លោកឧកញ៉ាឈាង រ័ត្នៈ យើងនឹងបន្តអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ អគ្គនាយកបុរីបុស្បា លោកឧកញ៉ាឈាង រ័ត្នបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារលំនៅដ្ឋាននឹងនៅតែបន្តរីកចម្រើន ហេតុនេះក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍បន្តទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីសម្ភោធការិ​យាល័យកណ្តាលរបស់ក្រុមហ៊ុនបុស្បា ប្រូផឹធីកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មី ប៉ុន្តែយើងមានភាពលេចធ្លោលើការអភិវឌ្ឍ និងយុទ្ឋសាស្រ្តទីផ្សារ ដោយការលក់ ​និងការសាងសង់របស់យើងនៅតែមានសកម្មភាព និងវឌ្ឍនភាពតាមផែន​ការដែលបានគ្រោងទុក។

លោកបន្តថា “ការអភិវឌ្ឍរបស់យើង បាននិងកំពុងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយយើងទទួលបានពានរង្វាន់ចំនួន១៣ពីអន្តរជាតិ ពិសេសពីអាមេរិក ចក្រភពអង់គ្លេស ប្រទេសថៃ និងពានរង្វាន់ក្នុងស្រុកជាច្រើន”។ លោកបន្តថា “ការទទួលបានពានរង្វាន់នេះ បានបញ្ជាក់ពីគុណតម្លៃរបស់យើង ព្រោះបើសួរថាហេតុអី យើងត្រូវប្រកួតប្រជែងយកពានរង្វាន់ គឺវាប្រៀបដូចជាសិស្ស បើមិនចូលរួមប្រលងទេ ពួកគេមិនដឹងពួកគេស្ថិតនៅចំណាត់ថ្នាក់ណាឡើយ”។

លោកបញ្ជាក់ថា “ពានរង្វាន់នេះ មិនមែនជាការទិញនោះទេ តែវាបានមកពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងមានការវាយតម្លៃត្រឹមត្រូវ ហើយបើមិនជាប់ក្នុងលក្ខខ័ណ្ឌរបស់ពួកគេកំណត់ទេ យើងមិនមានឱកាសទទួលបានការវាយតម្លៃ និងទទួលបានពានរង្វាន់ឡើយ”។

លោកឧកញ៉ាឈាង រ័ត្នបានប​ន្តថា យើងនឹងពង្រីកគំរោងបុរីបុស្បានាពេលបន្តបន្ទាប់ទៀត ប៉ុន្តែល្បឿនលឿនឬយឺត វាអាស្រ័យលើស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចរបស់យើង ប៉ុន្តែគោលបំណងរបស់យើងនឹងមិនផ្លាស់ប្តូរទេ គឺនឹងបន្តរួមចំណែកអភិវឌ្ឈន៍លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋរាប់រយពាន់ ម៉ឺនខ្នងបន្ថែមទៀតនាពេលអនាគត៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៩លើពិភពលោកក្នុងការនាំចេញ សម្លៀកបំពាក់ និងស្បែកជើង

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា ​គឺ​ជា​វិស័យ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ លឿន​បំផុត​ក្នុង​ពិភពលោក។ ប្រទេសកម្ពុជាបានដាក់ចេញ នូវផែនទីបង្ហាញផ្លូវថ្មីមួយ នៅថ្ងៃទី១៧ ខែមីនា ដើម្បីកែលម្អឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួន ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ដែលមានចំនួនជាងមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

យោងតាមរបាយការណ៍បានបង្ហាញថា ឧស្សាហកម្ម​កាត់ដេរសំលៀកបំពាក់ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរ​​ មានចំនួន៥៧ភាគរយ ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។ វាមានតម្លៃ១២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ និងកើនឡើង១៤,៩ភាគរយ ពី ១១ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នៅទូទាំងពិភពលោក កម្ពុជាគឺជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធំជាងគេទី៩។ ធុរកិច្ចនានាគួរតែមើលឱកាសថ្មីៗ ដើម្បីរីកចម្រើនពីការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកវិស័យវាយនភណ្ឌ និងសំលៀកបំពាក់ដែលមានតម្លៃខ្ពស់ជាងមុន។ នេះបើយោងតាមFibre2Fashion News Desk (NB)។

កិច្ច​ប្រជុំ​កំពូល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ កម្ពុជា-អាស៊ីអាគ្នេយ៍២០២៤ (SEA-Cambodia 2024) គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី១៤ ដល់ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើកឡើង ពីនិន្នាការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើប្រធានបទដូចជា គោលនយោបាយ យុទ្ធសាស្ត្រផ្តល់ប្រភព ឌីជីថលនីយកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ រោងចក្រក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

 

អ្នកឧកញ៉ាលឹម ហេងៈ ការកសាងតំបន់សេដ្ឋកិច្ចពិសេសជាវិធីនៃការជំរុញសេដ្ឋកិច្ចតាមបរិបថប្រទេសជឿនលឿន

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគឱ្យដំណើរការជាមួយនឹងភាពងាយស្រួល នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន២៤ និងមានគម្រោងវិនិយោគសរុបចំនួន៥៦១គម្រោង ព្រមទាំងអាចបង្កើតការងារ ដល់ប្រជាជនក្នុងតំបន់បានប្រមាណ១៦ម៉ឺនកន្លែង។

