ទឹកប្រាក់ជិត ៣០០០លានដុល្លារ ត្រូវបានអនុម័តក្នុងវិស័យសំណង់ក្នុងរយៈពេល ៨ខែឆ្នាំនេះ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ក្រសួងបានចេញលិខិតអនុញ្ញាត្តិសាងសង់គំរោងចំនួន១៩៧៣ ដែលមានទុនវិនិយោគសរុបចំនួន ២.៩៩៦លានដុល្លារ។

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបជីព ម៉ុង មេហ្កាម៉លនាព្រឹកថ្ងៃទី៣០ សីហានេះថា ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងបានអនុញ្ញាតឲ្យមានលិខិតសាងសង់៣៤១៨គំរោង និងមានទុនវិនិយោគចំនួន៦៧៩៨លានដុល្លារអាមេរិក។ ឯកឧត្តមបន្តថា ចំណែកក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ ក្រសួងបានចេញលិខិតសាងសង់ បាន១៩៧៣លិខិត ហើយមានទឹកបា្រក់ចំនួន២៩៩៦លានដុល្លារសហរដ្ឋអាមេរិកដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តថា មានប្រទេសចំនួន១០ បានមកចូលរួមក្នុងការវិនិយោគលើវិស័យអចលនវត្ថុនៅកម្ពុជា ដែលបានធ្វើឲ្យវិស័យនេះ មានការរីកចំរើនយ៉ាងឆាប់រហ័ស។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានអបអរសាទរចំពោះការរីកចម្រើននៃវិស័យនេះ ប៉ុន្តែលោកបានលើកជាសំណួរថា តើទំហំទឹកប្រាក់ជាក់ស្តែងចូលក្នុងវិស័យនេះ ជាទំហំពិតឬយ៉ាងណា ព្រោះអ្នកវិនិយោគខ្លះបានបោះទូនវិនិយោគត្រឹម១០លានដុល្លារ ប៉ុន្តែពួកគេប្រកាស២០ទៅ៣០លានដុល្លា​រ ដោយបូកសរុបនូវអ្វីដែលពួកគេរំពឹងទទួលបានពីការវិនិយោគរបស់ពួកគេ។

លោកTom O”Sullivan អគ្គនាយកក្រុមហ៊ុនគេហទំព័រ Realestate.com.kh បានថ្លែងថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា នឹងរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ការកើនឡើងនូវប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋ និងចំនួនប្រជាពលរដ្ឋចូលមករស់នៅក្រុងភ្នំពេញមានកំនើនយ៉ាង​ច្រើនប្រចាំឆ្នាំ ហេតុនេះតម្រូវការលំនៅដ្ឋាននឹងកើនឡើងជាស្វ័យប្រវត្តិ៕

ដំណឹងល្អៈ CDC អនុម័តមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Habor Internation Center

0

ដោយគង់សូរិយា

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍ក​ម្ពុជា (CDC)បានអនុម័តគំរោងសាងងស់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ Habor International Centerដែលមានទីតាំងនៅអតីតកំពង់ផែស្វយ័ត្នក្រុងភ្នំពេញហើយ។

       យោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDCដែលPropertyarea.asiaទទួលបាននាព្រឹកថ្ងៃទី៣០ សីហានេះបានបង្ហាញឲ្យដឹងថា  តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេ ចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ផ្សេងៗគ្នា ដោយមានប្រាក់ប្រមាណជាង៥៣៥លានដុល្លាអាមេរិក សម្រាប់សាងសង់គម្រោងទាំងពីរនេះឡើង

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា “ក្រោយការសាងសង់ចប់ និងដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុនទាំងពីរនេះ អាចផ្តល់ការងារថ្មីជាង២ម៉ឺនកន្លែងបន្ថែមទៀតខណៈបច្ចុប្បន្នកម្ពុជាកំពុងមានកំលាំងពលកម្មធ្វើការជាង១លាននាក់

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ ជារបស់ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្រោងចំណាយទុនវិនិយោគប្រមាណ៥៣១,លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលនោះឡើង។

គំរោង​ដ៏​ធំ​នេះ​ត្រូវបាន​ដាក់ឈ្មោះ Phnom Penh Harbour ដែល​នឹង​អភិវឌ្ឍន៍​ទៅ ជា​តំបន់​ទេសចរណ៍​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​រួមមាន​ទីកន្លែង​កំសាន្ត ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ទំហំ​ប៉ុន AEON MALL ផ្សារ​រាត្រី ហាង​លក់ទំនិញ​ឥតគិតថ្លៃ កន្ត្រក​វិល​លើទឹក សាល​ពិ​ព៌​ណ​លើទឹក សួនច្បារ​សិល្បៈ​និង​វប្ប​ធ៌​ម អាគារ​ការិយាល័យ SOHOចំនួន​ពីរ អាគារ​ការិយាល័យ​ភ្លោះ​ខ្ពស់​ជាងគេ មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្ប​ធ៌​ម​ចិន អាគារ​ពាណិជ្ជកម្ម​និង​សណ្ឋាគារ​ចំនួន៤ សណ្ឋាគារ​ខ្នាត​ផ្កាយ៥ខ្នាត​អន្តរជាតិ Swan Bay ខុន​ដូ​និង​លំនៅ ដ្ឋា​ន​ប្រណីត​ចំនួន៨អាគារ និង​កំពង់ផែ​សម្រាប់​អ្នកដំណើរ​តែមួយគត់៕

ដឹងទេថា តើក្នុងមួយខែមានយន្តហោះចុះប៉ុន្មានដងនៅម្ពុជា?

