ព្រឹទ្ឋសភានឹងពិនិត្យ និងសម្រេចច្បាប់ស្តីពីពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា

ដោយ វុត្ថា

ភ្នំពេញ៖ ព្រឹទ្ឋសភាកម្ពុជាចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

 

អ្នកនាំពាក្យព្រឺទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងប្រាប់ក្រុមអ្នកសារពត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២២ មករានេះថា ព្រឹទ្ធសភា នឹងបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃស្អែកនេះក្រោមអធិបតីសម្តេចវិបុលសេនាឆាយ ឈុំ ដើម្បីពិនិត្យ និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសា​ធារណរដ្ឋឥណ្ឌា ដែលបានស្នើឡើងដោយរដ្ឋសភាកាលពីកន្លងទៅនេះ។ ច្បាប់នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្នែកសេវាកម្ម រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការប្រកួតប្រជែង ព្រមទាំងធ្វើពិពិធកម្មនៃការ ផ្គត់ផ្គង់សេវាកម្ម នៅក្នុងតំបន់អាស៊ាន-ឥណ្ឌា។

លោកបន្តថា “កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា និងអាស៊ាន ជាមួយនឹងសាធារណរដ្ឋឥណ្ឌា ដូចជាបើកច្រកចូលទីផ្សារបានទូលាយជាងមុន ដល់អ្នកផ្តល់សេវាកម្មនៃប្រទេសសមាជិកហត្ថលេខីទាំងអស់ រួមទាំងកម្ពុជាផងដែរ”។លោកបន្តថា “ជាមួយគ្នានេះក៏ជំរុញឲ្យមានការកើនឡើង នូវវិនិយោគផ្នែកសេវា ដែលនឹងបង្កើតការងារ បង្កើនចំណូលពន្ធ ពង្រឹងគុណភាព និងការប្រកួតប្រជែងនៃការផ្គត់ផ្គង់សេវានៅក្នុងប្រទេស”។

 

អ្នកនាំពាក្យព្រឹទ្ឋសភារូបនេះបានបន្ថែមថា ដើម្បីផ្តល់ភាពទន់ភ្លន់ដល់ភាគីទាំងអស់ ដើម្បីរក្សាការពារ និងដោះស្រាយបញ្ហានៅក្នុងវិស័យសេវា ដែលមានលក្ខណៈរសើប ព្រមទាំងផ្តល់លទ្ធភាពឲ្យភាគីពាក់ព័ន្ធចរចាគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។ និងពង្រីកពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ទាំងពីរ តាមរយៈការផ្គត់ផ្គង់ និងប្រើប្រាស់សេវាកម្ម ឆ្លងកាត់ព្រំដែនលើផ្នែកសេវាកម្មដែលមិនមានការផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តឲ្យមានការ បង្កើតការិយាល័យអាជីវកម្ម ឬក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រប់គ្រងបម្លាស់ទីរបស់រូបវ័ន្តបុគ្គលជំនាញ៕

លោកបណ្ឌិត គីម ហ៊ាង បង្ហាញពីចំណុចខ្លាំងនៃខ័ណ្ឌសែនសុខ

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលខ័ណ្ឌសែនសុខកំពុងមានការរីកច្រើនយ៉ាងលឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខ័ណ្ឌសែនសុខ ត្រូវបានអ្នកជំនាញក្នុងវិស័យអច​លនទ្រព្យមើលឃើញសក្តានុពលចំនួន៤។

 

លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការរីកចម្រើនលឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារសក្តានុពលសំខាន់ៗចំនួន៤ ដូចជាទី១ អ្វីដែលគួរមានខ័ណ្ឌនេះមានស្ទើរអស់ហើយ ដូចជា សាលារៀន ផ្សារទំនើប លំនៅដ្ឋាន កន្លែងរៀបចំអាពា​ហ៍ពិពាហ៍ជាដើម ទី២ ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះកំពុង​មានការអភិវឌ្ឍ និងជាប្រភេទហេដ្ឋារចនាសម្ព័ន្ឋធំៗ ងាយស្រួលដល់ការធ្វើដំ​នើរនិងរស់នៅ ទី៣ ស ណ្ឋា​នដីល្អ មានភាពអំណោយផលដល់ការសាងសង់សំណង់​នានា និងទី៤ បរិ​ស្ថាននៅក្នុងខ័ណ្ឌនេះល្អ ដោយសារមិនមានរោងចក្រសហគ្រា​សនានា ដែលបំពុលផ្សែងក្នុងតំបន់នេះ។

លោកបន្តថា “កត្តាសំខាន់ៗទាំងនេះ បានធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នេះឡើងថ្លៃទ្វេរដង ឬច្រើនជាងនេះ ធៀបនឹងតំបន់ដទៃទៀត ដូចជាពីមុនផ្ទះនៅ​បុរីពិភពថ្មី កាលបីឆ្នាំមុនលក់ត្រឹម២០ ទៅ២២ម៉ឺនដុល្លារ ប៉ុន្តែពេលនេះតម្លៃបានកើនឡើងដល់៤០ទៅជាង៤៥ម៉ឺនដុល្លារអាមេរិក”។

