បើកដំណើរការថ្ងៃដំបូង ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរស្វាគមន៍ជើងហោះហើរចំនួន១៧

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ព្រលានយន្តហោះសៀមរាប អង្គរតម្លៃ១១០០លាន​ដុល្លារអាមេរិក បានបើកដំណើររការជាផ្លូវការហើយ នៅថ្ងៃទី១៦ តុលានេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ក្នុងពិធីបើកឲ្យដំណើរការព្រលាននេះថា អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ នឹងទទួលបានជើងហោះហើរចំនួន១៧ជើង ឬស្មើនឹង៣៤ចលនាជើងហោះហើរ (ចុះចតនិង​ហោះឡើង នៅក្នុងថ្ងៃនេះ ដោយជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ Bangkok Airways, PG903, ចុះចតនៅព្រឹកនេះ ជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាស​យានដ្ឋានដ៏ថ្មី សន្លាងរបស់​កម្ពុជា។

លោកបានគូសបញ្ជាក់ថា “ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវ​ការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដា​អន្តរជាតិ លំដាប់ប្រភេទ៤ម៉ី (4E និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយាន ប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើង​ហោះហើរក្នុង​តំបន់ និងជើងហោះហើរឆ្ងាយៗ  (Long Haul Flights)”។ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអាកាសយានចំនួន៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាចផ្ទុកទំនិញតាមផ្លូវអាកាស បានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ នឹងគ្រោងទទួលជើងហោះហើរបានចំនួន៦៥,០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០ តាមការព្យាករណ៍ទុក។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន១,១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល៥៥ឆ្នាំ។ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត៣,៧លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង ១០២% ធៀបនឹងរយៈ​ពេលដូចគ្នា ក្នុងឆ្នាំ២០២២។ក្នុងដើមខែតុលា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនា ជើងហោះហើរចំនួន៨៥០ជើងក្នុងមួយសប្តាហ៍ ចេញនិងចូល​អាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣០ក្រុមហ៊ុន ដែលកំពុង​តភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់៕

IMF says Asian economies under cosh as China’s property woes bite

MARRAKECH, Morroco : China’s weak recovery and the risk of a more protracted property crisis could further dent Asia’s economic prospects, the International Monetary Fund (IMF) said on Friday, warning of a cloudier outlook for the once fast-growing region.

China’s post-lockdown economic boost lost momentum earlier than expected, the IMF said.

Meanwhile the strength of the U.S. economy has offered less support to Asia than in the past because it has been focused on the service sector, which does not fuel demand for exports, the Fund said in a blog on the region’s outlook.

“In the near term, the sharp adjustment in China’s heavily indebted property sector and the resulting slowdown in economic activity will likely spill over to the region, particularly to commodity exporters with close trade links to China,” it said.

“On the downside, a more protracted real estate crisis and limited policy response in China would deepen the regional slowdown.”
Source: Reuters

IMF អះអាងថា សេដ្ឋកិច្ចនៅតំបន់អាស៊ីស្ថិតក្នុងភាពលំបាក ស្របពេលវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនកំពុងជះផលអវិជ្ជមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ការស្ទុះងើបឡើងវិញ ដ៏យឺតរបស់ប្រទេសចិន និងហានិភ័យនៃវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយពេលយូរជាងនេះ អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តំបន់អាស៊ីបន្ថែមទៀត។

មូលនិធិ IMF បានលើកឡើងថា ការជំរុញសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩របស់ប្រទេសចិន បានបាត់បង់សន្ទុះលឿនជាងការរំពឹងទុក។

ទន្ទឹមនឹងនេះដែរ ភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ តិចជាងកាលពីមុនដល់តំបន់អាស៊ី ដោយសារភាពរឹងមាំនេះ ត្រូវបានផ្តោតលើវិស័យសេវាកម្មជាចម្បង ដែលមិនអាចជំរុញតម្រូវការសម្រាប់ការនាំចេញនោះទេ។ក្នុងរយៈពេលដ៏ខ្លីនេះ វិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងបំណុលយ៉ាងជ្រៅរបស់ប្រទេសចិន និងឥទ្ធិពលពីការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច អាចនឹងជះផលប៉ះពាល់ដល់តំបន់ ជាពិសេសចំពោះប្រទេសនាំចេញទំនិញ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសចិន។

