គំរោងវិនិយោគតម្លៃ១០០០លានដុល្លារត្រូវបានអនុម័តក្នុងរយៈ ពេល២ខែដើមឆ្នាំនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​​រយៈ​ពេល២​ខែ​ដើម​ឆ្នាំ ​២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងចំនួន១១២គម្រោង​ និង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ១ពាន់​លាន​ដុល្លារ​។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ និងអាចបង្កើតការងារបាន២៥ពាន់កន្លែង។

ក្នុងចំណោមគំរោងទាំងនោះ គម្រោងវិនិយោគ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២១គម្រោង និង​ក្នុងតំបន់សេដ្ឋកិច្ចពិសេស២៣គម្រោង។

ជារួម​ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគ បាន​កើនឡើងចំនួន៧គម្រោង បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤​។

ចំនួនគម្រោង​វិនិយោគរយៈពេល២ខែដើមឆ្នាំនេះ មានការកើនឡើង៤៣​គម្រោង  ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤​។

យោង​តាមCDCគម្រោង​ធំៗ ​ដែល​បាន​អនុម័ត​ក្នុង​ខែ​កុម្ភៈ មាន​ដូចជា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ៍ ​ផលិត​អគ្គិសនីដើរ​ដោយ​ថាម​ពល​ព្រះ​អាទិត្យ​ នៅ​​ស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ទុន​វិនិយោគ ៣៣​លាន​ដុល្លារ គម្រោងវិនិយោគ​បង្កើតរោងចក្រ កែច្នៃលោហធាតុ ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ទុន​វិនិយោគ ៣១​លាន​ដុល្លារ គម្រោង​វិនិយោគបង្កើតរោងចក្រ​កាត់ដេរ ចាក់សម្លៀកបំពាក់ និង​ជ្រលក់ពណ៌ នៅ​ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ទុន​វិនិយោគ១៨​លាន​ដុល្លារ។ គម្រោងវិនិយោគ ​បង្កើតរោងចក្រផលិតឧបករណ៍ និង​សម្ភារ​ប្រើ​ប្រាស់​ធ្វើ​ពីលោហៈ និង​ប្លាស្ទិក នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ចេជាង មាន​ទុន២២​លាន​ដុល្លារ និង​គម្រោង​វិនិយោគបង្កើតរោងចក្រ​ផលិតគ្រឿង​សង្ហារិម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្វ័រសុន ហ្គីហ្គា(ខេត្ត​ស្វាយរៀង) មាន​ទុន​វិនិយោគ១៦,៨លាន​ដុល្លារ ជា​ដើម​។​

ក្នុង​ចំណោម​គម្រោងដែលCDC ​អនុម័ត​ក្នុង​ខែ​កុម្ភៈ គឺ​មាន​ប្រ​ភព​ទុន​មក​ពីវិនិយោគិន​ចិន​ចំនួន ៨៦,៧៥​ភាគរយ, សិង្ហបុរី ១១,៩៧​ភាគរយ, អូស្រ្តាលី០,៨​ភាគរយ និង​អង់គ្លេស ០,៤៨​ភាគរយ​។​

ភាគ​ច្រើន​នៃ​គម្រោងទាំង៤៤ ស្ថិត​ក្នុង​ខេត្តស្វាយរៀង ​កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ តាកែវ ​ព្រះសីហនុ និង​ខេត្ត​កំពង់​ឆ្នាំង។

ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង៣២១លាន​ដុល្លារ គឺ​ក្នុង​វិស័យ​ឧស្សាហកម្ម មាន​ចំនួន២៨៨​លាន​ដុល្លារ ក្រៅ​ពី​នោះ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​។​

កាលពី​ឆ្នាំ​ ២០២៤ បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤ គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ដែល​មាន​ចំនួន២៦៨គម្រោង។

ទុន​វិនិយោគ​សរុប​របស់​គម្រោង​ទាំង៤១៤ គឺ​​ប្រមាណ៦,៩ ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ៕

តម្លៃផ្ទះនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកើនឡើង ស្របពេលការផ្គត់ផ្គង់ដាំក្បាលចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយបានរកឃើញថា តម្លៃផ្ទះថ្មីជាមធ្យមនៅតំបន់កណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើង២,៤ភាគរយនៅក្នុងខែកុម្ភៈឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់ចំនួន៧៨,៥៩លានយ៉េនក្នុងមួយយូនីត (ប្រហែល៥៣៤.០០០ដុល្លារ)។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Tokyo Kantei ទៅលើផ្ទះទោលថ្មី(Detached house) ដែលស្ថិតលើទំហំផ្ទៃដីចន្លោះពី៥០ម៉ែត្រការ៉េទៅ១០០ម៉ែត្រការ៉េក្នុងសង្កាត់ចំនួន២៣ របស់ទីក្រុងតូក្យូ។

