ដំណឹងល្អ ៖ ផ្លូវដែកដឹកជញ្ជូនរវាងកម្ពុជា-ថៃ នឹងតភ្ជាប់នៅត្រឹមចុងឆ្នាំនេះ

0

ភ្នំពេញ÷ បើមិនមានអ្វីប្រែប្រួលនោះទេ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការឈានទៅចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែនតាមរថភ្លើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីអាចបើកដំណើរការធ្វើចរាចរណ៍ឆ្លងកាត់ប្រទេសទាំងពីរនៅដើមឆ្នាំ២០១៩ខាងមុខ។

លោក លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចប្រជុំផ្លូវដែកសិង្ហបុរី គុនមិញនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិ បាលកម្ពុជា-ថៃ បានបញ្ជាក់ដូចគ្នាថា ភាគីទាំងពីរបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូន ឆ្លងដែនតាមផ្លូវដែកទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនរួចរាល់ហើយ។ ប៉ុន្តែខាងភាគីថៃថា នៅរង់ចាំសភាអនុម័តបន្ថែមទៀតទើបអាចឈានទៅចុះហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរនៅចុងឆ្នាំ២០១៨នេះ។

លោកបានបន្ដថា នៅក្នុងអំឡុងពេលចុះហត្ថលេខានេះដែរ ភាគីថៃក៏នឹងផ្តល់ជំនួយក្បាលរថភ្លើងចំនួន១គ្រឿងរួមទំាងទូរថភ្លើងចំនួន៤ទូ ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរឱ្យកាន់តែស្អិតល្មួត ព្រមទាំងបើក ដំណើរការសេវាដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែនរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពរលូនដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។

លោកបានបន្ដទៀតថា នៅពេលដែលភាគីទាំងពីរ កម្ពុជា-ថៃ បានចុះហត្ថលេខា ហើយនោះ កម្ពុជាក៏គ្រោងនឹងចុះហត្ថលេខាជាមួយបណ្តាប្រទេសមួយចំនួនទៀត ដើម្បីអាចបើកដំណើរការឆ្លងកាត់រួមគ្នាជាមួយបណ្តាប្រទេសមួយចំនួនក្នុងគម្រោងដឹកជញ្ជូនផ្លូវដែកប្រទេសសិង្ហបុរី គុនមិញនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកបានលើកឡើងទៀតថា គម្រោងភ្ជាប់សេវាដឹកជញ្ជូនទំនិញនិងមនុស្សតាមផ្លូវដែករវាងកម្ពុជា-ថៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះហានិភ័យផ្សេងៗទៀត ស្របពេលដែលផ្លូវដែកដឹកជញ្ជូនទំនិញបានច្រើន សេវាមានតម្លៃថោក និងចំណេញថវិកាថែមទៀត។

សូមបញ្ជាក់ថា ការឈានទៅភ្ជាប់សេវាដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា-ថៃ និងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់នេះ បន្ទាប់ពីកម្ពុជាបានកែលម្អរផ្លូវដែករបស់ខ្លួន ស្របតាម ស្តង់ដារ ដើម្បីបម្រើសេវាដឹកជញ្ជូនឆ្លងដែនអន្តរជាតិ៕

ទុនវិនិយោគ ៣៥០០លានដុល្លារ ត្រូវបានអនុម័តដោយ CDC

0

ដោយវុត្ថា

       ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទឹកប្រាក់សរុបចំនួន ៣៥០០លានដុល្លារអាមេរិក ស្មើនឹងគំរោងសរុបចំនួន១០៦គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន៩ និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១០ម៉ឺនកន្លែង។

តួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន១៩គម្រោង ខណៈពេលដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន១៤ភាគរយ ជាពិសេសការវិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំងរហូតដល់ទៅ៧៧ភាគរយ។ ជាមួយគ្នានេះការវិនិ​យោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនទ្បើង២២ភាគរយ ក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ មានការកើនទ្បើងចំនួន៨គម្រោង ដែលកើនពី១៥គម្រោ​ងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨។ ​

តួលេខវិនិយោគនេះបានបង្ហាញឱ្យឃើញនូវនិន្នាការ នៃការវិនិយោគដែលមានការកើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕

