តើរយៈពេល៥ទៅ១០ឆ្នាំខាងមុខ លោក អ្នកគួរវិនិយោគដីធ្លីដូចម្តេច?

ដោយៈ ចំណាន

    ភ្នំពេញៈ រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ប្រសិនជាកម្ពុជាសម្រេចបានគោលដៅ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជានឹងក្លាយជាគោលដៅវិនិយោគជាថ្មី ដោយសារអំណាចនៃការទិញកើនឡើង។

ហេតុនេះសម្រាប់ការវិនិយោគរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ អ្នកវិនិយោគគួរផ្តោតលើអចលនទ្រព្យមួយចំនួន ដូចជា ទី១ ផ្តល់អាទិភាពដល់ដីនៅជិតផ្លូវធំៗ ផ្លូវរង្វង់ មជ្ឈមណ្ឌលដឹកជញ្ជូន ឬតំបន់ឧស្សាហកម្ម។

ទី២ ផ្តោតលើដីដែលមានប្លង់រឹង និងផ្លូវច្បាប់ច្បាស់លាស់។ ទី៣ ស្វែងរកតំបន់ដែលទទួលបាន អត្ថប្រយោជន៍ពីកំណើនប្រជាជន ជាជាងពឹងផ្អែកតែលើការប្រកាសនាពេលអនាគត។ ទី៤ ជៀសវាងការបង់តម្លៃខ្ពស់បំផុត នៅក្នុងទីតាំងដែលមានភាពចាស់ទុំរួចហើយ លុះត្រាតែមានឱកាសអភិវឌ្ឍន៍ឡើងវិញច្បាស់លាស់។

ក្នុងចំណោមតំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញ ដូចជា សែនសុខ ឫស្សីកែវ ច្បារអំពៅ និងផ្នែកមួយចំនួននៃកំបូល/ដង្កោ ត្រូវបានគេមើលឃើញជាទូទៅថា មានទស្សនវិស័យរយៈពេលវែង ល្អជាងដីដែលមានលក្ខណៈហួសហេតុពេក។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនSAM SN Groupបានលើកឡើងកាលពីពេលថ្មីៗនេះថា ការវិនិយោគដីធ្លីពេលនេះ ជាការវិនិយោគរយៈពេលវែង ដែលហេតុនេះអ្នកវិនិយោគគួរសិក្សាលំហូរសាច់ប្រាក់ របស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយបែងចែកលុយសន្សំ លុយគ្រួសារ និងលុយសម្រាប់វិនិយោគឲ្យបានច្បាស់លាស់។

អ្នកឧកញ៉ាបានបញ្ជាក់ថា “ការវិនិយោគដីធ្លីក្នុងចម្ងាយ៣០គីឡូម៉ែត្រពីរាជធានី មានឱកាសចំណេញខ្ពស់នាពេលអនាគត ធៀបជាមួ​យដីកណ្តាលក្រុង ដែលមានតម្លៃខ្ពស់រួចទៅហើយ”។

តាមការសិក្សានៅឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងមានម​នុស្សរស់នៅ និងចេញចូលប្រចាំថ្ងៃប្រមាណ៤,៥លាននាក់ ដែលនឹងមានការផ្លាស់ប្តូរបែបផែននៃការរស់នៅ និងនគរូបនីយកម្មយ៉ាងខ្លាំង៕

សហរដ្ឋអាមេរិកអនុម័តច្បាប់ពន្លឿនការសាងសង់លំនៅឋានមានតម្លៃសមរម្យ

ដោយ: សហសេវិក
អន្តរជាតិ: សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយក្នុងគោលបំណងពន្លឿនការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ និងបានបញ្ជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាឱ្យចូលជាធរមាន។

សេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន៨៥ ទល់នឹងសំឡេងជំទាស់ចំនួន៥។