IMF បញ្ជាក់ថា “វិបត្តិអចលនទ្រព្យកាន់តែអូសបន្លាយ និងការឆ្លើយតបគោលនយោបាយ ដែលនៅមានកម្រិតនៅក្នុងប្រទេសចិននឹងបណ្តាលឱ្យការធ្លាក់ចុះ នៃសេដ្ឋកិច្ចតំបន់អាស៊ីកាន់តែអាក្រក់”។

នៅក្នុងរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួន ដែលបានចេញផ្សាយ ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF នៅទីក្រុង Marrakech មូលនិធិ IMF បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ សម្រាប់តំបន់អាស៊ីមកនៅត្រឹម៤,២ភាគរយ ពី៤,៤ភាគរយ ដែលបានព្យាករក្នុងខែមេសា៕

អ្នកធុរកិច្ចចិនមកពីក្រុមហ៊ុនចំនួន៥៤ ស្វែងរកឱកាសវិនិយោគ បង្កើតរោងចក្រនៅកម្ពុជា

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ អ្នកវិនិយោគទុនចិន ជិត៧០រូប មកពីក្រុមហ៊ុនចំនួន៥៤របស់ប្រទេសចិន ដឹកនាំដោយលោកស៊ុន ហ័រចុង តំណាងការិ​យាល័យកិច្ចការបរទេស នៅក្រុងសិនចិន និងលោកវ័ង ស៊ឺ បាន​សហការ​ជាមួយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប ដែលតំណាងដោយឧកញ៉ា វ៉ាន់ ឆារស៏ វ៉ាន់។

ជំនួបបានធ្វើឡើងកាលពីសប្តាហ៍មុននេះ ប្រតិភូវិនិយោគចិនបានជួបពិភាក្សាការងារជាមួយ លោកសុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគទុន។

លោក វ័ង ស៊ឺ ប្រធានក្រុមប្រឹក្សាភិបាលមូលនីធីសិនចិន និងជាអ្នកដឹកនាំប្រតិភូបាន​ថ្លែង​ថា បន្ទាប់ពីបានឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវការទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងទាំងអស់គ្នាជាអ្នកវិនិយោគទុន ចាប់​អារម្មណ៍និងមកស្វែងរកឱកាសទីផ្សារ វិនិយោ​គ និង​ការ​បង្កើត​រោង​ចក្រ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​។

ក្នុង​ជំនួបនេះដែរ លោក ស៊ុន ហ័រចុង ក៏បានថ្លែង​ស្នើ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍​កម្ពុជា ទៅផ្សព្វផ្សាយទីផ្សារទេស​ចរណ៍កម្ពុជា នៅខេត្តស៊ិនចិន ខណៈកន្លងមកក្រុងស៊ិន​ចិន​របស់​​ប្រទេ​សចិន ស្ថិតលំដាប់ថ្នាក់ទី៥ ដែលមានទេសចរចិនមកទស្សនាកម្ពុជាច្រើន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន បានសម្តែង​ការ​អបអរ​សាទរ​ បណ្តា​អ្នក​វិនិយោគ​ទុន​ចិន ​មក​បំពេញ​ទស្សនកិច្ច​សិក្សាស្វែងរកឱកាសវិនិយោគទុននៅកម្ពុជា ហើយលោករដ្ឋមន្ត្រី ក៏បានស្នើសុំ​សហការ ​ជា​មួយ​រដ្ឋបាលខេត្តស៊ិនចិន ដើម្បីជំរុញបង្កើនការតភ្ជាប់ជើងហោះហើរត្រង់សិនចិន កម្ពុជា និងស្នើសុំចូលរួមសហការជំរុញពលរដ្ឋខេត្តសិនចិន មកទស្សនាកម្ពុជា ឲ្យមាន​កំណើន​ច្រើន​ និងប្តូរលំដាប់ថ្នាក់ពីលេខ៥ មកលំដាប់ថ្នាក់លេខ១។