បន្ទាប់ពីការបោះឆ្នោតៈ ក្រុមហ៊ុនចិនធំៗជាច្រើនស្វែងរកឳកាសវិនិយោគនៅកម្ពុជា

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ និងកម្ពុជាត្រៀមរៀបចំរដ្ឋាភិបាលថ្មី ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗ របស់ប្រទេសចិនចំនួន៧០រូប បានមកស្វែងយល់និងរកឳកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្រុមប្រតិភូចិនជាន់​ខ្ពស់ដឹកនាំដោយលោកឧកញ៉ាពុង ឃាវសែប្រធានសមាគមសម្ព័ន្ឋខ្មែរ ចិននាព្រឹកថ្ងៃទី២៨ សីហានេះ ក្រុមថ្នាក់ដឹកនាំក្រុមហ៊ុនដែលភាគច្រើន ជាក្រុមហ៊ុនវិនិយោគលើវិស័យអ​ចលនទ្រព្យ ហិរញ្ញវត្ថុ ដឹកជញ្ជូន  ដែកថែប ឧស្សាហកម្ម បច្ចេកវិទ្យាជាដើមបានអះអាងថា ពួកគេមានទំនុកចិត្តលើកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឲ្យមានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងបានរៀបចំច្បាប់ល្អៗ សម្រាប់ទាក់ទា ញនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍អ្នកវិនិយោគបរទេសទាំងអស់ មិនថាអ្នកវិនិយោគតូចឬធំនោះទេ ពោលគឺក្រុមហ៊ុនមកមុនទទួលបានគំរោងវិនិយោគមុន។ សម្តេចបន្តថា វិស័យអាទិភាពដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់នោះ គឺមនុស្ស ផ្លូវ ភ្លើងនិងទឹក ដែលវិស័យទាំងនេះទោះបីអភិវឌ្ឍន៍២០ទៅ៣០ឆ្នាំទៀតក្តី ក៏មិនគ្រប់គ្រាន់សម្រាប់កម្ពុជាឡើយ។

លើសពីនេះសម្តេចតេជោបានណែនាំ ដល់អ្នកវិនិយោគចិនសម្លឹងមើលវិស័យទេ​សចរណ៍ផងដែរ ត្បិតវិស័យនេះកំពុងមានភាពល្អប្រសើរ ពិសេសបច្ចុប្បន្នកម្ពុជាទទួលបានអ្នកវិនិយោគចិនកាន់តែច្រើន បន្ទាប់ពីប្រទេសទាំងពីរមានការតភ្ជាប់ផ្នែកអាកាសចរ​ណ៍កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕

ដំណឹងល្អ : ភូមិ៩៩ភាគរយក្នុងខេត្តកណ្តាលមានអគ្គិសនីប្រើប្រាស់ហើយ

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : ស្របពេលការវិនិយោគលើបណ្តាញថាមពលអគ្គិសនីកើនឡើង ការអភិវឌ្ឍវិស័យអគ្គិសនី នៅខេត្តកណ្តាលទាំងវិស័យរដ្ឋ និងវិស័យឯកជនបានគ្រប់ដណ្តប់លើភូមិចំនួន១០១០ភូមិ ស្មើនឹងប្រមាណ៩៩ភាគរយ នៃភូមិទូទំាងខេត្តកណ្តាល។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល លោក យិន រដ្ឋា បានមានប្រសាសន៍ឲ្យ​ដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នេះថា ការអភិវឌ្ឍគោលនយោបាយវិស័យអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីមានស្ថិរភាព គុណភាព សុវត្ថិភាព នឹងមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ហើយមានតម្លៃទាប និងគោរពឲ្យបាននូវ​ផលប៉ះពាល់បរិស្ថាន។ បច្ចុប្បន្នវិស័យនេះ គឺជាវិស័យមួយជោគជ័យរបស់រដ្ឋាភិបាល កម្ពុជា ក្នុងការជម្រុញឲ្យប្រជាពលរដ្ឋទទួលបានអគ្គិសនីប្រើប្រាស់។


