ធនាគារពិភពលោកលើកឡើងនូវច្រករបៀងសំខាន់ចំនួន៣ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុប រវាងប្រទេសកម្ពុជា និងបណ្តាដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ចំនួន៤០,៩៤ពាន់លានដុល្លារ។

តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេរដងដល់ទំហំទឹកប្រាក់ប្រហែល១០០ពាន់លានដុល្លារ ក្នុងរយៈពេល៦ឆ្នាំខាងមុខ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនា គារពិភពលោក។

របាយការណ៍បន្តថា គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ការនាំចូល និងការនាំចេញទំនិញ តាមកុងតឺន័ររបស់កម្ពុជាបានកើនឡើងជាង៤០០ភាគរយ ដោយសារកំណើននៃការបញ្ជាទិញពីទ្វីបអាមេរិកខាងជើង ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។

ទោះជាយ៉ាងណា ថ្លៃចំណាយលើភស្តុភាររបស់កម្ពុជានៅតែមានកម្រិតខ្ពស់ ដែលស្មើនឹងចំណែក២៦ភាគរយ នៃផលទុនជាតិសរុប(GDP)របស់កម្ពុជា បើធៀបនឹងចំណែកត្រឹមតែ១៤ភាគរយ នៅក្នុងប្រទេសថៃ និងចំណែក២០ភាគរយនៅក្នុងប្រទេសវៀតណាម។

ក្នុងន័យនេះ ធនាគារពិភពលោក បានលើកឡើងពីច្រករបៀងពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលមានភាពចាំបាច់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើសមាហរណកម្មក្នុងតំបន់។

ច្រករបៀងទាំងនេះ មានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកភស្តុភារ និងកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលជាឧបសគ្គរារាំង ដល់ការប្រកួតប្រជែង ផ្នែកពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន។

ទី១: ច្រករបៀងផ្លូវថ្នល់ (East-West Road)

ច្រករបៀងនេះ តភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ដែលបម្រើជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ សម្រាប់មហាអនុតំបន់មេគង្គ (GMS)។

ផ្លូវសៀមរាប-អូរយ៉ាដាវ ចម្ងាយ៤០០គីឡូម៉ែត្រ ដែលជាផ្នែកដ៏សំខាន់មួយនៃច្រករបៀងនេះ ទាមទារឱ្យមានការកែលម្អ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម កាន់តែរលូនរវាងបណ្តាប្រទេសទាំង៣។

ច្រករបៀងនេះមានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹ ងការតភ្ជាប់ ជាមួយទីផ្សារសំខាន់ៗក្នុងតំបន់ និងការទាញយកសក្តានុពលសេដ្ឋកិច្ច នៅក្នុងខេត្តភាគឦសាន នៃប្រទេសកម្ពុជា។

របាយការណ៍របស់ធនាគារពិភពលោកបានកំណត់ថា ផ្លូវនេះជាផ្នែកមួយនៃបណ្តាញ ផ្លូវហាយវេអាស៊ាន(Asian Highway Network) និងជាអាទិភាពមួយ ក្រោមផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥។

របាយការណ៍បានបន្ថែមថា “ការកែលម្អផ្លូវសៀមរាប-អូយ៉ាដាវ អាចជួយកាត់បន្ថយថ្លៃដើម នៃការដឹកជញ្ជូនបានយ៉ាងច្រើន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់”។

ទី២: ច្រករបៀងផ្លូវទឹក

របាយការណ៍របស់ធនាគារពិភពលោក បានលើកឡើងថា បច្ចុប្បន្ននេះ ផ្លូវទឹកគ្រប់គ្រងបានចំណែក២៦ភាគរយ នៃទំហំដោះដូរពាណិជ្ជកម្មសរុបរបស់កម្ពុជា ប៉ុន្តែសក្តានុពលផ្លូវទឹករបស់កម្ពុជា ពុំទាន់ត្រូវបានទាញយក ទៅប្រើប្រាស់នៅឡើយ។

កំពង់ផែស្វយ័តភ្នំពេញ (PPAP) គ្រោងនឹងបង្កើនសមត្ថភាពគ្រប់គ្រងកុងតឺន័ររបស់ខ្លួនទ្វេរដង នៅឆ្នាំ២០២៩ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកស្ថានីយកុងតឺន័រ LM17 ជាដើម។

