រដ្ឋមន្រ្តី​ទេសចរណ៍ៈ​ភ្ញៀវទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​ នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​នៃ​បដិសណ្ឋារកិច្ច​ដ៏​កក់​ក្តៅ

ដោយៈ ចំណាន

        ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍លោក ហួត ហាក់បានថ្លែងថា ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូង នៃការអញ្ជើញដល់កម្ពុជា។

លោកហួត ហាក់ បានថ្លែងបែបនេះ ក្នុងពេលផ្តល់បទសម្ភាសន៍អំពីការត្រៀមលក្ខណៈចាប់ផ្តើម អនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដល់សារព័ត៌មានចិនល្បីៗ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនជាង១១ស្ថាប័ន។

ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនPRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។

យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៦លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង១,២លាននាក់ កើនឡើងប្រមាណ៤២ភាគរយ។

ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ នៃទីផ្សារទេស​ចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

តើ​ការ​ព្យាករណ៍​របស់ក្រុមហ៊ុន​អន្តរជាតិ​មើល​ឃើញ​ដូចម្តេច​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​?​

ដោយៈ ចំណាន
ភ្នំពេញៈ តើទីផ្សារអចលនទ្រព្យកម្ពុជា មានការប្រែប្រួលដូចម្តេចបើយោងតាមការអាប់ដេតថ្មីៗពីក្រុមហ៊ុន Knight Frank Cambodia និងរបាយការណ៍ទីផ្សារ ដែលបានចេញផ្សាយបន្ទាប់ពីត្រីមាសទី១ ឆ្នាំ២៩២៦នេះ។
  ទស្សនៈរបស់ក្រុមហ៊ុននេះបានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា កំពុងមានស្ថិរភាព ប៉ុន្តែនៅតែមិនស្មើគ្នានៅទូទាំងវិស័យ។
ចំណុចសំខាន់ៗពីក្រុមហ៊ុន Knight Frank បន្ទាប់ពីត្រីមាសទី១ឆ្នាំ២០២៦មានដូចជា

១. ទីផ្សារខុនដូ៖ នៅតែមានការផ្គត់ផ្គង់លើស

Knight Frank បានបញ្ជាក់ថា ការលក់ខុនដូនៅតែយឺត ដោយអត្រាលក់ជាមធ្យមសម្រាប់គម្រោង ដែលត្រូវបានត្រួតពិនិត្យប្រហែលចន្លោះពី៣ ទៅ៤ភាគរយ ក្នុងចំណោមកម្រិតទាបបំផុត ដែលបានឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងអារម្មណ៍វិនិយោគិនដោយប្រុងប្រយ័ត្ន នៅតែបន្តជះឥទ្ធិពលដល់ប្រតិបត្តិការ។
ទោះជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍កំពុងសម្របខ្លួន លើការចាប់ផ្តើមថ្មី កំពុងផ្តោតកាន់តែខ្លាំងឡើង លើអ្នកទិញដែលមានតម្លៃសមរម្យ និងទីផ្សារមធ្យម។
ទិន្នន័យបានបង្ហាញថា មានតែប្រហែលមួយភាគបួននៃការចាប់ផ្តើមថ្មីនៅត្រីមាសទី១ប៉ុណ្ណោះ ដែលជាគម្រោងប្រណីត។ តម្រូវការអ្នកប្រើប្រាស់ចុងក្រោយ កំពុងក្លាយជាសំខាន់ជាងការវិនិយោគបែបស្មាន។

២. ទីផ្សារការិយាល័យ

ការិយាល័យកម្រិតA ដំណើរការបានល្អជាង ទោះជាវិស័យនេះ នៅតែមានការប្រកួតប្រជែង ពីព្រោះការផ្គត់ផ្គង់ថ្មីបន្តចូលទីផ្សារ។
អគារកម្រិតA លំដាប់ខ្ពស់កំពុងទាក់ទាញអ្នកជួល ខណៈដែលអគារកម្រិតB និងCចាស់ៗ ប្រឈមមុខនឹងសម្ពាធ លើការកាន់កាប់ និងថ្លៃជួល។

