ក្រុមហ៊ុនយក្សចិនមួយគ្រោងបោះទុន២០០លានដុល្លារវិនិយោគនៅក្នុងប្រទេសកម្ពុជា

0

ដោយ : វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុនស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) គ្រោងបោះទុន២០០លានដុល្លារវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លុវ ថ្នល់ អគារពាណិជ្ជកម្ម និង អចលនទ្រព្យជាដើមនៅក្នុងប្រទេសម្ពុជា។


លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន Sang Hai Guo Zhou Group បានថ្លែងនៅក្នុងជំនួបពិក្សាការជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ថា មិនត្រឹមតែបុណ្ណោះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក រួមជាមួយគណប្រតិភូមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា -ចិន និងស្វែងរកឪកាសវិនិយោគផ្សេងទៀត និងលើកម្ពស់គោលនយោបាយយុទ្ធសាស្រ្តផ្លូវមួយ និងខ្សែក្រវ៉ាតមួយរបស់ចិននៅក្នុងប្រទេសកម្ពុជាផងដែរ។


លោកបន្តថា នៅពេលខាងមុខដ៏ខ្លីនេះ ក្រុមហ៊ុន Sang Hai Guo Zhou Group គ្រោងនឹងចុះហត្ថលេខាយោគយល់(MOU) ជាមួយក្រុមហ៊ុន Chai Chai Investment Group ដែលស្ថិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Poipet Onion ដើម្បីចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ជាការឆ្លើយតប សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វែងគមន៍ចំពោះ លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន Sang Hai Guo Zhou Group ដែលមានបំណងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ សម្តេចបន្តថា ប្រទេសកម្ពុជា-ចិន គឺជាមិត្តនិងមានទំនាក់ទំនងល្អ ហើយបានជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ហើយគោលដៅសំខាន់របស់កម្ពុជា គឺប្រមូលគៀងគរអ្នកវិនិយោគិនបរទេសអោយមកវិនិយោគនៅក្នុងប្រទេសដើម្បីងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអោយមានការរីកចម្រើន។
លោក កឺ ឈួនបាវ បន្តថា នៅពេលដែលលោកត្រឡប់ទៅកាន់ប្រទេសចិនវិញ នឹងប្រកាសគៀងគរអ្នកវិនិយោគិនចិនផ្សេងទៀតអោយមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក កឺ ឈួនបានអោយដឹងទៀតថាក្រុមហ៊ុន របស់លោក បានដាក់ទុនវិយោគនៅក្នុងបណ្តាប្រទេសផ្សេងទៀតជាច្រើននៅក្នុងតំបន់អាស៊ានមានដូចជា ប្រទេសសឹង្ហបុរី និងប្រទេសថៃ ដែលមានទំហំទឹកប្រាក់វិនិយោគរហូតដល់ ១.៦ពាន់លានដុល្លារដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យជាដើម។
បន្ថែមពីននេះ លោក កឺ ឈួនបាវ បានចាត់ទុកថា ប្រទេសកម្ពុជា គឺជាគោលដ៏សំខាន់ក្នុងការបោះទុនវិនិយោគរបស់លោក នៅកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដូចជាផ្តល់ការងារធ្វើជូនដល់ប្រទេសកម្ពុជា បង្កើនប្រាក់ចំណូលចូលពន្ធដារ ដែលជាប្រាក់ចំណូលរបស់ជាតិក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការរីកចម្រើន៕

តម្លៃដីនៅខេត្តកំពតឡើងថ្លៃមិនចាញ់ខេត្តព្រះសីហនុ

0

ដោយ រ៉ាវី
ភ្នំពេញ៖ បន្ទាប់ពីក្រុងព្រះសីហនុ ដែលត្រូវបានជនជាតិចិនសម្រុកធ្វើការវិនិយោគយ៉ាងគំហុកទៅលើវិស័យអចលនទ្រព្យ ដែលជំរុញតម្លៃដីធ្លីហក់ឡើងខ្ពស់នោះ ពេលនេះងាកមកខេត្តកំពតឯណេះវិញ ចំពោះតម្លៃដីក៏មានការកើនឡើងខ្លាំងមិនចាញ់គ្នានោះទេ ជាពិសេស ដីដែលស្ថិតនៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលតែម្ដង ដូចជាគម្រោងសាងសង់មណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងគម្រោងសាងសង់កំពង់ផែទឹកជ្រៅអន្តរជាតិជាដើម ។


