លោកបណ្ឌិតគីម ហ៊ាង បង្ហាញពីវិធីសាស្រ្តវាយតម្លៃអចលនទ្រព្យ

0

ដោយស៊ីវ ម៉េង +លាងគង់

       ភ្នំពេញ៖ ការវាយតម្លៃអចលនទ្រព្យអាចមានភាពស្មុគ្រស្មាញមួយ ប៉ុន្តែបើ​សិនជាយើងដឹងវិធីសាស្រ្តវាយតម្លៃ និងយល់ពីរូបមន្តវាយតម្លៃសាមញ្ញ គឺវាហាក់ងា​យស្រួលដូចបកចេកអញ្ចឹង។

គេមានវិធីសាស្រ្តវាយតម្លៃអចលនវត្ថុចំនួនបីប្រភេទ ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលល្បីល្បាញផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចសូម លើកយកករណីវាយតម្លៃមួយ ដែលមានភាពងាយយល់ និងសាមញ្ញៗ។

ក្នុងបទបង្ហាញពិសេសមួយ លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងក្នុងវគ្គបណ្តុះបណ្តាលមួ យ​ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីពេលថ្មីៗនេះថា ការវាយតម្លៃអចលនវត្ថុមានភាពស្មុគ្រស្មាញច្រើន និងមានភាពងាយស្រួល ប៉ុន្តែការ​វាយតម្លៃបែបសាមញ្ញ គឺងាយស្រួលយល់នោះទេ។

លោកបន្តថា មានវិធីសាស្រ្តមួយចំនួន ដែលយើងអាចដឹង និងវាយតម្លៃអចលនទ្រព្យអ្នកដទៃឬខ្លួនឯងបាន ដូចជា ទី១ ត្រូវរកព៌តមានពីតម្លៃអចលនទ្រព្យ នៅទីតាំងជុំវិញទីតាំងដែលអ្នកចង់ដឹងឬចង់ទិញ ឬចង់លក់អចលនទ្រព្យ​របស់ខ្លូន ទី២ រកឲ្យបានព៌តមានពីរឬបី ពីតម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះ ដើម្បីយកមកធ្វើការប្រៀបធៀបគ្នា។

ទី៣ ដើម្បីទទួលបានព៌តមានងាយស្រួល និងជាក់លាក់ លោក អ្នកអាច​សាកសួរមេភូមិ ដើម្បីអាចទទួលព៌តមានអំពីតម្លៃដី ឬផ្ទះនៅតំបន់នោះ។ ទី៤ ពេ​លទទួលបានព៌តមានគ្រប់គ្រាន់ហើយ លោកអ្នកអាចយកតម្លៃអចលនទ្រព្យនៅជុំវិញតំបន់អចលនទ្រព្យ ដែលយើងចង់ដឹងនោះ យកមកគុណចែកជាមធ្យម​

ភាគ យើងនឹងអាចដឹងពីតម្លៃអចលទ្រព្យ ដែលយើងចង់ដឹង ឬចង់ទិញនៅ​តំបន់នោះហើយ។

ទោះជាយ៉ាងណាការវាយតម្លៃអចលនទ្រព្យប្រភេទទៀត មានភាពស្មុគ្រស្មាញខ្លាំង ទាក់ទងនឹងការវាយតម្លៃអាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទាក់ទងនឹងការវាយតម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុនណាមួយនោះជាដើម។ គេហទំព័ររបស់យើង គឺwww.propertyarea.asia នឹងលើកយកមកជូនប្រិយមិត្ត និងមិត្តអ្នកអានជាទីគោរពស្រលាញ់នាពេលខាងមុខទៀត៕

ហានិភ័យ៥យ៉ាង ដែលអ្នកវិនិយោគអចលនទ្រព្យគួរសិក្សាជាមុន

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគលើអចលនទ្រព្យមិនសុទ្ឋតែទទួលបានផលចំណេញនោះទេ ហេតុនេះមុនសម្រេចចិត្តវិនិយោគលើវិស័យនេះ គួរសិក្សាពីហានិភ័យទាំង៥ចំណុចនេះជាមុនសិន។

