អង់គ្លេស​ចាប់​អារម្មណ៍​លើ​គម្រោង​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានជួបពិភាក្សាការងារជាមួយក្រុមការងារ ស្ថានទូតព្រើនថេនប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើអាទិភាវូបនីយកម្ម លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជំនួបនេះដឹកនាំដោយលោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារស្ថានទូតព្រើនថេនប្រចាំនៅកម្ពុជា ដែលមានតំណាងពីក្រុមហ៊ុនARUP និងTBI ដែលដឹកនាំដោយ លោក Andy Hodgson, Global Advisory Leader (ARUP) និង លោកស្រី Kathleen Kho, Director – Asia Pacific​ (TBI)។

ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង សិក្សាស្វែងយល់ពី (១) ផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (២) ការធ្វើអាទិភាវូបនីយកម្ម លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ (៣) ការពិនិត្យលទ្ធភាពក្នុងគាំទ្រ និងការអភិវឌ្ឍន៍គម្រោងអាទិភាព និង(៤) ផ្សេងៗ៕

ADB គាំទ្រ ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងសាធារណការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សុវត្ថិភាព​ផ្លូវដែក​នៅ​កម្ពុជា​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំជំនួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពីគម្រោងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពផ្លូវដែកនៅកម្ពុជា។

ជំនួបពិភាក្សានេះមានគោលបំណងពិភាក្សា និងពិនិត្យលើលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដល់ផែនការអាទិភាពរបស់កម្ពុជា     ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសុវត្ថិភាពផ្លូវដែក ព្រមទាំងកំណត់វិសាលភាព និងចំណុចអាទិភាពសម្រាប់ការរៀបចំ និងអនុវត្តគម្រោងមួយនេះប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ លោកជំទាវប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការរៀបចំគម្រោងជំនួយបច្ចេកទេសនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុវត្ថិភាពផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

តម្លៃផ្ទះជាមធ្យមរបស់ទីក្រុងគូឡាឡាំពួរហក់ឡើង ៥២ភាគរយក្នុងឆមាសទីមួយ

ដោយ: សហសេចិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីសម្រេចបានកំណើននៃការលក់ផ្ទះប្រណីតនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៦។ ការណ៍នេះបានជំរុញឱ្យតម្លៃផ្ទះជាមធ្យមរបស់ទីក្រុងហក់ឡើង ៥២ភាគរយដល់ចំនួន១,២លានរីងហ្គីត។

តម្រូវការ​លំនៅឋានប្រណីត​មាន​ភាព​រឹងមាំ។ ការលក់​ផ្ទះ​ដែល​មាន​តម្លៃ ៤ លាន​រីងហ្គីត ឬ​ច្រើនជាង​នេះ​បាន​ហក់ឡើង៥០ភាគរយក្នុងឆមាសទី១ បើ​ធៀប​នឹង​ឆ្នាំមុន។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃផ្ទះជាមធ្យមរបស់ទីក្រុងគូឡាឡាំពួរកើនឡើងយ៉ាងគំហុក។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំនៅក្នុងឆមាសទីពីរ ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ច អត្រាការប្រាក់ និងលក្ខខណ្ឌហិរញ្ញប្បទានមានស្ថេរភាព ការចំណាយគ្រួសាររឹងមាំ ទីផ្សារការងារមានស្ថេរភាព និងកំណើននៃតម្រូវការនៅក្នុងទីក្រុង Johor។

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង៦ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំនេះ កើនឡើងពី៥,៤% នៅក្នុងត្រីមាសទី១។ កំណើនសេដ្ឋកិច្ចម៉ាឡេសុីនៅក្នុងឆមាសទីមួយ បានឈានដល់៥,៧ភាគរយបើធៀបទៅនឹងកំណើន៤,៥ភាគរយក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

អត្រាភាពគ្មានការងារធ្វើនៅតែមានកម្រិតទាបក្នុងរង្វង់៣ភាគរយនៅក្នុងខែមិថុនា ដែលគាំទ្រដល់អំណាចនៃការទិញរបស់គ្រួសារ និងតម្រូវការលំនៅឋាន។

