អ្នកជំនាញក្នុងវិស័យចំនួនបី មានសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលអាណត្តិថ្មី

0
លោកឧកញ៉ា លឹម ហេង / ​អ្នកនាង អាន សុធីតា /លោក ហូ វណ្ឌី

ដោយ ស៊ីវ ម៉េង+ លាងគង់

       ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ឋនឹងវិស័យអចលនទ្រព្យ ទេសចរណ៍ និងវិស័យពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយម ចំពោះការចាប់ផ្តើមដំណើរការជាផ្លូវការនូវ​រដ្ឋាភិបាលអា​ណត្តិទី៦ ដែលចាប់ផ្តើមចេញដំណើរជាផ្លូវការនៅថ្ងៃទី៦ កញ្ញានេះ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ជាក្រុមហ៊ុន​អចលនទ្រព្យលំដាប់ពិភពលោក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៦ កញ្ញានេះថា វិស័យអចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលមួយទសវត្សរ៍នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលនាំមកនូវសន្តិភាព ស្ថិរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចយ៉ាងរ៉ឹងមាំ។ អ្នកនាងបន្តថា កម្ពុជាបានក្លាយជាគោលដៅនៃការវិនិយោគពីអន្តរជាតិ ក្នុងវិស័យសំណង់ និងអចលនទ្រព្យដោយសារកត្តាខាងលើនេះ។

អ្នកនាងបន្តថា “ខ្ញុំនៅតែមានជំនឿថាវិស័យសំណង់ និងអចលនទ្រព្យនឹងបន្យរីកចម្រើនថែមទៀតសម្រាប់អាណត្តិថ្មីនេះ ដោយសារកំនើននៃលំហូរ FDI នៅកម្ពុជា ខណៈកំនើនសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនយ៉ាងរ៉ឹងមាំបន្តទៀត”។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានមានប្រសាសន៍​ឲ្យដឹងផងដែរថា រដ្ឋាភិបាលអាណត្តិទី៦នេះ នឹងនាំមកនូវការអភិវឌ្ឍថ្មីៗបន្ថែមទៀត និយាយជារួម និងនិយាយដោយឡែកសម្រា​ប់វិស័យទេសចរណ៍ នឹងបន្តរីកចម្រើនថែមទៀត ដោយភ្ញៀវទេសចរណ៍អន្តរជាតិ នឹងមក​ទស្សនាកម្ពុជាកើនឡើង។លោកបន្តថា ជាមួយនឹងកំនើននៃអាកាសចរណ៍ និងការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ អ្វីដែលលោកចង់បានគឺសុំឲ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បញ្ហាអនាម័យ និងកាកសំណល់នានា ដែលជាបញ្ហាប្រឈមមួយក្នុងវិស័យនេះ។

លោកបន្តថា “យើងរីករាយចំពោះសមិទ្ឋិផលអាណត្តិទី៥កន្លងមកនេះ ហើយខ្ញុំរំពឹ​ងថា រដ្ឋាភិបាលអាណត្តិទី៦ នឹងធ្វើការងារកាន់តែមានប្រសិទ្ឋិភាពជាងមុន និងប្រសើរជាងមុន”។

       លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបានសម្តែងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិ​បាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសេដ្ឋ​កិច្ច និងពាណិជ្ជកម្មកម្ពុជានឹងបន្តមានភាពរីកចម្រើនបន្តទៀត។លោកឧកញ៉ាបានបន្តថា ការដែលសម្តេចតេជោហ៊ុន សែនបន្តដឹកនាំរដ្ឋាភិបាលអាណត្តិទី៦នេះ ពិតជារឿងដ៏ប្រ​សើរ ព្រោះវាជាឳកាសដែលសម្តេច អាចបន្តអនុវត្តន៍នូវគោលនយោបាយ និងផែនការ​យុទ្ឋសាស្រ្ត ដែលបានអនុវត្តន៍កន្លងមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឆ្ពោះទៅកាន់វិបុលភាពនាពេលអនាគត។

លោកឧកញ៉ាបានបន្តថា “វិស័យពាណិជ្ជកម្មកម្ពុជានឹងបន្តរីកចម្រើន ហើយខ្ញុំគិតថា ទីផ្សារកម្ពុជានឹងត្រូវធ្វើពិពិធកម្មបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ”។

       នៅថ្ងៃទី៦កញ្ញានេះ រដ្ឋសភាជាតិនឹងបោះឆ្នោតជ្រើសតាំងសម្តេចតេជោហ៊ុន សែន​ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ សម្រាប់ដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ឆ្នាំ២០១៨ ២០២២ខាងមុខនេះ៕