 

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ខ័ណ្ឌសែនសុខ ជាតំបន់លំនៅដ្ឋានសំ​រាប់អ្នកមានជីវភាពមធ្យម និងជីវភាពមធ្យមកម្រិតខ្ពស់ និងស័ក្តិសមជាទីក្រុងថ្មី ហើយទីក្រុងថ្មីគួរស្ថិតនៅតំបន់នោះ”៕

ខុនដូចំនួន១៥,៦៨៨យូនីតទៀត នឹងបញ្ចប់នៅឆ្នាំនេះ

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ចំនួនខុនដូដាក់ចូលទីផ្សារ នឹងបន្តកើនឡើងខ្ពស់បន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីខុនដូចំនួន៣៤៨៨យូនីតបានដាក់ចូលទីផ្សារកាលពីឆ្នាំមុន។នេះបើតាមការឲ្យដឹងពីលោក Ross Wheble អ្នកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank ប្រចាំប្រទេសកម្ពុជា។

លោក Ross Whebleបានបន្ថែមឲ្យដឹងកាលពីពេលថ្មីៗនេះថា ឆ្នាំនេះនឹងក្លាយជារឿងធំមួយទៀត ទាក់ទងនឹងលំនៅឋានដែលមានតម្លៃថោក។ ក្នុងឆ្នាំ២០១៧លំនៅដ្ឋានចំនួន៣,៤៨៨ Unites ត្រូវបានបានសាងសង់បញ្ចប់បន្ថែម ទៅលើការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ។ លោកបន្ថែមថា “យើងបានព្យាករថាខុនដូចំនួន១៥,៦៨៨Unitesនឹងបញ្ចប់នៅឆ្នាំនេះ”។

 

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal បានរកឃើញថា ចំនួនខុនដូនៅកម្ពុជា មានចំនួនជិត៧០,០០០យូនីតនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុគិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ ប៉ុន្តែចំនួនខុនដូភាគច្រើនកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។

 

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារខុនដូដាក់ចូលទីផ្សារបន្តកើនឡើងច្រើន ប៉ុន្តែមិនមានសញ្ញា ណាមួយមានហានិភ័យនោះទេ សម្រាប់ខុនដូតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់បានជួបបញ្ហាក្នុងការលក់ ដោយសារការលក់ចេញមានភាពយឺតយ៉ាវ៕

តម្លៃដីនៅក្នុងក្រុងសៀមរាប បានកកើនឡើងកាលពីឆ្នាំ ២០១៧ ដោយសារមូលហេតុមួយ

ដោយ វុត្ថា

ភ្នំពេញ៖ តម្លៃដីធ្លីក្នុងក្រុងសៀមរាបបានហក់ឡើងបន្តិចកាលពីឆ្នាំ២០១៧ នេះបើធៀបទៅនឹងឆ្នាំ ២០១៦កន្លងទៅ ដោយសារកំណើនចំនួនវិស័យទេសចរណ៍មកលេងកម្សាន្តក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ ។ នេះ បើតាមការអោយដឹងពី លោកប៉ូ អ៊ាវគង់ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Advance Real Estate ។

លោកប៉ូ អ៊ាវគង់ បន្តថា តម្លៃដីធ្លីបានកើនឡើងប្រហែល ៥ ភាគរយនៅក្នុងតំបន់លំនៅដ្ឋាននៅឆ្នាំ ២០១៧ និងប្រហែល ១០ភាគរយនៅក្នុងតំបន់ពាណិជ្ជកម្ម នេះដោយសារតែមានការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍។

លោកបញ្ជាក់ទៀតថា ជាលទ្ធផលបានបង្ហាញថា សណ្ឋាគារ កន្លែងកំសាន្ត ហាងមួយចំនួន និងសេវាកម្មមានតម្រូវការកើនឡើង ហើយឧស្សាហកម្មទេសចរណ៍កំពុងធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំ។ លោកបន្តថា​ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីផ្សារផ្សារលើទៅទល់នឹងព្រះបរមរាជវាំង​ ឡើងរហូតដល់ ១០០០ ដុល្លារ ទៅ ១៥០០ ដុល្លារការ៉េក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើប្រភេទដី ក្នុងអំឡុងពីពាក់កណ្តាលឆ្នាំ ២០១៧។

លោក ហ៊ី សាយ នាយកនាយកដ្ឋានគ្រប់គ្រងដីធ្លីខេត្តសៀមរាប បានអោយដឹងថាខេត្តនេះកំពុងរីកចម្រើនដូចរាជធានីភ្នំពេញជាពិសេសនៅក្នុងវិស័យទេសចរណ៍។ លោកឱ្យដឹងទៀតថាមានគម្រោងចំនួន ២៤៥ ដែលស្នើសុំអាជ្ញាប័ណ្ណសាងសង់ហើយនាយកដ្ឋានបានអនុម័តគម្រោងសាងសង់ចំនួន២៦៤ នៅក្នុងឆ្នាំ ២០១៧ ដោយក្នុងនោះនាយកដ្ឋានទទួលបានប្រាក់ចំនួនប្រមាណ ២០៧.០០០ ដុល្លារ។

