ក្រុមហ៊ុនចំនួន២បោះទុនដល់ទៅ៤០០០លានដុល្លារដើម្បីផលិតថ្មអាគុយរថយន្តអគ្គិសនីនៅអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution Ltd គ្រោងសាងសង់រោងចក្រថ្មអាគុយរថយន្តអគ្គីសនី (EV) តម្លៃ៤,៣ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ស្របពេលមានការជំរុញឱ្យទាញយកអត្ថប្រយោជន៍ពីឥណទានពន្ធ។

ក្រុមហ៊ុនផលិតត្រូវតែប្រកាន់ខ្ជាប់នូវតម្រូវការប្រភពថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សមាសធាតុផ្សំផលិតថ្មអាគុយ EV និងសារធាតុរ៉ែសំខាន់ៗ ដូច្នេះអ្នកទិញយានយន្តរបស់ពួកគេអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលឥណទានពន្ធរហូតដល់៧.៥០០ដុល្លារក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA)របស់អាមេរិក។

ក្រុមហ៊ុន Hyundai និង LGES បានអះអាងថា ការសាងសង់រោងចក្រនៅក្នុងរដ្ឋ Georgia នឹងចាប់ផ្តើមនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ ខណៈការផលិតថ្មអាគុយនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។

ក្រុមហ៊ុនទាំង២ខាងលើបានឱ្យដឹងទៀតថា រោងចក្រនេះនឹងមានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំ៣០ជីហ្គាវ៉ាត់ម៉ោង (GWh) គ្រប់គ្រាន់សម្រាប់រថយន្តអគ្គិសនីចំនួន៣០០.០០០គ្រឿង EVs ។

នាយកប្រតិបត្តិក្រុមហ៊ុន LGES លោក Youngsoo Kwon បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកដឹកនាំខ្លាំងពីរនាក់នៅក្នុងឧស្សាហកម្មរថយន្ត និងថ្មអាគុយបានចាប់ដៃគ្នា ហើយយើងរួមគ្នាត្រៀមខ្លួនជាស្រេចដើម្បីជំរុញដំណើរការនៃការផ្លាស់ប្តូរ EV នៅអាមេរិក”។

លើសពីនេះ កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Hyundai Motor សម្រេចបាននូវការបណ្តាក់ទុនរួមគ្នាលើថ្មអាគុយ EV តម្លៃ៥ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន SK On ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SK Innovation Co Ltd៕

លោកស៊ុន ចាន់ថុលលើកបង្ហាញពីផែនការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋរបស់កម្ពុជានៅលើឆាកអន្តរជាតិ

ដោយៈ គង់ សូរិយា

ប្រទេសអាល្លឺម៉ង់ៈ  អន្តរជាតិបានដឹងកាន់តែច្បាស់ ពីគោលនយោបាយក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន តាមរយៈកិច្ចប្រជុំកំពូលរបស់វេទិកា ដឹកជញ្ជូនអន្តរជាតិ (ITF-2023 Summit)។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន០២ នៃកិច្ចប្រជុំពូលរបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit)។ ក្នុងនោះ ទី១ជាកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន CMT (Council of Ministers of Transport) និង ទី២ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន ដែលមានលក្ខណៈបើកចំហរ (Open Ministerial Session) ដោយមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អ្នកសិក្សាស្រាវជ្រាវ និងផ្នែកឯកជន។ កិច្ចប្រជុំទាំងពីរនេះ ជាកិច្ចប្រជុំយ៉ាងសំខាន់ នៅក្នុងដំណើរការការងាររបស់ វេទិកាដឹកជញ្ជូនអន្តរជាតិ នាឱកាសនេះ។

សម្រាប់កិច្ចក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន CMT (Council of Ministers of Transport) ជាប្រភេទកិច្ចប្រជុំបិទ (Closed Door Meeting) ដោយអនុញ្ញាតចំពោះតែសមាជិក នៃបណ្តាប្រទេស ITF ចូលរួមប៉ុណ្ណោះ។ លទ្ធផលនៃកិច្ចប្រជុំនេះរួមមាន (១)ពិនិត្យវឌ្ឍនភាពការងាររបស់ ITF និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២២ នៃ CMT (២) ពិនិត្យ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងទូទៅ របស់ ITF (ITF General Rules) (៣)អនុម័តឱ្យប្រទេសប្រេស៊ីល (Brazil) ចូលជាសមាជិកទី៥៥ និងប្រទេសកូស្តារីកា (Costa Rica) ចូលជាជាសមាជិកទី៥៦របស់ITF។

