លោកជំទាវឧកញ៉ាគង់ សំណាងលើកឡើងពីគុណសម្បត្តិចំនួន៤របស់បុរីវិមានសំណាង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ​ ជាមួយនឹងប្រឡាយធម្មជាតិប្រវែង១គីឡូម៉ែត្រ និងការដាំដើមឈើធំៗ និងការរៀបចំសហគមន៍អាជីវកម្មជុំវិញ បានដើរតួនាទីសំខាន់ ក្នុងការកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមសម្រាប់បុរីវិមានសំណាង។

ហេតុនេះ ការរស់នៅពិតជាត្រូវជ្រើសរើស លើទីតាំងជាពិសេសដើម្បីផ្តល់ឲ្យជីវិតមានផាសុខភាព និងសុភមង្គល។លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍន៍របស់យើង បានសិក្សាជាច្រើន មុនសម្រេចចិត្តជ្រើសរើសទីតាំងនេះ ដើម្បីបំពេញនិងឆ្លើយតប​នឹងបែបផែ​ននៃការរស់នៅក្នុងយុគសម័យថ្មី ហេតុនេះទើបយើងផ្តោត​លើមូលដ្ឋានសំខាន់ៗមួយចំនួន ដូចជា
ទី១ ជាតំបន់ស្ថិតនៅជាប់ផ្ទៃបឹង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលផ្តល់ឲ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយ។
ទី២ ជាតំបន់ដែលប្រមូលផ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារGlobal House, AEON Mall2Makro,។

ទី៣ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងជាប់នឹងរមណីយដ្ឋានធម្មជាតិចំនួន២ គឺរមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ឋត្រៃយ៍ត្រឹង
ទី៤ ជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ ដោយសារវាស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារីវើលដ៏ជាដើម។

ជាមួយគ្នានេះ លោកជំទាវគង់ សំណាងបានបន្តថា និន្នាការរបស់អ្នកមានជីវភាពធូរធារ កាន់តែឆ្ពោះទៅកាន់ភាគខាងជើងរាជធានី ដោយសារតំបន់នេះមា​នការអភិវឌ្ឍលឿន ជាតំបន់ ដែលក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនជ្រើសរើស បោះទីតាំងនៅតំបន់នេះ។

លោកជំទា​វបន្តថា “ដោយសាររសនិយម និងចំនួនអ្នកមាននៅកម្ពុជាកើនឡើង បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្ត វិនិយោគបុរីលំដាប់អភិជននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។

លោកជំទាវគង់ សំណាងបានបន្តថា “យើងបានគិតគូ ទាំងសោ​ភ័ណភាពសំ​ណ​ង់ រចនាបទម៉ូតផ្ទះ គុណភាពនៃការឌីសាញក្នុងគំរោង ត្រូវបានផ្ចិតផ្ចង់ និងសំរិតសំរាំងបំផុត ដើម្បីបំពេញចិត្ត និងក្តីស្រម័យរបស់អភិជននានា”៕

 

សារព័ត៌មានដ៏ល្បី Bloomberg: ប្រទេសចិនគ្រោងបញ្ចេញកញ្ចប់គាំទ្រទីផ្សារអចលនទ្រព្យថ្មីដើម្បីជំរុញសេដ្ឋកិច្ច