លោក French Hill ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុនៃសភាតំណាងរាស្ត្រមកពីរដ្ឋ Arkansas និងជាសមាជិកគណបក្សសាធារណរដ្ឋ បានអះអាងថា «អាមេរិកកំពុងប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់លំនៅឋាន»។

លោក Hill បានបន្តថា ច្បាប់នេះនឹង «កាត់បន្ថយឧបសគ្គដែលមិនចាំបាច់ចំពោះការសាងសង់ផ្ទះថ្មី» និងធ្វើទំនើបកម្មបទប្បញ្ញត្តិធនាគារដែលហួសសម័យ ដើម្បីសម្រួលដល់ប្រាក់កម្ចីទិញផ្ទះបន្ថែមទៀតដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។

យោងតាមការប៉ាន់ប្រមាណបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងបញ្ហាប្រឈមខ្វះខាតលំនៅឋានដែលមានតម្លៃសមរម្យរាប់លានខ្នងនៅទូទាំងប្រទេស។

កត្តារួមផ្សំផ្សេងៗ ដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះខ្ពស់ ការកើនឡើងនៃតម្លៃផ្ទះ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរួមចំណែកបង្កការលំបាកសម្រាប់អ្នកទិញផ្ទះ៕ប្រភព: Reuters៕

ទំហំ​ទីផ្សារ​លំនៅឋាន​នៅ​ទីក្រុងស៊ីដនី​ និង​ទីក្រុង​មែលប៊ន​ដាំ​ក្បាល​ចុះ​១២៨​ពាន់​លានដុល្លារ​នៅ​ត្រីមាសទី២​

ដោយ: សហសេវិក
អន្តរជាតិ: ការដាំក្បាលចុះនៃទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលីបានធ្វើឱ្យទំហំទីផ្សារលំនៅឋាននៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊នធ្លាក់ចុះប្រមាណ១២៨ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី២។

ការណ៍នេះបានបង្កើនការព្រួយបារម្ភថា ការដាំក្បាលចុះនៃទីផ្សារលំនៅឋាននឹងជះផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់គ្រួសារ ដែលនឹងកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។

យោងតាមការគណនារបស់ស្ថាប័ន Bloomberg Economics ដោយប្រើទិន្នន័យរបស់ក្រុមហ៊ុន Cotality និង Australian Bureau of Statistics តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានធ្លាក់ចុះ២,៧ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន បានកើនឡើង២,៣ភាគរយចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែមិថុនា។

លោក James McIntyre សេដ្ឋវិទូនៃក្រុមហ៊ុន Bloomberg Economics បានលើកឡើងថា ការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់ដល់គ្រួសារអ្នកមានជាមុនសិន មុនពេលរីករាលដាលដល់ទីផ្សារជារួមនៅឆមាសទីពីរនៃឆ្នាំ ២០២៦។

ទីផ្សារលំនៅឋានអូស្ត្រាលីបានរីកចម្រើនយ៉ាងឆាប់រហ័សអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលគាំទ្រដោយអត្រាការប្រាក់ទាប និងលំហូរជនអន្តោប្រវេសន៍ ដែលបានជំរុញឱ្យតម្រូវការលំនៅឋានកើនឡើង ខណៈការផ្គត់ផ្គង់លំនៅឋាននៅតែមានកម្រិត។

ទោះជាយ៉ាងណា ការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សនៅឆ្នាំនេះ ការថយចុះនៃជនអន្តោប្រវេសន៍ សម្ពាធលើលទ្ធភាពទិញ និងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការលើកទឹកចិត្តពន្ធសម្រាប់ទីផ្សារលំនៅឋាន បានធ្វើឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ។

លោក McIntyre បានបន្ថែមថា ការធ្លាក់ចុះនៃតម្លៃផ្ទះអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទិញផ្ទះ ប៉ុន្តែ ការធ្លាក់ចុះនេះអាចនឹងបង្អាក់ការចំណាយផងដែរ ដោយសារគ្រួសារនានាប្រឈមមុខនឹងភាពមិនប្រាកដប្រជាពីជម្លោះនៅអ៊ីរ៉ង់ និងថ្លៃដើមកម្ចីខ្ពស់៕ប្រភព: Bloomberg៕

