តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិច ឬអាចនិយាយថា“ស្ថិតនៅទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយនានានៃគោលនយោបាយរូបិយវត្ថុពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២ភាគរយដល់២៦៤៤,៩៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៤ភាគរយដល់២៦៦០,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៥,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៦២ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចដល់១០៦,៩១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៥%ដល់៣០,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៦%ដល់៩៤២,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៧%ដល់៩៣៨,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍កំពុងរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យទេសចរណ៍របស់កម្ពុជាកំពុងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៤នេះ ដោយក្នុងនោះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានកើនឡើងជាលំដាប់ដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន៦លាននាក់ កើនឡើង២២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ផ្អែកលើនិន្នាការបច្ចុប្បន្ន កម្ពុជាត្រូវបានព្យាករណ៍ថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៦,៧លាននាក់គិតត្រឹមចុងឆ្នាំ២០២៤ លើសពីកម្រិតមុនផ្ទុះជំងឺកូវីដ-១៩ ដែលមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦,៦លាននាក់ក្នុងឆ្នាំ២០១៩។

នេះជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលខិតខំព្យាយាមស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល។

តើកំណើនវិស័យទេសចរណ៍មានឥទ្ធិពលដូចម្តេចលើសេដ្ឋកិច្ចកម្ពុជា?

ការងើបឡើងវិញនៃវិស័យទេសចរណ៍បានជះឥទ្ធិពលយ៉ាងសំខាន់លើសេដ្ឋកិច្ចកម្ពុជា ដោយរួមចំណែកដល់ការបង្កើតការងារ ការហូរចូលនៃរូបិយបណ្ណបរទេស និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការចំណាយរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនៅឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់លើសពី៥ពាន់លានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មជាច្រើន រួមទាំងបដិសណ្ឋារកិច្ច ការដឹកជញ្ជូន និងការលក់រាយ។

ឥទ្ធិពលជាវិជ្ជមាននៃកំណើនវិស័យទេសចរណ៍ ក៏សរបង្ហាញឱ្យឃើញផងដែរតាមរយៈការកើនឡើងនៃចំនួនសហគ្រាសធុនតូច និងមធ្យម ដែលបម្រើដល់អ្នកដំណើរ ចាប់ពីសណ្ឋាគារ និងភោជនីយដ្ឋាន រហូតដល់ប្រតិបត្តិករទេសចរណ៍ និងហាងសិប្បកម្ម។

ការណ៍នេះ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុងនាមជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​ជា​កត្តា​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។

តើកម្ពុជាអាចជួបប្រទះបញ្ហាប្រឈម និងមានទស្សនវិស័យដូចម្តេចនាពេលអនាគត?

ស្របពេលដែលតួលេខភ្ញៀវទេសចរណ៍កំពុងកើនឡើង វិស័យទេសចរណ៍របស់កម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួនដែលត្រូវតែដោះស្រាយ ដើម្បីរក្សាបានសន្ទុះនៃការងើបឡើងវិញ៖

ទី១: ចំនួនភ្ញៀវទេសចរណ៍ច្រើនហួសកម្រិត(Over-tourism)នៅក្នុងគោលដៅសំខាន់ៗ៖ ទីតាំងល្បីៗដូចជាប្រាសាទអង្គរវត្តអាចជួបប្រទះហានិភ័យបែបនេះ ដែលកម្ពុជាចាំបាច់ត្រូវមានវិធានការគ្រប់គ្រងចំនួនអ្នកចូលទស្សនា និងអភិរក្សបេតិកភណ្ឌវប្បធម៌។

និងទី២: ការប្រកួតប្រជែងនៅតំបន់អាស៊ាន៖ កម្ពុជាត្រូវតែបន្តធ្វើឱ្យប្រទេសរបស់ខ្លួនមានលក្ខណៈពិសេសខុសប្លែកពីបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលផ្តល់នូវភាពទាក់ទាញ និងបទពិសោធន៍ចម្រុះផងដែរ៕ប្រភព: Travel And Tour World៕

តើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ត្រាំ និងលោកចូបៃដិន មានស្ថានភាពខុសគ្នាបែបណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី តែងតែបានអះអាងថា លោកបានបង្កើតសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។

ស្របពេលដែលលោកត្រាំ នឹងត្រឡប់ទៅកាន់សេតវិមានវិញនៅខែមករា ឆ្នាំ២០២៥ ក្រុមសេដ្ឋវិទូបានធ្វើការប្រៀបធៀបរវាងស្ថានភាពសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយសេដ្ឋកិច្ចអាមេរិកក្រោមអាណត្តិទី១របស់លោកត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

សហរដ្ឋអាមេរិកក្រោមរដ្ឋបាលដំបូងរបស់លោក ដូណាល់ត្រាំ បានជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមដ៏ធំបំផុត ហើយវិបត្តិនេះបានបន្តអូសបន្លាយដល់ដើមអាណត្តិដំបូងរបស់លោក ចូបៃដិន។

ខាងក្រោមនេះជាសូចនាករសំខាន់ៗនៃសុខភាពសេដ្ឋកិច្ចអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំង២។

ទី១: កំណើនសេដ្ឋកិច្ច

ទោះបីជាផលប៉ះពាល់នៃជំងឺកូវីដបានធ្វើឱ្យការប្រៀបធៀបមានការពិបាកយ៉ាងណាក្តី ប៉ុន្តែ ប្រធានាធិបតីទាំងពីរអាចត្រូវបានចាត់ទុកថា ទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់មួយចំនួន។

បន្ទាប់ពីជំងឺរាតត្បាត សេដ្ឋកិច្ចអាមេរិកបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក ត្រាំ ហើយបានងើបឡើងវិញល្អប្រសើរជាងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀត។

និន្នាការនេះបានបន្តកើតមាននៅក្រោមការដឹកនាំរបស់លោក បៃដិន ដោយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានងើបឡើងវិញខ្លាំងបំផុតបើប្រៀបធៀបនឹងបណ្តាប្រទេសសមាជិកក្រុម G7 ផ្សេងទៀត។

នៅចន្លោះខែមករា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០២១ក្រោមអាណត្ដិដឹកនាំដំបូងរបស់លោកដូណាល់ត្រាំ អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមរបស់សហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់២,៣%។

ដោយឡែក គិតរហូតមកដល់ពេលនេះនៅក្រោមការគ្រប់គ្រងរបស់លោកចូបៃដិន តួលេខសេដ្ឋកិច្ចអាមេរិកមានអត្រាជាមធ្យមប្រចាំឆ្នាំចំនួន២,២% ដែលជាតួលេខប្រកៀកប្រកិតគ្នា។

ទី២: អត្រាអតិផរណា

តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំដំបូងក្រោមការដឹកនាំរបស់លោក បៃដិន ដោយឈានដល់កម្រិតកំពូលចំនួន៩,១% ក្នុងខែមិថុនា ឆ្នាំ២០២២។

បច្ចុប្បន្ននេះ អត្រាអតិផរណាបានធ្លាក់ចុះដល់ក្នុងរង្វង់ប្រហែល៣%។ ប៉ុន្តែ វានៅតែមានកម្រិតខ្ពស់ជាងពេលដែលលោក ត្រាំ ចាកចេញពីតំណែង។

ជាឧទាហរណ៍ ក្នុងកំឡុងរយៈពេល១២ខែ គិតត្រឹមខែសីហា ឆ្នាំ២០២២ តម្លៃគ្រឿងទេសបានកើនឡើង១៣,៥%។ នេះជាកម្រិតខ្ពស់បំផុតនៅក្រោមការគ្រប់គ្រងរបស់លោកបៃដិន។

ចាប់តាំងពីពេលនោះមក តម្លៃគ្រឿងទេសចាប់ផ្តើមមានស្ថិរភាពឡើងវិញ ខណៈការចំណាយលើគ្រឿងទេសកើនឡើង១,១% ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែកក្កដាឆ្នាំនេះ។