លោកបន្តថា ចក្ខុវិស័យនៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តោតយកចិត្តទុកដាក់ លើការកែលម្អការផ្គត់ផ្គង់អគ្គិសនី រដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាលើកកម្ពស់សមធម៌ ក្នុងការទទួលសេវាផ្គត់ផ្គង់អគ្គិសនី របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដោយជំរុញតំបន់ទាំងនោះឲ្យមានអគ្គិសនីប្រើប្រាស់ និងមានតម្លៃប្រហាក់ប្រហែលទីក្រុង។ ជាក់ស្តែងខេត្តកណ្តាល បានជម្រុញការអភិវឌ្ឍន៍អគ្គិសនីដែល​បានចែកចាយដល់៩៩% នៃភូមិទាំងអស់នៅទូទំាងខេត្ត និងបានបញ្ចុះថ្លៃអគ្គិសនី៧៧០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង មកនៅត្រឹម៦១០រៀល ក្នុងមួយគីឡូវ៉ាត់វិញ។
ការអភិវឌ្ឍវិស័យអគ្គិសនី គិតមកដល់ឆ្នាំ២០១៨នេះ កម្ពុជាមានខ្សែបញ្ជូនសម្រា​ប់ការផ្គត់ផ្គង់គ្របដណ្តប់៨២ភាគរយ នៃភូមិនៅទូទាំងប្រទេស និងគ្របដណ្តប់ខ្នងផ្ទះប្រជាជនបានចំនួនជិត៧០ភាគរយ៕

ដំណឹងល្អ​!​ ​កម្ពុជា​នឹង​មាន​កំពង់ផែ​ ​Electronic​ ​Data​ ​Intercharge​ ​នៅ​ឆ្នាំ​ ​2021ខាងមុខ​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​ជា​ការ​បោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​វិជ្ជមាន​មួយទៀត​ ​គឺ​ប្រទេស​កម្ពុជា​នឹង​មាន​កំពង់ផែ​ ​Electronic​ ​Data​ ​Intercharge​ ​ថ្មី​មួយ​នា​ឆ្នាំ២០២១ខាងមុខ​ ​ដោយ​គ្រោង​បោះទុន​វិនិយោគ១៤លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋ​មន្រី្ត​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជាមួយ​ក្រុមការងារ​បេសកកម្ម​របស់​អង្គការ​ ​JICA​ ​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ ​Masahiko​ ​FURUICHI​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​កាលពី​ថ្ងៃទី២៧​ ​សីហា​កន្លងមក​ ​លោក​បណ្ឌិត​ ​FURUICHI​ ​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ ​ស្តីអំពី​វឌ្ឍនភាព​ ​និង​ផែនការ​សម្រាប់​ ​គម្រោង​ ​”​ស្ទង់មតិ​លើ​ប្លង់​រចនា​គោល​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ជំនួយឥតសំណង​សម្រាប់​ប្រព័ន្ធ​កំពង់ផែ​ ​EDI​”​ ​ដែល​គាំទ្រ​ដោយ​អង្គការ​ ​JICA​។​

 

លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ​ចាន់​ថុល​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​គាំទ្រ​របស់​អង្គការ​ ​JICA​ ​លើ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​ ​ប្រព័ន្ធ​កំពង់ផែEDI​ ​នេះ​។​ ​លោក​បាន​ជំរុញ​លើកទឹកចិត្ត​ ​ឱ្យ​ក្រុមការងារ​ដែល​បំពេញបេសកកម្ម​នេះ​សហការ​ថែមទៀត​ជាមួយ​ក្រសួង​ ​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ភ្នាក់ងារ​នាវាចរ​កម្ពុជា​ ​(​កាំសាប​)​ ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ ​ផ្លូវ​សមុទ្រ​ ​និង​កំពង់ផែ​។​

លោក​រដ្ឋមន្ត្រី​ ​ក៏បាន​ស្នើ​ឱ្យ​អង្គការ​ ​JICA​ ​ផ្តល់​ការ​គាំទ្រ​លើ​ការអនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​ដល់​ការ​កកស្ទះ​ចរាចរណ៍​(​ចំណុច​កដប​)​ ​នៅ​ផ្លូវជាតិ​លេខ១​ ​ដោយ​ការពង្រីក​ផ្លូវ​នៅក្នុង​តំបន់​សំ​ខាន់​ៗ​ ​មួយចំនួន​ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ ​សម្រាប់​គម្រោង​ស្ពាន​អាកាស​នៅ​តំបន់​ស្ទឹង​បត់​ ​ដើម្បី​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ៥ផង​ដែរ​៕​

គំរោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រស្ថិតក្នុងជម្រើសពីរ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ គំរោងសាងសង់ស្ពានតភ្ជាប់តំបន់ក្តីតាកុយ ឆ្ពោះទៅអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាលកំពុងស្ថិតក្នុងជម្រើសពីររវាងការសាងសង់ដោយយកប្រាក់ និងមិន​បង់ប្រាក់ដោយប្រើ​ប្រាស់ជំនួយរបស់មហាមិត្តចិន។

អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមាន​ប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ សីហាកន្លងមកថា គំរោងសាងសង់ស្ពាននេះ​មានក្រុមហ៊ុនមួយមកពីប្រទេសចិនបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់។លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះបានស្ងប់ស្ងាត់ទៅវិញ ហើយរហូតមកទល់ពេលនេះមិនដឹង​រដ្ឋាភិបាលសម្រេចបែបណានៅឡើយទេ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព៌តមានបច្ចុប្បន្នភាព​ថាគំរោងនេះនឹងវិវត្តន៍បែបណានៅឡើយទេ ហើយការសាងសង់ចាប់ផ្តើមពេលណាក៏មិនទាន់ច្បាស់លាស់នៅឡើយទេ”។

ទោះជាយ៉ាងណាលោកនូ វឌ្ឈនៈអគ្គនាយកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា តាមអ្វីដែលលោកដឹងគឺគម្រោងសាងសង់ស្ពាននេះបាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិនហើយ និងអាចប្រើប្រាស់ថវិកាហិរញ្ញប្បទានពីប្រទេសចិន ដើម្បីសាងសង់ស្ពាននេះ ដែលមានប្រវែងប្រហែលនឹងប្រវែងស្ពានជ្រោយចង្វារសព្វថ្ងៃនេះ។

លោកបន្តថា “គំរោងនេះបើសិនជាប្រើប្រាស់ជំនួយរបស់ចិន មិនយូរទេវានឹងសាង​សង់ហើយ ព្រោះគំរោងនេះត្រូវតែសាងសង់ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងឲ្យបានពេញលេ​ញ”។ លោកបន្តថា “គំរោងនេះពិតប្រាកដនឹងសាងសង់ ហើយខ្ញុំរំពឹងថាការសាងសង់នឹងអាចចាប់ផ្តើមនៅពេលខាងមុខ”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រ​សាសន៍ពីគម្រោងសាងសង់ស្ពាននេះនាពេលខាងមុខ ដើម្បីធ្វើឲ្យផែនការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣បានតភ្ជាប់ពេញលេញ និងសម្រួលការដឹកជញ្ជូននានា ដែលអាចវាងចេញពីក្រុងភ្នំពេញ។

ទោះជាយ៉ាងណាសម្តេច មិនប្រកាសពីកាលបរិច្ឆេទសាងសង់ស្ពាននេះនៅពេលណានៅឡើយទេ៕

ចង់ដឹងទេថាកម្ពុជាមានហាង និងផលិតផលប្រេនដ៏ៗប៉ុន្មានរយមុខហើយចូលមកកាន់កម្ពុជា

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិត​ផលរបស់ពួកគេមិនសមស្របនឹងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា កាលពីឆ្នាំមុនផលិតផលម៉ាកល្បីៗចំនួន២៤បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះចំនួន៥បានចាកចេញទៅវិញ ដោយ​សារផលិតផលរបស់ពួកគេមិនស្របនឹងស្ថានភាព និងបរិបទកម្ពុជា។អ្នកនាងបន្តថា ការ​ចូលមកដល់នៃផលិតផលល្បីៗនៅក្នុងទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញអំណា​ចនៃការទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនដោយរ៉ឹងមាំ។

អ្នកនាងបន្តថា “ទោះជាយ៉ាងណាយើងមើលឃើញថា ផលិតផលដែលលក់ដាច់​ច្រើនជាងគេ ជាលិតផលចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកំសាន្ត ដែលបំរើការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ”។អ្នកនាងបន្តថា “ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅកម្ពុ​ជាបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានទំហំធំជាងប្រទេសវៀតណាម ប៉ុន្តែតូចជាងប្រទេស​ថៃនៅឡើយ”។

