ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បន្ត​ពិភាក្សា​លើ “គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០២៦-២០៣៥”

ដោយៈ ចំណាន

    ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និងជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២៦-២០៣៥”។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងរកធាតុចូល សម្រាប់ធ្វើការកែសម្រួល និង សម្រួចឯកសារដ៏មានសារៈសំខាន់នេះ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

លោកបណ្ឌិតសភាចារ្យ អនុប្រធានប្រចាំការកបសបានគូសរំលេចអំពីសាវតារ នៃការរៀបចំសេចក្តីព្រាងឯកសារ ដ៏មានសារៈសំខាន់នេះថា ការដាក់ចេញនូវIDP ថ្មី គឺមានភាពចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងនិន្នាការតំបន់ និងសកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។

ឯកសារថ្មីនេះ បានកំណត់ចក្ខុវិស័យ “ការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង ពិពិធកម្ម និងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក” ។

ជាមួយនេះ ឯកសារIDP ថ្មីនេះ បានកំណត់គោលបំណង ចំនួន ៤រួមមានទី១ បង្កើតការងារដែលមានជំនាញ និងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងប្រាក់ចំណូលប្រសើរ ទី២ រក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើ​នសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ទី៣ កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤ តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធ ឱ្យមានភាពត្រៀមខ្លួនរួចរាល់ សម្រាប់និន្នាការអនាគត និងមានភាពធន់នឹងបរិស្ថាន។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការរៀបចំយន្តការស្ថាប័នដឹកនាំអនុវត្ត ដើម្បីធានាឱ្យបាននូវសហថាមពល (Synergy) ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធ្វើការសម្រួចរចនាសម្ព័ន្ធស្ថាប័ន ឱ្យមានភាពស្វាហាប់ និង មុតស្រួច។

អង្គប្រជុំ បានការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានរៀបចំឯកសារនេះឡើង ប្រកបដោយខ្លឹមសារ និងភាពគ្រប់ជ្រុងជ្រោយ ដែលឆ្លើយតបទៅនឹងស្ថានភាព និង និន្នាការតំបន់ និងសកល ដើម្បីចាប់យកកាលានុវត្តភាព រៀបចំមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឱ្យបានរឹងមាំ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ បានស្នើអង្គប្រជុំផ្តល់ធាតុចូលបន្ថែមមកក្រុមការងារ សំដៅកែលម្អសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងល្អប្រសើរថែមទៀត មុននឹងបន្តការពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបូកសរុបជាស្ថាពរ និងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល៕

 

ការរីកចម្រើននៃវិស័យសំណង់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង

ដោយ: សហសេវិក
អន្តរជាតិ: ការរីកចម្រើនផ្នែកសំណង់របស់តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ស្របពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះខាតកម្លាំងពលកម្ម និងវិបត្តិថាមពល ដែលកំពុងលេចចេញជាឧបសគ្គសំខាន់ៗ។

យោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុន Linesight បង្ហាញថា បញ្ហាប្រឈមធំៗទាំងនេះបានជះផលប៉ះពាល់ដល់ការដឹកជញ្ជូន និងក្លាយជាកង្វល់ធំបំផុត ទោះបីជាតម្រូវការនៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។

វិស័យសំណង់នៅតំបន់អាសុីប៉ាសុីហ្វិកបានបង្ហាញភាពរឹងមាំនៅដើមឆ្នាំ២០២៦។ ប៉ុន្តែភាពតានតឹងសកល រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែអាក្រក់ទៅៗ និងជំរុញឱ្យថ្លៃដើមកើនឡើង។

កំណើននៃតម្លៃប្រេង និងឧស្ម័នក៏បានបង្កើនអតិផរណា និងបន្ថែមសម្ពាធលើសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើការនាំចូលផងដែរ។

ទោះបីជាយ៉ាងនេះក្តី តម្រូវការខាងក្រៅ ជាពិសេសឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិត នៅតែបន្តគាំទ្រដល់ការនាំចេញនៅក្នុងប្រទេសដូចជា ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ កូរ៉េខាងត្បូង និងចិន។

នៅប្រទេសសិង្ហបុរី វិស័យសំណង់ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ៤,៥ភាគរយក្នុងឆ្នាំ២០២៦ ដែលគាំទ្រដោយគម្រោងធំៗដូចជា ស្ថានីយលេខ ៥ នៃអាកាសយានដ្ឋាន Changi ការពង្រីកអគារ Marina Bay Sands និងការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែក។

