វៀតណាម គ្រោងនាំចូលអគ្គិសនីពីប្រទេសឡាវ និងប្រទេសចិន បន្ថែមទៀត

ដោយ៖ សុខុម

វៀងចន្ទន៍: ក្រុមហ៊ុនអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម Vietnam Electricity Group (EVN) បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនពេលនេះកំពុងចរចាដើម្បីបង្កើនការទិញអគ្គិសនីពីប្រទេសឡាវ និងប្រទេសចិន បន្ថែមទៀត ស្របពេលប្រទេសវៀតណាម កំពុងប្រឈមនឹងការខ្វះខាតថាមពលអគ្គិសនី។

លោក Tran Dinh Nhan អគ្គនាយកក្រុមហ៊ុន EVN បានលើកឡើងថា ប្រភពថាមពលអគ្គិសនីនៅក្នុងប្រព័ន្ធទាំងមូលលែងមានសមត្ថភាពបម្រុងទុកអគ្គិសនីទៀតហើយ ខណៈប្រភពថាមពលធំៗដែលខ្លួនអាចប្រើប្រាស់បានរួមទាំងវារីអគ្គិសនី និងថាមពលកម្ដៅផងសុទ្ធតែបានធ្លាក់ចុះ។

ជាលទ្ធផលក្រុមហ៊ុន EVN ត្រូវប្រមែប្រមូលប្រភពថាមពលកម្ដៅដែលដំណើរការដោយប្រេងម៉ាស៊ូត (DO) និងប្រេងឥន្ធនៈ (FO)។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា។

បន្ថែមពីលើការចរចាជាមួយប្រទេសឡាវ និងប្រទេសចិន ក្រុមហ៊ុន EVN ក៏កំពុងសហការជាមួយក្រុមហ៊ុនជាច្រើនទៀតផងដែររួមមានក្រុមហ៊ុន Vietnam National Coal ក្រុមហ៊ុន Mineral Industries Holding Corporation Limited (Vinacomin) ក្រុមហ៊ុន Dong Bac Corporation និងក្រុមហ៊ុន Vietnam Oil and Gas Group (Petrovietnam) ដើម្បីផ្គត់ផ្គង់ធ្យូងថ្ម ឧស្ម័ន និងប្រេងសម្រាប់រោងចក្រថាមពលអគ្គិសនី។

លើសពីនេះ ក្រុមហ៊ុននេះបានចរចាជាមួយអ្នកវិនិយោគលើគម្រោងអគ្គិសនីដើរដោយថាមពលខ្យល់ និងថាមពលសូឡាដែលមានសិទ្ធិផលិតអគ្គិសនីសម្រាប់បណ្តាញអគ្គិសនីជាតិ ខណៈសម្របសម្រួលជាមួយមូលដ្ឋានដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ៕ Laotian Times៕

ចំនួនប្រជាជនចល័តប្តូរទីលំនៅធ្លាក់ចុះ ខណៈទីផ្សារលំនៅដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូងងើបឡើងវិញ

ដោយ: គង់ លាងហួរ

សេអ៊ូល: ចំនួនប្រជាជនកូរ៉េខាងត្បូងដែលផ្លាស់ទៅតំបន់ផ្សេងទៀតបានថយចុះក្នុងខែមេសា ធៀបនឹងឆ្នាំមុន   ដោយសារទីផ្សារលំនៅដ្ឋានក្នុងស្រុកបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ។

ប្រជាជនប្រហែល៤៥៥.០០០នាក់បានផ្លាស់ប្តូរទីលំនៅរបស់ពួកគេកាលពីខែមេសា ពោលគឺធ្លាក់ចុះ៥,៦ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ។