អ្នកនាងអាន សុធីតាបានបន្តថា កំនើននៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំនេះ ពិតជាមាន​ទំហំធំ ដែលគិតពីដើមរហូតមកទល់ពេលនេះ ទំហំផ្សារទំនើបកើនជាង៤០ម៉ឺនម៉ែត្រការ៉េហើយ ស្របពេលទំហំនៃការផ្គត់ផ្គង់នៃឆ្នាំនេះកើនខ្ពស់ ហើយបើការផ្គត់ផ្គង់ហក់ឡើងខ្ពស់បន្ថែមទៀត ទំហំនៃការផ្គត់ផ្គង់អាចមានបញ្ហា។

អគ្គនាយកក្រុមហ៊ុន World Bridge Land Group លោកឧកញ៉ាសៀ រិទ្ឋីបានមាន​ប្រសាសន៍ថា ផលិតផលល្បីៗមិនទាន់សមស្របនឹងទីផ្សារកម្ពុជានៅឡើយទេ វាត្រូវការ​រយៈពេល៥ទៅ១០ឆ្នាំទៀត ព្រោះអ្នកមានក្នុងស្រុកទោះបីពួកគេដឹងថាផលិតនោះជាផលិ​តផលសុទ្ឋ១០០ភាគរយក៏ដោយ ក៏ពួកគេមិនទិញក្នុងស្រុកដែរ ពួកគេនៅតែហោះទៅទិញទំនិញនៅបរទេស។លោកបន្តថា និន្នាការបែបនេះមិនមែនកើតមានតែនៅកម្ពុជាទេ តែនៅប្រទេសវៀតណាមក៏មានសភាពបែបនេះ ព្រោះអ្នកមានធនធាននៅវៀតណាមនៅតែពេញនិយមទិញទំនិញនៅបរទេសផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាផលិតផលម៉ាកប្រេនដ៏ៗទាំងនោះ ពួកគេចូលមកដោយមិនព្រួយបារម្ភនោះទេ ព្រោះអ្វីសំខាន់គឺការពង្រីកម៉ាក និងទីផ្សារផលិតផលរបស់ពួកគេ”៕

តើរដ្ឋាភិបាលយកខេត្តណាខ្លះជាប៉ូលសេដ្ឋកិច្ចជាតិ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : រដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកខេត្តបី ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ធ្វើជាបូឡសេដ្ឋកិច្ចរបស់ប្រទេស ដើម្បីរៀបចំផែនការ និងចក្ខុវិស័យអភិវឌ្ឍន៍ឲ្យមានភាពសមស្រប ទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត ក៏ដូចជាសក្តានុពលសេដ្ឋកិច្ច ដែលអាចទាញយកមកប្រើប្រាស់បាន។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសកំណត់យកខេត្តចំនួនបី ជាប៉ូលសេដ្ឋកិច្ចកម្ពុជា មុនពង្រីកទៅកាន់បណ្តាខេត្តមានសក្តានុពលដទៃទៀត។ សម្តេចបន្តថា កម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជាទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលខាងមុខកម្ពុជា នឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឥសាន ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើមដែលខេត្តទាំងអស់នោះជាប្រភព នៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។

សម្តេចតេជោបន្តថា “ក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុ​ទ្រដែល មានភាពទាក់ទាញនោះ នៅខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយ សម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ”។ សម្តេចបន្តថា “កម្ពុជានឹងបង្កើតកំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខ ដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដែរ”។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា ប៉ូលសេដ្ឋកិច្ច ទាំងបីពិតជាមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ និងមានភាពទាក់ទាញ​ខុសៗគ្នា ដោយខេត្តសៀមរាបមានការដាក់ចេញ នូវខ្សែក្រវ៉ាត់បៃតងកាលពីឆ្នាំ២០០៨ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញរមណីយដ្ឋានអង្គរ ទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍។ ចំណែកខេត្តព្រះសីហនុ ស្ថិតក្នុងតំបន់ K4 ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ ពិសេសការវិនិយោគលើ​ហេដ្ឋារចនាសម្ព៍ន្ឋរបស់រដ្ឋាភិបាល ជាការទាក់ទាញការវិនិយោគពីសំណាក់អ្នក​វិនិយោគជាតិ និងអន្តរជាតិ។ លោកបន្តថា “រាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជាដែលមានសក្តានុពលចម្រុះ ហើយគំរោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ជាការជម្រុញភាពទាក់ទាញបន្ថែមទៀត សម្រាប់រាជធានីនេះ”៕