ឧកញ៉ាលី ហួរប្រកាសវិនិយោគគំរោងលំនៅដ្ឋានធំមួយនៅលើផ្លូវជាតិលេខ៦

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: បន្ទាប់ពីទទួលបានជោគជ័យលើការសាងសង់បុរីវិមានភ្នំពេញ លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ បានសម្រេចប្រកាសវិនិយោគគំរោងបុរីធំមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា នាពេលខាងមុខនេះ។

លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៥ កញ្ញាកន្លងមកថា គំរោងថ្មី​នេះផ្តោតលើលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងតម្លៃខ្ពស់ ដោយលំនៅដ្ឋានក្នុងគំរោង​នេះមានតម្លៃចាប់ពី៤៧០០០ ដល់ជាង២៥ម៉ឺនដុល្លារអាមេរិក។លោកបន្តថា គំរោងនេះស្ថិតនៅលើផ្ទៃដីប្រមាណ៣០ហិកតា ដែលសាងសង់ផ្ទះជាពីរដំណាក់កាល ដោយដំណា​ក់កាលទី១មានផ្ទះប្រមាណ២០០០ខ្នង និងដំណាក់កាលទី២ មានផ្ទះជាង១០០០ខ្នង។

លោកឧកញ៉ាបានបន្តថា “គំរោងនេះស្ថិតនៅក្បែរផ្សារព្រែកអញ្ចាញ ស្របតាមផ្លូវជាតិលេខ៦អា ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។លោកបន្តថា “គំ​រោងថ្មីនេះមានឈ្មោះបុរីវិមានភ្នំពេញមង្គលរតនៈ ដែលនឹងបើកសម្ភោធបើកការដ្ឋាននៅដើមសប្តាហ៍ទី៣នៃខែកញ្ញានេះ”។

ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ទីផ្សារ​លំនៅដ្ឋាននៅតាមបុរីនានានៅតែមានភាពល្អប្រសើរ ដោយសារការគាំទ្រពីធនាគារលើ​ការផ្តល់ឥណទានលំនៅដ្ឋាន និងកត្តាប្រជាសាស្រ្ត មានន័យថាប្រជាពលរដ្ឋកាន់តែច្រើន​មានជីវភាពល្អប្រសើរ ហើយប្រជាជនកាន់តែច្រើនបានចូលមករស់នៅក្រុងភ្នំពេញ ដែល​ធ្វើឲ្យតម្រូវការលំនៅដ្ឋានបានកើនឡើងជាស្វ័យប្រ​វត្តិ។

លោកបន្តថា “សកម្មភាពទិញលក់នៅលំនៅដ្ឋានទី២នៅតាមបុរី និងលំនៅដ្ឋានថ្មីៗនៅតែល្អប្រសើរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រទេសកម្ពុជាត្រូវការលំនៅដ្ឋាន ប្រមាណ៨០ម៉ឺនខ្នងបន្ថែមទៀត សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣០ខាងមុខ

ព្រមានៈធនាគារជាតិនៃកម្ពុជាប្រកាសបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន២៦

0

ដោយគង់ សូរិយា

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា បានប្រកាសសម្រេចដកហូតវិញ្ញាបនប័ត្រការចុះបញ្ជីគ្រឹះស្ថានឥណទានចំនួន២ និងគ្រឹះស្ថានឥណទានជនបទចំនួន២៤ផ្សេងទៀតមិនឲ្យធ្វើ ប្រតិបត្តិការជាគ្រឹះស្ថានឥណទានជនបទ

       តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាស្តីពី ការបញ្ឈប់ប្រតិបត្តិការជាគ្រឹះស្ថានឥណទានជនបទចំនួន២៦ ដែលPropertyarea.asia ទើបទទួលបាន  នាព្រឹកថ្ងៃទី៦ កញ្ញានេះបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានជម្រាបជូនដំណឹងជាសាធារណជន និងជម្រាបជូនគ្រប់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យបានជ្រាបជាព័ត៌មាន ដែលធនាគារជាតិនៃកម្ពុជាសម្រេចបញ្ឈប់ប្រតិបត្តិការ គ្រឹះស្ថានឥណទានជនបទចំនួន២៦ ដែលបានផ្តល់សេវានៅទូទាំងប្រទេសកន្លងមក