ទីក្រុង Johor ត្រូវបានគេរំពឹងថានឹងក្លាយជាទីផ្សារអចលនទ្រព្យដ៏រឹងមាំបំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដោយសារវត្តមានតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) និងផ្លូវរថភ្លើងល្បឿនលឿន Johor Bahru–Singapore RTS Link៕

ទីក្រុងញូវយ៉ក​ វ៉ាដាច់​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ​ជាទីក្រុង​មាន​បុគ្គលិកបច្ចេកវិទ្យា​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក

ដោយ: សហសេវិក
អន្តរជាតិ: ការរីកចម្រើននៃវិស័យបញ្ញាសិប្បនិម្មិត (AI) កំពុងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង្កើនចំនួនបុគ្គលិកយ៉ាងឆាប់រហ័ស ហើយការណ៍នេះកំពុងឃះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារការិយាល័យ។

យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីក្រុងញូវយ៉កមានកម្លាំងពលកម្មបច្ចេកវិទ្យាច្រើនជាងគេនៅសហរដ្ឋអាមេរិក ដោយមានបុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនបច្ចេកវិទ្យាប្រហែល៣៩៤.៣០០នាក់។

តួលេខនេះមានកម្រិតខ្ពស់ជាងបន្តិចបើធៀបនឹងតំបន់សាន់ហ្វ្រាន់ស៊ីស្កូ ដែលមានចំនួន៣៧៥.៧៣០នាក់។ នេះជាលើកដំបូងដែលទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងការវិភាគរយៈពេល១៣ឆ្នាំរបស់ក្រុមហ៊ុន CBRE។

ការ​ផ្លាស់​ប្តូរ​នេះ​មួយ​ផ្នែក​បណ្តាលមកពី​កម្លាំង​ពលកម្ម​បច្ចេកវិទ្យា​របស់​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​បាន​ធ្លាក់​ចុះ ខណៈ​ដែល​ក្រុមហ៊ុនបច្ចេកវិទ្យានៅ​ទីក្រុង​ញូវយ៉បុគ្គលិកធ្វើការក្នុងវិស័យបញ្ញា​សិប្បនិម្មិត​ (AI) បន្ថែម​ទៀត។

ការងារ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា AI កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ការងារ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា AI នៅ​សហរដ្ឋអាមេរិក និង​កាណាដា​បាន​ហក់ឡើង៤៥% ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ដោយ​ចំនួនបុគ្គលិកបានកើនដល់ ៧៥១.០០០ នាក់​គិត​ត្រឹម​ខែមិថុនា។

ការរីកចម្រើន​នៃ​បញ្ញា​សិប្បនិម្មិត (AI) ក៏​កំពុង​ជំរុញ​តម្រូវការ​ការិយាល័យ​ផងដែរ។ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក្រុមហ៊ុន​បញ្ញា​សិប្បនិម្មិត (AI) មាន​ចំណែក៥៨% នៃ​ការ​ជួល​ការិយាល័យ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​នេះ។

ក្រុមហ៊ុន AI មានទំនោរពេញចិត្តនឹងការបំពេញការងារដោយផ្ទាល់ ជាពិសេសដោយសារកិច្ចសហការ និងនវានុវត្តន៍មានសារៈសំខាន់ចំពោះការអភិវឌ្ឍ AI។ នេះកំពុងជួយទីផ្សារការិយាល័យរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូឱ្យងើបឡើងវិញ៕

មន្រ្តីជាន់ខ្ពស់​ការចុះពិនិត្យស្ថានភាព​ផ្លូវជាតិលេខ៧ ​ពីឃុំអូរគ្រៀង ​ខេត្តក្រចេះ ​ដល់ត្រពាំងក្រៀល​ ខេត្តស្ទឹងត្រែង​