ការថយចុះនេះបានកើតឡើង បន្ទាប់ពីតួលេខនេះបានចាប់យកការធ្លាក់ចុះ២៦ខែជាប់ៗគ្នាក្នុងខែមីនា ចំពេលមានសញ្ញានៃការងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានឱ្យដឹងថា ចំនួនអចលនទ្រព្យដែលត្រូវបានជួញដូរក្នុងខែមីនាបានកើនឡើងដល់៥២.៣៣៣យូនីត កើនឡើង២៧ភាគរយធៀបនឹងខែកុម្ភៈ។  ប៉ុន្តែ តួលេខនេះ​បាន​កត់​សម្គាល់​ពី​ការ​ធ្លាក់​ចុះ២,១ភាគរយ​បើគិតធៀប​ទៅនឹង​ឆ្នាំ​មុន។

ការកើនឡើងនៃចំនួនផ្ទះដែលត្រូវបានជួញដូរបានកើតឡើង បន្ទាប់ពីធនាគារកណ្តាលកូរ៉េខាងត្បូងបានផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួន។

ធនាគារ​កណ្តាល​កូរ៉េ​បាន​ដំឡើង​ថ្លៃ​ដើម​កម្ចី​(Borrowing costs)ចំនួន៧ដង​ជាប់​ៗគ្នា​ដើម្បី​ដោះស្រាយ​អត្រាអតិផរណា​មុន​ពេល​បង្កក​អត្រា​ការប្រាក់សំខាន់​របស់​ខ្លួន​នៅ​ត្រឹម៣,៥ភាគរយ​ក្នុង​ខែ​កុម្ភៈ។

អត្រានៃការចល័តរបស់ប្រជាជន ឬភាគរយនៃអ្នកផ្លាស់ទីលំនៅក្នុងចំណោមប្រជាជន១០០នាក់ ឈានដល់១០,៨ភាគរយនៅក្នុងខែមេសា ពោលគឺធ្លាក់ចុះ០,៦ភាគរយធៀបនឹងឆ្នាំមុន៕

តោះមកស្គាល់សណ្ឋាគារល្អដាច់គេទាំង១០នៅវៀតណាម ដែលជ្រើសរើសដោយគេហទំព័រដ៏ល្បីល្បាញ Tripadvisor

ដោយ៖ សុខុម

ហាណូយ: មុននឹងទៅលេងប្រទេសវៀតណាម វាជាការល្អណាស់ដែលអ្នកគួរស្គាល់សណ្ឋាគារឱ្យបានច្រើន ជាពិសេសសណ្ឋាគារដែលល្អៗដាច់នៅក្នុងប្រទេសនេះ។

សណ្ឋាគារ Lotte Hotel នៅទីក្រុងហាណូយ ត្រូវបានបោះឆ្នោតជ្រើសរើសជាសណ្ឋាគារល្អដាច់គេនៅប្រទេសវៀតណាម។ នេះបើយោងតាមការចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២២ ដែលចងក្រងដោយគេហទំព័រកក់បន្ទប់តាមអនឡាញដ៏ល្បីល្បាញ Tripadvisor របស់សហរដ្ឋអាមេរិក ដោយផ្អែកលើការវាយតម្លៃ និងមតិយោបល់រាប់លានដែលប្រមូលបាន។

ដោយមានទីតាំងស្ថិតនៅជាន់ខាងលើ នៃអគារកម្ពស់៦៥ជាន់នៅជិតគោលដៅទេសចរណ៍ល្បីៗក្នុងទីក្រុងហាណូយ សណ្ឋាគារនេះមានបន្ទប់ស្តង់ដារចំនួ២៣៥ និងបន្ទប់ធំ Suite ចំនួន៨៣បន្ទប់ដែលបន្ទប់នីមួយៗសុទ្ធតែអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងហាណូយ។

សណ្ឋាគារនេះក៏មានកន្លែងហាត់ប្រាណ អាងហែលទឹកកណ្ដាលវាល តារាងបាល់បោះ កន្លែងកុមារលេង និងកន្លែងផ្ដល់សេវាកម្មហាត់ប្រាណ២៤ម៉ោងផងដែរ។ ហើយតម្លៃទាបបំផុតសម្រាប់ការស្នាក់នៅមួយយប់នៅសណ្ឋាគារនេះគឺចាប់ពីប្រមាណ១០០ដុល្លារអាមេរិក ឡើងទៅ។