ដោយៈ សុខុម

ហុងកុង: ប្រទេសចិន កំពុងត្រៀមដាក់ចេញវិធានការថ្មីៗ ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ បន្ទាប់ពីគោលនយោបាយដែលមានស្រាប់ មិនអាចរក្សាសន្ទុះងើបឡើងក្នុងវិស័យនេះបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News ចុះផ្សាយដោយដកសប្រភពច្បាស់ការកាលពីថ្ងៃសុក្រ ទី០២ ខែមិថុនា។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមនិយ័តករចិន កំពុងពិចារណាកាត់បន្ថយប្រាក់ បង់មុនសម្រាប់ការបង់រំលស់ (Down Payment) នៅក្នុងទីក្រុងធំៗ កាត់បន្ថយកម្រៃជើងសារភ្នាក់ងារលើប្រតិបត្តិការទិញលក់ និងបន្ធូរបន្ថយបន្ថែមទៀត នូវការរឹតបន្តឹងសម្រាប់ការទិញលំនៅដ្ឋាន ក្រោមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ ក្រុមប្រឹក្សារដ្ឋមិនបានឆ្លើយបំភ្លឺនោះទេ។វិស័យអចលនទ្រព្យ ដែលធ្លាប់តែជាសសរស្តម្ភដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ បានខកខានទូទាត់បំណុល ឬ សញ្ញាប័ណ្ណ និងបានផ្អាកការសាងសង់គម្រោងលំនៅដ្ឋាន ដែលត្រូវបានលក់មុនគម្រោងចាប់ផ្ដើម។

ក្រុមអ្នកបង្កើតគោលនយោបាយ បានដាក់ចេញនូវវិធានការនានាចាប់តាំងពីឆមាសទី២ ចុងឆ្នាំ២០២២ ដើម្បីនាំមកនូវស្ថិរភាពដល់ទីផ្សារអចលនទ្រព្យចិន ដែលត្រូវបានជំរុញបន្ថែមទៀតដោយការដកចេញនូវវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹងកាលពីខែធ្នូ។

ទោះជាយ៉ាងណា តម្រូវការនៅតែធ្លាក់ចុះ ដោយការវិនិយោគអចលនទ្រព្យ និងការលក់ធ្លាក់ចុះខ្លាំងក្នុងខែមេសា ដោយសារអតិថិជននៅតែប្រុងប្រយ័ត្នចំពោះការចំណាយធំៗ ស្របពេលមានក្តីបារម្ភអំពីការធ្លាក់ចុះប្រាក់ចំណូល និងការបាត់បង់ការងារ ខណៈសន្ទុះនៃការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ថមថយ។

ធនាគារកណ្តាលនៃប្រទេសចិន បានដាក់ចេញនូវវិធានការគាំទ្រគោលនយោបាយចំនួន១៦ រួមទាំងការពន្យារសងប្រាក់កម្ចីនៅខែវិច្ឆិកា ចុងឆ្នាំនេះផងដែរ៕ Reuters៕

ថ្នាក់ដឹកនាំបុរីបុស្បាជួបជាមួយកម្មករ និយោជិតនិងក្រុមអ្នកម៉ៅការសំណង់ជិត៤០០នាក់

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ថ្ងៃនេះថ្នាក់ដឹកនាំបុរីបុស្បា បានអញ្ជើញជួបសំណេះ​សំណាល ជាមួយកម្មករ និយោជិត និងក្រុមអ្នកម៉ៅការសំណង់សរុបប្រមាណជា ៣៧៥នាក់ នៅគម្រោងអប្សរមេរា នៃបុរីបុស្បា ខណ្ឌដង្កោ។

កម្មវិធីជួបសំណេះសំណាល ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពស្នឹតស្នាលជាមួយបងប្អូនកម្មករ និងនិយោជិតទាំងអស់ ក៏ដូចជាសួរសុខទុក្ខអំពីដំណើរការងារប្រចាំថ្ងៃ ព្រមទាំងជំរុញលើកទឹកចិត្តបងប្អូន ចូលរួមក្នុងការពង្រឹងវិន័យ និងសណ្តាប់ធ្នាប់នៅក្នុងការដ្ឋាន ឲ្យកាន់តែល្អប្រសើរ។គម្រោង អប្សរមេរា កំពុងដំណើរការសាងសង់យ៉ាងមមាញឹក និងហ្មត់ចត់ ដើម្បីផ្តល់ជូនផ្ទះដ៏រឹងមាំ និងមានគុណភាពល្អសម្រាប់អតិថិជនរបស់យើង។
បុរីបុស្បា លើសពីការស្នាក់នៅ តែជាការរស់នៅប្រកបដោយផាសុកភាពជាទីបំផុត៕

តើសណ្ឋាគារនៅប្រទេសណាមានចំណាស់រហូតដល់១.៣០០ឆ្នាំ?

