អ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមចំពោះដីធ្លីនៅខណ្ឌដង្កោ ភាគខាងត្បូងរាជធានីភ្នំពេញ

0

ដោយរ៉ាវី

ភ្នំពេញ៖ ដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង12 នៅទូទាំងរាជធានីភ្នំពេញ ដែលមានភាពពុះកញ្ជ្រោលខ្លាំងទៅលើវិស័យដីធ្លី ជាពិសេស យុទ្ធនាការនៃការពុះដីឡូត៍យ៉ាងកក្រើក ជាមួយនឹងតម្លៃខ្ពស់គួរសម បើប្រៀបធៀបទៅនឹងតម្លៃដីឡូត៍ដែលស្ថិតនៅក្នុងខណ្ឌផ្សេងទៀតនាតំបន់ជាយក្រុង។

យ៉ាងណាក៏ដោយ បើទោះជាតម្លៃដីក្នុងខណ្ឌមួយនេះហាក់មានកម្រិតថ្លៃជាងគេក៏ពិតមែន ប៉ុន្តែចំពោះទស្សនៈរបស់អ្នកវិនិយោគលើវិស័យនេះវិញ នៅតែមានសុទិដ្ឋិនិយមខ្ពស់ដដែល ក្រោមហេតុផលថា ខណ្ឌដង្កោ គឺជាតំបន់ដែលមានភាពទាក់ទាញខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសំណង់លំនៅដ្ឋាន ។

អគ្គនាយកក្រុមហ៊ុន ខ្មែរហ្វោនដេសិន អាប្រេស៊ល (KFA) លោកឧកញ៉ា នួន រិទ្ធី បានលោកឡើងថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។

លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ30គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយនោះ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។

លោកឧកញ៉ា នួន រិទ្ធី បញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យ ខណ្ឌដង្កោ ដែលស្ថិតតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ ។

ជាមួយគ្នានេះ លោកឧកញ៉ាក៏បានបញ្ជាក់ថា ៖ «ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យមានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ60ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ3 មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON 3 , ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង10នាទី មកដល់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀតតំបន់អភិវឌ្ឍន៍មួយនេះមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ ជាចំណុចពិសេសអាចធ្វើឱ្យខណ្ឌដង្កោមានសក្ដានុពល។

នាយកផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនមានទទួលស្គាល់ថា ដង្កោពិតជាខ័ណ្ឌមានការរីកចម្រើនលឿន ដោយសារ​គំ​រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេរចតេជោសាងសង់ចប់ បានធ្វើឲ្យតំបន់នេះរីកចម្រើនលឿន និងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសគំរោងផ្សារទំនើប AEON MALL3កំពុងត្រៀមសាងសង់នៅតំបន់នេះនាពេលខាងមុខ។

លោកបន្តថា “ការរីកចម្រើននៃខ័ណ្ឌដង្កោ ដោយសារខ័ណ្ឌនេះមានសណ្ឋានដីល្អប្រសើរ ជាខ័ណ្ឌដែលនៅកៀកនឹងរាជធានីភ្នំពេញ និងជាតំបន់ថ្មីងាយស្រូលក្នុងការរៀបចំគម្រោង និងហេដ្ឋារចនាសម្ព័ន្ឋនានា”។ លោកបន្តថា “ខ័ណ្ឌនេះមានហេដ្ឋារចនាសម្ព័ន្ឋពិសេ​សភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ដែលជាតំបន់ប្រទាក់ក្រឡាគ្នា លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ទើបខ័ណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើន”៕

ដំណឹងល្អ! UN ជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំទិវាផលិតផលសូត្រ

0

ដោយវុត្ថា

ភ្នំពេញ៖ គំរោងស្រាវជ្រាវសូត្រកម្ពុជា ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលការចាប់អារម្មណ៍ខ្ពស់ ពីតំណាងអង្គការសហប្រជាជាតិដែលធ្វើការពាក់ព័ន្ឋនឹងវិស័យនេះ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា បានឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនារសៀលថ្ងៃទី២៧ សីហានេះថា អង្គការសហប្រជាតិ (UN) បានជ្រើសរើសប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាសូត្ររបស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលិតសូត្ររបស់កម្ពុជា និងដើម្បីធ្វើអោយសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (SDGs) ។

លោកបណ្ឌិតបន្តថា “ប្រធានបទនៃទិវាផលិតផលសូត្រនេះ ស្តីពីគំនិតច្នៃបង្កើតថ្មី សម្រាប់  គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs សម្រាប់ជាមោទនភាពចំពោះវប្បធម៌ ប្រពៃណីយ៍ កេរ្តិ៍ដំណែល និងសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា”។

