Dubai pips Hong Kong as the world’s top city for super luxury homes over US$10 million: Knight Frank

Dubai overtook Hong Kong as the world’s top market for ultra-luxury homes in the first quarter as wealthy individuals flock to the Gulf’s financial hub, according to a report from Knight Frank on Wednesday.

The United Arab Emirates’ largest city recorded 88 transactions totalling US$1.66 billion for homes worth more than US$10 million in the first three months of the year. Hong Kong followed in second place with 67 deals worth US$988 million, followed by New York on 58 transactions totalling US$942 million.

London, a perennial favourite, slipped four places to sixth with 36 transactions.

“The latest figures point to the rise of Dubai as a critical part of the global super-prime landscape, as well as the centrality of New York, Los Angeles, London, Singapore, and Hong Kong for the world’s wealthy,” said Liam Bailey, the global head of research at Knight Frank.

Dubai has grown as an attractive property destination for the wealthy since 2019. Its share of super-prime sales across 12 markets tracked by Knight Frank surged from 2 per cent in 2019 to 17 per cent in the 12 months to March.

Source: SCMP

ទីក្រុងឌូបៃបានវ៉ាឈ្នះដាច់ទីក្រុងហុងកុងជាទីផ្សារកំពូលរបស់ពិភពលោកសម្រាប់ផ្ទះប្រណីតថ្លៃៗបំផុត

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងឌូបៃ បានវ៉ាដាច់ហុងកុងជាទីផ្សារកំពូលរបស់ពិភពលោក សម្រាប់ផ្ទះប្រណីតបំផុតនៅក្នុងត្រីមាសទី១ ខណៈអ្នកមានទ្រព្យស្តុកស្តម្ភជាច្រើន បានសម្រុកហូរចូលប្រទេសអារ៉ាប់រួម។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។

ទីក្រុងធំបំផុតរបស់ប្រទេសអារ៉ាប់រួមនេះ បានកត់ត្រាប្រតិបត្តិការចំនួន៨៨ តម្លៃសរុបចំនួន១,៦៦ពាន់លានដុល្លារ សម្រាប់ផ្ទះដែលមានតម្លៃជាង១០លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ខណៈទីក្រុងហុងកុង​ តាម​ពីក្រោយ​ដោយ​កិច្ចព្រមព្រៀង​ចំនួន៦៧ ដែល​មាន​តម្លៃសរុប៩៨៨លាន​ដុល្លារ​ និងតាម​ពីក្រោយ​ទៀតដោយ​ទីក្រុង​ញូវយ៉ក​ លើ​ប្រតិបត្តិការ​ចំនួន៥៨ ដែល​មាន​ទំហំទឹកប្រាក់​សរុប៩៤២លាន​ដុល្លារ។

ចំណែក ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាកន្លែងពេញនិយមបំផុត អស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤ មកឈរនៅលេខ៦ ជាមួយនឹងប្រតិបត្តិការចំនួន៣៦។

ទីក្រុងឌូបៃបានក្លាយទៅជាគោលដៅ អចលនទ្រព្យដ៏ទាក់ទាញសម្រាប់អ្នកមានចាប់តាំងពីឆ្នាំ២០១៩មក។ ចំណែកនៃការលក់ផ្ទះតម្លៃ super-prime របស់ទីក្រុងនេះ នៅទូទាំងទីផ្សារចំនួន១២ ដែលតាមដានដោយក្រុមហ៊ុន Knight Frank បានកើនឡើងពី២ភាគរយក្នុងឆ្នាំ២០១៩ រហូតដល់១៧ភាគរយ ក្នុងរយៈពេល១២ខែដល់ខែមីនា ឆ្នាំនេះ។

ក្រុមហ៊ុន Knight Frank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយផ្សេងទៀតកាលពីខែមុនថា ខណៈដែលតម្លៃផ្ទះ នៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងឌូបៃ បានកើនឡើង៤៤,២ភាគរយ នៅក្នុងរយៈពេល១២ខែដល់ខែមីនា ប៉ុន្តែតម្លៃផ្ទះនៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងហុងកុងបានធ្លាក់ចុះ១,៣ភាគរយ៕

ក្រុមហ៊ុនខ្នាតយក្សចិន TikTok គ្រោងបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ: គង់ លាងហួរ

