ឥណ្ឌាប្រើធម៌ក្ដៅទាមទារឱ្យក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ បង់ពន្ធ១២ពាន់លានដុល្លារ

ដោយៈ តែម សុខុម

ញូវដេលីៈ ប្រភពពីរដ្ឋាភិបាលឥណ្ឌា បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី២៥ ខែតុលា ថា អាជ្ញាធរពន្ធដារឥណ្ឌា បានជូនដំណឹងដល់បណ្ដាក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ ដោយទាមទារឱ្យក្រុមហ៊ុនទាំងនោះ បង់ពន្ធ១២,០៣ពាន់លានដុល្លារ ដែលពួកគេបានគេចវេសមិនព្រមបង់កន្លងមក។

កាលពីខែសីហា ឆ្នាំនេះ ប្រទេសឥណ្ឌា បានសម្រេចដាក់អត្រាពន្ធ២៨% លើក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ តាមរយៈការដាក់ទៅលើមូលនិធិសរុប ដែលដាក់តម្កល់សម្រាប់លេងល្បែងស៊ី​សងតាមអនឡាញ។

ការដាក់អត្រាពន្ឌ២០%នេះ បានបណ្ដាលឱ្យក្រុមហ៊ុនធំៗមួយចំនួនរួមមាន ដូចជា ក្រុមហ៊ុន Mobile Premier League ជាដើមជម្រុះបុគ្គលិកអស់ជាច្រើននាក់។

មន្ត្រីរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ចំនួនទឹកប្រាក់ពន្ធ ដែលក្រុមហ៊ុនល្បែ​ងស៊ីសងតាមនឡាញនានា ត្រូវទូទាត់តាមការជូនដំណឹងនេះ គឺមានទំហំប្រមាណ១២,០៣ពាន់លានដុល្លារ”។ទោះជាយ៉ាងណា ភ្លាមៗក្រសួងហិរញ្ញវត្ថុឥណ្ឌា មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ៕ Reuters ៕

រាជរដ្ឋាភិបាលថៃនឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករ ខ្មែរមកត្រឹម៥០០បាតបាត(ជិត១៥ដុល្លារ) ចាប់ពីខែធ្នូ

ដោយៈ គង់ ហ្វីអូណា

        កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម៥០០បាត (ជិត១៥ដុល្លារ)។

ក្នុង​ពិធីសំណេះសំណាលកម្មករ និយោជិតជាង១២,០០០នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ លោកហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ។លោកសេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​ នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។

ក្នុងជំនួបនោះនាយករដ្ឋមន្រ្តីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា។

ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមា​ន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ៕

ក្រុមហ៊ុន Minibea សម្រេចចិត្តពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅប្រទេសកម្ពុជា   

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minibea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minibea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minibea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea ពីព្រោះជោគជ័យរបស់ Minibea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា ៕

គំរោងឆ្នេរសមុទ្រកោងកាង ក្លាយជាកន្លែងថត Pre Wedding

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ ការច្នៃប្រឌិត បានបង្កើតឡើងនូវសោភ័ណភាព ផ្សារភ្ជាប់នឹងធម្មជាតិ ដែលបានធ្វើឲ្យមនុស្សទូទៅចាប់អារម្មណ៍ មកទស្ស​នាកំសាន្ត និងសំរាកលំហែរកាយ។

គូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ បានសម្រេចជ្រើសរើសគំរោងឆ្នេរសមុទ្រកោងកាង ជាទីតាំងផ្តិតរូបPre Wedding ដើម្បីទុកជាអនុស្សា​វរីយ៍ និងការចងចាំមួយដែលមានតម្លៃ សម្រាប់ជីវិតគូរបស់ពួកគេ មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់។ រចនាបទក្លោងទ្វារ សួនច្បារ ទេសភាពភ្នំ ដែលចាំងឆ្លុះជាមួយនឹងសួនច្បារ និងដងព្រែកសប្បនិម្មិត បានក្លាយជាកន្លែងដែលកាមេរ៉ាមែនជ្រើសរើស សម្រាប់ឈុតថតរូបរបស់ពួកគេ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tan ជាអ្នកភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង និងជាអ្នកឌីសាញគំរោងនេះផ្ទាល់ ក៏ដូចជាគំរោងដទៃទៀត ដូចជា គម្រោងឋានសួគ៌លំហែរ គំរោងបូកគោលែនទី១ ទី២ និងបូកគោលែន៣ ដែលបាននិងកំពុងទទួលបានការគាំទ្រពីអតិថិជន។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានសម្រេចចិត្តបោះទុន​វិនិយោគប្រមាណ៧លានដុល្លារ ដើម្បីអភិវឌ្ឈន៍គំរោងឆ្នេរសមុទ្រកោងកាង ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកែប ឲ្យកាន់តែមានសោភ័ណភាព និងធ្វើឡើងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់។ លោកបន្តថា “ជាមួយមូលដ្ឋានទុនគ្រប់គ្រាន់ យើងមិនបង្អង់ឬពន្យាពេលគំរោងរបស់យើងឡើយ ហើយការអភិវឌ្ឍរបស់យើងគឺសម្រាប់អ្នកចង់បានដីលំហែរពិតប្រាកដ មិនមែនដើម្បីតែផលចំណេ ញមួយមុខនោះឡើយ”៕

រុស្ស៊ី ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។

ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ៕

ក្រុមមហាសេដ្ឋីថៃត្រៀមបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៥នៅឆ្នាំ២០២៤

ដោយៈ សុខុម
បាងកកៈ មហាសេដ្ឋីថៃ នឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៥ ជាមួយនឹងទំហំទុនវិនិយោគ សរុបយ៉ាងតិច១០៦,៥លានដុល្លារអាមេរិក ដោយរំពឹងថានឹងចាប់ផ្តើម ប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២៤។

ទីផ្សារអាកាសចរណ៍ ដែលកំពុងរីកចម្រើនឥតឈប់ឈររបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ទំហំ៨,៨៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា។អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង៥ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការហោះហើរតាមផ្លូវអាកាស (AOL) រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Really Cool Airlines ក្រុមហ៊ុន P80 Air ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុន Siam Seaplane និងក្រុមហ៊ុន Landarch Airlines។

ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងត្រូវរង់ចាំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អនុម័តលើវិញ្ញាបនបត្រប្រតិបត្តិករ ផ្លូវអាកាស (AOC) របស់ខ្លួន មុននឹងក្រុមហ៊ុនទាំងនេះ អាចហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសថៃបាន។គម្រោងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ទាំងនេះធ្វើឡើង ស្របពេលប្រទេសថៃ បានកំណត់គោលដៅថ្មី ក្នុងការរកប្រាក់ចំណូលឱ្យបានប្រមាណ៨៥ពាន់លានដុល្លារអាមេរិក ពីភ្ញៀវអន្តរជាតិ និងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្ត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sudawan Wangsuphakijkosol បានទម្លាយឱ្យដឹងក្នុងឆ្នាំនេះ៕ The Nation៕

ល្បិចវ៉ៃឆ្លាត ឆក់យកនិទ្ទេសA

កាលប្រឡងទុតិយភូមិ ក៏ជិតមកដល់ សិស្សានុសិស្សត្រូវត្រៀមខ្លួនចូលសមរភូមិប្រយុទ្ធ ដើម្បីទទួលបានសមិទ្ធផលដែលខ្លួនចង់បានរៀងៗខ្លួន។ មានសិស្សជាច្រើនប៉ងប្រាថ្នាចង់បានទិទ្ទេសA និងនិទ្ទេសផ្សេងៗទៀត ដែលសក្តិសមជាមួយសមត្ថភាពរបស់ខ្លួន។ មានប្អូនៗជាច្រើន កំពុងសប្បាយចិត្ត រំភើបត្រេកអរ ហើយខ្លះទៀតកំពុងភ័យបុកពោះ