លោកបណ្ឌិតម៉ី កល្យាណបានបន្ថែមថា អង្គការសហប្រជាជាតិបានជ្រើសរើសយកសូត្រខ្មែរ ធ្វើជានិមិត្តរូបនៃការគំនិតឆ្នៃបង្កើតថ្មី សម្រាប់ធ្វើអោយសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពSDG  របស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ខាងមុខនេះ។

លោកបណ្ឌិតថា “នេះគឺជាព័ត៌មានដ៏គួរឲ្យរីករាយ និងពិតជាមានទនភាពណាស់ដែលអង្គការសហប្រជាតិជ្រើសរើសប្រទេសកម្ពុជា ក្នុងការរៀបចំព្រឹត្តិការទិវាផលិតផលសូត្រនេះ នៅក្នុងប្រទេសកម្ពុជា”។

ប្រទេសកម្ពុជាបាននាំចូលសូត្រពីប្រទេសជិតខាង និងប្រទេសចិនមួយឆ្នាំ៣០០តោនសម្រាប់បំពេញតម្រូវការក្នុងស្រុក និងចំណាយប្រាក់៣០លានដុល្លារអាមេរិក ខណៈកម្ពុជា អាចផលិតសូត្រខ្លួនឯងបានចំនួន១០ភាគរយ នៃបរិមាណនាំចូលសរុបប៉ុណ្ណោះ៕

ដំណឹងល្អ! គំរោងសាងសង់ផ្លូវពីបាត់ដំបងទៅកាន់ខេត្តកោះកុង មានកញ្ចប់ថវិកាសាងសង់ហើយ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ គំរោងសាងសង់ផ្លូវតភ្ជាប់ពីភូមិភាគពាយ័ព្យ ទៅកាន់ភាគនារតីនៃខេត្តកោះ​កុងបានសិក្សាបញ្ចប់ហើយ និងមានកញ្ចប់ថវិកាក្រោមជំនួយ ពីរដ្ឋាភិបាលចិនរួចហើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនាថក្ងៃទី២៧ សីហានេះថា គំរោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុងបានបញ្ចប់ទាំងស្រុងហើយ និងមានកញ្ចប់ថវិការួចហើយ​ផងដែរ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីគម្រោងនេះ នឹងចំណាយប៉ុ​ន្មានរយលានដុល្លារនៅឡើយទេ។

លោកបន្តថា “ផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួនបីរួមមាន​ខេត្តបាត់ដំបង ពោធិសាត់ និងខេត្តកោះកុង”។

ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា ការសាងសង់ផ្លូវនេះមានសារៈសំខាន់ណាស់ ដើម្បីសមាហរណកម្មផ្ទៃក្នុងកម្ពុជា និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ព្រោះកន្លងមកទំនិញឬកសិផលនានារបស់កម្ពុជាត្រូវពឹងផ្អែកលើប្រទេសជិតខាង ដែលយើងមានផលលំបាក។ហេតុនេះ​​ប្រសិនជាយើងសាងសង់ផ្លូវនេះបាន តាមចក្ខុវិស័យរបស់សម្តេចតេជោ យើងនឹងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង ដោយយើងនឹងមានកំពង់ផែដឹកជញ្ជូនខ្លួនឯងឆ្ពោះទៅកាន់ប្រទេសដទៃទៀត។

លោកបន្តថា “នេះជាប្រវត្តិសាស្រ្តថ្មីមួយ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជានឹងបន្តតភ្ជាប់នូវបណ្តាញផ្លូវគមនាគមន៍ ដើម្បីសម្រួលការដឹកជញ្ជូនក៏ដូចជាសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា”៕

ស្វែងយល់ពីអាស៊ាន! តម្រូវការខុនដូប្រណីតនៅក្នុងទីក្រុង Kuala Lumpur ចាប់ផ្តើមងើបឡើងវិញ

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមការចុះផ្សាយសារព័ត៌មាន The Star Online  បានអោយដឹងថា ដោយសារតែមានកើនឡើង នៃជំនឿរបស់អ្នកវិនិយោគ និងការលើកកម្ពស់ស្តង់ដារខុនដូ​បានធ្វើឲ្យទីផ្សារខុនដូរប្រណីតនៅក្នុងទីក្រុង Kuala Lumpur នឹងរីកចម្រើនឡើងវិញនៅក្នុងចុងឆ្នាំ ២០១៨នេះ។