(៤)ឯកភាពឱ្យប្រទេសលីទុយអានី (Lithuania) ធ្វើជាប្រធានវិលជុំនៃ ITF សម្រាប់ឆ្នាំ២០២៤ និងប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ធ្វើជាប្រធានវិលជុំនៃ ITF សម្រាប់ឆ្នាំ២០២៥ និង (៥)អនុម័តរបាយការណ៍ និងផែនការសកម្មភាពរបស់ ITF ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងបទអន្តរាគមន៍ ជូនកិច្ចប្រជុំ CMT អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវឌ្ឍនភាពនៃការអភិវឌ្ឍ ទៅតាមមធ្យោបាយដឹកជញ្ជូននីមួយៗ រួមមាន ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២៣-២០២៥។

លើសពីនេះទៀត លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport) តាមរយៈការអនុវត្តគម្រោងរថយន្តក្រុងដើរដោយថាមពលអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា សំដៅកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន (Decarbonizing Transport)។

ដោយឡែក កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន ដែលមានលក្ខណៈបើកចំហរ (Open Ministerial Session) បានផ្តោតទៅលើប្រធានបទ នៃការបង្កើនចីរភាពសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនបៃតង (Boosting Sustainable Economies through green transport)។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនីមួយៗ និងដៃគូអភិវឌ្ឍន៍ បានចែករំលែកនូវបទពិសោធន៍ល្អៗ បញ្ហាប្រឈម និងឱកាសក្នុងការជុំរុញការដឹកជញ្ជូនបៃតង។

ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បានរាយការណ៍ជូនអង្គប្រជុំ អំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់តំបន់កម្រិតខ្ពស់ (Regional High Level Dialogue)  ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Young Tae KIM អគ្គលេខាធិការរបស់ ITF នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕

លោកបណ្ឌិតហ៊ុន ម៉ាណែតជួបជាមួយសហគ្រិនជាង៣៤០០នាក់ជាមួយនឹងសារពោរពេញដោយអត្ថន័យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែតបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត កាលពីថ្ងៃទី២៨ ឧសភា បានជួបជាមួយថ្នាក់ដឹកនាំសមាជិក ផែនសហគ្រិនវ័យក្មេងជាង៣៤០០នាក់ នៅវិមាន៧មករា។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងនូវចំណុចសំខាន់ៗជាចច្រើនរួមមាន ទី១ ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សារៀនសូត្រអភិវឌ្ឍសមត្ថភាព ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង គឺកើតឡើងដោយសារការលះបង់ និងវីរភាពរបស់យុវជនជំនាន់មុន ហើយក៏ជាថ្នាក់ដឹកនាំបច្ចុប្បន្នផងដែរ។

លោកបញ្ជាក់ថា “យុវជនជំនាន់មុន គឺជាជំនាន់យុវជនដែលបានបាត់ឱកាសដោយសារប្រទេស ធ្លាក់ចូលទៅក្នុងសង្គ្រាមបែកបាក់ និងមានហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ក៏ប៉ុន្តែជាយុវជនជំនាន់គំរូប្រកបដោយលក្ខណៈសម្បត្តិ ៣យ៉ាង គឺក្តីសង្ឃឹម គឺមិនអង្គុយបន់ព្រះរង់ចាំសេចក្តីស្លាប់ ពីរបបប៉ុលពតឡើយ។ មានការតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងមានចក្ខុវិស័យដឹកនាំច្បាស់លាស់ ក្នុងការរំដោះប្រទេសជាតិ ស្តារកសាងជាតិ, ការពារជាតិ និងអភិវឌ្ឍជាតិ។

ទី២ ដូច្នេះក្នុងនាមជាយុវជន ដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព យើងទាំងអស់គ្នាចាំបាច់ ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន ដោយផ្សារភ្ជាប់នឹងតថភាពបច្ចុប្បន្ន និងគោលដៅទៅអនាគត និងមិនភ្លេចសោះឡើយនូវអតីតកាល ដ៏សែនជូរចត់វេទនាដោយសារ សង្គ្រាម និងជម្លោះបែកបាក់។ ក្នុងន័យនេះ, យើងទាំងអស់គ្នាចងចាំជានិច្ចនូវគុណបំណាច់ នៃពលិកម្មដ៏ធំធេងរបស់យុវជនជំនាន់មុន ហើយប្តេជ្ញាបន្តស្មារតី និងសកម្មភាពដ៏ពិសិដ្ឋនេះជារៀងដរាប។

