ស្វែងយល់ពីអាស៊ាន! ប្រទេសហ្វីលីពីនប្រកួតប្រជែងសាងសង់អគារខ្ពស់ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ច និងអគារខ្ពស់កប់ពកបានរីកលូតលាស់ជាច្រើនផងដែរក្នុងតំបន់អាស៊ីអាគ្នេយ៍ (Asean) នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារខ្ពស់កប់ពកមួយទៀតនៅក្នុងប្រទេសនេះ (The Gramercy Residences) ដើម្បីស្វែងយល់ពីការរីកចម្រើននៃអចលនទ្រព្យក្នុងពិភពលោក។

អគារ The Gramercy Residences ត្រូវបានគេស្គាល់ជាទូទៅថា The Gramercy Residences at Century City ជាអគារខុនដូលំនៅដ្ឋានដែលខ្ពស់កប់ពពកមួយក្នុងទីក្រុង Makati ប្រទេសហ្វីលីពីន។ កាលពីអំឡុងឆ្នាំ ២០១៦ អគារនេះ គឺជាអគារខ្ពស់លំដាប់ទី ២ ក្នុងប្រទេសហ្វីលីពីន ហើយក៏ជាអគារខុនដូលំនៅដ្ឋានមួយក្នុងចំនៅអគារផ្សេងទៀតដែលអស្ចារ្យនៅក្នុងទីក្រុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Century City Development Corporation ។


អគារនេះ តាមគម្រោងគេសាងសង់ក្នុងកម្រិតកម្ពស់ ៦៥ជាន់ ប៉ុន្តែនៅចុងនៃការសាងសង់ត្រូវបានគេប្រកាសជាសាធារណៈថា មានកម្ពស់រហូតដល់៧៨ជាន់ និង ២៥០ម៉ែត្រដោយរាប់ពីជាន់ក្រោមរហូតដល់កំពូលនៃអគារ។

អគារ The Gramercy Residences ត្រូវបានគេគូរប្លង់ដោយ ក្រុមស្ថាបត្យកម្មមកពីរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ( Jerde Partnership International )ដោយសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មសំណង់ប្រទេសហ្វីលីពីន (Roger Villarosa Architect &Associates ។ ការគូរប្លងរចនាសម្ព័ន្ធ និងវិស្វកម្ម គឺធ្វើឡើងដោយក្រុមហ៊ុន Ove Arup & Partners and Sy^2 + Associates Inc។ ចំណែកការគ្រប់គ្រងសំណង់ និងគម្រោងគឺក្រុមហ៊ុនក្នុងស្រុកជាអ្នកទទួលខុសត្រូវ (Nova Construction+ Development ។

អគារ The Gramercy Residences បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០០៧ និងបញ្ចប់ ព្រមទាំងបើកអោយដំណើរជាផ្លូវការនៅក្នុងឆ្នាំ ២០១៣ ដោយចំណាយថវិការអស់ចំនួន ៥.៥ ពានល់លាន (លុយហ្វីលីពីន) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Century Properties និងគ្រប់គ្រងដោយក្រុមហ៊ុន Century Property Management៕

គម្រោងដីពុះឡូតិ៍ នៅម្តុំផ្សារអង្គស្នួលកំពុងមានភាពពុះកញ្ជ្រោល

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ ស្របពេលដែលអចលនទ្រព្យក្នុងក្រុងភ្នំពេញឡើងថ្លៃខ្ពស់កាន់តែខ្លាំង បានជំរុញឱ្យតម្លៃដីនៅតំបន់ជាយក្រុងមានសន្ទុះឡើងខ្លាំងផងដែរ។ តួយ៉ាងដូចជាសកម្មភាពពុះដីឡូតិ៍លក់នៅជុំផ្សារអង្គស្នួល កំពុងតែមានសកម្មភាពកញ្ជ្រោលឡើងៗនៅត្រឹមរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោក សុខ ប៊ុនធឿន ប្រធានផែ្នកលក់នៃគម្រោងអចលនទ្រព្យ និងដីពុះឡូត៍នៅមុខផ្សារអង្គស្នួលបានឱ្យដឹងថា ដោយសារផ្សារអង្គស្នួលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជាទីប្រជុំជនធំមួយនៅជាប់ផ្លូវជាតិលេខ៤ បានធ្វើឱ្យអតិថិជនចូលទៅបណ្តាក់ទុនរកស៊ីកាន់តែច្រើនឡើងៗ ហើយរោងចក្រវាយណភ័ណ្ឌ ក៍បានពង្រាយខ្លួននៅទីនោះច្រើនឡើងដែរ ដែលធ្វើឱ្យតម្លៃដីនៅទីនោះហក់ឡើងខ្ពស់ខ្លាំង នៅរយៈពេលចុងក្រោយនេះ។