តម្រូវ​ការ​ការិយាល័យ​លំដាប់​ខ្ពស់​នៅ​ទីក្រុង​ហុងកុង​កំពុង​ចាប់​ផ្តើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា អត្រាការិយាល័យ​ទំនេរ​​លំដាប់​ខ្ពស់​សរុប​របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​មក​ត្រឹម​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៧​ខែ​កាលពីខែឧសភា ខណៈតម្រូវការ​បានរាលដាលចេញពីតំបន់ Central។

ខណៈអត្រា​ការិយាល័យ​ទំនេរ​កម្រិត A របស់​តំបន់ Central រក្សា​បាន​ស្ថិរភាព​នៅ​ត្រឹម៩,២ភាគរយ អ្នកជួល​ហាក់​បាន​ងាកទៅ​កាន់តំបន់ផ្សេងៗ ដូចជា Wan Chai និង Causeway Bay។

អត្រាការិយាល័យ​ទំនេរ​នៅ​តំបន់ទាំងនេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម៩,៨ភាគរយ​ក្នុង​ខែ​ឧសភា ពី១០,៤ភាគរយ​ក្នុង​ខែ​មេសា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល១០ខែ។

លោក Sam Gourlay ប្រធានផ្នែកប្រឹក្សាយោបល់ជួលការិយាល័យនៅក្រុមហ៊ុន JLL ក្នុងទីក្រុងហុងកុងបានអះអាងថា «យើងកំពុងចាប់ផ្តើមសង្កេតឃើញការរាលដាលនៃតម្រូវការ ខណៈអត្រាគ្របដណ្តប់ការជួលការិយាល័យលំដាប់ខ្ពស់នៅតំបន់ Central ខិតជិតដល់កម្រិតពេញលេញ»។

លោកបានបន្តថា ការណ៍នេះបានជួយជំរុញអត្រាការិយាល័យទំនេរសរុបឱ្យធ្លាក់ចុះមកនៅត្រឹម១៣,៣ភាគរយគិតត្រឹមចុងខែឧសភា ទោះបីជាអ្នកជួលទំនងជានៅតែផ្តោតលើអគារថ្មីៗ ឬមានគុណភាពខ្ពស់យ៉ាងណាក្តី៕ប្រភព: SCMP៕

តម្លៃជួល​ការិយាល័យ​នៅ​សិង្ហ​បុរី​កើន​ឡើង​រយៈ​ពេល​៦​ត្រីមាស​ជាប់ៗ​គ្នា​ ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជាជាសកល

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅសិង្ហបុរីបានបន្តកើនឡើងរយៈពេល៦ត្រីមាសជាប់ៗគ្នា ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD បានកើនឡើង០,៨ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសទី១ ដោយឈានដល់១២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

លោកស្រី Tricia Song ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE បានអះអាងថា អត្រាការិយាល័យទំនេរនៅក្នុងតំបន់ CBD បានធ្លាក់ចុះមកត្រឹម៣,៣ភាគរយក្នុងអំឡុងត្រីមាសទី២ ដោយសារការផ្គត់ផ្គង់នៅមានកំណត់។

ក្រុមហ៊ុន CBRE ព្យាករណ៍ថា តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ CBD នឹងកើនឡើងប្រហែល៥ភាគរយនៅឆ្នាំ២០២៦នេះ។ ទោះបីជាមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ក្រុមហ៊ុនជឿជាក់ថា សញ្ញាណាមួយនៃដំណោះស្រាយរយៈពេលខ្លីក៏អាចជំរុញទំនុកចិត្តជួល និងតម្លៃជួលផងដែរ។