លោក សាយបន្តទៀតថា “ដោយសារកំណើនវិស័យទេសចរណ៍ ប្រជាពលរដ្ឋ និងវិនិយោគិនកំពុងវិនិយោគលើការសាងសង់អគារតូច និងធំដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន បូរី និងអគារផ្សេងៗទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍។

រម្មនីយដ្ឋានបុរាណអង្ទទួលបានប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាចំនួនប្រមាណ១០៧,៩លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ៧២,៥ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដោយក្នុងនោះមានចំនួនភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅតំបន់នេះបានកើនឡើង១១,៨ ភាគរយដែលស្មើរ ២,៤ លាននាក់៕

ខេត្តព្រះសីហនុ នឹងប្រែមុខមាត់ថ្មីដោយមានសំណង់អគារកប់ពពកដុះឡើងច្រើននាពេលខាងមុខ

ដោយ វុត្ថា

ភ្នំពេញ៖ ខេត្តព្រះសីហនុដែលជាខេត្តជាប់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាមានចំងាយប្រមាណជា 230គីឡូម៉ែត្រពីរាជធានីភ្នំពេញនឹងមានការប្រែមុខមាត់ថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែមានអគារខ្ពស់កប់ពពកជាច្រើនដុះឡើង ។ បើតាមទិន្ន័យរបស់រដ្ឋបាលខេត្តជាប់សមុទ្របានបង្ហាញថា មានសំណង់អគារកប់ពកចំនួន ២០គម្រោងកំពុងអនុវត្តយ៉ាងសកម្ម។

កត្តាសំខាន់ៗដែលជំរុញឲ្យខេត្តជាន់មាត់សមុទ្រនេះរីក ចម្រើនរួមមាន ទី១ គោលនយោបាយរបស់រដ្ឋាភិបាល ជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ​កម្មឆ្នាំ២០១៥ – ២០២៥ ដែលបានបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែ តុលា ឆ្នាំ២០១៥ បានដាក់ខេត្តព្រះសីហនុទាំងមូល ជាខេត្តសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទី២ ខេត្តព្រះសីហនុស្ថិតនៅក្នុងផែនទី នៃ​គោលនយយោបាយផ្លូវសូត្រ (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) របស់ប្រទេសចិន ដែល​បច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ដែលបានបោះទុនជិត៤០០​លានដុល្លារអាមេរិក និងមានរោងចក្រសហគ្រាសជាង១០០ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពល​រដ្ឋជិត២០ម៉ឺននាក់។

ទី៣ ទំនាក់ទំនងនយោបាយដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលបានចាប់ផ្តើមយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០។ ជាទំនាក់ទំនងដ៏រ៉ឹងមាំដូចដែកថែប ដែលធ្វើឲ្យចិនបានជំរុញឲ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន និងកំពុងឈានមុខគេលើគ្រប់វិស័យ ទី៤ កត្តាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរយៈពេលវែងនៅកម្ពុជា ពិសេ​សច្បាប់វិនិយោគ និងច្បាប់ពន្ឋ ដែលបានផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា។

ទី៥ កត្តាភូមិសាស្រ្ត ខេត្តព្រះសីហនុមានទីតាំងភូមិសាស្រ្តល្អ និងជាខេត្ត មានហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប សម្រាប់ជំរុញការវិនិយោគនានា រូមមានកំព​ង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ព្រលានយន្តហោះលំដាប់​អន្តរជាតិ ដែលទើបបញ្ចប់ការសាងសង់ ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនដែលនឹងសាងសង់​នៅពេលខាងមុខនេះ ទី៦ ខេត្តព្រះសីហនុកំពុងក្លាយជាទីក្រុង Shenzhen ទី២ ដោយសារគំរោងវិនិយោគរបស់ចិន បានផ្តោតលើកាស៊ីណូ ខុនដូនិងមជ្ឈ​មណ្ឌលពាណិ​ជ្ជ​កម្មដទៃទៀត។

ទី៧ ខេត្តព្រះសីហនុជាខេត្តមួយ នៃខេត្តស្ថិត​នៅតំបន់ឆ្នេរ ដែលមានប្រវែ​ង ៤៥០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលបានដាក់ឆ្នេរខ្សាច់កម្ពុជា ចូលក្នុងក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក ដែលធ្វើឲ្យខេត្តនេះ ក៏ដូចជា តំបន់ឆ្នេរដទៃទៀត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន។

 