ដោយៈ ចំណាន

ស្ទឹងត្រែងៈ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធា​រណការនិងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែង នៃកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៦,៦៣គម ចាប់ពីអូរគ្រៀង ខេត្តក្រចេះ រហូតដល់ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។

បេសកកម្មនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស វិស្វករក្រុមហ៊ុនទីប្រឹក្សាគម្រោង និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ប្រមូលទិន្នន័យបច្ចេកទេស និងពិភាក្សាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សា និងអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៧ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កំណាត់ផ្លូវនៃគម្រោងនេះ មានចំណុចចាប់ផ្តើមពី ឃុំអូរគ្រៀង ខេត្តក្រចេះ ត្រង់គ.ម៤២៤+៦៩០ តភ្ជាប់ទៅច្រកព្រំដែនអន្តរជាតិកម្ពុជា–ឡាវ ត្រពាំងក្រៀល–ណងណុកឃៀន ដោយមានប្រវែងសរុបប្រមាណ៩៦,៦៣គីឡូម៉ែត្រ ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ជំរុញកំណើនសេដ្ឋកិច្ច តភ្ជាប់រាជធានីភ្នំពេញ ទៅនឹងភូមិភាគឦសាន្ដនៃប្រទេស៕

ក្រសួង​រៀបចំសៀវភៅណែ​នាំ​គ្រូ​បង្រៀន​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រខ្មែរ​ក្រហម​សម្រាប់​មធ្យម​សិក្សា​ចំណេះទូទៅ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការនិងជាតំណាង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាណែនាំស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ”។

កិច្ចប្រជុំនេះ មានការចូលរួមពីគ្រូបង្រៀនប្រវត្តិសាស្ត្រ មកពីបណ្ដារាជធានីខេត្ត និងតំណាងក្រសួងស្ថាប័ន​ពាក់ព័ន្ធ លើការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម និងមន្ទីរស-២១ សរុបចំនួន៤១​នាក់។
គម្រោងនេះ សហការអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រ យុវជន និងកីឡា និងអង្គការយូណេស្កូភ្នំពេញ ព្រមទាំងមានការគាំទ្រពីសារមន្ទីរ US Holocaust Memorial Museum។

សិក្ខាសាលាណែនាំ ស្ដីពី “ការរៀបចំសៀវភៅណែនាំគ្រូបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់មធ្យមសិក្សាចំណេះទូទៅ” រៀបចំឡើងក្នុងបំណងប្រមូលធាតុចូល និងបទពិសោធន៍របស់លោកគ្រូ-អ្នកគ្រូបង្រៀនប្រវត្តិសាស្ត្រ លើកកម្ពស់សមត្ថភាព និង ទំនុកចិត្តដល់គ្រូបង្គោល ព្រមទាំងផ្ដល់វិធីសាស្ត្របែបសកម្ម ដើម្បីប្រើប្រាស់ក្នុងការបង្រៀន ឲ្យមានភាពទាក់ទាញចំណាប់អារម្មណ៍ និងផុសផុល។ ជាងនេះទៅទៀត គឺការបញ្ចូលការអប់រំសន្តិភាព និងភាពជាពលរដ្ឋសាកល៕

សម្តេចធិបតីៈ ខេត្តភាគឦសាន ​ទទួលបាន​គម្រោងចំនួន៧២គម្រោង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត​៣ពាន់​លានដុល្លារ​

ដោយៈ ចំណាន

   ក្រចេះ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា ក្រោមកម្មវិធីពិសេស សម្រាប់ការវិនិយោគនៅខេត្តភាគឦសាន ពេលនេះទទួលបានគម្រោងចំនួន៧២គម្រោង ដោយមានទុនវិនិយោគ សរុបជិត៣ពាន់លានដុល្លារ ក្នុងនោះខេត្តក្រចេះទទួលបានរហូត១៩គម្រោង។

សម្តេចបានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត១០០គីឡូម៉ែត្រ តម្លៃជិត៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា “គឹតត្រឹមថ្ងៃទី០៧ ខែសីហា កន្លងទៅនេះ គម្រោងវិនិយោគសរុប មានចំនួន៧២គម្រោង ក្នុងនោះ គម្រោងចំនួន៥៧ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី ដែលមានទុនសរុបនៅក្នុងគម្រោងទាំងនោះ ២,៧០០លានដុល្លារ”។

បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងស្នើសុំទាំង៧២គម្រោងនេះ អាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋជិត៨ម៉ឺនកន្លែង។

ដោយឡែក សម្រាប់ខេត្ដក្រចេះ មានចំនួន១៩គម្រោង ក្នុងនោះ គម្រោងចំនួន១៤ ត្រូវបានពិនិត្យ និងបន្ដនីតិវិធី សរុបទុន១,១០០លានដុល្លារ ដែលគ្រោងប្រើប្រាស់កម្មករ ជាង២,៦០០នាក់ ពេលគម្រោងទាំងនោះ ដាក់ឲ្យដំណើរការ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ទៅថ្ងៃមុខនឹងមានផែពហុបំណង នៅក្នុងខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹក។ ផែពហុបំណងនេះ ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ  “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៥”  ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្មវិធីនេះ មានគោលបំណងប្រែក្លាយភូមិភាគឦសាន រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល។ កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានចំនួនបីសំខាន់ៗ ទី១ កែប្រែមុខមាត់ខេត្តទាំងបួនឱ្យក្លាយជាខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។ ទី៣ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale)។

ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួនបីប្រភេទ រួមមាន៖ វិធានការផ្នែកពន្ធដារ និងពន្ធគយ ការផ្ដល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ និងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៕

សម្តេចធិបតី​​នឹង​អញ្ជើញ​សម្ភោធ​កំណាត់​ផ្លូវ​ខេត្តលេខ​៣៧៧​ និង​ផ្លូវ​ខេត្ត​លេខ​៣៧៧A​

ដោយៈ ចំណាន

ភ្នំពេញៈ បើសិនជាគ្មានការប្រែប្រួលទេនោះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់​ខ្ពស់ក្នុងពិធីសម្ភោធកំណាត់ផ្លូវខេត្តចំនួន២ នៅក្នុងមូលដ្ឋានខេត្តក្រចេះ។

ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០ គ.ម ក្នុងខេត្តក្រចេះ៕

ព័ត៌មានល្អៈ ​គម្រោង​ស្ពានទីក្រុងនរា​ អរិយក្សត្រ​ត្រូវ​បាន​បង្ហើប​ពី​ប្រវែង​ស្ពាន​ហើយ​ ខណៈ​ការសាងសង់​នឹង​ចាប់ផ្តើម​ចុង​ឆ្នាំ​នេះ​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ នៅទីបំផុតគម្រោងសាងសង់ស្ពាន តភ្ជាប់រវាងទីក្រុងនរា និងទីក្រុងMekong Qauy អរិយក្សត្របានបញ្ចប់ការឌីសាញហើយ។

ប្រភពព័ត៌មានច្បាស់ការណ៍ ពីក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងMekong Qauyអរិយក្សត្របានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងជម្រុញពន្លឿនការបើកការដ្ឋានសាងសង់ស្ពាននេះ ស្របពេលការសិក្សាបានបញ្ចប់ តាមផែនការរួចហើយ នៅឡើយតែនិតិវិធីមួយចំនួន។

លោកបញ្ជាក់ថា ស្ពាននេះមានប្រវែងប្រមាណ២គីឡូម៉ែត្រ ដែលស្ពានទី១ នឹងសាងសង់ឆ្លងកាត់ទន្លេមេគង្គ មានប្រវែងប្រមាណ១គីឡូ​ម៉ែត្រ និងពីទីក្រុងនរា ភ្ជាប់ជាមួយផ្លូវជាតិលេខ១ មានប្រវែងប្រមាណ១គីឡូម៉ែត្រផងដែរ។

លោកបញ្ជាក់ឲ្យដឹងទៀតថា “គម្រោងស្ពាននេះ មានទទឹង២៧,៥០ម៉ែត្រ និងជាប្រភេទស្ពានយោងដោយខ្សែកាប”។