អ្នកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲន្យដឹងកាលពីសប្តាហ៍មុនថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបានកាន់តែច្រើន​ សេដ្ឋកិច្ចជាតិក៏នឹងរីកចម្រើន កាន់តែខ្លាំងដូចគ្នា។អ្នកឧកញ៉ាបានបញ្ជាក់ថា “តំបន់សេដ្ឋកិច្ចពិសេស មានកាន់តែច្រើន កាន់តែល្អ សម្រាប់សេដ្ឋកិច្ចយើង ជាពិសេសនៅតាមខេត្តជាប់ព្រំដែន វាធ្វើឱ្យមានកំណើនជីវភាពប្រជាពលរដ្ឋ ដែលនៅជុំវិញនោះកាន់តែធូរធា ដោយសារមានការងារធ្វើច្រើន សេដ្ឋកិច្ចមានដំណើរការ”។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើ​កឡើងផងដែរថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគឺមិនមាន ផ្ដល់ផលប៉ះពាល់ជាអវិជ្ជមាន សម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញវាគឺជារឿងចំណេញសម្រាប់សេដ្ឋកិច្ចជាតិ។ម្យ៉ាងទៀត សម្រាប់បរិបថនៃប្រទេសជឿនលឿន ពួកគេបានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសនេះ​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមកនេះ ក៏ជាការដើរតាមគម្រូ របស់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនផងដែរ។

លោកបណ្ឌិតហុង វណ្ណៈបានបន្តថា គេបង្កើតតំបន់នេះឡើងដើម្បីប្រមូលផ្ដុំអ្នកវិនិយោគឱ្យ​មកនៅជុំគ្នា​ និងមានការគាំទ្រពីរដ្ឋាភិបាល ដោយកសាងហេដ្ឋារចសម្ព័ន្ធជូន ហើយវិនិយោគិនក៏​មានភាពងាយស្រួលច្រើនក្នុងការធ្វើអាជីវកម្ម។

យោងតាមរបាយការណ៍ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ទំហំការនាំចេញទំនិញពីកម្ពុជាទៅខាងក្រៅ ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ មានការកើនឡើងប្រមាណ១០ភាគរយ ក្នុងមួយឆ្នាំ។ ហើយការកើនឡើងបែបនេះ ជាការរួមចំណែកមួយផ្នែកធំមកពីតំបន់សេដ្ឋកិច្ចពិសេសនេះឯង។

អ្នកឧកញ៉ា លឹម ហេងបានបង្ហាញសុទិដ្ឋិនិយមថា នៅពេលអនាគត តំបន់សេដ្ឋកិច្ចពិសេស នៅតែមានការកើនឡើង តាមរយៈច្បាប់វិនិយោគថ្មីរបស់រាជរដ្ឋាភិបាល ដែលមានការយោគយល់ច្រើន ក្រៅពីនោះ ក៏មាននូវកិច្ចព្រមព្រៀងផ្សេងៗ ដែលជំរុញឱ្យមានការនាំ​ចេញផងដែរ៕

ក្រុមអ្នកជំនាញៈនិន្នាការវិនិយោគអចលនទ្រព្យចាប់ផ្តើមផ្លាស់ប្តូរ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ​ ក្រុមអ្នកជំនាញបានបង្ហើបឲ្យដឹងថា អ្នកវិនិយោគកាន់​តែមានការប្រុងប្រយ័ត្ន និងឆ្លាតវៃជាងមុន ក្នុងការវិនិយោគពិសេសលើដីធ្លី។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា អ្នកទិញដីធ្លីភាគច្រើននាពេលបច្ចុប្បន្ននេះ ពួកគេមិនសូវទិញសម្រាប់វិនិយោគយកផលចំណេញទេ ពួកគេមិនទិញទុកចោលនោះទេ គឺពួកគេទិញយកមកប្រើប្រាស់ដូចជា ធ្វើឃ្លាំង សាងសង់សំណង់ផ្សេងៗ សាងសង់រោងចក្រ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ។។

លោកស្រីបានបន្តថា “ការវិនិយោគដីធ្លី ក្នុងក្រុង តំរូវការធ្វើអាជីវកម្ម និងជាយក្រុង សំរាប់ធ្វើរោងចក្រ មិនសូវមាននៅក្នុងក្រុងនោះទេ គឺមាននៅជាយក្រុងខ្លះៗ ប៉ុន្តែភាគច្រើនគឺអ្នកទិញរកដីតម្លៃក្រោមទីផ្សារ”។ លោកស្រីបន្តថា “យើងសង្កេតឃើញថា អ្នកវិនិយោគ អចលនទ្រព្យមានការប្រុងប្រយ័ត្នជាងមុន និងឆ្លាតវៃជាងមុន”។

លោកស្រីតាំង ហួរបានបន្តថា ចំណែកអ្នករកទិញដីពុះឡូត៍សម្រាប់លក់ ឬទិញដីសាងសង់អាគារធំៗដូចជាខុនដូ ហាក់មិនមានសកម្មភាពនោះទេ ពោលគឺទីផ្សារនៅមានសភាពស្ងប់ស្ងាត់នៅឡើយ។ លោកស្រីបន្តថា ជាមួយនឹងការលេចលឺ ពីក្រុមហ៊ុនចិនដ៏ធំ គ្រោងវិនិយោគលើវិស័យកសិកម្ម ក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ បានធ្វើឲ្យមនុស្សជាច្រើនសប្បាយចិត្ត និងមានក្តីសង្ឃឹមឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR- Investment Groupបានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីមួយកាលពីចុងសប្តាហ៍មុនផងដែរថា ទីផ្សារអចលនទ្រព្យ នៅតែមានសភាពស្ងប់ស្ងាត់ ដែលនិ​ន្នាការនេះអ្នកវិនិយោគ គួរមានការប្រុងប្រយ័ត្ន ដើម្បីឲ្យទិញដីបានដី កុំទិញដីបានជម្លោះ។