ជាមួយគ្នានេះ តម្លៃផ្ទះទោលថ្មីជាមធ្យមនៅទូទាំងទីក្រុងតូក្យូបានកើនឡើង១,៥ភាគរយនៅក្នុងខែកុម្ភៈបើធៀបនឹងខែមករា ដល់ទំហំទឹកប្រាក់ចំនួន៦៨,៦៥លានយ៉េនក្នុងមួយយូនីត(ប្រហែល៤៦៥.៩៧២ដុល្លារអាមេរិក)។

យោងតាមអ្នកជំនាញមួយរូបនៅក្រុមហ៊ុន Tokyo Kantei បានអះអាងថា “ខណៈតម្លៃខុនដូកើនឡើងខ្ពស់កប់ពពក គ្រួសារដែលមានជីវភាពធូរធារបានងាកមកជ្រើសរើសទិញផ្ទះទោលនៅក្នុងតំបន់ ដែលមានមធ្យោបាយធ្វើដំណើរងាយស្រួល”។

ស្របពេលមានការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងតម្លៃកម្លាំងពលកម្ម បណ្តាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរបស់ប្រទេសជប៉ុនកំពុងកាត់បន្ថយការផ្គត់ផ្គង់គម្រោងរបស់ខ្លួននៅតាមទីតាំងមួយចំនួន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia។

ការណ៍នេះបាននាំឱ្យការផ្គត់ផ្គង់ផ្ទះទោលថ្មីនៅទូទាំងទីក្រុងតូក្យូដាំក្បាលចុះ២៤ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បើប្រៀបធៀបនឹងឆ្នាំមុន។

តម្លៃផ្ទះជាមធ្យមនៅក្នុងខេត្ត Kanagawa នៅជាប់នឹងទីក្រុងតូក្យូមានទំហំទឹកប្រាក់ចំនួន៤៩,៥៤លានយ៉េនក្នុងមួយយូនីតកាលពីខែកុម្ភៈ ដោយកើនឡើង០,២ភាគរយ បើធៀបនឹងខែមករា។

ជាមួយគ្នានេះ តម្លៃផ្ទះជាមធ្យមនៅក្នុងខេត្ត Saitama កាលពីខែកុម្ភៈបានកើនឡើង០,៨ភាគរយដល់ទំហំទឹកប្រាក់ចំនួន៤៤,១៦លានយ៉េនក្នុងមួយយូនីត៕ប្រភព: Nikkei Asia៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានជំរុញឱ្យតម្រូវការមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់២៩១៧,៧៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១២ភាគរយដល់២៩២៤,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៥៩ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,២៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦ភាគរយដល់៣៣,៣៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,១៩ភាគរយដល់៩៩១,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៩ភាគរយដល់៩៥១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥១នាទីព្រឹក៕

តម្លៃជួលលំនៅដ្ឋាននៅក្នុងទីក្រុងប៉េកាំង និងទីក្រុងសៀងហៃដាំក្បាលចុះនៅខែកុម្ភៈ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ឱ្យដឹងថា តម្លៃជួលលំនៅដ្ឋាននៅក្នុងប្រទេសចិនបានដាំក្បាលចុះ ដោយសារការចាកចេញរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ និងជនបរទេស។

តួយ៉ាង តម្លៃជួលផ្ទះល្វែងជាមធ្យមនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងប៉េកាំង បានដាំក្បាលចុះ១៧ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន មកនៅត្រឹមតម្លៃចំនួន១១.៣៨៥យ័ន(ប្រហែល១.៧៥០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ជាមួយគ្នានេះ កាលពីខែកុម្ភៈ តម្លៃជួលផ្ទះល្វែងជាមធ្យមនៅក្នុងតំបន់ Dawanglu និងតំបន់ Jianguomen Wai នៃទីក្រុងប៉េកាំង បានធ្លាក់ចុះក្នុងអត្រា៦ភាគរយដូចគ្នា។ នេះ​បើ​យោង​តាម​ទិន្នន័យ​ ដែលចងក្រង​ឡើងដោយ​ទីភ្នាក់ងារអចលនទ្រព្យ Beike របស់ក្រុមហ៊ុន KE Holdings។

ចំណែក តម្លៃជួលផ្ទះល្វែងជាមធ្យមនៅក្នុងតំបន់ Lujiazui ស្ថិតនៅសង្កាត់ Pudong ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់ទីក្រុងសៀងហៃបានធ្លាក់ចុះ៨ភាគរយ ខណៈតម្លៃជួលផ្ទះនៅក្បែរវិហារបុរាណ Jingan បានដាំក្បាលចុះ១៣ភាគរយកាលពីខែកុម្ភៈ។