៣. វិនិយោគិនបរទេសកាន់តែមានការជ្រើសរើស

ក្រុមហ៊ុនKnight Frank បាននិយាយថា វិនិយោគិនឥឡូវនេះផ្តល់អាទិភាពដល់កត្តាមួយចំនួនដូចជា តម្លាភាព ការគ្រប់គ្រងប្រកបដោ​យវិជ្ជាជីវៈ ទិន្នន័យទីផ្សារដែលអាចទុកចិត្តបាន និងអភិបាលកិច្ចរឹងមាំ។
នេះមានន័យថា ដើមទុនកំពុងហូរទៅរកគម្រោង ដែលមានគុណភាពល្អជាង ជាជាងគ្រាន់តែទិញអចលនទ្រព្យណាមួយដែលមាន។

៤. ទស្សនវិស័យរយៈពេលវែងនៅតែវិជ្ជមាន

ក្រុមហ៊ុនKnight Frank បានបង្ហាញថា កម្ពុជាបានចូលដល់ឆ្នាំ ២០២៦ ជាមួយនឹងការផ្តោតអារម្មណ៍ឡើងវិញ លើសេវាកម្មប្រឹក្សាយោបល់ ដោយអះអាងថា នគរូបនីយកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា បន្តគាំទ្រដល់តម្រូវការអចលនទ្រព្យរយៈពេលវែង ទោះបីជាមានបញ្ហាប្រឈមរយៈពេលខ្លីក៏ដោយ។

តើនិន្នាការនេះមានន័យយ៉ាងណាចំពោះទីក្រុងភ្នំពេញ?

សម្រាប់ទីក្រុងភ្នំពេញសាររបស់ Knight Frank គឺជាមូលដ្ឋាន៖
•ទីផ្សារដីធ្លី៖មានភាពធន់ល្អនៅក្នុងទីតាំងល្អ។
•លំនៅដ្ឋានមានតម្លៃសមរម្យ៖ ផ្នែកតម្រូវការខ្លាំងបំផុត។
• ខុនដូប្រណីត៖ នៅតែប្រឈមមុខនឹងការផ្គត់ផ្គង់លើស និងការស្រូបយកយឺត។
• ការិយាល័យសំខាន់ៗ៖ មានដំណើរការល្អជាងអគារបន្ទាប់បន្សំ។
• វិនិយោគិនរយៈពេលវែង៖ អាចស្វែងរកឱកាស ប៉ុន្តែគុណភាពគម្រោង និងទីតាំងមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
សម្រាប់​តំបន់​ភាគ​ខាងលិច ​នៃ​រាជធានី​ភ្នំពេញ (តំបន់​ជុំវិញ​ច្រករបៀង​ពង្រីក​ជ្រោយចង្វារ ផ្លូវ​រង្វង់​មូល និង​តំបន់​អភិវឌ្ឍន៍​ដែល​ភ្ជាប់​អាកាសយានដ្ឋាន) អ្នកវិភាគ​អន្តរជាតិ​ភាគច្រើន​ នៅតែ​មើលឃើញ​ពី​ការកើនឡើង​រយៈពេល​វែង ​នៃ​ការអភិវឌ្ឍ​ដីធ្លី និង​ការប្រើប្រាស់​ចម្រុះ​ជាង​ការអភិវឌ្ឍ​ខុនដូ​ប្រណីត​ខ្ពស់ៗ៕

ការសិក្សា: ​ទីផ្សារ​លំនៅឋាន​របស់​ប្រទេស​អង់គ្លេស​បង្ហាញ​សញ្ញា​នៃ​ការ​ដាំ​ក្បាល​ចុះ​ដល់​បាត​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានរបស់ប្រទេសអង់គ្លេសអាចនឹងដាំក្បាលចុះដល់បាតហើយ ខណៈដែលអ្នកទិញ និងអ្នកលក់លំនៅឋានចាប់ផ្តើមសម្របខ្លួនទៅនឹងអត្រាការប្រាក់លើកម្ចីទិញផ្ទះដែលមានកម្រិតខ្ពស់ និងការធ្លាក់ចុះនៃទំនុកចិត្តចុះ។