លោកស្រី Song បានបន្ថែមថា «ប្រសិនបើពុំមានការផ្គត់ផ្គង់ថ្មី បូករួមទាំងការថយចុះនៃតម្លៃប្រេង អាចជួយជំរុញកំណើននៃទំនុកចិត្តលើការជួលការិយាល័យនៅក្នុងឆមាសទី២ ឆ្នាំ២០២៦»៕ប្រភព: Edgeprop៕

ក្រុមហ៊ុន ​KH HAITECH ​នឹង​សាង​សង់​រោងចក្រ​ផលិត​ថេ​ប្លេត​ម៉ាក​ខ្មែរនៅ​រាជធានីភ្នំពេញ​

ដោយៈ សហសេវិក

ភ្នំពេញៈ ក្រុមហ៊ុន KH HAITECH ដែលបង្កើតឡើងដោយកូនខ្មែរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន កំពុងជំរុញការវិនិយោគក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិកនៅកម្ពុជា ដោយគ្រោងសាងសង់រោងចក្រផលិតថេប្លេតម៉ាកខ្មែរ “K Haitech” នៅរាជធានីភ្នំពេញ។

Haitech-Haier Global Business គឺជាបុត្រសម្ព័ន្ធមួយក្នុងប្រព័ន្ធអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយលើពិភពលោក ក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុនHaier មានវត្តមាននៅជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក និងត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោឈានមុខគេក្នុងវិស័យនេះ។

KH HAITECH បានបញ្ជាក់ថា ខ្លួនជាក្រុមហ៊ុនផលិតដោយផ្ទាល់ មិនមែនជាក្រុមហ៊ុននាំចូល ឬទិញ-លក់គ្រឿងអេឡិចត្រូនិកនោះទេ។ ក្រុមហ៊ុនមានគោលបំណង នាំយកបច្ចេកវិទ្យាផលិតកម្មទំនើប និងគោលការណ៍ឧស្សាហកម្ម៤.០ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មជាតិ។

យោងតាមព័ត៌មានដែលបានបង្ហាញដោយក្រុមហ៊ុន រោងចក្រផលិតថេប្លេតម៉ាក “K Haitech” នឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៥ ហិកតា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ផលិតផលដែលនឹងផលិតនៅកម្ពុជានេះ ត្រូវបានរំពឹងថា នឹងផ្តល់ជាជម្រើសបច្ចេកវិទ្យាដែលមានតម្លៃសមរម្យសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅ។

កាលពីដើមឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ KH HAITECH បានជួបពិភាក្សាការងារជាមួយលោកហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្ហាញពីផែនការវិនិយោគ និងការអភិវឌ្ឍផលិតកម្មបច្ចេកវិទ្យាទំនើបនៅកម្ពុជា។

ក្រសួងបានស្វាគមន៍គម្រោងនេះ និងបង្ហាញការគាំទ្រចំពោះការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក។

ជាមួយគ្នានេះ ក្រុមហ៊ុន KH HAITECH ក៏បានផ្តល់សិទ្ធិចែកចាយលក់រាយដល់ក្រុមហ៊ុននានា ក្នុងការត្រៀមដាក់លក់ផលិតផល  “K Haitech” នៅលើទីផ្សារកម្ពុជានាពេលខាងមុខ។

ការវិនិយោគនេះ ស្របពេលដែលកម្ពុជា កំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ប្រសិនបើគម្រោងនេះដំណើរការតាមផែនការ វាអាចក្លាយជាជំហានសំខាន់មួយ ក្នុងការបង្កើតឧស្សាហកម្ម ផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុក និងជួយលើកកម្ពស់វិស័យ បច្ចេកវិទ្យារបស់កម្ពុជានៅពេលអនាគត៕

តើសេដ្ឋកិច្ចមហាយក្សចិនឆ្នាំ២០២៦មានសភាពដូចម្តេច?