គ្រឹះស្ថានដែលត្រូវបញ្ឈប់ទាំងនោះ រួមមាន អេស ជី ហ្វា ហ្វាយនែន ភីអិលភី, ឥណទានវីសា ភីអិលភី,  សមាគមផ្តើមគំនិតពាណិជ្ជកម្ម, អង្គការឥណទានលុបបំបាត់ភាពក្រីក្រ, សមាគមអភិវឌ្ឍន៍ភូមិ, អង្គការលោកគ្រូ, ស៊ីអិចអេហ្វឌី ហ្វាយនែន ភីអិលភី, ឥណទាន មរតក ភីអិលភី, អនន្ត ហ្វាយនែន ភីអិលភី, ចម្រើនភោគផល ហ្វាយនែន ម.ក,  ជប ម.ក, ធនាគារហិរញ្ញវត្ថុប្រជាជន ម.ក, ព្រាបស ហ្វាយនែន ម.ក, ស៊ី ស៊ី អូ ហ្វាយនែន ម.ក, ស្រូវទុំ ខេមបូឌា ហ្វាយនែន ម.ក, សម្បត្តិឥណទាន អភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារ, ហ្វីសកូ ម.ក, អូ ស៊ី ហ្វាយនែន ភីអិលភី, គ្រួសារខ្មែរ ហ្វាយនែន ភីអិលភី, សុភមង្គលសេដ្ឋកិច្ចគ្រួសារ ម.ក, ទិត្យវឌ្ឍនា ហ្វាយនែន ម.ក, វាសនា ហិរញ្ញវត្ថុ ម.ក, ណាយស៍ ហ្វាយនែន ម.ក, ធី អេច អេ អេហ្វ ម.ក, អង្គការបង្អែកជីវភាពសមាគម (បង្អែក) និង គ្រឹះស្ថាន អេស អិល អឹម អេច ម.ក។

ការបញ្ឈប់គ្រឹះស្ថានទាំង២៦នេះ ធនាគារជាតិនៃកម្ពុជាសម្រេចដកហូតវិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីគ្រឹះស្ថានឥណទានជនបទ ដែលបានធ្វើប្រតិបត្តិការឥណទានជនបទចំនួន២ និងអនុញ្ញាតិឲ្យគ្រឹះស្ថានឥណទានជនបទចំនួន២៤ផ្សេងទៀត ត្រូវបញ្ឈប់ជាប្រតិបត្តិការជាគ្រឹះស្ថានឥណទាន ទៅតាមការស្នើសុំរបស់គ្រឹះស្ថានទាំងនោះ

ធនាគារជាតិនៃកម្ពុជាធ្លាប់បានព្រមានម្តងហើយម្តងទៀត ទាក់ទងនឹងស្ថាប័នមីក្រូ​ហិរញ្ញវត្ថុនានា ដែលដើរតួនាទីខុសនឹងអ្វីដែលជាយន្តការរបស់ធនាគារជាតិនៃកម្ពុជា៕

អ្នកវិនិយោគមកពីអឺរ៉ុប ចាប់ផ្តើមឈានជើងចូលមកកាន់កម្ពុជា

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ នៅទីបំផុតទីផ្សារកម្ពុជាកំពុងតែចាប់ផ្តើមទាក់ទាញក្រុមហ៊ុននានា មកពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបបណ្តើរៗហើយ ដោយក្រុមហ៊ុនវិនិយោគលើផ្នែកបដិសណ្ឋារកិច្ចធំៗត្រៀមខ្លួនចូលមកវិនិយោគនៅកម្ពុជា។

លោក Mauro Gasparotti នាយកគ្រប់គ្រងនៃក្រុមហ៊ុន Savills Hotels បានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមាននាពេលថ្មីៗនេះថា យើងបានឃើញភាព លូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលនឹងជំរុញនូវការ អភិវឌ្ឍផ្នែកសណ្ឋាគារនាថ្ងៃអនាគត។ វាធ្វើឲ្យយើងរំជើបរំជួល ដោយសារវានាំមកនូវឳ​កាសថ្មីដ៏សំខាន់សម្រាប់អតិថិជន ជាអ្នកអភិវឌ្ឍន៍របស់យើង ដែលមានលទ្ឋភាពក្នុងការច្នៃប្រឌិត។

លោកបន្តថា “ឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ច ដើរតួនាផ្នែកមួយដ៏សំខាន់នៃសេដ្ឋ​កិច្ចហើយសក្តានុពលនាពេលអនាគតគឺធំធេងណាស់”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៥,៦លាននាក់ និងនៅឆ្នាំនេះនឹងកើនឡើងដល់ជាង៦លាននាក់។

