ប្រជាពលរដ្ឋគាំទ្រចំពោះការរៀបចំឲ្យមានតំបន់ Walk Street នៅលើតិរវិថីស៊ីសុវត្ថិ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ បន្ទាប់ពីធ្វើការបង្ហោះអត្ថបទទាក់ទងនឹងវិស័យឯកជន ជំរុញឲ្យមានការ​រៀ​បចំតំបន់ Walk Street ពីមុខព្រះបរមរាជវាំង ដល់ផ្សាររាត្រីនៅតំបន់ផ្សារចាស់ ប្រជាពលរដ្ឋបានផ្ញើរសារសម្តែងការគាំទ្រ ចំពោះគំនិតដ៏ល្អនេះ។

ស្រ្តីម្នាក់ដែលប្រើប្រាស់គណនេយ្យឈ្មោះ Bong Ma Ck បានសរសរលើបណ្តាញទំនាក់ទំនងសង្គម និងផ្ញើរសារនៅលើគេហទំព័រ Propertyarea.asia ថា Walk Street គួឬនៅតំបន់មុខវាំង មាត់ទ​ន្លេជាតំបន់ស័ក្តិសមបំផុត។

ចំណែកគណនេយ្យឈ្មោះ Cooling Heart បានសរសេរថា គាំទ្រ១០០ភាគរយ។

លោក Seng Pronet បានសរសេរថា គាំទ្រយូរហើយ។

រីឯលោក Teakh That បានសរសេរខមមិនមកផងដែរថា សម្រាប់ខ្ញុំស្នើឲ្យមានផ្លូវថ្មើជើងថ្មី ហើយបើមានសូមកុំយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេង  សម្រាប់ទុកដើរបានហើយ។

គណនេយ្យមួយទៀតដាក់ឈ្មោះ Monika MP បានសម្តែងការគាំទ្រចំពោះគមរោងនេះផងដែរ ដោយបានសរសរមកកាន់គេហទំព័ររបស់យើងជាភាសាអង់គ្លេសថា “I agree with that” ដែលមានន័យថា ខ្ញុំយល់ស្របជាមួយគំរោងបែបនេះ”។

លោក Sam Dy បានសរសេរគាំទ្រផងដែរថា “ខ្ញុំគាំទ្រពេញទំហឹង”។

គំរោងបង្កើតផ្លូវថ្មើជើងឬតំបន់ Walk street ត្រូវបានផ្តួចផ្តើមឡើង ដោយលោកកែប ជុតិម៉ាអតីតអភិបាលរាជធានីភ្នំពេញ ប៉ុន្តែគំរោងនេះបានពន្យាពេលរហូតមកដល់ពេលនេះ ដោយសារប្រជាពលរដ្ឋរស់ នៅតាមបណ្តោយតិរវិថីស៊ីសុវត្ថិមានការជំទាស់។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានទទូចថា ទីក្រុងភ្នំពេញ មិនមានកន្លែងកំសាន្តទាក់ទាញនាពេលរាត្រីនោះទេ ហេតុនេះអាជ្ញាធរគួររៀបចំតំបន់ដើរកំសាន្តនៅតំបន់នេះ ដែលវាជាតំបន់ដ៏ស័ក្តិសមបំផុត សម្រាប់ផ្តល់កន្លែង​កំសាន្តនាពេលរាត្រីដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រោះបើតំបន់នេះមានយានយន្ត​ឆ្លងកាត់ វាបង្កការរំខានដល់អារម្មណ៍របស់ភ្ញៀវទេសចរណ៍។

លោកស្រីបន្តថា “រាជធានីភ្នំពេញ​ មិនមានកន្លែងសំរាប់ភ្ញៀវទេសចរណ៍កំសាន្តច្រើននោះទេ ហេតុនេះទើបទាមទារឲ្យមានការរៀបចំពីអាជ្ញាធរ និងការវិនិយោគបន្ថែមពី​វិស័យឯកជន”។លោកស្រីបន្ថែមថា “ភ្ញៀវទេសចរណ៍ស្នាក់នៅរយៈពេលខ្លីនៅក្រុងភ្នំពេ​ញ ត្រឹម១ឬពីរយប់ប៉ុណ្ណោះ ដោយសារយើងមិនមានកន្លែងកំសាន្តសម្រាប់ទាក់ទាញពួកគេឲ្យស្នាក់នៅបានយូរ”៕