0

ដោយរ៉ាវី

       ភ្នំពេញ៖ ស្របពេលដែលភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនអន្តរជាតិ មកទស្សនា និងបណ្តាក់ទុនរកស៊ីកាន់តែច្រើនឡើងៗនៅកម្ពុជា បានធ្វើឱ្យការធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិភ្នំពេញ មានការកើនឡើងខ្លាំងផងដែរ។

លោក ស៊ិន ចាន់សេរីវុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្នុងមួយសប្តាហ៍មានយន្តចំនួនជើងយន្តហោះ ដែលចុះនៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញចំនួនប្រមាណ ៥៦៣ជើង។ ចំណែកព្រលានយន្តហោះខេត្តសៀមរាប មានចំនួន៤២៦ជើង និងព្រលានយន្តហោះកំពង់សោមមានចំនួន៧៩ជើង។

លោកបន្តថា បើគិតជាមធ្យមមានជើងយន្តហោះចំនួន៤,២៧២ជើង ដែលបានចុះចតនៅព្រលានយន្តហោះអន្តរជាតិទាំង៣នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ចំនួននេះ មានការប្រែប្រួលទៅតាមរដូវកាលដែលមានភ្ញៀវថយចុះ (Low Season) និងរដូវដែលមានភ្ញៀវកើនឡើង (High Season)។

មកទល់បច្ចុប្បន្នមានជើងយន្តហោះពីប្រទេសផ្សេងៗ ដែលហោះត្រង់មកកម្ពុជាមានចំនួន៤២ក្រុមហ៊ុនហើយ ហើយនៅដើមខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខឆាប់ៗនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន China Air និងហោះត្រង់មកកម្ពុជាបន្ថែមទៀត ដែលនិងជួយសម្រួលដល់ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគក្នុងការធ្វើដំណើរបានឆាប់រហ័ស កាត់បន្ថយពេលវេលា រួមនឹងតម្លៃ ហើយមានជម្រើសច្រើនដើម្បីធ្វើការសម្រេចចិត្ត មុននឹងសម្រេចទិញសំបុត្រយន្តហោះក្រុមហ៊ុនណាមួយ ធ្វើដំណើរទៅកាន់ទីកន្លែងណាមួយ៕

តោះទៅមើលអាគារកប់ពពកមានកំពស់ចាប់ពី ២២០ដល់៦៤៨ម៉ែត្រ នៅកម្ពុជា

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ ទីក្រុងភ្នំពេញកំពុងឆ្ពោះទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក និងមានវត្តមានអាគារកប់ពពកយ៉ាងច្រើន នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ប្រសិនជាគំរោងអាគារទាំងអស់នោះសាងសង់ ដោយមិនមានការប្រែប្រួលអ្វីទេនោះ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកអាគារកប់ពពកចំនួន១៥ ដែលមានកំពស់ចាប់ពី២២០ម៉ែត្រដល់៦៤៨ម៉ែត្រ ដែលបាននិងកំពុងសាងសង់ និងត្រៀមសាងសង់នៅកម្ពុជា។

គំរោងដ៏អស្ចារ្យទាំងនោះរួមមាន ទី១ អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មនិងលំនៅដ្ឋាន Royal Tower Phnom Penh ដែលមានកំពស់១៤៤ជាន់ ស្មើនឹងកំពស់៦៤៨ម៉ែត្រ ទី២ Thaibunrong Twin Tower Trade Center ដែលនឹងសាងសង់កំពស់១៣៣ជាន់ ស្មើនឹងកំពស់៥៨៧ម៉ែត្រ ទី៣ Glory International Center កំពស់៧៨ជាន់ ស្មើនឹងកំពស់៣៥១ម៉ែត្រ ដែលវិនិយោគដោយក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ទី៤ The Olympia Tower គ្រោងសង់ចំនួន៦៥ជាន់ ស្មើនឹងកំពស់២៧៩ម៉ែត្រ ប៉ុន្តែគំរោងនេះអាចផ្លាស់ប្តូរមកសង់កំពស់ត្រឹម៤៥ជាន់វិញ(មិនទាន់ច្បាស់លាស់) ទី៥ Phnom Penh Habor Tower នឹងសាងសង់កំពស់៦០ជាន់ ស្មើនឹងកំពស់២៧០ម៉ែត្រ។

ទី៦ Royal One Condominium នឹងសាងសង់កំពស់២៤០ម៉ែត្រ ស្មើនឹងកំពស់​៦២ជាន់។ គំរោងនេះវិនិយោគដោយក្រុមហ៊ុន Royal Group។

ទី៧ Chroy Changvar Riverside សាងសង់៦០ជាន់ ស្មើនឹងកំពស់២៤០ម៉ែត្រ ទី៨ Chroy Changvar Riverside កំពស់២៣៦ម៉ែត្រ ស្មើនឹង៥៩ជាន់ ទី៩ Chroy Changvar Riverside កំពស់២៣២ម៉ែត្រ ស្មើនឹង៥៨ជាន់ ទី១០ Chroy Changvar Riverside កំពស់៥៧ជាន់ ស្មើនឹងកំពស់២២៨ម៉ែត្រ ទី១១ Chroy Changvar River sideជាអាគារភ្លោះមានកំពស់២២០ម៉ែត្រ ស្មើនឹង៥៥ជាន់។ គំរោងទាំងនេះគ្រោងវិនិយោគដោយក្រុមហ៊ុនសុខាគ្រុប។