នៅទូទាំងតំបន់ អត្រាអតិផរណាក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថា នឹងនៅមានកម្រិតខ្ពស់ចន្លោះពី៣,៥ភាគរយទៅ៦ភាគរយ ដោយសារកំណើនថ្លៃដើម ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី៕ប្រភព: The Business Times៕

រដ្ឋាភិបាល​រៀបចំ​ដាក់​បញ្ចូល​តំបន់​ភ្នំ​ចំនួន​៩​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យក្លាយជា​តំបន់​ការពារ​ធម្មជាតិ​

ដោយៈ ម៉ាល័យ

    បន្ទាយមានជ័យៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំចំនួន៩ នៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យក្លាយជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។

យោងតាមក្រសួងបរិស្ថាន នាថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី។

យោងតាមសំណើររបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រ ដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ ដែលគ្រោងបង្កើតភ្នំចំនួន៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំកងវ៉ា មានផ្ទៃដីទំហំ៥០ហិកតា ភ្នំជ្រាប់ មានផ្ទៃដីទំហំ៥៨,៥១ហិកតា ភ្នំតូច មានផ្ទៃដីទំហំ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំចំនួ​ន៥ ជាតំបន់ការពារទេសភាព ដូចជាៈ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា ភ្នំម៉ាឡៃ មានផ្ទៃដីទំហំ១០៨ហិកតា ភ្នំទឹកចេញមានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា ភ្នំខ្លាកូន មានផ្ទៃដីទំហំ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ១៧ហិកតា។

ក្រុមការងារដែលមានមន្រ្តីជំនាញ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន នឹងបន្តសហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាននិងទិន្នន័យ ដែលនៅខ្វះខាតមួយចំនួនបន្ថែមទៀត ទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់ តម្លៃវប្បធម៌និងទេសចរណ៍ ទិន្នន័យវិទ្យាសា​ស្រ្ត​ជីវៈចម្រុះ រុក្ខជាតិ និងសត្វ។

ក្រសួងបរិស្ថានកំពុងគ្រប់គ្រង តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង៧លានហិកតា ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស។

តំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិ មានចំនួន៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨តំបន់ តំបន់ការពារទេសភាពមានចំនួន១៤តំបន់។ តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន១១តំបន់ តំបន់រាមសារមានចំនួន៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន១៤ តំបន់ផងដែរ៕

មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​ប្រទេស​ឡាវ​បាន​វាយ​ប្រហារ​ថៃ​ថា​ជា​អ្នក​ឈ្លាន​ពាន​កម្ពុជា​

ដោយៈ ម៉ាណា

    វៀងច័ន្ទ៍ៈ មន្រ្តីកាទូតជាន់ខ្ពស់ប្រទេសឡាវ បានវាយប្រហារប្រ​ទេសថៃជាប្រទេសដែលចូលចិត្តឈ្លានពាន និងរំលោភបំពានលើប្រទេសជិតខាងដូចជាកម្ពុជាដោយអយុត្តិធម៌។

លើសពីនេះ លោកបានវាយប្រហារ ទៅលើប្រព័ន្ធអប់រំរបស់ថៃថាមានការអភិវឌ្ឍន៍តិចតួច និងបានរិះគន់ការគ្រប់គ្រងរបស់ថៃថាគ្មានលទ្ធិប្រជាធិបតេយ្យ។

យោងតាមការបង្ហោះរបស់លោកខាំ ភូរិ និងត្រូវបានបានចែករំលែកដោយលោកខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា នេះគឺជាការបកប្រែអត្ថបទទាំងស្រុងទៅជាភាសាខ្មែរ គំនិតជាតិនិយមបែបចង្អៀតចង្អល់ (Narrow Nationalism ឬ Ultra-nationalism ឬហៅឱ្យឆ្ងាយជាងនេះគឺ Chauvinism) សំដៅលើការស្រឡាញ់ជាតិ ដែលខ្លាំងហួសព្រំដែន រហូតក្លាយជាការលើកតម្កើងជាតិខ្លួនឯង និងមើលងាយជាតិដទៃ ឬក្រុមមនុស្សដែលមានភាពខុសគ្នា។