ព្រោះខ្លាចធ្វើមិនបានល្អ។ យ៉ាងណាមិញ កញ្ញា សេន ស៊ីណា ជាអតតីសិស្សនិទ្ទេសA មកពីវិទ្យាល័យ សខេង កន្ទឺ២ ខេត្តបាត់ដំបង និងជានិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាន់ទី៥ និងកំពុងហាត់ការការងារជាក់ស្តែងជាំនួយការគណនេយ្យ ហិរញ្ញវត្ថុ និងជាក្រុមIdol អ្នកបន្តវេន។ កញ្ញា សេន ស៊ីណា បានចែករំលែក ល្បិចវ៉ៃឆ្លាត ឆក់យកនិទ្ទេសA ក្នុងការប្រឡងក្នុងពេលខាងមុខនេះ​ ៖

  1. ផ្ដោតលើមុខវិទ្យាដែលប្រឡង​ ៖
  • ថ្នាក់សង្គមផ្ដោតលើការទន្ទេញ
  • ថ្នាក់វិទ្យាសាស្រ្តផ្ដោតលើការអនុវត្តលំហាត់ឱ្យបានច្រើន
  • ចង់បាននិទ្ទេសល្អត្រូវរៀនឱ្យបានច្រើន ចេះគ្រប់មុខវិទ្យា
  1. រៀបចំមេរៀនត្រៀមបាក់ឌុប ៖
  • សង្ខេបមេរៀនខ្លីៗទៅតាមមុខវិជ្ជានីមួយៗដាក់ដោយឡែក
  • មេរៀនតាមមេរៀន រូបមន្តតាមរូបមន្តដើម្បីងាយស្រួលរំលឹក និងចំណេញពេលវេលា
  1. ពង្រឹងសមត្ថភាព ៖
  • បែងចែកកាលវិភាគរៀនឱ្យបានច្បាស់លាស់
  • ពេលណាត្រូវទន្ទេញ ពេលណាត្រូវធ្វើលំហាត់
  • យកចិត្តទុកដាក់ខ្លាំងទៅលើមុខវិទ្យាដែលនៅខ្វះចន្លោះ
  • រកវិធីសាស្រ្តស្ដារមុខវិទ្យាដែលនៅខ្សោយ កុំបោះបង់ចោលឱ្យសោះ
  • ចំណែកឯមុខវិទ្យាដែលចេះហើយក៏ត្រូវរំលឹកជាប្រចាំដូចគ្នា
  1. ព្យាករណ៍ទុកមុន ៖ ពេលវេលាកាន់តែកៀក ប្រសិនបើមិនដឹងថាត្រូវមើលអ្វី?ត្រៀមអ្វី? កុំទាន់ភ័យ
  • ត្រូវត្រៀមខ្លួនសម្រាប់តែការប្រឡងទៅបានហើយ
  • មើលតែមេរៀនណា លំហាត់ណាដែលគិតថាមានភាគរយច្រើនអាចចេញពេលប្រឡង
  • ប្រៀបធៀបសមត្ថភាពខ្លួនឯងជាមួយនឹងវិញ្ញាសាឆ្នាំចាស់ ដើម្បីដឹងពីកម្រិតបាក់ឌុបផងដែរ
  1. ត្រៀមខ្លួនបានរួចរាល់ ៖
  • សម្រួចសមត្ថភាពខ្លួនឯងជាបណ្ដើរៗ
  • តាមដានព័ត៌មាន និងស្វែងយល់បន្ថែមអំពីការប្រឡងបាក់ឌុប
  • ត្រូវយល់ដឹងអំពីនិតិវិធីនៃការប្រឡង លក្ខខណ្ឌផ្សេងៗដែលតម្រូវឱ្យធ្វើ ឬមិនត្រូវធ្វើ។

កញ្ញា បានបញ្ចាក់ទៀតថា ការប្រឡងយកនិទ្ទេសល្អ វាពិតជាសំខាន់ ក្នុងការទទួលបានអាហារូបករណ៍ សិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ។ ជាតឹកតាង វិទ្យាស្ថានស៊ីអ៊ីអូ គឺជាវិទ្យាស្ថានអប់រំ ដែលបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង មហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” ភាសាអង់គ្លេសហៅថា  “International Business Management” ដែលមានលោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ជាស្ថាបនិក បានផ្តល់អាហារូបករណ៍១៣៦កន្លែង សិស្សនិទ្ទេសA និទ្ទេសB និងកម្មវិធីប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០២កន្លែង នៅវិទ្យាស្ថានស៊ីអ៊ីអូ ជិតស្ពានដែកចំការដូង រាជធានីភ្នំពេញ។