លោកបន្តថា “ស្ថានភាពពេលនេះ នៅតែបន្តស្ងប់ស្ងាត់ ហើយអ្នកវិនិយោគ ពិតជាមានការប្រុងប្រយ័ត្នជាងមុន ដោយសារការទិញដីទុកយកផលចំណេញហាក់ហួសសម័យហើយ”។លោកបន្តថា “ការទិញដី ដើម្បីធ្វើអាជីវកម្ម ពិសេសដីសម្រាប់សាងសង់រមណីយដ្ឋានបែបលំហែរ នៅតែមានាការចាប់អារម្មណ៍”។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា និន្នាការវិនិយោគដីលំហែរ មានការប្រែប្រួលច្រើន និងមានសកម្មភាពវិនិយោគបែបនេះច្រើន ប៉ុន្តែមិនពុះកញ្រ្ជោលនៅឡើយទេ៕

គេហទំព័រPropertyareaសហការជាមួយក្រុមហ៊ុនCHSRដើម្បីផ្តល់សេវាកម្មទាក់ទងការសាងសង់ សិក្សាគំរោងប្លង់និងស្ថាបត្យកម្ម

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រុមហ៊ុនPropertyarea បានសហការជាមួយក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់CHSR ដើម្បីផ្សព្វផ្សាយ និងផ្តល់សេវាកម្មទាក់ទងនឹងការសាងសង់ ការសិក្សាគំរោងអភិវឌ្ឈន៍ និងការរចនាប្លង់ស្ថាបត្យកម្ម។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន រវាងលោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia និងលោកហ៊ួរ គឹមហេងស្ថាបនិក​និងជាអគ្គនាយកក្រុមហ៊ុនCHSR។

លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីពិធីចុះហត្ថលេខាថា ក្នុងនាមស្ថាប័នផ្សព្វផ្សាយព័ត៌មាន ទាក់ទងសេដ្ឋកិច្ច ពិសេសផ្នែកអចលនទ្រព្យ ឈានមុខគេនៅកម្ពុជា យើងតែងតែទទួល​បានការហៅទូរស័ព្ទ ទំនាក់ទំនងពិអតិថិជនជាច្រើន ដែលស្វែងរកការផ្សព្វផ្សាយ និងស្វែងរកសេវាកម្មសាងសង់មួយចំនួន ហេតុនេះ ទើបលោកសម្រេចចិត្ត សហការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនCHSR ដើម្បីរកផលប្រយោជន៍រូមគ្នា និងឈរលើគោលការណ៍ឈ្នះ ​ឈ្នះទាំងអស់គ្នា។

លោកបន្តថា “បន្ទាប់ពីបានសិក្សា និងស្វែងយល់ពីបទពិសោធន៍ការងារកន្លងមក បានបង្ហាញឲ្យខ្ញុំដឹងថាក្រុមហ៊ុនCHSR ពិតជាមានបទពិសោធន៍ និងធ្វើការងារបានលឿនរហ័ស និងអាចទុកចិត្តបាន”។លោកបន្តថា “ការសាងសង់សំណង់ មិនអាចធ្វើឡើងដោយប្រើប្រាស់ជាងដែលចេះតៗគ្នានោះទេ ​ប៉ុន្តែក្រុមហ៊ុននានាគួរតែប្រើប្រា​ស់ក្រុមហ៊ុនសាងសង់ដូចជាCHSR ដែលមានការប្រឹក្សាយោបល់ និងជួយសន្សំសំចៃដល់អ្នកអភិវឌ្ឍន៍ផងដែរ”។

លោកយិន លាងគង់បានបន្តថា យើងបាននិងកំពុងធ្វើការប្រកបដោយទំនុកចិត្ត និងផ្តល់នូវលក្ខខ័ណ្ឌដែលអ្នកអភិវឌ្ឍន៍អាចទុកចិត្ត និងជឿជាក់បាន ដោយសារក្រុមហ៊ុនCHSRមានបទពិសោ​ធន៍ការងារយូរឆ្នាំ និងទទួលបានទំនុកចិត្តពីអ្នកអភិវឌ្ឍន៍ជាច្រើន ក្នុងវិស័យសំណង់ និងការសិក្សាគំរោងប្លង់ស្ថាបត្យកម្ម។

ជាមួយគ្នានេះ លោកហ៊ួរ គឹមហេងស្ថាបនិក និងជាអគ្គនាយក្រុមហ៊ុនសាងសង់CHSR បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការសហការនេះ គឺយើងបានផ្សារភ្ជាប់រវាងជំនាញទន់ និងជំនាញរឹង ដែលនឹងផ្តល់នូវមូលដ្ឋាននៃការជួយគ្នា ជ្រោមជ្រែងគ្នាទៅវិញទៅមកនិងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។