លោកឧកញ៉ា ឆារស៏ វ៉ាន់បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគចិនចំនួន៥៤ក្រុមហ៊ុន រួមជាមួយក្រុមហ៊ុនវិទ្យុ និង​ទូរទស្សន៍ GUANG DONG (គ័ងតុង) មកបំពេញ​ទស្សនកិច្ច​សិក្សា​ទីផ្សារ និង​ស្វែង​រក​ឱកាស​វិនិយោគ​ទុន​នៅកម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យសំណង់ បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ ទេសចរណ៍ កសិកម្ម និងសហការជាមួយ​កាណាឌីយ៉ាគ្រុប​ វិនិយោគ​លើ​ផ្នែក​កសិកម្ម​ដាំ​ឈើ​ធ្វើ​ប្រអប់​ក្រដាស និងកែវក្រដាសជាដើម ហើយតាមការគ្រោងប្រតិភូអ្នកវិនិយោគទុនចិន នឹង​អញ្ជើញ​ចូលជួប រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និង​សំណង់ ចូលជួបថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជួបអភិបាលខេត្តព្រះសីហនុ និង​ពិនិត្យ​រកទីតាំងសាងសង់រោចក្រផលិតសំភារៈសំណង់ សម្រាប់ប្រើប្រាស់នៅកម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ចិនវិញ៕

រាជធានី ខេត្តចំនួន៣ទាក់ទាញទុនវិនិយោគលើវិស័យឧស្សាហកម្មចំនួនជាង៤០លានដុល្លារ

ដោយៈ ហ្វីអូណា

      ភ្នំពេញៈ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺបានទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ជាមួយនឹងគំរោងវិនិយោគចំនួន៧ ដែលមានទុនជាង៤០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចជា ទី ១-ក្រុមហ៊ុន“DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១.៣៥៨កន្លែង។

២-ក្រុមហ៊ុន“EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.១៦០កន្លែង។

៣-ក្រុមហ៊ុន “KJ APPAREL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ប្លុកC ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២០៨កន្លែង។

ទី៤-ក្រុមហ៊ុន“ASTI KNITWEAR CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគាលេខ K9 ផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង។

ទី៥-ក្រុមហ៊ុន “IMAGE GARMENTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងសួនឧស្សាហកម្មកាណាស៊ីធី អគារ 35 និង D37 ផ្លូវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៦៤៥កន្លែង។

ទី៦-ក្រុមហ៊ុន “STANDFORD TEXTILE INDUSTRIES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាព សម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅគីឡូម៉ែត្រទី២៧ ផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។

ទី៧-ក្រុមហ៊ុន“SIRIUS GEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប សម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈក្នុងឡាន និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២០៨កន្លែង៕

ឯកអគ្គរដ្ឋទូតចិន: គម្រោងខ្សែក្រវ៉ាត់និងផ្លូវ គឺជាការចាប់ផ្តើមជំពូកថ្មីនៃចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បាននិងកំពុងចាប់ផ្តើមនៅក្នុងជំពូកថ្មីមួយ សម្រាប់ចំណងមិត្តភាពដែកថែបចិន-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ។

លោកបន្តថា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការចូលរួមចំណែករួមគ្នា និងផលប្រយោជន៍រួម គំនិតផ្តួចផ្តើមនេះ បានពុះពារឧបសគ្គភូមិសាស្រ្តជាច្រើន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

លោក Wang កត់សម្គាល់ថា មួយទសវត្សរ៍មុន នៅពេលដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បានស្នើគំនិតផ្តួចផ្តើមនេះឡើង វាទទួលបានការចាប់អារម្មណ៍ភ្លាមៗ ដោយទទួលបានការសាទរ និងការគាំទ្រ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថា ក្នុងនាមជាមិត្តរបស់ចិន កម្ពុជាគឺជាអ្នកគាំទ្រទីមួយ នៃគំនិតផ្តួចផ្តើមនេះ ដោយជឿជាក់យ៉ាងមុតមាំថា វាមិនត្រឹមតែជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលលើកកម្ពស់អភិបាលកិច្ចសកល និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយនឹងផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលប្រយោជន៍ សាធារណៈអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។