លោក Mauro Gasparotti បានបន្តថា ការប្រើប្រាស់សក្តានុពលរបស់ប្រទេស ដែ​លមានប្រវត្តិសាស្រ្ត វប្បធ៌មដ៏រ៉ឹងមាំ និងផ្តល់នូវតំបន់បេតិកភ័ណ្ឌដ៏សម្បូរបែប យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាអាចដើរតាមគន្លងប្រទេសថៃ និងវៀតណាម ដើម្បីក្លាយជាទិសដៅទេសចរណ៍នៅថ្ងៃឈប់សម្រាក ដែលត្រូវបានទទួលស្គាល់ជាសាកល។

ជាមួយគ្នានេះលោក Christian Puchher នាយកប្រចាំទ្វីបអាស៊ីនៃសណ្ឋាគារHilton បានមានប្រសាសន៍ថា ជាមួយនឹងប្រាក់ចំណូលកើនឡើង និងភាពងាយស្រួលនៃការធ្វើដំណើរតាមយន្តហោះទេសចរណ៍ និងអ្នកជំនួញជាច្រើនត្រូវបានទាក់ទាញមកកាន់ប្រទេសកម្ពុជា ដែលជាគោលដៅនៃប្រាសាទ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួន ដ៏ខ្សាច់ដ៏អស្ចារ្យ ហើយជាការពិតណាស់ភ្ញៀវទេសចរណ៍ទាំងនេះរំពឹងថានឹងមានបន្ទប់សណ្ឋាគារល្អៗ លើសពីអ្នកធ្វើទេសចរណ៍ធម្មតា។

លោកបន្តថា “យើងគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីវិនិយោគ​សណ្ឋាគារនាពេលខាងមុខឆាប់ៗនេះ នៅប្រទេសដ៏អស្ចារ្យមួយនេះ”។

លោក Kevin Beauvais ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Invision Hospitality បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរចនាសណ្ឋាគារ និងអចលនទ្រព្យ​នៅប្រទេសនេះជាមាគ៌ាសម្រាប់អនាគត យើងកំពុងបង្កើតបទពិសោធន៍ជូនដល់ភ្ញៀវប្រ​កបដោយអត្ថន័យ  និងការប្រើប្រាស់ការរចនាប្រកបដោយភាពច្នៃប្រឌិត  ដែលធនាគារឲ្យមានប្រតិបត្តិការប្រកបដោយប្រសិទ្ឋិភាព។

លោកបន្តថា “យើងមានជំនឿយ៉ាងមុតមាំចំពោះអនាគតប្រទេសកម្ពុជា ហើយយើ​ងរីករាយក្នុងការធ្វើការងារជាមួយអ្នកអភិវឌ្ឍន៍ក្នុងតំបន់ ដែលចង់ផ្លាស់ប្តូរគំនិតបែបប្រពៃ​ណី សម្រាប់អនាគតដែលអាចបត់បែន និងមានអត្ថប្រយោជន៍”។ លោកបន្តថា “ជាមួយនឹងការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា យើងនឹងវិនិយោគនៅទីនេះនាពេលអនាគត”៕

​សិក្សាលើចំណុចទាំង៦នេះសិនមុន​សម្រេចចិត្តទិញផ្ទះ

0

ដោយគង់ សូរិយា

ភ្នំពេញ: ចង់ដឹងឬទេថា តើទិញផ្ទះយ៉ាងដូចម្តេចដើម្បីស្នាក់នៅប្រកប​ដោយភាពសុខដុមរមនា ឬទិញវិនិយោគយកប្រាក់ចំណេញសូមសិក្សាចំណុចសំខាន់ ៗទាំងនេះសិន។

ឥឡូវនេះវេបសាយPROPERTYAREA.ASIA បានក្លាយជាអ្នកប្រឹក្សាយោ​បល់ជាមួយអ្នកបានហើយ តាមរយៈការបង្ហាញចំណេះដឹង និងវិធីសាស្រ្តសម្បូរបែប និងប្រកបដោយជំនាញច្បាស់លាស់ ដើម្បីអាចឲ្យលោកអ្នក យកទៅអនុវត្ត​ន៍បានមានប្រសិទ្ឋិភាពខ្ពស់។