លោកបន្តថា “វាប្រៀបដូចជារថយន្តមួយគ្រឿង បើមានតែតួ តែគ្មានកង់ និងម៉ាស៊ីន ក៏រថយន្តមិនអាចទៅមុខបានដែរ ហេតុនេះទើបយើងសហការគ្នា ដើម្បីធ្វើឲ្យយើងអាចរីកចម្រើនរួមគ្នា”។ លោកបន្តថា “យើងមានបទពិសោធន៍លើការគូរប្លង់ សាងសង់គំរោងបុរីធំៗ នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ព្រោះសេវាកម្មរបស់យើងបាននិងកំពុងពង្រីកទៅគ្រប់បណ្តារាជធានី ខេត្តទាំង២៥”។

លោកហ៊ួរ គឹមហេងបានបន្តថា ជាមួយនឹងបទពិសោធន៍លើការសាងសង់ ក្រុមហ៊ុនមិនគិតតែផលចំណេញរបស់ខ្លួននោះទេ តែក្រុមហ៊ុននឹងជួយដល់អ្នកអភិវឌ្ឍន៍នានា លើការប្រឹក្សាគំរោងសាងសង់ ដែលផ្តោតលើគុណភាព ពេលវេលាការងារជាក់លាក់ និងជួយសន្សំសំចៃដល់អ្នកអភិវឌ្ឍន៍ផងដែរ។

លោកបន្តថា បើសិនជាអ្នកអភិវឌ្ឍន៍ អ្នកសាងសង់តូចធំ ប្រើប្រាស់តែជាង ដែលចេះតៗគ្នា ពួកគាត់ប្រឈមមនឹងការខាងបង់ច្រើន លើតម្លៃសម្ភារៈសាងសង់ ការចំណាយមិនចាំបាច់ និងខាតបង់ទាំងពេលវេលា និងប្រាក់កាសផងដែរ។

អ្នកអភិវឌ្ឍន៍តូច ធំ ដែលចង់ប្រឹក្សាយោបល់អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ និងប្រព័ន្ឋតេឡេក្រាម តាមរយៈលេខ086 48 55 66, 078 959 567៕

ត្រៀមដាក់សម្ពោធមហាវិថីសំរោង សរសៃឈាមថ្មីតភ្ជាប់ផ្លូវជាតិលេខ5 ទៅផ្លូវក្រវាត់ក្រុងទី3 នៅថ្ងៃចន្ទ ទី21ខាងមុខនេះ

      ភ្នំពេញ៖ មហាវិថីមួយខ្សែប្រវែងប្រមាណ 5.2គីឡូម៉ែត្រ និងទទឹង 30ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ5 ទៅដល់ផ្លូវលេខ 130 អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ នឹងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ5វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។

     លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ 3ស្រទាប់ កម្រាស់សរុប 8.2តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី21 ខែសីហា ឆ្នាំ 2023 ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងក្នុងបុរីភូមិសំរោងផ្ទាល់តែម្ដង។

មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ5 រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី3 និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង សង្ឃឹម និងជឿជាក់យ៉ាងមានសុទិដ្ឋិនិយមថាមហាវិថីសំរោងនេះ នឹងក្លាយជាសមិទ្ធផលមួយមិនអាចខ្វះបានក្នុងគោលដៅនៃការអភិវឌ្ឍភាគខាងជើងនៃរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕

ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ អបអរសាទរភាពជោគជ័យក្នុងទីផ្សារអចលនទ្រព្យ

ក្រុមហ៊ុន OCIC GROUP AND SIHA PROPERTY CO., LTD ទទួលបានពានលំដាប់ឈានមុខគេនៅ ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០២៣

រាជធានីភ្នំពេញ ប្រទេសកម្ពុជា — PropertyGuru Group  ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ថ្ងៃនេះបានប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន CBRE Cambodia, Dewan Architects and Engineers, និង SALTO Systems។

អ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ប្រចាំឆ្នាំ ២០២៣

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសដែលបានប្រកាសនាថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រារព្វកម្មវិធីនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលអ្នកអភិវឌ្ឍន៍ល្អបំផុត (Best Developer)ជាលើកដំបូង ខណៈដែលគម្រោងរបស់ខ្លួន Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួនពីរ ដែលក្នុងនោះមាន ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) (Best Condo Development (Cambodia))។ Siha Property Co., Ltd ជាប់ឈ្មោះជា អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (Best Boutique Developer) ខណៈដែលគម្រោង Siha Residence របស់ខ្លួនទទួលបានពានរង្វាន់ចំនួនបួនដែលក្នុងនោះមាន ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា)(Best Housing Development (Cambodia))។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី

Marum Estate ដែលជាគម្រោងរបស់ Sir Stamford Raffles (Cambodia) Co., Ltd. ក៏បានឈ្នះពានរង្វាន់ចំនួនបួនដែលក្នុងនោះមាន ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត (Best Township Development) ផងដែរ។ ក្រុមហ៊ុន Canopy Sands Development ទទួលបានពានរង្វាន់ចំនួនបីសម្រាប់គម្រោង Bay of Lights របស់ខ្លួន ដែលក្នុងនោះមាន ការរចនាប្លង់មេទីក្រុងរណបល្អបំផុត (Best Township Masterplan Design)។

គម្រោងជាច្រើនទៀត​ដែល​ទទួល​បាន​ពាន​រង្វាន់​ ​ក្នុង​ឆ្នាំ​នេះ​រួម​មាន អង្គរ​សិរី​មង្គល ​ដោយ Sok Tonh Real Estate; Apsor Mera ដោយ Bosba Property Co., Ltd; Dragon Land 598 ដោយ Dragon Land Investment Co., Ltd.; La Maison Plaza ដោយ Cambestate Management Co., Ltd.; Maline Office ដោយ Maline Office Co., Ltd; Mean Chey Avenue ដោយ RM Commercial Co., Ltd.; The Garden Residency 2 ដោយ JS Land Plc; និង Vong Residence ដោយ Bossba Investment Co., Ltd។

ការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សន សៀប ប្រធានកម្មវិធីពានរង្វាន់នៅកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន Prince Holding Group បានទទួលពានរង្វាន់លើ បុគ្គលិកលក្ខណៈឆ្នើមខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ពី ក្រុមការងារពិនិត្យការចេញផ្សាយរបស់ Property Report ដោយ PropertyGuru ដែលជាទស្សនាវដ្តីផ្លូវការនៃពានរង្វាន់។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ព្រីនស៍ ហូលឌីង គ្រុប បានវិនិយោគលើគម្រោងជាងមួយលានម៉ែត្រការ៉េនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Paul Ashburn ពី from HLB International Real Estate Group អ្នកគ្រប់គ្រងផ្លូវការនៃកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ថា « ពានរង្វាន់នៅឆ្នាំនេះបន្តអបអរសាទរភាពជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងការកើនឡើងនៃចំណាប់អារម្មណ៍ពីអ្នកទិញក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិលើលំនៅដ្ឋាន និងការអភិវឌ្ឍន៍ប្រកបដោយគុណភាព។  កម្ពុជានៅតែបន្តជាទីផ្សារដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងតំបន់។»

លោក Jeremy Williams នាយកគ្រប់គ្រងទីផ្សារនៃ PropertyGuru Group បានថ្លែងថា៖ « សូមអបអរសាទរដល់អ្នកឈ្នះពានរង្វាន់នៅកម្ពុជាក្នុងឆ្នាំនេះសម្រាប់ការបង្កើតការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមានកម្រិតខ្ពស់។ អចលនទ្រព្យទាំងនេះមានសក្តានុពលខ្លាំងក្នុងការរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គាំទ្រដោយទីផ្សារអចលនទ្រព្យក្នុងស្រុកដែលមានភាពធន់។»

OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023

គណៈកម្មការឯករាជ្យដែលបានកំណត់បញ្ជីអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះគឺ លោក សន សៀប (Sorn Seap) ប្រធានកម្មវិធីពានរង្វាន់នៅកម្ពុជា និងជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក David Granger អ្នកគ្រប់គ្រងសាខាខេត្តសៀមរាបនៃ IPS Real Estate Agency លោក Dilip Abye អ្នកគ្រប់គ្រងការរចនាស្ថាបត្យកម្មនៃ Archetype Cambodia ជេននី ជា សុខយូ(Jenny Chea Sok You) ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction Jovany Antonio នាយកគ្រប់គ្រង DA&G Asset Management; Kinkesa Kim នាយករង CBRE Cambodia លោក លឹម វាសនា ដៃគូរសហការ និងមេធាវី មជ្ឈត្តករពាណិជ្ជកម្ម និងភ្នាក់ងារតំណាងម្ចាស់ម៉ាក នៃ Vinaya Law Firm លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall  លោកបណ្ឌិត Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd. និង លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia។

ក្រោមការដឹកនាំរបស់លោក Paul Ashburn HLB International Real Estate Group បានធ្វើការជ្រើសរើសឡើងប្រកបដោយភាពសុក្រឹត្យត្រឹមត្រូវ មានតម្លាភាព និងអាចជឿទុកចិត្តបាន។

អ្នកឈ្នះពានរង្វាន់ ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru (PropertyGuru Cambodia Property Awards) នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ PropertyGuru Asia Property Awards លើកទី ១៨ ដែលនឹងប្រារព្វនៅថ្ងៃសុក្រ ទី ៨ ខែធ្នូ នៅទីក្រុងបាងកក ប្រទេសថៃ ដែលពួកគេនឹងប្រកួតប្រជែងដៃគូររបស់ពួកគេពីទីផ្សារអចលនទ្រព្យជាច្រើន ដណ្តើមយកកិត្តិយសក្នុងតំបន់។

Siha Property Co., Ltd ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិក ល្អបំផុតក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់ PropertyGuru Asia Property Awards បន្តផ្តល់រង្វាន់ដល់ការងារដែលមានកម្រិតខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនាប្លង់ខាងក្នុង និងការអនុវត្តអគារប្រកបដោយចីរភាព។ ការប្រគល់ពានរង្វាន់នេះដំបូងគ្របដណ្តប់តែតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានពង្រីកដើម្បីរួមបញ្ចូលទីផ្សារអចលនទ្រព្យក្នុងតំបន់ រួមមានអូស្ត្រាលី ចិន ឥណ្ឌា និង Greater Niseko នៅ ប្រទេសជប៉ុន។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru  លើកទី ៧ ប្រចាំឆ្នាំ ២០២៣ ទទួលបានការឧបត្ថម្ភគាំទ្រពីម្ចាស់ឧបត្ថម្ភធំគឺក្រុមហ៊ុន CBRE Cambodia ម្ចាស់ឧបត្ថម្ភបន្ទាប់បន្សំគឺក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ទស្សនាវដ្តីរាយការណ៍អចលនទ្រព្យផ្លូវការ PropertyGuru Property Report ដៃគូរផ្សព្វផ្សាយផ្លូវការ ក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ចកម្ម TWPR  ស្ថាប័នសារព័ត៌មានជាដៃគូរ Bridges ស្ថាប័នសារព័ត៌មាន Cambodia Begins at 40 ស្ថាប័នសារព័ត៌មាន Construction & Property ស្ថាប័នសារព័ត៌មានSiemreap.net និងទស្សនាវត្តី Southeast Asia Globe សមាគមគាំទ្ររួមមាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង Eurocham Cambodia និងអ្នកគ្រប់គ្រងផ្លូវការ HLB៕