ព្រមាន ៖ មន្ត្រីជាន់ខ្ពស់ប៉េកាំង កោះហៅមន្ត្រីក្រុង Hainan មកសាកសួរពាក់ព័ន្ធតំលៃលំនៅដ្ឋានឡើងថ្លៃ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សារព័ត៌មាន Asia Times បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់ទីក្រុង​ប៉េងកាំង​បានកោះហៅមន្ត្រីក្រុង Hainan ពីររូបមកសួរចម្លើយពាក់ព័ន្ធនឹងការឡើងថ្លៃតម្លៃ​អចលនទ្រព្យនៅក្នុងក្រុង ដោយបានស្នើឱ្យមន្ត្រីក្រុងទប់ស្កាត់ចំពោះការឡើងថ្លៃនេះ។

តម្លៃលំនៅដ្ឋានពាណិជ្ជកម្មថ្មីបានកើនឡើង ១១,១ ភាគរយ និង ១៤, ៨ភាគរយ រវា​ង​ខែឧសភា និងខែសីហា។ រីឯតម្លៃលំនៅដ្ឋានប្រើប្រាស់រួចបានកើនឡើង ៧ ភាគរយ និង ៦,៤ ភាគរយ សម្រាប់លំនៅដ្ឋាននៅក្នុងទីក្រុង។

បើយោងតាមការិយាល័យជាតិស្ថិតិរបស់ប្រទេសចិនបានបង្ហាញថា កាលពីខែកក្កដា កន្លងទៅ តម្លៃលំនៅដ្ឋានថ្មីនៅក្រុងមួចំនួនទៀតបានកើនឡើង៣,៧ភាគរយ ដែលជា​កំនើនប្រចាំខែខ្ពស់ជាងគេបំផុត ក្នុងចំណោមទីក្រុងចំនួនទីក្រុងទាំង៧០របស់​ប្រទេស​ចិន ។ ទន្ទឹមនឹងនេះដែរ តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងហៃគូបានកើនឡើង២,៣ ភាគរយ​នៅក្នុងខែនេះ។

ជាទូទៅសម្រាប់ប្រទេសចិន តម្លៃលំនៅដ្ឋានថ្មីកើនឡើងជាមធ្យម១,២ភាគរយ ដែលជាការកើនឡើងប្រចាំឆ្នាំធំបំផុតក្នុងរយៈពេលពីរឆ្នាំ។ សរុបនៃទីក្រុងចំនួន៦៧ ដែលបានចុះបញ្ជីរ ការមានការផ្លាស់ប្តូរវិជ្ជមាននៃតម្លៃលំនៅដ្ឋានថ្មីកាលពីខែមុន។ ទីក្រុងស៊ាងហៃ ដែលបានចេញវិធានការទប់ស្កាត់តម្លៃអចលនទ្រព្យកុំ​ឲ្យមានការឡើង​ថ្លៃ បានធ្វើឲ្យទីផ្សារលំនៅដ្ឋានធ្លាក់ចុះ០,១ភាគរយចំពោះតម្លៃលំនៅដ្ឋានថ្មី៕

គំរោងសាងសង់ផ្សារទំនើប AEON MALL 3 នៅផ្លូវ60ម៉ែត្រ កំពុងជួយគំរោងអភិវឌ្ឍន៍នៅតំបន់នេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ព័ត៌មានទាក់ទងនឹងការសាងសង់ផ្សារទំនើប AEON MALL3 បាន និងកំពុងធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃ និងជួយធ្វើឲ្យគំរោងអភិវឌ្ឍន៍នានា នៅក្បែរតំបន់​នេះទទួលបានផលប្រយោជន៍ផងដែរ។

តាមប្រភពព៌តមានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមហ៊ុន AEON MALL Group បានចាប់ផ្តើមទិញដីនៅលើដងផ្លូវ 60ម៉ែត្រ ឬមហាវិថី សម្តេច តេជោ ហ៊ុន សែន ប៉ុន្មានឆ្នាំមកហើយ ពោលគឺក្រុមហ៊ុននេះបានទិញដីនៅតំបន់នេះ តាំងពីដីមានតម្លៃចន្លោះពី 500 ទៅ600ដុល្លារក្នុងមួយម៉ែត្រការ៉េម៉្លេះ ខណៈបច្ចុ​ប្បន្នដីនៅតាមបណ្តោយផ្លូវនេះ មានតម្លៃខ្ទង់ពាន់លានដុល្លាររួចហើយក្នុងមួយម៉ែត្រការ៉េ។

