែងខាងមុខផងដែរ។

អ្នកចាប់អារម្មណ៍ចុះឈ្មោះចូលសិក្សាលើជំនាញនេះ អាចទាក់ទងមកលេខទូរស័ព្ទ០៨៦ ៤៨​ ៥៥ ​៦៦ ០៩៥ ៩៤៩៦៩៥។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងព្រឹកថ្ងៃអាទិត្យទី២៣ កញ្ញាខាងមុខនេះ ដោយការបណ្តុះបណ្តាលនឹងចាប់ផ្តើមពីម៉ោង៨ព្រឹក​ដល់ម៉ោង១២ថ្ងៃត្រង់ នៅភោជនីយដ្ឋានផាកកាហ្វេ ទល់មុខមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនមយូរ៉ាអចលនទ្រព្យលោកវេង ស៊ីគួរក៏នឹងចូលរួមបង្ហាញបទពិសោធន៍ និងឳកាសវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីបញ្ចៀសបាន​នូវហានិភ័យ និងទទួលបានផលចំណេញផងដែរ៕

អ្នកជំនាញព្រមាន៖ ប្រជាជនគួរប្រុងប្រយ័ត្នចំពោះព័ត៌មានបំពុលពីគំរោងអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់ អ្នកជំនា​ញ​ផ្នែកអចលនទ្រព្យបានលើកឡើងថា បច្ចុប្បន្នមានការបំពុលព៌តមានជាច្រើន ពីអ្នកវិនិយោគមួយចំនួន ដើម្បីលក់គំរោងរបស់ពួកគេឆាប់ដាច់។

អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោក ង៉ែត ជូ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យនេះមានការបំពុលព៌តមានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បី ទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គំរោងរបស់ពួកគេឆាប់ដាច់។លោកបន្តថា “ហេតុនេះមុនសម្រេចចិត្តវិនិយោគ ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ”។

លោកបន្តថា “នៅពេលយើងមិនសូវស្វែងយល់សិក្សា​រៀនសូត្រ និងតាមដានព៌តមានជាក់លាក់ នឹងធ្វើឲ្យយើងវិនិយោគរបស់យើងមាន​ហានិភ័យខ្ពស់”។

លោកង៉ែត ជូបានបន្តថា ការសិក្សារៀនសូត្រ និងប្រមូលព៌តមានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀស​បាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ៕

កម្ពុជា-ចិន ចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការចំនួន ១២ មានទឹកប្រាក់ជាង ៨០លានដុល្លារ

0

ដោយ​ វុត្ថា

ភ្នំពេញ៖ អនុស្សរណៈយោគយល់ចំនួន១២ មានតម្លៃសរុបជាង ៨០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។

អនុស្សរណៈទាំងនេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រាប់តាំងពីការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេសចរ) និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។

លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមកសាង «វិថីសូត្រសមុទ្រ សតវត្សរ៍ទី២១» និងគាំទ្រការអនុវត្ត «ផ្លូវ និងខ្សែក្រវាត់» ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីងដ៏ស្រស់ឆើតឆាយនៃខេត្តក្វាងស៊ី។

ទន្ទឹមគ្នានេះ លោកស្រី.យ៉ាន ហ្ស៊ីចាន់ (Yan Zhichan) អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តក្វាងស៊ី និងកម្ពុជា នៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានបង្ហាញជំនឿថា ពិធីចុះអនុស្សរណៈថ្ងៃនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌បែបទំនើប រវាងប្រទេសចិន និងពិភពលោក ជាពិសេសអាស៊ាន។

គួររំលឹកថា រៀងរាល់ព្រឹត្តិការណ៍ពិពរ័ណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន។ ខណៈដែលកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់នោះ គេសង្កេតឃើញមានគម្រោងវិនិយោគធំៗជាច្រើនរបស់ក្រុមហ៊ុនចិន បានមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា មានដូចជា៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនប់វារីអគ្គីសនី និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងៗទៀត ដែលទាំងអស់នេះ សុទ្ធតែបង្ហាញឱ្យឃើញអំពីភាពស៊ីសង្វាក់គ្នា នៃគោលនយោបាយប្រទេសទាំងពីរ ដោយឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីតភ្ជាប់សមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក៕