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។

បញ្ជីអ្នកឈ្នះពានរង្វាន់

ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru  លើកទី៨

ពានរង្វាន់អ្នកអភិវឌ្ឍន៍

អ្នកអភិវឌ្ឍន៍ល្អបំផុត (Best Developer)

អ្នកឈ្នះ: ក្រុមហ៊ុន OCIC Group

អ្នកអភិវឌ្ឍន៍ប៊ូទិកល្អបំផុត (Best Boutique Developer)

អ្នកឈ្នះ: ក្រុមហ៊ុន Siha Property Co., Ltd

ពានរង្វាន់អភិវឌ្ឍន៍

ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត (Best Township Awards) 

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development)                 

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតល្អបំផុត (ភ្នំពេញ) (Best Luxury Housing Development (Phnom Penh)

អ្នកឈ្នះ: គម្រោង Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ខ្ពស់ល្អបំផុត (ភ្នំពេញ) (Best High End Housing Development (Phnom Penh)

អ្នកឈ្នះ: គម្រោង Dragon Land 598 របស់ក្រុមហ៊ុន Dragon Land Investment Co., Ltd.

ការអភិវឌ្ឍន៍ខុនដូដែលមានតម្លៃសមរម្យបំផុត (ភ្នំពេញ) (Best Affordable Condo Development (Phnom Penh)              

អ្នកឈ្នះ: គម្រោង The Garden Residency 2 របស់ក្រុមហ៊ុន JS Land Plc

ការអភិវឌ្ឍន៍ខុនដូមាត់ទឹកល្អបំផុត (Best Waterfront Condo Development)                       

អ្នកឈ្នះ: គម្រោង Diamond Bay Garden របស់ក្រុមហ៊ុន OCIC Group

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ) (Best Housing Development (Greater Phnom Penh))

អ្នកឈ្នះ: គម្រោង Apsor Mera របស់ក្រុមហ៊ុន Bosba Property Co., Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (សៀមរាប) (Best Residential Development (Siem Reap)) 

អ្នកឈ្នះ: គម្រោង Angkor Sereymongkol របស់ក្រុមហ៊ុន Sok Tonh Real Estate

ការអភិវឌ្ឍន៍ផ្សារល្អបំផុត (Best Retails Development)                        

អ្នកឈ្នះ: គម្រោង Mean Chey Avenue របស់ក្រុមហ៊ុន RM Commercial Co., Ltd.

ការអភិវឌ្ឍន៍កន្លែងលំហែល្អបំផុត (Best Leisure Development)                                 

អ្នកឈ្នះ: គម្រោង Bay of Lights របស់ក្រុមហ៊ុន Canopy Sands Development

ការអភិវឌ្ឍន៍ហាងល្អបំផុត (Best Shophouse Development)                     

អ្នកឈ្នះ: គម្រោង La Maison Plaza របស់ក្រុមហ៊ុន Cambestate Management Co., Ltd.

 

ពានរង្វាន់រចនាប្លង់

ការរចនាប្លង់មេទីក្រុងរណបល្អបំផុត (Best Township Masterplan Design)              

អ្នកឈ្នះ: គម្រោង Bay of Lights របស់ក្រុមហ៊ុន Canopy Sands Development

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានប្រណិតល្អបំផុត (Best Luxury Housing Architectural Design)                                         

អ្នកឈ្នះ: គម្រោង Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានកម្រិតខ្ពស់ល្អបំផុត (Best High End Housing Architectural Design)    

អ្នកឈ្នះ: គម្រោង Dragon Land 598 របស់ក្រុមហ៊ុន Dragon Land Investment Co., Ltd.

ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត (Best Housing Architectural Design)                          

អ្នកឈ្នះ: គម្រោង Marum Estate របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd.

ការរចនាប្លង់ខាងក្នុងលំនៅដ្ឋានល្អប្រណិតបំផុត (Best Luxury Housing Interior Design)       

អ្នកឈ្នះ: គម្រោង  Siha Residence របស់ក្រុមហ៊ុន Siha Property Co., Ltd

ការរចនាប្លង់ខាងក្នុងលំនៅដ្ឋានល្អបំផុត (Best Housing Interior Design) 

អ្នកឈ្នះ: គម្រោង ​Vong Residence របស់ក្រុមហ៊ុន Bossba Investment Co., Ltd.

ការរចនាទេសភាពលំនៅដ្ឋានផ្ទះល្អបំផុត (Best Housing Landscape Design)                                    

អ្នកឈ្នះ: គម្រោងMarum Estate by Sir Stamford Raffles (Cambodia) Co., Ltd.

ការរចនាស្ថាបត្យកម្មការិយាល័យល្អបំផុត (Best Office Architectural Design)         

អ្នកឈ្នះ: គម្រោងMaline Office by Maline Office Co., Ltd

ការរចនាស្ថាបត្យកម្មផ្សារល្អបំផុត (Best Retail Architectural Design)                                          

អ្នកឈ្នះ: គម្រោងMean Chey Avenue by RM Commercial Co., Ltd.