លោក Lu Wenxi អ្នកវិភាគនៅក្រុមហ៊ុន Centaline Property បានអះអាងថា “ការធ្លាក់ចុះនៃតម្លៃជួលផ្ទះនៅតំបន់ទាំងនេះមិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះទេ។ប៉ុន្តែ តម្លៃជួលបានធ្លាក់ចុះ គិតចាប់តាំងពីការបិទខ្ទប់ប្រទេសចិន ដោយសារជំងឺរាតត្បាតកាលពីប៉ុន្មានឆ្នាំមុន”។

លោក Lu បានអះអាងឱ្យដឹងបន្ថែមថា “ជាធម្មតា កាលពីមុន អាផាតមុិនសម្រាប់ជួល ដែលមានតម្លៃចន្លោះពី១២.០០០យ័នទៅ១៣.០០០យ័នក្នុងមួយខែ នឹងអាចស្វែងរកអ្នកជួលបានក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ”។

ប៉ុន្តែ អ្នកវិភាគនៅក្រុមហ៊ុន Centaline Property រូបនេះបានគូសបញ្ជាក់ថា “ក្នុងពេលបច្ចុប្បន្ន គេត្រូវចំណាយពេលយូរជាងនេះទម្រាំអាចស្វែងរកអតិថិជនបាន”៕ប្រភព: SCMP៕

ជំទាវឧកញ៉ាគង់ សំណាង បង្ហើបចំណុចលេចធ្លោចំនួន៣របស់បុរី វិមានសំណាង

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជំទាវឧកញ៉ា គង់ សំណាង បានលើកឡើងពី កត្តាធំៗ៣ដែលបុរី វិមានសំណាង ត្រូវបានអតិថិជនគាំទ្រ និងសរសើរមិនដាច់ពីមាត់។

    ចំណុចពិសេស និងលេចធ្លោទាំងនោះរួមមានដូចជា ទី១ បុរី វិមានសំណាង ស្ថិតនៅតំបន់ដែលមានសក្កដានុពលខ្ពស់ ខាងជើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥០០ម៉ែត្រ ដែលនៅជុំវិញហុំព័ទ្ធទៅដោយ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ផ្សារទំនើបម៉ាក្រូ សែនសុខ និងតំបន់អភិវឌ្ឍន៍បឹងតាមោក ដែលយើងបានឃើញថាក្រសួងជាច្រើនបានផ្លាស់ប្តូរទីតាំងមក។

ទី២ បុរី វិមានសំណាង មានម៉ូតវីឡាប្រណិតចំនួន៣គឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន ដែលបានរចនាម៉ូតតាមបែបក្លាសិក ដោយបានបញ្ចូលនូវការឌីស្សាញនូវម៉ូតបង្អួចធំៗ ដើម្បីស្រូបយកពន្លឺធម្មជាតិចូលទៅក្នុងផ្ទះ។

សម្រាប់វីឡាទោលបែបបារាំង ឬបែបក្លាសិកនេះត្រូវបានបំពាក់ទៅដោយល្បាក់ជ្រី និងក្បាច់រចនា ដែលបានបង្ហាញពីកិត្យានុភាពនៃការរស់នៅ ជាពិសេសការសាងសង់បែបនឹងមានតម្លៃថ្លៃ ប៉ុន្តែយើងចង់ផ្តល់បទពិសោធន៍ នៃការរស់នៅថ្មីដល់អតិថិជនទាំងអស់គ្នា។

ទី៣ បុរី វិមានសំណាង បានបន្តការសាងសង់ជារៀងរាល់ថ្ងៃ ជាពិសេសយើងបានប្រគល់ផ្ទះ ជូនទៅដល់អតិថិជនជាបន្តបន្ទាប់។ លោ​កជំទាវឧកញ៉ា បានបន្ថែមទៀតថា ចំណុចដែលយើងពិសេសជាងគេនោះគឺ គ្រប់ប្រភេទវីឡាទោលដ៏ប្រណិត របស់យើងទាំងអស់សុទ្ធតែមានប្លង់កម្មសិទ្ធិ ដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្លាំងមកលើ បុរី វិមានសំណាង។

សម្រាប់អតិថិជនដែលចាប់អារម្មណ៍ លើវីឡាប្រណិតណាមួយនៃបុរី វិមានសំណាង សូមទំនាក់ទំនងមកក្រុមការងារលក់តាមរយៈលេខទូរស័ព្ទ 011 62 6789៕