និន្នាការនាពេលថ្មីៗនេះអាចប្រៀបធៀបជាមួយនឹងបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀត ដែលបានជួបប្រទះនឹងបញ្ហាអត្រាអតិផរណាហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលជំរុញដោយជំងឺកូវីដ និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។

ទី៣: អត្រាអ្នកមានការងារធ្វើ

ក្នុងរយៈពេល៣ឆ្នាំដំបូងនៃអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ចំនួនការងារជិត៦,៧លានកន្លែងត្រូវបានបង្កើតបន្ថែម មុនពេលដែលវិបត្តិជំងឺឆ្លងកូវីដ-១៩ បានវាយលុកទីផ្សារការងារអាមេរិកយ៉ាងខ្លាំង។

ចំនួនការងារដែលបង្កើតថ្មីមានការកើនឡើងជិត១៦លានកន្លែងចាប់តាំងពីលោកប្រធានាធិបតី ចូបៃដិន បានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។

មុនពេលផ្ទុះជំងឺរាតត្បាត អត្រាគ្មានការងារធ្វើក្រោមរដ្ឋបាលលោក ត្រាំ បានស្ថិតក្នុងរង្វង់៣,៥ភាគរយ។ ដោយឡែក នៅក្រោមការគ្រប់គ្រងរបស់លោកបៃដិន អត្រាភាពអត់ការងារធ្វើបានធ្លាក់ចុះដល់ចំនួន៣,៤% ក្នុងខែមករា ឆ្នាំ២០២៣ ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាង៥០ឆ្នាំ។

ទី៤: ប្រាក់ឈ្នួល

ប្រាក់ឈ្នួលរបស់កម្មករអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សនៅដើមឆ្នាំ២០២០ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែ ការកើនឡើងនាពេលនោះត្រូវបានផ្សារភ្ជាប់ទៅនឹងកម្មករដែលមានប្រាក់ខែទាប។

ដោយឡែក នៅក្រោមរដ្ឋបាលរបស់លោកបៃដិន ប្រាក់ឈ្នួលប្រចាំសប្តាហ៍ជាមធ្យមរបស់កម្មករបានកើនឡើង។ ប៉ុន្តែ ប្រជាជនអាមេរិកនៅតែជួបប្រទះផលពិបាក ដោយសារការកើនឡើងនៃតម្លៃទំនិញ ដែលបណ្តាលមកពីអត្រាអតិផរណាដ៏ខ្ពស់៕ប្រភព: BBC៕

តើការជួលទីតាំងស្នាក់នៅចំកណ្តាលទីក្រុងបាងកក និងទីក្រុងហូជីមិញ មួយណាមានតម្លៃសមរម្យជាង?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានចុះផ្សាយថា ទីក្រុងបាងកក រាជធានីរបស់ប្រទេសថៃផ្តល់ជូននូវជម្រើសនៃការជួលទីតាំងស្នាក់នៅក្នុងតម្លៃសមរម្យជាងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ដែលខ្វះខាតជម្រើសស្រដៀងគ្នានេះ។

កាសែត Vnexpress បន្តថា ការជួលទីតាំងស្នាក់នៅចំកណ្តាលទីក្រុងបាងកកមានតម្លៃសមរម្យឆ្ងាយណាស់បើប្រៀបធៀបទៅនឹងការជួលទីតាំងស្នាក់នៅចំកណ្តាលទីក្រុងហូជីមិញ ជាពិសេសសង្កាត់ទី១ ឬសង្កាត់ទី៣នៃទីក្រុងហូជីមិញ។