បច្ចុប្បន្នតម្លៃដីនៅខេត្តកំពត ក៏កំពុងមានសន្ទុះឡើងខ្លាំងដែរហើយ ដោយសារខេត្តនេះមានទីតាំងនៅជាប់សមុទ្រ មានសក្តានុពលក្នុងវិស័យទេសចរណ៍ និងមានសក្តានុពលក្នុងការធ្វើកំពង់ផែដឹកជញ្ជូនទំនិញតាមសមុទ្រផងដែរ។

លោក គឺ ប្រាសិទ្ធិ ដែលជាឈ្មួញរកស៊ីលើវិស័យដីធ្លីបានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីនៅខេត្តនេះ កំពុងមានសន្ទុះឡើងខ្លាំងមែន ពិសេសដីដែលស្ថិតនៅចំណុចសំខាន់ៗមួយចំនួន ដូចជាដីនៅតំបន់ដងព្រែក នៅជាប់តំបន់ឆ្នេរ និងនៅតំបន់កម្សាន្តមួយចំនួនទៀត។

លោកបានបន្តទៀតថា សម្រាប់ដីដែលស្ថិតនៅតំបន់កំពង់បាយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ និងដីនៅតាមសងខាងផ្លូវជាតិ ឆ្លងកាត់ពីខេត្តកំពតមកខេត្តព្រះសីហនុតែម្តង កំពុងតែបន្តឡើងតម្លៃ ដែលកាលពីឆ្នាំមុន មានតម្លៃប្រមាណជា 25ទៅ30ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមកទល់បច្ចុប្បន្នដីនៅតំបន់នោះមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងមួយម៉ែត្រការ៉េ តម្លៃដល់ទៅជាង130-150 ដុល្លារឯណោះ។

អ្វីដែលធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្ពស់ ដោយសារជនបរទេស ចូលមករស់នៅទីនោះកាន់តែច្រើនឡើងៗ មកបើកធ្វើអាជីវកម្មផ្សេងៗ ពិសេសធ្វើជាភោជនីយដ្ឋានលក់ទំនិញម្ហូបអាហារជូនភ្ញៀវទេសចរបរទេសដូចគ្នា។

មួយវិញទៀតវិនិយោគិនក៏កំពុងឈានជើងទៅទីនោះ ដើម្បីទិញដីទ្រង់ទ្រង់ធំទុកធ្វើវិនិយោគថែមទៀតផងដែរ។ ដោយឡែកដីនៅតាមបណ្តោយផ្លូវជាតិ ពីទីរួមខេត្តកំពត ឆ្ពោះទៅតំបន់កែប នៅមានតម្លៃទាបនៅឡើយ ដោយក្នុងមួយម៉ែត្រការ៉េ ត្រឹម150 ដុល្លារ ខណៈដែលតម្លៃដីដែលស្ថិតនៅតំបន់កម្សាន្តភ្នំដូង និងតំបន់ក្បែរគម្រោងសាងសង់កំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ ឡើងខ្ពស់រហូតដល់ជាង300ដុល្លារក្នុងមួយម៉ែត្រការ៉េ។


ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អ្នកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន  AMATAK Property Service Co, Ltd  ក៏បានទទួលស្គាល់ដែរថាតម្លៃដីនៅខេត្តកំពត កំពុងមានសន្ទុះកើនឡើងបណ្តើរៗហើយ ស្របពេលដែលរដ្ឋាភិបាលប្រកាសសាងសង់កំពង់ផែអន្តរជាតិជម្រៅទឹកជ្រៅ នឹងពង្រីកផ្លូវជាតិលេខ3 ពីភ្នំពេញទៅខេត្តកំពត។