តើបណ្តាញផ្លូវរថភ្លើងកម្ពុជា អាចឲ្យរថភ្លើងល្បឿនលឿនដំណើការបានឬទេ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ខណៈកម្ពុជាកំពុងពង្រីកសក្តានុពលតភ្ជាប់ផ្លូដែក មន្រ្តីជំនាញក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា បណ្តាញផ្លូវរថភ្លើងកម្ពុជា មិនទាន់អាចអនុញ្ញាត្តឲ្យកម្ពុជាប្រើប្រាស់រថភ្លើងល្បឿនលឿនបាននៅឡើយទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា បណ្តាញផ្លូវរថភ្លើងកម្ពុជា មានទំហំទទឹង១ម៉ែត្រប៉ុណ្ណោះ និងមិនទាន់មានស្តង់ដាអាចទ្រទម្ងន់បាន២៥តោនបានទាំងស្រុងទេ គឺផ្លូវរថភ្លើងដែលអាចផ្ទុកទម្ងន់បាន២៥តោន មានត្រឹមកំណាត់ពីក្រុងសិរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែតប៉ុណ្ណោះ។ ចំណែកពីក្រុងសិរីសោភ័ណ មកកាន់ក្រុងភ្នំពេញ​ដែលនឹងមានខ្សែ​រថភ្លើងរត់បាននៅថ្ងៃទី៤ កក្កដាខាងមុខ អាចទ្រទម្ងន់បាន១៥តោន។

លោកបន្តថា “បណ្តាញផ្លូវរថភ្លើងរបស់យើងអាចរត់យ៉ាងលឿនបាន ក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដោយសារផ្លូវរថភ្លើងរបស់យើងមិនទាន់គ្រប់ស្តង់ដា​អាចឲ្យរថភ្លើងល្បឿនលឿនដំណើរការបាននៅឡើយ”។លោកបន្តថា “ផ្លួបរថភ្លើងដែលអាចប្រើប្រាស់រថភ្លើងល្បឿនលឿនបាន ត្រូវមានទំហំ១,៤៥ម៉ែត្រ ប៉ុន្តែផ្លូវរថភ្លើងកម្ពុជាបច្ចុប្បន្នមានទំហំទទឹង១ម៉ែត្រប៉ុណ្ណោះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា បណ្តាញផ្លូវរថភ្លើងនៅតាមមហាអនុតំបន់ទន្លេមេគង្គ ក៏មានសភាពដូចកម្ពុជាផងដែរ លើកលែងតែប្រទេសថៃ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវរថភ្លើងទំហំ១,៤៥ម៉ែត្រ ដែលអាចអនុញ្ញាត្តឲ្យមានរថភ្លើងល្បឿនលឿនធ្វើចរាចរ​បាន ហើយប្រទេសនេះនឹងតភ្ជាប់ផ្លូវល្បឿនលឿន ជាមួយប្រទេសចិននាពេលខាងមុខនេះ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ការតភ្ជាប់បណ្តាញផ្លូវរថភ្លើងនៅកម្ពុជា ពិតជាផ្តល់ផលប្រយោជន៍ច្រើនដល់ការដឹកជញ្ជូន ព្រោះវាជួយកាត់យតម្លៃដើមនៅក្នុងការដឹកជញ្ជូន ខណៈដែលតម្លៃនៃការដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃជាងគេនៅក្នុងតំបន់។ លោកបន្តថា ការដឹកជញ្ជូនតាមផ្លូវដែក​នឹងចំណាយថ្លៃដើម ក្នុងការដឹកជញ្ជូនតិចជាងមុន ដោយសារការដឹកជញ្ជូនតាមផ្លូវដែកអាចដឹកបានច្រើន។

លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែកក៏ផ្តល់ជម្រើសកាន់តែច្រើន និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ”៕

