អ្នកឧកញ៉ាលី ឃុនថៃរៀបចំវេទិកាធុរកិច្ចពាណិជ្ជកម្មជាមួយខេត្តមួយរបស់ចិន ដើម្បីទាក់ទាញការវិនិយោគ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកឧកញ៉ាលី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានរៀបចំវេ​ទិកា​ធុរកិច្ច និងពាណិជ្ជកម្មចិនណាននីង-កម្ពុជា ក្នុងគោលបំណង​លើកកម្ពស់​ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងណាននីង តំបន់ស្វយ័ត​ក្វាងស៊ី ប្រទេសចិន។

តាមរយៈវេទិកាដែលបានប្រារពកាលពីថ្ងៃទី១៦ ធ្នូកន្លងមកនេះ អ្នកឧកញ៉ាលី ឃុនថៃ បានលើកបង្ហាញពីគោលនយោ​បាយវិនិយោគរបស់កម្ពុជា និងលក្ខខណ្ឌទាក់ទាញ ប្រកបដោយសក្តានុពល​ខ្ពស់ជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ថា “ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជា​ បន្តរក្សា​បានសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព”។ អ្នកឧកញ៉ាបន្តថា “បន្ថែមពីលើ​នោះ សេដ្ឋកិច្ចរបស់កម្ពុជា មានភាពធន់គួរឱ្យកត់សម្គាល់ ដោយអតិផរណា​រក្សាស្ថិរភាពនៅ ២.៣ភាគរយ នៅឆ្នាំ២០២៣ និងកំណើនសេដ្ឋកិច្ច ៥.៦​ភាគ​រយ ជាមួយការព្យាករណ៍ នឹងកើនឡើងដល់៦ភាគរយ នៅឆ្នាំ២០២៤”។

ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង​ចិន​ឈានដល់១២.៣៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជា​ទៅកាន់​ប្រទេសចិន ឈានដល់១.៤២ពាន់លានដុល្លារអាមេរិក កើនឡើង២១ភាគ​រយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសចិន ឈាន​ដល់១០.៩៥ពាន់លានដុល្លារអាមេរិក កើនឡើង២៣ភាគរយពី​មួយឆ្នាំទៅ​មួយឆ្នាំ។

អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងដែរថា គោលនយោបាយវិនិយោគ​នៅ​កម្ពុជាមានភាពបត់បែន ដែលក្នុងនោះកម្ពុជាមានស្ថេរភា​ពលើអត្រាប្តូរ​ប្រាក់។ កម្ពុជា ស្វាគមន៍រាល់ការវិនិយោគពីបរទេស កម្ពុជា​អនុញ្ញាតឱ្យក្រុម​ហ៊ុនបរទេស ដាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនចាំបាច់មានដៃ​គូក្នុង​ស្រុក។ ទន្ទឹមនឹងនេះ តម្លៃពលកម្មរបស់កម្ពុជាមានការ​ប្រកួតប្រជែង​ ដែល​ផ្តល់នូវគុណសម្បត្តិតម្លៃដ៏ល្អ សម្រាប់ផលិតកម្ម។

ដោយឡែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បន្តមានភាពប្រសើរឡើង រាជរដ្ឋា​ភិបាល​វិនិយោគច្រើនលើផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងណ្តាញ​អគ្គិសនីជាដើម។

តាមរយៈវេទិកាធុរកិច្ចនេះ បានផ្តល់ព័ត៌មានកាន់តែច្រើន​ពាក់ព័ន្ធ​ការ​វិនិ​យោគ​នៅកម្ពុជា ជូនដល់អ្នកធុរកិច្ចនៅប្រទេសចិន ហើយធ្វើឱ្យពួកគេចាប់​អារម្មណ៍លើការវិនិយោគនៅកម្ពុជាផងដែរ៕

អ្នកឧកញ៉ាសំ សុខនឿនៈតំបន់អរិយក្សត្រជាគ្រាប់ពេជ្រមិនទាន់ច្នៃ និងកំពុងបង្ហាញសក្តានុពល