ដោយៈ សុខុម

អន្តរជាតិ: វាពិតជាកម្រ និងអស្ចារ្យស្ទើរមិនគួរឱ្យជឿ ដែលសណ្ឋាគារបុរាណចំណាស់បំផុត របស់ពិភពលោកអាយុកាលរហូតដល់ទៅ១.៣០០ឆ្នាំ នៅតែអាចបន្តបើកដំណើរការ រហូតមកទល់នឹងឆ្នាំ២០២៣។

សណ្ឋាគារបុរាណងូតទឹកក្ដៅធម្មជាតិ ដែលបានបើកសម្ពោធតាំងពីឆ្នាំ៧០៥នៃ គ.ស នេះមានឈ្មោះថា Hot Springs Hotel ឬ Nishiyama Onsen Keiunkan និងមានទីតាំងស្ថិតនៅតំបន់ភ្នំយ៉ាងជ្រៅដ៏សែនដាច់ស្រយាល នៃតំបន់រដ្ឋបាលស្វយ័ត Yamanashi ក្នុងប្រទេសជប៉ុន។

ភ្ញៀវពីមុនៗដែលធ្លាប់ស្នាក់នៅ ក្នុងសណ្ឋាគារបុរាណនេះ រួមទាំងព្រះចៅអធិរាជបច្ចុប្បន្ន នៃប្រទេសជប៉ុនផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោក Kenjoro Kawano ប្រធានគ្រប់គ្រងសណ្ឋាគារ Nishiyama Onsen Keiunkan ជំនាន់ទី៥៣ បានលើកឡើងថា សណ្ឋាគារនេះ បានផ្លាស់ប្ដូរទីតាំងចំនួន៣ដង បន្ទាប់ពីមានគ្រោះធម្មជាតិកើតឡើង។ ប៉ុន្តែប្រវត្តិរបស់វានៅតែរស់រវើក ហើយបានបើកដំណើរការរហូតមកទល់នឹងពេលបច្ចុប្បន្ន។

លោកបានបន្តថា “បន្ថែមពីលើអ្វីដែលយើង មានតាំងពី១.៣០០ឆ្នាំមុន យើងបានបន្ថែមបំពង់ទុយោទឹកក្ដៅ ដើម្បីបញ្ជូនទឹកក្ដៅទៅកាន់គ្រប់បន្ទប់។ ទន្ទឹមនេះយើងក៏មានបម្រើអាហារ ប្រពៃណីជប៉ុន ដែលបានពីភ្នំ និងស្ទឹងក្នុងមូលដ្ឋានផងដែរ។ ហើយយើងសង្ឃឹមថា ភ្ញៀវរបស់យើងរីករាយទទួលយក គ្រប់ចំណុចនៃសណ្ឋគារនេះ”។

ក្នុងឆ្នាំ២០១១ សណ្ឋាគារ Nishiyama Onsen Keiunkan ត្រូវបានបំណត់ត្រាឯតទគ្គកម្មហ្គីណេស ពិភពលោកទទួលស្គាល់ជាផ្លូវការថា ជាសណ្ឋាគារដ៏ចំណាស់បំផុតក្នុងពិភពលោក។

លោក Kenjoro Kawano បានលើកឡើងថា “លោក Yuji Fukasawa ប្រធានទី៥២ នៃសណ្ឋាគារនេះ បានប្រាប់ឱ្យខ្ញុំធ្វើជាមេសណ្ឋាគារនេះ ហើយកុំចាប់អារម្មណ៍នឹងការវិយោគផ្សេងៗ។ ការធានាបានថា សណ្ឋាគារអាយុកាល១.៣០០ឆ្នាំនេះ នៅតែរស់រវើក គឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងឋានៈជាប្រធានជំនាន់ទី៥៣”។