លោកថា តម្លៃដីក្នុងមួយឡូតិ៍ ៥ម៉ែត្រគុណនឹង២០ម៉ែត្រ នៅមុខក៍ដូចជានៅក្រោយផ្សារអង្គស្នួល កាលពីឆ្នាំមុន មានតម្លៃចន្លោះពី២០០០ដុល្លារទៅ៣០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែស្របពេលដែលរោងចក្រពង្រីកខ្លួនកាន់តែច្រើនទីនោះ បានធ្វើឡើយតម្លៃដីកើនឡើងទ្វេរដង ក្នុងមួយឡូតិ៍តម្លៃដល់ទៅជាង៦០០០ដុល្លារ។ ហើយថាគម្រោងពុះដីឡូតិ៍ទំហុំ២ទៅ៣ហិកតា គេពុះលក់ត្រឹមតែជាង១ខែទៅ២ខែ នឹងលក់អស់មិនខា។

សម្រាប់ក្រុមហ៊ុនរបស់លោក ដោយសារពុះដីឡូត៌លក់នៅចំពីមុខរោងចក្រកាត់ដេរ មានស្រាប់និងកំពុងសាងសង់សន្ថែម ហើយមានក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់ផងនោះ បានធ្វើឱ្យដីឡូតិ៍ទីនោះលក់ដាច់ខ្លាំង គ្រាន់តែអតិថិជនទៅឃើញទីតាំងកក់លុយទិញតែម្តង។  លោកថាលោកមានបំណងចង់ពុះដីឡូតិ៍បន្ថែមទៀត ប៉ុន្តែបច្ចុប្បន្នប្រជាជនលក់ឡើងថ្លៃ១គុណនឹង២ ទើបធ្វើឱ្យក្រុមហ៊ុនរារែក ក្នុងការទិញដីពង្រីកបន្ថែម។

លោកថា អ្វីដែលធ្វើអតិថិជនទទួលបានចំណេញភ្លាមៗ ពីការទិញដីឡូតិ៍គឺដោយសារតែអតិថិជនអាចសាងសង់ផ្ទះល្វែងលើដីនោះ សម្រាប់រស់នៅផ្ទាល់ខ្លួនក៍បាន សម្រាប់លក់ឬជួលក៍បាន ដោយសារនៅពេលមានរោងចក្រសង់ថ្មីរួចរាល់ប្រាកដជាមានមនុស្សនៅច្រើន ដីឡើងថ្លៃលឿន។

ជាមួយគ្នានេះ លោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសូរិយោដីខេត្តកណ្តាលមានប្រសាសន៍ទទួលស្គាល់ថា សកម្មភាពពុះដីឡូតិ៍លក់តំបន់នោះ ពិតជាមានការកើនឡើងមែន ដោយមន្ទីរទទួលបានសំណើពុះដីឡូតិ៍លក់ កើនឡើងគួរឱ្យកត់សម្គាល់។ លោកអះអាងថា ធម្មតាទីប្រជុំជននៅពេលមានមនុស្សរស់នៅកាន់តែច្រើនឡើងៗ និងមានការអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជាសំណង់ និងវិស័យវាយណភណ្ឌកើនឡើង ប្រាកដជាធ្វើឱ្យតម្លៃដីមានការកើនឡើងមិនខាន៕

ចំណុចត្រូវសិក្សាមុនពេលចូលវិនិយោគក្នុងវិស័យអចលនទ្រព្យ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យ ស្របពេលវិស័យនេះមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ព្រោះការមកដល់នូវអ្នកវិនិយោគធំៗ ដែលបានបង្ហូរទុនរាប់​ពាន់លានដុល្លារនៅកម្ពុជា។ ទន្ទឹមនឹងការរីកចំរើនវិស័យនេះ អ្នកផ្តល់សេវាកម្ម និងរកស៊ីក្នុងវិស័យនេះក៏មាន​ការកើនឡើងយ៉ាងច្រើនផងដែរ។ ទន្ទឹងនឹងការកើនឡើងនូវវត្តមានក្រុមហ៊ុនានានា សំណួរសួរថាតើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះ ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលបានទទួ​លជោគជ័យច្រើនក្នុងវិស័យនេះបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះ ដោយលោកបានថ្លែងថា “ដើម្បីរកស៊ីក្នុងវិស័យនេះបានជោគ​ជ័យ​ត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចេះប្រើធនធានមនុស្ស និងធនធាន​ថវិកា”។

អ្វីជាចំណេះដឹង?

ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព៌តមានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ និង​ត្រូវពង្រាយកំលាំងយ៉ាងម៉េចឲ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព៌តមានបើកផ្លូវ និងព៌តមានពាក់ព័ន្ឋ ក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ស្គាល់ខ្លួនឯង

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនា​ញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយ ចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែ​ប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។

ការប្រឹក្សាយោបល់

ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោ​បល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិ​និយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។

យើងត្រូវចេះប្រមូលព៌តមាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព៌តមានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេច​ចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។

ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century21 Mekong ជាអ្នកមានជំនា​ញលើការងារនេះ និងមានព៌តមានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព៌តមានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។

ការកសាងទំនុកចិត្ត

ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះ​ជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុន Century21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។

ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែល​អាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យ​បានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា​ ហេតុនេះយើងជាភ្នាក់​ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោល​ដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀ​សបាននូវហានិភ័យចំពោះមុខ។

បញ្ហាប្រឈម

នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងាររប​ស់យើង គឺប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺយើងត្រូវបណ្តុះបណ្តាលភ្នាក់ងាររបស់យើងលើក្រមសីលធ៌ម គឺការផ្តល់ព៌តមានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតំលៃ។ យើងមិនរកស៊ីយកចំណេញច្រើននោះទេ គឺយកចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ហើយត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានជំនឿជឿជាក់លើសេវាកម្មរបស់យើង។

អតិថិជនត្រូវយល់ដឹងអ្វីខ្លះ

អតិថិជនត្រូវមានព៌តមាន និងចំណេះដឹងអ្វីខ្លះ ? ទី១ គាត់ត្រូវមានព៌តមានជាបឋមដើម្បីធ្វើការប្រៀបធៀបជាបឋម ពីអចលនទ្រព្យនៅជិតខ្លួន ទី២ ពួកគាត់អាចពិគ្រោះជាមួយភ្នាក់ងារអចលនទ្រព្យ ដែលពួកគេអាចឲ្យយោបល់បានត្រឹមត្រូវ ទី៣ ពួកគាត់(អតិថិជន) អាចឆែកពីព៌តមានពីលំនៅដ្ឋានរបស់អ្នកទិញខាង ដើម្បីធ្វើការសម្រេចចិត្តទិញផ្ទះឬអចលនទ្រព្យបានល្អ៕

សក្តានុពលចំនួន៥ នឹងរុញក្រុងព្រះសីហនុក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយនាពេលអនាគត

0

ដោយ ៖ ស៊ីវ ម៉េង+ លាងគង់

ភ្នំពេញ សក្តានុពលសំខាន់ៗចំនួន៥ បាន និងកំពុងជំរុញខេត្តព្រះសីហនុ ក្លាយជាប៉ូល​សេដ្ឋកិច្ចទី២ជំនួសខេត្តសៀមរាប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

សក្តានុពលដែលត្រូវគេមើលឃើញទាំងនោះ រួមមាន តំបន់ឆ្នេរដ៏ទាក់ទាញ តំបន់សេដ្ឋកិច្ចពិសេស នៃគំនិតផ្តួចផ្តើមក្រវ៉ាត់មួយ ផ្លូវមួយ ផ្លូវល្បឿនលឿន និងបណ្តាញផ្លូវដែក កំពង់ផែទឹកជ្រៅ ដែលតភ្ជាប់សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតឆាប់ៗនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល ដោយ​សារមានការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងពីខេត្តសៀមរាបមកកាន់ទីនោះ​កាន់តែច្រើន ពិសេសអ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺលោកឃើញវត្តមានជនជាតិចិន​កាន់តែច្រើនមកទស្សនា និងវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។ លោកបន្តថា ខេត្តនេះនៅមានសក្តានុពល សម្រាប់អភិវឌ្ឍន៍ច្រើន ដោយសារមានដីទំនេរច្រើន ដែលផ្តល់ជំរើសដល់អ្នកអភិវឌ្ឍន៍កាន់តែមានភាពងាយស្រួល។ លោកបន្តថា “និយាយពីការសាងសង់ខុនដូនៅខេត្តព្រះសីហនុ យើងត្រូវសួរថា តើអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកណាជាគោលដៅ។ បើអ្នកវិនិយោគផ្តោតលើប្រជាជនក្នុងស្រុកខ្ញុំមិនសូវមានជំនឿចិត្តនោះទេ”។ លោកបន្តថា “ប្រជាពលរដ្ឋខេត្តព្រះសីហនុទំនងមិនសូវចាប់អារម្មណ៍ខុនដូច្រើនទេ ពួកគេនៅតែចាប់អារម្មណ៍លំនៅដ្ឋា​នផ្ទាល់ដី ដោយសារខេត្តនៅសល់ដីទំនេរច្រើន និងមានតម្លៃធូរថ្លៃនៅឡើយ”។

ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាន​និងកំពុងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Sea Gate Suite,D seaview, Sunshine Bay, Royal Bay view, Blue Bay និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្ត​បន្ទាប់។