ដំណឹងល្អ! ក្រុងបីរបស់កម្ពុជា នឹងចាប់ផ្តើមអនុវត្តន៍ប្រព័ន្ឋចម្រោះទឹកស្អាត

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុងចំនួនបីរបស់កម្ពុជា គឺក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ នឹងទទួលបានបណ្ដាញចម្រោះទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកប្រកបដោយប្រសិទ្ធភាព ក្រោមគម្រោងសិក្សាសមិទ្ធិលទ្ធភាព​ និងផែនការមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួង​សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិល ធីឌី ស្ដីពី“កិច្ចសហប្រតិបត្តិការ លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព​ និងផែនការមេ សម្រាប់បណ្ដាញទឹកកខ្វក់និងប្រព័ន្ធរំដោះទឹក ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ”កាលពីម្សិលម៉ិញនេះថា អនុស្សរណៈនៃការយោគ​យល់​នេះ ធ្វើឡើងក្នុងគោលបំណងសិក្សាផែនការមេឱ្យបានស៊ីជម្រៅ ក្នុងការក​សាង​បណ្ដាញ​ទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្នុងក្រុងទាំងបី ដើម្បីលើកម្ពស់គុណភាព​សេវាសាធារណៈជូន​ប្រជា​ពលរដ្ឋ ទឹកស្អាត បរិ​ស្ថាន​ស្អាត និងកាត់​បន្ថយ​ការ​ចំណាយថវិកាជាតិ ក៏ដូចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងរហូតដល់ដប់លាននាក់ក្នុងឆ្នាំ២០២៣។

លោកបន្តថា “កិច្ចសហការរវាងវិស័យឯកជន និង​វិស័យរដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការកាត់បន្ថ​យ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹង​កំពុង​សហការ​ជាមួយអង្គការ JICA ក្នុងការរំដោះទឹកក្នុងទីក្រុងភ្នំពេញផងដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមប៉េជីង អឺបេន ខនស្ត្រាក់សិនគ្រុប ខូ អិល ធីឌី ដែលបានសហការជាមួយក្រសួងសាធា​រណការ និងដឹក​ជ​ញ្ជូ​ន​ ក្នុងការសិក្សាផែនការមេសម្រាប់បណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្រុងទាំងបី៕

ស្វែងយល់​ពី​អាស៊ាន៖ សឹង្ហ​បុរី​សាងសង់​ស្ពាន​ថ្មើ​ជើង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេស​សឹង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឋានសួគ៌​លោក​កី​យ៍​សម្រាប់​មនុស្ស​សម័យថ្មី ដែល​ចង់​ស្គាល់​ពី​ភាព​អស្ចារ្យ ស៊ី​វិ​ល័យ វត្ថុ​ល្បីល្បាញ និង​ទំនើប​នាពេល​បច្ចុប្បន្ន ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

គេហទំព័រ propertyarea.asia សូម​នាំយក​នាំ​លោក អ្នក​មក​បង្ហាញ​ស្ពាន​ថ្មើរជើង របស់​ប្រទេស​សឹង្ហ​បុរី​ដ៏​អស្ចារ្យ​បំផុត និង​មានតែ​មួយគត់​នៅក្នុង​ពិភពលោក គឺ​ស្ពាន​អាកាស​ថ្មើរជើង Henderson Waves ឬ Southern Ridges Walk ។

ស្ពាន​អ​កាស​ថ្មើរជើង​របស់​ប្រទេស​សឹង្ហ​បុរី​នេះ មាន​ឈ្មោះថា Henderson Waves ឬ​Southern Ridges Walk ដែល​ស្ពាន​អាកាស​ថ្មើរជើង​នេះ ត្រុ​វ​បាន​សាងសង់​ដោយមាន​រចនាសម្ព័ន្ធ​អាច​ទស្សនា​ទេសភាព​សងខាង​នៃ​ស្ពាន។

ស្ពាន​ថ្មើរជើង​ខ្ពស់​ក​ពពក​ន​នេះ សាងសង់ឡើង​ពី​ដែកថែប និង​ឈើ ដែល​រួមបញ្ចូល​ដោយ​មូ​ដ​មាន​រា​ង្គ​ដូចជា​ទឹករលក។ ស្ពាន​អ​កាស​ថ្មើរ​ជើ​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​កន្លែង​ដើរ​កម្សាន្ត ដែលមាន​ភាពល្បីល្បាញរ​បស់​ប្រទេស​សឹង្ហ​បុរី និង​សាងសង់ឡើង​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ឡើង​ភ្នំ។ ហើយក៏​ជា​កន្លែង​កម្សាន្ត​របស់​ក្រុមគ្រួសារ និង​កន្លែង​ហាត់ប្រាណ​របស់​ពលរដ្ឋ​សឹង្ហ​បុរី។ នៅពេល​រាត្រី​មាន​ភ្លើង​ព័ណ៌​ល្អ​ស្អាត​យ៉ាង​ត្រចះត្រចង់ ដោយមាន​ទាំង​ការដាក់​ផ្ទាំង LEDផងដែរ។