*ចំណាត់ថ្នាក់លេខ២

សណ្ឋាគារ Vinpearl Discovery Ha Tinh ក្នុងខេត្តហាទិញ (Ha Tinh)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី១៥៥ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៣

សណ្ឋាគារ Vinpearl Resort and Spa Da Nang ក្នុងក្រុងដាណាង (Da Nang)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី១៥០ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៤

សណ្ឋាគារ Vinpearl Hotel Rivera Hai Phong ក្នុងក្រុងហៃហ្វុង (Hai Phong)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី៦៥ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៥

សណ្ឋាគារ Salinda Resort ក្នុងខេត្តតំបន់ដីសណ្ដកៀនយ៉ាង (Kien Giang)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី១០០ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៦

សណ្ឋាគារ Sheraton Grand Danang Resort នៅតាមបណ្ដោយឆ្នេរខ្សាច់ Non Nuoc Beach

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី១៥០ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៧

សណ្ឋាគារ Anantara Hoi An Resort  ក្នុងទីក្រុងបុរាណហួយអាន (Hoi An Ancient Town)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី២០០ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៨

សណ្ឋាគារ Sofitel Legend Metropole Hanoi ក្នុងទីក្រុងហាណូយ

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី២០០ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ៩

សណ្ឋាគារ Angsana Lang Co Vietnam  នៅខេត្តធឿធៀនហ្វេ (Thua Thien-Hue)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី១២៣ដុល្លារអាមេរិក ឡើងទៅ

*ចំណាត់ថ្នាក់លេខ១០

សណ្ឋាគារ Chen Sea Resort and Spa Phu Quoc  នៅលើកោះត្រល់ (Phu Quoc Island)

បន្ទប់ស្នាក់នៅក្នុងមួយយប់ចាប់ពី៧៧,៥០ដុល្លារអាមេរិក ឡើងទៅ៕ Vietnam Express៕

DCIM/100MEDIA/DJI_0618.JPG

ជប៉ុន និងស្រីលង្កា ចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញប្រកបដោយតម្លាភាព និងត្រឹមត្រូវយុត្តិធម៌

Japan's Prime Minister Fumio Kishida (R) shakes hands with Sri Lanka's President Ranil Wickremesinghe as he welcomes him prior to their meeting at the prime minister's office in Tokyo on May 25, 2023. (Photo by Eugene Hoshiko / POOL / AFP)

ដោយ៖ សុខុម

តូក្យូ: មេដឹកនាំជប៉ុន និងស្រីលង្កា កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែឧសភា បានចុះកិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឥណទានឡើងវិញ “ប្រកបដោយតម្លាភាព និងត្រឹមត្រូវយុត្តិធម៌”។

ទន្ទឹមនឹងនេះ មេដឹកនាំជប៉ុន បានព្រមានឱ្យមានការប្រុងប្រយ័ត្នចំពោះអ្វីដែលគេចោទថាជាការទូតទន្ទាក់បំណុលរបស់ប្រទេសចិន ដែលប្រើប្រាស់កម្ចីឥណទានជាគំនាស់ដើម្បីទទួលបានសម្បទានពីបណ្ដាប្រទេសអ្នកខ្ចី ឬប្រទេសជាកូនបំណុល។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងអំឡុងជំនួបនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ដែលបានសម្តែងការកោតសរសើរចំពោះតួនាទីរបស់ប្រទេសជប៉ុន ក្នុងការរៀបចំបំណុលរបស់ប្រទេសលោកឡើងវិញ។