ទី៣. ក្នុងវិស័យធុរកិច្ច, វិស័យឯកជន រួមទាំងសហគ្រិនវ័យក្មេង គឺសរសៃឈាមនៃចរន្តសេដ្ឋកិច្ចជាតិ។ ពិតណាស់, កំណើនសេដ្ឋកិច្ចអាចមានឡើងចុះ ប៉ុន្តែអ្វីដែលសំខាន់គឺនិរន្តរភាពនៃសុខសន្តិភាព, ស្ថិរភាព និងសិទ្ធិសេរីភាព ដែលចាំបាច់ត្រូវថែរក្សាឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ រាជរដ្ឋាភិបាល គឺជាអ្នកដើរតួនាទីស្នូលក្នុងការបង្កលក្ខណៈ តាមរយៈការការពារនូវបរិស្ថានគ្រប់ដណ្តប់ដ៏ចាំបាច់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងជាយុវជនក៏ត្រូវចូលរួមចំណែកអនុវត្តតួនាទីរៀងខ្លួនៗ និងគាំទ្រដល់បុព្វហេតុរួមមួយនេះ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនយើង។

ទី៤ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល, សូមថ្លែងអំណរគុណដល់បងប្អូនសមាជិកសហគ្រិនវ័យក្មេងទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុឆន្ទៈ និងភ្ជាប់ជាមួយនឹងការអាណិត, ស្រលាញ់ និងជឿជាក់លើថ្នាក់ដឹកនាំ និងគណបក្ស ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។

ដើម្បីឈានទៅសម្រេចបាននូវគោលដៅរួមនេះ, ក្នុងនាមជាយុវជនរបស់គណបក្ស និងយុវជនសម័យតេជោសន្តិភាព, យើងគប្បីប្តេជ្ញាថែរក្សាអ្វីដែលកំពុងមាន ពីព្រោះយើងបានដឹងហើយថា យុវជនជំនាន់តស៊ូ បានបង្កើតឱកាសគ្រប់យ៉ាងឱ្យយើងដូចថ្ងៃនេះ។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងការពារសមិទ្ធផលទាំងកុំឱ្យបាត់បង់ ព្រមទាំងជំរុញសមិទ្ធផលវិជ្ជមានឱ្យច្រើនឡើងបន្ថែមទៀត។

ទី៥ សមិទ្ធផលធំដែលគណបក្សប្រជាជនកម្ពុជា បានកសាងសម្រាប់ជាតិ និងប្រជាជន គឺការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាង៥០០ឆ្នាំក្នុងដានប្រវត្តិសាស្ត្រ, ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី នៅក្រោមរាជរដ្ឋាភិបាលតែមួយ និងរដ្ឋធម្មនុញ្ញ តាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ដោយធានាបាននូវស្ថិរភាពនយោ​បាយ និងម៉ាក្រូសេដ្ឋកិច្ច រហូតជីវភាពប្រជាជនមានការរីកចម្រើនសម្បូរសប្បាយ ព្រមជាមួយនឹងទស្សនវិស័យ ក្នុងការក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកគ្រូធំបណ្ឌិតអោម សេងបូរ៉ាប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញបានលើកឡើងពីប្រវត្តិ នៃការបង្កើតផែនសហគ្រិនវ័យក្មេង។