តួយ៉ាង ការជួលបន្ទប់ស្នាក់នៅទំហំ២០ម៉ែត្រការ៉េនៅទីក្រុងបាងកក ដែលមានគ្រឿងបរិក្ខារជាមូលដ្ឋានដូចជាគ្រែ ទូខោអាវ តុ និងម៉ាស៊ីនត្រជាក់មានតម្លៃប្រហែល១៦០ដុល្លារអាមេរិកក្នុងមួយខែ។ លើសពីនេះ ការជួលអាផាតមុិន​ប្រណីត​​នៅរាជធានីមួយនេះមាន​តម្លៃ​ចាប់​ពី៥៥០ដុល្លារ ទៅ៨៣០ដុល្លារ​ប៉ុណ្ណោះក្នុង​មួយ​ខែ។

ផ្ទុយទៅវិញ ការស្វែងរកទីតាំងស្នាក់នៅនៅចំកណ្តាលទីក្រុងហូជីមិញ ជាបញ្ហាប្រឈម។ ភាពខុសគ្នាដាច់ស្រឡះនៃតម្លៃជាហេតុផលមួយ ដែលធ្វើឱ្យទីក្រុងបាងកក និងប្រទេសថៃទាំងមូលអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសចូលទៅទស្សនារាប់សិបលាននាក់ក្នុងមួយឆ្នាំៗ ព្រោះថា ភ្ញៀវទេសចរណ៍អាចស្វែងរកទីតាំងស្នាក់នៅក្នុងតម្លៃសមរម្យបានយ៉ាងងាយស្រួល។

មនុស្សមួយចំនួនអាចប្រកែកថា ការចំណាយទឹកប្រាក់ចំនួន១៦០ដុល្លារលើការជួលបន្ទប់ស្នាក់នៅទំហំ២០ម៉ែត្រការ៉េនៅទីក្រុងបាងកកជាតម្លៃខ្ពស់ពេកហើយ។ ប៉ុន្តែ ភ្ញៀវទេសចរណ៍ ឬប្រជាជនថៃ អាចជួលបន្ទប់រួមគ្នាជាមួយនរណាម្នាក់ផ្សេងទៀតដើម្បីកាត់បន្ថយការចំណាយបាន។

លើស​ពី​នេះ​ទៀត ប្រាក់​ឈ្នួល​នៅ​ទីក្រុងបាងកក​មានកម្រិតខ្ពស់​ជាង​នៅ​ប្រទេសវៀតណាម។ តួយ៉ាង បុគ្គលិកហាងតែគុជ (Bubble tea)នៅទីក្រុងបាងកកអាចរកបានប្រាក់ចំណូលប្រហែល៥២០ដុល្លារក្នុងមួយខែ។

ផ្ទុយទៅវិញ វាស្ទើរតែមិនអាចទៅរួចទេក្នុងការស្វែងរកបន្ទប់ជួលទំហំ២៤ម៉ែត្រការ៉េនៅចំកណ្តាលទីក្រុងធំៗដូចជារដ្ឋធានីហាណូយ ឬទីក្រុងហូជីមិញ ដែលមានគ្រែ ពូក ទូខោអាវ ម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារផ្សេងទៀតក្នុងតម្លៃត្រឹមតែ១៦០ដុល្លារក្នុងមួយខែ៕ប្រភព: Vnexpress៕

អ្នកវិភាគ: ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសចិន កំពុងឈានដល់ទីបញ្ចប់

ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត South China Morning Post បានចុះផ្សាយថា ការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនកំពុងឈានដល់ទីបញ្ចប់ ខណៈផ្នែកមួយចំនួននៃទីផ្សារអចលនទ្រព្យកំពុងបង្ហាញសញ្ញាវិជ្ជមានដ៏គួរឱ្យភ្ញាក់ផ្អើល។

តួយ៉ាង ការលក់ផ្ទះនៅទីក្រុងលំដាប់កំពូល ដូចជាទីក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំងកំពុងស្ទុះងើបឡើងវិញ ដែលការណ៍នេះបង្ហាញថា ប្រជាជនចិនកំពុងមានទំនុកចិត្តលើការវិនិយោគអចលនទ្រព្យជាថ្មីម្តងទៀត។