ដោយៈ ចំណាន

    ប្រទេសចិនៈ ការសិក្សាបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៦នេះ មិនស្ថិតក្នុងវិបត្តិទេ ប៉ុន្តែវាកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរដ៏លំបាកមួយ។

អ្នកសេដ្ឋកិច្ចភាគច្រើនរំពឹងថា កំណើននឹងធ្លាក់ចុះមកនៅត្រឹមប្រហែល៤,៤ ទៅ៤,៨ភាគរយ ដែលយឺតជាងឆ្នាំដែលមានកំណើនខ្ពស់កាលពីអតីតកាល។

តើមានបញ្ហាអ្វីខ្លះកំពុងកើតឡើង? មានសូចនាករមួយចំនួនដែលគេមើលឃើញដូចជា ទី១ ទីផ្សារអចលនទ្រព្យនៅតែខ្សោយ បញ្ហា​​ធំបំផុតនៅតែជាវិស័យអចលនទ្រព្យ។ ការវិនិយោគលើលំនៅដ្ឋាននៅតែបន្តធ្លាក់ចុះ តម្លៃផ្ទះនៅតែស្ថិតនៅក្រោមសម្ពាធ ហើយអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងជួបការលំបាក។

“អចលនទ្រព្យជាប្រភពសំខាន់នៃទ្រព្យសម្បត្តិគ្រួសារ នេះធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់”។

ទី២ អ្នកប្រើប្រាស់កំពុងចំណាយដោយប្រុងប្រយ័ត្ន គ្រួសា​រចិនកំពុងសន្សំប្រាក់បានច្រើន និងចំណាយតិចជាងអ្វី ដែលអ្នកធ្វើគោលនយោបាយចង់បាន។ ការលក់រាយបានចុះខ្សោយនៅឆ្នាំ២០២៦នេះ ដែលឆ្លុះបញ្ចាំង ពីការព្រួយបារម្ភអំពីការងារ កំណើនប្រាក់ចំណូល និងតម្លៃលំនៅដ្ឋាន។

ទី៣. ការនាំចេញមានភាពរឹងមាំគួរឱ្យភ្ញាក់ផ្អើល ចំណុចភ្លឺ​មួយគឺការនាំចេញ។ តម្រូវការសម្រាប់ផលិតផលចិន ដូចជា គ្រឿងអេឡិចត្រូនិច ឧបករណ៍ទាក់ទងនឹងAI ឧបករណ៍អេឡិចត្រូនិច ថ្ម និងផលិត​ផលថាមពលកកើតឡើងវិញ បានជួយដល់ការផលិត និងទិន្នផលឧស្សាហកម្ម។

ទី៤. រដ្ឋាភិបាលកំពុងផ្លាស់ប្តូរ ទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដោយប្រទេសចិនកំពុងវិនិយោគយ៉ាងច្រើន លើការផលិតទំនើប បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ទីក្រុងប៉េកាំងមើលឃើញវិស័យទាំងនេះ “ជាម៉ាស៊ីនកំណើននាពេលអនាគត”។

តើ IMF និងOECD និយាយអ្វីខ្លះពីសេដ្ឋកិច្ចរបស់មហាយក្សមួយនេះ? មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍(OECD)ជាទូទៅរំពឹងថាសេដ្ឋកិច្ចប្រទេសចិន នឹងមានកំណើនប្រហែល៤.៥%ក្នុងឆ្នាំ ២០២៦ ដែលគាំទ្រដោយការនាំចេញ និងគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែត្រូវបានរារាំង ដោយការប្រើប្រាស់ខ្សោយ និងការធ្លាក់ចុះនៃអចលនទ្រព្យ។

លើសពីនេះ បញ្ហាប្រឈមចម្បងសម្រាប់ប្រទេសចិន គឺការផ្លាស់ប្តូរពីគំរូដែលជំរុញដោយ ការសាងសង់អចលនទ្រព្យ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផលិតកម្ម។

ប្រទេសនេះ កំពុងឆ្ពោះទៅរកគំរូដែលជំរុញដោយ ការប្រើប្រាស់ក្នុងគ្រួសារ សេវាកម្ម ការច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់។