ហ្សាការតា: ក្រុមហ៊ុនចិន ByteDance ដែលជាអ្នកផលិតកម្មវិធីបង្ហោះវីដេអូខ្លីៗ TikTok  បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ស្របពេលមានការត្រួតពិនិត្យជាសកលលើសុវត្ថិភាពទិន្នន័យរបស់ខ្លួន។

តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មានប្រជាជនសរុបចំនួន៦៣០លាននាក់ ខណៈពាក់កណ្តាលនៃប្រជាជនសរុប មានអាយុក្រោម៣០ឆ្នាំ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់ ដែលបង្កើតឱ្យមានអ្នកចូលទស្សនាច្រើនជាង៣២៥លាននាក់ជារៀងរាល់ខែ។ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមនេះ មិនទាន់បានបកប្រែមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំនេះ ទៅជាប្រភពចំណូលពាណិជ្ជកម្មអេឡិចត្រូនិកដ៏សំខាន់មួយ នៅក្នុងតំបន់នៅឡើយទេ ដោយសារវាប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីគូប្រជែងធំៗដូចជា  Shopee របស់ក្រុមហ៊ុនSea Lazada របស់ក្រុមហ៊ុន Alibaba និង Tokopedia របស់ក្រុមហ៊ុន GoTo។

នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានថ្លែងនៅក្នុងវេទិកាដែលខ្លួនរៀបចំ នៅទីក្រុងហ្សាការតាថា “យើងនឹងបោះទុនវិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ។

TikTok មិនបានផ្តល់នូវការលម្អិត នៃផែនការចំណាយនោះទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ខ្លួននឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រដល់អ្នកលក់ខ្នាតតូចៗ ដែលកំពុងចូលរួម ក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច TikTok Shop របស់ខ្លួន។

BPH – All Shop Houses (Main and Sub)

លោក Chew បានបន្តថា ខ្លឹមសារនៅលើវេទិការបស់ខ្លួនកាន់​តែមានភាពចម្រុះ ដោយសារវាបន្ថែមអ្នកប្រើប្រាស់កាន់តែច្រើន និងពង្រីកលើសពីការផ្សាយពាណិជ្ជកម្ម ទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញ តាមរយៈតំណភ្ជាប់នៅលើកម្មវិធីក្នុងអំឡុងពេលផ្សាយផ្ទាល់។

លោកបានបន្ថែមថា TikTok មានបុគ្គលិកចំនួន៨.០០០នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយអ្នកលក់ខ្នាតតូចៗចំនួន២លាននាក់បានលក់ទំនិញរបស់ពួកគេ នៅលើវេទិការបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់។

ផែនការវិនិយោគរបស់ TikTok កើតឡើង ស្របពេលដែលក្រុមហ៊ុនចិនមួយនេះ ប្រឈមមុខនឹងការត្រួតពិនិត្យពីរដ្ឋាភិបាល និងនិយ័តកររបស់ប្រទេសមួយចំនួន ដោយសារតែមានការព្រួយបារម្ភថា ទីក្រុងប៉េកាំង អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬជំរុញផលប្រយោជន៍របស់ខ្លួន៕

រដ្ឋាភិបាលអនុម័តគំរោងចំនួន៦មានទំហំទឹកប្រាក់៤៥លាន ដុល្លារអាមរិក

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោង​វិនិយោគចំនួន៦ ជាមួយទុនវិនិយោគសរុបចំនួន៤៥លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ស្ថាប័ននេះបានឲ្យដឹងងា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោមទី១ ក្រុមហ៊ុន-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២៧កន្លែង។

ទី២ ក្រុមហ៊ុន-“ZHAO CHUNXIANG PROCESSING FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។

ទី៣៣-ក្រុមហ៊ុន “GREAT ZHENXIN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង។

ទី៤-ក្រុមហ៊ុន“NIUENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលីស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៥៣០កន្លែង។

ទី៥-ក្រុមហ៊ុន “LONG MARCH GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៧២៣កន្លែង។

ទី៦-ក្រុមហ៊ុន “TEAM INDUSTRIAL COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិស ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៧៦កន្លែង៕

 

វិភាគៈតើប្រទេសឥណ្ឌាងើបឡើងដូចម្តេច ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកនាពេលខាងមុខ?

ដោយៈសុខុម

វិភាគ: ប្រទេសណ្ឌា បានងើបពីសុបិនដ៏ហយូរលង់របស់ខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែល ចំនួនប្រជាជនច្រើនបំផុតលើពិភពលោក និងកំពុងមានប្រៀបលើផ្នែកមួយចំនួនទៀតផងដែរ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគគណៈរដ្ឋមន្ត្រីឥណ្ឌា លោក Piyush Goyal បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា ប្រទេសឥណ្ឌា នឹងក្លាយជាមហាយក្សសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកនៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមគេហទំព័រព័ត៌មាន Livemint ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២៣។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងអំឡុងពេលថ្លែងទៅកាន់សហគមន៍ជនភៀសខ្លួនឥណ្ឌា នៅប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចឥណ្ឌា -បារាំង ក្នុងខួប២៥ឆ្នាំនៃមិត្តភាពឥណ្ឌា-បារាំង។

លោកបានបន្ថែមទៀតថា “ពេលនេះ ប្រទេសឥណ្ឌា គឺជាសេដ្ឋកិច្ចធំបំផុតទី៥។ ហើយនៅឆ្នាំ២០២៧-២០២៨ ឥណ្ឌា នឹងក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣ ក្នុងពិភពលោក”។ លោកបន្តថា “ឥណ្ឌា គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ច រហូតដល់ទៅ៣,៥ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាសេដ្ឋកិច្ច ដែលមានទំហំចន្លោះពី៣០ ទៅ៣៥ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៤៧ ជាពេលដែលយើងប្រារព្ធខួបឯករាជ្យ១០០ឆ្នាំរបស់ឥណ្ឌា”។

ទន្ទឹមនេះ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិ​បាលឥណ្ឌា លោកAnantha Nageswaran បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឥណ្ឌា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនជាង៧% ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន២០២៣-២០២៤។ នេះបើយោងតាមសារព័ត៌មាន The Economic Times ចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការវិនិយោគដ៏រឹងមាំ និងការបោះជំហានយ៉ាងលឿន នៅក្នុងការធ្វើឌីជីថលនីយកម្ម។

ជាមួយគ្នានេះ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសឥណ្ឌា លោក Takeo Konishi បានលើកឡើងថា “ទោះបីជាសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះយ៉ាងណាក្ដី ក៏អត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា នៅតែខ្លាំងជាងគេ ក្នុងចំណោមសេដ្ឋកិច្ចជាច្រើន ហើយនេះឆ្លុះបញ្ចាំង ពីតម្រូវការប្រើប្រាស់ក្នុងស្រុកដ៏រឹងមាំ និងការពឹងផ្អែកតិចជាងមុនលើតម្រូវការពិភពលោក”។

នេះបើយោងតាមគេហទំព័ររបស់ធនាគារ ADB ចុះផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

លោកបានបន្ថែមទៀតថា “ការជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំរបស់រដ្ឋាភិបាលឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមGati Shakti (ផែនការមេថ្នាក់ជាតិសម្រាប់ការតភ្ជាប់ពហុផ្នែក) របស់នាយករដ្ឋមន្ត្រីឥណ្ឌា ការអភិវឌ្ឍភ័ស្តុភារកម្ម និងការអភិវឌ្ឍច្រករបៀងឧស្សាហកម្មនឹងរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើនការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការជំរុញកំណើននាពេលអនាគត”។

*តើសេដ្ឋកិច្ចឥណ្ឌា ពឹងផ្អែកលើវិស័យអ្វីខ្លាំងជាងគេ?

វិស័យសេវាកម្មគ្របដណ្ដប់រហូតដល់ទៅជាង៥០% នៃផលទុនជាតិសរុប (GDP) ហើយនៅតែជាវិស័យ ដែលលូតលាស់លឿនបំផុត ខណៈវិស័យឧស្សាហកម្ម និងវិស័យកសិកម្មផ្ដល់ការងារភាគច្រើនបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Wikipedia។

*តើប្រទេសណាខ្លះគ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៣?