ចំពោះនៅក្នុងប្រទេសថៃ គំនិតនេះបានបង្កើតផលប៉ះពាល់អវិជ្ជមានជាច្រើន ទាំងក្នុងកម្រិតផ្ទៃក្នុង និងរវាងប្រទេសដូចជា ទី១ជម្លោះជាមួយប្រទេសជិតខាង៖ គំនិតជាតិនិយមចង្អៀតចង្អល់ តែងតែត្រូវបានលើកយកមកប្រើ តាមរយៈប្រវត្តិសាស្ត្រដែលបំភ្លៃ ដែលធ្វើឱ្យកើតមានអារម្មណ៍ជាសត្រូវជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា)។

ឧទាហរណ៍ដែលឃើញបានច្បាស់គឺ ករណីវិវាទប្រាសាទព្រះវិហារជាមួយកម្ពុជា ដែលគំនិតនេះ បានបង្កើតឱ្យមានភាពស្អប់ខ្ពើម ការប៉ះទង្គិចតាមព្រំដែន និងជះឥទ្ធិពលដល់ទំនាក់ទំនងការទូត។

ទី២. ការបែងចែក និងភាពខុសគ្នានៅក្នុងប្រទេស៖ ការកំណត់និយមន័យនៃលទ្ធិ “ថៃថៃ” (Pan-Thaism) បែបចង្អៀតចង្អល់ បានធ្វើឱ្យក្រុមជនជាតិដទៃទៀត ឬអ្នកដែលមានវប្បធម៌-សាសនាខុសគ្នា (ឧទាហរណ៍៖ ប្រជាជនមូស្លីមនៅភាគខាងត្បូង ឬជនជាតិភាគតិចនៅភាគខាងជើង) ត្រូវបានមើលឃើញថាជា “ជនក្រៅ” ឬមិនមែនជាជនជាតិថៃពិតប្រាកដ។

រឿងនេះបង្កឱ្យមានបាតុភូតនៃការអនុវត្តស្តង់ដារពីរ (Double Standards) ការរើសអើង (Selective treatment) ភាពមិនស្មើគ្នា ហើយគឺជាឫសគល់មួយ នៃបញ្ហាមិនស្ងប់សុខនៅក្នុងប្រទេស។ ទី៣. ជាឧបករណ៍នយោបាយក្នុងការបង្ក្រាបអ្នកដទៃ៖ ញឹកញាប់ណាស់ដែលគំនិតជាតិនិយម ត្រូវបានប្រើប្រាស់ដោយក្រុមនយោបាយ ឬអ្នកមានអំណាច ដើម្បីវាយប្រហារភាគីម្ខាងទៀត។ អ្នកដែលទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬចង់បានការផ្លាស់ប្តូរ តែងតែត្រូវបានចោទប្រកាន់ថាជា “អ្នកប្រឆាំងជាតិខ្លួនឯង” ឬជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលនាំទៅដល់ការលុបបំបាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

ទី៤. ផលប៉ះពាល់លើសេដ្ឋកិច្ច និងទេសចរណ៍៖ នៅពេលដែលមានកម្លាំងជាតិនិយមជ្រុល ដែលនាំទៅដល់ការប្រឆាំង ឬវាយប្រហារលើប្រទេសដទៃ (ទាំងនៅលើពិភពលោកអនឡាញ និងការពិត) វាអាចនាំទៅដល់ការធ្វើពហិការ (Boycott) ទំនិញ ការថយចុះនៃចំនួនភ្ញៀវទេសចរពីប្រទេសនោះៗ និងប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន។

តើនៅចាំទេថា មានអ្នកលេងបណ្ដាញសង្គមជនជាតិថៃមួយចំនួនបានចេញមុខមកថ្កោលទោស “អស់សេចក្ដីថ្លៃថ្នូរ” ដោយអះអាងថាជនជាតិចិន មកដើរលេងនៅថៃ មិនបានចំណាយលុយមួយបាតសោះ។ មកដល់ពេលនេះ នៅពេលដែលភ្ញៀវទេសចរចិនមិនមកលេងថៃ តើអ្នកណាជាអ្នកទទួលរងគ្រោះ?។

ទី៥. ការរឹតត្បិត ការរៀនសូត្រ និងភាពចម្រុះនៃវប្បធម៌៖ គំនិតនេះ បង្កើតឱ្យមានការជាប់ជំពាក់នឹងអតីតកាល និងជំនឿចាស់ៗ ដោយបដិសេធ មិនព្រមទទួលយកការពិតខាងប្រវត្តិសាស្ត្រ។ រឿងនេះធ្វើឱ្យការអប់រំ និងសង្គមខ្វះការត្រិះរិះពិចារណា (Critical thinking) ហើយពិបាកនឹងបន្សាំខ្លួនទៅនឹងពិភពលោក ក្នុងយុគសម័យសកលភាវូបនីយកម្ម ដែលទាមទារនូវភាពបើកទូលាយ។