វិភាគសេដ្ឋកិច្ច និងអចលនទ្រព្យ លោកង៉ែត ជូ បានលើកឡើងក្នុងទំព័របណ្តាញទំនាក់ទំនងរបស់លោកកាលពីពេលថ្មីៗនេះថា ការវិនិយោគអចលនទ្រព្យមិនទទួលបានជោគជ័យ ដោយសារកត្តាសំខាន់ៗចំនួន៥ ដូចជា ទី១ មិនបានដឹងថាដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ។ តាមពិតទ្រព្យសកម្មរយៈពេលវែង មិនអាច (ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី (តិចជាង១ឆ្នាំ)ណាស់។

ទី២ វិនិយោគនៅពេលទីផ្សារពុះកញ្ជោលខ្លាំង: ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់។ ខណៈបែបហ្នឹងងាយនឹងបរាជ័យណាស់។ សំរាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច។ ទី៣ ទៅសំកុកចាំយូរពេក: កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ។ ត្រឹម ៣០-៤០គម ពីក្រុងជាការល្អ។

ទី៤ ក្តាប់ពត៌មានមិនជុំដោយខ្វះបណ្តាញទំនាក់ទំនង: ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានពត៌មានសំខាន់ណាស់។ ទី៥ មិនយល់ពីសក្តានុពលរបស់ដី និងតំរូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្តរ? គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា៕

តើរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូអាស៊ានបានធ្វើអ្វីខ្លះដើម្បីវិបុលភាពតំបន់?

0

ដោយ វុត្ថា

       ភ្នំពេញ៖ តើរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបាននិងកំពុងធ្វើអ្វីខ្លះ ដើម្បីការរីកចម្រើននិងវិបុលភាពតំបន់? វាជាសំណួរធំមួយដែលត្រូវឆ្លើយនៅក្នុងពេលបន្តិចទៀតនេះ។

កំណត់តាមប្រតិទិនរបស់ខ្លួន បណ្តារដ្ឋមន្រ្តីនៃសមាគមប្រជាជាតិអាស៊ីអាគ្មេយ៍បានចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សា​ហកម្ម នៃសាធារណរដ្ឋសិង្ហបុរីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨។ កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយលទ្ធផលសំខាន់ៗដូចខាងក្រោម។

១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុនលើកទី១០

រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។

២.កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ចិនលើកទី១៧

កិច្ចពិគ្រោះយោបល់បានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ក្នុងនោះមានការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន របាយការណ៍វឌ្ឍនភាពនៃសេចក្តីប្រកាសរួមស្តីពីសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធ កិច្ចសហប្រ​តិ​បត្តិការលើគំនិតផ្តួចផ្តើមវិថីមួយ-ខ្សែក្រវាត់មួយ។ កិច្ចសហប្រតិបត្តិការលើជំនួយអាស៊ាន-ចិន ជាដើម ដោយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នា ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត។

៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- ជប៉ុន លើកទី២៤

កិច្ចពិគ្រោះយោបល់ បានស្វាគមន៍កិច្ចសន្ទនា រវាងសហព័ន្ធសភាពាណិជ្ជកម្មជប៉ុន និងឧស្សាហកម្មអាស៊ាន លើគំនិតផ្តួចផ្តើម ក្នុងគោលដៅជំរុញនវានុវត្តន៍ ពង្រឹងវិស័យធុរកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។

កិច្ចពិគ្រោះយោបល់ បានកត់សម្គាល់លើគម្រោងនានា ក្រោមគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម ជប៉ុន (AMEICC) ជាពិសេសទាក់ទងនឹងការអភិវឌ្ឍ វិស័យធុរកិច្ចឧស្សា​ហកម្ម កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

បន្ថែមពីនេះទៀត កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ពន្លឿនលើការបញ្ចប់ពិធីសារទី១ស្តីពី ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន ដើម្បីអាចចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