ជាមួយនឹងទំនាក់ទំនងដ៏ល្អ កំនើននៃការវិនិយោគក្នុងខេត្តនេះ អ្នកជំនាញ​មួយចំនួនក៏សម្តែងការព្រូយបារម្ភផងដែរ ដោយលោកហូ វណ្ឌីទីប្រឹក្សាសមាគម​ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្តែងការព្រួយបារម្ភទាក់ទងនិរន្តរភាពបរិស្ថាន និងជំរុញឲ្យអាជ្ញាធរ រួមទាំងស្ថាប័នពាក់ព័ន្ឋយកចិត្តទុកដាក់អភិរ័ក្សតំបន់ឆ្នេរ ពិសេសជំរុញការកសាងប្រព័ន្ឋចម្រោះទឹកកខ្វក់ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឈ​និងអភិរ័ក្សដើរទន្ទឹមគ្នា។

 

លោកបន្តថា “ការអភិវឌ្ឈនិងអភិរ័ក្សដើរទន្ទឹមគ្នា យើងត្រូវធ្វើយ៉ាងណាកុំ ឲ្យការអភិវឌ្ឍន៍បំផ្លាញដល់ធនធានធម្មជាតិ ព្រោះប្រសិនជាធនធានធម្ម​ជាតិបាត់បង់ អ្វីៗក៏នឹងបាត់បង់ទាំងអស់ផងដែរ”។

 

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការចូលមកវិនិយោគកាន់តែច្រើនរបស់ចិនជារឿងល្អ ព្រោះវាសុទ្ឋ​តែ​ផ្តល់ផលប្រយោជន៍ដល់កម្ពុជា ប៉ុន្តែការពឹងផ្អែកចិនតែមួយ មិនមែនជាការល្អ នោះទេ ព្រោះបើចិនមានបញ្ហាកម្ពុជានឹងមានបញ្ហា។

 

លោកបន្តថា “បើចិនមានបញ្ហាជាមួយយើ​ង យើងនឹងមានបញ្ហា ហេតុនេះយើងគួរមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀត ដើម្បីជាមូលដ្ឋានគាំទ្រដ៏រ៉ឹងមាំដល់កម្ពុជា”។លោកបន្តថា “នៅខេត្តព្រះសីហនុ មានប្រជាជនមួយចំនួនមិនសូវសប្បាយ​ចិត្ត ហេតុនេះយើងគួរស្រលាញ់ចិន ក្នុងកម្រិតមួយដែលប្រជាជនទាំងអស់ទទួ​លយកបាន”។

 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងស្រដៀងគ្នាថា ការពឹងផ្អែកចិនតែមួយ ប្រៀបដូចជាយើងមានរន្ឋច្រមុះពីរ តែអាចដកដង្ហើមបានតែរន្ឋមួយ ដូច្នេះប្រសិនជារន្ឋមួយនោះមានបញ្ហា យើងនឹងមានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនជាយើងមានរន្ឋច្រមុះពីរ ហើយយើងដកបានទាំងពីរក្នុងពេលជាមួយគ្នាជាការល្អ ហើយបើស្ទះរន្ឋណា​មួយ យើងនឹងមានរន្ឋមួយទៀតសម្រាប់ដក។

 

លោកបន្តថា “ទំនាក់ទំនងជាមួយចិន ក៏ដូចគ្នាបើយើងពឹងចិនតែមួយ ដូចយើងបិទរន្ឋច្រមុះមួយ។ ហេតុនេះយើងគួរមានទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់ ដើម្បីយើងមានមូលដ្ឋានសេដ្ឋកិច្ចសម្បូរបែប”។ លោកបន្តថា “ទោះប្រទេសណាមូយមានបញ្ហា ក៏យើងមិនមានបញ្ហាដែរ ព្រោះយើងមានប្រទេសដទៃទៀតពឹងផ្អែក ហើយខ្ញុំគិតថាទំនាក់ទំនងរបស់កម្ពុជា ជាមួយពិភពខាងក្រៅគួរមានតុល្យភាព”៕

Silver Town ជោគជ័យបន្ទាប់ពីក្លាយជា Condo Tel

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទម្រង់ធុរកិច្ច ដែលផ្តល់សេវាបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅថ្មីមួយ នៃគំរោង Silver Town កំពុងទទួលបានជោគជ័យនៅរាជធានីភ្នំពេញ បន្ទាប់ពីគំរោងនេះបានក្លាយជាទីតាំង ដើម្បីផ្តល់ទីកន្លែងស្នាក់នៅដល់ភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកការធ្វើធុរកិច្ចមានអារម្មណ៍ដូចជាស្នាក់នៅផ្ទះរបស់ពួកគេ។

អគ្គនាយកក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែតវាសនា ដែលជាក្រុមហ៊ុន​គ្រប់គ្រងគំរោងនេះបានថ្លែងថា យើង​ជា​​ក្រុមហ៊ុន​នាំមក​នូវ​ទស្សនទាននៃ​ការ​វិនិយោគ​ថ្មី​នេះដំបូ​ង​គេ​នៅ​រាជធានី​ភ្នំពេញ តាមរយៈការផ្តល់សេវាកម្ម ពីក្រុមហ៊ុន​ជំនាញ​មកពី​សហរដ្ឋអាមេរិក ដែលបានចូល​រួម​សហការ ដើម្បី​ផ្តល់​សេវាកម្ម​គ្រប់​គ្រង​ប្រកបដោយ​ភាពកក់ក្តៅ និងច្នៃ​ប្រឌិត​ដល់​អតិថិជន​។

