ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនសម្រេចបានទឹកប្រាក់ប្រមាណ៧៥០លានដុល្លារអាមេរិកក្នុងត្រីមាសទី១

ដោយៈ និស្ស័យ

    ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្មទ្វេភាគី​រវាង​កម្ពុជា-ជប៉ុនសម្រេចបាន​ក្នុង​ទឹក​ប្រាក់ប្រមាណ​៧៥០លានដុល្លារ កើនឡើង​ជិត១៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥។

តាមទិន្នន័យបានបង្ហាញថា ជប៉ុន ​គឺ​ជា​ដៃគូពាណិជ្ជកម្ម​អន្តរជាតិ​ធំទី៤ របស់​កម្ពុជាបន្ទាប់​ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម។​​

ទិន្នន័យ​របស់​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ​ឱ្យ​ដឹង​ថា ចរាចរណ៍​ទំនិញ​រវាង​កម្ពុជា-ជប៉ុន ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ មាន​ទឹក​ប្រាក់​សរុប៧៥៣,៤៦លាន​ដុល្លារ កើន​ឡើង ១៤,៨% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែល​មាន​៦៥៦,៤៥​លាន​ដុល្លារ។ ក្នុង​ចំនួន​នេះ​គឺ​កម្ពុជា ​នាំ​​ទៅ​ជប៉ុន៤៨៧,៤១​លាន​ដុល្លារ កើនឡើង១៣,២​% ចំណែកទំនិញ​​ជប៉ុន​ បាននាំ​មក​កម្ពុជា​​វិញ២៦៦,០៦លាន​ដុល្លារ កើន ១៧,៨%។​

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​មានប្រសាសន៍ឲ្យដឹងថា ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង២ បាន​ជួយឱ្យ​សកម្មភាព​នៃ​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង២ និង​ការ​បណ្តាក់​ទុន​ពី​សំណាក់ ​វិនិយោគិន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​កើន​ឡើង​ជា​បន្ត​បន្ទាប់។

លោកបន្ថែម​ថា “កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​​តំបន់​(RCEP) ដែល​ប្រទេស​ទាំង២ជា​សមាជិក ក៏​ជា​ចំណែក​ដែល​ជួយ​ជំរុញឱ្យ​​ការ​ផ្លាស់ប្តូរ ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២កាន់​តែ​ប្រសើរ​ផងដែរ​”។​

អ្នកឧកញ៉ាបានបន្តថា ដើម្បី​ជំរុញ​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុនឱ្យ​បាន​កាន់​តែ​ច្រើន នា​ពេល​កន្លង​មក​សភា​ពាណិជ្ជកម្ម​កម្ពុជា ​ក៏​បាន​បើក​ការិយាល័យតំណាង​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។ ការិយាល័យ​តំណាង​មាន​តួនាទី ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា​សម្រាប់​នាំចេញ និង​ជួយ​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូល​មក​បើក​អាជីវកម្ម ឬ​រោងចក្រ​ផលិត​នៅកម្ពុជា ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​ជប៉ុន និង​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក៕

អំណាចនៃការទិញ ការរីកចម្រើននគរូបនីយកម្ម និងឥទ្ធិពលពី រាជធានីបានធ្វើឲ្យក្រុងតាខ្មៅទាក់ទាញការវិនិយោគ

ដោយៈ ចំណាន

    កណ្តាលៈ ជាខេត្តប្រៀបដូចជា ខ្សែក្រវ៉ាត់ព័ទ្ជរាជធានីភ្នំពេញទាំងមូល ទីក្រុងតាខ្មៅខេត្តកណ្តាលបាន និងកំពុងបន្តរីកចម្រើន ជាមួ​យនឹងកំណើនប្រជាសាស្រ្ត កើនដល់ប្រមាណ៩០,០០០នាក់ និងអំ​ណា​ចនៃការទិញកាន់តែច្រើន។