ទី១២ គំរោង The PeAk មានអាគារសរុបចំនួន៣ និងមានសណ្ឋាគារកម្រិតផ្កាយ៥ ផងដែរមានចំនួន៥៥ជាន់ ស្មើនឹងកំពស់២២០ម៉ែត្រ  ទី១៣ TBR Trade Buildingមានកំពស់២២០ម៉ែត្រ និងចំនួន៥៥ជាន់ជាប្រភេទអាគារភ្លោះ ទី១៤ TBR Comeral Building មានកំពស់២២០ម៉ែត្រ និងចំនួន៥៥ជាន់ ជាប្រភេទអាគារភ្លោះ និងទី១៥ Golden Bay មានកំពស់២២០ម៉ែត្រ និងចំនួន៥៥ជាន់៕

ដំណឹងល្អៈក្រុមហ៊ុនធំៗនៅអឺរ៉ុបគ្រោងវិនិយោគសណ្ឋាគារនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ: ក្រុមហ៊ុនធំៗនៅអឺរ៉ុប គ្រោងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដោយពួកគេអះអាងថា កម្ពុជាជាប្រទេសល្អប្រសើរសម្រាប់វិនិយោគ និងកំនើនទេសចរ ណ៍អន្តរជាតិកើនឡើងកាន់តែច្រើន។

លោក Mauro Gasparotti នាយកគ្រប់គ្រងនៃក្រុមហ៊ុនSavills Hotelsបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមាននាល្ងាចថ្ងៃទី២៩ សីហានេះថា យើងបានឃើញភាព លូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលនឹងជំរុញនូវការ អភិវឌ្ឍផ្នែកសណ្ឋាគារនាថ្ងៃអនាគត។ វាធ្វើឲ្យយើងរំជើបរំជួល ដោយសារវានាំមកនូវឳ​កាសថ្មីដ៏សំខាន់សម្រាប់អតិថិជន ជាអ្នកអភិវឌ្ឍន៍របស់យើង ដែលមានលទ្ឋភាពក្នុងការច្នៃប្រឌិត។

លោកបន្តថា “ឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ច ដើរតួនាផ្នែកមួយដ៏សំខាន់នៃសេដ្ឋ​កិច្ចហើយសក្តានុពលនាពេលអនាគតគឺធំធេងណាស់”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៥,៦លាននាក់ និងនៅឆ្នាំនេះនឹងកើនឡើងដល់ជាង៦លាននាក់។

លោកMauro Gasparottiបានបន្តថា ការប្រើប្រាស់សក្តានុពលរបស់ប្រទេស ដែ​លមានប្រវត្តិសាស្រ្ត វប្បធ៌មដ៏រ៉ឹងមាំ និងផ្តល់នូវតំបន់បេតិកភ័ណ្ឌដ៏សម្បូរបែប យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជាអាចដើរតាមគន្លងប្រទេសថៃ និងវៀតណាម ដើម្បីក្លាយជាទិសដៅទេសចរណ៍នៅថ្ងៃឈប់សម្រាក ដែលត្រូវបានទទួលស្គាល់ជាសាកល។

ជាមួយគ្នានេះលោកChristian Puchherនាយកប្រចាំទ្វីបអាស៊ីនៃសណ្ឋាគារHiltonបានមានប្រសាសន៍ថា ជាមួយនឹងប្រាក់ចំណូលកើនឡើង និងភាពងាយស្រួលនៃការធ្វើដំណើរតាមយន្តហោះទេសចរណ៍ និងអ្នកជំនួញជាច្រើនត្រូវបានទាក់ទាញមកកាន់ប្រទេសកម្ពុជា ដែលជាគោលដៅនៃប្រាសាទ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួន ដ៏ខ្សាច់ដ៏អស្ចារ្យ ហើយជាការពិតណាស់ភ្ញៀវទេសចរណ៍ទាំងនេះរំពឹងថានឹងមានបន្ទប់សណ្ឋាគារល្អៗ លើសពីអ្នកធ្វើទេសចរណ៍ធម្មតា។

លោកបន្តថា “យើងគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីវិនិយោគ​សណ្ឋាគារនាពេលខាងមុខឆាប់ៗនេះ នៅប្រទេសដ៏អស្ចារ្យមួយនេះ”។

លោកKevin Beauvaisស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុនInvision Hospitalityបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរចនាសណ្ឋាគារ និងអចលនទ្រព្យ​នៅប្រទេសនេះជាមាគ៌ាសម្រាប់អនាគត យើងកំពុងបង្កើតបទពិសោធន៍ជូនដល់ភ្ញៀវប្រ​កបដោយអត្ថន័យ  និងការប្រើប្រាស់ការរចនាប្រកបដោយភាពច្នៃប្រឌិត  ដែលធនាគារឲ្យមានប្រតិបត្តិការប្រកបដោយប្រសិទ្ឋិភាព។

លោកបន្តថា “ជាមួយនឹងការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា យើងនឹងវិនិយោគនៅទីនេះនាពេលអនាគត”៕