ប្រទេសស្រីលង្កា បានខកខានទូទាត់បំណុលរបស់ខ្លួននៅខែមេសា ឆ្នាំ២០២២ ចំពេលវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីប្រទេសដែនកោះដែលមានប្រជាជនចំនួន២២លាននាក់នេះ ទទួលបានឯករាជពីប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៤៨ ហើយស្ងាត់ៗស្រាប់តែប្រទេសចិន បានលេចមុខក្លាយជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតសម្រាប់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅពីក្រោយអ្វីដែលគេចោទថាជាការទូតអន្ទាក់បំណុលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលទទួលបានប្រាក់កម្ចីយ៉ាងច្រើនពីប្រទេសចិន រួមទាំងប្រទេសស្រីលង្កា ផងនោះបានបោះបង់សិទ្ធិគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ពោលគឺប្រគល់ឱ្យទៅប្រទេសចិន ជាអ្នកគ្រប់គ្រង បន្ទាប់ពីបំណុលមិនអាចដោះស្រាយបាន ឬ គ្មានលទ្ធភាពសង៕ Japan Times៕

តើកម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការនាំចេញអ្វីខ្លះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើង៧ភាគរយនៅឆ្នាំ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ និងកើនឡើង១៦%នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កតិកាសញ្ញាពាណិជ្ជកម្មដែលមានប្រទេសសមាជិកចំនួន១៥នេះ អាចបង្កើន GDP របស់កម្ពុជាពី២ភាគរយរហូតដល់៣,៨ភាគរយនាពេលអនាគត។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ផលប៉ះពាល់នៃ RCEP – ផលប៉ះពាល់ផ្នែកច្បាប់ ពាណិជ្ជកម្ម និងជាក់ស្តែងសម្រាប់ធុរកិច្ចកម្ពុជា” ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃពុធ លោក ស៊ីម សុខហេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា កតិកាសញ្ញានេះក៏អាចបង្កើតឱ្យមានកំណើននៅក្នុងការងារពី៣,២ភាគរយទៅ៦,២ភាគរយ ហើយប្រាក់ចំណូលពន្ធអាចកើនឡើងពី២ ភាគរយដល់៣,៩ភាគរយ។

កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ទីបីសម្រាប់កំណើនប្រាក់ចំណូល និងការនាំចេញនៅក្នុងតំបន់ RCEP បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី នៅក្នុងការព្យាករណ៍សម្រាប់ឆ្នាំ២០៣៥ផងដែរ។

បច្ចុប្បន្ននេះ កម្ពុជា​​គឺជា​ប្រទេស​ផលិត​សម្លៀក​បំពាក់​ធំ​ជាង​គេ​ទី​៩​ក្នុង​ពិភពលោក និង​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​នាំ​ចេញ​កង់​នៅ​តំបន់អាស៊ាន និង​ទី​៥​ក្នុង​ពិភពលោក។

ខណៈថ្លែងសុន្ទរកថាសំខាន់ក្នុងសិក្ខាសាលានោះ លោក សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានស្នើឱ្យធុរកិច្ចក្នុងស្រុកយកចិត្តទុកដាក់បន្ថែមទៀតលើការផលិតផលិតផលបន្ថែមតម្លៃ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង RCEP និងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងៗទៀត។

លោក សុខ ស៊ីផាន់ណា ក៏បានស្នើថា កម្ពុជាអាចប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) នាពេលថ្មីៗនេះ តាមរយៈការពង្រីកទីផ្សារសម្រាប់ទំនិញទាំងនេះនៅក្នុងបណ្តាប្រទេសសមាជិក RCEPផងដែរ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង RCEP អាចជួយប្រទេសនេះឱ្យសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៨ ដែលមានល្បឿនលឿនជាងការព្យាករណ៍កាលពីលើកមុនចំនួនពីរឆ្នាំ៕

ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines គ្រោងបើកជើងហោះហើរតភ្ជាប់កម្ពុជា វៀតណាម និងឡាវ ឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងចាប់ផ្តើមជើងហោះហើររបស់ខ្លួនឡើងវិញដោយតភ្ជាប់ទីក្រុងធំៗចំនួន៣ដូចជា ហាណូយ ហ្លួងប្រាបាង និងសៀមរាប ដោយចាប់ផ្តើមនៅខែកក្កដាខាងមុខនេះ។

យោងតាមសារពត៌មាន VNExpress បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines នឹងដំណើរការជើងហោះហើរចំនួន៣ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ហើយជើងហោះហើរនេះនឹងកើនឡើងដល់៥ដងក្នុងមួយសប្តាហ៍នៅចុងខែតុលាឆ្នាំ២០២៣នេះ។

ទោះជាយ៉ាងនេះក្តី ជើងហោះហើរនេះត្រូវបានគេរំពឹងថា នឹងជួយជំរុញការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសវៀតណាម ឡាវ និងកម្ពុជា។

ក្រុមហ៊ុន Vietnam Airlines ក៏ដំណើរការជើងហោះហើរចំនួន៧ដង ក្នុងមួយសប្តាហ៍នៅលើផ្លូវមួយ ដែលតភ្ជាប់ទីក្រុងហាណូយ ទីក្រុងវៀងចន្ទន៍ ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញភាគខាងត្បូងនៃប្រទេសវៀតណាមផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍នេះបានចាប់ផ្តើមបើកជើងហោះហើរទៅកាន់ខេត្តសៀមរាបក្នុងឆ្នាំ២០០០ និងបើកទៅកាន់ទីក្រុងហ្លួងព្រះបាងក្នុងឆ្នាំ២០០៦ ហើយនៅឆ្នាំ២០១៩ ក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរជិត៤០០.០០០នាក់រវាងប្រទេសវៀតណាម ឡាវ និងកម្ពុជា៕

ក្រុមហ៊ុន Adani Group គ្រោងបោះទុនច្រើនពាន់លានដុល្លារ សង់ផែសមុទ្រ និងគម្រោងថាមពលនៅវៀតណាម

ដោយ៖ សុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ថា ក្រុមហ៊ុនឥណ្ឌា Adani Group កំពុងស្វះស្វែងបោះទុនវិនិយោគរហូតដល់ទៅ៣ពាន់លានដុល្លារអាមេរិក លើការសាងសង់កំពង់ផែសមុទ្រ និងគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីជំនួបមួយនៅទីក្រុងហាណូយ ក្នុងថ្ងៃដដែលរវាងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិក្រុមហ៊ុន Adani Ports and Special Economic Zone ដែលរកស៊ីខាងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Adani Group ដែលរកស៊ីចាប់ពីប្រេងចម្អិនអាហាររហូតដល់ជីករ៉ែធ្យូងថ្ម។

លោក Pham Minh Chinh បានប្រាប់លោក Karan Adani ក្នុងជំនួបនោះថា “វៀតណាម មានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani ផងដេរនៅក្នុងការវិនិយោគ និងធ្វើអាជីវកម្មរកស៊ីនៅក្នុងប្រទេសនេះ”។

លោក Pham Minh Chinh បានបន្ថែមទៀតថា វៀតណាម ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុន Adani លើកំពង់ផែ Lien Chieu Port ក្នុងទីក្រុងភាគកណ្ដាលដាណាង (Da Nang)។

មិនយូរទេក្រុមហ៊ុន Adani នឹងធ្វើការជាមួយបណ្ដាដៃគូ និងអ្នកពាក់ព័ន្ធវៀតណាម លើគម្រោងវិនិយោគជាក់លាក់ក្នុងប្រទេសនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើដែលនិយាយថា ការវិនិយោគនេះអាចឈានដល់១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលវែង៕ Vietnam Express៕

ការសិក្សា: វិស័យសំណង់ អចលនទ្រព្យ ភោជនីយដ្ឋានថៃ នឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយការដំឡើងប្រាក់ឈ្នួល