លោក ច្រឹក សុននីម បានបន្តថា ដោយសារខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះ ទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគ ដែលមានគោលដៅធ្វើការ​វិនិយោគរយៈពេលវែង បានងាកទៅកាន់តំបន់នេះ ដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត។ លោកបន្តថា “រដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់នៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឲ្យមានសោភ័ណភាព និងរៀបរៀបរយជាងមុន គម្រោងសា​ងសង់ផ្លូវហាយវេពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះលំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរ សុទ្ឋតែជាកត្តាហុចសក្តានុពលដល់អ្នកវិនិយោ​គសាងសង់ខុនដូនៅខេត្តនេះ”។ លោកបន្តថា “ពេលបុណ្យទានម្តងៗពិបា​ករកផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅ ដូច្នេះការទិញខុនដូសម្រាប់លំហែរនឹងជា​ជំរើសមួយផងដែរ”។

អ្នកវិនិយោគខុនដូមួយរូប ដែលបាន និងកំពុងវិនិយោគខុនដូមួយក្នុងចំណោម​ខុនដូខាងលើបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “ខេត្តព្រះសីហនុជាខេត្ត​តំបន់ឆ្នេរមួ​យ ដែលមានភាពស្រស់ស្អាត និងជាប៉ូលទាក់ទាញភ្ញៀវទេសចរលំដាប់ទី២បន្ទា​ប់ពី​ខេត្តសៀមរាប ដូច្នេះខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងសម្រាប់ខុនដូរបស់ខ្ញុំ ព្រោះទីនោះមិនសូវមានខុនដូ និងអូតែលលំដាប់ប្រណីតនៅឡើយ។ យើងសាងសង់ខុនដូសម្រាប់ទាក់ទាញជនបរទេស មកប្រទេសរបស់យើង ហើយនៅឆ្នាំ២០១៨ ការចម្រាញ់យកប្រេងកាតពីសមុទ្ររបស់យើង នឹងចាប់ផ្តើម​ដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ទីនេះ”។ នេះបើតាមសម្ដីអ្នកវិនិយោគរូបនោះបន្ថែម។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បច្ចុ​ប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុន បាយ័នអ៊ែរ បានធ្វើការហោះហើររវាងខេត្តសៀមរាប និងរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ និងមានអាកាសចរណ៍មកពីបរទេសធ្វើការហោះហើរលក្ខណៈជួល និងយូរៗម្តងមកកាន់ខេត្តព្រះសីហនុផងដែរ។ លោកបន្តថា “ខេត្តនេះនឹងកាន់តែមានសក្តានុពល និងមានការរីកចំរើនកាន់តែ​ខ្លាំង ប្រសិនជាអាជ្ញាធររក្សាបាននូវហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ព្រមទាំងសម្បត្តិ ធម្មជាតិទាំងលើគោក និងក្នុងទឹកបានល្អ”។ លោកបន្តថា “ជោគជ័យ ឬមិនជោគជ័យ​លើការសាងសង់ខុនដូ និងអចលនវត្ថុនៅទីនេះ វាអាស្រ័យលើការអភិរក្សធនធានធម្មជាតិ និងការរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ”។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បច្ចុប្បន្នមានខុនដូចំនួនបីបាន និងកំពុងសាងសង់នៅតាមតំបន់ឆ្នេរក្នុងខេត្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ លោកបន្តថា ខេត្តព្រះសីហនុចេះតែបន្តអភិវឌ្ឍន៍ទៅមុខ កាន់តែលឿន ដោយសាររដ្ឋាភិបាលបានរៀបចំខេត្តនេះ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តនេះមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ។ លោកបន្តថា “ដោយសារសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ។ ប្រជាជនក្នុងខេត្តព្រះសីហនុ មានការចាប់អារម្មណ៍លើខុនដូខុនដូច្រើន”។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបាន​ដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មបានធ្វើឲ្យខេត្តនេះមានសកម្ម​ភាពអភិវឌ្ឍន៍យ៉ាងលឿន ដោយសារហេដ្ឋារចនាសម្ព័ន្ឋអំណោយផលនានា ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ដោយសារវាជាប់កំពង់ផែ​ទឹកជ្រៅតែមួយគត់របស់កម្ពុជា ការពង្រីកព្រលានយន្តហោះកងកេង ក្លាយជាព្រ​លានយន្តហោះលំដាប់អន្តរជាតិ ការតភ្ជាប់ផ្លូវគោក និងផ្លូវល្បឿនលឿនជាដើម សុទ្ឋតែជាសក្តានុពលរបស់ខេត្ត។ លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុនឹងជំនួសខេត្ត​សៀមរាប ដោយសារខេត្តសៀមរាបពឹងផ្អែកខ្លាំង តែលើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ”៕