ស្ពាន​នេះ​មាន​ប្រវែង១០គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ឧទ្យាន Kent Ridge Park និង Harbour Front ស្ថិតនៅតាម​បណ្តោយ​ជួរ​ភ្នំ​ភាគខាងត្បូង​នៃ​ប្រទេស​សិង្ហ​បុរី។ នៅពេល​ធ្វើដំណើរ​លើ​ស្ពាន​នេះ នឹងធ្វើ​ឲ្យ​លោក អ្នកនឹង​មានការ​ចាប់​អារម្មណ៍​ទេសភាព​ខៀវស្រងាត់​នៅជាប់​ស្ពាន​សង់ខាង។

ស្ពាន​នេះ​ត្រូវបាន​គេ​សង​សង់ និង​សាងសង់ឡើង​នៅក្នុង​ឆ្នាំ២០០២ ដែល​សង​សង់​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ឡើងវិញ​នៅ​ទីប្រជុំជន (Urbarn Redevelopment Authority (URA) របស់​សឹង្ហ​បុរី ដោយ​ចំណាយពេល​សាងសង់​ចំនួន២ឆ្នាំ និង​ចំណាយ​ថវិការ​អស់​ចំនួន២៥.៥ លាន​ដុល្លារ​សឹង្ហ​បុរី៕

ព្រលានយន្តហោះថ្មីបីទៀត កំពុងសាងសង់ និងត្រៀមសាងសង់នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញមន្រ្តីជាន់ខ្ពស់រដ្ឋលខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា បច្ចុប្បន្នមា​ន​ព្រលានយន្តហោះចំនួនបី បាននិងត្រៀមសាងសង់ និងកំពុងសាងសង់នៅកម្ពុជា ដែលនឹងពង្រីកសក្តានុពលការដឹកជញ្ជូន តាមផ្លូវអាកាសនៅកម្ពុជា កាន់តែប្រសើរថែមទៀត។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនានេះថា បច្ចុប្បន្ននៅកម្ពុជាមានព្រលានយន្តហោះចំនួនពីរកំពុងសាងសង់ ដោយមួយស្ថិតនៅក្នុងគំរោងតារាសាគរ ក្នុងខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ព្រលានមួយទៀតស្ថិតក្នុងខេត្តសៀមរាប ដែលវិនិយោគដោយក្រុមហ៊ុនចិន និងព្រលានមួយទៀតស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  លោកបន្តថា ព្រលានយន្តហោះទាំងនេះ នឹងពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាក់​ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

លោកបន្តថា “ព្រលានយន្តហោះស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមិនបាន​លុបចោលនោះទេ វាជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា “ទន្ទឹមនឹងព្រលានយន្តហោះបីកំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ បច្ចុប្បន្ននេះកម្ពុជាមានព្រលានយន្តហោះ កំពុងដំណើរការបច្ចុប្បន្នចំនួនបី ផងដែរ ដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានថ្លែងថា ការមានព្រលានយន្តហោះច្រើននៅតាមបណ្តាខេត្តនានា ពិតជាល្អប្រសើរព្រោះវាជាការ​ងាយតភ្ជាប់ការដឹកជញ្ជូន និងសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ ព្រោះការធ្វើដំណើរតាមផ្លូវអាកាសមានភាពងាយស្រួល និងចំណាយពេលវេលាតិច ដែលធ្វើឲ្យភ្ញៀវ​មិនខាតបង់ពេលវេលា។

លោកស្រីបានបន្តថា “ការធ្វើដំណើរតាមផ្លូវគោក ត្រូវចំណាយពេលយូរទោះជាផ្លូវស្អាតហើយក៏ដោយ និងខាតពេលវេលាសម្រាប់ភ្ញៀវទេសចរណ៍ ហេតុនេះការមានព្រលា​នយន្តហោះនៅតាមបណ្តាខេត្តដូចជា ខេត្តស្ទឹងត្រែងជាដើមពិតជាល្អប្រសើរ”។លោកស្រីបន្តថា “ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែង ឬបណ្តាខេត្តដទៃទៀត នឹងទទួ​លបានជោគជ័យ ដោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនឹងមានជម្រើសច្រើន ហើយពួកគេនឹងធ្វើដំណើរតាមផ្លូវអាកាស”៕