ការស្ទង់មតិមួយដោយស្ថាប័ន Royal Institution of Chartered Surveyors បានរកឃើញថា តម្រូវការរបស់អ្នកទិញមិនទាន់ងើបឡើងវិញនៅឡើយកាលពីខែឧសភា។ ប៉ុន្តែ តម្រូវការមិនបានធ្លាក់ចុះកាន់តែអាក្រក់ទៅៗនោះទេ។

ជាមួយគ្នានេះ ការលក់ផ្ទះនៅតែមានល្បឿនយឺត ហើយតម្លៃផ្ទះនៅតែបន្តធ្លាក់ចុះ។ ប៉ុន្តែ ល្បឿននៃការធ្លាក់ចុះហាក់ដូចជាកំពុងថយចុះ។

លោក Tarrant Parsons អ្នកស្រាវជ្រាវនៅស្ថាប័ន Royal Institution of Chartered Surveyors បានលើកឡើងថា ទីផ្សារអាចនឹងមានស្ថិរភាពឡើងវិញ ប៉ុន្តែបានព្រមានថា វាជាការលឿនពេកក្នុងការចាត់ទុកថា នេះជាការងើបឡើងវិញ។

ការស្ទង់មតិរបស់ RICS បង្ហាញថា ទីផ្សារលំនៅឋានកំពុងសម្របបន្តិចម្តងៗទៅនឹងផលប៉ះពាល់នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានជំរុញឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះកើនឡើង និងធ្វើឱ្យកំណើនប្រាក់ឈ្នួលថយចុះ។

ការរំពឹងទុកចំពោះការលក់ផ្ទះក្នុងរយៈពេលបីខែខាងមុខបានមានភាពប្រសើរឡើងបន្តិច ហើយក្រុមអ្នកវិភាគបានបង្ហាញភាពសុទិដ្ឋិនិយមជាងមុនបន្តិចអំពីទីផ្សារលំនៅឋានរបស់ប្រទេសអង់គ្លេសក្នុងរយៈពេលមួយឆ្នាំខាងមុខ។

មុនពេលមានជម្លោះនៅមជ្ឈិមបូព៌ា បណ្តាវិនិយោគិនរំពឹងថា ធនាគារកណ្តាលអង់គ្លេសនឹងបន្តកាត់បន្ថយអត្រាការប្រាក់។ ប៉ុន្តែ បច្ចុប្បន្ន ទីផ្សាររំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់មួយ ឬពីរលើកនៅចុងឆ្នាំនេះ៕ប្រភព: Bloomberg៕

កម្ពុជា ជប៉ុនពិភាក្សា​លើ​ការ​អភិវឌ្ឍ​ប្រភព​ថាមពល​បៃតង​ ការ​បង្កើន​ប្រសិទ្ធ​ភាព​ថាមពល​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាត​វៃ

ដោយៈ ចំណាន

    ជប៉ុនៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងអូសាកា ដើម្បីបន្តបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគ។

ជាកិច្ចចាប់ផ្តើមនៃដំណើរបេសកកម្ម ក្នុងទីក្រុងអូសាកា លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធាន ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Sumitomo Electric Industries, Ltd.។

អមដំណើរឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន, ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិត និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមក លើវិស័យឧស្សាហកម្ម គ្រឿងបង្គំយានយន្តនៅកម្ពុជា សំដៅជំរុញគោលដៅយុទ្ធសាស្ត្រ ក្នុងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្ត នាពេលអនាគត។