ដោយ៖ សុខុម

បាងកក: អាជីវកម្មនានានៅក្នុងប្រទេសថៃ មានការព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការ និងប្រាក់ចំណេញរបស់ពួកគេ។

នេះជាព័ត៌មានលម្អិតមួយចំនួនដែលផ្តល់ដោយក្រុមហ៊ុនមូលបត្រ Asia Plus Securities ស្តីពីផលប៉ះពាល់ដែលការដំឡើងប្រាក់ឈ្នួលអប្បរមាបង្កឡើងទៅលើឧស្សាហកម្មសំខាន់ៗដូចខាងក្រោម៖

*វិស័យសំណង់

ឧស្សាហកម្មសំណង់ដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ដោយសារតម្លៃពលកម្មដែលកើនឡើងកាន់តែខ្ពស់ នឹងធ្វើឱ្យអត្រាប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះ។ សូម្បីការផ្លាស់ប្តូរតិចតួចក្នុងរចនាសម្ព័ន្ធប្រាក់ឈ្នួល ក៏អាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់មកលើប្រាក់ចំណេញក្នុងឧស្សាហកម្មនេះផងដែរ។

*អចលនទ្រព្យប្រភេទឧស្សាហកម្ម

ផលប៉ះពាល់លើការលក់ដីឧស្សាហកម្មទំនងជាមានកម្រិត។ នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ជាពេលដែលប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាត្រូវបានដំឡើងពី២១៥បាត (៦,២០ដុល្លារ) ទៅ៣០០បាត (៨,៦៥ដុល្លារ) ដែលកើនឡើងប្រមាណ៤០%នៃការលក់ដីឧស្សាហកម្ម មិនបានទទួលរងផលប៉ះពាល់ទេដោយសារពន្ធលើប្រាក់ចំណូលសាជីវកម្មក៏ត្រូវបានកាត់បន្ថយផងដែរ។

*ការអភិវឌ្ឍអចលនទ្រព្យ

ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់៤៥០បាត (១៣ដុល្លារ) ក្នុងមួយថ្ងៃនឹងជះផលប៉ះពាល់ជាអវិជ្ជមានមកលើថ្លៃដើមនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋាន។ ប្រសិនបើថ្លៃដើមផ្សេងៗទៀតមិនកើនឡើង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រហែលជាត្រូវកែសម្រួលតម្លៃលក់របស់ពួកគេពី៥%ទៅ១០% ដើម្បីរក្សាបានប្រាក់ចំណេញ។

*វិស័យទេសចរណ៍ និងអាកាសយានដ្ឋាន

សណ្ឋាគារប្រហែលជារងផលប៉ះពាល់លើប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដោយសារថ្លៃកម្លាំងពលកម្មដែលស្មើប្រមាណ២៥%ទៅ៣០%នៃចំណាយប្រតិបត្តិការរបស់ពួកគេ។ ទោះជាយ៉ាងណា សណ្ឋាគារប្រហែលជាអាចយកឈ្នះលើបញ្ហានេះបានតាមរយៈការដំឡើងថ្លៃសេវារបស់ខ្លួន។

ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអាចទទួលរងផលប៉ះពាល់តិចតួចបំផុត ពីព្រោះទោះបីជាប្រាក់ខែរបស់បុគ្គលិកមានចំនួន៣២%នៃចំណាយប្រតិបត្តិការក៏ដោយ ក៏ពួកគេមិនផ្អែកលើអត្រាប្រាក់ឈ្នួលអប្បបរមានោះទេ។

*ថាមពល និងគីមីឥន្ធនៈ

ឧស្សាហកម្មថាមពលមិនពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មនោះទេ ហើយការចំណាយលើបុគ្គលិកគឺភាគច្រើនជាទម្រង់ប្រាក់ខែ និងប្រាក់រង្វាន់។ ដូច្នេះការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងមិនប៉ះពាល់ដោយផ្ទាល់ដល់រចនាសម្ព័ន្ធចំណាយ ឬដំណើរការរបស់ក្រុមហ៊ុនក្នុងវិស័យនេះដែរ។