លោកបានបន្តថា “ថ្ងៃដែលខ្ញុំប្រគល់អាជីវកម្មនេះ ជាផ្លូវការឱ្យទៅប្រធានជំនាន់ទី៥៤ របស់ខ្ញុំគឺជាអ្វីដែលខ្ញុំ បានបំពេញភារកិច្ចរបស់ខ្ញុំនៅទីនេះ”៕ CNN៕

ក្រុមហ៊ុន Lanmei Airlines និងសមាគមសណ្ឋាគារកម្ពុជាចុះMOU លើកម្មវិធីកក់សណ្ឋាគារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន Lanmei Airlines (Cambodia) Co., Ltd. និងសមាគមសណ្ឋាគារកម្ពុជា (CHA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធី Lanton Cloud។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសៅរ៍។

MoU នេះត្រូវបានចុះហត្ថលេខា នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុនរវាងលោក Li Kun ប្រធានក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines និងលោកឌិន សុមេធារិទ្ធ ប្រធានសមាគម CHA ។ លោក Li បានមានប្រសាសន៍ថា Lanmei Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍រួមគ្នាកម្ពុជា-ចិន ហើយចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០១៧ ក្រុមហ៊ុនអាកាសចរណ៍នេះ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក្នុងប្រទេសកម្ពុជា ទាក់ទងនឹងចរាចរណ៍អ្នកដំណើរ ការដឹកជញ្ជូនទំនិញ និងផ្សេងៗទៀត។

លោកបានបន្តថា វេទិកាផ្លាតហ្វម Lanton Cloud ត្រូវបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ និងទទួលបានអាជ្ញាប័ណ្ណពាណិ​ជ្ជកម្មអេឡិចត្រូនិកដំបូងគេ នៅក្នុងប្រទេសកម្ពុជា។

លោក Li បានអះអាងថា “បន្ទាប់ពីការចុះហត្ថលេខាលើ MoU ផ្នែកកក់សណ្ឋាគារ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា ដើម្បីផ្តល់សេវាកម្មកក់សណ្ឋាគារសម្រាប់អ្នកប្រើប្រាស់ទាំងអស់”។

លោកបានលើកឡើងទៀតថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិ Lanton Cloud នឹងខិតខំកសាងម៉ាកយីហោលំដាប់ពិភពលោក ដែលពូកែខាងការគ្រប់គ្រង និងសេវាកម្ម ហើយខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការផ្តល់ជូន អ្នកប្រើប្រាស់នូវសេវាកម្មគុណភាពខ្ពស់។

លោកបានបន្ថែមថា  “Lanton Cloud ក៏បានចុះហត្ថលេខាលើ MoU ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ចលនាភូមិមួយផលិតផលមួយ ការបញ្ជូនផលិតផលកម្ពុជាទៅកាន់តំបន់អាស៊ាន ប្រទេសចិន និងជុំវិញពិភពលោកផងដែរ”។

លោកឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា សមាគម CHA នឹងអញ្ជើញបណ្តាម្ចាស់ សណ្ឋាគារនៅរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប បាត់ដំបង និងខេត្តផ្សេងទៀតមកចូលរួម នៅលើវេទិកា Lanton Cloud នេះផងដែរ។

លោកបានមានប្រសាសន៍ថា “ទីផ្សារចិនគឺជាទីផ្សារដ៏ធំមួយ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញការងើបឡើងវិញនៃទីផ្សារកម្ពុជា និងជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នៃឧស្សាហកម្មសណ្ឋាគាររបស់កម្ពុជា”៕

តើអតីតៈវីរៈស្ថាបត្យករកម្ពុជាលោកវណ្ណ ម៉ូលីវណ្ណ លើកឡើងពីសក្តានុពលបែបណានៃទិញអភិវឌ្ឍន៍ទាំង៤នៅរាជធានីភ្នំពេញ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ អតីតវីរៈស្ថាបត្យករកម្ពុជា លោកសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណ បានលើកឡើង​នូវទស្សនទាន នៃការអភិវឌ្ឍន៍នាទិសទាំង៤នៅរាជធានីភ្នំពេញ។