ទន្ទឹមគ្នានេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ឱ្យកម្ពុជាខិតខំកែលម្អបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមមានការធ្វើទំនើបកម្មកំពង់ផែអន្តរជាតិខ្នាតតូច ក្នុងខេត្តកំពង់ចាម និងតំបន់ព្រែកក្តាម ដើម្បីផ្ទុកនាវាធំជាងមុន និងបង្កើនវិធានការសុវត្ថិភាព។

យ៉ាងណាមិញ ឧបសគ្គផ្នែករដ្ឋបាល នៅតែជាបញ្ហាប្រឈម។ ធនាគារពិភពលោក បានជំរុញឱ្យកម្ពុជាពង្រឹងនីតិវិធីឆ្លងកាត់ផ្លូវទឹកឆ្លងដែន ជាមួយប្រទេសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីច្រករបៀងនេះ។

ទី៣. ច្រករបៀងផ្លូវដែក

របាយការណ៍របស់ធនាគារពិភពលោក បានកត់សម្គាល់ថា ច្រករបៀងផ្លូវដែកនៅកម្ពុជា ដែលលាតសន្ធឹងលើក្រុងប៉ោយប៉ែត រាជធានីភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ គ្រប់ គ្រងចំណែក នៃការដឹកជញ្ជូនទំនិញក្នុងស្រុក តិចជាង១ភាគរយ។

ទោះជាយ៉ាងណា ច្រករបៀងនេះ មានសក្តានុពលយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសថៃ និងសម្រួលដល់ការតភ្ជាប់ ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈកំពង់ផែខេត្តព្រះសីហនុ។

ធនាគារពិភពលោក ក៏បានស្នើឱ្យកម្ពុជាសិក្សាស្វែងយល់អំពីលទ្ធភាព នៃការពង្រីកការតភ្ជាប់ផ្លូវដែក ទៅកាន់កំពង់ផែទន្លេក្នុងរាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនចម្រុះ។

របាយការណ៍​បាន​លើកឡើង​ថា​ “ផ្លូវ​រថភ្លើង​ជា​ធនធាន​ ដែល​មិន​ទាន់ ត្រូវបានទាញយកសក្តានុពល​ នៅក្នុង​ប្រព័ន្ធ​ភស្តុភារ​កម្មរបស់​​កម្ពុជា​នៅឡើយ។ ហេតុនេះ ការវិនិយោគជាយុទ្ធសាស្រ្ត លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក អាចផ្លាស់ប្តូរការដឹកជញ្ជូនទំនិញពីផ្លូវថ្នល់ កាត់បន្ថយការចំណាយ និងការកកស្ទះ”។

ច្រករបៀងនេះក៏ត្រូវបានគេចាត់ទុកថា ជាគន្លឹះក្នុងការកាត់បន្ថយការបំភាយកាបូន (Decarbonisation)ផងដែរ។ ការដឹកជញ្ជូនតាមផ្លូវដែក បំភាយឧស្ម័នផ្ទះកញ្ចក់ទាបណាស់ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវថ្នល់។

ច្រករបៀងនីមួយៗ ដើរតួនាទីបំពេញបន្ថែម នៅក្នុងប្រព័ន្ធអេកូឡូជីស្ទីករបស់កម្ពុជា។ តួយ៉ាង ផ្លូវថ្នល់អាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ  ដែលងាយខូច ខណៈផ្លូវទឹកអាចដឹកជញ្ជូនទំនិញបានច្រើនក្នុងថ្លៃដើមទាប ហើយផ្លូវដែកជាជម្រើ សប្រកបដោយនិរន្តរភាព សម្រាប់ការដឹកជញ្ជូនទំនិញធុនធ្ងន់។

ធនាគារពិភពលោកបានទាញសេចក្តីសន្និដ្ឋានថា ច្រករបៀងទាំង៣នេះ នឹងបង្កើតបានជាឆ្អឹងខ្នង នៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់៕ប្រភព: The Nation៕

សម្តេចធិបតីប្រកាសសាងសង់តូបផ្សារបឹងឈូកក្នុងខេត្ត បាត់ដំបងឡើងវិញ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករ កាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំ ដល់អាជ្ញា​ធរខេត្តបាត់ដំបងឱ្យរៀបចំ ទីតាំងលក់ដូរជាបណ្ដោះ​អា​សន្នជូន អាជីវករដែលមានតូបឆេះនៅជាន់ខាងលើ ចំណែកតូបនៅជាន់ខាងក្រោម និងផ្នែកខាងក្រោយដែលមិនត្រូវបាន ឆេះអនុញ្ញាតឱ្យអាជីវករ ចូលលក់ដូរឡើងវិញជាធម្មតា។