ក្រុមហ៊ុនអចនលទ្រព្យ Knight Frank បានសរសេរនៅក្នុងរបាយការណ៍ស្តីពីអចលនទ្រព្យសម្រាប់ពាក់កណ្តាលឆ្នាំ២០១៨នេះ  មានចំនួនអ្នកដែលចុះបញ្ជីទិញខុនដូរប្រណីត ដែលមានសក្កដានុពលមានចំនួនច្រើនបន្ទាប់ពីការបោះឆ្នោតរួចរាល់។

ក្រុមអ្នកវិនិយោគបានបង្ហាញទំនុកចិត្តជាថ្មី ចំពោះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Mahathir Mohamad ដែលត្រូវបានជ្រើសរើសឲ្យដឹកនាំប្រទេសនេះឡើងវិញ។ ពួកគេមើលឃើញពីការរីកចម្រើនឡើងវិញនៅសេដ្ឋកិច្ច និងនិងតម្លៃផ្សេងៗក្នុងចំណោមវិស័យផ្សេងទៀតនោះបង្ហាញថា ជាឪកាសនៃការងើបឡើងវិញនូវទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង Kuala Lumpur ។

ជាមួយគ្នានោះ ក្រុមអ្នកពិគ្រោះយោបល់ ក៏បានស្នើរអោយមានអនុវត្តការបង់ពន្ធថ្មី ដើម្បីមានភាពវិជ្ជមានដល់ផ្នែកពាណិជ្ជកម្មលើវិស័យអចលនទ្រព្យ។

ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Knight Frank បានបញ្ជាក់ថា អត្រាបង់ពន្ធសូន្យលើទំនិញនិងសេវាកម្ម (GST) នឹងជំរុញអនុវិស័យពាណិជ្ជកម្ម ឲ្យមានការរីកចម្រើន  ខណៈដែលអ្នកទិញអចលនទ្រព្យពាណិជ្ជកម្ម ក្នុងអំឡុងការបង់ពន្ធនៅក្នុងថ្ងៃសម្រាកគឺ0%។

ក្រុមអ្នកវិភាគបានព្យាករណ៍បន្ថែមទៀតថា វិស័យលំនៅដ្ឋាន ដែលលើកលែងពីការបង់ពន្ធ GST មិនអាចចុះបញ្ជីតម្លៃក្នុងរយៈពេលខ្លីបានទេ ដោយសារនៅលើទីផ្សារមានក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែច្រើន កំពុងបាញ់ឆ្ពោះទៅកាន់ទីជនបទ ដើម្បីលើកកម្ពស់ផលិតផល ដែលទើបចាប់ផ្តើម និងដើម្បីជម្រះស្តុកអចលនទ្រព្យ ដែលមានស្រាប់តាមរយៈការផ្តល់កញ្ចប់បញ្ចុះតម្លៃ និងកញ្ចប់ផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរ។

ខុនដូ និងផ្ទះល្វែងប្រហែលចំនួន២១៦យូនីត ត្រូវបានដាក់លក់ក្នុងទីក្រុងកូឡាឡាំពួនៅត្រីមាសទី1 ឆ្នាំនេះពោលគឺធ្លាក់ចុះពីចំនួន២៣៨ យូនីតក្នុងត្រីមាសទី៤នៃឆ្នាំ ២០១៧ ៕

តោះ​ទៅ​មើល​គំរោង​លំអិត​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោកនៅ​ភ្នំពេញ

0

ដោយ​គង់ សូរិយា

       ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន បាននិងកំពុង​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ទីក្រុង​ភ្នំពេញ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក ជាក់ស្តែង​ក្រុមហ៊ុន Yuethai Group បាននិងកំពុង​វិនិយោគ​គំរោង​ដ៏​អស្ចារ្យ​មួយ​នៅ​ក្រុងភ្នំពេញ។

គំរោង​ដ៏​ធំ​នេះ​ត្រូវបាន​ដាក់ឈ្មោះ Phnom Penh Harbour ដែល​នឹង​អភិវឌ្ឍន៍​ទៅ ជា​តំបន់​ទេសចរណ៍​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​រួមមាន​ទីកន្លែង​កំសាន្ត ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ទំហំ​ប៉ុន AEON MALL ផ្សារ​រាត្រី ហាង​លក់ទំនិញ​ឥតគិតថ្លៃ កន្ត្រក​វិល​លើទឹក សាល​ពិ​ព៌​ណ​លើទឹក សួនច្បារ​សិល្បៈ​និង​វប្ប​ធ៌​ម អាគារ​ការិយាល័យ SOHOចំនួន​ពីរ អាគារ​ការិយាល័យ​ភ្លោះ​ខ្ពស់​ជាងគេ មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្ប​ធ៌​ម​ចិន អាគារ​ពាណិជ្ជកម្ម​និង​សណ្ឋាគារ​ចំនួន៤ សណ្ឋាគារ​ខ្នាត​ផ្កាយ៥ខ្នាត​អន្តរជាតិ Swan Bay ខុន​ដូ​និង​លំនៅ ដ្ឋា​ន​ប្រណីត​ចំនួន៨អាគារ និង​កំពង់ផែ​សម្រាប់​អ្នកដំណើរ​តែមួយគត់។