*វិស័យលក់រាយ

អត្រាប្រាក់ឈ្នួលប្រចាំថ្ងៃ៤៥០បាត (១៣ដុល្លារ) នឹងជះផលប៉ះពាល់ជាមធ្យមមកលើវិស័យលក់រាយ ទោះបីជាប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតទទួលបានមានកម្រិតតិចតួច បើធៀបនឹងកម្លាំងការងារសរុបក៏ដោយ។ ទោះជាយ៉ាងណា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនេះក្នុងរយៈពេលវែង នៅពេលអំណាចនៃការទិញរបស់អ្នកប្រើប្រាស់នឹងកើនឡើង។

*អាជីវកម្មភោជនីយដ្ឋាន

ដោយសារកម្មករនិយោជិតគ្របដណ្ដប់ប្រមាណ៥០%នៃថ្លៃប្រតិបត្តិការ ភោជនីយដ្ឋាននឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងលើប្រាក់ចំណេញ ប្រសិនបើប្រាក់ឈ្នួលអប្បបរមាកើនឡើង។ ការដំឡើងប្រាក់ឈ្នួល៣០%អាចធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះប្រមាណ១២%។

*ទូរគមនាគមន៍

ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងមានផលប៉ះពាល់តិចតួចបំផុតលើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឧស្សាហកម្មទូរគមនាគមន៍។ នេះក៏ព្រោះតែកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលខ្ពស់ជាងរួចទៅហើយ។ ក្រៅពីនេះ ឧស្សាហកម្មនេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មសម្រាប់កិច្ចការជាច្រើន។

សរុបមក ផលប៉ះពាល់នៃការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់៤៥០បាត (១៣ដុល្លារ) នឹងមានកម្រិត។ ទោះជាយ៉ាងណា វិស័យមួយចំនួនដូចជាវិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ព្រមទាំងភោជនីយដ្ឋានជាដើម អាចជួបបញ្ហាប្រឈមដ៏លំបាកក្នុងការរក្សាបានប្រាក់ចំណេញ៕ The Nation៕

វេទិកាដឹកជញ្ជូនអន្តរជាតិ ITF ព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងកើនឡើងជិត៨០ភាគរយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការព្យាករណ៍លើវិស័យដឹកជញ្ជូននៅឆ្នាំ២០២៣ ដោយវេទិកាដឹកជញ្ជូនអន្តរជាតិ ITF (Transport Outlook 2023) បានឱ្យដឹងថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងកើនឡើងយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។

ការព្យាករណ៍នេះ ត្រូវបានបង្ហាញឡើងតាមរយៈវេទិកាដឹកជញ្ជូនអន្តរជាតិក្រោមប្រធានបទ “វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច” ជាឱកាសក្នុងការឆ្លុះញ្ចាំង និងចែករំលែកទស្សនៈស្តីពីតួនាទីនៃការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច ស្របជាមួយការគិតគូរពីបរិស្ថាន និងសង្គម ដែលប្រព្រឹត្តទៅនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្រ្តីដឹកជញ្ជូននៃចក្រភពអង់គ្លេស លោក Mark Harper និងជាប្រធានវិលជុំ ឆ្នាំ២០២៣ របស់ ITF បានលើកឡើងថា វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង (Green Transport)។

លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តពីប្រសាសន៍របស់លោក Mark Harper ទៀតថា  វិស័យដឹកជញ្ជូន ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពផងដែរ។