សរុបមក ការស្រឡាញ់ជាតិគឺជារឿងល្អ ប៉ុន្តែនៅពេលដែលវាប្រែទៅជាលទ្ធិជាតិនិយមបែបចង្អៀតចង្អល់ វានឹងប្រែពីការបង្កើតសាមគ្គីភាព មកជាការសាងជញ្ជាំងនៃភាពស្អប់ខ្ពើម ទាំងចំពោះមនុស្សក្នុងជាតិជាមួយគ្នា ដែលមានគំនិតខុសគ្នា និងចំពោះមិត្តមនុស្សជាតិនៅក្នុងប្រទេសជិតខាង៕

ការសិក្សាថ្មី: ពលរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​មាន​បំណង​ទិញ​ផ្ទះ​ជា​ជាង​ការ​ជួល​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីរបស់ធនាគារ Bank of America បានឱ្យដឹងថា ជនជាតិអាមេរិកកាន់តែច្រើនមានបំណងទិញផ្ទះជាជាងជួល ឬរស់នៅជាមួយក្រុមគ្រួសារ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។

និន្នាការនេះបង្ហាញថា ទំនុកចិត្តក្នុងការទិញផ្ទះកំពុងមានភាពប្រសើរឡើង ទោះបីជាអត្រាការប្រាក់កម្ចីទិញផ្ទះនៅតែមានកម្រិតខ្ពស់ តម្លៃផ្ទះមានតម្លៃថ្លៃ និងការផ្គត់ផ្គង់លំនៅឋាននៅមានកម្រិតយ៉ាងណាក្តី។

អ្នកទិញវ័យក្មេង ជាពិសេស Gen Z និង millennials កំពុងជំរុញនិន្នាការនេះ ហើយហាក់ដូចជាមិនសូវមានឆន្ទៈក្នុងការរង់ចាំស្ថានភាពទីផ្សារឱ្យប្រសើរឡើង។

ក្នុងចំណោមមនុស្ស២.០០០ នាក់ដែលត្រូវបានស្ទង់មតិ ចំនួន៥៣ភាគរយបាននិយាយថា ពួកគេមានបំណងចង់ទិញផ្ទះ ខណៈដែលចំនួន៤៧ភាគរយចូលចិត្តជួល ឬរស់នៅជាមួយក្រុមគ្រួសារ។

ទោះជាយ៉ាងណា លទ្ធភាពទិញនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត ដោយតម្លៃផ្ទះខ្ពស់ និងថ្លៃដើមនៃការខ្ចីប្រាក់ខ្ពស់នៅតែជាឧបសគ្គចម្បង។ ធនាគារ Bank of America រំពឹងថា អត្រាការប្រាក់កម្ចីទិញផ្ទះនឹងស្ថិតក្នុងរង្វង់ចន្លោះពី៦,២៥ភាគរយទៅ៦,៧៥ភាគរយនៅឆ្នាំនេះ។

ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នកទិញ និងម្ចាស់ផ្ទះកាន់តែច្រើនកំពុងប្រើប្រាស់ឧបករណ៍ AI និង chatbot ដើម្បីជួយក្នុងដំណើរការទិញផ្ទះ ដូចជាការប៉ាន់ប្រមាណថ្លៃដើម ការស្រាវជ្រាវ និងការតាមដាននិន្នាការទីផ្សារលំនៅឋាន៕ប្រភព: Reuters៕

លោក​ឧកញ៉ា​បណ្ឌិតគីម​ ហ៊ាង​បង្ហាញ​មហិច្ឆតា​ប្រែ​ក្លាយ​ក្រុមហ៊ុន​បុរី​វិមានសំណាង​មាន​តម្លៃ​១០០០​លាន​ដុល្លារ​

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ស្ថាបនិកបុរីវិមានសំណាង និងជាអគ្គនាយកក្រុមហ៊ុនKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញមហិច្ឆតា ប្រែក្លាយបុរីនេះកើនពី១០០លានដុល្លារ ដល់១០០០លានដុល្លារនៅឆ្នាំ២០៣៦ខាងមុខ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកបណ្ឌិតបានចុះហតកថលេខា លើ “កិច្ចព្រមព្រៀងធានាទិញមូលបត្រ” ជាមួយ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក និង “កិច្ចព្រមព្រៀងភ្នាក់ងារលក់” ជាមួយក្រុមហ៊ុនមូលបត្រឈានមុខគេចំនួន៦។

ក្រុមហ៊ុនទាំងនោះរួមមានដូចជា
• Campu Securities Plc.
• ACLEDA Securities Plc.
• Canadia Securities Co., Ltd.
• SBI Royal Securities Plc.
• Cambodia Securities Plc.
• Golden Fortune Securities Plc.