វិនិយោគិនចិនមកពីក្រុមហ៊ុនចំនួន១៩ពិចារណាធ្វើធុរកិច្ចនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រ​តិភូវិនិយោគចិនចំនួន១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេង នៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង ដើម្បីសិក្សាពីឱកាស និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។

ជំនួបនេះ មានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។

ក្រុមហ៊ុនទាំង១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្មសុខាភិបាល សំណង់និងអចលនទ្រព្យ បច្ចេកវិទ្យា ថាមពល បោះពុម្ពនិងវេចខ្ចប់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងធុរកិច្ច ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ លក់និងសេវាថែទាំរថយន្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

សមាគមអ្នកវិនិយោគវ័យក្មេង នៅខេត្តអ៊ីនណាន មានសមាជិកសរុបចំនួនប្រមាណ១.៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះ កំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

ក្នុងជំនួបនោះ លោកជា វុទ្ឋីបានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

លោកអគ្គលេខាធិការក៏បានគូសបញ្ជាក់ ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ៥០% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ លោកបានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក  ការកែច្នៃជ័រកៅស៊ូ…។ល។

មួយវិញទៀត លោកជា វុទ្ឋីបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល លើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច ក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

លោកអគ្គលេខាធិការក៏បានបង្ហាញជូន ពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគ ក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។

លោកបានមានប្រសាសន៍ថា នាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការ នឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។

បន្ថែមពីនេះ គណៈប្រតិភូដទៃទៀត ក៏បានធ្វើការណែនាំពីសាវ​តាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង។

ក្រុមហ៊ុនមួយស្នើសុំវិនិយោគរោងចក្រផលិតគ្រឿងសង្ហារឹម នៅខេត្តព្រះសីហនុ

ដោយៈ និស្ស័យ

    ព្រះសីហនុៈ អនុគណៈកម្មាធិការ​វិនិយោគ ខេត្តព្រះសីហនុ ដឹក​នាំដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមន្រ្តីជំនា​ញបានចុះពិនិត្យទីតាំង ស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅក្រុងកំពង់សោម។

ទីតាំងនេះ ស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាព ជួយសម្របសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំច្បាប់ អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនត្រូវអនុវត្តន៍ តាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

តាមរបាយការណ៍របស់ម្ចាស់សំណើ បានឱ្យដឹងថា​រោងចក្រផលិតគ្រឿងសង្ហាររឹម នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ៨០ នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានចុះពិនិត្យដំណើររោងចក្រផលិតអឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្ត ពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួល ជូនអ្នកវិនិយោគ ដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់ អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ៕

China’s property sector is showing positive changes, minister says

China’s property sector is showing positive changes and market confidence is improving, its housing minister said on Sunday, as policymakers try to set a more optimistic tone for the economy this year in the face of mounting U.S. trade pressure.

The comments come after several tough years for the once high-flying real estate sector, with property investment slumping the most on record last year and property sales and new construction falling at a double-digit pace, weighing heavily on economic growth.

At a press conference on the sidelines of an annual parliament meeting in Beijing, housing minister Ni Hong said that “since January and February, the real estate market maintained a positive trend of stopping declines and returning to stabilisation.”

China will not release early 2025 figures for housing sales and starts until March 17, but analysts at Nomura said in a recent note that sales and prices early this year were holding up better than expected in China’s biggest cities.

Still, analysts polled by Reuters last month expect home prices to drop further this year and do not expect a market recovery until 2026.
Some analysts estimate average home prices have slumped by 20-30% since a peak in August 2021.

That sparked severe cash crunches and led to incomplete projects, developer debt defaults and even public protests by homebuyers, hammering market sentiment.

Signs of stabilisation or even a mild rebound in the property market could help cushion China’s economy from the impact of mounting U.S. trade tariffs on Chinese goods.

Source: Reuters

ទីផ្សារការិយាល័យនៅក្នុងទីក្រុងញូវយ៉កស្ទុះងើបឡើងវិញ ខណៈបណ្តាក្រុមហ៊ុនធំៗគ្រោងពង្រីកការជួលបន្ថែមទៀត

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Bloomberg បានចុះផ្សាយថា តម្រូវការជួលការិយាល័យនៅសង្កាត់ Manhattan ដ៏ល្បីល្បាញនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានស្ថានភាពយ៉ាងល្អប្រសើរបំផុតនៅចន្លោះពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំនេះ ការជួលការិយាល័យសរុបនៅសង្កាត់ Manhattan មានទំហំផ្ទៃក្រឡាចំនួន៥,១៣លានហ្វីតការ៉េ (ប្រហែល៤៧៦.៦០០ម៉ែត្រការ៉េ)។ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក។