ទិញផ្ទះដែលទើបសាងសង់

ហេតុអ្វី លោកអ្នក ត្រូវទិញផ្ទះទើបនឹងសាងសង់ ព្រោះម្ចាស់គំរោងខ្លះពួកគេ មិនសូវមានទុនច្រើនសម្រាប់បង្វិលទេ។ ទើបផ្ទះពួកគេត្រូវការទុន ដើម្បីសាងសង់គំរោងលំនៅដ្ឋានរបស់ពួកគេ ហេតុនេះដំណាក់កាលតំបូងផ្ទះរបស់ពួកគេមានតំលៃធូរថ្លៃជាងផ្ទះធ្វើរួចហើយ ឬធ្វើជិតរួច។

ធម្មតាផ្ទះតែងតែឡើងថ្លៃ

មិនថាតែអ្នកវិនិយោគមានប្រាក់តិច ឬមានប្រាក់ច្រើនទេ តែងតែលក់ផ្ទះរបស់ខ្លួនឡើងថ្លៃ តាមដំណាក់កាលនៅពេលផ្ទះរបស់ ពួកគេសាងសង់បានកាន់​តែច្រើន ហេតុនេះការទិញគំរោងតំបូង លោក អ្នកអាចចំណេញចន្លោះពី១០ទៅ២០ភាគរយនៃតំលៃលំនៅដ្ឋានរបស់ខ្លួន។

ទិញផ្ទះដែលអ្នកស្រលាញ់

ធម្មតាផ្ទះដែលអ្នកស្រលាញ់ ក៏អាចអ្នកដទៃស្រលាញ់ ព្រោះជាផ្ទះអាចប្រកបអាជីវកម្មបាន ឬជាផ្ទះដែលស្ថិតនៅទីតាំងមិនសូវអ៊ូអរ ដែលជាការនិយម​របស់មនុស្សដែលនិយមភាពស្ងប់ស្ងាត់ និងមិនមានបំណងចង់ធ្វើអាជីវកម្មអ្វីមួយ។

គិតពីហុងស៊ុយ

ជំនឿហុង ស៊ុយមានសារៈសំខាន់ណាស់ ក្នុងផ្នត់គំនិតជនជាតិចិន និងជន​ជាតិខ្មែរផងដែរ ព្រោះផ្ទះបែរមុខទៅទិសខាងលិច ជាផ្ទះមិនសូវមានការពេញនិយមទេ។ ពិសេសផ្ទះលែងមានលូនៅចំពីមុខ ឬពីចំហៀង មិនសូវទទួលបាន​ការចាប់អារម្មណ៍ពីអ្នកទិញឡើយ ព្រោះពួកគេមានជំនឿថា មិនសូវមានសិរីសួស្តី និងសុខមាលភាពក្នុងការរស់នៅ។

ទិញផ្ទះអាចរកស៊ីបាន

តាមធម្មតាផ្ទះនៅខាងមុខ អាចរកស៊ីបានតែងមានតំលៃខ្ពស់ជាងគេបន្តិច ប៉ុន្តែក៏ជាផ្ទះឡើងថ្លៃលឿនជាងគេ និងចំណេញច្រើនជាងគេផងដែរ ព្រោះផ្ទះប្រកបអាជីវកម្មបាន ជាប្រភេទផ្ទះដែលមានមនុស្សច្រើនឆ្លងកាត់ និងងាយទទួ​ល​បានការចាប់អារម្មណ៍។

កេរ្ត៍ឈ្មោះបុរី ឬគុណភាពសំណង់

អ្នកត្រូវប្រាកដថា បុរីដែលអ្នកបានទិញជាបុរីមិនមានបញ្ហា និងតែងតែផ្តល់ទំនុកចិត្តដល់អតិថិជន លើគុណភាពសំណង់របស់ផ្ទះនិមួយៗ ព្រោះការទិញផ្ទះឬគំរោងលំនៅដ្ឋាន ដែលមិនបានគិតគូរម៉ត់ចត់ពីគុណភាពសំណង់ ធ្វើឲ្យអ្នកត្រូវជួបផលវិបាកជាច្រើន លើការជួសជុលមិនចេះចប់មិនចេះហើយ និងពិបាកក្នុងការលក់ ឬស្វែងរកអតិថិជនផងដែរ ប្រសិ​នជាទិញប៉ះចំលំនៅដ្ឋានបែបនេះ៕