លោក Wang បញ្ជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំរបស់យើង ប្រទេសចិន និងកម្ពុជាទទួលបានទំនាក់ទំនងដ៏រឹងមាំ ដោយឈរលើសមភាព ទំនុកចិត្តគ្នាទៅវិញទៅមក ភាតរភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានឆ្លុះបញ្ចាំង នៅក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែក្រវ៉ាត់ និងផ្លូវ និងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ បានធ្វើឱ្យជីវិតប្រជាជនមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើសមត្ថភាពផលិតកម្ម ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានស្តែងឱ្យឃើញពីភាពជោគជ័យ តាមរយៈគម្រោងសំខាន់ៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ និងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលរបស់កម្ពុជា ជាច្រើនឆ្នាំជាប់ៗគ្នា ហើយអង្ករ ចេក ស្វាយ មៀន ដូង និងផលិតផលកសិកម្មផ្សេងទៀតរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈស្មាតហ្វូន និង  រថយន្ត​អគ្គិសនី​”Made in China” កំពុង​តែពេញ​និយម​ខ្លាំង​នៅ​កម្ពុជា។

លោក​បាន​បន្ថែមថា​ “ក្នុង​រយៈពេល​តែ​១​ទសវត្សរ៍​ប៉ុណ្ណោះ កិច្ច​សហប្រតិបត្តិការ​BRI បាន​សម្រេច​ផ្លែផ្កា ដោយ​នាំ​មក​នូវ​អត្ថប្រ​យោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាជន​ចិន និង​កម្ពុជា​ដូច​គ្នា”៕

ទីផ្សារគ្រឿងអលង្ការនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកចម្រើនលឿន

ដោយៈ គង់ សូរិយា

  ភ្នំពេញៈ ការយល់ដឹង និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា បាននិងកំពុងត្រូវបានគេមើលឃើញថា ទីផ្សារគ្រឿងអលង្ការនៅប្រទេសនេះកំពុងមានសញ្ញារីកចម្រើន។

ជាក់ស្តែងកាលពីដើមឆ្នាំនេះ ប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកល្បីមួយក្រុម បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន ដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

ការបង្ហាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងប្រតិភូតំណាងក្រុមហ៊ុនគ្រឿងអលង្ការល្បីៗ មកពីបណ្ដាប្រទេសផ្សេងៗ ជាមួយនឹង លោកសុខ ចិន្តាសោភា អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងជំនួបពិភាក្សាដើម្បីរកមើលឱកាស និងបរិយាប័ន្នវិនិយោគគ្រឿងអលង្ការនេះ គឺប្រតិភូតំណាងក្រុមហ៊ុនគ្រឿងអលង្ការល្បីៗ បានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នា ជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីផ្សារនេះ កំពុងរីកចម្រើន ជាក់ស្តែងកម្ពុជាទទួលបានទឹកប្រាក់ប្រមាណជាង១,៣ ពាន់លានដុល្លារពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅទីផ្សារអន្តរជាតិនារយៈពេល៦ ខែដំបូង ក្នុងឆ្នាំ ២០២០។

ប្រទេសសិង្ហបុរី គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាតាមពីក្រោយដោយប្រទេសថៃ វៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងប្រទេសចិន។ គ្រឿងអលង្ការ និងត្បូងមានតម្លៃដែលកម្ពុជានាំចេញមានដូចជា គជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ លោហៈធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់ជាដើម។

ដោយឡែកប្រទេសថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

ម្ចាស់ហាងលក់មាស១ កន្លែងនៅក្បែរផ្សារធំថ្មីបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា បើទោះបីជាបច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនរុករករ៉ែមួយចំនួនកំពុងដំណើរការក៏ដោយ ប៉ុន្តែជាទូទៅកម្ពុជាតែងនាំចូលមាសពីប្រទេសជាច្រើន នៅលើពិភពលោក ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងមួយចំនួនទៀតយកមករចនាជាម៉ូដផ្សេងៗសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។