 

បើតាមលោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន AEON MALL GROUP បានទិញដីក្នុងតម្លៃរហូតដល់ជាង100លានដុល្លារនៅតំបន់នេះ ដើម្បីសាងសង់ផ្សារទំនើបរបស់ខ្លួន ដែលនេះជាគំរោងវិនិយោគដ៏ធំមួយទៀតរបស់ក្រុមហ៊ុនជប៉ុន ហើយផ្សារទំនើបទី៣នេះអាចមានទំហំ​ជាងផ្សារទំនើប AEON MALL1 និង AEON MALL2 ផងដែរ។ ​​លោកឧកញ៉ាបានបន្តថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកបន្តថា “អ្នកវិនិយោគជប៉ុន ពួកគេមិនងាយចូលទៅវិនិយោគនៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងបរិស្ថានវិនិយោគដែលអាចផ្តល់ភាព​កក់ក្តៅដល់ពួកគេហើយ”។

តាមប្រព័ត៌មានមានមួយទៀតបានបង្ហើបថា ទីតាំងសាងសង់ផ្សារទំនើប AEON​MALL3 ស្ថិតនៅភាគខាងត្បូងបុរីប៉េង ហួរប្រមាណ1គីឡូម៉ែត្រ និងស្ថិតនៅស្របតាម​បណ្តោយមហាវិថី សម្តេច តេជោ ហ៊ុន សែន។

ប្រធានផ្នែកលក់នៃបុរី VIP លោក យ៉ែន សុខលីន បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ភាគខាងត្បូងក្រុងភ្នំពេញកំពុងមានភាពរីកចម្រើនខ្លាំង ដោយសារគំរោងវិនិយោ​គធំៗជាច្រើនបានឆ្ពោះទៅតំបន់នេះ ហើយគំរោងអភិវឌ្ឍន៍ជាច្រើន ពិសេសបុរីនានាដែលមានទីតាំងនៅជិតតំបន់នេះ ក៏កំពុងទទួលបានផលប្រយោជន៍ពីគំរោងធំៗ នៅតំបន់នេះផងដែរ។ លោកបន្តថា តម្លៃដីនិងលំនៅដ្ឋាននៅតំបន់នេះកំពុងកើនឡើងតម្លៃ និងមានតម្លៃកើនឡើងបន្ថែមទៀតនាពេលអនាគត។ លោកបន្តថា “ប្រជាពលរដ្ឋដែលមានបំណងទិញផ្ទះមានតម្លៃមធ្យម ពួកគេអាចសិក្សាពីគំរោង VIP ដែលផ្តោតលើគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ”។

លោកបន្តថា “តម្លៃលំនៅដ្ឋាននៅតំបន់នេះ នឹងឡើងថ្លៃខ្ពស់នាពេលអនាគត ក្រោយពេលគំរោងអភិវឌ្ឍន៍ធំៗនៅតាមបណ្តោយផ្លូវ271 ដូចជាគំរោង The Park Land របស់ក្រុមហ៊ុន ជីព ម៉ុង សាងសង់ និងផ្សារទំនើប AEON MALL3 ដំណើរការនាពេលខាងមុខ។ លោក យ៉ែន សុខលីន បានបន្តថា តំបន់ភាគខាងត្បូង ឈៀងខាងលិចក្រុងភ្នំពេញ​កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង និងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាង​រសរវើកនាពេលអនាគត់ ដោយសារតំបន់នេះមិនសូវមានរោងចក្រ សហគ្រាសនានាបំពុលផ្សែង ធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងបរិស្ថានទេ។ លោកបន្តថា អតិថិជនដែលមានបំណងទិញលំនៅដ្ឋានក្នុងបុរី VIP នឹងទទួលបានលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយបង់មួយខែអាចបង់ប្រាក់ចន្លោះពី168ដុល្លារ ដល់351ដុល្លារប៉ុណ្ណោះ នឹងទទួលបាន​លំនៅដ្ឋានដ៏ស្រស់ស្អាតសម្រាប់រស់នៅជាមួយសហគមន៍ដ៏រីករាយ៕