លោកស្រីថានៅពេលដែលហេដ្ឋារចនាសម្ពន្ឋនេះសាងសង់រួច តម្លៃដីនៅទីនោះនឹងកាន់តែឡើងថ្លៃខ្ពស់ឡើងៗ ដូចទៅនឹងខេត្តព្រះសីហនុដែរ ដោយសារតម្លៃដីនៅខេត្តនោះឡើងថ្លៃខ្ពស់រួចទៅហើយ ដូច្នេះអ្នកវិនិយោគនឹងងាកទៅរកតំបន់ណា ដែលមានទីតាំងភូមិសាស្រ្តប្រហាក់ប្រហែលគ្នា ពិសេសខេត្តកំពត ដែលមានទីតាំងជាប់មាត់សមុទ្រដូចទៅខេត្តព្រះសីហនុដែរ។

យ៉ាងណាក៏ដោយលោកស្រីក៏បានព្រមានផងដែរថា ចំពោះវិនិយោគដើម្បីទទួលបានចំណេញ សម្រាប់ឈ្មួញ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តទិញដី ដែលគួរមើលទីតាំងភូមិសាស្រ្ត ពិនិត្យមើលឯកសារឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងហានិភ័យកើតឡើងក្រោយពេលទិញរួច។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រកាសដែរថា គម្រោងពង្រីកផ្លូវជាតិលេខ3 ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឆ្ពោះទៅទីរួមខេត្តកំពត និងចាប់ផ្តើមសាងសង់នៅដើមខែឧសភាខាងមុខនេះ ក្រោមកម្ចីសម្បទាន 215 លានដុល្លារពីប្រទេសចិន ដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូល។

គម្រោងនេះត្រូវបានបែងចែកជាពីរកំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត ដែលផ្លូវចោមចៅ-បែកគូសនឹងសាងសង់ជាផ្លូវបួនគន្លង (2ទៅ 2មក) ដោយមានទទឹងសរុប 24.5 ម៉ែត្រ ខណៈដែលគម្រោងសាងសង់កំពង់ផែទឹកជ្រៅអន្តរជាតិរបស់ក្រុមហ៊ុនទ្រីភាពគ្រុប សហការជាមួយក្រុមហ៊ុនចិន គ្រោងសាងសង់នៅពេលឆាប់ៗខាងមុខផងដែរ ៕

តើវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាននិយាយពីអ្វីខ្លះ?

0

ដោយ វុត្ថា

វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅដែលកំពុងរៀបចំធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណានៅក្នុងឆ្នាំនេះ គឺផ្តោតសំខាន់លើការពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងកិច្ចសហការរវាងរដ្ឋ និងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានផ្តោតលើប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្តនិងឌីជីថល របស់អាស៊ាន» ដែលបានចូលរួមពីបណ្តាមេដឹកនាំ និងផ្នែកធុរកិច្ច អ្នកសេដ្ឋកិច្ច និងម្ចាស់ក្រុមហ៊ុនធំៗលើពិភពលោកជាច្រើនរូបផងដែរ។

ប្រមុខដឹកនាំទាំងអស់ បានចាត់ទុកការរួមសហការគ្នារវាងវិស័យឯកជន ជាមួយនឹងរដ្ឋាភិបាលគឺជារឿងចាំបាច់បំផុតដើម្បីជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ជាពិសេសគឺរួមគ្នាយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅក្នុងសម័យឌីជីថល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ខឿនសេដ្ឋកិច្ចប្រកបដោយចីរភាព។

សព្វថ្ងៃនេះ ពលរដ្ឋជាពិសេសយុវជនកំពុងប្រើប្រាស់ Smart phone, និងបច្ចេកវិទ្យាថ្មីៗ រួមទាំងការធ្វើពាណិជ្ជកម្ម និងលក់ទំនិញអនឡាញតាមប្រព័ន្ឋអេឡិកត្រូនិក និងការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុតាមធនាគារ និងទូរទាត់តាមប្រព័ន្ឋវ័យឆ្លាតនានា ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទប់ស្កាត់អំពើភេរវកម្មផ្សេងៗ ដែលបានជួយបង្កើតការងារនិងមុខរបរបានយ៉ាងច្រើន ហើយទន្ទឹមនឹងនេះ គឺកំពុងជួយពន្លឿនដល់សមាហរណកម្មក្នុងតំបន់ ព្រមទាំងជំរុញឲ្យមានទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋកាន់តែប្រសើរឡើងទៀតផងដែរ៕