ដោយសារវាមានព្រំប្រទល់ ជាប់នឹងទីក្រុងភ្នំពេញដោយផ្ទាល់ ក្រុងតាមខ្មៅ បានរីកចម្រើនជាមួយនឹងការពង្រីកជាយក្រុង ការប៉ាន់ស្មានជាក់ស្តែងឆ្នាំ២០២៦ ទំនងជាមានប្រជាជនប្រហែល៨៥,០០០-៩៥,០០០នាក់ អាស្រ័យលើការធ្វើចំណាកស្រុក និងកំណើនលំនៅដ្ឋាន។

ខេត្តកណ្តាលទាំងមូល មានប្រជាជនចំនួនជាង១,៣លាននាក់ ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីកំណើនតំបន់ដ៏រឹងមាំ។

ជាមួយចក្ខុវិស័យដ៏រឹងមាំ និងផ្តោតលើការអភិវឌ្ឍប្រកដោយគុណតម្លៃ គំរោងទីក្រុង Victoria Parkland បាននិងកំពុងរៀបចំខ្លួន ដើម្បីបញ្ឆេះម៉ាស៊ីនទីក្រុងនេះ ឲ្យមានល្បឿនរត់បានកាន់តែលឿន និងមានភាពធន់បន្ថែមទៀត។

លោកបណ្ឌិតតេង រិទ្ធីអ្នកអភិវឌ្ឍន៍គំរោង Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា ជាមួយសក្តានុពលមូលដ្ឋាន ចក្ខុវិស័យដ៏រឹងមាំ យើងបាននិងកំពុងរៀបចំផែនការអភិវឌ្ឍ ដោយឈរលើគុណតម្លៃ ដែល Victoria Parkland ប្រៀបបាននឹងទីក្រុងតូចមួយ ដែលប្រែក្លាយតំបន់នេះជា CBD (central business Development )ជាមួយនឹងទស្សនវិស័យនៃការអភិវឌ្ឍចម្រុះ។

លោកបន្តថា គំរោងនេះនឹងរួមបញ្ចូលនូវផ្ទះអាជីវកម្ម ផ្សារទំនើប ខុនដូ ដីឡូត៍វីឡា ដែលផ្តោតលើគុណតម្លៃ ព្រោះអ្នកទិញដីមិនអាចសាងសង់អ្វី តាមការចង់បាននោះទេ ព្រោះយើងកំណត់ហ្សូនសម្រាប់ពួកគេ​ ជាជាងឲ្យពួកគេសាងសង់ឃ្លាំង ឬអ្វីតាមការនឹកឃើញ។

លោកបន្តថា “យើងលក់ដីឡូត៍វីឡា ជាមួយនឹងចក្ខុវិស័យ និងបែបផែននៃការអភិវឌ្ឍន៍ បែបជាទីក្រុងឆ្លាតវៃមួយ ដែលផ្តោតលើភាពសុខដុមរមនា ភាពស៊ីវិល័យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”៕

វិស័យមួយចំនួននៅតែមានសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ ស៊ីវ ម៉េង

    ព្រះសីហនុៈ ទោះជាពេលខ្លះមានទឹករលកធំៗ ក៏ទីក្រុងនេះមិនផ្លាស់ប្តូរឡើយ ទឹកសមុទ្រនៅតែមានព៌ណខៀវស្រងាត់ ដូចគ្នានឹងការផ្គត់ផ្គង់ផ្នែកខ្លះលើសតម្រូវការ ក៏ខេត្តនេះនៅមានសក្តានុពលវិនិយោគ​លើវិស័យមួយចំនួន។

ទីក្រុងនេះ និងបណ្តាស្រុកជាប់នឹងក្រុងនៅមានសក្តានុពលលើការវិនិយោគលើវិស័យមួយចំនួនដូចជា

១) អចលនទ្រព្យដែលភ្ជាប់ជាមួយឧស្សាហកម្ម/ភស្តុភារ

នេះគឺជាវិស័យដ៏រឹងមាំបំផុត ពីព្រោះសេដ្ឋកិច្ចរបស់ក្រុងព្រះសីហនុកំពុងផ្លាស់ប្តូរទៅរកប្រតិបត្តិការកំពង់ផែ ការផលិត និងភស្តុភារ។