ដែលតម្រូវឱ្យមានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជន

ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានផ្ដោត ការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំរចនាសម្ព័ន្ធកសាងកម្លាំងយុវជនគ្រប់ថ្នាក់ គ្រប់ផ្នែកដែលប្រមូលផ្តុំទៅដោយ បញ្ញវន្ត អ្នកមានសមត្ថភាព និងមនុស្សពូកែៗ ឱ្យរួមដំណើរក្នុងការងារ បម្រើជាតិមាតុភូមិ ប្រកបដោយភាពជឿជាក់ និងរឹងមាំយូរអង្វែង។ ជាក់ស្ដែងក្នុងការប្រមូលផ្ដុំកម្លាំងសហគ្រិនឱ្យកាន់តែច្រើន គណបក្សប្រជាជនកម្ពុជាបានរៀប ចំឱ្យមានរចនាសម្ព័នដឹកនាំ ផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដែលមាន ឯកឧត្តម គីម សុភៈ ជាប្រធាន។ ការរៀបចំឱ្យមានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជន កម្ពុជារាជធានីភ្នំពេញដែលមាន រូបខ្ញុំ ជាប្រធាន។ ក្នុងនោះដែរផែនសហគ្រិនវ័យក្មេងគឺជាផែនចំណុះឱ្យក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដោយមាន ឯកឧត្តម នួន ផារ័ត្ន ជាប្រធាន ស្ថិតក្រោមការដឹកនាំដ៏ ឆ្លាតវៃរបស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

លោកបណ្ឌិតបន្តថា ផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញមានទស្សនវិស័យ” ចង់ឃើញកម្ពុជា ក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស “ដែលគាំទ្រទៅនឹងគោលដៅ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចង់ឱ្យកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអ្នកមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដើម្បីសម្រេចបាននូវទស្សនវិស័យនេះ៖ ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានបេសកកម្ម “កសាងកម្លាំងទ័ពសេដ្ឋកិច្ច ដើម្បីកម្ពុជា តាមរយៈការប្រមូលផ្តុំកម្លាំងសហគ្រិនវ័យក្មេង ឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងគោល បំណងចូលរួមចំណែកកសាងការពារសុខសន្តិភាព និងជាយន្តការដ៏សំខាន់ ក្នុងការជួយកសាងសមត្ថភាព និងដោះ ស្រាយបញ្ហារបស់សហគ្រិនលើគ្រប់វិស័យ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ និងរីកចម្រើនបានឆាប់រហ័ស”។

លោកបណ្ឌិតអោម សេងបូរ៉ាបានបន្តថា ជាទូទៅ សហគ្រិនឬម្ចាស់អាជីវកម្ម មិនងាយប្រថុយ ចូលជាសមាជិកគណបក្សណាមួយទេ ហើយបើពួកគាត់បានចូលជាសមាជិក របស់គណបក្សណាមួយហើយ ក៏ពួកគាត់ មិនសូវហ៊ានពាក់អាវបក្សជាចំហរដែរ ព្រោះខ្លាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ផ្ទុយទៅវិញប្រសិនបើសហគ្រិនឬ ម្ចាស់អាជីវកម្មជាច្រើន បានសម្រេចចិត្តចូលរួមជាសមាជិករបស់បក្ស ហើ​យហ៊ានពាក់អាវបក្សជាចំហរ នោះពួកគាត់ នឹងក្លាយជាកម្លាំងអូសទាញដ៏មានប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យ កាន់តែរឹងមាំខ្លាំងក្លាដែលនេះ នឹងជួយគាំទ្រដល់គោលនយោបាយឈ្នះៗ ដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ។

លោកបញ្ជាក់ថា “សហគ្រិនម្នាក់មិនមែនមានឥទ្ធិពល លើការបោះឆ្នោតតែ១សម្លេងនោះទេ គឺពួកគាត់មានឥទ្ធិពលលើការបោះឆ្នោតច្រើនសម្លេង ដោយសារពួកគាត់គឺ ជាបុគ្គលដែលមានឥទ្ធិពលសេដ្ឋកិច្ចលើបុគ្គលិក អតិថិជន ដៃគូ គ្រួសារ សាច់ញាតិ នឹងមិត្តភក្តិរបស់ពួកគាត់”៕

ក្រុមហ៊ុន Trip.com Group ប្រែក្លាយព្រលានយន្តហោះសៀមរាប-អង្គរថ្មីជាអាកាសយានដ្ឋានឆ្លាតវៃក្នុងតំបន់

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុនទេសចរណ៍អនឡាញ Trip.com Group បានចាប់ដៃគូ ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដើម្បីកំណត់ទីតាំងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរថ្មីជាអាកាសយានដ្ឋានឆ្លាតវៃក្នុងតំបន់។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Trip.com Group នឹងរួមចំណែក ក្នុងការលើកកម្ពស់សេវាកម្មឌីជីថល នៃព្រលានយន្តហោះថ្មីនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅខែតុលាខាងមុខ។

ភាពជាដៃគូនេះ ក៏បម្រើដល់ការចាត់តាំងភាពប្រកួតប្រជែងរបស់កម្ពុជាជាគោលដៅសកលផងដែរ ព្រោះវាមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ផ្សេងៗ។  ភាពជាដៃគូនេះនឹងពង្រីកដល់យុទ្ធនាការទីផ្សារ ការអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។

ដោយបង្ហាញពីសារៈសំខាន់ នៃអាកាសយានដ្ឋានអន្តរជាតិអង្គរថ្មី នៅក្នុងយុទ្ធសាស្ត្រទេសចរណ៍ពិភពលោករបស់កម្ពុជា លោក តឹករ៉េត សំរេច ប្រធានក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air មានប្រសាសន៍ថា កិច្ចសហការជាមួយ Trip.com Group ក្នុងការបង្កើនសេវាកម្ម និងសាងសង់ព្រលានយន្តហោះឆ្លាតវៃ បង្ហាញពីឱកាសមួយសម្រាប់ការងើបឡើងវិញនៃទេសចរណ៍ពិភពលោក។

កាលពីខែមីនាកន្លងទៅ គណៈកម្មាធិការដឹកនាំសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដឹកនាំដោយលោក តឹករ៉េត សំរេចបានប្រកាសថា អាកាសយានដ្ឋាននឹងសាងសង់រួចរាល់ទាន់ពេលវេលា សម្រាប់ការដាក់ឱ្យដំណើរការ នៅខែតុលាខាងមុខ៕

ហេតុអ្វីមហាយក្សចិន និងជប៉ុន ត្រូវដេកភ័យ និងបន់ស្រន់សុំកុំឱ្យអាមេរិក ខកខានទូទាត់បំណុល?

ដោយ៖ សុខុម

ហុងកុង: នៅពេលឱកាសខកខានទូទាត់បំណុលមិនធ្លាប់មានជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់ មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ និងប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចបំផុតទី៣ របស់ពិភពលោកកំពុងឃ្លាំមើលស្ថានការណ៍នេះទាំងភ័យបុកពោះ។

សម្រាប់ប្រទេសជប៉ុន ដេកភ័យជារឿងធម្មតា ព្រោះជាសម្ព័ន្ធមិត្តនឹងគ្នា ចំណែកឯមហាយក្សចិន គួរតែសប្បាយចិត្តវិញទើបត្រូវ ព្រោះជាគូប្រជែងយ៉ាងស្វិតស្វាញ ឬអាចនិយាយបានថាជាសត្រូវធំបំផុតរបស់សហរដ្ឋអាមេរិក ទាំងផ្នែកយោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ។ តើអ្វីជាហេតុផលនៅពីក្រោយការរឿងនេះ?

ចម្លើយគឺថា មហាយក្សចិន និងប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសធំជាងគេបំផុតលើបំណុលរបស់រដ្ឋាភិបាលអាមេរិក ឬ អាចនិយាយបានថាជាម្ចាស់បំណុលធំផុតរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា។

បូកបញ្ចូលគ្នា ប្រទេសទាំងពីរនេះកាន់កាប់រហូតដល់ទៅ២ទ្រីលានដុល្លារ ដែលស្មើនឹងជាង១ភាគ៤នៃមូលបត្របំណុលរតនាគារអាមេរិក ៧,៦ទ្រីលានដុល្លារ ដែលកាន់កាប់ដោយប្រទេសផ្សេងៗ។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមបង្កើនការទិញមូលបត្របំណុលរតនាគារអាមេរិក ក្នុងឆ្នាំ២០០០ នៅពេលដែលសហរដ្ឋអាមេរិក បានព្រមព្រៀងឱ្យប្រទេសចិន ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយជំរុញឱ្យការនាំចេញមានសន្ទុះងើបឡើងខ្លាំង។ ចំណុចនោះហើយដែលបានបង្កើតប្រាក់ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសចិន ហើយប្រទេសចិន ត្រូវការកន្លែងដ៏មានសុវត្ថិភាពដើម្បីទុកលុយដុល្លារ ទាំងនោះ។

មូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតមួយនៅលើផែនដី ហើយការកាន់កាប់របស់ប្រទេសចិន លើបំណុលរបស់រដ្ឋាភិបាលអាមេរិក បានកើនឡើងពី១០១ពាន់លានដុល្លារ ឈានរហូតដល់១,៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៣។