ស្វែងយល់ពីអាស៊ាន! ប្រទេសឥណ្ឌូនេស៊ី កំពុងសាងសង់អគារខ្ពស់កប់ពពកបង្អួតពិភពលោក

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសេដ្ឋកិច្ចរីកចម្រើន និងលូតលាស់ ព្រមទាំងមានអគារខ្ពស់កប់ពពកជាច្រើនផងដែរ ។ នាពេលបច្ចុប្បន្នប្រទេសមួយនេះ បាននិងកំពុងតែសាងសង់អគារខ្ពស់កប់ពពកថ្មីមួយទៀត ដើម្បីបង្អួតពិភពលោក និងដើម្បីទាក់ទាញអ្នកវិនិយោគិន និងទេសចរណ៍ក្នុងតំបន់ និងពិភពលោក។

អគារដែលប្រទេសមួយនេះ កំពុងតែសាងសង់ មានឈ្មោះថា Signature Tower ស្ថិតនៅក្នុងទីក្រុង Jakarta ដែលជាទីក្រុងដ៏ធំរបស់ខ្លួន។ នៅពេលសាងសង់រួចហើយនោះ អគារនេះ នឹងមានកំពស់ ៦៣៨ម៉ែត្រ ជាពិសេសនឹងក្លាយទៅជាអគារខ្ពស់កពពកលំដាប់ទី៦ នៅក្នុងពិភពលោក។

អគារនេះ ត្រូវបានគេស្នើសាងសង់នៅក្នុងឆ្នាំ ២០១០ តែត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០១៥ ទើបចាប់ផ្តើមសាងសង់តែត្រូវផ្អាក់ទៅវិញ ដោយសារតែខ្វះខាតថវិការសាងសង់។ លុះដល់ឆ្នាំ ២០១៦ ត្រូវបានខ្ចីលុយពីធនាគារក្នុងចំណាយសាងសង់អគារនេះឡើងវិញក្នុងទំហំទឹកប្រាក់ចំនួន ១.៥ ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់សាងសង់បន្ត ដោយបានផ្តល់អោយក្រុមហ៊ុនចិនមួយឈ្មោះថា China State Construction Engineering ជាអ្នកទទួលការខុសត្រូវក្នុងការសាងសង់នូវអគារនេះ។

អគារខ្ពស់កប់ពពកមួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញរបស់ក្រុមហ៊ុន SCBD នៅលើទំហំដី ៤៥ ហិកតា នៅជិត អគារ Semanggi Interchange និងនៅខាងត្បូងស្តាត Gelora Bung Karno Statdium ។ អគារនេះ ស្ថិតនៅក្នុងតំបន់ ត្រីកោណមាសនៃទីក្រុង Jakarta (Golden Triangle of Jakarta) ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ទីក្រុង។ នៅពេលគេសាងសង់អគារនេះរួចរាល់ហើយនោះ គឺសម្រាប់ប្រើប្រាស់រួម ដូចជាកន្លែងចតថយន្ត កន្លែងកម្សាន្ត ការិយាល័យធ្វើការ និង កន្លែងស្នាក់នៅជាដើម។

អគារនេះ ជាកម្មសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុន PT Grahamas Adisentosa និង ក្រុមហ៊ុន PT Danayasa Arthatama ហើយគ្រោងនិងបញ្ចប់សាងសង់ជាផ្លូវការនៅក្នុងឆ្នាំ ២០២២៕

កម្ពុជាចាប់ផ្តើមពង្រីកធនធានមនុស្ស លើផ្នែកស្ថាបត្យកម្ម

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ បញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យស្ថាបត្យកម្មនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញឲ្យវិស័យឯកជន និងរដ្ឋធ្វើការជាមួយគ្នា ជជែកពិភាក្សាស្វែងរកគន្លឹះអភិវឌ្ឍ ដើម្បីពង្រីកទីក្រុងឆ្លាតវៃ និងការពង្រីកសុខុដុមរមណីយកម្ម ឈានទៅរកការរីកចម្រើន ។

ឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា បានថ្លែងលើកឡើង ក្នុងពិធីតាំងពិព័រណ៌វិស័យស្ថាបត្យកម្ម និងសម្ភារៈសំណង់ខ្នាតអន្តរជាតិ នៅ មជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍនវិស័យអចលនទ្រព្យ ស្របពេលដែលប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងមានសុខសន្តិភាពសណ្តាប់ ដូច្នេះការអភិវឌ្ឍន៍លើវិស័យសំណង់ ស្ថាបត្យកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតទីក្រុងថ្មីៗ គឺបានកំពុងពង្រីកសុខុដុមរមណីយកម្ម ឈានទៅរកការរីកចម្រើន ឆ្ពោះទៅរកទីក្រុងឆ្លាតវៃផងដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ប្រវត្តិនៃការសាងសង់ទីក្រុងខ្មែរយើងធ្លាប់ស្ថាបនាទីក្រុងឆ្លាតវែ តាំងពីសតវត្សរ៍ទី១២មកម្លេះ ក្នុងនោះទីក្រុងបានស្រូបយកគ្រប់វិស័យទាំងអស់ ដោយក្លាយជាចរន្តរតភ្ជាប់យ៉ាងសំខាន់ ដូច្នេះទើបរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជម្រុញឲ្យវិស័យឯកជន និងរដ្ឋ ធ្វើការជាមួយគ្នា ជជែកពិភាក្សាស្វែងរកគន្លឹះអភិវឌ្ឍ ដើម្បីពង្រីកទីក្រុងឆ្លាត និងការពង្រីកសុខុដុមរមណីយកម្មឈានទៅរកការរីកចម្រើន ។

នៅក្នុងឱកាសតាំងពិរព័ណ៌នេះ លោក Vincent Low ប្រធានគ្រប់គ្រង់ក្រុមហ៊ុន តៃ ស៊ិន បានលើកឡើងផងដែរ ថា បច្ចុប្បន្នពិភពលោកមានការវិវត្តន៍លើផ្នែកអចលនទ្រព្យយ៉ាងខ្លាំង ជាពិសេសប្រទេសកម្ពុជាផ្ទាល់ កំពុងជម្រុញអភិវឌ្ឍ នៅលើផ្នែកយ៉ាងខ្លាំងផងដែរ ក្នុងនោះសម្រាប់ តៃ ស៊ិន ដែលជាក្រុមហ៊ុន ផ្គង់ផ្គង់ខ្សែភ្លើង កំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយមានខ្សែភ្លើងគ្រប់ម៉ាក ជាខ្សែភ្លើងមានស្តង់ដារ ដែលប្រទេសកម្ពុជាកំពុងនិយមប្រើប្រាស់ ។ លោកបញ្ជាក់ថា ការផ្តល់នូវផលិតផលដែលមានស្តង់ដារ ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ នឹងជួយឲ្យកម្ពុជាមានការអភិវឌ្ឍវិស័យសំណង់ប្រកបដោយស្តង់ដារខ្ពស់ និងឈានទៅប្រកួតប្រជែងទីក្រុងឆ្លាតវៃផងដែរ ។

ពាក់ព័ន្ធការតាំងពិព័រណ៍ លោក Andrew Siow នាយកក្រុមហ៊ុន ABM Tarsus Events Group បានបញ្ជាក់ ឲ្យដឹងថា ការរៀបចំតាំងពិព័រណ៍ផ្នែកស្ថាបត្យកម្មអាការ និងសំណង់ខ្នាតអន្តរជាតិ ធំបំផុតនៅកម្ពុជា គឺបានផ្តោតការយកចិត្តទុកដាក់អំពីគំនិតច្នៃប្រឌិត និងការរចនា និងការបង្ហាញទស្សនៈវិស័យទីក្រុង វៃឆ្លាត ដែលមានក្រុមហ៊ុនជាតិ អន្តរជាតិ ជាង៣៥០ក្រុមហ៊ុន បានចូលរួម និងមានផលិតផលនាំមកចំនួន២៣ប្រទេស នឹងមានអ្នកចូលរួមប្រមាណជាង១ម៉ឺនអ្នកផងដែរ ៕