ការរចនាស្ថាបត្យកម្មកន្លែងកម្សាន្តល្អបំផុត   (Best Leisure Architectural Design)                     

អ្នកឈ្នះ: គម្រោងBay of Lights by Canopy Sands Development

ពានរង្វាន់ល្អបំផុតប្រចាំកម្ពុជា

ការអភិវឌ្ឍន៍ខុនដូល្អបំផុត (កម្ពុជា) (Best Condo Development (Cambodia))         

អ្នកឈ្នះ: គម្រោងDiamond Bay Garden by OCIC Group

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (កម្ពុជា) (Best Housing Development (Cambodia))             

អ្នកឈ្នះ: គម្រោងSiha Residence by Siha Property Co., Ltd

ជម្រើសរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ

បុគ្គលិកលក្ខណៈឆ្នើមខាងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ (Cambodia Real Estate Personality of the Year)                 

អ្នកឈ្នះ:  នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន ព្រីនស៍ ហូលឌីង គ្រុប

ក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ធំៗបង្វែរទឹកប្រាក់ដល់ទៅ២,៦ទ្រីលានដុល្លារ ដើម្បីវិនិយោគលើឥណទានឯកជន

តែម សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ធំៗកំពុងបង្វែរទឹកប្រាក់មហាសាលរហូតដល់ទៅ២,៦ទ្រីលានដុល្លារអាមេរិក របស់ខ្លួនដើម្បីវិនិយោគលើឥណទានឯកជន។ នេះបើតោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា។

ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi Life Insurance Co និងក្រុមហ៊ុនធានារ៉ាប់រង Nippon Life Insurance Co ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលកំពុងស្វះស្វែងបោះទុនវិនិយោគបន្ថែមលើឥណទានឯកជន ដោយសារភាពទាក់ទាញនៃការហក់ឡើងអត្រាការប្រាក់ ខណៈថ្លៃដើមនៃការប្រាក់កម្ចីកើនឡើងទូទាំងពិភពលោក។

ក្រុមហ៊ុនផ្សេងៗទៀតកំពុងថ្លឹងថ្លែងត្រៀមបោះទុនវិនិយោគលើកដំបូងលើឥណទានឯកជន ខណៈបណ្ដាក្រុមហ៊ុនធានារ៉ាប់រងជប៉ុន កំពុងពិបាកដោះស្រាយជាមួយនឹងថ្លៃដើមហក់ឡើងខ្ពស់ខ្លាំងសម្រាប់ការវិនិយោគរបស់ពួកគេនៅបរទេស។

ដោយគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលជប៉ុន (BOJ) មិនស្របគ្នាជាមួយធនាគារកណ្តាលធំៗផ្សេងទៀតនៅទូទាំងពិភពលោក ប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ថ្លៃ និងបានធ្វើឱ្យថ្លៃដើមហក់ឡើងខ្ពស់ខ្លាំងសម្រាប់ការវិនិយោគលើមូលបត្រនៅបរទេស។

កត្តានេះកំពុងជំរុញឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ក្ដាប់យកឱកាសនេះដើម្បីវិនិយោគលើទ្រព្យសកម្មនានាដូចឥណទានឯកជនជាដើម។

ទីផ្សារឥណទានឯកជនដែលក្រុមហ៊ុនអង់គ្លេស Preqin Ltd ប៉ាន់ប្រមាណថាមានតម្លៃ១,៥ទ្រីលានដុល្លារអាមេរិក ផ្ដល់ឥណទានមិនមែនធនាគារដល់អ្នកខ្ចី ដែលជារឿយៗអ្នកខ្ចីទាំងនោះជាក្រុមហ៊ុនមានហានិភ័យដែលគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនឯកជន៕ The Edge Markets៕

តើវិបត្តិ​អចលន​ទ្រព្យ​នៅប្រទេសចិន​មានស្ថានភាពអាក្រក់​ប៉ុណ្ណា ហើយរដ្ឋាភិបាលកណ្តាលនឹងធ្វើអន្តរាគមន៍ដែរទេ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិបត្តិបំណុលនៅក្រុមហ៊ុន Country Garden ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចចំពោះការឆ្លងរាលដាលជាថ្មី បន្ទាប់ពីក្រុមហ៊ុន China Evergrande Group បានខកខានសងបំណុលកាលពី២ឆ្នាំមុន។

តើអាចមានអ្វីអាចកើតឡើងបន្ទាប់?

ចាប់តាំងពីវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុននានា ដែលគ្របដណ្តប់៤០%នៃការលក់ផ្ទះរបស់ប្រទេសចិនបានខកខានសងបំណុល ដែលភាគច្រើនជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឯកជន។

ដោយសារតែការលក់ផ្ទះដាំក្បាលចុះយ៉ាងខ្លាំង វិបត្តិបំណុលអាចពន្យារការរំពឹងទុកនៃការងើបឡើងវិញក្នុងទីផ្សារអចលនទ្រព្យ  ខណៈវិស័យអចលនទ្រព្យគឺជាសសរស្តម្ភស្នូលនៃសេដ្ឋកិច្ចចិន។

ក្រុមហ៊ុន S&P Global Rating បានបញ្ជាក់កាលពីថ្ងៃពុធ ទី១៧ សីហា ថា ក្រុមហ៊ុនអាចកែសម្រួលការព្យាកររបស់ខ្លួនសម្រាប់ការលក់អចលនទ្រព្យទៅជាតួលេខ “ជណ្តើរចុះក្រោម” ពីការងើបឡើងវិញរាងជាអក្សរ “L” ប្រសិនបើក្រុមហ៊ុន Country Garden ខកខានសងបំណុលជាផ្លូវការ។