ស្វែងយល់ពីអាស៊ី! ក្រុមហ៊ុនយក្ស Hyundai សាងសង់អាគារកប់ពពក នៅកូរ៉េខាងត្បូង

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសកូរ៉េត្រូវាបានគេស្គាល់ថា មានសំណង់ស្ថាបត្យកម្មសំណង់អគារខ្ពស់កប់ពពករីកដុះដាលពាសពេញទីក្រុង និងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៥៣  និងបង្កើតនូវបច្ចេកវិទ្យាថ្មីសម្រាប់បំរើអោយពិភពលោកផងដែរ។

ទោះជាយ៉ាងនេះក្តី ប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានភាពល្បីល្បាញមួយនេះ នៅមិនទាន់ឆ្អែតឆ្អន់ ក្នុងការបង្ហាញឥទ្ធិពលរបស់ខ្លួន តាមរយៈកសាងអគារខ្ពស់កប់ពពកបន្ថែមទៀតឡើយ។

គេហទំព័រ propertyarea.asia សូមលើកយកអគារថ្មីមួយទៀតរបស់ប្រទេសមួយនេះ ដែលកំពុងសាងសង់​យកមកបង្ហាញជូនដល់មិត្តអាន ដើម្បីស្វែងយល់ពីការរីកចម្រើននៃវិស័យសំណង់របស់ពិភពលោក ដែលមានឈ្មោះថា អគារ Hyundai Global Business Center ។

អគារ Hyundai Global Business Center បាននឹងកំពុងសាងសង់មានកំពស់៥៦៩ម៉ែត្រែដែលស្មើរនឹង១០៥ជាន់ ស្ថិតនៅក្នុងតំបន់ Samseong-dong សង្កាត់ Gangnam ក្នុងទីក្រុងសេអ៊ូល។ តាមគម្រោង ការសាងសង់អគារនេះ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៦ តែត្រូវវាយកំទេចចោលដោយសារតែមាបញ្ហាមួយចំនួន ដូចជាវត្តមានអគារ KEPCO នៅក្បែរនោះ រហូតដល់ឆ្នាំ២០១៧ ក៏បានចាប់ផ្តើមសាងសង់ម្តងទៀត តែមិនបានពេញលេញនោះទេ។

បើតាមការចុះផ្សាយពីសារព័ត៌មាននៅក្នុងស្រុក បានរាយការណ៍ថា ការចាប់ផ្តើមសាងសង់អគារនេះ ជាក់ស្តែងគឺនៅក្នុងដើមឆ្នាំ ២០១៨ នេះ ហើយគ្រោងនិងបញ្ចប់សាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២១ នាពេលខាងមុខនេះ។

អគារនេះ ជាកម្មសិទិ្ធគ្រប់គ្រងដោយក្រុមហ៊ុន Hyundai Morto Group ដោយមានគម្រោងសាងសង់ត្រឹមតែកម្រិតកម្ពស់៥៥៣ ម៉ែត្រ ប៉ុន្តែត្រូវបានបន្ថែមកម្ពស់របស់វារហូតដល់៥៦៩ម៉ែត្រវិញ ដោយសារតែមានបញ្ហាប្រព័ន្ធចំនួន។

វាត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ សម្រាប់ប្រើប្រាស់លើគោ​លដៅជាច្រើនយ៉ាងដូចជា ទីស្នាក់ការក្រុមហ៊ុន Hyundai Morto ការិយាល័យជួល សណ្ឋាគារ កន្លែងសម្តែងសីល្បៈ ប្រគុំដន្ត្រី កន្លែងតាំងពិពរណ៌ កន្លែងលំហែកាយ និងកន្លែងសម្រាប់អោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចមើលទស្សនាទីក្រុងទាំងមូលបានថែមទៀត។ សម្រាប់ទំហំទឹកប្រាក់ ក្នុងការចំណាយសាងសង់មិនត្រឹមបានគេបង្ហាញអោយដឹងនោះទេ៕

ក្រុមហ៊ុនជាង ២២០០ បានចុះបញ្ជី​សាងសង់​នៅ​ក្រសួង​ដែនដី ក្នុង​រយ:ពេលពេល ៧​ខែ​ឆ្នាំនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និង​សំណង់​បានអោយដឹងថារយៈពេល​៧​ខែឆ្នាំ​២០១៨នេះ មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ និង​សិក្សា​​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ បាន​មក​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី​មាន​ចំនួន​២២២៨ ខណៈ​ក្រុមហ៊ុន​មាន​សុពលភាព​ចំនួន​១០៧២​ និង​មាន​កំណើន​ដល់​១៣១,៥៩%​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​។