ប្រទេសចិន គឺជាម្ចាស់បំណុលបរទេសដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប៉ុន្តែការកើនឡើងនូវភាពតានតឹងជាមួយរដ្ឋការដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បានកាត់បន្ថយការកាន់កាប់របស់ខ្លួនលើមូលបត្របំណុលរតនាគារអាមេរិក ហើយប្រទេសជប៉ុន ក៏បានវ៉ាដាច់ប្រទេសចិន ក្លាយជាម្ចាស់បំណុលធំបំផុតនៅក្នុងឆ្នាំនោះ។

រដ្ឋាភិបាលក្រុងតូក្យូ ពេលនេះកាន់កាប់មូលបត្របំណុលរតនាគារអាមេរិក រហូតដល់ទៅ១,១ទ្រីលានដុល្លារ បើធៀបនឹងកាន់កាប់របស់ប្រទេសចិន ក្នុងចំនួន៨៧០ពាន់លានដុល្លារ ហេតុដូច្នេះហើយបានជាប្រទេសទាំងពីរនេះងាយរងគ្រោះខ្លាំងណាស់ នៅពេលតម្លៃមូលបត្របំណុលរតនាគារអាមេរិក ដាំក្បាលចុះក្នុងករណីសេដ្ឋកិច្ចអាមេរិក ជួបវិបត្តិរហូតឈានទៅដល់ការខកខានទូទាត់បំណុល៕ CNN៕

សម្ដេចតេជោ: ទំហំនាំចេញផលិតផលរបស់កម្ពុជា ពីខែមករា ដល់ខេមេសា ឈានដល់ជាង៧ពាន់លានដុល្លារ

ដោយ៖ សុខុម

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ថា ទំហំនាំចេញផលិតផលរបស់កម្ពុជា បានឈានដល់៧,២៣ពាន់លានដុល្លារ អំឡុងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ដោយធ្លាក់ចុះ៤,៩%ពីចំនួន៧,៦ពាន់លានដុល្លារ។

ថ្លែងទៅកាន់កម្មករកម្មការិនីប្រមាណ១៩.០០០នាក់នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយជាយរាជធានីភ្នំពេញ សម្ដេចមានប្រសាសន៍ថា “ទំហំនាំចេញរបស់យើងបានឈានដល់៧,២៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដើមឆ្នាំនេះដែលធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

សម្តេចបានគូសបញ្ជាក់ថា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ព្រមទាំងផលិតផលកសិកម្មគឺជាផលិតផលសំខាន់ៗសម្រាប់ការនាំចេញរបស់កម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា គោលដៅនាំចេញកំពូលទាំង៥របស់កម្ពុជា រួមមានសហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសចិន និងប្រទេសជប៉ុន។

របាយការណ៍ដដែលបង្ហាញទៀតថា ផលិតផលនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។

ជាមួយគ្នានេះដែរ កម្ពុជា បាននាំចូលទំនិញសរុបចំនួន៧,៩២ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដោយធ្លាក់ចុះ២១%បើធៀបនឹង១០,០៤ពាន់លានដុល្លារ។

ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង ឧស្ម័ន វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗ៕ Xinhua៕

ប្រទេសចិនចាប់ផ្តើមបើកដំណើរការយន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកដំបូងបង្អស់របស់ខ្លួន

ដោយ: គង់ លាងហួរ

សៀងហៃ: ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នៅថ្ងៃអាទិត្យនេះ បានបញ្ជូនយន្តហោះធុនតូច C919  ទៅលើជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីកាន់តែពង្រឹងភាពពឹងផ្អែកលើខ្លួនឯង។

ក្រុមហ៊ុន Commercial Aviation Corp of China (COMAC) បានចាប់ផ្តើមអភិវឌ្ឍយន្តហោះ C919 កាលពី១៥ឆ្នាំមុន ដើម្បីប្រជែងនឹងយន្តហោះ Airbus A320neo និង Boeing 737 Max។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី សុី ជីនពីង បានសាទរ និងចាត់ទុកគម្រោងនេះថាជាសមិទ្ធិផលច្នៃប្រឌិតដ៏ល្អបំផុតមួយរបស់ប្រទេសចិន។