រហូតមកទល់​ពេលនេះ ទីតាំង​គំរោង​នេះ​បាននិងកំពុង​ព័​ទ្ឋ​របង​ជុំវិញ​ហើយ ខណៈ​សកម្មភាព​ដឹកជញ្ជូន​ខ្នាត​ធំ ត្រូវបាន​រើ​ទៅកាន់​ទីតាំង​កំពង់ផែ​ស្វ័យ​ត្ន​ភ្នំពេញ ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល​រួចហើយ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​នៅ​ទីតាំង​នេះ កំពុង​តែមាន​សកម្មភាព​បន្ត ប៉ុន្តែ​សំរាប់តែ​ការដឹកជញ្ជូនតូចៗប៉ុណ្ណោះ តែ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ខ្នាត​ធំ​ត្រូវបាន​ចាកចេញ​អស់ហើយ។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា គំរោង​វិនិយោគ​របស់​ចិន​ភាគច្រើន​ជា​គំរោង​ធំ ដែល​ពួកគេ​ផ្តោតលើ​ទីផ្សារ​នៅ​ប្រទេស​ចិន​ជា​ចម្បង ដោយ​ពួកគេ​មាន​អតិថិជន​ក្នុង​ដៃ​ស្រាប់។ អ្នកនាង​បន្តថា គម្រោង​របស់​ពួកគេ​សាងសង់​ជា​ដំណាក់កាល មិនមែន​សាងសង់​ទាំងអស់​នោះទេ ហេតុនេះ​វា​មិន​បញ្ហា​សម្រាប់​ពួកគេ​ឡើយ។

អ្នកនាង​បន្ថែមថា “ការមកដល់​របស់​អ្នកវិនិយោគ​ចិន ជា​រឿង​វិជ្ជមាន​មួយ។អ្នកនាង​បន្តថា “អ្នកវិនិយោគ​ចិន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​ពួកគេ​មើលឃើញ​ឳ​កាស​រកប្រាក់​ចំណេញ ព្រោះ​តម្លៃ​ដី​នៅ​កម្ពុជា​នៅមាន​តម្លៃថោក ធៀប​នឹង​ប្រទេស​ចិន ហើយ​ពេលអនាគត ប្រជាជន​នឹង​រស់​នៅតាម​ខុន​ដូ​កាន់តែច្រើន”៕

ឥណទាន​អេស៊ីលីដា​រយៈពេល៧ខែ កើន​ទឹកប្រាក់​ដល់ ៣១១២លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ការផ្តល់​ឥណទាន​រប​ស់​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា សម្រេចបាន​កំនើន៣ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី លោក​អ៊ិន ចាន់នី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ទំហំ​ឥណទាន​របស់​ធនាគារ​បាន​កើន​ទឹកប្រាក់​ពី៣០២២លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដល់​ចំនួន៣១១២លាន​ដុល្លារ​នៅ​ដំណាច់ខែ​កក្កដា​កន្លងមក​នេះ ស្មើនឹង​កំនើន៣ភាគរយ។ លោក​បន្តថា ការសម្រេចបាន​កំនើន​នេះ អាចធ្វើ​ឲ្យ​ធនាគារ ទទួលបាន​ឥណទាន​តាម​ការគ្រោងទុក​ប្រចាំឆ្នាំ ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន៩ភាគរយ​នៅ​ឆ្នាំនេះ។

លោក​បន្តថា “លើសពីនេះ​ទំហំ​ប្រាក់​បញ្ញើរ បាន​កើនឡើង​ខ្ពស់ជាង​ឥណទាន ដោយ​ទឹកប្រាក់​បាន​កើន​ពី៣២៤៩លាន​ដុល្លារ ដល់​ទំហំ៣៤០៥,៩លាន​ដុល្លារ​អាមេរិក។លោក​បន្តថា “កំនើន​ឥណទាន​និង​ប្រាក់​បញ្ញើរ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រ៉ឹង​មាំ​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា ក៏ដូចជា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​កើនឡើង​ផងដែរ។

ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោ​កប​ណ្ឌិ​ម៉ី កល្យាណ​បាន​ថ្លែងថា ការរីកចម្រើន​ក្នុង​វិស័យ​ធនាគារ ក៏ដូចជា​ក្នុង​ប្រ​ព័​ន្ឋ​ហិរញ្ញវត្ថុ​កម្ពុជា​បាន និង​កំពុង​ឆ្ពោះទៅកាន់​ភាព​កាន់តែ​ទុកចិត្តបាន ហើយ​ប្រ​ព័​ន្ឋ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន និង​វិវត្តន៍​ទៅមុខ​ដោយ​វិជ្ជមាន ព្រោះ​បច្ចេកវិទ្យា​បាននិងកំពុង​ជួយ​ដល់​វិស័យនេះ។

​​​​លោក​បន្តថា ការមកដល់​នៃ​ធនាគារ​ថ្មី បានផ្តល់​ឲ្យ​វិស័យនេះ​មាន​ភាព​រីកចម្រើន​ទាំង​ធនធាន ទាំង​បច្ចេកវិទ្យា និង​មនុស្ស ព្រោះ​ពេល​ធនាគារថ្មីៗមកដល់ ពួកគេ​នាំយក​បច្ចេកវិទ្យា​មក ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​ធនធានមនុស្ស​នៅក្នុង​វិស័យនេះ​រីកចម្រើន​ថែមទៀត។

លោក​បន្តថា “សុខភាព​ឥណទាន​មាន​ភាពល្អប្រសើរ និង​កំនើន​នៃ​ឥណទាន​មិន​កើន​កំ​ហុក និង​ឈានដល់​ចំណុច​គួរ​ឲ្យ​បារម្ភ​នោះទេ”៕

អ្នកជំនាញអចលទ្រព្យជាច្រើនចាប់ផ្តើមធ្វើសកម្មភាពសប្បុរសធម៌

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ និងអ្នកជំនាញក្នុងវិស័យនេះជាច្រើនបានចាប់ផ្តើមធ្វើសកម្មភាពសប្បុរសធ៌ម តាមរយៈការរៀបចំ”សិក្ខាសាលាសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ2018 “ចក្ខុវិស័យ អចលនទ្រព្យ និង បច្ចេកវិទ្យា” សម្រាប់ប្រមូលថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា”។

កម្មវិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាគារ AIS សាលប្រជុំ ផលគួច មានកម្មវិធីសិក្ខាសាលាសប្បុរសធម៌មួយបង្កើតឡើងសម្រាប់ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ ដោយមានការចូលរួមពីលោក ជា ច័ន្ទបរិបូរណ៌រដ្ឋលេខាធិការក្រសួងព័ត៌មាន និងវត្តមានរបស់មន្រ្តីរាជរដ្ឋាភិបាល វិនិយោគិន រួមទាំង សហវាគ្មិនល្បីៗ និង ជោគជ័យលើអាជីវកម្ម និងអចលនទ្រព្យប្រមាណ450នាក់ ក្រោមកិច្ចសហការរួម រវាង ទូរទស្សន៍ ច្ចុប្បន្នភាពអចលនទ្រព្យ(CTR.tv), ក្រុមហ៊ុនមយូរ៉ា រេស៊ីឌិន អ៊ិនវេសម៉ិន,ភូមិឋានសំណាង ,ក្រុមហ៊ុន R’ Investment ,សាលាជំនាញគណនី និងក្រុមហ៊ុនហួតជា សំណង់  ។

លោក ម៉ូត ទូល័សអគ្គនាយកទូរទស្សន៍ CRT. និងជាអ្នករៀបចំកម្មវិធីបានលើកឡើងថា ដោយសារបានមើលឃើញពីការលំបាក ខ្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ទើបយើងបង្កើតកម្មវិធីនេះឡើង ដោយទទួលបានការសហការពីសហគ្រិន ដែលជាម្ចាស់អាជី​វកម្មជំនួញ ដើម្បីចូលរួមចែករំលែកចំនេះដឹង  និងថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាវាគ្មិនផងដែរ មានដូចជា លោកឡាយ សំណាង ,លោក វេង ស៊ីគួរ,លោក តេង រិទ្ធី,លោក Dr.គា បូរ៉ា និងលោក ហួតជា ជាដើម។