ការជំរុញគោលនយោបាយនៅក្នុងខែកញ្ញា និងការផ្លាស់ប្តូររចនាសម្ព័ន្ធពន្ធអចលនទ្រព្យកាលពីខែមុនបានជួយជំរុញការកើនឡើងដ៏ធំបំផុតនៃការលក់ផ្ទះនៅក្នុងខែវិច្ឆិកា។នេះបើយោងតាមទិន្នន័យផ្លូវការ។

ការស្ទុះងើបឡើងវិញនៃការលក់ផ្ទះថ្មីបានកើតមានឡើង ខណៈដែលក្រុមអតិថិជនបានសម្រុកទិញផ្ទះទាំងអស់នៅក្នុងគម្រោងលំនៅដ្ឋានប្រណីតមួយនៅទីក្រុងសៀងហៃកាលពីសប្តាហ៍មុន។

សញ្ញាវិជ្ជមានទាំងនេះកំពុងបង្កើនទំនុកចិត្តក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យ ដោយលុបបំបាត់ភាពអាប់អួរ ដែលបានហ៊ុមព័ទ្ធទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិនអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។

លោក Zhang Bo អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ 58 Anjuke បានលើកឡើងថា “ទីផ្សារបានដាំក្បាលចុះដល់បាត។ ហេតុនេះ ទីផ្សារនឹងមិនធ្លាក់ចុះបន្ថែមទៀតទេ ខណៈគោលនយោបាយលក់អចលនទ្រព្យបច្ចុប្បន្ន មានភាពធូររលុងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ”។

ទីក្រុងសៀងហៃបានកត់ត្រាការលក់ផ្ទះចំនួន២៧០.៥០០យូនីតនៅក្នុងខែវិច្ឆិកា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៤៤ខែ ខណៈទីក្រុង Shenzhen សម្រេចបានការលក់ផ្ទះដាច់បំផុតក្នុងរយៈពេល៤ឆ្នាំ ចំនួន៨.១០៩យូនីត។

ដោយឡែក ការលក់ផ្ទះនៅទីក្រុងប៉េកាំង សម្រេចបានចំនួន១៨.៧៦៣យូនីតក្នុងខែវិច្ឆិកា។ ចំនួននេះមានការកើនឡើង៥០ភាគរយបើធៀបនឹងឆ្នាំមុន៕ប្រភព: SCMP៕

បើកលក់ក្ដៅៗ! ឱកាសចំណេញចុងឆ្នាំពី បុរី ប៉េង ហួត ជាមួយគម្រោងថ្មី ម៉ូតផ្ទះថ្មី…!!!

កាលពីពេលកន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត ទទួលបានការគាំទ្រជាខ្លាំងជាមួយគម្រោង​ថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី​ 1 រួចមកហើយ ដោយលក់ជិតអស់ទាំងស្រុងផងដែរ។ ហេតុដូចនេះហើយ មុនឆ្នាំថ្មីចូលមកដល់ បុរី ប៉េង​ ហួត បានត្រៀម​បើកលក់ជាផ្លូវការនូវគម្រោងដ៏ថ្មី​សន្លាងមួយ ដែលមានម៉ូតផ្ទះថ្មីចុងក្រោយគេទៀតផង​ ជាមួយឱកាសចំណេញជូនដ៏ច្រើនសន្ធឹកសន្ធាប់។