សម្ដេចនាយករដ្ឋមន្រ្តី បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យនិងសាងសង់តូបដែល បានឆេះឡើងវិញដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាតដោយសារអគ្គិភ័យ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរនិងកងកម្លាំងក្នុងខេត្តបាត់ដំបង ដែលបានប្រឹងប្រែងជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលាមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។

កាលពីវេលាម៉ោង១០,៣០នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅ រាលដាលយ៉ាងលឿននៅជាន់ខាងលើ នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករសម្រុកនាំគ្នាមកជញ្ជូនឥវ៉ាន់ ចេញពីក្នុងផ្សារទាំងយប់៕

សម្តេចធិបតីលើកឡើងពីសក្តានុពលនិងកាលានុវត្តន៍ភាពជាច្រើននៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​រៀប​រាប់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្នុង​ការ​គាំទ្រ​អ្ន​ក​វិនិយោគិន​បរទេស​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចូល​រួម​ក្នុង​ដំណើរ​ការ​​ផ្លាស់​ប្ដូរ​កម្ពុជា​ ទាំង​​ផ្នែក​បច្ចេកវិទ្យា ​ថាមពល​បៃតង នវានុវត្តន៍​ឌីជីថល និង​ការ​បណ្ដាក់​ទុក​ផ្សេងៗ។

សម្តេចបានលើកឡើងបែបនេះ ក្នុងឱកាសចូលរួមជាអធិ​បតីក្នុងកិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​ពិភពលោក (GCET) ឆ្នាំ​២០២៤ និង​កិច្ចប្រជុំពាក់​ព័ន្ធនានា ដែល​ពី​មុន​មាន​ឈ្មោះ​ថា “កិច្ច​ប្រជុំ​​សេដ្ឋកិច្ច​​ពិភពលោក​របស់​ចិន” នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​នេះ។

កិច្ច​ប្រជុំ​កំពូលនេះ​ធ្វើ​ឡើង ​ដើម្បី​តភ្ជាប់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​ធុរកិច្ច និង​អ្នក​ជំនាញ​ផ្សេងៗ និង​ជា​ឱកាស​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​សហគ្រិន ​ជាមួយ​នឹង​វិនិយោគិន​ចិន ក៏ដូចជា​អ្នក​វិនិយោគិន​ នៅ​ក្នុង​ប្រទេស​នៃ​កិច្ច​ព្រមព្រៀង RCEP និង​រវាង​លោក​ខាង​កើត​ និង លោក​ខាង​លិច។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​នេះ សម្តេចធិបតីហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា រដ្ឋាភិបាល​របស់​លោក​លើក​កម្ពស់​ធុរកិច្ច និង​វិនិយោគិន ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ នៃ​សេដ្ឋកិច្ច​កម្ពុជា និង​នវានុវត្តន៍ តាម​រយៈ​ការ​បង្កើត​​ឱកាស​អំណោយផល​ដែល​ធ្វើ​ឲ្យ​ធុរកិច្ច​មាន​ការ​រីក​ចម្រើន នវានុវត្តន៍​មាន​ភាព​ជឿន​លឿន ហើយ​កំណើន​សេដ្ឋកិច្ច​ទទួល​បាន​ការ​ថែរទាំ។

សម្តេចបញ្ជាក់​ថា “ឧតម្តភាព​ពិសេស​របស់​ប្រទេស​កម្ពុជា​ដែល​ខុស​ប្លែក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​គឺ ​សន្តិភាព និង​ស្ថិរភាព និង ​មាន​សេដ្ឋកិច្ចសេរី និង​បើក​ចំហ​បំផុត​នៅ​អាស៊ី”។

សម្តេចបន្ត​ថ្លែង​ថា “ទាំង​នេះ​​មិន​មែន​គ្រាន់​តែ​ជា​ពាក្យ​របស់ខ្ញុំ​ទេ គោលនយោបាយ​​ទាំងនេះ ​ត្រូវ​បាន​ចែង​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​ របស់​នៅ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​នៅ​ក្នុង​ច្បាប់ និង​បទប្បញ្ញត្តិ​របស់​យើង”។

ជា​ឧទាហរណ៍ យើង​បាន​ផ្ដល់​ភាព​ជា​ម្ចាស់​ នៃ​អាជីវកម្ម មិន​ការ​រឹត​បន្តឹង​លើ​ប្រាក់​ចំណេញ និង​ការ​ផ្ញើរ​ប្រាក់​ដើម​ទុន​ត្រឡប់​ទៅ​វិញ​នោះ​ទេ។