លោក​បន្តថា “សេវា Condo-Tel នឹង​ជា​សេវា​មាន​លក្ខណៈ​ចម្រុះដែល​រួម​ប​ញ្ជូ​ល​នូវ​សេវាកម្ម​ខុន​ដូ ដោយ​ក្នុងចំណោម​ផ្ទះ​១១០​យូ​នី​ត នៅក្នុង​អគារ Silver Town នឹងត្រូវ​ប្រើប្រាស់ ៥០​​ភាគរយជា Condo-Tel និង ៥០​ភាគរយ​ជា​ខុន​ដូ”​។

​លោក​បន្តថា ​ “ខ្ញុំ​ជឿជាក់ថា​គម្រោងនេះ​នឹង​ទទួលបាន​ជោគជ័យ ដោយ​យើង​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​អ្នក Business Travelling និង​អតិថិជន ដែល​​ត្រូវ​ការ​សេវា​ស្នាក់​នៅមាន​លក្ខណៈ​ជា​ឯកជន”។

សេវាកម្ម Condo-Tel ជាសេវាមានភាពស្រដៀងគ្នានឹងសណ្ឋាគារ ប៉ុន្តែការ​រៀបចំសេវាបែបនេះ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមានអារម្មណ៍ថា ដូចជា​ផ្ទះ​ទី​២ របស់​ពួក​គេដោយ​ពួកគេ​អាច​ចម្អិន​អាហារ​បាន​ដោយ​ខ្លួនឯង អាច​រៀប​ចំ​តុបតែង​បន្ទប់​របស់​ពួកគេ និង​ពួកគេ​ទទួលបាន​សេវាកម្ម និង​ការបំពាក់​សម្ភារៈប្រើប្រាស់​គ្រប់មុខ រួមទាំង​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក សេវាកម្ម​សម្អាត ភោជនីយដ្ឋាន សេវា​ម្ហូប​អាហារ​រយៈពេល​២៤ម៉ោង​ជាដើម​​។​

លោក មាស វាសនាបានបន្តថា “​យើង​បាន​គិតពី​​​ស្តង់ដារ និង​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​បែបណា ដើម្បី​ពេល​ពួកគេ​មកដល់​ទីតាំង​របស់​យើង ពួកគេ​ទទួលបាន​អារម្មណ៍​ កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព​ខ្ពស់​”។​

តម្លៃ​ស្នាក់​នៅក្នុង Condo-Tel ដែល​មានការរៀបចំ​សេវាកម្ម​ដូច​សណ្ឋាគារ​ផ្កាយ​ប្រាំមានតម្លៃ​បន្ទប់​ចន្លោះ​ពី​១៤០​ទៅ​១៥០​ដុល្លារ​ក្នុង​មួយ​យប់​។​ ​លោកវាសនាបាន​បន្តថា សេវាកម្ម Condo-Tel បានចាប់ផ្តើម​នៅ​កម្ពុជា​រួច​ហើយ ប៉ុន្តែ​នៅមាន​តិច​នៅឡើយ​នៅ​ទីក្រុង​ភ្នំពេញ“​ដូច្នេះ​យើង​មិន​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​នោះទេ ផ្ទុយទៅវិញ​យើង​ជឿ​ជាក់ថា នឹង​ទទួលបាន​ជោគជ័យ ព្រោះ​សេវាកម្ម​បែបនេះ​នឹងមាន​លក្ខណៈ​ល្អ​ប្រសើរ​នាពេល​អនាគត​”។​

លោក ហូ វណ្ឌី អគ្គលេខាធិការ​ស​ម្ព័​ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ថា សេវាកម្ម Condo-Tel ជា​សេវាកម្ម​ថ្មីសម្រាប់​កម្ពុជា ប៉ុន្តែ​វា​ជា​សេវា​ចាស់​នៅ​ប្រទេស​រីកចម្រើន​នានា ប៉ុន្តែ​សេវាកម្ម​នេះនឹង​មាន​ការរីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ក្រោយ​ពេល​គេ​យល់ច្បាស់​ពី​វិស័យនេះ ពិសេស​ពេល​កម្ពុជា​ធ្វើការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ និង​សន្តិសុខ​បានល្អ​ប្រសើរ នឹងមាន​ភ្ញៀវ​បុក​ចូលមក​ច្រើន ដោយសារ​ការធ្វើសមាហរណកម្ម​អាស៊ាន​។​