លោក ​ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ ក្រសួង​រៀបចំដែនដី​នគរូបនីយកម្ម​ និង​សំណ​ង់អោយដឹងថា ក្នុង​រយៈពេល​ដូចគ្នា​នៅ​ទូទាំង​ប្រទេស ​មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ ​និង​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ បាន​មក​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​មាន​ចំនួន​២២២៨​ក្រុមហ៊ុន​ ក្នុងនោះមាន​សុពលភាព​ចំនួន​១០៧២ ​ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ ក្រុមហ៊ុនច្រើនលំដាប់ទី១ គឺមកពី​ប្រទេសចិន​។

លោកបន្តថា “សន្ទុះ​នៃ​ការ​រីកចម្រើន ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​សំណង់​នឹង​កកើត​នៅ​ក្នុង​ទីក្រុង​ថ្មីៗ​ដ៏​ច្រើន​នេះ ពិតជាឆ្លើយតបនឹង​សេចក្ដីត្រូវការ ​នូវ​បច្ចេកទេស​បច្ចេកវិទ្យា​ទំនើប ​និង​សម្ភារៈ​សំណង់​សម្បូរបែប ​ជា​កត្តា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភា​ព​ និង​គុណភាព​ការងារ​ ក្នុង​វិស័យ​ស្ថាបត្យកម្ម​សំណង់​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​ជាតិ​ និង​អន្ដរ​ជាពិសេស​ឆ្លើយតប​ទៅ​នឹង​ទីក្រុង​ឆ្លាត​វៃ​ (SMART CITY)។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុកម្ពុជា បាន​អោយដឹងដែរថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ល្អ ​និង​ប្រជាពលរដ្ឋ​ពេញកម្លាំង​មានចំនួនច្រើន ​ហើយ​លក្ខខ័ណ្ឌនៃការ​អនុគ្រោះ​វិនិយោគ​របស់​កម្ពុជា ពិតមានបាន​បើក​ចំហរ​ដល់​អ្នក​វិនិយោគ​ ពោលគឺរដ្ឋាភិបាល​មានការ​យោគយល់ ​នឹង​ចង់​ឲ្យ​មាន​អ្នក​វិនិយោគ​ច្រើន​បង្កើត​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។

លោក​ គី​ម​ ហ៊ាង ពន្យល់ថា ​ជា​ធម្មតា​កាលណា​មាន​កំណើន​សាងសង់​មាន​កាន់​តែច្រើន សេដ្ឋកិច្ច​កាន់តែ​រឹងមាំ ​ហើយ​ទាំង​អស់គ្នា​គួរតែ​សប្បាយចិត្ត ​ហើយ​ប្រទេស​ណា​គ្មាន​ការសាងសង់ ​គឺ​ប្រទេស​នោះ​មិន​មាន​ការ​រីកចម្រើន​ទេ ​ហើយ​ប្រទេស​កម្ពុជា​វិញ​សេដ្ឋកិច្ចជាតិ​ កំពុងតែ​មានការ​រីកចម្រើន​ និង​បន្ត​មាន​ភាពរឹងមាំ​៕

ឧកញ៉ា លី ហួរ បង្ហើបពីវិធីសាស្រ្តគ្រប់គ្រងក្រុមហ៊ុនច្រើន ក្នុងពេលតែមួយឲ្យមានប្រសិទ្ឋភាព

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ការគ្រប់គ្រងក្រុមហ៊ុនមួយមិនប្រាកដស្រួលទេ ចុះទម្រាំគ្រប់គ្រងក្រុមហ៊ុនច្រើនក្នុងពេលតែមួយ ពិតជាកាន់តែពិបាក ហេតុនេះការមានវិធីសាស្រ្ត គ្រប់គ្រងច្បាស់លាស់ ត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់។

លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបដែលមានក្រុមហ៊ុនចំ​នួន៨ជាបុត្រសម្ព័ន្ឋ បានចែករំលែកនូវវិធីសាស្រ្តគ្រប់គ្រងក្រុមហ៊ុនច្រើន ក្នុងពេ​ល​​តែមួយជាមួយគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា មុនពង្រីក​ក្រុមហ៊ុន យើងត្រូវសិក្សាពីទីផ្សារថាតើផ្នែកអ្វីមានសក្តានុពល មិនមែនយើងចេះតែពង្រីកនោះទេ ហើយអ្វីចាំបាច់ត្រូវមានធនធានមនុស្សល្អ ពិនិត្យសក្តានុពល​នៅក្នុងតំបន់ សិក្សាពីដៃគូប្រកួតប្រជែងពីផលិតផលឲ្យអស់ ទើបយើងឈានទៅពង្រីកក្រុមហ៊ុនថ្មី។

លោកបន្តថា “ការគ្រប់គ្រងមនុស្សពិបាកផុតលេខហើយ គ្មានអ្វីពិបាកជាង គ្រប់គ្រងមនុស្សទេ ហេតុនេះអ្វីសំខាន់គឺគ្រប់គ្រងមនុស្សឲ្យបានល្អ ព្រោះបើយើ​ងគ្រប់គ្រងបានហើយ អ្វីៗវានឹងរលូន ដើរទៅមុខទន្ទឹមគ្នា”។លោកបន្តថា “កត្តាសំខា​ន់មួយទៀត គឺគ្រប់គ្រង អប់រំ បណ្តុះបណ្តាល នោះជាកត្តាសំខាន់បំផុត”។

លោកឧកញ៉ាលី ហួរបានបន្តថា រឿងសំខាន់មួយទៀត យើងត្រូវធ្វើឲ្យបុគ្គ​លិកទាំងអស់ធ្វើការចេញពីចិត្ត ចេញពីបេះដូង មិនមែនធ្វើការដោយខ្លាចអំណា​ចរបស់យើង បើបែបនេះយើងមិនរីកចម្រើនទេ។ តែយើងត្រូវឲ្យគេយល់ពីបញ្ហា

ចាត់ទុកក្រុមហ៊ុនរបស់ពួកគេធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន។ លោកបន្តថា យើងត្រូវឲ្យគេមានអារម្មណ៍ថា បាត់បងអ្វីមួយជារបស់ក្រុមហ៊ុន ឬខូចខាតអ្វីមួយរបស់​ក្រុមហ៊ុន ដូចជាការខូចខាតឬបាត់បង់របស់ខ្លួន នេះពិតជាសំខាន់ណាស់។ ហេតុ​នេះហើយ ទើបក្រុមហ៊ុនលី ហួរគ្រុបតែងធ្វើមហាសន្និបាតប្រចាំឆ្នាំ ដើម្បីឲ្យបុគ្គ​លិកលើកឡើងពីបញ្ហារបស់ពួកគេ យើងដោះស្រាយជូនពួកគេ និងលើកទឹកចិត្ត​ដល់អ្នកធ្វើការងារបានល្អ។

លោកឧកញ៉ាបានបន្តថា “ខ្ញុំតែងតែលើកទឹកចិត្តពួកគេដោយផ្តល់រង្វាន់ជាការដំឡើងប្រាក់ខែ ជារង្វាន់លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅជូនពួកគេ ដើម្បីឲ្យពួកគេយល់ថា ក្រុមហ៊ុនដែលពួកគេធ្វើការ ជាក្រុមហ៊ុនរបស់ខ្លួន”៕

តើគួរវិនិយោគទិញផ្ទះ និងដីបែបដូចម្ដេច ដើម្បីឆាប់ក្លាយជាអ្នកមានបាន?

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ស្របពេលដែលការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ការវិនិយោគក្នុងវិស័យនេះក៏មានផលចំណេញ និងហានិភ័យផងដែរ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នក ទៅស្តាប់អ្នកជំនាញ ដែលមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងកំពុងទទួលបាន​ជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានថ្លែងឲ្យដឹងថា ការវិនិយោគលើដី និងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទីតាំង តម្លៃ និងពេលវេលា។

ទី១កត្តាទីតាំង

ទីតាំងសំដៅដល់ការវិនិយោគ ដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិវឌ្ឍ និងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគត ព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍ ឬមិនងាយនឹងមានគំរោងអភិ​វឌ្ឍន៍ទៅដល់ ការទិញដីនៅទីតាំងបែបនោះ មិនងាយទទួលបានផលចំណេញ​នោះទេ។