ជាមួយគ្នានេះ ដោយមើលឃើញអំពីសារៈសំខាន់ នៃការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន ប្រទេសអង់គ្លេសបានបោះទុនវិនិយោគយ៉ាងច្រើនទៅលើ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី រថយន្តក្រុងដែលមិនបញ្ចេញឧស្ម័ន រថភ្លើងល្បឿនលឿនដោយប្រើថាមពលអគ្គិសនី ស្ថិរភាពប្រេងសាំងយន្តហោះ ផ្លូវសម្រាប់កង់ និងផ្លូវសម្រាប់ថ្មើជើង ហើយប្រទេសអង់គ្លេសក៏បានកំណត់គោលដៅ Net Zero Emission នៅត្រឹមឆ្នាំ២០៥០ផងដែរ។

អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ ITF លោក Young Tae Kim បានលើកឡើងថា យោងតាមការព្យាករណ៍វិស័យដឹកជញ្ជូនឆ្នាំ២០២៣ ដោយ ITF (Transport Outlook 2023)បង្ហាញថា តម្រូវការក្នុងការដឹកជញ្ជូនសម្រាប់អ្នកដំណើរនឹងមានការកើនឡើងជិត៨០% ខ្ពស់ជាងឆ្នាំ២០៥០ ហើយសម្រាប់ទំនិញតម្រូវការនឹងកើនឡើង២ដង បើធៀបនឹងឆ្នាំ២០១៩។

លោកYoung Tae Kim ក៏បានសង្កត់ធ្ងន់ផងដែរថា ការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូន នឹងធ្វើឱ្យទីក្រុងកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ធ្វើឱ្យគុណភាពខ្យល់ដកដង្ហើមល្អជាងមុន ធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព និងមានភាពស៊ាំ ក៏ដូចជាផ្តល់ជម្រើសច្រើនសម្រាប់អ្នកធ្វើដំណើរផងដែរ។

លើសពីនេះទៀត លោកក៏បានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ ចាត់វិធានការ និងអនុវត្តឱ្យបានព្រមៗគ្នានូវការកាត់បន្ថយកាបូនក្នុងវិស័យដឹកជញ្ជូនផងដែរ៕

សិង្ហបុរី រក្សាការព្យាករកំណើន GDP ក្នុងរង្វង់ចន្លោះពី០,៥%ទៅ២,៥%សម្រាប់ឆ្នាំ២០២៣

ដោយ៖ សុខុម

សិង្ហបុរី: ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) នៃប្រទេសសិង្ហបុរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា នេះថា ប្រទេសនេះបានរក្សាការព្យាករកំណើនផលទុនជាតិសរុប (GDP) របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ក្នុងរង្វង់ចន្លោះ០,៥%ទៅ២,៥%។

ការរក្សាការព្យាករនេះធ្វើឡើង ក្រោយពីទិន្នន័យបង្ហាញពីកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៤%ចន្លោះពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០២៣ ដែលធ្លាក់ចុះខ្លាំងបើធៀបនឹងកំណើន២,១%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកគោលនយោបាយនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) លោក Gabriel Lim បានលើកឡើងថា កំណើនទាបក្នុងរយៈពេល៣ខែដើមឆ្នាំនេះគឺដោយសារការធ្លាក់ចុះក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្មលក់បោះដុំ និងហិរញ្ញវត្ថុ ព្រមទាំងការធានារ៉ាប់រង ស្របពេលសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងតម្រូវការគ្រឿងអេឡិចត្រូនិចធ្លាក់ចុះ។

សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ០,៤%ក្នុងត្រីមាសទី១ បើធៀបនឹងកំណើន០,១%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២។

លោក Yong Yik Wei ប្រធានអ្នកជំនាញសេដ្ឋកិច្ចនៃក្រសួងខាងលើនេះនិយាយថា ក្រសួងរំពឹងថា ប្រទេសសិង្ហបុរី នឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលក្ខណៈបច្ចេកទេស (Technical Recession) នោះឡើយ។ វិបត្តិសេដ្ឋកិច្ចជាលក្ខណៈបច្ចេកទេសត្រូវបានកំណត់ដោយអ្នកសេដ្ឋកិច្ចថា ជាការធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នា៕ CNA៕