កម្មវិធីបើកលក់ជាផ្លូវការដែលមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃទី 13-15 ខែធ្នូ ឆ្នាំ2024 ខាងមុខនេះ​នៅផ្ទះគំរូវីឡា ឃីង ហ្គ្រេន ក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញគេហដ្ឋាននាពេលចុងឆ្នាំនេះគឺដឹងតែត្រូវម៉ាច់ម៉ង។ ក្នុងកម្មវិធីនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនកាដូ ប្រូម៉ូសិនឈុតធំចុងឆ្នាំ ឱកាសចំណេញមិនធ្លាប់មាន បន្ថែមពីនេះលោកអ្នកក៏អាចជ្រើសរើសប្រភេទផ្ទះ និងទីតាំងបានមុនគេ ទទួលបានតម្លៃដំបូងដែលល្អបំផុត​ និងជាពិសេសអាចស្នើរបន្ថែមទំហំដីទៅតាមតម្រូវការទៀតផង។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ការអញ្ជើញចូលរួមកម្មវិធី លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះគំរូពិតនៃវីឡាម៉ូតថ្មីៗចុងក្រោយភ្លាមៗ​ ស្ដាប់ការធ្វើបទបង្ហាញអំពី​ប្រភេទផ្ទះក្នុងគម្រោងថ្មី អេកូ ប៉ូលី 2 និងអាចសាកសួរព័ត៌មានពីគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងមកកាន់​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

Video Link for Pre-Sales Event: https://youtu.be/J92Z5NIphNk

China’s housing market rout is ending as policy moves revive confidence, home sales

Some corners of China’s property market are showing surprising signs of life. Home sales in top-tier cities like Shanghai and Beijing are flying, suggesting consumers are spending on big-ticket items again, with the government throwing its full support.

A combination of policy stimulus in September and “pretty sizeable” changes in the property tax structure last month helped fuel the biggest surge in secondary market home sales in November, according to official data.

The “off-season” rebound has rubbed off on new home sales as buyers snapped up all units in a high-end Shanghai project this week.

These signals are changing sentiment among major players in the industry, lifting the gloom that has enveloped the housing market for much of the past four years. Is the worst finally over?

“The secondary market has finally hit the bottom,” said Zhang Bo, chief analyst at 58 Anjuke Real Estate Research Institute, adding that further sharp declines for lived-in homes are unlikely. “The policy environment for property sales is the most relaxed it has been in over a decade.”

Shanghai recorded 270,500 home sales in the secondary market in November, the highest level in 44 months, while Shenzhen had a four-year high of 8,109 sales. In Beijing, 18,763 lived-in homes changed hands, or 50 per cent more than a year earlier.

Source: SCMP

ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លា ស្រមតាមការបរិច្ចាគប្រចាំឆ្នាំជូនមន្ទីរពេទ្យកុមារអង្គរ

ក្នុងឆ្នាំ២០២៤នេះ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែមបានចំនួនប្រមាណជិត ១ម៉ឺនដុល្លារ ពីដៃគូសហការ និងសប្បុរសជន ដើម្បីកិច្ចគាំពារមន្ទីរពេទ្យកុមារអង្គរក្នុងការផ្ដល់សេវាសុខភាពដល់កុមារកម្ពុជាទូទាំងប្រទេសប្រមាណជាង ១០ម៉ឺនករណី ក្នុងមួយឆ្នាំៗ។

ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធី “រត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ”  ក្រោមការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងដៃគូសការឧបត្ថម្ភកម្មវិធីជាច្រើន រួមទាំងមានការចូលរួមពីសំណាក់សប្បុរសជនយ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោង ហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

នេះគឺជាលើកទី៤ សម្រាប់ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្លែងក្នុងកម្មវិធីរត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ លោកជំទាវ ហុង ដានី អគ្គនាយកាបុរីប៉េងហួតបានលើកឡើងថា <<យើងខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះនឹងរួមចំណែកទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ ក៏ដូចជាការផ្លាស់ប្ដូរជោគវាសនារបស់កុមារ ដែលកំពុងត្រូវការ-ការសង្គ្រោះ ដើម្បីឈានទៅរកអនាគតដ៏ភ្លឺថ្លាប្រកបដោយសុខភាពល្អរឹងមាំ។>>

          លោកជំទាវក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការឧបត្ថម្ភកម្មវិធី រួមទាំងសហការី ប៉េង ហួត គ្រុប និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្តចូលរួមក្នុងកម្មវិធី ដែលនេះបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតី      ខ្មែរជួយខ្មែរ និងសង្គមជាតិផងដែរ៕