លោក​បន្តថា​ “​សេវាកម្ម Condo-Tel ជា​សេវាកម្ម​ស្នាក់នៅ​រយៈពេល​ខ្លី និង​វែង ដែលមាន​លក្ខណៈ​គ្រួសារ ឬ​ជា​បុគ្គល ដែល​ពួកគេ​អាច​ចម្អិន​អាហារ អាច​រៀបចំ​តុបតែង​ដាក់​រូបថត ឬ​សម្ភារៈប្រើប្រាស់​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ ប្រៀបបី ដូច​ជា​ផ្ទះ​របស់​ពួកគេ​បាន ប៉ុន្តែ​ភ្ញៀវ​មិនអាច ​ផ្លាស់ប្តូរ​ទម្រង់​ដើម​នៃ​បន្ទប់​របស់​ពួកគេ​នោះ​ទេ​”​។

លោក​បន្តថា​ “សេវាកម្ម​នេះ​ទើប​ចាប់ផ្តើម​នៅ​កម្ពុជា ប៉ុន្តែ​វា​នឹងមាន​ការ​រីកចម្រើន​ខ្លាំង​នាពេល​អនាគត ព្រោះ​ការ​ធ្វើសមាហរណកម្ម​អាស៊ាន អាចមាន​ភ្ញៀវ​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ ឬ​ឯកជន ពួក​គេ​ត្រូវការ​សេវា​បែបនេះ​”៕

បណ្ឌិតសុក ស៊ីផាន់ណា៖ តើកម្ពុជាសម្រេចបាននូវគោលដៅអ្វីខ្លះ ក្នុងសហគមន៍អាស៊ាននៅឆ្នាំ២០២៥

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឆ្នាំ២០១៥បានកន្លងផុត ជាមួយនឹងសមិទ្ឋិផលជាច្រើន ដែលបានកើតចេញ ពីការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែភាពជោ​គ​ជ័យ និងការដាក់ចេញនូវចក្ខុវិស័យអាស៊ានសម្រាប់ឆ្នាំ២០២៥ ជាចក្ខុវិស័យថ្មីមួយ ដែលមេដឹកនាំអាស៊ានរំពឹងទទួល បានលទ្ឋផលជាដុំ​កំភួនជាច្រើនទៀត។

តើកម្ពុជាស្ថិតក្នុងទីតាំងណា សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខ្លួន សម្រាប់ឆ្នាំ២០២៥ លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងនូវទស្សនវិស័យ និងការព្យាករណ៍របស់លោកសម្រាប់ឆ្នាំ២០២៥ ដែលនឹងមកដល់នាប៉ុន្មានឆ្នាំខាងមុខ។

តោះទៅស្វែងយល់គំរោងតម្លៃពាន់លានដុល្លារនៃ Olympia City

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងវិនិយោគអចលនទ្រព្យដ៏ធំ និងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ បានបើកទ្វារស្វាគមន៍អតិថិជនចូលទៅរស់នៅខុនដូ និងផ្ទះអាជីវកម្ម​រប​ស់ពួកគេហើយ។

ប្រធានគំរោង Olympia City នៃក្រុមហ៊ុន OCIC លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា គំរោង Olympia Cityបានបើកទ្វារស្វាគ​មន៍អតិថិជនចូលស្នាក់នៅហើយ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានអនុ​ញ្ញាត្តឲ្យអ្នកទិញអចលនទ្រព្យក្នុងគំរោងនេះ អាចចូលស្នាក់នៅបានលើអាគារ​ចំនួន៤ ដូចជា គឺដូចជាអាគារC1 C2 C3 C4 ដែលមានកំពស់២០ជាន់ និងមានកន្លែងហាត់ប្រាណ អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណជាដើមនៅជាន់ទី៥ នៃគំរោងនេះ។

លោកបន្តថា “គំរោងនេះជាគំរោងដ៏ធំមួយ ស្ថិតនៅលើផ្ទៃដីជាង៦ហិកតា ដែលបាននិងកំពុងទាក់ទាញអតិថិជន និងអ្នកទិញជាច្រើន ហើយគំរោងនេះនឹង​ទទួលបានជោគជ័យ ដោយផ្ទះក្នុងគំរោងនេះភាគច្រើនត្រូវបានទិញអស់ហើយ”។

 

គំរោងនេះបានចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១២ ជាគំរោងមួយដែល​បាននិងកំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ។ គំរោងនេះស្ថិតនៅក្បែរស្តាតអូរឡាំពិក និងស្ថិតនៅប្រជុំគ្នារវាងផ្លូវមុនីរ៉េត ហ្សាលដឺហ្គោលជាដើម។\

 

ក្រៅពីខុនដូ, Shop House, ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ សួនកំសាន្តអាកាស គំរោងនេះក៏រួមបញ្ចូលនូវផ្សារទំនើបលំដាប់អន្តរជាតិ (Olympia City)និងសេវាកំសាន្តជាច្រើនទៀតផងដែរ។

 