ពាក្យចចាមអារ៉ាម ៖ រដ្ឋាភិបាលកំពុងសិក្សាបង្កើតខេត្តថ្មីចំនួន៦មិនមែនពីរទេ

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : ពាក្យចចាមអារ៉ាមថ្មីមួយកំពុងលេចឡើងថា រដ្ឋាភិបាលកំពុងសិក្សាលទ្ឋភាពសិក្សាបង្កើតខេត្តថ្មីចំនួន៦ទៀត ខណៈលិខិតរបស់សម្តេច ក្រឡាហោម ស ខេង ផ្ញើរជូន សម្តេច តេជោ គឺសុំបង្កើតខេត្តថ្មីចំនួនពីរប៉ុណ្ណោះ ហើយ សម្តេច តេជោ បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃសិក្សា។

យោងតាមព៌តមានក្រៅផ្លូវការបានឲ្យដឹងនៅថ្ងៃទី៤ កញ្ញានេះថា ខេត្តថ្មីចំនួន៦កំពុងសិក្សាដើម្បីបង្កើតឡើង ១)ខេត្តមុខកំពូល (បំបែកចេញពីខេត្តកណ្តាល) មានក្រុងនាគរាជតេជោ ជាទីរួមខេត្ត។ ២)ខេត្តនគរភ្នំ​ (បំបែកចេញពីខេត្តព្រៃវែង) មានក្រុងអ្នកលឿង។ ៣)ខេត្តឧត្តុង្គមានជ័យ (បំបែកចេញពីខេត្តកំពង់ស្ពឺ​ កំពង់ឆ្នាំង និងកណ្តាល) មានក្រុងឧត្តុង្គ​។ ខេត្តកំពង់ថ្ម (បំបែកចេញពីខេត្តកំពង់ធំ) មានក្រុងកំពង់ថ្ម។ ៤)ខេត្តរតនមណ្ឌល (បំបែកចេញពីខេត្តបាត់ដំបង)។ ៥)ខេត្តក្រឡាញ់ (បំបែកចេញពីខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ)។ ៦)ខេត្តកោះញែក (បំបែកចេញពីខេត្តមណ្ឌលគិរី​​ និងខេត្តរតនគិរី)។

បើទោះជាយ៉ងនេះក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធដំណឹងនេះ ដោយបានចាត់ទុកវាជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

គួររំលឹកថា គំរោងសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ត្រូវបានទទួលការឯកភាពពី​ សម្តេច តេជោ ប្រមុខរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ សិក្សាបង្កើតខេត្តមួយនៅក្នុងខេត្តកណ្តាល និងមួយទៀតស្ថិតនៅចន្លោះខេត្តរតនគិរី និងមណ្ឌលគិរី៕

អ្នកជំនាញអន្តរជាតិ! កម្ពុជាជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យអន្តរជាតិ

0
លោក Tom O”Sullivan / អ្នកនាង អាន សុធីតា

ដោយស៊ីវ ម៉េង + លាងគង់

       ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបាននិយាយថា កម្ពុជាកំពុងក្លាយជាគោ​លដៅរបស់វិនិយោគិនអចលនទ្រព្យលំដាប់អន្តរជាតិ នៅទូទាំងតំបន់អាស៊ាន ប្រទេសចិន​និងពិភពលោក។

លោក Tom O”Sullivan អគ្គនាយកគេហទំព័រ Realestate.com.kh បានថ្លែងក្នុងសន្និសីទសារព៌តមានស្តីពី ពិព៌ណអចលនទ្រព្យដ៏ធំប្រចាំឆ្នាំនាព្រឹកថងៃទី៤ កញ្ញានេះថា បើធៀបជាមួយប្រទេសជិតខាងនៅក្នុងទតំបន់ កម្ពុជាបានផ្តល់សិទ្ឋកាន់កាប់អចលនទ្រព្យ សម្រាប់ជនបរទេសនិងមានទស្សនវិស័យ ចំពោះកំនើនវិនិយោគយ៉ាងរ៉ឹងមាំ។លោ​កបន្តថា អ្នករស់នៅក្នុងប្រទេសកម្ពុជាបានដឹងយ៉ាងច្បាស់ ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​ទាក់ទងនឹងវិស័យអចលនទ្រព្យ ការសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតាមទីក្រុងសំខាន់ៗដូចជា ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។

លោកបន្តថា “ជនបរទេសជាច្រើនមានការយល់ដឹងតិចតួចនៅឡើយ ពីគុណភាព​អចលនទ្រព្យ ដែលមានក្នុងប្រទេសកម្ពុជា និងសក្តានុពលវិនិយោគសម្រាប់អ្នកទិញអចលនទ្រព្យក្នុងប្រទេសនេះ”។

ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យកាលពីឆ្នាំមុនមានទំហំទឹកប្រាក់ជាង៦៤០០លានដុល្លារអាមេរិក និងរយៈពេល ៨ខែនៃឆ្នាំនេះ មានទឹកប្រាក់ជិត៣០០០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោក CBRE Cambodia បានយល់ស្របនឹងការលើកឡើងខាងលើ ដោយអ្នកនាងបាន​មានប្រសាសន៍ថា កម្ពុជាពិតជាក្លាយជាទីតាំង ដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារកម្ពុជាមានសុខសន្តិភាព​ ស្ថេរភាពនយោ​បាយ និងកំណើនសេដ្ឋកិច្ចរ៉ឹងមាំ។អ្នកនាងបន្តថា ច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា និងច្បា​ប់ស្តីពីសហកម្មសិទ្ឋ ដែលអាចអនុញ្ញាត្តឲ្យជនបរទេសទិញផ្ទះចាប់ពីជាន់ទី១បាន ពិតជា​បានជួយជំរុញឲ្យវិស័យនេះរីកចម្រើនកាន់តែខ្លាំង។

អ្នកនាងបន្តថា “អ្នកវិនិយោគអន្តរជាតិជាច្រើនបានសម្លឹងមកកាន់ទីនេះ ក្នុងរូបភាព​វិជ្ជមានជាងមុន សុទិដ្ឋិនិយមជាងមុន ដោយសារពួកគេមើលឃើញកាលានុវត្តន៍ភាព​ច្រើននៅទីនេះ”។អ្នកនាងបន្តថា “លំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំនេះរំពឹងកើនដល់៣០០០លានដុល្លារ ខណៈកាលពីឆ្នាំមុនលំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​មានចំនួនច្រើនជាងប្រទេសថៃផងដែរ”៕

ពិព័រណ៍អចលនទ្រព្យធំមួយ នឹងចាប់ផ្តើមនៅចុងខែតុលាឱកាសបង្ហាញពីកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ពិព័រណ៍អចលនទ្រព្យលំដាប់អន្តរជាតិដ៏ធំមួយ នឹងចាប់ផ្តើមនៅចុងខែតុលាខាងមុខនេះ ស្របពេលវិស័យនេះបាន និងកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អគ្គនាយកគេហទំព័រ Realestate.com.kh លោក Tom O”Sullivan បានមានប្រសា​សន៍ក្នុងស្និសីទសារព៌តមានស្តីពី ការរៀបចំពិព័រណ៍អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨នាព្រឹកថ្ងៃទី៤ កញ្ញានេះថា រហូតមកទល់ពេលនេះ មនុស្សជាង៤០០០នាក់បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយយើងព្យាករណ៍ថាពិព័រណ៍ដ៏ធំនេះ នឹងទាក់ទាញអ្នកទិញផ្ទះ និងអ្នកវិនិយោគអចលនទ្រព្យយ៉ាងតិច៦០០០នាក់​។លោកបន្តថា ប្រទេសកម្ពុជាកំពុងក្លាយជាទិសដៅ របស់វិនិយោគិនអចលនទ្រព្យលំដាប់អន្តរជាតិ នៅទូទាំងតំបន់អាស៊ាន ប្រទេសចិន និងពិភពលោក ហើយបើធៀបនឹង​ប្រទេសជិតខាងក្នុងតំបន់ កម្ពុជាបានផ្តល់កម្មសិទ្ឋកាន់កាប់អចលនទ្រព្យសម្រាប់ជនបរទេស និងមានទស្សនវិស័យចំពោះកំនើនវិនិយោគដ៏រ៉ឹងមាំ។

លោកបន្តថា គោលបំណងពិព័រណ៍អចលនទ្រព្យចាប់ពីថ្ងៃទី១៩ ដល់២០តុលាខាងមុខ គឺដើម្បីលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោកបន្តថា យើងកំពុងប្រមូលផ្តុំនូវគំរោងអភិវឌ្ឍន៍ថ្មីៗ ល្អៗ ព្រមទាំងក្រុមហ៊ុនផ្សេងៗដែលមានឥទ្ឋិពល និងដើរតួនាទីសំខាន់ក្នុងទីផ្សារកម្ពុជា។

ពិព័រណ៍នេះ មានការចូលរួមសហការពីប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើន ដូចជា គេហទំព័រ Propertyarea.asia សារព៌តមានថ្មីៗ និងគេហទំព័រ Freshnews ជាដើម។

ពិព៌ណនេះ នឹងរៀបចំឡើងនៅសណ្ឋាគារនិងកាស៊ីណូណាហ្កា១ ដែលអនុញ្ញាត្តឲ្យអ្នកចូលរួមទស្សនា និងស្វែងរកទិញអចលនទ្រព្យដែលដាក់លក់ និងមានការបញ្ចុះ តម្លៃពិសេសផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​បង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៨ខែឆ្នាំនេះ មានទឹកប្រាក់ជិត​៣ពាន់លានដុល្លារអាមេរិក។