ទី២ កត្តាតម្លៃ

តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគ គួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផង​ដែរ ព្រោះប្រ​សិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយ អ្នកវិនិយោគក៏មិនអាចទទួ​លបានផលចំណេញច្រើនផងដែរ ដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅ​ហើយ ហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។

ទី៣ កត្តាពេលវេលា

កត្តាពេលវេលា គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងលំហូរទុនវិនិយោគពីក្រៅប្រទេស។ ការកំណត់ពេលវេលាទិញដី ដើម្បីវិនិយោគជារឿងចាំ​បាច់ផងដែរ ព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អ ដោយសារនៅពេល​សេដ្ឋកិច្ច សង្គមមានកំនើននិងលំនឹងល្អ គួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រ​ទេសកើនឡើងខ្លាំង តម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់ អ្នកវិនិយោគនានា។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃដី និងផ្ទះបានឡើងថ្លៃចន្លោះពី១៥ ទៅ២៥ភាគរយក្នុងមួយឆ្នាំ ហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញ តើការវិនិយោគមួយណាល្អជាង គឺទិញដីទុកចំ ណេញល្អជាង ព្រោះបើមានលុយក្នុងទំហំដូចគ្នា ការទិញដីបានទំហំធំជាងទិញ​ផ្ទះ ហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។

ចំណែកការទិញផ្ទះ គឺមិនមែនផ្ទះឡើងថ្លៃទេ គឺដីឡើងថ្លៃទៅវិញទេ ព្រោះផ្ទះរស់នៅ​កាន់តែយូរ ត្រូវកាត់រំលស់កាន់តែច្រើន ព្រោះផ្ទះកាន់តែចាស់៕

ដំណឹងល្អ! កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់អត្រា ៧,២%

0

ដោយ វុត្ថា

ភ្នំពេញ៖ គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ រួមជាមួយភាគីកម្ពុជា ធ្វើការព្យាករណ៍ដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់អត្រា ៧,២% ក្នុងនោះចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗ កើនឡើងប្រហាក់ប្រហែល ១.៥០០ ដុល្លារអាមេរិកផងដែរ។

លោកស្រីបណ្ឌិត Junhong Chang ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ARMO) បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ថា គោលបំណងនៃដំណើរទស្សនកិច្ចការងារលើកនេះ គឺជួបពិភាក្សាជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ សំដៅប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីជាមូលដ្ឋានសម្រាប់ការវាយតម្លៃពីនិន្នាការ និងការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មការងាររបស់ AMRO ក្នុងការអង្កេតតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានបូក ៣ ។

ចំពោះការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាគីទាំងពីរមានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសការគ្រោងទុក គឺក្នុងរង្វង់អត្រា ៧,២% ក្នុងនោះចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗ កើនឡើងស្ទើរតែស្មើដល់ ១.៥០០ ដុល្លារអាមេរិក ជាមួយអត្រាអតិផរណាទាបប្រមាណ ៣% ក្នុង មួយឆ្នាំ គឺស្របពេលដែលសមតុល្យពាណិជ្ជកម្មមានភាពរឹងមាំ និងស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ ។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសក៏សង្កេតឃើញបន្តកើនឡើង ស្របពេលដែលកម្ពុជារក្សាបាននូវស្ថានភាពបំណុលល្អប្រសើរ និងស្ថានភាពហិរញ្ញវត្ថុសាធារណៈរឹងមាំប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនចំណាយលើសេវាសង្គមសំខាន់ៗ ដូចជាសុខាភិបាល និងអប់រំជាដើម ។ តែទោះបីយ៉ាងណាសេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរ ទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុកកំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែឆាប់រហ័ស ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើង អំពីរការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយនូវបញ្ហាប្រឈមខាងលើនោះទេ គឺថែមទាំងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មីនៃសេដ្ឋកិច្ចសកលលោកផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី បានស្នើសុំ AMRO បន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលសេដ្ឋវិទូកម្ពុជា នៅ AMRO និងសុំ AMRO ពិនិត្យលទ្ធភាព បន្តជ្រើសរើសសេដ្ឋវិទូកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង AMRO បន្ថែមទៀត ។ ជាការឆ្លើយតប លោកស្រី Junhong Chang ក៏បានសំដែងនូវការគាំទ្រខ្ពស់ចំពោះការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបណ្តុះបណ្តាលសមត្ថភាព និងធនធានមនុស្សរបស់កម្ពុជា៕