CDC អនុម័ត្តឲ្យក្រុមហ៊ុនចំនួន ៤ មានទឹកប្រាក់ចំនួនជាង ២០ លានដុល្លារ វិនិយោគនៅប្រទេសកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានសម្រេចចេញវិញ្ញាបនបត្រ​ចុះបញ្ជី​ជូនដល់ក្រុមហ៊ុនចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង ២០ លានដុល្លារ វិយោគ​លើរោងចក្រកាត់ដេរ និងដេរស្បែងជើង ដែលផ្តល់ការងារជូនដល់ប្រជាជនកម្ពុជា​ចំនួន​ជិត ១ម៉ឺននាក់ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន និងគណៈកម្មាធិការ​វិនិយោគកម្ពុជា។

 

 

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងដំណើរការផលិតកម្មទាំង៤នោះ រួមមាន ៖  ១- ក្រុមហ៊ុន “PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៣ន្លែង។

២- ក្រុមហ៊ុន “JH GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២០ កន្លែង។

៣- ក្រុមហ៊ុន “PRESTIGE GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦ កន្លែង។

៤- ក្រុមហ៊ុន “LONG CHENG SHOE PARTS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង។

ស្វែងយល់ពីអាស៊ី! ទីក្រុងហុងកុងមានអគារភ្លោះតំណាងអោយប្តីប្រពន្ធ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីក្រុងហុងកុង គឺជាទីក្រុងដែលមានសេដ្ឋកិច្ច និងអគារខ្ពស់កប់ពពក​លូតលាស់គ្រប់ទីកន្លែងដែលធ្វើអោយទីក្រុងមួយនេះ មានភាពល្បីល្បាញទាំង​នៅក្នុងតំបន់និងពិភពលោក ។

ពេលនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារថ្មីមួយទៀតនៅ​ក្នុង​ទីក្រុងនេះមកបង្ហាញជូនមិត្តអានដើម្បីបានស្វែងយល់ពីការរីកចម្រើនវិស័យសំណង់​អគារនានា ទាំងនៅក្នុងតំបន់ និងពិភពលោក គឺ​អគារ Nina Tower។

អគារ Nina Tower ជាអគារភ្លោះ ដែលមានកំពស់ ៨០ និង ៤២ ជាន់ ស្ថិតនៅក្នុងតំបន់ Tsuen Wan ក្នុងទីក្រុងហុងកុង ។ អគារនេះត្រូវបានគេរចនាជាអគារខ្ពស់បំផុតនៅ​ក្នុង​ពិភពលោកក្នុងកម្រិតកម្ពស់ប្រមាណ ៥១៨ ម៉ែត្រ តែដោយសារតែដំបន់នេះ នៅជាង​នៅនឹង អកាសយានដ្ឋាន Chek Lap Kok Airport នោះ កំពស់​របស់ត្រូវបានគេ​កំណត់​អោយសាងសង់ត្រឹមតែ ៣១៩.៨ ម៉ែត្រ ។

អគារនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Chinachem Group ដោយក្រោយមកត្រូវបានគេសាងសង់ទៅជាអគារភ្លោះ ក្នុងនោះ​អគារ​ដែលទាប ឈ្មោះថា Nina Tower ដែលជានិមិត្តរូបរបស់ស្រី Nina Wang ឬហៅថា Kung Yu ដែលម្ចាស់ក្រុមហ៊ុន Chanachem Group និងអគារ​ដែល​ខ្ពស់ គឺហៅថា Teddy Tower ដែលជានិមិត្តរូបរបស់ប្តីលោកស្រី គឺលោក Teddy Wang ។ នៅជាន់ទី ៤០ នៃអគារនេះ មានសណ្ឋាគារលំដាប់ផ្កាយ ៥ ដែល​មាន ៨០០ បន្ទប់ ឈ្មោះថា L’hotel Nina et Convesntion Centre ខណៈនៅជាន់​ទី ១០ ទៅជាន់ ៣៩ គឺជាកន្លែងការិយាល័យធ្វើការ។ ជាន់ទី ១ ទៅជាន់ទី ៥ ជាកន្លែង ផ្សារទំនើប ខណៈជាន់ទី ៦ ទៅជាន់ទី ៩ ជាកន្លែងមជ្ឈមណ្ឌលពិពរណ៌ ។