ស្វែងយល់ពីអាស៊ី! Central Plaza ស្ថាបត្យកម្មដ៏កំពូលមួយនៃដើមសតវត្សរ៍ទី21

0

ទីក្រុងហុងកុងរបស់ចិនមិនចាញ់ទីក្រុងនានានៅក្នុងពិភពលោក ព្រមទាំងមិនចាញ់ទីក្រុងឌុបៃ ដែលមានអគារខ្ពស់កប់ពពកជាច្រើនដុះច្រូងច្រាង នោះទេ នៅពេលទៅដល់ទីក្រុងដ៏ទំនើប និងទាក់ទាញមួយនេះ ពិតជាបានគយគន់នូវអគារខ្ពស់ជាច្រើនដុះច្រូងច្រាងផងដែរ។ នេះ សរបញ្ជាក់ថា ទីកុ្រងហុងកុងពិតជាមានសេដ្ឋកិច្ចលូតលាស់ និងមានគំនិតឆ្នៃប្រឌិតក្នុងការសាងសង់អគារខ្ពស់ៗបង្អួតពិភពលោក មិនចាញ់នានានៅក្នុងទីក្រុងអាស៊ីនេះ។

គេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារខ្ពស់កប់ពពកមួយទៀត នៅក្នុងទីក្រុងហុងកុងមកចុះផ្សាយដើម្បីបង្ហាញពីមោទនៈភាពនៃការរីកចម្រើននៃអគារសំណង់របស់ពិភពលោកជូនដល់មិត្តអ្នកអាន គឺអគារ Central Plaza។

អគារ Central Plaza គឺជាអគារខ្ពស់កប់ពពកដែលមានកម្ពស់ ៣៧២ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងហុងកុង បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ ១៩៩២ ។ អគារនេះ ជាអគារខ្ពស់លំដាប់ទី២ នៅក្នុងទីក្រុង ហុងកុង បន្ទាប់ពីអគារ International Finance Centre និងអគារ ICC ។

អគារនេះ គឺជាអគារដែលខ្ពស់ជាងគេងនៅក្នុតំបន់អាស៊ី ចាប់ពីឆ្នាំ ១៩៩២ ដល់ ឆ្នាំ ១៩៩៦ រហូតមានអគារ Shun Hing Square នៅក្នុងតំបន់ Shenzhen ត្រូវបានសាងសង់បញ្ចប់។ អគារ Central Plaza នេះ ខ្ពស់ជាងអគារ Bank of China Tower ជាអគារខ្ពស់ជាគេនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីសាងសង់បញ្ចប់កំពូលអគាររបស់ខ្លួន។

 

អគារ Central Plaza គឺជាអគារខ្ពស់បំផុតផងដែរនៅក្នុងពិភពលោក រហូតដល់ខ្ពស់ជាងអគារ CITIC Plaza នៅក្នុងខេត្ត Guangzhou ។

អគារនេះ ត្រូវបានគេសាងសង់កំពូលរបស់វាជាត្រីកោណ ដែលនៅជាន់ខាងលើនេះមាននាឡិកាបង្ហា្ញញពេលវេលា ។ នៅក្នុងអគារនេះ ផងដែរ ក៏មានកន្លែងប្រារព្វសាសនាគ្រឹស្ថ ដែលគេហៅថា Sky City Church។

អគារដ៏អស្ចារ្យដែលមានកំពស់ ៧៨ ជាន់នេះ ត្រូវបានគេប្រើប្រាស់ជាការិយាល័យពាណិជ្ជកម្មផងដែរ ដោយមានការសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Ryoden Development ក្រុមហ៊ុន Sino Land និងក្រុមហ៊ុនSun Hung Kai Properties ៕

ទីក្រុងប៉ោយប៉ែត នឹងមានការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បាននិងកំពុងទាក់ទាញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា ដែលជួយជំរុញឲ្យទីក្រុងនេះនឹងកាន់តែរីកចម្រើនខ្លាំងនាពេលអនាគត ហើយវានឹងក្លាយជាទីក្រុងដ៏ធំមួយនាពេលអនាគត។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Poipet PPSEZ Co. Ltd ដែលជាបុត្រសម្ព័ន្ឋរបស់ Phnom Penh SEZ PLC បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន B. Grimm Power Public Company Limited ដែលជា​សមាជិក​របស់​ក្រុមហ៊ុន B. Grimm Group របស់​ប្រទេស​ថៃ​ ក្នុងការផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឲ្យ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ធ្វើ​ការ​អភិវឌ្ឍ និង​ប្រតិបតិ្តការ​សមត្ថភាព​បញ្ជូន​ថាមពល​អគ្គិសនី ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ជាវ​ថាមពល​អគ្គិសនី (PPA) សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​នៅ​ឡើយ។​

ការចុះអនុស្សរណៈនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនទាំងពីរ​នឹង​ធ្វើ​ការ​សិក្សា​លទ្ធភាព ​សម្រាប់​ការ​សាង​សង់​ខ្សែ​បញ្ជូន ​ថាមពល​ទំហំ២២គី​ឡូវ៉ុល ដែល​មាន​ចម្ងាយ១២,៤​គីឡូម៉ែត្រ ​សម្រាប់​ដំណាក់កាល​ដំបូង​ដែល​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ពិសេស​នេះ​ជាមួយ​អនុ​ស្ថានីយ​ចែក​ចាយ​ថាមពល​នៅ​ក្រុង​ប៉ោយប៉ែត​។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានថ្លែងថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ លោករំពឹងថាក្រុមហ៊ុនជប៉ុននៅប្រ​ទេសថៃកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជា ដោយសារតំលៃពលកម្មនៅប្រទេ​ថៃឡើងខ្ពស់ និងដោយសារប្រទេសថៃកំពុងជួបការខ្វះខាតលើកំលាំងពលកម្ម ដោ​យសារម៉ាស៊ីនសេដ្ឋកិច្ចរបស់ថៃ បានឡើងដល់កំពូលរួចទៅហើយ។