ត្រឹមសប្តាហ៍ទី១ CDC អនុម័តគំរោងវិនិយោគមានទឹកប្រាក់ជាង ៣០០លានដុល្លារ

0

ដោយស៊ីវ ម៉េង+លាងគង់

ភ្នំពេញ៖ គិតត្រឹមសប្តាហ៍ទី១នៃខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័យគំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិចំនួនបី ដែលមានទឹកប្រាក់ជាង៣០០លាន​ដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Propertyaea.asia ទទួលបាននាព្រឹកថ្ងៃទី៥កញ្ញានេះបានបង្ហាញឲ្យដឹងថា នៅក្នុងដើមខែកញ្ញានេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនិយោគ MI NER VA INVESTMENT ដោយមានទឹកប្រាក់វិនិយោគប្រមាណជាង ៣០០លានដុល្លាអាមេរិក នឹងបានបង្កើតកំលាំងការងារថ្មីប្រមាណជាង ១ពាន់កន្លែង ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើនកំលាំងពលកម្មក្នុងស្រុកជាដើម។

ក្រុមហ៊ុន MINER VA Investment គ្រោងកែច្នៃកាកសំណល់ធុនរឹងមាន រថយន្ត បរិក្ខាអគ្គិសនី  បរិក្ខារអេឡិចត្រូនិក សំណល់ឧស្សាហកម្មនិងលោហៈធាតុផ្សេងៗ ដើម្បីផលិតជាផលិតផលមានតម្លៃឡើងវិញ។

គំរោងបង្កើតរោងចក្រថ្មីនេះ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

រីឯក្រុមហ៊ុន២ផ្សេងទៀត គឺក្រុមហ៊ុន SAISITE PACKAGING  (CAMBODIA) គ្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រោងបោះទុនវិនិយោគប្រមាណ១លានដុល្លារអាមេរិកផងដែរ។ ចំណែកក្រុមហ៊ុន TGH (CAMBODIA) INDUSTRIAL មានគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រា​ស់​ធ្វើអំពីលោហៈធាតុ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសី​ហនុដូចគ្នា ដោយគ្រោងបោះទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក៕

មុនសម្រេចចិត្តវិនិយោគខុនដូស្តាប់ឧកញ៉ាសៀ រិទ្ធី សិន

0

ដោយ លាងគង់

       ភ្នំពេញ៖ ខុនដូជាផ្នែកថ្មីមួយ ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និយាយពី​ខុនដូ គេតែងនឹកឃើញដល់អាគារខ្ពស់ៗ ដែលកំពុងលេចវត្តមាននៅទីក្រុងភ្នំពេ​ញ និងខេត្តព្រះសីហនុ។

ហេតុអីបានជាអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគលើខុនដូ ដែលជា អាគារសហកម្មសិទ្ធច្រើន? លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបាននិងកំពុងសាងសង់ខុនដូ THe Bridge, The PeAk តំលៃជិត១០០០លានដុល្លារអាមេរិកបានថ្លែងថា មុនសម្រេចចិត្តសាងសង់ខុនដូ តំបូង​គេត្រូវគិតពីទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ ដើម្បីកំណត់ភាពជោគ ជ័យរបស់ក្រុមហ៊ុនណាមួយ។

ចំណុចមួយទៀត គេត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ដើម្បីកំណត់ថាអ្នកណាជាអតិថិជនរបស់ខ្លួន និងចំណុចចុងក្រោយ គឺនិយាយពីមូលធនថវិកា និងគុណភាពសំណង់។

លោកបន្តថា គំរោងដែលខ្ញុំធ្វើមិនដែលបរាជ័យទេ បើមិនជោគជ័យខ្ញុំមិនធ្វើនោះទេ”។

នេះជាពាក្យសម្តីប្រកបដោយភាពជឿជាក់ និងមានមូលដ្ឋានគ្រប់គ្រាន់សំ​រាប់ការអះអាងបែបនេះ ដោយលោកឧកញ៉ាបានបញ្ជាក់ថា ខុនដូរបស់លោកគឺ​លក់ lifestyle មិនមែនលក់បន្ទប់គេង និងគ្រែដេកមួយមុខទេ ព្រោះអ្នកទិញខុនដូ​ភាគច្រើនជាអ្នកធ្លាប់ចេញទៅរស់នៅបរទេស ឬធ្លាប់ទៅកំសាន្តនៅបរទេស ហេតុនេះ ពួកគេនឹងពីការរស់នៅខុនដូមានសភាពដូចម្តេច។ លោកបន្តថា អ្នក​ស្នាក់នៅខុនដូចង់បានអ្វីដែលងាយស្រួល និងអាចរកបាននៅកន្លែងតែមួយ គឺOne Stock Service ដូចជា ពួកគេមានផ្សារទំនើប មានមន្ទីរសម្រាកព្យាបាល មានហាងថែររក្សាសម្រស់ មានភោជនីយដ្ឋាន មានសេវាកម្មមេធាវីនៅលើអាគារដែល​ពួកគេរស់នៅជាដើម។