ជាចុងក្រោយ ជូនពរប្អូនៗសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសជ្រើសជំនាញនិងសាកលវិទ្យាល័យសិក្សាត្រូវ ស្របតាមក្តីស្រមៃ។
តោះចូលរួមដាក់ពាក្យប្រឡងទាំងអស់គ្នា
https://forms.gle/fAHMM29y4YGVpTiA7
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
015 753 760 – 𝟎𝟔𝟔 𝟓𝟖 𝟕𝟖 𝟖𝟕 – 𝟎𝟗𝟔 𝟒𝟏 𝟗𝟐 𝟓𝟑𝟔
𝟎𝟗𝟕 𝟐𝟖 𝟖𝟕 𝟐𝟎𝟒 – 𝟎𝟗𝟑 𝟕𝟖𝟗 𝟑𝟕𝟕
Pageវិទ្យាស្ថានស៊ីអ៊ីអូ:https://www.facebook.com/ceoinstitute2014
Page អ្នកបន្តវេន: https://www.facebook.com/Neak.bontorvein
អត្ថបទ ៖ អ៊ឹម ភ័ស

 

ក្រុមហ៊ុនOCICបោះទុនជិត១០០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅទីក្រុងកោះពេជ្រ

        ដោយៈ​ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC បាននិងកំពុងបោះទុនជិត១០០លានដុល្លារ ដើម្បីរៀបចំបើកដំណើរការមជ្ឈម​ណ្ឌលពាណិជ្ជកម្មចម្រុះ នាកណ្តាលទីក្រុងកោះពេជ្រ។ គំរោងនេះរួមបញ្ចូលនូវផ្សារទំនើប ការិយាល័យសម្រាប់ជួល ទីលានកីឡា ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកំសាន្ត ជាដើម។

The Connecxion ជាឈ្មោះគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ដែលស្ថិតនៅចំកណ្តាលគំរោងDiamond Bay Garden ដែលមានខុនដូចំនួន៤អាគារ ក្នុងនោះអាគារចំនួន២មានកំពស់២៨ជាន់ បានបញ្ចប់ការសាងសង់ និងអាគារចំនួន២ទៀតកំពស់៣៨ជាន់ កំពុងដំណើរការសាងសង់។លោកជិន ហុកប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរាត្រីថ្ងៃទី២៤ តុលាថា មជ្ឈមណ្ឌ លពាណិជ្ជកម្មចម្រុះកំពស់៧ជាន់នេះ បើគិតតែគ្រោងអាគារ និងការស្ថាបត្យកម្មមួយចប់ សព្វគ្រប់ជិត២៨លានដុល្លារ ប៉ុន្តែបើគិតរួមបញ្ចួលទាំងតម្លៃដីគំរោងនេះ ចំណាយទុនជិត១០០លានដុល្លារ។ លោកបន្តថា ក្នុងចំណោមអាគារកំពស់៧ជាន់នេះ មាន ២ជាន់ស្ថិតនៅក្រោមដី ជាទីតាំងសម្រាប់ចំណតយានយន្ត ខណៈទំហំអាគារសរុបមានចំនួន៣ម៉ឺនម៉ែត្រការ៉េ។ លោកបន្តថា គំរោងនេះសាងសង់លើផ្ទៃដី ទំហំ១៥,០០០ម៉ែត្រការ៉េ ដែ លគិតជាទុនវិនិយោគទាំងដី និងអាគារមានជិត១០០លានដុល្លារអាមេរិក។
លោកបន្តថា ដំណាក់កាលទី១ នឹងបញ្ចប់នៅចុងឆ្នាំនេះ និងគ្រោងបើកដំណើរការ នៅចុងឆ្នាំ២០២៣នេះផងដែរ ប្រ​សិនជាគ្មានការប្រែប្រួលទេនោះ៕

ក្រុមហ៊ុនCCCCរបស់ចិនកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗ ជាច្រើននៅកម្ពុជា