អ្នកសេដ្ឋកិច្ចអះអាងថា សុខុមាលភាពសង្គមកាន់តែរឹងមាំ ការគាំទ្រពីអ្នកប្រើប្រាស់ និងស្ថេរភាពវិស័យអចលនទ្រព្យ នឹងជួយដល់ការផ្លាស់ប្តូរនេះ៕

មន្រ្តី​អូស្រ្តាលី​សន្យា​នឹង​ជម្រុញ​អ្នក​ធុរកិច្ច​របស់​ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា

ដោយៈ ចំណាប់

    ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី​Emma McDonald ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគ និងពាណិ​ជ្ជកម្មប្រចាំកម្ពុជា និងវៀតណាម នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ ពីប្រទេសអូស្ត្រាលីមកកម្ពុជា។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មអន្តរមធ្យោបាយយ៉ាងសកម្មដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែង។

ទន្ទឹមនឹងនេះ លោកលឹម វិសាល ក៏បានស្នើឱ្យភាគីអូស្ត្រាលីបន្តជំរុញវិនិយោគិនខ្លួន មកបណ្តាក់ទុនក្រោមរូបភាពវិនិយោគ ដោយផ្ទាល់ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនលើវិស័យសក្តានុពល មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, ភស្តុភារកម្ម, យានយន្ត, អេឡិចត្រូនិក, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាការឆ្លើយតប លោកស្រី Emma McDonald បានកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍ យ៉ាងខ្លាំងលើវិស័យកសិ- ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាវិស័យអាទិភាព។

លោកស្រីបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា ដើម្បីជំរុញសហគ្រាសអូស្ត្រាលី មកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគបន្ថែមទៀត លើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងសកម្មភាពវិនិយោគ ដែលផ្តោតលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា៕

តើ​ច្បាប់​ស្តីពីផ្លូវថ្នល់​នឹង​ផាក​ពិន័យ​កម្រិត​ណា​លើ​អ្នកបំពាន​រៀប​ចំ​ពិធី​ ឬសាង​សង់​សំណង់​លើ​ចិញ្ចើម​ផ្លូវ​

ដោយៈ ចំណាន

    ភ្នំពេញៈ  លោកប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ទស្សនទានពាក់ព័ន្ធការការពារដីចំណីផ្លូវ ដល់យុវជនគណបក្សក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមលោកផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសរសេរលើបណ្តាញំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី២៥ មិថុនាថា ច្បាប់ស្ដីពី “ផ្លូវថ្នល់” ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណី ផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។

ទោសទណ្ឌការរំលោភចំណីផ្លូវសាធារណៈ បានចែងជាអាទិ៍៖មាត្រា៦៤បានចែងថា ជនណាដែលធ្វើកិច្ចការសាធារណការ ទាំង​ឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដី នៅសល់ នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០០,០០០ (ប្រាំសែន) រៀល។ មាត្រា៦៦ ចែងថា ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវ សម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អាគារ រោងចក្រសហគ្រាសឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន៥០,០០០ (ប្រាំម៉ឺន) រៀល។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

ចំណែកមាត្រា៧០ ជនណាដែលរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១០០,០០០ (មួយសែន) រៀល។សកម្មភាពរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការ ជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១៩ (បទធ្វើឱ្យខូចខាត ផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៧១ ជនណាដែលសាងសង់ដោយខុសច្បាប់ នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវ សំណង់នោះ។

ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ និងពិន័យជា ប្រាក់ពី១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល។

មាត្រា៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។

មាត្រា ៧៤ ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល៕

ការវិនិយោគដីធ្លីនីជុំវិញរាជធានីភ្នំពេញល្អ ប៉ុន្តែអ្នកជំនាញព្រមានកុំ វិនិយោគរង់ចាំពេលវាឡើងថ្លៃ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ដីនៅជុំវិញទីក្រុងភ្នំពេញនៅតែអាចជាការវិនិយោគដ៏ល្អ ប៉ុន្តែអ្នកវិភាគជាទូទៅមិនណែនាំឱ្យទិញដីណាមួយ ហើយរង់ចាំតម្លៃកើនឡើងនោះទេ។