ទីក្រុងដាណាងគ្រោងសាងសង់តំបន់ពាណិជ្ជកម្មសេរីពហុបំណងដំបូងបំផុតក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងដាណាង (Da Nang) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម គ្រោងនឹងពង្រីកយកដីទំហំ៣០០ហិកតាតាមរយៈការចាក់បំពេញដីទៅក្នុងសមុទ្រ ដើម្បីសាងសង់តំបន់ពាណិជ្ជកម្មសេរីពហុបំណងដំបូងបំផុតរបស់ប្រទេសនេះ។

ទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣ នៅប្រទេសវៀតណាម បន្ទាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានដាក់សំណើទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិដើម្បីស្នើសុំបង្កើតតំបន់ពាណិជ្ជកម្មសេរី ដោយបានព្យាករណ៍ថា តំបន់នេះនឹងចូលរួមចំណែកចំនួន២៥% នៃទំហំសេដ្ឋកិច្ចរបស់ទីក្រុងដាណាងនៅឆ្នាំ២០៥០។

តំបន់នេះនឹងលាតសន្ធឹងលើផ្ទៃដីចំនួន២.៣១៧ហិកតា ដោយបូករួមទាំងផ្ទៃដីចាក់បំពេញទៅក្នុងសមុទ្រចំនួន៣០០ហិកតា។

យ៉ាងណាមិញ ទីតាំង​សម្រាប់​ចាក់ដី​បំពេញនៅមិន​ទាន់ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ឡើយ ខណៈទីក្រុង​ដាណាងកំពុង​ធ្វើ​ការ​សិក្សា​យ៉ាង​ល្អិតល្អន់​ដើម្បី​បញ្ចប់​ផែនការ​វិនិយោគ និង​ពេលវេលា​កំណត់។

កន្លងទៅ ទីក្រុងដាណាងធ្លាប់បានចាក់បំពេញដីស្ថិតនៅសងខាងស្ពាន Thuan Phuoc សម្រាប់សាងសង់តំបន់ទីក្រុងថ្មី។

តំបន់ពាណិជ្ជកម្មសេរីក្រុងដាណាង ត្រូវបានគេរំពឹងថា នឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីពហុបំណងដំបូងបង្អស់របស់វៀតណាម ដែលរួមបញ្ចូលគ្នានូវមុខងារដូចជាកំពង់ផែ អាកាសយានដ្ឋាន និងសកម្មភាពឧស្សាហកម្មដែលតម្រង់ទិសលើការនាំចេញ។

រដ្ឋបាលទីក្រុងដាណាង រំពឹងថា តំបន់នេះនឹងគ្របដណ្តប់ចំណែកចាប់ពី៨%ទៅ៩% នៃទំហំសេដ្ឋកិច្ចរបស់ទីក្រុងដាណាងនៅឆ្នាំ២០៣០ និងចំណែក២៥% នៅឆ្នាំ២០៥០ និងបង្កើតឱកាសការងារចំនួន៤១.០០០កន្លែង និង១៣៧.០០០កន្លែងរៀងគ្នា។

គម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang នេះត្រូវបានគេរំពឹងថា នឹងចំណាយដើមទុនវិនិយោគអស់សរុបចំនួន៤០,៣ទ្រីលានដុង(ប្រមាណ១,៥៨ពាន់លានដុល្លារអាមេរិក)៕ប្រភព: Vnexpress៕

ខេត្តព្រះសីហនុរៀបចំវេទិកាទាក់ទាញការវិនិយោគជាមួយអ្នកធុរកិច្ចអន្តរជាតិ

ដោយៈ និស្ស័យ

   ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុនៅថ្ងៃទី១៧ ធ្នូនេះ។

វេទិកានេះ មានការចូលរួមពីអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ និងវិនិយោគិនជាតិនិងអន្តរជាតិ។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងវេទិកាវិនិយោគ នៅខេត្តព្រះសីហនុ ដែលមានមកពីប្រទេសចិន ប្រទេសកូរ៉េ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ ដែលជាតំបន់ ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាឱកាសដ៏វិសេសវិសាលនេះ។