តើលោកសាស្រ្តាចារ្យ ដែលជាស្ថាបត្យករដ៏ល្បីល្បាញលំដាប់អន្តរជាតិរូបនេះលើកឡើងបែបណាខ្លះ? ពីសក្តានុពលនៃទិសទាំង៤ជុំវិញរាជធានីភ្នំពេញ?។១. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លុបតិច ដីមានជីវជាតិល្អសម្រាប់កសិកម្មផងដែរ។

២. ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈ​មទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់២៥ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។

៣. ទិសខាងកើត គួរក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គងបន្លែបៃតង មិនត្រូវអនុញ្ញាតឱ្យមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងលើ ទន្លេមេគង្គ ជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឱ្យអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀត គ្មាន ប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញលូទឹកស្អុយបញ្ចេញចោល។

៤. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់ តំបន់កំពង់ផែនាំចេញ ។ល។

ក្រុងស្អាតទៅបាន ឬ ក្រុងអេកូឡូស៊ី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបឱ្យមាន តុល្យភាពនៃការរក្សាឱ្យមានតំបន់ ខៀវ (ទឹក) និងបៃតង (សួន) ប្រភពបឹងមិនមែនដើម្បីលុបទេ ត្រូវស្គាល់សាវតាតំបន់ គោរពអតីតកាល ឱ្យតម្លៃអតីតកាល បានធ្វើឱ្យក្រុងរៀបថ្មីនិងមានអនាគតល្អ។

លោកសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណបានបញ្ជាក់ថា “អ្នកដឹកនាំក្រុងល្អ គឺជាអ្នកដឹកនាំមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេក​ទេសសុទ្ធសាធ យល់លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ”៕

U.S. governors appeal for investment and tourism from Japan

Some American governors are calling for more corporate investment and tourism from Japan, the top direct investor in the United States, hoping it will help local economies in the wake of the COVID-19 pandemic.

“We have great expectations for Japanese companies,” Kansas Gov. Laura Kelly said at an event in a Washington suburb earlier this month to promote foreign direct investment.

“For example, Panasonic is making the largest investment in the state’s history, and we want to continue this trend,” Kelly told Kyodo News during the SelectUSA Investment Summit.

The U.S. Commerce Department organized the event as most countries have done away with the bulk of COVID-related border measures, making it easier for people, including tourists, to travel from Japan and other countries.

Kelly also pitched business opportunities in her state to Japanese companies and government officials during a related event held at the official residence of the country’s ambassador in the U.S. capital.

Kelly, who lived in Kobe for several years before she was 4, even joked to the audience, “My first language is Japanese.”

At the business event, which was organized by the Japanese government, Michigan Gov. Gretchen Whitmer urged hundreds of Japanese attendees to increase their U.S. investments.

Source: Japan Times

សម្ដេចតេជោ «មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និង…..

(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ ដោយសម្ដេចបានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឱ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញនេះ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹក​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវទៅហើយ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ (ថៃ) ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយទៅហួសពីប្រទេសថៃ»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមអ្នកនយោបាយឈ្នះឆ្នោតនៅប្រទេសថៃថា នយោបាយបណ្ដេញពលករបរទេសចេញនេះអាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចថៃ មិនគ្រាន់តែគ្រោះថ្នាក់ដល់ជីវភាពពលករខ្មែរ និងពលករឡាវប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅតាមសហគ្រាសក្នុងប្រទេសថៃ ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់។

សម្ដេចតេជោបានបន្តទៀតថា នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជានោះទេ។ អ្នកនយោបាយថៃគួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តនយោបាយរបស់ខ្លួននេះ។

ត្រង់បញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចតេជោក៏បានរំឭកពីអនុសាសន៍ទី១០ ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុច ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។