ទីផ្សារបានក្លាយជាជម្រើសច្រើនជាងមុន ចាប់តាំងពីការរីកចម្រើ​នមុនឆ្នាំ២០២០។ ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការអ្នកប្រើប្រាស់ចុងក្រោយឥឡូវនេះ មានសារៈសំខាន់ជាងការរំពឹងទុក។

ក្រុមហ៊ុនKnight Frank Cambodia កត់សម្គាល់ថា ឱកាសដីធ្លីនៅតែខ្លាំងបំផុត នៅក្នុងច្រករបៀងកំណើន ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ឧស្សាហកម្ម និងការពង្រីកទីក្រុងជាជាងតំបន់ដែលមានលក្ខណៈស្មានទុក។

ជាមួយគ្នានេះ ក្រុមហ៊ុនIPS Cambodia រាយការណ៍ថាតម្លៃដីនៅរាជធានីភ្នំពេញជាទូទៅ មានស្ថេរភាពជាជាងការកើនឡើង ដោយមានភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងស្រុក។

ចំណែកអ្នកជំនាញមកពី APS (Advantage Property Services) បាននិយាយថា អ្នកទិញកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើតម្លៃសមរម្យ ទីតាំងដែលមានគុណភាព និងតម្រូវការពិតប្រាកដ ដែលឆ្លុះបញ្ចាំងពីទីផ្សារដែលមានវិន័យកាន់តែច្រើន។

តើតំបន់ណា ដែលវិនិយោគិនជាច្រើនមើល? អ្នកជំនាញបានចង្អុលបង្ហាញតំបន់មួយចំនូនដូចជា ខ័ណ្ឌសែនសុខ ជាតំបន់មានតម្រូវការលំនៅដ្ឋានខ្លាំង។ ការពង្រីកហាងលក់រាយ សាលារៀន និងលំនៅដ្ឋានសម្រាប់អ្នកមានចំណូលមធ្យម។

តំបន់នៅក្នុងខ័ណ្ឌនេះ ត្រូវបានចាត់ទុកថា “ជាតំបន់កំណើនជាយក្រុងដែលមានភាពចាស់ទុំជាង”។

ខ័ណ្ឌឬស្សីកែវ ជាតំបន់ទទួលបានអត្ថប្រយោជន៍ ពីការពង្រីកភាគខាងជើងនៃទីក្រុងភ្នំពេញ។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលំនៅដ្ឋានថ្មីៗគាំទ្រដល់តម្រូវការ។

ចំណែកខ័ណ្ឌច្បារអំពៅ ជាតំបន់មានការតភ្ជាប់ប្រសើរឡើងទៅកាន់កណ្តាលទីក្រុងភ្នំពេញ ដែលសកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មកំពុងកើនឡើង។

ជាមួយគ្នានេះ អ្នកជំនាញបានលើកឡើងពី អ្វីដែលអ្នកវិ​និយោគ គួរប្រុងប្រយ័ត្នផងដែរ។

អ្នកសង្កេតការណ៍ទីផ្សារជាច្រើនជឿថា ប្រាក់ចំណេញងាយស្រួលបំផុត ពីការរំពឹងទុកដីធ្លីបានកន្លងផុតទៅហើយ។ តំបន់ដែលគ្មានគម្រោងហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ការអភិវឌ្ឍឧស្សាហកម្ម ឬកំណើនប្រជាជន អាចនៅទ្រឹងអស់រយៈពេលជាច្រើនឆ្នាំ។

អ្នកជំនាញបានលើកឡើងថា “ទីផ្សារកំពុងផ្តល់រង្វាន់ដល់ទីតាំងដែលមានតម្រូវការពិតប្រាកដ ជាជាងគ្រាន់តែ “កាន់កាប់ដី ហើយរង់ចាំ”៕