វេទិកានេះ ក្នុងគោល បំណងបង្ហាញដល់វិនិយោគិន ដែលកំពុងវិនិយោគ និងវិនិយោគិនថ្មីៗទៀត ដែលចាប់អារម្មណ៍មកវិនិយោគ ក្នុងខេត្តព្រះសីហនុ លើសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដាក់ចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វេទិកាវិនិ យោគនៅខេត្តព្រះសីហនុ នាពេលនេះ នឹងដើរតួជាវេទិកាសម្រាប់ការសន្ទនា និងការផ្លា​ស់ប្តូរចំណេះដឹង ដែលអនុញ្ញាតឱ្យវិនិយោគិនបង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍ពិសេសនៃការវិនិ​យោគក្នុងខេត្ត រួមគ្នាស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា កំពុងជួបប្រទះ និងចាប់យកឱកាសល្អថ្មីៗបន្ថែមទៀត។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”  ជាលទ្ធផលក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្ត ទទួលបានសំណើសុំលើកទឹកចិត្តចំនួន២១៦គម្រោង ក្នុងនោះគម្រោងដែលទទួលបាន “លិខិតអនុញ្ញាតជាគោលការណ៍” ចំនួន ២១៣​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៦ពាន់លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។ ជាមួយគ្នានេះអនុគណៈកម្មាធិការវិនិយោគខេត្ត បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានចំនួន១០គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ១៤លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារអាមេរិក)។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ អគុណលេខាធិការដ្ឋានក្រុមការងារជំរុញ ការវិនិយោគខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ និងដៃគូពាក់ព័ន្ធ បានចូលរួមសហការរៀបចំវេទិកាវិនិយោគ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញសកម្ម ភាពសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុតាមរយៈការជំរុញវិនិយោគ ការអភិវឌ្ឋឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នូវវិធានការ និងយន្តការមានលក្ខណ: ជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ គឺជាឱកាសមានតម្លៃសម្រាប់ស្វែងយល់ ពីសក្តានុពលវិនិយោគក្នុងខេត្តព្រះសីហនុ ចក្ខុវិស័យរាជរដ្ឋាភិបាល ក្នុងការកែប្រែក្លាយខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍដ៏រស់រវើកក្នុងក្រខណ្ឌអាស៊ាន ខេត្តព្រះសីហនុមានការរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជឿនលឿន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ការធ្វើអាជីវកម្ម និងវិនិយោគ។ វេទិការនេះ ចែករំលែកនិងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍ពិសេស នៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រ សំខាន់ៗសម្រាប់របៀវារ:នៃ វេទិការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តោតលើ វិស័យចំនួន៥ ១.ការផលិត ២.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៣.ភស្តុភារកម្ម និងដឹកជញ្ជូន ៤.ហិរញ្ញវត្ថុធនាគារ និងអចលនទ្រព្យ និង៥.កសិកម្ម និងការកែច្នៃម្ហូបអាហារ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា វេទិការនេះបានផ្តល់កាលានុវត្តភាព ពិសេសជូនដល់វិនិយោគគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យចំនួន៥ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗ ដែលបាននឹងកំពុងវិនិយោគ និងប្រកបអាជីវកម្មដោយផ្ទាល់ ព្រមទាំងបានការទទួលឱ្យទៅទស្សនកិច្ចសិក្សា នៅទីតាំងផ្ទាល់ថែមទៀតផង ខ្ញុំសូមលើកទឹកចិត្តឱ្យលោក លោកស្រី និងអ្នកវិនិយោគទាញយកអត្ថប្រយោជន៍ ក្នុងការបង្កើតទំនាក់ទំនង ដើម្បីស្វែងទាញយកឱកាសពីសក្តានុពល នៃខេត្តព្រះសីហនុ តាមលទ្ធភាពជាក់ស្តែង៕