៤. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- កូរ៉េ លើកទី១៥

កិច្ចពិគ្រោះយោបល់បានកត់សម្គាល់ ពីសកម្មភាពសហប្រតិបត្តិការនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ដែលផ្តោតសំខាន់លើវេទិកាធុរកិច្ចអាស៊ាន-កូរ៉េក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញកិច្ចសហការរវាងសហគ្រាសធុនតូច និងមធ្យម ក្នុងអាស៊ាន និងកូរ៉េ និងកម្មវិធី TASK ដែលបាននឹងកំពុងជួយប្រឹក្សា និងបណ្តុះបណ្តាលសហគ្រាសក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។

កិច្ចពិគ្រោះយោបល់ក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការផ្តល់សច្ចាប័នលើពិធីសារទី៣ស្តីពី ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន-កូរ៉េ និងបានជំរុញឲ្យភាគី នៃកិច្ចព្រមព្រៀងពន្លឿនការធ្វើសេរីភាវូបនីយកម្ម បន្ថែមក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ។

៥. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២១

កិច្ចពិគ្រោះយោបល់បានស្វាគមន៍ និងវាយតម្លៃខ្ពស់នូវរបាយការណ៍ និងអនុសា​សន៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ជាពិសេសលើការចូលរួមសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីខាងកើត និងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

កិច្ចពិគ្រោះយោបល់ក៏បានអនុម័ត លើផែនការសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី២០១៩-២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា សកម្មភាពស្រាវជ្រាវរួម ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពា​ណិជ្ជកម្ម កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។

៦.កិច្ចប្រជុំរដ្ឋមន្រ្តី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់លើកទី៦

កិច្ចប្រជុំនេះបានពិភាក្សាលើ បញ្ហានៅសេសសល់មួយចំនួន ដែលត្រូវការការសម្រេច និងការណែនាំពីថ្នាក់រដ្ឋមន្រ្តី ដែលផ្តោតសំខាន់លើវិស័យធំៗទាំងបួន រួមមានពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងកម្មសិទ្ធិបញ្ញា៕

អ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា មានជិត ១១លាននាក់ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមជាង ៦លាននាក់

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានការលូតលាស់នៃការប្រើប្រាស់ប្រព័ន្ធអិនធើណេត និងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងលឿងចាប់តាំងពីឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ននេះ ដោយគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតបានកើនដល់ជិត១១លានាក់ និងអ្នកប្រើប្រាស់បណ្តាញសង្គមFacebook មានចំនួន៦,២លាននាក់។

តែយ៉ាងក៏ដោយចំនួននៃការកើនឡើងរបស់អ្នកប្រើប្រាស់នេះ នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការចេញផ្សាយដោយនិយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា ពាក់កណ្តាលឆ្នាំ២០១៨នេះ ស្ថិតិនៃអ្នកប្រើប្រាស់អ៊ីនធើណេតក្នុងប្រទេសកម្ពុជា ដែលមានប្រមាណ១០,៩លាននាក់ ដោយឡែកចំនួនអ្នកប្រើប្រាស់    បណ្តាញព័ត៌មានសង្គមមានប្រហែល៦លាន២សែននាក់។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “សន្តិសុខ និងឯកជនភាពក្នុងការប្រើប្រា​ស់បណ្តាញព័ត៌មានសង្គម” កាលពីម្សិលមិញ លោកជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋា​នបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានឲ្យដឹងថា តាមការអង្កេតរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជនរងគ្រោះ ដោយការវាយប្រហាលួចគណនីបណ្តាញព័ត៌មានសង្គម មានការកើនឡើងគួរអោយកត់សំគាល់ ដោយភាគច្រើនទៅលើមន្រ្តីរាជការទូទៅ ដែលក្នុងនោះក៏មានមន្រ្តីរាជការនៃក្រសួង ប.ទ ផងដែរ។