ម្ចាស់ភូមិឋានសំណាង លោកឡាយ សំណាងបានមានប្រសាសន៍ថា យើងចង់រៀបចំធ្វើកម្មវិធីបែបនេះឲ្យបានរៀងរាល់ខែ ដោយយើងនឹងធ្វើការពិភាក្សាជាមួយនឹងវិនិយោគិន ទាំងឡាយណាដែលមានឆន្ទៈ ក្នុងការចូលរួមជួយដល់កិច្ចការសង្គម ពិសេសជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបានឲ្យដឹងទៀតថា ដោយសារពួកយើងធ្លាប់ក្រ ធ្លាប់ជួបនូវទុក្ខលំបាក ហេតុដូច្នេះ ទើបពួកយើងបង្កើតកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីចូលរួមចំណែកជួយដល់សង្គមខ្មែរយើង ដែលកំពុងតែជួបការលំបាក។

លោកវេង ស៊ីគួរ អគ្គនាយកក្រុមហ៊ុន មយូរ៉ារេស៊ីឌិន ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលកន្លងមក លោកបានចូលរួមការចែករំលែកជាច្រើន ទាំងចំនេះដឹង និងការងារមនុ​ ស្សធម៌សង្គម  តាមរយៈការផលិត កសាងកិត្តិយសជូនប្រទេសជាតិច្រើនរួចមកហើយ  លោកក៏សប្បាយចិត្ត និងរីករាយក្រៃលែង ហើយសូមអរគុណ និងគាំទ្រចំពោះសិក្ខាសា​លាសប្បុរសធម៌នាថ្ងៃនេះ ក៏ជាឆន្ទៈមួយរបស់មួយរបស់CRT.tv ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួបប្រទះនូវការលំបាកក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកុមារទូទៅ។

រដ្ឋលេខាធិការក្រសួងព៌តមាន លោកជា ច័ន្ទបរិបូរណ៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ CRT. ក៏បានសម្តែងនូវការកោតសរសើរ និងគាំទ្រនូវការរៀបចំកម្មវិធីនេះ ដោយលោកបានចាត់ទុកថា នេះជាការចូលរួមចំណែកមួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរអំពីបញ្ហា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខមាលភាពកុមារទូទៅនៅកម្ពុជា៕

ថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ចុះធ្វើសកម្មភាពសប្បុរសធ៌មនៅសហគមន៍ក្រីក្រស្ទឹងមានជ័យ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ក្រុមថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ដែលបានមកចូលរួមសន្និបាត និងពិព៌ណអចលនទ្រព្យអាស៊ាន (ARENA Convention and Exhibition) បានចុះចែកអំណោយដល់​សហគមន៍ព្រែកទ័ល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាថ្ងៃទី២៥ សីហានេះថា ការចុះចែកអំ​ណោ​យជាសម្ភារៈសិក្សា អង្ករ និងសម្ភារៈប្រើ​ប្រាស់ដទៃទៀត ដល់កុមារនៅសហគមន៍ខាងលើ ជាផ្នែកមួយនៃសកម្មភាពផ្សារភ្ជាប់សង្គ​ម របស់ថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ជាមួយសហគមន៍ក្រីក្រនៅកម្ពុជា។ អ្នកនាងបន្តថា ការចូលរួមសកម្មភាពសប្បុរសធ៌មខាងលើ មានន័យថាពួកគេមកកម្ពុជា មិនមែនដើម្បីចែករំលែកបទពិសោ​ធន៍ និងដើរកំសាន្តទេ តែជាការចូលរួមលើកកំពស់និងផ្សារភ្ជាប់ការងារនិងសង្គមផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ ដែលចូលរួមក្នុងឳកាសនោះ រួមមានថ្នាក់ដឹកនាំសមាគមមកពីប្រទេសកម្ពុជា សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់មា ថៃ ឥណ្ឌូនេស៊ីនិងប្រទេសវៀតណាម។

អ្នកនាង Grace Rachny Fongបានបន្តថា ការចូលរួមសកម្មភាពសង្គម ពិតជាមានសារ

ៈសំខាន់ សម្រាប់អ្នកធុរកិច្ចទាំងឡាយ ព្រោះវាជាផ្នែកមួយនៃភាពជោគជ័យរបស់ពួកគេ ហើយភាពជោគជ័យមិនអាចកាត់ផ្តាច់ចេញពីការងារសង្គមនោះទេ៕