លោកបន្តថា “ការនាំចេញគ្រឿងអលង្ការពីកម្ពុជា គឺជាផលិតផលដែលគេបានរចនារួចរាល់ និងមានគ្រឿងត្បូងមួយចំនួនផងដែរ”។

លោកបានអះអាងថា ដោយសារប្រទេសភាគច្រើន គេឈប់ធ្វើការកែច្នៃគ្រឿងអលង្ការពីដៃផ្ទាល់។ ហេតុនេះមាសសុទ្ធជាច្រើនត្រូវបាននាំចូលមកកម្ពុជា ដើម្បីយកទៅកែច្នៃ និងនាំចេញទៅវិញជាផលិតផលកែច្នៃរួច។

ចំណែក អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការនាំចេញ និងនាំចូលគ្រឿងអលង្ការ និងត្បូងមានតម្លៃគឺបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានការរីកចម្រើន ទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជា មានសមត្ថភាពក្នុងការកែច្នៃ ព្រមទាំងមានទីផ្សារធំ។

លោកបានបន្តថា ជាមួយនឹងភាពរីកចម្រើននេះ ចំនួនក្រុមហ៊ុនដែលកំពុងវិនិយោគលើការរុករករ៉ែមាស និងត្បូងថ្ម ក៏កំពុងមានកំណើនផងដែរ។

លោកបានអះអាងថា “កំណើននេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ខណៈចំនួនក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃក៏មានកាន់តែច្រើន”។

ជាមួយគ្នានេះ សមាគមពាណិជ្ជករត្បូង និងគ្រឿងអលង្ការកម្ពុជា (CGJTA) គ្រោងរៀបចំកម្មវិធីពិព័រណ៍ត្បូង និងគ្រឿងអលង្ការអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ៕

វិភាគៈតើព្រះអាទិត្យនឹងរះជាថ្មីលើទឹកដីខេត្តព្រះសីហនុឬនា ពេលអនាគត?

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

      ព្រះសីហនុៈ ទឹកសមុទ្រឆ្នេរអូរឈើទាល មានកំពស់ខ្ពស់ជាងមុន នៅចុងរដូវវស្សានេះ។ សម្លេងទឹករលកបានបោកបក់ឈូរឆរបន្លឺឡើង ជំនួសសម្លេងស្ងៀមស្ងាត់របស់ទីក្រុងនេះ ដែលធ្លាប់អ៊ូឬអរខ្លាំងកាលពីជាង៣ឆ្នាំមុន។

មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារជាប់គាំង ដែលសាងសង់មិនទាន់បញ្ចប់រាប់រយអាគារ បាននិងកំពុងឈរច្រង៉េងច្រងាង នៅតាមដងវិថីនានា ពិសេសតំបន់ឆ្នេរសុខា ឆ្នេរឯករាជ្យ និងតំបន់មួយចំនួនទៀត។

តើស្ថានភាពទីក្រុងនេះកំពុងដូចម្តេច?

      ការចាកចេញរបស់ប្រជាជន និងអ្នកវិនិយោគចិន បានធ្វើឲ្យប្រជាពលរដ្ឋនៅទីក្រុងនេះខកចិត្ត ប៉ុន្តែវាមិនមែនធ្វើឲ្យគ្រប់គ្នាមិនសប្បាយចិត្តនោះឡើយ។

ជំនួសមកវិញ ជនជាតិឥណ្ឌូនេស៊ី នេប៉ាល់ និងជនជាតិមួយចំនួនទៀត បានចូលមកកាន់ទីក្រុងនេះកាន់តែច្រើន ដោយពួកគេធ្វើការនៅតាមកាស៊ីណូអនឡាញ នៅក្នុងទីក្រុងនេះ ដែលនៅតែដំណើរការលួចលាក់ដដែល។

លោកESAGAR ជនជាតិនេប៉ាល់មួយរូប បានអង្គុយញាំស្រាវីស្គី នៅឆ្នេរអូរឈើទាល កាលពីសប្តាហ៍មុ​នបាននិយាយថា លោ​កបានមកកាន់ទីក្រុងនេះ អស់រយៈពេល៨ខែហើយ ដោយមកធ្វើការនៅទីក្រុងនេះ ក្នុងនាមជាអ្នកបំរើការងារអនឡាញ ដែលលោកបានប្រាប់ថា ទីនេះអាចរកប្រាក់បានគួរសម សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។