លោកបន្តថា “ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសន្តិសុខ និងសុវត្តិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម ដល់មន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួង ទើបមានការរៀបចំសិក្ខាសាលានេះឡើងនាពេលនេះ”។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីធ្វើការផ្តោតសំខាន់ទៅលើលក្ខណៈសុវត្ថិភាពមួយចំនួននៃការប្រើប្រាស់ អ៊ីម៉ែល បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក និងយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះខ្លួនអ្នក។

យោងតាមស្ថិតិចុងក្រោយបង្អស់របស់ធនាគារពិភពលោក បានឲ្យដឹងកាលពីកន្លងទៅថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាកើនឡើង៥%ក្នុងមួយឆ្នាំៗ៕

ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជា ត្រៀមបង្កើតខេត្តថ្មីចំនួន ២ទៀត

0

ដោយវុត្ថា

       ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេ​សកម្ពុជាអោយមានលទ្ធិភាពបង្កើតខេត្តថ្មីចំនួន២ គឺទី១ស្នើរសុំបំបែកចេញពីខេត្តកណ្ដា​ល ខេត្តថ្មីទី២ ដោយពិនិត្យលើកត្ដាភូមិសាស្រ្ត និងប្រជាសាស្រ្ដរបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

នៅក្នុងលិខិតដែលចុះហត្ថលេខាដោយសម្តេច ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន នាយក្រដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹង រាជដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចស្តីពី ការបង្កើតគណកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណៈកម្មការនេះ ដឹកនាំដោយសម្តេច សរ ខេង ដោយផ្ទាល់។ គណៈកម្មការនេះ ជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការកំណត់ និងកែសម្រូលព្រំប្រទ​ល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរៀបចំបង្កើតរដ្ឋាបាលថ្នាក់ក្រោមជាតិ។

លិខិតដដែលបន្តថា នៅចំពោះមុខនេះ ផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្ត្រ  និងស្ថានភាព ប្រជាសាស្ត្រ គួតែអោយមានការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួន២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការជំរុញការអភិវឌ្ឍ នៅក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការសិក្សាលទ្ធផលបង្កើតខេត្តថ្មីចំនួន ២នេះ គឺដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាលទ្ឋផលនៅថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីពីរនេះហើយ ដោយកាត់ចេញពីខេត្តកណ្តាល រតនគិរី និងមណ្ឌលគិរី៕

គណៈស្ថាបត្យករកម្ពុជា ប្រកាសជួយពង្រឹងសមត្ថភាពនិស្សិតសិក្សាផ្នែកស្ថាបត្យកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងគុណភាព និងបទដ្ឋានសំណង់នៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា ប្រកាសបើកជាចំហរក្នុងគោលបំណងជួយពង្រឹងជំនាញ និងបច្ចេកទេសផ្នែកស្ថាបត្យកម្ម និងសំណង់។

លោកបណ្ឌិតភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុង សន្និសីទសារព័ត៌មានស្តីពីការរៀបចំពិរព័ណ៍ បង្ហាញទស្សនៈវិស័យក្នុងការសាងសង់ ទីក្រុងវៃឆ្លាតរបស់កម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងមកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា មានអគារខ្ពស់ៗជាច្រើនដែលបានរីកដុះដាលឡើង រួមជាមួ​យការរចនាម៉ូតយ៉ាងល្អប្រណីតទាន់សម័យ ក្នុងនោះវិស័យសម្ភារៈសំណង់ ក៏ត្រូវដើរតួរយ៉ាងសំខាន់ផងដែរ ព្រោះអគាររឹងមាំគឺអាស្រ័យទៅលើសម្ភារៈ សំណង់ទាំងនោះ ជាសម្ភារៈសំណង់ដែលមានគុណភាព និងផ្តល់សុវត្ថិភាពពិតប្រាកដ។