ខេត្តកំពតកាន់តែលេចធ្លោក្នុងឆ្នាំ២០១៨នេះ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ជាមួយនឹងការប្រកាសពង្រីកផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត ទីក្រុងនៃខេត្តដែលធ្លាប់ស្ងប់ស្ងាត់នេះ បានបង្ហាញសកម្មភាពលេចធ្លោយ៉ាងខ្លាំងនៅឆ្នាំ២០១៨នេះ។
ជាមួយនឹងការប្រកាសសាងសង់កំពង់ផែលំដាប់អន្តរជាតិរបស់លោកឧក​ញ៉ា​ ទ្រី ភាព ការប្រកាសសាងសង់កំពង់ទេសចរណ៍តម្លៃ១០លានដុល្លារ ដែលផ្តល់ជំនួយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងការប្រកាសសាងសង់អាគារពាណិជ្ជកម្មកប់ពពកកំពស់៤៥ជាន់ ជាលើកតំបូងនៅក្នុងទីក្រុងកំពត របស់ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង បានធ្វើឲ្យខេត្តនេះ កំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើន ដោយគំរោងលំនៅដ្ឋានបែបលំហែរកាយ ចរន្តពុះដីឡូត៍លក់បាន​កើនឡើងយ៉ាងគំហុក។


លោក លាងគង់ យិន ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានការវិវត្ត វិស័យអចលនទ្រព្យនៅកម្ពុជាបានថ្លែងថា ខេត្តកំពតជាខេត្តមានសក្តានុពលយ៉ាង​ខ្លាំងលើវិស័យទេ​សចរណ៍ និងពាណិជ្ជកម្ម ដោយសារខេត្តនេះមានទីតាំង និងបរិយា​កាសល្អប្រសើរ ហើយជាខេត្តមួយមានព្រែកធំជាងគេដែលហូរចាក់ទៅកាន់សមុទ្រ ធៀបជាមួយខេត្តតំបន់ឆ្នេរដទៃទៀត។
លោកបន្តថា “ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ស្ទើរមិនគួរឲ្យជឿនៅរយៈពេល៥ឆ្នាំខាងមុខ តាមរយៈ​ការទៅដល់នៃការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ”។ លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនបាននិងកំពុងសាងសង់ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា ដែលស្វែងរកឳកាសវិនិយោគនៅទីនោះ”។


ទោះជាយ៉ាងណាលោកលាងគង់ បានជំរុញឲ្យអាជ្ញាធរខេត្តបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងក្រុមហ៊ុនពុះដីឡូត៍លក់ ព្រោះគំរោងពុះដីឡូត៍លក់ នឹងបង្កបញ្ហាជាច្រើននៅពេលអនាគត ដូចជាសំណង់មិនរៀបរយ ទីតាំងគ្មានការអភិវឌ្ឈ ពិសេសតំបន់ដីឡូត៍ធ្វើឲ្យប៉ះពាល់គំរោងអភិវឌ្ឍន៍ធំៗ។
ខេត្តកំពតបច្ចុប្បន្នមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានទេ​សចរណ៍កែច្នៃចំនួន១៨ ដែលបាននិងកំពុងក្លាយជាខេត្តមួយទាក់ទាញភ្ញៀវទេសចរ ណ៍យ៉ាងខ្លាំង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតធ្លាប់បានមានប្រសាសន៍ថា ខេត្តនេះត្រូវការ​ការវិនិយោគពីអ្នកវិនិយោគច្រើនថែមទៀត ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសផ្នែកបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរណ៍ ព្រោះបច្ចុប្បន្ននៅទូទាំងខេត្តមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សរុបប្រមាណ៤០០០បន្ទប់ប៉ុណ្ណោះ ដែលធ្វើឲ្យខេត្តប្រឈមនឹងកង្វះ បន្ទប់សណ្ឋាគារជាប់ជាប្រចាំនាចុងសប្តាហ៍ ឬពិធីបុណ្យទាននានា។
លោកបន្តថា “កង្វះសម្បទាទេសចរណ៍ជាបញ្ហាប្រឈមមួយ ដែលខេត្តត្រូវការការវិនិយោគកាន់តែច្រើន ដើម្បីឆ្លើយតបនឹងកំនើនទេសចរណ៍ និងអ្នកធុរកិច្ចនា​នា”។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ខេត្តកំព​តនឹងមានការរីកចម្រើនខ្លាំងផ្នែកឧស្សាហកម្ម និងលំនៅដ្ឋាននៅពេលអនាគត ដោ​យសារខេត្តនេះមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ ប៉ុន្តែខេត្តនេះមិនសល់ដីទំនេរ​ច្រើនសម្រាប់អភិវឌ្ឍន៍ទេ បើធៀបនឹងខេត្តកែបដែលនៅជាប់គ្នានេះ។
លោកបន្តថា “ខេត្តកំពតនឹងមានការរីកចម្រើននាពេលអនាគត ដោយសារកា​រពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើននៃការវិនិយោគរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ”។
ខេត្តកំពតមានស្រុកចំនួន៧ និងក្រុង១ ដូចជា ស្រុកកំពត ទឹកឈូ ជុំគិរី ដងទង់ កំពង់ត្រាច អង្គរជ័យ បន្ទាយមាស និងក្រុងកំពតដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៦០ម៉ឺននាក់។ ដោយឡែកក្រុងកំពត មានប្រជាពលរដ្ឋរស់នៅជាង​៧ម៉ឺននា​ក់៕