លោកឧកញ៉ាបណ្ឌិតបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ ពង្រីកប្រភពទុន និងបង្កើនសមត្ថភាពក្នុងការចូលរួមទីផ្សារមូលបត្រកម្ពុជា ស្របតាមចក្ខុវិស័យអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព និងតម្លាភាព។

លោកឧកញ៉ាបន្តពន្យល់ថា “បច្ចុប្បន្នក្រុមហ៊ុនបុរីវិមានសំណាងមានទុន១០០លានដុល្លារ យើងនឹងបោះលក់មូលបត្រ១០ភាគរយ នៃទុន១០០លាន”។ លោកឧកញ៉ាបន្តថា “ផែនការសម្រេចបានតម្លៃក្រុមហ៊ុន១០០០លានដុល្លារនាឆ្នាំ២០៣៦ ជាគោលដៅ និងចក្ខុវិស័យរបស់ខ្ញុំ ហើយពេលវេលានឹងបង្ហាញ ពីតម្លៃក្រុមហ៊ុននេះ នៅទីផ្សារកម្ពុជានិងសកល”។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនមូលបត្រ ដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជា៕

ដំណឹងល្អៈ ​គម្រោង​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​ដីឥដ្ឋ​-ថ្មគរ​សម្រេច​បាន​ជិត​៥៤​ភាគ​រយ​ហើយ​

ដោយៈ ម៉ាណា

    កណ្តាលៈ ក្រសួងបញ្ជាក់ថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបានលទ្ធផលជារួម ៥៣,៨១%ហើយ។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនសាងសង់(CRBC) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស(WACC) និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបានលទ្ធផលជារួម៥៣,៨១%ហើយ ។ ស្ពាននេះ ដែលមានរយៈពេលសាងសង់៤៨ ខែ(គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)។

ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលកាលណោះបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោកវ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិត ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រ​ភេ​ទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។

ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង២១០០ម៉ែត្រ ទទឹងផ្លូវ២៦ម៉ែត្រ ក្រា​លបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ៕

ស្ថាប័ន​អន្តរជាតិ​នៅ​តែ​បន្ត​​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កំណែ​ទម្រង់​

ដោយៈ ចំណាន

    ភ្នំពេញៈ ធនាគារពិភពលោក បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើការកែលម្អបរិយាកាសអាជីវកម្ម អភិបាលកិច្ច ផលិតភាព និងការកាត់បន្ថយឧបសគ្គ សម្រាប់ក្រុមហ៊ុនជាកំណែទម្រង់សំខាន់ៗ ដែលត្រូវការសម្រាប់កំណើនកាន់តែរឹងមាំ។

វាក៏បានបង្ហាញផងដែរថា ប្រហែល៩០ភាគរយ នៃសហគ្រាសគឺមិនផ្លូវការ ដែលកំណត់ផលិតភាព និងការប្រមូលពន្ធ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានអំពីភាពងាយរងគ្រោះនៃអភិបាលកិច្ច រួមជាមួយនឹងហានិភ័យវិស័យហិរញ្ញវត្ថុ និងតម្រូវការសម្រាប់កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីពង្រឹងភាពធន់ និងការប្រកួតប្រជែង។

ក្នុងពេលជាមួយគ្នានេះ ទាំងធនាគារពិភពលោក និងIMF មិនបានព្យាករណ៍ ពីការដួលរលំសេដ្ឋកិច្ចរយៈពេលវែងនោះទេ។

ការព្យាករណ៍ថ្មីៗរបស់ពួកគេនៅតែរំពឹងថា ប្រទេសកម្ពុជានឹងបន្តរីកចម្រើន ទោះបីជាយឺតជាងពេលមុនក៏ដោយ ជាមួយនឹងកំណើនងើបឡើងវិញ ប្រសិនបើកំណែទម្រង់ត្រូវបានអនុវត្ត ហើយលក្ខខណ្ឌខាងក្រៅមានភាពប្រសើរឡើង។