យោងតាមគេហទំព័រ Wisevoter បានបង្ហាញសេដ្ឋកិច្ចធំបំផុតទាំង៥ របស់ពិភពលោកដូចខាងក្រោម៖

សេដ្ឋកិច្ចធំបំផុតទី១ ៖ សហរដ្ឋអាមេរិក ជាមួយGDP ទំហំ២៣,៣ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី២ ៖ មហាយក្សចិន ជាមួយ GDPទំហំ១៧,៧ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី៣ ៖ ប្រទេសជប៉ុនជាមួយGDP ទំហំ៤,៩ទ្រីលានដុល្លារ ។

សេដ្ឋកិច្ចធំបំផុតទី៤ ៖ ប្រទេសអាល្លឺម៉ង់ ជាមួយGDPទំហំ៤,៣ទ្រីលានដុល្លារ។

សេដ្ឋកិច្ចធំបំផុតទី៥ ៖ ប្រទេសឥណ្ឌា ជាមួយGDPទំហំ៣,២ទ្រីលានដុល្លារ៕

ការចូលជាធរមានពេញលេញនៃកិច្ចព្រមព្រៀង RCEPនឹងផ្តល់ អត្ថប្រយោជន៍ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) បានចូលជាធរមានក្នុងប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោកនេះ បានចូលជាធរមានពេញលេញសម្រាប់ប្រទេសសមាជិកទាំង១៥។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិលើកឡើងថា កិច្ចព្រមព្រៀងRCEP គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ បរិយាប័ន្ន និងពហុភាគី ហើយវាបានពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងលើកកម្ពស់ការចូលរួមពីសហគ្រាសធុនតូច និងមធ្យម នៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់។ចំណែកលោក Alfredo Pascual លេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានអះអាងថា “យើងមើលឃើញថា RCEP គឺជាគន្លឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន មិនត្រឹមតែសម្រាប់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ”។

យោងតាមការសិក្សារបស់វិទ្យាស្ថានហ្វីលីពីន សម្រាប់ការសិ​ក្សា​អភិវឌ្ឍន៍បានឱ្យដឹងថា ក្រុមប្រទេសជាសមាជិកកិច្ចព្រមព្រៀង គឺមកពី​សមាគម​អាស៊ាន​ចំនួន១០  រួមទាំងចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់។ កិច្ចព្រមព្រៀងនេះ ត្រូវបានព្យាករណ៍ថា នឹងបង្កើនផលិតផលសរុប ក្នុងស្រុករបស់ហ្វីលីពីនចំនួន២,០២ភាគរយ បន្ទាប់ពីការចូលរួមរបស់ខ្លួន។

លោក Jomar Abdon វ័យ២៩ឆ្នាំដែលធ្វើការនៅក្នុងរោងចក្រកែច្នៃទុរេននៅទីក្រុង Davao ប្រទេសហ្វីលីពីន បានលើកឡើងថា ការចូលទៅកាន់ទីផ្សារប្រទេសចិន គឺជាទ្រព្យមហាសាល ហើយវានឹងនាំមកនូវការងារកាន់តែច្រើន ក៏ដូចជាប្រាក់ចំណូលបន្ថែមទៀតផងដែរ។

លោកបន្តថា នៅក្រោមកិច្ចព្រមព្រៀងRCEP ការនាំចេញផលិតផល ដូចជា ទុរេន មិនត្រឹមតែត្រូវបានសម្របសម្រួល ដោយការកាត់បន្ថយ និងការលុបបំបាត់ពន្ធបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវិធានការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពន្លឿននីតិវិធីគយ ដែលផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់ពាណិជ្ជកម្មផលិតផលដែលងាយនឹងឆាប់ខូច។

លោកAllan Gepty អ្នកចរចានហ្វីលីពីន សម្រាប់កិច្ចព្រមព្រៀ​ង RCEP បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងទទួលបានអត្ថប្រយោជន៍ និងឱកាសក្នុងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងការវិនិយោគតាមរយៈកិច្ចព្រមព្រៀងRCEP ។លោកបានបន្តថា “យើងអាចទទួលបានទីផ្សារ កាន់តែប្រសើរឡើង សម្រាប់ផលិតផលសំខាន់ៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។ លើសពីនេះ យើងមានទីផ្សារដែលអាចធានា បានផ្សេងទៀតសម្រាប់វិស័យសេវាកម្មរបស់ប្រជាជនហ្វីលីពីន” ។

ជាមួយគ្នានេះ លោកស្រី Auramon Supthaweethum អគ្គនាយិកានៃនាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃបានអះអាងថា ចាប់តាំងពីកិច្ចព្រមព្រៀង ចូលជាធរមានក្នុងខែមករា ឆ្នាំ២០២២ RCEP បានបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួលការវិនិយោគ ព្រមទាំងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងRCEP បានដាក់ចេញនូវខ្សែច្រវាក់តម្លៃ ក្នុងតំបន់ដែលផ្តល់ឱកាសកាន់តែច្រើន សម្រាប់ផលិ​តផល ដែលបានផលិតដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល៕