បន្ថែមពីលើនេះ អង្គប្រជុំក៏បានលើកយកវិស័យ ថាមពលកកើតឡើងវិញ មកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលបៃតង ការបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនី នៅក្នុងតំបន់ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Sumitomo Electric Industries, Ltd. ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មយ៉ាងជោគជ័យ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Sumi Wiring Systems (Cambodia) Co., Ltd. ដែលបានចាប់ផ្តើមខ្សែច្រវាក់ផលិតកម្ម ខ្សែបណ្តាញចរន្តអគ្គិសនីក្នុងរថយន្ត (Wire Harness) នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយបច្ចុប្បន្នបាននិងកំពុងផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ៦.០០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយ បន្តនូវរាល់បទពិសោធន៍វិជ្ជមាន និងភាពជោគជ័យជាក់ស្តែងរបស់ខ្លួន ទៅក្នុងបណ្តាញធុរកិច្ច និងដៃគូពាណិជ្ជកម្មនានារបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីបរិយាកាសវិនិយោគ ដ៏ល្អប្រសើរនៅកម្ពុជា៕

ក្រុមហ៊ុន​មួយ​ប្រកាស​គម្រោង​សាង​សង់​គម្រោង​អចលនទ្រព្យ​តម្លៃ​ជិត​ ៥៥ ​ពាន់​លាន​ដុល្លារអាមេរិក​នៅ​ទីក្រុង​ឌូបៃ​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យយក្ស EMAAR Properties បានប្រកាសពីផែនការសាងសង់គម្រោងអចលនទ្រព្យក្រោមទុនវិនិយោគចំនួនជិត ៥៥ ពាន់លានដុល្លារអាមេរិកនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ក្រុមហ៊ុន​នេះ​មានសុទិដ្ឋិនិយមថា ទីផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​ឌូបៃ​នឹង​នៅ​តែ​មានភាពរឹងមាំ និងបន្ត​ទាក់ទាញ​អ្នកទិញ​បរទេសទោះជាមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី ។

គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដីទំហំ ៤.៥ លានម៉ែត្រការ៉េ ហើយត្រូវបានគេរំពឹងថានឹងមានលំនៅឋានសម្រាប់ប្រជាជនចំនួន ១៥០.០០០ នាក់ជាប្រភេទអាផាតមុិន វីឡា ការិយាល័យ និងតំបន់ផ្សារទំនើប។

គម្រោងនេះនឹងអាចផ្តល់នូវទេសភាពនៃទីតាំងសំខាន់ៗរួមមាន អគារកប់ពពក Burj Khalifa សណ្ឋាគារ Burj Al Arab និងកោះ Palm Jumeirah។ ក្រុមហ៊ុន Emaar មិនទាន់បានបង្ហើបថា ពេលណាគម្រោងនេះនឹងត្រូវបញ្ចប់ ឬប្រភពផ្តល់ហិរញ្ញប្បទាននៅឡើយទេ។

លោក Mohamed Alabbar ស្ថាបនិកក្រុមហ៊ុន Emaar បានអះអាងថា នេះជាគម្រោងប្រកបដោយមហិច្ឆតាបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនគិតរហូតមកដល់ពេលនេះ។

ការប្រកាសនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរទីក្រុងឌូបៃកំពុងព្យាយាមរក្សាទំនុកចិត្តរបស់បណ្តាវិនិយោគិន បន្ទាប់ពីជម្លោះក្នុងតំបន់បានបណ្តាលឱ្យវិនិយោគិនបរទេសមួយចំនួនមានការប្រុងប្រយ័ត្ន។

នៅក្នុងខែឧសភា ក្រុមហ៊ុន Dubai Holding បានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Emaar បន្ទាប់ពីបានបង្កើនភាគហ៊ុនរបស់ខ្លួនដល់ជិត៣០ភាគរយ។ តម្លៃភាគហ៊ុនរបស់ Emaar បានដាំក្បាលចុះជាង៣៦ភាគរយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦៕ប្រភព: The Business Times៕

រដ្ឋាភិបាលប្រកាសជាផ្លូវការ “សហគ្រាពាណិជ្ជកម្មកម្ពុជា”

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)”។

ពិធីនេះធ្វើឡើងក្រោមអធិបតី លោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងសុន្ទរកថាបើក លោករដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។