ប្រសិនបើអំពើពុករលួយនៅតែខ្ពស់ ហើយកំណែទម្រង់មានភាពយឺតយ៉ាវ ប្រទេសកម្ពុជាប្រឈមនឹងហានិភ័យ នៃការវិនិយោគទាប ផលិតភាពចុះខ្សោយ ការបង្កើតការងារយឺត និងការធ្លាក់ចុះនៃអចលនទ្រព្យរយៈពេលយូរ។

ប្រសិនបើអភិបាលកិច្ចមានភាពប្រសើរឡើង ហើយសេដ្ឋកិច្ចមានភាពចម្រុះ ប្រទេសកម្ពុជានៅតែអាចសម្រេចបាន កំណើនរយៈពេលវែងដ៏រឹងមាំ ពីព្រោះវាមានកម្លាំងពលកម្មវ័យក្មេង ទីតាំងយុទ្ធសាស្ត្រ និងលំហូរចូលវិនិយោគបរទេសជាបន្តបន្ទាប់។

អ្នកវិភាគជាច្រើនមើលឃើញថា អំពើពុករលួយជាឧបសគ្គចម្បង ប៉ុន្តែមិនមែនជាកត្តាតែមួយគត់ ដែលកំណត់អនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះទេ៕

ការសិក្សាៈ​ផលចំណេញ​ពីការ​វិនិយោគ​នៅ​កម្ពុជា​ថយ​ចុះ​ ក្នុង​វិស័យ​អចលនទ្រព្យ​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការសិក្សាបានបង្ហាញថា បើប្រៀបធៀបទៅនឹងឆ្នាំរីកចម្រើននៃឆ្នាំ២០១៦ ទៅ២០១៩ ផលចំណេញពីការវិនិយោគអចលនទ្រព្យ នៅកម្ពុជាបានថយចុះ។

អ្នកវិភាគមកពីក្រុមហ៊ុនទីផ្សារ ដូចជា Knight Frank Cambodia, CBRE Cambodia (APS) និងអ្នកស្រាវជ្រាវទីផ្សារកត់សម្គាល់ថា ទីផ្សារបានផ្លាស់ប្តូរពីការរំពឹងទុក ទៅជាការផ្តោតលើប្រាក់ចំណូលជួលជាក់ស្តែង លទ្ធភាពទិញ និងតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ។

ហេតុអ្វីបានជា Return on Investment ROI បានថយចុះ? មានកត្តាមួយចំនួនដូចជា ទី១ ការផ្គត់ផ្គង់លើសនៅក្នុងផ្នែកខ្លះ ដោ​យនៅរាជធានីភ្នំពេញ មានយូនីតខុនដូចន្លោះពី៧៦,០០០ ទៅ៨០,០០០ ដែលបង្កើតការប្រកួតប្រជែងខ្លាំង ក្នុងចំណោមអ្នកលក់ និងម្ចាស់ផ្ទះ ជាពិសេសនៅភ្នំពេញ។

ប្រាក់ចំណេញពីដើមទុន ពិបាកសម្រេចបានជាងអំឡុងពេលរីកចម្រើនពីមុន។ ការរំពឹងទុក។ ជនបរទេស និងអ្នកជំនាញក្នុងស្រុក។

ផ្នែកទាំងនេះ ជាទូទៅមានការកាន់កាប់ខ្លាំងជាង និងទិន្នផលមានស្ថេរភាពជាង។

ការវិនិយោគផលិតកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវបានចាត់ទុកថា ជាកត្តាជំរុញរយៈពេលវែងដ៏សំខាន់ សម្រាប់ការងើបឡើងវិញ។ ក្នុងការរំពឹងទុកនៃប្រាក់ចំណេញពីដើមទុនច្រើន៕

ទី​ក្រុង​​កំពត​ត្រៀម​ដាក់​បេក្ខភាព​ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ដែល​​មាន​​ភាព​​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូបអាហារ​ (Gastronomy) ​របស់​អង្គការ​យូណេស្កូ

ដោយ៖ ឈុនហេង

កំពត៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) ដោយមានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យ​​ឯកជន និង​អ្នកជំនាញការ សរុបប្រមាណ​ជាង​២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាខាង​លើ​​នេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត

ឯកឧត្តមរដ្ឋមន្ត្រី ក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ តី​បានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

គូស​បញ្ជាក់​ថាទី​ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែល​បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅ​កាន់​ពិភព​លោក​។

ខេត្តកំពត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