តម្រូវការបានមកពីកម្មករ ក្រុមហ៊ុន និងអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ – មិនមែនការរំពឹងទុកទេ។ តំបន់នៅជិតកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវជាតិលេខ៤ គឺជាវិស័យជាក់ស្តែងបំផុត។

២) អាផាតមិន/អង្គភាពជួលដែលមានសេវាកម្មកម្រិតមធ្យម

ជាមួយនឹងកំណើនប្រជាសាស្រ្ត ក្រុងព្រះសីហនុ មានតម្រូវការជួលរយៈពេលវែង ដែលកំពុងកើនឡើងពីជនបរទេស បុគ្គលិកដឹកជញ្ជូន និងអ្នកជំនាញ។

អាគារស្តង់ដាកម្រិតមធ្យម សមនឹងមូលដ្ឋានអ្នកជួលខ្លាំងបំផុត។ តម្រូវការជួលគឺទាក់ទង នឹងការងារច្រើនជាងទាក់ទងនឹងទេសចរណ៍។

៣) ជ្រើសរើសគម្រោងឆ្នេរសមុទ្រ ឬទេសចរណ៍

ទ្រព្យសម្បត្តិឆ្នេរសមុទ្រអាចដំណើរការបាន ប៉ុន្តែមានតែនៅក្នុងតំបន់ដែលបានបញ្ជាក់ ដូចជា ឆ្នេរOtres និងឆ្នេរដែលបានបង្កើតឡើងប៉ុណ្ណោះ។ នេះជាការជ្រើសរើស ជាការប្រុងប្រយ័ត្ន មិនមែនទីផ្សារធំទេ។

អចលនទ្រព្យលំដាប់ខ្ពស់ ត្រូវការការគ្រប់គ្រងដ៏រឹងមាំ និងការទាក់ទាញទេសចរណ៍ពិតប្រាកដ។

ទោះជាយ៉ាងណា អ្នកវិនិយោគក៏ត្រូវប្រយ័ត្ន លើហានិភ័យមួយចំនួនដូចជា

  • ខុនដូចាស់ៗដែលផ្គត់ផ្គង់ លើសកម្រិតនៅក្នុងទីតាំងខ្សោយ។
  • គម្រោងដែលមិនទាន់ បានបញ្ចប់ដោយប្រថុយប្រថាន។
  • សារពើភ័ណ្ឌប្រណីត ដែលគ្មានតម្រូវការជួលច្បាស់លាស់។

គំរិងខុនដូ ដែលមានយូនីត មានតម្លៃថោកជាងជាច្រើនក្លាយជា “ដើមទុនស្លាប់” ប្រសិនបើពួកវាមិនត្រូវគ្នា នឹងតម្រូវការអ្នកជួលជាក់ស្តែង។

អ្នកជំនាញបានលើកឡើងជាមួយនឹងភាពជាក់លាក់ថា “ក្រុងព្រះសីហនុក្នុងឆ្នាំ២០២៦ ផ្តល់រង្វាន់ដល់ការវិនិយោគជាក់ស្តែង មិនមែនការផ្សព្វផ្សាយទេ”៕

តម្លៃខុនដូនៅក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីកើនឡើង ខណៈការផ្គត់ផ្គង់នៅមានកម្រិត

ដោយ: សហសេវិក
អន្តរជាតិ: នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការផ្គត់ផ្គង់ខុនដូថ្មីនៅក្នុងតំបន់ Greater Jakarta របស់ប្រទេសឥណ្ឌូណេសុីនៅមានកំណត់ ដោយមានគម្រោងខុនដូចំនួន២ប៉ុណ្ណោះដែលបានបញ្ចប់ការសាងសង់ក្នុងកំឡុងពេលនេះ។

គម្រោង​ជាច្រើន​​ត្រូវ​បាន​ពន្យារពេល ហើយការ​ដាក់​ឱ្យដំណើរការ​ខុនដូថ្មី​ក៏​មានចំនួនតិចតួច​ផងដែរ ខណៈ​ដែលបណ្តា​អ្នក​អភិវឌ្ឍន៍អចលនទ្រព្យបានពន្យារពេល​ផែនការសាងសង់អគារខុនដូថ្មីរបស់ខ្លួន។