លោកបន្តថា ការបង្កើត (ស.ព.ក. – CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. – CTE នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិស័យឯកជនកម្ពុជា។

លោកកឹម ស៊ីថនបានបន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. – CTEនាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ “ឆ្ពោះទៅឧត្តមភាព នៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង” តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។

ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បងCTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិ លើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិត​ផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។

ដើម្បីធានាឱ្យសហគ្រាសសាធារណៈ ដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខា​ធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចជា ទី១. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។ ទី២. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។

ទី៣. លើកទឹកចិត្ត ស.ព.ក. – CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។

ទី៤. លើកទឹកចិត្ត ស.ព.ក. -CTE បន្តចូលរួមយ៉ាងសកម្ម ជាមួ​យវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។

ទី៥. លើកទឹកចិត្ត ស.ព.ក. – CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរា​គមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋជាដើម៕

អ្នក​ឧកញ៉ា​សំ សុខនឿនៈ​ភាព​ស្ងប់​​ស្ងាត់​ជា​ឱកាស​សម្រាប់​ការ​វិនិយោគ​ដី​ធ្លី​ពិសេស​ដី​ជាយ​ក្រុង​

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិ​បាលក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា ភាពស្ងប់ស្ងាត់នៃការទិញលក់ដីធ្លី ជាឱកាសល្អសម្រាប់អ្នកវិនិយោគ យកផលចំណេញនៅពេលអនាគត។

អ្នកឧកញ៉ាបានបញ្ជាក់ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១២ មិថុនាថា ស្ថានភាពទីផ្សារដីធ្លីនាពេលនេះ ពិតហើយពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាជាឱកាសល្អ ដែលអ្នកមានទុនអាចវិ​និយោគបាន ព្រោះពួកគេអាចទិញបានតម្លៃល្អ និងមានជម្រើសល្អច្រើនជាងមុន។

អ្នកឧកញ៉ាបានបញ្ជាក់ថា “នៅពេលមនុស្សភាគច្រើនបារម្ភ វាជាឱកាសសម្រាប់អ្នកវិនិយោគ ក៏ដូចជាការទិញដីជាយក្រុងភ្នំពេញ”។ អ្នកឧកញ៉ាបានបន្ថែមថា “ជាការធម្មតាទេ ដែលដីមានពេលចុះ និងមានពេលឡើងថ្លៃ ហេតុនេះវាជាការល្អ សម្រាប់ទិញយកមកអភិវឌ្ឍន៍ និងយកចំណេញនាពេលអនាគត”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានខិតខំណាស់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងបានដាក់ចេញគោលនយោបាយល្អៗ ជាច្រើន ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគ នៅកម្ពុជាមានភាពប្រសើរឡើង។

អ្នកឧកញ៉ាបានបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺស្ពាន ផ្លូវ នឹងធ្វើឲ្យតម្លៃដីធ្លីមានតម្រូវការ មិនសាបសូន្យ និងមានការកើនឡើងនាពេលអនាគត”៕

កម្ពុជា​នឹង​ប្រារព​មហាសន្និបាត​ធុរជន​ចិន​ទៀ​ជីវ​ពិភពលោក​នៅ​ចុង​ឆ្នាំ​នេះ​

    ដោយៈ ចំណាន

    ភ្នំពេញៈ គណៈប្រតិភូធុរជនចិនទៀជីវពិភពលោក ប្រមាណ៤០០រូបដើរតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយសក្តានុពលទេស​ចរណ៍ កាលានុវត្តភាពវិនិយោគនៅកម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន ឆ្នាំ២០២៦ ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ។​

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា លោក អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដ៏មានសារៈសំខាន់ និងជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះ ត្រូវបានរៀបចំឡើងនៅក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាស ដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។ សរុបជារួម កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រក​បដោយសុខសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោ​គិនពីជុំវិញពិភពលោក។

ប្រជាពលរដ្ឋចិនអាចចូលមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ និងអាចចូលចេញបានច្រើនដង។

យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិន១,២លាននាក់ កើនឡើងប្រមាណ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

តម្លៃ​លំនៅឋាន​នៅ​សិង្ហបុរី​រំពឹង​កើន​ឡើង​ ខណៈ​ផ្ទះ​ថ្មី​ជាង​៣០០០​យូនីត​នឹង​បើក​ដំណើរការ​ក្នុង​ឆមាស​ទី​២​

ដោយ: សហសេវិក
អន្តរជាតិ: ផ្ទះឯកជនថ្មីប្រហែល ៣.៥៥០ យូនីតត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆមាសទីពីរ ឆ្នាំ២០២៦ ហើយគម្រោងចំនួន៤ ដែលមានផ្ទះសរុបចំនួន១.៦៧៩យូនីត គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា។

ក្រុមអ្នកវិភាគរំពឹងថា ការដាក់ឱ្យដំណើរការលំនៅឋានថ្មីៗនឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង។ នៅឆមាសទី១ ឆ្នាំ២០២៦ បណ្តាអ្នកអភិវឌ្ឍន៍បានដាក់ឱ្យដំណើរការផ្ទះឯកជនចំនួន ៣.៥៣៤យូនីត ហើយផ្ទះប្រមាណ២.៨១០ យូនីតត្រូវបានលក់ចេញ។

គម្រោង​លំនៅឋានលក់ដាច់ជាងគេបំផុត រួមមានគម្រោង River Modern (៩៣% នៃ​លំនៅឋានសរុបចំនួន ៤៥៥យូនីត បានលក់ចេញ) គម្រោង Pinery Residences (៩៤ភាគរយនៃ​លំនៅឋានសរុបចំនួន ៥៨៨ យូនីតបាន​លក់ចេញ) និងគម្រោង Tengah Garden Residences បានលក់ចេញស្ទើរទាំង​ស្រុង។

គម្រោងលំនៅឋានធំៗចំនួន៤ ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែកក្កដារួមមាន គម្រោង Amberwood at Holland (២៣០ យូនីត) គម្រោង Dunearn House (៣៨០ យូនីត) គម្រោង Lentor Gardens Residences (៤៩៩ យូនីត) និងគម្រោង Lucerne Grand (៥៧០ យូនីត)។

តម្លៃអចលនទ្រព្យបានបន្តកើនឡើង។ ប៉ុន្តែ កំណើនស្ថិតក្នុងល្បឿន យឺតជាងមុន។ តម្លៃផ្ទះឯកជនបានកើនឡើង៣,៣ភាគរយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី៣,៩ភាគរយក្នុងឆ្នាំ២០២៤ និងទាបជាងកំណើន១០,៦ភាគរយក្នុងឆ្នាំ២០២១។

ទន្ទឹមនឹងនេះ តម្លៃលំនៅឋានសាធារណៈប្រភេទទី២ (resale) ក៏បានថយចុះផងដែរ ដោយកើនឡើង២,៩ភាគរយក្នុងឆ្នាំ២០២៥ បន្ទាប់ពីកើនឡើង៩,៧ភាគរយក្នុងឆ្នាំ២០២៤៕ប្រភព: The Business Times៕

សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិសោធនកម្ម​ផ្លូវ​ថ្នល់​បាន​ឆ្លង​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​ហើយ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់​” ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា លើកមកពិភាក្សា និងផ្ទៀងផ្ទាត់បន្ថែម ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងបន្តនីតិវិធីជំហានបន្ទាប់។

ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹងក្នុងឱកាស លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការសាធារណការ និងដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃស​ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការគណៈកម្មការជំនាញនៃរដ្ឋសភា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រ​ធា​នរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូល សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សា មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃការធ្វើ វិសោធនកម្មច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែម លើខ្លឹមសារចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់ ដែលជាលទ្ធផលឆ្លងកាត់ការពិភាក្សាគ្នា យ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យការធ្វើវិសោធនកម្មច្បាប់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ដើម្បីផ្តល់ផលប្រ​យោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសជាតិ៕