លោកឧកញ៉ាសៀ រិទ្ឋីបានបញ្ជាក់ថា “នេះជាអ្វីដែលពួកគេចង់បាន ហើយជាអ្វីដែលអ្នកវិនិយោគខុនដូត្រូវគិតគូ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន គេវិនិយោគលើភាពចម្រុះបែបនេះ”។លោកបន្តថា “ប្រសិនជាមានដីត្រឹមទំហំ២០គុណ​នឹង៣០ម៉ែត្រ ហើយសាងសង់ខុនដូលក់ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើទេ ព្រោះបើសា​ងសង់តែបន្ទប់គេងលក់ គ្មានអ្នកណាទៅរស់នៅនោះទេ”៕

លើកទឹកចិត្ត! យុវជនកម្ពុជាទទួលបានមេដាយឆ្នើមលើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ាន

0

ដោយវុត្ថា

ភ្នំពេញ៖ យុវជនកម្ពុជាមួយរូបឈ្មោះឡាំ រិទ្ឋីបានទទួលជ័យជំនះដោយទទួលបានមេដាយឆ្នើមក្នុងចំណោមបេក្ខជន២០នាក់ផ្សេងទៀត ដែលមកពីបណ្តាប្រទេសនានាក្នុង​សហគមន៍សេដ្ឋកិច្ចអាស៊ាន។

យុវជនរូបនេះបានចូលរួមជាមួយ យុវជនកម្ពុជាចំនួន៤រូបជំនាញសេវាកម្មភោជនី​យដ្ឋាន២រូប និងជំនាញចុងភៅ២រូប ចូលរួមប្រកួតជំនាញអាស៊ានលើកទី ១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

លោកឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំនោមបេក្ខជន ២០រូបមកពី ១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។ ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិ​បត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ​ទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០។

សមិទ្ធផលខាងលើនេះ ជាកិច្ចខិត្តខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចុះសំដៅសម្រេចនូវចក្ខុវិស័យចំនួន៣ ដូចជា ឆ្នាំ២០២០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច៥០%ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

ឆ្នាំ២០២៥: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងា​រ​ផ្ទាល់ឲ្យបានប្រមាណ១,២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាប​ន​បត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

-ឆ្នាំ២០៣០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវ​  ឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់៕

តោះទៅអានព្រះរាជសារ ដ៏មានន័យរបស់ព្រះមហាក្សត្រនៃថ្ងៃបើកដំណើរការរដ្ឋសភានិតិកាលទី៦

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយ ដែលរដ្ឋសភាជាតិនិតិកាលទី៦បានបើកដំណើរការ​ជាផ្លូវការ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រសម្តេចព្រំបរមនាថ នរោត្តម សីហមុនី ដែលបានថ្លែងនូវព្រះរាជសារប្រកបដោយអត្ថន័យមួយ។

ក្នុងឳកាសបើកកិច្ចប្រជុំរដ្ឋសភាលើកតំបូង នាព្រឹកថ្ងៃទី៥ កញ្ញានេះ ដោយមានការចូលរួមពីសម្តេចសេនាវិបុលសាយ ឈុំប្រធានព្រឹទ្ឋសភា សម្តេចអគ្គមហាបញ្ញាចក្រហេង សំរិនព្រឹទ្ឋសមាជិកនៃ​រដ្ឋសភា និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសមាជិកសភាដទៃទៀត ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានមានព្រះរាជបន្ទូ​លថា ចាប់តាំងពីរដ្ឋសភាបានចាប់បដិសន្ឋិជាថ្មីនៅឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ មានរយៈពេល២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងបែងចែ​កទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍គ្រប់វិស័​យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់ ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ព្រះមហាក្សត្របានបន្តថា “រដ្ឋសភាដែលជាតំណាងអង្គការ មានអំណាចនិតិប្ប​   ញ្ញ​ត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីនិរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គមវប្បធ៌ម កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរ៉ឹងមាំនិងជឿនលឿន ដោ​យផ្អែកលើច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប”។សម្តេចបានបន្តថា “តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ា​ងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅស្មើភាពគ្នា ក្នុងជំនឿសាស​នា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យ ទៅតាមកំលាំងសមត្ថភាពនិងកម្រិតវិជ្ជារបស់ខ្លួន”។