លោកបានឲ្យដឹងថា “ខ្ញុំគិតថាទីក្រុងនេះស្អាតណាស់ ខ្ញុំមិនបានមកដល់ នៅពេលមានជនជាតិចិនមកច្រើនទេ តែពេលនេះជនចិនមិនមានច្រើនឡើយ”។ លោកបន្ថែមថា “ខ្ញុំគិតថាទីក្រុងនេះមានអ្វីពិសេសជាច្រើន ដែលនឹងទាក់ទាញជនបរទេស មកកាន់ទីក្រុងនេះឡើងវិញ ច្រើននាពេលអនាគ”។

ងាកទៅកាន់សំណង់អាគារជាប់គាំងវិញ យើងឃើញថារដ្ឋាភិបាលបាននិងកំពុងខិតខំលើកទឹកចិត្ត ចំពោះម្ចាស់អាគារជាប់គាំងនានា និងបាននិងកំពុងដោះស្រាយបញ្ហានេះបណ្តើរៗ ប៉ុន្តែសកម្មភាពជាក់លាក់ណាមួយ មិនទាន់បង្ហាញលទ្ឋផលឲ្យឃើញនៅឡើយទេ ដោយ​សារវាត្រូវការពេលវេលាបន្ថែមទៀត។

អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ធ្លាប់បានមានប្រ​សា​​សន៍ថា គណៈកម្មការអន្តរក្រសួងដោះស្រាយ បញ្ហាអាគារជាប់គាំង កំពុងកំណត់អត្តសញ្ញាណអាគារទាំងនោះ ដើម្បីរកដំណោះស្រា​យដោយឈរលើយន្តការ ដោះស្រាយតាមជំហានៗ និងសមស្របតាមពេលវេលា និងករណីជាក់ស្តែង។

ទីក្រុងស៊ិនជិននៃអនាគត

      រដ្ឋាភិបាល និងក្រុមអ្នកជំនាញការចិនជាច្រើន ដែលធ្លាប់បានរៀបចំទីក្រុងស៊ិនជិន នៅប្រទេស​ចិន កំពុងរៀបចំប្រែក្លាយទីក្រុងនេះ ជាទីក្រុងពហុបំណង ជាមួយនឹងការច្របាច់បញ្ចូលគ្នា នូវទម្រង់នគរូបនីយកម្មមួយ ដែលផ្សារភ្ជាប់រវាងសំណង់អាគារ ភាពបៃតង តំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍ និងវិស័យឧស្សាហកម្ម។

ការកសាងនូវប្រព័ន្ឋខ្សែក្រវ៉ាត់សេដ្ឋកិច្ច តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន បាននិងកំពុងធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនលឿន ប៉ុន្តែក៏មានការខកចិត្តផងដែរ។

ការរីកចម្រើនដូចពពុះសាប៊ូ

      រយៈពេលពេលត្រឹម៤ឆ្នាំ ទីក្រុងនេះបានស្រូបយកលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើន ជាការវិនិយោគរបស់អ្នកធុរកិច្ចចិន ជនជាតិកូរ៉េ ឥណ្ឌូនេស៊ីនិងជនជាតិកម្ពុជាជាដើម។

លទ្ឋផលនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងការបើកទ្វារស្វាគមន៍ប្រជាជន និងអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់ បានធ្វើឲ្យទីក្រុងនេះ ផ្លាស់ប្តូរមុខមាត់ទាំងស្រុង ទាំងលើសំណង់អាគារ និងរូបភាពផ្សព្វផ្សាយអវិជ្ជមាន លើបណ្តាញសារព័ត៌មានអន្តរជាតិ។

លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍ លើវិស័យឧស្សាហកម្ម និងធ្វើពិធកម្មដល់ការនាំចេញរបស់កម្ពុជាផងដែរ។