លើសពីនេះ អ្នកទិញផ្ទះនឹងកាន់តែមានការប្រុងប្រយ័ត្នចំពោះយីហោរបស់អ្នកអភិវឌ្ឍន៍ឯកជន ហើយតម្លៃផ្ទះនៅក្នុងតំបន់ជាច្រើនអាចស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ប្រសិនបើ Country Garden ងាកទៅរកការលក់ផ្ទះថោកៗដើម្បីប្រមូលប្រាក់សងបំណុល។

តើបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden នៅពេលនេះខុសគ្នាយ៉ាងណាជាមួយក្រុមហ៊ុន Evergrande កាលពីលើកមុន?

ការធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុភ្លាមៗរបស់ក្រុមហ៊ុន Country Garden មិនបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលខ្លាំងដូចក្រុមហ៊ុន Evergrande ទេ ពីព្រោះអ្នកអភិវឌ្ឍឯកជនភាគច្រើនបានខកខានសងបំណុលគេរួចមកហើយ។  ទោះជាយ៉ាងនេះក្តី បញ្ហានេះបានលេចឡើងស្របពេលដែលទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ។

តើរដ្ឋាភិបាលកណ្តាលនឹងធ្វើអន្តរាគមន៍ដែរទេ?

តាមរយៈការិយាល័យនយោបាយរបស់ប្រទេសចិន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច បានជំរុញឱ្យមានការរំពឹងទុកថា វិធានការជំរុញបន្ថែមទៀតគឺជិតមកដល់ហើយ។

ទន្ទឹមគ្នានេះ អ្នកវិភាគជាច្រើនសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវវិធានការណ៍យ៉ាងខ្លាំងក្លានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ស្ថានភាព​មួយ ដែល​អាចវិវឌ្ឍកាន់តែ​អាក្រក់​ទៅៗ​យ៉ាង​ឆាប់​រហ័ស និងពិបាក​ក្នុង​ការ​គ្រប់គ្រងបាន។

ទោះជាយ៉ាងណាក្តី អ្នកវិភាគមួយចំនួនបានចោទសួរអំពីឧបករណ៍ដែលទីក្រុងប៉េកាំងអាចប្រើប្រាស់បាន ក្នុងការរក្សាឱ្យបាននូវតុល្យភាពរវាងការផ្តល់ជំនួយដល់ទីផ្សារលំនៅដ្ឋាន និងការរក្សាបំណុលឱ្យស្ថិតក្រោមការគ្រប់គ្រង៕

ប្រទេសកូរ៉េខាងត្បូង​ប្រកាសផ្តល់​ជំនួយ​ហិរញ្ញប្បទាន​បន្ថែមដល់​បណ្តាក្រុមហ៊ុន​នាំចេញ​ ជាង១៧ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមនិយតករហិរញ្ញវត្ថុកូរ៉េបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកការគាំទ្រផ្នែកហិរញ្ញប្បទានដល់ក្រុមហ៊ុននាំចេញប្រមាណ៥០ភាគរយបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជំរុញការនាំចេញ ស្របពេលមានតម្រូវការធ្លាក់ចុះជាបន្តបន្ទាប់។

គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) បាននិយាយថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុសរុបចំនួន២៣ពាន់ពាន់លានវ៉ុន (ប្រហែល១៧,២ពាន់លានដុល្លារ) សម្រាប់អ្នកនាំចេញតាមរយៈធនាគារសាធារណៈ និងឯកជនចាប់ពីខែកញ្ញា បូករួមជាមួយនឹងវិធានការផ្សេងទៀតដើម្បីសម្រួលការលំបាករបស់ពួកគេ។

FSC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់ចំនួន២៣ពាន់ពាន់លានវ៉ុននេះគឺបូកបន្ថែមពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន៤១ពាន់ពាន់លានវ៉ុន ដែលបានផ្តល់រួចមកហើយតាមរយៈមូលនិធិគោលនយោបាយ។

វិធានការជាក់លាក់រួមមានដូចជា ការពង្រីកឥណទាន ការកាត់បន្ថយថ្លៃដើមលើប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនដែលចូលទៅទីផ្សារថ្មី  និងបង្កើតការវិនិយោគនៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា បន្ទះ semiconductor ថ្មដែលអាចសាកឡើងវិញបាន ជីវឱសថ និងថាមពលនុយក្លេអ៊ែរ។

FSC បានអះអាងថា វិធានការទាំងនេះមានគោលបំណង ក្នុងការគាំទ្រដល់ការងើបឡើងវិញនៃការនាំចេញ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពអាចប្រកួតប្រជែងរបស់ក្រុមហ៊ុននាំចេញក្នុងរយៈពេលកណ្តាល និងរយៈពេលវែង ដោយលើកឡើងពីលក្ខខណ្ឌលំបាកដែលពួកគេកំពុងប្រឈមមុខ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

ជាក់ស្តែង ការនាំចេញរបស់កូរ៉េខាងត្បូងបានដាំក្បាលចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតត្រឹមខែកក្កដា ហើយក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំ ដោយបង្កើនការព្រួយបារម្ភថា ការធ្លាក់ចុះអាចបន្តអូសបន្លាយពេលយូរជាងការរំពឹងទុក ដោយសារតម្រូវការធ្លាក់ចុះ៕