លោកជា សុផារ៉ា៖ ការចុះបញ្ជីរក្បាលដីនឹងបន្ថយការរំលោភបំពាននិងជម្លោះកម្មសិទ្ធដីធ្លី

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា យន្តការចុះបញ្ជីរក្បាលដី ដែលកំពុងអនុវត្តន៍ដោយមន្រ្តីជំនាញរបស់ក្រសួង ជាការចូលរួមចំណែកកាត់បន្ថយការរំលោភបំពាន និងជម្លោះលើកម្មសិទ្ឋដីធ្លី។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ាបានលើកឡើងកាលពីពេលថ្មីៗនេះថា គោលនយោបាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើយ៉ាងណាសម្រេចឲ្យបានការចុះបញ្ជីដីធ្លីចំនួន១០ភាគរយក្នុងមួយឆ្នាំ។

លោកបន្តថា ការចុះបញ្ជីដីធ្លីជូនប្រជាជននេះ មានសារៈសំខាន់ជាខ្លាំងក្នុង ឯកឧត្តមលើកឡើងបន្ថែមថា ក្រសួងធ្វើការចុះបញ្ជីដីធ្លីដល់រាល់បណ្ដាខេត្ត ក្រុងទាំងអស់ ដោយអនុវត្តិនៅតាមបណ្ដាតំបន់ ដែលមានសក្ដានុពលសេដ្ឋកិច្ចមុន ជាពិសេសគឺចង់អោយដីប្រជាជន ក្លាយជាទុនសម្រាប់ពួកគាត់ ដោយសព្វថ្ងៃដីនៅកម្ពុជាមានតម្លៃថ្លៃ មិនដូចកាលពីមុនមិនមានតំលៃថ្លៃនោះទេ។​

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រសួងសម្រេចបានការចុះបញ្ជីរក្បាលដីបា​ន៤,៦លានក្បាលដីរួចហើយ ស្មើនឹងប្រមាណ៦០ភាគរយនៃផែនការទូទាំងប្រទេស”។

ជាមួយនឹងការដាក់ចេញនូវនយោបាយកំណែទម្រង់ដីធ្លីនេះ ក្រសួងនេះក៏បានចេ​ញនូវវិញ្ញាបនបត្រថ្មី សម្រាប់សម្គាល់ កាន់កាប់អចលនទ្រព្យនៅកម្ពុជាផងដែរ ប៉ុន្តែការ​ផ្លាស់ប្តូរប័ណ្ណថ្មីនេះ មិនមែនមានន័យថា អ្នកកាន់កាប់ប័ណ្ណចាស់នឹងត្រួវផ្លាស់ប្តូរនោះទេ ពោលគឺប័ណ្ណចាស់នៅតែមានសុពលភាពដដែល៕

NBC នឹងសាងសង់អាគារកំពស់ ១៥ជាន់ជំនួសអាគារចាស់

0

ដោយ វុត្ថា

ភ្នំពេញ ធនាគារជាតិនៃកម្ពុជា (NBC) នឹងសាងសង់អាគារកំពស់១៥ជាន់នៅទីតាំងរបស់ខ្លួននាពេលបច្ចុប្បន្ននេះ បន្ទាប់ពីអាគារចាស់របស់ធនាគារនេះនឹងត្រូវវាយកំទេចចោល។

ធនាគារជាតិនៃកម្ពុជា បានបង្ហោះរុបនៅលើបណ្តាញទំនាក់ទំនឹងសង្គមហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗនេះថា នឹងសាងសង់ ធនាគារជាតិនៃកម្ពុជានឹងសាងសង់អាគារស្នាក់ការថ្មី នាពលេខាងមុខដ៏ខ្លីខាងមុខនេះ  ជំនួសវិញដោយអាគារថ្មីកម្ពស់ ដែលមានកំពស់១៥ជាន់។ប្រភពព៌តមានដដែលបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងសាងសង់អាគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ននាពេលឆាប់ៗខាងមុខនេះ។

«អាគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើងតាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន»។ នេះបើតាមការប្រកាសរបស់ធនាគារជាតិ។