លោកបន្តថា “ក្រុ​មហ៊ុនវាយភ័ណ្ឌនៅប្រទេសថៃមានជាង២០០០ក្រុមហ៊ុន ពួកគេនឹងមកពង្រីកផលិត​កម្មនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងនៃការបញ្ជូនបណ្តាញអគ្គិសនីប្រកប​ដោយគុ​ណភាពមកពីប្រទេសថៃ”។

លោកបន្តថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីថៃនេះ ជាក្រុមហ៊ុនឈានមុខគេមួយ ខ្លាំងជាងគេមួយក្នុងការចែកចាយបណ្តាញអគ្គិសនី ពេលក្រុមហ៊ុននេះទៅកាន់ទីណា​ក្រុមហ៊ុនជប៉ុននឹងទៅកាន់ទីនោះជាមួយគ្នា ហើយតាមរយៈអនុស្សរណៈនេះខ្មែរ​ក៏ចំណេញ ថៃក៏ចំណេញ តាមរយៈការសហការគ្នាក្នុងរូបភាពកម្ពុជាជាកូនពៅ ថៃជាកូនច្បង ហើយជប៉ុនជាអ្នកមកវិនិយោគ។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “គំរោងនេះមិនផ្តល់ផលចំណេញតែផ្នែក​សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ផលចំណេញដល់សង្គមផងដែរ តាមរយៈការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ ដូច្នេះរដ្ឋាភិ​បាលគួរតែជំរុញការងារនេះបន្តទៀត ព្រោះនេះជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥”។

លោក​ស្រីលឹម ឈីវហូ ប្រធាន​ក្រុមហ៊ុន Phnom Penh SEZ PLCបានថ្លែងថា  កិច្ច​ព្រមព្រៀង​ថាមពល​នេះ ​នឹង​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ធំ​នេះ ផលិតកម្ម​ជំនាញ​ខ្ពស់​ដូច​ជា​គ្រឿង​អេឡិចត្រូនិក​ជា​ដើម នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ នេះ​។ លោក​ស្រី​បន្ថែម​ថា ក្រុមហ៊ុន​កំពុង​សម្លឹងមើល​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ផលិតកម្ម​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវការ​អគ្គិសនី ដែល​ក្រុមហ៊ុន​ភាគ​ច្រើន​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​ប្រតិបត្តិការ​រួច ​ហើយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

បច្ចុប្បន្នទីក្រុងប៉ោយប៉ែតបាននិងកំពុងរីកចម្រើន ដោយសាការសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើប និងការអភិវឌ្ឍបុរីលំនៅដ្ឋាននៅតំបន់នេះកើនឡើងកាន់តែច្រើន។

លោក លាងគង់ យិន ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានថ្លែងថា ការរីកចម្រើននៃក្រុងប៉ោតប៉ែត មិនទាន់អស់សក្តានុពលនៅឡើយទេ ដោយសារទីក្រុងនេះមាន​កត្តាជាច្រើនដែលងាយទាក់ទាញការវិនិយោគពីបរទេស សមស្របនឹងអ្វីជាគោលនយោបា​យអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបានដាក់បញ្ចូលក្រុងប៉ោតប៉ែតជាតំបន់ឧស្សាហកម្មពិសេសមួយ ដូចគ្នានឹងខេត្តព្រះសីហនុ។

លោកបន្តថា ហេតុផលដែលក្រុងប៉ោយប៉ែតរីកចម្រើនខ្លាំង ដោយសារកត្តាមួយចំនួនដូចជា ទី២ កត្តាភូមិសាស្រ្ត ព្រោះក្រុងប៉ោយប៉ែតមានទីតាំងជាប់ជាមួយប្រទេសថៃ ដែលងាយនឹងទាក់ទាញការវិនិយោគពីប្រទេសថៃ និងអ្នកវិនិយោគបរទេសនៅប្រទេសថៃ មកវិនិយោគនៅទីក្រុងនេះ ដោយសារកំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ទី២ កំនើនប្រជាសាស្រ្ត មានន័យថា​នៅទីណាមានមនុស្សរស់នៅច្រើន នឹងមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មកើនឡើង ទី៣ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងពង្រីកផ្លូវជាតិលេខ៥ ចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងនេះ ទី៤ ការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសថៃ និងកម្ពុជា ដែលជាខ្សែរថភ្លើង​តភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងអាស៊ាន។ ខ្សែរថភ្លើងនេះនឹងនាំមកនូវភ្ញៀវទេសចរណ៍ ការដឹកជញ្ជូន លំហូរពាណិជ្ជកម្ម និងការវិនិយោគជាដើម៕

វិនិយោគលើដីធ្លីចន្លោះពី ២០ទៅ៣០ គីឡូម៉ែត្រ ពីក្រុងភ្នំពេញ នៅតែមានឪកាសចំណេញច្រើន

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យនៅតែអះអាងថា ការវិនិយោគទិញដីធ្លីនៅចម្ងាយចន្លោះពី២០ ទៅ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ នៅតែមានឳកាសចំណេញច្រើនដោយសារសក្តានុពលនៃតំបន់ទាំងនោះ។