យ៉ាងណាមិញ តម្រូវការខុនដូនៅតែមានស្ថេរភាព។ ការលក់ និងការលក់ខុនដូ Pre-sale បង្ហាញថា អ្នកទិញនៅតែមានចំណាប់អារម្មណ៍លើការទិញខុនដូ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នជាងមុន។

ការផ្គត់ផ្គង់មានកំណត់ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល ដូចជាការលើកលែងអាករលើតម្លៃបន្ថែម នឹងជួយជំរុញការលក់ ជាពិសេសនៅក្នុងទីផ្សារខុនដូប្រភេទទី២។

ទោះជាយ៉ាងណា ភាពមិនប្រាកដប្រជាទូទាំងពិភពលោកកំពុងធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នជាងមុន ដោយមនុស្សជាច្រើនផ្តោតលើការទិញផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួនជាជាងការវិនិយោគ។ ការជួលខុនដូក៏កើនឡើងផងដែរ ដែលបង្ហាញថា មនុស្សកាន់តែច្រើនកំពុងជ្រើសរើសរស់នៅក្នុងខុនដូ។

តម្លៃខុនដូជាមធ្យមនៅក្នុងតំបន់ Greater Jakarta បានកើនឡើង២ភាគរយបើធៀបនឹងឆ្នាំមុន ដល់៥១,៨ រូពី ក្នុងមួយម៉ែត្រការ៉េ នាំមុខដោយតម្លៃខុនដូនៅតំបន់ CBD ដែលបានកើនឡើង២,៧ភាគរយដល់៦៣,៦រូពី ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Cushman & Wakefield៕

មន្រ្តីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ១០ ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរជាប្រវត្តិសាស្រ្ត

ដោយៈ គង់ សូរិយា

    ពោធិសាត់ៈ លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធា​រណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ១០ ចុះពិនិត្យស្ថានភាពផ្លូវក្រោយពីបានដាក់ឱ្យប្រើប្រាស់ បណ្តោះអាសន្នរយៈពេល១ឆ្នាំ គ្រោងនឹងប្រគ​ល់​-ទទួល បញ្ចប់សុពលភាពនាពេលខាងមុខ។

ដំណើរចុះពិនិត្យនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ធនិងថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យស្ថានភាពផ្លូវ ក្រោយពីបានដាក់ឲ្យប្រើប្រាស់បណ្តោះអសន្ន រយៈពេល១ឆ្នាំមុននឹងប្រគល់-ទទួលបញ្ចប់សុពលភាពនាពេលខាងមុខនេះ ដើម្បីធានាបាននូវការប្រើប្រា​ស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស៕

 

 

ការរីកចម្រើនបច្ចេកវិទ្យាជំរុញឱ្យតម្រូវការការិយាល័យនៅសហរដ្ឋអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

ដោយ: សហសេវិក
អន្តរជាតិ: នៅដើមឆ្នាំ២០២៦ តម្រូវការការិយាល័យនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីជំងឺរាតត្បាត។ កំណើននេះត្រូវបានជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់។

នៅត្រីមាសទី១ ឆ្នាំ២០២៦ អត្រា​ការិយាល័យ​ទំនេរ​បាន​ប្រសើរ​ឡើង​បន្តិច ដោយ​ធ្លាក់​ចុះ​មក​ត្រឹម២២,២ភាគរយ។ទោះជាយ៉ាងណា ការិយាល័យ​ទំនេរភាគច្រើន​ប្រមូលផ្តុំ​នៅ​ក្នុង​អគារ​ចាស់ៗ​ ដែល​ម្ចាស់អគារទាំងនោះ​កំពុង​ជួប​ប្រទះបញ្ហា​លំបាក។

យ៉ាងណាមិញ ការងើបឡើងវិញមានភាពខុសគ្នាទៅតាមទីក្រុងនីមួយៗ។ តម្រូវការការិយាល័យនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងញូវយ៉ក និងទីក្រុង Los Angeles មានភាពរឹងមាំ ដែលជំរុញដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មច្នៃប្រឌិត។