ទីក្រុងMekong Qauy ស្ថិតនៅប្របទន្លេមេគង្គដែលមានប្រវែងជាង២គីឡូម៉ែត្រ។ ក្រុមហ៊ុន បាននិងកំពុងត្រៀមសាងសង់អាគារខ្ពស់កប់ពពគចំនួន៣ នាពេលខាងមុខផងដែរ ដែលគម្រោងនេះស្ថិតក្រោមការសហការរវាងក្រុមហ៊ុន និងរដ្ឋាភិបាលចិន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនសាងសង់ បានគូសបញ្ជាក់ថា គម្រោងសាងសង់ទីក្រុងMekong Qauy នឹងបែងចែកជាពីរផ្នែកដោយ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ប្រមូលផ្តុំដោយផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប ផ្សារទំនើបតាមដងទន្លេ តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ មានមជ្ឈមណ្ឌលអប់រំ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ នឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែង​បង្ហាញ​សិប្បកម្មក្នុងស្រុក រួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរ។

ផ្នែកទី២ សាងសង់លើផ្ទៃដី៧០ហិកតា គ្រោងទុកសម្រាប់​រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយ ដែល​មានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង៦គីឡូម៉ែត្រ ក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕

 

ទូតចិន ​និង ACU​ ប្តេជ្ញាចិត្ត​រួម​គ្នា​ការពារ​អ្នកធុរកិច្ចចិន​នៅ​កម្ពុជា​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្តេជ្ញាចិត្តរួមគ្នាការពារអ្នកវិនិយោគិនចិន នៅកម្ពុជា ដើម្បីគាំទ្របរិយាកាសវិនិយោគ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បាន សម្រាប់សហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ការប្ដេជ្ញានេះត្រូវបានលើកឡើង ក្នុងពីធីប្រគល់-ទទួល សម្ភារៈកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ របស់ភាគីចិន ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព./ACU) នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ លោកWang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាមួយសហគ្រាសចិនមួយចំនួននៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងប្រសិទ្ធភាព ចាត់វិធានការសកម្ម និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយគម្រោងដីធ្លី ដែលបានរាំងស្ទះដល់សហគ្រាសអស់រយៈពេលជាច្រើនឆ្នាំ។

លោកបន្តថា “ការណ៍នេះពិតជាបានការពារ នូវផលប្រយោជ៍ស្របច្បាប់ដល់សហគ្រាសចិននៅកម្ពុជា ហើយសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា កាន់តែច្រើឡើងបន្ថែមទៀត ហើយលោកបានសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យលើការប្រឆាំងអំពើពុករលួយ ដែលបានមកពីការខិតខំ”។

បើតាមឯកអគ្គរាជទូតចិន ភាគីចិនមានបំណងធ្វើការជាមួយកកម្ពុជា ក្នុងគោលបំណងជំរុញការកសាងផ្លូវនៃភាពស្អាតស្អំ និងបន្តផ្តល់ការគាំទ្រតាមលទ្ធភាព ដែលអាចធ្វើទៅបានជូនដល់ភាគីកម្ពុជា ក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស សម្ភារនិងបរិក្ខា ដើម្បីជំរុញកិច្ចការប្រឆាំងអំពើពុករលួយ។

លោកបញ្ជាក់ថា ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាប្រភពទុនវិនិយោគបរទេសដ៏ធំរបស់កម្ពុជា តាមទិន្នន័យក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានប្រមាណ២២,២៨ ពាន់លានដុល្លារ កើនឡើង២៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ជាមួយគ្នានេះ បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ប.ព.បានមានប្រសាសន៍ថា បរិយាកាសធុរកិច្ចប្រកប​ដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកបន្តថា ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។

លោកបន្តថា “ACUនឹងបន្តគាំទ្របរិយាកាសវិនិយោគ ប្រកបដោ​យសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បាន សម្រាប់សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដែលទង្វើនេះនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី”៕