សម្តេចធិបតីបាន​បន្ត​ថា កម្ពុជា​មាន​កម្មវិធី​លើក​ទឹក​ចិត្ត​ខ្ពស់ ​ដែល​មាន​ភាព​ទន់ភ្លន់​ខ្លាំង​ក្នុង​តំបន់​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម និង​ការ​វិនិយោគ​មាន​ការ​រីក​ចម្រើន។ នៅ​ពេល​វិនិយោគ​លើ​ឧស្សាហកម្ម បច្ចេកវិទ្យា និង​កម្មន្ត​សាល រដ្ឋាភិបាល​ផ្ដល់​នូវ​អត្ថប្រយោជន៍​បន្ថែម​យ៉ាង​ច្រើន ​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន។

បើ​ក្រឡេក​មើល​លើ​ទីផ្សារ​វិញ កម្ពុជា​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ ដែល​ផ្ដល់​វិសាលភាព​ទីផ្សារ​យ៉ាង​ធំ ​ដល់​អ្នក​វិនិយោគ ដូចជា ​កិច្ច​ព្រម​ព្រៀង RCEP ដែល​មាន​ប្រជាជន ២,៣​ពាន់លាន​នាក់ និង​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ផ្សេង​ទៀត ដូចជា ជាមួយ​ចិន និង​កូរ៉េ និង​ការ​បើក​ច្រក​ទីផ្សារ​ទៅ​​ប្រទេស​ផ្សេងៗ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ជាមួយ​អេមីរ៉ាត​អារ៉ាប់រួម។

នៅ​ឆ្នាំ​២០៥០ កម្ពុជា​នឹង​សម្រេច​បាន​អព្យាក្រឹត្យភាព​កាបូន​។ បច្ចុប្បន្ន​នេះ កម្ពុជា​សម្រេច​បាន​ថាមពល​កកើត​ឡើង​វិញ​ជាង៦០​ភាគយ​ហើយ។ ​នៅ​ឆ្នាំ​ ២០៣០ ថាមពល​កកើត​ឡើង​វិញ​នឹង​សម្រេច​បាន៧០​ភាគរយ។ ទាំង​នេះ​គឺ​ជា​ការ​ផ្ញើសារ​ប្រាប់​អ្នក​វិនិយោគិន​ថា ការ​វិនិយោគ​នៅ​កម្ពុជា មិន​មែន​ត្រឹម​តែ​ជា​ការ​ជ្រើស​រើស​កន្លែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​កំពុង​ក្លាយ​ជា​តួអង្គ​ក្នុង​ការ​កសាង​នយោបាយ​អនាគត​ប្រកប​ដោយ​ចិរភាព​ផងដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត។

សម្តេចបាន​បញ្ជាក់​ថា “ខ្ញុំ​សុំ​ប្ដេជ្ញា​ផ្ទាល់​ខ្លួន​ថា រដ្ឋាភិបាល​ខ្ញុំ​នឹង​បន្ត​គាំទ្រ​ដល់​ជោគជ័យ​ របស់​ភ្ញៀវ​ទាំង​អស់​គ្រប់​មធ្យោ​បាយ​ដែល​អាច​ធ្វើ​ទៅ​បាន។ ទ្វារ​របស់យើង​តែង​តែ​បើក​ចំហរ ហើយ​យើង​នៅ​តែ​រក្សា​ គោលការណ៍​ដែល​អាច​ព្យាករ​បាន”។ សម្តេចបន្ថែមថា “ការ​ប្ដេជ្ញា​របស់​យើង ​ចំពោះ​អាជីវកម្ម​របស់​អ្នក​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ ដូច្នេះ​ហើយ​ ខ្ញុំ​សូម​អញ្ជើញ​ភ្ញៀវ​ទាំង​អស់​ ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ នៃ​ដំណើរ​ការ​​ផ្លាស់​ប្ដូរ​កម្ពុជា​ មិន​ថា​ក្នុង​ផ្នែក​បច្ចេកវិទ្យា ថាមពល​បៃតង នវានុវត្តន៍​ឌីជីថល ឬ​ការ​បណ្ដាក់​ទុន​ផ្សេង​ទៀត​នោះ​ទេ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ជាដៃ​គូ​ក្នុង​ភាព​ជោគ​ជ័យ​របស់​អ្នក”។​