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍កំពុងលេចធ្លោមួយរូប អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា តំបន់អរិយក្សត្រ ជាគ្រាប់ពេជ្រមិនទាន់ច្នៃ ដែលបាននិងកំពុងបង្ហាញសក្តានុពល។

អ្នកឧកញ៉ា ដែលជាប្រធានសម្ព័ន្ខក្រុមហ៊ុនSAM SN GROUPបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៧ ធ្នូនេះថា ស្របពេលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍នៅភាគខាងកើតរាជធានី លោកមានជំនឿថា តំបន់នេះ នឹងមានភាពទាក់ទាញកាន់តែខ្លាំង ហើយនៅពេលស្ពានសាងសង់បញ្ចប់ តំបន់នេះប្រៀបដូចគ្រាប់ពេជ្រដែលច្នៃរួច ហើយមាននឹងការអភិវឌ្ឍមិនចាញ់តំបន់ជ្រោយចង្វារនោះទេ។

អ្នកឧកញ៉ាបន្តថា “ដីនៅតំបន់ជ្រោយចង្វារបច្ចុប្បន្ន មានតម្លៃចន្លោះ៥០០ ទៅ១០០០ដុល្លារ និង២០០០ដុល្លារ ខណៈដីនៅតំបន់អរិយក្សត្រមានតម្លៃចន្លោះពី៥០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងទំហំដី។ ហេតុនេះពេលគំរោងទីក្រុងរណបMekong Quay សាងសង់បានលឿន និងស្ពានសាងសង់ចប់ តម្លៃដីនឹងកើនឡើងខ្ពស់”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ទីតាំងតំបន់អរិយក្សត្រ ជាតំបន់ដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍ ព្រោះបើគិតពីទីតាំងពីកោះពេជ្រគឺឆ្លងដល់តែម្តង ពិសេសមានលក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផល ដោយមានទីតាំងជាប់មាត់ទន្លេរ មានទេសភាពស្អាត និងខ្យល់អាកាស​ល្អ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា អរិយក្សត្រជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ចាប់អារម្មណ៍យូរមកហើយ បើទោះបីជាមិនទាន់មានគំរោងយក្សអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែអ្វីដែលអ្នកអភិវឌ្ឍន៍បាននិងកំពុងគិត គឺរង់ចាំស្ពាន ហេតុនេះនៅពេលស្ពានសាងសង់ ក្រុមហ៊ុនជាតិ អន្តរជាតិ នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅតំបន់អរិយក្សត្រ។

អ្នកឧកញ៉ាបញ្ជាក់ថា “ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកធំៗ កំពុងរង់ចាំស្ពាន ហើយនៅពេលស្ពានសាងសង់ តំបន់នេះនឹងមានការអភិវឌ្ឍ ពីអ្នកអភិវឌ្ឍន៍កន្លែងស្នាក់នៅ អាគារខុនដូ អាគារពាណិជ្ជកម្មកាន់តែច្រើន”។

អ្នកឧកញ៉ាបានបន្ថែមថា ដីនៅតំបន់នោះ មានតម្លៃសមរម្យនៅឡើយ ដែលងាយស្រូលសម្រាប់អភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឈន៍បុរីធំៗ នឹងសាងសង់ផ្ទះ ដែលមានតម្លៃល្អ សមរម្យ សម្រាប់បំរើសេចក្តីត្រូវការ និងស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់ប្រជាជនមានជីវភាពមធ្យមរបស់រដ្ឋាភិបាល៕

ហេតុអ្វីបានជាអតិថិជនជាច្រើនគាំទ្រ និងពេញចិត្តគម្រោងបុរី វិមានសំណាង?