សម្តេចតេជោៈ ទីផ្សារការងារនៅកម្ពុជាស្រូបយកកំលាំងពលកម្មបាន១០,៨លាននាក់

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា  ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបានអត្រាមានការងារធ្វើខ្ពស់៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ១០,៨លាននាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ៩៩.៣% នៃកម្លាំងពលកម្មសរុប ចំនួនប្រមាណ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។

នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ក្នុងសារលិខិតដដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមតន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។គោលនយោបាយស្តីពីពលករទេសន្តរប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក កម្ពុជា ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ ព្រមទាំងផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។

សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីផ្ដល់លទ្ធភាពទទួលបានការបណ្ដុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត។

សម្ដេចតេជោបានបន្ដថា ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

ជាមួយគ្នានេះ ក្នុងអំឡុងពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កើតកម្មវិធីបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ពិសេសរយៈពេល៤ខែ ដល់កម្មករ និយោជិតនិងយុវជន ដើម្បីទទួលបានឱកាសការងារថ្មី និងបង្កើតមុខរបរដោយខ្លួនឯងបានចំនួន២១,៥០០នាក់ និងបណ្ដុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតបានចំនួន៦៨,០០០នាក់។

បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្ដល់ឱកាសឱ្យពួកគេទទួលបានជំនាញ សម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនេះបន្តគាំទ្រក្នុ ងការអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុ​ស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

សម្ដេចតេជោក៏បានជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ លើការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥៕

តើរដ្ឋាភិបាលលើកទឹកចិត្តដូចម្តេចចំពោះក្រុមគំរោង១ និង២ សម្រាប់ម្ចាស់សំណង់អគារជាប់គាំងនៅក្រុងព្រះសីហនុ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ រាជរដ្ឋាភិបាលបានដាក់ចេញយន្តការ លើកទឹកចិត្តជាកញ្ចប់រួចហើយ លើម្ចាស់គំរោងអគារ ឬសំណង់លំនៅដ្ឋាននៅ ក្រុងព្រះសីហនុ។

យោងតាមលិខិតលេខ៣៥៦ ស ជ ណ ហ ធចុះថ្ងៃទី២៩ មិនា​ឆ្នាំ២០២៣របស់ទីស្តីការគណៈរដ្ឋមន្រ្តី បោះត្រានិងស៊ីញ៉េដោយបណ្ឌិតហ៊ីង ថូរ៉ាក់ស៊ីបានឲ្យដឹងថា រដ្ឋាភិបាលបានបែងចែកគំរោង១ គំរោង២ គំរោង៣ និងគំរោង៤ សម្រាប់អាគារឬសំណង់លំនៅដ្ឋានជាប់គាំងនៅខេត្តព្រះសីហនុ។

ឯកសារនេះបានបង្ហាញថា គំរោង១ និងគំរោង២ ដែលបានសាងសង់ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មិនទាន់បានសាងសង់បញ្ចប់ នឹងទទួលបានបញ្ចប់រហូតដល់បច្ចុប្បន្ន នៅក្នុងខេត្តព្រះសីហនុ។ អាគារឬគំរោងដែលមានទុនវិនិយោគ ចាប់ពី១លានដុល្លារអាមេរិក។ ម្ចាស់គំរោងបង្ហាញពីធនធានគ្រប់គ្រាន់ ក្នុងការសាងសង់បញ្ចប់ និងអនុវត្តន៍គំរោងវិនិយោគ និងត្រូវមានប្លង់មេ និងផែនការវិនិយោគច្បាស់លាស់ នឹងទទួលបានការលើកលែងពន្ឋប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ឋ សិទ្ឋកាន់កាប់អចលនទ្រព្យ ក្នុងចន្លោះឆ្នាំ២០២៣ ទៅឆ្នាំ ២០២៥។      ទទួលបានការលើកទឹកចិត្តៈ ពន្ឋអចលនទ្រព្យប្រចាំឆ្នាំ ជាបន្ទុករបស់រដ្ឋ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សម្រួលលើការផ្តល់លិខិតអនុញ្ញាត្តសាងសង់ ឲ្យស្របតាមនិតិវិធីជាធរមាន៕