ផ្លូវល្បឿនលឿនទី១ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា បាននិងកំពុងធ្វើឲ្យទីក្រុងនេះ ទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពិសេ​សភ្ញៀវទេសចរណ៍ ក្នុងស្រុករាប់ម៉ឺននាក់ បានទៅទស្សនាទីក្រុងនេះរៀងរាល់ខែ។

ការខកចិត្ត

ការបិទហ្គេមអនឡាញយ៉ាងតក់ក្រហល់ និងការមកដល់នៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ បានធ្វើឲ្យទីក្រុងនេះស្លោកស្រពោន គួរឲ្យកត់សំគាល់ ខណៈអ្នកវិនិយោគឆ្លាតវៃ បានប្រមូលប្រាក់រាប់លានដុល្លារចេញពីទីក្រុងនេះ ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានអ្នកវិនិយោគខ្មែរ និងចិនជាច្រើន បានរងការខាតបង់ប្រាក់រាប់រយលានដុល្លារផងដែរ។

លើសពីនេះទៀត អ្វីដែលគួរឲ្យខកចិត្ត គឺការរំពឹងការវិលត្រលប់​របស់អ្នកវិនិយោគចិន ហាក់នៅឆ្ងាយនៅឡើយ ស្របពេលប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានអន្តរជាតិនានា បាននិងកំពុងវាយប្រហារកម្ពុជាជារៀងរាល់ថ្ងៃ ដែលមិនត្រឹមបង្កការភ័យខ្លាច ដល់អ្នកវិនិយោគនោះទេ ប៉ុន្តែក៏បានបង្កផលប៉ះពាល់យ៉ាងសម្បើម ដល់ភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។

ជាមួយនឹងក្តីសង្ឃឹម លោកសៅ ហុកប្រធានKW Cambodiaសាខាខេត្តព្រះសីហនុ និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តនៅតែមានសុទិដ្ឋិនិយម ពីការរីកចម្រើនរបស់ទីក្រុងនេះ នាពេលអនាគតឆាប់ៗនេះ។

លោកបានមានប្រសាសន៍ថា “យើងទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើនមកកាន់ទីក្រុងនេះ វាជាសញ្ញាវិជ្ជមាន ព្រោះឲ្យតែមានមនុស្ស គឺមានលុយមកដល់ហើយ”។ លោកបន្តថា “ទីក្រុងនេះមានសក្តានុពលច្រើនណាស់ ដែលយើងអាចចាប់យកជាបន្តបន្ទាប់ បើទោះជាអ្វីៗ វាមិនរីកចម្រើនលឿនដូចពីមុនមកក្តី”។

សម្លឹងទៅកាន់អនាគតប្រកបដោយសុទិដ្ឋិនិយម

      សម្លេងការដ្ឋានសាងសង់សំណង់អាគារនានា បានស្ងប់ស្ងាត់ ប៉ុន្តែនៅឯកំពង់ផែព្រះសីហនុវិញ កំពុងបន្លឺសម្លេងការដ្ឋានសាងសង់​កំពង់ផែទឹកជ្រៅ ក្រោមជំនួយជប៉ុន ដែលកំពង់ផែនេះនឹងបើកផ្លូវដល់កម្ពុជា អាចបញ្ចូនទំនិញបានលឿន និងមានឯករាជ្យភាពជាងមុន តាមរយៈការកាត់បន្ថយ ការជាប់គាំងលំហូរទំនិញ នៅកំពង់ផែប្រ​ទេ​សជិនខាង។

លើសពីនេះ ការពង្រីកផ្លួវរត់របស់យន្តហោះ នៅព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងនេះ និងការដាក់ចេញនូវការកសាងទីក្រុងពហុបំណង បាននិងកំពុងធ្វើឲ្យទីក្រុងនេះ មានឱកាសរីកចម្រើនជាថ្មី ប៉ុន្តែការរីកចម្រើននេះ ទំនងជាស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា។

តារារះនាទិសនារតីនេះ បាននិងកំពុងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មជាច្រើនផងដែរ តាមរយៈការមកដល់របស់ក្រុមហ៊ុនចិន ក្រុមហ៊ុនអាមេរិក កូរ៉េ ជប៉ុនជាដើម។