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនCCCCរបស់រដ្ឋាភិបាលចិន បាននិងកំពុងវិនិយោគគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ពិសេសនឹងជីកព្រែកជីកតេជោហ្វូណននាពេលខាងមុខនេះ។

ដោយសារគុណតម្លៃ និងកិច្ចសហប្រតិបត្តិការធំៗជាច្រើនកន្លងមក លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិភាក្សាការងារ តាមការអញ្ជើញរបស់លោក Wang Haihuai នាយកប្រតិបត្តិក្រុមហ៊ុន CCCC នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងប្រទេសចិន​កាលពីដើមសប្តាហ៍នេះ។

តាមរយៈឱកាសជួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមាននិស្សិត វិស្វករពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អាចទទួលបានឱកាសចុះ ទៅសិក្សាទទួលយកបទពិសោធន៍ អនុវត្តការងារដោយផ្ទាល់ ពីក្រុមហ៊ុនធំលំដាប់ពិភពលោកCCCCនេះ ក្នុងគោលបំណង ដើម្បីបង្កើននូវសមត្ថភាពនិស្សិ​តវិស្វករ​ខ្មែរបន្ថែមទៀត។សម្របតាមការលើកឡើង របស់លោកនាយកប្រតិបត្តិ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកម្ពុជាបាន និងកំពុងសហប្រតិបត្តិការជាមួយក្រុមហ៊ុនលើគម្រោងមួយចំនួន រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀតជាច្រើនក្នុងប្រទេសកម្ពុជា។លោកនាយកប្រតិបត្តិ បានសម្ដែងការស្វាគមន៍ ចំពោះលោក ឧបនាយករដ្ឋមន្ត្រី ចំពោះដំណើរទស្សនកិច្ច មកកាន់ក្រុមហ៊ុននាឱកាសនេះ។ ក្នុងនោះ លោកនាយកប្រតិបត្តិ បានលើកឡើងផងដែរអំពីបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរំលេចផងដែរថា ចាប់តាំងពីផ្តើមប្រតិបត្តិការដំបូងនៅប្រទេសកម្ពុជា ក្រៅពីកិច្ចការងារវិនិយោគ ក្រុមហ៊ុន បានចូលរួមការងារសង្គមនៅកម្ពុជា ជាបន្តបន្ទាប់រហូតមកដូចជាការកសាងសាលារៀន មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅសហគមន៍ជាដើម៕

អ្នកជំនាញៈ ធុរកិច្ចជនជាតិ អន្តរជាតិនៅតែស្វែងរកឱកាសវិនិយោគក្នុងវិស័យក្នុងវិស័យជាច្រើននៅកម្ពុជា

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អ្នកវិនិយោគជាតិ អន្តរជាតិបានចាប់ផ្តើមស្វែងរកឱកា​សវិនិយោគលើវិស័យជាច្រើននៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia

អ្នកស្រីបានមានប្រសាសន៍ឲ្យដឹង ក្នុងបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៥ តុលាថា សកម្មភាពទិញ លក់និងការវិនិយោគក្នុង    វិស័យអចលនទ្រព្យ ហាក់មិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ អ្វីៗត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែមានអ្នកធុរកិច្ចតូច ធំទាំងជាតិ និងអន្តរជាតិ បាននិងកំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យជាច្រើនផងដែរ។អ្នកស្រីបានឲ្យដឹងថា អ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសវិនិយោគនោះ ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម សេវាកម្មបដិសណ្ឋារកិច្ច សណ្ឋាគារ កសិកម្ម និងវិស័យអចលនទ្រព្យផងដែរ។

យោងតាមលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងកាលពីដើមសប្តាហ៍នេះថា ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ CDCបានអនុម័តទុនវិនិយោគ ជិត៤០០០លានដុល្លារអាមេរិក ដែលភាគច្រើនជាការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ហើយវិនិយោគិនឈានមុខគេនៅកម្ពុជា គឺមកពីប្រទេសចិន ដោយគ្របដណ្ត​ប់ទុនវិនិយោគប្រមាណ៧០ភាគរយ នៃទំហំទុនវិនិយោគសរុប៕