World’s first C919 Aircraft delivered to China Eastern Airlines

យន្តហោះ C919 នេះបានហោះចេញពីអាកាសយានដ្ឋាន Hongqiao ក្នុងទីក្រុងសៀងហៃ ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន COMAC និង China Eastern  នៅមុនម៉ោង១០:៣២am ម៉ោងក្នុងស្រុកចិន ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Beijing Capital Airport។ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ Variflight ។

បន្ទាប់ពីធ្វើការហោះហើរជិត២,៥ម៉ោងទៅកាន់ទីក្រុងប៉េកាំង  យន្តហោះនេះគ្រោងនឹងហោះហើរត្រឡប់ទៅទីក្រុងសៀងហៃវិញ។ យន្តហោះ C919 គ្រោងនឹងធ្វើការហោះហើរយូរជាងនេះទៅកាន់ភាគនិរតីនៃទីក្រុង Chengdu នៅថ្ងៃចន្ទ និងបកត្រឡប់មកវិញ។

យោងតាមទិន្នន័យរបស់ COMAC បានឱ្យដឹងថា យន្តហោះ C919 បានទទួលការបញ្ជាទិញចំនួន១.០៣៥គ្រឿងពីអតិថិជនចំនួន៣២ នៅចុងឆ្នាំ២០២២។  នៅឆ្នាំនេះ មន្ត្រីក្រុមហ៊ុនបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញច្រើនជាង១.២០០គ្រឿងសម្រាប់យន្តហោះម៉ាកថ្មីនេះ។

ថ្វីត្បិតតែ យន្តហោះ C919 ត្រូវបានផ្គុំឡើងនៅក្នុងប្រទេសចិនយ៉ាងណាក្តី ប៉ុន្តែវាពឹងផ្អែកខ្លាំងលើធាតុផ្សំរបស់លោកខាងលិច រួមទាំងម៉ាស៊ីនរបស់ក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន GE ក្រុមហ៊ុន Safran និងក្រុមហ៊ុន Honeywell International ៕

ក្រុមហ៊ុនកូរ៉េចំនួន៥ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យឧស្សាហកម្ម និងរថយន្តអគ្គិសនីនៅប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៥គ្រោងចាប់ផ្តើមគម្រោងវិនិយោគថ្មីនៅក្នុងប្រទេសថៃ រាប់ចាប់ពីអាជីវកម្មរថយន្តអគ្គិសនី (EV) រហូតដល់ការសាងសង់អចលនទ្រព្យឧស្សាហកម្មថ្មីមួយ។

លោក Veeris Ammarapala ទេសាភិបាលនៃអាជ្ញាធរ IEAT បានលើកឡើង បន្ទាប់ពីពិភាក្សាជាមួយក្រុមនាយកប្រតិបត្តិក្នុងអំឡុងពេលនៃកម្មវិធីបង្ហាញផ្លូវនាពេលថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងថា ក្រុមវិនិយោគិនកូរ៉េអាចនឹងបែងចែកប្រាក់ប្រហែល២០១,៥៥លានបាតសម្រាប់គម្រោងទាំងនេះ។

លោក​បាន​បន្ត​ថា​ “ក្រុមហ៊ុន​កូរ៉េចំនួន ៤ ចាប់​អារម្មណ៍​វិនិយោគលើ​រថយន្តអគ្គិសនី EV និងគ្រឿង​អេឡិចត្រូនិក​សម្រាប់​រថយន្ត ឬ​ឧបករណ៍​ពេទ្យ ហើយតម្លៃសម្រាប់អភិវឌ្ឍគម្រោងទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន២ពាន់លានបាត”។

ចំណែកឯ ក្រុមហ៊ុនកូរ៉េមួយទៀតចង់បង្កើតការបណ្តាក់ទុនរួមគ្នាជាមួយអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) ដើម្បីសាងសង់អចលនទ្រព្យបែបឧស្សាហកម្មថ្មីមួយដែលនឹងត្រូវការទឹកប្រាក់ចំនួន៥ពាន់លានបាតសម្រាប់ការអភិវឌ្ឍ។

ក្រុមហ៊ុនកូរ៉េខាងត្បូងភាគច្រើនចង់វិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ខណៈរដ្ឋាភិបាលថៃគ្រោងប្រែក្លាយច្រករបៀងនេះ ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Chon Buri ខេត្ត Rayong និងខេត្ត Chachoengsao ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់៕

ឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានពីបុរី ហ្គោលដេន ផាក

បុរី ហ្គោលដេន ផាក សូមផ្តល់ជូនឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានជូ​នដល់អតិថិជនទាំងអស់ដែលមានបំណង់ចង់ទិញផ្ទះឬវីឡាណាមួយក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនឹង៖

  • លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% នៃតម្លៃផ្ទះរយៈពេល 30ខែ ជាមួយអត្រាការប្រាក់ ០%
  • កាន់តែអស្ចារ្យលោកអ្នកទទួលបានទឹកប្រាក់ត្រឡប់ទៅវិញរហូតដល់ $12,000
  • មិនទាន់អស់ទេលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 3% បន្ថែមទៀតសម្រាប់ការទិញផ្ទះនៅបុរី ហ្គោលដេន ផាក

រួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញកន្លងផុតណាព្រោះប្រម៉ូសិនដ៏ពិសេសនេះមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រម៉ូសិនក៏ដូចជាការផ្តល់ជូនផ្សេងៗ សូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី ហ្គោលដេន ផាក ដែលនៅជិតលោកអ្នកជាងគេឬលោកអ្នកអាចទំនាក់ទំនងមកអ្នកប្រឹក្សាផ្នែកលក់តាមរយៈលេខទូរសព្ទ៖ 060/070/095 777 998

ឬតាមរយៈប្រព័ន្ធអនឡាញ៖

វេបសាយ: www.boreygoldenpark.com

  ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/

  តេឡេក្រាម: https://t.me/boreygoldenpark   

  អ៊ីនស្ដាក្រាម: https://instagram.com 

ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural  ​​

ការស្ទង់មតិ: តម្លៃផ្ទះថ្មីក្នុងទីផ្សារប្រទេសចិន នឹងហក់ឡើងតិចតួចក្នុងឆ្នាំ២០២៣

ដោយ៖ សុខុម

ប៉េកាំង: យោងតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីផ្សារប្រទេសចិន នឹងហក់ឡើងតិចតួចក្នុងឆ្នាំ២០២៣។

នេះឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការលំនៅដ្ឋានបន្ទាប់ពីប្រទេសចិន បើកដំណើរការសេដ្ឋកិច្ចឡើងវិញកំពុងតែធ្លាក់ចុះ ទោះបីជាការដាក់ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់បានធ្វើឱ្យទំនុកចិត្តក្នុងទីផ្សារប្រសើរឡើងយ៉ាងណាក្ដី។

គោលនយោបាយជំរុញសេដ្ឋកិច្ចដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ដើម្បីដោះស្រាយវិស័យអចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិ និងការដកចេញនូវវិធានការបន្តឹងកូវីដ-១៩ ដ៏តឹងរុឹងក្នុងខែធ្នូ ចុងឆ្នាំ២០២២ បានធ្វើឱ្យទីផ្សារមានទំនុកចិត្តជាងមុនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ទោះជាយ៉ាងណា ការងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យអចលនទ្រព្យចិន ហាក់មិនប្រាកដប្រជានោះឡើយ។ ការវិនិយោគ និងការលក់អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ហើយល្បឿននៃការហក់ឡើងតម្លៃផ្ទះបានធ្លាក់ចុះអំឡុងខែនេះ។

អ្នកវិភាគ Huang Yu នៅបណ្ឌិត្យសភាសន្ទស្សន៍ចិន (China Index Academy) និយាយថា “ទំនុកចិត្តរបស់អ្នកស្រុកចំពោះប្រាក់ចំណូលរបស់ពួកគេ និងការរំពឹងទុកនៃការធ្លាក់ចុះតម្លៃផ្ទះ ក៏ដូចជាការព្រួយបារម្ភរបស់អ្នកទិញផ្ទះអំពីផ្ទះលក់មុនគម្រោងចាប់ផ្ដើមដែលមិនអាចប្រគល់ឱ្យអ្នកទិញតាមពេលកំណត់ នៅតែជាកត្តាសំខាន់ៗដែលធ្វើឱ្យអ្នកទិញផ្ទះញញើតនឹងហក់ចូលទៅក្នុងទីផ្សារនេះ”។

ការស្ទង់មតិបានបង្ហាញថា ការលក់អចលនទ្រព្យត្រូវបានរំពឹងថានឹងកើនឡើងពីឆ្នាំមុនក្នុងរង្វង់២,៧%សម្រាប់ឆ្នាំ២០២៣ ទាំងមូល៕ Reuters ៕