ជាន់ទី ៤១ ជាកន្លែង លំហែកាយ (Sky Lobby)ដែលអនុញ្ញាតោយភ្ញៀវទេសចរ​ទៅលេងកម្សាន្ត​ដោយឥតថ្លៃ ដោយជិះជណ្តើរយន្តពីជាន់ក្រោម និងពីសណ្ឋាគារទៅកាន់ទីនោះបាន។ កន្លែងលំហែកាយ ឬ Sky Lobby ផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាត និងអាចមើល​ទេសភាពនានានូវជុំវិញតំបន់ Tsuen Wan និង អាចមើលទេសភាពព្រៃភ្នំ Tai Mo Shan មើលកោះ Tsing Yi និងអាចមើលស្ពាន Ting Kau តភ្ជាប់ពី កោះ Tsing Yi ទៅកាន់តំបន់ Sham Tseng។ អគារនេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ ២០០០ និងបញ្ចប់នៅក្នុងឆ្នាំ២០០៦ តែយ៉ាងណាក៏ដោយមិនត្រូវបានគេបង្ហាញពីទំហំ​ទឹកប្រាក់​ចំណាយក្នុងការសាងសង់អគារនេះ ទេ៕

កម្ពុជាជ្រើសរើសប្រាសាទសំបូរព្រៃគុកសម្រាប់ដាក់តាំងពីពិព័រណ៍ចិន-អាស៊ាន

0

ដោយ ៖ វត្ថា

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍​ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពី​ឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោម​ប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃ​ភាព​ច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផល​ប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិព័រណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទ​សំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំ​ស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមក​បណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើននាពេលអនាគត។ ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរត្រលប់ទៅវិញថែមទៀត។

តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។ ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក​ផងដែរ៕

ស្វែងយល់ពីអាស៊ាន! តម្រូវការទីផ្សារខុនដូរប្រណិតក្នុងទីក្រុងបាងកកនៅតែខ្ពស់

0

យោងតាមការចុះផ្សាយ ពីកាសែតបាងកកប៉ុស្ដិ៍ ដោយបានដកស្រង់របាយការណ៍របស់ក្រុមហ៊ុន Grown Property Bureau បានឱ្យដឹងថា តម្រូវការខុនដូរប្រណិតនៅទីក្រុងបាងកក ដែលជាតំបន់មានសេដ្ឋកិច្ចខ្លាំង នៅតែមានទីផ្សារខ្ពស់ ជាមួយនឹងតម្រូវការខ្លាំងដដែល
ដោយសារតែមានការសម្រេចទិញខុនដូរកាន់តែច្រើន ពីប្រជាពលរដ្ឋ បន្ទាប់ពីគម្រោងនៃការសាងសង់បានបញ្ចប់។

លោក Serbpong Kiattvisanchai នាយកអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុន Siam Sindhorn Co បាននិយាយថា អ្នកទិញខុនដូរប្រណិតមិនងាយងាកចេញពីការទិញឡើយ នៅពេលដែលឃើញខុនដូរដែលជាតម្រូវការរបស់ខ្លួន។
លោកបន្តថា “តែយ៉ាងណាក៏ដោយ អ្នកទិញមួយចំនួននៅក្នុងផ្នែកនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារតែតម្លៃដីឡើងថ្លៃនៅតាមតំបន់ពាណិជ្ជកម្មរីកចម្រើន ដែលជំរុញឱ្យតម្លៃលំនៅឋានកើនឡើង” ។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Siam Sindhorn បានសម្ពោធ គម្រោងខុនដូររបស់ខ្លួន ឈ្មោះថា Sindhorn Tonson ដែលមានកំពស់ ១៧ ស្ថិតនៅទំហំដី ១.៥ រ៉ៃ នៅតាមបណ្តោយផ្លូវ Sarasin និង Ton Son ដែលមាន ៥៩ យូនីត ទំហំចាប់ ៨៥ ទៅ ១៤០ ម៉ែត្រការ៉េ ក្នុងតំលៃ ២២០,០០០ បាត ក្នុងមួយម៉ែត្រការ៉េ ត្រូវបានលក់អស់ប្រមាណជា ៤០ ភាករយ។