ក្នុងចំណោមអាគារជាង១០ ដែលឌីសាញឡើងបែបអាគារភ្លោះខ្លះ អាគារ​ទោលខ្លះ អាគារមេនៃគំរោងនេះគ្រោងនឹងសាងសង់ឡើងកំពស់៦៥ជាន់ ដែលជាទីតាំងសណ្ឋាគារផ្កាយប្រាំ ការិយាល័យ អាផាតម៉ិន និងកន្លែងគយគន់ទិដ្ឋភា ពក្រុងភ្នំពេញផងដែរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានភាពជោគជ័យ ដោយសារវាមានទីតាំងស្ថិតនៅតំបន់ពា​ណិជ្ជកម្មកណ្តាលរាជធានី ហើយក្នុងគំរោងនេះមានសេវាកម្មចម្រុះ ដែលផ្តល់ឲ្យអ្នកស្នាក់នៅមានភាពងាយស្រូល។លោកបន្តថា គំរោងនេះបើគិតតែពីតម្លៃសំ​ណ​ង់ចំណាយទុនប្រមាណ៥០០លានដុល្លារអាមេរិក ដោយមិនទាន់គិតបញ្ចូ​លតម្លៃដីនៅឡើយទេ។

 

កញ្ញាតាក់ សុភីប្រធានគ្រប់គ្រងអចលនទ្រព្យនៃគម្រោង Olympia Cityបាន​មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ម្ចាស់លំនៅដ្ឋានប្រមាណជាង២០ភាគ​រយបានចូលស្នាក់នីក្នុងអាគារទាំងបួននេះហើយ ដែលយើងរំពឹងថាមានអ្នក​ចូលស្នាក់នៅកាន់តែច្រើនថែមទៀត ព្រោះក្រុមហ៊ុនបានជូនដំណឹងដល់ម្ចាស់លំ​នៅដ្ឋានទាំងនោះរួចហើយ ដើម្បីឲ្យពួកគេចូលស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងគំរោងដ៏ល្អនេះ។

 

កញ្ញាបន្តថា “ផ្ទះក្នុងអាគារទាំងបួននេះ មានចំនួនប្រមាណ១៥០០យូនីត ដែលភាគច្រើនគឺមានអ្នកទិញអស់ហើយ”។កញ្ញាបន្តថា “អ្នកចូលស្នាក់នៅក្នុងគំ​រោងនេះភាគច្រើនជាខ្មែរ និងបរទេស មានភាពចម្រុះគ្នា”៕

SIMONS ពូកលំដាប់ពិភពលោក បានឈានជើងចូលទីផ្សារកម្ពុជា

ដោយ វុត្ថា

ភ្នំពេញ៖  ក្រុមហ៊ុន Simmons ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈលំនៅដ្ឋានមួយបាននាំយកពូកដ៏ល្បីឈ្មោះ និងគុណភាពលំដាប់ពិភពលោកម៉ាក Beauty Sleep Mattreses ឈានជើងចូលទីផ្សារកម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Simons ដែលបានចែកជូនបណ្តាញសារព៌តមាននាព្រឹកថ្ងៃទី២០ មករានេះបានឲ្យដឹងថា ដោយមានប្រវត្តិ១៤៧ឆ្នាំ ពួកម៉ាក Simmons ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផលិតពូក។ ដោយមានភាពល្បីល្បាញ ខាងការច្នៃប្រឌិតបច្ចេ​ក​វិជ្ជា គុណភាពនៃការផ្គត់ផ្គង់ និងដំណេកដែលគ្មានការរំខានម្រាប់អតិថិជន Simmons បានបើកប្រាកាសបើកសម្ពោធដំណើរការផលិតផល B-line ដែលជាស៊េរីដំណេកគ្មានការរំខាន (BeautySleep® Series) ទៅដល់អតិថិជនមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើង។

លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បានមានប្រសាសន៍ថា «Simmons ទទួលស្គាល់កំណើនសេដ្ឋកិច្ចថេរនិងកំណើនទីផ្សារអចលនទ្រព្យ នៅកម្ពុជានាពេលថ្មីៗនេះ។ ទស្សនវិស័យរបស់អភិ​វឌ្ឍន៍នៅអាស៊ីអាស៊ីអាគ្នេយ៍ (ADB) ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច៧,១% សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ស្របតាមការអនុវត្តយ៉ាងរឹងមាំ នៅទូទាំងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការរើបឡើងវិញនូវសេដ្ឋកិច្ចឧស្សាហកម្មសំខាន់ៗ។

ជាមួយការកើនឡើងប្រាក់ចំណូលសម្រាប់គ្រួសារ ដែលមានចំណូលមធ្យម ពួកគាត់អាចប្រាថ្នាចង់បានជីវភាពល្អប្រសើរ និងការប្រើប្រាស់ទំនិញដែលមានគុណភាពល្អ។ ដូច្នេះប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសរីកចម្រើនរបស់យើងនៅក្នុងផែនការរបស់ Simmons ដើម្បីសម្រេចបាននូវភាពលេចធ្លោក្នុង តំបន់ព្រោះវាមានសក្តានុពលដ៏អស្ចារ្យ »។