សម្តេចព្រះបរមនាថ នរោត្តមសីហមុនីបានបន្តថា “ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧ​ត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព សាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួ​បបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធ៌ម៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា”។

ជាមួយគ្នានេះ សម្តេចក៏បានសម្តែងសុទិដ្ឋិនិយមថា រាជរដ្ឋាភិ​បាលអាណត្តិថ្មីដែល​នឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញ​កំ​នើនសេដ្ឋកិច្ច លើកកំពស់ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ឋការពារសង្គ​មដែលមានវិសាលភាពគ្របដណ្តប់ និងការអភិវឌ្ឍវប្បធ៌មដោយចីរភាព ដើម្បីធានាអត្ថិ​ភាពដ៏រ៉ឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកំពស់សីលធ៌ម សម្រាប់ភាពសុខដុមនៃសង្គមជាតិ”៕

ភ្ជាក់ផ្អើល! ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជនជាតិចិនសម្រុកទីញអចលនទ្រព្យនៅក្នុងប្រទេសថៃ

0

ដោយ វុត្ថា

ភ្នំពេញ៖ តាមរបាយការណ៍ដ៏គួរឱ្យភ្ជាក់ផ្អើលមួយបានបង្ហាញថា សម្រាប់ឆ្នាំ ២០១៨នេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាជនជាតិចិន (LGBT) កំពុងតែសម្រុកទៅអចលនទ្រព្យនៅក្នុងប្រទេសថៃ ដោយក្នុងនោះ មាននៅក្នុងទីក្រុងសំខាន់ចំនួន ២ គឺទីក្រុងបាងកក និងទីក្រុងភូកេត ដែលជាគោលដៅទិញអចលនទ្រព្យរបស់ពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានដកស្រង់គេហទំព័ររបស់ក្រុមហ៊ុនអចលនទ្រព្យអន្តជាតិរបស់ចិនដ៏ល្បីមួយឈ្មោះថា Juwai.com ឱ្យដឹងថា ភាគច្រើននៃការទិញរបស់គេគឺទិញខុនដូរសម្រាប់រស់នៅ និងវិនិយោគបន្ត ។

លោក Carrie Law ប្រធាននាយកប្រតិបត្តិគេហទំពរ័ Juwai.com បានអោយដឹងថា ក្រុមស្រឡាញ់ភេទដូចគ្នាជនជាតិចិន ដែលបានសួរមានប្រមាណជា ៥ ទៅ ៨ភាគរយ បានទិញអចលនទ្រព្យក្នុងទីក្រុងបាកក។ អ្នកទិញអចលនទ្រព្យជាជនជាតិចិន បានចំណាយលុយចំនួនជិត ១ពាន់លានដុល្លារ ក្នុងរយៈពេល ១៨ខែ សម្រាប់ឆ្នាំ ២០១៨នេះ ដោយក្នុងនោះ ៥០ ទៅ ៨០លាន គឺជាលុយរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

ឥទ្ធិពលនៃការទិញរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានកើនឡើង ៣ដងក្នុងរយៈពេល២ ឆ្នាំចុងក្រោយនេះ មានចំនួនរហូតដល់ ៩៣៨ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០១៧ កន្លងមកនេះ ដោយសារចំណូលមធ្យមប្រចាំខែរបស់ក្រុមនេះមានចំនួន ៥ ដងនៃចំណូលមធ្យមរបស់ជាតិ។

លោក Law បញ្ជាក់ទៀតថាចំណូលច្រើនបែបនេះ ដោយសារពួកគេគ្មានកូនចៅសម្រាប់ចំណាយ។ និងដោយសារការរស់នៅក្នុងប្រទេសចិនកមានការលំបាក ទើបពួកគេសម្រុកទិញលំនៅដ្ឋាននៅក្នុងប្រទេសថៃនាពេលនេះ។

ណាមួយប្រទេសថៃហាក់មានភាពអាធ្យាស្រ័យខ្ពស់ចំពោះការក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍។
តម្លៃខុនដូនមួយក្នុងប្រទេសថៃដែលមានតម្លៃទាប់បំផុតចាប់ពី ១៣៣,០០០ ដុល្លារសហរដ្ឋអាមេរិក៕