ទឹកសមុទ្រខៀវថ្លាយ៉ង់ ឆ្លុះដល់បាតដី និងសម្បត្តិធនធានធម្មជាតិចម្រុះ និងដ៏សម្បូរបែបរបស់ខេត្ត បាននិងកំពុងហុចសក្តានុពលលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍រមណីយដ្ឋានលំហែរ ពីសំណាក់អ្នកធុរកិច្ចក្នុងស្រុក និងអន្តរជាតិផងដែរ។

ការវិលត្រលប់មកវិញនូវអ្វីដែលគេទន្ទឹងរង់ចាំ

      ការចាកចេញរបស់ប្រជាជន និងអ្នកវិនិយោគចិន នៅតែជាការខកចិត្ត ប៉ុន្តែក្តីសង្ឃឹមនៅតែមាន ស្របពេលការប្រកាន់យកគោលនយោបាយចិនតែមួយ និងការកសាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ បង្កើនកម្រិតទំនាក់ទំនងត្បូងពេជ្រ នៅតែលេចត្រដែតក្នុងទំនាក់ទំនងរវាងចិន និងកម្ពុជា ដែលត្រូវបានប្រដូចនឹងដែកថែបមិនអាចកាត់បំបែកបាន។

ជាក់ស្តែង មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេសក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។

លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។

ជាមួយគ្នានេះ វត្តមានរបស់អ្នកធុរកិច្ចចិនធំៗជាច្រើនទៀត នឹងលេចវត្តមាននៅកម្ពុជានាពេលខាងមុខ ប៉ុន្តែតើទីក្រុងនេះអាចងើបពីសុបិនអាក្រក់នៅពេលណា អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចចិន ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ការលើកទឹកចិត្កពីរាជរដ្ឋាភិបាលកម្ពុជា និងឱកាសរកបានផលចំណេញ ត្រលប់ពីការវិនិយោគរបស់ពួកគេផងដែរ៕

អបអរសាទ! អាកាសយានដ្ឋានលំដាប់អន្តរជាតិទី១នៅខេត្តសៀមរាបចាប់ផ្តើមបើកដំណើរការជាផ្លូវការ

ដោយៈ គង់ ហ្វីអូណា

      សៀមរាបៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ជាពិសេសគឺយន្តហោះនេះ បាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណ៣០០នាក់ មកទស្សនាខេត្តសៀមរាបអង្គរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងត្រូវបិទទ្វារនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ១២:00​យប់តទៅ ហើយចាប់ពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣តទៅ ខេត្តសៀមរាបនឹងប្រើប្រាស់ងាកាសយានដ្ឋានអន្តរជាតិថ្មីវិញ។

អាកាសយន្តហោះអន្តរជាតិចាស់ បានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារាំងមកម្ល៉េះ ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦ ។

ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ត ខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញ ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត៤០គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណ ១១០០លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល៥៥ ឆ្នាំ។

នៅថ្ងៃទី១៦ ខែតុលា នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងប្រារព្ធពិធីស្វាគមន៍ ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះ និងចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះ ​បាននាំភ្ញៀវទេសចរណ៍ចិន ប្រមា​ណ៣០០នាក់ មកទស្សនាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយ យើងផងដែរ។

សូមអបអរសាទរសមិទ្ធិផលប្រវត្តិសាស្រ្តថ្មី ក្រោមគំនិតផ្តួចផ្តើមឡើង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន។

នេះជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងពន្លឿនសេដ្ឋកិច្ច ក្នុងយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា៕

រដ្ឋមន្រ្តីក្រសួងព័ត៌មានអំពាវនាវកុំឲ្យមានការចែករំលែករឿងអវិជ្ជមានលើបណ្តាញសង្គម

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័តមាន លោកនេត្រ ភ័ត្រា បានស្នើឲ្យប្រជាពល​រដ្ឋ កុំមានការចែករំលែករឿងអវិជ្ជមាន លើបណ្តាញទំនាក់ទំនងសង្គម។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីចុងសប្តាហ៍មុនថា នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម គ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។

លោកបន្តថា ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាព ដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។

លោកនេត្រ ភ័ត្រាបានបញ្ជាក់ថា “ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង”៕