លោក Aloysius Chew បានបន្តថា “ស្ថិរភាពនៅក្នុងប្រទេសកម្ពុជាបានញ៉ាំងឱ្យមានការអភិវឌ្ឍ។ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើង ហេតុដូច្នេះមនុស្សកាន់តែច្រើន កំពុងផ្តោតលើរបៀបរស់នៅ និងការគេងដែលមានសុខភាពល្អ ដូចជា ការធានាថាអ្នកគេងជាមធ្យម៨ ម៉ោងក្នុងមួយថ្ងៃ”។លោកបន្តថា “ដំណេកល្អ និងស្រួលមានសារៈសំខាន់សម្រាប់សុខភាព។ សមត្ថភាពដើម្បីធ្វើជាម្ចាស់ពូកល្អ និងទំនើបកំពុងរង់ចាំប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យម”។

Simmons ដែលមានន័យស្រដៀង នឹងផលិតផលល្អៗនៅលើគ្រែ បានត្រូវគេ ប្រទះឃើញនៅលើពិភពលោកជាមួយឈ្មោះ Beatyrest Mattreses។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វាបានចាប់ផ្តើមគ្របដណ្តប់ពាសពេញពិភពលោកជាមួយពូក BeautySleep ហើយយើងមានបំណងនាំពូកសុខភាពបែបនេះទៅដល់ផ្ទះកាន់តែច្រើនបន្ថែមទៀត។

ពួកនីមួយៗត្រូវបានផលិតឡើងជាមួយ ប្លុកហ្វូម (Block Foam) ដែលមានន័យ ថាពូកមិនត្រឡប់ទេដូច្នេះវាកាន់តែងាយស្រួលថែទាំ។ ម៉ូដែលទាំងអស់នៅក្នុងស៊េរី BeautySleep® ឆលុះបញ្ចាំងពី Simmons® Original Pocketed Coil® ដែលជាសញ្ញាសម្គាល់របស់ Simmons តាំងពីឆ្នាំ១៩២៥។ វានៅតែបន្តជាមួយនឹងស្តង់ដារមាស ក្នុងការផ្តល់ជូននូវដំណេកគ្មានការរំខាន ដូចគ្នាទៅនឹងការដាក់ស្លាកសញ្ញាកុំរំខាន (Do-Not-Disturb)។ វាផ្តល់ភាពងាយស្រួល មិនរំខានដល់ដៃគូ ពេលប្រែខ្លួន ឬផ្លាស់ប្តូរចលនា៕

ចិនលូកដៃកាន់តែជ្រៅដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ប្រទេសចិនបានលូកដៃកាន់តែជ្រៅចូលក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការផលិតពូជស្រូវថ្មី ក្នុង​គោលដៅជំរុញការនាំចេញនូវផលិតផលកសិកម្មកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម និងមជ្ឈមណ្ឌលស្រូវហាយប្រ៊ីត ហ៊ូណាន និងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មជាងស៊ូឡុងអានស្តីពី ការស្រាវជ្រាវផលិតពូជស្រូវហាយប្រ៊ីតប្រភេទជប៉ុននីកាកាលពីម្សិលម៉ិញនេះថា ការចុះហត្ថលេខានាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងការសន្យា របស់លោកនាយកដ្ឋរដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។លោកបន្តថា មួយវិញទៀតពិធីនេះ គឺស្របពេលដែលក្រសួងកសិកកម្មបាន និងកំពុងជំរុញឲ្យប្រជាកសិករធ្វើការផ្លាស់ប្តូរដំណាំ ពីដំណាំដែលផ្តល់ទិន្នផលតិច និងគ្មានទីផ្សារ ទៅធ្វើដំណាំដែលផ្តល់ទិន្នផលខ្ពស់ប្រកបដោយ គុណភាពនិងមានទីផ្សារល្អ សំដៅដល់ការជំរុញផលិតភាពផលិតកម្មបង្កើនសន្តិសុខស្បៀង និងបង្កើនសមត្ថភាពចិញ្ចឹមលើផ្ទៃដីដដែល។

 

យោងតាមព៌តមានដែលបានចែកចាយលើលើបណ្តាញសង្គមហ្វេសប៊ុកលើផេករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ពិធីចុះហត្ថលេខាយោគយល់គ្នានេះ ក្នុងគោលបំណងជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកាផ្យព្វផ្សាយដល់ប្រជាកសិករ យកទៅដាំដុះរួចធ្វើការកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ភាគីចិនក៏បានសន្យានឹងព្យាយាមអនុវត្តរាល់ខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នានេះឲ្យបានល្អប្រសើរដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ ជាពិសេសដើម្បីការអភិវឌ្ឍន៍វិស័យកសិកម្ម (ដំណាំស្រូវ) នៅកម្ពុជានាពេលអនាគត។

 

លោកវេង សាខុនបានបន្តថា “វាជាការរិតចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងរដ្ឋាភិបាលទាំងពីរ និងជាពិសេសរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងកសិកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយក៏ដូចជាការអនុវត្តគោលនយោបាយ ខ្សែប្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីស៊ី ជិនភីងផងដែរ”៕