លោក​បន្ត​ថា សូម​ចូលរួម​ជំពូក​បន្ទាប់ នៃ​អច្ឆរិយភាព​សេដ្ឋកិច្ច​អាស៊ី ​ក្នុង​ប្រទេស​កម្ពុជា។ យើង​រួម​គ្នា​កសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព និង​វិបុល​ភាព​បន្ថែម សម្រាប់​យើង​ទាំង​អស់​គ្នា»។

លោក Tan Sri Michael Yeoh ប្រធាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល GCET និង​ជា​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ សម្រាប់​អាស៊ី​និ​ងប៉ាស៊ីហ្វិក (KSI) បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង ​​ក្នុង​ចំណោម​ប្រទេស​នានា ជា​ពិសេស​នៅ​លោក​ខាង​ត្បូង ដើម្បី​បង្កើត​ទំនាក់​ទំនង ​ក្នុង​ការ​កសាង​សហគមន៍​រួម ជឿជាក់​ទៅវិញ​ទៅ​មក គោរព​និង​ទទួល​បាន​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។

លោក​បន្តថា ចិន​គឺជា​ប្រទេស​នាំ​មុខគេ​ ក្នុង​បច្ចេកវិទ្យា​ឌីថល​ និង​បៃតង និង​ជួយ​អាស៊ាន និង​លោក​ខាត​ត្បូង​លើ​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ផ្លាស់​ប្ដូរ​បៃត ដែល​ជា​គោលដៅ និង​យុទ្ធសាស្ត្រ​អាទិភាព​នៃ​វេទិការ​នេះ។​

ជាមួយគ្នានេះ លោក Wang Wenbin ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កិច្ច​ប្រជុំ​កំពូល GCET ត្រូវ​បាន​រៀបចំឡើង​នៅ​កម្ពុជា ពីព្រោះ​កម្ពុជា​ស្ថិត​នៅ​កណ្ដាល ​នៃ​តំបន់​អាស៊ាន និង​​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស។

លោកបន្ត​ថា “កម្ពុជា​គឺជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​ចំណុ​ច​ទាក់​ទាញ​សម្រាប់​វិនិយោគិន​ចិន ​ក្នុង​ការ​វិនិយោគ​​និង​បើក​ធុរកិច្ច​នៅ​ក្រៅ​ប្រទេស”៕

កម្ពុជា ចិនសហប្តតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន។

លោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការរៀបចំអនុស្សរណៈ នៃការយោគយល់រវាងក្រសួងសាធារ​ណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធា​រណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ដោយមានការអញ្ជើញចូលពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទី១ រៀបចំឡើងក្នុងគោលបំណង ដើម្បី (១) ប្រកាសសមាសភាពនៃគណៈកម្មការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ​វិស័យដឹកជញ្ជូន (២) ពិនិត្យ ពិភាក្សា និងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១៧ និង(៣) ប្រមូលធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់។

លោកប្រធានអង្គប្រជុំបានណែនាំ និងផ្តាំផ្ញើដល់អង្គភាពដែលជាសេនាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវពិនិត្យលទ្ធភាពកំណត់នូវអាទិភាពការងារ និងគម្រោ​ងពាក់ព័ន្ធ ដើម្បីជាធាតុចូលចាំបាច់ជាមូលដ្ឋាន ក្នុងការរៀបចំអនុស្សរណៈ កិច្ចសហប្រតិបត្តិការជាមួយភាគីចិន៕

ដំណឹងល្អៈ អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់បានជាង៩២ភាគរយជាមួយការចំណាយជាង១៣០០លានដុល្លារ

ដោយៈ គង់ សូរិយា

       កណ្តាលៈ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)លោកឆារស៍ វ៉ាន់ បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២%ហើយ ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការគ្រោងទុក។

ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឆារស៍ វ៉ាន់ បានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេច ការ សាងសង់ បានប្រហែលជា៩២% និងចំនួនទឹកប្រាក់១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែន​ការដែលបានគ្រោងទុក។

លោកបន្តថា ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស ដែលបានចុះមកទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានការរំភើបចិត្ដ ហើយមិននឹកស្មានថា ប្រទេសកម្ពុជាមានការសាងសង់ព្រលានយន្ដហោះខ្នាត4F ជាអន្ដរជាតិ និងមានស្ដង់ដារខ្ពស់ បែបនេះនោះទេ។