ការកើនឡើងនៃការជួលនេះបានជួយកាត់បន្ថយអត្រាការិយាល័យទំនេរនៅក្នុងទីក្រុងញូវយ៉កមកនៅត្រឹមចំនួន១៨,៤ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ ចំនួននេះមានការធ្លាក់ចុះ០,១ភាគរយបើប្រៀបធៀបនឹងខែមករា។

ទិន្នន័យវិជ្ជមានទាំងនេះបាននិងកំពុងផ្តល់សន្ទុះថ្មីមួយក្នុងការជំរុញឱ្យទីផ្សារអចលនទ្រព្យការិយាល័យនៅទីក្រុងញូវយ៉កស្ទុះងើបឡើងវិញ បន្ទាប់ពីបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត។

សុទិដ្ឋិនិយមបានកើតមានឡើង ខណៈបណ្តាក្រុមហ៊ុនធំៗនៅទីក្រុងញូវយ៉ក ដូចជា ធនាគារ JPMorgan Chase និងក្រុមហ៊ុន Major League Baseball បានជំរុញឱ្យបុគ្គលិករបស់ខ្លួនត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍។បណ្តាក្រុមហ៊ុនទាំង២នេះក៏កំពុងស្វែងរកជួលបន្ទប់ការិយាល័យបន្ថែមផងដែរ។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន Bloomberg Intelligence បានបង្ហាញឱ្យដឹងថា ចំនួនប្រមាណ៤១ភាគរយនៃនិយោជកនៅក្នុងទីក្រុងញូវយ៉កកំពុងរៀបចំផែនការក្នុងការពង្រីកការិយាល័យរបស់ពួកគេ៕ប្រភព: Bloomberg៕

ប្រទេសចិនបន្តផ្ទេរជំនាញដល់ធនធានមនុស្សនៅកម្ពុជាតាមរយៈគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន (CSCEC) ដែលជាអ្នកម៉ៅការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F បានក្លាយជាប្រភពនៃការផ្ទេរជំនាញផ្នែកវិស្វកម្មដល់ធនធានមនុស្សនៅកម្ពុជា។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា គម្រោងនេះជាប្រភពដ៏សំខាន់នៃការផ្ទេរជំនាញជាក់ស្តែងពីក្រុមវិស្វករ និងកម្មករជំនាញជនជាតិចិនមកកាន់ភាគីកម្ពុជា ហើយតាម​រយៈ​ព្រលាន​យន្តហោះ​ថ្មី​នេះ ចំណង​មិត្តភាព​រវាងកម្ពុជា និងចិន​នឹង​កាន់​តែ​មានភាពស្អិតរមួតបន្ថែមទៀត។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានតុបតែងដោយរចនាបថស្ថាបត្យកម្មខ្មែរ នឹងអាចទទួលស្វាគមន៍ជើងហោះហើរត្រង់រយៈចម្ងាយឆ្ងាយពីបណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងទ្វីបផ្សេងទៀត នៅពេលបើកសម្ពោធដាក់ឱ្យដំណើរការ។

ម៉្យាងវិញទៀត គម្រោងអាកាសយានដ្ឋានខ្នាតធំនេះបានជួយបង្កើតការងារជាច្រើនសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សានៅកម្ពុជា ដោយផ្តល់ឱកាសឱ្យពួកគេអាចធ្វើការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន។

ដោយមានការបោះទុនវិនិយោគពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១,៥ពាន់លានដុល្លារអាមេរិក កំពុងត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ២.៦០០ហិកតាស្ថិតនៅភាគខាងត្បូងនៃខេត្តកណ្តាល និងខេត្តតាកែវ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ការដ្ឋានសាងសង់បានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ២០២០ ខណៈគិតត្រឹមខែមីនា ឆ្នាំ២០២៥ ដំណាក់កាលទី១នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានសម្រេចវឌ្ឍនភាពនៃការសាងសង់ចំនួន៩៤,៣ភាគរយ។

ព្រលាន​យន្តហោះ​ថ្មី​នេះ​នឹង​មានសមត្ថភាពផ្ទុក​អ្នកដំណើរ​ប្រមាណ​១៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នៅដំណាក់កាល​ដំបូង​ ដែលគ្រោងនឹងបើកដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អនាគត និងលើកកំពស់វត្តមានរបស់កម្ពុជានៅលើឆាកពិភពលោក និងជំរុញគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ប្រភព: Xinhua៕