នាយិការក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service អ្នកស្រី តាំង ហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ សីហានេះថា ការវិនិយោគលើដីធ្លីនៅតែមានឳកាសចំណេញ ពិសេសតំបន់ជាយក្រុង ដែលមានគម្លាតពីក្រុងភ្នំពេញចន្លោះពី២០ទៅ៣០គីឡូម៉ែត្រ។ អ្នកនាងបន្តថា តំបន់ទាំងនោះសុទ្ឋតែមានសក្តានុពល ព្រោះ​សកម្មភាពអភិវឌ្ឍន៍កាន់តែរីកចម្រើន និងពង្រីកទៅដល់តំបន់នោះនាពេលអនាគត និងកំពុងរីកទៅដល់ហើយសម្រាប់ផ្នែកភាគច្រើននៃក្រុងភ្នំពេញ។

អ្នកស្រីបន្តថា “ដើម្បីទិញដីចំណេញលឿន កុំទិញដីដែលស្ថិតនៅតាមផ្លូវតូចៗឬផ្លូវទាល់ ព្រោះវាមិនងាយឡើងថ្លៃ និងមិនទទួលការចាប់ះអារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុក”។

ជាមួយគ្នានេះលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអ​ចលនវត្ថុកម្ពុជាធ្លាប់បានលើកឡើងស្រដៀងគ្នាថា តំបន់ជាយក្រុងភ្នំពេញ កំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន និងនៅគ្រប់ទិស ហេតុនេះការវិនិយោគរយៈពេល៥ឆ្នាំគួរទិញដី​ចម្ងាយ២០គីឡូម៉ែត្រពីក្រុងភ្នំពេញ បើវិនិយោគសម្រាប់១០ឆ្នាំក្រោយ គួរទិញដីចន្លោះពី​៣០ទៅ៣៥គីឡូម៉ែត្រពីក្រុងភ្នំពេញ ដោយសារវាជាពេលវេលាសមស្រប ដែលសកម្ម​ភាពអភិវឌ្ឍន៍នឹងរីកចម្រើនទៅដល់តំបន់ខាងលើ់នេះ។

លោកបន្តថា “កំនើនតម្លៃដីធ្លីវាអាស្រ័យលើកត្តាជាច្រើន គឺសន្តិភាព ស្ថេរភាពនយោបាយត្រូវដើរមុន បន្ទាប់មកកត្តាសេដ្ឋកិច្ច ការកើនឡើងនូវប្រជាសាស្រ្ត ការវិនិយោ គហេដ្ឋារចនាសម្ព័​ន្ឋរបស់រដ្ឋាភិបាល និងកំនើននៃការវិនិយោគ ព្រមទាំងការចូលមកនៃលំហូរទុនវិ​និយោគផ្ទាល់ពីបរទេស”៕

អ្នកជំនាញថា៖ ហេដ្ឋារចនាសម្ព័ន្ឋ និងភាពបៃតង ជាបញ្ហាប្រឈមក្នុងវិស័យលំនៅដ្ឋាននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋក្រោមដី និងសហគមន៍មួយមានភាពបៃតងជាទស្សនទាននៃការអភិវឌ្ឍថ្មីមួយ ដែលគិតគូដល់សុខមាលភាពរបស់អ្នករស់​នៅ និងការធានានូវបរិស្ថានរស់នៅប្រកបដោយផាសុខភាព ព្រមទាំងជា​ការអភិវឌ្ឈប្រកបដោយនិរន្តរភាព។

លោកបណ្ឌិតសេង ប៊ុនរិទ្ឋទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយ​កក្រុមហ៊ុន RLS International បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅតាមបណ្តាទីក្រុងរបស់កម្ពុជាភាគ​ច្រើន មិនទាន់គិតគូពីការបែងចែកប្រព័ន្ឋញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេ ដោយសារកង្វះខាតធនធានមនុស្ស និងធនធា​នថវិកា ប៉ុន្តែការរៀបចំប្រ​ព័ន្ឋបែបនេះគួរតែធ្វើ ដើម្បីឲ្យទីក្រុងទាំងអស់កម្ពុជាមាន​ប្រព័ន្ឋបែបនេះ ដើម្បីលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

      លោកបណ្ឌិតបានបន្តថា  “ការបែងចែកប្រព័ន្ឋលូបង្ហូរទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាមានផលប្រយោជន៍ផ្សេងគ្នា ព្រោះពេលគេឌីសាញលូឡើង គេគិតពីកំពស់ទឹកភ្លៀងដែលនឹងធ្លាក់ចុះមក ដើម្បីធ្វើយ៉ាងណាការពារកុំឲ្យមានការលិចលង់នៅតំបន់ណាមួយ”។ លោកបន្តថា “ករណីចៃដន្យអាក្រ​ក់មានភ្លៀងធ្លាក់ខ្លាំង ហើយតំបន់ ឬបុរីណាមួយគ្មានការបែងចែករវាងទឹកភ្លៀង និងទឹកស្អុយនឹងធ្វើឲ្យលេចប្រព័​ន្ឋលូ ដែលធ្វើឲ្យទឹកស្អុយខ្ពុរឡើងមកខាងលើ និងធ្វើឲ្យទឹកភ្លៀង និងទឹកស្អុយរលាយបញ្ចូលគ្នា ហើយបង្កឲ្យមានមេរោគ និងធ្វើឲ្យមានមេរោគប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ”។

​ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយ វានឹងមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់នោះទេ។ ផ្ទុយទៅវិញប្រសិនជាទឹកស្អុយមិនត្រូវបានចំរោះ វានឹងមានហានិភ័យដល់សុខភាពខ្ពស់ ព្រោះតាមរយៈការសិក្សាបានរកឃើញថាប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានប្រើប្រាស់អាងសឹបទិក ឬអាងទឹកក្រោមបង្គន់ ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាអាងធ្វើតាមនឹកឃើញ ដោយមិនបានបិទបាតនោះទេ ដែលធ្វើឲ្យទឹកស្អុយជ្រាបចូលប្រព័ន្ឋទឹកនៅខាងក្រោមដី ហើយប្រសិនជាគាត់ជីកអណ្តូងយកទឹកមកប្រើប្រាស់ នោះមានហានិភ័យខ្ពស់ណាស់ដល់សុខភាព។

      ដោយមើលឃើញបញ្ហានេះ គំរោងសុរិន្ទភូមិ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកថ្លឹង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញបាននិងកំពុងវិនិយោគ ដោយផ្តោតលើការសាងសង់លូទឹកភ្លៀង និងទឹកស្អុយចែកដាច់ពីគ្នា និងរៀប​ចំជាតំបន់អេកូបៃតង ដើម្បីធ្វើយ៉ាងណាឲ្យគំរោងនេះ បំរើដល់សុខមាលភាពអ្នករស់នៅ និងជាគំរោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគិតគូពីបរិស្ថានសង្គម។

លោកបណ្ឌិតសេង ប៊ុនរិទ្ឋិបានបញ្ជាក់ថា ការរៀបចំគំរោងអភិវឌ្ឍន៍បែបនេះ ពិតជាល្អ ដោយសារមានការបង្កប់ខ្សែភ្លើងក្រោមដី ដែលមិនបារម្ភពីការដាច់ ការឆក់ និងជួយលើកកំពស់សោភ័ណភាពក្នុងគំរោងនេះ ប៉ុន្តែការរៀបចំប្រព័ន្ឋលូចែក​ដាច់ពីគ្នា និងមានទំហំលូទំហំ១.៥០ម៉ែត្រ នឹងមិនធ្វើឲ្យគំរោងនេះប្រឈម​ការលិចទឹកឡើយ ទោះភ្លៀងលិចទីក្រុងភ្នំពេញក្តី។លោកបន្តថា គំរោងនេះអាចចាត់ទុក​ជាគំរោងគំរូមួយ ព្រោះយើងមិនឃើញមានគំរោងណាធ្វើបែបនេះនៅឡើយទេ ពិ​សេសគំរោងនេះ មានប្រព័ន្ឋប្រព្រឹត្តិកម្មចម្រោះទឹកស្អុយ ដែលអាចចម្រោះទឹកបាន៣០០ម៉ែត្រគីបក្នុងមួយថ្ងៃ។

លោកបន្តថា “អ្នកទិញគំរោងអចលនទ្រព្យណាមួយ គួរពិនិត្យនិងស៊ើបសួរពី​ប្រព័ន្ឋលូ និងការឌីសាញឲ្យបានច្បាស់លាស់ ព្រោះតាមខ្ញុំឃើញមានគំរោងដីឡូត៍ភា​គច្រើនមានប្រព័ន្ឋលូ មានទំហំមិនសមស្របតាមស្តង់ដា និងមិនដឹងត្រូវបង្ហូរទៅទីណានោះទេ”។

លោកបណ្ឌិតជា ប៊ុនស៊ាងស្ថាត្យករគូប្លង់អាគារសន្តិភាព និងអាគារ Time Square នៅសហរដ្ឋអាមេរិកបានថ្លែងថា អ្វីដែលលោកផ្តោតគឺរៀបចំសហគមន៍មួយ​ដែលគិតគូដល់បរិស្ថាន និងសុភមង្គលរបស់អ្នករស់នៅ ប៉ុន្តែបច្ចុប្បន្ននៅតាម​បុរី និងគំរោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញ មិនទាន់បានគិតគូពីបញ្ហានេះនៅឡើ​យ ដោយពួកគេសាងសង់ប្រព័ន្ឋលូរួមបញ្ចូលគ្នារវាងទឹកភ្លៀង និងទឹកស្អុយដែលពេ​លភ្លៀងមកមានទឹកស្អុយពេញថ្នល់ មានមេរោគ ហើយនៅពេលស្ងួតទៅវិញធ្លាក់ខ្យល់មកធ្វើឲ្យប្រជាពលរដ្ឋមានជំងឺផ្តាសាយ ដោយសារមេរោគហើរតាមខ្យល់ចូលក្នុង​បរិយាកាស។

លោកបណ្ឌិតបន្តថា “ការរៀបចំឲ្យមានប្រព័ន្ឋលូដាច់ពីគ្នា មានផ្ទៃដី៤០ភាគ​រយដាំដោយដើមឈើដូចជាក្នុងគំរោងសុរិន្ទភូមិ ធ្វើឲ្យសហគមន៍អ្នករស់នៅមិនប្រ​ឈមជាមួយមេរោគ និងធ្វើឲ្យមានសុខភាពល្អ និងមានបរិស្ថានស្អាត”។លោកបន្តថា “ខ្ញុំចង់ធ្វើឲ្យគំរោងនេះក្លាយជាភូមិករ ដោយសង់របងទាបៗដែលធ្វើឲ្យអ្នក​រស់នៅក្នុងសហគមន៍មើលគ្នាឃើញ ស្គាល់គ្នាពីដើមរហូតដល់ចុងភូមិ មានទំនាក់ទំនងគ្នានិងរស់នៅបែបសហគមន៍តែមួយ”។