លោកបន្តថា “សាលកវិទ្យាល័យ ឬក្រុមនិស្សិតដែលចង់ស្វែងយលអំពីជំនាញ និងបច្ចេកទេសបន្ថែមខ្ញុំស្វាគមន៍ជួយជានិច្ច ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍលើវិស័យសំណង់ ដូច្នេះកម្ពុជាពិតជាត្រូវការទាមទារនូវគុណភាព និងសុវត្ថិភាព ក្នុងការសាងសង់សំណង់ប្រកបដោយស្តង់ដារ”។

ក្រៅពីវិស័យឧស្សាហកម្មកាត់ដេរ និងវិស័យទេសចរណ៍ វិស័យសំណង់ គឺជាផ្នែកមួយជម្រុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងក្លា ជាក់ស្តែងគិតត្រឹមខែកក្កដា ឆ្នាំ២០១៨នេះ កំណើនប្រាក់ចំណូលលើវិស័យស្ថាបត្យកម្មសំណង់ បានឡើងដល់ជាង១៣១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិតភឿង សុភ័ណ្ឌ៕

ភ្នាក់ងារអចលនទ្រព្យជាតិ អន្តរជាតិជាង ១០០ក្រុមហ៊ុន ជជែកគ្នាស្វែងរកការរីកចម្រើន

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់អចលនទ្រព្យជាតិ អន្តរជាតិនិងអ្នកវិនិយោគក្នុងវិស័យនេះបានជួបជុំគ្នា ដើម្បីជជែកនិងផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងគោលដៅជំរុញការអភិវឌ្ឍក្នុង​វិស័យនេះ។

 

ការរៀបចំនេះធ្វើឡើងដោយក្រុមហ៊ុនលីងណាន គ្រុប (LingNan Group) នាល្ងាចថ្ងៃទី៣០ សីហា ឆ្នាំ២០១៨កន្លងទៅនេះ។ នៅក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុន លីងណាន ហ្គាឌិន ក៏បានបង្ហាញនូវសក្តានុភាពរបស់ទីក្រុងភ្នំពេញ និងអះអាងថា អនាគតទីក្រុងរបស់កម្ពុជា នឹងធ្វើឲ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ពេញចិត្ត ចំពោះរាល់គម្រោងដែលកើតមានឡើង។

 

កញ្ញា Guo Min ប្រធានផ្នែកអភិវឌ្ឍ និងជានាយកផ្នែកទីផ្សារក្រុមហ៊ុន លីងណាន បានពន្យល់អំពីសក្តានុពល គំរោងរបស់ក្រុមហ៊ុនផងដែរ ក្នុងទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ដែលមានអាគារកំពស់រហូតដល់៣៣ជាន់។

កញ្ញាបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនជឿជាក់ និងដាក់ទុនវិនិយោគលើវិស័យនេះនៅកម្ពុជា ដោយសារមើលឃើញពីភាពរីកចម្រើន និងតម្រូវការខ្ពស់របស់ប្រជាជនកម្ពុជាក្នុងការរស់នៅបែបទាន់សម័យ និងផាសុខភាពជាដើម ពិសេសដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថានភាពនយោបាយកាន់តែល្អប្រសើរ។

វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំង ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ចជាតិ និងច្បាប់​វិនិយោគដ៏ទាក់ទាញ៕

 

រដ្ឋាភិបាលរុស្សី ចាប់ផ្តើមប្រកួតប្រជែងសាងសង់អាគារខ្ពស់ជាមួយប្រទេសនានា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលទីក្រុងម៉ូស្ដូ បានផ្តល់អាជ្ញាប័ណជាផ្លូវការក្នុងការសាងសង់អគារខ្ពស់កប់ពពកមួយទៀត នៅក្នុងតីក្រុងនៅក្នុងតំបន់សេដ្ឋកិច្ចរីកចម្រើនៃទីក្រុងម៉ូស្ដូ ជាអ្វីដែលប្រទេសនេះកំពុងពង្រីកឧត្តមភាព និងប្រកួតប្រជែងជាមួយប្រទេសរីក​ចម្រើននានា។

អាគារនេះ ដែលនឹងត្រូវសាងស់នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងមានកំពស់រហូតដល់៤០៤ ម៉ែត្រ ហើយវាត្រូវបានគេអោយឈ្មោះអគារនេះថា Moscow City។