ហ្វេសបុកដដែលសរសេរថា «រូបភាពគម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបពីការវិវត្តអាគារស្នាក់ការចាប់តាំងពីឆ្នាំ១៩៥៤មក ដល់បច្ចុប្បន្ន»។

តែយ៉ាងណាក៏ដោយ ហ្វេសបុករបស់ធានាគារជាតិនៃកម្ពុជា មិនបានផ្សាយលម្អិតពីការចាប់ផ្តើមសាងសង់នៅពេលណា ហើយបញ្ចប់នៅពេល និងចំណាលអស់ថវិការប៉ុន្មានប៉ុន្មាននោះទេ៕

រកឃើញប្លង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ កំពស់ ៦០ជាន់ហើយ

0

ដោយ គង់ស សូរិយា

ភ្នំពេញ ក្រុមហ៊ុន Prince Real Estate Group បានប្រកាសពីគំរោងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៦០ជាន់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមនៅពេលខាងមុខនេះ។

គំរោងប្លង់សណ្ឋាគារលំដាប់ពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានបង្ហា ញហើយ តាមរយៈស្ថាបត្យកម្មដ៏ប្រណីតមួយ ដែលធ្លាប់បានបង្ហាញនៅទីតាំងការិយាល័​យកណ្តាលរបស់ក្រុមហ៊ុននេះនៅទីក្រុងរណបកោះពេជ្រ។

លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះថាក្រុមហ៊ុនរបស់លោកនឹងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកថ្មីមួយ ដែលមានកំពស់៦០ជាន់ និងជាប្រភេទអាគារភ្លោះ ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម នាពេលខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណាលោមិន​បញ្ជាក់ពីព៌តមានជាក់លាក់ និងការសាងសង់ចាប់ផ្តើមនៅពេលណានោះទេ។

ក្រុមហ៊ុនយក្ស ដែលមានមូលដ្ឋាននៅប្រទេសចិននេះ បានប្រកាសពីគម្រោងជា​ច្រើននៅកម្ពុជា ដោយគ្រោងចំណាយទុនវិនិយោគសរុប ចំនួន៥០០០លានដុល្លារអាមេរិក។

លោក Li Min បានឲ្យដឹងទៀតថា ការសាងសង់អាគារដ៏ខ្ពស់នេះ ដោយសារក្រុមហ៊ុនចង់ចូលរួម​ជាមួ​យ​ នឹងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដោយផ្នែកលើប្លង់អភិវឌ្ឍន៍រាជធា​នី​ភ្នំពេញ នៅឆ្នាំ២០២០ រាជធានីភ្នំពេញនឹងពង្រីកផ្ទៃក្រឡាដល់៣៧៥ គីឡូម៉ែត្រការ៉េ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងដល់៣លាននាក់ និងនៅឆ្នាំ២០៣៥ រាជធានីភ្នំពេញ នឹង​ពង្រីកបន្ថែមរហូតដល់៦៧៥គីឡូម៉ែត្រការ៉េ ជាមួនឹងកំណើនដង់ស៊ីតេប្រជា​ពលរដ្ឋ​សរុប​ជាង៥លាននាក់ ដែលកំណើននេះនឹងធ្វើឲ្យតម្រូវការលើវិស័យអច​ល​នទ្រព្យ ជាពិសេ​ស​លំ​នៅដ្ឋាន និងអាគារខុនដូប្រណិតៗកាន់តែកើនឡើងបន្ថែមទៀត។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីបានថ្លែងស្វា គមន៍នូវគំរោងដ៏អស្ចារ្យនេះ ដោយលោកស្រីបានមានប្រសាសន៍ថា ការសាងសង់សណ្ឋា​គារលំដាប់អន្តរជាតិនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ខណៈក្រុងភ្នំពេញកំពុងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្តែទីក្រុងនេះមាន​រមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍នៅមានកម្រិត៕

តោះទៅមើលស្ទីលស៊ីញ៉េរបស់ដូណាល់ ត្រាំនិងគីម ជុង?