រដ្ឋាភិបាលកំពុងរៀបចំក្រុងប៉ោយប៉ែតជាទីក្រុងស៊ីវិល័យមួយជាមួយទុនជិត៨០លានដុល្លារអាមេរិក

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ជេស៊ីកា

        បន្ទាយមានជ័យៈ ក្រុងប៉ោយប៉ែត បាននិងកំពុងអនុវត្តន៍គម្រោងទីក្រុងគួរឲ្យចង់រស់នៅ ដែលគម្រោងនេះចំណាយទឹកប្រាក់៧៨លានដុល្លារ ឲ្យមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ លោកគាត ហ៊ុលបានមានប្រសាសន៍ប្រាប់សារព៌តមានក្នុងស្រុកថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលឆ្លងកាត់ទៅមក តាមច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតរាជរដ្ឋាភិបាលបានគូសរំលេច នូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង។  ផែនការអភិវឌ្ឍទីក្រុងប៉ោយប៉ែត រួមមាន
ទី១ ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអគ្គិសនី ទឹកស្អាត ប្រព័ន្ធបណ្តាញឌីជីថល និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។

ទី២ ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែរទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។លើសពីនេះទៅទៀត រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ទទួលបានគម្រោងថ្នាក់ជាតិមួយ គឺ “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ហើយនៅក្នុងគម្រោងនេះដែរគឺមាន គោលដៅធំៗ៤ក្នុងការអភិវឌ្ឍក្រុងទី១គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ទី២ គម្រោងធ្វើផ្លូវ,ទី៣ធ្វើទីលានចាក់ សំរាម និង ទី៤ គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយ បានរំដោះជំនន់ទឹក ភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។

លោកអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា “គម្រោងនេះបាន ចាប់ផ្ដើមធ្វើបានមួយគម្រោងហើយ គឺប្រព័ន្ធទឹកសម្រាប់កាត់បន្ថយជំនន់ទឹក គម្រោងនេះបានធ្វើខ្លះហើយ តែនៅមានគម្រោងបន្តទៀតដូចជាគម្រោងចម្រោះទឹកក៏កខ្វក់និងប្រព័ន្ធលូ”។ លោកបន្តថា “ជាក់ស្ដែងឃើញថាភ្លៀងមួយរយៈនេះ គឺមានជំនន់ទឹកភ្លៀងកើនឡើងតែយ៉ាងណា ក៏ក្រុមការងារក្រុង និងសង្កាត់មមាញឹកដោយមានក្រុមស្ដារលូ និងធ្វើអន្តរាគមន៍ផ្សេងៗ ក្នុងការធ្វើការងារនេះដោយក្នុងមួយថ្ងៃគឺយើងរំដោះទឹកឲ្យចេញពីទីក្រុងអស់”។ទីក្រុងប៉ោយប៉ែត ជាទីក្រុងមួយដែលស្ថិតក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឿស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលរដ្ឋាភិបាលដាក់ចេញ និងមានគោលដៅប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាគំរោង សាងសង់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ -ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបំផុតនៅកម្ពុជា និងគម្រោងផ្លូវល្បឿនលឿនទី៣ ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ។

        ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តល់ជំនួយសម្រាប់គំរោងនេះ និងគំរោងធ្វើឲ្យមានបរិស្ថានរស់នៅ ប្រកបដោយភាពស៊ីវិល័យនៅទីក្រុងបាវិតផងដែរ៕

កម្ពុជានឹងតបណ្តាញខ្សែកាបអុបទិកដល់គ្រប់ឃុំ សង្កាត់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៧

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេតបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលមានគម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិក ដល់គ្រប់ឃុំទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧។

ការតភ្ជាប់នេះ នឹងគ្របដណ្តប់ទៅដល់សាលាឃុំ​ ប៉ុស្តិ៍នគរបាល វិទ្យាល័យ  សាលារៀន មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ (Community Tech Center)។

លោកជា វ៉ាន់ដេតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួម ផ្តល់បាឋកថាលើប្រធានបទស្តីពី “កម្ពុជា” ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី១៥ មិថុនា។លោកបន្តថា ក្រសួងមានគម្រោងជួយ រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។

លោកជា វ៉ាន់ដេត ក៏បានបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ឌីជីថល លើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បាន បង្ហាញពីការវិវឌ្ឍនៃបដិ​វត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១​-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោកបានបញ្ជាក់ថា យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរ យើងត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថល ក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាព៕