ស្ថាបត្យករសំណង់ លោក Sergey Skuratov បានលើកឡើងថា ការគូប្លង់នឹងត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ ហើយវានឹងអាចចាប់ផ្តើមសាងសង់នៅក្នុងដើមឆ្នាំ ២០១៩ខាងមុខនេះ។  លោកបន្តថា ការសាងសង់អគារនេះ នឹងត្រូវប្រើពេលចំនួន៦ឆ្នាំ ទើបសាងសង់បញ្ចប់ ពោលគឺនៅក្នុងឆ្នាំ២០១៤ នឹងសម្ពោធដាក់អោយដំណើរការជាផ្លូវការ។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងខ្ពស់ជាងអគារបញ្ចប់ អគារ Federation Tower ដែលមានកម្ពស់ត្រឹមតែ៣៧៣ម៉ែត្រប៉ុណ្ណោះ។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យនេះ នឹងប្រើប្រាស់មជ្ឈមណ្ឌលផ្សារទំនើប ការិយាល័យធ្វើការ និងការិយាល័យពាណិជ្ជកម្មជាដើម។

បន្ថែមពីនេះទៀត នៅជាន់ខាងលើនៃអាគារនេះគឹសម្រាប់ធ្វើជាលំនៅដ្ឋាន កន្លែងទស្សនាទេសភាពទីក្រុង និងនៅជាន់លើបង្អស់សម្រាប់ចតឧត្ថម្ភភាគចក្រ។ តែយ៉ាងណាក៏ដោយគេមិនបានបង្ហាញពីការប្រើប្រាស់ ចំនួនថវិកាប៉ុន្មាននោះទេ ក្នុងការសាងសង់អគារដ៏ទំនើបមួយនេះ ខណៈគេកំពុងរចនប្លង់សំខាន់ៗនៃអគារទាំងមូល៕

ក្រុមហ៊ុនជាតិ អន្តរជាតិ នឹងចូលរួមពិព័រណ៌សំណង់ និងស្ថាបត្យកម្មនៅខែកញ្ញាខាងមុខនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនជាតិ អន្តរជាតិចំនួន៣៥០នឹងចូលរួមក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៌ផ្នែកស្ថាបត្យកម្មអាគារ និងសំណង់អន្តរជាតិធំជាងគេបំផុតនៅកម្ពុជា ដោយបានផ្តោតការយកចិត្តទុកដាក់ពីគំនិតច្នៃប្រឌិត ការរចនា និងការបង្ហាញទស្សនៈវិស័យទីក្រុងវៃឆ្លាត។

នាយកក្រុមហ៊ុន ABM Tarsus Events Group លោក Andrew Siow បានថ្លែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំពិព៌ណស្ថាបត្យកម្ម និងសំណង់នាព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៨ នេះថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ គោលនយោ​បា​យអភិវឌ្ឍនវិស័យអចលនទ្រព្យ ការរៀប​ចំតាំងពិព័រណ៍ផ្នែកស្ថាបត្យកម្មអាការ និងសំណង់ខ្នាតអន្តរជាតិធំបំផុតនៅកម្ពុជា គឺបានផ្តោតការយកចិត្តទុកដាក់ អំពីគំនិតច្នៃប្រឌិត និងការរចនា និងការបង្ហាញទស្សនៈវិស័យទីក្រុ វៃឆ្លាត ពោលគឺការជម្រុញអភិវឌ្ឍន៍ទីក្រុងស្អាតមានសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព អមដោយបិរស្ថានល្អ សម្រាប់អ្នករស់នៅទីក្រុងជាដើម។

លោកបន្តថា “នៅក្នុងព្រឹត្តិការណ៍នេះ ស្ថាបត្យករ អ្នករចនា អ្នកអភិវឌ្ឍន៍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ នឹងមានឱកាសបានទស្សនាការផ្គត់ផ្គង់ផលិតផលថ្មីៗជាមួយប   ច្ចេកវិទ្យាទទួលបានភាពច្នៃប្រឌិត នៅក្នុងឧស្សាហកម្មសំណង់”។