ផ្ទុយទៅវិញ តម្រូវការការិយាល័យនៅទីក្រុង Boston ទីក្រុង Seattle ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី និងទីក្រុងឈីកាហ្គោ មិនទាន់ងើបឡើងវិញនៅឡើយ ដោយសារការធ្លាក់ចុះនៃទីផ្សារការងារ។

ជារួម ទីផ្សារការិយាល័យនៅសហរដ្ឋអាមេរិកកំពុងងើបឡើងវិញ។ ប៉ុន្តែ ការងើបឡើងវិញពុំទាន់មានភាពស្មើគ្នាទេ។ តម្រូវការការិយាល័យនៅទីក្រុងដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឬឧស្សាហកម្មនានាផ្សេងទៀត កំពុងមានដំណើរការល្អ ខណៈទីក្រុងផ្សេងទៀតកំពុងយឺតយ៉ាវ។

ការរីកចម្រើននៃបច្ចេកវិទ្យា AI នៅតែជាប្រធានបទលេចធ្លោសម្រាប់ការិយាល័យ ហើយតម្រូវការការិយាល័យនៅតាមទីក្រុងដែលមិនសូវទាក់ទាញវត្តមានក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗ កំពុងបន្តធ្លាក់ចុះ៕ប្រភព: CNBC៕

ក្រុមហ៊ុនGrab Holding Incគ្រោងពង្រីកវិសាលភាពវិនិយោគ នៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនGrab Holdings Inc. ប្រទេសសិង្ហបុរីបានបង្ហាញពីឆន្ទៈ ក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា ស្របពេលវិស័យដឹកជញ្ជូនសាធារណនៅកម្ពុជា កាន់តែមានការរីកចម្រើន។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុតឱកាស លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Alex Hungate ប្រធាន និងជានាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Grab Holdings Inc. ប្រទេសសិង្ហបុរី ក្នុងឱកាសដែលលោក កំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងជំនួបប្រកបដោយអត្ថន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Alex Hungate និងគណៈប្រតិភូក្រុមហ៊ុនGrab ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តវិនិយោគ និងពង្រីកសេវាកម្មទំនើបៗនៅកម្ពុជា ដែលរួមចំណែ​កដល់ការជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ជាកិច្ចឆ្លើយតប លោកAlex Hungate បានជម្រាបជូនលោក ឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនGrab នៅកម្ពុជា។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន៖ ការពង្រីកវិសាលភាពសេវាកម្ម និងការពិនិត្យលទ្ធភាព ក្នុងការផ្តល់ហិរញ្ញប្បទានដល់ដៃគូសហការរបស់ក្រុមហ៊ុន សំដៅបង្កភាពងាយស្រួល និងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួន។

បន្ថែមពីលើនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈយ៉ាងស៊ីជម្រៅជុំវិញគំនិតផ្តួចផ្តើមបៃតងរបស់កម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន Grab ក៏បានបង្ហាញពីឆន្ទៈ និងវិធីសាស្ត្រជាក់ស្តែង ក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត ក្នុងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល និងគាំទ្រដល់គម្រោងវិនិយោគនានារបស់ក្រុមហ៊ុន៕

រដ្ឋមន្រ្តីព័ត៌មានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផលិត និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព និងមានក្រមសីលធម៌

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផលិត និងផ្សព្វផ្សាយខ្លឹមសារដែលមាន គុណភាព មានមូលដ្ឋានលើការពិត មានក្រមសីលធម៌។