ឯកអគ្គរដ្ឋទូតទាំង៤ប្រទេសនោះ រួមមាន៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងលោក Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។

ក្រោយពីបានដើរពិនិត្យ វឌ្ឍនភាពដំណើរការសាងសង់ ព្រលានយន្តហោះរួចមក, ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានកត់សម្គាល់ឃើញថា ការសាងសង់នេះមានលក្ខណៈប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានសន្យាថា ពួកគាត់នឹងព្យាយាម ជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ ទៅកាន់ប្រជាជនរបស់ពួកគាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃខាងមុខផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកា​សយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែការធ្លាក់ថ្លៃចុះបន្តិចវិញនៃប្រាក់ដុល្លារ និងការកើនឡើងកំដៅនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈទីផ្សារកំពុងរង់ចាំមើលទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកដើម្បីយល់ដឹងបន្ថែមអំពីទិសដៅគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦២ភាគរយដល់២៦៥៧,៣៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦៩ភាគរយដល់២៦៥៨,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤១នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤០,៩៦ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៣៩,៩០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៦,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៥,៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,០៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៨៤%ដល់៣០,៦៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,៤៤%ដល់៩៤៥,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,១៥%ដល់៩៩៨,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ!

កំពត៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសលម្អិត វាយតម្លៃយល់ព្រមទទួលយក កិច្ចការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោក លោកស្រី ក្រុមការងារពាក់ព័ន្ធគម្រោង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថាគម្រោងផ្លូវជាតិលេខ៣១ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់។ ឯកឧត្តម បានកើនរំឮកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងរៀបចំឱ្យបានរួចរាល់ និងបានឆាប់ជូន មុនពិធីបុណ្យសមុទ្រដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនថាគិតត្រឹមចុងខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ លទ្ធផលការងារបានសម្រេច ១០០% ហើយ ដោយមានការវាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ៕

វិស័យការិយាល័យនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីនបន្តមានភាពធន់ ក្រោយការចាកចេញរបស់ក្រុមហ៊ុនល្បែងសុីសងបរទេស

ដោយ: គង់ លាងហួរ
ម៉ានីល: នារយៈពេល៣ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីនបញ្ជាឱ្យក្រុមហ៊ុនល្បែងសុីសងបរទេស(POGOs)បិទទ្វារ តម្រូវការទីផ្សារការិយាល័យនៅទីក្រុងម៉ានីល បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។

នៅត្រីមាសទី៣ ឆ្នាំនេះ ទំហំផ្ទៃក្រឡាការិយាល័យនៅក្នុងទីក្រុងម៉ានីល ដែលត្រូវបានស្រូបយកដោយទីផ្សារ(Absorption)បានធ្លាក់ចុះចំនួន៣៣.០០០ម៉ែត្រការ៉េ ដោយសារការបញ្ចប់កិច្ចសន្យាជួលដោយបណ្តាក្រុមហ៊ុនល្បែងសុីសងបរទេសនានា។

ស្របពេលដែលបញ្ហានេះបានបង្កើនក្តីបារម្ភ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍មួយចំនួន ប៉ុន្តែ សូចនាករផ្សេងទៀត ដូចជាតម្រូវការបានបង្ហាញឱ្យឃើញនូវសញ្ញានៃភាពធន់ ដោយផ្តល់នូវសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យដ៏មានការប្រកួតប្រជែង។

តម្រូវការការិយាល័យនៅក្នុងត្រីមាសទី៣ មានដំណើរការល្អប្រសើរ បើធៀបនឹងកម្រិតមធ្យមភាគប្រចាំត្រីមាសចំនួន១៧៤.០០០ម៉ែត្រការ៉េ។ការណ៍នេះបង្ហាញពីតម្រូវការដ៏រឹងមាំ ខណៈបណ្តាក្រុមហ៊ុនបែបប្រពៃណី និងក្រុមហ៊ុន Outsourcing នៅតែបន្តជួលយកទីតាំងទំនេរ។

នៅក្នុងដំណើរការអាជីវកម្ម ពាក្យ“Outsourcing” សំដៅទៅលើការផ្តល់កិច្ចសន្យាលើដំណើរការអាជីវកម្មរបស់ខ្លួនទៅឱ្យភាគីទីបីបំពេញប្រតិបត្តិការជំនួស។ Outsourcing បានក្លាយជាពាក្យដ៏មានប្រជាប្រិយនៅ សហរដ្ឋអាមេរិក នៅក្នុងរង្វង់ដើមសតវត្សរ៍ទី២១។ Outsourcing រាប់បញ្ចូលទាំងកិច្ចសន្យាជាមួយដៃគូក្នុងប្រទេសផង និងដៃគូនៅបរទេសផងដែរ។