លោក Tom O”Sullivan បានបន្តថា ពិព័រណ៍អចលនទ្រព្យជាការជួយបង្រួមគម្លាតរវាងវិនិយោគិន និងឳកាសវិនិយោគរបស់ពួកគេ ព្រោះនៅពេលអ្នកវិនិយោគមកពីតំបន់នានា និងពិភពលោកមកដល់ក្រុងភ្នំពេញ ដើម្បីចូលរួមពិព័រណ៍អចលនទ្រព្យរបស់យើង ពួកគេនឹងបានយល់ដឹងពីការផ្លាស់ប្តូរ នៃវិស័យអចលនទ្រព្យនៅកម្ពុជា ជុំវិញការសាងស​ង់ និងការអភិវឌ្ឍអចលនទ្រព្យនៅទីនេះ។លោកបន្តថា អ្នកវិនិយោគអន្តរជាតិនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវការគិតរបស់ពួកគេ ដែលប្រទេសកម្ពុជាផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌ​លសេដ្ឋកិច្ចដ៏សំខាន់មួយ៕

អស្ចារ្យ ! ក្រុមហ៊ុនយក្សចិន គ្រោងវិនិយោគ ១,២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាលទេសចរណ៍នៅក្នុងខេត្តកោះកុង

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមហ៊ុនដ៏ធំរប់ចិន ឈ្មោះះ UNION Development Group Co., Ltd. Cambodia គ្រោងនឹងវិនិយោគទឹកប្រាក់ ១,២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។

លោក លី តាវ បានលើកឡើងថា ៖ គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១,២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥, ខុនដូទំនើប, បឹងកាឡូ, ការិយាល័យធ្វើការ, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។

លោក លី តាវ សង្ឃឹមថាគម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុននឹងខិតខំស្វែងរកដៃគូវិនិយោគចូលរួមជាមួយគម្រោងនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

លោក ប៉ាន សូរស័ក្តិ បានសម្ដែងក្ដីសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។

លោកបានប្រកាសគាំទ្រ និងបង្ហាញជំនឿថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នាពេលអនាគត ហើយក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងរង់ចាំជួយសម្របសម្រួលគម្រោងវិនិយោគនេះជានិច្ច។

សូមជម្រាបថា គម្រោងអភិវឌ្ឍតារាសាគរ នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគចំនួនជាង ១,៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

ដំណឹងរីករាយ! សណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយ បើកដំណើរការនៅក្រុងព្រះសីហនុ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ សណ្ឋាគារប្រណីតថ្មីមួយលំដាប់ផ្កាយប្រាំ បានបើកដំណើរការនៅខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានការរីកចម្រើន និងកំពុងប្រឈមការខ្វះខាតបន្ទប់ជាប់ជាប្រចាំនេះ។

អគ្គនាយកក្រុមហ៊ុន Prince Real Estate Group លោក លី មីន បានមានប្រសាសន៍ឲ្យដឹង ក្នុងសម្ពោធសណ្ឋាគារព្រីនស៍ថាមលំដាប់ផ្កាយប្រាំ កាលពីចុងសប្ដាហ៍មុននេះថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានយកការអភិវឌ្ឍវិស័យអចលនទ្រព្យជាចម្បង និងមានគំរោងអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មស្របតាមបទដ្ឋានអន្តរជាតិ មានសហគ្រាសដឹកជញ្ជូនចម្រុះ បានក្លាយខ្លួន ជាក្រុមហ៊ុនឈានមុខគេលំដាប់កំពូល ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាក្រុមហ៊ុនបានបង្កើតឡើងនូវបណ្តុំអគារ ដែលជានិមិត្តសញ្ញា​សំខាន់ៗរបស់កម្ពុជាផងដែរ។

លោកបន្តថា “ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន បានបង្កើតគម្រោងសំខាន់ៗជាច្រើន ដោយបានបោះទុនចំនួនប្រមាណ១៥ពាន់លានដុល្លារ មានដីបម្រុងទុកជាង១ពាន់ហិកតា សម្រាប់ធ្វើការអភិវឌ្ឍ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន២១ក្រុមហ៊ុន”។ លោកបន្តថា “ក្រុមហ៊ុននឹងបន្ដអភិវឌ្ឍខ្លួន ពង្រីកទុនវិនិយោគអចលន ទ្រព្យនេះ រហូតដល់១០០ពាន់លានដុល្លារនាពេលអនាគត”។