រដ្ឋលេខាធិការក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់លោកបណ្ឌិតភឿង សុភ័ណ្ឌបានថ្លែងថា ស្របពេលដែលប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងមានសុខសន្តិភាពសណ្តាប់ធ្នាប់ពេញលេ​ញ ការអភិវឌ្ឍន៍លើវិស័យសំណ​ង់ ស្ថាបត្យកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតទីក្រុងថ្មីៗ គឺបានចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រ និងការកាត់បន្ថយនូវចំណាកស្រុកជាដើម។

លោកបន្តថា “វិស័យសំណង់ ជាវិស័យមួយ ដែលបានជួយដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ផងដែរ”។

ការរៀបចំព្រឹត្តិការណ៍តាំង ពិពណ៌ផ្នែកស្ថាបត្យកម្មអាគារ និងសំណង់អន្តរជាតិធំជាងគេបំផុតនៅកម្ពុជា គ្រោងប្រព្រឹត្ត ទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាតពិព៌ណកោះពេជ្រ៕

ក្រុមហ៊ុនជីបម៉ុងវិនិយោគទឹកបា្រក់ជិត ២៥២លានដុល្លារអាមេរិក លើគំរោងចំនួន៥

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុនជីពម៉ុង គ្រុបបានប្រកាសវិនិយោគទឹកប្រាក់២៥២លានដុល្លារអាមេរិកលើគំរោងជាច្រើនរបស់ខ្លួន ដែលភាគច្រើនជាគំរោងលំនៅដ្ឋាន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងក្នុង ពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិរបស់ខ្លួន ជីព ម៉ុងមេហ្កាម៉លនាព្រឹកថ្ងៃទី៣០ សីហានេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនជីបម៉ុងគ្រុបបានវិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកបា្រក់ចំនួន២៥២លានដុល្លារអាមេរិក ដែលការវិនិយោគនេះផ្តោតលើគំរោងជាច្រើន ដូចជា ជីពម៉ុងមុន្នីវង្សស៊ុភើម៉ាឃីត ជីពម៉ុងបាក់ទូកម៉ល ជីព ម៉ុងសែនសុខម៉ល ជីព ម៉ុង៥៩៨ម៉ល និងជីបម៉ុង២៧១មេហ្គាម៉ល។

លោកបន្តថា “សម្រាប់គំរោងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល នឹងលេចចេញជារូបរាងឡើងក្នុងឆ្នាំ២០២០ ដើម្បីបម្រើតម្រូវការសាធារណៈជន ក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ ដែលពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ចមួយនេះ”។

ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជដ៏ធំនេះ នឹងត្រូវបានសាងសង់ក្នុងបរិវេណគម្រោងដឺលែនម៉ាក២៧១ ដែលហ៊ុព័ទ្ធទៅដោយតំបន់លំនៅដ្ឋានប្រណីត រាប់រយខ្នង អាគា​រពាណិជ្ជកម្ម សណ្ឋាគារលំដាប់អន្តរជាតិ ខុនដូទាន់សម័យ និងអគារការិយាល័យដ៏ទំនើបផងដែរ។

 

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គម្រោងថ្មីដែលមានទំហំ២០០លានដុល្លារអាមេរិក នៅលើផ្ទៃដី៤១ហិចតា ចាត់ទុកថាជាគម្រោងមួយបានរៀបចំឌីហ្សាញ ក្នុងការធ្វើផ្សារទំនើបនេះមានភាពទាន់សម័យ ហើយចាត់ទុកថាទីតាំងនេះ ជាកន្លែងមកកាន់ទីផ្សារ និងកន្លែងជួបគ្នា ជាមួយនឹងគម្រោងសាងសង់នេះ។

លោកបន្តថា “គម្រោងនេះ បានរួមចំណែកជាមួយនឹងការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ដែលធ្វើឲ្យវិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត”៕