0

ដោយដែន ចែងចាំង

ភ្នំពេញ : មនុស្សស្ទើរទូទាំងពិភពលោក ប្រហែលចាប់អារម្មណ៍ច្រើនជាងគេទាក់ទងនឹងជំនួបរវាងលោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងច្រើនជាង ពិសេសលទ្ឋផលវិជ្ជមានរវាងប្រទេសទាំងពីរ។

ជំនួបដែលមានរយៈពេលប្រមាណ២ម៉ោង មេដឹកនាំប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមចំនួន៤ចំណុច ដែលផ្តោតលើការ​រំសាយកម្មវិធីអាវុធប៉ារមាណូ និងចាប់ផ្តើមនូវទំនាក់ទំនង ជាប្រ​វត្តិសាស្រ្តឡើងវិញរវាងប្រទេសទាំងពីរនេះឡើងវិញ តាមរយៈការអញ្ជើញគ្នាទៅវិញទៅមក ទៅទស្សនកិច្ចនៅប្រទេសទាំងពីរនាពេលខាងមុខ។

ទំនាក់ទំនង និងការប្រែប្រួលជាប្រវត្តិសាស្រ្តនេះ ជាអ្វីដែលពិភពលោកបានចាប់អារម្មណ៍បំផុត ប៉ុន្តែហត្ថលេខារបស់មេដឹកនាំទាំងពីរ ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

ហត្ថលេខារបស់លោកដូណាល់ ត្រាំ មានរូបភាពហាក់បីដូចជា កប៉ាល់មួយដែលមានការការពារយ៉ាងរ៉ឹងមាំ ខណៈដែលហត្ថលេខាឬស៊ីញ៉េរបស់លោកគីម ជុងអ៊ុនមានរូបរាងដូចជាការបាញ់ផ្លោងមីស៊ីលទៅវិញ។

សូមមើលស៊ីញ៉េឬហត្ថលេខារវាងប្រធានាធិបតី នៃប្រទេសទាំងពីរ និងឲ្យនិយមន័យដោយខ្លួនឯង៕

មន្រ្តីជំនាញៈបណ្តាញផ្លូវរថភ្លើងពីភ្នំពេញទៅសឹង្ហបុរីនឹងធ្វើឡើងនៅខែកក្កដាខាងមុខ

0

ដោយគង់ សូរិយា
​ភ្នំពេញ : មន្រ្តីជំនាញ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​ថ្លែងថា បណ្តាញផ្លូវរថភ្លើងតភ្ជាប់រវាងក្រុងភ្នំពេញ នឹងសឹង្ហបុរីនឹងតភ្ជាប់ជាផ្លូវការនៅខែ​កក្កដាខាងមុខនេះហើយ ប៉ុន្តែការដំណើរការខ្សែរថភ្លើងធ្វើដំណើរ មិនអាចធ្វើបាននៅឡើ​យទេ។

​លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ មិថុនានេះថា ការតភ្ជាប់បណ្តាញផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅដល់សឹង្ហបុរីអាចភ្ជាប់បានហើយ នៅខែកក្កដាខាងមុខនេះ ប៉ុន្តែយើងមិនអាច​ដំនើរការខ្សែរថភ្លើងធ្វើដំណើរបាននៅឡើយទេ ដោយសារទី១ យើងមិនទាន់បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ក្នុងការតភ្ជាប់និងឆ្លងកាត់គ្នាបាននៅឡើយទេ ទោះជាប្រ​ទេសថៃបានតភ្ជាប់ជាមួយសឹង្ហបុរីរួចហើយក្តី។

​លោកបន្តថា ខ្សែរថភ្លើងរបស់យើងពីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត មិនទាន់មានស្តង់ដាទាំងអស់នោះទេ គឺមានស្តង់ដាដែលអាចទ្រទម្ងន់បាន២៥តោន តែចន្លោះពីក្រុង​សិរីសោភ័ណ ទៅប៉ោយប៉ែតប៉ុណ្ណោះ ប៉ុន្តែពីក្រុងសិរីសោភ័ណមកកាន់ក្រុងភ្នំពេញ ផ្លូវ​រថភ្លើងរបស់យើងអាចទ្រទម្ងន់បានត្រឹមតែ១៥តោនប៉ុណ្ណោះ។


​តាមការឲ្យដឹងពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ​និងដឹកជញ្ជូនបានឲ្យដឹងថា ខ្សែរថភ្លើងពីក្រុងប៉ោយប៉ែត នឹងតភ្ជាប់មកដល់រាជធានីភ្នំពេ​ញនៅថ្ងៃទី៤ កក្កដាខាងមុខនេះ៕