បុរី VIP នឹងពង្រីកគំរោងផ្ទះតម្លៃមធ្យម ២០០០ល្វែងទៀត ដើម្បីឆ្លើយតបតម្រូវការ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ដោយសារកំនើននៃតម្រូវការ និងទទួលបានជោគជ័យបានធ្វើឲ្យអ្នកវិនិយោគបុរី VIP ពង្រីកបុរីរបស់ខ្លួនកាន់តែធំជាងមុន ដោយគ្រោងវិនិយោគសាងសង់ផ្ទះចំនួន២០០០ល្វែងបន្ថែមទៀតនៅឆ្នាំនេះ។

ប្រធានផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនបានមានប្រសាសន៍ឲ្យដឹងថា ជា​មួយនឹងយុទ្ឋសាស្រ្តនៃការលក់ ដើម្បីឆ្លើយតបនឹងកំនើនតម្រូវការលំនៅដ្ឋានពីប្រជាពល​រដ្ឋ ដែលមានជីវភាពមធ្យម និងក្រោមធ្យម ទើបបុរី VIP បានពង្រីកគំរោងពីទី១ដល់ទី៤ ដែលមានផ្ទះជាង១០០០ល្វែង និងទទួលបានជោគជ័យរួចហើយ។ លោកបន្តថា ដោយ​មើលឃើញកំនើនតម្រូវការ និងចង់ចូលរួមផ្តល់លំនៅដ្ឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ តាមគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាល ទើបបុរីនឹងរៀបចំគំរោងទី៥បន្ថែមទៀត ដែលមានផ្ទះដូចចំនួនខាងលើ។

លោកបន្តថា “មូលហេតុដែលយើងវិនិយោគលើលំនៅដ្ឋានតម្លៃមធ្យម ដោយសារ​ចំនួនប្រជាជនវ័យក្មេង និងប្រជាជនចំណាកស្រុកចូលមករស់នៅទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង”។លោកបន្តថា“លំនៅដ្ឋានក្នុងបុរីVIP មានតម្លៃចាប់ពី២ម៉ឺនដល់៤ម៉ឺនដុល្លារអាមេរិក អាស្រ័យលើទីតាំង និងទំហំផ្ទះនិមួយៗ”។

បុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចធ្វើដំណើរបានងាយស្រួលតាមរយៈផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុន សែន។

លោកយ៉ែន សុខលីនបានបន្តថា ទោះបីជាបុរីរបស់យើងសាងសង់តម្លៃទាប និងសមស្របតាមទីផ្សារក្តី ប៉ុន្តែគុណភាពសំណង់និងហេដ្ឋារចនាសម្ព័ន្ឋក្នុងបុរីត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយមានផ្លូវទទឹង៨ម៉ែត្រ ១០ម៉ែត្រ និង១២ម៉ែត្រ ពិសេសមុខផ្ទះ​មានសល់ទីតាំងទំនេរសម្រាប់ចតយានយន្តចន្លោះ៤ទៅ៦ម៉ែត្រ និងមានសល់ផ្នែកខាងក្រោយធំទូលាយផងដែរ។

លោកបន្តថា ជាមួយនេះ ក្រុមហ៊ុនក៏បានវិនិយោគសាងសង់ផ្សារ សាលារៀនសម្រា​ប់ប្រជាពលរដ្ឋអាចប្រកបអាជីវកម្មបានផងដែរ ព្រោះបុរីនេះអាចនឹងពង្រីកផ្ទៃដីរហូតដល់៣០០ហិកតានាពេលអនាគត ហេតុនេះអ្នករស់នៅក្នុងបុរីនេះ នឹងកើនដល់រាប់ពាន់គ្រួសារ ដែលអាចឲ្យប្រជាជនប្រកបរបរ ឬធ្វើសកម្មភាពអាជីវកម្មបាន៕