អភិបាលខេត្តព្រះសីហនុបង្ហើបពីចំនួនអាគារជាប់គាំងដែលត្រូវបានសម្របសម្រូលឲ្យវិនិយោគបន្តនិងផែនការថ្មី

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានថ្លែងឱ្យដឹងថា គិតមកទល់ពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំង នៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។

លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៥ ធ្នូថា ក្នុងចំណោម១០១នោះ ក៏មាន៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់៦១អគារ នឹងបន្តសាងសង់នាពេលឆាប់ខាងមុខនេះ។

ទាក់ទងនឹងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេ​សពហុបំណង លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសពហុបំណង”។

ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមថា ជា “តារារះនាទិសនិរតី” ព្រោះខេត្តនេះមានទាំងឆ្នេរ សមុទ្រស្រស់ស្អាតជាងគេលើពិភពលោក និងមានសម្បត្តិវប្បធម៌ជាច្រើនផ្សេងទៀត។

លោកបន្តទៀតថា ខេត្តព្រះសីហនុ គ្រោងនឹងបង្កើតក្រុងមួយបន្ថែមទៀត គឺក្រុងកំពង់សោម។ លោក បានបន្តថា ក្រុងថ្មីនេះគឺកាត់ចេញពីឃុំចំនួន៥ ក្នុងស្រុកព្រៃនប់។

លោកបានមានប្រសាសន៍ ទាក់ទងនឹងផលិតផលក្នុងស្រុកសរុបរបស់ខេត្ត ដែលមានចំនួនសរុបប្រមាណ១,៦១៧លានដុល្លារ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងពីសម្បត្តិធម្មជាតិជាច្រើនដែលខេត្តព្រះសីហនុមាន រួមទាំងកោះនានាចំនួន៣២ ដែលអាចទាក់ទាញចិត្តភ្ញៀវទេសចរបានកាន់តែច្រើន៕

ក្រុមហ៊ុនចំណីអាហារ Thai President Foods គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅកម្ពុជា

សម្តេចធិបតីៈវិស័យអចលនទ្រព្យកំពុងងើបឡើងវិញបណ្តើរៗ

ដោយៈ ស៊ីវ ម៉េង

   កណ្តាលៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះវិស័យអចលទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកវិនិយោគបានបោះទុន កសាងទីក្រុងលើផ្ទៃដី២១០ហិកតា ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ Mekong Quay City នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការវិនិយោគសាងសង់ គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងប្រត្យក្ស អំពីការងើបឡើងវិញនៃវិស័យអចលទ្រព្យរបស់កម្ពុជា។

សម្ដេចលើកឡើងថា ការគិតគូរលើការងាររៀបចំដែនដី នគរូបនីយកម្ម គឺជាការងារមិនអាចដើម្បីឲ្យកម្ពុជា ក្លាយជាអរិយប្រទេសដែលជឿនលឿន និងរុ ងរឿង ជាការចាំបាច់ដែលប្រជាជនគ្រប់រូប ត្រូវមានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រ​ទាប់យុវជននាពេលបច្ចុប្បន្ន។

សម្តេចបញ្ជាក់ទៀតថា “ការងារនេះ គឺជាការងា​រឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់បានលំនៅឋានសមរម្យ”។

ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា “Mekong Quay City នឹងរួមចំណែក បំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង”។

ជារួម តាមរយៈការជួយបង្កើនភាពសកម្ម ​នៃវិស័យ​អចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយ​ផ្សព្វ​ផ្សាយវប្បធម៌ និងទេស​ចរណ៍របស់កម្ពុជាផង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្ម​ភាពសេដ្ឋកិច្ចផងដែរ។

សម្ដេចបានបង្ហាញសុទិដ្ឋិនិយមថា “ទៅថ្ងៃខាងមុខនៅភាគខាងកើតដងទន្លេមេគង្គ នឹងមានស្ថានភាពអភិវឌ្ឍន៍ និងអគារខ្ពស់ៗ មិនខុសខាងរាជធានីភ្នំពេញនោះឡើយ និងលើកទឹកចិត្តឲ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍន៍ នៅភាគខាងកើតដងទន្លេមេគង្គផងដែរ”៕