ការណ៍នេះក៏ជាសញ្ញាបង្ហាញថា ការហាមប្រាមមិនឱ្យក្រុមហ៊ុនល្បែងបរទេសបន្តធ្វើអាជីវកម្មនៅហ្វីលីពីនមិនបានកាត់បន្ថយតម្រូវការជួលធ្ងន់ធ្ងរពេកនោះទេ ហើយថែមទាំងអាចផ្តល់ឱ្យពួកគេនូវភាពបត់បែន និងជម្រើសកាន់តែច្រើនក្នុងការបំពេញតម្រូវការទំហំការិយាល័យរបស់ខ្លួន។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាការិយាល័យទំនេរសរុបនៅទីក្រុងម៉ានីល (Metro Manila) បានកើនឡើងដល់អត្រា១៨,៥ភាគរយ បើធៀបនឹងអត្រាចំនួន១៨,៣ភាគរយនៅក្នុងត្រីមាសទី២។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។

ថ្វីបើមានការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការិយាល័យយ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគនៅតែសង្កេតឃើញមានសូចនាករវិជ្ជមាន និងឱកាសស្វែងរកកំណើន។

តួយ៉ាង អ្នកអភិវឌ្ឍន៍នឹងមានឱកាសបង្កើនការផ្តល់ជូនការិយាល័យរបស់ពួកគេ និងពន្លឿនការស្ថាបនាគម្រោង ដែលមានស្រាប់។ សំខាន់ជាងនេះទៀត តម្រូវការនៅតែបន្តមានភាពធន់។

ផ្ទុយទៅវិញ ការប៉ាន់ស្មានដែលថា តម្រូវការនឹងដាំក្បាលចុះដល់ចំណុចសូន្យ ដែលជាសេណារីយ៉ូដ៏អាក្រក់បំផុត មិនបានកើតឡើងនោះទេ ដោយសារការបន្តកិច្ចព្រមព្រៀងជួលការិយាល័យពីសំណាក់បណ្តាអាជីវកម្មបែបប្រពៃណី និងក្រុមហ៊ុន Outsourcing បានជួយជំរុញប៉ះប៉ូវតម្រូវការ៕ប្រភព: BusinessWorld Online៕

សេតវិមាន: សហរដ្ឋ​អាមេរិកទាក់ទាញ​បានទុនវិនិយោគ​​​ចំនួន១ទ្រីលាន​ដុល្លារក្រោមគោល​នយោបាយ​ដឹកនាំរបស់​លោក ចូបៃដិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: សេតវិមានបានប្រកាសថា បណ្តាក្រុមហ៊ុននានាបានប្តេជ្ញាបោះទុនវិនិយោគជាង១ទ្រីលានដុល្លារនៅក្នុងវិស័យឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដូចជាបន្ទះឈីប និងថាមពលស្អាតក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។

ប្រធានាធិបតីអាមេរិកទី៤៦រូបនេះ បានចាត់ទុកច្បាប់ស្តីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងច្បាប់បន្ទះឈីប និងវិទ្យាសាស្រ្ត និងច្បាប់កាត់បន្ថយអតិផរណាដែលបានអនុម័តក្រោមរដ្ឋបាលរបស់លោក ថា ជាកត្តាជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារបន្ថែមទៀតនៅទូទាំងប្រទេស។

លោក បៃដិន បានថ្លែងថា “យើងបានអនុម័តច្បាប់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់យើងឡើងវិញ កសាងសេដ្ឋកិច្ច ថាមពលស្អាត និងនាំយកវិស័យផលិតកម្មត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីក្រុមហ៊ុនអាមេរិកជាច្រើនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅបរទេសជាច្រើនទសវត្សរ៍”។

ការឧបត្ថម្ភធននៅក្រោមច្បាប់ទាំងនេះបានទាក់ទាញបណ្តាក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងទៀតជាច្រើនឱ្យចូលមកបង្កើត ឬពង្រីកទីតាំងផលិតរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក្តី ការវិនិយោគទាំងនេះមិនគ្រប់គ្រាន់ទេ ខណៈសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន បានបាត់បង់ការគ្រប់គ្រងសេតវិមាន និងព្រឹទ្ធសភាអាមេរិកក្នុងការបោះឆ្នោតកាលពីដើមខែវិច្ឆិកានេះ ហើយថែមទាំងបរាជ័យក្នុងការដណ្តើមយកសភាតំណាងសហរដ្ឋអាមេរិកត្រឡប់មកវិញ។

សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានដាក់ការស្តីបន្ទោសនេះលើការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ទោះបីជារដ្ឋបាលលោកបៃដិន បានបង្កើតគោលនយោបាយ ដើម្បីលើកកំពស់ជីវភាពអ្នកធ្វើការ និងប្រជាជនវណ្ណៈកណ្តាល ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការហក់ឡើងនៃតម្លៃទំនិញ និងការគាំទ្រដល់សហជីពយ៉ាងណាក្តី។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុនបានរកឃើញថា ប្រជាជនអាមេរិកចាត់ទុកអត្រាអតិផរណាជាបញ្ហាសំខាន់ ហើយពួកគេទទូចឱ្យលោកដូណាល់ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ដោះស្រាយបញ្ហាតម្លៃទំនិញក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងសេតវិមាន៕ប្រភព: Reuters៕

ទីផ្សារអាផាតមុិនថ្មីនៅទីក្រុងដាណាងរបស់វៀតណាមកំពុងទទួលបានតម្រូវការខ្ពស់ពីអ្នកទិញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានឱ្យដឹងថា អាផាតមុិនថ្មីប្រហែល១.០៦០យូនីតត្រូវបានលក់ចេញនៅទីក្រុងដាណាង Da Nang ប្រទេសវៀតណាមក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង២,៨ដងធៀបនឹងឆ្នាំមុន។

គម្រោងថ្មីចំនួន១៥ ដែលមានអាផាតមុិនចំនួន២.៣០០យូនីតត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ឆ្នាំ២០២៤ កើនឡើន៣២%ធៀបនឹងឆ្នាំមុន។

ការណ៍នេះមានន័យថា អាផាតមុិនថ្មី ដែលត្រូវបានលក់ចេញដាច់ចំនួន១.០៦០យូនីត មានចំណែកស្មើនឹងចំនួន៤៧%នៃការផ្គត់ផ្គង់ថ្មីសរុបនៅក្នុងត្រីមាសទី៣ ខណៈប្រតិបត្តិការទិញភាគច្រើនស្ថិតនៅស្រុក Son Tra ។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young Vietnam បានរាយការណ៍ថា តម្លៃអាផាតមុិននៅក្នុងទីផ្សារបឋមនៅទីក្រុងដាណាងនៅតែមានស្ថិរភាពក្នុងកំឡុងត្រីមាសទី៣ ដោយមានតម្លៃចន្លោះពី៣.០០០ដុល្លារទៅ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទំនុកចិត្តរបស់អ្នកទិញនៅលើទីផ្សារមានភាពប្រសើរឡើង ទោះបីជាពួកគេនៅតែមានការព្រួយបារម្ភអំពីស្ថានភាពផ្លូវច្បាប់នៃគម្រោងដែលកំពុងស្ថិតក្រោមដំណើរការសាងសង់មួយចំនួនយ៉ាងណាក្តី។

លោក Ha Nghiem អគ្គនាយកនៃវេទិកាជួញដូរអចលនទ្រព្យ Batdongsan នៅការិយាល័យប្រចាំទីក្រុង Da Nang បានលើកឡើងថា មនុស្សកាន់តែច្រើនកំពុងទិញអាផាតមិនថ្មីដើម្បីរស់នៅផ្ទាល់ខ្លួន ខណៈអតិថិជនមួយចំនួនទៀតបានជួលបន្តទៅឱ្យអ្នកដទៃ។

លោក David Jackson នាយកប្រតិបត្តិនៃក្រុមហ៊ុន Avison Young Vietnam បានអះអាងថា ទីផ្សារកំពុងទាក់ទាញអ្នកទិញ ដែលកំពុងស្វែងរកផ្ទះទីពីរ សម្រាប់ធ្វើជាលំនៅដ្ឋានរយៈពេលវែង ឬផ្ទះវិស្សមកាល។

ទីក្រុងដាណាងជាទីក្រុងធំជាងគេបំផុតទី៣ នៅក្នុងប្រទេសវៀតណាម និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយស្ថិតនៅភាគកណ្តាលនៃប្រទេសវៀតណាម៕ប្រភព: Vnexpress៕