គួរជម្រថា បច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់ ក្នុងចំណោមពលករនៅក្រៅប្រទេស១.៣លាននាក់៕

សហរដ្ឋអាមេរិកអំពាវនាវឱ្យមានការវិនិយោគ និងភ្ញៀវទេសចរបន្ថែមពីប្រទេសជប៉ុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: អភិបាលរដ្ឋរបស់សហរដ្ឋអាមេរិកមួយចំនួនកំពុងអំពាវនាវឱ្យមានការវិនិយោគសាជីវកម្ម និងទេសចរណ៍បន្ថែមទៀតពីប្រទេសជប៉ុន ដែលជាអ្នកវិនិយោគផ្ទាល់កំពូលនៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថាវានឹងជួយដល់សេដ្ឋកិច្ចក្នុងស្រុកបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកស្រី Laura Kelly អភិបាលរដ្ឋ Kansas បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅជាយក្រុង Washington កាលពីដើមខែឧសភាថា “យើងមានការរំពឹងទុកដ៏អស្ចារ្យសម្រាប់បណ្តាក្រុមហ៊ុនជប៉ុន”។ 

លោកស្រី Laura Kelly បានប្រាប់សារពត៌មាន Kyodo News ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលវិនិយោគ SelectUSA ថា “ជាឧទាហរណ៍ ក្រុមហ៊ុន Panasonic កំពុងធ្វើការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋKansas ហើយយើងចង់បន្តនិន្នាការនេះ”។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានរៀបចំព្រឹត្តិការណ៍នេះ ខណៈដែលប្រទេសភាគច្រើនបានរួចផុតពីវិធានការព្រំដែន ដែលធ្វើឱ្យមានភាពកាន់តែងាយស្រួលសម្រាប់ប្រជាជន រួមទាំងអ្នកទេសចរក្នុងការធ្វើដំណើរពីប្រទេសជប៉ុន និងប្រទេសដទៃទៀត។

នៅក្នុងព្រឹត្តិការណ៍អាជីវកម្មដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន អភិបាលរដ្ឋ Michigan លោក Gretchen Whitmer បានជំរុញដល់អ្នកចូលរួមជនជាតិជប៉ុនរាប់រយនាក់ឱ្យបង្កើនការវិនិយោគរបស់ពួកគេនៅសហរដ្ឋអាមេរិក។

ប្រទេសជប៉ុននៅតែជាប្រភពកំពូលនៃលំហូរវិនិយោគផ្ទាល់សរុបនៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមឆ្នាំ២០២១ ដែលមានទឹកប្រាក់វិនិយោគចំនួន៧២១ពាន់លានដុល្លារ ឬស្មើទៅនឹង១៤% នៃចំនួនសរុប៕

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួល ជំរុញពាណិជ្ជកម្មទ្វេភាគី សំរាប់ឆ្នាំ2023~2024

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤” ជាមួយ ឯកឧត្តម ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងជាតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តំណាងក្រសួងយើងទាំងពីរបានចុះហត្ថលេខាលើឯកសារនេះចំនួន ០៧លើក រួចមកហើយ និងបានឯកភាពបន្តសុពលភាព ចំនួន ០១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ តាមផ្លូវការទូត។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនាថ្ងៃនេះ គឺជាការចូលរួមអនុវត្តនូវស្មារតី នៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិទ្វេភាគីដ៏ល្អប្រសើរ ជាពិសេសកិច្ចខិតខំបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត ស្របតាមអាណត្តិនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីរៀតណាម ក៏បានលើកទ្បើងផងដែរថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញនិងលើកស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី រៀតណាម បានបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេស ទំនិញកសិកម្មនិងទំនិញឧស្សាហកម្ម។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ដោយបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នឹងដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ផលិតករ អ្នកនាំចេញនាំចូល និងក្រុមហ៊ុនធុរកិច្ច សំដៅជំរុញការអនុវត្តនិងទាញប្រយោជន៍ជាអតិបរមាពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ៕