សម្តេចធិបតីជម្រុញការអភិវឌ្ឍន៍នៅភាគខាងកើតរាជធានីជាមួយនឹងការជម្រុញឲ្យវិស័យឯកជនចូលរួម

ដោយៈ គង់ សូរិយា

   កណ្តាលៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងបានលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ នៅភាគខាងកើតរាជធានីភ្នំពេញ។

សម្តេចបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងទីក្រុងរណបMekong QUAY នៅទីក្រុងអរិយក្សត្រនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ការអភិវឌ្ឍត្រូវយកចិត្តទុកដាក់ លើហេដ្ឋារចនាសម្ព័ន្ឋ ធ្វើផ្លូវឲ្យធំ ដែលក្រុមហ៊ុនសាងសង់ ទីក្រុងរណបលើទំហំផ្ទៃដី២១០ហិកតា គឺរក្សាទុកផ្ទៃដី១ភាគបី សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈជាការប្រសើរ។

សម្តេចបានបញ្ជាក់ថា “ប្រជាពលរដ្ឋរស់នៅមិនត្រឹមតែមានអាគារ មានកន្លែងស្នាក់នៅធម្មតាទេ តែឥលូវក៏គិតគូរដល់បរិស្ថានជុំវិញផងដែរ”។ សម្តេចបន្តថា “អញ្ចឹងការគិតគូរ លើសួនសាធារណៈ សួនបៃតង ក៏បានរៀបចំ ហើយរៀបចំកន្លែងលេងកីឡា គឺ​ជាការយកចិត្តទុកដាក់ ឲ្យប្រជាពលរដ្ឋរស់នៅគឺជាការល្អ”។

សម្តេចធិបតីបានបន្តថា បើនិយាយពីតម្លៃដីយើងឃើញច្រើន តែបើយើងគិតពីតម្លៃសេដ្ឋកិច្ច និងការរស់នៅ គឺផ្តល់ផលប្រយោជន៍ដល់កន្លែងវិនិយោគ។ សម្តេចបន្តថា នៅទីនេះ គឺត្រូវរៀបចំផែនការឲ្យបានល្អ ដោយសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីរៀបចំផែនការប្រើប្រាស់ដីធ្លីលំអិតថា តំបន់ណាតំបន់ពាណិជ្ជកម្ម តំបន់ណាតំបន់រស់នៅ តំបន់ណាតំបន់ពិព័ណ ពិសេសរៀបចំបណ្តាញផ្លូវសម្រាប់រថយន្តសាធារណៈឲ្យបានល្អ ព្រោះមធ្យោបាយសាធារណៈត្រូវតែមានផ្លូវធំទូលាយ ប៉ុន្តែបើជិះរថយន្តសាធារណៈនៅតែស្ទះជិះ តុក តុកស្រួលជាង។ នេះហើយជាការរៀបចំទីក្រុងថ្មី។

សម្តេចបន្តទៀតថា “ខ្ញុំសង្ឃឹមថាទិសខាងលិច និងទិសខាងកើត នឹងជាទីក្រុងថ្មី ហើយការរៀបចំទីក្រុងនេះ ត្រូវតែធ្វើឲ្យបានល្អ និងសម្រាប់ធ្វើជាគំរូដល់គំរោងអភិវឌ្ឍន៍ផ្សេងៗទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា “ខ្ញុំសូមលើកទឹកចិត្ត វិស័យឯកជនផ្សេងៗទៀត ចូលរួមអភិវឌ្ឍន៍នៅទិសខាងកើតឲ្យបានរីកចម្រើន”។ សម្តេចបន្តថា “ទាំងអស់នេះ មិនមែនជាការអភិវឌ្ឍត្រឹមសាងសង់អាគារទេ តែវាបានផ្តល់អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋរបស់យើង ហើយប្រែក្លាយពីកន្លែងដែលដុះស្មៅចោល តែ១០ឆ្នាំទៀតជាកន្លែងដែលដុះអាគារ សួនសាធារណៈ មណ្ឌលសុខភាព ជាកន្លែង ដែលកូនចៅរបស់ប្រជាពលរដ្ឋ អាចឆ្លងកាត់ទៅមកបាន និងជាកន្លែងលើកកំពស់មុខមាត់ទីក្រុងរបស់យើង”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារក្តីកង្វល់ភូមិសាស្ត្រនយោបាយ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ខណៈទីផ្សារកំពុងរង់ចាំមើលកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨ភាគរយដល់២៦៥៤,៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៥ភាគរយដល់២៦៧១,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥២,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៨១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៨៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៨%ដល់៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០២%ដល់៩៤២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៥%ដល់៩៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងគ្រោងសាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់សហគមន៍នៅបុរី KS Residence