អភិបាលខេត្ដព្រះសីហនុ​ លោក យន្ត មីន បានថ្លែងថា អគារសណ្ឋាគារស្កឹមស្កៃនេះ ពិតជាបានចូលរួមចំណែកសេចក្ដី ត្រូវការរបស់ខេត្ដនូវអគារសម្រាប់ភ្ញៀទេសចរស្នាក់នៅលំហែរកម្សាន្ដ និងជាមុខមាត់សម្រាប់ខេត្ដព្រះសីហនុផងដែរ ដែលបានទទួលនូវការវិវត្តលើវិស័យសេវាទេសចរណ៍នេះ។ លោកបន្តថា ការចូលរួមពីវិស័យឯកជនពិតជាកត្ដាសំខាន់ណាស់ សម្រាប់ជំរុញការអភិវឌ្ឍឲ្យមានចីរភាព។

លោកបន្តថា ការបើកសម្ពោធសណ្ឋគារព្រីនស៍ ថាម នាពេលនេះ ពិតជាសក្ខីភាពថ្មីមួយទៀត នៃតួនាទីដ៏មានតម្លៃរបស់ផ្នែកឯកជន ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ស្ដីពីទេសចរណ៍ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការបង្កើតការងា​រដោយផ្ទាល់ និងបង្កើតការងារដោយប្រយោលជាច្រើនទៀត ព្រមទាំងចូលរួមចំណែកលើកកំពស់មុខមាត់ខត្ដព្រះសីហនុផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថា នៅឆ្នាំ២០៣០ ខេត្ដព្រះសីហនុ នឹងអាចស្រូបយកភ្ញៀវទេសចរអន្ដរជាតិ ជិត២លាននាក់ និងភ្ញៀវជាតិប្រមាណ៣លាននាក់ ដូច្នេះខេត្តនេះមានតម្រូវការបន្ទប់សណ្ឋាគារប្រមាណ ៣ម៉ឺន បន្ទប់បន្ថែមទៀតនាពេលអនាគត៕

រដ្ឋាភិបាល គ្រោងសាងសង់ស្ពានមួយទៀត តភ្ជាប់ពីស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាល​មានគំរោងសាងសង់ស្ពានមួយទៀត ភ្ជាប់ពីតំបន់កំពង់ផែភ្នំពេញនៃស្រុកកៀនស្វាយ ទៅ​កាន់ស្រុកល្វាឯម ក្នុងខេត្តកណ្តាលនាពេលខាងមុខ។

អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក នូ វឌ្ឍនៈ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រៅពីគំរោងសាងសង់ស្ពានក្តី​តាកុយ ទៅតំបន់អរិយក្សត្រក្នុងស្រុកល្វាឯម រដ្ឋាភិបាលនឹងសាងសង់ស្ពានមួយទៀតដែលតភ្ជាប់នៅមូលដ្ឋានខាងលើនេះ ដែលវាជាការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣។ ប៉ុន្តែយ៉ាង​ណាក៏ដោយលោកមិនទាន់ បញ្ជាក់ឲ្យដឹងពីពេលវេលាសាងសង់ស្ពាននោះនៅឡើយទេ​។

លោកបន្តថា គំរោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រជាគំរោងស្ថិតក្នុងផ្លូវក្រវ៉ាត់ក្រុងទី២ ប៉ុន្តែគំរោងសាងសង់ស្ពានពីតំបន់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតក្នុងស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម ទើបជាគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលស្ថិតក្នុងផែនការសាងសង់នាពេលឆាប់ៗនេះ ព្រោះរដ្ឋាភិបាលបានចុះហត្ថលេខាទទួល​ឥណទា​ន​សម្បទានពីរដ្ឋាភិបាលចិន ក្នុងទឹកប្រាក់២៥៨លានដុល្លាររួចហើយ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលចេញមកពីតំបន់ទំនប់កប់ស្រូវ កាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវលេខ១១០ និងឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយដោយឆ្ពោះមក​កាន់តំបន់កំពង់ផែស្វយ័ត្នភ្នំពេញ។

បន្ទាប់ពីគេហទំព័រចុះផ្សាយពីគំរោងផ្លូវក្រវ៉ាត់ក្រុង និងការតភ្ជាប់ស្ពានពីជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ និងស្ពានពីក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រកាលពីចុងខែសីហាកន្លងមកនេះ បានធ្វើឲ្យតម្លៃដីនៅតំបន់នោះឡើងថ្លៃចន្លោះពី២០ ទៅ៤០ភាគរយ។​ នេះបើតាមអ្នករកស៊ីគួកជេដីនៅតំបន់នោះបញ្ជាក់ឲ្យដឹង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង​ បានមានប្រសាសន៍ឲ្យដឹងថា ហេតុផលដែលដីឡើងថ្លៃដោយសារកត្តាសំខាន់ៗជាច្រើ​នរួមមាន គំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំនើនប្រជាសាស្រ្តនៅតំបន់នោះ លំហូរវិនិយោគបរទេស និងកត្តាមិនអាចខ្វះបានគឺសន្តិភាព ស្ថេរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លី​នៅក្រុងភ្នំពេញបានកើន៦,៦ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំ៕