អ្នកអភិវឌ្ឍន៍ខុដូរផ្សេងទៀត ក៏នឹងត្រៀម សម្ពោធការផ្គត់ផ្គន់ខុនប្រណិតជាច្រើននៅក្នុងតំបន់ដែលមានសេដ្ឋកិច្ច ដូចជាតំបន់ Sindhorn Village នៅតាមបណ្តោយផ្លូវ Lang Suan ជាដើម។ នៅក្នងុផ្នែកខ្លះនៃ តំបន់ Sindhorn Village ត្រូវបានគេកំណត់គោលដៅដំបូងថាជាតំបន់ដែលមានខុនដូតម្លៃមធ្យមនឹងក្លាយជាសណ្ឋាគារនិងសេវាកម្មអាផាតមិន៕

ស្វែងយល់ពីការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជាតើមានការវិវត្តដូចម្តេច

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ឲ្យប្រើតែសន្លឹកបណ្ណថ្មីដែលមានឈ្មោះថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” សម្រាប់ចុះបញ្ជីដីធ្លីដែលមានលក្ខណៈដាច់ដោយដុំការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ចាប់ពីឆ្នាំ២០១៩ តទៅ

ដើម្បីសម្រួលដល់ការយល់កាន់តែច្បាស់ស្តីពី ការចុះបញ្ជីបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គេហទំព័រ Propertyarea.asia  សូមលើកយកគន្លឹះខ្លះនៃការចុះបញ្ជីនេះមាន៥ដំណាក់កាលដូចខាងក្រោមនេះ

ដំណាក់កាលទី ១៖ អំពីការរៀបចំ

អភិបាលខេត្ត ក្រុងជាអ្នកប្រកាសតំបន់ ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លី ត្រូវកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវធ្វើការប្រជុំវិនិច្ឆ័យដោយផ្តល់ព័ត៌មាន មកអាជ្ញាធរមូលដ្ឋានយ៉ាងតិច១៥ ថ្ងៃ និងសាធារណៈជនយ៉ាងតិច៧ ថ្ងៃមុនការប្រជុំ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ (មាត្រា៦ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជី)។

ដំណាក់កាលទី ២៖ អំពីប្រតិបត្តិការបច្ចេកទេស

១ ការងារវាល៖ ក្រុមមន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដី វាសវែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភ័ស្តតាងផ្សេងៗជាលក្ខណៈរូបជាលាយលក្ខណ៍អក្សរ ឬ ចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។

២ ការងារនៅការិយាល័យ ប្រសិនបើមិនមានទំនាស់ ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។

ដំណាក់កាលទី ៣៖ ការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

អាជ្ញាធរខេត្តក្រុង ត្រូវប្រកាសផ្សាយជាសាធារណៈ អំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល៣០ថ្ងៃ ដើម្បីអោយបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្តល់ការយល់ព្រម លើឯកសារនៃការវិនិច្ឆ័យទាំងនោះ ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ចូនឯកសារ នៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់។

ប្រសិនបើមានការជំទាស់ ឬការតវ៉ាសាមីជន អាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីដោះស្រាយតាមនីតិវិធីដែលបានកំណត់។

ដំណាក់កាលទី ៤៖ អំពីការសម្រេចលើឯកសារ

ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្តក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខាសម្តេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។

ដំណាក់កាលទី ៥៖ អំពីការចេញប័ណ្ណ

នៅពេលដែលនីតិវិធី នៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចុះបញ្ជី ចេញប័ណ្ណ៕