ដោយៈ ស៊ីវ ម៉េង

កណ្តាលៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីKS Residence បានឱ្យដឹងថា លោកបានរក្សាទុកផ្ទៃដីពីរកន្លែង នៅក្នុងបុរីនេះ សម្រាប់សាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់សហគមន៍ប្រជាពលរដ្ឋរស់នៅជុំវិញគំរោងនេះ ប្រសិនជាដីនេះមិនមានអ្នកទិញ ឬជួល។

លោកបន្តដោយពន្យល់ថា ដីទាំងពីរកន្លែងខាងលើ គឺសម្រាប់លក់ សម្រាប់ជួលរយៈពេលយូរ ឬសម្រាប់សហការជាមួយអ្នកចង់បើកពេទ្យ ឬបើកសាលារៀនសហគមន៍។

លោកឧកញ៉ាបានបញ្ជាក់ “ដីនេះស្ថិតនៅលើផ្លូវធំ ប៉ុន្តែខ្ញុំទុក២កន្លែង ដោយមួយកន្លែងធ្វើមន្ទីរពេទ្យ និងមួយកន្លែងទៀតសម្រាប់បើកសាលារៀនជួយដល់សង្គម បើគេទិញក៏យើងលក់ ហើយបើគេជួលក៏យើងជួល ប៉ុន្តែបើមិនមានអ្នកទិញឬអ្នកជួលទេ ប៉ុន្តែគេចេះមានជំនា​ញ យើងអាចសហការជាមួយគេ ដើម្បីសាងសង់មន្ទីរពេទ្យ និងសា​លា​រៀន ព្រោះយើងចង់យកដីនោះ ប្រើប្រាស់ដើម្បីប្រយោជន៍ដល់សហ​គមន៍”។

បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង ស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៥ប្លុក រួមមាន៖ ប្លុក A, B, C, D, E និងមានប្រភេទម៉ូដផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ LS & LM និងប្រភេទផ្ទះវីឡាទោលផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវ ដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕

សម្តេចធិបតីស្នើឲ្យផ្នែកឯកជនសិក្សាសាងសង់ស្ពានឬផ្លូវក្រោមទឹកពីទីក្រុងកោះនរា ទៅកាន់ទីក្រុងថ្មីនៅអរិយក្សត្រ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃ​កម្ពុជាបានថ្លែងថា លោកបានស្នើឲ្យផ្នែកឯកជន សិក្សាពីការសាងសង់​ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅកាន់ទីក្រុងថ្មី នៅតំបន់អរិយក្សត្រ។

    សម្តេចបានថ្លែងបែបនេះ ក្នុងពេលបាននិងកំពុងអញ្ជើញ​ជាអធិ​បតី​ដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋានសាងសង់ទីក្រុង MEKONG QUAY ដែលស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

    សម្តេចបានបន្តថា “ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រូល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។

ជាមួយគ្នានេះ សម្តេចបានស្នើឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍នៅតំបន់ភាគខាងកើតរាជធានីភ្នំពេញ ស្របពេលតំបន់នេះ នឹងមានការរីកចម្រើនលឿន និងជាទីក្រុងថ្មីមួយនាពេលអនាគត៕