ពិសេសព័ត៌មានផ្តោតលើដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសឪពុក ម្តាយ អាណាព្យាបាល គ្រូបង្រៀន យុវជន និងសហគមន៍ យល់កាន់តែច្បាស់ពីផលប៉ះ ពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការបង្ការទប់ស្កាត់ផលប៉ះពាល់ នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ នៅទីស្ដីការក្រសួងព័ត៌មាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រោះការងារយេនឌ័រ ការការ​ពារក្មេងស្រី និងការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង មិនមែនជាការងាររបស់វិស័យណាមួយតែឯងឡើយ ប៉ុន្តែជាបេសកកម្មរួមរបស់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈប្រព័ន្ធផ្សព្វផ្សាយ គ្រួសារ សាលារៀន សហគមន៍ អង្គការដៃគូ វិស័យឯកជន និងសង្គមទាំងមូល។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា “ក្រសួងព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការជំរុញការ យល់ដឹងសាធារណៈ ការផ្សព្វ​ផ្សាយព័ត៌មានត្រឹមត្រូវ ការបំបែកបទដ្ឋានសង្គមអវិជ្ជមាន និងការលើក កម្ពស់សារព័ត៌មានដែលគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ក្មេងស្រី ស្ត្រី និងកុមារ”។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងនាមជាស្ថាប័នដឹកនាំវិស័យព័ត៌មាន ក្រសួងព័ត៌មានមិនត្រឹមតែមានតួនាទីផ្សព្វផ្សាយសារអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ ក្លាយជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរផ្នត់គំនិតសង្គម បំបាត់ការរើសអើង និងលើកកម្ពស់សិទ្ធិរបស់ក្មេងស្រី និងស្ត្រីវ័យជំទង់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីនេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយ អាចក្លាយជាថាមពលវិជ្ជមានដ៏សំខាន់ ក្នុងការផ្លាស់ប្តូរឥរិយាបថគ្រួសារ សហគមន៍ និងយុវជន។ ការផ្សព្វផ្សាយត្រឹមត្រូវ ទាន់ពេលវេលា មានក្រមសីលធម៌ និងមានការទទួលខុសត្រូវ អាចជួយឱ្យសង្គមយល់កាន់តែច្បាស់ថា ការរៀបអាពាហ៍ពិពាហ៍មុនវ័យ មិនមែនជាប្រពៃណី ដែលត្រូវបន្តដោយគ្មាន ការពិចារណានោះទេ ប៉ុន្តែ ជាបញ្ហាដែលអាចប៉ះពាល់ ដល់អនាគតក្មេងស្រី និងអនាគតរបស់ជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគួរចូលរួម ដោយប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីបញ្ជាក់ការពិត បំបា​ត់ការយល់ខុស បង្ហាញរឿងរ៉ាវវិជ្ជមានរបស់ក្មេងស្រី ដែលបានបន្តការសិក្សា និងជោគជ័យក្នុងជីវិត ព្រមទាំងលើកឡើងពីសំឡេងរបស់ស្ត្រី ក្មេងស្រី និងគ្រួសារដែលត្រូវការការគាំទ្រ។

លោកនេត្រ ភក្រាបានបញ្ជាក់ថា “ការផ្សព្វផ្សាយមិនគួរបង្កការអៀនខ្មាស មិនគួរបន្ទោសជនរងគ្រោះ និងមិនគួរធ្វើឱ្យក្មេងស្រីណាម្នាក់រងការរើសអើងបន្ថែមឡើយ”។ លោកបន្ថែមថា “ផ្ទុយទៅវិញ សារព័ត៌មាន ត្រូវជួយបង្កើតបរិយាកាសសង្គមមួយ ដែលមានការយោគយល់ការគាំទ្រ និងការផ្តល់ឱកាស”៕

រដ្ឋាភិបាលកំពុងបង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួមមួយរបស់ជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ នៅមុនដំណាច់ឆ្នាំ២០២៨ រាជរដ្ឋាភិបាលត្រូវបង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈរួមមួយ របស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និងការប្រើប្រាស់ធនធានសាធារណៈ។

គោលនយោបាយនេះ ស្របតាមឧត្ដមានុវត្ដន៍ជាអន្ដរជាតិ និងបរិការណ៍ជាក់ស្ដែងរបស់កម្ពុជា សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកប៉ែន ធីរុង្គ រដ្ឋលេខា​

ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដែលបានដឹកនាំរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ដ្រស្ដីពីការកែទម្រ​ង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨”។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីលោក លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋបាលរាជធានី ខេត្ដ, មន្ទីរជំនាញពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍គន្លឹះៗ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអ.គ.ហ. សរុបប្រមាណ ៤០០រូប។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តយុទ្ធសាស្ត្រស្ដីពី ការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងការវិនិយោគសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ ជូនដល់ក្រសួង ស្ថាប័ន អគ្គនាយកដ្ឋាន/អង្គភាពស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលរាជធានី ខេត្ដ ដើម្បីចូលរួមអនុវត្ដយុទ្ធសាស្ដ្របច្ចុប្បន្នកម្មនេះ ប្រកបដោយការយកចិត្ដទុកដាក់ និងបុរេសកម្ម ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ គោលបំណង និងគោលដៅនៃយុទ្ធសាស្ដ្របច្ចុប្បន្នកម្មនេះ។

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញចំនួន៣ ដោយមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ. តំណាងក្រសួងបរិស្ថាន និងតំណាងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដូចជា៖ ១) យុទ្ធសាស្ដ្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨។ ២) វឌ្ឍនភាព និងទិសដៅការងារពាក់ព័ន្ធការគ្រប់គ្រងការវិនិយោគសាធារណៈ របស់ក្រសួងបរិស្ថាន និង៣) ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រា​ប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ៕

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តបង្ហាញសន្ទុះយ៉ាងរឹងមាំនៅដើមឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបន្តបង្ហាញសន្ទុះយ៉ាងរឹងមាំនៅដើមឆ្នាំ២០២៦។ ទោះបីជាមានភាពតានតឹងភូមិសាស្ត្រនយោបាយក្តី សកម្មភាពវិនិយោគនៅត្រីមាសទី ១ នៅតែមានភាពធន់។

ទំហំនៃការវិនិយោគសរុបបានកើនឡើង៣១ភាគរយដល់៤៧,០ ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏រឹងមាំនេះបង្ហាញថា វិនិយោគិនកំពុងបង្វែរដើមទុនទៅកាន់ទីផ្សារដែលមាននវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសខណៈសេដ្ឋកិច្ចសកលកាន់តែមានភាពពហុប៉ូល។

ប្រទេសជប៉ុននាំមុខគេក្នុងសកម្មភាពជួលអចលនទ្រព្យពាណិជ្ជកម្ម ដែលសម្រេចបានការវិនិយោគចំនួន១៣,២ ពាន់លានដុល្លារអាមេរិក តាមពីក្រោយដោយប្រទេសសិង្ហបុរី ចំនួន១១,៥ពាន់លានដុល្លារអាមេរិក ហក់ឡើង ៤៣៣ភាគរយ ដោយសារការទិញយកមូលនិធិធំៗ និងផលប័ត្រធំៗ។

ទន្ទឹមនឹងនេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ៤៩ភាគរយធៀបនឹងឆ្នាំមុន ដល់ ៥,៧ពាន់លានដុល្លារអាមេរិក ដោយសារកំណើននៃការវិនិយោគផ្នែកលក់រាយ។

ដោយឡែក ការវិនិយោគនៅប្រទេសកូរ៉េខាងត្បូង បានដាំក្បាលចុះ២៩ភាគរយមកនៅត្រឹម៤,៨ពាន់លានដុល្លារអាមេរិក។ ទីក្រុងហុងកុងបានបង្ហាញសញ្ញានៃការងើបឡើងវិញប្រកបដោយចីរភាព ដោយការវិនិយោគបានកើនឡើង ៤១ភាគរយធៀបនឹងឆ្នាំមុន ដល់ ១,៦ ពាន់លានដុល្លារអាមេរិក ស្របពេលមានការកើនឡើងនៃសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារការិយាល័យ និងលក់រាយ។

ជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសឥណ្ឌា បានកើនឡើង ៩៤ភាគរយធៀបនឹងឆ្នាំមុន ដល់ទំហំទឹកប្រាក់ចំនួន១,៥ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៦៕ប្រភព: JLL៕