លោកបណ្ឌិតជា ប៊ុនស៊ាងបានបន្តថា នៅកម្ពុជាគេសាងសង់បុរី ធ្វើរបងខ្ពស់ៗ មនុស្សមិនអាចទំនាក់ទំនងគ្នាបាន ហើយមានបែងចែកប្លុកអ្នកមាន និងអ្នកក្រដែលធ្វើឲ្យមនុស្សមិនអាចទំនាក់ទំនងគ្នាបាន ប៉ុន្តែគំរោងសុរិន្ទភូមិលោកឌីសាញ​ឡើងចង់ឲ្យមនុស្សរស់នៅជុំគ្នា ក្នុងសហគមន៍បែតង និងមានបរិស្ថានស្អាត ហើយនេះជាគំរោងមួយ ដែលលោកចង់ផ្លាស់ប្តូរចរិកនៃអ្នកអភិវឌ្ឍន៍ ប៉ុន្តែដើម្បីយើងដូរគេ​បាន យើងត្រូវធ្វើជាគំរូឲ្យគេមើលសិន។

លោកបន្តដោយលើកជាសំណួរថា “បើយើងធ្វើបាន ហេតុអីពួកគេធ្វើមិនបាន ហើយការចំណាយមិនខ្ពស់នោះទេ គ្រាន់តែបន្ថែមលូមួយទៀត ដូច្នេះអ្នកអភិវឌ្ឍន៍គួរគិតគូពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពនៃបរិស្ថាន”។លោកបន្តថា “កុំធ្វើអ្វីមួយចេះតែ​និយាយថាធ្វើសិនៗ បើដូច្នេះយើងមិនអាចប្រកួតប្រជែងជា​មួយប្រទេសក្នុងតំបន់​បានទេ”៕

អ្នកជំនាញមានសុទិដ្ឋិនិយមពីការភ្ជាប់ជើងហោហើរត្រង់ពីក្រុងប៉េកាំងមកក្រុងភ្នំពេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ: ក្រុមអ្នកជំនាញទេសចរណ៍ បានសម្តែងសុទិដ្ឋិនិយមពីការភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ តាមរយៈការអាកាសចរណ៍Air China នាដើមខែវិច្ឆិកាខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ សីហានេះថា ទោះបីសព្វថ្ងៃមានការហោះហើរត្រង់ពីប្រទេសចិន មកម្ពុជាជាង១០ក្រុមហ៊ុនរួចហើយក្ដី តែជើងហោះហើរត្រង់ថ្មីនេះ នឹងស្រូបយកភ្ញៀវទេសចរចិនកាន់តែច្រើនមកកម្ពុជា  ព្រោះថាខេត្តនីមួយៗរបស់ប្រទេសចិន មានមនុស្សរស់នៅរាប់លាននាក់។ លោកបន្តថា ក្រៅពីផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរចិនមកកាន់កម្ពុជា លោកបញ្ជាក់ដែរថា វាជាការបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា ទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាបន្ថែម ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា អោយកាន់តែប្រសើរផងដែរ។

លោកបន្តថា វាក៏ផ្ដល់ភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជាផងដែរ ស្របពេលសព្វថ្ងៃប្រជាជនកម្ពុជា បានចេញទៅកំសាន្តនៅប្រទេសចិនមានការកើនឡើងផងដែរ

ជាមួយគ្នានេះ ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថា រាល់ការតភ្ជាប់ត្រង់ពីទីក្រុងធំៗមកកាន់កម្ពុជា សុទ្ធតែជាចំណុចវិជ្ជមានយើងស្វាគមន៍ទាំងអស់ឲ្យតែមានការហោះហើរត្រង់មកកម្ពុជា មកកាន់តែច្រើនកាន់តែល្អ

លោបន្តថា ការតភ្ជាប់ត្រង់នាពេលខាងមុខនេះ មិនត្រឹមតែជំរុញអោយមានភ្ញៀវទេសចរចិនមកកម្ពុជាមានការកើនឡើងនោះទេ វាថែមទាំងនាំមកពាណិជ្ជនិងការវិនិយោគបន្ថែមមកកម្ពុជាផងដែរ។ លោកបន្តថា ការហោះហើរត្រង់ពីទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងធំៗដទៃទៀត ផ្ដល់ផលចំណេញជាច្រើនដល់កម្ពុជា ជាពិសេសការចំណាយរបស់ភ្ញៀវទេសចរ ដោយពួកគេមិនបានចំណាយថវិកានៅប្រទេសណាមួយនៅពេលមានការឈប់ចតនោះទេ ដោយថវិការទាំងអស់នឹងត្រូវចំណាយ នៅប្រទេសកម្ពុជាទាំងអស់

តាមគំរោងក្រុមហ៊ុនអាកាសចរណ៍Air Chinaនឹងបើកការហោះហើរត្រង់មួយសប្តា​ហ៍បីលើករវាងប៉េកាំង និងរាជធានីភ្នំពេញ។

រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន ឲ្យបានពីរលាននាក់នៅឆ្នាំ២០២០ខាងមុខ ហើយគំរោងនេះកំពុងទទួលបានជោគជ័យលើសការគ្រោងទុក៕